ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិក រាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជាការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស, និងអង្គពិធី ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុង «ពិធីសម្ពោធអគារសិក្សា, អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ» ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ-បណ្ឌិត ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ខេត្តព្រះសីហនុត្រូវកសាងធនធានមនុស្ស ត្បិតជាខេត្តសេដ្ឋកិច្ចកំពង់ផែធំ
អម្បាញ់មិញ ឯកឧត្តមអភិបាលខេត្តធ្វើបទបង្ហាញ ទាក់ទងនឹងការកសាងសាលានេះ ដែលខុសពីសាលាផ្សេងៗសឹងតែនៅទូទាំងប្រទេស។ អគារទាំងអស់នេះ នៅលើទីតាំងចាស់ តែអគារថ្មីទាំងអស់។ កន្លងទៅ បើសិនជារបៀបបែបនេះ ទាល់តែយើងបង្កើតទីតាំងថ្មី យើងសង់ថ្មី។ បើទីតាំងចាស់ ភាគច្រើនយើងធ្វើអគារមួយឬពីរ និងជួសជុលខ្លះ តែកន្លែងនេះ យើងវាយអគារចាស់ចោលធ្វើថ្មីតែម្ដង។ ហាក់ដូចជាសាលាថ្មី ទីតាំងចាស់។ សមិទ្ធផលមិនមែនមួយអគារឬពីរអគារទេ បូកទៅគឺច្រើន។ សូមអបអរសាទរ។ ខ្ញុំសូមអរសាទរ ចំពោះប្រជាពលរដ្ឋអ្នកវាលរេញ អ្នកខេត្តព្រះសីហនុ និងសិស្សានុសិស្សទាំងអស់ក៏ដូចជា លោកគ្រូ អ្នកគ្រូ ចំពោះសមិទ្ធផលថ្មី ដែលយើងបានថ្ងៃនេះ ដែលមិនសម្រាប់តែក្មួយៗជំនាន់នេះទេ ប៉ុន្តែគឺសម្រាប់សិបជំនាន់តទៅទៀត។ ខេត្តព្រះសីហនុជាខេត្តដែលមានសក្ដានុពលមួយ ត្រូវកសាងធនធានមនុស្សជាកិច្ចការសំខាន់។ យើងអាចនិយាយបានថា វាជាករណីទូទៅនៅលើពិភពលោក សំរាប់ខេត្តដែលមានកំពង់ផែសេដ្ឋកិច្ចធំ។ នៅអាមេរិក រដ្ឋកាលីហ្វ័រញ៉ាមួយ សេដ្ឋកិច្ចទី៧ ឬទី៨ លើពិភពលោក។ នៅចិន ទីក្រុងសៀងហៃ …។
(២) វិនិយោគលើផែព្រះសីហនុឱ្យទៅជាផែអន្តរជាតិផង បំរើជាប្រព័ន្ធឡូជីស្ទីក/ភស្ដុភារកម្មតំបន់ផង
ខេត្តព្រះសីហនុជាខេត្តមួយក្នុងចំណោមបណ្តាខេត្តជាប់សមុទ្រនៅក្នុងទូទាំងប្រទេសនេះ ជាខេត្តនាំមុខនៅក្នុងកំពុងផែទឹកជ្រៅ។ យើងមានផែនៅខេត្តកំពត ខេត្តកោះកុង ជាដើម។ ខ្ញុំធ្លាប់បានប្រាប់ហើយថា អត់ប្រកួតបានជាមួយខេត្តព្រះសីហនុទេ។ ប្រទេសរបស់យើង ក៏ត្រូវកំណត់គោលដៅផែអាទិភាពធំ។ យើងត្រូវអភិវឌ្ឍផែផ្សេងទៀតនៅកោះកុង កំពត ប៉ុន្តែសម្រាប់ក្ដានុពលនិងការវិនិយោគ គ្រោងពីនេះទៅដល់ឆ្នាំ២០២៩ ជំហាន៣ គឺវិនិយោគជិត ១ពាន់លានបន្ថែមទៀត។ ឥឡូវជំហានមួយនៃការពង្រីក និងការពង្រឹងផែខេត្តព្រះសីហនុ ដែលខ្ញុំសម្ពោធពីដើមឆ្នាំទៅ ចាយ ២រយលានជាង ជាថវិកាឥណទាននិងសហការជាមួយជប៉ុន។ នៅសល់ពីរដំណាក់កាលទៀត ដែលត្រូវប្រើជាង ៦០០រយលានដុល្លារទៀត។ ការវិនិយោគលើផែព្រះសីហនុ មិនត្រឹមតែឱ្យទៅជាផែអន្តរជាតិទេ តែរៀបចំអោយបំរើជាតំបន់ភស្ដុភារកម្មនៃប្រព័ន្ធឡូជីស្ទីកតំបន់តែម្ដង … ថ្ងៃមុន បានជួបជាមួយឯកឧត្តម លូ គឹមឈន់ ក៏បានគិតពីទីតាំងយុទ្ធសាស្ត្រ៣ (ក្នុងការអភិវឌ្ឍ)ផែ(និងតំបន់ភស្ដុភារកម្ម/ប្រព័ន្ធឡូជីស្ទីក)នៅក្នុងតំបន់។ ទី១ លៀម ឆាបាង របស់ថៃ (ទី២) ខេត្តព្រះសីហុនរបស់យើង និង(៣) Cai Mep International Terminal របស់វៀតណាម។ គេរៀបចំជាប្រព័ន្ធនេះ។
(៣) ធនធានមនុស្សខេត្តព្រះសីហនុ ចាប់យកឱកាសបង្កើតផលរាប់សិបឆ្នាំតទៅ ជំរុញកម្លាំងសេដ្ឋកិច្ចជាតិ
ក្នុងន័យនេះ សក្ដានុពលរបស់ខេត្តព្រះសីហនុនឹងកាន់តែមានធំតទៅទៀត។ សក្ដានុពលនេះ ក៏ទាមទារត្រូវមានធនធានមនុស្សនៅហ្នឹងកន្លែង ជាពិសេស។ ការរៀបចំបណ្ដុះបណ្ដាល (គឺ)ធ្វើយ៉ាងណាឱ្យមានមូលដ្ឋានរឹងមាំសំរាប់ផលិតធនធានមនុស្សនៅហ្នឹងកន្លែង។ យើងមានប្រជាពលរដ្ឋផ្សេងៗ មកទីនេះ ប៉ុន្តែអ្នកខេត្តព្រះសីហុនដែលនៅផ្ទាល់នេះ គឺជាអ្នកដែលត្រូវមានសមត្ថភាព និងមានលទ្ធភាពនៅក្នុងការចាប់យកឱកាសទាំងអស់នេះ បម្រើអោយការអភិវឌ្ឍ។ អ្វីដែលយើងសម្ពោធថ្ងៃនេះ គឺនឹងរួមចំណែក(អោយអ្វីទាំង)ហ្នឹង(កើតឡើងបាន) គឺមិនមែនតែអគារទាំងនេះទេ ប៉ុន្តែផលដែលត្រូវបានសម្រាប់រាប់សិបឆ្នាំតទៅទៀត ពិសេសសម្រាប់ជំរុញអោយ សេដ្ឋកិច្ចនៃខេត្តខេត្តព្រះសីហនុមួយនេះ កាន់តែដើរ ជាកម្លាំងសេដ្ឋកិច្ចធំ ជួយជាតិយើងទាំងមូល។
[បញ្ចប់សេចក្ដីអធិប្បាយ១]
ផ្អែកតាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ-អភិបាលខេត្តព្រះសីហនុ, យើងសម្រេចបានវឌ្ឍនភាពគួរជាទីមោទនៈ សម្រាប់វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងក្របខ័ណ្ឌខេត្តព្រះសីហនុ, ទាំងលើទិដ្ឋភាពនៃគុណភាពវិស័យអប់រំ និងវត្តមាននៃហេដ្ឋារចនាសម្ព័ន្ធអប់រំនៅក្នុងមូលដ្ឋាន ។ ក្នុងន័យនេះ, ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះ-មូលដ្ឋានខេត្ត ថ្នាក់ដឹកនាំខេត្ត, មន្ទីរ, អង្គភាព, រដ្ឋបាលក្រុង ស្រុក, បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាចាត់ចែងអនុវត្ត ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការពិនិត្យឡើងវិញលើស្តង់ដាសាលារៀនគំរូ រៀបចំយន្តការចុះជួយគាំទ្រសាលារៀន យន្តការចុះ-វាយតម្លៃសាលារៀន និងយន្តការពិនិត្យតាមដាន ។ ជាពិសេស, ការប្រមូលផ្តុំធនធាន សម្រាប់គាំទ្រដល់ការអនុវត្តស្តង់ដាសាលារៀនគំរូ ធ្វើឱ្យសាលារៀនក្នុងខេត្តព្រះសីហនុមានការកើនឡើង ជាពិសេសជាប់លំដាប់ជាសាលាស្តង់ដាគំរូ និង ទទួលបានជ័យលាភីលេខ ១ និង លេខ ៥ ក្នុងការវាយតម្លៃ និងទទួលស្គាល់ជាអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ប្រចាំឆ្នាំ២០២៤ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៤) ធនធានមនុស្សកាន់តែប្រសើរ លទ្ធផលរបស់រោងចក្រកាន់តែមានគុណភាព
សូមអបអរសាទរ ចំពោះសមិទ្ធិផលនិងការបណ្ដុះបណ្ដាលធនធានមនុស្សនៅខេត្តព្រះសីហនុ ជាពិសេសនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលបានទទួលចំណាត់ថ្នាក់ជ័យលាភីលេខ៥ ជាអង្គភាពសេវាសាធារណៈគំរូឆ្នាំ២០២៤។ សូមលើកទឹកចិត្តដល់ក្រសួង អប់រំ យុវជននិងកីឡា ក្រសួងមុខងារសាធារណៈ ដែលបានធ្វើការវាយតម្លៃជាបន្តបន្ទាប់។ នេះជាការជំរុញនិងលើកទឹកចិត្ត។ ជាការប្រកួតប្រជែងចង់បានពានរង្វាន់ មិនមែនការប្រកួតប្រជែងដើម្បីអី្វផ្សេងទេ។ គឺជាការប្រកួតប្រកួតប្រជែងដើម្បីផលិតលទ្ធផលជាក់ស្ដែងក្នុងសាលា។ គឺផលិតធនធានមនុស្ស។ ពេលណាលទ្ធផលរបស់សាលាគឺធនធានមនុស្សកាន់តែប្រសើរ លទ្ធផលរបស់រោងចក្រផលិតរថយន្ត ក៏កាន់តែមានគុណភាព។ (បើនិយាយពី)ផលិតផលមនុស្សគឺ(ត្រូវគិតពី)គុណភាពសិស្ស គុណភាពគ្រូ និងការអប់រំ។ ផលបានពីគុណភាពមនុស្សគឺចែកបន្ត។ ខ្ញុំនិយាយថា មនុស្សកាន់តែចាស់ កាន់តែមានបទពិសោធន៍ចែករំលែកច្រើន។
យើងផលិតរថយន្តមួយ វាបម្រើតែភារកិច្ចមួយរបស់វា ហើយបន្តិចទៅក៏ថយទៅៗ។ ការផលិតទូរស័ព្ទដៃ ក៏មិនរីកទៅណាទេ។ មិនបង្កើតជាអ្នកណាជួយបង្រៀនអ្នកណាទៀតទេ។ ឧបករណ៍នេះនឹងថយ។ ឆ្នាំថ្មីកើតឡើងទំនើបទៀត។ ម្សិលមិញមានការនិយាយគ្នាថា អោយតែទូរស័ព្ទដៃម៉ូតថ្មីចេញ គឺទូរស័ព្ទចាស់គាំង។ មិនដឹងយ៉ាងម៉េច ឬមកពីយើង Update ច្រើនពេក។ មនុស្សមិនដូច្នោះទេ។ ចេញពីសាលាបឋម មធ្យម ថ្នាក់ទី១២ ប៉ុណ្ណឹង។ ដល់ចេញទៅធ្វើការ មានបទពិសោធន៍អាចចែករំលែកនិងបង្រៀនបានទៀត។ លោក/អ្នកគ្រូ ចេញពីសាលាប្រឡងចូលជាគរុសិស្ស រៀនបំប៉នសមត្ថភាព ចេញមកបង្រៀនទៀត។ ហ្នឹងហើយគុណភាពមនុស្ស គឺគុណភាពបង្កើតគុណភាពមនុស្សបន្ថែមទៀត។ បង្កើតថ្មី។ សុំបន្តការខិតខំជំរុញការប្រកួតប្រជែងនេះតទៅទៀត។ វិធានគន្លឹះ១ ក្នុងវិធានគន្លឹះ៥ របស់រាជរដ្ឋាភិបាល គឺរៀបចំការលើកទឹកចិត្តទៅតាមស្ថាប័នដែលជាផ្នែកមួយនៃការកំណែទំរង់រដ្ឋ ការប្រកួតប្រជែងការលើកទឹកចិត្ត ការផ្ដល់ការសរសើរ យើងនឹងបន្តទៀត។
[បញ្ចប់សេចក្ដីអធិប្បាយ២]
សូមអបអរសាទរ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់ជាប្រធាន-មន្ទីរគំរូឆ្នាំសិក្សា២០២៣-២០២៤ និងទទួលបណ្ណសរសើរជាប្រធានមន្ទីរដែលបានមានស្នាដៃល្អ ក្នុងការដឹកនាំ គ្រប់គ្រង និងជំរុញសាលារៀនគំរូ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ។
ជាមួយនឹងការរក្សាបាននូវសុខសន្តិភាព និងដើម្បីកសាងមូលដ្ឋានរឹងមាំ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់យកអាទិភាព គន្លឹះចំនួន ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបញ្ចកោណយុទ្ធសាស្ត្រទី ១ ផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធ-កម្ម, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និង ភាពធន់ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន ៥ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស រួមមាន ៖ ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ទី២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, ទី៣. ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន, ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង, និង ទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ។
ជាមួយនេះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព វិធានការចាំបាច់នានា និងកំណត់នូវក្របខ័ណ្ឌសមិទ្ធកម្ម ដែលរួមមាន សូចនាករគន្លឹះ, គោលដៅ និងវិធីសាស្ត្រវាស់វែងវឌ្ឍនភាព ដើម្បីពង្រឹងគុណភាពអប់រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្តិសិទ្ធភាព ប្រសិទ្ធភាព និង សមិទ្ធកម្ម តាមរយៈ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២. ការពិនិត្យកែ-លម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថសិស្ស, ទី៣. ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈ កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា, និងទី៤. ការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃ-គូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ» ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(៥) ធនាគារពិភពលោកបន្តសហការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសបណ្តាឆ្នាំដំបូងៗ
ម្សិលមិញ ខ្ញុំបានទទួលជួបលោកស្រីនាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា វៀតណាម ឡាវ។ យើងបានជជែកគ្នាលើច្រើនចំណុច។ ធនាគារពិភពលោកជាដៃគូរបស់យើង ៣០ឆ្នាំមកហើយៗ ក៏បានជួយក្នុងការកសាងប្រទេស ក្រោយពីយើងរួមគ្នាដំណាក់កាលទីមួយ។ ឥឡូវក៏បន្តរៀបចំផែនការជួយទៀត។ ធនាគារពិភពលោកមើលឃើញដូចរាជរដ្ឋាភិបាលថា ចំណុចខ្លាំងគឺគ្មានអីក្រៅពីមនុស្សទេ … សូម្បីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ត្រាំម៍ ដែលថ្ងៃមុនទើបនឹងលុបក្រសួងអប់រំថ្នាក់សហព័ន្ធ ក៏គឺដើម្បីបង្កើនភាពបត់បែននិងប្រសិទ្ធវិស័យអប់រំ ដោយផ្ដល់សិទ្ធឱ្យបណ្តារដ្ឋ។ រដ្ឋទាំងនោះធំជាងប្រទេសយើងមាន ធនធានធំជាងយើង …។
ការអប់រំគឺសំខាន់ … ធនាគារពិភពលោកក៏នៅបន្តជួយយើងបន្ថែមទៀត ក្នុងនោះគោលដៅអាទិភាពនៃការសហការរវាងកម្ពុជាជាមួយធនាគារពិភពលោក ផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសការបណ្ដុះបណ្ដាលឆ្នាំដំបូង ដូចគ្នានឹងការដែលយើងផ្ដោតលើថ្នាក់បឋមនិងមធ្យម និងមត្តេយ្យ។ គាត់ថាការសិក្សានិងការពង្រឹងមូលធនមនុស្សពីក្មេងជាការសំខាន់។ បើគ្មានមូលដ្ឋានរឹងមាំពីក្រោមទេ (មិនអាចសង្ឃឹមថារឹងមាំនៅខាងលើបាន)ទេ។ អញ្ចឹង ត្រូវគិតតាំងពីអាហារូបត្ថម្ភ។ មានមត្តេយ្យសហគមន៍ជាង ៣០ម៉ឺនសាលា។ យើងរៀបចំអាហារូបត្ថម្ភ ជាពិសេសផ្ដោតលើសាលាបឋមសិក្សា និងមធ្យមសិក្សា។ ថ្ងៃនេះ យើងមកសម្ពោធវិទ្យាល័យ គឺស្ថិតនៅក្នុងកម្រិតមូលដ្ឋាននេះឯង។ ចង់ទៅរៀនសាកលវិទ្យាល័យ ទាល់តែមូលដ្ឋានរឹងមាំ ១២ឆ្នាំ។
(៦) ពង្រឹងវិស័យអប់រំថ្នាក់មូលដ្ឋាន គិតចូលការពង្រឹងការបណ្ដុះបណ្ដាលនៃសាលាក្រោមក្រសួងការងារ
ម្សិលមិញនេះ ខ្ញុំបានប្រជុំជាមួយនឹងឯកឧត្តម ហង់ជួន ណារ៉ុន, ឯកឧត្តម ហេង សួ។ ក្នុងការពង្រឹង(វិស័យអប់រំថ្នាក់)មូលដ្ឋាននេះ យើងមិនត្រឹមតែពង្រឹងសាលារបស់ក្រសួងអប់រំទេ យើងត្រូវពង្រឹងមូលដ្ឋានបណ្ដុះបណ្ដាល រួមទាំងបណ្តាសាលាក្រោមក្រសួងការងារគឺបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ តាំងពីដើមអាណត្តិមក ខ្ញុំបានប្រគល់ភារកិច្ចឱ្យក្រសួងទាំងពីរ សិក្សា/ជជែកគ្នា ដកពិសោធន៍ពីកន្លែងផ្សេងធ្វើម៉េចតម្រង់ទិសគន្លងអប់រំឱ្យបាន។ យើងឃើញថា សិស្សមួយចំនួនរៀនដល់ថ្នាក់ទី៩ ហើយអត់ទៅ(រៀនបន្ត)ទៀតទេ។ ចេញទៅធ្វើការ។ គាត់ឈប់(រៀន)។ មិនមែនមានតែនៅស្រុកយើងទេ។ ស្រុកគេ ដូចសឹង្ហបុរីអីគឺដាក់កូតាតែម្ដង ដូចជាថាប៉ុន្មាននាក់រៀន polytechnic ប៉ុន្មានរៀនចំណេះដឹងទូទៅដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច។ យើងក៏ដូចគ្នា។ ត្រូវគិតគូរអំពីការតម្រង់ទិស។ ប៉ុន្តែយើងមិនឈានដល់ធ្វើដូចសឹង្ហបុរី ដែលដាក់ច្បាប់ប៉ុន្មានភាគរយត្រូវតែទៅនេះឬទៅនោះ។ មិត្តភក្ដិសឹង្ហបុរីមួយចំនួនថា គាត់ទៅរៀនក្រៅប្រទេសដោយសារនៅក្នុងប្រទេស បើចង់រៀនមហាវិទ្យាល័យមិនជាប់ទេ ដោយសារអត់ជាប់កូតា។ គាត់ត្រូវទៅរៀន polytechnic។ អញ្ចឹងគាត់ទៅរៀននៅក្រៅប្រទេស។ ដោយសារការរៀបចំតម្រង់ទិសនេះហើយ បានប្រទេសមួយចំនួនមានមូលដ្ឋានធនធានមនុស្សសំរាប់ឧស្សាហកម្ម បច្ចេកវិទ្យា បត់បែនលឿន។ យើងត្រូវតម្រង់ទិសធ្វើយ៉ាងណាឱ្យកូនរបស់យើង ក្មួយរបស់យើង ចៅរបស់យើង មានសមត្ថភាពគិតគូរ និងសម្រេចចិត្តតាំងពីដើមទី។
(៧) ផ្ដល់ការណែនាំ/តម្រង់ទិសអាជីពពីដើមទី គឺក្រោយពីថ្នាក់ទី៩ ទៅថ្ងៃខាងមុខ
ពីមុន យើងក៏មានកម្មវិធីនេះ ប៉ុន្តែយើងចាំដល់រៀនថ្នាក់ទី១២ ចប់ហើយ បានមានការតម្រង់ទិស។ អញ្ចឹងគាត់រៀន ១២ ឆ្នាំហើយ បានទៅ។ ខ្ញុំបានឱ្យគិតគូរឡើងវិញថា គួរតែផ្ដល់ការណែនាំនេះពីដើមទីបន្តិចទៅ ដើម្បីឱ្យគាត់សម្រេចចិត្ត។ យើងបានដាក់ទិសដៅទៅថ្ងៃមុខចង់ឱ្យសម្រេចចិត្ត ក្រោយពីថ្នាក់៩។ នៅថ្នាក់ទី៧ ទី៨ យើងពន្យល់គាត់ ណែនាំឱ្យឪពុកម្ដាយយល់។ ជួនកាល នៅមានការយល់ច្រឡំថា រៀនបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅរៀនធ្វើកម្មករ។ មិនអញ្ចឹងទេ។ ជំនាញបច្ចេកទេសនេះ មិនមែនតែកម្មករនោះទេ គឺមានជំនាញខាងអគ្គិសនី ខាងបច្ចេកវិទ្យាមួយចំនួន ដែលអាចធ្វើទៅបាន ធ្វើជាអ្នកគ្រប់គ្រងក៏ដោយ ដើម្បីឱ្យយល់ ហើយធ្វើការសម្រេចចិត្ត(ជ្រើសរើសជំនាញ)។ យើងមិនបង្ខំ ប៉ុន្តែយើងនឹងពន្យល់ឱ្យបានច្រើន។ អញ្ចឹង (យើងចាប់ផ្ដើមតម្រង់ទិសពីថ្នាក់ទី៧ ដល់)ថ្នាក់ទី៩ ជាជាងគាត់សម្រេចចិត្តមិនច្បាស់ ឬមួយក៏គាត់បោះបង់ចោល ឬមួយក៏គាត់ចេញទៅធ្វើការដោយមិនទាន់មានជំនាញគ្រប់គ្រាន់។ យើងនឹងខិតខំពន្យល់ពីថ្នាក់ទី៧ ទី៨ ឬមុននោះទៀត ដើម្បីឱ្យឪពុកម្ដាយបានយល់ និងឃើញថាតើជំនាញយ៉ាងម៉េច។
(៨) រៀបចំគន្លងឱ្យសិស្សរៀនសាលាវិជ្ជាជីវៈ មានមូលដ្ឋានចំណេះដឹងទូទៅ អាចផ្ទេរសាលាបាន
គន្លឹះមួយដែលថា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនសូវទាក់ទាញ គឺការរៀបចំងាប់ក្រឡា បានន័យថាផ្លូវទាល់។ បើចូលថ្នាក់ទី៩ ទៅរៀនសាលាហ្នឹង ថ្ងៃក្រោយគាត់មិនអាចទៅរៀនមហាវិទ្យាល័យបាន។ គាត់ទៅរៀនហ្នឹង គឺលែងបានថ្នាក់បាក់ឌុបហើយ។ ការរៀបចំថ្មីនេះ ត្រូវរៀបចំគន្លងឱ្យអាចផ្លាស់ប្ដូរពេលក្រោយទៀត។ ឧទាហរណ៍ រៀនថ្នាក់ទី៩ មិនបានទៅរៀន(អនុ)វិទ្យាល័យយកសញ្ញាបត្រទេ។ គាត់ទៅសាលាបណ្ដុះបណ្ដាល TVET។ អញ្ចឹងត្រូវបំប៉នយ៉ាងម៉េច ដាក់បញ្ចូនកម្មវិធីយ៉ាងម៉េច ដើម្បីឱ្យមានជំនាញមូលដ្ឋានចំណេះដឹងទូទៅផង ដើម្បីអាចទទួលបានសញ្ញាបត្រដូចបាក់ឌុប។ ពេលក្រោយ គាត់ចង់ផ្ទេរចុះឡើង គាត់អាចធ្វើបាន។ នេះជាជំរើស។ បើមិនអញ្ចឹងពិបាក … យើងងាប់ក្រឡា។ តាមការសិក្សាស្រាវជ្រាវ និងតាមការអោយដឹងពីថ្នាក់ដឹកនាំចាស់ៗ យើងរៀងលំបាកបន្តិច ដោយសារពេលដែលរៀន TVET នេះ បើចង់ទៅ(សាលាទូទៅ)វិញ ទាល់តែប្រលងកម្រិតខ្ពស់ ដូចជានៅតិចណូជាដើម។ អញ្ចឹង កូនចៅប្រជាពលរដ្ឋក្រីក្រ ដែល(ជីវភាព)ពិបាកមួយចំនួន ពិបាកប្រលងជាប់ ហើយ(ក៏រើស)ចំនួនតិច(ផង)។ យើងរៀបបែបនេះ ដើម្បី(ឱ្យពួកគាត់មានឱកាស)។ សួរថា ធ្វើបែបនេះ ដើម្បីអី្វ? ដើម្បីបើក(ឱ្យមាន)ជម្រើសច្រើន ឱ្យក្មេងៗ កូនចៅយើង។
(៩) ផ្ដល់ឱកាសឱ្យជំនាន់ក្រោយមានសុខភាពល្អ មានចំណេះដឹង មានឱកាសការងារចិញ្ចឹមជិវិត
ទោះបីជាគាត់ទៅធ្វើការក៏ដោយ ក្រោយពីអនុវិទ្យាល័យទៅគាត់មានជម្រើសទៅរៀនបំប៉នចំណេះដឹងទូទៅសម្រាប់ធ្វើការ។ គាត់មិនចំណាយ ៣ឆ្នាំរៀននៅវិទ្យាល័យដើម្បី(បញ្ចប់ថ្នាក់ទី១២)នោះទេ។ គាត់ទៅ(រៀនជំនាញវិជ្ជាជីវៈ)នោះ។ ថ្ងៃក្រោយ គាត់មានសញ្ញាបត្រមួយដែលអាចផ្គូផ្គងស្មើគ្នា។ ថ្ងៃក្រោយ មករៀនមហាវិទ្យាល័យយក(ជំនាញ)អីទៀតគឺគាត់មានជម្រើសបែបនេះ។មិនមែនមានតែនៅក្នុងស្រុកខ្មែរទេ។ នៅក្រៅប្រទេសក៏ដូចគ្នា។ មិនមែនទាំងអស់គ្នាទៅរៀនមហាវិទ្យាល័យ ឬមួយវិទ្យាល័យទេ។ អ្នកខ្លះ(ងាកមករៀនយកជំនាញ) ដូច Bill Gate ដូចស្អីហ្នឹង គាត់រៀនអត់ចប់មហាវិទ្យាល័យផង។ គាត់ទៅ(រៀន)ជំនាញ។ ក្រោយមកគាត់ធ្វើការ។ នេះជាការគិតគូរ ផ្ដល់និងពង្រឹងឱកាសឱ្យក្មួយៗ ជំនាន់ក្រោយ។ ប៉ុន្តែធ្វើយ៉ាងណា ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ គោលការណ៍ទទួលខុសត្រូវសម្រាប់កូនចៅប្រជាជនម្នាក់ៗ មានតែ ៣ទេគឺ ទី១ ឱ្យគាត់មានសុខភាពល្អ, ទី២ ឱ្យគាត់មានចំណេះដឹង ហើយទី៣ រកឱកាសការងារឱ្យគាត់ ឬបង្កើតបរិយាកាសឱ្យគាត់រកស៊ីបាន ចិញ្ចឹមជិវិតបាន។ ទោះបីធ្វើថៅកែខ្លួនឯង រកស៊ីខ្លួនឯង ធ្វើការ NGO ធ្វើការរដ្ឋ ធ្វើការអី (មាន)៣ហ្នឹង ធានាលំនឹង ស្ថិរភាព សន្ដិភាព សន្ដិសុខឱ្យគាត់រស់នៅបានស្រួល …។
រាជរដ្ឋាភិបាលច្រើនអាណត្តិមកនេះ រួមទាំងអាណត្តិទី៧ ដាក់ចេញគោលនយោបាយ ជាពិសេស អាទិភាពទី១ គឺរឿងសុខភាពហ្នឹងឯង។ យើងពង្រឹងមូលដ្ឋានសុខាភិបាល យើងបង្កើតកម្មវិធីជួយផ្សេងៗ។ ប្រជាពលរដ្ឋក្រីក្រដែលអត់លទ្ធភាព មានប័ណ្ណសមធម៌ រដ្ឋចេញថវិកាជូន។ យើងរៀបចំ ប.ស.ស ជូនមន្រ្តីរាជការ។ (គិតគូរអំពីបញ្ហា)គ្រោះថ្នាក់ការងារ ថែទាំសុខភាពអី សម្រាប់កម្មករ កម្មការិនី។ (ទី២) រៀបចំវគ្គបណ្ដុះបណ្ដាលឱ្យ ១លាន ៥សែននាក់ អាហារូបករណ៍សម្រាប់កូនចៅប្រជាពលរដ្ឋចង់រៀន។ ពីមុន យើងមានវគ្គបន្តបន្ទាប់ដែលផ្ដល់ឱ្យសម្រាប់ប្រជាពលរដ្ឋ មន្រ្តីរាជការដែលចង់(ទទួលបានការបណ្តុះបណ្តាល)។ នៅតាមក្រសួងស្ថាប័ន ក៏ពង្រឹងការពង្រឹងមន្រ្តីតាមរយៈការបណ្ដុះបណ្ដាលផ្សេងៗ។ ខ្ញុំក៏ឃើញថា មន្រ្តីរបស់យើង លោក/អ្នកគ្រូ ក៏មានទៅរៀន យកសញ្ញាបត្រច្រើន។ ខ្ញុំចែកសញ្ញាបត្រម្ដងៗ មានគ្រូបឋមនិងវិទ្យាល័យ។ ថ្ងៃមុនចែកសញ្ញាបត្រគ្រូនៅខេត្តកំពត។ គាត់បង្រៀននៅវិទ្យាល័យខាងមុខហ្នឹង។ ពេលព្រឹកធ្វើគ្រូ ល្ងាចឆ្លងផ្លូវមកធ្វើកូនសិស្ស។ ជាឱកាសដើម្បីគាត់បង្កើនគុណវុឌ្ឍិ។ ទី៣ បង្កើត ពង្រីកវិសាលភាពការងារ ហើយការងារល្អ។ មិនមែនគ្រាន់តែការងារមានទេ តែមានលក្ខខណ្ឌការងារ ច្បាប់ការងារ យកចិត្តទុកដាក់ទាំងអាហារូបត្ថម្ភ ទាំងការធ្វើដំណើរអីផ្សេងៗ។ ក្រសួងការងារក៏បានធ្វើ។ គ្រប់អាណត្តិមកនេះក៏បានខិតខំ។ ពីមុន យើងក៏បង្កើតនូវមត្តេយ្យ ទារកដ្ឋានអីផ្សេងៗ ជាការខិតខំបន្ថែមទៀត …។
(១០) ការអប់រំសម័យទំនើប ត្រូវការហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបំពាក់សំរាប់ប្រើក្នុងការសិក្សា
ការអប់រំ/ការបណ្ដុះបណ្ដាលនៅថ្នាក់ក្រោម កត្តាមួយសំខាន់គឺការដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ … គន្លឹះនៃការអប់រំនោះគឺ ទី១ គ្រូ។ អត់គ្រូ ការសិក្សាទៅមិនរួចទេ។ ពិតណាស់ មានអ្នករៀនតាមអនឡាញ រៀនខ្លួនឯងមែន ប៉ុន្តែបើគ្មានគ្រូ ការអប់រំផ្លូវការ អប់រំជាលក្ខណៈផ្លូវការ ទៅមិនរួចទេ។ អាចអប់រំតាមផ្ទះ អប់រំក្រៅផ្លូវការបាន។ អញ្ចឹងបានខិតខំយកចិត្តទុកដាក់លើគុណភាពគ្រូហើយ។ ក្រសួងការងារ ក្រសួងអប់រំ បានខិតខំដើម្បីបង្កើនគុណវុឌ្ឍិគ្រូ ទាំងចំណេះដឹងទូទៅ ទាំងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធានានូវការអប់រំបានជោគជ័យ។ ប៉ុន្តែកត្តាមួយទៀត ដែលសំខាន់សម្រាប់ការអប់រំសម័យទំនើប គឺហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបំពាក់កម្មវិធីសិក្សានេះ។ ចាំបាច់។ ថ្ងៃនេះ ខ្ញុំមិនមែនមកនិយាយថា យើងត្រូវធ្វើទេ។ ខ្ញុំមកសម្ពោធអ្វីដែលយើងបានធ្វើរួចហើយ។ អ្នកណាថាខ្ញុំអួត មកមើលអគារហ្នឹងទៅ។ នេះជាសមិទ្ធផលដែលយើងបានធ្វើ និងបន្តធ្វើតទៅទៀត។ ការកសាងហេដ្ឋារចនាសម្ព័ន្ធគោល ថ្នាក់រៀន, ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ មានផ្ទះគ្រូ ទីចាត់ការ បណ្ណាល័យ តារាងបាល់ជាស្ដង់ដា បណ្ដុះបណ្ដាលរៀនសូត្រ កីឡា ទាំងអស់ដែលយើងអាចធ្វើទៅបាន។
(១១) ឆ្នាំនេះ(២០២៥) ចុះជួបលោក/អ្នកគ្រូ ហើយឆ្នាំក្រោយ(២០២៦)ចុះជួបកម្មករ/ការិនីឡើងវិញ
មួយអាណត្តិ ពីរអាណត្តិមុនហ្នឹង សម្ដេចតេជោបន្ថែមថវិកាកសាងសាលារៀនហ្នឹង ដោយចំណាយជាង ៥០០ លាន(ដុល្លារ) ហើយកសាងជាង ១០០០ (អគារសិក្សា)នៅទូទាំងប្រទេស។ នៅសល់ជាង ៩០០ខ្នង ដែលមិនទាន់សម្ពោធ។ ថ្ងៃនេះមកសម្ពោធដូចជា ៦ខ្នងអញ្ចឹងទៅ។ បន្តិចទៀត ប្រហែលជាដើរចុះជួបលោកគ្រូអ្នកគ្រូច្រើន។ ឆ្នាំក្រោយជួបជាមួយកម្មករ/ការិនីឡើងវិញ។ យើងជួបគ្នាឆ្នាំដំបូង។ ឆ្នាំក្រោយនឹងទៅជួបជាមួយបងប្អូនកម្មករ កម្មការិនី។ ឆ្នាំនេះ ប្រហែលដើរជួបលោកគ្រូអ្នកគ្រូច្រើនតាមសាលា។ ទុកតាមវត្តឱ្យក្រុមការងារ ឬប្អូនៗចុះ ដើម្បីទទួលស្នាមស្លាជាប់ថ្ពាល់ម្ដងចុះ។ ពីមុន ខ្ញុំម៉ៅដាច់រឿងសាសនា។ សម្ដេចតេជោទៅជួបកម្មករ/ការិនី បានស្នាមក្រែមជាប់ថ្ពាល់។ ដល់តែខ្ញុំជួបយាយតា បានស្នាមស្លា … ចូលមក មានអ៊ំៗ អ្នកគ្រូៗ សុំឱប។ ខ្ញុំជម្រាបអញ្ចេះ តែសុំខ្ញុំៗអៀនណាស់។ បើឱបៗ តែម្ដងទៅ … នេះគឺជាការរួមគ្នាអបអរសាទរសមិទ្ធផលក្នុងសន្តិភាព។ សន្តិភាពបានផ្លែផ្កាមកគឺសប្បាយរួមគ្នា។ បន្តិចទៀតបុណ្យចូលឆ្នាំខ្មែរហើយ។ អ្នកណាថាមិនឲ្យយើងចូលឆ្នាំ មិនគិតរឿងជាតិ ហ្នឹងមិនដឹងថាម៉េចទេ។ មកអបអរសាទរសមិទ្ធផលបណ្ដុះបណ្ដាលកូនចៅអ្នកកំពង់សោម អ្នកខេត្តព្រះសីហនុនេះហើយគិតរឿងជាតិ។ នេះហើយដែលយើងសប្បាយសាទរសមិទ្ធផលថ្មី …។
(១២) សូមគ្រូៗ ប្រកាន់ជំហរត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព កុំបាក់ទឹកចិត្ត ដើម្បីបានផលទៅសិស្ស
ម្សិលម្ង៉ៃ មានពូម្នាក់អង្គុយជាមួយគ្នា និយាយថា “… ពូមើលទៅក្មួយឯង គ្មានអារម្មណ៍ហត់ទេឬ។ មួយថ្ងៃៗ ចុះតែធ្វើ ហើយគេជេរថាមិនធ្វើអីទៀត”។ ខ្ញុំថា ហត់កាយ កុំឲ្យតែហត់ចិត្ត។ បើគេដុតយើងឲ្យហត់ចិត្ត យើងទៅហត់តាមធ្វើអី។ ឲ្យអ្នកជេរគេហត់ខ្លួនឯងទៅ។ តែជេរយើងៗ មិនឈឺ គេហត់ចិត្តខ្លួនឯង។ របៀបខ្ញុំគឺថា អ្នកថាជារឿងរបស់អ្នកថា អ្នកធ្វើផ្សេង។ រឿងរបស់អ្នកថា គេចង់បានជោគជ័យពេលដែលយើងឈឺក្បាល។ បើសិនជាគេថា គេរិះគន់ ហើយយើងនៅតែសប្បាយចិត្ត បានន័យថា យើងអត់បារម្ភ។ អញ្ចឹងគេមិនជោគជ័យ។ ផ្ទុយទៅវិញ បើយើងអង្គុយតែតូចចិត្តនឹងវាសនា ធ្វើយ៉ាងណាកុំឲ្យគេថា ចប់ហើយ … បើគេថាផ្កានេះពណ៌បៃតង ខ្ញុំថាពណ៌លឿង គេជេរ។ ខ្ញុំថាអត់ត្រូវទេ ទាល់តែពណ៌បៃតងដូចគេបានត្រូវ។ អញ្ចឹងខ្ញុំថាពណ៌បៃតង។ សួរថាគេសប្បាយចិត្តអត់? ថាអត់ទេ។ បន្តជេរតទៀត។ ថាគ្មានជំហរច្បាស់លាស់។ ភូត។ តាមពិតពណ៌លឿងសោះ។ អ្វីដែលខ្ញុំនិយាយ មិនមែនសំរាប់តែខ្ញុំនោះទេ។
រាជរដ្ឋាភិបាលក៏ដូចគ្នា។ អ្នកធ្វើមិនដែលល្អឥតខ្ចោះទេ។ លោកគ្រូអ្នកគ្រូដូចគ្នា។ ជួនកាលកែពិន្ទុទៅ សិស្សធ្លាប់បាន១០ ដល់យើងឲ្យ៨ទៅ សិស្សអន់ចិត្តថាអយុត្តិធម៌អីអញ្ចឹងទៅ មានឬទេ? ខ្ញុំក៏ធ្លាប់ជាសិស្ស និងជាគ្រូជំនួយដែរកាលពីរៀននៅក្រៅប្រទេស។ វាជាអារម្មណ៍។ យើងមានជំហរច្បាស់លាស់មួយ ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ យើងបន្តធ្វើ។ គោលដៅគឺទោះគាត់មិនសប្បាយចិត្តថ្ងៃនេះតែនៅតែទីបំផុតគាត់ជាសិស្សដែលយើងចូលរួមបង្រៀនឲ្យបានផលដែរ។ កុំបាក់ទឹកចិត្ត។ ខ្ញុំចុះទៅស្រុកខ្លះ លោក/អ្នកគ្រូគ្រវីក្បាលថា … សិស្សឥឡូវពិបាកបង្រៀនណាស់។ ខ្ញុំចង់បាក់ទឹកចិត្តម្ដងៗ ចង់ឈប់មកបង្រៀន។ កុំអីលោក/អ្នកគ្រូ។ គួរតែបន្ត។ សិស្សតែម្នាក់ឬពីរនាក់ក្រឡុក តែសិស្ស២០-៣០នាក់ ទៅរាប់រយនាក់បានផល។ ម្នាក់ពីរនាក់នេះ យើងអប់រំណែនាំទៅ។ បើគាត់មិនខំរៀន ហ្នឹងរឿងរបស់គាត់។ យើងខិតខំអស់់ហើយ។
(១៣) កុំឈឺក្បាលនឹងពាក្យអ្នកថា តែប្រឹងធ្វើកិច្ចការផ្គើនវិញ
វិធីសាស្រ្តរបស់យើង ទី១ គឺកុំឈឺក្បាលនឹងអ្នកថាច្រើនពេក។ ទី២ ធ្វើផ្គើនវិញ។ ផ្គើនរឿងអ្វី? បើគេថា យើងគ្មានធ្វើអ្វីទាំងអស់ យើងសម្ពោធសមិទ្ធផលកាន់តែច្រើន។ បើគេចោទថាយើងមិនយកចិត្តទុកដាក់ដល់ប្រជាជន យើងដាក់ចេញកម្មវិធីជួយប្រជាពលរដ្ឋឲ្យច្រើន ផ្ដល់អាហារូបករណ៍ដល់កូនសិស្សឲ្យច្រើន ជួយដល់ប្រជាពលរដ្ឋដែលគាត់ខ្វះសមត្ថភាពទៅពេទ្យ។ កសាងពេទ្យឲ្យច្រើន រុញបណ្ណសមធម៌ឲ្យច្រើនដល់ប្រជាពលរដ្ឋ។ នេះបានថាផ្គើន។ បើគេចោទយើងថា ប្លន់ដីប្រជាពលរដ្ឋ យើងត្រូវខិតខំដោះស្រាយកន្លែងណាដែលមានបញ្ហាជូនគាត់ឲ្យបាន បង្កើតកម្មវិធីជួយប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ។ កន្លងទៅ ក្រសួងដែនដី និងរាជរដ្ឋាភិបាល ដោះស្រាយដីជូនប្រជាពលរដ្ឋបានច្រើន។ ឥឡូវនេះ យើងបង្កើតកម្មវិធីសំរាប់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ ឲ្យដីជូនប្រជាពលរដ្ឋ ហើយឌឺអ្នកទាំងនោះតែម្ដង។ បើគេចោទអី យើងធ្វើហ្នឹងទៅ។ កុំអន់ចិត្ត កុំអង្គុយយំ ឌឺទៅវិញធ្វើឲ្យបានច្រើន។ បើគេចោទថា យើងមិនអើពើរឿងទឹកដី យើងពង្រឹងការចរចារឿងព្រំដែន បោះបង្គោល កសាងអភិវឌ្ឍព្រំដែនឲ្យច្រើន កសាងផ្លូវក្រវាត់ព្រំដែនឲ្យច្រើន ពង្រឹងកងទ័ពយើង ជួយកងទ័ពយើងឲ្យច្រើននៅតាមព្រំដែន។ យើងធ្វើបែបនេះ គឺផ្គើនហើយ។ អ្នកឯងថាក៏ថាទៅ តែអរគុណហើយដែលបានចំណុចខ្ញុំជាការលើកទឹកចិត្ត ដើម្បីខ្ញុំខំប្រឹងធ្វើ។ យើងប្រើវិធីហ្នឹងវិញ កុំឲ្យគេធ្វើឲ្យបាក់ទឹកចិត្ត។
(១៤) អ្នកឯងស្រែកតាមវេទិកា តែខ្ញុំនៅនិងធ្វើកិច្ចការស្និទ្ធជាមួយប្រជាពលរដ្ឋ
មិនមែនមានតែខ្ញុំទេ រឿងនេះវាសឹងតែកើតមានចំពោះប្រជាពលរដ្ឋទូទៅទៅហើយ។ ធម្មតា ជួនកាល ធ្វើការនៅកន្លែងជាមួយគ្នា មានអ្នកមាត់លិចមាត់កើត។ កុំឈឺក្បាល។ ថាអីថាទៅ ថាតែឯងទៅ។ ខ្ញុំធ្វើនៅតែធ្វើ។ បើគេថាកាន់តែច្រើន យើងផ្ចាញ់គេតាមរយៈការធ្វើឲ្យច្រើន។ នេះហើយជាអ្វីដែលជាការពិត។ ស្នេហ៍មិនឈ្នះស្និទ្ធទេ។ អ្នកឯងថាតាមវេទិកា តែខ្ញុំធ្វើស្និទ្ធជាមួយប្រជាពលរដ្ឋ។ ថ្ងៃនេះ ខ្ញុំមកជួបប្រជាពលរដ្ឋនៅទីនេះ ១ពាន់នាក់ជាង អ្នកឯងថា ខ្ញុំអត់ធ្វើអីទាំងអស់ ប៉ុន្តែប្រជាពលរដ្ឋនៅទីនេះបានដឹងថាកំពុងសម្ពោធសាលាដែលកូនចៅគាត់ត្រូវរៀន។ អ្នកគ្រូបានឃើញសាលាពីមុនធ្វើយ៉ាងម៉េច ឥឡូវធ្វើយ៉ាងម៉េច។ មួយជីវិតរបស់ខ្ញុំ ដោយសារពុកចេញតស៊ូពីឆ្នាំ៧០ ជាង ប្រឈមនឹងគ្រោះថ្នាក់។ ក្រោយមកត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សជឿទុកចិត្ត ក៏ឲ្យគាត់ដឹកនាំប្រទេស។ ពីកូនកសិករម្នាក់ ទៅជាអ្នកដឹកនាំប្រទេស … ថ្ងៃមុន ខ្ញុំជួបសមាជិកសភាពីអាមេរិកមួយរូប។ ឪពុករបស់គាត់ក៏ជាសមាជិកសភា ហើយក៏ធ្លាប់ជារដ្ឋមន្រ្តីការពារជាតិអាមេរិក។ គាត់និយាយថាធ្វើម៉េចក៏នៅតែនៅក្រោមស្រមោលឪពុក។ តែគាត់ថាអត់បញ្ហា នៅតែធ្វើបន្ត។
តាំងពីខ្ញុំនៅរៀនថ្នាក់វិទ្យាល័យ មានម្នាក់មកនិយាយឌឺ “អាណែត មិនបាច់រៀន ក៏ជាប់ដែរ”។ គាត់ដើរទៅប្រាប់គេឯង … អញ្ចឹង តើយើងត្រូវធ្វើម៉េច? ទៅហៅអ្នកហ្នឹងមកសំពះគាត់ អង្វរគាត់ឱ្យឈប់និយាយឬ? គាត់និយាយក៏និយាយទៅ។ អ្វីដែលខ្ញុំបានធ្វើឲ្យគាត់ចាញ់ហើយចាញ់ក្រាបរហូតនោះគឺទង្វើ។ ខ្ញុំមិនមាត់ទេ។ ខ្ញុំដឹង។ តែខ្ញុំមិនទៅរករឿងទេ … សំខាន់ខ្ញុំខំប្រឹងរៀន។ ដល់ខ្ញុំខំប្រឹងរៀន តើអ្នកណាជាសាក្សី? គ្រូខ្ញុំ និងមិត្តរួមថ្នាក់របស់ខ្ញុំ។ អ្នកទាំងនេះគឺជាសាក្សីល្អបំផុត។ ទោះបីខ្ញុំចាកចេញហើយ ក៏អ្នកគ្រូនៅតែប្រាប់សិស្សជំនាន់ក្រោយថា កូននាយករដ្ឋមន្រ្តីក៏គេប្រឹងរៀនដែរ។ អ្នកដែលថាឲ្យខ្ញុំ ពេលចប់គាត់ទៅបាត់ទៅ។ ជារឿងរបស់គាត់។ តែសំខាន់ការខិតខំប្រឹងប្រែងរបស់យើងនេះ បានបញ្ជាក់នូវភស្ដុតាងជាក់ស្ដែង មានសាក្សីជាក់ស្ដែង។ លោកគ្រូ អ្នកគ្រូដែលបង្រៀនផ្ទាល់ជាអ្នកដាក់ពិន្ទុយើង។ អ្នកឲ្យពិន្ទុយើងទើបដឹងថាយើងយ៉ាងម៉េច។
(១៥) មិនខ្វល់នឹងសំឡេងរំខាន តែយកចិត្តទុកដាក់នឹងសំឡេងពិតរបស់ប្រជាពលរដ្ឋ
ការដឹកនាំប្រទេសក៏ដូចគ្នា។ ចៀសមិនផុតទេ។ គ្មាននរណាដែលល្អឥតខ្ចោះ ឬគេស្រឡាញ់គ្រប់គ្នានោះទេ។ ទស្សនៈខុសគ្នា។ ប៉ុន្តែ អ្វីដែលសំខាន់គឺការធ្វើពិតប្រាកដ។ អ្នកឯងចង់ថាអ្វីថាចុះ (អ្នកឯងនៅឆ្ងាយ)រាប់់ពាន់គីឡូថាអីថាចុះ តែអ្វីដែលយើងធ្វើគឺឲ្យប្រជាពលរដ្ឋដែលនៅកៀកនឹងយើង អ្នកនៅជាមួយយើង បានផលជាក់ស្ដែង ទទួលស្គាល់នូវអ្វីដែលយើងបានធ្វើ។ នេះហើយដែលខ្ញុំថា ស្នេហ៍មិនឈ្នះស្និទ្ធ។ ចង់ផ្ចាញ់អ្នកដែលថាឲ្យយើងមានតែខិតខំធ្វើជាក់ស្ដែង ដើម្បីឲ្យមនុស្សដែលបានផលរាប់ពាន់ រាប់ម៉ឺន រាប់សែននាក់ ជាសាក្សី ដូចគ្រូខ្ញុំជាសាក្សីឲ្យខ្ញុំអញ្ចឹង។ នេះជាការពិត។ នេះមិនមែនសម្រាប់តែខ្ញុំទេ តែសម្រាប់ទាំងអស់គ្នាដែលមានរឿងដូចគ្នា ប្រើវិធីបែបនេះល្អជាង។ ផ្ទុយទៅវិញ បើយើងរវល់តែតូចចិត្តនឹងវាសនា ធ្វើម៉េចឲ្យគេឈប់និយាយ គឺចាំមិនឈប់ឡើយ។ ឲ្យគេថាតែគេទៅ គេហត់តែគេទៅ។ យើងកុំទៅរវល់។
មួយថ្ងៃមានតែ២៤ម៉ោងទេ។ បើសិនជាដូរតួនាទីពីមេជើងគោកមកជានាយករដ្ឋមន្រ្តី បើនាយករដ្ឋមន្រ្តីមានមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរ។ ប៉ុន្តែ មួយថ្ងៃមានតែ២៤ម៉ោង។ អញ្ចឹងយើងគ្មានពេលទៅអង្គុយតូចចិត្តនោះទេ។ យើងអាចលឺសម្លេងពីរយ៉ាង ទី១ សំឡេងរំខាន ទី២ សំឡេងពិតប្រាកដ។ សំឡេងពិតប្រាកដជាសំឡេងរបស់ប្រជាពលរដ្ឋ។ គាត់ចង់បានអី? លោក/អ្នកគ្រូចង់បានអី? នេះទើបពិតប្រាកដ។ សំឡេងដែលរំខានគឺថាយប់ដេកគិតថាស្អែកជេររឿងអីទៀត។ បើកតែមេក្រូហ្វូនព្រឹកឡើងក៏ស្រែក។ យើងពន្យល់យ៉ាងម៉េចក៏គាត់ដាក់ផែនការជេរយើង។ (មាន)ប្រធានបទ ១ខែ ហើយហ្នឹង។ យើងទៅដូរកម្មវិធីគាត់ជេរយ៉ាងម៉េច? យើងទៅដូរវាមិនកើត …។
ពេលខ្លះខ្ញុំនិយាយប្រាប់វិញថា ដូចខ្ញុំធ្វើបុណ្យឱ្យគាត់អញ្ចឹង។ គាត់យកខ្ញុំធ្វើជាបាវសាក។ គាត់អាចរកចំណូលបានព្រោះគាត់ជេរខ្ញុំជាអាជីវកម្ម ទុកថាធ្វើបុណ្យឱ្យគាត់ចុះ។ ប៉ុន្តែសំខាន់ស្តាប់ប្រជាពលរដ្ឋ។ រវាងសំឡេងរំខាន និងសំឡេងពិតប្រាកដ ខ្ញុំស្តាប់ពេលដែលប្រជាពលរដ្ឋមានបញ្ហាពិតប្រាកដ។ ឧទាហរណ៍មានបញ្ហាដីធ្លី បញ្ហាសុខភាព ដែលគាត់អំពាវនាវឱ្យយើងជួយ។ យើងមើលអាហ្នឹងដែលជាតម្រូវការពិតប្រាកដ។ រឿងដែលជាការលើករំខានក៏យើងស្តាប់ដែរ ប៉ុន្តែអ្នកខ្លះវាអត់ហេតុផលដែលត្រូវស្តាប់គាត់។ តែការរិះគន់ស្ថាបនាយើងត្រូវទទួល។ ជាសំឡេងពិតប្រាកដ។ រឿងព្រំដែន រឿងទឹកដីដូចគ្នា។ អ្នកនយោបាយដែលយករឿងហ្នឹងធ្វើអាជីវកម្ម យើងមិនបាច់ស្តាប់ទេ។
(១៦) ទាហានសម័យនេះ ទំនើបជាងសម័យច្បាំងគ្នាច្រើន មិនមែនកញ្ជើធ្លុះទេ
ការគិតគូររបៀបនេះហើយ ទើបយើងពង្រឹងការចរចាព្រំដែន កសាងអភិវឌ្ឍព្រំដែន។ យើងបានរុញរាប់ឆ្នាំហើយ មិនមែនទើបតែស្រែកឆ្នាំនេះទេ។ យើងពង្រឹងកងទ័ព។ ខ្ញុំពេលដែលនៅកងទ័ពខ្ញុំមិនសូវនៅភ្នំពេញទេ ខ្ញុំចុះរហូតទៅដល់មុខ។ ថ្ងៃមុនខ្ញុំហួសចិត្ត ដែលឃើញមានអ្នកថតផ្សាយតាម TikTok បង្ហាញទាហានហូបបាយនៅលើដី ហើយនាំគ្នាថា ទាហានជួរមុខអត់មានផ្ទះនៅទេ ដេកក្រោមដើមឈើ ហូបបាយនៅលើស្មៅ។ អ្នកដែលធ្លាប់ទៅស្គាល់ព្រំដែន ឬមួយក៏ទាហានព្រំដែនអាចបញ្ជាក់ហើយ។ ទាហានសម័យនេះ ទំនើបជាងសម័យច្បាំងគ្នាច្រើនណាស់។ យ៉ាងហោចណាស់ផ្ទះឈើ ទីតាំងកន្លែងឈរជើងអចិន្ត្រៃយ៍ មានតុមានអី។ ទាហានយើងមិនមែនកញ្ជើធ្លុះទេ។ ទៅដល់ណា គាត់រៀបចំកន្លែងហ្នឹង។ ទោះបីគ្មានថ្មក៏ច្នៃពីឈើអីតិចតួច ឫស្សីអីហ្នឹង។ គាត់រៀបចំទីតាំង។ ធម្មតាទាហានល្បាតគេមិនដែលស្ពាយតុទៅទេ។ អ្នកណាធ្លាប់ធ្វើទាហាន។ តើយើងដើរល្បាតមានស្ពាយតុទៅទេ? …។
ទ័ពអាមេរិក ទ័ពមហាអំណាចចេញទៅព្រំដែន ចេញទៅល្បាត អត់ប្រើម្ហូបក្តៅទេ។ (នៅ)យើងមានម្ហូបក្តៅ។ នៅនោះម្ហូបមួយ ៧ឆ្នាំ។ បាយកាតាកហ្នឹង ធ្វើម្តងប្រើ ៧ឆ្នាំ។ ថ្ងៃខ្លះ មានផលិត ៥ឆ្នាំមុន។ យើងហូប។ ដាក់ក្នុងហោប៉ៅ ហើយតាមក្បួនគឺអត់ឱ្យសល់អីទេខ្លាចគេចាប់ ធុំក្លិន ធុំអីហ្នឹង។ អញ្ចឹង ទាហានណាក៏ដោយ ដើរល្បាតហើយគ្មានស្ពាយតុទៅទេ។ (មិនធ្វើ)ទីតាំងអចិន្ត្រៃយ៍ទេ។ ពេលណាដែលយើងត្រូវបោះតង់ អង្កេតការណ៍កន្លែងណាភ្លាម កន្លែងខ្លះទៅបោះតង់កន្លែងនោះភ្លាម យើងអត់ធ្វើទីតាំងអចិន្ត្រៃយ៍ទេ។ ចប់ យើងរើចេញវិញ។ តែត្រឡប់មកបន្ទាយ ហ្នឹងមានទីតាំងអចិន្ត្រៃយ៍។ ខ្ញុំឃើញអ្នកខ្លះនៅកូរ៉េនៅអី បងប្អូនគាត់ថាទាហានស្រុកខ្មែរវេទនាណាស់។ គេថាទាហានជួរមុខការពារពិតប្រាកដហូបនៅលើដី។ ខ្ញុំថា បើយកល្អអ្នកដែលព្រួយបារម្ភមកមើល ខ្ញុំជូនទៅមើល។ អង្គភាពណា? ទីតាំងឈរជើង។ ខ្ញុំចុះទៅព្រំដែន ចុះទៅដល់ចំណុចឈរជើង។ ចំណុចណា?
ទីតាំងអចិន្ត្រៃយ៍មានលេណដ្ឋានបេតុង។ យើងមានអគារ បើមិនបេតុងក៏ឈើ។ នៅទីនោះរៀបចំគ្រប់គ្រាន់។ ខ្ញុំទទួលស្គាល់ នៅខាងមុខអត់មានម៉ាស៊ីនត្រជាក់ទេ។ ទាហានជួរមុខអត់មានម៉ាស៊ីនត្រជាក់ទេ។ ខ្ញុំទទួលខុសត្រូវលើរឿងហ្នឹង។ ថាអត់មានទេ។ ហើយក៏អត់ត្រូវដាក់ម៉ាស៊ីនត្រជាក់នៅទាហានជួរមុខដែរ ព្រោះអត់មានភ្លើង។ បងប្អូននៅជួរមុខក៏គាត់អត់ត្រូវការម៉ាស៊ីនត្រជាក់ដែរ។ គាត់ត្រូវការបន្ទះសូឡាសាកអាគុយ។ តែសំរាប់ទាហានជួរមុខ ក្នុងមួយថ្ងៃៗ រាជរដ្ឋាភិបាលថែមប្រាក់បំប៉នហូបឱ្យគាត់ ៣០០០(រៀល) ចង់មួយជាពីរជាមួយអ្នកនៅជួរក្រោយ។ មួយឆ្នាំៗយើងចំណាយច្រើន …
(២) ដីនៅជួរមុខ ទាហាននៅតាមអង្គភាពជួរមុខ ចែករៀបចំផ្ទះ រៀបចំដីជូនគ្រួសារគាត់។ ក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ ក៏ធ្វើបានច្រើន។ ពេលដែលយើងឈូសផ្លូវទៅមុខយើងរៀបជូនគាត់។ ខែរងា ខែភ្លៀង បន្ថែមទៅលើគោលរបបរបស់កងទ័ព ស្បៀងអាហារមានធានា បន្ថែមទៅលើនោះសម្តេចតេជោក៏បានបន្តផ្ដល់ជូននិងបន្តជូនអាវភ្លៀង អាវរងា។ ខែភ្លៀងអាវភ្លៀង ខែរងាអាវរងា ផ្តល់ជូនជាប្រចាំសម្រាប់ទាហានជួរមុខ។ កងទ័ពនៅជួរមុខម្ចាស់ការបាន។ យើងបញ្ជូនទ័ពទៅតំបន់អូរអាឡៃ អូរតាង៉ាវ មិនដែលមានផ្លូវមានអីទេ។ ពេលដែលយើងការពារទីនោះ បញ្ជូនទៅតែមួយអាទិត្យ យើងឡើងទៅមើលអង្គភាពឈរជើងនៅទីនោះមានសួនបន្លែ គាត់សំអាត គាត់ធ្វើផ្ទះ ធ្វើអីរបស់គាត់។ បើថា ទាហានសម័យនេះអត់មានតែតុគ្រាន់អង្គុយហូបបាយនៅព្រំដែន ខ្ញុំមិនជឿ។ ប៉ុន្តែខ្ញុំជឿ ពេលដែលគាត់ដើរល្បាត អត់មានទេ។ បើទាហានណាដើរល្បាតស្ពាយតុ ស្ពាយកៅអី សូមបង្ហាញមុខខ្ញុំមក។ ទាហានណាដែលដើរល្បាតស្ពាយកាំភ្លើង ស្ពាយអីហើយ ស្ពាយតុ ស្ពាយកៅអី ទៅទៀត។ វាអត់ត្រូវក្បួន។ សូមបញ្ជាក់ពីការយកចិត្តទុកដាក់ដល់កម្លាំងការពារទឹកដី កងទ័ពនៅព្រំដែន។
(១៧) ព្រំដែនទឹកកម្ពុជាថៃ មិនទាន់បានចរចាឯកភាពគ្នាទេ ដូចនេះមិនទាន់មានបាត់អីកន្លែងណាទេ
ឥឃើញតាមហ្វេកប៊ុក ទាហានខ្លួនឯងមិនដែលធ្វើទេ តែអ្នកគេថាស្នេហាជាតិខ្លាំងនោះ ខាងថៃក៏គេបង្ហោះថាទ័ពថៃអីទៅ ខាងខ្មែរក៏បង្ហោះទ័ពខ្មែរទៅ។ បន្តិចៗ ថាថៃត្រៀមលើកទ័ពមកវាយយើងហើយ។ នៅខាងថៃក៏បង្ហោះថា ខ្មែរយើងលើកទ័ពបញ្ជូនទាហានមកវាយគ្នាហើយ។ ចង់យ៉ាងម៉េច? ទាហានជួរមុខគេធ្វើការគេដឹងកន្លែងណាព្រំដែន។ ឯកឧត្តម ឡាំ ជា នៅទីនេះ។ ថ្ងៃមុនចុះទៅដែរ។ កន្លែងណាដែលយើងកំណត់ត្រូវចរចាដើម្បីធ្វើការ។ កន្លែងណាដែលយើងត្រូវបោះបង្គោល។ ឯកភាពគ្នាហើយ។ ព្រំដែនយើងវាលំបាក។ ទី១ បន្សល់ពីជំនាន់បារាំង។ កន្លែងខ្លះអត់មានជាព្រំដែនទេ ដូចជាជាមួយប្រទេសឡាវ ជាមួយប្រទេសវៀតណាម។ ព្រំដែនរដ្ឋបាលពីមុន។ ជាមួយថៃ យើងមានសន្ធិសញ្ញា ១៩០៧ ដែលនិយាយព្រំដែនគោក។ ព្រំដែនទឹកយើងមិនទាន់ចរចាទេ។ យើងនៅបន្តចរចា។ មានការទាមទាររបស់យើងពីឆ្នាំ១៩៧២ ជំនាន់ លន់ នល់ ជំនាន់អី។ ខ្ញុំគ្រាន់តែសូមបញ្ជាក់ថាព្រំដែនទឹកកោះគុត តំបន់ត្រួតស៊ីគ្នានេះ អ្នកខ្លះខំ(ប្រាប់អោយ)យើងប្តឹង … ថាយើងឱ្យបាត់។ អត់ទាន់មានបាត់ អត់ទាន់មានអី រឿងកន្លែងណា អីកន្លែងណាទេ។ ព្រំដែនទឹកមិនទាន់បានចរចាឯកភាពគ្នាទេ។ ការទាមទារដូចខ្សែ ៧២អី ពីមុនក៏យើងបន្តទាមទារដើម្បីជាមូលដ្ឋានចរចា អត់ទាន់មានលះបង់កន្លែងណាទេ។ កុំនិយាយរឿងបាត់ រឿងអីនោះ។
រឿងនៅព្រំដែនគេវាយគ្នា២០០៨ ស្លាប់ របួសមួយគរគោក … ធ្លាប់ភ្លក់ហើយការវាយគ្នា។ យើងត្រូវធ្វើកិច្ចការងារយ៉ាងហ្មត់ចត់ មិនឱ្យបាត់ដីយើងទេ។ ប៉ុន្តែយន្តការរៀបធ្វើបែបណា។ អ្នកខ្លះថាឱ្យទៅប្តឹង។ ប្តឹងយ៉ាងម៉េច? យើងដាក់ពាក្យបណ្តឹងទៅតុលាការគេទទួល ឬអត់កន្លែងនេះ? ទី២ តើប្តឹងផ្អែកលើមូលដ្ឋានអី? មូលដ្ឋាននៃឯកសារដែលយើងរៀបចំរួចទៅហើយ ត្រៀមលក្ខណៈធ្វើការរួចទៅហើយ យើងស្រាយបញ្ហាជាជំហាន។ អ្នកខ្លះទាមទារឱ្យយើងចេញថានេះជារបស់យើងនោះរបស់យើង។ មិនទាន់លេងផង បង្ហាញសន្លឹកបៀរទៅហើយ។ លេងម៉េចឈ្នះគេ? រឿងការការពារទឹកដីគឺជាការទទួលខុសត្រូវវែងឆ្ងាយ … យើងត្រឡប់ទៅខិតខំប្រឹងប្រែងដោយការទទួលខុសត្រូវ។ តាំងពីយើងអត់មានបោះបង្គោលព្រំដែនសោះជាមួយប្រទេសវៀតណាម ចាប់ពីស្នួលឡើងទៅដល់កន្ទុយនាគ … ឥឡូវយើងបោះច្រើនណាស់។ នៅសល់តែ១៦% ដែលយើងកំពុងចរចា … តាំងពីអត់មានបង្គោល (ឥឡូវ)មានបង្គោល តាំងពីអត់មានផ្លូវ (ឥឡូវ)មានផ្លូវ តាំងពីអត់មានមនុស្សនៅ ទៅមានមនុស្សនៅ។ ឥឡូវតំបន់ជាច្រើនដែលយើងអត់មានមនុស្សទៅ យើងនឹងឈានទៅដល់ការធ្វើផ្លូវដើម្បីភ្ជាប់ ហើយមានមនុស្សទៅនៅទីនោះ ចូលរួមការពារទឹកដីរបស់យើង។ អញ្ចឹង បើសិនជាគេជេរយើងរឿងបាត់ទឹកដី យើងមានតែខិតខំកសាងការពារទឹកដី តាមរយៈការវាស់វែងចរចាដើម្បីការពារផលប្រយោជន៍របស់យើង បោះបង្គោលព្រំដែនឱ្យជាប់។ ការការពារពង្រឹងភាពការពារជាតិ ការការពារអភិវឌ្ឍតាមព្រំដែនរបស់យើង។ ត្រៀមលក្ខណៈការពារគ្រប់បែបយ៉ាងទាំងអស់។
(១៨) យន្តការបីថ្នាក់ ប្រើក្នុងការដោះស្រាយបញ្ញាព្រំដែនកម្ពុជាថៃ
អ្នកដែលពូកែ អ្នកដែលអួត អ្នកដែលចង់វាយគ្នា អ្នកដែលចង់ប្ដឹងគ្នា ពេលដែលយើងធ្វើការប្រយុទ្ធគ្នាកាលពី ២០០៨ និង ២០១១ យើងប្ដឹងទៅ ICJ (រឿងជម្លោះ) ប្រាសាទព្រះវិហារ (មិនដឹងនៅឯណាទេ)។ យើងដឹងពីយន្ដការនេះ អស់ហើយ។ យើងដឹងពីវិធីសាស្ដ្រណាដែលត្រូវដើរ។ មិនត្រូវសំលាប់ក្រឡារបស់យើង។ យើងត្រូវការគោលការណ៍ទៅមុខ។ រៀបចំគណៈកម្មាធិការព្រំដែនអាណត្ដិនេះ គ្រោងជួបគ្នាដើម្បីធ្វើការងារបន្ដទៀត។ សំរាប់ការដោះស្រាយបញ្ហាព្រំដែន យើងមានយន្ដការព្រំដែនជាមួយថៃ (មានយន្តការ)ថ្នាក់ភូមិភាគដែលជាយន្តការរវាងកងទ័ពជាមួយកងទ័ព។ ថ្នាក់ JBC មានរដ្ឋមន្ដ្រីការពារជាតិទាំងពីរជាប្រធាន។ ថ្នាក់ JBC គណៈកម្មាធិការជាតិព្រំដែនទាំងពីរធ្វើការ។ យន្ដការ ៣ ថ្នាក់ យើងបានដោះស្រាយជាប់ជាបណ្ដើរៗ ហើយ។ រឿងព្រំដែនមិនមែនជារឿងមួយថ្ងៃនោះទេ។ រឿងប្ដឹង រឿងលើកទ័ពទៅវាយ វាអត់ដោះស្រាយបញ្ហាអីបានទេ ជាពិសេសរឿងវាយគ្នានេះ។ យើងត្រូវបន្ដប្រើច្បាប់ ប្រើបច្ចេកទេស ច្បាប់អន្ដរជាតិដើម្បីធានានូវផលប្រយោជន៍របស់យើង។ ប្រទេស(ដែល)វាយគ្នានៅទីបំផុត ត្រឹមតែដកថយទៅកន្លែងដើមវិញ ក្រោយពីស្លាប់អស់មួយគរគោក ដកថយរក្សាដូចមុន …។
រឿងអ្នកនយោបាយថៃថា «អានេះរបស់គេ អានោះរបស់គេ» និយាយតែខ្លួនឯងទៅ។ (យើង) អត់បានទទួលស្គាល់ទេ។ ថ្ងៃមុន អ្នកនយោបាយថៃនាំគ្នាស្រែកថា ប្រាសាទតាមាន់ធំជារបស់គេ។ គេចង់នាំគ្នាមកលើកទង់ជាតិ ស្រែកថាជារបស់គេ។ ទីបំផុតទាហានថៃ ទប់មិនឲ្យមក … ដោះស្រាយទៅ។ សំរាប់យើងៗ ត្រៀមលក្ខណៈ ហើយក៏បន្ដជំរុញទៅទៀត។ ខាងការពារជាតិ កងកម្លាំងប្រដាប់អាវុធក៏យើងត្រៀម។ ផ្លូវច្បាប់ ផ្លូវបច្ចេកទេសក៏យើងធ្វើការ។ នេះហើយជាអ្វីដែលយើងធ្វើ។ វិធីសាស្ដ្រដោះស្រាយមានច្រើនខុសគ្នា។ រដ្ឋាភិបាលនីមួយៗមានគោលនយោបាយ និងវិធីសាស្ដ្រដោះស្រាយខុសគ្នា (ប៉ុន្ដែ) គោលដៅតែមួយទេ គឺការពារទឹកដីរបស់ខ្លួន។ អ្នកខ្លះប្រើវិធីក្ដៅ អ្នកខ្លះប្រើវិធីត្រជាក់ អ្នកខ្លះប្រើទាំងវិធីក្ដៅ និងត្រជាក់ ជាការចរចា។ អ្នកខ្លះបង្ខំឆេះ ខុសគ្នាទាំងអស់ កន្លែងណាត្រូវការធ្វើអី។
ម៉ាឡេស៊ី និង ថៃ ក៏ដោះស្រាយព្រំដែនមិនទាន់អស់ នៅត្រួតស៊ីគ្នាតំបន់ទឹក តំបន់ជាន់ច្រើន។ នៅសមុទ្រចិនខាងត្បូង មើលៗ ប្រទេសប៉ុន្មានដែលមានបញ្ហាជាមួយចិន។ មាន ៤ប្រទេស ក្នុងនោះមាន ៣ប្រទេស ដែលគេយកវិធីត្រជាក់ឲ្យគណៈកម្មាធិការបច្ចេកទេស។ នៅពេលដែលគេធ្វើការរកស៊ីអីជាមួយគ្នានៅក្នុងតំបន់នោះ។ សួរថាគេបានបោះព្រំដែនឲ្យទៅប្រទេសណាទេ? អត់ទេ។ គេរកវិធី។ ប្រទេសមួយមានបញ្ហា ប្រើវិធីក្ដៅជល់គ្នាឥឡូវហើយ (ប្រើ)វិធីខុសៗគ្នា។ ប្រទេសខ្លះ រដ្ឋាភិបាលមួយគាត់ប្រើវិធីក្ដៅ ហើយរដ្ឋាភិបាលមួយប្រើវិធីត្រជាក់ ដោះស្រាយនៅហ្នឹង។ រឿងវាតែប៉ុណ្ណឹង។
សួរថារាជរដ្ឋាភិបាលទាំងហ្នឹងក្បត់ជាតិទេ? អត់ទេ។ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចគ្នា។ យើងធ្លាប់ប្រើប្រាស់វិធីក្ដៅវាយគ្នាហើយ។ យើងធ្លាប់ប្រើប្រាស់វិធីច្បាប់ហើយ។ យើងត្រូវចរចាបន្ថែមទៀតដើម្បីដោះស្រាយបញ្ហា ព្រោះទំនាក់ទំនងប្រទេសទាំងពីរ ប្រទេសជិតខាង មានទំហំធំ។ រាល់ថ្ងៃនេះ នៅសភា គណបក្សប្រឆាំងថៃកំពុងតែជេររដ្ឋាភិបាលថៃថាម៉េចក៏មិនទៅយកកោះគុត មិនទៅដាក់ទ័ពនៅនេះ ដាក់ទ័ពនៅនោះ។ ឥឡូវ បើរដ្ឋាភិបាលលោត បញ្ជាទ័ពមក យើងក៏មានអាវែង អាខ្លីដែរ។ ប៉ុន្ដែសួរថាស្លាប់អ្នកណាគេ? (គឺស្លាប់) ទ័ពថៃ ទ័ពខ្មែរ។ សួរថាអ្នកដែលស្រែកហ្នឹងមានអ្នកណាទៅឬអត់? អ្នកដែលរុញ(គេ)ឲ្យទៅហ្នឹង ទៅឬអត់? ទាំងនៅថៃ អ្នកដែលគេ(ហៅ) ថាស្រឡាញ់ជាតិជ្រុលតែម្នាក់ឯង។ ដល់ស្លាប់ ស្លាប់អ្នកណា? ស្លាប់តែកូនចៅ ប្រជាពលរដ្ឋ ទាហាននៅជួរមុខហ្នឹងឯង …។
(១៩) ស្ដាប់កង្វល់ម្ចាស់ឆ្នោតជាង ៨,៤លាននាក់ដែលទៅបោះឆ្នោត និង ៦,៤លាននាក់ដែលបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា
ជេរក៏ជេរចុះ ប៉ុន្ដែការពិតដែលយើងបានធ្វើ នឹងបន្ដធ្វើ គឺទទួលខុសត្រូវនៅក្នុងការការពារទឹកដីរបស់យើង។ សំរាប់ប្រជាជនជនខ្មែរ សម័យនេះនិងទៅអនាគត់ យើងអត់បោះបង់កាតព្វកិច្ចនេះទេ។ វិធីសាស្ដ្រធ្វើ យើងធ្វើគ្រប់វិធីក្នុងការដឹកនាំ និងទទួលខុសត្រូវរបស់យើង។ ត្រឡប់មកវិញអ្នកថា និងអ្នកធ្វើគឺតែប៉ុណ្ណឹង។ ដើម្បីឲ្យអ្នកថា សប្បាយចិត្ត ទាល់តែយើងឈឺចិត្ត ប៉ុន្ដែបើឲ្យអ្នកថាហត់ខ្លួនឯងឈឺចិត្តខ្លួនឯង យើងកុំទៅឈឺក្បាល(ជាមួយ)។ ប៉ុន្ដែយើងស្ដាប់នូវការលើកមតិ កង្វល់របស់ប្រជាជនពិតប្រាកដ។ តួអង្គខ្លះពូកែជេរ ប្រឌិតរឿងគ្រប់គ្រាន់ ទីបំផុតគឺក្លាយជាអ្នកនាំពាក្យរបស់ចលនាអីមួយនោះ។ ជេរទៅបានតំណែងមែននៅក្នុងចលនាស្អី តស៊ូស្អីទេ។ ខ្ញុំមិនដឹងទេ។ បានក្លាយជាអ្នកនាំពាក្យមែន។ មួយថ្ងៃៗ គិតតែជេរ។ ជេរទៀតចុះ។
ខ្ញុំគ្មានពេល( ឈឺក្បាលជាមួយទេ) មានតែពេលស្ដាប់កង្វល់របស់ប្រជាជន តម្រូវការបន្ថែម និងដោះស្រាយ យកភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ជាអ្នកដែលផ្ដល់ឲ្យខ្ញុំ ឱ្យគណបក្សប្រជាជនកម្ពុជា មានឱកាសបានដឹកនាំរដ្ឋាភិបាលបម្រើប្រជាពលរដ្ឋ។ ខ្ញុំស្ដាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោតជាង ៨,៤លាននាក់ ទៅបោះឆ្នោត ហើយ ៦,៤លាន នាក់បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ ១ថ្ងៃមានតែ ២៤ម៉ោងទេ ក្នុង ៥ឆ្នាំមានតែប៉ុន្មានពាន់ម៉ោងទេ។ ខ្ញុំគ្មានពេលទៅស្ដាប់អស់លោក ដែលនិយាយគ្មានហេតុផល ប្រឌិតរឿងទេ។ មានតែស្ដាប់ប្រជាពលរដ្ឋហើយខិតខំដោះស្រាយឲ្យបានច្រើនបន្ដទៀត ជូនប្រជាពលរដ្ឋរបស់យើង។
(២០) អាស្រ័យលើសន្ដិភាព ស្ថិរភាព និងគោលនយោបាយត្រូវ ដើម្បីប្រែក្លាយទឹកដីខេត្តព្រះសីហនុជាសក្ដានុពល
ជាក់ស្ដែង ថ្ងៃនេះសម្ពោធសាលា អាទិត្យក្រោយទៅសម្ពោធផែទេសចរណ៍កំពត ប៉ុន្តែលើកពេលប៉ុន្មានថ្ងៃទៅចុង(ខែ)។ ផែនេះ មានអ្នកខ្លះគេថា ខ្ជះខ្ជាយលុយអត់មានអីទាំងអស់។ វាពិបាកអញ្ចឹង។ ពេលអត់ល្អថាហើយ ពេលល្អអត់មាត់មួយម៉ាត់។ ផែកំពតគ្រាន់តែធ្វើយឺតបន្ដិច ដោយសារកូវីដ-១៩ វាមករញ៉ីរញ៉ៃ។ ឥឡូវយើងបើក។ ទេសចរពីកំពតទៅកំពង់សោម ពីកំពង់សោមទៅកំពត ជិះតាម(ផ្លូវ)ទឹកហ្នឹងលឿន។ ជិះតាមផ្លូវយូរ។ ចូលជិត ១២០នាក់ដែរ តាមផែអន្ដរជាតិ។ ហ្នឹងបើកច្រកល្អ។ បន្ដិចទៀត CRUISE ធំៗ ៥ ០០០ នាក់អីជិះតាមហ្នឹងតែម្ដង។ ដើរសម្ពោធទៀត។ ថាឲ្យកាន់តែច្រើន ឈឺខ្លួនឯងទៅ ចាំខ្ញុំទៅសម្ពោធផ្គើនទៀត។ ឥឡូវមានតាំងពីប្រព័ន្ធប្រព្រឹត្ដិកម្មទឹកកខ្វក់អីនៅខេត្ដព្រះសីហនុ។
អាណត្តិមុនសម្ដេចតេជោបានសំរេចអនុម័តរាប់រយលានដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ។ អាណត្ដិនេះយើង(អនុម័ត)ជិត ១ពាន់ លាន (ដុល្លារ) សំរាប់ធ្វើផែ។ ខ្ញុំបានអនុម័តគំរោងកាល២០២៤ លើកទឹកចិត្តឲ្យខេត្តព្រះសីហនុ ដែលមានឯកឧត្តម ហ៊ាន សាហ៊ីប ជាប្រធានក្រុមការងារ។ កាលពីកូវីដ-១៩ យើងមានអគារមួយចំនួនជាប់គាំង។ មកដល់ម៉ោងនេះយើងមាន ២៨៨ គំរោងដែលបានដាក់លើកទឹកចិត្ត។ ២៦៩ គំរោងបានផ្ដល់គោលការណ៍ដើម្បីដោះស្រាយ ក្នុងនោះយើងដោះបាន ១២៣គំរោង គិតជាថវិកា ៦,៧ពាន់លាន(ដុល្លារ)នៅខេត្តព្រះសីហនុមួយនេះ ដើម្បីជំរុញសកម្មភាពឡើងវិញ។
ឆ្នាំនេះ ខ្ញុំបានពន្យាររហូតដល់ចុងឆ្នាំ២០២៥។ យើងទើបនឹងអនុម័តដើម្បីអនុវត្ដផែនការមេអភិវឌ្ឍខេត្តទាំង៤ ជាប់សមុទ្រ ដោយយកខេត្តព្រះសីហនុជាគោល។ ធ្វើយ៉ាងណាភ្ជាប់ប្រព័ន្ធ ecosystem នៃឧស្សាហកម្ម។ ខ្ញុំគិតថាចង់ឲ្យ GDP របស់ខេត្តព្រះសីហនុ(កើនអោយបានខ្ពស់) … អាចចាញ់តែភ្នំពេញទេ។ មិនស្រួលធ្វើត្រូវ អាចច្រើនជាភ្នំពេញទៀត។ ប៉ុន្ដែខ្ញុំនៅភ្នំពេញ ខ្ញុំយកភ្នំពេញចុះ។ រាល់ថ្ងៃលើសភ្នំពេញហើយ។ អញ្ចឹងទាល់តែភ្នំពេញខំប្រឹង។ សក្ដានុពលធំ ហើយបានផលអ្នកណា? ដូចខ្ញុំនិយាយ ដីកំពង់សោម ខេត្តព្រះសីហនុ នៅនឹងរាប់លានឆ្នាំមកហើយ មិនមែនដីនេះទើបនឹងដុះ ១ពាន់ឆ្នាំ ដែលយើងមកកកើតទេ។ ប្រែក្លាយដីនេះជាទៅជាសក្ដានុពល អាស្រ័យទៅលើលក្ខខណ្ឌ ទី១ សន្ដិភាព ស្ថិរភាព កុំឲ្យវាយគ្នា។ ទី២ គោលនយោបាយត្រូវ។ បើសិនមានគោលនយោបាយបិទខេត្តព្រះសីហនុ តើមានអ្នកណាមក? មានតែយើងបើកហើយជំរុញគ្រប់វិស័យ។
មើលកោះរ៉ុងអី សុទ្ធតែទេសចរ។ គាត់មកហើយទៅទីហ្នុង។ នៅខេត្តនេះ ថ្ងៃសៅរ៍-អាទិត្យថែមផ្លូវល្បឿនលឿនប្រជាពលរដ្ឋរបស់យើងគាត់មក។ ខ្ញុំអាណិតតែអ្នកធ្លាប់ដេកផ្លូវ។ អ្នកខ្លះកាលមុនសុំប្រពន្ធមកកំពង់សោម ៣ថ្ងៃ ព្រោះធ្វើដំណើរ ២ថ្ងៃ ប្រជុំ ១ថ្ងៃ។ ឥឡូវផ្លូវល្បឿនលឿនប្រពន្ធលែងអោយមកមួយថ្ងៃ ព្រោះដឹងទៅតែ ២ម៉ោងទេយ៉ាងយូរ។ ក្រុមការងារមិនដឹងធ្វើម៉េច។ យើងត្រូវសម្អាត ត្រូវមើល បញ្ហាសន្ដិសុខ។ ខ្ញុំអរគុណដល់កងនគរបាល ស្នងការខេត្ត ក៏ដូចជាអាវុធហត្ថខេត្ត និងប្រជាការពារ កងកម្លាំង ដែលក្នុងប៉ុន្មានឆ្នាំនេះ តាំងពីជំនាន់សម្ដេច ក្រឡាហោម បានខិតខំធ្វើ ប៉ុន្តែនៅមានការងារ សេសសល់ …។
ខេត្តព្រះសីហនុនេះត្រូវបានគេវាយប្រហារជាអន្តរជាតិតែម្តង។ គេវាយប្រហារខេត្តព្រះសីហនុ ជាខេត្តដែលពាក់ព័ន្ធជាមួយរឿងអាក្រក់។ យើងត្រូវជំរុញលាងឡើងវិញ។ វាយប្រហារហ្នឹងតែមួយថ្ងៃប្រឡាក់ តែធ្វើពិបាកណាស់។ យើងលាបអគារទម្រាំតែស្អាត មួយអគារនេះត្រូវការប្រហែលជាមួយអាទិត្យអីបើលាបលឿន តែបើយកភក់យកអីទៅជះ តែមួយភ្លែតប្រឡាក់ពេញហ្នឹង។ យើងត្រូវសំអាត។ សូមឲ្យសមត្ថកិច្ចនៅក្នុងខេត្ត គណៈបញ្ជាការឯកភាព ខិតខំដើម្បីបន្តជំរុញ ទប់ស្កាត់ សំអាត និងថែរក្សាសន្តិសុខនៅកន្លែងនេះ ដើម្បីជាសក្តានុពលធំ ទាំងវិនិយោគ ទាំងទេសចរណ៍ ទាំងក្នុងស្រុក ទាំងក្រៅស្រុករបស់យើងបន្តទៀត។ បន្ថែមទៅលើអ្វីដែលបងប្អូនបានខិតខំធ្វើក្នុងរយៈពេលកន្លងមកនេះ យើងធ្វើដើម្បីប្រទាក់ក្រឡាសក្តានុពល។
(២១) ២០២៥ សំអាតខេត្តព្រះសីហនុ ក៏ដូចជាខេត្តជាប់សមុទ្រ និងទូទាំងប្រទេស ជាកន្លែងមានសុវត្ថិភាពល្អ
យើងខិតខំកសាងសាលាឲ្យរឹងមាំ។ បណ្តុះមនុស្សធ្វើអ្វី? គាត់មានសុខភាពល្អ គាត់មានចំណេះ ត្រូវរកការងារឲ្យគាត់។ អញ្ចឹងជាជាងការងារក្រៅខេត្ត អ្នកខេត្តដែលនៅហ្នឹងកន្លែង រកសក្តានុពលឲ្យធំ ថែរក្សា ទាល់តែនាំវិនិយោគ នាំទេសចរមកឲ្យច្រើន។ ការងារសុវត្ថិភាព សន្តិសុខនេះល្អ។ ខ្ញុំឃើញនៅទូទាំងប្រទេសតែម្តង។ យើងមិនថាស្រុកខ្មែរគ្មានចោរលួច ចោរឆក់នោះទេ គ្មានគ្រោះថ្នាក់ចរាចរណ៍នោះទេ ខ្ញុំមិនហ៊ានថាទេ។ យើងទទួលស្គាល់ តែយើងដាក់ផែនការពង្រឹងរឿងភូមិ ឃុំ សង្កាត់ សុវត្ថិភាពជាកន្លងមក ត្រូវធ្វើជាបន្តទៀត។ ជនជាតិអង់គ្លេស ជនជាតិខ្លះដែលមករស់នៅស្រុកខ្មែរ។ ថ្ងៃមុនមានម្នាក់មកពីប្រទេសមហាអំណាចនៅលោកខាងលិចថាដើរនៅក្នុងប្រទេសកម្ពុជាម៉ោង ១១យប់ គាត់ថត selfie គាត់ថាមិនគួរអញ្ចឹង។ គេគិតថាប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍ ប្រទេសគាត់ជាប្រទេសអភិវឌ្ឍ ប្រទេសមហាអំណាច ប៉ុន្តែនៅស្រុកគាត់មិនអាចដើរពេលយប់ម៉ោងប៉ុណ្ណេះដោយមិនមានការព្រួយបារម្ភពីការប្លន់ទូរស័ព្ទ ឬវាយប្រហារទេ។ ដើរនៅភ្នំពេញអត់មានអី។
ខេត្តសៀមរាប និងខេត្តច្រើនណាស់ដែលយើងធ្វើបាន។ នេះគឺការខិតខំរបស់រាជរដ្ឋាភិបាលច្រើនអាណត្តិ របស់សមត្ថកិច្ច កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារដែលចូលរួមក្នុងកិច្ចការនេះ។ ធ្វើយ៉ាងណាឲ្យស្ថិរភាព សន្តិភាព សន្តិសុខរបស់យើងបានល្អ។ ខេត្តព្រះសីហនុជាខេត្តដែលមានសក្តានុពល។ កត្តាសន្តិសុខនេះដាច់ខាតត្រូវតែធ្វើ/ធានាឲ្យបាន។ យើងធ្វើបានល្អហើយ ប៉ុន្តែនៅមានបញ្ហា។ យើងត្រូវខិតខំរួមគ្នាធ្វើបន្តទៀត។ សង្ឃឹមថា២០២៥ នេះ យើងនឹងអាចឈានទៅដល់ការសំអាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ។ យើងនឹងបន្តធ្វើ។ យើងធ្វើបានប៉ុន្មានមកហើយ យើងនៅបន្តទៀត។ ក្រៅពីនោះ ខេត្តផ្សេង ដូចគ្នា ខេត្តជាប់សមុទ្រ ខេត្តទូទាំងប្រទេស គឺសូមឲ្យសុវត្ថិភាព។ ឥឡូវនៅភ្នំពេញម៉ោង២ ម៉ោង៣ យប់ មនុស្សដើរ។ យើងមិនមែនថាពីដើមមកអញ្ចឹងទេ ពីដើមមកយើងធ្លាប់មានបញ្ហា។
កាលយើងវាយគ្នា ភ្នំពេញខ្ញុំចាំ ម៉ោង៩ យប់បិទចរាចរណ៍ហើយ។ នៅពេលមុនបោះឆ្នោតឆ្នាំ១៩៩៣ នៅភ្នំពេញសឹងតែរាល់ថ្ងៃមានផ្ទុះគ្រាប់បែកបង្កៃ។ ថ្ងៃណាដែលអត់មានផ្ទុះគ្រាប់បែកបង្កៃ ឬគេជិះម៉ូតូបោះគ្រាប់បែកក្នុងក្រុងភ្នំពេញ ជាថ្ងៃដែលថាចង់ប្លែកវិញ។ ក្រោយមកមានវគ្គមួយនោះ ក្រុមចាប់ជំរិតចាប់អី ទាល់តែឧកញ៉ារត់ចេញទៅក្រៅប្រទេស អត់ហ៊ាននៅក្នុងស្រុក។ យើងធ្លាប់ហើយបញ្ហាអសន្តិសុខ។ ដែលខ្ញុំថា ព្រហ្មម៉ាញគាត់ធ្លាប់និយាយថា ជំនាន់ ៩០ ជាងនោះ គឺជំនាន់អាសង់ប្រើពន្លឺថ្ងៃ ដោយសារឲ្យតែមេឃងងឹត អត់ហ៊ានចេញពីផ្ទះ ខ្លាចចោរប្លន់។ មនុស្សអត់ហ៊ានទៅហាត់កីឡាទេ ខ្លាចជិះទៅម៉ោង៣ ម៉ោង៤ ភ្លឺ មានការប្លន់ ឬលួច។ តែឥឡូវទៅមើលទៅ ម៉ោង៣ ម៉ោង៤។ សួរថាម៉េចដឹង? សួរក្មេងៗចូលក្លឹបម៉ោង៣ ម៉ោង៤ ចេញមកឃើញចាស់ៗ ទៅហាត់ហើយ។ អ្នកចូលក្លឹប គេចូលពីល្ងាចម៉ោង៧ តែគេចេញម៉ោង៤ ភ្លឺ ដល់អ្នកងើបហាត់កីឡាម៉ោង ៤ ភ្លឺ គេងើបហាត់។
(២២) រួមគ្នាបង្កើតឱកាស រស់នៅក្នុងសន្តិភាព សុវត្ថិភាព ជឿជាក់ថាមានសាលារៀន រៀនចប់ មានអនាគតមួយ
បានន័យថាមានសុវត្ថិភាព ២៤ម៉ោង សកម្មភាពសេដ្ឋកិច្ច ២៤ម៉ោង ដោយសារកត្តាសន្តិសុខសំខាន់។ នេះជាអ្វីដែលយើងត្រូវរួមគ្នាបង្កើតឱកាសឲ្យប្រជាពលរដ្ឋយើង ដែលបានផ្តល់ពីសន្តិភាព រស់នៅក្នុងសន្តិភាព ហើយថែរក្សាឲ្យបាន រស់នៅក្នុងសន្តិសុខ សុវត្ថិភាព រស់ដោយមានភាពជឿជាក់ថា សាលារៀនមាន រៀនចប់ យើងមានអនាគតមួយ។ ដោយមិនមានប្រការថាត្រូវចាប់ចូលទាហានវាយគ្នាទៀតទេ។ ក្មួយៗ អាចរៀបផែនការបាន ថាចង់រៀនពេទ្យ ចង់រៀន IT ចង់រៀនបណ្តុះបណ្តាលវិជ្ជាជីវៈ … ព្រោះប្រទេសច្បាំងគ្នាអត់មាន(ឱកាស)ទេ។ ឥឡូវអ្នកចេះបញ្ជា drone ចេះ IT នៅអ៊ុយក្រែន នៅរូស្ស៊ី យកទៅបញ្ជា drone សង្គ្រាម … ថ្ងៃមុន ខ្ញុំមើលពាក្យស្លោកមួយ “សង្គ្រាមគឺជាទីលានដែលក្មេងៗ យុវជន អត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា តែសម្លាប់គ្នា”។ សម្លាប់គ្នាដោយសារអ្វី? ដោយសារការសម្រេចចិត្តរបស់អ្នកនយោបាយចាស់ទុំ ដែលស្គាល់គ្នា ហើយស្អប់គ្នា។ សម្រេចចិត្តបង្កើតសង្គ្រាម។ តែអ្នកនយោបាយចាស់ៗហ្នឹង គាត់អត់សម្លាប់គ្នាទេ។ គាត់បញ្ជូនក្មេងៗដែលមិនដែលស្គាល់គ្នា មិនដែលស្អប់គ្នា ទៅសម្លាប់គ្នា។ នេះគឺជាធាតុពិតនៃសង្គ្រាម។
បើយើងវាយនៅព្រំដែន ទាហានខ្មែរ ទាហានថៃ ភាគច្រើនមិនដែលស្គាល់គ្នាទេ ហើយមិនដែលស្អប់គ្នាផង។ ជួនកាលចែកបាយទឹកគ្នា ដើរល្បាតជាមួយគ្នា តែដល់វាយគ្នា មានតែសម្លាប់គ្នា។ ការសម្រេចចិត្តខាងនយោបាយជាកត្តាធំណាស់។ នេះហើយដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរខិតខំដោះស្រាយដោយសន្តិវិធី ការពារម៉ឹងម៉ត់ អធិបតេយ្យភាព ប្រើប្រាស់ឲ្យអស់លទ្ធភាពវិធានការច្បាប់ និងវិធានការបច្ចេកទេសទាំងអស់ ដើម្បីចៀសផុតការកាប់សម្លាប់គ្នា ដោយមិនចាំបាច់ … តែយើងនឹងត្រៀមលក្ខណៈដើម្បីការពារទឹកដី រួមទាំងមធ្យោបាយយោធា បើសិនជាការមានការរំលោភបំពានបែបនោះ។ ការសម្រេចចិត្តវាយគ្នាតែមួយភ្លែតទេដោយអ្នកនយោបាយ ប៉ុន្តែស្លាប់ទាហាន ស្លាប់យុវជន ក្មេងៗដែលអត់ដឹងរឿង អត់ដែលស្អប់គ្នា លើកកាំភ្លើងបាញ់គ្នា។ នេះគឺជាធាតុពិតនៃសង្រ្គាម ធ្វើឲ្យវេទនាប្រពន្ធកូន ក្លាយជាមេម៉ាយ ទៅជាក្មេងកំព្រា។
(២៣) សន្តិភាពប្រៀបដូចជាខ្យល់ មើលមិនឃើញ តែមានតម្លៃមហិមាពេលដែលបាត់
មិនស្រួលទេ វាយគ្នានៅព្រះវិហារ វាយគ្នានៅតំបន់តាក្របី។ ខ្ញុំចាំល្ងាចមួយនោះ ខ្ញុំត្រូវបញ្ជូនកម្លាំងពិសេសឡើង។ ហៅមកប៉ុន្មាននាក់។ ក្នុងនោះមាន ១នាក់ទើបការបានមួយអាទិត្យគត់។ បទបញ្ជាឡើងទៅយប់ហ្នឹង … ពេលដែលចេញពីសំរោងទៅជួរមុខ គឺគ្រាប់ប្លោងចូលមក។ ឡានហ្នឹងគេចគ្រាប់។ ទើបការបានមួយអាទិត្យគត់ គ្មានជំរើស។ បទបញ្ជាត្រូវធ្វើ។ ខាងថៃ ទាហានក៏ដូចគ្នា។ នេះហើយដែលយើងត្រូវធ្វើម៉េចថែរក្សាសុខសន្តិភាព ដែលគេថាឮតែពាក្យសន្តិភាពនេះ ធុញ។ ខ្ញុំនិយាយឲ្យធុញ ទាល់តែដេកយល់សប្តិ ក៏ត្រូវតែនិយាយដែរ កុំឲ្យវាបាត់ឲ្យសោះ។ សន្តិភាពដូចខ្យល់។ យើងមើលជុំវិញអត់ឃើញខ្យល់។ យើងគិតថាអត់តម្លៃទេ។ យើងងាកមើលថា ៥៧០ ហ្នឹងថ្លៃប៉ុណ្ណេះ តែខ្យល់ free តែមានតម្លៃមហិមា។ ដក្យល់ចេញភ្លាម គឺចប់តែម្តង។ អញ្ចឹងខ្យល់មានតម្លៃពេលដែលវាបាត់។
សន្តិភាពមានតម្លៃគ្រប់ពេល។ អ្នកខ្លះទាល់តែបាត់បានចាប់អារម្មណ៍។ កុំគិតថា(សង្គ្រាម)មិនអាចកើត(ទៅបាន) សម័យនេះហើយ។ អត់ទេណា។ មើលទៅពិភពលោក។ ប្រទេសដែលមិនធ្លាប់វាយគ្នាសោះ ក៏វាយគ្នាបាន។ ម្សិលមិញ ជួបជាមួយខាងធនាគារពិភពលោក និងថ្នាក់ដឹកនាំមួយចំនួនរបស់អាស៊ាន មានការលើកឡើងថាយើងហេង។ តំបន់អាស៊ានគឺជាតំបន់ដែលនៅស្ថិរភាព។ មើលតំបន់ផ្សេងទៀតទូទាំងពិភពលោក វាយគ្នាស្ទើតែគ្រប់តំបន់។ អឺរ៉ុបក៏វាយគ្នា អាហ្វ្រិកក៏វាយគ្នា។ អាមេរិកខាងត្បូងក៏សង្រ្គាមគ្រឿងញៀន សង្រ្គាមសេដ្ឋកិច្ចអី។ មជ្ឈិមបូព៌ា។ នៅអាស៊ីរបស់យើងនៅមានស្ថេរភាព … នេះហើយគឺជាអ្វីដែលយើងត្រូវការ។ ប្រទេសនៅក្នុងអាស៊ានក៏មានប្រទេសកំពុងតែវាយគ្នា កំពុងមានការបែកបាក់។ យើងសំណាងថាឥឡូវយើងបើក។
ឯកឧត្តម សៅ សុខា ប្រាប់ខ្ញុំថា អង្គុយនៅស្តាតមើលគេប្រកួតបាល់ទាត់។ គាត់អង្គុយមើល Facebook ឃើញក្មេងៗ កំពុងសម្លាប់គ្នានៅអ៊ុយក្រែន YouTube បង្ហោះរឿងសមរភូមិ។ គាត់ងាកមកវិញឃើញក្មេងៗ ខ្មែរកំពុងតែហ៊ោកញ្រ្ជៀវមើលបាល់ទាត់។ គាត់ថាសំណាង។ គាត់ស្រមៃកាលពីឆ្នាំ៧០ ជាងមុន គេជម្លៀសពីទីក្រុងភ្នំពេញ។ គេជម្លៀសមកដាក់នៅស្តាត។ គាត់ងាកទៅវិញថា ក្មេងៗជំនាន់នេះសំណាង។ កាលពីជំនាន់គាត់ ពីឆ្នាំ១៩៧៥ ហ្នឹងគេជម្លៀសមកដាក់នៅហ្នឹង។ គាត់មិនដឹងទៅណា។ សម័យឥឡូវ ក្មេងៗសប្បាយទៅផ្ទះវិញ មានផ្ទះនៅ មានអនាគត។ យើងត្រូវរួមគ្នាការពារឯករាជ្យជាតិ ការពារសន្តិភាព ការពារការអភិវឌ្ឍ ជំរុញការអភិវឌ្ឍរបស់យើង។
(២៤) សិក្សា និងចាប់ឱកាស កុំធ្វើជាបន្ទុករបស់សង្គម តែជាធនធានរបស់សង្គមជាតិ និងគ្រួសារ
ពិសេសក្មួយៗ ដែលជាអនាគតរបស់ប្រទេស។ ថ្ងៃនេះមានឪពុកម្តាយមក។ ខំសិក្សា ខំប្រឹងប្រែងរៀនសូត្រចាប់យកឱកាស ព្រោះខ្លួនឯងជាអ្នកសម្រេចចិត្តខ្លួនឯងថាយើងជាបន្ទុកសង្គមឬមួយក៏យើងជាធនធានរបស់សង្គម។ បើយើងជាមនុស្សដែលមានគុណធម៌ សីលធម៌ យើងមានចំណេះដឹង សមត្ថភាព យើងជាធនធានរបស់សង្គមជាតិរបស់គ្រួសារ។ ផ្ទុយទៅវិញ បើយើងជាអ្នកដែលប្រព្រឹត្តអំពើមិនគប្បី គ្រឿងញៀន កាប់ចាក់ យើងមិនមែនជាធនធានទេ យើងជាបន្ទុកសម្រាប់គ្រួសារ ហើយបន្ទុកខ្លួនទៀត។ សូមកុំធ្វើជាបន្ទុកដល់សង្គម។ សូមខិតខំប្រើប្រាស់ឱកាសរបស់ខ្លួន កសាងខ្លួនជាធនធាន សម្រាប់ខ្លួនឯងសម្រាប់គ្រួសារ សម្រាប់សង្គមជាតិ ខំប្រឹងរៀនសូត្រ។ សាលាថ្មីល្អហើយ ប៉ុន្តែមិនប្រាកដថាសិស្ស ពូកែជាងមុនទេបើមិនរៀន។ អង្គុយមុខហ្នឹងសុទ្ធតែថ្នាក់ទី១១ ថ្នាក់ទី១២ ហើយ ខំប្រឹងរៀនសូត្រ។ សាលាថ្មីមិនមែនបានន័យថាជាប់ទាំងអស់ទេ។ ទាល់តែខំរៀន។ ពរជ័យពីឪពុកម្តាយជាការល្អលើកទឹកចិត្ត ពរជ័យពីគ្រូ ប៉ុន្តែតែធ្វើអត់ត្រូវ ធ្លាក់ហើយ។ ទាល់តែខំប្រឹងរៀនសូត្រ។
រៀនទោះបីជាពេលខ្លះអ្នកហេង QCM ពូកែទាយត្រូវ តែអត់ចេះ តែពេលចេញទៅធ្វើការអត់មានហេងរហូតទេ។ គេហៅទៅធ្វើការ គេឲ្យធ្វើជំនួយការរដ្ឋបាលសរសេរអក្សរអត់ត្រង់ជួរ គេឲ្យធ្វើគណនេយ្យបូកលេខ ខុសរហូតចប់ហើយ។ នេះគឺខ្លួនឯង។ ឪពុក-ម្តាយ អត់នៅជាមួយយើងរហូតទេ។ យើងធំហើយ។ ខ្ញុំជឿថាក្មួយៗនៅទីនេះ ជាធនធានដែលមានឱកាស អាចដឹង/យល់ពីតម្លៃ ហើយជាពិសេសទំហំទឹកចិត្តឪពុក-ម្តាយ ដែលលះបង់ចង់ឲ្យតែក្មួយបានល្អ។ សំខាន់បំផុត គឺថាដោយគន្លងធម៌ អត់ខូច អត់មានបញ្ហា អត់វាយគេ អត់គេវាយ រៀន លោកគ្រូ អ្នកគ្រូ ក៏សប្បាយចិត្តដែរ។ គាត់ចង់តែអ៊ុតមើលទេ។ សិស្សចេញពីសាលាហ្នឹង មើល២០ ឆ្នាំ៣០ ឆ្នាំទៀតទៅដល់ណា? ឪពុក-ម្តាយដូចគ្នា។ ខេត្តរដ្ឋាភិបាលក៏ដូចគ្នា។ យើងដើរអួតប្រាប់គេថាមានធនធានក្មេងៗច្រើនណាស់ ប៉ុន្តែគេសួរមកវិញ តើខ្ញុំត្រូវការអ្នកជំនាញខាងណេះៗ មានអត់ យើងត្រូវតែប្រាប់ថាមាន។ មានពិតប្រាកដ។
(២៥) “ខ្មែរធ្វើបាន” គឺពីបាតដៃទទេរហូតឯករាជ្យម្ចាស់ការ ជាទីផ្សារសេរី ប្រជាធិបតេយ្យ និងចូលរួមរក្សាសន្តិភាពពិភពលោក
យើងអាចធ្វើបាន។ ពាក្យថាខ្មែរធ្វើបាន មិនមែនសំដៅតែហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែសំដៅទៅលើការរួមគ្នា ការកសាងពីបាតដៃទទេរហូតដល់យើងមានឯករាជ្យម្ចាស់ការ តាំងពីប្រទេសដែលគេកៀសចេញមិនឲ្យចូល បានន័យថាជាប្លុកមួយដែលពីមុនមិនឲ្យចូលក្នុងប្លុកសេរី។ ឥឡូវទៅជាប្រទេសសេរី ទីផ្សារសេរី ប្រទេសប្រជាធិបតេយ្យ ប្រទេសដែលរួមគ្នាកសាង ថែរក្សាសន្តិភាពពិភពលោក បញ្ជូនទ័ពយើងចេញទៅក្រៅ(រក្សាសន្តិភាព) ហើយប្រជាពលរដ្ឋយើងក្លាយទៅជាប្រជាពលរដ្ឋមួយ ដែលគេទទួលស្គាល់។ ប្រទេសជាតិយើងតាំងពីធនធាន មរតក វប្បធម៌ដែលអត់អ្នកណាហ៊ានមកស្គាល់ ទៅជាប្រទេសដែលមានធនធានសម្បត្តិវប្បធម៌ មិនត្រឹមតែថ្នាក់ជាតិ អាចបង្ហាញប្រជាជនយើងទេ។ យើងបានដាក់សម្បត្តិវប្បធម៌ជាបេតិភណ្ឌពិភពលោក ឲ្យពិភពលោកបានស្គាល់។ នេះហើយជាមោទនភាពដែលយើងបានកសាងរួមគ្នា។ បានន័យថាខ្មែរធ្វើបាន។ ធ្វើបានបែបនេះ បញ្ចប់សង្គ្រាមជាង ៥០០ឆ្នាំមកឯកភាពជាតិ ហើយកសាងជាតិយើងបានរឹងមាំ និងធានាភាពម្ចាស់ការរបស់យើងបានគ្រប់វិស័យ។ នេះហើយខ្មែរធ្វើបាន។ សង់អគារខ្ពស់។
ពីឆ្នាំ ៩០ជាង ប្រហែលជាយើងត្រូវការជាងពីប្រទេសក្រៅ។ អគារ hotel ១០ឬ ២០ ជាន់នៅភ្នំពេញ ពីមុនយើងត្រូវការជាងពីក្រៅ។ ឥឡូវកូនខ្មែរធ្វើបាន។ ស្អីៗ ដូចគ្នា។ ខ្ញុំគិតថាខេត្តព្រះសីហនុអាចក្លាយទៅជាខេត្តដែលកាន់តែមានសក្តានុពល គឺពឹងផ្អែកទៅលើកូនខ្មែរភាគច្រើន។ គ្រប់ផ្នែកទាំងអស់ ទាំងមន្រ្តីរាជការដែលធ្វើផែនការទាំងកងកម្លាំងប្រដាប់អាវុធដែលអនុវត្តធានានូវបរិស្ថានសុវត្ថិភាព និងភាពម្ចាស់ការក្នុងការដឹកនាំគ្រប់វិស័យរួមទាំងវិស័យឯកជន ធនាគារអន្តរជាតិក៏ដោយ មកដាក់នៅនេះ។ ឥឡូវភាគច្រើនសុទ្ធតែដឹកនាំដោយសាខា សុទ្ធតែកូនខ្មែរធ្វើ manager មានសាខាធំអាចគេមាន share ខ្លះ។ ប៉ុន្តែ ដោយសារការបណ្តុះបណ្តាល ខ្ញុំជឿថាលោកគ្រូ អ្នកគ្រូ នៅទីនេះភាគច្រើនសុទ្ធតែ … មិនស្រួលរៀនក្រោយខ្ញុំផង។
មានអ្នកណាបាក់ឌូប្លិ៍មុនឆ្នាំ ១៩៩៣ទេ? សុទ្ធតែបាក់ឌូប្លិ៍ ១៩៩៣ ១៩៩៤ ស្រករខ្ញុំដែរ។ បានន័យថាសុទ្ធតែមូលដ្ឋានដែលកសាងក្រោយ១៩៧៩។ សុទ្ធតែរៀនក្រោយ១៩៧៩ នៅទីនេះ។ ហ្នឹងជាសក្ខីភាពជាក់ស្តែង សមត្ថភាពខ្មែរបានដឹកនាំសាលា ពង្រឹងសាលា កសាងសាលាបណ្តុះបណ្តាលកូនខ្មែរតទៅទៀត។ ហ្នឹងហើយជាសមត្ថភាព ដែលយើងអបអរសាទរថ្ងៃនេះ គឺអបអរសាទរសមត្ថភាពដែលខ្មែរយើងអាចធ្វើបាន ម្ចាស់ការគ្រប់វិស័យ ហើយយើងនឹងបន្តធ្វើតទៅទៀត។ យើងនិយាយពាក្យធ្វើ ពាក្យថាឲ្យគេថាចុះ យើងធ្វើតទៅទៀត ធ្វើបានឲ្យកាន់តែច្រើន រួមគ្នាឲ្យកាន់តែច្រើន។
សូមអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូ ទន្ទឹមនឹងការអរគុណចំពោះការខិតខំប្រឹងប្រែងនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ណែនាំទៅដល់ក្មួយៗ ក៏សូមបន្តខិតខំ ដើម្បីពង្រឹងខ្លួន និងពង្រឹងការជំរុញបណ្តុះបណ្តាលកូនខ្មែរតទៅទៀត ជាកូនរបស់យើង កូនទីពីររបស់យើង។ ក៏អរគុណទៅដល់ឪពុកម្តាយ មាតាបិតា ដែលបានខិតខំលះបង់ ដើម្បីរកធនធានថវិកា ធានាផ្គត់ផ្គង់ឲ្យកូនមករៀន ឲ្យចៅមករៀន ឲ្យក្មួយមករៀន … ជាពិសេសជាថ្មីម្តងទៀត ក្មួយៗខំប្រឹងរៀន ខំប្រឹងរៀន ដើម្បីអនាគតខ្លួន អនាគតគ្រួសារ ទាំងអនាគតប្រទេសជាតិ។ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូទាំងអស់ ឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ។ សូមទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះសម្រាប់យុវជនកាយឫទ្ធិកម្ពុជា, កាកបាទក្រហម, សហភាពសហព័ន្ធយុវជនកម្ពុជា, យុវជនស្រឡាញ់សន្តិភាព, យុវជនក្រុម៨, ចលនាយុវជន ១៥៧, សមាគមនារីដើម្បីសន្តិភាពការអភិវឌ្ឍ យុវជននិស្សិត អ.ម.ទ, សមាគមរាជសីហ៍, និស្សិតក្រុម ១៨ (ចំនួន) ៤៧០ នាក់ យើងមាន ថវិកាក្នុងម្នាក់ៗ ២ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ៤៥១ នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្មួយៗ សិស្សានុសិស្ស ៨០៥ នាក់ ម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច១ ដើម ថវិកា ១ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ ថវិកា ២លានរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ថវិកា ២លានរៀល។ ជូនប្រធានមណ្ឌលសុខភាពគ្រូពេទ្យ ៧០ នាក់ ថវិកា ១០ម៉ឺនរៀល ។ សាលាស្រុកព្រៃនប់ ថវិកា ២ លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល។ ក្រុមតន្ត្រី ថវិកា ៥លានរៀលផងដែរ។ ក្រុមតន្ត្រីថ្ងៃនេះ មានអ្នកនាង ម៉េង កែវពេជ្ជចិន្តា បង្ហាញមុខតិចមើល មានហ្វេនៗខាងក្រោយច្រើន។ អ្នកនាង ឆេង សូរិយា លោក ឃុន វុត្ថា អ្នកនាង ចម្រើន សុភ័ក្រ លោក រិន សាវ៉េត កញ្ញា ម៉ង់ ចាន់កញ្ញា លោក ប៊ុន ជំនោរ អ្នកនាង ឆោម និមល លោក ខៀវ សម្បត្តិរិទ្ធី អ្នកនាង ខាត់ សួស្តី។ យើងក៏មានក្រុមតន្រ្តីអង្គភាពប្រឆាំងភេរវកម្ម មាននាយចយ កង សុវណ្ណរ៉ា តាចំប៉ី ក្រុមតន្ត្រីរបស់យើង និងអ្នកចម្រៀងផងដែរ។ អរគុណ បានចូលរួមអបអរសាទរថ្ងៃនេះ។ សូមជូនពរ សូមជម្រាបលាទាំងអស់គ្នាផងដែរ៕