ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា,សមាជិក សមាជិកា រាជរដ្ឋាភិបាល;
ឯកអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្តាប្រទេសនានា ប្រចាំនៅកម្ពុជា;
គណៈអធិបតី, ភ្ញៀវកិត្តិយស, ថ្នាក់ដឹកនាំ មន្រ្តីរាជការ, បណ្តាដៃគូអភិវឌ្ឍ និងអង្គសន្និបាត ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥» បន្ទាប់ពីបានដំណើរការដោយរយៈពេល ៣ ថ្ងៃ កន្លងទៅនេះ។ អង្គសន្និបាតប្រចាំឆ្នាំនាពេលនេះ បានបង្ហាញនូវសមិទ្ធផលជាច្រើន លើវិស័យអប់រំ, ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា, ជាពិសេស ការពិនិត្យឡើងវិញនូវបញ្ហាប្រឈមនានា ព្រមទាំងបានដាក់ចេញនូវអាទិភាព និងទិសដៅការងារនាពេលខាងមុខ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗ នៃសេដ្ឋកិច្ច និងសង្គម ក្នុងតំបន់ និងពិភពលោក។
តាមរយៈរបាយការណ៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និង កីឡា ចំពោះសមិទ្ធផលសម្រេចបាន និងឆន្ទៈក្នុងការកែទម្រង់វិស័យអប់រំ ឱ្យកាន់តែស៊ីជម្រៅ, ជាពិសេស ការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការណ៍នេះ, ពិតជាបានស្តែងចេញនូវកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងឤជ្ញាធរដែនដី ក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើនទៅមុខ ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវ។ ជាមួយគ្នានេះ, ខ្ញុំក៏សូមអរគុណ និង វាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស នាពេលកន្លងមក ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
ស្របតាមស្មារតីនៃអង្គសន្និបាត ខ្ញុំសូមគាំទ្រចំពោះការកំណត់គោលដៅដាក់ចេញនូវវិធានការសម្រាប់បន្តអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា នាឆ្នាំសិក្សាបន្តបន្ទាប់ ដែលជាការចូលរួមគាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអនុសាសន៍ទាំង ៤ ចំណុច ដែលខ្ញុំបានដាក់ចេញនៅក្នុងអង្គប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រី ក្នុងការលើកកម្ពស់គុណភាពអប់រំនៅតាមសាលារៀនសាធារណៈចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។
ស្របពេលដែលកម្ពុជាកំពុងរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់យកអាទិភាពគន្លឹះចំនួន ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយនៅក្នុងបញ្ចកោណយុទ្ធសាស្ត្រទី ១ ផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញ ពិពិធកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់។
ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូល-ធនមនុស្សរឹងមាំ រួមមាន៖
ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ទី២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស
ទី៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន
ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង
ទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ ក្នុងនោះ សាលារៀន មានភារកិច្ច និងការទទួលខុសត្រូវ ក្នុងការផ្តល់នូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប។ ការណ៍នេះ ទាមទារឱ្យសាលារៀនពង្រឹងអភិបាលកិច្ច ប្រកបដោយភាពធន់ បុរេសកម្ម និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ និងមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀនឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមស្តង់ដាសាលារៀនគំរូ។
ជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចាត់ចែងអនុវត្ត ប្រកបដោយសា្មរតីបុរេសកម្ម ក្នុងការពិនិត្យឡើងវិញលើស្តង់ដាសាលារៀនគំរូ រៀបចំយន្តការចុះជួយគាំទ្រ និងបង្វឹកសាលារៀន យន្តការចុះវាយតម្លៃសាលារៀន និងយន្តការពិនិត្យតាមដាន ជាពិសេសការធ្វើអាទិភាវូបនីយកម្មថវិកា និងប្រមូលផ្តុំធនធានសម្រាប់គាំទ្រដល់ការអនុវត្តស្តង់ដាសាលារៀនគំរូ ផងដែរ។ ខ្ញុំក៏សូមកោតសរសើរដល់លេខាធិការដ្ឋាននៃគណៈកម្មការជាតិជំរុញការអនុវត្តការកែទម្រង់វិស័យអប់រំ (គ.វ.អ.) ដែលបានជ្រើសរើសសាលាបឋមសិក្សាអនុវត្តវិធានការគន្លឹះ គ.វ.អ. នៅឆ្នាំទី១ និងបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ស្របតាម យុទ្ធសាស្ត្រផ្ការីក។ ខ្ញុំពិតជាគាំទ្រចំពោះការវាយតម្លៃសាលារៀនទាំងបីកម្រិត ដែលក្រសួងបានជ្រើសរើស និងទទួលស្គាល់ជាសាលារៀនគំរូ ទាំង១២០សាលា នៅដំណាក់កាលដំបូង និងនៅក្នុងឆ្នាំសិក្សាថ្មីនេះ។ យើងប្រកាសទទួលសា្គល់សាលារៀនគំរូចំនួន ១៤៤ បន្ថែមទៀត ដែលជាការទទួលស្គាល់នូវសមិទ្ធផលក្នុងការកែលម្អសាលារៀន ទាំងលទ្ធផលសិក្សារបស់សិស្ស ទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារសហគមន៍ក្នុងការអភិវឌ្ឍសាលារៀន។ ការទទួលស្គាល់នេះ ក៏ជាការផ្សព្វផ្សាយនូវការប្រតិបត្តិដ៏ល្អ ដែលជាគំរូដល់សាលារៀននៅជុំវិញ និងសាលារៀនដទៃទៀត ឱ្យខិតខំអភិវឌ្ឍសាលារៀន។
លើសពីនេះ ខ្ញុំសូមគាំទ្រកម្មវិធីកែទម្រង់ វិធានការ និងអាទិភាព ដែលអង្គសន្និបាតបានដាក់ចេញតាមរយៈវេទិកាពិភាក្សាទាំង ៤ ដែលផ្តោតលើ អភិបាលកិច្ចអប់រំ, ការកែទម្រង់សាលារៀនបរិវត្តកម្មអប់រំឧត្តមសិក្សា និងបរិយាកាសល្អ សម្រាប់ការសិក្សាពេញមួយជីវិត ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលនាពេលបច្ចុប្បន្ន និង កាលានុវត្តភាពថ្មីៗ, និងការកំណត់ទិសដៅ ក្នុងការកែទម្រង់ច្បាស់លាស់ ប្រកបដោយភាពជាក់ស្តែងនិយម ជាមួយនឹងគោលដៅជាក់លាក់, ព្រមទាំងមានរចនាសម្ព័ន្ធដឹកនាំ និងយន្តការអនុវត្តច្បាស់លាស់ ដើម្បីកសាងមូលធនមនុស្សដែលមានសក្តានុពលពេញលេញ ទាំងចំណេះដឹង ជំនាញ និងអាកប្បកិរិយា សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ឤទិភាព ក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមានក្របខណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន ប្រកបដោយគុណភាព, ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀត សម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន, ការអនុវត្តការកែ-ទម្រង់សាលារៀន, ការអភិវឌ្ឍ និងការលើកកម្ពស់បំណិនសតវត្សទី ២១ ដល់យុវជន, ការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, ការជំរុញការអប់រំឌីជីថល, ការកែទម្រង់សាលាគរុកោសល្យ, ការលើកកម្ពស់សុខភាពសិក្សា, និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា។
[ចាប់ផ្តើមសេចក្តីអធិប្បាយ១]
(១) ក្រសួងអប់រំជាសេនាធិការកែទម្រង់ប្រព័ន្ធអប់រំគ្រប់កម្រិតទាំងបរិមាណនិងគុណភាព
មុននឹងដាក់ចេញអនុសាសន៍មួយចំនួន ខ្ញុំសូមធ្វើការចាប់អារម្មណ៍បន្ថែម ជាពិសេសទាក់ទងនឹងកិច្ចការជាអាទិភាពក្នុងវិស័យអប់រំ។ យើងបានធ្វើការពង្រឹងគុណភាពអប់រំគ្រប់កម្រិតច្រើនអាណត្តិមកហើយ។ ក្រសួងអប់រំជាសេនាធិការដ៏សកម្មមួយក្នុងការកែទម្រង់ប្រព័ន្ធអប់រំនៅគ្រប់កម្រិត។ ការពង្រឹងនេះត្រូវបានធ្វើជាប្រចាំ ទាំងបរិមាណនិងគុណភាព ជាពិសេស ត្រូវបន្តធ្វើការពង្រឹងគុណភាព ព្រោះការអប់រំខុសពីផលិតផលិតផលផ្សេងៗ។ យើងផលិតមនុស្សដែលត្រូវទៅធ្វើការផលិតសម្ភារៈ និងផលិតមនុស្សបន្ថែមទៀត។ និយាយថា ផលិតមនុស្សយ៉ាងម៉េច? មិនមែនបានន័យថា បង្កើតកូនទេ។ គ្រូបង្រៀនគឺត្រូវផលិតកូនសិស្សដែលមានគុណភាព។ អញ្ចឹងត្រូវការពង្រឹងក្នុងការងារនេះ។
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញអាទិភាព៦ បូកនឹងវិធានគន្លឹះ៥ ដែលក្នុងនោះវិធានគន្លឹះមួយសំខាន់គឺការពង្រឹងការអប់រំថ្នាក់មូលដ្ឋាន។ រឿងនេះមិនមែនទើបតែនិយាយទេ។ ខ្ញុំបាននិយាយតាំងពីមុនបោះឆ្នោត តាំងពីខ្ញុំទទួលកិច្ចការនេះ ព្រោះខ្ញុំគិតថាអ្វីក៏ដោយបើគ្រឹះមិនរឹងមាំ យើងកុំនិយាយពីខាងលើរឹងមាំបាន។ ថ្ងៃមុន ខ្ញុំទៅវត្តមួយ។ ព្រះវិហារធំ តែព្រះចៅអធិការថា ញោម! វិហារនេះឡើងតែ២០នាក់ គឺរង្គើ។ បានន័យថាគ្រឹះមិនរឹងមាំទេ។ ខាងលើរឹងហើយ ស្អាតហើយ តែគ្មាននរណាហ៊ានឡើងទេ … បើគេប្រាប់ថាអគារនេះអត់មានគ្រឹះទេ ក៏ប្រហែលជាឯកឧត្ដម លោកជំទាវ អស់លោកអង្គុយភ័យហើយ។
(២) ពង្រឹងមូលដ្ឋានអប់រំ គឺបង្កើនថាមពលនិងធនធានពិសេសធ្វើអន្តរាគមន៍ក្នុងដំណាក់កាលថ្មី
ការពង្រឹងគ្រប់កម្រិតជាការចាំបាច់ និងគ្រប់ពេលវេលា។ យើងមិនមែនពង្រឹងត្រឹមតែមូលដ្ឋាននោះទេ។ ដែលខ្ញុំនិយាយថាសំដៅទៅពង្រឹងមូលដ្ឋាន គឺយើងត្រូវបង្កើនកម្លាំងពិសេស ថាមពលពិសេស ធនធានពិសេស ទៅធ្វើអន្តរាគមន៍ក្នុងដំណាក់កាលថ្មីណាមួយ។ ហ្នឹងដូចទ័ពអញ្ចឹង។ មុខព្រួញទាំងអស់ត្រូវតែទប់ ប៉ុន្តែប្រើកម្លាំងពិសេស មូលដ្ឋានពិសេស សម្រាប់ទិសសំខាន់ណាមួយ។ ដូចគ្នា សម្រាប់អប់រំ ការពង្រឹងមូលដ្ឋានគឺជាកិច្ចការសំខាន់ ក្នុងនោះខ្ញុំដាក់ទិសដៅនៅ ១២ឆ្នាំដំបូង គឺពីថ្នាក់បឋមរហូតដល់វិទ្យាល័យ ឲ្យ(រៀនបាន)ចប់ និងឲ្យបានរឹងមាំ។ ក្នុងដំណាក់កាលទី១នេះ ត្រូវពង្រឹងបឋមសិក្សាឲ្យច្បាស់។ បើបឋមសិក្សាអត់មូលដ្ឋានហើយ កុំនិយាយថារៀនថ្នាក់អនុវិទ្យាល័យចេះសរសេរ និងបូកលេខត្រឹមត្រូវឲ្យសោះ។ បើសិនជាមូលដ្ឋាន និងអនុវិទ្យាល័យមិនគ្រប់លក្ខណៈហើយ កុំថាទៅបានសញ្ញាបត្រ ឬចេញទៅដល់រៀនបរិញ្ញាបត្រអីនោះ។ អត់មានគុណភាពទេ។ វាមានតែសញ្ញាបត្រ តែសញ្ញាឃើញវាអត់មាន។ អញ្ចឹងបានត្រូវពង្រឹងខាងក្រោមឲ្យរឹងមាំ។
យើងមិនចាំបាច់តឹងរហូតដូចជំនាន់ពីសង្គម(មុនទេ)។ កាលប្រជុំជាមួយគាត់ ឯកឧត្ដមរដ្ឋលេខាធិការថា កាលជំនាន់គាត់រៀន ក្នុងមួយស្រុកជាប់តែម្នាក់ទេ។ ខ្ញុំថា ឥឡូវបើឲ្យប្រឡងបាក់ឌូប្លិ៍មួយស្រុកជាប់ម្នាក់ គឺយ៉ាប់ហើយ។ កាលជំនាន់សង្គមមុនសង្រ្គាមតឹង តែចំនួនប្រជាជនក៏តិច។ តើឲ្យអ្នកផ្សេងទៀតទៅណា? យើងមិនចាំបាច់តឹងដល់នោះទេ ប៉ុន្តែត្រូវពង្រឹងគុណភាព។ មានអ្នកសួរខ្ញុំថា តើទៅថ្ងៃក្រោយ យើងចង់លុបបាក់ឌូប្លិ៍ឬអត់? ខ្ញុំថា លុបឬមិនលុប មិនសំខាន់ទេ។ រឿងប្រឡងនេះគ្រាន់តែជាតេស្តមួយសម្រាប់បញ្ជាក់ថាយើងដល់ណាតែប៉ុណ្ណឹង។ បើសិនជាយើងចេះច្បាស់ខ្លួនឯងថាពីក្រោមដល់លើរឹងមាំហើយ ប្រឡងឆមាស ប្រឡងប្រចាំឆ្នាំនេះ ប្រាកដជាធ្វើតេស្ដបានហើយ។ មិនបាច់(មាន)ក៏បានដែរ។ តែឥឡូវនេះប្រាកដឬនៅ? បើមិនប្រាកដ ត្រូវមានការឆែក/ត្រួតពិនិត្យ ដើម្បីឲ្យទាំងសាម៉ីខ្លួន ទាំងគ្រួសារ ទាំងគ្រូ ដឹងថាគុណភាពដល់ណា។ តើស្តង់ដាយើងមានឬអត់?
(៣) ពង្រឹងមូលដ្ឋានអប់រំ លើអភិបាលកិច្ច កម្មវិធីសិក្សា និងការចូលរួមពីសហគមន៍
អំពីការពង្រឹងនេះ ខ្ញុំសូមនិយាយគឺជំហានទីមួយ គឺផ្ដោតទៅលើបឋមសិក្សា។ ក្នុងនោះ ផ្ដោតទៅលើចំណុច៣ … ទី១ ពង្រឹងអភិបាលកិច្ច និងការងារគ្រប់គ្រងដឹកនាំបង្រៀន ទី២ ពង្រឹងកម្មវិធីសិក្សា ដែលយើងដាក់បន្ថែមម៉ោង និងទី៣ ពង្រឹងការចូលរួមពីសហគមន៍។
ពាក់ព័ន្ធនឹងចំណុចទី១ ទាក់ទងនឹងការពង្រឹងអភិបាលកិច្ច និងការដឹកនាំ ដែលជាប្រធានបទជជែកគ្នាក្នុងអង្គសន្និបាត។ តែខ្ញុំសូមលើកនូវជ្រុងតួអង្គមកនិយាយ។ វាកើតចេញពីមនុស្ស។ ឯកសារយ៉ាងម៉េចក៏ដោយ SOP យ៉ាងម៉េចក៏ដោយ បើយើងរើសមនុស្សមិនត្រូវ កុំនិយាយពីការអនុវត្ត SOP នោះ។ តែបើសិនជារើសមនុស្សត្រូវ ទោះបីគ្មាន SOP ក៏ដោយ ក៏អាចវិវឌ្ឍបានលឿនដែរ។ អញ្ចឹង មនុស្សត្រូវតែជាកត្តាសំខាន់។ នៅក្នុងសាលាបឋមសិក្សាមួយៗ មានតួអង្គ ៣សំខាន់។ ខ្ញុំមិននិយាយពីសិស្សទេ អត់និយាយមាតាបិតាទេ។ ទី១ គណៈគ្រប់គ្រងដែលមាននាយកជាគោល ទី២ បុគ្គលិកអប់រំ និងទី៣ គឺគ្រូ។ តួអង្គ ២ ដែលសំខាន់គឺនាយក និងគ្រូបង្រៀន។ យើងឃើញថា ការងារនេះជាការកំណត់។
ទី១ នាយកសាលា ជាមេនៃស្ថាប័ន ជាអ្នកកាន់ចង្កូត ជាអ្នកដើរតួនាទីក្នុងការសម្របសម្រួល ដឹកនាំអនុវត្តកម្មវិធី គោលការណ៍ ដែលក្រសួង/មន្ទីរដាក់មក សម្របសម្រួលកិច្ចការផ្ទៃក្នុង សតិអារម្មណ៍ទូទៅ ដើម្បីធ្វើឲ្យការងារបានដើរ។ អញ្ចឹង ការរើសនាយកសាលាជាការចាំបាច់។ កន្លងទៅ ខ្ញុំបានធ្វើការណែនាំនាយកសាលាត្រូវមានការជ្រើសរើសឲ្យបានច្បាស់លាស់តាមនិយាម។ ពេលដែលយើងធ្វើវិមជ្ឈការនេះ តែងតែសួរថា តើត្រូវទម្លាក់(កិច្ច)ការរើសគ្រូ រើសនាយក ឲ្យទៅដល់(ថ្នាក់)ស្រុកឬយ៉ាងណា? ការដឹកនាំប្រតិបត្តិ(ជាកិច្ចការ)មួយ ការធានា(និរន្តរភាព)រដ្ឋបាល(ជាកិច្ចការ)មួយ តែការជ្រើសរើសមនុស្សខុសគ្នា។ ដោយហេតុនេះហើយបានជានៅតាមអង្គភាពមួយៗ គេមិនដែលឲ្យប្រធានហ្នឹងជ្រើសរើសនិងតែងតាំង(ផ្ទាល់ទេ) គេច្រើនតែឲ្យមួយថ្នាក់ពីលើហ្នឹង។ បើកងទ័ព តែងតាំងមេបញ្ជាការខេត្ត ទាល់តែថ្នាក់ជើងគោក ឬមួយបើតាមសិទ្ធិ គឺរហូតទៅដល់លើនោះ។ នាយកសាលាដូចគ្នា។
(៤) សម្រាប់ការងារអប់រំ រើសអ្នកដឹកនាំអនុវត្តខុស បង្កជាវិបត្តិដល់សិស្សរាប់ពាន់នាក់
ខ្ញុំបានជជែកដំបូងឡើយជាមួយឯកឧត្ដម អភិសន្តិបណ្ឌិត។ កាលនោះយើងសាកល្បងនៅខេត្តបាត់ដំបង ដោយប្រគល់ការជ្រើសរើសនាយកសាលាឲ្យទៅស្រុក។ ក្នុងនោះមានជោគជ័យច្រើន តែក៏មានបរាជ័យដោយប្រមាណជា ៤០% នៃការជ្រើសរើស មិនត្រូវតាមនិយាម។ សម្រាប់ការអប់រំ រើសខុសតែម្នាក់ ក៏ខុសដែរ ព្រោះម្នាក់ក្នុងមួយសាលាមានសិស្សរាប់ពាន់នាក់។ យើងមិនអាចទទួលយកបានទេ នៅពេលដែល ៤០% មិនបានជោគជ័យ។ ខ្ញុំមិនខ្លាចនឹងប្រគល់ឲ្យទេ ពេលដែលយើងអាចធានាបានថា សមត្ថភាពក្នុងការជ្រើសរើសប្រាកដប្រជា និងអនុវត្តតាមនិយាមដែលផ្ដល់ការណែនាំ។ ការិយាល័យស្រុកអនុវត្តតាមនិយាមរបស់មន្ទីរ។ មន្ទីរអនុវត្តតាមនិយាមរបស់ក្រសួងអប់រំ។ ការអប់រំ មិនដូចកសិកម្មទេ។ ក្នុងវិស័យកសិកម្ម ជួនកាលនៅខេត្តនេះធ្វើស្រូវប្រភេទនេះទៅ ហើយខុសគ្នាបច្ចេកទេសគ្នា ក៏មិនថ្វីទេ។ តែអប់រំទូទាំងប្រទេស ត្រូវតែមានស្តង់ដាតែមួយ។ ដោយហេតុនេះ យើងមិនប្រឡងបាក់ឌូប្លិ៍មួយខេត្តប្រឡងវិញ្ញាសាមួយនោះទេ គឺយើងប្រឡងទូទាំងប្រទេសតែម្ដង។ ការបណ្ដុះបណ្ដាលទាំងអស់ត្រូវតែមាន(ស្តង់ដាដូចៗគ្នា)។
ដូចនេះ តួអង្គដឹកនាំប្រតិបត្តិផ្ទាល់ទី១ គឺនាយកសាលា ប្រធានស្ថាប័នដែលដឹកនាំអនុវត្ត។ បើប្រធានស្ថាប័នប្រាប់ថា “មិនបាច់ធ្វើតាមហ្នឹងទេ ធ្វើតាមខ្ញុំវិញ” (អ្វីៗនឹង)ចប់ហើយ។ តើមាននរណាទៀត (ក្រៅពី)នាយកសាលា ដែលជាអ្នកដឹកនាំផ្ទាល់ថាតើអនុវត្តឬមិនអនុវត្ត។ និយាយបែបនេះ វិមជ្ឈការរដ្ឋបាលថ្នាក់ក្រោមខេត្ត និងការដឹកនាំអនុវត្ត តាមដាន ត្រួតពិនិត្យការងារ ការិយាល័យអប់រំស្រុក ក៏ដើរតួនាទីសំខាន់ … ការរើសមនុស្ស ការតែងតាំង ចាត់តាំងនាយក (ជាការសំខាន់) រីឯការដឹកនាំរដ្ឋបាល ហ្នឹងយើងវិមជ្ឈការតាមហ្នឹងចុះ។ វាខុសគ្នា។ ដូចបានបញ្ជាក់ ការជ្រើសរើស តែងតាំងត្រូវមានកំណត់ច្បាស់លាស់ ដល់ការប្រតិបត្តិអត់ត្រូវរឹងកំព្រឹសទេ។ គេបត់បែនស្របទៅតាមស្ថានភាព។ ហ្នឹងយើងធ្វើវិមជ្ឈការ។
(៥) ការិយាល័យអប់រំស្រុក ជាសេនាធិការជំនាញជួរមុខ
ទីពីរ ការិយាល័យស្រុក។ ខ្ញុំបានជជែកជាមួយឯកឧត្ដម ហង់ជួន ណារ៉ុន ហើយថែមទាំងបានបានចុះ(ទៅមើលផង)។ គ្រប់ជំនាញទាំងអស់ ការិយាល័យ(ស្រុក)ជាសេនាធិការជួរមុខរបស់ជំនាញ។ អញ្ចឹងតួអង្គសំខាន់ក៏យើងត្រូវគិតគូរ ក្នុងការដឹកនាំ ត្រួតពិនិត្យ តាមដានការអនុវត្ត ដែលជាសេនាធិការឲ្យមន្ទីរ។ រឿងអនុវត្តការងារជារឿងផ្សេង។ យើងត្រូវពង្រឹងទៅថ្ងៃក្រោយ ព្រោះមន្ទីរមិនអាចធ្វើការងារទាំងអស់បានទេ។ មន្ទីរគ្នាតិច ហើយធ្វើការងាររដ្ឋបាលគាំទ្រអ្នកដឹកនាំជួរមុខ។ ការិយាល័យស្រុកជំនាញត្រូវតាមដានមើលការអនុវត្ត។ ខ្ញុំបានចុះទៅកន្លែងខ្លះ ឃើញថាការិយាល័យអប់រំស្រុកនៅមានកំណត់នៅឡើយ។ ថ្ងៃមុន នៅព្រះវិហារ ស្រុកមួយនោះថា ការិយាល័យមិនមានផង ហើយមនុស្សមានតែប៉ុន្មាននាក់។
យើងត្រូវគិតគូរ។ ហោចណាស់ត្រូវពង្រឹងជំនាញអាទិភាព។ បើយើងមិនអាចពង្រឹងគ្រប់ការិយាល័យជំនាញក៏ដោយ តែសុខាភិបាលនិងអប់រំនេះ គួរតែជាអាទិភាព(នៃការពង្រឹង)។ ក្រសួងមុខងារសាធារណៈត្រូវធ្វើកិច្ចការនេះបន្ត ដើម្បីពង្រឹងសមត្ថភាព លទ្ធភាពរបស់ការិយាល័យអប់រំ ជួយដល់មន្ទីរអប់រំ។ យើង(ធ្វើ)វិមជ្ឈការសិទ្ធិ ត្រូវតែវិមជ្ឈការការទទួលខុសត្រូវ(ផងដែរ)។ បើ(ធ្វើ)វិមជ្ឈការការទទួលខុសត្រូវ ត្រូវតែ(ធ្វើ)វិមជ្ឈការសមត្ថភាព និងធនធានថវិកាមួយចំនួនទៅឲ្យ … ហ្នឹងគឺអញ្ចឹង។ បើឱ្យតែថវិកា អត់លទ្ធភាព អត់សមត្ថភាព ដឹកនាំអត់ប្រសិទ្ធភាព។ បើមានសមត្ថភាព តែ(ប្រើ)ថវិកា(មិន)ចំគោលដៅ ក៏ពិបាក …។
(៦) គ្រូត្រូវមានគុណវុឌ្ឍិតាមនិយាមកំណត់ដោយក្រសួងអប់រំ
ទី២ គ្រូ។ គ្រូសំខាន់ណាស់។ រឿងនេះជាកិច្ចការប្រឈមរបស់យើងទាំងអស់គ្នា។ (និយាយពី)គ្រូ យើងនិយាយ(ពី)បរិមាណនិងគុណភាព។ យើងនិយាយពី (១) គុណភាព គឺត្រូវមានគុណវុឌ្ឍិច្បាស់លាស់ ហើយស្របតាមនិយាមដែលកំណត់ដោយក្រសួង។ ការជ្រើសរើសគ្រូ ក៏កាន់តែសំខាន់ទៅទៀត។ នាយកសាលាដឹកនាំសម្របសម្រួលស្ថាប័នសាលាមួយហ្នឹង ប៉ុន្តែគ្រូដែលនៅផ្ទាល់(ជាមួយសិស្ស)សំខាន់ណាស់។ ការជ្រើសរើសទាំងគ្រូក្របខ័ណ្ឌ ទាំងគ្រូកិច្ចសន្យា ត្រូវអនុវត្តតាមនិយាម។ បើយើងយកមកអត់គុណភាព គ្រាន់តែបានបរិមាណ (នោះនឹងមាន)បញ្ហា។ ទោះបីថាគ្រូបឋម គ្រូមត្តេយ្យមិនចាំបាច់មានកម្រិតគុណវុឌ្ឍិដូចគ្រូថ្នាក់លើ តែក៏ត្រូវមានស្តង់ដា minimum ណាមួយ។ កិច្ចការនេះ ក្រសួង ស្រុក បានធ្វើហើយ ដោយប្រគល់សិទ្ធិ ការទុកចិត្តច្រើនមកការិយាល័យ ហើយតាមនិយាមរបស់មន្ទីរ។ ខ្ញុំសូមឱ្យអនុវត្តបែបនេះ។
ការបណ្ដុះបណ្ដាលជំនាញផ្សេង គឺបង្កើនលទ្ធភាពដោយប្រយោល មិនចំពោះទេ។ ការបណ្ដុះបណ្ដាលមនុស្ស គឺផលផ្ទាល់ទៅសិស្ស។ បើបណ្ដុះបណ្ដាល ឧទាហរណ៍ថា មន្រ្តីខាងហិរញ្ញវត្ថុ បើគាត់ធ្វើខុស គាត់មិនទាន់អី គាត់នៅមានពេលរៀន។ ធ្វើខុសអី គេផ្ទៀងផ្ទាត់ តែបើបង្រៀនសិស្សខុសហើយ បង្រៀនអត់(ចេះ)ហើយ (នឹងមាន)បញ្ហា។ ដូចជាថាលោកគ្រូមិនបង្រៀន ហើយនាំ(សិស្ស)ទៅរាំរហូត ព្រោះគាត់មិនអាចបង្រៀនបាន ដោយសារតែមិនមានគុណវុឌ្ឍិគ្រប់ … តើខាតអ្នកណា? ខាតសង្គមជាតិ មិនមែនខាតតែសិស្ស ខាតឪពុកម្ដាយទេ ខាតសង្គមជាតិយើងទាំងមូល។ មួយឆ្នាំៗខុសគ្នា។ បើរៀនមិនបានគ្រប់ តើយើងមិនឱ្យសិស្សឡើងថ្នាក់ឬទេ? ការធ្វើគោលនយោបាយមួយ សរសេរអត់គ្រប់ អាចយកទៅកែបាន។ តែ(បើក្នុងការបង្រៀន)សិស្ស បើគ្រូមិនមានគុណវុឌ្ឍិ ហើយចាំប្ដូរគ្រូ តើមួយឆ្នាំត្រូវដូរគ្រូប៉ុន្មានដង? សិស្សត្រូវគាំងនៅហ្នឹង ខាតអាយុ ខាតជីវិត ខាតពេលវេលា។ យើងត្រូវបង្ខំចិត្តឱ្យឡើងទាំងមិនមានគុណវុឌ្ឍិ? ហ្នឹងហើយបញ្ហា។ នេះដែលខ្ញុំនិយាយថាត្រូវរើសគ្រូឱ្យបានច្បាស់។
សូមឱ្យអភិបាលខេត្ត (ដូចមកទាំងអស់គ្នា) ប្រគល់សិទ្ធិនេះឱ្យមន្ទីរ(អប់រំ)ដើម្បីអនុវត្តតាមនិយាម សហការក្នុងការរើសគ្រូ កំណត់ទៅតាមហ្នឹង។ ការិយាល័យស្រុកជាសេនាធិការធ្វើការ ប៉ុន្តែសូមកុំឱ្យអភិបាលស្រុកទៅជាអ្នករើសគ្រូ ឬមួយរើសនាយកសាលា។ ខ្ញុំសូមឱ្យ(គោលការណ៍)ហ្នឹងដើម្បី(ពង្រឹងការ)គ្រប់គ្រង។ យើងអាចផ្ដល់យោបល់។ ក្រុមប្រឹក្សាស្រុកមួយអាចផ្ដល់យោបល់ដែរ តែត្រូវអនុវត្តតាមនិយាម។ បើមិនអញ្ចឹងទេ យើង(នឹងមាន)បញ្ហា។ កុំគិតថា គ្រូបឋម នាយកបឋម ទាបណាស់ អត់សំខាន់។ សំខាន់តែនាយកវិទ្យាល័យ នាយកមហាវិទ្យាល័យ។ (គិតដូចនេះជា)គ្រោះថ្នាក់។ ខុសបាត់។ ចាក់គ្រឹះអត់មាំ រង្គើនៅលើ។ ចង់បំពាក់ស្អីក៏ដោយអត់ទៅរួចទេ។ រលំអគារហ្នឹង។ អញ្ចឹងត្រូវរើស(គ្រូ/នាយកសាលានៅ)ថ្នាក់បឋម(អោយបានត្រឹមត្រូវតាមនិយាម)។ ថាមតេ្តយ្យមិនអី តែបឋមនេះត្រូវរើសឱ្យបានត្រូវ ឱ្យរឹងមាំទាំងនាយក ទាំងគ្រូ។ ត្រូវធ្វើយ៉ាងម៉េចឱ្យមានគុណវុឌ្ឍិ។ នេះជាបញ្ហាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ហើយត្រូវប្រគល់សិទ្ធិ និងអនុវត្ត សហការជាមួយជំនាញ។ ជួនកាល អភិបាលស្រុកមិនមែនជំនាញទេ។ អភិបាលស្រុកខ្លះ ជាអតីតទាហាន។ មិនមែនមើលស្រាលថាមិនអាច(ធ្វើកិច្ចការនេះបាននោះទេ)។ យល់ប៉ុន្តែគាត់មិនអាចដឹងពីនិយាមដែលត្រូវសម្រេច និងត្រូវពឹងលើជំនាញ។ សូមអភិបាលខេត្តប្រគល់សិទ្ធិឱ្យមន្ទីរដើម្បីធ្វើការ …។
(៧) បង្កើនបរិមាណគ្រូ ដោយការទាក់ទាញតាមរយៈការលើកកំពស់គិតគូរជីវភាព
ទី២ អំពីបរិមាណ។ បរិមាណគឺជាកិច្ចការប្រឈមច្រើន។ ខ្ញុំបានឱ្យគិតគូរកិច្ចការមួយចំនួន។ ទី១ យើង(ផ្ដល់)អាទិភាពរើសគ្រូ។ ក្នុងមួយឆ្នាំជាងនេះ តាំងពីខ្ញុំឡើង(ជានាយករដ្ឋមន្រ្តី)មក ខ្ញុំមិនដែលផ្អាកការប្រឡងរើសគ្រូទេ។ លើកមុន យើងផ្អាកបន្តិច ដើម្បីគ្រាន់តែចាំនិយាម ប៉ុន្តែនៅតែឱ្យប្រឡង។ រើសប៉ុន្មានពាន់នាក់ យកប៉ុណ្ណឹង។ អត់ហាមទេ។ ជំនាញផ្សេង ក្រសួងស្ថាប័នផ្សេង ផ្អាក។ ពេលធ្វើវិភាគមុខងារហើយ យើង(អោយបន្ត)ទៅ។ អរគុណ ឯកឧត្តម ហង់ជួន ណារ៉ុន ដែលក្រសួងអប់រំជាក្រសួងទី១ ដែលបានបញ្ចប់ការវិភាគមុខងារ … ខ្ញុំមិននិយាយរឿងវិភាគមុខងារទេ។ ទុកចាំខែក្រោយ (ទៅនិយាយ)នៅមុខងារសាធារណៈ។ ឥឡូវនិយាយតែរឿងអប់រំសិន។
ទាក់ទង(នឹងបរិមាណ)នេះ យើងត្រូវទី១ បង្កើន(ចំនួនគ្រូ) ក្នុងន័យនេះ ក្នុងរយៈពេលនេះ យើងដាក់ចេញនូវគោលការណ៍មួយចំនួនដែរ។ ទី១ ការទាក់ទាញតាមរយៈការជួយលើកកម្ពស់និងគិតគូរពីជីវភាពរបស់គាត់។ គិតគូរមុនគេ គឺគ្រូ និងបេក្ខជនគរុសិស្ស។ នៅទីនេះ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ខ្ញុំបានប្រកាសបង្កើននូវប្រាក់ឧបត្ថម្ភដល់គរុសិស្ស។ គរុសិស្សខុសពីមន្រ្តីដែលប្រឡងជាប់នៅក្របខ័ណ្ឌក្រសួងផ្សេងៗ ដែលគេត្រូវធ្វើកម្មសិក្សាមួយឆ្នាំ។ រីឯគ្រូ ប្រឡងជាប់ហើយត្រូវទៅរៀនគរុកោសល្យ។ ពេលដែល(ទៅរៀននៅ)សាលាគរុកោសល្យនេះ អត់ទាន់បានប្រាក់ខែពេញទេ។ បានតែប្រាក់ឧបត្ថម្ភ។ សម្ដេចតេជោ ពីមុនមកបានដំឡើងហើយ ប៉ុន្តែនៅតិច។ កាលហ្នឹង យើងដំឡើងដូចបាន ៤០០០០ រៀលក្នុងមួយខែ សម្រាប់ក្របខ័ណ្ឌ “គ” (ដែលមានការបណ្តុះបណ្តាល) ១២បូក២ ហើយក្របខ័ណ្ឌ “គ” (ដែលមានការបណ្តុះបណ្តាល) ១២បូក៤ បាន ៤៥០០០ រៀលក្នុងមួយខែ។ ឯកឧត្តម ហង់ជួន ណារ៉ុន ថាទាក់ម៉ូយមិនសូវបានទេ។ អ្នកចង់ធ្វើគ្រូ ត្រូវ(រៀនគរុកោសល្យ) ៤ឆ្នាំ រៀនពេញម៉ោង មិនមែនរៀនកន្លះថ្ងៃទេ។
យើងបានចេញគោលការណ៍ឱ្យដំឡើង(ប្រាក់ឧបត្ថម្ភ)។ កាលហ្នឹង សម្រាប់(ក្របខ័ណ្ឌ)គ នេះ យើងដំឡើងទាបបំផុត ៤ម៉ឺនរៀល គឺទៅ ៩៨ ម៉ឺនរៀល/ខែ, ពី ៤៥០០០រៀល ទៅ ១ ១៦០ ០០០រៀល/ខែ សម្រាប់គរុសិស្ស។ មានគរុសិស្សមកទេនៅថ្ងៃនេះ? មាន! ដឹងជំនាន់រៀមច្បង(មិនបានដូចយើងទេ)។ បានឬនៅ មួយខែជាង ១លានរៀល និងមួយខែជិត ១លាន បានឬនៅ? បានហើយ។ កាលហ្នឹង (ក្របខ័ណ្ឌ)ក ៦០ ម៉ឺនរៀល ទៅជាង ១លាន ១សែនរៀល/ខែ ជិត ១លាន ២សែន ដើម្បីឱ្យគាត់មានភាពនឹងនរ(ខាង)ជីវភាព … ចាប់ផ្ដើមពីពេលហ្នឹង គឺតាំងពីមុនពេលដែលគាត់ក្លាយជាគ្រូ។ ត្រូវគិតតាំងពីការចូលមក។ សម្ដេចតេជោ លោកបានធ្វើការងារច្រើនណាស់ដើម្បីពង្រឹង(វិស័យនេះ)។ សម្តេចបានដំឡើងតាំងពីតិច ឬសឹងតែអត់ផង។ ឥឡូវបានឡើងប៉ុណ្ណេះ … នេះជាការបន្តធ្វើយន្តការការងារដែលបានធ្វើកន្លងទៅ។
(៨) បង្កើនបរិមាណគ្រូ ដោយការទាក់ទាញតាមរយៈការបំពេញគ្រូ
ទី២ អំពីការបំពេញគ្រូ … យើងបានបំពេញគ្រូច្រើន ប៉ុន្តែទោះយើងនៅមានបញ្ហាប្រឈម គឺការខ្វះគ្រូនៅឡើយ។ ម្សិលមិញ ខ្ញុំទៅគូលែន។ កន្លែងនោះ សិស្សត្រូវធ្វើដំណើរ ២០គីឡូ ចុះពីលើភ្នំ ទៅរៀននៅស្វាយលើ ដោយសារយើងខ្វះគ្រូ។ វិទ្យាល័យ អនុវិទ្យាល័យមាននៅក្រោម។ ខ្លះអត់មានលទ្ធភាព អត់ទៅរៀន។ ម្សិលមិញ បានទៅពិនិត្យមើល ហើយជជែកជាមួយឯកឧត្តម ហង់ជួន ណារ៉ុន ដើម្បីរកគ្រូ។ ការរកគ្រូបឋមងាយស្រួលជាងរកគ្រូអនុវិទ្យាល័យ និងវិទ្យាល័យ ព្រោះ(គ្រូពីរកម្រិតសិក្សានេះត្រូវការ)ជំនាញនិង/ឬមុខវិជ្ជាច្រើន។ អញ្ចឹងហើយបានជាយើងអនុវត្តការបំពេញបន្ថែមតាមរយៈគ្រូកិច្ចសន្យា។ គ្រូកិច្ចសន្យានេះ ខ្ញុំឱ្យគិត។ យើងមានគ្រូកិច្ចសន្យាភាគច្រើន ជាគ្រូកិច្ចសន្យាកម្រិតបឋមសិក្សាដែលធ្វើកុងត្រាមួយឆ្នាំម្ដង … ខ្ញុំសួរទៅមុខងារសាធារណៈ … យើងមានបញ្ហាថា ភាគច្រើនមានការលំបាកបញ្ជូនគ្រូដែលប្រឡងជាប់ក្របខ័ណ្ឌ(ទៅតាមជនបទ) ហើយគ្រូដែលមាននៅកន្លែងនោះគឺរើសនៅមូលដ្ឋាន។
ឥឡូវខ្ញុំសូមឱ្យគិត។ ទី១ រឿងរយៈពេលកុងត្រាសម្រាប់តែគ្រូបង្រៀនទេ។ សួរឯកឧត្តម ហង់ជួន ណារ៉ុន ថា គ្រូបង្រៀនចូលដំបូង យឺតបីខែ ខាតបីខែ (បៀវត្សរ៍)គេទូទាត់ឱ្យមែន … ដល់ចុងឆ្នាំត្រូវចង់ពន្យារ ចង់អីថែមទៀត។ អម្បាញ់មិញ ខ្ញុំនិយាយជាមួយនឹងឯកឧត្តម បណ្ឌិតសភាចារ្យថា ឥឡូវយើងដំឡើង ពីមួយឆ្នាំទៅពីរឆ្នាំឱ្យទៅ។ អញ្ចឹងកុងត្រាម្ដង ២ឆ្នាំតែម្ដងទៅ … ក្រសួងអប់រំរាយការណ៍មកថា គ្រូអត់បានឈប់ទេ ហើយកុំឲ្យពិបាកធ្វើ paper work ពីមួយឆ្នាំទៅពីរឆ្នាំ។ អញ្ចឹងកុងត្រាម្ដងបានពីរឆ្នាំស្រួល។ ពេលដែលយើងកុងត្រាមួយឆ្នាំ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ផ្អែកទៅលើសន្ទស្សន៍របស់ក្រសួងមុខងារសាធារណៈ គេមានថវិកាតែប៉ុណ្ណឹង។ អញ្ចឹងឆ្នំាក្រោយទាល់តែខ្ចី។ បើដាក់ពីរឆ្នំា សន្ទស្សន៍ពីរឆ្នាំ ផែនការអត់ឲ្យដាច់ប្រាក់ខែសំរាប់គ្រូ។
(៩) បង្កើនបរិមាណគ្រូ ដោយការទាក់ទាញតាមរយៈការបំពេញក្របខ័ណ្ឌ
ទី២ ក្របខ័ណ្ឌ។ ចូលទៅគ្រប់កន្លែង ខ្ញុំឃើញលោកគ្រូខ្លះបង្រៀន ៦ ឬ៧ឆ្នាំ … ការរើសដំបូង ត្រូវគិតពីគុណវុឌ្ឍិឲ្យបានច្បាស់លាស់ ប៉ុន្ដែខ្ញុំគិតអញ្ចេះ។ តាមរូបមន្ដទាហានមានវិធី FAST TRACK។ ខាងទាហាន … មានរូបមន្ដពីរ។ ទី១ ប្រឡងចូល ដោយត្រូវរៀន ៤ឆ្នាំ។ ទី២ ចូលធ្វើទាហាន ៤ទៅ ៥ឆ្នាំ ហើយចូលទៅសិក្សាវគ្គខ្លីៗ ១៨ ឬ ១២ខែ ហើយប្រឡងឲ្យជាប់ទៅ។ អញ្ចឹង គ្រូកិច្ចសន្យា ជាពិសេសអ្នកនៅមូលដ្ឋាន ដែលយើងពិបាករកអ្នកពីក្រៅឲ្យនៅ(ជាប់ឬយូរ) អ្នកនៅហ្នឹងស្រាប់ មានគុណវុឌ្ឍិ តែមិនមែនឲ្យទាំងអស់ទេ គ្រាន់តែលក្ខខណ្ឌនៃការប្រឡងតិចជាងការប្រឡងផ្សេងៗ ដោយសារគាត់មាន(បទពិសោធ)បង្រៀន ឧទាហរណ៍ ៤ឆ្នាំហើយ។ គាត់ត្រូវមកប្រឡងដើម្បីយើងមើល ក្នុងកម្រិតណាមួយ មិនមែនកម្រិតស្ដង់ដាទេ ហើយបញ្ជូនទៅរៀន ២ឆ្នំា ឬ ១៨ខែ បានហើយ មិនបាច់រៀន ៤ឆ្នាំទេ ដើម្បីយកក្របខ័ណ្ឌគ្រូបឋម។ សូមក្រសួងគិតគូររឿងហ្នឹងទៅ។ ឥឡូវយើងមានគ្រូដែលប្រឡង(បានក្របខ័ណ្ឌ) ប៉ុន្ដែពិបាកបញ្ជូន ខណៈដែលគ្រូបង្រៀនស្ម័គ្រចិត្តមិនអាចចូលបាន។ រកវិធីបញ្ចូលនៅហ្នឹង។ យើងធានាមួយព្រួញបាញ់បានសត្វពីរ។ លោកគ្រូនៅហ្នឹងមូលដ្ឋានស្រាប់ គាត់មិនទៅណាទេ។ ឪពុកម្ដាយ ប្រពន្ធ កូន ប្ដីនៅហ្នឹងហើយ។
ទី២ យើងបានធ្វើតេស្ដ បណ្ដុះបណ្ដាលគ្រប់គ្រាន់។ ជួនកាលយើងបង្រៀនលោកគ្រូថ្មី(ដែល)មិនទាន់ចេះពីរបៀបបង្រៀន ៤ឆ្នាំ ប៉ុន្ដែលោកគ្រូដែលមានពិសោធ ៣ឆ្នំាហើយពីរបៀបបង្រៀន (យើងអាច)កាត់មេរៀនហ្នឹង មិនបាច់បង្រៀន … ខ្ញុំគិតថាមិនមែនឲ្យក្រសួងអប់រំគិតទេ គឺជាបទបញ្ជាឲ្យធ្វើតែម្ដង។ ក្រសួងមុខងារសាធារណៈ ជាមួយក្រសួងអប់រំ ត្រូវគិតគូររឿងក្របខ័ណ្ឌ និងលក្ខខណ្ឌនេះ (សំរាប់)គ្រូដែលបង្រៀននៅ(មូលដ្ឋាន)ហ្នុង ឧទាហរណ៍លើសពី ៤ឆ្នំា ឬមួយក៏ ៣ឆ្នាំ សូមឲ្យគិតគូរ (សំរាប់)មួយជំហានដំបូង។ មិនមែនទើបចូលមួយឆ្នាំហើយយកមកទេ។ ភាគច្រើនចាក់គ្រឹះហើយ ៤ឆ្នាំ។ មើលគុណវុឌ្ឍិហើយ មានវគ្គខ្លីមួយ មិនមែនវគ្គខ្លី ៦ខែទេ អាចថាមួយគ្រប់ល្មមសំរាប់បំពេញទៅជាគ្រូបឋម។ អញ្ចឹង ភាគច្រើនកុងត្រាសំរាប់គ្រូបឋមទេ ព្រោះថ្នាក់វិទ្យាល័យ អនុវិទ្យាល័យ យើងអត់មាន(កុងត្រា)ទេ ត្បិតត្រូវការបណ្ដុះបណ្ដាលមានគុណវុឌ្ឍិច្បាស់លាស់ ១២បូកប៉ុន្មានអញ្ចឹងទៅ។ (ប៉ុន្ដែ)ឥឡូវសុទ្ធតែ ១២បូក៤ យ៉ាងហោចណាស់។ អញ្ចឹងដោះស្រាយបញ្ហានេះនៅហ្នឹងកុំឲ្យពិបាកសួរអី។
ហេតុអ្វីបានជាខ្ញុំចេញជាបទបញ្ជាចេញឲ្យទៅពិចារណា។ ប្រហែលជាអាចស្ទះ ព្រោះ(អាចសំអាងថាដោយ)ផ្អែកទៅលើលិខិតូបករណ៍នេះ ឬអនុក្រឹត្យនេះ ធ្វើអត់ចេញទេ។ ឥឡូវ( ខ្ញុំចេញ)បទបញ្ជានយោបាយដាក់ឱ្យធ្វើអញ្ចឹង ហើយទៅកែលិខិតអីទៅ។ លិខិតូបករណ៍ ឬអនុក្រឹត្យស្អីៗ ពីមុនយើងតាក់តែង(ក្នុង)តថភាពពី ១០ ឬ១៥ ឆ្នាំ(មុន)។ ឥឡូវត្រូវធ្វើបែបនេះ។ រៀបចំទៅដើម្បីយើងអនុវត្ដឲ្យឆាប់កាន់តែល្អ។ សំរាប់ ២ឆ្នាំនេះចាប់ផ្ដើមអនុវត្ដកាន់តែឆាប់កាន់តែល្អ។
(១០) ធ្វើកិច្ចសន្យាការងារជូនលោក/អ្នកគ្រូកម្រិតវិទ្យាល័យចូលនិវត្ដ ដែលមានសុខភាពល្អនិងឆន្ទៈ
ចំពោះ លោក/អ្នកគ្រូ ចូលនិវត្ដន៍ថ្នាក់វិទ្យាល័យ យើងមានអនុក្រឹត្យលេខ ៣០៩ ហើយ ២០១៤ ដូចរឿងកិច្ចសន្យា(គ្រូ)បឋមអញ្ចឹង។ សូមគិតគូរបន្ថែមទៀត លោក/អ្នកគ្រូចូលនិវត្ដន៍ដែលគាត់ជំនាញ (បើ)គាត់នៅមានសុខភាពល្អ នៅមានឆន្ទៈ (យើង)កុងត្រាអោយគាត់ចូលបំពេញតែម្ដង តែសូមឲ្យច្បាស់លាស់កុំបំពេញកន្លែងដែលលើស … ប៉ុន្ដែបំពេញឲ្យកន្លែងដែលខ្វះ។ ឥឡូវប្រសិនបើយើងមិនបំពេញបែបនេះ លោក/អ្នកគ្រូ ដែលចូលនិវត្ដន៍ (ក៏គង់តែ)គាត់ទៅបំពេញ(តម្រូវការឯ)សាលាឯកជន។ យើងនឹងបាត់ធនធាន(មនុស្ស)។ ខ្ញុំសូមឲ្យបងប្អូនកុំយល់ច្រឡំថា ការកុងត្រាឲ្យលោក/អ្នកគ្រូចូលនិវត្ដន៍(មកបន្តការងារបង្រៀន) ជាការបើកប្រាក់ខែឌុបឲ្យគាត់។ មានអ្នកខ្លះឡើងសួរថា លោក/អ្នកគ្រូចូលរ៉ឺត្រែតហើយ គាត់បានប្រាក់រ៉ឺត្រែតហើយតើពេលដែលគាត់មកកុងត្រាបង្រៀន ត្រូវបើកប្រាក់ឌុបអោយគាត់ឬទេ? សូមបងប្អូនយល់អញ្ចេះ ទី១ ទោះមិនមកបង្រៀនក៏គាត់បានប្រាក់រ៉ឺត្រែតដែរ។ ទី២ បើទៅបង្រៀនសាលាឯកជន ក៏គាត់បានប្រាក់ខែពីសាលាឯកជន បូកនឹងប្រាក់រ៉ឺត្រែតដែរហ្នឹង។ អញ្ចឹងជាជាងឲ្យគាត់ទៅ(សាលាឯកជន) យកមក(ឲ្យ)បង្រៀនទៅ ដូចជា ៩០%នៃប្រាក់បៀវត្សរ៍ បូកប្រាក់រ៉ឺត្រែតរបស់គាត់ អាចច្រើន ហើយគាត់មានសមត្ថភាព បទពិសោធ ដែលអាចបន្ដជួយបាន។ ខ្ញុំសូមឲ្យជំរុញការងារនេះ។
(១១) ក្រសួងមុខងារសាធារណៈ និងអប់រំ សហការក្តាប់ទិន្នន័យគ្រូទូទាំងប្រទេស
ខ្ញុំសូមឲ្យគិតពីការបំពេញ(តម្រូវការគ្រូនេះ)។ កន្លងទៅ យើងធ្វើតាមផែនការ ដែលថ្នាក់ក្រោមតាមខេត្តស្នើមកចំនួនប៉ុន្មាន យើងមើល spreadsheet យើងដោះស្រាយឲ្យទៅ។ ខាងលើក៏យើងមើល មានអញ្ចឹងក៏យើងបែងចែកទៅ។ ខ្ញុំសូមឲ្យក្រសួងមុខងារសាធារណៈ ក្រសួងអប់រំដែលជាស្ថាប័នម្ចាស់ដើម ក្ដាប់ឲ្យបានទិន្នន័យគ្រូទូទាំងប្រទេស និងគិតពីលើផងដែរ។ គិតពីលើដើម្បីឲ្យដឹងថាដែលទូទាំងប្រទេសមានសាលាជាង ១ម៉ឺន បឋមសិក្សា ៨ពាន់ជាង វិទ្យាល័យ អនុវិទ្យាល័យហ្នឹង តើសាលាណាខ្វះគ្រូប៉ុន្មាន? ក្នុងមួយឆ្នាំយើងមិនអាចបំពេញទាំងអស់ទេ ប៉ុន្ដែយើងអាចដឹងថាសាលាណាខ្វះជាងសាលាណា។ ឧទាហរណ៍ថា សន្ទស្សន៍ឲ្យ ៣ ០០០ ដឹងថា រុញទៅកន្លែងណា ហើយរើសយ៉ាងម៉េច។ កុំឲ្យគេថា First come first serve ដោយថា ៣០០០ ដូចគ្នា អ្នកណាមកមុនខ្ញុំឲ្យទៅ។
កន្លងទៅ ខ្ញុំបានដឹងថានាយកដ្ឋានរបស់ក្រសួងអប់រំបានគិតគូរពីរឿងហ្នឹង។ ប៉ុន្ដែខ្ញុំថាឲ្យប្រើយន្ដការនេះដើម្បីយើងចង្អុលបង្ហាញ។ ជួនកាល សាលាមួយនេះខ្វះតែ ៣%ទេ នៅពេលដែលសាលាមួយនោះខ្វះ ២០% តែដោយសារសាលានេះនៅជិត គាត់ស្នើបានមុន។ ឥឡូវ យើងដាក់ទិសដៅហ្នឹង អ្នក២០% ស្នើយឺតស្នើក្រោយ (ប៉ុន្ដែ)ដៅឲ្យអ្នកហ្នឹង ព្រោះយើងអ្នកកណ្ដាល អ្នកចង្អុល បានន័យថាបុគ្គលិករបស់ក្រសួង ខាងធនធានមនុស្សរបស់ក្រសួង ក្ដាប់បានហើយចង្អុលបង្ហាញ ត្រូវធ្វើបែបនេះ។ គេហៅថា top down បូកជាមួយនឹងការស្នើសុំ។ នេះជាការគិតគូរ។ ខ្ញុំដឹងថា កន្លងទៅក្រសួង(បាន)ធ្វើហើយ។ យើងមិនអាចបំពេញដល់ ១០០%ទេ។ យើងត្រូវបំពេញដូចកងទ័ពអញ្ចឹង។ យើងដឹងទាំងអស់។ ខ្វះច្រើន ប៉ុន្ដែឥឡូវយើងដឹងថាត្រូវឲ្យទៅអង្គភាពណា ? ជួរមុខ ព្រំដែន ភូមិភាគប៉ុន្មានអីប៉ុន្មាន។ យើងដៅតែម្ដងព្រោះយើងដឹង …។
(១២) ការផ្ទេរគ្រូត្រូវមានលក្ខខណ្ឌ ដើម្បីបង្ការកុំអោយបាត់គុណភាពសិក្សារបស់សិស្ស
ទី២ ការផ្ទេរគ្រូ។ សូមឲ្យមានលក្ខខណ្ឌច្បាស់លាស់ និងស្រួលបួលបន្ដិច។ ឱ្យរាងតឹងបន្ដិចចុះ។ ផ្ទេរបុគ្គលិកសិក្សា បុគ្គលិកអប់រំ ផ្ទេរនាយករង ខ្ញុំមិនថាទេ ឬផ្ទេរនាយកក៏ខ្ញុំមិនសូវថាទេ ជួនកាលលក្ខខណ្ឌ ប៉ុន្ដែបើផ្ទេរគ្រូ ខ្ញុំសូមឲ្យមានលក្ខខណ្ឌបន្ដិច … មិនមែនបិទជិតទេ ប៉ុន្ដែដើម្បីមើលតុល្យភាព … ខ្ញុំសុំទោសលោក/អ្នកគ្រូទូទាំងប្រទេស ប៉ុន្ដែខ្ញុំក៏ត្រូវទទួលខុសត្រូវចំពោះឪពុកម្ដាយ។ ម្សិលម្ង៉ៃ ខ្ញុំទៅជួបប្រជាពលរដ្ឋ។ គាត់មិនដឹងខ្ញុំទៅទេ។ ជួបនៅលើភ្នំ នៅអន្លង់ធំហ្នឹង។ សួរមកក្រសួងអប់រំថាខ្វះគ្រូ។ អគារធ្វើបាន។ អញ្ចឹង ត្រូវរកវិធីដើម្បីដោះស្រាយ។ យើងរកវិធីដោះស្រាយទាំងគ្រូនៅកន្លែងនេះនិងកន្លែងណាដែលមាន។ គ្រូដែលមានគុណវុឌ្ឍិ (ប៉ុន្ដែ)ចូលនិវត្ដន៍ អញ្ជើញគាត់មកវិញតាមការស្ម័គ្រចិត្ត ចូលរួមបង្រៀនជំនាញបាន។ គ្រូដែលមានស្រាប់ ដើម្បីយើងធានាតុល្យភាពក្នុងការផ្ទេរទៅមក …។
បើ(យើង)បាត់បង់លោកគ្រូម្នាក់ ស្មើនឹងបាត់បង់គុណភាពសិស្សរាប់រយរាប់ពាន់នាក់ក្នុងរយៈពេលយូរ។ បាត់បង់សមត្ថភាព លទ្ធភាពរបស់ក្មេងច្រើននាក់។ ឧទាហរណ៍ មានគ្រូ ៥នាក់ សិស្សមួយថ្នាក់តែ ៤០ ទៅ ៥០ នាក់ទេ ស្រាប់តែលោកគ្រូ ២នាក់ ផ្ទេរចេញទៅបាត់ អញ្ចឹងក្នុងមួយថ្នាក់ត្រូវដំឡើងដល់ ១០០នាក់ ដោយសារខ្វះគ្រូ។ ហ្នឹងហើយ(ការគិតពី)គុណភាពនៃការអប់រំនោះ។ យើងត្រូវរើសមួយ សុខចិត្តថាលោក/អ្នកគ្រូ ថាឲ្យយើងតឹងចុះ ប៉ុន្ដែដើម្បីធានាគុណភាពអប់រំ យើងត្រូវពង្រឹងបែបនេះ។ លោក/អ្នកគ្រូទៅកន្លែងណាដែលបានក្របខ័ណ្ឌ ឬមួយប្រឡងអី សូមនិយាយគ្នាឲ្យច្បាស់ពីដើមទីតែម្ដង។ កុំថាទៅសិនតឹះ ចាំសុំផ្ទេរ(តាមក្រោយ)។ ដាក់ដំបូងទៅណាទៅៗ ចាំផ្ទេរឡើងមក(វិញ)។ និយាយដូចមានរឿងហ្នឹងកើតឡើង ដូចខ្ញុំដឹងពីណាមក(សើច)។ នេះជាការងារពិត។ យើងនិយាយលេងសើច ប៉ុន្ដែឪពុកម្ដាយដែលកង្វល់ពីកូន សុខចិត្តឲ្យកូនជិះម៉ូតូ ២០គីឡូម៉ែត្រទៅ ដោយសារកូនចង់រៀន …។
(១៣) ពន្លឿននីតិវិធីបញ្ចូលគ្រូស្ម័គ្រចិត្តមានគុណវុឌ្ឍិដើម្បីអនុវត្តកិច្ចសន្យាថ្មីនៅឆ្នាំ២០២៦
បញ្ហាដែលបានចុះជួបប្រទះផ្ទាល់ មិនមែនថាយើងមិនខិតខំដោះស្រាយទេ ប៉ុន្តែកំណើនប្រជាពលរដ្ឋមានល្បឿនលឿនជាងអ្វីដែលយើងអាចផលិតបាន។ អ្វីដែលយើងមាន ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាព កុំចាំធ្លាក់ពីលើមេឃ កុំចាំក្របខ័ណ្ឌលោកគ្រូថ្មីឱ្យបានគ្រប់សិន។ អ្វីដែលមានក្នុងដៃហ្នឹង ខិតខំធ្វើទៅ។ បើគ្រូស្ម័គ្រចិត្តនៅហ្នឹង ព្រោះផ្ទះគាត់នៅហ្នឹងអីនៅហ្នឹង គ្រាន់តែចាប់ផ្តើមអត់ទាន់មានគុណវុឌ្ឍិ រកវិធីបញ្ចូលគាត់ទៅ … នេះជាអ្វីដែលត្រូវគិតគូរ។ មិនមែនត្រូវគិតគូរទេ គឺឲ្យធ្វើតែម្តង។ ក្រសួងមុខងារសាធារណៈ ថ្ងៃនេះទាំងរដ្ឋមន្រ្តី ក៏អត់នៅ ឯកឧត្តម យក់ ប៊ុនណា ក៏អត់នៅ មួយនៅអឺរ៉ុបមួយនៅ New Zealand។ ប៉ុន្តែអត់អីទេ ខ្ញុំនិយាយតាមនេះគាត់មើលឃើញហើយ។ បើមើលមិនទាន់ live អ្នកណាបាញ់ឲ្យក៏បានដែរ។ ត្រូវធ្វើហើយឲ្យលឿន។ ខ្ញុំចង់បានឲ្យហើយឆ្នាំនេះ ដើម្បីយើងអនុវត្តនៅឆ្នាំ២០២៦ ទាំងកុងត្រាថ្មីតែម្តង។ កុំចាំយូរ។
បើបានលឿនជាងហ្នឹងទៀតក៏បានដែរ។ ឧទាហរណ៍ខ្ញុំប្រកាសថ្ងៃហ្នឹង កុងត្រាថ្មីចាប់ផ្តើមពីខែ ៤ទៅ (នោះក៏វា)មានទៅស្អី។ ត្រូវទេ? បើខ្ញុំប្រកាស(ពីការដំឡើងប្រាក់ឧបត្ថម្ភ)នៅនេះ ថ្ងៃ៥ ខែតុលា ដើម្បីដំឡើង ខែ១ គរុសិស្សបានទទួលបាត់ហើយ។ អ្នកណាខ្លះចូលរៀនតាំងពីមុនឡើងប្រាក់ឧបត្ថម្ភ? អញ្ចឹងមួយឆ្នាំនេះហោប៉ៅធ្ងន់ជាមុន។ មើលហោប៉ៅធ្ងន់ជាងមុនហ្នឹង សល់ច្រើនជាងមុនឬអត់ប្រចាំខែ? ស្រីៗអាចសល់ប៉ុន្តែប្រុសៗអត់សល់ទេ។ កាលបួនម៉ឺន កាហ្វេខ្មៅតែមួយកែវ ដល់ ៤០ម៉ឺន ទាល់តែ Starbucks ហើយមាន internet …។
(១៤) ការសិក្សាថែមម៉ោង ទទួលបានការស្វាគមន៍
ទី២ កម្មវិធីសិក្សា ជាពិសេសការបន្ថែមម៉ោង។ យើងបានអនុវត្តច្រើនហើយ។ យើងបានជំរុញជាង ១៤០ សាលា តែសាលាខ្លះទៀតបានធ្វើខ្លួនគាត់។ ខ្ញុំបានទៅសាលាសម្តេចឪ។ អនុវិទ្យាល័យហ្នឹង គ្រូគ្នាគាត់បន្ថែមម៉ោង ទោះបីជាអត់មានប្រាក់ឧបត្ថម្ភក៏ដោយ។ គាត់ស្ម័គ្រចិត្តខ្លួនគាត់។ កម្មវិធីថ្មីរបស់យើងហ្នឹងគឺត្រៀមថវិកាសម្រាប់លោកគ្រូនិងសាលាណាដែលចូលក្នុងកម្មវិធីហ្នឹង។ សាលាខ្លះកន្លងទៅបានតាមកម្មវិធីសមធម៌ដែលមាតាបិតាបានជួយ។ ឥឡូវរដ្ឋរុញកម្មវិធីនេះ ដើម្បីយើងម្ចាស់ការកម្រិតណាមួយ។ មិនបានច្រើនក៏ដោយ ប៉ុន្តែតាមស្តង់ដាសាលា យើងបានជួយដល់លោកគ្រូអ្នកគ្រូដែលបានថែមម៉ោង។ ការបន្ថែមម៉ោងសិក្សាចំណេញណាស់។ ខ្ញុំជួបប៉ុន្មានសាលា។ ថ្ងៃមុន ជាមួយនឹងឯកឧត្តម ហង់ជួន ណារ៉ុន នៅសាលាមួយនៅកំពង់ស្ពឺ ក្មេងដែលធ្លាប់តែល្ងាចឡើងបង្ហោះកង់ ឈប់បង្ហោះកង់ ទៅដល់ផ្ទះចេះដូរខោអាវ ម៉ោង២ មិនទាន់សុំម៉ែចូលរៀន។ ម្តាយថាលោកគ្រូអ្នកគ្រូថែមម៉ោងរៀនឲ្យគាត់។ បើយើងទុកពេលទំនេរក្មេងៗគាត់បង្ហោះកង់ … ឪពុកម្តាយរវល់ផងបានអ្នកណាមើលគាត់ តម្រង់ទិសគាត់។ នេះហើយការបន្ថែមម៉ោងរបស់យើង ទាំងឥរិយាបថ ទាំងសាលាទាំងអី។
(១៥) ប្រជាសាស្ត្រសិស្សកើនលឿនជាការកសាងអគារសិក្សា
យើងចង់បន្ថែមម៉ោងផ្តោតទៅលើគណិតវិទ្យា អក្សរសាស្រ្ត បំនិនជីវិត ឥរិយាបថ ហើយកន្លែងណាដែលមានលទ្ធភាព យើងបន្ថែមកុំព្យូទ័រឲ្យទៀត។ មិនទាន់មានទាំងអស់ទេ ដោយសារកន្លែងខ្លះយើងត្រូវគិតពីការថែទាំ តែហោចណាស់ក៏យើងមានការច្នៃប្រឌិតមួយចំនួន។ អញ្ចឹង ការបន្ថែមម៉ោងនេះ ក្រសួងអប់រំបានខិតខំហើយ។ យើងបានធ្វើ ដោយកន្លែងខ្លះនៅមានបញ្ហាខ្វះសាលា ខ្វះអគារ តែកន្លែងខ្លះគាត់ច្នៃរោងដោល ឬមួយអី … អត់ចាំបាច់មានអគាររឹងមាំទេ ព្រោះហ្នឹងជាការច្នៃប្រឌិតជាក់ស្តែង។ (ប្រើអ្វី)ដែលយើងមាន។ ប៉ុន្តែយើងក៏ត្រូវដាក់ទិសដៅ។ ឥឡូវមនុស្សកើនលឿនជាងកន្លែង(សិក្សា)។ ទី២ អគារដែលសម្តេចតេជោលោកសង់ ២ទសវត្សរ៍មុន ៣ទសវត្សរ៍មុន ចាប់ផ្តើមពុកផុយច្រើន។ ហ្នឹងក៏ជាបន្ទុកមួយដែលត្រូវរកវិធី(ជួសជុល) ជួនកាលយើងប្រើវិធី low-cost solution ដូចឯកឧត្តម សាយ សំអាល់ ធ្វើផ្ទះអតីតយុទ្ធជន។
ឥឡូវដល់ពេលគ្នាច្រើន ថវិកាតិច យើងច្នៃ low-cost ដើម្បីបានផ្តើមសិន … សូមអំពាវនាវ ហើយអរគុណចំពោះការចូលរួមរបស់សប្បុរសជនកន្លងទៅ ក៏ដូចដៃគូដែលបានបំពាក់ និងជួយការសង់បន្ថែម។ យើងនឹងបន្តតទៅទៀត ដើម្បីឲ្យបានដោះស្រាយបញ្ហានេះ។ ទោះជាយ៉ាងណា ហេដ្ឋារចនាសម្ព័ន្ធជារឿងមួយ តែបើមានការច្នៃប្រឌិតពីតួអង្គគ្រូ តួអង្គនាយក តួអង្គឪពុកម្តាយសិស្ស ទោះបីជាអត់ហេដ្ឋារចនាសម្ព័ន្ធក៏ច្នៃបានដែរ។ ជំនាន់ចេញពី ប៉ុលពត រៀនក្រោមដើមអំពិល រៀនសាលាវត្តអីៗហ្នឹង។ ការសិក្សាមិនមែនជាឧបសគ្គដោយការខ្វះអគារនោះទេ។ បើចាំទាល់តែធ្វើអគារបាន សិស្សនឹងអត់បានរៀន។ យើងច្នៃបណ្តើរៗ។ នេះជាការរួមគ្នាធ្វើ។ បើមានអគារល្អវាជួយ ប៉ុន្តែបើអត់អគារ ក៏ដោះស្រាយចំពោះមុខសិន។ មានអគារ តែខ្វះគ្រូ ខ្វះសិស្ស ខ្វះការចូលរួមពីឪពុកម្តាយដែលឲ្យកូនមករៀន ក៏ទៅមិនរួចទេ។ អគារសង់ចោលគគោក …។
(១៦) ហាមប្រើប្រាស់ទឹកប៉ូវកម្លាំងក្នុង និងក្រៅសាលា ព្រោះអាចបង្កជំងឺទឹកនោមផ្អែម
ចំណុចមួយទៀត គឺខាងសុខភាព។ ថ្ងៃមុន ទៅបុកគ្រឹះកសាងនូវមន្ទីរពេទ្យសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឲ្យគិតគូរជាពិសេសរឿងប្រើប្រាស់ទឹកប៉ូវកម្លាំងស្អីហ្នឹង មិនមែនតែក្នុងសាលាទេ សូម្បីតែក្រៅសាលាក៏ត្រូវណែនាំ តែក្មេងៗប្រើច្រើន។ នេះជារឿងមួយដែលប្រកាសអាសន្ន។ នេះគឺជារឿងរយៈពេលវែងសម្រាប់យើង។ ក្មេងៗ ដែលឥឡូវនៅក្នុងវ័យ ១០ ឬ២០ ឆ្នាំ ដល់អាយុ ៣០ឆ្នាំ ឬ ៤០ឆ្នាំ ក្លាយជាបន្ទុកហើយ។ ជំងឺទឹកនោមផ្អែមជាបន្ទុក មិនមែនជាទ្រព្យទេ។ សូមឪពុកម្តាយ ប្រជាជន លោកគ្រូ អ្នកគ្រូ អ្នកលក់ គិតគូរពីរឿងហ្នឹងផង។ ទៅមើលពេទ្យគន្ធបុប្ផា ក្មេងៗច្រើនណាស់ តូចៗ មានជំងឺទឹកនោមផ្អែម។ ពេលខ្លះពាក់ព័ន្ធទៅនឹងការយល់ដឹងរបស់ឪពុកម្តាយ។ ថ្ងៃមុន ជួបគ្រូពេទ្យម្នាក់នៅសិង្ហបុរី។ ស្គាល់គ្នា។ គាត់ប្រាប់ថា ចាំសង្កេតមើលប្រទេសដែលកំពុងអភិវឌ្ឍថ្មី មនុស្សអាយុ ៣០ទៅ ៤០ឆ្នាំ មានជំងឺទឹកនោមផ្អែមហើយ … ជួនកាលពេលកាលនៅក្មេង ឪពុកម្តាយចង់ឲ្យកូនផឹកទឹកដោះគោដើម្បីលូតឆ្អឹង។ ប៉ុន្តែកូនអត់ព្រមផឹកទឹកដោះគោសាប។ អញ្ចឹង ត្រូវទិញទឹកដោះគោមានជាតិស្ករឲ្យក្មេងផឹកដើម្បីលួង។ ហ្នឹងហើយជាបញ្ហា។ យើងចង់បានមួយជ្រុងឲ្យវាលូតឆ្អឹង ប៉ុន្តែពេលជាមួយគ្នាដាក់ជាតិស្ករទៅក្នុងខ្លួនក្មេង។ ទាំងកូនខ្ញុំក៏ដោយ តាំងពីក្មេងចូលចិត្ត ទោះប្រាប់យ៉ាងណាក៏អត់ស្តាប់ ទាល់តែពេទ្យប្រាប់បានស្តាប់។ ពិបាកនិយាយណាស់កូន។ អាងអីអាងម៉ែវា យើងម៉េចហ៊ានជាមួយម៉ែ។
ម្សិលមិញអង្គុយចរចាគ្នា ក្នុងសាលាអនុវិទ្យាល័យ ថាខ្វះទីតាំងធ្វើសាលា។ ប្អូនម្នាក់មានដីក្បាល ១៦ កន្ទុយ ៧០ ជាប់របងសាលា។ ខ្ញុំសុំទិញដីហ្នឹងដើម្បីធ្វើ។ គាត់ទិញ ៣០០០ ខ្ញុំថាខ្ញុំឲ្យ ៥០០០ដុល្លារ បើគិតមើលទិញមុនកូវីដ-១៩ ឥឡូវធ្លាក់ថ្លៃ ប៉ុន្តែខ្ញុំឲ្យចំណេញ។ គាត់ប្រុចទៅប្រាប់ប្រពន្ធកំពុងកូនខ្ចី។ មកវិញថាប្រពន្ធអត់ព្រម។ គាត់សុំទោសខ្ញុំ។ ខ្ញុំថាមិនបាច់សុំទោសទេ បងយល់។ ឥឡូវអ្នកណាហ៊ានជាមួយប្រពន្ធ? ប្រយ័ត្នតែប្រពន្ធអូនឯងខឹង បងទៅផ្ទះមានផ្ទះដេក ឯប្អូនឯងប្រយ័ត្នដេកក្រៅផ្ទះណា។ រឿងខ្លាចប្រពន្ធដូចតែគ្នាទេ … និយាយលេងសើច គ្មានឪពុកម្តាយណាដែលចង់ឲ្យកូនទឹកនោមផ្អែមទេ តែខ្វះការអប់រំ អត់សូវដឹង។ (និយាយពីសារតាម)ទូរស័ព្ទ បានដូរពីខាងក្រសួងអប់រំ ទៅជំងឺអេដស៍របស់ឯកឧត្តម អៀង ម៉ូលី។ ឲ្យតែចុចទៅឮជំងឺអេដស៍ហ្នឹងហើយ ចុចទូរស័ព្ទទៅស្អីណាជំងឺអេដស៍ត្រូវឆ្លងអីយ៉ាងម៉េច? ជួនកាលសារអប់រំចឹងៗយើងចេញឲ្យច្រើន ដើម្បីយល់។ យឺតមួយឆ្នាំ តើក្មេងប៉ុន្មាននាក់ដែលកើត។ អញ្ចឹងសូមជំរុញផ្សព្វផ្សាយឲ្យបានច្រើនដើម្បីយល់កិច្ចការនេះ។
(១៧) បញ្ចូលជាសាលាគំរូ/រៀនថែមម៉ោង បើមានលក្ខខណ្ឌនិងវិធីតាមដានគ្រប់គ្រាន់ មិនបាច់ចាំ គ.វ.អ
អញ្ចឹង យើងគិតទាំងសុខភាព ជាពិសេសរឿងពង្រឹងបឋមសិក្សានេះគឺផ្តោតលើការគ្រប់គ្រងគុណភាពថ្នាក់ដឹកនាំសាលា គុណភាពគ្រូ បើកច្រក ហើយបូកជាមួយកម្មវិធីសិក្សា និងការឧបត្ថម្ភដែលយើងអាចធានា។ តាមដែលខ្ញុំគិតមើល បើសិនជាយើងគុណគ្រូបឋមសិក្សាជាង ៨ ០០០ សាលាហ្នឹង បើឲ្យគាត់ថែមម៉ោងទាំងអស់គ្រប់សាលានេះ យើងចំណាយប្រហែលជា ៣០លានក្នុងមួយឆ្នាំ។ ហើយ ៣០លាន សម្រាប់បំប៉នគ្រូ ឲ្យបង្រៀនសិស្ស អត់ច្រើនទេ តិចណាស់។ សម្រាប់ឲ្យគ្រូអាចបង្រៀនបាន អាចថែមម៉ោងបាន ហើយឲ្យកូនសិស្សចូលសាលាថែម ២ម៉ោង តិចណាស់សម្រាប់ដែលយើងដែលត្រូវវិនិយោគ។ អញ្ចឹងនៅក្នុងការពង្រីកសាលា ១៤០នេះខ្ញុំសូមឲ្យក្រសួងអប់រំ កុំចាំកម្មវិធីចេញ។ ប៉ុន្តែឲ្យមើល សាលាណាដែលចង់ចូលហើយ ថែម២ម៉ោងហ្នឹង យើងទៅមើលលក្ខខណ្ឌ មិនបាច់ចាំកម្មវិធី គ.វ.អ (គណៈកម្មការធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា) ក៏បានដែរ ឲ្យតែចូលមកមានវិធីតាមដានគ្រប់គ្រាន់ យើងទម្លាក់ឲ្យទៅ។ ឥឡូវកន្លែងខ្លះគាត់ស្ម័គ្រចិត្តបង្រៀន អត់មានប្រាក់ឧបត្ថម្ភផង។ ឥឡូវទៅ ចំណាយលើគ្រូថែមម៉ោង សូមបងប្អូនផ្សេងទៀតកុំច្រណែន បង្រៀនកូន/ក្មួយយើងទេ។
(១៨) ដោះស្រាយពីអាយុជីវិត សុខភាព ចំណេះដឹង មុនហេដ្ឋារចនាសម្ព័ន្ធ
នេះជាអ្វីដែលយើងត្រូវច្នៃប្រឌិត។ ដាក់ថវិកាឲ្យចំ រវាងហេដ្ឋារចនាសម្ព័ន្ធនិងអាយុជីវិតប្រជាជន សុខភាពនិងចំណេះដឹង ត្រូវយកអាយុជីវិត សុខភាព ចំណេះដឹងឲ្យមុន ហេដ្ឋារចនាសម្ព័ន្ធអាចបន្ថយបន្តិចចុះ។ ថ្ងៃមុនខ្ញុំប្រាប់ឯកឧត្តម ប៉េង ពោធិ៍នា ថាផ្លូវដែលស្នើសុំនោះ សូមទុកសិន។ មិនមែនយើងមិនធ្វើទេ។ យើងជួសជុល មិនមែនថាយើងមិនគិតពីបងប្អូនហុយដីទេ។ ប៉ុន្តែទំហំថវិកានេះ យកមកបង្វិលធ្វើពេទ្យ ICU ឲ្យស្រុក ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ ៦០កន្លែង និងទឹកស្អាត។ ក្នុងរង្វង់មួយឆ្នាំ យើងនឹងធ្វើបន្តធ្វើតទៀត។ ខ្ញុំថាបើសិនជាត្រូវកាត់ផ្លូវ ១០០គីឡូ ឬមួយកាត់ផ្លូវ ២០ ឬ៣០ ឬ៥០ គីឡូម៉ែត្រសិន/ក្នុងមួយឆ្នាំ ហើយបង្វិលលុយទៅដាក់ក្នុងគម្រោងដែលជួយជីវិតមនុស្ស ជួយបង្កើនសមត្ថភាពអប់រំ យើងត្រូវហ៊ានធ្វើ។
នេះគឺការចាយថវិកាចំគោលដៅ។ ប៉ុន្តែ និយាយអញ្ចឹង មិនមែនបានន័យថា រដ្ឋអស់លុយទេ។ ខ្ញុំចង់និយាយពីការសម្រេចអាទិភាព។ ថវិកានៅកន្លែងហេដ្ឋារចនាសម្ព័ន្ធ មិនមែនថាបន្ថយ ៤០គីឡូហ្នឹង យើងបិទទាំងអស់ទេ។ ឆ្នាំនេះបានប៉ុន្មានគីឡូទូទាំងប្រទេស? ឆ្នាំនេះ គ្រាន់តែថវិកាចាយធ្វើផ្លូវថ្មី ៩០០គីឡូម៉ែត្រ ដែលខាងសាធារណការថែទាំនិងជួសជុលផ្សេងទៀត។ អញ្ចឹងមិនមែនបានន័យថា យើងមិនធ្វើទេ ប៉ុន្តែយើងក៏ត្រូវកំណត់អាទិភាព។ អញ្ចឹងហើយបានវិធានគន្លឹះ៥ ដែលខ្ញុំបង្កើត ជួយអន្តរាគមន៍បង្កើនបន្ថែមវិស័យដែលសំខាន់មានតែសុខាភិបាលនិងអប់រំ … ហ្នឹងទេ។
(១៩) នាយករដ្ឋមន្ត្រីដឹកនាំ គ.វ.អ ផ្ទាល់ ដើម្បីសម្របសម្រួលអន្តរាគមន៍ពិសេសនិងលឿន
ដែលចូលទៅដើម្បីអ្វី? ដើម្បីយកថវិកាបន្ថែមជួយ។ បើសិនជាមិនមានថវិកាក្នុងនេះទេ (វានឹងដាក់បន្ទុកលើថវិកាចំណែកក្រសួង)។ ថវិកាតាមក្រសួងមានប្រចាំឆ្នាំហើយ ប៉ុន្តែបើសិនជាត្រូវបន្ថែមសសរស្តម្ភលើបឋមសិក្សា ថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំដូចជាង ៩០០លានដុល្លារ ច្រើនជាងគេ គិតទាំងប្រាក់ខែគ្រូ ទាំងអី (វានឹងមានសម្ពាធលើថវិកានោះ)។ អញ្ចឹងសសរស្តម្ភមួយៗ មានតាមផែនការហើយ ប៉ុន្តែដើម្បីជំរុញ ការពង្រឹងមូលដ្ឋាននេះ ត្រូវការកម្លាំងពិសេសមួយទៀត។ ដើម្បីកុំឲ្យពិបាក នាយករដ្ឋមន្ត្រីចូល(ដឹកនាំ កម្មវិធី គ.វ.អ) ផ្ទាល់តែម្តង។ មិនមែនខ្ញុំទៅដឹកនាំផ្ទាល់ទេ។ យន្តការនេះ ឯកឧត្តម ហង់ជួន ណារ៉ុន មានគណៈកម្មការធ្វើការ។ បើសុខាភិបាលវិញ គឺរដ្ឋមន្ត្រីខ្លួនឯងជាអ្នកដឹកនាំ ជាលេខាធិការដ្ឋានដឹកនាំ គ្រាន់តែថាមានកញ្ចប់ពិសេសសំរាប់ពង្រឹងដូចថ្នាំទឹកនោមផ្អែម ដែលយើងយកថវិកាពិសេសបន្ថែមទៀត(មកដោះស្រាយ) កុំបេះពីសុខាភិបាល។
ទី២ គឺអន្តរាគមន៍លឿន។ បើសិនជាចាំប្រជុំ រវល់តែស្នើសុំនិតីវិធីចុះឡើង ទម្រាំទៅដល់ខ្ញុំ មិនថាដឹងស្ទះប៉ុន្មាន។ ឥឡូវឯកភាពគ្នាស្នើមកខ្ញុំៗស៊ីញ៉េ ក្រសួងស្ថាប័ន ទាំងហិរញ្ញវត្ថុទម្លាក់ឲ្យតែម្តងបានលឿន … នេះដែលខ្ញុំនិយាយពីអាទិភាព។ មិនត្រឹមតែអាទិភាពក្នុងការគិតនោះទេ មិនមែនអាទិភាពក្នុងការគូសវាសគោលនយោបាយ ឬមួយផែនទីបង្ហាញផ្លូវនោះទេ ប៉ុន្តែសំខាន់គឺអាទិភាពក្នុងការធ្វើ ហើយយន្តការដែលយើងបង្កើតនេះ មិនមែនយន្តការទៅជំនួសក្រសួងអប់រំទេ ប៉ុន្តែជាយន្តការបង្កើនសហថាមពល ដើម្បីទៅជួយសសរស្តម្ភឲ្យទាន់ពេលវេលា។ នេះជាអ្វីដែលយើងត្រូវធ្វើ។ ក្នុងវិស័យអប់រំ យើងនឹងបន្តបង្កើនកាំភ្លើងធំលើការពង្រឹងបឋមសិក្សាបន្ថែមទៀត។ មិនមែនថាយើងដកទុនពីអនុវិទ្យាល័យ វិទ្យាល័យ ឧត្តមសិក្សាមកទេ។ ក្រសួងអប់រំនៅតែធ្វើដដែល។ កុំច្រណែន កុំភ័យ។ យើងនឹងជំរុញកន្លែងនេះ(សិន) ព្រោះពេលវេលាជាសត្រូវរបស់យើង … ក្នុងមួយឆ្នាំដែលយើងខាត ក្មេងត្រូវខាតជីវិតគាត់មួយឆ្នាំ។ បើខាតធ្វើផ្លូវមួយឆ្នាំ ជិះរលាក់បន្តិច មិនអីទេ។ តែខាតរៀនសូត្រមួយឆ្នាំពិបាក។
កាលជំនាន់កូវីដ-១៩ សម្តេចតេជោ ត្រូវសម្រេចចិត្តថាឲ្យសិស្សជាប់ ឬមួយក៏ឲ្យឌុប នៅពេលដែលយើងរៀនតាមអនឡាញមិនសូវគុណភាពដូចរៀនពិត។ តែយើងគ្មានជម្រើស។ ពេលនោះសម្តេចតេជោបានឲ្យឡើងមួយថ្នាក់ ដើម្បីយើងពង្រឹងបន្ថែមទៀតនៅថ្នាក់បន្ទាប់ ជាជាងឲ្យក្មេងខាតមួយឆ្នាំនៃជីវិតរបស់គាត់។ យើងគ្មានជម្រើសទេ។ ជម្រើសគឺអាយុជីវិតក្មេង រវាងនិស្សិតជាទូទៅដែលចប់បាក់ឌូប្លិ៍អាយុ ១៨ឆ្នាំ និងអ្នកដែលត្រូវចប់ ១៩ឆ្នាំ ខុសមួយឆ្នាំយូរណាស់។ នេះហើយដែលត្រូវអន្តរាគមន៍បន្ទាន់ ជាប់ជាប្រចាំ នៅក្នុងវិស័យអប់រំ ជាពិសេសអន្តរាគមន៍លើបឋមសិក្សាជំហានមួយ បន្ទាប់ទៅពង្រឹងមធ្យម តាមផែនការដែលមានស្រាប់។
(២០) ការងារអប់រំបង្កើតមនុស្សមានសមត្ថភាព គុណវុឌ្ឍិ គុណធម៌ សីលធម៌
សូមលើកទឹកចិត្តឲ្យក្រសួងអប់រំ តាមយន្តការនិងផែនការដែលមានស្រាប់ និងដៃគូ បន្តពង្រឹងទាំងបឋមសិក្សា ទាំងមធ្យម ទាំងឧត្តមសិក្សា និងគ្រប់កម្រិត … មិនមែនតែបឋមសិក្សាដែលខ្ញុំនិយាយអម្បាញ់មិញទេ។ យើងធ្វើជាប់ជាប្រចាំ។ ខ្ញុំសូមអរគុណណាស់ចំពោះដៃគូទាំងអស់ ជាពិសេសវិស័យឯកជនដែលបានចូលរួម ហើយយល់នៅក្នុងសារៈសំខាន់នៃការនេះ។ ធ្វើការងារអប់រំ ខុសពី business ផ្សេង។ ធុរកិច្ចផ្សេង កសិកម្ម អចលនទ្រព្យផ្សេងៗខុសគ្នា។ យើងមានភារកិច្ចបង្កើតមនុស្សដែលមានសមត្ថភាព គុណវុឌ្ឍិ គុណធម៌ សីលធម៌ និងគុណភាពដើម្បីជួយជីវិតមនុស្ស។ ជីវិតមនុស្សមិនមែនតែសុខភាពទេ បើគាត់អត់សមត្ថភាព អត់មានឱកាស អត់ចាប់ឱកាសបាន ក៏ជីវិតមិនសូវរីកចម្រើនដែរ។ នេះជាសារៈសំខាន់ក្នុងវិស័យអប់រំ។ សូមអរគុណចំពោះការប្តេជ្ញាចិត្តពង្រឹងគុណវុឌ្ឍិ និងគុណភាពនៃការអប់រំ ចូលរួមជាមួយរដ្ឋ ដើម្បីរួមគ្នាពង្រឹងធនធានមនុស្ស មូលធនមនុស្សរបស់កម្ពុជា ដើម្បីជាតិយើងបានរីកចម្រើន និងម្ចាស់ការទៅមុខតទៅទៀតបានកាន់តែលឿន ហើយជាពិសេសក្នុងសម័យថ្មី AI នេះ។ ខ្ញុំសូមបន្ថែមប៉ុណ្ណេះ។
[ចប់សេចក្តីអធិប្បាយ១]
ដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំ និងមូលធនមនុស្សឱ្យបានកាន់តែរឹងមាំ ខ្ញុំសូមផ្តល់អនុសាសន៍ ដូចខាងក្រោម៖
ទី១. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រឹងអភិបាលកិច្ចសាលារៀន និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ, មានភាពបុរេសកម្ម, ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ
[ចាប់ផ្តើមសេចក្តីអធិប្បាយ២]
(២១) លុបមជ្ឈមណ្ឌលសិក្សាទំនើប ដើម្បីធានាភាពម្ចាស់ការរបស់រដ្ឋ និងចៀសវាងការបង្កើតប្រព័ន្ធ២
ចំណុចមួយទៀត ដែលខ្ញុំសូមថយមកវិញបន្តិច។ ចំណុចទី៣ គឺការចូលរួមពីសហគមន៍ និងអាណាព្យាបាល នេះគឺជាកិច្ចការសំខាន់ផងដែរ។ រឿងនេះវាពាក់ព័ន្ធទៅនឹងការរិះរកវិធីសាស្ត្រកន្លងទៅរបស់ក្រសួងអប់រំ ក្នុងការច្នៃប្រឌិត ដែលយើងរៀបយន្តការ និងរូបមន្តជាច្រើនក្នុងការរៀបចំសាលា ទាំងសាលាបឋម ទាំងសាលាមធ្យម។ យើងមានសាលាជំនាន់ថ្មី យើងមានសាលារូបមន្តសមធម៌ យើងមានមជ្ឈមណ្ឌលសិក្សាទំនើប យើងមានសាលាគំរូ ដែលសុទ្ធតែជាវិធីសាស្ត្រដើម្បីសម្រេចភារកិច្ច ក្នុងពេលដែលយើងមានធនធានកំណត់។ ខ្ញុំសូមអរគុណចំពោះការខិតខំច្នៃប្រឌិតបែបនេះ … យើងមិនអាចរង់ចាំទឹកភ្លៀងធ្លាក់ទេ យើងត្រូវច្នៃអ្វីដែលយើងមាន។ អញ្ចឹងខ្ញុំសូមអរគុណចំពោះការខិតខំទាំងអស់នេះ។
(ទី១) សាលាជំនាន់ថ្មីដែលយើងចាប់ផ្តើមដំបូងមានការចូលរួមបដិភាគពីអាណាព្យាបាល។ ឥឡូវរដ្ឋទទួលទាំងអស់ ១៤សាលាទូទាំងប្រទេស ហើយក៏មានគោលការណ៍រុញការងារនេះតទៅទៀត។ ទី២ សាលាសមធម៌ដែលមានការចូលរួមពីឪពុកម្តាយ តាមការស្ម័គ្រចិត្ត តាមកម្រិតណាមួយ។ ទី៣ សាលាមជ្ឈមណ្ឌលទំនើប។ ថ្ងៃមុនខ្ញុំឱ្យលុបវិញ។ នេះជាការខិតខំរៀបចំតាមភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីយើងដោះស្រាយបញ្ហា។ ប៉ុន្តែ ការរៀបចំនេះ មិនអាចដំណើរការទៅរួចទេ។ ខ្ញុំសូមផ្តល់គោលការណ៍ ហើយណែនាំបន្ថែមទៅក្រសួងអប់រំថា ធ្វើយន្តការអ្វីក៏ដោយ (ត្រូវយកចិត្តទុកដាក់ថា) ទី១ ធានាភាពម្ចាស់ការរបស់រដ្ឋនៅក្នុងការគ្រប់គ្រងមូលដ្ឋានរបស់ខ្លួន ១០០% … ដៃគូចង់ជួយអីជួយៗចុះ … ទី២ កុំបង្កើតប្រព័ន្ធ ២ ឬស្តង់ដា ២ ក្នុងសាលាតែមួយ …។
ខ្ញុំបានឱ្យគោលការណ៍ហើយ។ យើងសាកល្បង ១៨(សាលា) យើងដោះស្រាយបញ្ហាមួយ ដើម្បីជួយព្រោះវិស័យឯកជនគាត់ចង់ជួយ … ប៉ុន្តែផលវាបានមួយកំណាត់។ ហាក់ដូចជាយើងញែកសាលារបស់រដ្ឋមួយហ្នឹងទៅជាសាលា២ មានស្តង់ដា២ សិស្ស២ … ខ្ញុំសូមឱ្យលុបរូបមន្តនេះតែម្តង ហើយសូមមានការយោគយល់។ ទី១ ក្នុង ១៨សាលា យើងបានផ្អាក ១២ចុងក្រោយ។ ប៉ុន្មានសាលាដែលចាប់ផ្តើមឆ្នាំនេះ ដោយសារចេញផុតទៅហើយ ខ្ញុំឱ្យរៀនដល់ចប់ឆ្នាំចុះ។ ឆ្នាំក្រោយចូលវិញ សាលាដែលបានអនុវត្តប៉ុន្មាននោះ សូមចរចាដើម្បីទាញមក។ មិនអាចបង្កើតស្តង់ដា២ ក្នុងសាលាមួយបានទេ។ ហ្នឹងគឺត្រូវឱ្យច្បាស់។ ភាពជាដៃគូររវាងរដ្ឋនិងឯកជន PPP (Public-Private Partnership) មិនអាចយករូបមន្តណាដែលរដ្ឋបាត់ម្ចាស់ការនៅក្នុងមូលដ្ឋានរបស់រដ្ឋនោះទេ។ ខ្ញុំដឹងថាបងប្អូនមានឆន្ទៈក្នុងការជួយហើយ ប៉ុន្តែយើងយករូបមន្តផ្សេង សូមឱ្យកែតាមហ្នឹងចុះ ហើយកុំមានការរៀបចំបែបនេះទៀត ដើម្បី ទី១ កុំឱ្យបាត់ភាពម្ចាស់ការ។ មិនមែនតែក្រសួងអប់រំទេ។ ធ្វើការជាមួយដៃគូណាក៏ដោយ មិនអាចដោយដៃគូដឹកទេ។ យើងជាខ្មែរត្រូវម្ចាស់ការ ដឹកនាំគ្រប់គ្រងទៅលើផែនការ/គម្រោងរបស់យើង ហើយដៃគូមកជួយយើង តាមផែនការរបស់យើងវិញ។
មិនដូចពីឆ្នាំ១៩៩០ជាង ដែលយើងខ្វះ Capacity គេមកជួយធ្វើផែនការទេ។ យើងចេះធ្វើខ្លួនឯងហើយ។ ឧទាហរណ៍ កាលមុន ក្រសួងប៉ុន្មានហ្នឹង មានកសិកម្ម ធនធានទឹក អភិវឌ្ឍជនបទ ផែនការដាច់ៗគ្នា ធ្វើការជាមួយដៃគូដាច់ៗគ្នា។ ឥឡូវ ៣ហ្នឹង ត្រូវសហការគ្នាធ្វើផែនការមេរួម ហើយឱ្យដៃគូដែលជួយ ៣ក្រសួងហ្នឹង មកសហការតាមផែនការមេរបស់យើង។ នេះហើយគឺភាពម្ចាស់ការ ការពារឯករាជ្យ និងការទទួលខុសត្រូវរបស់យើង។ ធ្វើស្អីក៏ដោយត្រូវតែយើងម្ចាស់ការ។ គេចង់មកជួយ ជួយតាមផែនការខ្ញុំ។ បើអ្នកឯងបញ្ជាឱ្យធ្វើ មិនបាច់មកទេ។ ខ្ញុំអត់ត្រូវការទេព្រោះខ្ញុំជាអ្នកទទួលខុសត្រូវ ខ្ញុំជាអ្នកស្គាល់ប្រទេសខ្ញុំ។ មន្ត្រីរបស់ខ្ញុំមានសមត្ថភាព។ មិនមែនដៃគូរបស់យើងអត់ចេះទេ។ គាត់ដឹង ប៉ុន្តែគាត់ក៏អត់ដឹងពីអាទិភាពដែលយើងចង់បាន។ ខ្ញុំធ្លាប់ធ្វើការនៅធនាគារពិភពលោក … តែកាលណាយើងមិនមានភាពម្ចាស់ការ គេនឹងម្ចាស់ការហើយ។
អញ្ចឹងក្នុងវិស័យអប់រំកន្លងទៅ យើងធ្វើបានច្រើន ដូចរឿងកម្មវិធីធ្វើផ្ទះអីហ្នឹង គឺយើងម្ចាស់ការភាគច្រើន។ គេគ្រាន់តែជួយធ្វើផ្ទះធ្វើអីទេ តែយើងម្ចាស់ការ។ អំពីរូបមន្តមជ្ឈមណ្ឌលសិក្សាទំនើបនេះ … ប្រធាននាយកដ្ឋានបឋមសិក្សាមកទេ? ចាត់ចែងហើយឬ? លុបហើយណា។ អញ្ចឹងចាំគោលការណ៍ទៀត។ គឺមិនឱ្យមានស្តង់ដា២ ក្នុងសាលាតែមួយទេ។ មូលដា្ឋនរបស់រដ្ឋត្រូវតែជារបស់រដ្ឋ ហើយបើវិស័យឯកជនចូលរួមកម្រិតណា យើងត្រូវថែរក្សាគោលដៅទាំង២ នេះ។ គាត់ជួយអីរឿងមួយ ប៉ុន្តែការចូលតាមរូបមន្តនេះយើងកុំឱ្យមានទៀត។ មិនមែនគាត់អាក្រក់ទេ មិនមែនគោលដៅនេះអាក្រក់ទេ សុទ្ធតែគោលដៅធ្វើម៉េចយើងចង់ដោះស្រាយបញ្ហាចំពោះមុខដែលថវិកាមានកំណត់ … ខ្ញុំយល់។ ប៉ុន្តែ ខ្ញុំសូមអភ័យទោស។ ខ្ញុំយល់ខុសពីហ្នឹង។ ទិសដៅតែមួយដូចគ្នាទេ គឺពង្រឹងវិស័យអប់រំរបស់សាលារដ្ឋឱ្យកាន់តែរឹងមាំ ធ្វើតាមវិធីសាស្ត្រយើង មានម្ចាស់ការ រដ្ឋម្ចាស់ការ ការចូលរួមពីវិស័យឯកជន ដោយយើងជាអ្នកដាក់ចេញគោលនយោបាយដើម្បីឱ្យមានការចូលរួម។ ខ្ញុំសុំប៉ុណ្ណឹង។ សុំបញ្ជាក់រឿងហ្នឹងផង។ ខ្ញុំស្វាគមន៍ការចាប់ដៃគូរវាងសហគមន៍ និងរដ្ឋដើម្បីជួយក្នុងវិស័យអប់រំនោះ។ សូមគាំទ្រនិងជូនពរ ហើយអំពាវនាវទៅដល់មាតាបិតា ដែលកន្លែងខ្លះគាត់ម្ចាស់ការធ្វើ ដូចនៅសាលាព្រៃឈរ។ អត់មានអ្នកណាទៅធ្វើទេ តែ ឯកឧត្តម កើត រិទ្ធ ចលនាទៅអតីតសិស្សចេញពីព្រៃឈរសុទ្ធតែឪពុកម្តាយមានលទ្ធភាព ប៉ុន្តែអតីតសិស្សសុទ្ធតែឧកញ៉ា។ ឥឡូវគាត់ទៅធ្វើ។ គាត់ថាសាលាខ្ញុំរៀនដែរ ផ្តាច់មុខអីតែ ឯកឧត្តម កើត រិទ្ធ។ បើគាត់ធ្វើ ១ជាន់ យើងធ្វើ ២ជាន់ អ្នកមួយទៀតថាអញ្ចឹងខ្ញុំធ្វើ ៣ជាន់។ យើងស្វាគមន៍ទាំងអស់។
(២២) យន្តការផ្ការីក កសាងសាលានិងការសហការរវាងឪពុកម្តាយនិងគ្រូ អប់រំកូនចៅជាធនធានសម្រាប់ប្រទេសជាតិ
កន្លែងណាដែលរដ្ឋត្រូវអន្តរាគមន៍យើងអន្តរាគមន៍។ ឪពុកម្តាយមិនចាំបាច់ចូលរួមជាថវិកា តែជាកត្តាកំណត់ចូលរួមជាកម្លាំងចិត្ត ចូលរួមការគាំទ្រអប់រំកូនចៅឱ្យផង។ សាលាដែលយើងសាកល្បងចំនួន ៤២ កាលពីឆ្នាំទៅ បានជោគជ័យ ដោយសារឪពុកម្តាយឃើញកម្មវិធីហ្នឹងកូនៗទៅដល់ផ្ទះ (មានការប្រែប្រួលជាវិជ្ជមាន) … សំពះយូរៗ ធ្លាប់ ងើបឡើងបត់ភួយ តែអត់បត់ភួយប្រាប់គ្រូ។ រឿងនេះសំខាន់ណាស់។ បើសិនជាគ្មានការទុកចិត្តរវាងឪពុកម្តាយ អាណាព្យាបាលជាមួយគ្រូទេ ការអប់រំអត់ទៅទេ។ ខ្ញុំតែងតែលើករឿងមួយនៅតាខ្មៅ។ មិនទាន់បានស្អីផង កូនសិស្សទៅលេងពេញសាលា។ ដល់គ្រូដាក់ពិន័យ ទៅដល់ផ្ទះប្រាប់ម៉ែ។ ម៉ែទៅលុតគ្រូដោយមិនទាន់ដឹងរឿង។ ដល់ទៅដឹងរឿង ម្តាយបានសុំទោសគ្រូ។ ចុះបើយើងមានទំនាក់ទំនងពីមុនទៅ យើងដឹងរឿងជួយគ្នាទៅ សិស្សនឹងលែងហ៊ាន។ ពីក្មេង ហែកកេរ្តិ៍ខ្លួនឯងទៅចុះ ត្រូវរំពាត់ក៏ត្រូវដែរទេ។ ហ៊ានតែត្រូវរំពាត់ពីសាលា ដល់ផ្ទះហ៊ានតែប្រាប់ម៉ែប្រាប់ពុក គាត់អត់មានសួរទេត្រូវថ្មោងថែម។ គាត់ថាគាត់ជឿគ្រូ។ ពេលខ្លះផ្តៅគ្រូដាក់ថតតុ។ មានអ្នកឆ្លាតទៅលួចផ្តៅគ្រូ។ គ្រោះថ្នាក់ធំ។ ត្រូវទាំងអស់គ្នា។ ឥឡូវអត់មានវាយទេ។
អ្វីដែលខ្ញុំចង់និយាយ មិនបាច់ចាំវាយទេ ចង់គ្រូដាក់ទណ្ឌកម្ម ឬមួយគ្រូបន្ទោសយ៉ាងម៉េចក៏ដោយ តែទៅប្រាប់ឪពុកម្តាយ ត្រូវឪពុកម្តាយជឿព្រោះគាត់និងគ្រូស្គាល់គ្នាដូចមិត្តភក្តិដែលរួមគ្នាកសាងកូន។ ឥឡូវសាលាដែលខ្ញុំបង្កើត យន្តការនេះគឺធ្វើម៉េចឱ្យមានគ្រុបឪពុកម្តាយជាប់តែម្តង។ សិស្សតែអត់ទៅរៀនគ្រូដឹងភ្លាម … ព្រោះអត់ចូលសាលា។ តែគ្រូដឹងភ្លាម ឪពុកម្តាយត្រូវដឹងភ្លាម។ អញ្ចឹងបង្កើតទំនុកទុកចិត្ត អត់ចាំបាច់អស់លុយទេ។ ត្រូវការតែការចូលរួម ហើយសំខាន់បានផល។ នេះជាកត្តាដែលត្រូវជំរុញបន្តទៀត។ យើងហៅថាផ្ការីកនោះ មិនមែនផ្ការីកដើម្បីប្រមូលគ្នាផ្តួលរដ្ឋាភិបាលទេ។ ផ្ការីកដើម្បីកសាងសាលា ជំរុញឪពុកម្តាយជាមួយគ្រូសហការគ្នា កសាងកូនយើង កសាងក្មួយយើង កសាងចៅយើង ឱ្យទៅជាធនធានល្អសម្រាប់ប្រទេសជាតិ។ ហ្នឹងហើយផ្ការីកដើម្បីអភិវឌ្ឍក្នុងសុខសន្តិភាព។ ធនធានមនុស្សត្រូវតែអប់រំ សប្បាយក៏សប្បាយ ប៉ុន្តែកុំឱ្យសប្បាយលើសព្រំដែន កុំឱ្យសប្បាយចោលការសិក្សា។ អញ្ចឹងត្រូវបង្កលក្ខណៈឱ្យគាត់ត្រូវមានម៉ោងរៀន ត្រូវមានឪពុកម្តាយជួយណែនាំគ្នា តាមគ្នា នេះហើយគឺជាកិច្ចការសំខាន់។ អញ្ចឹងខ្ញុំត្រឡប់ទៅចំណុចអនុសាសន៍វិញ។
[ចប់សេចក្តីអធិប្បាយ២]
២. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សា ដើម្បីបំពេញតម្រូវការនាពេលអនាគត ដោយធ្វើបច្ចុប្បន្នភាព និងធ្វើទំនើបកម្មកម្មវិធីសិក្សា ដើម្បីឱ្យឆ្លើយតបតម្រូវការទីផ្សារការងារនាពេលអនាគត, រួមទាំងការគិតពិចារណា, ការដោះស្រាយបញ្ហា, ការច្នៃប្រតិដ្ឋ និងការសហការ រួមបញ្ចូលការអភិវឌ្ឍជំនាញទន់ ស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់អ្នកសិក្សា។
ទី៣. សូម លោកគ្រូ អ្នកគ្រូ និង បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ត្រូវសហការរិះរកវិធីសាស្រ្តបង្រៀន វិធីសាស្រ្តរៀន និងវិធីសាស្រ្តវាយតម្លៃថ្មី ដែលអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិត ប្រកបដោយការត្រិះរិះពិចារណា និងចេះដោះស្រាយបញ្ហាទាក់ទងនឹងជីវិតប្រចាំថ្ងៃ។
ទី៤. ក្រសួងអប់រំ យុវជន និងកីឡា និង អង្គភាពក្រោមឱវាទ ត្រូវបន្តកែទម្រង់គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូ ដោយត្រូវលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនចេញថ្មី និងបន្តធ្វើវិក្រឹតការគ្រូបង្រៀន ឱ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន រួមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងផ្តល់ឧបករណ៍គាំទ្រចាំបាច់ ស្របតាមតម្រូវការ ក្នុងការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល។ គ្រូបង្រៀន គឺជាបេះដូងនៃប្រព័ន្ធអប់រំ។ ក្នុងន័យនេះ តាមរយៈការពង្រឹងជំនាញរបស់គ្រូបង្រៀន យើងនឹងធានាបាននូវការអប់រំប្រកបដោយគុណភាព និងភាពច្នៃប្រតិដ្ឋថ្មី និងការផ្សារភ្ជាប់គំនិតច្នៃបង្កើតទាំងនោះ ទៅនឹងជីវភាពជាក់ស្តែង។
ទី៥. ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវបន្តអភិវឌ្ឍការអប់រំឌីជីថល ដោយត្រូវបន្តធ្វើសមាហរណកម្មវិស័យបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត, បំពាក់បន្ទប់ពិសោធន៍ឌីជីថល, ភ្ជាប់បណ្តាញអគ្គិសនី និងអ៊ីនធឺណិតនៅតាមគ្រឹះស្ថានសិក្សា, លើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន, បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀននិងរៀន, កែលម្អមាតិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
ទី៦. មន្ទីរអប់រំ យុវជន និងកីឡា, ការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងគណៈគ្រប់គ្រងសាលារៀន ត្រូវបន្តសហការក្នុងការលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា និងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា, សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា រៀបចំបន្ទប់សុខភាពស្តង់ដា, បរិស្ថានសាលារៀនបៃតង, សាលារៀនស្អាតគ្មានសំរាម និងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ។ សាលារៀនត្រូវតែជាកន្លែងសុវត្ថិភាពដែលចិញ្ចឹម,ទាំងការសិក្សា និងការលូតលាស់ផ្លូវចិត្ត ដោយត្រូវបញ្ចូលទាំងកម្មវិធីអប់រំសុខភាពផ្លូវចិត្ត និងសុខុមាលភាពនៅក្នុងសាលារៀន។
ទី៧. មន្ទីរ និងការិយាល័យ ក្រោមឱវាទ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលារៀន ត្រូវសហការជាមួយ ភាគីពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ជំរុញភាពជាដៃគូសាធារណៈ និងសហគមន៍ក្នុងការអប់រំ ដោយចាប់ផ្តើមអនុវត្តនៅតាមសាលារៀនគំរូ និងសាលារៀនគោលដៅ គវអ ដោយត្រូវបន្តធ្វើសុខុដុមនីយកម្ម និងរៀបចំសេចក្តីណែនាំអនុវត្ត ឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងបំផុសស្មារតីចូលរួមគោលការណ៍ ស្ម័គ្រចិត្ត បង្កើតទំនាក់ទំនងល្អរវាងមាតាបិតាសិស្ស និងគ្រូបង្រៀន ដើម្បីផ្តល់ព័ត៌មាន និងជួយគ្នាទៅវិញទៅមកអំពីការអប់រំសិស្ស និងលើកទឹកចិត្តសិស្សឱ្យបង្កើនស្វ័យសិក្សាកាន់តែច្រើន។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(២៣) ចេញនយោបាយសមល្មម ឆ្លើយតបជាក់ស្តែង មានយន្តការបង្ហាញផ្លូវ តាមដានអនុវត្តនិងវាយតម្លៃ
ចំណុចនេះ ខ្ញុំសូមឱ្យយកចិត្តទុកដាក់ មិនមែនតែក្រសួងអប់រំទេ។ គ្រប់ក្រសួងទាំងអស់។ រាល់គោលការណ៍ដែលយើងចេញ មិនបាច់ចេញច្រើនទេ ចេញតែមួយចំនួនឱ្យវាឆ្លើយតបទៅតាមការពិត និងការយកចិត្តទុកដាក់ចាត់តាំងអនុវត្ត។ មានគោលការណ៍ណែនាំរៀបចំសាលា ប៉ុន្តែឱ្យសាលាធ្វើអី ត្រូវមានយន្តការសម្រាប់ជួយគាត់ បង្ហាញផ្លូវគាត់ តាមដានការអនុវត្តនិងវាយតម្លៃ។ សុខចិត្តចេញមួយចំនួន ប៉ុន្តែឱ្យគាត់ចេះធ្វើ នេះគឺជាកិច្ចការសំខាន់។ ក្រសួងអប់រំបានធ្វើ និងសូមបន្តធ្វើ។ មិនខ្វះទេ គោលការណ៍ គោលនយោបាយ។ ជួនកាលគោលនយោបាយ ៥០០សន្លឹក ប៉ុន្តែគន្លឹះដែលធ្វើឱ្យគោលនយោបាយនោះទៅរួច ឬមិនរួច វាស្ថិតលើកាលវិភាគច្បាស់លាស់ ធ្វើស្អីតែប៉ុន្មានជំហានតែប៉ុណ្ណឹង។ ធ្វើឱ្យចំគោលដៅ។ បើយើងធ្វើសសរស្ដម្ភប៉ុន្មានជំហានហ្នឹងឱ្យតែចំគោលដៅទៅ គោលនយោបាយហ្នឹង(ទៅដោយ)ស្វ័យប្រវត្តិហើយ។ ការចាត់តាំងអនុវត្ត ការដាក់ចេញនូវអាទិភាពការងារសម្រេចផែនទីបង្ហាញផ្លូវ ការច្បិចយកសសរស្ដម្ភជាអាទិភាព ចាត់តាំងធនធានមនុស្ស ធនធានថវិកា យន្តការតាមដានត្រួតពិនិត្យ និងជំរុញជាប្រចាំ ហ្នឹងជាជោគជ័យ…។
(២៤) គោលការណ៍ដែលរសើប ប៉ះពាល់ប្រជាពលរដ្ឋ ត្រូវឱ្យមន្ត្រីយល់ច្បាស់និងអនុវត្តមានព្រំដែន
បើសិនជាយើងមានគោលការណ៍ណែនាំ ហើយអត់មានគន្លឹះនៅក្នុងការធ្វើ វាពិបាក។ កុំគិតថាអ្វីដែលក្រុមការងារតាក់តែងសេចក្ដីណែនាំនេះ ថ្នាក់ក្រោមយល់។ កុំគិតឱ្យសោះ។ ជួនកាលចូលប្រជុំជាមួយគ្នា ជជែកគ្នា ទៅវិញ សរសេរ យកទៅដល់រាយការណ៍ឱ្យរដ្ឋមន្ត្រីខ្លួនឯង ពន្យល់ខុសផង ទម្រាំតែយើងចេញក្ដីណែនាំយកទៅអនុវត្តទៀត … ជាពិសេសគោលការណ៍អ្វីក៏ដោយដែលរសើប ប៉ះពាល់ជាមួយប្រជាពលរដ្ឋត្រូវប្រាកដ។ ត្រូវឱ្យមន្ត្រីដែលអនុវត្តយល់ច្បាស់ អនុវត្តមានព្រំដែន។ នេះជាកិច្ចការដែលត្រូវ(ធ្វើ) សាមញ្ញ ចំគោលដៅ កុំវែងពេក។ នេះមិនមែនតែក្រសួងអប់រំទេ។ គ្រប់កន្លែង។ គិតមើល គោលនយោបាយខ្លះសរសេរ ៣ឆ្នាំ ៥០០ទំព័រ ដល់ពេលឱ្យគោលនយោបាយហ្នឹងដើរ ត្រូវការ ៥ជំហានគត់ ហើយមួយជំហានត្រូវការសកម្មភាព ២ ឬ៣ ដែលជាសសរស្ដម្ភនីមួយៗអោយជោគជ័យ។ នេះដែលខ្ញុំថា កុំមើលងាយការងារតូចៗ។ ស្លឹកឈើមួយសន្លឹកៗ ធ្វើឱ្យស្ទះលូបាន។ បើដោះអាតូចៗហ្នឹង(បាន) ចំគោលដៅ ហើយរលូន …។
ឧទាហរណ៍ ក្រសួងពាណិជ្ជកម្ម បើនិយាយពីធ្វើគោលនយោបាយឱ្យប្រព័ន្ធបរិយាកាសធុរកិច្ចកាន់តែល្អ ជួនកាលវាស្ទះនៅកន្លែងចុះឈ្មោះ។ ដោះអាហ្នឹង កុំឱ្យវាយូរ កុំឱ្យវាថ្លៃពេក ផ្នែកផ្សេងវាទៅខ្លួនឯង។ អញ្ចឹងបានគេថា ធ្វើផ្លូវមួយសកម្មភាពសេដ្ឋកិច្ចដុះហើយ។ ឥឡូវយើងខំទៅអភិវឌ្ឍអ្វីក៏ដោយ តែយើងអត់ធ្វើផ្លូវ មិនងាយដុះទេ។ ធ្វើអូតែលក៏ដោយ តែអត់ធ្វើផ្លូវ អត់ដុះទេ។ តែបើយើងដាក់លុយធ្វើតែផ្លូវ អូតែលជួនកាលដុះខ្លួនឯងដោយមិនចាំបាច់(ធ្វើ)។ បើសម្រេចចិត្តធ្វើអីអោយចំគោលដៅ តាមដានត្រួតពិនិត្យ ធ្វើឱ្យចេញទៅ … ទៅលើភ្នំគូលែន ក្រៅពីប្រាសាទមានកន្លែងលោតទឹក។ មានប្រាសាទប៉ុន្មានទៀត។ ខ្ញុំទៅដំរីក្រាប ស្រះដំរី … កន្លែងហ្នឹងមានផលិតផលទេសចររួចទៅហើយ។ ប្រជាពលរដ្ឋធ្វើរួចទៅហើយ។ ដោយសារលំបាកផ្លូវ គ្រាន់តែខ្ញុំជិះទៅចង់គ្រេចចង្កេះ … អត់ចាំបាច់ធ្វើអ្វីច្រើនទេ។ យើងឈូសតែផ្លូវ រៀបចំឱ្យស្រួល កុំអោយបាត់ហេដ្ឋារចនាសម្ព័ន្ធ បន្តឱ្យទៅដើរបាន។
ឯកឧត្តម សាយ សំអាល់ ឧស្សាហ៍លើករឿងនៅឆ្នេរអង្កោល។ ភូមិនៅខាងមុខជាភូមិនេសាទ។ បង្កើតរួចហើយ ចាំបាច់ទៅរៀបអីទៀត។ អ្វីដែលចាំបាច់តតែផ្លូវឱ្យគាត់ទៅ ភ្ញៀវទេសចរទៅគាត់រកស៊ីខ្លួនឯងហើយ។ អប់រំក៏ដូចគ្នា។ ជួនកាល ពង្រឹងវិស័យអប់រំ មិនត្រូវការច្រើនទេ ថែមតែលុយប៉ះប៉ូវម៉ោងឱ្យគ្រូ ជួយគាត់នៅក្នុងការបំពាក់សម្ភារៈរៀនបន្តិចបន្តួច ធ្វើរោងអស់បន្តិចបន្តួច ចំណាយតែប៉ុណ្ណឹង បានផលមកវិញច្រើនជាងយើង(យក)រាប់រយលានទៅធ្វើអគារ … (តែអត់សូវមានប្រសិទ្ធភាព)។ ឧទារហណ៍បន្តិចៗប៉ុណ្ណឹង។ នេះជាចំណុចដែលត្រូវក្ដាប់ឱ្យបាន។ បញ្ហាតូចប៉ុន្តែចំគោលដៅសំខាន់។ ដូចអ្នកចេះ Kung Fu អញ្ចឹង។ ចុចតែជីពចរមួយដួល។ ដឹងមែនឬមិនមែនទេ …។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៨. ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពក្រោមឱវាទ និងភាគីពាក់ព័ន្ធក្នុងសហគមន៍ មាតា បិតា និងអាណាព្យាបាល ត្រូវសហការក្នុងការបន្តដើម្បីជួយ “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ”, សំដៅឆ្លើយតបបានទៅនឹងឱកាសការងាររួមទាំងការបណ្ដុះបណ្ដាលមនុស្សឱ្យស្របទៅហ្នឹងឱកាសការងារ និងភាពរឹងមាំនៃសង្គម។
ទី៩. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ, កាយសម្បទាមាំមួន, ឆន្ទៈមោះមុត, អំណត់ព្យាយាម, មានវិន័យ, មានស្មារតីក្រុម, គំនិតច្នៃប្រតិដ្ឋ, និងមានការតស៊ូស្វិតស្វាញ។ ជាមួយនេះ ត្រូវពង្រឹងការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា, ពង្រឹងយន្តការ ដែលមានស្រាប់រួមទាំងសហព័ន្ធកីឡា, ការអភិវឌ្ឍហេដ្ឋារចនា-សម្ព័ន្ធកីឡា, ការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកទឹកចិត្ត ដែលជាកត្តាចម្បងក្នុងការបង្កើនប្រសិទ្ធភាព និងគុណភាពនៃការត្រៀមខ្លួនរបស់ អត្តពលិក, និងការពង្រឹងគុណភាពនៃការប្រកួតកីឡាគ្រប់កម្រិត។
ទី១០. ក្រសួងអប់រំ យុវជន និងកីឡា បន្តសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ, ការងារគោលនយោបាយ និងផែនការអប់រំ, រួមទាំងផែនការនៅកម្រិតមន្ទីរអប់រំ យុវជន និងកីឡា និងផែនការសាលារៀន ឆ្ពោះទៅដោះស្រាយបញ្ហារបស់សាលារៀន ឱ្យបានពេញលេញ និងប្រទាក់ក្រឡា។
ទី១១. ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវ សហការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និងគណិតវិទ្យា នៅគ្រប់កម្រិត ដើម្បីរៀបចំសិស្សឱ្យទទួលបាននូវបំណិនសតវត្សរ៍ទី ២១, ជាពិសេស ជំរុញការបំពាក់បំប៉នជំនាញ និងបច្ចេកវិទ្យាដែលជាតម្រូវការទីផ្សារការងារ និង ធុរកិច្ច ពង្រឹងការបណ្តុះបណ្ដាល និងការផ្លាស់ប្តូរជំនាញ ស្របនឹងតម្រូវការទីផ្សារការងារ។
ទី១២. គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវពង្រឹងគុណភាពសិក្សាឱ្យកាន់តែ ខ្ពស់ ដើម្បីបង្កើតមូលធនមនុស្ស បញ្ញាជាតិ និងឃ្លាំងពុទ្ធិសកល ដោយយកចិត្តទុកដាក់លើគុណវុឌ្ឍិសាស្ត្រចារ្យ ជីវភាពសាស្ត្រាចារ្យ និងបុគ្គលិកសិក្សា, ផ្តល់អាហា-រូបករណ៍ដល់និស្សិតក្រីក្រ និងនិស្សិតពូកែ, រៀបកម្មវិធីណែនាំនិស្សិតនូវមាគ៌ាអាជីព (Career Path) និងបង្កើតភាពជាដៃគូជាមួយឧស្សាហកម្មនានា ដើម្បីផ្តល់ការ- បណ្តុះបណ្តាលឱ្យស្របនឹងតម្រូវការការងារជាក់ស្តែង។
ទី១៣. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងការអប់រំបច្ចេកទេស និងដាក់ឱ្យអនុវត្ត “គន្លងអប់រំ” តាមច្រកចំនួន ៣ គឺ គន្លងវិទ្យាសាស្ត្រពិត គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងអប់រំវិជ្ជាជីវៈ នៅតាមសាលារៀន ដើម្បីផ្តល់ឱ្យសិស្សានុសិស្ស និង យុវជននូវមាគ៌ាផ្សេងៗគ្នា ទៅកាន់អាជីពជោគជ័យ។
ទី១៤. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្កើនសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់, ទាំងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន, និង ពង្រឹងការវាយតម្លៃលើកម្មវិធីបណ្តុះបណ្តាល និង ការវាយតម្លៃលើការសិក្សាស្រាវជ្រាវថ្នាក់ក្រោយ បរិញ្ញាបត្រ, ជាពិសេស ថ្នាក់បណ្ឌិត ដើម្បីធានាថា កម្មវិធីសិក្សាផ្តល់ឱ្យនិស្សិតនូវ ចំណេះដឹងគ្រប់គ្រាន់, ទាំងទ្រឹស្តី និងសមត្ថភាពស្រាវជ្រាវ, សម្រាប់ឱ្យការស្រាវជ្រាវ របស់និស្សិតសម្រេចបានជោគជ័យខ្ពស់, មានលក្ខណៈវិទ្យាសាស្ត្ររឹងមាំ (Evidence-based Results), អាចអនុវត្តបាន និងសម្រាប់ជាធាតុចូល ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា ក៏ដូចជា សម្រាប់ប្រទេសដទៃទៀត ដែលមានកម្រិតអភិវឌ្ឍន៍ប្រហាក់ប្រហែលកម្ពុជា។
មុននឹងបញ្ចប់, ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លានេះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិយើង និងសូមអបអរសាទរនូវសមិទ្ធផលការងារទាំងឡាយ ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាននាពេលកន្លងទៅ។
ជាទីបញ្ចប់, ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥», ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី, បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអង្គសន្និបាត, សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ សម្រេចបានជោគជ័យក្នុងគ្រប់ ការងារ និងសូមប្រកបដោយពុទ្ធពរ និងពរ ទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។ សូមអរគុណ៕