ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងអង្គពិធីជាទីមេត្រី
ថ្ងៃនេះ ខ្ញុំជាសេចក្ដីរីករាយ ដែលបានមកចូលរួម នៅក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ” មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ បន្ទាប់ពីយើងបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ទោះបីថ្ងៃនេះ យើងទើបតែប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប៉ុន្តែជាក់ស្ដែង យើងបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងគម្រោង ដែលបានស្ថាបនារួចជាបន្តបន្ទាប់ រួមមាន៖ (លើកទី ១) ដាក់ឱ្យប្រើប្រាស់ស្ពានអាកាសជាន់ទី ២ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ និង (លើកទី ២) ដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសជាន់ទី ១ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះផងដែរ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ជាជំហានៗ ខ្មែរមានសមត្ថភាពគ្រប់ដំណាក់កាលកសាងនិងអភិវឌ្ឍប្រទេស
ឧកញ៉ា ពុង ឃាវសែ បានប្រាប់ថាលក្ខណៈពិសេសរបស់ស្ពាននេះគឺដឹកនាំសាងសង់ដោយខ្មែរ ដោយវិស្វករខ្មែរសុទ្ធ។ នេះគឺជាមោទនភាពរបស់យើង ដែលបញ្ជាក់អំពីវឌ្ឍនភាពនៃការកសាងសមិទ្ធផលធំៗ ជូនខ្មែរយើង ដោយខ្មែរ … ហើយចក្ខុវិស័យរបស់ក្រុមហ៊ុន ដែលឧកញ៉ាបានប្រាប់ មិនខុសពីកម្ពុជាទេ។ យើងចង់ធ្វើម៉េច ជាជំហានៗ ខ្មែរមានសមត្ថភាពកសាង និងអភិវឌ្ឍប្រទេស រៀបចំគ្រប់ដំណាក់កាល ទាំងផែនការ ការដឹកនាំធ្វើ ការត្រួតពិនិត្យ និងការធ្វើកិច្ចការផ្សេងៗ ជាពិសេសពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ មានស្ពានអាកាស អគារច្រើនជាន់ ព្រលានយន្តហោះកម្រិតធំ ដែលថាយើងតាមរយៈការបណ្ដុះបណ្ដាល និងអនុវត្ត ថ្ងៃក្រោយ ឈានដល់(ប្រើប្រាស់)ធនធានក្នុងប្រទេសយើងតែម្ដង … យើងហៅអ្នកណាមកកសាងក៏បានដែរ តែយើងនៅតែពឹងគេរហូត។ អ្នកជំនាញគេមក គេទៅវិញបាត់។ គេធ្វើជំនួសយើង។ ប៉ុន្តែការអភិវឌ្ឍប្រទេសបានន័យថា កសាងសមិទ្ធផល កសាងភាពប្រែប្រួល ជាសំខាន់ដែលមានចីរភាព។
(២) វិមានសន្ដិភាព ជាអគារជាតិតំណាងឱ្យសន្ដិភាពដែលមានតម្លៃបំផុត និងសង់ដោយខ្មែរ
សមត្ថភាពដែលមានចីរភាព គឺគ្មានអ្វីក្រៅពីផ្ទេរជំនាញពីអ្នកជំនាញបរទេសដែលមកជួយ អ្នកជំនាញក្រៅប្រទេសដែលយើងទៅរៀន ទៅធ្វើការនៅក្រៅប្រទេស ចូលមកជាធនធានក្នុងប្រទេសយើង ដែលយើងអាចប្រើប្រាស់គ្រប់ពេលវេលាទាំងអស់នោះទេ។ នេះហើយការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍប្រទេសដោយចីរភាពគឺកសាងលើសមត្ថភាពដែលជារបស់យើង កុំចាំបាច់ពឹងដង្ហើមគេដក។ ធ្វើផ្ទះ ធ្វើស្ពាន ពីមុន យើងធ្វើអគារមួយជាន់ យើងធ្វើខ្លួនឯង អគារច្រើនជាន់ឡើង យើងត្រូវពឹងគេ។ តែឥឡូវ យើងធ្វើខ្លួនឯង។ ទីស្ដីការគណៈរដ្ឋមន្រ្តី ដែលហៅថាវិមានសន្ដិភាព ជាអគារធំមួយរបស់ជាតិរបស់យើង ដែលធ្វើដោយខ្មែរ គូសប្លង់ដោយខ្មែរផ្ទាល់។ ខ្ញុំតែងតែប្រាប់ភ្ញៀវ ថ្នាក់ដឹកនាំជាន់ខ្ពស់មកជួបថា អគារនេះ មានលក្ខណៈពិសេសពីរ៖ ទី១ គឺឈ្មោះ។ ឈ្មោះអគារ (វិមាន)សន្ដិភាព គឺតំណាងនូវតម្លៃធំបំផុតដែលកម្ពុជា ប្រជាជនយើងដាក់ឱ្យ គឺសន្ដិភាពដែលយើងចង់បាន។ ទី២ គឺសមិទ្ធផលធំដំបូងរបស់ជាតិរបស់យើង សម្រាប់ថ្នាក់ដឹកនាំកំពូល ដែលធ្វើដោយកូនខ្មែរ ១០០% …។
(៣) រយរាប់ពាន់ជំហានទៅមុខ ចាប់ផ្ដើមពីមួយជំហានដំបូង
ចាំបាច់អួតធ្វើអី បើប្រទេសគេមានច្រើន។ ធម្មតាទេ អ្នកដាំៗ បានដើមចេកមួយដើម ក៏យើងសប្បាយចិត្តដែរ មែនទេ? ព្រោះយើងធ្វើតាំងពីកាប់ដី តាំងពីឃើញពន្លកដើមចេក រហូតទៅដល់វាធំ។ បើយើងប្រៀបធៀបជាមួយនឹងចម្ការចេកគេផ្សេងទៀត ជារឿងមួយ ប៉ុន្តែសំខាន់លើអ្វីដែលយើងធ្វើបានដោយខ្លួនឯង អ្វីដែលយើង(ទទួលបាន)ដោយខ្លួនឯងលើកដំបូង គឺជាជំហានទី១ ដែលជាការចាប់ផ្ដើមនៃជំហានបន្តបន្ទាប់។ រាប់រយរាប់ពាន់ជំហានទៅមុខ ចាប់ផ្ដើមពីមួយជំហាន(ដំបូង)។ អញ្ចឹង សមត្ថភាពដែលយើងធ្លាប់កសាងហេដ្ឋារចនាសម្ព័ន្ធកំរិតខ្ពស់ដោយពឹងផ្អែកទៅលើជំនាញពីក្រៅ យើងឈានទៅកសាងសមិទ្ធផលមួយៗម្ដង(ដោយអ្នកជំនាញខ្មែរ)។ ឥឡូវយើងចាប់ផ្ដើមឈានទៅដល់ការកសាងបន្តបន្ទាប់ទៀត ដោយសារសមត្ថភាពជាក់ស្ដែងរបស់យើង។ នេះជាអ្វីដែលយើងត្រូវរួមគ្នាអបអរសាទរ ព្រោះយើងធ្វើ។ របស់ពីរដូចគ្នា មួយផលិតដោយខ្លួនឯង មួយទៀតផលិតដោយគេ យើងគិតថា យើងប្រាកដជាមានមោទនភាព(នូវរបស់ផលិតដោយ)ខ្លួនឯងហើយ។
(នាឱកាសបុណ្យ)ចូលឆ្នាំនេះ ប្រជាពលរដ្ឋយើងនឹងធ្វើការកម្សាន្ត។ រាជធានីខេត្តទាំងអស់ ប្រាកដណាស់នឹងមានការរៀបចំ។ ខ្ញុំសូមអរគុណណាស់ ចំពោះអភិបាល គណៈអភិបាលរាជធានីខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅតាមបណ្ដារាជធានីខេត្ត ដែលបានខិតខំតាក់តែង(រៀបចំរីករាយទទួលអំណរឆ្នាំថ្មី)។ ឥឡូវ ខ្ញុំឃើញបង្ហោះតាមហ្វេសប៊ុកនីមួយៗ គឺរៀបចំ decor (ឱ្យស្អាត) អួតគ្នា។ ខ្ញុំថា អួតគ្នាបែបនេះកាន់តែល្អ។ អួតគ្នានៅក្នុងការកសាងឱ្យកាន់តែល្អ ជាជាងអួតគ្នានៅអង្គុយរិះគន់។ អួតគ្នាខំកសាង បានតិចបានច្រើន គឺយើងមានមោទនភាពដែលយើងធ្វើខ្លួនឯង។ រាជធានី ខេត្តនីមួយៗ ធ្វើខុសគ្នា លទ្ធភាពខុសគ្នា ប៉ុន្តែយើងធ្វើដើម្បីផលប្រយោជន៍រួម គោលដៅរួម គឺអបអរសាទរនូវសមិទ្ធផល និងអបអរសាទរនូវការចូលឆ្នាំនៅតាមបណ្ដារាជធានីខេត្ត។ នេះជាស្មារតីនៃការប្រកួតប្រជែងដោយវិជ្ជមាន។ យើងរួមគ្នាធ្វើបន្តទៀតដើម្បីជាមោទនភាពនៃសេចក្ដីសប្បាយរីករាយរបស់ប្រជាពលរដ្ឋរបស់យើង។
សមិទ្ធផលថ្ងៃនេះ ដូចឯកឧត្តម ឃួង ស្រេង បាននិយាយរួចហើយអំពីស្ពានពីរជាន់ វាជាសមិទ្ធផលទី១ នៅលើទឹកដីយើង។ ពីមុន យើងមិនដែលមានស្ពានអាកាសទេ។ ប៉ុន្មានឆ្នាំមុន យើងចាប់ផ្ដើមមានស្ពានអាកាសទី១ តែឥឡូវមានស្ពានអាកាសទៅជាធម្មតាទៅហើយ។ ពីមុន យើងមានតែស្ពានព្រះមុនីវង្ស យើងមានតែស្ពានជ្រោយចង្វារដាច់មួយកំណាត់។ នៅពេលដែលយើងតស្ពានជ្រោយចង្វារលើកទី១ យើងមានមោទនភាពណាស់ ព្រោះពីមុន យើងធ្លាប់តែជិះទូកទៅ។ បន្ទាប់មកយើងភ្ជាប់បានស្ពានទី១។ ឥឡូវ យើងមានមិនត្រឹមតែស្ពានពីរហ្នឹងទេ ប៉ុន្តែយើង(បាន)ធ្វើស្ពានច្រើនណាស់ទៅហើយ។ ពីមុន យើងអត់ដែលមានផ្លូវក្រោមដីទេ យើងមានផ្លូវ(ក្រោមដី) ទោះបីវាមិនមែនផ្លូវក្រោមដីវែងរាប់គីឡូដូចគ្នា ប៉ុន្តែ(យើងមានផ្លូវ)ក្រោមដីមួយចំនួន។ ថ្ងៃនេះ យើងមានស្ពានអាកាស(ពីរជាន់)។ ពីមុនធ្វើស្ពានលើទឹក ស្ពានលើថ្នល់។ ហ្នឹងស្ពានអាកាសខ្លី។ ឥឡូវយើងធ្វើស្ពានលើស្ពានមួយទៀត បានន័យថាស្ពានពីរជាន់នៅទីនេះ។ តែមានមួយហើយ នឹងមានបន្តទៀតហើយ។
(៤) មិនហាមអ្នកភ្នំពេញយកកូនច្រើនទេ ប្រជាសាស្ត្រខេត្តកណ្តាលនឹងកើនក្រោយព្រលានយន្តហោះសង់រួចរាល់
ខ្ញុំសង្ឃឹមថា យើងនឹងមានលទ្ធភាពកសាងបន្តទៀត។ បានជាត្រូវការគិតគូរបែបនេះ ព្រោះប្រជាពលរដ្ឋកាន់តែច្រើនហើយ។ ខ្ញុំមិនអាចទៅប្រាប់ប្រជាពលរដ្ឋមិនឱ្យកើតកូនបន្ថែមទេ។ ខ្ញុំមិនហាមអ្នកភ្នំពេញថា ឥឡូវកូតាមួយគ្រួសារឱ្យយកកូនតែមួយទេ អត់ទេ។ សិទ្ធិរបស់គាត់។ គាត់យកកូន(ប៉ុន្មានអីប៉ុន្មាន) ខ្លាចតែគាត់មិនយកកូនទេឥឡូវ ព្រោះអ្នកភ្នំពេញ បើនិយាយពីអត្រាកូនគឺតិច (…) ព្រោះទាំងប្ដីទាំងប្រពន្ធធ្វើការ។ ជីវិតប្រែប្រួលផ្លាស់ប្ដូរនៃស្ថានភាពគ្រួសារ ជីវភាពរស់នៅ។ រឿងនេះ យើងធ្លាប់តែឃើញនៅស្រុកគេទេ ដែលថា ប្រជាជនកាន់តែថយ ដោយសារពីមុន គាត់ឱ្យយកកូនតែមួយឬពីរ … ទោះជាយ៉ាងណា ភ្នំពេញក៏នឹងកើនបន្ថែមទៀត មិនមែនតែភ្នំពេញទេ អ្នកខេត្តកណ្ដាលក៏កូនច្រើនដែរ។
ឥឡូវគ្រាន់តែឮថាទៅព្រែកប្រា ដឹងតែកង្វល់ព្រោះស្ទះ។ រាជធានីភ្នំពេញ បានជួយចែករំលែកមួយចំនួន ខណ្ឌដង្កោកាលមុនមិនមែនរបស់រាជធានីភ្នំពេញទេ។ ឥឡូវមួយផ្នែកនៃខេត្តកណ្ដាល បានចូលមករាជធានីភ្នំពេញ។ អញ្ចឹងប្រជាពលរដ្ឋ(កាត់ចូលមករាជធានីភ្នំពេញ) ប៉ុន្តែខេត្តកណ្ដាលក៏មានការកើន(ចំនួនប្រជាជន)។ ខ្ញុំរំពឹងថា ខេត្តកណ្ដាលនឹងកាន់តែកើន(ប្រជាជន)បន្ថែមទៀត នៅពេលដែលព្រលានយន្តហោះថ្មីធ្វើហើយ។ ព្រលានយន្តហោះថ្មីនេះនឹងមានតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម តំបន់ភស្ដុភារកម្មច្រើនបន្ថែមទៀត។ អញ្ចឹងគឺត្រូវមានមនុស្សមកកាន់តែច្រើនធ្វើនៅ(ខេត្តកណ្ដាល)នេះ។ អញ្ចឹងខេត្តកណ្ដាលគឺកាន់តែកើនឡើង។
(៥) គ្មានផែនការហាមឃាត់ប្រជាជនទិញមធ្យោបាយធ្វើដំណើរឯកជនទេ
ទី២ ប្រជាជនកើនហើយ យើងគ្មានការហាមឃាត់មិនឱ្យប្រជាជនមានបានទេ។ បានន័យថា គ្មានគោលដៅ គ្មានផែនការនៅក្នុងការកំណត់មិនឱ្យប្រជាជនទិញឡាន ទិញម៉ូតូជិះនោះទេ តែគាត់មានថវិកា គាត់ទិញហើយ។ កាលជិះកង់មួយរយនាក់ មិនសូវចង្អៀតទេ តែបើឡានឡើងដល់ ៥០គ្រឿងហើយគឺចង្អៀតហើយ។ កន្លែង(រៀបពិធីបង្គល)ការឥឡូវ បើចង់ដាច់ទាល់តែគិតអំពីកន្លែងចតឡាន។ បើយក ១០០តុ ស្មើនឹង ១០០០ នាក់ចូលរួម ត្រូវទុកចំណតឡានយ៉ាងហោចណាស់ ១០០-២០០ ឡាន។ បើអត់ទេ គឺពិបាកហើយ។ អត់មានអ្នកណាជិះកង់បី ជិះឡានក្រុងទៅទេ។ អញ្ចឹងយើងមិនអាចហាមប្រជាពលរដ្ឋរបស់យើងមិនឱ្យជិះ(រថយ្ត)ទេ។ មកអម្បាញ់មិញ គ្រាន់តែអ្នកចូលរួម ឡានម៉ូតូពេញហ្នឹង។ អញ្ចឹង យើងក៏មិនអាចហាមក្នុងមួយគ្រួសារឱ្យមានម៉ូតូប៉ុន្មាន ឡានប៉ុន្មានដែរ។ ខ្ញុំជិះមើល មិនបាច់តែក្នុងបុរីទេ តាមផ្លូវហ្នឹង ពីទីនេះទៅផ្លូវជាតិលេខ២ ឡើងទៅតាខ្មៅ ផ្ទះខ្លះឡានពីរ ឡានបី ម៉ូតូ ៣-៤ គ្រឿង បើមាន(សមាជិក)គ្រួសារច្រើន។
(៦) ជីវភាពប្រែប្រួលជាវិជ្ជមាន មានលទ្ធភាពទិញមធ្យោបាយធ្វើដំណើរ ត្រូវខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ
នៅក្នុងបុរីខ្លះ គេសង់ផ្ទះ គេឱ្យកន្លែង(ចតឡាន)តែមួយទេ ប៉ុន្តែអ្នកខ្លះ គឺគាត់ចតឡាន ៣-៤។ សួរថា តើយើងហាមគាត់ទេ? បុរីគេធ្វើ(មុខផ្ទះចត)តែឡានមួយ ប៉ុន្តែគេមិនហាមប្រជាពលរដ្ឋដែលរស់នៅបុរី មិនឱ្យទិញម៉ូតូ ៣-៤ គ្រឿង មិនឱ្យទិញឡាន ២-៣ គ្រឿងនោះទេ។ អញ្ចឹងសរុបសេចក្ដីមកយ៉ាងម៉េច? សរុបសេចក្ដីមក បានន័យថា ពេលដែលជីវភាពរស់នៅយើងកាន់តែប្រែប្រួល ប្រជាពលរដ្ឋយើងកាន់តែមានលទ្ធភាព ជីវភាពរស់នៅកើន អាចទិញមធ្យោបាយប្រើប្រាស់បាន(ច្រើន)។ យើងគ្មានជម្រើសទៅហាមគាត់មិនឱ្យធ្វើបែបនោះទេ ប៉ុន្តែយើងមានតែជម្រើសមួយគត់ គឺត្រូវប្រឈមបញ្ហា ដំណោះស្រាយបញ្ហា គឺខិតខំពង្រីកផ្លូវ ខិតខំរកវិធីកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម (កសាង)ស្ពានអាកាសមួយជាន់ ពីរជាន់ ផ្លូវក្រោមដី ស្ពានលើទឹក។ ឥឡូវកំពុងតែសិក្សា។ ថ្ងៃក្រោយ ខ្ញុំសង្ឃឹមថាយើងនឹងមានផ្លូវក្រោមទឹកឆ្លងទន្លេបន្ថែមទៀត។
(៧) គ្រោងសាងសង់ស្ពានកាត់ទន្លេមេគង្គ ២ឬ៣ ទៀត ព្រោះតំបន់អរិយក្សត្រនឹងមានមនុស្សនៅកាន់តែច្រើន
ឥឡូវ ពីអរិយក្សត្រ មកខាងភ្នំពេញ ឥឡូវយើងទៅ/មកជិះសាឡង់។ មិនទាន់មានការចាំបាច់ច្រើនបច្ចុប្បន្ននេះ ដោយសារនៅខាងអរិយក្សត្រមិនទាន់រីក ប៉ុន្តែសំណួរសួរថា តើយើងត្រូវធ្វើស្ពានមុនកន្លែងរីក ឬកន្លែងរីកក្រោយស្ពានភ្ជាប់ ឬមួយក៏យើងចាំកន្លែងរីកហើយបានយើងធ្វើស្ពាន? យើងមិនដើរថយក្រោយទេ។ យើងធ្វើបុរេសកម្ម។ ឥឡូវស្ពានដែលគ្រោងធ្វើនោះ ខ្ញុំមើល ដូចក្នុងផែនការ ១. ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅផ្សារចាស់ឆ្លងទៅអរិយក្សត្រ។ តែយើងគ្រោងធ្វើ ២ ឬ៣ ស្ពានបន្តទៀត។ ស្ពានដីឥដ្ឋនៅខាងក្រោម។ ឆ្ងាយប៉ុន្តែចន្លោះហ្នឹង នឹងត្រូវមានស្ពានបន្តទៀត ព្រោះបន្តិចទៀតតែស្ពានមួយភ្ជាប់ អរិយក្សត្រចាប់ផ្ដើមមានមនុស្សទៅនៅកាន់តែច្រើនហើយ (នេះ)ស្ពានកូរ៉េ។ អញ្ចឹងចាប់ផ្ដើមទៅនៅអរិយក្សត្រកាន់តែច្រើន ទាមទារការធ្វើដំណើរឆ្លងកាត់ហើយ ព្រោះប្រជាជនអ្នកភ្នំពេញទៅនៅកាន់តែច្រើន សេដ្ឋកិច្ចខាងណោះក៏រីក។ អញ្ចឹងទាមទារឱ្យយើងត្រូវបន្តធ្វើបន្ថែមទៀត។ ដូចឥឡូវ ពីមួយកំណាត់ស្ពានព្រះមុនីវង្សទៅដល់តាខ្មៅ ពីមុនយើងមានតែស្ពានមួយទេ ឥឡូវយើងធ្វើបន្ថែមទៀត។
(៨) បានមកសម្ពោធសមិទ្ធផលហេដ្ឋរចនាសម្ព័ន្ធក្នុងតំបន់ផ្លូវទទឹង ៦០ម៉ែត្រ ៥លើកហើយ
ក្នុងដំណាក់កាលមួយឆ្នាំជាងនេះ នៅក្នុងតំបន់ ៦០ម៉ែត្រ ខ្ញុំមានមោទនភាព ដែលថា គ្រាន់តែហេដ្ឋារចនាសម្ព័ន្ធដែលខ្ញុំរាប់នេះ ៥លើកហើយ ខ្ញុំមកសម្ពោធ តាំងពីមុនបោះឆ្នោត និងបើកការដ្ឋាន។ បើកការដ្ឋានទី១ គឺកសាងផ្លូវ ៥០ម៉ែត្រ ភ្ជាប់ពីផ្លូវ ៦០ម៉ែត្រនេះ ទៅខាងដង្កោ។ លើកទី២ ខ្ញុំមកបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោមទៅព្រែកប្រា។ បន្តិចទៀត ឆ្នាំ២០២៧ ដែល(ស្ពាននេះ)គ្រោងបញ្ចប់ អ្នកចាក់អង្រែក្រោម បើចង់ទៅផ្លូវជាតិលេខ១ លែងចាំបាច់ទៅតាមស្ពានមុនីវង្សទៀតហើយ។ អាចឆ្លងស្ពានចាក់អង្រែក្រោម-ព្រែកប្រានេះ ឡើងទៅ។ យើងគ្រោងបើកផ្លូវមួយដើម្បីភ្ជាប់ (ដោយ)កាត់បុរីប៉េងហួតបឹងស្នោរ។ កាត់ក្បែរនោះ ឈានទៅចាក់ទៅផ្លូវជាតិលេខ១តែម្ដង។ បើចង់ទៅវត្តចំពុះក្អែក គឺអាចឆ្លងពីកន្លែងនេះតែម្ដង។ អ្នកចាក់អង្រែក្រោមធូរទេ? ប្រហែលជាធូរ ព្រោះបច្ចុប្បន្នត្រូវទៅស្ពានព្រះមុនីវង្ស ឆ្លងទៅ ឬមួយឡើងទៅស្ពានព្រែកសំរោង ហើយចាក់មកវិញ។
អញ្ចឹង អ្នកចាក់អង្រែក្រោម ថ្ងៃក្រោយឆ្លងទៅត្រើយម្ខាងយ៉ាងស្រួល មិនចាំបាច់ប្រើពេលមួយម៉ោង ឬ បើស្ទះអាចឡើងជាងមួយម៉ោង យើងឆ្លងជិតផ្ទះយើង ឆ្លងទៅត្រើយម្ខាងតែម្ដង។ ខ្ញុំក៏បានមកបើកការដ្ឋានធ្វើស្ពានអាកាសដែលត្រូវឆ្លងពីផ្លូវ ៦០ម៉ែត្រ ទៅខាងខេត្តកណ្ដាល ទៅព្រលានយន្តហោះថ្មី។ យើងក៏ធ្លាប់មកសម្ពោធសមិទ្ធផលធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅទីនេះ។ ថ្ងៃនេះ មកសម្ពោធស្ពានអាកាសមរតកតេជោនៅទីនេះ។ ខ្ញុំពិតជាមានមោទនភាពណាស់។ នៅកន្លែងនេះផ្ទាល់ ខ្ញុំបានមកសម្ពោធសមិទ្ធផលធំៗ ទាំងបើកការដ្ឋាន ក្នុងរយៈពេលមួយឆ្នាំជាងនេះ ថាពីរឆ្នាំទៅចុះ ជាច្រើននៅទីនេះ សម្រាប់ប្រជាពលរដ្ឋយើងនៅទីនេះ។ ហើយផលប្រយោជន៍សម្រាប់អ្នកភ្នំពេញ និងអ្នកខេត្តកណ្ដាល។
(៩) សមិទ្ធផលរូបមន្តស្លឹកត្នោតខ្ចប់ស្ករត្នោត ផ្តល់ផលដល់អ្នកភ្នំពេញ អ្នកខេត្តកណ្ដាល និងប្រជាពលរដ្ឋទាំងអស់
ពេលដែលគេចោទថា យើងមិនធ្វើអ្វីទាំងអស់ ខ្ញុំថាខ្ជិលតប។ ខ្ញុំដើរតែសម្ពោធសមិទ្ធផល និងបើកការដ្ឋានឱ្យច្រើនទៅ វាចប់ហើយ។ អញ្ចឹងអ្នកឯងកាន់តែថា ខ្ញុំកាន់តែធ្វើឱ្យបានកាន់តែច្រើន។ អញ្ចឹង សមិទ្ធផលនៅទីនេះ ហើយសមិទ្ធផលទាំងអស់នេះ អត់មាន BOT ទេ។ បានន័យថា ធ្វើហើយអត់មានយកលុយប្រជាជន បង់ថ្លៃប្រើទេ គឺធ្វើជូន freeតែម្ដង។ អញ្ចឹងប្រជាពលរដ្ឋប្រើប្រាស់ដោយមិនបង់លុយ។ សាលារាជធានីចេញលុយថែទាំ ថែរក្សា។ រដ្ឋធ្វើ វិស័យឯកជនចូលរួមកសាង តាមរូបមន្តស្លឹកត្នោតខ្ចប់ស្ករត្នោត និង/ឬតាមរូបមន្តផ្សេងៗ ប៉ុន្តែផលគឺសម្រាប់អ្នកភ្នំពេញ និងសម្រាប់អ្នកខេត្តកណ្ដាល និងសម្រាប់ប្រជាពលរដ្ឋទាំងអស់ ទាំងជាតិ ទាំងអន្តរជាតិ ដែលប្រើប្រាស់ផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធនេះ។ នេះជាវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេសជាតិ។ យើង(ធ្វើ)គ្រប់វិស័យ។ យើងមិនអាចមើលតែរឿងណាមួយទេ។ គ្រប់រឿងទាំងអស់។ គ្មានស្អីដែលគ្រប់គ្រាន់ មិនមានបញ្ហានោះទេ។ យើងរួមគ្នាបន្តដោះស្រាយក្នុងវិស័យនីមួយៗ ជាជំហានៗ ពីសមិទ្ធផលមួយទៅសមិទ្ធផលមួយ។ ពាក្យខ្មែរថា «តក់ៗពេញបំពង់ ដើរច្រើនជំហាន ចាប់ផ្ដើមពីជំហានទី១»។ ហើយថ្ងៃនេះ ជាសមិទ្ធផលមួយបន្ថែមទៀតនៃជំហានជាច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
(១០) រដ្ឋាភិបាលចង់អោយប្រជាពលរដ្ឋធូរធារ មានសម្ភារៈសម្រួលជីវភាពរស់នៅ និងធ្វើដំណើរប្រចាំថ្ងៃ
យើងមិនឈប់ទេ។ យើងនឹងបន្តធ្វើដំណើរតទៅទៀតដើម្បីឱ្យប្រជាពលរដ្ឋ អ្នករាជធានីភ្នំពេញ អ្នកខេត្តកណ្ដាល កាន់តែមានភាពងាយស្រួលឆ្លើយតបទៅនឹងការរីកធំនៃតម្រូវការ ដោយសារប្រជាជនកាន់តែកើន ចំនួនរថយន្ត ទោចក្រយានយន្ត ចំនួនមធ្យោបាយដឹកជញ្ជូនកាន់តែកើន។ អញ្ចឹងរាជរដ្ឋាភិបាលគ្មានពេលទៅអង្គុយយកប្រេងខ្យល់មកលាបខ្លួន ឬមួយចេញផែនការដើម្បីហាមកុំឱ្យប្រជាជនមានកូនច្រើន ឬហាមមិនឱ្យប្រជាជនមានឡាន មានអីជិះច្រើន ដូចប្រទេសមួយចំនួន។ ប្រទេសមួយចំនួន ដាក់កូតា។ ក្នុងមួយឆ្នាំឱ្យមានឡានចំនួនប៉ុណ្ណេះ។ ចង់ឱ្យឡានថ្មីចូល ទាល់តែឡានចាស់ហ្នឹងប៉ុណ្ណេះឈប់ប្រើ។ បើដូចនៅប្រទេសមួយចំនួន គាត់លក់។ ចង់មានសិទ្ធិទិញឡាន ទាល់តែទិញសិទ្ធទិញឡាន គេហៅថា អាជ្ញាបណ្ណទិញឡាន។ នៅស្រុកខ្មែរ ចង់ទិញឡានមួយ អត់មានទិញអាជ្ញាបណ្ណទេ។ ដូចនៅសឹង្ហបុរី អាជ្ញាបណ្ណទិញឡានមួយ។ ពេលខ្លះថ្លៃជាងឡានផង។
ខ្ញុំសួរថ្ងៃមុន មួយដូច ១០ ម៉ឺនដុល្លារសឹង្ហបុរី។ បានន័យថា យើងចង់ទិញឡានមួយគ្រឿង ចង់ឡានប្រភេទអីក៏ដោយ តម្លៃ ១០០០-២០០០ ដុល្លារ ១០០០០-២០០០០ ដុល្លារ គេមិនគិតទេ។ មុននឹងមានសិទ្ធិឱ្យទៅទិញ មានលុយក៏ដោយ អត់មានសិទ្ធិទិញទេ ទាល់តែមានអាជ្ញាបណ្ណ ដើម្បីផ្ដល់សិទ្ធិឱ្យយើងទិញមួយគ្រឿង។ កម្ពុជា អត់មានផែនការ អត់គម្រោង(ដូចគេ)ទេ បន់ឱ្យតែប្រជាជនទិញឡានឱ្យច្រើនជិះទៅ ដើម្បីជួយដោះស្រាយបញ្ហា។ បើគាត់កាន់តែមានភាពធូរធារ គាត់មានសម្ភារៈដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើដំណើរប្រចាំថ្ងៃ កាត់បន្ថយពេលវេលានៃការដឹកជញ្ជូនរបស់គាត់ យើងក៏លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ(ធ្វើ)។
(១១) អភិវឌ្ឍបន្ថែមហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំមធ្យោបាយដឹកជញ្ជូនសាធារណៈ
យើងអភិវឌ្ឍបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈជូន យើងរៀបចំមធ្យោបាយដឹកជញ្ជូនសាធារណៈ។ យើងរៀបចំបន្ថែមឡានក្រុង ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុង សិក្សាអំពីប្រព័ន្ធរថភ្លើង តាមលទ្ធភាពដែលអាចធ្វើទៅបាន ជាពិសេសនៅខាងក្រុង។ កន្លែងក្រុងថ្មីៗ រៀបចំប្រព័ន្ធចរាចរណ៍។ ខ្ញុំគិតថា ការដោះស្រាយរឿងចរាចរណ៍កកស្ទះនេះ មិនមែនតែត្រឹមត្រូវកសាងផ្លូវបន្ថែមនោះទេ យើងត្រូវគិតគូរអំពីការរៀបចំចរន្តចរាចរណ៍ផង។ រឿងនេះ ឯកឧត្តម សាយ សំអាល់ បានពិភាក្សាជាមួយនឹងឯកឧត្តម ប៉េង ពោធិ៍នា និងជាមួយក្រុង ពិនិត្យមើល ព្រោះបើសិនជាមនុស្សកាន់តែច្រើន យើងរៀបអត់មានលំដាប់លំដោយ សណ្ដាប់ធ្នាប់ វាស្ទះហើយ។ ប៉ុន្តែបើរៀបលំហូរបានល្អ ផ្លូវណាទិសតែមួយ ប៉ុន្មានផ្លូវ។ បើថាល្អកុំរៀបតែមួយប្លុកៗ គឺរៀបមួយក្រុងតែម្ដង ព្រោះលំហូរវាប្រទាក់ក្រឡា។ បើយើងរំដោះតែមួយកន្លែង ចេញផុតមកក៏ជាប់កដបដដែល។
ថ្ងៃមុន ខាងសាធារណការ ដឹកនាំប្រជុំជាមួយវិស័យឯកជន ចុះសិក្សាអំពីការតភ្ជាប់ពីអរិយក្សត្របន្ថែមមកខាងភ្នំពេញ។ ខ្ញុំថាត្រូវគិតកន្លែងដែលចរាចរណ៍មក។ អ្នក design ធ្វើម៉េច ពេលចូលពេលចេញកុំឱ្យស្ទះ។ ពេលធ្វើវាស្រួលណាស់ ប៉ុន្តែកុំភ្លេចពេលចេញមកនេះ វាត្រូវស្ទះតាមចរន្តរួចទៅហើយ។ បើផ្លូវដែលតភ្ជាប់មកហ្នឹងវាស្ទះរួចទៅហើយ កុំយកកន្លែងហ្នឹងទៅដាក់ ព្រោះវាបង្កើនការកកស្ទះបន្ថែម។ បើសរសៃឈាមចូលក្នុងបេះដូងស្ទះនៅកន្លែងដើមដៃ ត្រូវជួសជុលវាកន្លែងហ្នឹង រៀបលំហូរវា មិនមែនមកតែក្នុងបេះដូងទេ។ ការគិតគូរទាំងអស់នេះខ្ញុំគាំទ្រ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយមន្ទីរសាធារណការ និងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន គិតគូររឿងហ្នឹង។
ឥឡូវផ្លូវយើងមិនអាចពង្រីកបន្ថែមទៀតទេ។ កន្លែងខ្លះយើងបង្រួមសួនច្បារ បង្រួមចិញ្ចើមអស់ហើយ។ យើងមិនអាចវាយផ្ទះចោលបានទេ ព្រោះប្រជាជនរស់នៅ។ ពេលជាមួយគ្នាចំនួនរថយន្ត ម៉ូតូ រថយន្តក្រុង និង កង់បី កាន់តែកើន។ ត្រូវមានការគិតគូរពីលំហូរ។ ចង្អៀតមែន មនុស្សច្រើនមែន តែបើលំហូរវាស្រួល ដូចផ្លូវមួយមនុស្សណែន បើសិនជាផ្លូវហ្នឹងវាអត់គន្លងឡានបើកទេ ទៅឆ្វេងស្ដាំ វាស្ទះ … ការរៀបចំលំហូរនេះ គឺការគិតគូរជាពិសេសក្នុងទីក្រុងចាស់របស់យើងនេះ។ គិតគូរមួយក្រុងភ្នំពេញតែម្ដង។ ផ្លូវណាដែលត្រូវមួយទិស ផ្លូវណាដែលត្រូវមក វាថ្ពក់ទៅដល់ណា។ នេះគឺជាមធ្យោបាយមួយបន្ថែមទៀតក្នុងការគិតគូរ។ តភ្ជាប់មកដូចគ្នា លំហូរពីខាងខេត្តកណ្ដាល ពីផ្លូវក្រវាត់ក្រុង ចូលយ៉ាងម៉េចអីយ៉ាងម៉េច កន្លែងណាដែលរថយន្តធំត្រូវប្រើ ម៉ោងណា កន្លែងណាដែលរថយន្តដឹកទំនិញអាចមានសិទ្ធិឆ្លងកាត់ កន្លែងណា។ អាហ្នឹងត្រូវមានការគិតគូរបែបនេះ។
(១២) ភាពជោគជ័យនៃមធ្យោបាយដឹកជញ្ជូនសាធារណៈ គឺការគ្របដណ្ដប់ និងកុំអោយមានការកកស្ទះ
យើងនៅបន្តកសាងសមិទ្ធផលសមិទ្ធផលថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេស ការរៀបចំការដឹកជញ្ជូនសាធារណៈ គឺជាការដឹកជញ្ជូនរយៈពេលវែង។ មានបងប្អូនខ្លះថា តើយើងរៀបធ្វើអី បើការដឹកជញ្ជូនសាធារណៈគ្មានមនុស្សប្រើ។ មនុស្សចង់ជិះឡាន ម៉ូតូ ព្រោះវាលឿន។ ខ្ញុំថា ឥឡូវគាត់នៅមានជម្រើស តែពេលណាការចាំបាច់ គាត់អត់ជម្រើស គាត់គណនាទៅប្រើមធ្យោបាយដឹកជញ្ជូនខ្លួនឯងវាថ្លៃ វាយូរ គាត់នឹងទៅជិះមធ្យោបាយដឹកជញ្ជូនសាធារណៈហើយ។ ប៉ុន្តែ ដើម្បីឱ្យទាក់ទាញ ត្រូវធ្វើម៉េចឲ្យមធ្យោបាយជិះរួមនេះ ធានាកុំឱ្យកកស្ទះ ឱ្យបានប្រសើជាងបើកខ្លួនឯង។ ឥឡូវ យើងមានចំណោទចតឡាន។ បើសិនជាថ្ងៃក្រោយ ការចតឡានកាន់តែលំបាក ចតឡានកាន់តែថ្លៃ ក្នុងការទៅធ្វើការ ទៅផ្សារ ដើម្បីងាយស្រួល មួយចំនួនគេនឹងប្រើ(មធ្យោបាយសាធារណៈ)។
រៀបចំគន្លងឡានសាធារណៈកាន់តែច្រើន កាន់តែល្អ។ ពង្រាយឱ្យបានច្រើន។ ខ្ញុំមើលឃើញថាភាពជោគជ័យនៃមធ្យោបាយដឹកជញ្ជូនសាធារណៈ គឺការគិតគូរ ទី១ ការគ្របដណ្ដប់។ បើឡានហ្នឹងរត់តែប៉ុន្មានខ្សែ គាត់អត់ទៅទេ ព្រោះជិះទៅដល់នោះត្រូវដើរ ឬមួយជិះកង់បីដដែល។ តែបើវាគ្របដណ្ដប់ទៅដល់ជិតកន្លែងដែលគាត់ចង់ទៅទាំងអស់ គាត់ប្រើ(មធ្យោបាយសាធារណៈ)។ បើចុះទៅត្រឹមតែ១០០ម៉ែត្រ ឬ២០០ម៉ែត្រ គាត់ជិះ។ តែបើទុក៣ ឬ៤គីឡូនៅភ្នំពេញ ពិបាក។ យើងពង្រីកការគ្របដណ្ដប់បន្តិចម្ដងៗ ហើយនៅថ្ងៃក្រោយនឹងគ្របដណ្ដប់ច្រើនសឹងតែថានៅជិតផ្ទះនីមួយៗ យ៉ាងច្រើនកន្លះគីឡូដី គឺមានឡានក្រុងមួយ … រឿងក្រោមដីយើងកុំអាលគិត។ បើមានលទ្ធភាពកន្លែងណាមួយនៅទីក្រុងចាស់ទីក្រុងថ្មី យើងគិតគូរ តែបច្ចុប្បន្នរឿងនៅលើដី។
ទី២ គឺការធ្វើកុំអោយមានការកកស្ទះ។ បើយើងជិះឡានក្រុងតម្លៃមួយសមរម្យ ប៉ុន្តែទាល់តែថាលឿនជាង។ បើជិះឡានក្រុងទៅវាស្ទះ ជិះម៉ូតូឌុបលឿនជាង។ ខ្ញុំតែងតែណែនាំថា ទីក្រុងថ្មីសូមគិតពីគន្លងរថយន្តសាធារណៈ។ ថ្ងៃមុនខ្ញុំនិយាយជាមួយ ឧកញ៉ា ឃុន សៀ ដែលគាត់បង្កើត smart city នៅត្រើយម្ខាង។ គាត់យកប្លង់មកឱ្យខ្ញុំមើល។ គាត់បានគិតគូរពីការរៀបចំគន្លងសម្រាប់ឡានក្រុងហ្នឹងស្រាប់។ ខ្ញុំថារៀបហ្នឹងត្រូវ ព្រោះតែមានមធ្យោបាយដឹកជញ្ជូនស្រួលបួល កន្លែងរស់នៅស្រួល អចលនទ្រព្យគាត់ក៏ឡើងដែរ។ គារគិតគូរនេះគឺជាអ្វីដែលយើងគិតគូរវែងឆ្ងាយ។
(១៣) លើកទឹកចិត្តគ្រប់រាជធានី/ខេត្តក្រុង រៀបចំកន្លែងកំសាន្តសាធារណៈ
មិនខុសពីការរៀបចំ walk street ទេ។ គិតថាប្រជាពលរដ្ឋយើងមិនទាន់ដល់ពេលដែលត្រូវរៀបចំអាហ្នឹង អត់មានអ្នកណាទៅទេ។ ប្រជាពលរដ្ឋយើងមិនទាន់មានលទ្ធភាពទៅអញ្ចឹងៗទេ។ ខ្ញុំថា បើរៀបចំ ១៥ឆ្នាំមុន ប្រហែលជាមិនសូវមានទេ តែថ្ងៃនេះ ម៉ោងនេះ ប្រជាពលរដ្ឋយើងទៅលេង ហើយកាន់តែល្អទៀត។ ខ្ញុំសប្បាយរីករាយព្រោះខាងរដ្ឋបាលរាជធានីខេត្តបាញ់រូបឱ្យខ្ញុំ។ ថ្ងៃមុន ទៅតាកែវ ឯកឧត្តម វ៉ី សំណាង គាត់រៀបចំកន្លែងសួនសាធារណៈច្រើនណាស់សម្រាប់ប្រជាពលរដ្ឋទៅកម្សាន្ត ទៅហាត់ប្រាណ។ ២០ឆ្នាំមុនសួរថាប្រជាពលរដ្ឋទៅចាក់មេក្រូរាំនៅមុខវាំងអញ្ចឹងឬ? មិនស្រួលគេសើច អត់មានអ្នកណាហ៊ានទេ។ តែ២០ឆ្នាំក្រោយ ប្រជាជនស៊ីវិល័យ ទៅរាំទៅកីឡា នេះគឺជាការវិវត្តរបស់ក្រុង។ ខ្ញុំលើកទឹកចិត្តគ្រប់រាជធានី/ខេត្ត ក្រុង ទាំងអស់រៀបចំកន្លែង(កំសាន្ត)សាធារណៈ។ ខេត្តកំពង់ធំ ឃើញមានសួនតាមមាត់ស្ទឹងសែន។ គាត់យកកន្លែងកណ្ដាលក្រុងធ្វើកន្លែងសាធារណៈ។ គាត់ប្រកួតប្រជែងគ្នា ធ្វើសួនសាធារណៈកាន់តែល្អសម្រាប់ប្រជាជនក្នុងខេត្តគាត់។ ខ្ញុំថាត្រូវហើយ ប្រកួតប្រជែងគ្នាឱ្យកាន់តែល្អនៅទីសាធារណៈ ឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តនីមួយៗ (មានឱកាសប្រើប្រាស់)។ ខ្ញុំគាំទ្រ។ ធ្វើឱ្យកាន់តែល្អ ផលប្រយោជន៍សាធារណៈកាន់តែច្រើន សូមបន្តធ្វើទៀត។
(១៤) រៀបចំំដីជាង៧០ហិកតាម្តុំកប់ស្រូវ ធ្វើសួនសាធារណៈសំរាប់់អ្នកក្រុងភ្នំពេញ
នៅរាជធានីភ្នំពេញ ខ្ញុំឱ្យរៀបចំនៅម្ដុំផ្លូវកប់ស្រូវ ត្រៀមប្រហែលជាង៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឱ្យអ្នកនៅក្រុងភ្នំពេញ។ មានគេមកគណនាថាបង មួយការ៉េ ១០០០ (ដុល្លារ) បងឯងគិតមើល៧០ហិកតា បាន៧០លាន។ បងឯងយកអភិវឌ្ឍអីផ្សេងៗ។ ខ្ញុំថាអត់ទេ។ អភិវឌ្ឍផ្សេងៗកន្លែងផ្សេង តែកន្លែងនេះយើងទុក៧០ហិកតា យកធ្វើសួនសាធារណៈទុកឱ្យអ្នករាជធានីភ្នំពេញ។ ថ្ងៃក្រោយ ទៅលេងនៅទីនោះក៏បាន។ យើងរៀបចំកន្លែង picnic ជួនកាលមានរៀបចំ concert ថ្ងៃសៅរ៍-អាទិត្យ ដូចនៅទីនេះ មាននៅទីនោះទៀត។ អញ្ចឹងរៀបចំកន្លែងសប្បាយ។ ឯកឧត្តម ឃួង ស្រេង កំពុងតែដាក់ដាំដើមឈើរាប់ពាន់ដើមឥឡូវ។ ខ្ញុំថាបណ្ដុះទៅ បន្តិចទៀតយើងនឹងរៀបហើយ។ ថ្ងៃក្រោយ ក្រុងធំៗត្រូវតែមានទីលាន ទីធ្លាទូលំទូលាយសម្រាប់សាធារណៈជូនប្រជាពលរដ្ឋរបស់យើង។ ខេត្តខ្លះ ក្រុងខ្លះ បើនៅកណ្ដាលក្រុងអត់មាន នៅជិតក្រុងហ្នឹង។ ថ្ងៃមុនខ្ញុំឱ្យយោបល់ ១០០ទៅ២០០ហិកតា បម្រុងទុកទៅធ្វើជាសួនសាធារណៈសម្រាប់គាត់ទៅ។
(១៥) បង្កើតទីកន្លែងកំសាន្តសាធារណៈ សម្រាប់អ្នកក្នុងខេត្ត ទាក់ទាញទេសចរពីក្រៅខេត្ត ក៏ដូចជាក្រៅប្រទេស
យើងគិតថាឆ្ងាយសម្រាប់ខេត្តខ្លះ តែបន្តិចទៀតអត់ឆ្ងាយទេ ព្រោះក្រុងវានឹងរីក។ អញ្ចឹងយកដីទុកឱ្យហើយទៅសម្រាប់ធ្វើទីលានសាធារណៈសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ។ នេះគឺជាអ្វីដែលយើងត្រូវប្រកួតប្រជែង។ ខេត្តនីមួយៗ ត្រូវរៀបចំកន្លែងសាធារណៈឱ្យបានកាន់តែល្អ។ ខេត្តកែប គាត់ចាប់ផ្ដើមចាក់ខ្សាច់ដើម្បីធ្វើសួនតាមឆ្នេរសមុទ្រសម្រាប់សាធារណៈ ព្រោះគាត់ឃើញខេត្តព្រះសីហនុធ្វើ។ ខ្ញុំថាល្អ គាំទ្រធ្វើបែបនេះ។ ធ្វើម៉េចបង្កើតទីលាន ទីកន្លែងសាធារណៈ សម្រាប់បងប្អូននៅក្នុងខេត្ត ហើយក៏ជាកន្លែងទាក់ទាញនៃទេសចរមកពីក្រៅខេត្ត ក៏ដូចជានៅក្រៅប្រទេសដែរ។ ឥឡូវទៅមើលនៅ walk street គឺមិនមែនមានតែខ្មែរទេ បរទេសទៅរាំពេញហ្នឹង។ ខ្ញុំប្រាប់ថាបទពិសោធគឺទេសចរក្នុងប្រទេសនាំមុខទេសចរក្រៅប្រទេស។ ពេលដែលខ្ញុំទៅប្រទេសណាមួយ ខ្ញុំអត់ដឹង បើមិនមានអ្នក tour guide ខ្ញុំសួរអ្នកនៅអូតែល Concierge ថាកន្លែងណាដើរលេង។ គេតែងតែចង្អុលបង្ហាញទៅកន្លែងដែលមានមនុស្សច្រើន។ កន្លែងមនុស្សច្រើនភាគច្រើនគឺមនុស្សមិនមែនសុទ្ធតែទេសចរទេ គឺកន្លែងដែលប្រជាពលរដ្ឋរបស់គេទៅ យើងក៏ទៅ។
(១៦) ដំណើរជីវិតមនុស្សទូទាំងរាជធានីខេត្ត នឹងមានពេលវេលាកាន់តែតិចសម្រាប់គ្រួសារ និងផ្ទាល់ខ្លួន
ការរៀបចំសម្រាប់ប្រជាពលរដ្ឋនៅនឹងកន្លែងនេះ គឺជាអ្វីដែលជាការគិតគូរ។ ខ្ញុំគិតថា ពេលដែលប្រទេសយើងរីកចម្រើនកាន់តែខ្លាំង ជីវិតប្រជាពលរដ្ឋយើងមិនខុសពីគេទេ។ ខ្ញុំចាំថាកាលពីឆ្នាំ ៩០ជាង យើងតែងតែសើច បរទេសដូចជាខាងអ៊ុនតាក់ ឱ្យតែធ្វើការណាត់បាយ គេហៅ Working Lunch។ ខ្ញុំថាពួកនេះអត់ចេះសម្រាកទេឬ ណាត់គ្នាតែធ្វើការម៉ោងបាយ។ ឥឡូវយើងមិនតិចទេ គឺរវល់រៀងៗខ្លួន មានតែម៉ោងបាយហ្នឹង គឺថាកុំឱ្យខាត ហូបផងធ្វើការផង ក្លាយទៅជាភាពធម្មតាហើយ។ នេះជាការប្រែប្រួល។ បានន័យថា ដំណើរជីវិតរបស់ប្រជាពលរដ្ឋយើង ទូទាំងរាជធានីខេត្តទាំងអស់(មនុស្សនឹងមានពេលវេលា)កាន់តែតិចសម្រាប់គ្រួសារ សម្រាប់ពេលវេលាផ្ទាល់ខ្លួន អាហ្នឹងជាខ្សែច្រវាក់នៃការផលិតកម្ម។ គ្មានកន្លែងណាដែលអភិវឌ្ឍលឿន ងាកទៅប្រជាពលរដ្ឋដើរយឺតៗទេ … សូម្បីតែនៅអាមេរិកក៏ដូចគ្នា។
នៅខេត្តដែលសំបូរកសិកម្មមិនសូវសំបូរប្រជាពលរដ្ឋ ប្រជាពលរដ្ឋជីវភាពគាត់ធម្មតា។ តែបើទៅទីក្រុងដូច ញូវយ៉ក មនុស្សសឹងតែដើរបុកគ្នា អត់មានមើលគ្នាប៉ុន្មានទេ ព្រោះម្នាក់ៗរវល់រៀងខ្លួន។ នោះជាទីក្រុងហិរញ្ញវត្ថុរបស់អាមេរិក។ យើងដូចគ្នា។ បានន័យថាប្រជាពលរដ្ឋកាន់តែស្ត្រេស។ អញ្ចឹងការកម្សាន្ត កន្លែងកម្សាន្ត លំហែកាយ កន្លែងចំណាយពេលវេលារវាងគ្រួសារ។ ម្នាក់ៗឥឡូវប្រហែលជាមានពេលកាន់តែតិចជាមួយកូនហើយ ជាពិសេសស្ត្រី។ កាលពីមុនប្ដីធ្វើការ ប្រពន្ធនៅចាំផ្ទះមើលកូន។ តែឥឡូវភាគច្រើនទាំងប្ដីនិងប្រពន្ធធ្វើការ កូនទៅរៀន។ ទម្រាំជួបគ្នា ជួនកាលពេលយប់។ អ្នកខ្លះអត់ជួប។ កូនតូចគេងបាត់ ព្រឹកឡើងឪចេញទៅធ្វើការមុន។ មិនមែននិយាយពីខ្លួនឯងទេ ប៉ុន្តែបងប្អូនច្រើនក៏មានដូចគ្នាអញ្ចឹងដែរ។ ពេលវេលាជាមួយគ្រួសារតិច ពេលដែលថ្ងៃសៅរ៍-អាទិត្យ គាត់សម្រាកយើងបង្កើតបរិស្ថាន។
(១៧) ការអភិវឌ្ឍប្រទេស មិនធ្វើតែមួយមុខៗ តែត្រូវធ្វើៗ ទាំងព្រម សម្រាប់បច្ចុប្បន្ន និងធ្វើបុរេសកម្ម
នៅកំពង់សោម ឆ្នាំនេះ ខ្ញុំមើលផ្លូវល្បឿនលឿន កើនជាងឆ្នាំទៅ។ ឆ្នាំ២០២៤ (រថយន្ត)៥លានគ្រឿងជាងដែលប្រើផ្លូវល្បឿនលឿន។ ឆ្នាំទៅដូចជា ៣លានគ្រឿងទេ។ មួយខែៗជាង ៤០ម៉ឺនគ្រឿង។ មិនមែនអ្នកជិះទៅមកជាប្រចាំទេ មួយផ្នែកនោះគឺអ្នកដែលថ្ងៃសៅរ៍-អាទិត្យ គាត់ជិះឡានទៅលេងកំពង់សោមវិលល្ងាច។ ជិះឡានទៅលេងខេត្តផ្សេងៗ វិលល្ងាច។ សម្រាប់អ្នកដែលអត់មានលទ្ធភាពជិះឡានទៅ យើងបង្កើតនៅក្នុងក្រុង បង្កើតនៅក្នុងខេត្តឱ្យបានច្រើន។ នេះគឺជាការគិតគូរអំពីសុខុមាលភាព និងការគិតគូរអំពីសុខភាព សុខទុក្ខរបស់ប្រជាពលរដ្ឋរបស់យើង។ យើងមិនគិតតែពីរឿងប្រាក់ខែទេ ប៉ុន្តែយើងគិតពីគុណភាពពេលវេលាជាមួយគ្រួសារ ផាសុកភាពរបស់ប្រជាពលរដ្ឋ។ ការរៀបចំអភិវឌ្ឍន៍ប្រទេស មិនងាយស្រួល។ មិនធ្វើតែមួយមុខៗនោះទេ។ អ្វីដែលយើងត្រូវធ្វើៗ ទាំងព្រមទាំងអស់គ្នា ធ្វើសម្រាប់បច្ចុប្បន្ន ប៉ុន្តែក៏មិនមែនធ្វើដើម្បីឆ្លើយតបទៅនឹងអ្វីដែលកើតរួចទេ។ ត្រូវធ្វើបុរេសកម្មទុកទៀត។ ទោះបីជានៅទីនេះមិនទាន់មានតម្រូវការឆ្លងកាត់ ត្រូវធ្វើស្ពានអាកាស តែយើងត្រូវធ្វើស្ពានអាកាសបន្ថែម។
កន្លែងនេះយើងធ្វើ ដើម្បីឆ្លើយតប(តម្រូវការចរចារ) ព្រោះកន្លែងនេះធ្លាប់តែស្ទះ … មកពីផ្លូវ២៧១ បូកជាមួយមុនីវង្ស បុកជាមួយគ្នា។ តែឥឡូវលែងសូវស្ទះ។ នេះយើងធ្វើ(សមិទ្ធផលដែល)ឆ្លើយតប។ តែស្ពានអាកាសពីភ្នំពេញទៅខេត្តកណ្ដាល ស្ពានដែលយើងធ្វើច្រើនមួយចំនួន គឺយើងព្យាករ។ ដូចស្ពានទៅខាងអរិយក្សត្រ គឺយើងធ្វើហើយ។ ចរន្តនឹងកើត។ អញ្ចឹងការរៀបនិងការទទួលខុសត្រូវ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធគឺធ្វើបែបនេះ។ មើលចុះពីមួយអាណត្តិទៅមួយអាណត្តិយើងធ្វើបន្ថែមមួយៗ។ អ្នកថាបានប៉ុណ្ណឹងអួត។ ខ្ញុំអួតព្រោះពីមុនមានតិច ឥឡូវយើងមានច្រើន។ ពីមុនយើងមិនដែលមានស្ពានអាកាស ២ជាន់។ ឥឡូវយើងមានស្ពានអាកាស ២ជាន់។ ពីមុនស្ពានបែបនេះយើងធ្វើដោយមេការមកពីក្រៅប្រទេស។ ឥឡូវយើងធ្វើដោយមេការក្នុងប្រទេស ជាខ្មែរ។ យើងត្រូវតែអួត។ អួតនេះមិនមែនអួតសម្រាប់ខ្ញុំទេ អួតសម្រាប់ខ្មែរទាំងមូល។ យើងកាន់តែមាន កាន់តែបាន កាន់តែមានសមត្ថភាពម្ចាស់ការខ្លួនឯង នេះជាហើយដែលយើងត្រូវសប្បាយ។
[ចប់សេចក្ដីអធិប្បាយ១]
ខ្ញុំសូមថ្លែងនូវការកោតសរសើរជូនចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជន កម្ពុជា (OCIC) ក៏ដូចជាបណ្ដាតួអង្គពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការល្អជាមួយគ្នា ធ្វើការរួមគ្នា និងសម្របសម្រួលរាល់កិច្ចការទាំងឡាយ ចាប់ពីពេលបើកការដ្ឋានសាងសង់ រហូតឈានដល់ការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស ក្នុងថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំក៏សូមអរគុណនិងកោតសរសើរសាជាថ្មីទៅដល់ការត្រៀមលក្ខណៈរបស់សាលារាជធានីភ្នំពេញសម្រាប់ជួយដឹកជញ្ជូនប្រជាពលរដ្ឋរបស់យើង ត្រៀម ៥៩៧គ្រឿង ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញទៅតាមរាជធានីខេត្ត។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១៨) ជិះឡានក្រុងទៅចូលឆ្នាំ រៀបចំដោយសាលាក្រុង ពលរដ្ឋសន្សំបានប្រាក់ជាង ១លាន ៤សែនដុល្លារ
ប្រជាពលរដ្ឋសន្សំបានច្រើន ថ្ងៃមុនខ្ញុំចុះទៅមើលនៅកន្លែងទីលានប្រជាធិបតេយ្យដែលរៀបចំស្ថានីយហ្នឹង។ ខ្ញុំសួរមួយគ្រួសារដែលទៅបន្ទាយមានជ័យ។ ម្នាក់ប៉ុន្មាន? គាត់ថាទៅ ១០ម៉ឺនរៀល មកវិញ ១០ម៉ឺនរៀល ម្នាក់២០ម៉ឺនរៀល(ទាំងទៅនិងមក)។ គាត់មានគ្នា៤នាក់ ប្រពន្ធ កូន យាយទៅទៀត អញ្ចឹងក្នុងមួយជើងគាត់សន្សំបាន៤០ម៉ឺន ទៅមកគាត់សន្សំបាន២០០ដុល្លារ។ ២០០ដុល្លារនេះគាត់ទុកចាយធ្វើបុណ្យទាននៅផ្ទះ ឬមួយធ្វើអីផ្សេង។ ខ្ញុំឱ្យឯកឧត្តម ឃួង ស្រេង បូក។ យើងដឹកលើកមុនពេលភ្ជុំ។ គ្រាន់តែទិន្នន័យបងប្អូនគាត់សន្សំលុយ អ្នកដែលជិះឡានហ្នឹងបើគិតជាលុយសន្សំ ជាង១លាន ៤សែន ដុល្លារ ។បានន័យថាយើងទុក ១លាន ៤សែនដុល្លារនេះ នៅក្នុងហោប៉ៅរបស់ប្រជាពលរដ្ឋអ្នកភ្នំពេញទៅលេងស្រុក។ នេះគឺជាការជួយ។ ខ្ញុំសូមអរគុណ។ រដ្ឋសុខចិត្តចេញថវិកាមួយចំនួន ដើម្បីថ្លៃដឹកប្រជាពលរដ្ឋមិនយកលុយ។ អរគុណក្រុមហ៊ុនមួយចំនួន ក្រុមហ៊ុនវឌ្ឍនៈ, ជីប ម៉ុង គាត់ផ្ដល់ទឹកសុទ្ធ ផ្ដល់ភេសជ្ជៈប៉ូវជូនដល់បងប្អូនទៀត។ នេះគឺជាស្មារតីចូលរួមជាចំណែកជួយយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ តិចច្រើនយើងជួយ។ អរគុណដល់អ្នកបើកបរទាំងអស់ ដែលបើកបរដោយការទទួលខុសត្រូវ កុំប្រញាប់ប្រជែងគ្នាទៅណា គឺសុវត្ថិភាពបងប្អូន។ យើងឃើញថាការបើកបរនេះគឺធ្វើបានល្អ។
[ចប់សេចក្ដីអធិប្បាយ២]
ជាការពិត រាជរដ្ឋាភិបាល ក្នុងនីតិកាលកន្លងមក បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពចំនួនបួន គឺការលើកស្ទួយវិស័យកសិកម្ម ការបន្តស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអភិវឌ្ឍផ្នែកឯកជន និងការងារ និងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ក្នុងនោះ រាជរដ្ឋាភិបាល បានស្ដារ និងកសាងនូវសមិទ្ធផលនានាពាសពេញផ្ទៃប្រទេស រួមមាន៖ ស្ពាន ថ្នល់ ស្ពានអាកាស សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ និងសំណង់អាគារធំៗជាច្រើន ដើម្បីជំរុញដល់ការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ ដែលរួមមានការសម្ពោធសមិទ្ធិផលថ្ងៃនេះផងដែរ។
ជាការពិត សមិទ្ធផលស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមននៃរាជធានីភ្នំពេញ មិនត្រឹមតែជាការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ក្នុងតំបន់នេះប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាការតភ្ជាប់វិស័យដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីកភាគខាងត្បូងរាជធានីភ្នំពេញ ដោយបន្ស៊ីគ្នាទៅនឹងការដ្ឋានស្ពានអាកាសសម្ដេចធិបតី ដើម្បីគាំទ្រដល់អាកាសយានដ្ឋានតេជោអន្តរជាតិថ្មី និង “ព្រែកជីកហ្វូណន–តេជោ” ពោល គឺរាជរដ្ឋាភិបាល នីតិកាលទី៧ នេះទៅតាមពាក្យស្លោក “មានផ្លូវ មានសង្ឃឹម។
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងនូវការកោតសរសើរ ចំពោះក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងសហការអនុវត្តទិសដៅ និងភារកិច្ចនានា ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ នាំឱ្យសម្រេចបាននូវសមិទ្ធផលធំៗ បម្រើដល់ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការកែទម្រង់ និងការអភិវឌ្ឍគ្រប់វិស័យ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាពិសេស កិច្ចសហការយ៉ាងល្អ ជាមួយនឹងភាគីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ធ្វើឱ្យដំណើរការអនុវត្តគម្រោងស្ថាបនា ស្ពានអាកាសមរតកតេជោ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងលេចចេញជារូបរាងឡើង នៅចំពោះមុខយើងនាឱកាសនេះ។
នៅក្នុងឱកាសនេះ ខ្ញុំសូមណែនាំ និងផ្តល់អនុសាសន៍ មួយចំនួន ដូចខាងក្រោម៖
ទី១. រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានហេតុការណ៍គ្រោះរញ្ជួយដី កើតឡើងនៅប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ ដែលបានបង្កឱ្យមានការបាក់រលំអគារ ខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋ។ ក្នុងលក្ខខណ្ឌនេះ ខ្ញុំសូមណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលរាជធានី-ខេត្ត និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធត្រូវបង្កើនកិច្ចសហការ និងពង្រឹងការអនុវត្តការងារបច្ចេកទេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងក្នុងវិស័យរដ្ឋ និងក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយបានជាអតិបរមា។
[ចាប់ផ្ដើមសេចក្តីអធិប្បាយ៣]
(១៩) ទោះបីមានហានិភ័យនៃរញ្ជួយដីទាប ក៏ត្រូវគិតគូរអំពីគុណភាពសំណង់ និងបង្កាដោះស្រាយអគារចាស់ៗ
ប្រទេសយើងមានហានិភ័យនៃរញ្ជួយដីទាប។ យើងអត់ដូចប្រទេសភូមាដែលនៅលើកន្លែងគេហៅតំណនៃផែនដី។ ហ្នឹងបន្តិចម្តងវារំកិល។ យើងឃើញហើយ បទពិសោធនៅពេលដែលរញ្ជួយខ្លាំងនៅភូមា ដែលចម្ងាយរាប់រយគីឡូពីយើងក៏មានការរង្គើមួយចំនួន។ ជាកុសលល្អដែលយើងមិនមានជាបញ្ហា។ ទោះជាយ៉ាងណា វាជាសញ្ញាមួយដែលត្រូវការគិតគូរ។ ការរៀបចំសំណង់ ពិសេសសំណង់ខ្ពស់ត្រូវការគិតគូរអំពីកម្រិតណាមួយ អំពីគុណភាពនៃសំណង់ ហើយជាពិសេសដែលខ្ញុំបានតាំងពីដើមអាណត្តិមកឱ្យគោលការណ៍ទៅក្រសួងដែនដី ពិនិត្យមើលអគារដែលចាស់ៗ ខ្លាំងមែនទែននៅក្នុងរាជធានីភ្នំពេញ។ យើងមានដូចប៉ុន្មានអគារ ដែលប្រជាពលរដ្ឋរស់នៅ។ ឥឡូវយើងខិតខំដោះស្រាយ។ មួយអគារដែលថាជាសំណង់តាំងពីជំនាន់បារាំង ដែលយើងមានការព្រួយបារម្ភនោះជិតអស់ហើយ។ សំណង់មួយដែលក្រសួងដែនដីខិតខំដោះស្រាយតាមរូបមន្ត វិស័យឯកជនចូលរួមដោះ ហើយប្រជាពលរដ្ឋនៅទីនោះចូលរួមដោះ យើងដោះស្រាយដូចជិតអស់ហើយនៅសល់តែប៉ុន្មានគ្រួសារទៀតទេ ដែលគាត់កំពុងតែចរចា។ យើងមានការព្រួយបារម្ភ។
ការដោះស្រាយត្រូវទទួលនូវការចរចាជាមួយប្រជាពលរដ្ឋ ដោះស្រាយនូវការគិតគូរជូនគាត់តាមកម្រិតណា។ មានមធ្យោបាយនិងជម្រើសនៃការដោះស្រាយច្រើន។ ប្រជាពលរដ្ឋខ្លះគាត់ទៅយកផ្ទះផ្សេង ជាមួយនឹងថវិកា អ្នកខ្លះថវិកា អ្នកខ្លះដោះស្រាយរូបភាពអី(ផ្សេងៗ) ប៉ុន្តែជាគោលដៅធំ គឺផ្ទះដែលចាស់ជាងគេ … និយាយរួមអត់មានអ្នកណាហ៊ានទៅទេ។ បើសិនជាស្ថានភាពវាមិនស្រួលយ៉ាងម៉េច … ខ្ញុំចាំ នៅឆ្នាំដូច ១៩៨០ជាង ឬ ១៩៩០ជាង នៅផ្សារចាស់ មានម្តងខ្ញុំនៅពីតូច។ ពុកគាត់ទៅមើល។ ខ្ញុំតាមគាត់កាលហ្នឹង។ (នៅក្នុងឡានទេ) ព្រោះគាត់នាយករដ្ឋមន្ត្រី គាត់ទៅមើល ជួយដឹកនាំបញ្ជាការសង្គ្រោះ។ រឿងបែបនេះគឺជារឿងសោកនាដកម្មណាស់។ នៅប្រទេសថៃ និងភូមា នៅភូមាឥឡូវជិត ៣០០០នាក់ នៅរកមិនទាន់អស់ផង។ នៅថៃដោយទាំងប្រជាពលរដ្ឋខ្មែរយើងម្នាក់នៅខេត្តបន្ទាយមានជ័យ ដែលបានស្លាប់និង ៣នាក់ រកមិនទាន់ឃើញ ហើយបាត់ខ្លួនជិត ១០០នាក់ ឥឡូវរកបានបណ្តើរៗ ស្លាប់បណ្តើរៗ។
(២០) សូមជាងនិងក្រុមហ៊ុនសំណង់ កុំយកចំណេញដោយដាក់ជីវិតប្រជាពលរដ្ឋក្នុងហានិភ័យ
ខ្ញុំសូមអំពាវនាវឱ្យជាង និងក្រុមហ៊ុនសំណង់ទាំងអស់ ការចំណេញគឺត្រូវតែចំណេញហើយ តែកុំចំណេញពីការកាត់បន្ថយគុណភាពនៃសំណង់ឱ្យសោះ។ រឿងចរចារឿងអី តម្លៃជាមួយអ្នកធ្វើៗចុះ ប៉ុន្តែកុំបន្ទាបគុណភាពសំណង់។ កន្លែងខ្លះខ្ញុំមើលនៅលើហ្វេកប៊ុក ផ្ទះខ្លះទិញមិនទាន់បានប៉ុន្មានផង យកញញួរទៅគោះមកទាំងផ្ទាំងៗតែម្តង។ ទោះបីជាត្រូវប្រកួតប្រជែងធ្វើលឿន ដើម្បីបង្វិលលុយយ៉ាងម៉េចក៏ដោយ តែធ្វើយ៉ាងណាទទួលខុសត្រូវ គិតថាអ្នកដែលនៅផ្ទះនេះក៏ដូចជាបងប្អូនដែរ មានប្រពន្ធ មានកូន មានម្តាយដែលត្រូវរស់នៅពឹងជីវិតលើយើង។ តែយើងបៀក យើងស្អីទៅគេអត់ដឹងទេ។ ប៉ុន្តែបើមានបញ្ហា យើងក៏មានវិប្បដិសារីដែរ។ បើសិនជាយើងធ្វើអស់លទ្ធភាពហើយបច្ចេកទេសវាអត់ត្រូវ វាអត់គ្រប់យ៉ាងម៉េចអាហ្នឹងរឿងមួយ តែបើយើងដឹងថាអាហ្នឹងវាអត់គ្រប់បច្ចេកទេសយើងនៅតែធ្វើ ដើម្បីកេងចំណេញ ហ្នឹងបើតាមច្បាប់គឺខុសច្បាប់ ព្រោះអ្នកឯងកេងសំណង់ គណនាលើគុណភាពផ្ទះ។ គេគិតហើយ អស់ខ្សាច់ប៉ុន្មាន អស់ដែកប៉ុន្មាន អស់អីប៉ុន្មានសំណង់ ដល់ពេលធ្វើៗខុស។ រឿងនេះប៉ុន្មានឆ្នាំមុននៅប្រទេសចិនរញ្ជួយដី រញ្ជួយបន្តិច អគារមួយចំនួន សាលាមួយចំនួនបាក់រលំរាប់រយ។
អញ្ចឹងខ្ញុំសូមឱ្យវិស័យឯកជនចូលរួមជាមួយរដ្ឋ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរខណ្ឌ សង្កាត់ ក្រុង ខេត្ត ត្រូវធ្វើការឱ្យហ្មត់ចត់ទៅលើស្តង់ដារសំណង់។ សំណង់ធ្វើហើយមិនមែនធ្វើ ៥ឆ្នាំ បោះចោលដូចទូរស័ព្ទទេ។ សំណង់គឺសង្ឃឹមថានៅតកូនតចៅ។ បើមិនតកូនតចៅ ក៏លក់ឱ្យអ្នកផ្សេងគេនៅដែរ។ អញ្ចឹងសុទ្ធតែជីវិតមនុស្សម្នាក់ៗ។ ខ្ញុំសូមឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់ទៅលើការការពារ នេះគឺលើការបង្កាគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើង។ ចំណេញលុយកាក់ចំណេញចុះ តែកុំចំណេញទៅលើអ្វីដែលដាក់ជីវិតប្រជាពលរដ្ឋក្នុងហានិភ័យ ជាពិសេសរឿងសំណង់ អគារផ្ទះនៅ។ ទាំងខ្ញុំទាំងគេអត់ដឹងទេ។ តែចូលនៅស្អាត។ ខ្ញុំជឿ ខ្ញុំដាក់ជីវិតខ្ញុំ ពឹងទៅលើជាងហ្នឹងហើយ។ មិនមែនទៅលើម្ចាស់គម្រោងទេណា។ ម្ចាស់គម្រោងគាត់ទទួលខុសត្រូវ ប៉ុន្តែមេការ ឬវិស្វករដែលនៅនេះ។
ដូចពេទ្យអញ្ចឹង។ ខ្ញុំទៅ ខ្ញុំអត់ដឹងថាថ្នាំអីទេ។ គេឱ្យខ្ញុំលេបអីខ្ញុំលេបហ្នឹងហើយ។ អញ្ចឹងពេទ្យត្រូវតែច្បាស់។ ចេះឱ្យច្បាស់ កុំអត់ចេះ។ ខ្ញុំឈឺធ្មេញ ឱ្យខ្ញុំលេបថ្នាំឈឺក្រពះ។ ចេះច្បាស់ហើយធ្វើដោយទទួលខុសត្រូវទៀត។ ប្រយ័ត្នចេះច្បាស់ហើយអត់ទទួលខុសត្រូវ អាហ្នឹងគ្រោះថ្នាក់ណាស់។ អាហ្នឹងដូចកូនទាហានខ្ញុំម្នាក់ពេទ្យ ពេលនេះគេប្រចាំការ កាលនៅអង្គភាពប្រឆាំងភេរវកម្ម។ អ្នកប្រចាំការគឺហាមមិនឱ្យផឹក មិនឱ្យអី គឺនៅប្រចាំការមានឯណាទៅលួចផឹក។ ចៃដន្យអីមានកូនទាហានម្នាក់ទៀតដួល … និយាយរួមខ្ញុំពេលនៅកាន់អង្គភាពទាហានឱ្យតែទូរស័ព្ទក្រោយម៉ោង ១១ ម៉ោង ១២យប់ គឺដឹងថាមានរឿងហើយ ព្រោះបន្ទាយខ្ញុំចាក់សោម៉ោង ១០ ប្រជុំជួរដេកម៉ោង ១០។ អញ្ចឹងតែក្រោយហ្នឹងគឺសុទ្ធតែពួកនិនចា។
ពួកទាហានហ្នឹងគឺថារបង ២ម៉ែត្រ ក៏វាលោតរួចដែរ ពួកក្មេងៗហ្នឹង។ ពេលដែលលួចចេញទៅក្រៅអត់ប្រាប់យើងទេ ដល់ពេលមានរឿងទូរស័ព្ទមកហៅយើងទាំងយប់ឱ្យជួយដោះស្រាយ។ សូមប្រើពាក្យបន្តិចចុះ ព្រោះធ្លាប់(ធ្វើការ)ជាមួយក្មេងៗកូនទាហានអស់ហ្នឹង។ អញ្ចឹងគេដួលបែកក្បាល ដឹកចូលកន្លែងគ្លីនិក ឈាមវាហូរមកចិញ្ចើម ដល់អ្នកដេរកំពុងតែស្រវឹងទៅដល់ដេរៗចិញ្ចើម អ្នកឈឺប្រាប់ថាអត់ទេខ្ញុំបែកក្បាល ខ្ញុំផ្សាក្បាល។ ពេទ្យគេថាកុំចេះអញពេទ្យ ដល់ស្អែកឡើងបានដឹងថាដេរខុសកន្លែង។ រឿងមែនទែន គេប្រាប់ខ្ញុំអត់ជឿ ទាល់តែហៅមកសួរ ឃើញថ្នេរហ្នឹងមែន … ២ថ្នេរ។ ពេទ្យគេចិត្តល្អ គេដេរថែម ១ថ្នេរឱ្យទៀត Free។ នេះគឺជាការទទួលខុសត្រូវ អាហ្នឹងយើងនិយាយរឿងលេងសើច តែបើគ្រោះធ្ងន់ជាងហ្នឹងវាយ៉ាងម៉េច?
(២១) សូមក្រុមហ៊ុនអចលទ្រព្យគិតគូរពីស្តង់ដាបច្ចេកទេស និងការសាងសង់អោយបានហ្មត់ចត់
ជាងដូចគ្នា កុំឱ្យគេមានពាក្យស្លោក ខ្ញុំមិនចង់ប្រើពាក្យហ្នឹងទេ ប៉ុន្តែការទទួលខុសត្រូវ ត្រូវតែមាន។ ជាពិសេសអាយុជីវិត ពេទ្យនិងវិស្វករ(ជា)អាយុជីវិត … សំណង់នេះសំខាន់ ហើយជាពិសេសការរញ្ជួយដីនេះបានធ្វើ(អោយើញ)ហើយ។ ឥឡូវកំពុងតែធ្វើអគារដែលរលំហ្នឹងតើវាយ៉ាងម៉េច។ អគារក្បែរហ្នឹងមិនរលំ ហេតុអីអាហ្នឹងវារលំ? អគារដែលរលំហ្នឹងគឺតាមព័ត៌មាន Design ដោយក្រុមហ៊ុន អ៊ីតាលី ដែលសាងសង់ដោយក្រុមហ៊ុនចិន ថាតើមិនទាន់ភ្ជាប់ហ្នឹងវាមានលក្ខណៈ ឬមួយក៏បេតុង ឬមួយក៏ធ្នឹមវាមិនទាន់(ភ្ជាប់) … វានៅខ្ចីអី ខ្ញុំមិនដឹងទេ ប៉ុន្តែធ្វើការស្រាវជ្រាវ។ ជីវិតមនុស្ស។ អញ្ចឹង ខ្ញុំសូមឱ្យគិតគូរលើចំណុចនេះ។ ទី១ ស្តង់ដាបច្ចេកទេសឱ្យបាន។ ទី២ ការសាងសង់។ ខ្ញុំសូមអំពាវនាវ ជាពិសេស ក្រុមហ៊ុនអចលទ្រព្យយើងទាំងអស់ មិនថាក្រុមហ៊ុនបុរីតូច ជាងសង់ផ្ទះឱ្យគេ ជាងសង់ផ្ទះមិនសូវអីទេព្រោះម្ចាស់ផ្ទះគេមកមើល តែរបៀបសង់បុរី សង់រាប់រយរាប់ពាន់ល្វែងគឺត្រូវធ្វើម៉េចធ្វើឱ្យហ្មត់ចត់។ ជាពិសេសរឿងស្តង់ដា យើងត្រូវគិតលើចំណុចនេះ។
[ចប់សេចក្តីអធិប្បាយ៣]
ទី២. រដ្ឋបាលរាជធានីភ្នំពេញត្រូវចាត់តាំងក្រុមការងារ ដើម្បីត្រួតពិនិត្យ និងថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង ជាពិសេស បណ្ដាសមិទ្ធផលស្ពានអាកាស ដែលបាននឹងកំពុងប្រើប្រាស់រយៈពេលយូរមកហើយ ដើម្បីធានាគុណភាព និងសុវត្ថិភាពនៃការប្រើប្រាស់ ព្រមទាំងបន្តផ្ដួចផ្ដើមស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ ស្របតាមដំណើរវិវត្តនៃតម្រូវការរបស់សង្គមជាតិ និងកំណើនសេដ្ឋកិច្ចជាតិ។
ទី៣. រដ្ឋបាលរាជធានីភ្នំពេញ (ក៏ដូចរដ្ឋបាលខេត្តទាំងអស់) ត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ និងពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ជាពិសេស ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិ ខាងមុខនេះ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]
(២២) មិនហាមការលេងល្បែងផ្សេងៗ ប៉ុន្តែត្រូវអនុវត្តគោលការណ៍ធានាសុវត្ថិភាព
អរគុណសាជាថ្មី សម្រាប់ការត្រៀមលក្ខណៈ។ សូមសរសើរចំពោះការយកចិត្តទុកដាក់រៀបចំផែនការទុកជាមុនទាំងសន្តិសុខ សណ្តាប់ធ្នាប់ ទាំងការគិតគូរអំពីការជំរុញការលើកតម្កើងការលេងល្បែងប្រពៃណីឱ្យបានច្រើន។ ពិតណាស់ យើងមិនហាមការលេងល្បែងផ្សេងៗ ប៉ុន្តែទី១ ត្រូវមើលគោលការណ៍សុវត្ថិភាព។ សុវត្ថិភាពឱ្យមែនទែន ជះទឹក បាញ់ទឹកស្អីហ្នឹង ជួនកាលកន្លែងធ្វើដំណើរគឺគ្រោះថ្នាក់ បាញ់គាត់ភ្ញាក់ៗ ទៅបុកគេស្លាប់។ ហ្នឹងកុំ។ ជួនកាលគាត់ទៅវត្តជះអីមិនស្រួលខ្ទេច(ខោអាវ)អស់។ មើលកន្លែងទីតាំងដែលលេងនៅកន្លែងណា។ ជំរុញលើកកម្ពស់ការលេងល្បែងប្រជាប្រិយ។ ឆ្នាំទៅ ខ្ញុំឃើញលេងច្រើន បោះអង្គុញ ចោលឈូងស្អីផ្សេងៗនោះ ទាញព្រ័ត្រ លេងឱ្យច្រើន បង្កើតរបាំ បង្កើតល្បែងកម្សាន្ត លោតបាវ របាំប្រពៃណីខ្ញុំឃើញនៅ walk street។ នេះជារូបមន្តមួយដែលថាជាជាងមួយឆ្នាំមានម្តង ២ដង យើងដាក់តែពេលចូលឆ្នាំ ពេលអុំទូក ជាប្រចាំ បន្ថែមទៅលើព្រឹត្តិការណ៍ម្តងៗ នៃការចូលឆ្នាំ អុំទូក ភ្ជុំបិណ្ឌនេះ គឺយើងធ្វើជាអចិន្ត្រៃយ៍រាល់ចុងសប្តាហ៍។ ឃើញមានលេងល្ខោនខោល ឃើញមានឱ្យគេលក់ដូរ ប្រជាពលរដ្ឋលក់ដូរ ហើយចូលរួមរក្សាអនាម័យសណ្តាប់ធ្នាប់។ ប្រជាពលរដ្ឋទៅរាំកម្សាន្ត មានទាំងសម័យទាំងស្អីៗ។ បង្កើតព្រឹត្តិការណ៍ជាប្រចាំបែបនេះ ក្នុងពេលនេះគឺបញ្ហាសន្តិសុខសណ្តាប់ធ្នាប់។
រឿងចោរឆក់។ ថ្ងៃមុន គឺប៉ះចំបរទេសម្នាក់អ្នកឡាយ TikTok។ ល្បីណាស់។ គាត់មកជាមួយគូដណ្តឹងរបស់គាត់។ចោរឆក់ គាត់ឡាយភ្លាមគាត់ថាចោរឆក់ហើយ។ គាត់ថាក្រុងភ្នំពេញធ្លាប់តែអួតរឿងសុវត្ថិភាព ឥឡូវយ៉ាងម៉េចអញ្ចឹង? គ្រាន់តែ ១ម៉ោង ជាង ១លាន View។ តែខ្ញុំសូមកោតសរសើរបងប្អូនសមត្ថកិច្ចនៅរាជធានីភ្នំពេញ ឯកឧត្តម ជួន ណារិន ខ្ញុំឃើញ TikTok ភ្លាម ខ្ញុំបាញ់ទៅគាត់។ គាត់ថា “សម្តេចដឹងហើយរឿងហ្នឹង”។ យើងចាត់វិធានការ។ ប្រហែលជា ១ម៉ោងជាងក្រោយគាត់បាញ់រូបមកខ្ញុំភា្លម។ យើងចាត់វិធានការបានភ្លាម។ គាត់ចាប់ផ្តើមផ្សាយល្អភ្លាម។ មនុស្សក៏ចូលមើលគាត់រាប់សែនរាប់លាននាក់។ អ្នកខ្លះថែមទាំងប្រៀបកម្ពុជាជាមួយប្រទេសមហាអំណាច ប្រទេសមួយចំនួន គេថានៅភ្នំពេញសមត្ថកិច្ចយើងមានរឿងបញ្ហាអញ្ចេះយើងធ្វើបានល្អ ប្រទេសមហាអំណាចមួយចំនួនធ្វើអត់បានដូចយើងផង។ នេះគឺជាការលើកកម្ពស់មុខមាត់របស់យើង។ ពិតណាស់យើងនៅមាន។ មិនទាន់ល្អឥតខ្ចោះ ប៉ុន្តែរាល់បញ្ហាដែលនៅមានខ្វះខាតយើងចាត់ចែងអនុវត្តដោះស្រាយជាបន្ទាន់ ដោយប្រសិទ្ធភាព។
ខ្ញុំសូមអរគុណណាស់ទៅដល់ស្នងការរាជធានីភ្នំពេញ ដែលបានខិតខំសហការគ្នាធ្វើកិច្ចការបែបនេះឱ្យបានច្រើន ហើយសូមធ្វើឱ្យបានច្រើន កុំធ្វើតែមួយករណីនេះ ធ្វើឱ្យបានច្រើន ដើម្បីលើកការទុកចិត្តទាំងប្រជាពលរដ្ឋយើង ទាំងអ្នកទេសចរដែលមកលេងនេះបន្តទៀតផង។ មិនមែនតែរាជធានីភ្នំពេញទេគឺគ្រប់រាជធានី/ខេត្តទាំងអស់។ (កន្លែងមាន)សុវត្ថិភាពគឺជាអ្វីដែលគេចង់ទៅ។ គ្មានអ្នកណាពីភ្នំពេញទៅលេងខេត្តកែប ទៅដល់អស់កញ្ចក់(ឡាន)ទេ។ គ្មានអ្នកណាចង់ប្រាប់ថាទៅលេងហ្នឹងមើលៗ ចេញពីផ្ទះទៅដោះកញ្ចក់(ឡាន)ទុកផង។ គ្មានអ្នកណាចង់ទៅលេងនៅហ្នឹងទេ មុននឹងទៅដោះនាឡិកា ដោះគ្រឿងអលង្ការ ដោះខ្សែកផងប្រយ័ត្នគេឆក់ អត់មានទេ។ អញ្ចឹងកុំទៅល្អជាង តែគេទៅដោយសុវត្ថិភាព ដោយសុខសប្បាយ ទាំងធ្វើដំណើរ ទាំងទៅដល់នោះសប្បាយ ទាំងសុវត្ថិភាព អត់មានអីបញ្ហា។ នេះហើយគឺជាការទាក់ទាញ និងការបង្កលក្ខណៈ មិនត្រឹមតែប្រជាពលរដ្ឋដែលរស់នៅទីនោះទេ ប៉ុន្តែនៅតាមបណ្តាខេត្ត។
(២៣) គ្រប់កន្លែងក្នុងរាជធានី/ខេត្តត្រូវមានសុវត្ថិភាព បោសសំអាតហើយកាន់កាប់ឱ្យជាប់ កុំឱ្យប្រែឡើងវិញ
ខ្ញុំរស់នៅអាមេរិក ទីក្រុងខ្លះ គេចែកជាតំបន់។ ឧទាហរណ៍នៅក្នុង Washington គេចែកជា ៦សង្កាត់ ពាយ័ព្យ អាគ្នេយ៍ អីអញ្ចឹង។ មានតំបន់មួយនោះ ខ្ញុំអត់និយាយទេ គឺអត់មានអ្នកណាហ៊ានទៅទេ តែទៅប្រហែលជាគេអាចគ្រោះថ្នាក់។ អញ្ចឹងនៅកន្លែងហ្នឹងមនុស្សរើចេញទាំងអស់។ ពីមុនធ្លាប់តែជាកន្លែងសម្បូរសប្បាយ។ ឥឡូវសកម្មភាពអសន្តិសុខពេកទៅ មនុស្សរើចេញ គេអត់ចង់ទៅនៅ។ រកស៊ីក៏មិនសូវចំណេញ បញ្ហា ផ្ទះលក់ក៏ថោកព្រោះអត់មានអ្នកណាទៅ អសន្តិសុខ។ នៅយើង កន្លែងខ្លះក៏យើងមាន ដែលយើងត្រូវបោសសំអាត។ តំបន់ខ្លះគេថាកុំទៅប្លុកហ្នឹងអត់ស្រួលទេ គ្រោះថ្នាក់។ អញ្ចឹងបាននៅកន្លែងអគារដែល ឯកឧត្តម សាយ សំអាល់ ដោះជិតហើយនេះ នៅអគារអង្គរជ័យ។ អគារអង្គរជ័យដោះបាន ១០០%ហើយ។ ខ្ញុំហៅអគារដែលចាស់ អគារហ្នឹងដូចពីដើមជាអូតែល ចូលទៅដល់គឺពុកផុយ។ ថ្ងៃមុនដែលរង្គើបន្តិចហ្នឹង ខ្ញុំសួរទៅភ្លាមថាកន្លែងហ្នឹងយ៉ាងម៉េច? ខ្ញុំប្រាប់ឯកឧត្តម ឃួង ស្រេង ឱ្យទៅមើលៗ ថាក្នុងក្រុងហ្នឹងយ៉ាងម៉េច?
មកទី១ ហើយ ប្រយ័ត្ន នៅចាំរហូតដល់ថ្ងៃទី១២ ខែមេសា។ នេះដែលថាអាចទី ១ ឮថារង្គើមួយចំនួន ទី ២ … មើលអគារចាស់ៗមួយចំនួន រួមទាំងអង្គរជ័យនេះផងព្រោះអាហ្នឹងពុកផុយមែនទែន។ ឥឡូវអរគុណណាស់ដែលបានដោះស្រាយឱ្យប្រជាពលរដ្ឋ។ អញ្ចឹង ពេលដែលដោះហើយចប់ ឯកឧត្តម សាយ សំអាល់ ហៅខ្ញុំមកថាបងខ្ញុំសូមអញ្ចេះ អគារហ្នឹងខ្ញុំសុំបិទស័ង្កសីតែម្តង ហើយដាក់អ្នកយាម ព្រោះអីបើសិនជាទុកចោលគឺមានអ្នកចូលទៅប្រើគ្រឿងញៀនទៅស្អីៗពេញហ្នឹង។ អញ្ចឹងគឺអត់មានអ្នកណាហ៊ានទៅក្បែរ ហើយអាចជះទៅដល់អ្នកនៅក្បែរហ្នឹងទៀត។ ចូលទៅដល់អាជីវកម្មនៅក្រោយៗ ហ្នឹងមួយចំនួន គេចូលទៅតាមហ្នឹង គេគាស់ខាងក្រោយទៀត។ អញ្ចឹងគឺត្រូវបិទតែម្តង។
អញ្ចឹងមើលគ្រប់កន្លែងទាំងអស់កន្លែងណាដែលអសុវត្ថិភាព ក្រុងភ្នំពេញយើងជាទូទៅមិនជាបញ្ហាទេ ប៉ុន្តែមានកន្លែងខ្លះ … ខិតខំយកចិត្តទុកដាក់ទៅកន្លែងនោះឱ្យគ្រប់កន្លែងទាំងអស់ នៅក្នុងរាជធានី/ខេត្តទាំងអស់ជាកន្លែងដែលសុវត្ថិភាព ដែលមិនចាំបាច់ភ័យខ្លាច។ សល់មួយកន្លែងបោសមួយកន្លែង បោសហើយជាន់ឱ្យជាប់ សំអាតហើយកាន់កាប់ឱ្យជាប់ កុំទុកកន្លែងហ្នឹងឱ្យរស់ឡើងវិញ។ អញ្ចឹងខិតខំ រាជធានីភ្នំពេញធំជិត ៣លាននាក់ កន្លែងផ្លូវឌឿងហែមច្រើន ផ្ទះសំណង់ទុកចោលក៏មាន តែត្រូវខិតខំទាំងអស់។ ខ្ញុំសូមអរគុណចំពោះអាជ្ញាធរ ខណ្ឌ ក៏ដូចជារាជធានីដែលបានខិតខំកន្លងទៅ ហើយនៅបន្តធ្វើតទៅទៀត។ អញ្ចឹងកិច្ចការសុវត្ថិភាពនេះគឺជាកិច្ចការសំខាន់បន្ថែម។ ហើយការរៀបចំ Walk street ដែលបានរៀបចំកាន់តែល្អបន្ថែមទៀតនោះ។
(២៤) មិនហាមការចងជាក្រុម តែសូមអោយជាក្រុមធ្វើការងារវិជ្ជមានដល់សង្គម
ទី៥ រដ្ឋបាលភ្នំពេញត្រូវបន្តយកចិត្តអនុវត្តគោលនយោបាយ ភូមិ/ឃុំ/ សុវត្ថិភាព ដែលបានលើកនេះដូចខ្ញុំនិយាយអម្បាញ់មិញ សុវត្ថិភាព សន្តិសុខ រឿងគ្រឿងញៀន រឿងក្មេងទំនើង រឿងអីត្រូវបន្តបន្ថែម ឃើញបានច្រើន ស្ងាត់ច្រើន។ សំខាន់បំផុត ប្រជាពលរដ្ឋគ្រួសារ ពិសេសក្មួយៗ ក្មេងនេះតែម្តង អត់ល្បីទេ ធ្វើបងធំដាវសាំម៉ូរ៉ៃ អត់ល្បីទេ ល្បីតែគ្នាយើងហ្នឹងឯង។ អ្នកខ្លះសាក់ កាប់មិនមុត ដុតមិនឆេះ។ អត់ទេ។ ដួលគេកាប់ដាច់ដៃដូចតែគ្នាហ្នឹង។ អ្នកខ្លះសាក់ ខ្ញុំមិនដឹងសាក់ពីអី ខ្ញុំមើលគេថានាគ ដល់មើលទៅដូចកូននាគក៏មិនចំកូននាគ។ វាអត់ចាំបាច់នៅក្នុងការដើរតួជាក្រុមបងធំ ឬបងតូច។ យើងជុំគ្នាគ្មានអ្នកហាមមិនឱ្យយើងមានជាក្រុមទេ តែបើជាក្រុមធ្វើការងារវិជ្ជមានទៅល្អជាង។ មិនខ្វះទេក្រុមដែលធ្វើការវិជ្ជមាន។ ថ្ងៃមុនឃើញគេហៅប្អូនៗក្រុមសំរាម។ គាត់ប្រមូលគ្នាចុះកាយសំរាមនៅក្នុងបឹងទំពន់(នៅកន្លែងណា) គាត់សំអាតសំរាមតាមទន្លេ។ ខ្ញុំគាំទ្រអ្នកចងជាក្រុមបែបនោះ។
ថ្ងៃមុនខ្ញុំហៅអាប្អូនម្នាក់មកជួប។ ក៏គ្នាល្អ គាត់មានក្រុមម៉ូតូ។ ម៉ូតូហ្នឹងពេលដែលមានឡាន Ambulance គាត់ជិះបើកផ្លូវ។ ប៉ុន្តែយើងសុំគាត់កុំឱ្យធ្វើអញ្ចឹងព្រោះវាប៉ះគេ។ គាត់មានទឹកចិត្តល្អណាស់ ប៉ុន្តែអ្វីដែលគាត់ធ្វើវាអាចប៉ះ ព្រោះគាត់បើកផងជ្រែចុះជ្រែឡើងវាគ្រោះថ្នាក់ពេលខ្លះ។ ខ្ញុំថាល្អណាស់ទឹកចិត្ត ប៉ុន្តែដោយសារឃើញវាលំបាក។ គួរកុំធ្វើអី។ អ្នកបើកផ្លូវគឺសូមតែប៉ូលីសបើកផ្លូវ ឡានសារ៉ែនបើកបានហើយ។ កុំចាំបាច់មានម៉ូតូទៅអី វាអាចបង្កទៅដល់អ្នកផ្សេង។ គាត់ប្រាប់ថា … ក្មេងទេគាត់មានអាជីវកម្ម គាត់ដូចបិទស្កុតម៉ូតូអីហ្នឹង ម្នាក់ឯងក្មេងអាយុ ១០ឆ្នាំជាង ២០ឆ្នាំជាង … គាត់បើកអាជីវកម្ម ហើយគ្នាគាត់ ៤-១០ នាក់។ គាត់ធ្វើនេះដោយ free។ អញ្ចឹងខ្ញុំថា ឥឡូវការងារសង្គមមែនទេ? គាត់ថា សម្តេច ពួកខ្ញុំចងគ្នាជាក្រុម។ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ជួនកាល មួយខែ ២ ដង។ ពួកខ្ញុំដែលធ្វើការ អ្នកខ្លះធ្វើការរដ្ឋ អ្នកខ្លះធ្វើការឯកជន ស្រាក់លុយគ្នា ជិះទៅតាមខេត្ត រកអ្នកដែលឃើញតាមហ្វេសប៊ុកដែលក្រីក្រ ពួកខ្ញុំទិញអីវ៉ាន់ទិញអីយកទៅជូនគាត់ ហើយដើរកម្សាន្តផង។
ចងជាក្រុមបែបហ្នឹងខ្ញុំលើកទឹកចិត្ត។ យុវជនរបស់យើងចងជាក្រុមដោយស្ម័គ្រចិត្ត ដើម្បីជួយការងារសង្គម ជួយគ្រួសារ ជួយឪពុកម្តាយ។ ហ្នឹងខ្ញុំសូមអរគុណណាស់ សុំសរសើរ។ តែបើចងជាក្រុម ដើម្បីធ្វើជាបងធំកុំឲ្យសោះ។ កន្លងទៅ យើងចាត់វិធានការ។ ខ្ញុំប្រាប់ថា ខ្ញុំមិនយកប្អូនៗ ក្មួយៗធ្វើជាសត្រូវទេ តែខ្ញុំយកសកម្មភាពរបស់ប្អូនៗ ដែលធ្វើអាក្រក់ជាសត្រូវ ដែលត្រូវបោសសំអាត។ ក្មួយៗ ខ្ញុំអត់មានគំនុំជាមួយទេ តែខ្ញុំនឹងបំផ្លាញនូវសកម្មភាពអាក្រក់របស់ក្មួយៗ។ បើក្មួយៗដើរកាប់គេ ខ្ញុំនឹងចាប់ដាក់អនុវត្តច្បាប់ ដើម្បីឲ្យសកម្មភាពនេះរលាយ ទុកក្មួយៗចេញមកវិញទៅជាក្មួយៗល្អ ធ្វើសកម្មភាពល្អ រឿងប៉ុណ្ណឹង។
(២៥) សង្គមស៊ីវិល័យ ជាសង្គមមានគុណធម៌ សីលធម៌ មនុស្សធម៌
នេះគឺជាការងារដែលត្រូវធ្វើ។ អញ្ចឹងការផ្សព្វផ្សាយការគ្រប់គ្រងក្មេងទំនើង គឺត្រូវបន្តដូចភ្លៀងរលឹម អត់ដូចចំបើងទេ។ អ្នកខ្លះថាធ្វើបានតែបន្តិច(នឹងរលត់)។ អត់ទេ សង្កត់ជាប់។ ស្នងការរាជធានីខេត្ត អាវុធហត្ថរាជធានីខេត្ត បានធ្វើកិច្ចការជាប់ជាប្រចាំ។ ខ្ញុំសូមអរគុណ។ តុលាការនៅតាមបណ្តារាជធានីខេត្តក៏អនុវត្តបានត្រឹមត្រូវ សូមអរគុណណាស់ រួមគ្នាដើម្បីកសាងសង្គមមួយដែលល្អ។ អ្វីដែលខុសឆ្គងយើងរួមគ្នាកែលំអទៅ។ នេះគឺជាកិច្ចការដែលល្អ។ អ្វីដែលល្អ យើងរួមគ្នាលើកទឹកចិត្ត និងបង្កលក្ខណៈឲ្យធ្វើទៅ រួមទាំងសកម្មភាពស្ម័គ្រចិត្តផ្សេងៗរបស់ប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជន។ នេះហើយគឺជាអ្វីដែលជាសញ្ញានៃសង្គមស៊ីវិល័យ។ សង្គមស៊ីវិល័យមិនមែនមានន័យថា មានតែខ្លួន មានលុយទិញរបស់របរ ដើរបង្អួតគ្នានោះទេ ប៉ុន្តែការរៀបចំរស់នៅដោយថ្លៃថ្នូរ គោរពគ្នាល្អ ប្រកាន់សីលធម៌ គុណធម៌។ នេះហើយគេហៅថាសង្គមស៊ីវិល័យ មិនមែនសង្គមមានលុយនោះទេ គឺសង្គមដែលមានគុណធម៌ សីលធម៌ មនុស្សធម៌។
នេះហើយគឺជាអ្វីដែលយើងចង់ឲ្យប្រជាពលរដ្ឋរបស់យើងមានទាំងអស់គ្នា។ ទ្រព្យសម្បត្តិមានខុសគ្នា ត្រូវការការខិតខំកសាងខុសគ្នា តែគុណធម៌ សីលធម៌ អ្នកណាក៏អាចធ្វើបានដែរ គឺកើតមក យើងអាចធ្វើបានទំហំដូចគ្នាទាំងអស់ មិនចាំបាច់ទាល់តែមានលុយធ្វើវត្ត បានហៅថាធ្វើបុណ្យនោះទេ។ ធ្វើតែសំណង់មានគុណភាព កុំឲ្យបាក់ មានហានិភ័យ ក៏ធ្វើបុណ្យដែរ។ ស្ម័គ្រចិត្តជួយរើសសំរាម ដើម្បីកុំឲ្យស្អុយ ជួយដល់ការបរិស្ថាន និងផាសុកភាពរបស់ប្រជាជនដែលរស់នៅក្បែរនេះ ក៏ធ្វើបុណ្យដែរ។ ការចែករំលែកមានគ្រប់ទម្រង់ នេះហើយគឺជាអ្វីដែលយើងត្រូវធ្វើ ហើយបើសិនជាដើរខុសគន្លង រឿងក្មេងទំនើងអីនេះ ការប្រើប្រាស់គ្រឿងញៀនស្អី យើងនឹងខិតខំដើម្បីអនុវត្តកែទម្រង់ឲ្យបងប្អូនបានទៅល្អ។
ចំណុចមួយទៀត រដូវនេះជារដូវប្រាំង សូមប្រយ័ត្នរឿងអគ្គីភ័យ ជាពិសេសរដូវចូលឆ្នាំ បងប្អូនដែលធ្វើដំណើរទៅលេងស្រុក សូមឲ្យប្រយ័ត្នប្រយែង។ គ្រឿងអគ្គិសនីគួរដកចោលទាំងអស់ទៅ។ អគ្គិសនីកុំភ្ជាប់វានៅជញ្ចាំង បិទភ្លើងក៏បិទហើយ ប៉ុន្តែដកវាចេញពីជញ្ចាំង ព្រោះដោតចោលហ្នឹងហើយដែលអាចឆេះ ដកវាចោលទៅ។ ទូរទឹកកក បើថាអាចយកចេញបាន ដកទៅ។ បើថាជៀសមិនផុតនៅសាច់ នៅអី យើងទុកក្នុងហ្នឹង យើងទុកតែទូរទឹកកកទៅ តែចង្រ្កានភ្លើងអីយើងដកចោលទៅ។ ភាគច្រើនខ្សែសាកថ្មទូរស័ព្ទ បងប្អូនសាកហើយចូលចិត្តដោតចោល ដកតែទូរស័ព្ទ។ ហ្នឹងកុំចោល។ សូមឲ្យស្នងការនគរបាលរាជធានីខេត្តដែលទទួលបន្ទុកខាងសង្គ្រោះគ្រោះអគ្គិភ័យត្រៀមលក្ខណៈ។ នៅរាជធានីភ្នំពេញមានកងទ័ព មានសាលារាជធានី មានកងពល ៧០ មានអង្គភាពផ្សេងៗដែលមានឡានទឹក សូមត្រៀមលក្ខណៈផង។ តែបង្កាល្អជាងឆ្លើយតប បានន័យថាបង្ការកុំឲ្យឆេះ តែឆេះគឺវាអស់ហើយ ជួនកាលមិនអស់តែខ្លួនឯង អស់ដោយគេអ្នកជិតហ្នឹងផង។ ជួនកាលមិនអស់តែទ្រព្យសម្បត្តិទេ អស់ទាំងអាយុជីវិតទៀត។ អញ្ចឹងសូមយកចិត្តទុកដាក់ទៅលើរឿងនេះឲ្យមែនទែន។
(២៦) សូមចុះឈ្មោះនិងពីនិត្យឈ្មោះបោះឆ្នោត តាមសាលាឃុំ/សង្កាត់ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ឧសភា
ចំណុចមួយទៀត ខ្ញុំសូមរំលឹកផងដែរ។ ផ្អែកទៅតាមប្រតិទិនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០២៤ នឹងបង្ហោះលើអាសយដ្ឋានវេបសាយត៍ គ.ជ.ប mobile app ចាប់ពីថ្ងៃ ២០ មេសា តទៅ។ អញ្ចឹងចំពោះការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ចុះបញ្ជីបោះឆ្នោតតាមសាលាឃុំ សង្កាត់ នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ក្រោយចូលឆ្នាំនេះ។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងទាន់ពេលកំណត់ និងអនុវត្តសិទ្ធិកាតព្វកិច្ចពលរដ្ឋតាមរដ្ឋធម្មនុញ្ញរបស់យើង។
ដើម្បីចូលរួមនៅក្នុងការបញ្ចេញសិទ្ធិរបស់ប្រជាពលរដ្ឋរបស់យើង ហើយការផ្លាស់ប្តូររដ្ឋាភិបាលក្នុងរបបប្រជាធិបតេយ្យមានតែ ៣ ប្រភេទទេ។ ទី១ គឺការធ្វើរដ្ឋប្រហារដែលយើងធ្លាប់មាន ទី២ ការប្រមូលមនុស្សមកធ្វើ គេហៅប្រជាជនបដិវត្តន៍ពណ៌ ផ្តួលរដ្ឋាភិបាល ទី៣ លទ្ធិប្រជាធិបតេយ្យគឺការបោះឆ្នោត។ រាល់ថ្ងៃ មានអ្នកបបួលចំណុចទី២នេះច្រើនណាស់។ មួយថ្ងៃៗឃើញតែងើបឈរផ្ការីក។ អញ្ចឹងការផ្លាស់ប្តូរ ការជ្រើសរើសមេដឹកនាំ គឺត្រូវធ្វើតាមការបោះឆ្នោត ដែលតំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ពេលនោះគឺជាការស្ទង់មតិធំបំផុត ៥ ឆ្នាំម្តង ដែលប្រជាជនដែលមានសិទ្ធិបោះឆ្នោត ១០០% គឺអាចទៅបោះឆ្នោត។ នេះគឺជាការស្ទង់មតិពិតប្រាកដ មិនមែនស្ទង់មតិតាមហ្វេសប៊ុក ប្រមូលគ្នា ១ម៉ឺននាក់ ១ពាន់នាក់ មកបាតុកម្មផ្តួលរដ្ឋាភិបាល បង្កើតបញ្ហានោះទេ។
(២៧) បោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ អនុលោមតាមរដ្ឋធម្មនុញ្ញ ធានាចីរភាពនិងសន្តិភាពក្នុងប្រទេស
ប្រជាពលរដ្ឋយើងត្រូវអនុវត្តសិទ្ធិតាមលទ្ធិប្រជាធិបតេយ្យ ជ្រើសរើសមេដឹកនាំទៅតាមគោលការណ៍ប្រជាធិបតេយ្យ ដែលរក្សាបានស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេសរបស់យើង។ ប្រទេសយើងវាជូរចត់ឆ្អែតរួចទៅហើយ។ ដើម្បីបានសិទ្ធិនៅក្នុងការបោះឆ្នោតត្រឹមត្រូវ ការបំពេញកាតព្វកិច្ច គឺការចុះឈ្មោះ ក៏ដូចជាការផ្ទៀងផ្ទាត់ឈ្មោះបញ្ជីអីផ្សេងនេះ គឺត្រូវបងប្អូនយើងគឺថាសុំចូលរួមដើម្បីធានាសិទ្ធិរបស់យើង ដើម្បីរើសនូវមេដឹកនាំដែលបងប្អូនបោះឆ្នោតជូនគណបក្សដែលបងប្អូនទុកចិត្ត ជឿចិត្ត មិនមែនទៅសម្រាប់ឃើញតែងើបឈរ ឃើញតែផ្ការីក បន្តិចៗបបួលគ្នាបង្កើតអសន្តិសុខ ដូចថ្ងៃ ១៨ សីហា តោះយើងចេញមកត្រៀមចំពាម ត្រៀមគ្រាប់បែក drone ត្រៀមដុំថ្ម ត្រៀមដុតផ្ទះអ្នកនេះ ត្រៀមដុតសហគមន៍នេះ អត់ទេ។ មានតែការបោះឆ្នោតទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យអនុលោមតាមរដ្ឋធម្មនុញ្ញនោះទេ ដែលត្រឹមត្រូវ ដែលអាចធានាបាននូវចីរភាព និងនិរន្តភាព និងសន្តិភាពនៅក្នុងប្រទេសរបស់យើង ដែលយើងអាចបន្តដំណើរទៅមុខតទៅទៀត រួមគ្នាកុំឲ្យវិលត្រឡប់ទៅក្នុងការបែកបាក់ឯកភាពជាតិនេះ។ សូមចូលរួម ហើយសូមចុះឈ្មោះ ពិនិត្យឈ្មោះនេះ។
(២៨) អ្នកវិភាគទាំងមានសក់ទាំងអត់សក់ទាំងសក់វែង តាំងខ្លួនជាបណ្ឌិតគ្រប់រឿង
ខ្ញុំសូមយកឱកាសនេះ បើករង្វង់ក្រចកតូចមួយ។ រឿងនេះ ជារឿងដែលបងប្អូនបានឃើញ រួមទាំងភ័យ ហើយមានអ្នកដុតបន្ថែម បន្លាចបន្ថែមតទៅទៀត ដែលអ្នកព្យាយាមកេងចំណេញនយោបាយពីការភ័យខ្លាចរបស់ប្រជាជន បានធ្វើហើយធ្វើទៀត ធ្វើមិនទាន់ចប់ទេ គឺពាក់ព័ន្ធទៅនឹងការដាក់ពន្ធរបស់អាមេរិកនៅលើពិភពលោក កាលពីថ្ងៃទី ២(មេសា) កន្លងទៅនេះ។ ថ្ងៃទី២ (មេសា) ល្ងាចនៅអាមេរិក តែទី៣ (មេសា)ព្រឹកនៅកម្ពុជា ម៉ោង ៣ ភ្លឺ។ យើងនិយាយថាថ្ងៃទី៣ (មេសា)ទៅចុះនៅខ្មែរ។ ខ្ញុំអត់និយាយពីប្រជាពលរដ្ឋធម្មតា អ្នកដែលស្តាប់តាមអ្នកនយោបាយទេ។ ខ្ញុំនិយាយសំដៅមេដឹកនាំនយោបាយនៅក្រៅប្រទេស ជាពិសេស “លោកកូនខ្នុរ ឪខ្នុរ” បណ្ឌិតសេដ្ឋកិច្ចឱ្យ AI សរសេរដែលអាយុ ៧០ ឆ្នាំហើយ។ ម្ង៉ៃៗ អង្គុយតែមើលងាយក្មេងអាយុ ៤០ឆ្នាំ ជាមួយនឹងលោកស្រីដៃស្តាំរបស់គាត់នោះ ដែលនាំក្មេងៗ អ្នកគាំទ្រគាត់ទៅបន្ថែម។
ខ្ញុំឃើញការវិភាគរបស់ពួកគាត់ ជាពិសេសអ្នកវិភាគប៉ុន្មាននាក់ មានទាំងអ្នកអត់សក់ មានទាំងអ្នកសក់វែង បណ្ឌិតគ្រប់រឿង។ រាជរដ្ឋាភិបាលអត់មានមនុស្សទេ។ ដែលគាត់និយាយ ឃើញថាគ្នាគាត់ប៉ុន្មាននាក់ហ្នឹងខ្លាំងជាងរដ្ឋាភិបាលទៀត។ រឿងព្រំដែនគាត់ចេះជាងឯកឧត្តម ឡាំ ជា ទៀត។ មើលទៅឯកឧត្តម វ៉ា គឹមហុង ឯកឧត្តម ឡាំ ជា អ្នកធ្វើការងារព្រំដែនរាប់សិបឆ្នាំនៅយើង អត់ចេះដល់គាត់ប៉ុន្មាននាក់ទេ។ គាត់ចេះទាំងអស់។ រឿងសេដ្ឋកិច្ច គាត់ចេះជាងក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ដែលមានមន្ត្រីរាប់រយនាក់ រាប់ពាន់នាក់ បទពិសោធរាប់សិបឆ្នាំ។ គាត់ចេះផែនការសេដ្ឋកិច្ចជាងទៀត។ ឥឡូវគាត់ចេះទាំងទាយទៀត។ មិនមែនគាត់ទេ តែកូនចៅគាត់។ យូរៗយកស៊ីញ៉េឯងទៅវិភាគ។ គ្រាន់តែស៊ីញ៉េខ្ញុំយកទៅវិភាគបែកម៉ាំ។ ប្រហែលជាអស់អីវិភាគហើយ។
(២៩) កម្ពុជាឆ្លើយតបទៅនយោបាយពន្ធនាំចូលរបស់រដ្ឋបាល ត្រាម៍ តាមវិធានចរចារកដំណោះស្រាយឈ្នះឈ្នះ
ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺ ដែលរដ្ឋបាលសហរដ្ឋអាមេរិកលោក Donald Trump ដាក់ពន្ធលើទំនិញនាំចូលជាង ១៨០ប្រទេស ដោយសារគាត់គិតថា ប្រទេសទាំងអស់ដែលធ្វើពាណិជ្ជកម្មជាមួយគាត់នេះបានកេងចំណេញលើអាមេរិករាប់សិបឆ្នាំ(មកហើយ)។ អញ្ចឹងបានជាគាត់ដាក់ពន្ធលើ ១៨០ប្រទេស។ មិនមែនដាក់ពន្ធតែលើកម្ពុជាដោយសារកត្តាអីមួយទេ។ ដើម្បីទាញទៅរកការចរចាមួយនៅខាងមុខ។ វិធានការ និងគោលការណ៍របស់រដ្ឋបាលអាមេរិកកម្រិតណា ត្រឹមត្រូវយ៉ាងណា ខ្ញុំមិនបរិយាយទេ ប៉ុន្តែខ្ញុំដឹងថាគាត់ធ្វើដោយគិតថារឿងហ្នឹងនឹងអាចទាញផលប្រយោជន៍ជូនជាតិ និងប្រជាជនរបស់គាត់។ គាត់ធ្វើទៅប៉ះរឿងម៉េច ចំណេញយ៉ាងម៉េច ខាតយ៉ាងម៉េច ហ្នឹងរឿងមួយ ប៉ុន្តែធ្វើក្នុងន័យហ្នឹង។ ក្នុងនាមប្រមុខរដ្ឋាភិបាល ខ្ញុំក៏មិនខុសគាត់ដែរ ខុសតែប្រទេសទេ មួយប្រទេសអាមេរិក មួយកម្ពុជា ប៉ុន្តែកាតព្វកិច្ចក្នុងនាមជាប្រមុខរដ្ឋាភិបាល ក៏ត្រូវចាត់វិធានការដើម្បីការពារ និងថែរក្សាផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជនផងដែរ។ ហេតុនេះ យើងឆ្លើយតបតាមវិធានការក្នុងការចរចាដើម្បីរកដំណោះស្រាយឈ្នះឈ្នះដើម្បីទាំងអស់គ្នា ការពារផលប្រយោជន៍របស់កម្ពុជា និងប្រជាជនកម្ពុជា។ ឯគាត់ក៏ការពារផលប្រយោជន៍អាមេរិកដូចគ្នា។
រឿងវាអញ្ចឹង។ ១៨០ ប្រទេសជាងនេះ គ្មាននាយករដ្ឋមន្ត្រី ឬប្រធានាធិបតីប្រទេសណាមួយធ្វើខុសគ្នានោះទេ។ គឺជាកាតព្វកិច្ច ហើយបានធ្វើសកម្មភាព ដើម្បីធ្វើការគ្រាន់តែវិធីសាស្ត្រខុសគ្នា។ អ្នកខ្លះ ឧទាហរណ៍ ពេលចេញមក មេដឹកនាំគេប្រជុំភ្លាម គេផ្សាយតាមហ្វេសប៊ុកទៅ។ អ្នកខ្លះគេមិនផ្សាយតាមហ្វេសប៊ុក គេបញ្ជូនក្រុមការងារទៅវ៉ាស៊ីងតោនទៅ។ គេមិនចាំបាច់ផ្សាយ។ អ្នកខ្លះគេនៅរង់ចាំសិន គេមិនទាន់ចេញ គេចាំមើល ហើយបានគេចេញជំហរ។ ខ្ញុំផ្ញើសំបុត្រ។ អ្នកខ្លះទូរស័ព្ទ។ វិធីសាស្រ្តគេផ្សេងគ្នា។ គ្រាន់តែឃើញប្រទេសផ្សេង នាយករដ្ឋមន្ត្រីគេកោះប្រជុំបន្ទាន់។ ដោយយើងអត់មានចេញផ្សព្វផ្សាយ គេថាយើងដេកស្តូក អត់យកចិត្តទុកដាក់។ ខ្ញុំថាបើធ្វើមេដឹកនាំចាំតែកូពីពីគេ ធ្វើអីយើងធ្វើដែរ ចប់ហើយ។ ទី២ បើឲ្យខ្ញុំចេញឆ្លេឆ្លា តើចេញឆ្លេឆ្លាយ៉ាងម៉េច? គ្រាន់តែថាប្រកាស តោះទិញសំបុត្រយន្តហោះទៅអត់ដឹងរឿងអីផង។ ម៉េចគេហៅថាការចរចា និងការដាក់វិធានការ? ខ្ញុំបានឆ្លើយតបទៅប្រធានាធិបតីអាមេរិក ផ្ញើលិខិតជូនគាត់ដើម្បីសុំពន្យារនិងការចរចារបស់យើង បញ្ជាក់ជំហរបស់យើង។ លោកជំទាវ ចម និម្មល ក៏ផ្ញើទៅប្រធានតំណាងសភាពាណិជ្ជកម្មរបស់គាត់ ដើម្បីយើងបើកការចរចា។
ប្រកាសនៅអាមេរិក ម៉ោង ៤ល្ងាច នៅវ៉ាស៊ីងតោនថ្ងៃទី២(មេសា) វាស្មើនឹងម៉ោង៣ ព្រឹកនៅភ្នំពេញ ថ្ងៃទី៣ (មេសា)។ ម៉ោង ៨ ល្ងាចថ្ងៃទី៤(មេសា) ឬ៤១ម៉ោង យើងចេញលិខិត។ ឥឡូវសួរថា ៤១ ម៉ោងនេះ យើងធ្វើអ្វី? ហេតុអ្វីបានយើងចាំ ៤១ម៉ោង? តាមពិត បើសាច់ការធ្វើការតែ ៣៧ម៉ោង ព្រោះដល់ម៉ោង៧ ខ្ញុំប្រគល់ភារកិច្ចជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន លោកជំទាវ ចម និម្មល ធ្វើការវាយតម្លៃរៀបចំភ្លាម។ ខ្ញុំមិនផ្សាយតាមហ្វេសប៊ុកថា ខ្ញុំបានបញ្ជាទៅឲ្យធ្វើហើយទេ។ ចាំបាច់ខ្ញុំផ្សាយធ្វើអ្វី ទាល់តែខ្ញុំដាក់តាមហ្វេសប៊ុកប្រាប់គេថា ខ្ញុំបានឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន គណៈកម្មាធិការគោលនយោបាយគិតគូរជាបន្ទាន់ហើយទេ។ អត់ទេ។ បើនិយាយពីរឿងគិតគូរ យើងគិតគូរប្រហែលជា ២ខែជាង នៅពេលដែលយើងកំពុងតែគិតគូរ និងព្យាករណ៍។ ចាំខ្ញុំប្រាប់។ មូលហេតុអ្វីបានជាយើងចាប់ផ្តើម?
(៣០) “កុំរៀនមើលងាយគេ។ ចេះឯងឲ្យក្រែងចេះគេ។ មិនមែនចេះទាំងអស់ទេ”
រដ្ឋាភិបាលមិនមែនធ្វើការឆ្លើយតប(ម៉ាំងមកម៉ាំងទៅ)រហូតទេ។ ធ្វើការតាមរបៀបបុរេសកម្ម។ គណៈកម្មាធិការគោលនយោបាយបានធ្វើសេណារីយ៉ូផ្សេងៗពីការវាយតម្លៃ បើសិនជាជាប់ពន្ធ ជាប់កម្រិតណា ជាប់យ៉ាងម៉េច ជាប់ស្អី? ប្រទេសខ្លះជាប់ ឬមួយជាប់ទាំងអស់យ៉ាងម៉េច។ គេមានសេណារីយ៉ូរបស់គេរួចទៅហើយ។ គេចាំតែអាប៉ោងបើកគ្រប គេយកទៅផ្ទៀងផ្ទាត់ជាមួយសេណារីយ៉ូមួយណា បានគេវាយតម្លៃ ចាត់វិធានការបន្ថែម។ តើការដាក់ពន្ធនេះចំយើងប៉ុន្មាន ខាតប៉ុន្មាន អីប៉ុន្មាន។ យើងឆ្លើយយ៉ាងម៉េច នេះរបៀបធ្វើការ។ អញ្ចឹងមុននឹងឈានទៅដល់ ថាតើ ៣៧ម៉ោងនេះ ជាមួយ ៤១ម៉ោងនេះ រដ្ឋាភិបាលធ្វើអី? សូមជូនទៅលោកស្រី មូរ សុខហួរ ក៏ដូចជាលោក សម រង្ស៊ី។
លោកស្រី មូរ សុខហួរ ចេញមកនិយាយតែម្តងថា លោក ហ៊ុន ម៉ាណែត ត្រូវតែដឹកនាំចរចាផ្ទាល់ មិនត្រូវបើកគណៈកម្មាធិការនេះ/នោះទេ។ ត្រូវធ្វើខ្លួនឯង។ លោក សម រង្ស៊ី ថា ហ៊ុន ម៉ាណែត ត្រូវដឹកនាំចរចាខ្លួនឯង ត្រូវទម្លាក់ពន្ធ ត្រូវចាត់ចែងទម្លាក់ពន្ធដែលយើងដាក់ពន្ធលើផលិតផលអាមេរិក ៩៧%។ ខ្ញុំមិនបន្ទោសគាត់ទេ។ ខ្ញុំទទួលស្គាល់។ គាត់រិះគន់ខ្ញុំ ប៉ុន្តែយើងបន្ទោសគាត់មិនកើត ព្រោះគាត់មិនធ្លាប់ធ្វើនាយករដ្ឋមន្ត្រីសូម្បីតែមួយវិនាទី។ អញ្ចឹងគាត់អត់ដឹងថា នាយករដ្ឋមន្ត្រីធ្វើការយ៉ាងម៉េច។ បន្ទោសគាត់ក៏មិនកើត ព្រោះគាត់មិនធ្លាប់អង្គុយកៅអីនាយករដ្ឋមន្ត្រី។ គាត់គ្រាន់តែស្រមៃ គាត់មានលទ្ធភាព ត្រឹមតែធ្វើអី ធ្វើខ្លួនឯងទាំងអស់ គូសសរសេរក៏ខ្លួនឯង ថតរូបធ្វើឡើងដើមខ្នុរ លោតទឹកអីក៏ថតខ្លួនឯង។
ចេញមកនិយាយ ម្ង៉ៃៗនិយាយក៏ធ្វើខ្លួនឯង ព្រោះគាត់អត់មានការងារអីផ្សេងទៀតធ្វើ។ ខ្ញុំមានការងារច្រើន ហើយខ្ញុំក៏មានសេនាធិការច្រើនដែលជាជំនាញ។ បើនាយករដ្ឋមន្ត្រីធ្វើអីក៏ធ្វើខ្លួនឯង មិនបាច់ដោះស្រាយទេ។ បើសិនជាខ្ញុំត្រូវធ្វើ ស្ពាននេះមកដឹកនាំធ្វើមេការខ្លួនឯង មិនបាច់ធ្វើអីទៀតហ្មង។ ខ្ញុំមិនមើលងាយគាត់ទេ តែគាត់មើលងាយខ្ញុំរហូត។ ខ្ញុំគ្រាន់តែប្រាប់ទៅវិញតាមត្រង់ ព្រោះខ្ញុំនិយាយតែការពិត បើការពិតនេះ គិតថាខ្ញុំមើលងាយ អាហ្នឹងដាក់ខ្លួនឯងចុះ ព្រោះមិនដែលធ្វើនាយករដ្ឋមន្ត្រីមួយថ្ងៃ មកបង្គាប់បញ្ជាថានាយករដ្ឋមន្ត្រីត្រូវធ្វើអញ្ចេះអញ្ចុះ។ ពូកែធ្វើ ពូកែបញ្ជា ហើយពូកែយកណាស់ កេងចំណេញណាស់នូវទុក្ខវេទនារបស់ប្រជាជន។
សូម្បីតែប្រជាជនយើងត្រូវស្លាប់នៅថៃដោយសារបាក់អគារ ក៏គេមិនបានទុកឲ្យទៅចោលដែរ។ ពេលដែលប្រជាជនខ្មែរទាំងអស់ មិនថាបក្សណាៗរួមគ្នាទៅដើម្បីចូលរួមសម្ដែងទុក្ខ ដោះស្រាយទៅ រដ្ឋាភិបាលបញ្ជូនមន្ត្រីការទូត អគ្គរដ្ឋទូតជាមួយនឹងទីប្រឹក្សាពលកររបស់យើងនៅថៃទៅដល់កន្លែងកើតហេតុ ហើយចាំសម្រួលភ្លាម តើប្រជាជនយើងមានស្លាប់ របួសប៉ុន្មាននាក់ យើងជួយដឹកមកធ្វើបុណ្យ។ បើគាត់មិនបានអីទាំងអស់ កុំកេងចំណេញថា រដ្ឋាភិបាលត្រូវតែដោះស្រាយសងបំណុលអញ្ចេះៗ មកចោទរដ្ឋាភិបាលទៀត។ ជាការកេងចំណេញលើបុណ្យសព។
សូម្បីតែឪពុកធំខ្ញុំគាត់មរណភាព កំពុងតែកើតទុក្ខ លោក សម រង្ស៊ី និងអ្នកនាំពាក្យរបស់គាត់ ក៏មិនចោលពេលវេលានៅក្នុងការកេងចំណេញវាយប្រហារ ចោទ ជេរដូចគ្នា។ តើគុណធម៌នៅត្រង់ណា? ប្រឆាំងៗចុះ ប៉ុន្តែត្រូវដឹងពេលវេលាផង ពេលណាដែលត្រូវធ្វើ។ តែនេះអត់ទេ។ ខ្ញុំគិតថាគាត់ជាអ្នកនយោបាយចាស់ទុំ ប៉ុន្តែចាញ់អ្នកនយោបាយប្រឆាំងក្រោយៗ នេះផងហ្នឹង គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរចាត់តំណាង ទៅគោរពវិញ្ញាណក្ខន្ធ។ គេជាគណបក្សដែលប្រឆាំង គេគណបក្សដែលមិនស្របជាមួយរដ្ឋាភិបាល។ គណបក្សកម្លាំងជាតិចេញលិខិតសម្តែងមរណទុក្ខ គេមិនវាយប្រហាររឿងគ្រួសារក្នុងពេលនេះ។ ប៉ុន្តែ តែអ្នកនយោបាយអាយុជិត ៨០ ឆ្នាំហើយនេះ មិនដឹងអ្វីទាំងអស់។
កាលពីមីងខ្ញុំគាត់ខូច ប្រឌិតរឿងវាយប្រហារសពគាត់តែម្តង។ ខ្ញុំប្រាប់ទៅកូនគាត់។ សូម្បីតែកូនគាត់ក៏ឯកភាពជាមួយខ្ញុំថាជាពេលដែលគ្រួសារត្រូវរងទុក្ខ ជាពេលវេលាដែលយើងមានគុណធម៌ជាខ្មែរ។ សូម្បីតែបរទេស គណបក្សនៅស្រុកលោកខាងលិចគេមិនដែល បុណ្យសពប្រធានាធិបតីគ្រួសារនៅឯណា គ្រប់បក្សទាំងអស់គេចូលរួម ប៉ុន្តែហេតុអ្វី។ សំខាន់រឿងមើលងាយនេះពូកែ។ ជិត ៨០ឆ្នាំហើយ មើលងាយកូនក្មេង។ តែខ្ញុំថាមើលក៏មើលចុះ ឲ្យតែខ្លួនឯងប្រាកដប្រជា។ រឿងសេដ្ឋកិច្ចនេះគាត់អួតថាគាត់ជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ ខ្ញុំឆែកមើលធ្វើបានតែមួយឆ្នាំទេ បក្សរបស់គាត់ដេញចោល។ ជិះយន្តហោះមកពីក្រៅប្រទេស មកធ្វើបានមួយឆ្នាំបក្សហ៊្វុនស៊ីនប៉ិចពេលនោះ។
ឡើងហ្វេសប៊ុកម្តងៗ ហ៊ុន ម៉ាណែត អសមត្ថភាព។ ហ៊ុន ម៉ាណែត អត់ចេះអញ្ចេះអញ្ចុះ។ ខ្ញុំអត់តទេ។ ខ្ញុំប្រាប់ហើយ ជាពិសេសខ្ញុំទៅចែកសញ្ញាបត្រជាបញ្ញវន្ត អ្នករៀនចេះដឹង ឬមិនបាច់តែអ្នកចេះដឹង ប្រជាពលរដ្ឋខ្មែរយើង “កុំរៀនមើលងាយគេ។ ចេះឯងឲ្យក្រែងចេះគេផង។ មិនមែនគាត់ចេះទាំងអស់ទេ”។ ប៉ុន្តែថាបើចេះឲ្យចេះប្រាកដ ចេះមិនប្រាកដខ្មាសគេ។ បើថាមិនប្រាកដកុំយកមកនិយាយនៅសាធារណៈ កាន់តែខ្មាសគេទៀត។ កុំភ្លេចថាវាយប្រហារខ្ញុំ ប៉ុន្តែពេលជាមួយគ្នាលោកបានដាក់សារឲ្យមនុស្សរាប់លាននាក់ វាយតម្លៃសមត្ថភាពរបស់លោក វាយតម្លៃពីគុណធម៌ សីលធម៌ របស់លោកហើយ។ ពិតណាស់ លោកជេរខ្ញុំ អ្នកគាំទ្រអ្នក ១០០ ២០០ ៤០០ ឬ ៥០០ នាក់ចូល comment នៅក្នុង live ចូលជេរខ្ញុំបន្ថែម។ ចូលគាំទ្រលោក។
ប៉ុន្តែ កុំភ្លេចណា បញ្ញវន្ត ប្រជាពលរដ្ឋខ្មែររាប់លានអ្នកក៏មើលដែរ គេក៏កំពុងមើលថាមនុស្សចាស់ម្នាក់នេះ ហេតុអ្វីក៏ប្រកាន់ជំហរក្មេងជាកូនក្មេងដែលគាត់កំពុងជេរផង។ នៅពេលដែលគាត់ជេរខ្ញុំ បង្អាប់ខ្ញុំគ្រប់បែបយ៉ាង ខ្ញុំមិននិយាយតទេ ប្រកាន់ជំហរចាស់ទុំជាងគាត់។ ខ្ញុំជឿថាប្រជាពលរដ្ឋរាប់លាននាក់ដែលមើល។ អ្នកគាំទ្រគាត់ អ្នកលើកគាត់ គាត់ធ្វើអ្វីក៏លើកដែរ។ លោកប្រធានថាអាហ្នឹងកូនខ្នុរ ក៏កូនខ្នុរល្អដែរ មិនមែនក្តិបខ្នុរទេ។ លោកកំពុងតែធ្វើវិធីនេះ។ អញ្ចឹងឥឡូវខ្ញុំនិយាយរឿងនេះ ហេតុអ្វីបានថា អ្នកនយោបាយ អួតថាអតីតអ្នកសេដ្ឋកិច្ចហិរញ្ញវត្ថុ អត់ទាំងយល់ផង។
(៣១) ពន្ធលើទំនិញនាំចូល៩៧% ជាឱនភាពជញ្ជីងពណិជ្ជកម្ម មិនមែនអត្រាពន្ធកម្ពុជាដាក់លើទំនិញអាមេរិកទេ
ឥឡូវ ខ្ញុំសូមពន្យល់។ អាមេរិកថា កម្ពុជាដាក់ពន្ធទៅលើទំនិញអាមេរិក ៩៧%។ នេះមិនមែនជាអត្រាពន្ធលើគ្រប់ទំនិញរបស់អាមេរិកចូលមកកម្ពុជា (ដែលយើងតម្រូវឱ្យ)បង់ ៩៧% ទេ។ បងប្អូនមិនមែនទេ។ នេះគេហៅថាអត្រានៃឱនភាពជញ្ជីងពាណិជ្ជកម្ម បានន័យថា យើងនាំចេញទៅអាមេរិកច្រើនជាងអាមេរិកនាំចូលមកយើង។ គេយកចំនួនដែលខុសគ្នាហ្នឹង ចែកជាមួយនឹងចំនួនដែលយើងនាំចូលពីអាមេរិក។ គេឃើញថាតួលេខហ្នឹងជាលំអៀងនៃពាណិជ្ជកម្ម មិនមែនជាអត្រាពន្ធដែលកម្ពុជាដាក់លើទំនិញរបស់អាមេរិកនោះទេ។ ហ្នឹងគេហៅថាអត្រានៃឱនភាពជញ្ជីងពាណិជ្ជកម្ម Trade Deficit។ លោក សម រង្ស៊ី ខ្ញុំសូមបញ្ជាក់ អាហ្នឹងគេហៅអញ្ចឹង វាមិនមែនពន្ធទៅលើទំនិញរបស់អាមេរិកទេ។ លោកដែលអួតថាខ្លួនជាអ្នកសេដ្ឋកិច្ច ហើយមានកូនចៅគេមកនិយាយថាលោកប្រធានខ្ញុំ ចេះសេដ្ឋកិច្ចច្បាស់ដូចថ្ងៃនិង ហ៊ុន ម៉ាណែត អត់ចេះ(នោះសូមយល់)។ ខ្ញុំសូមជម្រាបអ្នកយល់ពីសេដ្ឋកិច្ចច្បាស់ដូចថ្ងៃថាហ្នឹងមិនមែនពន្ធទៅលើរាល់ទំនិញអាមេរិកចូលទេ។ នេះគេហៅថាអត្រានៃឱនភាព ឬលំអៀងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ហើយការ calculate ហ្នឹងវាអញ្ចឹង។ ខ្ញុំមិនថាលោកល្ងង់ទេ ព្រោះលោកថាខ្ញុំអសមត្ថភាព អញ្ចឹងខ្ញុំគ្រាន់តែជម្រាបអ្នកដែលមានសមត្ថភាពថា ហ្នឹងគេ calculate អញ្ចឹង។ ហើយគេហៅថាលំអៀងពាណិជ្ជកម្ម។
(៣២) តាំងពីចូលអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាប្តេជ្ញាយកពន្ធលើទំនិញនាំចូលក្នុងអត្រាមិនលើសពី៣៥% ទេ
ទី២ សួរថាកម្ពុជាដាក់ពន្ធប៉ុន្មានលើទំនិញនាំចូលរបស់អាមេរិក? នៅឆ្នាំ២០០៤ រាជរដ្ឋាភិបាលចូលជាសមាជិក WTO។ អញ្ចឹងយើងបានប្តេជ្ញាចិត្តតាំងពីនោះហើយថា ទំនិញទាំងអស់មិនថាមកពីអាមេរិក មកពីប្រទេសណា គឺមានអត្រាពន្ធមិនឲ្យលើសពី៣៥%។ ទំនិញពន្ធគយ សម្រាប់ទំនិញនាំចូល។ អ្នកខ្លះសួរថាចុះឡានម៉េចក៏ច្រើន។ ទំនិញហ្នឹងមានអាករមានអីថែម។ ហ្នឹង(ជាការតម្រូវ)ក្នុងស្រុក។ ប៉ុន្តែទំនិញនាំចូល អត់មានអាករ អត់មានអីនោះ គឺ(មានអត្រាពន្ធខ្ពស់បំផុតតែត្រឹម) ៣៥% … ជាមធ្យមគឺ ២៩,៤%។ ទំនិញយើងទៅអាមេរិក ជាមធ្យមត្រូវបង់ពន្ធ ១១%ជាង មិនមែនសូន្យទេ។ ខ្ញុំពន្យល់បន្តិចថា តើពន្ធពិតប្រាកដ បើមិនមែន ៩៧% យើងដាក់ប៉ុន្មាន? បើថារាល់ទំនិញអាមេរិក ដូចជាទូរស័ព្ទដៃមួយ យើងដាក់ពន្ធនាំចូល៩៧% ខ្ញុំក៏ថាគេដាក់(វិធានពន្ធត្រឡប់មកវិញហ្នឹង)ត្រូវហើយ។ ប៉ុន្តែ នេះមិនមែនជាការពិត។ ការដាក់ពន្ធទៅវិញទៅមក មិនមែនទើបតែឥឡូវទេ។ អាមេរិកក៏ដាក់ពន្ធលើទំនិញយើងៗ ក៏ដាក់លើគាត់។ ហើយបានចរចាគ្នាទៅវិញទៅមក។ អញ្ចឹងពន្ធយើងលើអាមេរិក នៅក្នុងផលិតផលជាង ១៨៦៨ បន្ទាត់ពន្ធ ពាក្យថាបន្ទាត់ពន្ធនេះ មិនមែនជាផលិតផលទេ។
ក្នុងមួយបន្ទាត់ពន្ធហ្នឹងវាមានផលិតផល៤ ទៅ៥ មុខអញ្ចឹងទៅ។ ឧទាហរណ៍ បន្ទាត់ពន្ធមុន និយាយអំពីទឹកដោះគោដែលមានជាតិខ្លាញ់លើសពី១០%។ អញ្ចឹងទឹកដោះគោដែលមាន ១២% ១៥% គឺជាប់នៅក្នុងបន្ទាត់ពន្ធហ្នឹង។ អញ្ចឹងយើងមានទាំងអស់ ១៨៦៨ បន្ទាត់ពន្ធ ដែលក្នុងហ្នឹងមានផលិតផលរាប់ពាន់មុខថែមទៀត គុណទៅច្រើន ក្នុងនោះយើងមាន ២១១ បន្ទាត់ពន្ធដែលទំនិញរបស់អាមេរិកចូលមករួចពន្ធ អត់មានពន្ធទេ។ ដូចទូរស័ព្ទដៃដែលយកមកពីអាមេរិកសូន្យ។ អត់មានពន្ធទេ។ មានផលិតផលច្រើនទៀត។ ហ្នឹងហើយជាមធ្យមពន្ធរបស់យើង ដែលដាក់ទៅលើអាមេរិក គឺភាគច្រើន៣៥%។ ហើយ ៣៥%នេះ ដូចមានស្រាដែលយើងយកចូល។ អញ្ចឹងច្រើនបំផុត៣៥ % ជាមធ្យមគឺមានតែ ២៩,៤%តែប៉ុណ្ណោះ មិនមែន ៩៧%ទេ។
(៣៣) ចេញសន្លឹកបៀរមួយឈុតមុន ដើម្បីបើកឆន្ទៈក្នុងការចរចាបន្តទៀត
អញ្ចឹងខ្ញុំសូមជម្រាបបងប្អូនប្រជាពលរដ្ឋដែលមើល live ជាពិសេសនៅទីនេះ និងស្តាប់តាមផ្ទះ គឺកម្ពុជាមិនបានច្របាច់កអាមេរិកតាមរយៈការដាក់ពន្ធរាល់ទំនិញរបស់អាមេរិកចូលមកស្រកខ្មែរ ៩៧% ដូចការចោទនោះទេ។ គេ calculate ដូចគ្នា សម្រាប់ជិត ២០០ប្រទេសហ្នឹង ដូចគ្នាទាំងអស់។ ទី៣ យើងបានចរចា និងបង្ហាញឆន្ទៈដំបូង។ អញ្ចឹងនៅក្នុង ៣៧ម៉ោងនេះខ្ញុំបានធ្វើកិច្ចការ។ ព្រឹកឡើង ខ្ញុំប្រគល់ភារកិច្ចភ្លាមទៅធ្វើកិច្ចការនេះ។ ក្រសួងស្ថាប័នគណៈកម្មការគោលនយោបាយ ហើយខ្ញុំសូមជម្រាបទៅលោកស្រី មូរ សុខហួរ ដែលថាលោក ហ៊ុន ម៉ាណែត ត្រូវតែចរចាខ្លួនឯង អត់មែនត្រូវបើកគណៈកម្មការគោលនយោបាយ ត្រូវប្រគល់ភារកិច្ចឲ្យរដ្ឋមន្រ្តីនេះ រដ្ឋមន្រ្តីនោះ។ ខ្ញុំជម្រាបគាត់អញ្ចេះ ក្នុងនាមជានាយករដ្ឋមន្រ្តី ខ្ញុំមានក្រសួងស្ថាប័ន ជិត ៣០ ដែលជាសេនាធិការជំនាញឲ្យខ្ញុំ។ ខ្ញុំមានគណៈកម្មការមួយចំនួនដែលជាសេនាធិការជំនាញពាក់ព័ន្ធនឹងរឿងអន្តរវិស័យ។
បើវាពាក់ព័ន្ធនឹងអន្តរក្រសួង។ ក្នុងនោះគណៈកម្មការគោលនយោបាយ បង្កើតប្រហែលជា៦ ឬ ៧ឆ្នាំមុន បានដើរតួនាទីជាសេនាធិការ បានន័យថាក្រុមជំនួយការរបស់ខ្ញុំ ដែលពាក់ព័ន្ធទៅនឹងកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ។ អញ្ចឹងហេតុអីបានជាយើងប្រគល់ភារកិច្ចឲ្យអ្នកនេះ យើងមិនចេញ។ ខ្ញុំអាចធ្វើបានតើ។ បើគ្រាន់តែថតយករូបភាព ខ្ញុំអាចចេញសារភ្លាម។ ខ្ញុំអត់ដេកទេ។ ម៉ោង៣ ខ្ញុំចេញភ្លាមថា ខ្ញុំបានធ្វើហើយៗ ខ្ញុំទៅដេក។ ព្រឹកឡើងខ្ញុំវេចបង្វិចជិះយន្តហោះទៅអាមេរិកថា ខ្ញុំចង់ចរចា។ ខ្ញុំធ្វើបាន។ តែហ្នឹងវាធ្វើរបៀបកញ្ឆក់កណ្តៀត។ ទៅចរចាម៉េចបើអត់ដឹងថាគេចេញស្អីផង ហើយយើងត្រូវឆ្លើយយ៉ាងម៉េច យើងឲ្យស្អីខ្លះ។ ពាក្យថាចរចាគឺគេមិនដែលបញ្ចេញសន្លឹកបៀរទាំងអស់ទេ។
អ្នកខ្លះគ្រាន់តែឃើញវៀតណាមឲ្យទម្លាក់ទៅសូន្យថា ហេតុអីទម្លាក់ពីត្រឹម៣៥% មក៥%។ ពាក្យថាចរចា គេចេញសន្លឹកបៀរមួយតង់មុន ហើយគេបើកឆន្ទៈក្នុងការចរចាបន្តទៀត។ តែមួយជំហានដំបូងខ្ញុំទម្លាក់មក ១៩ ប្រភេទទំនិញ។ បងប្អូនខ្លះថាទម្លាក់តែ ១៩ទំនិញទេ។ អត់ទេ។ ហ្នឹងគឺ ១៩បន្ទាត់ពន្ធគយ។ ១៩ប្រភេទមុខទំនិញ បានន័យថាគិតជាមុខទំនិញបានន័យថាប្រហែលជា ៨៥ផលិតផល ដែលនាំចូលពីអាមេរិក។ ១៩ មែន ១៩មុខទំនិញ មិនមែន ១៩ផលិតផលទេ។ បើគិតជាផលិតផលប្រហែលជា ៨៥ជិត ៩០មុខទំនិញរបស់អាមេរិក យើងទម្លាក់បន្ថែមពី៣៥% ។ អញ្ចឹងអ្នកហូបស្រាក្រហមគឺសប្បាយចិត្តហើយ កាលមុនបង់ ៣៥% ថាអញ្ចេះមកនេះ យើងប្រគល់ឲ្យសេនាធិការនេះធ្វើការ។
កិច្ចការនេះមិនមែនទើបម៉ោង៣ ទើបម៉ោង៧ ធ្វើការទេ។ យើងបានព្យាករណ៍ឲ្យក្រសួងពាណិជ្ជកម្ម ធនាគារជាតិ គណៈកម្មការគោលនយោបាយបានសិក្សាព្យាករណ៍នេះប្រហែលជា ២ខែមុន ព្រោះពេលនោះចាប់ផ្តើមឃើញអាមេរិកគាត់ដាក់ទណ្ឌកម្មទៅ Canada។ មុនបោះឆ្នោតគ្រប់គ្នាអត់ដឹងទេ ព្រោះប្រធានាធិបតីថាគ្រោងនឹងដាក់ទណ្ឌកម្មប្រទេសទាំងអស់ រួមទាំងអឺរ៉ុប។ កាលនោះឮថា Europe, Canada, Mexico, China។ អញ្ចឹងអ្នកសេដ្ឋកិច្ចទាំងអស់ថាប្រហែលជាមិនដាក់ទេ … អញ្ចឹងពេលនោះយើងស្ថិតក្នុងស្ថានភាពរង់ចាំមើលសភាពការណ៍ថាតើវាទៅជាយ៉ាងណា។ ដល់ពេលចាប់ផ្តើមដាក់ Mexico, Canada និង China អញ្ចឹងគ្រប់ប្រទេសទាំងអស់ចាប់ផ្តើមវាយតម្លៃ ហើយរៀបចំ scenario។ យើងបានត្រៀម scenario ប្រភេទផ្សេងៗ ចុះហេតុអីបាន scenario ត្រៀមហើយចេញមក យើងមិនអាចប្រកាសបាន?
ពេលយើងគ្រោង scenario ត្រៀមផែនការទុកឆ្លើយតបគឺអាប៉ោងអត់ទាន់បើកគ្របទេ។ បានន័យថា យើងអត់ដឹងថាអាមេរិកដាក់ទាំងអស់ដូចគាត់ដាក់ហ្នឹង ឬក៏ដាក់តែប្រទេសធំៗដែលមានឱនភាពខ្លាំង។ បើដាក់ៗ យ៉ាងម៉េច? ដាក់ប៉ុន្មានប្រភេទទំនិញឬក៏ដាក់ទាំងអស់? អញ្ចឹងបានពេលគាត់ចេញមក យើងឃើញលទ្ធផលហ្នឹងយើងក៏ប្រជុំភ្លាម។ យើងយកផែនការ scenario របស់យើងមកពិនិត្យ។ ក្រសួងស្ថាប័នពាក់ព័ន្ធមកម្តងទៀត ពិគ្រោះជាមួយនឹងវិស័យឯកជន រួមទាំងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា AmCham ក៏គាត់ចូលរួមជាមួយយើងដែរ ដើម្បីគិតថាដើរផ្លូវមួយណា ហើយបានលើកយោបល់ឲ្យខ្ញុំ។ ខ្ញុំសម្រេច។
នេះហើយជារបៀបរបបដឹកនាំធ្វើ របស់នាយករដ្ឋមន្រ្តី របស់ប្រមុខរដ្ឋាភិបាល។ ទោះជានៅប្រទេសខ្លះ គេកោះប្រជុំភ្លាមក៏ដោយ គេកោះប្រជុំបានតែភ្លាមហើយ គេប្រគល់ភារកិច្ចទៅឲ្យរដ្ឋមន្រ្តីពាណិជ្ជកម្មធ្វើការងារ លើកយោបល់ដូចតែគ្នាទេ។ ជាជាងយើងកោះប្រជុំ ហើយយើងផ្សាយតាមហ្វេសប៊ុក ខ្ញុំបានប្រគល់ភារកិច្ចនេះ ២ខែមុន ហើយឲ្យ confirm បន្ថែមទៀត។ អញ្ចឹងសូមជម្រាបទៅជនរួមជាតិ បងប្អូនទាំងអស់ថា ទោះបីជាខ្ញុំមិនចាំបាច់មានអីត្រូវតែចេញតាម Facebook ទាំងអស់ មិនបានន័យថា ខ្ញុំមិនធ្វើការនេះទេ។ ហើយ ៤១ម៉ោង ឬ ៣៧ម៉ោងនេះ គឺយើងបានគិតល្អិតល្អន់ណាស់។
គិតល្អិតល្អន់ជំហាន១ និងជំហាន២។ ពេលដែលយើងដាក់ចរចា ពេលដែលគាត់ចរចាមកវិញ យើងត្រូវធ្វើអ្វី? យើងរៀបចំក្រុមការងារជាជំហាន២ រួចទៅហើយ ត្រៀមលក្ខណៈប្រគល់ភារកិច្ចឲ្យក្រុមការងារមួយដែលរៀបចំដោយឯកឧត្តម ស៊ុន ចាន់ថុល ហើយមានលោកជំទាវ ចម និម្មល នៅទីនោះត្រៀម។ បើចាំបាច់ហោះឡើងទៅដើម្បីធ្វើការ។ ឥឡូវមានប្រទេសខ្លះជិះយន្តហោះទៅចាំនៅមុខ White House អត់ទាន់បានជួបទេ។ មិនដឹងពេលណា។ យើងខំណាត់ជួប។ ពេលណាដែលឲ្យភ្លើងខៀវភ្លាម យើងចេញទៅភ្លាម។ យើងគិតរួចស្រេច។ នេះគេហៅថារបៀបធ្វើការដោយទទួលខុសត្រូវ របៀបធ្វើការជាសមូហភាព បុគ្គលទទួលខុសត្រូវ។
ខ្ញុំចេញបទបញ្ជាឆន្ទានុសិទ្ធិ ប៉ុន្តែខ្ញុំមិនចេះទៅវះកាត់សម្រេចចិត្ត ដោយគ្មានការសិក្សាគិតគូរច្បាស់លាស់ ព្រោះវាពាក់ព័ន្ធទៅនឹងអនាគតប្រទេសជាតិ។ ខ្ញុំទម្លាក់ទៅលើជំនាញសេដ្ឋកិច្ច ជំនាញពាណិជ្ជកម្ម ស្អីៗទាំងអស់បូកវិស័យឯកជន ដើម្បីលើកយោបល់ឲ្យខ្ញុំថាតើសម្រេចចិត្តបែបណា។ ពេលដែលចេញទៅ យើងអាចកាត់បន្ថយនូវផលប៉ះពាល់ និងភាពជោគជ័យនៃការចរចារបស់យើង។ នេះហើយគេហៅថារបៀបនៃការដឹកនាំ និងគ្រប់គ្រង និងការអនុវត្តគោលការណ៍ និងវិធានការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល។ សូមជូនទៅលោកស្រី និងលោកអ្នកនយោបាយចាស់វស្សា នេះហើយគឺរបៀបដឹកនាំនៃការធ្វើការ។ មិនមែនយើងមិនចេញតាម Facebook យើងមិនគិតគូរនោះទេ។
(៣៤) ឧបនាយករដ្ឋមន្រ្តីមួយរូបនិងរដ្ឋមន្រ្តីមួយរូបត្រៀមដឹកនាំចរចាអត្រាពន្ធទំនិញជាមួយរដ្ឋបាលអាមេរិក
មួយទៀត សម រង្ស៊ី ថាលោក ហ៊ុន ម៉ាណែត ត្រូវតែចេញចរចាផ្ទាល់។ ខ្ញុំពិបាកបន្ទោសដែរ។ ម្តងទៀតគាត់មិនដែលធ្វើនាយករដ្ឋមន្រ្តី គាត់មិនដែលធ្វើប្រមុខរាជរដ្ឋាភិបាល។ នៅអង្គការសហប្រជាជាតិ សមាជិកទាំងអស់ស្មើគ្នា មិនថាតូច មិនថាធំ។ នាយករដ្ឋមន្រ្តីនៃប្រទេសតូចមួយគឺស្មើនឹងប្រធានាធិបតី ឬប្រមុខរដ្ឋនៃប្រទេសធំ សមភាគី។ ពាក្យថាសមភាគី បើសិនជាការចរចានេះ ឯកឧត្តម ប្រធានាធិបតី Donald Trump គាត់ចូល ខ្ញុំនឹងចូល។ ប្រទេសគេដូចគ្នា បើសិនជាមកកម្ពុជាត្រឹមនាយករដ្ឋមន្រ្តី ប្រមុខរដ្ឋាភិបាលខ្ញុំទទួល តែបើគាត់ឡើងប្រមុខរដ្ឋហើយ ត្រូវតែព្រះមហាក្សត្រ ព្រោះលោកជាប្រមុខរដ្ឋ។ នេះគេហៅថាជាសមភាគី។ លោក សម រង្ស៊ី បញ្ជាឲ្យខ្ញុំត្រូវតែចរចាផ្ទាល់។ សូមឲ្យលោកទៅសម្របសម្រួលជាមួយនឹងឯកឧត្តមប្រធានាធិបតីរបស់អាមេរិកថាគាត់ចរចាផ្ទាល់ផងទៅ។ ខ្ញុំត្រៀមលក្ខណៈ។ ប៉ុន្តែបើអត់ទេ គឺយើងមានតែតំណាងចរចា។ នេះគេហៅថាសមភាគី។ កម្ពុជាត្រៀមឧបនាយករដ្ឋមន្រ្តីមួយរូប និងរដ្ឋមន្រ្តីមួយរូបដើម្បីដឹកនាំចរចានេះ ព្រោះវាជាសារសំខាន់ថាជាការឲ្យតម្លៃខ្ពស់ក្នុងការចរចាដើម្បីផលប្រយោជន៍ជាតិ។ រឿងតែប៉ុណ្ណឹង។ ការចាត់តាំងមន្រ្តីចូលចរចា គឺស្មើនឹងការឲ្យតម្លៃថាតើសំខាន់ប៉ុណ្ណា? បើយើងមិនឲ្យតម្លៃ យើងត្រឹមចាត់តាំងប្រធាននាយកដ្ឋានមួយក៏បានដែរ ឬមួយក៏អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ តែនេះយើងចាត់ដល់ឧបនាយករដ្ឋមន្រ្តី។ ក្នុងរដ្ឋាភិបាលក្រៅពីនាយករដ្ឋមន្រ្តី អស់អ្នកធំជាងឧបនាយករដ្ឋមន្រ្តីហើយ យើងប្រគល់ទៅឲ្យ។
អញ្ចឹងសូមជូនទៅលោកដែលតាំងខ្លួនធ្វើជាអ្នកចេះ បើជ្រុលជាមើលងាយខ្ញុំ សូមឲ្យច្បាស់ជាងខ្ញុំផង។ ថ្ងៃមុនឃើញសរសេរអត្ថបទមួយដាក់នៅក្នុងទស្សនាវត្តីមួយនៅបរទេសជា Geopolitics គាត់និយាយពីគោលការណ៍នៅក្នុងការកែទម្រង់កសិកម្មនៅកម្ពុជា។ សរសេរដាក់ជាអត្ថបទអនឡាញមួយ … សរសេរមកសុទ្ធតែថារដ្ឋាភិបាលស្រុកខ្មែរគ្មានចេះធ្វើអ្វីទេ។ នេះបើគាត់ធ្វើអញ្ចេះៗ។ អត្ថបទដែលគាត់សរសេរនេះគឺ ៧៩% computer សរសេរឲ្យ គឺ AI generated ព្រោះឥឡូវអត្ថបទស្អីក៏ដោយ តែដាក់ក្នុង computer គេផ្ទៀងផ្ទាត់ភ្លាម។ អញ្ចឹងខ្ញុំថាខ្មាសគេណាស់ មកបង្រៀនខ្ញុំ។ សំណាងណាស់ដែលគាត់មិនមែនជារដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ខ្ញុំ។ បើសិនជារដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ខ្ញុំៗ វេទនា ព្រោះសូម្បីតែពន្ធ ៩៧% អត់ដឹងថាអាហ្នឹងពន្ធស្អីផង។ មកឲ្យរដ្ឋាភិបាលទម្លាក់ពន្ធពី៩៧% មកសូន្យ អត់ទាំងដឹងផង មកឲ្យយោបល់យ៉ាងម៉េច។
បើសរសេរគោលនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុ អត់ទាំងចេះផង សរសេរបានតែ ២០% ហើយអា ២០%ហ្នឹងត្រឹមតែរិះគន់វាយប្រហារ ដល់គោលនយោបាយពិតប្រាកដគឺឲ្យ computer សរសេរជំនួស។ ខ្ញុំសូមឲ្យបងប្អូននិស្សិតបញ្ញវន្ត ប្រជាពលរដ្ឋយើងគិតមើល។ អ្នកនយោបាយដែលចង់ដឹកនាំប្រទេស តាំងខ្លួនជាអ្នកចេះគិតគូរ ហើយមកវាយប្រហារពីរឿងគោលនយោបាយ ខ្លួនឯងអត់ចេះសរសេរផងទៅពឹង AI ឲ្យសរសេរ។ AI ឥឡូវឆ្លាត ប្រជាពលរដ្ឋខ្លះអត់ស្គាល់ AI។ AI ហ្នឹងគឺថាបញ្ញាសិប្បនិមិត្ត Artificial Intelligence។ បើយើងចង់ មានកម្មវិធីដូចជាឈ្មោះ ChatGPT។ គេថា ChatGPT ជួយសរសេរលិខិតស្នេហាឲ្យខ្ញុំមួយ។ ប្រាកដជាសរសេរមកអត្ថបទពិរោះតែម្តង … ChatGPT ជួយសរសេរឲ្យខ្ញុំអំពីរឿងបរិស្ថាន computer សរសេរឲ្យមកទាំងអស់។ អញ្ចឹងលោក សម រង្ស៊ី សរសេរពីគោលនយោបាយកែទម្រង់កសិកម្ម ហើយចុះនៅក្នុងកាសែតនោះ គាត់ឲ្យកុំព្យូទ័រ មិនដឹងប្រើកម្មវិធីមួយណា វាមាន DeepSeek ChatGPT អញ្ចឹងប្រើ computer ឲ្យសរសេរ ៧៩%។ ក្មេងៗយើងអាយុ២០ ជាង ស្រាវជ្រាវទៅ គេប្រាប់មកថា បងអើយ! ហ្នឹងគឺ computer សរសេរឲ្យទាំងអស់។
(៣៥) ពេលប្រទេសរងហានិភ័យ ប្រជាជនជួបការលំបាក គួរទុកការប្រឆាំងមួយអន្លើ រួមគ្នាតាមទិសដៅតែមួយ
ខ្ញុំគ្រាន់តែសុំជូនយោបល់ បើមានឆន្ទៈ មានគុណធម៌ ការបង្ហាញ/បញ្ចេញមតិគួរមានការគិតគូរ។ ខ្ញុំមិនជំទាស់ទេ។ មិនចាំបាច់អីទៅវាយតម្លៃមើលងាយមើលថោកគេទេ។ បើសិនជាធ្វើនយោបាយចង់កេងចំណេញ ទាល់តែវាយបុគ្គលរបៀបមើលងាយមើលថោក ខ្ញុំគិតថាខាតខ្លួនឯងទេ។ អាម៉ីអាថោង អ្នកគាំទ្ររបស់អស់លោកនៅប៉ុន្មានរយពាន់នាក់ នៅតែគូស share like អីអញ្ចុះ តែកុំភ្លេចជាង ១០លាននាក់ដែលចេះអានអក្សរ គេនឹងមើល គេនឹងវាយតម្លៃលោកថាតើជាមនុស្សបែបណា ជាអ្នកនយោបាយចេះដឹងយ៉ាងម៉េច។ បើសរសេរវាយប្រហារតែរហូត បើសរសេរប្រើសុទ្ធតែកុំព្យូទ័រសរសេរឲ្យ តើគុណធម៌ និងទស្សនៈយ៉ាងម៉េច បើចេញមកបបួលគេតែជ្រុលនិយម ដុតប្រទេស ចេញមកមើលងាយអ្នកដទៃ តើមនុស្សមានគុណធម៌យ៉ាងម៉េច? ខ្ញុំសុំឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេស យុវជនរបស់យើងមើល។ តើគាត់គួរជា role model ជា idol ក្នុងចិត្តបងប្អូនឬទេ?
បើចង់ជេរខ្ញុំខ្លាំង ក៏ជេរទៀតចុះ តែកុំភ្លេច វាយខ្ញុំ ភ្នែក ១លាននាក់មើលលោកដែរ។ ជេរខ្ញុំៗមិនត ប្រជាពលរដ្ឋកាន់តែឲ្យភាពចាស់ទុំជាងអស់លោក។ ខ្ញុំជូនយោបល់ ខ្ញុំជាក្មេងអត់មានសមត្ថភាពដូចអស់លោកថាទេ ខ្ញុំគ្រាន់តែដឹងអី មានអារម្មណ៍យល់ពីប្រជាពលរដ្ឋខ្មែរយើង ប្រពៃណីយើងអ្នកស្លូតបូតណាស់ ជាពិសេសចាស់ស្រឡាញ់ក្មេងៗ គោរពចាស់ មិនមែនមនុស្សចាស់ទៅអង្គុយជេរម្ដាយ វាយប្រហារ តិះដៀលគេទាំងពូជនោះទេ។ ឥឡូវមិនត្រឹមតែវាយឪពុក វាយដល់កូន វាយទាំងត្រកូល ដើម្បរកអ្នកគាំទ្រ។ ខ្ញុំថាធ្វើអីធ្វើចុះ ប៉ុន្តែខ្ញុំជូនយោបល់ បើចង់វាយខ្ញុំរឿងអី សុំឲ្យច្បាស់ខ្លួនឯងផង (ក្រែង)ខ្មាសគេ។ បើចង់និយាយឲ្យខ្ញុំបញ្ជារដ្ឋាភិបាលឲ្យទម្លាក់ពន្ធពី៩៧% ខ្លូនឯងមិនទាំងដឹងផង។ ខ្ញុំសួរវិញថាតើឲ្យទម្លាក់លើមុខទំនិញអី? ឆ្លើយប្រាប់ខ្ញុំមក (តិចថា)ឆ្លើយមិនចេញឥឡូវហ្នឹង ព្រោះយើងគ្មានអីដែល(យកពន្ធពីអាមេរិកដល់ទៅ)៩៧%។ កូនចៅគាត់(សរសើរ)ថាគាត់ចេះដូចថ្ងៃ។ ខ្ញុំថា ត្រូវហើយថ្ងៃហ្នឹងមិនស្រួលឈរយូរខ្លោច។ មិនមែនឲ្យតែថ្ងៃល្អនោះទេ។ ត្រូវទេបងប្អូន? ថ្ងៃអត់ភ្លៀងកន្លែងខ្លះថ្ងៃក្ដៅស្ទើរស្លាប់ ធ្វើឲ្យឆេះឲ្យស្ងួត។
ឥឡូវ ចំណុចមួយទៀត ខ្ញុំឲ្យយោបល់ … ប្រឆាំងម៉េចក៏ដោយ វប្បធម៌នៃការប្រឆាំងគួរ(តែមានកំរិត) នៅពេលដែលប្រទេសយើងរងហានិភ័យ ប្រជាជនយើងមានការលំបាក យើងគួរទុកចោលភាពប្រឆាំងនេះ ដើម្បីរួមគ្នាទិសដៅតែមួយវិញទៅ។ ឥឡូវ មើលប្រទេសផ្សេងដែលគេជាប់ពន្ធ ឧទាហរណ៍ កាណាដា ឯកឧត្ដម ពុង ឃាវសែ មកដែរឬទេ? ពេលដែលជាប់ពន្ធអាមេរិក ទាំងបក្សប្រឆាំង ទាំងបក្សកាន់អំណាច គឺស្រុះគ្នា មិនមានអ្នកណាវាយគ្នានោះទេ។ គេឆ្លើយតបដើម្បីអំពាវនាវកុំឲ្យមានការរឹតដូចគ្នា។ តែខុសអីតែអ្នកប្រឆាំងខ្មែរនៅខាងក្រៅប្រទេសនេះ ស្អីក៏ដោយ ពេលដែលលំបាកមិនព្រមជួយគ្នាទេ មកវាយតែគ្នាឯង ជេររដ្ឋាភិបាល។ ទៅមើលនៅថៃ នៅប្រទេសជិតខាង តើបក្សគេ បើប្រធានបទផ្សេងៗគេវាយ តែពេលដែលការដាក់(ពន្ធរបស់អាមេរិក) ដែលវាប៉ះពាល់ទៅដល់វិស័យ ទៅដល់កម្មករ/ការិនី គេរួមគ្នា គេធ្វើការដើម្បីចរចា និងសុំការយោគយល់។
(៣៦) កេងចំណេញនយោបាយបានគ្រប់បែបយ៉ាង និងគ្រប់ពេលពីទុក្ខលំបាកគ្រួសារ ឬសូម្បីតែពីសព
សួរថា បក្សប្រឆាំងស្រុកខ្មែរ បានធ្វើអ្វីខ្លះ តាំងពីថ្ងៃ២(មេសា) រហូតដល់ម៉ោងនេះ ក្រៅពីបន្លាចប្រជាជនបន្ថែមថាបន្តិចទៀតអស់ហើយការងារជាង ២លាននាក់។ ឃើញរដ្ឋាភិបាលប្រទេសគេចេញមក ប្រជុំបន្ទាន់ នាយករដ្ឋមន្រ្តីខ្មែរឯងស្ងាត់ច្រៀប មិនស្រឡាញ់ប្រជាជន។ ឃើញតែប៉ុណ្ណឹង។ តែសួរថាបានធ្វើអីខ្លះ? អត់ទេ។ គាត់អាចការពារខ្លួនថា ដោយសារគាត់មិនកាន់អំណាច។ អញ្ចឹងធ្វើអីអត់បានទេ។ អត់ទេណា កុំយករួចខ្លួនបែបនេះ។ ត្រង់អ្នកឯងទៅហៅគេឲ្យកាត់ EBA អី អ្នកឯងទៅគោះទ្វារដល់សភាគេសុំឲ្យកាត់បាន។ ហេតុអីបានជាអ្នកឯង(មិនទៅគោះទ្វារជួយប្រជាពលរដ្ឋនៅពេលនេះផង)? ខ្ញុំគិត បើគាត់ឆ្លាត ខ្ញុំឲ្យជាយោបល់ ពេលដែលប្រជាជនមានទុក្ខ កុំមកជាន់កបន្ថែម។ ខ្ញុំមិនឲ្យអ្នកឯងមកស្រឡាញ់រដ្ឋាភិបាលទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏បញ្ចេញសារ ឬសកម្មភាពអីមួយជួយដល់ប្រជាពលរដ្ឋទៅ បានសមានចិត្ត។
បើសិនជាបក្សណាក៏ដោយ បញ្ចេញសមានចិត្ត ឧទាហរណ៍ ពេលដែលប្រជាពលរដ្ឋ(នៅប្រទេសថៃ រងគ្រោះដោយព្រឹត្តិការណ៍)រលំអគារកាលពីសប្ដាហ៍មុន ស្លាប់ខ្មែរយើងនៅថៃ ជាជាងមកបញ្ជាថា រាជរដ្ឋាភិបាលត្រូវចេញលុយមួយលានសងអញ្ចេះអញ្ចុះ អស់លោកទាំងនោះអាចយកលុយដែលគាត់មានផ្ញើចូលបុណ្យពីក្រៅប្រទេសនោះមក។ គាត់ប្រមូលគ្នាជួយលោក រ៉ុង ឈុន រាប់សែនដុល្លារបាន ចុះប្រជាពលរដ្ឋដែលធ្វើពលករ(នៅថៃ)ដែលស្លាប់ គាត់អាចផ្ញើលុយ(មកចូលបុណ្យ) ហើយផ្សាយបានតើ។ តែគាត់អត់ធ្វើ … ខ្ញុំគិតថា មិនមែនគាត់មិនឆ្លាតទេ តែជាចរិតរបស់គាត់ គឺកេងចំណេញគ្រប់បែបយ៉ាងគ្រប់ពេល មិនថាពេលគេលំបាកវេទនាលក្ខណៈគ្រួសារ ឬពេលដែលប្រជាជនមានលំបាកទេ តែងតែទាញចំណេញនយោបាយ។ កន្លែងខ្លះ កេងចំណេញទាំងសព(ដែលស្លាប់ទៀត)។
(៣៧) គ្រប់ផ្នែកគ្រប់វិស័យរួមទាំងប្រជាពលរដ្ឋ តាមរយៈសមត្ថភាពមានសិទ្ធិជួយតាមវិធីដែលខ្លួនអាចធ្វើបាន
គាត់ចេញមកស្រែកថា កម្មករ/ការិនី(២លាននាក់អាចនឹងបាត់បង់ការងារ)។ ខ្ញុំសុំឲ្យប្រជាពលរដ្ឋយើងទាំងអស់ ជាពិសេស កម្មករ/ការិនីដែលព្រួយបារម្ភ គិតមើល រាជរដ្ឋាភិបាលបានធ្វើច្រើនហើយ យើងត្រៀមលក្ខណៈធ្វើតទៅទៀត។ តើអ្នកផ្សេងអាចធ្វើអីបានខ្លះ? ការជួយដល់ប្រជាពលរដ្ឋដែលរងសម្ពាធ ដែលអាចប៉ះពាល់ទៅដល់ការងារ វាជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនមែនជាកាតព្វកិច្ចផ្ដាច់មុខរបស់រាជរដ្ឋាភិបាលនោះទេ គឺគ្រប់ផ្នែកគ្រប់វិស័យទាំងអស់ រួមទាំងប្រជាពលរដ្ឋក៏មានកាតព្វកិច្ច មានសិទ្ធិជួយនោះដែរ តាមរយៈសមត្ថភាពដែលខ្លួនធ្វើ តាមវិធីសាស្រ្តដែលខ្លួនធ្វើទៅបាន។ ធ្វើយ៉ាងម៉េច? រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រៅពីរដ្ឋាភិបាលខ្ញុំសរសេរសំបុត្រ(ផ្ញើទៅប្រធានាធិបតី Trump) ក្រសួង/ទូតយើងធ្វើការ សហជីពរបស់យើងក៏បានសរសេរសំបុត្រទៅអាមេរិក ដើម្បីជួយថាធ្វើម៉េចគិតគូរពីផលប្រយោជន៍កម្មករ/ការិនី។
ក្រុមវិនិយោគរបស់យើង តំណាងសហគ្រាស និយោជក ក៏បានខិតខំធ្វើសំបុត្រចរចាទៅខាងនោះ។ សូម្បីតែសភាពាណិជ្ជកម្មអាមេរិកនៅស្រុកខ្មែរ ក៏គាត់ជួយធ្វើទៅសភារបស់គាត់ ទៅអ្នកដឹកនាំរបស់គាត់ឲ្យពិចារណា ព្រោះការដាក់ពន្ធបែបនេះ ត្រូវជួយយ៉ាងម៉េចដើម្បីកុំឲ្យប៉ះពាល់ខ្លាំងទៅដល់ប្រជាពលរដ្ឋរបស់យើង។ មិនមែនត្រឹមតែរដ្ឋាភិបាលទេ សូម្បីតែសហជីពក៏គាត់អាចធ្វើបាន សូម្បីតែក្រុមហ៊ុនឯកជនក៏គេអាចធ្វើបាន សូម្បីតែរោងចក្រ/អ្នកវិនិយោគរបស់អាមេរិកខ្លួនឯង ក៏ជួយទៅបាន បានន័យថា សម្លេងឲ្យកាន់តែច្រើនទៅរដ្ឋបាលអាមេរិកដើម្បីឲ្យគាត់ពិចារណា។ នេះហើយជាលទ្ធភាពនៃការជួយ ឲ្យតែមានចិត្តជួយ។
សួរថា តើម៉ោងថ្មើរនេះ មានលោក សម រង្ស៊ី លោកស្រី មូរ សុខហួរ ដែលមួយថ្ងៃៗ អួតថាគាត់មានសមាជិកសភារបស់អាមេរិកនៅជាមួយគាត់ គាត់ចង់ទៅជួបម៉ោងណាក៏បាន ចង់ធ្វើអីក៏បាន តើមានបានទៅនិយាយជាមួយគេ ឬទូរស័ព្ទជាមួយគេ សរសេរសំបុត្រមួយសន្លឹកទៅគេឲ្យគួរពិចារណាឬអត់ ដើម្បីជួយប្រជាពលរដ្ឋ? អត់ទេ មានតែដាក់បន្ទុក លើកតែបញ្ហា គ្មានរកដំណោះស្រាយជួយទេ។ អញ្ចឹង បើថាស្រឡាញ់ វាត្រូវហើយ តែវិធីសាស្រ្តរបស់គាត់អត់មានអីជួយទេ ក្រៅពីដើរបន្តុះបង្អាប់បន្ថែម។ មានពេលទៅណាត់ជួបសមាជិកសភាអាមេរិក ក្រសួងការបរទេសអាមេរិក សុំឲ្យគេគិតគូរពិចារណាដក GSP ដាក់សម្ពាធ ប៉ះពាល់ការងារ តែដល់ពេលគេដាក់ទណ្ឌកម្ម អត់មានទៅសុំណាត់គេជួប ឬសរសេរសំបុត្រទៅសភា ឬក្រសួងការបរទេសអាមេរិក ក្នុងនាមជាខ្មែរ។ ទោះបក្សណាក៏ដោយ តែវាប៉ះប្រជាពលរដ្ឋយើងរួមទាំងអ្នកគាំទ្រគាត់ផង។
អញ្ចឹង បងប្អូនអាចឃើញហើយក្នុងករណីដែលកើតមានក្នុងប៉ុន្មានថ្ងៃនេះ បញ្ជាក់ច្បាស់ថាតើអ្នកណាគិតគូរពីប្រជាពលរដ្ឋ។ អ្នកខ្លះនិយាយច្រើន តែអត់ធ្វើអីទេ បន្តុះបង្អាប់ លើកតែបញ្ហា។ រាជរដ្ឋាភិបាល ទោះបីថាយើងមិននិយាយច្រើន តែយើងធ្វើការងារច្រើនដើម្បីការពារផលប្រយោជន៍របស់កម្មករ/ការិនី និងវិស័យ។ សូមពិចារណាទៅចុះ ហ្វេសប៊ុកដែលជេរយើងច្រើន ស្រែកច្រើនហ្នឹង សួរថាបានសរសេរសំបុត្រឬនៅ? បើសិនជាគាត់សរសេរសំបុត្រមួយសន្លឹក ឬធ្វើអីមួយ គាត់ចៀសមិនផុតពីការផ្សព្វផ្សាយទេ តែនេះដោយសារគាត់មិនធ្វើ។ សួរថា ចាំបាច់ទាល់តែក្នុងរដ្ឋាភិបាលទេ ដូចនៅកាណាដា ទាំងបក្សប្រឆាំង និងបក្សកាន់អំណាច ទាំងពីរគឺគេចេញសារសម្រាប់រឿងប្រតិកម្មនឹងការដាក់ Tariff។
(៣៨) ជូនសារក្នុងស្មារតីជាមិត្តភាព រួមគ្នាគិតគូរនិងចរចាការពារផលប្រយោជន៍ទាំងសងខាង និងរក្សាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
រឿងគេធ្វើអីរបស់គេ តែយើងរដ្ឋាភិបាលត្រៀមចរចា។ អាមេរិកចង់ការពារផលប្រយោជន៍ជាតិនិងប្រជាជនគាត់ យើងក៏ការពារផលប្រយោជន៍របស់យើង។ អញ្ចឹងសារនេះមិនមែនសារដើម្បីចោទប្រកាន់អីទេ គឺសារដើម្បីឲ្យគាត់ក្នុងស្មារតីជាមិត្តភាពរួមគ្នាគិតគូរចរចា ដោះស្រាយដើម្បីការពារផលប្រយោជន៍ទាំងសងខាង។ ក្រោយពីការចរចានេះចប់ យើងនៅរក្សាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ។ បងប្អូនប្រជាពលរដ្ឋសូមពិចារណាបែបនេះ អ្នកដែលស្នេហាជាតិ ស្រឡាញ់ជាតិ ប្រជាជន វិភាគអស់ទាស់ តែមួយថ្ងៃៗគិតតែដាក់បន្ទុកមករដ្ឋាភិបាលខ្មែរ ខ្លួនឯងដែលអាចធ្វើបាន មិនមែនមិនអាចទេ គ្រាន់តែលិខិតមួយសន្លឹក គេមើលមិនមើល ឬទៅដល់ដៃគេឬមិនដល់ ជារឿងមួយសំខាន់ខ្លួនយើងបានសរសេរអត់? ខ្លួនឯងមិនទាំងសរសេរ មិនទាំងបញ្ចេញសារ សូម្បីតែបញ្ចេញសារអំពាវនាវឲ្យគេគិតគូរពីផលប្រយោជន៍ អត់មានផង មានតែសារបង្អាប់ សារបំភ័យ សារចោទប្រកាន់។ ហើយទាមទារឲ្យរដ្ឋាភិបាលត្រូវធ្វើនេះ/នោះតាមអ្វីដែលគេបញ្ជាគូសវាសឲ្យ បើយើងមិនធ្វើគេថាយើងមិនស្រឡាញ់ជាតិ។
បងប្អូនគិតមើល ការងារដែលយើងមានជាង ១លានកន្លែងនេះ ខ្ញុំនិយាយតែក្នុងវិស័យឧស្សាហកម្ម តើវាកើតឡើងដោយឯកឯងឬទេ? អត់ទេ។ គឺជាការខិតខំ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនរាប់សិបឆ្នាំនេះ ដើរទាក់ម៉ូយគេ បង្កលក្ខណៈឲ្យគេមក លើកទឹកចិត្តគេតាមរយៈពន្ធតាមអី ដើម្បីឲ្យគេមកបង្កើតការងារ។ យើងធ្វើផ្លូវស្ពានអីតភ្ជាប់ បង្កស្ថានភាពសន្តិភាព ស្ថិរភាព ឲ្យគេមក យើងខំប្រឹងធ្វើ។ តើអត្ថប្រយោជន៍បងប្អូន ប្រាក់ខែដែលឡើងជាប្រចាំនេះ អ្នកណាអ្នកធ្វើ? គឺរដ្ឋាភិបាលអ្នកខិតខំ។ តាមរយៈការលើកកម្ពស់ផលិតភាពរបស់យើង ការរុញរោងចក្របន្ថែមទៅដល់ខេត្តអីជាដើម ការបណ្ដុះបណ្ដាលជំនាញដល់បងប្អូនយើងដោយឥតគិតថ្លៃ បង្កើនការយកចិត្តទុកដាក់ឲ្យកម្មករ/ការិនីដើម្បីមានលទ្ធភាពចិញ្ចឹមខ្លួន ចិញ្ចឹមកូន និងឪពុកម្ដាយនៅផ្ទះ ចិញ្ចឹមគ្រួសារ អ្នកណាអ្នកធ្វើ? រាជរដ្ឋាភិបាល។
(៣៩) គ្មានហេតុផលដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន មិនខិតខំការពារសមិទ្ធផលដែលខំប្រឹងធ្វើរាប់សិបឆ្នាំមកនោះទេ
ពេលជាមួយគ្នា គេថាបក្សប្រឆាំងមិនអាចធ្វើអ្វីបានទេ ទាល់តែគេនៅក្នុងអំណាច។ វាត្រូវហើយ តែលោកក៏បានធ្វើដែរ គឺទី១ ដើរបន្តុះបង្អាប់ស្រុកខ្មែររហូត ស្រុកខ្មែរអស្ថិរភាពអញ្ចេះអញ្ចុះ បំភ្លៃ បំផ្លាញ។ ហ្នឹងលោកមិនបានមានសិទ្ធិធ្វើមែន តែលោកបានប្រើសិទ្ធិរបស់លោកធ្វើដើម្បីបន្តុះបង្អាប់ស្រុកខ្មែរ។ ខ្ញុំចាំកាលពី២០១៣ ក្រោយពីការបោះឆ្នោត គាត់ថែមទាំងព្រមានថា “វិនិយោគិនណាចូលមកវិនិយោគស្រុកខ្មែរ តែគាត់ឡើងកាន់អំណាច គាត់អាចសើរើបិទចោល”។ គាត់ក៏មានជម្រើស បើថាមិនបានដើរទាក់ម៉ូយ ចេញគោលនយោបាយលើកទឹកចិត្ត ចាំបាច់អីគាត់ទៅសុំសភាអឺរ៉ុបដាក់ពន្ធ ដកយើង២០%។ ក្រោយការបោះឆ្នោតអាណត្តិថ្មីនេះ គាត់ទៅចរចាបន្ថែមសុំឲ្យធ្វើម៉េចអឺរ៉ុបគិតគូរពីការដក EBA បន្ថែមទៀត។ តើនេះជួយបង្កើត ឬបំផ្លាញការងារ? គឺគាត់បំផ្លាញការងារ។ ទង្វើរបស់លោកអ្នកមិនមែនជាទង្វើលាក់ទេ ព្រោះអស់លោកអួតថាខ្លួនបានទៅជួបសភាអាមេរិក សភាអឺរ៉ុប ដើម្បីឲ្យគេពិចារណាដាក់សម្ពាធ ដក EBA អីបន្ថែមទៀត។ តើលោកគិតគូរពីការបង្កើតការងារទេ? គឺអត់ទេ។
យើងខិតខំបង្កើតអត្ថប្រយោជន៍ សុខភាពអីផ្សេងៗ ឯពួកលោកអត់បានធ្វើទេ។ អញ្ចឹងបងប្អូនប្រជាពលរដ្ឋ កម្មករ/ការិនី គណបក្សប្រជាជនកម្ពុជាគឺជាគណបក្ស ខ្ញុំអាចនិយាយថា សឹងតែផ្ដាច់មុខក្នុងការខិតខំកសាងនូវវិស័យឧស្សាហកម្ម បង្កើតការងារជាង ១លាន ដំឡើងបៀវត្សរ៍ជូនប្រជាពលរដ្ឋ។ វាគ្មានហេតុផលអីដែលរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនខិតខំក្នុងការការពារសមិទ្ធផលដែលខ្លួនខំប្រឹងធ្វើរាប់សិបឆ្នាំមកនោះទេ។ មិនមែនទាល់តែស្រែកវិភាគតាមហ្វេសប៊ុករាល់ថ្ងៃ ទើបថាអ្នកឯងស្រឡាញ់នោះទេ។ បងប្អូនប្រជាពលរដ្ឋរួមទាំងអ្នកគាំទ្ររបស់គាត់ សូមពិចារណាទៅ។ យើងកុំមើលអ្វីដែលមនុស្សនិយាយ ត្រូវមើលទង្វើជាក់ស្ដែង។
មកដល់ម៉ោងនេះ បើសិនជាយើងរើសនូវសារនិយាយតាមហ្វេសប៊ុក ហើយដាក់ផ្គុំគ្នា សារដែលពួកគាត់ជេររដ្ឋាភិបាល ប្រហែលជារាប់ពាន់រាប់ម៉ឺនទៅហើយ។ មេរបស់គាត់ជេរមិនចប់ទេ។ បងប្អូនខ្លះជឿតាមគាត់ជេរ សួរថាតើរដ្ឋាភិបាលបានដាក់សារវាយតបទៅវិញឬទេ? អត់ទេ។ រដ្ឋាភិបាលមានតែចេញមកពន្យល់កុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ឲ្យតែរដ្ឋាភិបាលចេញពន្យល់កុំឲ្យមានការយល់ច្រឡំ គេថាចេញមកយកលេស។ គេបង្កើតរឿងឲ្យប្រជាជនយល់ច្រឡំ។ តើយើងគ្មានសិទ្ធិពន្យល់ប្រជាពលរដ្ឋដែរទេអញ្ចឹង? គេចោទថា រដ្ឋាភិបាលដាក់(ពន្ធលើ)ទំនិញអាមេរិកគ្រប់មុខ៩៧%។ យើងគ្រាន់តែចេញថា ហ្នឹងមិនមែនអញ្ចឹងទេ។ ពន្ធមានតែ(អតិបរមា៣៥%)លើ១៩មុខ គេថាយើងរកលេស។
រដ្ឋាភិបាលមានតែចេញពន្យល់ជាសាធារណៈ។ រដ្ឋាភិបាលមានតែប្រជុំជាមួយ(គ្រប់ភាគីពាក់ព័ន្ធ)ដាក់ចេញវិធានការ ហើយត្រៀមរៀបចំដើម្បីការពារសមិទ្ធផលរបស់បងប្អូន ព្រមទាំងគ្រោងទាញវិនិយោគមកបន្ថែមទៀត។ នៅថ្ងៃមុខនេះ ប្រធានាធិបតី ស៊ី ជីនពីង នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា។ យើងនឹងជំរុញការបន្តវិនិយោគបន្ថែមទៀត។ ខ្ញុំនឹងទៅទស្សនកិច្ចផ្លូវការនៅជប៉ុននៅខែក្រោយ។ យើងនឹងគ្រោងធ្វើការដើម្បីទាញវិនិយោគពីជប៉ុនថែមទៀត។ អ្នកវិនិយោគមកពីជប៉ុន អាមេរិក និងឥណ្ឌា គ្រោងមក។ យើងនឹងស្វាគមន៍ ហើយនឹងទាញឲ្យមកបន្ថែមទៀតគ្រប់វិស័យទាំងអស់។
នេះគឺជាអ្វីដែលរដ្ឋាភិបាលធ្វើ។ ពេលខ្លះ យើងនិយាយតិចជាងធ្វើ ព្រោះយើងធ្វើច្រើនពេកវាអត់មានពេលទៅសរសេរ។ ដូចថ្ងៃដែលឯកឧត្ដមប្រធានាធិបតី Trump គាត់ប្រកាសថ្ងៃ៣(មេសា) តើថ្ងៃនោះខ្ញុំធ្វើអី? ទី១ ពីចន្លោះ ៤១ម៉ោង ខ្ញុំបញ្ចប់បុណ្យរបស់អ៊ំខ្ញុំ ៧ថ្ងៃ។ ក្រោយមក ខ្ញុំប្រជុំពិភាក្សាជាមួយវិស័យឯកជនរឿងបញ្ហាឆបោកអនឡាញ រកវិធានការ។ ខ្ញុំដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដើម្បីត្រៀមលក្ខណៈធ្វើការងារផ្សេងៗ។ ខ្ញុំទៅជួបក្រុមហ៊ុនកសាងព្រែកជីកហ្វូណនដែលកំពុងធ្វើ ដើម្បីពិនិត្យវឌ្ឍនភាពការងារ។ ខ្ញុំទទួលរដ្ឋមន្រ្តីការបរទេសទីម័រខាងកើត។
ហ្នឹងគ្រាន់តែ(ការងារ)ខ្ញុំ(ប៉ុន្មានថ្ងៃនេះ) បើសិនជាខ្ញុំត្រូវតែធ្វើតាមលោកស្រី មូរ សុខហួរ និងលោក សម រង្ស៊ី ថាត្រូវតែចរចាផ្ទាល់ ធ្វើអីៗផ្ទាល់ ខ្ញុំមិនបាច់អានេះទេ អីផ្សេងៗត្រូវកាងទាំងអស់ នេះខ្ញុំមិនទាន់និយាយឯកសាររាប់រយដែលខ្ញុំត្រូវចុះហត្ថលេខាផង។ ចន្លោះមកដល់ផ្ទះ ត្រូវស៊ីញ៉េឯកសារ។ ថ្ងៃនេះ ទៅដល់វិញ ថ្ងៃចន្ទអញ្ចឹងច្រើនតែឯកសារច្រើន … យើងធ្វើការងារទាំងអស់នេះបាន តែយើងមិនចាំបាច់ប្រាប់ទេ។ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ ចម និម្មល ក្រុមការងារ អ្នកខ្លះធ្វើការងារនេះ/នោះផ្សេងៗ តែការងារនៅតែដើរទៅមុខ។
(៤០) អ្នកនយោបាយជំនាន់ក្រោយមាននិន្នាការប្រឆាំង មានពេលដែលអាចអង្គុយជជែកនិងធ្វើការជាមួយគ្នាបាន
បងប្អូន អ៊ំ ពូមីង ប្រជាពលរដ្ឋ ខ្ញុំសុំទោសដែលថាគ្រប់ការងារទាំងអស់ខ្ញុំមិនបានសរសេរប្រាប់ក្នុងហ្វេសប៊ុក ដែលខ្ញុំមិនអាចគ្រាន់តែដើរចេញពីឡាន ខ្ញុំ(ត្រូវសរសេរលើហ្វេសប៊ុកប្រាប់)ថាខ្ញុំចេញពីឡានហើយ ខ្ញុំមកប្រជុំថ្ងៃនេះ ធ្វើនេះ/នោះ ត្រូវរៀបរាប់ឲ្យ(បានដឹង)។ តែក៏មិនបានន័យថា ខ្ញុំដេកអេះពោះនៅផ្ទះនោះទេ … មិនប្រាកដថាអ្នកដែលនិយាយច្រើន ធ្វើច្រើននោះទេ ហើយក៏មិនប្រាកដថាអ្នកដែលនិយាយច្រើន មានជ្រុងដែលថាជួយបងប្អូននោះទេ។ គេនិយាយពីអាណិតបងប្អូន តែសកម្មភាពគេមិនបានលើកកម្ពស់ ឬមួយលើកសរសើរដើម្បីទាក់ទាញការវិនិយោគបន្ថែមនោះទេ។ គេមិនបានសរសេរសំបុត្រ ឬមួយសុំអំពាវនាវទៅដល់អ្នកនយោបាយជាន់ខ្ពស់របស់អាមេរិក សភាអាមេរិក ឬក្នុងរដ្ឋាភិបាលអាមេរិកដែលគេស្គាល់ជិតដិតនោះ ថាសុំឲ្យពិចារណា ចរចាយ៉ាងម៉េច កុំឲ្យប៉ះពាល់ប្រជាពលរដ្ឋខ្មែរច្រើនផង អត់មានទេ។ ថោកអីនឹងដៃ ថ្លៃអីនឹងមាត់។ បើសិនជាគាត់ឆ្លាត គាត់សរសេរតែប៉ុណ្ណេះទៅ ហើយបើសរសេរចេញមុនរដ្ឋាភិបាលពេលចេញលិខិត ៤១ម៉ោង។
មិនដឹងជាគាត់ចំណេញបេះដូងប៉ុន្មានទេ។ ប៉ុន្តែ (បែរជាមិនបានធ្វើ នាំឲ្យ)ខាត … ខ្ញុំត្រូវគេថាអសមត្ថភាព តែខ្ញុំសូមជូនយោបល់ទៅអ្នកដែលមានសមត្ថភាព។ បើចង់កេងចំណេញនយោបាយ ត្រូវចេះធ្វើផង។ បើថាស្រឡាញ់ប្រជាជន ត្រូវបង្ហាញសកម្មភាពស្រឡាញ់ប្រជាជន កុំថាស្រឡាញ់អាណិតប្រជាជន តែដាក់បន្ទុកឲ្យគេ នៅពេលដែលខ្លួនអាចចូលរួមដោះស្រាយ តែមិនធ្វើ។ សំបុត្រសរសេរទៅបាន។ នៅពេលដែលអ្នកឯងទៅ lobby ឲ្យកាត់កូតា EBA ពង្រីកសម្ពាធពាណិជ្ជកម្ម GSP អី អ្នកឯងទៅណាត់គេជួបភ្លាម។ ដឹងតែស្រែក ថាអាហ្នឹងវាអាចប៉ះពាល់ ប៉ុន្តែអត់ធ្វើទេ។ មិនស្រួលបន់ឲ្យកម្មក/ការិនី កាន់តែអត់មានការងារធ្វើច្រើនហើយទម្លាក់ (កំហុស)មកទៀតមិនស្រួល។ យុទ្ធសាស្ដ្រ ខឹងគោ វាយរទេះនេះ ចោលទៅ។
អ្នកនយោបាយរបៀបជ្រុលនិយម សូមឲ្យបញ្ចប់ទៅ។ ទំនើបកម្មទាំងផ្នត់គំនិតផង។ ខ្ញុំឃើញអ្នកនយោបាយ ដែលមាននិន្នាការប្រឆាំងជំនាន់ក្រោយ មានពេលដែលគាត់ជជែក មានពេលដែលគាត់ធ្វើការជាមួយគ្នា។ មិនមែនទាល់តែស្រែកជេរខ្លាំង ទើបហៅថាប្រឆាំងទេ។ សំខាន់ការដឹកនាំផ្នត់គំនិតប្រឆាំងអាស្រ័យលើមេដឹកនាំគណបក្ស ព្រោះម្នាក់ៗសុទ្ធតែមានអ្នកគាំទ្រ សុទ្ធតែមានអ្នកដែលគេហៅថា idol ជាពិសេសយុវជន។ បើមេខ្លួនឯងពូកែជេរ កុំព្រួយថាកូនចៅខ្លួនឯង(មិន)ពូកែជេរ។ ឥឡូវ អ្នកដែលពូកែជេរ អ្នកដែល champion ចង់បាន view កាន់តែខ្ពស់ ជេរឱ្យកាន់តែខ្លាំង ហើយវប្បធម៌បែបនេះគួរតែ (លុបបំបាត់)។
(៤១) អ្នកនយោបាយចាស់ទុំគួរផ្ដល់គំរូល្អដល់ក្មេងជំនាន់ក្រោយ ដឹងថាពេលណាត្រូវឬមិនត្រូវប្រឆាំង
ថ្ងៃមុននៅក្នុងកម្មវិធីវប្បធម៌ខ្ញុំបានអំពាវនាវណែនាំហើយ។ ពាក្យពេចន៍ប្រជាពលរដ្ឋរបស់យើងសូម្បីតែរឿងមិនពាក់ព័ន្ធនយោបាយក៏ដោយ សូមប្រើប្រាស់(ពាក្យពេចន៍) ឲ្យស្រួលបួល កុំ(ប្រើពាក្យ) អាក្រក់ពេក វា(ប៉ះពាល់) វប្បធម៌ សាសនា របស់យើង។ ជាពិសេសប៉ះពាល់ស្ដ្រី ថ្ងៃមុន ឃើញប្អូនម្នាក់ណាចេញមក។ ខ្ញុំដឹងថាក្ដៅ ការពារហើយ (ប៉ុន្ដែ) យើងត្រូវទប់ចិត្ត។ យើងត្រូវប្រើពាក្យសមរម្យទៅ (បើ)ថាមកពីគេជេរអាក្រក់ពេក ខ្ញុំជេរវាវិញ។ មិនបាច់ទេ ! បើរវល់ដុតរៀងៗ ខ្លួនវាឆេះផ្ទះ។ បើគេដុតឆេះៗ ទៅ យើងកុំទៅ(ឆេះ)។ យើងនៅតែស្ងៀមធ្វើស្រួលបួលទៅថ្ងៃក្រោយគេជេរស្អកក គេឈប់ខ្លួនឯងហើយ។
ហ្នឹងដូចខ្ញុំនៅក្រៅប្រទេសអញ្ចឹង ចេញទៅណាគេព័ទ្ធជេរពីក្រៅ គប់ផង អីផង។ យើងមិនចាំបាច់ឲ្យអ្នកនៅខាងក្នុងចេញទៅជេរវិញទេ។ យើងប្រកាន់ជំហរធម្មតាទៅ។ ទីបំផុតអ្នកជេររលាយឯង។ ពីឆ្នាំ២០១៦ គ្រប់កម្មវិធីដែលខ្ញុំរៀបចំ គណបក្សប្រជាជននៅក្រៅប្រទេស គេទៅជេរនៅខាងក្រៅ វាយប្រហារគ្រប់ទាំងអស់។ ប៉ុន្ដែឥឡូវអត់មានអ្នកណាទៅជេរ ហើយអ្នកខាងក្នុងកាន់តែល្អ។ សូម្បីអ្នកជេរខាងក្រៅក៏មិនឯកភាពគ្នា។ ម្នាក់ថាយើងល្មមបានហើយឲ្យគេធ្វើតែគេទៅ។ កាលមេយើងមក យើងធ្វើគេអត់មកជេរយើងផងហ្នឹង។ បើម្នាក់ៗប្រកាន់ជំហរបែបនេះ ខ្ញុំគិតថា ការជជែកគ្នាវែកញែក ប្រឆាំងតាមរបៀបស៊ីវិល័យ មានពេលវេលា មានប្រធានបទ ដឹងពេលណាដែលត្រូវកាន់ទុក្ខ ពេលណាដែលប្រជាជនយើងរងទុក្ខទាំងអស់គ្នា ដើម្បីរួមគ្នាបញ្ចេញសារជួយប្រជាពលរដ្ឋរបស់យើងដូចពេលនេះ គួរតែបក្សប្រឆាំងមាននិន្នាការមិនស្របរដ្ឋាភិបាល ដែលមានផ្នត់គំនិតប្រឆាំងរបៀបស៊ីវិល័យ គួរគិតគូរបែបនេះ។ កុំឲ្យស្អីក៏វាយ (ប្រហារ) ស្អីក៏ជ្រុល កុំឲ្យស្អីក៏ដុតគ្រប់ពេលទាំងអស់។
ក្នុងនាមខ្ញុំជាអ្នកនយោបាយជាន់ក្រោយម្នាក់ ហើយដែលលោកថាអសមត្ថភាពនោះ ខ្ញុំសូមជូនយោបល់ទៅវិញ ក្នុងនាម( លោក)ជាចាស់ទុំគួរតែផ្ដល់គំរូល្អដល់ក្មេងៗជំនាន់ក្រោយអ្នកតាមលោកផង។ គួរតែគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋផង គួរតែដឹងថា ពេលណាដែលត្រូវធ្វើ(ការប្រឆាំង) ពេលណាដែលមិនត្រូវធ្វើ។ កុំឲ្យឃើញប្រលោះ(មិនបាន) ស៊ុតដូចអ្នកទាត់បាល់។ ប្រពន្ធលោកប្រធានធ្លាប់(ជួប)ខ្ញុំម្ដងថា លោក សម រង្ស៊ី ដូចកីឡាករទាត់បាល់។ អញ្ចឹងឲ្យតែឃើញប្រលោះស៊ុតហើយ។ កីឡាបាល់ទាត់ក៏មានកាតលឿន កាតក្រហមដែរ វាមិនអាចឲ្យតែប្រលោះស៊ុតទេ។ Offside ក៏មិនអាចស៊ុតបានដែរ។ អញ្ចឹង ល្បែងអីក៏ដោយ (គេមានច្បាប់) ដូចប្រដាល់សេរីក៏គេមានច្បាប់មានទម្លាប់របស់គេដែរ។ ពាក្យថាប្រដាល់សេរី ប៉ុន្ដែគេឲ្យវាយតែក្នុងរង្វង់ហ្នឹងទេ គេមិនឲ្យប្រើកាំបិត ដំបង។ គេមិនឲ្យវាយជាន់បន្ថែម ពេលមនុស្សដួល រឿងតែប៉ុណ្ណឹង។ នៅក្នុងនយោបាយ ការប្រមូលមនុស្ស ដុតមនុស្ស(ប្រឆាំង) ប្ដូររដ្ឋាភិបាលតាមរយៈមធ្យោបាយក្រៅពីការបោះឆ្នោត សូមបញ្ចប់ទៅ។
ប្រទេសយើងធ្លាប់ឆ្លងកាត់កាលមុនគឺ រដ្ឋប្រហារ និងបដិវត្ដន៍ ក្នុងឆ្នាំ១៩៧០។ ក្រោយមក យើងក៏មានការខិតខំប្រឹងប្រែងជំរុញតែមិនជោគជ័យ។ គឺមានតែវិធីសាស្ដ្រក្នុងការបោះឆ្នោតរាល់ ៥ឆ្នាំ តាមរដ្ឋធម្មនុញ្ញ ដែលប្រជាពលរដ្ឋត្រូវបោះឆ្នោតជ្រើសរើស ( នាយករដ្ឋមន្ដ្រី) ហើយក្នុងចន្លោះនេះ សូមរួមគ្នាធ្វើទៅ វាមិនល្អឥតខ្ចោះទេ។ រិះគន់ស្ថាបនា ខ្ញុំស្វាគមន៍ កុំរិះគន់វាយប្រហារ ដើម្បីបំផ្លិចបំផ្លាញផលទាំងអស់គ្នា ខ្ញុំមិនស្វាគមន៍ទេ។ រិះគន់ស្ថាបនា ខ្ញុំធ្វើតើ។ ប្រជាពលរដ្ឋ (រិះគន់ស្ថាបនា) រឿងដីធ្លី រឿងអី ឃើញខ្ញុំបញ្ជាឲ្យដោះភ្លាម។ កន្លែងនេះអញ្ចេះ អ្នកនេះយកលុយអញ្ចេះអញ្ចុះ យើងមានរហូតដល់ការដកអភិបាលរងខេត្ត អភិបាលក្រុងស្អីៗ មន្ដ្រីផ្កាយស្អីៗ យើងដក។
យើងមិនល្អឥតខ្ចោះ តែយើងរួមគ្នាធ្វើ។ នីតិវិធីគយ នីតិវិធីរដ្ឋបាល យើងខំកាត់បន្ថយ ដើម្បីកាត់បន្ថយពេលវេលាចំណាយ ហើយអាចំណាយក្រៅផ្លូវការ ដើម្បីយើងខិតខំដាក់ជាប្រព័ន្ធ។ ការរិះគន់ស្ថាបនា ខ្ញុំស្វាគមន៍ ប៉ុន្ដែមិនមែនការវាយប្រហារ កេងចំណេញ គ្មានហេតុផលនោះទេ ខ្ញុំមិននិយាយជាមួយនោះទេ។ ស្មារតីនៃការសន្ទនា រវាងមនុស្ស ខ្ញុំជួបតើជាមួយមន្ដ្រីរបស់បក្សប្រឆាំង (ខ្លះ)គាត់មិនចូលមកជាមួយយើងទេ អ្នកដែលចូលយើង(យកប៉ុន្ដែ) អ្នកមិនចូល យើងជជែកគ្នា។ មុនបោះឆ្នោតគឺខ្ញុំធ្វើ គាត់មានគោលនយោបាយរបស់គាត់ ខ្ញុំមានគោលនយោបាយរបស់ខ្ញុំ។ ធ្វើអីក៏ដោយឯកភាពគ្នា កុំរុញវប្បធម៌កាប់ចាក់គ្នា លាបពណ៌គ្នា ប្រើប្រាស់ការខ្លាចបរទេសមកវាយគ្នាឯង បែកបាក់ឯកភាពជាតិ។
(៤២) រួមគ្នាផ្សព្វផ្សាយរឿងល្អៗ ពីកម្ពុជាឲ្យបានច្រើន
ធ្វើម៉េចការពារសេចក្ដីសុខ សន្ដិភាព ដែលយើងមានរាល់ថ្ងៃ។ សុខចិត្តរអ៊ូថាផ្លូវធ្វើលឿនមិនទាន់ចរាចរណ៍ចុះ ជាជាងធ្វើផ្លូវហើយគ្មានមនុស្សដើរ។ មែនទេបងប្អូន? ស៊ូធ្វើផ្លូវប៉ុណ្ណាក៏នៅតែចង្អៀត ព្រោះមនុស្សមានលទ្ធភាពទិញឡាន ម៉ូតូ កាន់តែកើនលឿន ជាជាងមនុស្សមានឡាន ម៉ូតូ អត់លទ្ធភាពយកលុយចាក់សាំងជិះ ដោយសារជីវភាពលំបាក។ យើងស៊ូបែបនេះល្អជាង។ រឿងខុសឆ្គង ល្អ អាក្រក់ យ៉ាងម៉េច យើងរួមគ្នាដោះស្រាយ ជជែកគ្នាតទៅទៀត។ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងនឹងបន្ដដឹកនាំថែរក្សាសុខសន្ដិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ កសាងបន្ថែមទៀតឲ្យប្រជាជនយើងនៅគ្រប់កន្លែងរួមទាំងរាជធានីភ្នំពេញ។
ឥឡូវសូមបិទ (វង់ក្រចក) ខ្ញុំបិទមែនទែនហើយ (សើច) បើបន្ថែមមួយ (វង់ក្រចកទៀត) បែបដល់បាយល្ងាច។ សូមបងប្អូនស្ដាប់ហើយពិចារណាចុះ សូមកុំមានការព្រួយបារម្ភរឿងមួយលាន ពីរលាននាក់(ដែលថានឹងបាត់បង់ការងារ) … មួយពិភពលោកគឺទទួលទាំងអស់ … តែយើងខិតខំការពារ ហើយទាំងអស់គ្នាយើងរួមគ្នាធ្វើ។ ហើយសូមឲ្យប្រជាពលរដ្ឋយើង រួមគ្នាដើម្បីផ្សព្វផ្សាយ(រឿង)ល្អពីស្រុកខ្មែររបស់យើងឲ្យបានច្រើន ដើម្បីឲ្យទេសចរគេមកលេងរាជធានីភ្នំពេញរបស់យើង។ ខ្ញុំឃើញ Content creator របស់យើង ជាក្មួយៗយុវជន ដែលមានអ្នក follow រាប់ម៉ឺន រាប់សែន នាក់ ខ្ញុំអរគុណណាស់។ វាមិនមែនល្អឥតខ្ចោះទេ សំរាមនៅតែមាន។
ប៉ុន្ដែកុំទៅថតសំរាមមួយប្លុកហ្នឹង ទៅថតផ្លូវ walk street ដែលមនុស្សច្រើន ផ្សាយអាហ្នឹងឲ្យច្រើន។ សំរាមយើងរួមគ្នាដោះឲ្យកាន់តែស្អាតទៅ។ កុំឃើញសំរាមមួយស្បោង អង្គុយធ្វើប្រធានបទ ៣ថ្ងៃ រឿងសំរាមហ្នឹង។ រឿងអសន្ដិសុខ យើងត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល ដែលសមត្ថកិច្ចខំគ្រប់គ្រងក្មេងទំនើងអីផ្សេងៗ ឲ្យគេយល់គេដឹង។ ផ្សព្វផ្សាយពីការដែលបងប្អូនដើរយប់ព្រលប់អត់មានគេប្លន់គេអី ផ្សាយរឿងហ្នឹងឲ្យច្រើន។ កុំយករឿងគេឆក់មួយកន្លែង ទៅផ្សាយរាល់ថ្ងៃ គេផ្សាយមួយរឿងយ៉ាប់តែអ្នកបន្ទរ យករឿងហ្នឹងទៅនិយាយរហូត ត្រង់ថារាល់ថ្ងៃនេះ ដើរនៅ walk street ចង់ ៤-៥ សប្ដាហ៍អត់មាន(កើត)អីទាំងអស់ ស្រាប់តែមានគេឆក់ក្រវិលមួយ ផ្សាយអាហ្នឹងឡើងកក្រើក លែងឲ្យមនុស្សទៅ។ អាហ្នឹងមិនល្អទេ។ សូមរួមគ្នាផ្សាយវិជ្ជមាន បានន័យថាយើងរួមគ្នាការពារប្រជាពលរដ្ឋរបស់យើង សេដ្ឋកិច្ចយើង ការពារយើងទាំងអស់គ្នា។ គិតវិជ្ជមាន ធ្វើវិជ្ជមាន។
វាមិនមែនកាតព្វកិច្ចផ្ដាច់មុខរបស់រដ្ឋាភិបាលទេ ប៉ុន្ដែជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ធ្វើបានមួយដៃ មួយជើង នេះហើយជាអ្វីដែលយើង(គួរ)ធ្វើ។ បើឃើញសំរាមនៅហ្នឹង កុំរវល់តែថត ហើយបង្ហោះ។ ទុកទូរស័ព្ទហើយជួយលើកសំរាមបោះចោលទៅ។ មិនល្អជាង? បើឃើញមនុស្សវេទនា ត្រូវការឲ្យជួយ ហើយរវល់តែថយ selfie (ហើយស្រែក) បងប្អូនអើយមនុស្សដួលហើយជួយផង ខ្លួនឯងឈរនៅ ៥ម៉ែត្រ ថត selfie។ ហ្នឹង! ដូចកាលរញ្ជួយផែនដី អ្នកថតមួយនោះខ្ញុំឃើញថតនៅលើអគារ ទឹកឡើង(រលក) ហើយខ្លួនឯងកាន់ទូរស័ព្ទថតឡើងនឹងអត់ព្រមរត់ទេ។ សម័យហ្វេសប៊ុក ជួនកាលគិតរឿងហ្នឹង ឃើញរឿង(ត្រូវការជួយ) អត់មានជួយទេ រវល់តែថតចែកទៅគេ ដែលជាមនុស្សរាប់គីឡូដី ប៉ុន្ដែខ្លួនឯងជិតនឹងមិនព្រមជួយ។ ជួយដោះ(ស្រាយ)ទៅ បើឃើញខ្វះខាតជួយគ្នាធ្វើទៅ ដើម្បីផលប្រយោជន៍ជាតិយើង។
ខ្វះចន្លោះ ចូលទៅក្នុងហ្វេសប៊ុករបស់សាលារាជធានីជួយប្រាប់ទៅ។ ដូចថ្ងៃបើកទី១ អញ្ចឹង ខ្ញុំដាក់អាហ្នឹងភ្លាមឃើញ comment នៅក្នុងផេករបស់ខ្ញុំ លើកយោបល់លើរឿងអនាម័យ រឿងកន្លែងចតឡាន។ ខ្ញុំ screenshot ឱ្យទៅឯកឧត្តម ឃួង ស្រេង។ ខ្ញុំថា បងស្រេង បងចូលទៅមើលផេកខ្ញុំ។ ឲ្យមន្ដ្រីរបស់យើងយកមតិរបស់ប្រជាពលរដ្ឋនៅហ្នឹង ដើម្បីគិតគូរ ព្រោះគាត់ជាអ្នកប្រើ។ យើងចង់បានយោបល់ពីអ្នកប្រើ ទើបយើងដឹងការពិត។ យើងគិតគូរមុនផលិត។ យើងគិតគ្នាយើង ប៉ុន្ដែពេលធ្វើហើយយើងសួរអតិថិជន បើធ្វើហើយគេពេញចិត្ត យើងធ្វើឲ្យច្រើនទៅ បានលក់ដាច់។ ប៉ុន្ដែបើយើងធ្វើទៅអតិថិជនថា ខ្ញុំចង់បានបែបនះ តែអ្នកឯងធ្វើបែបនោះដោយសារជំនាញរបស់យើងលក់ដាច់នៅកាណាដា អត់ទៅរួចទេ។
ចូលឆ្នាំនេះ ចូលរួមអបអរឱ្យសប្បាយទាំងអស់គ្នា។ ការសប្បាយរីករាយអបអរឆ្នាំថ្មី មិនមែនការមិនគិតពីរឿងជាតិទេ។ ថ្ងៃមុន ខ្ញុំវាហួសចិត្តគ្រាន់តែគេរៀបចំអង្គរសង្ក្រាន្ត មានគេចេញមកថាគេពង្វក់យុវជនមិនឲ្យគិតរឿងជាតិ។ មើលប៉ុន្មាននាក់ដែលគ្រោងទៅសង្ក្រាន្តសៀមរាប? ទៅខ្លួនឯង ឬទៅតាមយុវជន? ទៅខ្លួនឯងអាចអូតែលផ្កាយមួយពាន់។ ស្គាល់អូតែលផ្កាយមួយពាន់អត់? តែកក់អូតែលអត់ទាន់គេទេ ផ្កាយមួយពាន់ហើយ។ អូតែល ផ្ទះសំណាក់ គេមានដំបូល តែយើងកក់មិនទាន់ ក្រាលកន្ទេលដេកលើវាលស្មៅ មើលទៅលើមេឃស្រលះគឺផ្កាយមួយពាន់ហើយ។ ប៉ុន្ដែអ្នកខ្លះមិនសម្រាកទេ ខ្ញុំជឿ ដើរលេងទល់ភ្លឺ។ សូម្បីតែ Walk street នេះក៏មានអ្នកដើរទល់ភ្លឺដែរ។ អត់អីទេ ប្រទេសយើង សុខសន្ដិភាពហើយ ធ្វើដំណើរដោយសុវត្ថិភាព។
ពិសាគ្រឿងស្រវឹង សូមឲ្យទទួលខុសត្រូវ កុំបើកបរ គ្រោះថ្នាក់។ សមត្ថកិច្ចរបស់យើង អាជ្ញាធររាជធានីខេត្ត ខិតខំថែរក្សាសណ្ដាប់ធ្នាប់ រួមគ្នាសប្បាយទាំងអស់គ្នា។ ហើយតាមខេត្ត ខណ្ឌ រាជធានី សូមឲ្យធ្វើឲ្យបានច្រើន។ អ្នកទៅសៀមរាបក៏ទៅ អ្នកទៅកំពង់សោមក៏ទៅ។ អ្នកមកភ្នំពេញក៏មក អ្នកនៅមូលដ្ឋានក៏ (សប្បាយ) នៅមូលដ្ឋាន។ សង្ឃឹមថាក្រោយពីចូលឆ្នាំម្ដងនេះ យុវជន យុវនារី អាចរកគូបានច្រើនភ្ជាប់និស្ស័យមិនតិច។ ប៉ុន្ដែថ្ងៃមុនឃើញកូនកំលោះអាយុ ៨០ ជាង កូនក្រមុំអាយុ ៦០ ជាង (អញ្ចឹង) មិនជូនពរតែយុវជនទេ អាយុប៉ុណ្ណាក៏បានដែរ ឲ្យតែវាសនារកឃើញ។
ថ្លែងអំណរគុណ និងជូនពរ
សូមអរគុណជាថ្មី ដល់សាលារាជធានី ក្រុមជាងសាងសង់ ក្រុមហ៊ុន OCIC ក៏ដូចជាអង្គភាពពាក់ព័ន្ធទាំងអស់ដែលរួមគ្នាធ្វើការងារវិនិយោគកសាងសមិទ្ធផលដ៏ល្អនេះ។ ហើយសូមប្រសិទ្ធពរ ដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពលរដ្ឋទាំងអស់ ឲ្យទទួលបាននូវសេចក្ដីសុខ សេចក្ដីសប្បាយ។ចូលឆ្នាំថ្មីនេះ សូមជូនពរ សុខភាពល្អ ធ្វើដំណើរជុំគ្រួសារ សុភមង្គល ជោគជ័យ ក្នុងឆ្នាំថ្មីកាន់តែល្អប្រសើរទៅទៀត និងពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃនេះដែរ សម្រាប់យុវជនកាយឫទ្ធិ កាកបាតក្រហម សភាពសហព័ន្ធយុវជនកម្ពុជា បុគ្គលិក កម្មករ ៦០០ នាក់ ម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។សង្ស័យមានផែនការ ក្មួយៗទះដៃក៏ដូចចាំអ៊ំដែរ ព្រោះអ៊ំមុននឹងប្រកាសចរចាស្អី យើងចាំគេមើល! ដូច អាមេរិកប្រកាសស្អីហើយបានយើង។ យើងដូចអ៊ំប្រកាសបានប៉ុន្មានបានទះដៃ។ បានន័យថាដឹងប៉ុន្មាន អាចទៅហាងនេះ ហាងនោះ ប៉ុណ្ណេះអាចមិនស្រួលបានដល់ទន្លេបាទី។ ជូនសាលាខណ្ឌមានជ័យ ២ លាន រៀល, ជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធី ៥ លានរៀល, ជូនក្រុមតន្ដ្រីសម័យ ១០ លានរៀល, សាលាខណ្ឌចំការមន ២ លាន រៀល។
ថ្ងៃនេះ ខាងសិល្បករយើងចូលរួមមាន បង ហ៊ឹម ស៊ីវន អ្នកនាង ខាត់ សុឃីម លោក ជិន វឌ្ឍនា អ្នកនាង ស៊ុន ស្រីពេជ្រ លោក ខាត់ ជេមស៍ អ្នកនាង កែវ ចាន់សម្ផស្ស លោក គី សាវីន ម្ចាស់ពាន Cambodia idol អ្នកនាង ឆេង សូរិយា លោក ជឹម ជឿន អ្នកនាង ចំរើន ចរិយា អ្នកនាង បាន មុនីលក្ខណ៍ លោកជុំ លីណា អ្នកនាង ឡុង លីណា។ សូមអរគុណណាស់បានចូលរួមអបអរសាទរ ហើយជូនពរឆ្នាំថ្មីផង។ ហើយមានក្រុមតន្ដ្រីករពីអង្គភាពប្រឆាំងភេរវកម្ម អ្នកចំរៀង ៦ នាក់បានចូលរួម។ ហើយក្មួយៗយើងនេះ idol កុំភ្លេចចាប់គាត់ថត៕