ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា
សមាជិក សមាជិការាជរដ្ឋាភិបាល គណៈអធិបតី
ភ្ញៀវកិត្តិយស លោក លោកស្រី អ្នកនាងកញ្ញា សិល្បករ សិល្បការិនី
បងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំ និងភរិយា មានសេចក្ដីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុង «ទិវា–វប្បធម៌ជាតិ ៣ មីនា លើកទី២៧» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីទូទាំងប្រទេស លើកទី៦» ប្រកបដោយបរិយាកាសរីករាយ ។ នេះ ជាលើកទី ២ ដែលខ្ញុំ និង ភរិយា បានចូលរួម ក្នុងព្រឹត្តិការណ៍វប្បធម៌ជាតិប្រចាំឆ្នាំដ៏មានសារៈសំខាន់ ដើម្បីជាការរំឭកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និង មានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ ។ លើសពីនេះ, ការប្រារព្ធទិវាជាតិជារៀងរាល់ឆ្នាំក៏ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូប, ទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតីរួម «ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា» ។
ជាការពិត, ប្រទេសកម្ពុជាបានកកើតឡើងជាមួយប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌ, ទាំងរូបី និងអរូបីដ៏សម្បូរបែប ត្រូវបានបង្កើត និងថែរក្សាការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបានក្លាយជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ និង ប្រជាជន ។ ក្នុងន័យនេះ, កិច្ចការបន្តវេនថែរក្សា ការពារ និង អភិវឌ្ឍ បានក្លាយជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្ន, ភារកិច្ចនេះ មិនត្រឹមតែផ្តោតគោលដៅការពារអត្តសញ្ញាណជាតិមួយមុខនោះទេ, ប៉ុន្តែ ថែមទាំងជាកិច្ចខិតខំបង្វែរទិសបន្ថែមដល់វិស័យសិល្បៈវប្បធម៌ ក្នុងការចូលរួមដោយផ្ទាល់ និងដោយប្រយោល ដល់កំណើនសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាពប្រជាជន តាមរយៈ ការកសាងជំនាញបន្តវេន, បង្កបង្កើតការងារ និងតាមរយៈការរីកចម្រើនរបស់វិស័យឧស្សាហកម្មវប្បធម៌ ។
ឆ្នាំនេះ គឺជាឆ្នាំទី១០ ដែលរាជរដ្ឋាភិបាលបន្តរក្សាការប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទតែមួយគឺ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយសារតែវិសាលភាពដ៏ធំនៃវិស័យ-សិល្បៈវប្បធម៌ ការពង្រឹងថែរក្សា និងអភិវឌ្ឍ គ្មានដែនកំណត់ជាកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក៏ដូចជា ជាវិស័យដែលងាយទទួលរងហានិភ័យដែលកើតចេញពីការកើនឡើងនៃសាកលភាវូបនីយកម្មសិល្បៈវប្បធម៌ ទាំងក្នុងតំបន់និងពិភពលោក, ព្រមទាំងពីស្ថានភាព ដែលបច្ចេកវិទ្យាបាន និងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងសេដ្ឋកិច្ច សង្គម និងនយោបាយ ។
កាលពីឆ្នាំ២០២៤ កន្លងទៅ, ខ្ញុំបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការកសាងឱ្យបាននូវយុវជនបន្តវេន ដោយត្រូវដាក់ចេញឱ្យបាននូវវិធានការពង្រឹង, ទាំងបរិមាណ និង គុណភាព ដោយរាប់បញ្ចូលទាំងសកម្មភាពបណ្តុះបណ្តាល, លើកទឹកចិត្ត, ពង្រីកឱកាសចូលរួមជំរុញ និងការបង្កើតស្នាដៃថ្មីៗ ជាដើម ។ ក្នុងន័យនេះ, ក្រសួងវប្បធម៌ និងវិចិត្រ-សិល្បៈ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការ, ពង្រឹងទិសដៅ បើកចំហការចូលរួមរបស់យុវជន ឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីធានាឱ្យបានថា អនាគតនៃកិច្ច-ការអភិរក្ស, ថែរក្សាមរតកសិល្បៈវប្បធម៌ជាតិ នៅតែមានភាពរឹងមាំជាមួយកម្លាំងយុវជនបន្តវេន ។
កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង បានបន្តផ្តល់នូវលទ្ធផលវិជ្ជមានគួរជាទីសង្ឃឹម ដោយបច្ចុប្បន្ននេះ យើងសង្កេតឃើញអំពីស្ថានភាពប្រែប្រួលជាទីមោទនៈ ជាអាទិ៍ ចរន្តនៃមោទនភាពជាតិ, ចរន្តនៃសេចក្តីស្រឡាញ់ចំពោះសិល្បៈ វប្បធម៌ ប្រពៃណីជាតិ ដែលកាន់តែមានលក្ខណៈផុលផុស, តាមរយៈ កំណើននៃចំនួនយុវជនវ័យក្មេងចាប់យកវិស័យនេះជាអាជីព, កំណើននៃព្រឹត្តិការណ៍សិល្បៈវប្បធម៌ទាំងបុរាណ និង សម័យ, កំណើននៃស្នាដៃថ្មីៗ ដែលមានលក្ខណៈចម្រុះ ទាំងទម្រង់ដើម និងទម្រង់បង្កើតថ្មី, កំណើននៃការ- កសាងទុកជាអនុស្សាវរីយ៍ដោយយកសិល្បៈវប្បធម៌ជាគោល និងកំណើននៃការការពារ និងភាពឈឺឆ្អាល រិះគន់កែលម្អ ចំពោះទង្វើចេតនា ឬ អចេតនា ដែលប៉ះពាល់ដល់វប្បធម៌ប្រពៃណី។
ដូចដែលខ្ញុំបានលើកឡើងខាងលើ វិស័យសិល្បៈវប្បធម៌ ពិតជាងាយនឹងទទួលរងផលប៉ះពាល់ពីស្ថានភាព ដែលគ្មានរបាំងកំណត់នៃការឆ្លងទៅវិញទៅមកនៃវប្បធម៌ប្រពៃណី, ទាំងក្នុងតំបន់ និងពិភពលោក រីឯបរិវត្តកម្មឌីជីថល ក៏បន្តបង្ហាញពីសារៈសំខាន់ និងបញ្ហាប្រឈមផងដែរ សម្រាប់វិស័យនេះ ។
បច្ចុប្បន្ន, ការប្រើប្រាស់បច្ចេកវិទ្យាដោយរួមទាំង AI ផង, កំពុងមានលក្ខណៈទូលំ-ទូលាយក្នុងសង្គម, ជាពិសេស តាមបណ្តាញសង្គម ដែលយើងសង្កេតឃើញភាគច្រើននៃការប្រើប្រាស់មានចរិតលក្ខណៈត្រឹមត្រូវគួរឱ្យគាំទ្រ, ទាំងសម្រាប់ការផ្សព្វផ្សាយអាជីវកម្ម, ការផ្តល់ព័ត៌មាន ការបង្ហាញអំពីគំនិតច្នៃប្រឌិត និងស្នាដៃថ្មី, សារអប់រំ រូបភាព និង វីដេអូផ្ទាល់ខ្លួន ជាមួយនឹងសម្លៀកបំពាក់ កាយវិការ និងពាក្យពេចន៍ថ្លៃថ្នូរសមរម្យ ជាដើម ។
ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ដែលក្រសួងសម្រេចបាននាពេលកន្លងទៅ, ខ្ញុំសូមផ្តល់យោបល់បន្ថែមលើទិដ្ឋភាពការងារមួយចំនួន ដូចខាងក្រោម៖
ទី១. ភាពសម្បូរបែបនៃបេតិកភណ្ឌនៅគ្រប់ទីកន្លែងនៃប្រទេស គឺជាមោទនភាពរបស់ជាតិ និងប្រជាជន ប៉ុន្តែ បញ្ហាប្រឈមពាក់ព័ន្ធកិច្ចអភិរក្សថែរក្សា និងផលប៉ះពាល់កម្មសិទ្ធប្រជាពលរដ្ឋ, ជាពិសេស សិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី, មិនទាន់ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរនៅឡើយ ។ ស្របតាមផែនការអាទិភាពរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការកាត់បន្ថយ និងបញ្ចប់បញ្ហាជម្លោះដីធ្លីនៅទូទាំងប្រទេស, តាមរយៈ ការចេញ ប្លង់កម្មសិទ្ធិដីធ្លី ខ្ញុំសូមឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់ជាអតិបរមា ក្នុងឆ្នាំ -២០២៥ នេះ, នូវតំបន់ចាំបាច់បំផុត សម្រាប់ការពារគ្រប់បុរាណដ្ឋាន ដោយត្រូវឈរលើគោលការណ៍ពីរសំខាន់ គឺការពារបាននូវតម្លៃដើមរបស់បេតិកភណ្ឌ រួមទាំងបេតិកភណ្ឌដែលមានសក្តានុពលក្រោមដីផង និងកាត់បន្ថយបានជាអតិបរមានូវផលប៉ះពាល់ដល់ប្រជាជន ។ ខ្ញុំជឿថា នេះ ជាការងារបន្ទាន់ចំពោះមុខ ដែលនាំទៅដល់ការការពារបានជាស្ថាពរពីការរំលោភបំពាន និងក៏ជាការសម្របសម្រួលដល់យុទ្ធនាការវាស់វែង និងចេញប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋផងដែរ ។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) តើតំបន់បុរាណដ្ឋានដែលមានក្នុងបញ្ជី នៅជាបុរាណដ្ឋានលើដីជាក់ស្ដែងទៀតឬទេ?
ទាក់ទងនឹងចំណុច(កំណត់ជាអតិបរមានូវតំបន់ចាំបាច់បំផុតសម្រាប់ការពារគ្រប់បុរាណដ្ឋានក្នុងឆ្នាំ២០២៥)នេះ ខ្ញុំសូមណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជាមួយក្រសួងដែនដី កំណត់ឲ្យច្បាស់។ តំបន់ដែលកំណត់ថាជាបុរាណដ្ឋាន មានច្រើននៅទូទាំងប្រទេស។ គ្រាន់តែនៅតំបន់អង្គរមួយ យើងមានជិត ១ម៉ឺនកន្លែង។ សួរថា តើតំបន់ទាំងអស់នោះ ទួលបុរាណទាំងអស់នោះ នៅមានលក្ខណៈសមស្របឬទេ? នេះគឺជាការចាំបាច់ដែលត្រូវពិនិត្យឡើងវិញ។ ត្រូវធ្វើបច្ចុប្បន្នភាពឲ្យច្បាស់ថា តើតំបន់បុរាណដ្ឋានទាំងអស់នោះ និងដែលយើ់ងមានក្នុងបញ្ជី និងមើលនៅលើដីជាក់ស្ដែង(នៅជាបុរាណដ្ឋានទៀតឬទេ?) កន្លែងខ្លះ ខ្ញុំចុះទៅតាមមូលដ្ឋាន មានប្រជាពលរដ្ឋបានមកជួបខ្ញុំ … កន្លែងខ្លះប្រជាជនបានកាន់កាប់ ធ្វើផ្ទះ មានប្លង់រឹងរួចទៅហើយ។ អញ្ចឹង ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់។ កន្លែងខ្លះ ដែលយើងកំណត់ថា ស្ថានីយបុរាណដ្ឋាន ជួនកាលវាលែងជាស្ថានីយបុរាណដ្ឋានទៅហើយ។ ប៉ុន្តែ (វានៅកំណត់ថាដូច្នោះ)ដោយសារមិនទាន់ធ្វើបច្ចុប្បន្នភាពនៅលើក្រដាស …។
(២) ការពារនិងអភិរក្សទីតាំងវប្បធម៌ តែត្រូវធានាការប្រើប្រាស់ដីឱ្យស្របតាមស្ថានភាពប្រជាពលរដ្ឋផង
ដើម្បីធានានូវសុក្រិតភាព(ក្នុងការកំណត់តំបន់នេះ) មានកិច្ចការពីរដែលយើងត្រូវធ្វើ។ ទី១ ការពារ ថែរក្សា អភិរក្ស ទីតាំងដែលមានតម្លៃវប្បធម៌របស់យើងក្នុងប្រវត្តិសាស្រ្ត។ តែទី២ ធានាការប្រើប្រាស់ដីឲ្យសមរម្យ នៅទីកន្លែងដែលសមស្របនឹងស្ថានភាពរបស់ប្រជាពលរដ្ឋ។ កន្លងទៅ ខ្ញុំបានឲ្យគោលការណ៍នេះ (ហើយរដ្ឋមន្ត្រីគ្រប់គ្រងដែនដី នគរូបនីយ៍កម្ម និងសំណង់) ឯកឧត្ដម សាយ សំអាល់ បានធ្វើការជាមួយលោកជំទាវ (រដ្ឋមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈ) នៅក្នុងតំបន់អង្គរ ៤០១ គីឡូម៉ែត្រក្រឡា យើងមានតំបន់ដែលកំណត់ថាជា ស្ថានីយបុរាណដ្ឋាន ជាងមួយម៉ឺនកន្លែង ដែលត្រូវទៅមើលឡើងវិញ ដើម្បីកំណត់ថា ស្ថានីយបុរាណដ្ឋានណាដែលនៅមានលក្ខណៈពិតប្រាកដ តាមនិយមន័យថាជាបុរាណដ្ឋាន។ ថ្ងៃមុន ខ្ញុំឲ្យអ្នកជំនាញសួរថា អ្វីទៅជាតំបន់បុរាណដ្ឋាន? អ្នកបច្ចេកទេសខ្លះមិនទាន់មាននិយមន័យច្បាស់លាស់ថាអ្វីទៅដែលជាតំបន់បុរាណដ្ឋានពិតប្រាកដទេ។
កន្លែងដែលមានតួប្រាសាទ និងមានការកត់ត្រាច្បាស់លាស់ ហ្នឹងងាយស្រួលទេ។ ប៉ុន្តែកន្លែងខ្លះសឹងតែបាត់លក្ខណៈ(ជាបុរាណដ្ឋាន)ទៅហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងទិដ្ឋភាពប្រវត្តិសាស្រ្ត។ ដូច្នេះ ទាមទារឲ្យមានការទទួលខុសត្រូវពីរ។ ការទទួលខុសត្រូវទី១ គឺការពារនិងអភិរក្សទីតាំងប្រវត្តិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ កេរដំណែលដូនតា។ ប៉ុន្តែពេលជាមួយគ្នា ក៏យើងត្រូវមានភាពបត់បែនឲ្យបានច្បាស់លាស់ថា (២) អ្វីដែលយើងមានក្នុងបញ្ជី ជារបស់ពិតដែលត្រូវការពារឬទេ។ បើសិនជាមិនប្រាកដទេ បើសិនជាយើងស្រាវជ្រាវឃើញទិដ្ឋភាពនៅលើដីវាមិនស្របទៅតាមស្ថានភាពដែលយើងគិតថាទីតាំងប្រវត្តិសាស្រ្តទេ ត្រូវបញ្ជាក់ឲ្យបានច្បាស់ ដើម្បីយើងអាចកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីឡើងវិញ …។
(៣) ចុះបញ្ជីឡើងវិញ កំណត់ទីតាំងបុរាណត្រូវការពារ និងកំណត់ការប្រើប្រាស់ដីធានាតុល្យភាពរវាងការពារកេរដំណែលដូនតានិងស្រាយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
កន្លែងខ្លះដែលនៅក្នុងបញ្ជីជាទួលបុរាណ ឬស្ថានីយបុរាណ តែជាក់ស្ដែងប្រជាពលរដ្ឋបានទៅរស់នៅ ធ្វើស្រែចម្ការ ហើយមានទាំងប្លង់រឹងទៅទៀត។ ឯក្នុងបញ្ជី យើងនៅតែកំណត់ថាជាទួលបុរាណ។ (ដោយប្រការនេះ) ខ្ញុំសូម(ទី១) រៀបចំចុះបញ្ជីឡើងវិញ។ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការគ្នាធ្វើបច្ចុប្បន្នភាពឡើងវិញទីតាំងទាំងអស់នេះ។ ទី២ ត្រូវកំណត់ឲ្យច្បាស់ថា ទីតាំងអីខ្លះដែលជាទួលបុរាណ ស្ថានីយបុរាណ ត្រូវការពារ។ និងទី៣ ត្រូវកំណត់និយមន័យការប្រើប្រាស់ដីធ្លីឲ្យបានច្បាស់ដើម្បីធានានូវតុល្យភាព រវាងការការពារកេរដំណែលដូនតា និងការដោះស្រាយតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋបច្ចុប្បន្ន។ បើសិនជាកន្លែងណាដែលមិនមានការចាំបាច់ក្នុងការការពារជាសម្បត្តិវប្បធម៌ទេ ក្រោយពីយើងធ្វើបច្ចុប្បន្នភាពហើយ ក៏ត្រូវបន្ធូរបន្ថយលក្ខខណ្ឌនៃការប្រើប្រាស់តាមរបៀបណាមួយ។
សូម(ផ្តល់ជាគោលការណ៍ណែនាំ)ធ្វើយ៉ាងនេះ ដើម្បីយើងឆ្លើយតបឲ្យបានទាំងអស់គ្នា ទាំងប្រជាពលរដ្ឋបច្ចុប្បន្ន ទាំងតម្រូវការការពារនូវតំបន់បុរាណដ្ឋាន … កន្លែងខ្លះយើងពិបាកទៅមើលដែរ។ ថាជាទួលបុរាណ តែប្រជាពលរដ្ឋមិនដឹងថាទីហ្នឹងជាអ្វី។ កន្លែងខ្លះ សូម្បីមន្រ្តីជំនាញនៅថ្នាក់ខេត្ត ក៏មិនដឹងថាជាអ្វីដែរ។ ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ។ កន្លងទៅ យើងធ្លាប់ធ្វើនៅ(ក្រសួង)ធនធានទឹក។ ក្នុងបញ្ជីជាស្រះទឹក ដល់ទៅមើលជាក់ស្ដែង ដីហ្នឹងគោករាប់ឆ្នាំទៅហើយ។ ប្រជាពលរដ្ឋធ្វើស្រែប្រាំង ហើយធ្វើផ្ទះនៅលើនោះទៀត។ អញ្ចឹងត្រូវមានការកែសម្រួលតាមទីតាំងជាក់ស្ដែង។ នៅទីនេះដូចគ្នា។ បើខ្ញុំគិតមើលទៅ យើងមានទីតាំងប្រហែលជារាប់សែនកន្លែងនៅទូទាំងប្រទេសដែលបានកំណត់ថាទួលបុរាណ ដោយសារយើងមានកំណត់ត្រាប្រវត្តិសាស្រ្ត ប៉ុន្តែ ត្រូវរៀបចំក្រុមការងារដើម្បីពិនិត្យមើលលើការងារនេះឲ្យបានច្បាស់លាស់។
[ចប់សេចក្ដីអធិប្បាយ១]
ទី២. ជោគជ័យនៃការចុះបញ្ជី ទាំងបេតិកភណ្ឌរូបី និងអរូបី បន្តក្លាយជាមោទនភាពជាតិ និងបន្តពង្រឹងរូបភាពកម្ពុជាលើឆាកអន្តរជាតិ តាមរយៈ វិស័យសិល្បៈវប្បធម៌ ។ ខ្ញុំសូមជំរុញលើកទឹកចិត្តដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការងារដ៏មានតម្លៃនេះ និងសូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ, ជាពិសេស ក្រសួងបរិស្ថាន បន្តពង្រឹងកិច្ចសហការ និង ដាក់ចេញនូវគម្រោងបន្តចុះបញ្ជីនៅលើតំបន់ធម្មជាតិនានារបស់យើង, ទាំងក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូ ក៏ដូចជា ក្នុងបញ្ជីនៃយន្តការតំបន់អាស៊ាន ជាដើម ។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(៤) បន្ទាប់ពីក្រម៉ានិងសំលៀកបំពាក់អាពាហ៍ពិពាហ៍ កំពុងរៀបចំចុះសង្ក្រាន្តកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌបន្ត
ចំណុច(ស្តីពីការចុះបញ្ជី ទាំងបេតិកភណ្ឌរូបី និងអរូបី)នេះ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ របស់លោកជំទាវ ភឿង សកុណា និងក្រុមការងារ ក៏ដូចជាក្រុមការងារពាក់ព័ន្ធ ដែលយើងបានរៀបចំចុះបញ្ជីសម្បតិ្ដបេតិកភណ្ឌរបស់ខ្មែរយើងទាំងរូបិយ និងអរូបិយជាបន្ដបន្ទាប់។ ក្នុងមួយឆ្នាំជាងនេះ តាំងពីការចាប់កំណើតរបស់រាជរដ្ឋាភិបាលថ្មី យើងបានដាក់ប្រាសាទកោះកេរ(ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជា)ការងារដែលសល់ពីមុន។ ប៉ុន្ដែក្នុង listing ឆ្នាំនេះ យើងបានចុះបញ្ជីក្រម៉ារបស់និងសំលៀកបំពាក់ការ(អាពាហ៍ពិពាហ៍)។យើងកំពុងរៀបចំចុះសង្ក្រាន្តកម្ពុជានៅក្នុងបញ្ជីនោះផងដែរ។ សូមបន្ដកិច្ចការងារនេះ ដើម្បីឲ្យពិភពលោកបានឃើញនូវអ្វីដែលបុព្វបុរសយើងបានខិតខំ(បង្កើតនិងបន្សល់ទុកមក ដែល)ទាំងអស់នេះជាបេតិកភណ្ឌពិភពលោកមនុស្សជាតិរបស់យើង។ មនុស្សខ្មែរ បុព្វបុរសខ្មែរ ជាអ្នកបង្កើត ប៉ុន្ដែស្នាដៃដ៏មហិមានេះត្រូវចែករំលែកដើម្បីអន្ដរជាតិបានទទួលស្គាល់បានដឹងលឺ។ គេមិនយករបស់យើងទេ។ អ្វីដែលសំខាន់គឺសម្បត្តិវប្បធម៌ដែលបុព្វបុរសយើងកសាង ជាកម្មសិទ្ធិ ជាអត្ដសញ្ញាណរបស់ជាតិខ្មែរ តែបានចែករំលែក និងក្លាយជាផលប្រយោជន៍រួមនៃមនុស្សជាតិ។ ក្នុងដំណាក់កាលនេះ យើងខិតខំផ្សព្វផ្សាយបន្ថែមសម្បត្តិវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោក តាមរយៈការចុះបញ្ជីបេតិកភណ្ឌទាំងអស់នេះ។ ខ្ញុំសូមលើកទឹកចិត្ត និងធ្វើការកោតសរសើរជាថ្មីម្ដងទៀតដល់ក្រុមការងារក្រសួងវប្បធម៌វិចិត្រសិល្បៈ និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែល(ខិតខំ)ធ្វើការងារទទួលបានជោគជ័យ។
[ចប់សេចក្ដីអធិប្បាយ២]
ទី៣. វឌ្ឍនភាពថ្មីៗនៃវិស័យឯកជន, ជាពិសេសសហគ្រាសធុនតូច និង មធ្យម ព្រមទាំងសិប្បកម្មខ្នាតតូច មធ្យម និង លក្ខណៈគ្រួសារ ពាក់ព័ន្ធនឹងផលិតផល ដែលមានលក្ខណៈប្រពៃណី ជាអាទិ៍ តម្បាញ, ហូល, ផាមួង, ចម្លាក់, សូនរូប ព្រមទាំងផលិតផលប្រពៃណី ក្រោមទម្រង់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងវត្ថុអនុស្សាវរីយ៍នានា គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការបោះជំហានទៅមុខ និងការចូលរួមរបស់វិស័យសិល្បៈវប្បធម៌ក្នុងកំណើនសេដ្ឋកិច្ចរបស់យើង ។
[ផ្តើមសេចក្ដីអធិប្បាយ៣]
(៥) ច្នៃឲ្យទំនើប តែរក្សាទំរង់ និងអត្ដសញ្ញាណខ្មែរ
ថ្ងៃមុន គ្រួសារខ្ញុំគាត់បង្ហាញខ្ញុំពីហ្វេសប៊ុកមួយ។ គាត់ថា «បង! ខ្ញុំឥលូវក្លាយជាអ្នកបង្ហាញម៉ូតហើយ!»។ ខាងសំលៀកបំពាក់ខ្មែរហូល ផាមួង យករូបគ្រួសារខ្ញុំទៅដាក់។ ខ្ញុំថាគេមិនមែនយករូបអូនឯងទៅដាក់ទេ គេយករូបខោអាវអូនយកទៅដាក់។ ព្រោះជាសំលៀកបំពាក់ខ្មែរ។ អម្បាញ់មិញ គេចំលងតាមហើយ។ ប្រពន្ធកាត់ឲ្យ(អាវហូល)។ ពាក់ឲ្យប្លែកបន្ដិច។ សុំស្អាតមួយថ្ងៃហើយថ្ងៃនេះ។ ហូលខ្មែរ។ ប៉ុន្ដែយើង(អាច)ច្នៃជាអាវធំ។ ចូលមកអម្បាញ់មិញ ឃើញបងប្អូនសិល្បករយើងច្នៃម៉ូតច្រើន (ពីហូលផាមួង) ប៉ុន្ដែនៅរក្សាអត្ដសញ្ញាណរបស់យើង។ ព្រោះហូលខ្មែរជារបស់ខ្មែរ។ នេះហើយការច្នៃប្រឌិតដើម្បីឲ្យទំនើប ប៉ុន្ដែនៅរក្សានូវទំរង់ និងអត្ដសញ្ញាណខ្មែររបស់យើង។ ក្នុងសិល្បៈនៃការសំដែងអម្បាញ់មិញនេះ ខ្ញុំឃើញថាប្លែក។ ខ្ញុំសូមសរសើរ។ អរគុណណាស់ដល់ក្រុមការងាររៀបចំ (និង)លោកជំទាវ(រដ្ឋមន្ត្រី)។ យើងដឹងថាពីមុនៗ នារីៗចូលម្លប់(នៅពេល)អាយុគ្រប់ការ។ អម្បាញ់មិញនិយាយជាមួយឯកឧត្តម នេត សាវឿន ថា សម័យថ្មីបើចូលម្លប់ដកទូរស័ព្ទផង។ មានបំបួសកូននាគ។ បន្ដិចៗបែបនេះគឺជាការរំលឹកឡើងវិញ។ នៅក្នុងឆ្នាំទៅនេះ ខ្ញុំឃើញការរៀបចំសិល្បៈវប្បធម៌ បង្ហាញការចាប់អារម្មណ៍របស់បងប្អូនយើងក្នុងការលើកស្ទួយនូវសិល្បៈវប្បធម៌។ គឺជាកិច្ចការល្អប្រសើរ។ សូមអរគុណ។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៤. កិច្ចការអភិរក្សសិល្បៈវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ មិនប្រាកដមានន័យថា ត្រូវតែនៅទ្រឹងមួយកន្លែងដោយមិនធ្វើពិពិធកម្ម ដោយមិនកែច្នៃ និងអភិវឌ្ឍថ្មី នោះទេ ។ ខ្ញុំសូមជំរុញលើកទឹកចិត្តដល់ការកែច្នៃ ការបង្កើតថ្មី ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី សម្រាប់ជាជំនួយបង្កើនចំណាប់អារម្មណ៍ និងភាពទាក់ទាញ ដោយត្រូវកាត់បន្ថយជាអតិបរិមានូវផលប៉ះពាល់ជាយថាហេតុមកលើចរិតលក្ខណៈដើមនៃសិល្បៈវប្បធម៌បុរាណយើង។ ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរពង្រីកតំបន់សកម្មភាពរបស់ខ្លួន ដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការធ្វើទំនើបកម្មវិស័យនេះ, ជាពិសេសបង្កើនកិច្ចសហការ និងដកស្រង់បទពិសោធពីបណ្តាប្រទេសនាំមុខផ្នែកឧស្សាហកម្មវប្បធម៌។
[ផ្តើមសេចក្ដីអធិប្បាយ៤]
(៦) កែទម្រង់ ធ្វើទំនើបកម្ម ពិពិធកម្ម បដិវត្តកម្មវប្បធម៌ ឲ្យស្របតាមស្ថានភាពសង្គមកម្ពុជា
ខ្ញុំសូមសរសើរចំពោះការច្នៃប្រឌិតខ្ពស់នៅគ្រប់ទម្រង់ទាំងអស់។ យើងមានសិល្បៈសហសម័យ យើងមានអ្វីផ្សេងៗ ដែលខ្ញុំថាគ្រាន់តែការច្នៃហូលផាមួងទៅជាសម្លៀកបំពាក់ទំនើប បង្ហាញម៉ូដ្ឋទៅលើឆាកអន្តរជាតិកន្លងទៅនេះ ក៏ជាអ្វីដែលយើងត្រូវធ្វើ។ ការយកសិល្បៈបុរាណ ឧបករណ៍បុរាណ(ភ្លេង)របស់យើងទៅសម្តែងនៅលើឆាកអន្តរជាតិ ទទួលភ្ញៀវលើឆាកអន្តរជាតិ យកទៅសម្តែងខាងក្រៅ នេះគឺជាការច្នៃប្រឌិត។ ពិតណាស់ របាំអប្សរាមានទម្រង់មួយ ប៉ុន្តែការស្លៀកពាក់ឈុតអប្សរា ក៏អាចសម្តែងឈុតផ្សេងៗបានច្រើន។ យើងមានវង់តូច វង់ធំ ហើយការច្នៃប្រឌិតនេះហើយដែលត្រូវធ្វើដើម្បីសម្រប(ទៅតាមកាលសម័យ) ប៉ុន្តែធ្វើយ៉ាងណាកុំឲ្យបាត់អត្តសញ្ញាណជាតិរបស់យើង។ សិល្បៈ វប្បធម៌ អរិយធម៌ចម្លងគ្នាទៅវិញទៅមក។ សម័យទំនើបកម្ម សកលភាវូបនីយកម្ម យើងចម្លងខ្លះ យើងយករូបមន្តខ្លះពីគេ ប៉ុន្តែមិនចាំបាច់ចម្លងទាំងអស់នោះទេ។ យើងយកមករួមផ្សំជាមួយនឹងអ្វីដែលយើងមាន ដើម្បីយើងទំនើបកម្មតាមបែបខ្មែរ។ ការកែទម្រង់ ការធ្វើទំនើបកម្ម ពិពិធកម្ម បដិវត្តកម្មនៃវប្បធម៌ មិនខុសពីយើងធ្វើបដិវត្តកម្មនៃគោលនយោបាយសេដ្ឋកិច្ច គោលនយោបាយអ្វីៗ ដែលយើងយករូបមន្តគោលនយោបាយដកពិសោធន៍ពីប្រទេសផ្សេង មកដាក់ឲ្យសមស្របតាមស្ថានភាពសង្គមសេដ្ឋកិច្ចរបស់យើងនោះទេ។ ខ្ញុំគិតថាជាកិច្ចការល្អ។
(៧) ជោគជ័យដោយរក្សាបានវប្បធម៌ជាតិ រួមគ្នាថែរក្សាអត្តសញ្ញាណជាតិ អភិវឌ្ឍតាមបែបបទខ្មែរ
ខ្ញុំសូមអរគុណចំពោះក្រសួងវប្បធម៌ ក្រសួងកិច្ចការនារីដែលពេលខ្លះ ធ្វើការតម្រង់ទិស។ ពេលខ្លះ មានការច្នៃប្រឌិតរាងជ្រុលបន្តិច។ យើងធ្វើការណែនាំ។ ថ្ងៃមុនឃើញក្រសួងធ្វើការណែនាំរឿងប្រើប្រាស់ពាក្យនៅក្នុងបទចម្រៀង rap។ បងប្អូនគាត់តែងចុះតែងឡើងទៅជាវាយគ្នាជេរគ្នា។ ចម្រៀង rap នៅអាមេរិកនៅអី ក៏មានអ្នកខ្លះ rap ខ្លាំង គេហៅថា hard core ហ្នឹងគឺរឹង គឺប្រើពាក្យខ្លាំង ប្រើពាក្យបាញ់ ប្រើពាក្យជេរ។ យើងយកទំនុកគេមកច្នៃ ប៉ុន្តែមិនចាំបាច់ថា rap ទាល់តែជេរដូចអាមេរិកបានល្បីនោះទេ។ រក្សាភាពថ្លៃថ្នូរ គោរពគ្នាក៏ល្បីដែរ។ ខ្ញុំឃើញប្អូនៗល្បីតាំងពីមុនគាត់តែងបទដែលមានពាក្យជេរ។ អញ្ចឹង បើយើងធ្វើហើយបានជោគជ័យដោយរក្សាភាពថ្លៃថ្នូរ រក្សាវប្បធម៌របស់យើងបាន យើងមិនចាំបាច់ទៅ copy ពីគេនោះទេ។ យើងត្រូវរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ។ យើងអភិវឌ្ឍ ប៉ុន្តែមិនត្រូវអភិវឌ្ឍ copy ពីគេទេ។ ត្រូវអភិវឌ្ឍតាមបែបបទខ្មែររបស់យើង មានព្រំដែនខ្មែររបស់យើង។
(៨) “វប្បធម៌ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីវប្បធម៌”
ខ្ញុំសង្ឃឹមថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជួយណែនាំតម្រង់ទិសបន្ថែម … មិនមែនតែក្រសួងស្ថាប័នទេ សូម្បីមហាជន ប្រជាពលរដ្ឋរបស់យើង នៅពេលដែលសកម្មភាពឬពាក្យសម្តីអ្វីមួយលើសព្រំដែនសីលធម៌ វប្បធម៌ សង្គមជាតិខ្មែរ គាត់តែងតែចេញមកធ្វើការដាស់តឿន ក្រើនរំលឹក និងតម្រង់ទិសទៅដល់បងប្អូនទាំងអស់នោះ។ ខ្ញុំក៏សូមអរគុណ។ នេះគឺជាស្មារតីនៃការថែរក្សាវប្បធម៌របស់យើង។ វប្បធម៌ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីវប្បធម៌។ យើងមានកាតព្វកិច្ចការពារវប្បធម៌របស់យើង។ ជួនកាលបងប្អូនគ្មានចេតនាអាក្រក់ទេ ប៉ុន្តែការគិត ការទាញអារម្មណ៍ ពេលខ្លះវាជ្រុល។ យើងរួមគ្នាថែទាំវប្បធម៌ ណែនាំតម្រង់ទិសចូលមកវិញ យើងអភិវឌ្ឍតាមរបៀបយើង។ នេះបានន័យថា អ្វីដែលយើងអភិរក្សមិនមែនរឹងកំព្រឹសទេ។ យើងបើកជ្រុងអភិវឌ្ឍក្នុងកម្រិតណាមួយ ប៉ុន្តែមិនឱ្យបាត់អត្តសញ្ញាណជាតិឡើយ។
(៩) ក្នុងសម័យបណ្តាញសង្គម មនុស្សផ្ដោតលើការទាញអារម្មណ៍ច្រើនជាងមូលដ្ឋានពិតជាក់ស្ដែង
ខ្ញុំសូមអរគុណសាជាថ្មីចំពោះការដែលយើងចូលរួមថែរក្សា(វប្បធម៌)។ ចំណុចនេះ ក៏មានការទាក់ទងនឹងរឿងមួយចំនួន មិនត្រឹមតែសិល្បៈវប្បធម៌ទេ។ ឥឡូវនេះ សម័យឌីជីថល Facebook, TikTok ពេលខ្លះយើងផ្ដោតទៅលើការទាញអារម្មណ៍ច្រើនជាងអ្វីដែលជាមូលដ្ឋានជាក់ស្ដែងពិតប្រាកដរបស់យើង។ មានម្តងទៅអារ៉ែង។ កាលពីពេលនោះ មិនទាន់មានផ្លូវស្រួលទេ។ ខ្ញុំបើកឡាន។ ពេលជង្ហុកខ្លាំង ក៏ធ្លាក់ចូលក្នុងជង្ហុក។ បងប្អូននៅពីមុខរត់មកដល់ភ្លាម។ ស្មានតែមកជួយរុញឡាន (គាត់)មកដល់ថតសិន។ ការងារនេះសូមឱ្យមានការពិចារណា នៅក្នុងការធ្វើ។ កន្លងទៅយើងឃើញមានករណីមួយចំនួន ដែលមានការជ្រុលជ្រួស មានការជជែកគ្នានៅក្នុងបណ្ដាញសង្គមជាច្រើន។ ករណីក្មួយស្រីលក់សណ្ដែកដីនៅខេត្តព្រះសីហនុ ដែលប្អូនស្រីម្នាក់គាត់ធ្វើសកម្មភាពថត ហើយមានការរុញសណ្ដែកដី(ជ្រុះមកលើដី)។ ថ្ងៃមុនប្អូនប្រុស MC ម្នាក់ ម្សិលមិញឃើញឯកឧត្តម នេត ភក្ត្រា ហៅដើម្បីឱ្យសុំទោសដែលនិយាយស្ដីប៉ះពាល់ដល់ប្អូនស្រីម្នាក់ជាអ្នកលើកស្លាកទឹក។ រឿងនេះមិនមែនតែប៉ុណ្ណឹងទេ។ សូម្បីតែរឿងសណ្កែកដី ខ្ញុំធ្លាប់ឃើញប្អូនៗខ្លះកន្លងទៅនៅមុខវាំងធ្វើជាសកម្មភាព រុញដួលដើម្បីធ្វើការងារមនុស្សធម៌។
(១០) សូមកែលម្អនិងគោរពគ្នា កុំប្រើពាក្យវាយប្រហារ ហិង្សា លែបខាយប៉ះពាល់សេចក្ដីថ្លៃថ្នូរបស់អ្នកដទៃ
ពេលខ្លះ យើងផ្ដោតផ្ដោតអារម្មណ៍ទៅលើតែអ្វីដែលធ្វើអោយមានការទាក់ទាញ។ យើងភ្លេចទៅអ្វីដែលប៉ះទង្គិចទៅលើអារម្មណ៍អ្នកដទៃ។ នេះជាអ្វីដែលខ្ញុំបានដាក់សារតាមហ្វេសប៊ុករបស់ខ្ញុំម្សិលមិញ អំពាវនាវសូមឱ្យអោយគិតគូរពីរឿងនេះ។ គិតគូរនូវអ្វីដែលជាមូលដ្ឋានជាក់ស្ដែងនៃទំនាក់ទំនងរវាងមនុស្សនិងមនុស្ស។ ឥឡូវនេះ អង្គុយតុជាមួយគ្នា លែងនិយាយគ្នាហើយ មើលទូរស័ព្ទ។ អង្គុយតុជាមួយគ្នាមិនខ្ចីទំនាក់ទំនង ពេលខ្លះពេលចូលរហូតដល់ចេញទៅទំនាក់ទំនងជាមួយអ្នកនៅ ៣ពាន់គីឡូពីហ្នឹង។ សង្ស័យមានដែរ? ពេលខ្លះគឺយើងផ្ដោតអារម្មណ៍លើហ្នឹងខ្លាំងពេក យើងភ្លេចនូវមូលដ្ឋានអារម្មណ៍របស់អ្នកដទៃ។ យើងគិតពីអារម្មណ៍អ្នកដែលចង់មើលយើង ចុច Likes, share របស់យើង។ ប៉ុន្តែភ្លេចពីអារម្មណ៍អ្នកនៅចំពោះមុខយើង។ នេះគឺជាអ្វីដែលសម័យបច្ចេកវិទ្យាបានធ្វើអោយគម្លាតរវាងមនុស្សនិងមនុស្ស តាមរយៈនៃការភ្លេចនៃតម្លៃជាក់ស្ដែង។
ខ្ញុំសូមអំពាវនាវបងប្អូន មិនថានៅក្នុងទំនុកភ្លេង ខ្លឹមសារនៃបទចម្រៀងដែលប្រើពាក្យអសុរោះ ប្រើពាក្យវាយប្រហារ ប្រើពាក្យហិង្សា ការលេងសើចដែលជ្រុល ការលេបខាយផ្សេងៗ ដែលអាចប៉ះពាល់ទៅដល់តម្លៃនៃសេចក្ដីថ្លៃថ្នូរបស់អ្នកដទៃជាពិសេសស្ដ្រី គឺសូមពិចារណា ហើយសូមចាប់អារម្មណ៍និងកែលម្អ ព្រោះការគោរពគ្នាត្រូវតែមានដាច់ខាត។ បើក្នុងសម័យឌីជីថលលែងអោយតម្លៃនិងគិតគូរពីអ្នកដែលនៅជុំវិញខ្លួនរបស់យើងនេះគឺជាបញ្ហា។ មុនជំនាន់សម័យ Facebook ជំនាន់ទូរស័ព្ទដៃ រឿងខ្លះជារឿងតូចដែលអាចដោះស្រាយបាន ប៉ុន្តែទៅជារឿងធំ ដោយសារយើងមិននិយាយទៅរកអ្នកនៅមុខយើង។ អ្នកខ្លះ ឱ្យតែប៉ះគ្នា(ដោយគ្រោះថ្នាក់ចរាចរណ៍)នៅតាមផ្លូវ ដកទូរស័ព្ទហៅអ៊ំ ហៅពូ រៀងៗខ្លួន។ គ្រាន់តែប៉ះគ្នារវាងម៉ូតូនិងម៉ូតូ អត់និយាយគ្នា ម្នាក់ចតម៉ូតូ (ទូរស័ព្ទ)ហៅពូ។ ម្នាក់ហៅអ៊ំ ហើយអត់និយាយតែម្ដង។ ចាំអ៊ំខ្ញុំមក ចាំពូខ្ញុំមក ដឹងគ្នាហើយ។ ដល់ពេលខ្លះ អ៊ំ និងពូ អត់ដឹងរឿង។ ក្ដៅពីចម្ងាយមកដល់រឿងធំលើសដើម។ ចុះពីលើឡាន គឺដាក់យកៗតែម្ដង។ រឿងបន្តិចសោះ។ អ្នកទីបីអត់ដឹងរឿង មកដោះស្រាយបញ្ហា។ ប៉ះគ្នាកាន់តែលើសដើម។ ដោយសារយើងអត់និយាយគ្នា។
(១១) ស្វែងយល់ពីគ្នា ជជែកគ្នា នឹងអាចដោះស្រាយបញ្ហាបាន មិនបង្កើនបញ្ហារវាងគ្នានិងគ្នា
ឥឡូវជំនាន់ហ្វេសប៊ុក TikTok កាន់តែខ្លាំង។ គ្រាន់តែមានរឿងអីភ្លាម អត់និយាយ ទាញ Live តែម្ដង។ ហើយអ្នកមើលរាប់ពាន់នាក់អត់ដឹងរឿងអីទេ ម្ខាងៗយកឈ្នះរៀងៗខ្លួន ទីបំផុតនៅទល់មុខគ្នា បើនិយាយគ្នាតែបន្តិច យោគយល់គ្នា គឺអាចដោះស្រាយបញ្ហាងាយ ប៉ុន្តែដោយសារយើងមិននិយាយគ្នា យើងទាញហ្វេសប៊ុករៀងៗខ្លួន ហើយមើលខម្មិនទល់គ្នារៀងៗខ្លួន។ ការងារដែលអាចដោះស្រាយបានដោយការយោគយល់គ្នាបន្តិចបន្តួច (បង្ក)ទៅជារឿងធំ។ រឿងដែលយើងលែងនិយាយគ្នា លែងចេះអត់ឱនឱ្យគ្នា ដោយសារម្នាក់ៗលែងនិយាយជាមួយគ្នា អ្នកដែលមានបញ្ហាពឹងមនុស្សរាប់រយរាប់ពាន់នាក់ដែលអត់ដឹងរឿងដើម្បីឱ្យ(ស្ថានការណ៍)ក្ដៅលើដើម។ រឿងច្រើនណាស់នៅក្នុងហ្វេសប៊ុកដែលខ្ញុំឃើញ។ រឿងលូមួយកង់ ៤០ដុល្លារ រឿងស្អីៗមួយចំនួន។ រឿងនេះ បើសិនជាយើងមានវិធីសាស្រ្តនិយាយគ្នា ស្វែងយល់ពីគ្នា ជជែកគ្នា ខ្ញុំគិតថា យើងដោះធូរ ដោយមិនចាំបាច់បង្កើនបញ្ហារវាងគ្នានិងគ្នានោះទេ ហើយក៏មិនចាំបាច់រំខានដល់អ្នកមនុស្សរាប់រយរាប់ពាន់នាក់ អង្គុយចុចតាមមើលគេឈ្នះគ្នាតាមហ្វេសប៊ុកដែរ។
(១២) សីលធម៌ និងវប្បធម៌ ជាមូលដ្ឋានក្នុងការរស់នៅ មិនមែនសម្រាប់តែសំដែងទេ
នេះជាអ្វីដែលខ្ញុំសុំអំពាវនាវឱ្យប្រជាពលរដ្ឋយើង ជាពិសេសយុវជនថា ការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម ហ្វេសប៊ុក TikTok ជាមធ្យោបាយល្អក្នុងការផ្សព្វផ្សាយ ប៉ុន្តែសូមពិចារណាសូមកុំឱ្យយកឧបករណ៍នេះជាមិត្តជិតស្និត ដែលយើងផ្ដាច់ទំនាក់ទំនងការនិយាយគ្នាជាមួយអ្នកដែលនៅជុំវិញខ្លួនយើង ជាពិសេសពេលដែលមានហេតុការណ៍ យើងលែងនិយាយគ្នាដោះស្រាយបញ្ហា។ សូមឱ្យប្រកាន់អភិក្រម មានអីនិយាយគ្នា ដោះស្រាយគ្នា រួមគ្នាខ្មែរនិងខ្មែរទៅ។ រឿងបន្តិចបន្តួចរកវិធីដោះស្រាយទៅ មិនចាំបាច់ទៅរំខាន ឬហៅអ្នកណាមកទៀតទេ។ រឿងនេះយើងឃើញរាល់ថ្ងៃនៅក្នុងសង្គម។ រឿងខ្លះ អត់ធំសោះ តែវិវឌ្ឍន៍ទៅជាធំ ដោយអ្នកពាក់ព័ន្ធមិននិយាយគ្នា យកឈ្នះរៀងៗខ្លួន។ ទីបំផុតគឺធ្វើឱ្យមហាជនកាន់តែវល់ កាន់តែស្មុគស្មាញអារម្មណ៍ផ្លូវចិត្ត ឃើញតែរឿងប្រឡាក់ក្រឡាគ្នា។ ពេលខ្លះជេរដល់រដ្ឋាភិបាលទៀត។ អញ្ចឹងខ្ញុំសូមយកឱកាសនេះ (ដាស់តឿនប៉ុណ្ណេះ)ព្រោះវាពាក់ព័ន្ធនឹងវប្បធម៌ និងសីលធម៌។ សីលធម៌ និងវប្បធម៌ គឺជាមូលដ្ឋានក្នុងការរស់នៅរបស់យើង មិនមែនសម្រាប់តែសំដែងនោះទេ។
អម្បាញ់មិញ ការសំដែងទាំងប៉ុន្មានបានបញ្ជាក់អំពីរបៀបរបបនៃទំនៀមទម្លាប់រស់នៅរបស់យើង តាំងពីកូនកើត ធ្វើពិធី តាំងពីបំបួសកូននាគ តាំងពីចូលម្លប់ និងពិធីមង្គលការ។ គឺវប្បធម៌នេះហើយជាមូលដ្ឋានគាំទ្រការរស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម។ នេះជាការចូលរួមនៅក្នុងការថែរក្សាវប្បធម៌ ការប្រស្រ័យទាក់ទងគ្នា ការនិយាយគ្នារវាងប្រជាជននិងប្រជាជន។ មានអីកុំជេរគ្នាភ្លាមៗ មានអីនិយាយគ្នាទៅ។ មានអីកុំទូរស័ព្ទហៅគ្នាមកជួយជេរថែម។ មានអីកុំដាក់តាមហ្វេសប៊ុកឱ្យអ្នកអត់ដឹងរឿងមកក្ដៅក្រហាយជាមួយយើង។ និយាយគ្នា ដោះស្រាយជាមួយគ្នា។ រកវិធីនិយាយគ្នាឱ្យឆាប់បញ្ចប់រឿង ដោយការយោគយល់គ្នា …។
(១៣) អាចមានមិត្តរាប់ពាន់នាក់លើបណ្តាញសង្គម ប៉ុន្តែអ្នកយកអាសាគឺជាអ្នកនៅជិតផ្ទះគ្នា
ការចូលរួមថែរក្សាវប្បធម៌ប្រពៃណី ការយោគយល់គ្នា ការរាប់អានគ្នាក្នុងនាមជាខ្មែរ ជាពិសេសយុវជនរបស់យើង ការអប់រំទាំងផ្លូវកាយផ្លូវចិត្ត ការសន្តោសប្រណី ការយោគយល់គ្នា គឺជាមូលដ្ឋាននៃការរស់នៅដោយសុខដុមនីយកម្មជាមួយគ្នា។ យើងមានមិត្តរាប់ពាន់នាក់តាមហ្វេសប៊ុក តាមបណ្ដាញសង្គម ប៉ុន្តែអ្នកដែលយកអាសាយើង គឺជាអ្នកនៅជិតផ្ទះជាមួយគ្នា ដែលយើងឃើញមុខរាល់ថ្ងៃនេះឯង។ អញ្ចឹង សូមថែរក្សា។ (សូមពិចារណារវាងអ្នកដែលស្គាល់រាប់ពាន់នាក់នៅកន្លែងផ្សេងៗ និងអ្នកដែលធ្វើការនៅក្នុងកន្លែងជាមួយយើង។ បញ្ហាដែលប្រឈមជាមួយមនុស្សពីរនាក់ ដោះស្រាយដោយមនុស្សពីរនាក់ទៅ ដើម្បីឆាប់ចប់ ជាជាងទៅរកអ្នកដែលមកអត់ដឹងរឿង យកមកជួយដោះ។ នេះហើយដែលខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវ ការងារខ្លះ រឿងតូចតាច យើងអាចយោគយល់គ្នា អត់ឱនគ្នា ដើម្បីបញ្ចប់បញ្ហា ហើយសូមប្រកាន់នូវជំហរនេះ សូមប្រកាន់នូវជំហរសាមគ្គី និងនិយាយគ្នា។ សម័យបច្ចេកវិទ្យា រឿងដែលមិនគួរធ្វើឱ្យវាទៅជាធំ វាទៅជាធំបាន។ ពេលខ្លះ ចាប់ផ្ដើមទាញហ្វេសប៊ុករៀងៗខ្លួនហើយ គឺរឹងៗរៀងៗខ្លួន (ដោយប្រកាន់ថា) គឺអ្នកឯងបានធ្វើឱ្យខូចកិត្តិយសខ្ញុំតាមហ្វេសប៊ុក។ មនុស្សគ្រប់គ្នាជេរខ្ញុំ។ ខ្ញុំខឹង។ ខ្ញុំលែងនិយាយជាមួយហើយ។ តែបើអត់មានហ្វេសប៊ុកបង្ហោះទេ និយាយគ្នា អាចយោគយល់គ្នាបាន។ ប្រព័ន្ធបណ្ដាញសង្គម ជួយឱ្យយើងអាចផ្សព្វផ្សាយឱ្យមនុស្សច្រើនដឹងបាន ប៉ុន្តែវាមិនមែនមធ្យោយបាយតែមួយក្នុងការដោះស្រាយបញ្ហានោះទេ។ ការទំនាក់ទំនង ដោះស្រាយផ្ទាល់ជាមួយគ្នាគឺជាអ្វីដែលសំខាន់។ កិច្ចការនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ ដើម្បីបន្តរួមគ្នាធ្វើកិច្ចការនេះបន្តទៅទៀត។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៥. ខ្ញុំពិតជាមានមោទនភាពចំពោះកម្រិតជោគជ័យនៃសកម្មភាពថែទាំ ជួសជុល លើកតម្លៃបេតិកភណ្ឌរូបី នៅទូទាំងប្រទេស ដោយរួមបញ្ចូលទាំងប្រាង្គប្រាសាទ, ហេដ្ឋា-រចនាសម្ព័ន្ធបុរាណ និងប្រវត្តិសាស្ត្រ ព្រមទាំងបុរាណដ្ឋានផ្សេងៗ ជាមួយនឹងការកសាងនូវបទពិសោធខ្ពស់, យន្តការការងារច្បាស់លាស់, ធនធានមនុស្សបន្តវេនមានភាពរឹងមាំ ក្នុងការបន្តថែរក្សាសម្បត្តិបេតិកភណ្ឌទាំងនេះ ឱ្យរឹងមាំគង់វង្សទៅថ្ងៃអនាគត ។ ជាមួយនឹងមោទនភាពនេះ, ខ្ញុំក៏នៅព្រួយបារម្ភអំពីហានិភ័យនៃការបាត់បង់ទម្រង់បេតិកភណ្ឌអរូបីមួយចំនួន ដែលភាពគង់វង្ស គឺអាស្រ័យទាំងស្រុងទៅនឹងធនធានមនុស្សបន្តវេន, ជាពិសេស សម្រាប់វិស័យសិល្បៈ, សិប្បកម្ម ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា ។
[ផ្តើមសេចក្ដីអធិប្បាយ៥]
(១៤) ស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ ប្រើប្រាស់ រក្សាសិល្បៈវប្បធម៌កេរតំណែលដូនតា ពិសេសទម្រង់សិល្បៈមានហានិភ័យខ្ពស់
ចំពោះការងារ(បង្កាហានិភ័យនៃការបាត់បង់ទម្រង់បេតិកភណ្ឌអរូបី)នេះ ខ្ញុំសូមធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈដែលបានធ្វើការច្រើន ជាពិសេសទៅលើទម្រង់សិល្បៈដែលមានហានិភ័យខ្ពស់។ កាលយើងជួបគ្នាឆ្នាំទៅ រឿងល្ខោនអាប៉េ យីកេ រឿងអីផ្សេងៗ។ ឥឡូវនៅក្នុង ១ឆ្នាំនេះ មានបំផុសឡើងវិញ។ ការលេង ការសំដែង មិនទាន់បានផុសផុលឡើង តែជាការល្អជាងមុន។ សូមបន្តធ្វើការងារនេះតទៅទៀត។ ការស្រាវជ្រាវ ការចងក្រង ការផ្សព្វផ្សាយ ការអនុវត្តនិងប្រើប្រាស់គឺជាកត្តាសំខាន់ ដែលយើងរួមគ្នាថែរក្សាសិល្បៈវប្បធម៌ កេរ្តិ៍តំណែលដូនតារបស់យើង ជាពិសេសយកចិត្តទុកដាក់ទៅលើទម្រង់សិល្បៈដែលមានហានិភ័យខ្ពស់នៅក្នុងការបាត់បង់។
ខ្ញុំសូមអរគុណសាជាថ្មីចំពោះប្រជាពលរដ្ឋដែលមានការចាប់អារម្មណ៍ និងជំរុញលើកចិត្ត។ ថ្ងៃមុន ខ្ញុំឃើញមានការរៀបចំសម្តែងសិល្បៈនៅកោះពេជ្រទម្រង់ធំ។ ខាងអ្នកសំដែងស្ម័គ្រចិត្តចូលរួមទ្រង់ទ្រាយធំ។ មុននោះ ១ថ្ងៃ ឃើញអត់មានមនុស្សទិញ? ខ្ញុំក៏ឆ្ងល់ម៉េចបានអត់មានមនុស្សទិញ? តើគេមិនចាប់អារម្មណ៍ទម្រង់(សិល្បៈ)របស់យើងឬ? កៅអី ៤.០០០ នៅក្នុងនោះ។ ប៉ុន្តែជិតដល់ ១ថ្ងៃ គេថាអត់ទាន់មានទេ ទិញបានតែប៉ុន្មានរយសន្លឹក។ ថ្ងៃនោះគ្រួសារខ្ញុំក៏បានទៅអើតមើលបន្តិច។ ប៉ុន្តែដល់ស្អែកឡើង ហើយខានស្អែក មនុស្សទៅមើលឡើងពេញៗតែម្តង។ នេះគឺជាស្មារតី។ អត់មានអ្នកណាបង្ខំបងប្អូន ឬចាត់តាំងឡាន Bus ទៅមើលទេ គឺបងប្អូនស្ម័គ្រចិត្តទិញសំបុត្រចូលទៅមើលដើម្បីគាំទ្រសិល្បៈរបស់យើង។ នេះគឺស្មារតីដែលខ្ញុំមានមោទនភាព។ សូមឱ្យស្មារតីនេះបន្តតទៅទៀតនៅគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែងទាំងអស់។ ខ្ញុំឃើញរៀបចំល្ខោនខោលនៅAeon។ មនុស្សទៅអង្គុយមើល។ ល្ខោនអាប៉េ យីកេ។ អម្បាញ់មិញឯកឧត្តម នេត សាវឿន ថាចាំថ្ងៃណា ហៅទៅរៀបចំយីកេមួយវង់ធំនៅផ្ទះគាត់។ យើងរៀបបែបនេះ។
(១៥) រួមជាមួយសិល្បៈករ/ការិនីជំនាន់រៀមច្បងនិងជំនាន់ក្រោយ យុវជនជាកម្លាំងស្នូលគាំទ្រសិល្បៈ/វប្បធម៌
ពេលសិល្បៈថ្នាក់ជាតិ ថ្នាក់អន្តរជាតិ យើងអាចច្នៃ។ ជួនកាលមិនបាច់ទម្រង់វែង រឿងវែងទេ។ យើងច្នៃខ្លីដើម្បីឱ្យស្គាល់ទម្រង់។ ខ្ញុំទៅប្រទេសគេក៏ដូចគ្នា។ យកទម្រង់គ្រប់តំបន់មកបង្ហាញបន្តិចៗ។ នេះជាការចូលរួម។ ខែក្រោយយើងចូលឆ្នាំ។ ចូលឆ្នាំៗ ទៅនៅគ្រប់កន្លែងទាំងអស់លេងល្បែងប្រជាប្រិយផុសផុលឡើងវិញ បាញ់ទឹកក៏បាញ់ ប៉ុន្តែល្បែងប្រជាប្រិយលេងផុសផុល។ ខ្ញុំសង្ឃឹមថាឆ្នាំនេះ ចូលឆ្នាំក្រោយៗទៀត យើងនាំគ្នាលេងល្បែងប្រជាប្រិយឱ្យបានផុសផុលនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ថ្ងៃមុន ខ្ញុំឃើញមានការបង្ហោះពេលចូលឆ្នាំ/សង្ក្រាន្តថា សម័យចាស់ៗ នឹកទៅឃើញល្បែងប្រជាប្រិយ ដល់ដាក់យុវវ័យនឹកឃើញតែបាញ់ទឹក និងពពុះសាប៊ូ។ ខ្ញុំថាអត់ទេ បើយើងមើលសន្ទុះនៃការចូលរួមតាំងពីឆ្នាំមុន មកដល់ម៉ោងនេះ យុវជនរបស់យើងបានរួមគ្នាផុសផុលគាំទ្រដល់វប្បធម៌ សិល្បៈ។ យើងមិនត្រូវមានទស្សនទុទ្ទិដិនិយមទេ។ យុវជនជាកម្លាំងស្នូល ដែលខ្ញុំឃើញតាំងពីឆ្នាំទៅនេះ រួមគ្នាគាំទ្រដល់សិល្បៈ វប្បធម៌ ថតរូប TikTok ស្អីៗដែលមានរូបល្ខោនខោលស្អីផ្សេងៗនេះ។ សិល្បៈករ/ការិនីរបស់យើង ទាំងសិល្បៈករជំនាន់រៀមច្បង ទាំងសិល្បៈករជំនាន់ក្រោយរបស់យើងរួមគ្នាបន្តទៀត ជំរុញនូវសិល្បៈ វប្បធម៌ ល្បែងប្រពៃណីរបស់យើងឱ្យបានច្រើន។
(១៦) បើកចិត្តឱ្យទូលាយ អភិរក្សកេរដំណែល ចែករំលែកសម្បត្តិវប្បធម៌ឱ្យពិភពលោកស្គាល់
ឆ្នាំនេះ នៅអង្គរវត្ត យើងរៀបអង្គរសង្ក្រាន្ត និងរៀបចំនូវសិល្បៈវប្បធម៌របស់យើង។ ប៉ុន្តែនៅទូទាំងប្រទេសត្រូវរៀបចំថ្នាក់ខេត្ត ថ្នាក់ស្រុក ឱ្យបានច្រើន។ ជំរុញការលេងល្បែងប្រជាប្រិយឱ្យបានច្រើន ដើម្បីថែរក្សា និងលើកស្ទួយវប្បធម៌។ និយាយអញ្ចឹងមិនមែនបានន័យថា ហាមមិនឱ្យលេងល្បែងបាញ់ទឹកស្អីៗនោះទេ ប៉ុន្តែកុំភ្លេចល្បែងរបស់យើងផង ហើយលេងឱ្យបានច្រើន។ នេះគឺជាជំរុញ និងសប្បាយរីករាយទាំងអស់គ្នា នៅក្នុងការថែរក្សាវប្បធម៌របស់យើង ទាំងសប្បាយ ទាំងរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ល្បែងប្រជាប្រិយរបស់យើង។ អញ្ចឹងសូមជូនពរឱ្យហើយ ជូនពរឆ្នាំថ្មី សង្ក្រាន្តថ្មី ឱ្យបានសប្បាយ ហើយសង្ឃឹមថា សង្ក្រាន្តនៅកម្ពុជា នឹងអាចចុះនៅក្នុងបេតិកភណ្ឌពិភពលោកនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ សង្ក្រាន្តមិនមែនជារបស់ផ្តាច់មុខរបស់ប្រទេសណាទេ។ ប្រទេសដែលមានវប្បធម៌ស្រដៀងគ្នាមានសិទ្ធិ។ មិនខុសពីគុនខ្មែរ មិនខុសពី Muy Thai មិនខុសពីក្បាច់គុនរបស់ប្រទេសផ្សេង។ ប្រទេសនីមួយៗមានស្រដៀងគ្នា។ យើងចុះអ្វីដែលជាលក្ខណៈ(ខ្មែរ) ហើយឈ្មោះរបស់យើងអត់មានហាមឃាត់ទេ។ មិនខុសពី ការ៉ាតេ តៃក្វាន់ដូ យូដូ ហាប់គីដូទេ។
ប្រទេសមួយៗ មានស្រដៀងគ្នា រៀនពីដើម សាកជាមួយគ្នា។ អញ្ចឹងគឺការថែរក្សាបើកចិត្តឱ្យទូលាយ ថែរក្សាអ្វីដែលជារបស់ខ្លួន អភិរក្សរបស់យើង ហើយចែករំលែកដើម្បីទាំងអស់គ្នា មានការអបអរសាទរនឹងអ្វីដែលជារបស់ខ្មែរឱ្យគេស្គាល់លើពិភពលោក។ ចូលរួមថែរក្សា និងលើកស្ទួយសម្បត្តិវប្បធម៌របស់យើង។ មិនផ្តាច់មុខទេ។ មិនឱ្យប្រទេសផ្សេង មិនឱ្យជនជាតិបរទេសរៀនស្លៀកខោអាវរបស់យើងទេ។ យើងឃើញបរទេសមកស្រុកខ្មែរស្លៀកខោអាវ តែងការទៅថតមុខអង្គរ។ យើងមិនផ្តាច់មុខទេ ឱ្យគាត់ស្លៀកទៅ។ យើងមិនហាមមិនឱ្យជនជាតិណាហាត់គុនខ្មែរទេ។ ឱ្យហាត់ទៅ ដើម្បីជួយលើកស្ទួយទាំងអស់គ្នា។ តែនេះយើងបានបញ្ជាក់ហើយ ថាបង្កើតដោយបុព្វបុរសខ្មែរ។ យើងនៅបន្តធ្វើទៅទៀត អភិរក្ស និងអភិវឌ្ឍ។ នេះគឺជាកិច្ចការដែលខ្ញុំសូមអរគុណ។
ទី៦. អនុលោមតាមកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល, ខ្ញុំសូមឱ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តពង្រឹងក្របខ័ណ្ឌការងាររបស់ សាលាមធ្យមវិចិត្រសិល្បៈ ក៏ដូចជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងទិសដៅបង្កើនឱ្យបានចំនួនសិស្សនិងជំនាញច្រើន ប្រកបដោយការស្រាវជ្រាវ និងស្វែងយល់ស៊ីជម្រៅលើឫសគល់នៃតម្លៃជាតិ និងគំនិតច្នៃប្រឌិតថ្មី ។ ទន្ទឹមនេះ ដើម្បីពង្រឹងកិច្ចសហការ និងរៀនសូត្រពីបទពិសោធនានា, ទាំងក្នុង និងក្រៅប្រទេស ដែលទទួលបានជោគជ័យលើវិស័យឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត, ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យឯកជន ត្រូវបញ្ជូនមន្ត្រី សិល្បករ សិល្បការិនី សិប្បករ ទៅសិក្សាដកពិសោធន៍និងសហការជាមួយដៃគូក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញក្នុងស្រុក។
[ផ្តើមសេចក្តីអធិប្បាយ៦]
(១៧) យុវជនហ្វឹកហ្វឺនជំនាញដូនតា ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងថែរក្សាជំនាញបុរាណ
(ស្តីពីការពង្រឹងក្របខ័ណ្ឌការងារ សាលាមធ្យមវិចិត្រសិល្បៈ ក៏ដូចជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) រាជរដ្ឋាភិបាលបានវិភាជន៍អាហារូបករណ៍ ២% ទៅ ៤% បានន័យថា ៣ ម៉ឺន ទៅ ៦ ម៉ឺននាក់ ក្នុងផែនការបណ្តុះបណ្តាល ១លាន ៥សែននាក់នោះ។ អាហារូបករណ៍នេះ ជួយដល់កូនចៅប្រជាពលរដ្ឋឱ្យបានទៅរៀនដោយមិនបង់លុយ ហើយរដ្ឋជួយថវិកាប្រចាំខែដូចជា ២៨ម៉ឺន/ម្នាក់ … អញ្ចឹងឆ្នាំនេះ ក្រសួងវប្បធម៌បានបើកបាន ២វគ្គហើយ។ វគ្គទី១ យើងបណ្តុះបណ្តាលបាន ១១១នាក់ នៅ ៦ខេត្ត ហើយវគ្គទី២ យើងបណ្តុះបណ្តាលបាន ២៤៤ នាក់ នៅ ៨ខេត្ត/ក្រុង ដែលមានចំលាក់ស្បែក ចំលាក់ថ្ម តម្បាញអីផ្សេងៗ។ ចូលមកអម្បាញ់ម៉ិញ បានជួបជាមួយលោកអ៊ំចាស់ៗ ដែលជាបេតិកភណ្ឌមនុស្សរស់របស់យើង។ លោកគ្រូខ្លះបង្រៀនខាងចំលាក់ស្បែកធំស្អីៗ អញ្ចឹងគាត់បង្រៀននៅកន្លែងរបស់គាត់។ យើងប្រទាក់ក្រឡា។ បានន័យថា លោកគ្រូអ្នកគ្រូ ដែលគាត់មានស្នាដៃ មានទេពកោសល្យ ដែលយើងអាចទទួលស្គាល់បាន ជាជាងបើកវគ្គនេះនៅសាលា។ យើងទទួលស្គាល់ឲ្យនិស្សិតឲ្យសិស្សដែលចុះឈ្មោះទៅរៀននៅសាលារបស់គាត់ ដោយមានការវាយតម្លៃច្បាស់លាស់។ គាត់បង្រៀនផង យើងជួយនៅក្នុងកម្មវិធីនេះផង។ បានន័យថា ជួយទាំងលោកគ្រូព្រឹទ្ធាចារ្យ ដែលគាត់មានកន្លែងបណ្តុះបណ្តាល និងយកកន្លែងគាត់បណ្តុះបណ្តាល។ លើកទឹកចិត្តឲ្យយុវជនរបស់យើង ដែលចាប់អារម្មណ៍ក្នុងជំនាញដូនតាចុះឈ្មោះចូលរៀនឲ្យបានច្រើន ដើម្បីចូលរួមថែរក្សា ក៏ដូចធានាអាជីពរបស់ខ្លួន ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ពេលជាមួយគ្នា ក៏ថែរក្សាជំនាញដូនតារបស់យើង …។
[ចប់សេចក្តីអធិប្បាយ៦]
ទី៧. ការបន្តបើកឱកាសដល់យុវជនចូលរួមកិច្ចការផ្ទាល់របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដូចជា ការបន្តនាំសិល្បៈវប្បធម៌ខ្មែរផ្សព្វផ្សាយនៅក្រៅប្រទេស តាមរយៈ ពិព័រណ៍វត្ថុបុរាណខ្មែរ និងការសម្តែងសិល្បៈនៅក្រៅប្រទេស ក៏ជាឱកាសល្អក្នុងការកសាងបទពិសោធសម្រាប់សិស្សនិស្សិតផងដែរ ។ ពាក់ព័ន្ធចំណុចនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពសកម្មរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការពាំនាំរូបភាពកម្ពុជាទៅផ្សព្វផ្សាយនៅក្រៅប្រទេស និងសូមថ្លែងអំណរគុណចំពោះបងប្អូនខ្មែរនៅក្រៅប្រទេស ដែលតែងតែចូលរួមគាំទ្រសកម្មភាពទាំងនេះ ។ ក្នុងន័យនេះ, ក្រសួងវប្បធម៌ និងវិចិត្រ-សិល្បៈ ត្រូវបន្តកិច្ចសហការជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាពគ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការ-ពង្រឹងនយោបាយវប្បធម៌ការទូត ហើយត្រូវបំផុសឱ្យសហគមន៍ខ្មែរនៅបរទេសចូលរួមរៀបចំកម្មវិធីទិវាវប្បធម៌ជាតិឱ្យបានអធិកអធម និងទូលំទូលាយ ។
[ផ្តើមសេចក្តីអធិប្បាយ៧]
(១៨) សូមខ្មែរនៅគ្រប់ទិសទី ថែរក្សា លើកកំពស់ និងការការពារវប្បធម៌ខ្មែរលើឆាកអន្តរជាតិ
កន្លងទៅ មានបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាសិល្បៈ ដែលយកសិល្បៈវប្បធម៌របស់យើងទៅផ្សាយនៅក្រៅប្រទេស ពេលខ្លះជាលក្ខណៈឯកជន។ ថ្ងៃមុន អ្នកខ្លះទៅរាំអប្សរានៅទឹកកក ដូចជា ២ឬ ៣នាក់ហើយបានទៅ អ្នកខ្លះធាក់កង់ទៅក្រៅប្រទេស ដាក់ទង់ជាតិខ្មែរ ឡើងភ្នំខ្ពស់។ កន្លែងខ្លះ បងប្អូនជានិស្សិតរៀនតាម YouTube ដើម្បីរៀនគោះទ្រលោក រៀនរាំរបាំ ដើម្បីបង្ហាញគេ។ នេះហើយគឺជាការលើកទឹកចិត្តទាំងអស់គ្នា។ ទឹកចិត្តសំខាន់ណាស់។ តែមានទឹកចិត្ត មានឆន្ទៈ អ្វីៗក៏ធ្វើបានដែរ។ អញ្ចឹង សូមឲ្យបំផុសទឹកចិត្ត និងលើកទឹកចិត្តទៅដល់បងប្អូន ជាពិសេសយុវជនរបស់យើងនៅគ្រប់កន្លែងទាំងអស់ ជាពិសេសសហគមន៍ខ្មែរនៅក្រៅប្រទេស សូមបន្តចូលរួមនៅក្នុងការយកសិល្បៈវប្បធម៌យើងទៅរៀន ទៅបណ្តុះបណ្តាលកូនខ្មែរដែលកើតនៅនោះ ដើម្បីឲ្យគាត់រៀន គាត់សំដែង គាត់ចេះពីវប្បធម៌របស់គាត់។ នៅអាឡឺម៉ង់ ឃើញកូនខ្មែររៀនគោះត្រឡោក រៀនរបាំអប្សរា។ ឃើញកូនអាមេរិកកាំងមករៀន។ ខ្ញុំទៅអាមេរិក ខ្ញុំទៅអូស្ត្រាលី ឃើញបងប្អូនយើងខិតខំ។ អ្នកចេះតិច បង្រៀនអ្នកអត់ចេះ អ្នកអត់ចេះ រៀនតាម YouTube យកទៅសំដែង។ អញ្ចឹង យើងនឹងខិតខំ។ នេះគឺជាស្មារតីសំខាន់។ ខ្ញុំសូមលើកទឹកចិត្តបន្តទៅទៀត។ វប្បធម៌ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីវប្បធម៌។ គ្មានអ្នកណារុញ ហើយលើកកំពស់វប្បធម៌ខ្មែរជាងជនជាតិខ្មែរនោះទេ។ អញ្ចឹងសូមកូនខ្មែរ ប្រជាជនខ្មែរនៅគ្រប់ទិសទីធ្វើតាមលទ្ធភាពដែលអាចធ្វើទៅបាន លើកកំពស់វប្បធម៌របស់យើង នៅលើឆាកអន្តរជាតិ ក៏ដូចជាការការពារ ថែរក្សាវប្បធម៌របស់យើងបានល្អ …។
[ចប់សេចក្តីអធិប្បាយ៧]
ទី៨. សម្រាប់វិស័យភាពយន្ត ដែលជាធាតុមួយដ៏សំខាន់នៃឧស្សាហកម្មវប្បធម៌ និង ដែលជាង ១ ឆ្នាំ កន្លងមកនេះ ខ្ញុំបានចូលរួមពិនិត្យដោយផ្ទាល់ និងបានដាក់ចេញនូវ វិធានការដោះស្រាយបញ្ហាមួយចំនួន ដោយរួមបញ្ចូលទាំងគោលការណ៍សម្រួលដល់សកម្មភាពថតភាពយន្តនៅកម្ពុជា ទាំងសម្រាប់ផលិតកម្មក្នុងស្រុកនិងបរទេស ។ ប៉ុន្តែ ស្ថានភាពជាក់ស្តែងហាក់ពុំទាន់ទទួលបានភាពរលូន ដែលអនុញ្ញាតឱ្យគ្រប់ផលិតករទទួលជោគជ័យជាមួយនឹងការចំណាយថវិកា និងពេលវេលាសមស្រប ។ ជាការពិត, ទីផ្សារភាពយន្តនៅកម្ពុជាពុំទាន់មានលក្ខណៈធំទូលាយ រីឯវិស័យឯកជន និងគ្រប់ផលិតករ ពុំទាន់បានត្រៀមខ្លួនសម្រាប់ការវិនិយោគលើសេវាជួលឧបករណ៍ និងទីតាំងទាំងនេះ នៅឡើយ ។ ជាមួយគ្នានេះ ការជួលឧបករណ៍ទាំងនេះ ពីប្រទេសជិតខាងនៅមានតម្លៃខ្ពស់ រីឯនីតិវិធីនាំចូលសម្ភារៈបម្រើឱ្យការថត នៅមានភាពស្មុគស្មាញមួយចំនួន។ ជាមួយគ្នានេះ ក៏មានបញ្ហាមួយចំនួន ដែលយើងត្រូវធ្វើការកែសម្រួល ដើម្បីឲ្យមានការសហការរបស់ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដីក្នុងការសម្រួលដល់សកម្មភាពថត ហើយទីតាំងសក្តានុពលជាច្រើនត្រូវបានសម្រួល។
[ផ្តើមសេចក្តីអធិប្បាយ៨]
(១៩) Script ដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអនុញ្ញាតហើយ សូមអាជ្ញាធរមូលដ្ឋានកុំពិនិត្យទៀត
ក្រោយពីជួបជាមួយបងប្អូនពីលើកមុននោះ យើងក៏បានដាក់ចេញនូវគោលការណ៍មួយចំនួន ដូចជាការអនុគ្រោះពន្ធ ការពន្យារការជួយឧបត្ថម្ភធំ តាមរយៈការលើកលែងពន្ធអីផ្សេងៗ។ ការជួយសម្រួលនិតីវិធី កន្លងទៅមានការលំបាក។ ពេលខ្លះ script ដែលឆ្លងក្រសួងវប្បធម៌ហើយ ដល់ពេលទៅសុំទីតាំង គឺអាជ្ញាធរមូលដ្ឋានសុំ script ម្តងទៀត យកទៅមើល។ ខ្ញុំបានណែនាំទៅក្រសួងវប្បធម៌ វិចិត្រសិល្បៈ ក៏ដូចជារដ្ឋបាលរាជធានីខេត្តថាក្រសួងវប្បធម៌ជំនាញ។ បើសិនជាខ្លឹមសារ script ដែលថតកុននេះ ក្រសួងវប្បធម៌អនុញ្ញាតហើយ ពេលដែលសុំទីតាំងថតនៅខេត្តណា ឬនៅរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានកុំសុំ script គេទៅមើលទៀត គ្រាន់តែរៀបចំដើម្បីសម្រួលទៅ ព្រោះ script នេះ ក្រសួងវប្បធម៌បានផ្តល់ហើយ។ ការងារបែបនេះគឺជួយកាត់បន្ថយចំណាយពេលវេលា ព្រោះទី១ មន្ត្រីរបស់ខណ្ឌ របស់ស្រុក មិនមែនជាជំនាញដូចក្រសួងវប្បធម៌ទេ ទៅមើលដឹងរឿង មិនដឹងថាអ្នកណាខុស អ្នកណាត្រូវប្រវត្តិសាស្ត្រ។ អញ្ចឹងទុកជំនាញឲ្យទៅក្រសួងវប្បធម៌។
ពិតណាស់ មិនមែនមានចេតនាអាក្រក់ទេ អាជ្ញាធរដែនដីចង់បញ្ជាក់ថា កុំឲ្យថតទៅមានរឿងអី អាចបន្ទោសថានៅក្នុងដែនដី ម៉េចឲ្យថតរឿងហ្នឹងនៅក្នុងស្រុក ថតរឿងហ្នឹងខុស។ ឥឡូវយើងសម្រួលគ្នាបែបនេះ។ ខ្ញុំត្រូវជួបជាមួយបងប្អូនម្តងទៀត ព្រោះមានកិច្ចការមួយចំនួនដែលនៅជំពាក់មិនទាន់ឆ្លើយតបគ្រប់គ្រាន់។ យើងឆ្លើយតបបណ្តើរៗហើយ។ នឹងរកពេលដើម្បីជួបគ្នាម្តងទៀត ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាល ការរៀបចំកិច្ចការមួយចំនួនទៀតដើម្បីជួយវិស័យភាពយន្ត។ យើងទទួលស្គាល់ថារឿងនេះ វិស័យភាពយន្តមិនមែនជាកិច្ចការងាយស្រួលទេ … យើងមានមោទនភាពដែលវិស័យភាពយន្តរបស់ខ្មែរយើងបានឈានពីដំណាក់កាលដែលលំបាក ដំណាក់កាលដែលខ្វះបច្ចេកទេស សំភារៈ អាចឈានទៅដល់ការផលិតភាពយន្តមួយចំនួនខ្នាតធំ បញ្ចាំងនៅក្នុងរោងកុន ហើយមានការគាំទ្រ។ ចាក់បញ្ចាំងនៅក្រៅប្រទេសថែមទៀត។ នេះជាមោទនភាពរបស់យើង។ យើងនឹងបន្តជាមួយគ្នា ដើម្បីធ្វើការជាជំហានៗតទៅទៀត ដើម្បីជួយពង្រឹងវិស័យភាពយន្តទាំងអស់គ្នា។ នេះគឺជាកិច្ចការដែលយើងត្រូវធ្វើ ហើយយើងបន្តពិគ្រោះយោបល់ទៅលើវិស័យផ្សេងៗទៀតដូចគ្នា។
[ចប់សេចក្តីអធិប្បាយ៨]
ទី៩. បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងសេវាសម្រួលដល់សកម្មភាពទស្សនារបស់ភ្ញៀវទេសចរ នៅតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ, ជាពិសេស រមណីយដ្ឋានអង្គរ ត្រូវបានបន្តពង្រឹងជាបន្តបន្ទាប់ ។ ខ្ញុំសូមលើកទឹកចិត្តដល់ អាជ្ញាធរពាក់ព័ន្ធ បន្តសកម្មភាពនេះ, ជាពិសេស តម្រង់ទិសបន្ថែមទៅដល់ទីតាំងប្រាសាទផ្សេងទៀត ឱ្យមានអនាម័យ និងសណ្តាប់ធ្នាប់ខ្ពស់ ។ ជាមួយនេះ, ការគិតគូរបន្ថែមទៅលើទម្រង់សេវាកាត់បន្ថយភាពនឿយហត់ក្នុងការទស្សនា ដូចជា ទីតាំងសម្រាក និងការគិតគូរផ្សេងៗក៏យើងត្រូវគិតគូរ។
ដោយឡែក, ខ្ញុំសូមឱ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងទេសចរណ៍ បន្តកិច្ចសហការលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងកិច្ចពង្រឹងសមត្ថភាពរបស់ មគ្គុទេ្ទសក៍ទេសចរណ៍ ទាំងសមត្ថភាពភាសាបរទេស ក៏ដូចជា ចំណេះដឹងផ្សេងៗ ។ បន្ថែមពីលើនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នានា នៅតាម ទីតាំងប្រវត្តិសាស្ត្រផ្សេងទៀត ទោះបីជាមិនទាន់ក្លាយជាបេតិកភណ្ឌពិភពលោកក្តី តែជាបេតិកភណ្ឌជាតិយើង សូមជួយថែរក្សាទីតាំងបុព្វបុរសយើងទាំងប៉ុន្មាន ឱ្យមានរបៀបរៀបរយ បរិស្ថានស្អាត ដោយមិនត្រូវទុកទីតាំងនោះ ក្នុងស្ថានភាពស្ងប់ស្ងាត់ ខ្វះភាពទាក់ទាញ ខ្វះការរៀបចំនោះឡើយ ។
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត, ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំ៖
សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ ដែលក្រសួង-វប្បធម៌ និងវិចិត្រសិល្បៈ សម្រេចបានជាបន្តបន្ទាប់ ក្នុងបុព្វហេតុអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ
សូមកោតសរសើរចំពោះ ការចូលរួមយ៉ាងសកម្ម ពីសំណាក់បងប្អូនសិល្បករ, ទាំងក្នុងការងារអភិរក្ស ផ្សព្វផ្សាយសិល្បៈ ការងារសង្គម និងសកម្មភាពនានា ចូលរួមការពារសន្តិភាព សេចក្តីសុខ និងភាពរីកចម្រើនរបស់ជាតិ និងប្រជាជន ។
សូមឱ្យមនសិការស្នេហាជាតិ និងស្នេហាវិស័យសិល្បៈវប្បធម៌ ស្ថិតនៅជានិច្ចកាល និងរីកដុះដាល ក្នុងស្មារតីនិងសកម្មភាពរបស់ជនជាតិខ្មែរគ្រប់ៗរូប, ពិសេស ក្នុងចំណោមយុវជនរបស់យើង ដែលត្រូវបន្តវេននៅក្នុងការងារអភិរក្ស លើកស្ទួយ និង អភិវឌ្ឍវប្បធម៌ជាតិ ឱ្យបានគង់វង្ស និងរីកចម្រើនជានិច្ចនិរន្តរ៍ ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី,អ៊ំពូមីង, បងប្អូនសិល្បករ សិល្បការិនី និងមហាគ្រួសារអ្នកសិល្បៈវប្បធម៌ទាំងអស់ សូមមានសុខភាពល្អ, ទទួលបាននូវជោគជ័យថ្មីៗ នៅក្នុងអាជីពការងារ និងសូមប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត។
[ផ្តើមសេចក្តីអធិប្បាយ១០]
គេថាឲ្យខ្ញុំនិយាយឲ្យដល់ម៉ោងបាយ។ ឥឡូវម៉ោង ៦ កន្លះល្មម។ ឆ្លៀតឱកាសនេះផងដែរ ប៉ុន្មានថ្ងៃទៀតដល់ថ្ងៃ ៨មីនា ខ្ញុំសូមយកឱកាសនេះ សូមជូនពរទៅដល់បងប្អូនទាំងអស់ដែលជានារី យើងហៅថាជាមេរបស់យើងទាំងអស់គ្នា ឲ្យបានទទួលនូវជោគជ័យ និងសុខភាពល្អ ចូលរួមចំណែកនៅក្នុងការថែទាំ អភិវឌ្ឍប្រទេសជាតិរបស់យើង។ សូមអរគុណ៕