ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានាប្រចាំព្រះរាជាណាចក្រកម្ពុជា
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ដៃគូអភិវឌ្ឍ និងអង្គសន្និបាត ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួម ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍”។
[ផ្ដើមសេចក្ដីអធិប្បាយ១]
អម្បាញ់មិញរៀបចេញមក ប្រពន្ធសួរថ្ងៃនេះពាក់អាវស្រស់ម្ល៉េះ? ខ្ញុំថា ទៅបិទសន្និបាតប្រចាំឆ្នាំទេសចរណ៍ ត្រូវតែស្រស់អញ្ចឹង។
[ចប់សេចក្ដីអធិប្បាយ១]
ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលបានចំណាយពេល ចូលរួមក្នុងសន្និបាតនេះ។
សន្និបាតនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ពិនិត្យឡើងវិញនូវលទ្ធផលការងារ ដែលក្រសួងសម្រេចបានកន្លងមក ។ ខ្ញុំជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ពិតជាបានចូលរួមពិភាក្សា ផ្លាស់ប្ដូរយោបល់ អំពីទិសដៅការងារបន្ត និងបានស្វែងយល់កាន់តែច្បាស់ អំពីការលើកកម្ពស់ការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ សំដៅជំរុញវិស័យនេះ ឱ្យឆ្លើយតបបានប្រកបដោយប្រសិទ្ធភាព និងទាន់ពេល ទៅនឹងការវិវឌ្ឍនៃស្ថានភាពនយោបាយ សង្គម និង សេដ្ឋកិច្ច ទាំងនៅកម្ពុជា តំបន់ និងសកលលោក។
ខ្ញុំសូមសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារ និងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ ជាពិសេស នៅក្នុងរយៈពេលជាង ១ ឆ្នាំកន្លះ ដើមអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ជាការពិត ជោគជ័យទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ឥតឈប់ឈរប្រកបដោយភាពម៉ឺងម៉ាត់ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និង កិច្ចសហការរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងទេសចរណ៍។
ទន្ទឹមនេះ ខ្ញុំសូមកោតសរសើរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលត្រឹមរយៈពេលជាង ៥ ខែ ប៉ុណ្ណោះ បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបានកន្លងមក ព្រមទាំងតម្រង់ទិសឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយម ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងទស្សនាទាន “មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល (Leaving No One and No Place Behind)”។ ជាមួយនេះ ខ្ញុំគាំទ្រចំពោះទិសដៅការងារ ដែលក្រសួងបានដាក់ចេញ និងសូមយកឱកាសនេះ លើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ឱ្យបន្តអនុវត្តទិសដៅការងាររបស់ខ្លួន ស្របតាមយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ។
រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព ឱកាស វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញ ក្នុងតំបន់អាស៊ី ជាពិសេស បានធ្វើឱ្យវិស័យទេសចរណ៍ ក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងរយៈពេល ៣០ ឆ្នាំ ចុងក្រោយនេះ។
កម្ពុជាបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍដ៏វែងឆ្ងាយ និងមានភាពបត់បែនជាច្រើន ហើយបានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យប្រែក្លាយទៅជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ និងឈានចាប់យកកាលានុវត្តភាពថ្មីបន្ថែម ប្រកបដោយចីរភាព និងការទទួលខុសត្រូវ។ ទោះបីក្នុងស្ថានភាពដែលភូមិសាស្ត្រនយោបាយសកលមានលក្ខណៈស្មុគស្មាញ តម្រូវឱ្យយើងត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការដោះស្រាយបាននូវរាល់បញ្ហាចំពោះមុខ ដើម្បីធានាចីរភាព នៃកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចជាអតិបរមា ព្រមទាំងចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេស ការទាក់ទាញវិនិយោគ និងទេសចរពីបរទេស ដើម្បីបង្កើនតម្លៃសេដ្ឋកិច្ច ក្នុងវិស័យទេសចរណ៍ ដែលជាចំណែកមួយនៃការទ្រទ្រង់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
ក្នុងទិសដៅនេះ ខ្ញុំសូមយកឱកាសនេះ លើកទឹកចិត្ត និងផ្តល់អនុសាសន៍មួយចំនួន ដើម្បីជាមូលដ្ឋានបន្ថែម ក្នុងការជំរុញល្បឿនការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងសកលលោក ដូចតទៅ៖
ទី១ ត្រូវរួមគ្នាបន្តរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសុខសន្តិភាព ដែលកម្ពុជាយើងរកបានដោយលំបាក តាមរយៈ ការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយក៏គ្មានទេសចរណ៍ ដែលយើងបានឃើញច្បាស់អំពីបញ្ហានេះ នៅតាមបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក។ ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមដាក់ចេញនូវពាក្យស្លោក “ទេសចរណ៍- រីកលូតលាស់ក្នុងសន្តិភាព”បន្ថែមពីលើពាក្យដែលរាជរដ្ឋាភិបាលអាណត្តិកន្លងមកបានដាក់ចេញ គឺ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីទេសចរណ៍”។ ជាមួយនេះ, ខ្ញុំក៏សូមគាំទ្រការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ គឺ “ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” និងខ្ញុំសូមអំពាវនាវឱ្យមានការចូលរួមក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឱ្យមានភាពសកម្មផុសផុល តាមគ្រប់រូបភាព។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(១) Social Media អាចធ្វើឱ្យមនុស្សដែលមិនមានអ្នកស្គាល់ ទៅជា Influencer ក្នុងរយៈពេលខ្លីបាន
សូមយកឱកាសនេះ អរគុណដល់ប្រជាពលរដ្ឋយើង រួមជាមួយរាជរដ្ឋាភិបាល និងគ្រប់វិស័យដែលបានធ្វើការផ្សព្វផ្សាយចំណុចល្អ(ពីកម្ពុជា)។ ឥឡូវមនុស្សម្នាក់មិនប្រាកដថាជាតួអង្គម្នាក់នោះទេ។ មនុស្សម្នាក់ក្លាយទៅជា idol ជាមនុស្សសាធារណៈ ដោយមិនចាំបាច់ថាអ្នកហ្នឹងមានតួនាទីក្នុងរដ្ឋាភិបាល ឬតួនាទីសំខាន់ណាមួយនោះទេ។ ឥឡូវ Influencer អាចកសាងសមត្ថភាពពីមនុស្សដែលគេមិនស្គាល់ ទៅជាតួអង្គដែលមនុស្សរាប់លាននាក់ស្គាល់ក្នុងតែមួយឆ្នាំទេ ឬក្នុងរយៈពេលដ៏ខ្លី។ នេះហើយគឺជាឥទ្ធិពលនៃ Social Media ហើយតួអង្គម្នាក់ៗនេះហើយដែលអាចបង្ហាញនូវចំណុចវិជ្ជមាន ឬចំណុចអវិជ្ជមាន(នៅក្នុងសង្គម)។
ពាក់ព័ន្ធនឹងកិច្ចការសន្តិសុខ សុវត្ថិភាព ស្ថិរភាព ពាក្យទាំងនេះគឺយើងបានឃើញយ៉ាងជាក់ស្ដែងហើយ។ ម៉ោងថ្មើរនេះ គេគិត(ថាការធ្វើដំណើរ)មកកម្ពុជាថ្លៃ តែបើ(ប្រៀបធៀប)ទៅតំបន់ដែលកំពុងវាយគ្នា ទោះបីថោកប៉ុណ្ណាក៏គ្មានមនុស្សទៅដែរ។ នេះ(ដូច)ដែលថា បើថាដីនៅទីនេះថ្លៃ តែបើចង់បានដី free ត្រូវដោះមីនខ្លួនឯង អត់មាននរណាយកទេ។ នេះគឺជាការជាក់ស្ដែង។ មិនចាំបាច់ដល់សង្រ្គាមនោះទេ។ សូម្បីតែអស្ថិរភាពក៏ដោយ។ បើសិនជារូបភាពភ្នំពេញកំពុងតែកុបកម្ម ដុតកង់ឡាន ដុតអគារ ប្រហែលជាទេសចរមួយចំនួនធំ ជាពិសេស ពីអឺរ៉ុបច្បាស់ជា cancel flight ហើយ។ គ្មាននរណាហត់មួយឆ្នាំសន្សំលុយ មកដើរវ៉ាកងបានតែមួយខែ ហើយត្រូវគេចខ្លួន ត្រូវរត់ ហើយប្រាប់ប្ដី/ប្រពន្ធថា ទៅហើយមិនដឹងបានមកវិញឬអត់ នោះទេ។
(២) អ្នកមានអាជីពនិងការទទួលខុសត្រូវ មិនចង់ទៅលំហែហើយ ត្រឡប់ទៅវិញដាច់ជើងឬជាប់ជាចំណាប់ខ្មាំងទេ
ថ្ងៃមិញ ជិះឡានមក ខ្ញុំឃើញមានអ្វីដែលហៅថា Dark Tourism ដែលជាប្រភេទអ្នកទេសចរទៅមើលកន្លែងសង្រ្គាម។ ខ្លះទៅមើលកន្លែងគេទើបនឹងវាយគ្នាហើយ ដូចនៅ Gaza អីហ្នឹង។ អ្នកខ្លះទៅអ៊ុយក្រែន ហើយមាន Tour Guide ណែនាំទៀត។ ប៉ុន្តែ ចំនួនមានតិចហើយមិនងាយទៅផង ព្រោះប្រទេសមានសង្រ្គាម តែគ្រាន់តែយន្តហោះៗ ចូលក៏មិនបានផង។ មានតែអ្នកដែលអត់ការងារធ្វើ មិនមានកាតព្វកិច្ចចំពោះគ្រួសារ ចិញ្ចឹមកូន/ចៅ ដែលតម្រូវឱ្យត្រឡប់មកវិញទេ ដែលហ៊ានទៅប្រថុយជីវិតនឹង(ទេសចរណ៍ដែល)មិនដឹងថាបានមកវិញឬអត់នោះ។ បើជាអ្នកដែលមានអាជីពច្បាស់លាស់ មានការទទួលខុសត្រូវ មានប្រពន្ធកូនត្រូវមើល ប្រាកដជាចង់ទៅលំហែកាយហើយមកវិញ មិនចង់ទៅហើយមកវិញដាច់ជើងម្ខាង ឬជាប់ជាចំណាប់ខ្មាំងនោះទេ។ កន្លងទៅ មានតើទេសចរ(បែបនេះ) ពេលដែលកម្ពុជានៅមានការវាយប្រហារគ្នា។
(៣) ប្រជាពលរដ្ឋម្នាក់ជាអ្នកផ្សព្វផ្សាយមួយរូប ទាំងជាទ្រឹស្ដីទាំងជាគោលការណ៍ជាក់ស្ដែង
ជាអកុសល យើងធ្លាប់មានទេសចរដែលនៅកែប នៅភ្នំវល្លិ៍ ត្រូវបានចាប់យកទៅសម្លាប់ ដូចជាមានជនជាតិអូស្រ្តាលី បារាំង និងអង់គ្លេស។ ពេលចេញពីផ្ទះ អត់មានអ្នកដឹងទេ។ ម្ដាយឪពុកថាចេញទៅក្រៅប្រទេស តែនាំបញ្ហាមកវិញ … យោងតាមការផ្សព្វផ្សាយ មិនមែនកន្លែងណាក៏ល្អឥតខ្ចោះនោះទេ តែវាអាស្រ័យលើយើងរើសចំណុចណាត្រូវផ្សាយ ហើយសូមផ្សព្វផ្សាយឲ្យបានល្អ វិជ្ជមានឲ្យបានច្រើន ផ្សព្វផ្សាយគ្រប់បែបយ៉ាង។ សម្រាប់ទេសចរណ៍ មិនចាំបាច់ទាល់តែផ្សាយពីតំបន់ទេសចរណ៍នោះទេ។ ផ្សាយតែពីវប្បធម៌ ពីភាពល្អរបស់ប្រជាជនយើង ក៏ជាកត្តាទាក់ទាញហើយ។ ទេសចរមិនគ្រាន់តែថាមានហេដ្ឋារចនាសម្ព័ន្ធល្អ (តែ)សេវាមិនល្អ ឬប្រជាជនគ្រោតគ្រាត គ្មានសុវត្ថិភាពនោះទេ។ ផ្សាយតែប៉ុណ្ណឹងគឺគេឈប់មកហើយ។ មុននឹងទៅ គេមើលសិនកន្លែងហ្នឹងយ៉ាងម៉េច។ បើសិនឃើញមនុស្សសប្បាយ មនុស្សសរសើរ គេនឹងមក។
ដូច ឯកឧត្ដម ឃួង ស្រេង បើកដំបូងអញ្ចឹង ផ្លូវថ្មើរជើង សប្ដាហ៍ទី១ មិនសូវមានមនុស្សទេ ដល់តែសប្ដាហ៍ទី២ ទី៣ (មនុស្សចូល)ណែន។ គាត់មើលឃើញតាមគ្នា។ (ដំបូងវា)លំបាកចតឡានអីជាដើម។ ខ្ញុំឲ្យគិតគូរពីរឿងចំណតនេះឲ្យចតនៅឆ្ងាយ ឲ្យយក bus (ដឹកពីចំណត)ថ្ងៃសៅរ៍ និងអាទិត្យ។ យើងឥឡូវសម្បូរឡានពេក។ ទៅមួយគ្រួសារៗសុទ្ធតែមានឡានខ្លួនឯង។ អញ្ចឹងមកលេងកន្លែងនេះ កន្លែងចំណតនៅឯកោះពេជ្រ ឬចតនៅនេះ ហើយឲ្យឡាន bus ទៅ(ដឹក)ដើម្បីជួយ។ មិនដឹងឯកឧត្ដម ឃួង ស្រេង បានចាត់ចែងឬនៅ។ ខ្ញុំឲ្យយោបល់ថ្ងៃមុនដើម្បីយើងជំរុញឲ្យ(ងាយស្រួល)។ នេះហើយជាការផ្សព្វផ្សាយតៗគ្នា ដែលថាងាយស្រួលក្នុងការទាក់ទាញ។ សូមឲ្យចូលរួម ហើយប្រជាពលរដ្ឋយើងម្នាក់ជាអ្នកផ្សព្វផ្សាយមួយរូប ជាទ្រឹស្ដី និងជាគោលការណ៍ជាក់ស្ដែងច្បាស់ណាស់។
[ចប់សេចក្ដីអធិប្បាយ២]
ទី២ ខ្ញុំសូមគាំទ្រការដាក់ចេញរបស់ក្រសួងទេសចរណ៍នូវយុទ្ធនាការ “រដូវកាលបៃតង” (Green Season) ជំនួសឱ្យពាក្យ “រដូវកាលភ្ញៀវតិច” (Low Season) ដែលអង្គសន្និបាតបានលើកឡើង ដើម្បីពង្រាយនូវរបាយភ្ញៀវទេសចរឱ្យបានគ្រប់ខែ បើទោះបីជា រដូវកាលភ្ញៀវតិច (Low Season) ជានិន្នាការសកលក៏ដោយ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការសកម្មភាព ពិពិធកម្មកម្មវិធី ពិសេសតារាងព្រឹត្តិការណ៍ (Event Calendar) ឱ្យមានភាពសម្បូរបែប ដើម្បីអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ភ្ញៀវទេសចរ ពិសេស ក្រុមហ៊ុន និងការីទេសចរណ៍ ដើម្បីបញ្ចូលក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួន។ ខ្ញុំសូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗរបស់ខ្លួន ទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ នាអំឡុងរដូវកាលបៃតង (ពីខែមេសាដល់ខែតុលា) ពិសេស នៅខេត្តសៀមរាប។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(៤) រៀបចំផលិតផលទេសចរណ៍នៅខែបៃតង
ថ្ងៃមុនខ្ញុំលើកថាស្រដៀងធ្វើស្រែដែរ … យើងមិនអាចរំពឹងចាំទឹកភ្លៀងរហូតទេ។ យើងត្រូវទប់ទឹកសម្រាប់ខែប្រាំង ដើម្បីយើងមានទឹកប្រើ។ យើងធ្វើទំនប់ ប្រឡាយ អាងស្តុកទឹករាប់លានម៉ែត្រគូប ដើម្បីធានា(ថាមានទឹកប្រើប្រាស់)។ ទេសចរណ៍ក៏ដូចគ្នា។ ប្រាកដណាស់ យើងគិតថាផលិតផលទេសចរនៅខែបៃតង (ខ្ញុំលែងហៅខែ low ហើយ តាមឯកឧត្ដមស្នើសុំ) គឺខែដែលនៅប្រទេសយើងជារដូវភ្លៀង ស្លឹកឈើលាស់។ ខែនេះ បើយើងមើលនៅប្រទេសក្រៅ ភាគច្រើនជាខែវ៉ាកងដូចគ្នា។ អញ្ចឹង ជាគន្លឹះធ្វើម៉េចទាញឲ្យគាត់មកក្នុងរដូវនេះ។ ពិតណាស់ យើងមានការប្រកួតប្រជែងជាមួយតំបន់ទេសចរណ៍ច្រើននៅខែវ៉ាកង ព្រោះប្រទេសនៅអឺរ៉ុបអីក៏គេប្រឹងទាញមនុស្សនៅពេលហ្នឹង។ ប្រាកដណាស់ វាមិនអាចស្មើគ្នារាល់ឆ្នាំនោះទេ តែកុំឲ្យមានគម្លាតខ្លាំងពេករវាងខែដែលមានមនុស្សច្រើន និងខែដែលមិនមាន …។
(៥) ការផ្សព្វផ្សាយអំពីទេសចរណ៍មានបែបសកម្មនិងអសកម្ម
កុំភ្លេចធ្វើការទាក់ទាញទេសចរក្នុងស្រុកផង និងប្រទេសជិតខាងបូកមួយ ដែលយើងនិយាយ បូកជាមួយទេសចរក្នុងតំបន់។ នេះជាកិច្ចការដែលយើងត្រូវធ្វើ ហើយសំខាន់រៀបចំកញ្ចប់ទេសចរ រៀបចំការទាក់ទាញ និងការផ្សព្វផ្សាយឲ្យបានគ្រប់រដូវ។ អម្បាញ់មិញ ឃើញសំណើសុំទាក់ទងនឹងការអនុគ្រោះផ្សេងៗ។ យើងធ្វើការជាមួយគ្នាបាន។ ការអនុគ្រោះផ្សេងៗ ការដាក់ចេញនូវការលើកទឹកចិត្តផ្សេងៗ រាជរដ្ឋាភិបាលបានផ្ដល់ឲ្យហើយ យើងនឹងពិនិត្យមើលតទៅទៀតជាប្រចាំ។ វិធីសាស្រ្តក្នុងការទាក់ទាញ ជាកិច្ចការសំខាន់ដែលខ្ញុំប្រជុំជាមួយបងប្អូនក្នុងវិស័យទេសចរណ៍ច្រើនហើយ។ ការផ្សព្វផ្សាយមានពីរ។ ទី១ គឺ passive មួយទៀត គឺ active។ មួយថាសកម្ម ឯមួយទៀតយើងថាអសកម្ម វាមិនកើត។
សកម្មដូចគ្នា។ គ្រាន់តែមួយវាយលុកសកម្មតែម្ដង។ កម្រិតមួយ passive បានន័យថា យើងគ្រាន់តែផ្សព្វផ្សាយតាមហ្វេសប៊ុកអីទៅ។ យើងផ្សព្វផ្សាយឱ្យគេឃើញ គេមកខ្លួនគេ។ ការជំរុញសកម្មទាក់ទងទៅនឹងការរៀបចំជាកញ្ចប់ ការចេញទៅផ្សព្វផ្សាយ ចេញទៅថ្ពក់កម្រិតណាមួយ។ នេះខ្ញុំឱ្យយករូបមន្ត ភោជនីយដ្ឋានតាមផ្លូវជាតិ។ ហេតុអ្វីបានជាភោជនីយដ្ឋាន ៤-៥ ជាប់គ្នា នៅកន្លែងឈប់ឡានមួយ មានហាងដែលមានមនុស្សចូលពេញ និងហាងដែលមិនសូវ(មានមនុស្សចូល ខណៈដែលហាងទាំងពីរមាន)ម្អូបប្រហែលគ្នា? ប្រហែលដោយសារម្ចាស់ហាងគាត់ active ក្នុងការទាក់ម៉ូយ ធ្វើការជាមួយអ្នកបើកឡាន ឬមួយក៏ក្រុមហ៊ុនឡាន។ រឿងនេះ យើងបានកំពុងតែរៀបចំជាបន្តបន្ទាប់ ប្រជុំច្រើនដងហើយ។
(៦) សម្រួចទិសដៅ ធ្វើកញ្ចប់ទាក់ម៉ូយ ចាត់តាំងកម្លាំង ជំរុញយន្តការឱ្យដើរ លើកទឹកចិត្ត ធ្វើឱ្យលេចចេញជារូបរាងជាក់ស្តែង
ខ្ញុំប្រាប់ថា ការប្រជុំ កុំគិតធំពេក។ យើងបានឈានទៅដល់ការរៀបចំយន្តការ។ ឥឡូវកំពុងតែរៀបចំជាកញ្ចប់ រៀបចំក្រុមការងារ ដើម្បីបញ្ជូនចេញទៅ។ ស្អែកហ្នឹង ត្រូវជួបម្ដងទៀត។ អាទិត្យមុនជួបម្ដង។ ខ្ញុំប្រាប់ថា កុំប្រជុំដើម្បីប្រជុំ។ បើប្រជុំដើម្បីគ្រាន់តែស្ដាប់ ហើយលើកក្រោយប្រជុំដើម្បីស្ដាប់ មិនបាច់ប្រជុំច្រើនដងទេ។ តែបើប្រជុំថ្ងៃហ្នឹង ស្ដាប់ ១០បញ្ហា យើងដោះស្រាយជាជំហានៗ ដោះម្ដងមួយៗ ហ្នឹងហើយដែលដើរទៅមុខ។ ការប្រជុំប៉ុន្មានដងចុងក្រោយនេះ គឺប្រជុំសម្រួចទិសដៅ ធ្វើកញ្ចប់ទាក់ម៉ូយតាមបែបសកម្ម រៀបចំចាត់តាំងកម្លាំង ជំរុញយន្តការឱ្យដើរ រៀបចំចាត់តាំងមនុស្ស រៀបចំកញ្ចប់សម្រាប់ផ្ដល់ឱ្យជាការលើកទឹកចិត្ត ទាំងរឿងថវិកា រៀបបេនស្អីៗ … យើងឈានធ្វើឱ្យលេចចេញជារូបរាង/សកម្មភាពជាក់ស្តែង។ សូមអរគុណណាស់ចំពោះការចូលរួមរបស់វិស័យឯកជន នៅក្នុងកិច្ចការនេះ។
ខ្ញុំចាំថា ពីពេលដែលយើងប្រជុំនៅឆ្នាំ២០២៣ មកដល់ម៉ោងនេះ យើងបានដោះស្រាយកិច្ចការច្រើន ដែលយើងមើល(ឃើញថាជារឿង)តូចៗ។ យើងអាចប្រៀបថា បញ្ហានៅតែមាន ប៉ុន្តែបើយក list នៃបញ្ហាដែលយើងពិនិត្យមើលកាលពីឆ្នាំ២០២៣ ហើយប្រៀបធៀបជាមួយនឹងបច្ចុប្បន្ន គឺយើងបានដោះស្រាយច្រើន។ នេះជាចំណុចវិជ្ជមានដែលត្រូវទទួលស្គាល់។ យើងមិនអាចដោះស្រាយបញ្ហាទាំងអស់ទេ ប៉ុន្តែយើងបានដោះបញ្ហាច្រើន។ គ្រាន់តែឯកឧត្តម ហួត ហាក់ លើកអម្បាញ់មិញ រឿងស្នើសុំអនុគ្រោះ(នេះ)មួយទៅ, រឿង VISA យើងឈានដល់រាជរដ្ឋាភិបាលសុខចិត្តខាតរាប់លានដុល្លារ ដើម្បីទម្លាក់ថ្លៃ VISA, ដាក់ចេញ e-VISA ដើម្បីកាត់បន្ថយភាពកកស្ទះនៅព្រលាន, កាត់បន្ថយ royalty fee រៀបចំកញ្ចប់ផ្សេងៗ។ យើងផ្គុំ(ការដោះស្រាយបញ្ហា) ដើម្បី(ឱ្យប្រព័ន្ធការងារ)ដើរ។
(៧) កែសម្រួលលក្ខខណ្ឌមួយចំនួន ធ្វើឱ្យតុល្យភាពរវាងអភិរក្សនិងអភិវឌ្ឍន៍ ទាំងនៅតំបន់អង្គរទាំងនៅទីនានា
កាលពីរដ្ឋមន្ត្រី ឯកឧត្តម សុខ សូកេន យើងបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ តាំងពី សៅលីង, Gumball3000, BVLGARI, Marathon, Half Marathon … ពេលជាមួយគ្នា យើងកែសម្រួលប្រព័ន្ធអេឡិចត្រូនិច Booking តាមអនឡាញ តាម e-VISA … ថ្ងៃមុន ឯកឧត្តម នេត សាវឿន បានទៅប្រកាសការរៀបចំបញ្ជរលក់សំបុត្រចូលអង្គរ។ តិចៗ អញ្ចឹង(ហើយដែលជា)បញ្ហាដែលយើងត្រូវដោះ។ តិចៗហ្នឹងហើយ ដែលជាកត្តាធ្វើឱ្យ(មានបញ្ហាច្រើន) ព្រោះវិស័យទេសចរណ៍ គឺជាវិស័យបដិសណ្ឋារកិច្ច ដែលទាមទារ(ឱ្យដោះស្រាយ)។ អ្នកដើរលេង មិនចង់ឱ្យមានការរំខានរឿងបន្តិចៗហ្នឹងទេ។ អ្នកទៅប្រជុំការងារធំ អាចមើលរំលង(រឿង)តិច(តួច) ប៉ុន្តែអ្នកទេសចរ តែងតែចង់បាន(ការសម្រួល)តាំងពី Book សំបុត្រយន្តហោះ សុំ VISA រហូតមកដល់ឡើងយន្តហោះ ដើម្បីកុំឱ្យទៅដល់ព្រលាន ក៏តាំងថា check in អត់បាន (ហើយ)ប្រាប់ថាអ្នកឯងត្រូវតែនៅមួយយប់។
យើងលុបចោលអនុក្រឹត្យឬមួយប្រកាស កាលមុន ទាក់ទងទៅនឹងការតម្រូវឱ្យត្រូវតែមក(នៅ)មួយយប់។ តាំងពីឆ្នាំកៅសិបជាង។ យើងចេញប្រកាសហ្នឹង។ ឥឡូវ យើងបានលុបចោល។ គាត់មកពាក់កណ្ដាលថ្ងៃ (ហើយ)ទៅវិញក៏បាន។ អត់មានហាមទេ។ រឿងតិចៗ អញ្ចឹង (យើងដោះស្រាយ)។ នៅអង្គរក៏ដូចគ្នា។ យើងដោះស្រាយបញ្ហា(បាន)ច្រើន។ លោកជំទាវ ភឿង សកុណា (ដោះស្រាយ)នៅទីនោះ។ យើងបានធ្វើច្រើន តាំងពីរឿងថត រឿងអី (ដោះស្រាយបញ្ហា)បន្តិចៗហ្នឹង។ លក្ខខណ្ឌមួយចំនួនក៏យើងបានកែសម្រួល ធ្វើឱ្យតុល្យភាពរវាងអភិរក្ស និងអភិវឌ្ឍន៍ស្របទៅតាមហ្នឹង។ មិនមែនយើងធ្វើតែនៅតំបន់អង្គរទេ គឺនៅគ្រប់កន្លែងទាំងអស់។ យើងលើកឧទាហរណ៍ជាភាគច្រើនតែតំបន់អង្គរ។ ប៉ុន្តែ (ក្នុងវិស័យ)ទេសចរណ៍ យើងបានគិតគូរច្រើន។
(៨) បង្កើតភាពប្រទាក់ក្រឡា ដែលអ្នកផ្សព្វផ្សាយត្រូវការផលិតផល មានផលិតផលត្រូវការផ្សព្វផ្សាយ
ខ្ញុំឃើញបណ្ដាខេត្ត បណ្ដារាជធានី បានរៀបចំ(ដើម្បីទាក់ទាញនិងបម្រើទេសចរ)។ នៅខេត្តសៀមរាប កំពុងតែធ្វើបន្ថែមឱ្យប្រសើរឡើងនូវមាត់ស្ទឹងសៀមរាប។ នៅតាមខេត្តផ្សេងៗ ឃើញរៀបចំនៅបាត់ដំបងជាដើម ធ្វើសួនស្អាត។ ថ្ងៃមុន ឯកឧត្តម នួន ផារ័ត្ន សុំយោបល់ថា រៀបចំសួនច្បារសាធារណៈឱ្យបានច្រើននៅតាមមាត់ទឹក(ដងស្ទឹងក្រុងស្ទឹងសែន)ដើម្បីឱ្យមានការទាក់ទាញ។ យើងធ្វើជាប្រចាំ។ នេះជាការបង្កើតភាពប្រទាក់ក្រឡា។ អ្នកផ្សព្វផ្សាយត្រូវការផលិតផល។ មានផលិតផលល្អប៉ុន្តែអត់មានផ្សព្វផ្សាយក៏អត់កើត។ អញ្ចឹង ត្រូវការរួមគ្នាធ្វើ ដែលក្រសួងទេសចរណ៍ជាសេនាធិការ ដើរតួនាទីសម្របសម្រួល។ ក្នុងរយៈពេលមួយឆ្នាំកន្លះនេះ តាំងពីឯកឧត្តម សុខ សូកេន ឥឡូវមកដល់ឯកឧត្តម ហួត ហាក់ យើងបានធ្វើ និងបន្តធ្វើបន្តទៀត។ អរគុណដល់មន្រ្តីក្រសួងទេសចរណ៍ទាំងអស់ដែលបានចូលរួមនេះ … មិនទាន់អស់ទេ។ ការងារនៅច្រើន តែមិនជាឧបសគ្គសម្រាប់យើងទេ។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៣ ខ្ញុំសូមឱ្យក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការ ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ក៏ដូចជា ការថតស្ប៉តពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ដែលទាំងអស់នេះ នឹងជំរុញការផ្សព្វផ្សាយកម្ពុជាលើឆាកអន្តរជាតិ បានលឿន និងមានប្រសិទ្ធភាព។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
(៩) ទេសចរណ៍និងវប្បធម៌រៀបចំកញ្ចប់ promote តំបន់មានលក្ខណៈសម្រាប់ថតកុន
នេះជាចំណុចមួយដែលក្រសួងទាំងពីរ(ទេសចរណ៍និងវប្បធម៌)បានធ្វើការ។ យើងរៀបចំកញ្ចប់ទេសចរណ៍មួយចំនួន ដើម្បីដៅគោលដៅនៅក្នុងប្រទេស ដូចជាយើងចង់ promote (តំបន់)ណាដែលមានលក្ខណៈសម្រាប់ថតកុន។ អញ្ចឹង នៅតំបន់ប្រាសាទ នៅកោះ នៅកន្លែងណាមួយ យើងរៀបកញ្ចប់សម្រាប់លើកទឹកចិត្តឱ្យគាត់ កាត់បន្ថយតម្លៃការចូល កាត់បន្ថយនិងសម្រួលនីតិវិធីផ្សេងៗ ដើម្បីទាក់ទាញ។ តិចៗហ្នឹងមានបញ្ហា (និង)បង្កបញ្ហា។ ដូចជាក្រុមភាពយន្តពីក្រៅប្រទេសខ្លះ ការចំណាយលុយបន្តិចបន្តួច(គិតថា)មិនសំខាន់ទេ។ គ្រាន់តែដឹកឥវ៉ាន់មក គាត់ចំណាយអស់ ១០ ទៅ ២០ លានដុល្លារទៅហើយ។ គាត់មិនទៅខ្លាចចាយ ១០ ទៅ ២០ម៉ឺនដុល្លារ សម្រាប់(ថ្លៃស្នើសុំថតនៅតំបន់ដែលជាគោលដៅទេ) … អ្វីដែលសំខាន់ គឺការធានាសុវត្ថិភាព ធានាភាពងាយស្រួលនៅក្នុងការប្រតិបត្តិ និងការធ្វើការងាររបស់គាត់។ ក្នុងន័យនេះ ខ្ញុំសូមអរគុណណាស់ ចំពោះអាជ្ញាធរពាក់ព័ន្ធ ហើយសូមស្ថាប័នមើលចំណុចដែលនៅមានបញ្ហាប្រឈមគឺការសម្រួលទីតាំង។
(១០) សូមរដ្ឋបាលរាជធានីខេត្ត កុំទាមទារពិនិត្យ Script ដែលក្រសួងវប្បធម៌បានពិនិត្យរួចហើយ
កន្លងទៅ ពេលបានជួបជាមួយសមាគមភាពយន្តម្ដងនោះគឺមានការលើកឡើង(សំណូមពរមួយ)។ ហ្នឹងសម្រាប់សមាគមភាពយន្តក្នុងស្រុក។ ពេលដែល script ត្រូវបានឆ្លងក្រសួងវប្បធម៌រួចហើយ ពេលដែលសុំស្នើទៅថតនៅកន្លែងណាមួយ សូមឱ្យរដ្ឋបាលរាជធានី-ខេត្ត កុំទាមទារ(ពិនិត្យ) script ម្ដងទៀត។ វានាំឱ្យយូរ។ ម្យ៉ាងយើងមិនមែនអ្នកជំនាញទេ។ បានន័យថា សុំយក script ហ្នឹងទៅមើលសាច់រឿងម្ដងទៀត ដែលមិនចាំបាច់។ ក្រសួងវប្បធម៌បានចេញ(ការបញ្ជាក់)ហើយថា ខ្លឹមសាររឿងហ្នឹងត្រឹមត្រូវហើយ អត់ប៉ះពាល់អីទេ រឿងសីលធម៌ វប្បធម៌អីបានមើលរួចអស់ហើយ។ អញ្ចឹងយើងបានសម្រួល។ កន្លងទៅ ខ្ញុំបានណែនាំដល់រាជធានីខេត្ត ហើយក៏បានអនុវត្ត។ សូមបន្តទៀត។ អ្នកថតកុនចំណាយច្រើន។ ខាតមួយថ្ងៃខាតមួយម៉ោង គាត់ត្រូវចំណាយសម្រាប់ crew របស់គាត់ជាថ្ងៃ។ សូមបន្តលើកទឹកចិត្ត។
ថ្ងៃមុនខាងក្រុមចិន មានថតកុនចិនមួយ … ប៉ុន្មានថ្ងៃនេះ មានមួយក្រុមទៀតមកថតមួយរឿងទៀត។ ក្រុមជំនួយការខ្ញុំថាមានគ្រោងមកថតទៀត។ ឱ្យថតឱ្យច្រើនដើម្បីផ្សព្វផ្សាយ។ មានរឿងមួយ ដែលផ្សព្វផ្សាយពីរឿង(ចាប់ជំរិតតាម)អនឡាញ ធ្វើឱ្យប៉ះពាល់ និងមានការយល់ច្រឡំនឹងកម្ពុជា។ យើងត្រូវ(ឱ្យគេមក)ថតឱ្យច្រើនដើម្បីផ្សព្វផ្សាយថា កម្ពុជាមានសុវត្ថិភាព។ ថតឱ្យច្រើន ដើម្បីបង្ហាញនូវទឹកដីដ៏ល្អ ប្រជាជនដ៏ល្អរបស់យើង ហើយលើកទឹកចិត្ត។ បើសិនជាមានកុន គេចាប់អារម្មណ៍មក។ យើងមិនចាំបាច់ទៅទាក់ម៉ូយ ជួលរាប់រយសែនដុល្លារដើម្បីហៅគេមកទេ។ គេជិះយន្តហោះមកហើយ។ យើងគ្រាន់តែសម្រួលឱ្យល្អទៅ។
(១១) ក្រសួងទេសចរណ៍និងវប្បធម៌គួររៀបចំ joint task force សម្រួលសក្តានុពលទេសចរណ៍ភាពយន្ត
សូមក្រសួងស្ថាប័នពិនិត្យមើល ហើយក្រសួងទេសចរណ៍ពិភាក្សាជាមួយក្រសួងវប្បធម៌ថា តើយើងគួររៀបចំជា joint task force មួយសម្រាប់សម្រួលតែរឿងមួយហ្នឹងតែម្ដងឬទេ? ការងារទាំងអស់នេះ ត្រូវការក្រុមការងារទទួលខុសត្រូវ ត្រូវការសម្របសម្រួល តាមដានត្រួតពិនិត្យ។ បានអាជ្ញាបណ្ណហើយ ទៅថត ប៉ុន្តែទៅដល់កន្លែងហ្នឹង ទីតាំងអត់មានអ្នកណាសម្រួលឱ្យ។ ទម្រាំតែសម្រួលបាន យឺត (កើត)បញ្ហា។ នេះហើយដែលត្រូវដោះស្រាយ។ អញ្ចឹងត្រូវមើលតាំងពីដើមដល់ចប់។ ការងារអ្វីក៏ដោយ អត់អាចចន្លោះបានទេ។
ដោយសារយើងមានក្រុមការងារសម្រាប់តាមរឿងហ្នឹង ខ្ញុំបានជួបជាមួយនឹងវិស័យភាពយន្ត ហើយនឹងត្រូវជួបជាមួយគាត់បន្ថែមទៀត ដើម្បីគិតគូរពីការជួយពង្រឹងវិស័យភាពយន្ត។ ការរៀបចំដើម្បីពង្រឹង រៀបចំមជ្ឈមណ្ឌលនេះ និងរក funding ជាមូលនិធិមួយដើម្បីគាំទ្រទៅដល់វិស័យភាពយន្ត រួមទាំងការរៀនសូត្រនេះ។ ត្រូវជួបជាមួយគាត់ទៀត ប៉ុន្តែផ្នែកសំខាន់គឺការប្រតិបត្តិ។ អញ្ចឹង សូមក្រសួងស្ថាប័នរបស់យើងរៀបចំ ព្រោះនេះជាសក្ដានុពលធំរបស់យើង។ ការផ្សព្វផ្សាយជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ ហើយក៏សូមបន្តជំរុញភាពយន្ត ដែលគេហៅថាជា ទេសចរណ៍ភាពយន្តនេះ បន្តទៅទៀត។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៤. ខ្ញុំសូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ទៅលើការទទួលយកនូវមតិយោបល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងមតិរិះគន់ ក្នុងន័យស្ថាបនា ដើម្បីកែសម្រួល និងកែលម្អបរិយាកាស ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ រាប់តាំងពីនៅច្រកទ្វារអន្តរជាតិ (ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស) បញ្ហាអន្តោប្រវេសន៍ និង ផ្នែកពាក់ព័ន្ធនានា ដើម្បីបង្ហាញភាពជាខ្មែរ និងស្នាមញញឹមខ្មែរ តាំងពីពេលភ្ញៀវទេសចរចូលមកដល់ដំបូង។
[ផ្ដើមសេចក្ដីអធិប្បាយ៥]
(១២) រៀបចំនីតិវិធីចៀសវាងប្រើប្រាស់ក្រដាស និងកត្ដាគួបផ្សំទាំងឡាយតាំងពីចុះរហូតឡើងយន្ដហោះវិញ
កិច្ចការនេះ ក៏ខ្ញុំសូមអរគុណដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជារដ្ឋបាល អាជ្ញាធរខេត្តពាក់ព័ន្ធ សមត្ថកិច្ចយើងទាំងអស់ ដែលបានរួមគ្នា(ដោះស្រាយ)។ នៅមានបញ្ហា។ យើងបន្តដោះ។ ក្ដាប់សភាពការណ៍ ហើយយើងបន្តដោះតទៅទៀត។ កិច្ចការនេះមិនងាយស្រួលទេ ប៉ុន្តែនៅពេលយើងមានឆន្ទៈរួមគ្នា យើងអាច(ដោះស្រាយបាន)។ កិច្ចការខ្លះកើតមានដោយសារមនុស្ស។ ការងារខ្លះកើតមានដោយប្រព័ន្ធការងារ។ កិច្ចការខ្លះដោយឧបករណ៍។ អញ្ចឹង យើងបានកែសម្រួលទាំងបីនេះជាប្រចាំហើយ។ ឧ. ទេសចរចូលមក។ កាលពីមុន ជាប្រព័ន្ធការងាររបស់យើង VISA តាម online ចូល ៣៦ដុល្លារ … ចុះមកដី ត្រូវបំពេញ(ឯកសារផ្សេងៗ ដោយ)ដៃ មាននីតិវិធីស្មុគស្មាញ បំពេញគយផង ខាងសុខាភិបាលផង ខាងអន្តោប្រវេសន៍ផង។ ឥឡូវ យើងច្របាច់បញ្ចូលគ្នា ដាក់ជាប្រព័ន្ធអេឡិចត្រូនិច។
ខ្ញុំស្នើសុំគោលការណ៍ ដើម្បីទៅថ្ងៃក្រោយអនុវត្តអន្តោប្រវេសន៍ដោយមិនមានក្រដាស ឬ paperless។ ឥឡូវឱ្យអនុវត្តអ្វីដែលយើងមាន។ សាកល្បង ៦ខែទៅមួយឆ្នាំ។ យើងមានផែនការ ដើម្បីចាកចេញជាជំហានៗ។ យើងមិនអាចប្រកាសថា អេឡិចត្រូនិចថ្ងៃហ្នឹង បិទទាំងអស់ទេ គឺទុកពេលប៉ុន្មានខែ … ធ្វើការជាមួយព្រលានយន្តហោះ ជាមួយក្រុមហ៊ុនយន្តហោះអីផ្សេង ដើម្បីដល់ថ្ងៃក្រោយ យើងរៀបចំនីតិវិធីដែលចៀសវាងការប្រើប្រាស់ក្រដាសតទៅទៀត ហើយងាយស្រួល។ បើនៅតំបន់អង្គរ យើងធ្វើបានគួរសម។ កាលមុន ឆ្មាំអង្គរត្រូវតែរត់ទៅសុំភ្ញៀវមើលសំបុត្រ។ ឥឡូវគាត់មានម៉ាស៊ីនមួយ។ ភ្ញៀវខ្លះគាត់ scan ភ្លៀវខ្លះគាត់ print ក្រដាសចេញមក។ scan QR code ទៅចប់។ ភ្ញៀវ(ខ្លះ)មិនចាំបាច់ផង។ គាត់មាននៅក្នុងទូរស័ព្ទ … នេះការប្រើប្រាស់ឌីជីថល។
សូមបន្ដកិច្ចការនេះតទៀត ដើម្បីឲ្យយើងកាន់តែប្រសើរ។ ឥឡូវ booking ទៅតំបន់ផ្សេងៗ តាម internet។ ម្សិលម៉្ងៃខ្ញុំទៅអន្លង់ធំ(ភ្នំគូលែន)។ កន្លែងដំរីក្រាបហ្នឹង ឥឡូវមាន internet ០១២។ ហ្នឹងហើយការបំពាក់បន្ថែម ដែលយើងធ្វើ/រៀបចំឲ្យកាន់តែល្អប្រសើរ ព្រោះទេសចរណ៍មិនមែនអាស្រ័យលើផលិតផលតែមួយទេ ប៉ុន្ដែត្រូវការសេវាគួបផ្សំគ្រប់ទាំងអស់។ ឥឡូវ ទៅកន្លែងណាក៏ទេសចរត្រូវការ 4G ព្រោះយើងអត់ទាន់មាន 5G ទេ។ គេត្រូវការប្រព័ន្ធ internet។ យើង(ត្រូវ)ធានាការប្រើប្រាស់នេះ។ អញ្ចឹងយើងត្រូវយកចិត្តទុកដាក់រៀបចំគ្រប់ចំណុចទាំងអស់ ជាកត្ដាគួបផ្សំ តាំងពី(ចុះនៅ)ព្រលាន រហូត(ឡើង)យន្ដហោះទៅវិញ …។
[ចប់សេចក្ដីអធិប្បាយ៥]
ទី៥. សូមឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានីខេត្ត បន្តចូលរួមជំរុញការរៀបចំគោលដៅទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានលក្ខណៈស្តង់ដា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេស ក្នុងបរិការណ៍ឌីជីថល និងបច្ចេកវិទ្យាសប្បនិម្មិត (AI) នាពេលបច្ចុប្បន្ននេះ និងត្រូវមានស្មារតីបុរេសកម្ម ម្ចាស់ការដោះស្រាយបញ្ហាក្នុងមូលដ្ឋានគោលដៅទេសចរណ៍របស់ខ្លួន រាប់តាំងពីបញ្ហាបរិស្ថាន អនាម័យ (ជាពិសេសបង្គន់អនាម័យ) គុណភាពសេវាកម្ម តម្លៃ ចំណត និងបញ្ហាតូចតាចនានា កុំចាំទាល់តែមានការលើកឡើងពីមហាជន ឬការបង្ហោះក្នុងបណ្តាញសង្គមជាដើម។
[ផ្ដើមសេចក្ដីអធិប្បាយ៦]
(១៣) ផ្សព្វផ្សាយតបពីគោលដៅទេសចរណ៍និងភាពអវិជ្ជមាន ត្បិតទាក់ទងដល់ការសម្រេចចិត្តរបស់ទេសចរ
បញ្ហាហ្នឹងហើយដែលខ្ញុំបានបង្អាប់ ឯកឧត្តមអភិបាលខេត្តកែប រឿងបាយឆាមួយចានថ្លៃប៉ុន្មានហ្នឹង។ រឿងវាតូចមួយ ប៉ុន្ដែត្រូវចាត់វិធានការលឿនដើម្បីដោះស្រាយភ្លាមៗ កុំទុកឲ្យនៅរ៉ាំរ៉ៃ។ ត្រូវយល់ថា មិនមែនតែសម័យបច្ចេកវិទ្យាទេ។ ពីមុនក៏ដោយ រឿងល្អគេមិនសូវចាប់អារម្មណ៍ទេ តែរឿងមិនល្អមួយគឺនិយាយតគ្នា។ សម័យ AI សម័យ digital នេះ គឺផ្សព្វផ្សាយលឿន ដែលចាំបាច់យើងត្រូវឆ្លើយតបឱ្យបានលឿន ជាពិសេសពាក់ព័ន្ធនឹងរឿងគោលដៅទេសចរណ៍ និងភាពអវិជ្ជមានអីផ្សេងៗដែលកើតឡើង។ ព្រោះវាទាក់ទងដល់ការសម្រេចចិត្តមកឬមិនមករបស់ទេសចរ។ ទេសចរដែល book យន្ដហោះយូរអាចលំបាក ប៉ុន្ដែបើទេសចរក្នុងស្រុកទេ ចង់ទៅកែប(មាន)រឿងប៉ុណ្ណេះ ខ្ញុំទៅកំពង់សោម ឬមួយទៅសៀមរាប។ (ដូចនេះវាជាការ)ខាតបាត់ហើយ។ រឿងបែបនេះត្រូវយកចិត្តទុកដាក់រៀបចំ ដោយលើកស្លាកពីទេសចរណ៍ និងកន្លែងផ្សេងៗ ផលិតផលផ្សេងៗ ដែលអាចកើតមាន។ ខ្ញុំសូមអរគុណណាស់ ហើយលើកទឹកចិត្តឲ្យមានការគិតគូរអំពីការរៀបចំសកម្មភាពពេលរាត្រីផង។
(១៤) មន្ត្រីពាក់ព័ន្ធ គិតគូររៀបចំ show កុំឱ្យតំបន់ប្រាសាទស្ងាត់នៅពេលយប់
នៅភ្នំពេញយើងមានសកម្មភាពពេលរាត្រី។ មិនមែនសំដៅទៅតែបិទទ្វារទេ គឺសាធារណៈ។ អញ្ចឹងខ្ញុំសួរទៅចិន្តា សួរ(ឯកឧត្តម សាយ) សំអាល់ ថា នៅកំពង់ចាមស្ងាត់យប់ (ប៉ុន្ដែ)ដូចមនុស្សច្រើន។ បន្ដិចទៀតប្រហែលជាត្រូវរៀបចំជាមួយ (អ៊ុន) ចិន្ដា។ ពិភាក្សាគ្នាមើលយើងរៀបសកម្មភាពអីបាន។ នៅអង្គរខ្ញុំដូចជាធ្លាប់បានផ្ដល់យោបល់ជូនទៅលោកជំទាវ ភឿង សកុណា ដែរ ឲ្យគិតគូរការដែលតំបន់ប្រាសាទស្ងាត់នៅពេលយប់។ ដោយសារសុវត្ថិភាព យើងមិនអាចបើកគ្រប់កន្លែងទេ។ ប្រសិនបើ(បើកពេលយប់) ទេសចរចូលទៅក្នុងព្រៃ ជួបករណីពស់ចឹកស្អីៗ មិនបានទេ។ ប៉ុន្ដែ មានកន្លែងដែល(ពេលយប់)យើងអាចរៀបបាន។ កិច្ចការនេះសូមឲ្យឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវជជែកគ្នាមើល។ នៅកន្លែងទីលានជល់ដំរីយើងអាចលេង night show បានទេ? ពេលដែលជិតបិទពេលយប់ មុននឹងគាត់ចាកចេញ ប្រមូលគាត់មកកន្លែងហ្នឹងធ្វើ live show ឬ show អីមួយកន្លែងហ្នឹងទៅ។ វាស្រួល មានសុវត្ថិភាព ចេញទៅវិញមានភ្លើងមានអីតាមហ្នឹងតែម្ដង ងាយស្រួលប្រមូលមនុស្សផង។ បើមាន show គាត់ខំចេញមកខ្លួនឯងពីកន្លែងស្ងាត់ៗ មកអង្គុយចាំមើល។ ខ្ញុំមើលឃើញទីលានជល់ដំរីហ្នឹងល្អ។ ប្រសិនបើយើងរៀបចំ live show អី។ ចង់ធ្វើ អាចរកវិស័យឯកជនបាន។ នៅសៀមរាប យើងមានតែ pub street មួយ។ ខ្ញុំឲ្យឯកឧត្តម ប្រាក់ សោភណ្ឌ រៀបចំមួយទៀត កន្លែង night ដែរ ប៉ុន្ដែរកកន្លែងដែលដាក់ជាតំបន់ភ្លេងខ្មែរអីទៅ កុំយកទៅដាក់លាយគ្នាជាមួយនឹង pub street។ pub street ទុកឲ្យអន្ដរជាតិអញ្ចឹងចុះ។ យកតន្រ្តី corner ខ្មែរទៅដាក់នៅកន្លែងផ្សេង។ សៀមរាបអត់ធំទេ។ យើងរកមើលដើម្បីបង្កើតសកម្មភាពឲ្យច្រើន។ ខ្ញុំសូមឲ្យពិនិត្យមើលកន្លែងនៅអង្គរហ្នឹង ព្រោះសុវត្ថិភាពជាចម្បង។ យប់ពិបាកណាស់។ យើងមិនអាចដាក់ភ្លើងនៅទូទាំងប្រាសាទគ្រប់កន្លែងទេ ប៉ុន្ដែយើងអាចប្រមូលផ្ដុំ។
(១៥) ខេត្តនីមួយៗ ពិនិត្យសក្តានុពលបន្ថែមដើម្បីប្រទាក់ក្រឡាសកម្មភាពទេសចរណ៍
ពិចារណារៀបចំសកម្មភាពពេលយប់ ជាសកម្មភាពបន្ទាប់បន្សំ ពិសេសជាមួយខេត្តដែលនៅជាប់គ្នាជាកញ្ចប់រួម។ខ្ញុំបានឲ្យក្រុមខេត្ត មានសៀមរាប កំពង់ធំ ព្រះវិហារ និងឧត្តរមានជ័យ គិតពីគោលដៅប្រទាក់ក្រឡាទេសចរណ៍ មិនអាចមានតែប្រាសាទប៉ុន្មានហ្នឹងទេ។ គោលដៅទី១ តើនៅក្នុងខេត្តសៀមរាបនៅមានអីទៀតក្រៅពីតំបន់ប៉ុន្មាន ដូចជានៅគូលែន នៅបឹងទន្លេសាប នៅតាមសហគមន៍។ ថ្ងៃមុនខ្ញុំចុះទៅមើលសហគមន៍តើធ្វើអី ប្រទាក់ក្រឡាយ៉ាងម៉េច។ កន្លែងខ្លះ គេមាន homestay។ អាចធ្វើបាន។ បើមើលជាក់ស្ដែង ពេលខ្លះយើងអត់ចាំបាច់ចំណាយច្រើនទេ។ អត់ចាំបាច់រៀបចំហេដ្ឋារចនាសម្ព័ន្ធ ឬហ្វឹកហ្វឺនមនុស្សទេ។ ប្រជាពលរដ្ឋនៅហ្នឹងគាត់ចេះធ្វើរួចស្រេច។ គាត់ត្រូវការតែការជួយផ្សព្វផ្សាយ រៀបចំជាកញ្ចប់ឲ្យគាត់ ទេសចរឲ្យគាត់ ហើយជួនកាលពេលខ្លះ អត់ចាំបាច់ទាំងធ្វើផងផ្លូវបេតុងផង។ ថ្ងៃមុនទៅពីភូមិអន្លង់ជ្រៃ សហគមន៍ហ្នឹងសុំឲ្យជួសជុល ប៉ុន្ដែមិនឲ្យជួសជុលអីខុសសណ្ឋានដើមទេ។ យើងគា្រន់តែជួស(ជុល)ឲ្យរាប កន្លែងខ្លះកន្លែងថ្ម កន្លែងប្រាសាទទុកឲ្យគាត់ ជិះចង់បាក់ចង្កេះដែរ ប៉ុន្ដែមិនអីទេ។ ហ្នឹងបើផ្លូវរាបវិញ អស់មនុស្សទៅ ហើយបើសិនជាផ្លូវរាប ឡានចូលបាន ម៉ូតូប្រជាពលរដ្ឋលែងមានសេវាហើយ។
អញ្ចឹង ភាពប្រទាក់ក្រឡាបែបនេះមានច្រើន។ ហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ដើរមិនដើរ គឺអាស្រ័យការចូលរួម។ ខ្ញុំឃើញសហគមន៍នៅទីនោះចង់ឲ្យមានការចូលរួម។ កម្លាំងចិត្តខ្លាំង មានសន្ទុះខ្លាំង។ (រៀបចំ)ល្អយ៉ាងម៉េចក៏ដោយ បើមិនមានការចូលរួមទៅអត់រួចទេ។ ខ្ញុំឃើញសហគមន៍មួយៗ (មានការខំប្រឹង)ព្រោះបានផលទៅគាត់បន្ថែម។ ឯកឧត្តម អ៊ាង សុផល្លែត មកទេ? ឃើញក្រសួងទេសចរណ៍ទៅធ្វើទីតាំងមួយចំនួននៅតំបន់នោះ ហើយគ្រោងផ្ទេរទៅឲ្យសហគមន៍។ ជាការល្អយើងជួយគាត់បន្ដិច ដើម្បីបង្កើតចំណូលគាត់បន្ថែមទៀត។ យើងធ្វើឲ្យស្របតាមធម្មជាតិ ស្របតាមកន្លែងការពារបេតិកភណ្ឌ ប៉ុន្ដែយើងបង្កលក្ខណៈបន្ដិចៗ អញ្ចឹងអត់អស់ច្រើនទេ។ ជាអ្វីដែលអាចប្រទាក់ក្រឡាបាន។
(១៦) ក្រុមខេត្តគិតពីគោលដៅប្រទាក់ក្រឡាទាក់ថ្ពក់ទេសចរ
ទី២ តំបន់ក្បែរៗគ្នានៅក្រៅខេត្ត។ (យើង)មិនអាចផ្សាយគ្រប់កន្លែងនៅទូទាំងពិភពលោកទេ។ នៅស្រុកខ្មែរ យើងអាចផ្សាយយ៉ាងច្រើន ២ ឬ៣ កន្លែងមាន ភ្នំពេញ សៀមរាប បាត់ដំបង ខេត្តព្រះសីហនុ និងកំពតខ្លះ។ ថី្វបើយើងមិនអាចផ្សព្វផ្សាយខេត្តប៉ុន្មានទៀត(លក្ខណៈ)អន្ដរជាតិក្តី យើងថ្ពក់ជាកញ្ចប់ទេសចរណ៍នៅខាងក្នុង។ ឲ្យតែភ្ញៀវមកដល់ខេត្តប៉ុន្មានហ្នឹង មានព្រះសីហនុ សៀមរាប រាជធានីភ្នំពេញ ដែលមានយន្ដហោះ ចុះមកដល់ហ្នឹងយើងថ្ពក់គាត់ទៅកន្លែងផ្សេងៗ។ អញ្ចឹង នៅក្នុងតំបន់ទាំងប៉ុន្មាននេះ (សម្រាប់)ក្រុមខេត្តមានសមុទ្រដូចគ្នា យើងបង្កើត(កញ្ចប់រួម)ទៅ កុំចាំមានបុណ្យសមុទ្រ។ បុណ្យសមុទ្រ ៤ឆ្នាំ បានដល់យើងម្ដង។ ចន្លោះហ្នឹងយើងចែកគ្នាប្រកួតធ្វើបន្ថែមទៀត។ អត់ច្រើនទេ ៤ ខេត្តដូរវេនគ្នាធ្វើទៅ។ ធ្វើអ្វីផ្សេងបន្ថែមជាមួយបុណ្យសមុទ្រដើម្បីបង្កើត(ភាពទាក់ទាញ)ទេសចរក្នុងស្រុក និងទេសចរក្រៅស្រុកផ្សេងៗ។
ធម្មតាការបង្កើតដំបូងអត់សូវមានអ្នកដឹង អត់សូវមានការចាប់អារម្មណ៍ទេ ប៉ុន្ដែ(ការចាប់អារម្មណ៍)ចាប់ផ្ដើមពីទេសចរក្នុងស្រុក។ ពេលដែលគាត់ថតផ្សព្វផ្សាយទៅ វានឹងរីកហើយ។ ទៅក្រៅប្រទេសម្ដងៗ ខ្ញុំតែងតែសួរអ្នកស្រុកហ្នុងថា កន្លែងណាគេចូលចិត្តដើរលេង ហើយមិនមែនកន្លែងដែលបរទេសដើរលេង។ ភាគច្រើនកន្លែងដែលប្រជាពលរដ្ឋគេដើរលេងដែរ។ អញ្ចឹង ការបង្កើតដំបូង មិនចំាបាច់មានទេសចរពីក្រៅ ក៏យើងមានទេសចរខាងក្នុងដែលជាគោលដៅសំខាន់ ហើយទេសចរក្នុងស្រុករបស់យើងនេះក៏ច្រើន។ អញ្ចឹង ការសហការគ្នារវាងបណ្ដុំខេត្តសំខាន់។ កំពត ព្រះសីហនុ កោះកុង កែប ខេត្ត៤ នេះបានជួបគ្នាបង្កើតសកម្មភាពប៉ុន្មានដងហើយ។ សូមកុំជួបគ្រាន់តែជួបហើយជប់លៀង។ ស្អែកឡើងភ្លេចបាត់។ ជួបគ្នាហើយគិត សូម្បីបានតែ ១ ឬ២ សកម្មភាពក៏បាន។ ខេត្តទាំងអស់បានខិតខំហើយ បង្កើតរៀងខ្លួនៗ ក្នុងខេត្តរបស់ខ្លួន។ តែពេលនេះ ត្រូវធ្វើ package ជាមួយគ្នា។
(១៧) ក្រសួងទេសចរណ៍ និងការបរទេស សហការការជំរុញការទូតទេសចរណ៍
ប្រទេសខ្លះដែលតំបន់សេដ្ឋកិច្ចអាស្រ័យលើទេសចរណ៍ខ្លាំង សូម្បីតែវត្ដមួយក៏គេរកភ្ញៀវបានរាប់លាននាក់។ វត្តហ្នឹងជាគោល តែគេមានកន្លែងសំខាន់ៗនៅក្បែរហ្នឹងផ្សេងទៀត។ សល់(ពេល)ពី(ទស្សនាវត្ត)ហ្នឹង គេដើរលេង ដែលបូកទៅមានភ្ញៀវរាប់លាននាក់។ ពិតណាស់ថា ទេសចរទៅកោះរ៉ុង ប៉ុន្ដែក៏អាចថ្ពក់ផែទេសចរណ៍នៅកំពត ស្អីៗផ្សេងទៀត។ ថ្ងៃមុនយើងចង់រៀបចំបង្កើតត្រីកោណតំបន់ទេសចរណ៍ដែលនៅក្បែរៗគ្នាដើម្បីប្រទាក់ក្រឡាគ្នា។ ដែលថាឲ្យគិតគូរហ្នឹង នៅត្រង់ថា ខេត្តជាមួយមន្ទីរ(ទេសចរណ៍)អាចនិយាយគ្នា។ យើងមើលវិស័យឯកជននៅក្នុងខេត្ត រៀបចំជាកញ្ចប់អាចdiscount ដូចយើងធ្វើមកពីក្រៅអញ្ចឹង។ ប៉ុន្ដែយើងធ្វើនៅស្រុក ដែលយើងអាចអង្គុយនិយាយគ្នា … បើទៅចូលក្នុងកញ្ចប់នឹងបាន discount 20% ឬ30% … ខេត្ដនីមួយៗក៏បានធ្វើ។ នេះជាអ្វីដែលសូមឲ្យក្រសួងទេសចរណ៍ជាសេនាធិការ ហើយជាអ្នកបោះមេទៅលើវិស័យនេះ … ខ្ញុំសូមលើកទឹកចិត្តជំរុញសកម្មភាពការទូតទេសចរណ៍ដែលក្រសួងទេសចរណ៍ និងក្រសួងការបរទេសសហប្រតិបត្តិការ ត្រូវសហការគ្នាជិតស្និទ្ធក្នុងការងារនេះ។
[ចប់សេចក្ដីអធិប្បាយ៦]
ខ្ញុំលើកទឹកចិត្តក្នុងការជំរុញសកម្មភាព ការទូតទេសចរណ៍ ដែលក្រសួងទេសចរណ៍ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវសហការគ្នាជិតស្និទ្ធពាក់ព័ន្ធការងារនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ដូចជា ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេស សូមជួយផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា ពីគោលដៅទេសចរណ៍កម្ពុជា ពីបញ្ហាសុខសុវត្ថិភាពទៅដល់ប្រជាពលរដ្ឋខ្លួន។ កម្ពុជាមិនមែនជាគោលដៅចាប់ជំរិត ឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ ឬ កន្លែងជួញដូរមនុស្សទេដូចការផ្សព្វផ្សាយតាមព័ត៌មានមួយចំនួននោះទេ។ រាជរដ្ឋាភិបាលកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ បុរេសកម្ម និងចាត់វិធានការម៉ឺងម៉ាត់ មិនឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់សកម្មភាពខ្មៅងងឹតទាំងនោះទេ។
[ផ្តើមសេចក្ដីអធិប្បាយ៧]
(១៨) ទោះមានការផ្សព្វផ្សាយបង្កើតការយល់ច្រឡំ ក៏មកដល់ពេលនេះ ចំនួនទេសចរមានការកើនឡើង
ថាយើងអត់មានបញ្ហា។ (មិនដូច្នោះទេ) យើងមានបញ្ហា ប៉ុន្ដែយើងចាត់វិធានការជាបន្ដបន្ទាប់។ បើយើងផ្ដោតមើលតែរឿងអវិជ្ជមាន អ្វីៗវាខ្មៅអស់ហើយ។ យើងមានចំណុចវិជ្ជមានច្រើន។ ត្រូវផ្សព្វផ្សាយឲ្យច្រើន។ ខ្ញុំជឿថា ទោះបីជាមានការផ្សព្វផ្សាយបង្កើតការយល់ច្រឡំមួយចំនួនក៏ដោយ ប៉ុន្ដែមកដល់ពេលនេះ ទេសចររបស់យើងជាពិសេសពីអឺរ៉ុប អូស្ដ្រាលី (មានចំនួនច្រើន)។ កាលពីឆ្នាំ២០២៤ អូស្ដ្រាលីបានចាត់ទុកកម្ពុជា ជាគោលដៅនៃទេសចរខ្ពស់ជាងគេលេខមួយ។ ខ្ញុំគិតថាសារដែលបង្ហាញពីសុវត្ថិភាព សុខសន្ដិភាព ស្ថិរភាពនៅកម្ពុជា បានទៅដល់(ទេសចរ)។ ត្រូវបន្ដធ្វើតទៅទៀត។ ជាពិសេសតាមរយៈអ្នកមកផ្ទាល់តែម្ដង ដោយគាត់ទៅវិញប្រាប់គ្នា។ នេះជាអ្វីដែលយើងត្រូវបន្ដតទៅទៀត។ អញ្ចឹង អ្នកការទូតរបស់យើង នៅតាមឯកអគ្គរាជទូត កុងស៊ុលនានា សូមផ្សព្វផ្សាយពី(ទេសចរណ៍)នេះ។
[ចប់សេចក្ដីអធិប្បាយ៧]
ទី៧. សូមរៀបចំឱ្យមានយន្តការស្ថាប័នអន្តរការី ដើម្បីជំរុញការផលិតផលិតផលអនុស្សាវរីយ៍ខ្មែរ និងការតភ្ជាប់ខ្សែច្រវាក់នៃការផលិតនោះ ជាមួយទីផ្សារ និងភ្ញៀវទេសចរ ដើម្បីធ្វើឱ្យនៅលើទីផ្សារ ជាពិសេស នៅតាមបណ្ដាហាងលក់វត្ថុអនុស្សាវរីយ៍ និងផ្សាររាត្រី មានផលិតផលខ្មែរ សម្បូរបែប គុណភាពទទួលយកបាន និងតម្លៃសមរម្យ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវសហការឱ្យបានជិតស្និទ្ធ ក្នុងការសិក្សារៀបចំយន្តការនេះ។
[ផ្ដើមសេចក្ដីអធិប្បាយ៨]
(១៩) ក្រៅពីផលិតកម្មកសិកម្មនិងស្បៀង ទេសចរណ៍ក៏ជំរុញផលិតផលសិប្បកម្មផងដែរ
Green Belt ឬថាជាទ្រនាប់តំបន់ទេសចរណ៍ ដែលយើងថាជំរុញការនាំចេញនៅហ្នឹងកន្លែង។ ទេសចរត្រូវការស្នាក់នៅ ហូបចុក ដែលជាឱកាសជំរុញការតភ្ជាប់មិនត្រឹមតែផលិតផលកសិកម្ម និងស្បៀងអាហារទេ (ប៉ុន្ដែ)ក៏ទាំងផលិតផលសិប្បកម្មផ្សេងៗ … យើងមានបញ្ហាប្រឈមក្នុងការនាំចូលផលិតផលអនុស្សាវរីយ៍ផ្សេងៗ … យើងមិនអាចបិទ១០០% ទេ ប៉ុន្ដែព្យាយាមដើម្បីបង្កើនផលិតផលក្នុងសហគមន៍ ឱ្យបានចូលទៅដាក់លក់នៅតាមផ្សារនានាឱ្យបានច្រើន។ យន្ដការនេះត្រូវដាក់ជាទិសដៅ ហើយធ្វើការជាមួយសហគមន៍។ សហគមន៍របស់យើងមានសក្តានុពលច្រើន។ សូមធ្វើការជាមួយសហគមន៍ … ដូចគ្នា តួអង្គនានាចូលរួមពីវិស័យទេសចរណ៍របស់យើងផងដែរ។
ពេលដែលយើងរៀបចំកញ្ចប់ទេសចរ ជួនកាលពេលភ្ញៀវមក ទន្ទឹមនឹងស្វាគមន៍ដោយជូនជាក្រមាគាត់មួយ ជួនកាលផ្គុំចូលក្នុងតម្លៃនៃសំបុត្ររួចទៅហើយ។ យើងយកក្រមានេះមកពីណា។ យើងទិញមកពីសហគមន៍។ ក្នុងមួយឆ្នាំៗ ទេសចរទៅសៀមរាប ១លាននាក់ ឬ៦០ម៉ឺននាក់ យើងប្រាកដជាលក់ក្រមាបាន ៦០ម៉ឺនក្រមាដែរ គឺភ្ជាប់(ជាមួយសំបុត្រ)តែម្ដង បង្កើតទីផ្សារឱ្យតែម្ដង។ ភ្ញៀវមកប្រជុំនៅសៀមរាប យើងកុងត្រាទិញ។ ក្រសួងស្ថាប័ននីមួយៗពិនិត្យមើល។ យើងអាចពិនិត្យមើល ក្នុងហ្នឹង ក្រសួងទេសចរណ៍ក៏អាចបោះមេជាមួយសហគមន៍ ផលិតផលបន្តិចបន្តួច បានន័យថាយើងបង្កើតទីផ្សារជូនពួកគាត់។ ទេសចរមក មិនមែនម្នាក់ទិញតែមួយទេ។ ជួនកាលឃើញល្អ គាត់ទិញពីផ្សារថែមទៀត។ ប៉ុន្តែហោចណាស់យើងអាចបង្កើតទីផ្សារ។
យើងមានការប្រជុំ មាន(កម្មវិធីនានា) ហើយយើងទិញវត្ថុអនុស្សាវរីយ៍ គឺសុទ្ធតែបង្កើតទីផ្សារ។ ខ្ញុំសូមលើកទឹកចិត្តឱ្យទៅទិញពីសហគមន៍ផ្ទាល់តែម្ដង … ភ្ញៀវដែលមកស្នាក់នៅ ប្រាកដណាស់គាត់ទៅផ្សារ គាត់ទិញ ប៉ុន្តែវត្ថុអនុស្សាវរីយ៍ដែលយើងរៀបចំពេលប្រជុំ ជួនកាលអាចរៀបចំរបស់ទាំងហ្នឹងតែម្ដង។ នេះជាការបង្កើតតម្រូវការដោយរដ្ឋាភិបាលជាអ្នករៀបចំ។ ក្រុមការងារវិស័យឯកជន ក៏បានរៀបចំយន្តការថ្ងៃមុនជាមួយនឹងខាង Artisans Angkor ជាមួយនឹងសិប្បកម្មមួយចំនួន …។
[ចប់សេចក្ដីអធិប្បាយ៨]
ទី៨. ខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗយុវជនអ្នកផលិតមាតិកាបណ្ដាញសង្គម(Content Creators) បណ្តាញសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលបានខិតខំក្នុងការជួយផ្សព្វផ្សាយពិសេស របស់រាជរដ្ឋាភិបាល និងគោលដៅទេសចរណ៍ផ្សេងៗ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិត្តិនាម និងមុខមាត់កម្ពុជា ជាពិសេស ការរៀបចំព្រឹត្តិការណ៍ធំៗ អង្គរសង្ក្រាន្តកន្លងទៅ និងព្រឹត្តិការណ៍សាទរកម្ពុជា នាពេលកន្លងមក ដែលរួមគ្នាជាធ្លុងមួយ។
[ផ្ដើមសេចក្ដីអធិប្បាយ៩]
(២០) ថ្នាក់ជាតិខិតខំរៀបចំព្រឹត្តការណ៍អង្គរសង្គ្រាននៅសៀមរាប និងព្រឹត្តិការណ៍សាទរកម្ពុជានៅចុងឆ្នាំ
ឆ្នាំនេះ យើងនឹងរៀបចំនូវព្រឹត្តិការណ៍អង្គរសង្រ្កាន្តម្ដងទៀតនៅខេត្តសៀមរាប។ សង្ឃឹមថាវិស័យទេសចរណ៍នឹងដាក់(ព័ត៌មាននេះ)ចូលក្នុងកញ្ចប់ការផ្សព្វផ្សាយសម្រាប់ខែចូលឆ្នាំនេះ។ ព្រឹត្តិការណ៍សាទរកម្ពុជា ក៏ដូចជាអាចរៀបចំទៀត ក្នុងចុងឆ្នាំ។ យើងនឹងបន្តខិតខំរៀបចំនៅថ្នាក់ជាតិថែមទៀត។ ខាងវិស័យទេសចរណ៍តែងតែចង់បានព័ត៌មាននេះឱ្យបានលឿន ដើម្បីដាក់ចូលក្នុងកញ្ចប់ការផ្សព្វផ្សាយ។ សូមក្រសួងទេសចរណ៍រៀបចំចូល schedule ប្រចាំឆ្នាំឱ្យបានលឿន។ សូមឱ្យបងប្អូនជា Influencer យុវជន តារាសម្ដែង ដែលមានអ្នកតាមដានច្រើនៗ បន្តជួយផ្សព្វផ្សាយបន្ថែមពីសមិទ្ធផលទាំងអស់នេះ ដើម្បីលើកស្ទួយពីកម្ពុជា។ បញ្ហាមិនដែលអត់ទេ។ គ្មានអ្នកណាអត់មានបញ្ហាទេ តែកុំផ្ដោតទៅលើបញ្ហាច្រើនពេក។ មានការ likes និង Share ច្រើន មានចំណុចវិជ្ជមានខ្លះក៏ដោយ តែផ្គុំគ្នាច្រើនក៏ច្រើនដែរ។ អញ្ចឹងរុញដើម្បីជួយផ្សព្វផ្សាយ។ ខ្ញុំសូមអរគុណបងប្អូន ដែលពេលខ្លះរៀបចំឃ្លីប Tik Tok ស្លៀកពាក់ខោអាវក្បាច់គុនផ្សេងៗ សម្ដែងបង្ហាញវប្បធម៌របស់យើង។ ការរត់នៅអង្គរ។ អ្នកណាថ្ងៃមុនប្រាប់ថា យើងមាន Temple Run។ គេសរសេរមកពីក្រៅ(ប្រទេស)ថា រញ្ជួយអង្គរអស់ហើយ។ ខ្ញុំថាមនុស្សប៉ុន្មានគីឡូក្រាមដែលរត់ទៅរញ្ជួយអង្គរ? ឯងស្ងាត់ភ្ញៀវ ផ្សាយធ្វើបាបតែកម្ពុជាគ្មានអ្នកណាមក ដល់គេមករត់អង្គរ សប្បាយ ថារឿងផ្សេងមួយទៀត។ ផ្សព្វផ្សាយឱ្យល្អ។ យើងមិនត្រូវធ្វើអីលើសទេ។
(២១) អង្គរវត្តកសាងដោយបុព្វបុរសកម្ពុជា ជាសម្បត្តិបេតិកភណ្ឌមនុស្សលោក
ត្រូវគោរពគោលការណ៍អភិរក្ស។ កុំស្លៀកពាក់មិនសមរម្យនៅកន្លែងនោះ។ កុំធ្វើសកម្មភាពលើស។ ក្រៅពីនេះយើងបន្ធូរច្រើន។ ថ្ងៃមុន យើងដាក់លក្ខខណ្ឌមិនឱ្យស្លៀកពាក់ខោអាវវប្បធម៌បរទេសមកថតទេ។ ថ្ងៃមុនឃើញមានថតពេញហ្នឹង។ ឱ្យថតទៅ។ background កម្ពុជា។ ប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌមនុស្សលោក ធ្វើដោយបុព្វបុរសកម្ពុជា។ ត្រូវទេ។ លោកជំទាវ សកុណា ត្បិតតែធ្វើដោយបុព្វបុរសដូនតារបស់យើង ប៉ុន្តែជាបេតិកភណ្ឌរបស់មនុស្សជាតិ ដូចនេះមនុស្សជាតិមានសិទ្ធិអបអរសាទរនិងស្រលាញ់។ នេះគឺជាគោលការណ៍។ យើងត្រូវឱ្យគេស្រលាញ់វប្បធម៌យើងឱ្យបានច្រើន កុំផ្ដាច់មុខស្រឡាញ់តែឯង។ តាមរយៈការទាក់ទាញឲ្យមក តែយើងត្រូវមានព្រំ(ដែនកំណត់)។ អត់មានមកមើលងាយ មកនិយាយរឿងប្រវត្តិសាស្ត្រខុសទេ។ តាំងពីជំនាន់ ឯកឧត្តម សុខ សូកេន មាន Influencer មួយធំពីខាងសាសនា។ មុននឹងមក គាត់ថា អង្គរវត្តមិនមែនកសាងដោយខ្មែរទេ។ តែហ៊ានមកនិយាយនៅអង្គរឆេះឥឡូវ។ ប្រវត្តិសាស្ត្រមកពីណា? គាត់ថាស្រាវជ្រាវឃើញឯកសារមួយ ព្រះបាទតាមីល ជាអ្នកធ្វើ។ ខ្ញុំថាបុព្វបុរសខ្មែរធ្វើសោះ។ ត្រូវដាច់ខាតរឿងហ្នឹង … សូមត្រួតពិនិត្យ។ សូមឱ្យមានការបណ្ដុះបណ្ដាល tour guide ឱ្យច្បាស់។ កុំនាំទេសចរមក ហើយនិយាយប្រវត្តិសាស្ត្រអត់ច្បាស់ប្រាប់គេ។ ខ្ញុំសុំមួយហ្នឹងឲ្យច្បាស់។
(២២) ចង់បានទេសចរច្រើន តែក៏ចង់ផ្សព្វផ្សាយវប្បធម៌ ដូចនេះសូម Tour guide និង/ឬ influencer ផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ
ក្រសួងទេសចរណ៍បន្ធូរបន្ថយរឿងបណ្ណ។ ខ្ញុំទម្លាក់តម្លៃ។ ថ្ងៃមុន ដូចជាបានទម្លាក់ពី ២លាន ទៅ ១លាន កាលពីខួបមួយឆ្នាំ និងបង្កើនពី ២ឆ្នាំទៅ ៣ឆ្នាំ។ កាលមុន សម្ដេចតេជោ បានពន្យារមួយដងបាន ២ឆ្នាំ ខ្ញុំពន្យារឱ្យ ៣ឆ្នាំ។ បងប្អូនគាត់ពន្យារម្ដងបាន ៣ឆ្នាំ ប៉ុន្តែ៣ឆ្នាំមិនមែនបានន័យឱ្យគាត់លែងទទួលខុសត្រូវលើស្ដង់ដាទេ ជាពិសេសគឺប្រវត្តិសាស្ត្ររបស់យើង។ ទៅឧទ្ទេសនាមប្រវត្តិសាស្ត្ររបស់យើងច្រឡំរឿងអីផ្សេង។ នៅលើសិលាចារិករបស់យើង(មានចែងច្បាស់) … សូមត្រួតពិនិត្យកន្លែងហ្នឹង។ យើងរួមគ្នាដើម្បីផ្សព្វផ្សាយ។ យើងដឹងបងប្អូនពឹងផ្អែកទៅលើជីវភាព យើងចង់ឱ្យមានទេសចរច្រើន តែយើងក៏ចង់ផ្សព្វផ្សាយវប្បធម៌ ព្រោះគាត់មកមើលជាជាងគាត់អានសៀវភៅប្រវត្តិសាស្ត្រ។ ទេសចរជាច្រើនអត់ដឹងពីប្រវត្តិសាស្ត្រទេ។ គ្មានពេលអានទេ តែមើលដឹងរឿង អញ្ចឹងគឺយល់។ អំពាវនាវឱ្យបងប្អូនខាង tour guide យកចិត្តទុកដាក់ ផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ។ ក្រសួងទេសចរធ្វើការបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់ យើងមានការដាក់លក្ខខណ្ឌឱ្យបានស្រួលបួល។
នេះគឺជាកិច្ចការដែលចាំបាច់ នៅក្នុងការផ្សព្វផ្សាយ ឱ្យបានត្រឹមត្រូវ ជាពិសេសអ្នកដែលឡើងនិយាយផ្សព្វផ្សាយអនឡាញ សូមឱ្យក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ ក្រសួងពាក់ព័ន្ធ ជាពិសេសអំពីប្រវត្តិសាស្ត្រ រឿងសិលាចារិក ត្រូវតែមើល។ បើសិនជាគាត់ថតកុនខុស ត្រូវកែ មើល script ហ្នឹងឱ្យច្បាស់។ រឿងនេះអត់អាចលេងសើចបានទេ … កម្ពុជាត្រូវតែច្បាស់ពីការការពារ/អភិរក្ស(កេរដំណែល)ប្រវត្តិសាស្ត្រពីដូចតារបស់យើង។ បើមួយជំនាន់ៗ ចេះតែក្លាយទៅៗ តើថ្ងៃក្រោយក្លាយទៅជាអី បើគ្រាន់តែបកស្រាយសិលាចារិកអត់ត្រូវផង … នេះគឺជាកត្តាដែលត្រូវការផ្សព្វផ្សាយនិងថែទាំ។
[ចប់សេចក្ដីអធិប្បាយ៩]
ទី១១. ខ្ញុំសូមឱ្យមានការគិតគូរជាកញ្ចប់សម្រាប់ការត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី ១ នាអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីកុំឱ្យមានបញ្ហាកើតឡើង ដូចដែល បានកើតមាន នាពេលបើកដំណើការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្នាំ២០២៣។ ក្នុងន័យនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន ត្រូវពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ជាពិសេស គួរចាប់ផ្តើមរៀបចំការចរចាតម្លៃឱ្យបានឆាប់ៗដើម្បីបានដាក់ចូលក្នុងកញ្ចប់ទេសចរ។
[ផ្ដើមសេចក្ដីអធិប្បាយ១០]
(២៣) ព្រលានថ្មីមិនត្រឹមតែជាកន្លែងអ្នកដំណើរឆ្លងកាត់ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់
ថ្ងៃមុន ខ្ញុំបានទាក់ទងទៅភាគីពាក់ព័ន្ធ ជំរុញចរចាឱ្យលឿនអំពីតម្លៃ(ក្នុងកញ្ចប់ត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី ១ នាអំឡុងខែកក្កដា ឆ្នាំ២០២៥ )ហ្នឹង ដើម្បីខាងទេសចរអាចដាក់ចូលក្នុងកញ្ចប់ទេសចរផ្សព្វផ្សាយលក់ជា package។ មានការសន្យាថានឹងជំរុញនៅចុងខែ២ យ៉ាងយូរខែ៣។ តឿនគាត់ឱ្យញឹកបន្តិច កុំឱ្យគាត់ភ្លេច។ បើគាត់យឺត គឺយឺតតគ្នា។ យឺតទៅដល់ការចេញកញ្ចប់ទេសចរ និងយឺតទៅដល់ Tour guide ដែលយកកញ្ចប់ហ្នឹងទៅលក់។ ជួនកាលផុតមួយឆ្នាំ។ ព្រោះយើងលក់ខែ៣ សម្រាប់មកខែ៩។ បើយើងយឺតអាចចប់ ព្រោះទេសចររយៈពេលវែង។ អ្នកខ្លះគេបុក៦ ទៅ៧ ខែមុន។ បើកញ្ចប់ហ្នឹងអត់ចេញ យើងអាចខាត។ សូមធ្វើម៉េចឱ្យបានលឿន។
សង្ឃឹមថាព្រលានថ្មីនេះនឹងមិនត្រឹមតែជាកន្លែងសម្រាប់អ្នកដំណើរឆ្លងកាត់ទេ ប៉ុន្តែក្លាយទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់។ យើងកំពុងតែចរចាជាមួយក្រុមហ៊ុនយក្សមួយចំនួនទាក់ទងនឹងរឿងភស្ដុភារកម្ម មានដូចជា DHL GPS អីផ្សេងៗ។ សង្ឃឹមថាអាចបានផលក្នុងពេលឆាប់ៗ។ យើងឱ្យសម្រួលនីតិវិធីគយដើម្បីរៀបចំកន្លែងហ្នឹង។ សង្ឃឹមថាវានឹងក្លាយទៅជាប្រព័ន្ធប្រទាក់ក្រឡា។ សូមរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៊ីវិល និងគ្រប់ភាគីទាំងអស់ដើម្បីពិនិត្យនិងសម្រួលលើកិច្ចការនេះ ក៏ដូចជាការផ្ទេរពីព្រលានចាស់ទៅព្រលានថ្មី ជាពិសេសរឿងប្រព័ន្ធបញ្ជា។ សូមថាថ្ងៃដែលយើងបើក(ដំណើរការ)ផ្លូវការគឺរលូនតែម្ដង។ អញ្ចឹង ត្រូវមានការបើក(ដំណើរការ)មិនផ្លូវការប៉ុន្មានមុនសាកល្បងមើល កុំឱ្យមានបញ្ហា។ ព្រោះថាបើមានការគាំង មិនមែនតែទេសចរទេដែលប្រើព្រលាន គឺអ្នកធ្វើដំណើរទូទៅ ទាំងអ្នកដែលចេញទៅប្រជុំមកប្រជុំនានា។
ម្ដងនោះ នៅអង់គ្លេស។ Edinburgh ទៅស្កុដលែន។ ព្រឹកឡើងត្រូវហោះមកវិញ។ ប្រព័ន្ធបញ្ជាគាំង។ គេទើប install software ពីយប់។ ដល់អញ្ចឹងប្រព័ន្ធរ៉ាដាគាំង។ គេថា you can fly at your own risk ក្នុងយន្តហោះជាង ១០០ ប្រហែលជាមាន២ ឬ៣ យន្តហោះទេឡើង។ ក្រៅពីហ្នឹងអត់ឡើងទេ ដោយសារsoftware។ អ្នកខ្លះអត់មិនបានត្រូវតែទៅ។ អញ្ចឹងប្រព័ន្ធហ្នឹងសុំឱ្យធ្វើម៉េចដើរ ព្រោះឡានបែកកង់ ឡានវង្វេងផ្លូវធ្លាក់ជង្ហុក អត់បញ្ហាទេ។ យន្តហោះវង្វេងផ្លូវយ៉ាប់។ យើងអត់មានផ្លូវធំសម្រាប់ចុះទេ។ ថ្ងៃមុន៦០ម៉ែត្រទុកចុះ តែឥឡូវគេដាក់គំនូសទៀត។ មិនដឹងចុះយ៉ាងម៉េចផង។ និយាយលេងសើចទេ … ធ្វើម៉េចប្រព័ន្ធសុវត្ថិភាពនៅទីនោះ(ដំណើរការដោយប្រសិទ្ធភាព)ឱ្យបាន។ ដូចមានការចរចាហើយ ជាមួយ CATS ជាមួយអី។
[ចប់សេចក្ដីអធិប្បាយ១០]
ទី១២. ចំពោះក្រសួងទេសចរណ៍ រៀបចំកញ្ចប់ចរចាជាមួយប្រទេសគោលដៅ ដែលមាន “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា”។ អាស៊ានក៏បានកំណត់យកឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា” ផងដែរ។ យើងរៀបចំជាមួយប្រទេសគោលដៅមួយចំនួន (Two Countries, One Destination)”។
ទី១៣. ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាផែនការធ្វើពិពិធកម្មអភិវឌ្ឍផលិតផលទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញ ឱ្យកាន់តែសម្បូរបែប និងបង្កើនភាពទាក់ទាញ ភ្ញៀវកាន់តែយូរ កាន់តែល្អ។
ទី១៤. សូមក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្សារភ្ជាប់គ្នាឱ្យជិតស្និទ្ធ ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍, ជាពិសេស ជាមួយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ពាក់ព័ន្ធទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌ, ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ពាក់ព័ន្ធកសិ-ទេសចរណ៍ និងទេសចរណ៍កសិកម្ម, ជាមួយក្រសួងបរិស្ថាន ពាក់ព័ន្ធអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍ ផ្សងព្រេង (និង ការពង្រឹងភាពស្អាត បៃតង និង អនាម័យ), ជាមួយក្រសួងធម្មការនិងសាសនា ពាក់ព័ន្ធទេសចរណ៍សាសនា ជាដើម ដោយថ្នាក់ដឹកនាំក្រសួងខាងលើ អាចចាត់តាំងក្រុមការងារចំពោះកិច្ចធ្វើការជាមួយគ្នា ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងតម្កល់ប្រយោជន៍ជាតិជាធំ ។
[ផ្តើមសេចក្តីអធិប្បាយ១១]
(២៤) ត្រូវការយន្តការរួមរវាងរដ្ឋនិងវិស័យឯកជន ដើម្បីសម្រេចនិងតាមដានការអនុវត្តជាមួយគ្នា
កិច្ចការនេះ ត្រូវធ្វើការងារជាកម្លាំងសរុប។ តាំងពីដើមអាណត្តិមក ខ្ញុំបានជំរុញថាត្រូវមានយន្តការរួម រវាងរដ្ឋនិងវិស័យឯកជន ហើយធ្វើការសម្រេចចិត្ត និងតាមដានការអនុវត្តជាមួយគ្នា។ យើងបានរៀបចំ tourism board ឬ CTB (Cambodia Tourism Marketing and Promotion Board) ដែលឯកឧត្តម សុខ សូកេន បានជំរុញ។ ឥឡូវឯកឧត្តម ហួត ហាក់ ជាតួអង្គមួយបន្ថែមទៀត។ មិនមែនជាតួអង្គតែមួយទេ ដែលត្រូវសហការជាមួយវិស័យឯកជន ជាតួអង្គសម្របសម្រួល ព្រោះក្នុងហ្នឹងមានរដ្ឋ និងឯកជន ហើយធ្វើរូបមន្តយ៉ាងណាឲ្យទៅជាតួអង្គឯករាជ្យមួយ។ ប្រទាក់ក្រឡាគ្នាជាមួយក្រសួង ជាមួយវិស័យទេសចរណ៍ឯកជន ហើយជាតួអង្គដែលត្រូវធ្វើការសម្របសម្រួលជាមួយនឹងតួអង្គបរទេសជាដៃគូ ដូចនៅថៃគេមាន TAT ឬ Tourisms Authority of Thailand និងប្រទេសជាច្រើនមានស្រដៀងៗគ្នាហ្នឹងឯង ដែលត្រូវធ្វើការជាមួយគ្នា។
មុននឹងយើងទៅធ្វើសកម្មភាពផ្សេងៗ យើងត្រូវរៀបចំផ្ទះយើងឲ្យត្រូវគ្នាសិន ចែកភារកិច្ចបងប្អូនយើងឲ្យច្បាស់សិន។ យើងបានបន្តធ្វើរឿងនេះ។ ស្អែកជាថ្ងៃដែលត្រូវធ្វើ។ សង្ឃឹមថាដល់ដំណាក់កាលជិតចុងក្រោយក្នុងការបែងចែកភារកិច្ចឲ្យច្បាស់រវាង CTB ជាមួយនឹងនាយកដ្ឋានសិក្សាទីផ្សារផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជា ធ្វើយ៉ាងណាកុំឲ្យតួអង្គនេះទៅជាតួអង្គប្រកួតប្រជែង ប៉ុន្តែទៅជាតួអង្គដែលបង្កើតសហថាមពលជាមួយគ្នា រួមគ្នា ដើម្បីជំរុញវិស័យទេសចរណ៍។ វិស័យទេសចរណ៍ក៏ដូចគ្នា ត្រូវរួមគ្នា ត្រូវគិតថា ទេសចរណ៍កម្ពុជាទាល់តែយើងរួមគ្នា។ យើងមិនមែនប្រកួតគ្នាយើងទេ។ ត្រូវប្រកួតជាមួយប្រទេសផ្សេងៗ ដើម្បីភាពទាក់ទាញដូចគ្នា ធ្វើឲ្យទេសចរណ៍មកកម្ពុជា។ កុំថាទាល់តែមកតាម CTB ឬមួយមកតាមនោះ ទើបបានក្រេឌីត។ ចែកគ្នាធ្វើ បែងចែកឲ្យច្បាស់ រួមគ្នាធ្វើធនធានមនុស្ស ភារកិច្ចដែលត្រូវធ្វើ បូកជាមួយវិស័យទេសចរណ៍ វិស័យឯកជនដូចគ្នា ដើម្បីរៀបចំយន្តការនេះជាសហថាមពល តួអង្គតែមួយ ចិត្តតែមួយ ធ្វើម៉េចពេលដែលចូលគ្នាហើយ សុំឲ្យមានការដាក់ចិត្តរួមគ្នា ស្មោះត្រង់ជាមួយគ្នា។ រឿងនេះធំ។
(២៥) តូច ប្រឈម លទ្ធភាពនិងសមត្ថភាពមានកម្រិត ត្រូវការតួអង្គវិស័យទេសចរណ៍ធ្វើការឱ្យបានស៊ីសង្វាក់គ្នា
កុំឲ្យនៅជាមួយគ្នា ពេលលំបាកជួយគ្នា ដល់ពេលស្រួលរៀងៗខ្លួន។ បើមិនអញ្ចឹង លែងមានការទុកចិត្ត ហើយបើយើងមិនមានការសហការគ្នាទេ យើងប្រហែលជាមិនអាចជោគជ័យទៅរួចទេ។ យើងតូច មានបញ្ហាប្រឈម យើងមានសក្តានុពល ប៉ុន្តែលទ្ធភាព សមត្ថភាពយើងនៅមានកម្រិត។ ត្រូវជួយគ្នា ប៉ះប៉ូវគ្នា ទាំងធនធានថវិកា ធនធានមនុស្ស បច្ចេកទេសផ្សេងៗ។ ខ្ញុំគិតថា សក្តានុពលយើងធំ ហើយប្រព័ន្ធតួអង្គតែមួយដែលយើងខិតខំធ្វើឱ្យទៅជាកម្លាំងជាតិតែមួយជាគន្លឹះនៃភាពជោគជ័យ។ បើតួអង្គនៃវិស័យទេសចរណ៍យើងមិនស៊ីសង្វាក់ជាមួយគ្នា មិនធ្វើការជាមួយគ្នា ទាំងវិស័យឯកជនទាំងរដ្ឋទាំងស្ថាប័ន យើងនឹងមានបញ្ហា។ ខ្ញុំសូមអំពាវនាវឱ្យដាក់ចិត្តរួមគ្នា ទុកចិត្តគ្នា គិតផលប្រយោជន៍កម្ពុជាជាប្រទេសតែមួយ ជាគោលដៅទេសចរណ៍តែមួយ ដែលត្រូវទាក់ទាញប្រកួតប្រជែងជាមួយប្រទេសផ្សេង។
អញ្ចឹងមកតាមច្រកណាក៏អត់សំខាន់ ឲ្យតែមកដល់ក្នុងប្រទេស។ Tour Guide ទៅទាញក៏ដោយ យើងជា hotel ត្រូវគាំទ្រគាត់ ព្រោះបើគាត់ទាញមក ទេសចរប្រាកដជាមកហូបនៅក្នុងប្រព័ន្ធ restaurant របស់យើង។ ត្រូវផ្តល់ការចូលរួមតាម discount និង/ឬបញ្ចូលក្នុងកញ្ចប់ទៅ។ tour guide មិនចាំបាច់ថាទាល់តែតាម group ទេ … មកកាន់តែច្រើន យើងមានឱកាសកាន់តែច្រើន។ បើ CTB យើងរួមគ្នានឹងនាយកដ្ឋានរបស់ក្រសួងទេសចរណ៍ កុំឲ្យមានបញ្ហាសតិអារម្មណ៍ កុំឲ្យមានបញ្ហា យី! បង្កើតមកចង់ប្រកួតជាមួយគ្នា។ អត់ទេ។ ធ្វើដើម្បីរួមគ្នាធ្វើទេ។ បែងចែកឲ្យច្បាស់។ ការងារច្រើនណាស់។ ត្រីពេញបឹងទន្លេសាប ទៅដណ្តើមគ្នាតែកន្លែងហ្នឹង មួយដុំ។ ត្រូវចែកគ្នា។
ថ្ងៃមុនខ្ញុំបានជួបប្រមាណជា ៣ ទៅ ៤ម៉ោង ជាមួយអគ្គនាយកដែលទទួលបន្ទុកនាយកដ្ឋាននិងរដ្ឋមន្ត្រី ជាមួយប្រធាន CTB ដើម្បីយើងនិយាយគ្នា និងបែងចែកឲ្យច្បាស់ការរៀបចំក្រុមប្រឹក្សាភិបាល។ ឥឡូវក្រុមប្រឹក្សាភិបាលបានផ្ទេរហើយ ពីឯកឧត្តម សុខ សូកេន ទៅឯកឧត្តម ហួត ហាក់។ ប្រជុំដាក់ផែនការកំណត់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់ CTB រៀបចំតួនាទីភារកិច្ចជាមួយនឹងនាយកដ្ឋានផ្សព្វផ្សាយទីផ្សារខាងក្រៅ។ ចែកគ្នាទៅ។ ទាំងក្រៅទាំងក្នុងប្រទេស ដើម្បីរួមគ្នាធ្វើ ប្រទាក់ក្រឡាជាមួយគ្នា។ ធ្វើយ៉ាងណាកុំឲ្យជាន់គ្នា កុំឲ្យដណ្តើមគ្នា កុំឲ្យពិបាក។ ខាតទាំងធនធាន ខាតទាំងពេលវេលា ហើយសំខាន់ខាតកិច្ចសហប្រតិបត្តិការ …។
(២៦) សង្ឃឹមយន្តការរួមសម្រាប់វិស័យទេសចរណ៍ ចេញសកម្មភាពកញ្ចប់ទាក់ម៉ូយពិសេស នៅខែមីនា
នេះជាគន្លឹះ។ ចង់និយាយពិរោះដាក់ផែនការម៉េចក៏ដោយក៏ បើគ្មានអ្នកណាធ្វើ គ្មានយន្តការដែលមានប្រសិទ្ធភាពធ្វើ អត់ដើរទេ។ ប្រកាសក្នុងអង្គប្រជុំម៉េចក៏ដោយ តែទៅអត់មានអ្នកណាធ្វើ ព្រោះម្នាក់ចាំម្នាក់ អត់ដឹងអ្នកណាទទួលភារកិច្ចអ្នកណា។ ខ្ញុំសូមឲ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CTB ពាក់មួកពីរ ប៉ុន្តែធ្វើការតែមួយ។ សូមឲ្យយោគយល់គ្នា សហការគ្នា ត្រូវកុំឲ្យមានការរើសអើង។ បើរដ្ឋនិងរដ្ឋ តែ ២តួអង្គហ្នឹងអត់ត្រូវគ្នា អត់សហការគ្នា អត់បែងចែកភារកិច្ចហ្នឹងដាច់ នោះវិស័យឯកជននឹងវង្វេង។ គាត់អត់ដឹងស្ដាប់អ្នកណា។ អញ្ចឹងយើងចាប់ផ្តើមពីការបែងចែក(ភារកិច្ច) រៀបចំឲ្យច្បាស់លាស់ ចែកគ្នាធ្វើ រួមគ្នាធ្វើ។ យើងគ្នាតិច បូកទាំងនាយកដ្ឋាន បូក CTB អត់ច្រើនទេ។ ប្រទេសខ្លះ មានរាប់រយនាក់។
យើងមានតូចប៉ុណ្ណឹង ឲ្យតែសហការគ្នាទៅ។ យើងយល់។ រដ្ឋាភិបាលនៅក្រោយគាំទ្រ និងជំរុញ ព្រោះបើអ្នកប្រតិបត្តិមិនទាន់ច្បាស់លាស់ជាមួយគ្នា អត់ដឹងអ្នកណាធ្វើអី ឬមួយក៏ប្រកួតប្រជែងគ្នាក្នុងន័យអវិជ្ជមាន (មិនអាចរកការរីកចម្រើនបានទេ)។ យើងប្រកួតប្រជែងក្នុងភារកិច្ចច្បាស់លាស់ដើម្បីបង្កើនភាពវិជ្ជមានជាការល្អ។ ត្រូវឲ្យយល់គ្នាពីដើមទី។ សង្ឃឹមថាស្អែកនេះនឹងបានបញ្ជាក់ច្បាស់ថា អ្នកណាធ្វើអីៗតែម្តង ព្រោះយូរហើយ យឺតហើយ។ ត្រូវធ្វើម៉េច ចាប់ផ្តើមពីខែ៣ នេះ ចេញសកម្មភាពឲ្យបាន ធ្វើ positive engagement ទាក់ម៉ូយផ្ទាល់ជាមួយនឹងកញ្ចប់ពិសេស។ ខាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានរៀបចំហើយ។ ខ្ញុំឲ្យគិតគូរថា តើយើងមាន incentive អីខ្លះ ជា rebate ជាអីយ៉ាងម៉េច ដើម្បីឲ្យតួអង្គនេះស្ពាយទៅប្រាប់គេថា “បើមកកម្ពុជា អ្នកឯងយកភ្ញៀវមកបាន ៣០០ នាក់ ខ្ញុំជូនអ្នកឯងប៉ុណ្ណេះ។ បើសិនអ្នកឯងនាំភ្ញៀវមកបានលើសពី ៥នាក់ ខ្ញុំជូនភ្ញៀវអ្នកឯងម្នាក់។ ឲ្យអីខ្លះទៀត ទាល់តែមានអាហ្នឹង។ អ្នកណាអ្នកធ្វើ។
សង្ឃឹមថាស្អែកនេះ ហើយចុងខែ ២នេះ ដើមខែ៣ យើងលែងប្រជុំដើម្បីប្រជុំទៀត តែប្រជុំដើម្បីដាក់ការងារធ្វើតែម្តង។ បងប្អូនបានចូលរួមច្រើនណាស់។ ខ្ញុំឃើញ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការ គ្រប់ជំនាញរបស់ក្រសួង ខាង CTB វិស័យឯកជនចូលរួម។ សូមកុំស្មុគថាប្រជុំទៅនៅតែដដែល។ អត់ទេ។ មានដោះស្រាយបានជាបន្តបន្ទាប់ គ្រាន់តែបញ្ហាវាដូចធូលីហុយ។ វាមិនអាចពេលដីធ្លាក់ដល់ដីទាំងអស់ព្រមពេលជាមួយគ្នាទេ។ វាត្រូវការពេលបន្តិច។ អញ្ចឹងយើងត្រូវបន្តតទៅទៀត។ អញ្ចឹងនៅក្នុងពេលនេះ ការរៀបចំតួអង្គតែមួយជាកិច្ចការសំខាន់។ សូមសង្កត់ធ្ងន់ជាថ្មីម្តងទៀត ត្រូវធ្វើម៉េចឲ្យទៅជាកម្លាំងសរុប ចិត្តមួយ ឆន្ទៈមួយ មានការស្មោះត្រង់ធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍ទេសចរណ៍កម្ពុជា។ ខ្ញុំសុំតែប៉ុណ្ណឹងទេ … រៀបចំយន្តការជាការលំបាក ប៉ុន្តែឲ្យដើរមានចីរភាព ជាការលំបាកណាស់។ ទាមទារនូវការទុកចិត្ត ការលះបង់។
(២៧) រដ្ឋជួយទាំងពេលលំបាក ទាំងពេលងាយស្រួល គឺជាគន្លឹះជោគជ័យ
សូមកុំឲ្យពាក្យមួយគេថា ពេលខាត រដ្ឋចេញ ពេលចំណេញ ឯកជនទុក។ កុំថាទាល់តែពេលលំបាកទើបចូលសមាគម ដើម្បីសមាគមជួយ។ ពេលស្រួល មិនចូល។ រកស៊ីចំណេញខ្លួនឯង … រដ្ឋដូចគ្នា ជួយទាំងពេលលំបាក ជួយទាំងពេលងាយស្រួល ហើយនេះជាគន្លឹះនៃជោគជ័យ។ ខ្ញុំនឹងតាមមើលរហូត។ ខ្ញុំអត់តាមមើលច្រើនទេ ខ្ញុំមើលតែ CTB ហ្នឹងមួយ ហើយសកម្មភាពប៉ុន្មានហ្នឹងមួយទេ … យើងនឹងតាមជួយសម្រួល ព្រោះការងារខ្លះត្រូវការវះកាត់។ ការងារខ្លះក្រសួងស្ថាប័នប្រជុំ ពិបាកក្នុងការវះកាត់។ គ្រាន់តែរឿង e-VISA និង e-Arrival នេះ ខ្ញុំដឹកប្រជុំ ៣ដង បានទៅរួច។ ខ្ញុំមិនលម្អិតទេ រវាងក្រសួងមហាផ្ទៃ ក្រសួងហិរញ្ញវត្ថុ ក្រសួងការបរទេស ព្រោះទាក់ទងនឹងការខាតលុយ។ រដ្ឋត្រូវខាតម្នាក់ ៤ដុល្លារ បន្ថយពី៣៦ មក៣០។ អញ្ចឹង បើទេសចរមក ៥លាននាក់រដ្ឋត្រូវខាត ២០លាន។ អញ្ចឹងទាល់តែខ្ញុំវះកាត់ …។
មួយទៀត ការបែងចែក។ ឧ. ត្រូវការជួយឲ្យលឿន។ កុំខ្លាចវិស័យទេសចរណ៍ CTB ក៏ដោយអីក៏ដោយ វិស័យឯកជនក៏ដោយ កុំខ្លាចរំខានខ្ញុំ ព្រោះដល់ខែបៃតងហើយ។ អត់សូវមានទេសចររំខានជាង។ ត្រូវវះកាត់មុនអាខែបៃតង។ ដោះស្រាយលឿន បានធូរ សប្បាយចិត្ត ព្រោះពេលខ្លះមិនមែនថាអត់ឆន្ទៈទេ ប៉ុន្តែត្រូវការនីតិវីធីនិងឋានានុក្រុម។ ពាក្យថាការិយាធិបតេយ្យ bureaucracy នេះគឺតម្រូវ។ ពេលខ្លះ ការវះកាត់លឿន ត្រូវការការឆ្លើយតបលឿន ត្រូវការទំងន់ ហើយត្រូវការ direct តែម្តង។ វិស័យទេសចរណ៍ត្រូវការលឿន សភាពការណ៍ប្រែប្រួលលឿនណាស់។ នៅសុខៗកូវីដ-១៩ ចេញមកត្រូវបិទភ្លាម។ នៅសុខៗស្ថានភាពផ្ទុះនេះ នៅសុខៗយន្តហោះឈប់ហោះ អញ្ចឹងវាត្រូវការលឿនមែនទែនដើម្បីយើងឆ្លើយតប …។
[ចប់សេចក្តីអធិប្បាយ១១]
ទី១៥. សូមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្របសម្រួលជាមួយនឹងក្រុមហ៊ុនទូរស័ព្ទនានា ដើម្បីបន្ត។
[ផ្តើមសេចក្តីអធិប្បាយ១២]
ខ្ញុំសូមអរគុណនិងសូមវាយតម្លៃខ្ពស់ចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ វិចិត្រសិល្បៈ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ ការដំឡើងបង្គោលអង់តែន បំពាក់ប្រព័ន្ធសេវាទូរស័ព្ទនៅគោលដៅទេសចរណ៍អាទិភាព និងដាច់ស្រយាលប្រមាណ ១០០ គោលដៅនៅទូទាំងប្រទេស។ សូមបន្តតទៅទៀត។ យើងកំពុងគិតគូរដើម្បីរៀបចំដាក់ចេញនូវគោលការណ៍ 5G នាពេលខាងមុខ។ សង្ឃឹមថានឹងបានកាន់តែប្រសើរឡើង។ ប៉ុន្តែសំខាន់ 4G ក៏ដោយ ធ្វើម៉េចពង្រាយឲ្យបានកាន់តែច្រើន ដើម្បីប្រទាក់ក្រឡាតៗទៅទៀត។
[ចប់សេចក្តីអធិប្បាយ១២]
ទី១៦. ខ្ញុំលើកទឹកចិត្តឱ្យមានការរៀបចំកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃសមរម្យ សម្រាប់សិស្ស-និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករ-កម្មការនី និងបុគ្គលិកក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់មានឱកាស និងលទ្ធភាពទៅលេងគោលដៅទេសចរណ៍នានារបស់យើង ដែលកិច្ចការនេះ រួមចំណែកខ្លាំងដល់ការជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេស បំពេញបន្ថែមចរន្តភ្ញៀវក្នុងរដូវកាលបៃតង។ ក្នុងន័យនេះ ខ្ញុំសូមឱ្យក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានសិក្សា និង ផ្នែកឯកជន សហការរៀបចំយន្តការ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះ ។
(២៨) បន្តពិចារណាលើសំណូមពរអនុគ្រោះក្នុងគ្រប់វិស័យ យោងតាមស្ថានភាពមិនទាន់ប្រសើរ
អម្បាញ់មិញឯកឧត្តម ហួត ហាក់ បានស្នើសុំលើកលែង/ការអនុគ្រោះក្នុងដំណាក់កាលបៃតងនេះ។ សូមឲ្យលើកសំណូមពរជាក់ស្តែងមកថា ត្រូវការអ្វីខ្លះជាលាយលក្ខ័អក្សរមក ដើម្បីខ្ញុំរុញឲ្យជំនាញខាងពន្ធដារ ខាងអីគេលើកយោបល់មកវិញ។ យើងនឹងខិតខំដោះស្រាយ។ យើងដោះពីឆ្នាំ២០២៣ និង២០២៤។ យើងពន្យារមករហូត ឥឡូវត្រូវបន្តទៀត។ អត់ទាន់មានការចាំបាច់(ផ្លាស់ប្តូរ)ទេ។ ធ្វើម៉េចរួមគ្នាទាញទេសចរមក។ កន្លងទៅ យើងបានរហូតដល់លុបសេវាមួយចំនួននៅព្រលានយន្តហោះ ធ្វើឲ្យតម្លៃ(សំបុត្រ)យន្តហោះថយចុះ។ អញ្ចឹង ត្រឹមការអនុគ្រោះដល់វិស័យទេសចរណ៍ បងប្អូនអាចធ្វើទៅបាន។ កន្លងទៅមានការអនុគ្រោះ អនុលោមភាពផ្សេងៗជំនាន់កូវីដ-១៩ អីនោះ។ ឥឡូវស្ថានភាពមិនទាន់ល្អ យើងនឹងពិចារណាទៅលើការបន្ថែមបន្តទៀត។ យើងនឹងបន្តគ្រប់វិស័យ។ សូមធ្វើបញ្ជីមក។ ស្អីដែលយើងមានបច្ចុប្បន្នមិនទាន់ផុតដឺឡេទេ។ ស្អីដែលជិតផុតដឺឡេ ស្អីដែលសុំថ្មី … រៀបចំមក ខ្ញុំនឹងទទួលដើម្បីឲ្យជំនាញយើងនឹងខិតខំដោះស្រាយ។
ខ្ញុំក៏សង្កត់ម្តងទៀត ទេសចរក្នុងស្រុកនេះគឺសំខាន់ទាំងអស់។ ទេសចរក្នុងស្រុក ពេលចេញទៅក្រៅក្លាយជាទេសចរក្រៅស្រុករបស់គេ។ អញ្ចឹងមនុស្សតែមួយ។ សក្តានុពលដូចគ្នាទេ។ សៀមរាប ពេលរដូវបៃតងរបស់ឯកឧត្តម ហួត ហាក់ ហ្នឹង ពេលខ្លះគឺបានទេសចរក្នុងស្រុកទៅប៉ះប៉ូវចុងសប្តាហ៍អី។ ឥឡូវខេត្តព្រះសីហនុ ខេត្តកែប ផ្លូវល្បឿនលឿនផងតែមួយម៉ោងកន្លះ ២ម៉ោងកន្លះអី។ បើមិនអញ្ចឹងទៅវិលល្ងាច។ ជួយច្រើន។ គាត់ក៏ដូចយើងដែរ មិនអាចថ្ងៃណាក៏ទៅសមុទ្រ អាទិត្យណាក៏សមុទ្រ។ បើសិនជានៅសមុទ្រក៏ដោយតែមានសកម្មភាពអីប្លែកគាត់ទៅ ឬមួយក៏នៅកន្លែងផ្សេង។ ឥឡូវផ្លូវយើងល្បឿនលឿន highway ផ្លូវជាតិក៏បានច្រើន។ ទៅកំពង់ធំអី ខ្ញុំឃើញគេបង្កើតភូមិអីល្អៗ។ អញ្ចឹងការផ្សព្វផ្សាយនេះបានល្អ អញ្ចឹងសូមធ្វើការយកចិត្តទុកដាក់។
[ចប់សេចក្តីអធិប្បាយ១៣]
ទី១៧. ក្រសួងទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់បុគ្គលិក ដែលបម្រើសេវា។ ក្នុងន័យនេះ, ក្រសួងទេសចរណ៍ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងបុគ្គលិកក្រៅប្រព័ន្ធ ឱ្យបានច្បាស់លាស់ ដើម្បីឱ្យពួកគាត់ចូលមកក្នុងប្រព័ន្ធ និងទទួលអត្ថប្រយោជន៍ដូចជាបុគ្គលិកក្នុងប្រព័ន្ធផ្សេងទៀត(នេះខ្ញុំបានលើកជាពិសេសរឿងស្តង់ដា រឿងប្រវត្តិសាស្រ្តដើម្បីឲ្យគាត់យល់)។
[ផ្តើមសេចក្តីអធិប្បាយ១៤]
(២៩) អ្វីដែលបញ្ឈប់គឺកាតព្វកិច្ចបង់លុយសម្រាប់ការសិក្សានៃសិស្សនៅសាលាជំនាន់ថ្មី ដោយរដ្ឋទទួលរ៉ាប់រង
ខ្ញុំបានលើកចំណុចទាំង ១៧នេះ ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍។ បងប្អូននៅទីនេះ ២ថ្ងៃកន្លះ ប្រហែលជារាងធ្លាក់ភ្នែកបន្តិចហើយ។ ប៉ុន្តែ ខ្ញុំសុំបន្ថែមបន្តិចទៅលើរឿងនេះ តែប្រហែលអ្នកនៅក្នុងនេះក៏មានពាក់ព័ន្ធដែរ។ វាមិនពាក់ព័ន្ធទេសចរណ៍ទេ តែវាពាក់ព័ន្ធជាមួយនឹងរឿងអប់រំ។ ម្សិលមិញ ខ្ញុំបានលើកនៅបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអប់រំពាក់ព័ន្ធទៅនឹងសាលាជំនាន់ថ្មី និងមណ្ឌលសិក្សាទំនើប។ អ្នកមានកូនមានប្អូនរៀននៅសាលាជំនាន់ថ្មី សុទ្ធតែអ្នកជំនាន់ចាស់។ ព្រោះនេះជាការផ្សាយបន្តផ្ទាល់ ខ្ញុំសូមយកវេទិកានេះពន្យល់ប្រជាពលរដ្ឋរាប់លាននាក់។ ម្សិលមិញ ខ្ញុំបានប្រកាសផ្អាក/ឈប់ឲ្យមានការរៀបចំបន្ថែមមជ្ឈមណ្ឌលសិក្សាទំនើប ដែលរៀបចំនៅថ្នាក់បឋមនិងថ្នាក់អនុវិទ្យាល័យ។ បងប្អូនប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ និងព្រួយបារម្ភថាសាលាដែលត្រូវឱ្យផ្អាកហ្នឹងជាសាលាជំនាន់ថ្មី។
ខ្ញុំសុំបញ្ជាក់ថាសាលាជំនាន់ថ្មី និងមជ្ឈមណ្ឌលសិក្សាទំនើបនេះខុសគ្នា។ ចំពោះសាលាជំនាន់ថ្មី យើងកំពុងមានសាលាចំនួន១៣ ដំណើរការ ហើយយើងក៏គ្រោងនឹងដាក់(ឱ្យដំណើរការ)មួយទៀតនៅឆ្នាំ២០២៦។ មិនត្រឹមមិនមានគម្រោងបិទសាលាជំនាន់ថ្មី ប៉ុន្តែយើងនឹងពិនិត្យលទ្ធភាពដើម្បីពង្រីកបន្ថែមទៀត។ សាលាជំនាន់ថ្មីជាសាលាបង្កើនសមត្ថភាព និងលទ្ធភាពជូនប្រជាពលរដ្ឋយើងក្នុងការគ្រប់គ្រង និងដឹកនាំរបស់ក្រសួងអប់រំ។ ខ្ញុំសូមបញ្ជាក់អត់មានការលុប អត់មានការបិទសាលាជំនាន់ថ្មីទេ។ យើងនៅបន្តគាំទ្រ។
សាលាជំនាន់ថ្មីនេះគឺសាលារដ្ឋជាអ្នកគ្រប់គ្រង ទាំងនាយកទាំងគ្រូទាំងកម្មវិធីសិក្សា … អនុវត្តស្តង់ដាបង្រៀនតែមួយសម្រាប់សិស្សទាំងអស់គ្នា។ យើងមិនបញ្ឈប់សាលានេះទេ។ ចំពោះសាលាជំនាន់ថ្មីនេះ អ្វីដែលបញ្ឈប់គឺឪពុកម្តាយដែលពីមុនមានកាតព្វកិច្ចបង់លុយទៅសាលានេះ ឥឡូវយើងបានបញ្ឈប់ការបង់លុយហើយ គឺរដ្ឋរ៉ាប់រង។ ឪពុកម្តាយមានសិទ្ធិស្ម័គ្រចិត្តចូលទៅកន្លែងខ្លះដើម្បីប៉ះប៉ូវថែម ប៉ុន្តែកាតព្វកិច្ចបង់លុយរបស់មាតាបិតាទៅសាលាជំនាន់ថ្មីជាកាតព្វកិច្ចនោះ គឺបានបញ្ឈប់។ ប៉ុន្តែមិនបានបញ្ឈប់(ការរៀននិងបង្រៀននៃ)សាលាជំនាន់ថ្មីទេ។ យើងនៅបន្ត។
(៣០) មជ្ឈមណ្ឌលសិក្សាទំនើប វិនិយោគដោយឯកជន ១៥ឆ្នាំ ក្នុងសាលារដ្ឋ នឹងនាំដល់ រដ្ឋបាត់ម្ចាស់ការនិងបង្កើតគម្លាតរវាងសិស្ស
អំពីមជ្ឈមណ្ឌលសិក្សាទំនើប ហេតុអ្វីបានជាខ្ញុំត្រូវធ្វើការសម្រេចចិត្តបញ្ឈប់? មជ្ឈមណ្ឌលសិក្សាទំនើបនេះស្រដៀងសាលាជំនាន់ថ្មី ប៉ុន្តែជារូបមន្ត BOT របស់ក្រុមហ៊ុនឯកជន ដែលមានការវិនិយោគរយៈពេល ១៥ឆ្នាំនៅក្នុងសាលារដ្ឋ។ បានន័យថាម៉េច? សាលាមួយ ពេលដែលចុះ MOU គឺផ្តល់អគាររបស់រដ្ឋមួយ ឬពីរឲ្យក្រុមហ៊ុនឯកជនដើម្បី ទី១ អនុវត្តគម្រោងការអប់រំដូចសាលាឯកជនដែរ គឺយកកម្មវិធីជាតិបូកជាមួយកម្មវិធីបន្ថែម មានកុំព្យូទ័រអីហ្នឹង ប៉ុន្តែគ្រប់គ្រងដោយឯកជន។ សាលាទាំងមូលគ្រប់គ្រងដោយរដ្ឋ ប៉ុន្តែអគារប៉ុន្មាននៅក្នុងហ្នឹងគ្រប់គ្រងដោយឯកជន។ ទី២ សាលាប្រភេទនេះ បង្រៀនពេញម៉ោង។ បានន័យថាប្រើទីតាំងរដ្ឋ ប្រើប្រាស់អគាររដ្ឋប្រើប្រាស់គ្រូរដ្ឋ ប្រើប្រាស់ម៉ោងរដ្ឋ ដើម្បីបង្រៀនឯកជន។ ទី៣ សាលាមានកម្មវិធី២។ កម្មវិធី១ របស់ថ្នាក់ជាតិ ដែលត្រូវតាមក្រសួងអប់រំ បន្ថែមកម្មវិធីដូចជាកុំព្យូទ័រអីហ្នឹងដូចសាលាឯកជនដែរ។ អ្វីដែលខុសពីសាលាជំនាន់ថ្មីគឺសិស្សបែងចែកជាពីរ។ សិស្សដែលបង់លុយរៀននៅសាលានេះ សិស្សដែលអត់មានបង់លុយអង្គុយនៅមួយផ្នែកផ្សេងនៃសាលា ដែលខ្ញុំហៅថាស្តង់ដា ២នោះ។
ពិតណាស់ ពីមុនសាលាជំនាន់ថ្មីក៏ដោយបង់កាតព្វកិច្ច។ ឪពុកម្តាយខ្លះបង់កាតព្វកិច្ចហើយ ឪពុកម្តាយខ្លះគាត់ក្រីក្រអត់បង់ទេ។ គេអនុគ្រោះ។ ប៉ុន្តែអត់មានស្តង់ដា ២ទេ រៀនជាមួយគ្នា។ កម្មវិធីជាមួយគ្នាក្នុងសាលា លើកលែងតែវិទ្យាល័យស៊ីសុវត្ថិមួយដែលបែងចែក ក្រៅពីហ្នឹងគឺស្តង់ដាតែមួយទាំងបឋម ទាំងអនុវិទ្យាល័យ។ យើងអត់មានស្តង់ដា ២ទេ អត់មានបែងចែកសិស្សជា២ អ្នកបង់លុយរៀនមួយផ្នែក អ្នកអត់បង់លុយរៀនមួយផ្នែកទេ … ខ្ញុំទទួលស្គាល់ថា ការងារនេះមិនមែនធ្វើឡើងដោយចេតនាអាក្រក់របស់ក្រសួង របស់មន្ទីរ ឬរបស់នាយកដ្ឋាន របស់សាលាទេ តែក្នុងគោលដៅរករូបមន្តដើម្បីបង្កើនលទ្ធភាពសាលា ដើម្បីអនុវត្តកម្មវិធីទំនើប។
មជ្ឈមណ្ឌលសិក្សាទំនើបនេះ ក៏ជារូបមន្តដែលក្រសួងចេញដែរ តែជារូបមន្តដែលយកវិស័យឯកជនចូលរួម។ រូបមន្តនេះមិនអាចទទួលយកបានទេ។ ដូចខ្ញុំនិយាយអញ្ចឹង ទី១ មិនត្រឹមតែជួលអគារដែលបង្រៀនក្រៅម៉ោងរៀនគួរ រៀនអីទេ គឺដាក់បន្ទុកបញ្ហា។ រឿងអី។ ដាក់ទី១ រដ្ឋបាត់ភាពម្ចាស់ការ។ អគាររបស់រដ្ឋដែលកសាងនៅក្នុងហ្នឹង ១០អគារ ឥឡូវអស់២ ហើយ។ យើងពិបាក។ ឥឡូវវិស័យឯកជនគ្រប់គ្រង។ ពិតណាស់ នាយកសាលាត្រូវដឹកនាំរួម តែមាន២ផ្នែក។ ទី២ មានស្តង់ដា បង្កើតគម្លាតនៅនឹងភ្នែក។ បើសាលាឯកជននៅក្រៅរបង ឆ្លងផ្លូវមកសាលារដ្ឋ មិនអីទេ តែនេះនៅក្នុងបរិវេណជាមួយគ្នារវាងសិស្សដែលចូលទៅរៀនសុទ្ធតែ computer ដោយសារបង់លុយមួយឆ្នាំ៤០០ ទៅ៥០០ ឯសិស្សដែលអត់លុយបង់(មិនបានរៀន តែ)នៅក្នុងសាលាជាមួយគ្នា។
ជាសាលាដែលរដ្ឋរកលុយមកវិនិយោគ។ រដ្ឋចេញលុយរាប់រយលានប្រចាំឆ្នាំ កសាងសាលារដ្ឋផ្តល់ការអប់រំមិនគិតលុយដល់កូនចៅប្រជាពលរដ្ឋ។ អញ្ចឹង មិនអាចយកទីតាំងរដ្ឋធ្វើការឯកជនបានទេ។ ខ្ញុំសុំការយោគយល់។ បើសិនជាឲ្យគឺវាអត់សមធម៌នឹងក្រុមហ៊ុនឯកជនផ្សេងៗ។ អញ្ចឹងបន្តិចទៀតក្រុមហ៊ុនខាង western អីលែងទៅវិនិយោគសាលាធ្វើអគារថ្មីហើយ គឺគាត់ទៅជួលសាលាដៃគូយកអគារក្នុងហ្នឹងធ្វើតែម្តង។ នេះនឹងបង្កើតបន្ទុកដល់រដ្ឋ។ ហេតុអ្វីបានជារដ្ឋឲ្យវិស័យឯកជនវិនិយោគ? ដើម្បីឲ្យគាត់ទៅជួយវិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែម ជួយស្រូបសិស្សយើង ព្រោះរដ្ឋអត់មានអគារគ្រប់។ អញ្ចឹង សិស្សមួយចំនួនទៅហ្នឹង តែបើយើងដាក់រូបមន្តនេះ គឺសាលាវិនិយោគឯកជនហ្នឹងមកយកមួយផ្នែកនៃអគាររបស់រដ្ឋដែលកំពុងតែខ្វះ អញ្ចឹងធ្វើឱ្យកាន់តែខ្វះបន្ថែមទៀត។ បើសិនជាកូនចៅកាន់តែកើន យើងកាន់តែខ្វះអគារ ព្រោះអគារមួយចំនួនបាន ជួល ១៥ឆ្នាំឲ្យទៅវិស័យឯកជនទៅហើយ។ នេះដែលខ្ញុំមិនអាចអនុញ្ញាតបន្តទៅទៀត។
បើសិនជាឲ្យតទៅទៀត យូរឬឆាប់ត្រូវតែបើកឲ្យទាំងអស់គ្នាគ្រប់ខេត្តទាំងអស់។ គ្រប់សាលាទាំងអស់នឹងមានរូបមន្តស្រដៀងៗគ្នា។ អញ្ចឹង បើក្នុង ១០០០០ សាលា យើងឲ្យតែ ១០ភាគរយចុះ វានឹងមាន ១០០០ សាលា ហើយបើមួយសាលាបាត់មួយអគារ ឬពីរអគារ ក៏បាត់ ១០០០ ទៅ ២០០០ អគារ។ សំខាន់បំផុត វាបង្កើតស្តង់ដា២ ក្នុងសាលាតែមួយ ហើយប្រើប្រាស់ធនធានថវិការបស់រដ្ឋ ធនធានមនុស្សរបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋវិនិយោគ កសាង។ ពិតណាស់ឯកជនគាត់ដាក់លុយដើម្បីជួសជុលបំពាក់ ប៉ុន្តែសម្រាប់ ១៥ ឆ្នាំគាត់ប្រើដដែល អញ្ចឹងសាលាផ្សេងៗទៀតដែលខំសុំច្បាប់ជួលអគារធ្វើអគារដើម្បីធ្វើនោះ គាត់នឹងបែរមកប្រើរូបមន្តនេះព្រោះស្រួល។
(៣១) បញ្ឈប់រៀបចំសាលាតាមរូបមន្តមជ្ឈមណ្ឌលសិក្សាទំនើបបន្ថែមទៀត តែការអនុវត្តមានភាពបត់បែន
នេះហើយគឺជាមូលហេតុដែលខ្ញុំសម្រេចចិត្តដើម្បី បញ្ឈប់ការរៀបចំសាលាតាមរូបមន្តមជ្ឈមណ្ឌលសិក្សាទំនើបបន្ថែមទៀត។ ប៉ុន្តែ នៅក្នុងការអនុវត្ត ក៏មានភាពបត់បែនដែរ។ សម្រាប់ឥឡូវ គោលការណ៍ដែលខ្ញុំចារ ថ្ងៃ៣១ ខែមករា ឆ្នាំ២០២៥ យើងមាន ១៨សាលា ក្នុងនោះ ១០សាលា បានចាប់ផ្តើមហើយរយៈពេល ២ខែ។ អញ្ចឹង ដោយទើបនឹងចាប់ផ្តើមដំបូង ខ្ញុំបានអនុញ្ញាតឲ្យរហូតដល់បញ្ចប់ឆ្នាំនេះ ចាំយើងត្រឡប់មកវិញ កុំឲ្យដល់ ១៥ឆ្នាំ ព្រោះគាត់រៀនបាន ៣ទៅ ៤ខែ ទុកពេលវេលាដើម្បីសម្របមកវិញ។ ចំពោះសាលាដែលបានអនុវត្តប៉ុន្មានឆ្នាំហើយ ខ្ញុំឲ្យក្រសួងអប់រំចរចាជាមួយសាលារកដំណោះស្រាយកាត់បន្ថយពេលវេលា ហើយឈានទៅដល់ការគិតគូររបស់រដ្ឋ ទទួលយកមករ៉ាប់រងវិញក្នុងកម្រិតណាមួយដើម្បីកុំឲ្យក្មួយៗ មានបញ្ហាលំបាក។
យើងក៏គិតពីសិស្ស គិតពីមាតាបិតាដែរ។ អញ្ចឹងកុំឲ្យគ្រាន់តែសម្រេចភ្លាម ស្រាប់តែបិទទាំងអស់។ សាលាដែលបានគ្រោងធ្វើមាន ១៨។ ខ្ញុំចេញគោលការណ៍ ៣ចំណុច ទី១ បញ្ឈប់ការពង្រីកកម្មវិធីនេះបន្តទៀត ទី២ ចំពោះសាលា១០ ដែលបានចាប់ផ្តើមរយៈពេល ២ខែហើយ ត្រឹមថ្ងៃដែលខ្ញុំចុះហត្ថលេខាចុងឆ្នាំ២០២៤ គឺអនុញ្ញាតឲ្យដំណើរការរហូតដល់ដំណាច់ឆ្នាំសិក្សា។ ចំពោះសាលា៨ មាន៦ ដែលដំណើរការមួយរយៈ ជូនក្រសួងចរចា ឈានទៅដល់ការកាត់បន្ថយពី ១៥ឆ្នាំ។ ឥឡូវខ្លះអាចនៅសល់ ១០ឆ្នាំអី។ កាត់បន្ថយក្នុងដំណាក់កាលពេលណាមួយដែលអាចសមស្របដើម្បីយើងធ្វើផែនការ … ឲ្យរដ្ឋឈានទៅទទួល។ មិនខុសពីសាលាជំនាន់ថ្មីទេ។ ពីមុនគឺកាតព្វកិច្ចឪពុកម្តាយជួយ។ ឥឡូវរដ្ឋចូលទទួល ហើយមានការចូលរួមបដិភាគ …
ខ្ញុំសុំការយោគយល់ពីឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រង និងក្មួយៗសិស្សានុសិស្សនៅសាលាពាក់ព័ន្ធ ដែលខ្ញុំចាំបាច់ត្រូវសម្រេចចិត្តបែបនេះ។ នេះជាការថ្លឹងថ្លែង ដោយម្ខាង បើយើងបន្តឲ្យ គឺនឹងកើតបញ្ហារាលពេញ … ដែលរដ្ឋបាត់ម្ចាស់ការមួយកម្រិត និងរឿងផ្សេងៗទៀតដែលខ្ញុំបានលើកខាងលើ និងម្ខាងងទៀត យើងត្រូវវះកាត់ គឺផ្អាក ហើយរកដំណោះស្រាយ … អញ្ចឹងយើងបានសម្រេចចិត្តផ្អាកមិនឲ្យមានការរៀបចំមជ្ឈមណ្ឌលនេះតទៅទៀត។ សំរាប់អ្នកដែលបានធ្វើហើយ យើងនឹងខិតខំតាមវិធានការដែលយើងបានដាក់ចេញអម្បាញ់មិញនេះ ដើម្បីសម្របសម្រួលឈានទៅដោះស្រាយ ជាពិសេសយកចិត្តទុកដាក់ទៅលើក្មួយៗសិស្សានុសិស្ស មាតា បិតា។
ពិតណាស់ សាលារៀបចំផ្តល់អាហារូបករណ៍ ផ្តល់ប្រាក់ឧបត្ថម្ភទៅដល់គ្រូ ទៅដល់សាលាផ្សេងៗ។ យើងទទួលស្គាល់លោកគ្រូរាប់រយនាក់បានផលពីនេះ សិស្សរាប់ពាន់នាក់បានចូលរៀន ប៉ុន្តែយើងមិនអាចបន្តទៅទៀតបាន ហើយយើងមិនអាចអនុញ្ញាតបែបនេះ។ បើសិនជាយើងមិនធ្វើដូចនេះទេ … ទៅមុខទៀតវានឹងបង្កើតជាបញ្ហា … ជាពិសេសបញ្ហាស្តង់ដារ២ នៅក្នុងសាលាមួយ ដែលជាសាលារបស់រដ្ឋ។ ទី២ គម្លាតរវាងអ្នកមានលុយបង់ និងអ្នកអត់លុយបង់នៅជាប់គ្នាក្នុងបរិវេណសាលាតែមួយ។ ការប្រើប្រាស់គ្រូរបស់រដ្ឋដែលជាមន្ត្រីរបស់រដ្ឋ នៅក្នុងម៉ោងរដ្ឋទៅធ្វើការឱ្យឯកជននឹងបង្កើតរឿងបញ្ហាច្រើន។
ខ្ញុំសូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលបានយកវេទិកានេះឆ្លើយតបកង្វល់របស់បងប្អូនមួយចំនួន។ ខ្ញុំសូមសង្ខេបសាជាថ្មី។ ទី១ សាលាជំនាន់ថ្មីអត់បិទទេ ហើយយើងនឹងបន្តថែរក្សាអ្វីដែលមាន នឹងឈានទៅការពង្រីកបន្ថែមទៀតតាមលទ្ធភាពដែលអាចមាន។ ប៉ុន្តែ មិនបាច់តែសាលាជំនាន់ថ្មីទេ គឺយើងត្រូវពង្រឹងគ្រប់សាលាទាំងអស់ ដើម្បីឱ្យឈានទៅដល់ការមានស្តង់ដារមួយកាន់តែទំនើបទៅថ្ងៃមុខ តាមរយៈការពង្រឹងថ្នាក់បឋមឡើង។ ទី២ ដែលផ្អាកគឺផ្អាកមណ្ឌលសិក្សាទំនើប។ យើងដាក់អភិក្រមមិនឱ្យពង្រីកថ្មី។ អ្វីដែលមានស្រាប់ខិតខំដោះស្រាយដើម្បីឈានទៅដល់ការពន្លត់រយៈពេលណាមួយដែលអាចទទួលយកបាន អាចផ្តល់ផលប្រយោជន៍ជូនសិស្ស ជូនលោកគ្រូ អ្នកគ្រូ ជូនមាតាបិតាកុំឱ្យខាត។ ពេលជាមួយគ្នា យើងរក្សាស្ថានភាពនិងគោលការណ៍របស់រដ្ឋឱ្យបានយូរអង្វែង។ នេះជាអ្វីដែលការសម្រេចចិត្តរបស់ខ្ញុំ នៅក្នុងការបញ្ឈប់ការរៀបចំបន្ថែមមជ្ឈមណ្ឌលសិក្សាទំនើបនោះ។ ខ្ញុំសូមយកពេលដើម្បីបញ្ជាក់ប៉ុណ្ណេះ។
សូមយកឱកាសនេះ យកពេលរបស់ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត មន្ត្រីដែលចូលរួមស្តាប់វិស័យទេសចរណ៍ ជូនដំណឹង និងឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ។ ខ្ញុំគិតថា អ្នកណាក៏មានបញ្ហាដែលពាក់ព័ន្ធប្រទាក់ក្រឡាគ្នា អញ្ចឹងម៉ោងថ្មើរនេះ ម៉ោងពេលនេះសុំតែប៉ុណ្ណេះទេ។ មានរឿងមួយទៀត … រឿងរបស់ ឯកឧត្តម ឌិត ទីណា យើងចាំលើកក្រោយចុះ។ បងប្អូនដល់ទេសចរណ៍ហើយ អញ្ចឹងយើងទុកពេលដើម្បីយើងអបអរសាទរ។ ល្ងាចហ្នឹងមានជប់លៀងទេបិទសន្និបាត ឯកឧត្តម ហួត ហាក់? មានជប់លៀង ឬអត់? អត់ទេ។ ចាំជប់លៀងរួម ខែមេសា ចាំចូលឆ្នាំ។ កែអត់បានទេព្រោះខ្ញុំប្រកាសលើមេក្រូហើយ។ គេស្តាប់លឺ។ កុំភ្លេចអញ្ជើញភាគីពាក់ព័ន្ធទាំងវិស័យឯកជនចូលអបអរសាទរផង។ ឥឡូវខ្ញុំសប្បាយចិត្ត គ្រួសារតែមួយ ដែលថាគ្រួសារវិស័យទេសចរណ៍កម្ពុជា ដែលឯកឧត្តមអួតប្រាប់ខ្ញុំថាប៉ុន្មានថ្ងៃនេះសប្បាយធំ គឺថាដោយសារគ្រប់វិស័យទាំងអស់ទាំងឯកជនទាំងរដ្ឋ មកជាមួយគ្នាជាគ្រួសារវិស័យទេសចរណ៍កម្ពុជា។ អញ្ចឹងជប់លៀងក៏កុំចោលគ្នា។ សង្ឃឹមថាយើងនឹងនាំគ្នាធ្វើឱ្យ Green season ឆ្នាំនេះជាការចាប់ផ្តើមមួយដែលល្អតែម្តង។ អញ្ចឹងមានសម្ពោធធំខែ Green season ដូចអង្គរសង្ក្រាន្តតែម្តង ខែមេសា។
[ចប់សេចក្តីអធិប្បាយ១៤]
ជាថ្មីម្ដងទៀត, ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ដែលបានខិតខំប្រឹងប្រែង, បំពេញតួនាទីភារកិច្ច ជូនជាតិមាតុភូមិ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ស្ថានឯកអគ្គរដ្ឋទូត, ស្ថានឯកអគ្គរាជទូតបរទេសនៅកម្ពុជា, ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេស, ដៃគូអភិវឌ្ឍ, សារព័ត៌មាន, វិស័យឯកជន, គ្រប់ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងសកម្ម ដើម្បីសម្រេចបាននូវសមិទ្ធផល លើការងារអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប និង តជំនាន់ ។
ជាទីបញ្ចប់, ជាមួយនឹងការប្រកាសបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងទេសចរណ៍”, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី, អង្គសន្និបាត សូមមានសុខភាពល្អ, សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត៕