ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំព្រះតេជគុណ សាមណៈ និងស្សិតជ័យលាភីគ្រប់គ្រព្រះអង្គ ជាទីសក្ការៈ;
ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល
ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ សៅអ៊ីសថ៍អេសៀ និងគណៈធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា និស្សិតជ័យលាភីនិងតំណាងក្រុមគ្រួសារនិស្សិត ទាំងអស់ ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូនប្អូនៗ ក្មួយៗនិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ (នារី ៨៩១ នាក់ ស្មើនឹង ៥៨,៧%) នៃសាកលវិទ្យាល័យសៅស៍-អ៊ីសថ៍អេយសៀ នាពេលនេះ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) សៀមរាបមានសក្ដានុពលច្រើន តែទេសចរអាចជំរុញកំណើន ភ្ជាប់ឱកាសនិងវិស័យផ្សេងៗ
នេះជាលើកទី២ ដែលខ្ញុំបានមកជួបនិស្សិតនៅ សាកលវិទ្យាល័យ Southeast Asia ក្រោយពីបានជួបសំណេះសំណាលកាលពីខែឧសភា២០២៣។ បើជាមួយឯកឧ្តតម សៀន សុវណ្ណា យើងបានជួបគ្នាក្នុងឱកាសចែកសញ្ញាបត្រ៤ដងហើយ។ លើកទីមួយ (ឆ្នាំ)២០១៧ ប៉ុន្តែកាល(ពីពេលនោះ)នៅសាលា Future bright ដែលជាសាលាកម្រិតត្រឹមវិទ្យាល័យ។ ថ្ងៃនេះបានជួបគ្នាជាថ្មីម្ដងទៀតលើទឹកអង្គរ។ កូនខ្មែរបានទទួលជោគជ័យជាបន្តទៀតនៅក្នុងការកសាងសមត្ថភាពរបស់ខ្លួន។ ខ្ញុំសូមអរគុណដែលផ្ដល់ឱកាសឱ្យខ្ញុំបានចូលរួមនៅព្រឹកនេះ។ អម្បាញ់មិញស្មានតែធ្លាក់ទឹកកក។ ចូលមកស្មានតែខ្ញុំគ្រុនម្នាក់ឯង។ មេឃថ្ងៃនេះត្រជាក់ ទេសចរច្រើន ស្ថិរភាព សន្តិភាពល្អ។
អភិបាលខេត្តបានបាញ់រូប/ព័ត៌មានឱ្យខ្ញុំរាល់ថ្ងៃ។ មួយថ្ងៃៗ គឺណែនៗ អង្គរ ណែនៗ pub street។ សូមអបអរសាទរដល់អ្នកសៀមរាប។ ឯកឧត្តម រដ្ឋមន្ត្រីថ្មីរបស់ក្រសួងទេសចរលែងនិយាយរឿង Low season ហើយ។ គឺជារដូវបៃតង។ យើងសង្ឃឹមថានេះជាចលករបន្ថែមទៀត ពិសេសសម្រាប់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងនៅទីនេះពឹងផ្អែកធំលើវិស័យទេសចរ។ យើងបានរងគ្រោះធ្ងន់ជំនាន់កូវីដ-១៩។ ឥឡូវយើងបានដើរឡើងវិញ។ ការទទួលសញ្ញាបត្រថ្ងៃនេះជានិមិត្តរូបនិងធនធានមនុស្សរបស់យើង។ ដែលខ្ញុំនិយាយសក្ដានុពលសៀមរាប មិនមែនមានតែទេសចរទេ ប៉ុន្តែទេសចរជាចំណុចសក្ដានុពលធំមួយដែលអាចជំរុញកំណើននិងភ្ជាប់ឱកាសនិងវិស័យផ្សេងៗទៀតនៅទីនេះ ហើយដែលចាំបាច់ត្រូវការធនធានមនុស្ស។
[ចប់សេចក្ដីអធិប្បាយ១]
ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ច–ខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការដាក់ចេញនូវផែនការ យុទ្ធសាស្រ្ត គោលនយោបាយ និងកម្មវិធីកែទម្រង់នានា ដើម្បីបង្កើនការចូលរៀន និងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាពិសេស ការកែទម្រង់ឧត្តមសិក្សា ។ ខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះ ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្រ្តាចារ្យ, បុគ្គលិក និងដៃគូសហប្រតិបត្តិការ របស់សាកលវិទ្យា-ល័យសៅស៍អ៊ីសថ៍អេយសៀ ដែលសម្រេចបានលទ្ធផលជាច្រើន ក្នុងការបណ្តុះ- បណ្តាលយុវជនកម្ពុជា ប្រកបដោយគុណភាព, សីលធម៌វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ។
យោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ, ខ្ញុំសូម-កោតសរសើរសាកលវិទ្យាល័យ ដែលមានចក្ខុវិស័យវែងឆ្ងាយ បេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ ដែលបាន និង កំពុងដើរតួនាទីជាត្រីវិស័យ ដឹកនាំគ្រឹះស្ថាន-ឧត្តមសិក្សានេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនដ៏មានសក្ដានុពល សំដៅរួមចំណែកលើកស្ទួយកិត្យានុភាពជាតិ ចាប់តាំងពីឆ្នាំ ២០០៦ មក ។ ទន្ទឹមនេះ, ខ្ញុំក៏-សូមវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាបន្តបន្ទាប់របស់សាកលវិទ្យាល័យសៅស៍អ៊ីសថ៍-អេយសៀ, ទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបច្ចេកវិទ្យា, ការសិក្សាកែលម្អកម្មវិធី និងវិធីសាស្រ្តបណ្តុះបណ្តាល, ការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យលើការស្រាវជ្រាវ និងការបង្រៀន, និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ សំដៅឆ្លើយតបនឹងការកើនឡើង ទាំងបរិមាណ និងគុណភាពរបស់និស្សិត លើមុខ-ជំនាញជាច្រើន ប្រកបដោយជំនាញបច្ចេកទេស និងជំនាញទន់ច្បាស់លាស់ ជាពិសេស បង្កលក្ខណៈគ្រប់គ្រាន់ដល់និស្សិត សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារការងារ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
ខ្ញុំសូមអរគុណ ចំពោះការផ្ដល់អាហារូបករណ៍ជូនដល់សម្ដេចតេជោ តាមរយៈគណៈកម្មការអាហារូបករណ៍តាំងពីឆ្នាំ២០១២-១៣ មក ចំនួន២៨១កន្លែង ដែលផ្ដល់ឱកាសឱ្យយើងផ្ដល់បន្តទៅនិស្សិតពីគ្រួសារដែលមានការលំបាក។
[ចប់សេចក្ដីអធិប្បាយ២]
ក្នុងន័យនេះ, រាជរដ្ឋាភិបាលចាត់ទុក ធនធានមនុស្សប្រកបដោយបំណិននា-សតវត្សរ៍ទី២១ ជាពិសេសផ្នែកវិទ្យាសាស្រ្ត, បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាជំរុញឧត្ដមភាពប្រកួតប្រជែងរបស់ប្រទេសជាតិ ។ សមត្ថភាពជំនាញទាំងនេះ ជួយឱ្យប្រជាជនបង្កើតចំណេះដឹងថ្មីៗ និងប្រែក្លាយចំណេះដឹងទាំងនេះទៅជាការអនុវត្តប្រកបដោយនវានុវត្តន៍ ដោយគាំទ្រដល់ការធ្វើអន្តរកម្មសេដ្ឋកិច្ចរបស់ប្រទេសពីការធ្វើពាណិជ្ជកម្មជាលក្ខណៈដោះដូរ។ រាជរដ្ឋាភិបាល បាន ដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយជាច្រើន និងមានចក្ខុវិស័យពង្រឹងការអភិវឌ្ឍ និងធ្វើទំនើបកម្ម ឧស្សាហកម្មរបស់ប្រទេស ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើពុទ្ធិ និងបំណិន តាមរយៈការបង្កើតនូវសេដ្ឋកិច្ចឌីជីថល ដោយប្រើប្រាស់ឧបករណ៍ឌីជីថល និងពុទ្ធិជាមូលដ្ឋាន និងសម្រេចបានជាគោលដៅ អភិវឌ្ឍន៍សង្គម ប្រកបដោយចីរភាព។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(២) ទំនើបកម្មដោយបច្ចេកវិទ្យាឌីជីថលមានក្នុងគ្រប់វិស័យ សូម្បីតែសាសនា
កន្លងទៅមានការយល់ច្រឡំថា អោយតែនិយាយពីឌីជីថល និយាយពីរឿងបច្ចេកវិទ្យា គឺពាក់នឹងជំនាញ IT និងកុំព្យូទ័រ science។ មិនដូច្នោះទេ។ លទ្ធភាពទំនើបកម្មដោយប្រើបច្ចេកវិទ្យាឌីជីថល មានក្នុងគ្រប់វិស័យទាំងអស់ សូម្បីតែសាសនាក៏អាចប្រើឌីជីថលដែរ។ ថ្ងៃមុន យើងរៀបចំធ្វើឌីជីថលនីយ៍កម្មព្រះត្រៃបិដក ដើម្បីថ្ងៃក្រោយអាចប្រើបានគ្រប់កន្លែង។ គ្រប់ការប្រើប្រាស់(កម្មវិធីដើម្បីភាព)ចម្រើនក្នុងជីវិតពិត ក្នុងរស់នៅរបស់យើង ក៏ពឹងលើឌីជីថល។ ខ្ញុំសូមសួរថា ប៉ុន្មាននាក់មានទូរស័ព្ទស្មាតហ្វូន? ច្រើន។ ព្រះតេជគុណមានស្មាហ្វូនទេ? មាន។ ខ្ញុំសូមសួរថាអ្នកណាមានប្រពន្ធ? មានច្រើន។ បើសិនជាប្រពន្ធអត់នៅផ្ទះ អត់ទូរស័ព្ទមកយើង ៣ថ្ងៃ ជួនកាលដូចអត់ចាប់អារម្មណ៍ផង … តែបើបាត់ទូរស័ព្ទតែមួយថ្ងៃគឺរសាប់សល់ ព្រោះពេលប្រពន្ធអត់នៅផ្ទះ គាត់ទៅណា អត់បានទូរស័ព្ទមក យើងរវល់ជាប់មើលហ្វេសប៊ុក ភ្លេច ក៏ដល់ម៉ោងធ្វើការ។ តែបើអត់ទូរស័ព្ទវិញ មិនដឹងទៅណាទេ ដូចបាត់អ្វីមួយតែម្ដង ឌីជីថលវាក្លាយទៅជាផ្នែករបស់យើង។
(៣) ដាក់អោយដំណើរការ e-visa និង e-arrival តាំងពីដើមឆ្នាំ
នៅខេត្តសៀមរាបនេះ ឧទាហរណ៍យកតែវិស័យទេសចរមួយ។ និយាយពីភ្ញៀវ មុនចេញដំណើរមកគឺគេត្រូវbook សំបុត្រយន្តហោះ, book អូតែល, តាមonline។ ឥឡូវ (ការឆ្លងកាត់នគរបាល)អន្តោប្រវេសន៍ ប្រើក្រដាសតិចណាស់។ ថ្ងៃមុនបានសុំគោលការណ៍ខ្ញុំ។ ចាប់ផ្ដើមពីដើមឆ្នាំនេះ យើងបានដាក់អោយដំណើរការ e-visa និង e-arrival។ កាលមុន យើងមាន e-visa តាមអនឡាញ ចុះមកត្រូវបំពេញក្រដាសអន្តោប្រវេសន៍។ កាលពីចុងឆ្នាំ២០២៣ យើងបានដាក់ឱ្យប្រើ e-arrival ដែលភ្ញៀវត្រូវបំពេញ ដល់ទៅចុះមកក្រោម មិនចាំបាច់(ធ្វើបែបបទ)ច្រើនទេ។ ដើមឆ្នាំនេះ យើងបានកែសម្រួលបន្ថែម … ថ្ងៃមុន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន មកជំនួសខ្ញុំ ដោយខ្ញុំស្អកនិយាយមិនចេញ ប្រកាសដាក់(ឱ្យប្រើប្រព័ន្ធទាំងនេះ)។ ឥឡូវ ភាគច្រើននៃការទិញសំបុត្រចូលអង្គរ យើងប្រើឌីជីថល។ យើងប្រើបញ្ជរមួយនៅកន្លែងនោះ។ ពីមុនទេសចរត្រូវពាក់បន្តោងនៅកដើម្បីពេលចូលទៅត្រូវឆែក។ ឥឡូវសឹងតែអស់ហើយ។ គាត់ប្រើឌីជីថល។ ទិញហើយ print ចេញមកមាន QR code ទៅដល់មានម៉ាស៊ីនបាញ់។ អ្នកខ្លះមិនចាំបាច់ Print ផង ដាក់តែក្នុងទូរស័ព្ទស្កេន។
(៤) អ្នក IT និង/ឬអ្នកវិទ្យាសាស្ត្រកុំព្យូទ័រសរសេរកូដ បង្កើត software សំរាប់ទាំងអស់គ្នាការប្រើប្រាស់
ហាងនីមួយៗ (ធ្វើការទូទាត់តែដោយ) QR code។ ហាងឥឡូវលែងប្រើក្រដាសហើយ គេប្រើ ABA ឬមួយធនាគារស្អីអញ្ចឹងទៅ។ អ្នកខ្លះ គ្រាន់តែលក់គុយទាវរុញតាមរ៉ឺម៉កក៏មាន QR code ដែរ។ អ្នកលក់លៀសក៏មានដែរ។ នេះហើយគឺជាការប្រើប្រាស់បច្ចេកវិទ្យា ដែលមិនមែនចាំបាច់ទាល់តែកុំព្យូទ័រ science នោះទេ។ អ្នក IT អ្នកកុំព្យូទ័រ science អាចធ្វើប្រព័ន្ធសុវត្ថិភាព សរសេរកូដ បង្កើត software ប៉ុន្តែការប្រើប្រាស់ត្រូវតែចេះប្រើទាំងអស់គ្នា។ ថ្ងៃមុនលួចទៅកំពង់ធំស្ងាត់ៗ កន្លែងទឹកជំនន់នៅកំពង់គោ។ មកវិញចូលក្រោយផ្ទះអ៊ំម្នាក់។ ចូលមកដល់ ដើរមួយក្រុមអញ្ចឹង គាត់ក៏ដើរសំដៅមករកយើង។ ខ្ញុំប្រាប់ថា ខ្ញុំអភិបាលខេត្តថ្មី។ គាត់ថាមិនជឿទេ ត្បិតគាត់ស្គាល់ច្បាស់ណាស់។ ខ្ញុំថាខ្ញុំមិនដែលចូលផង។ គាត់ថាស្គាល់តាមទូរស័ព្ទ។ នេះគឺលទ្ធភាពប្រើប្រាស់(ប្រព័ន្ធ/សេវាឌីជីថល)ដើម្បីភាពប្រទាក់ក្រឡាបង្កើតនូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ។
(៥) រាជរដ្ឋាភិបាលពង្រីកការវិនិយោគ 5G រៀបប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងគោលនយោបាយសំរាប់ AI
កាលពីសម័យកូវីដ-១៩ បើគ្មានការប្រើប្រាស់ឌីជីថល និងមិនមានការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល មិនមានទូរស័ព្ទ មិនមានស្មានហ្វូនដែលយើងបើក 4Gទាន់ពេលទេ ប្រហែលជាយើងមានការលំបាកខ្លាំង។ ការៀនសូត្រត្រូវបានកាត់ផ្ដាច់។ យើងយកចិត្តទុកដាក់បង្កើនគុណភាពមនុស្សក្នុងការប្រើប្រាស់ឌីជីថល ត្បិតវាពាក់ព័ន្ធនឹងដំណើរការជីវិតរបស់យើង។ រាជរដ្ឋាភិបាលនឹងបន្តពង្រឹកបន្ថែមការវិនិយោគ 5G ដោយរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងគោលនយោបាយ គោលការណ៍មួយចំនួនសម្រាប់ AI នៅពេលខាងមុខទៀត។ AI (បញ្ញាសិប្បនិម្មិត) ឆ្លាតណាស់។ មិនស្រួលយើងតាមមិនទាន់ ហើយមានគ្រោះថ្នាក់។ ថ្ងៃមុន មហាសេដ្ឋីអ៊ីតាលីម្នាក់ផ្ញើលុយ ១លានអឺរ៉ូ។ គេបោកគាត់បានមួយលានអឺរ៉ូ តាមទូរស័ព្ទ ដោយប្រើ AI ធ្វើជាសម្លេងរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី។ ក្រោយពីផ្ញើមួយលានអឺរ៉ូហើយ គាត់បានទៅសួរទៅរដ្ឋមន្ត្រីការពារជាតិថាតើមានអោយគាត់ផ្ញើឬអត់? រដ្ឋមន្ត្រីថាអត់ផង។
(៦) ដើម្បីប្រើប្រាស់សក្ដានុពលបច្ចេកវិទ្យាឌីជីថលដែលពាក់ព័ន្ធនឹងជីវិត ត្រូវបណ្ដុះបណ្ដាលធនធានមនុស្ស
រដ្ឋាភិបាលបានដាក់ទិសដៅកសាងបន្ថែមក្នុងគ្រប់វិស័យ។ ការនេះទាក់ទងទៅនឹងប្រជាជន។ បើមានតែបច្ចេកវិទ្យាទាំងអស់នេះ តែយើងគ្មានមនុស្សដែលមានសមត្ថភាពប្រើ ក៏មិនកើតទេ។ ទូរស័ព្ទទំនើបយ៉ាងម៉េចក៏ដោយប្រើអស់ឬមិនអស់សក្ដានុពល អាស្រ័យលើអ្នកប្រើមានសមត្ថភាពឬអត់។ យកកុំព្យូទ័រមកទំនើបក៏ដោយ បើអ្នកប្រើអត់ចេះភាសា ឬមួយក៏អត់ចេះប្រើវាទេ គឺអត់បានប្រយោជន៍អ្វី។ ពេទ្យក៏ដូចគ្នា។ ឥឡូវយើងកំពុងរៀបចំធ្វើពេទ្យតំបន់នៅខេត្តសៀមរាបមួយ នៅកំពង់ចាមមួយ ដើម្បីបំពាក់ឧបករណ៍ទំនើបក្នុងការវះកាត់កម្រិតខ្ពស់ … ឥឡូវយើងមានពេទ្យវះខួរក្បាលមួយចំនួននៅសៀមរាប។ ប៉ុន្តែនៅជុំវិញនេះគឺត្រូវបញ្ជូនទៅភ្នំពេញ។ សមត្ថភាព(ក្នុងការវះកាត់)បេះដូងជាដើម ថ្ងៃក្រោយត្រូវការបំពាក់។ ថ្ងៃក្រោយ ការព្យាបាលមហារីក ត្រូវរុញមកដល់ខេត្ត តែជំហានដំបូងរុញទៅពេទ្យតំបន់នេះឯង។ ការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺដើម្បីប្រើប្រាស់អោយអស់សក្ដានុពល ដែលយើងនិយាយថាប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺពាក់ព័ន្ធនឹងជីវិតយើងគ្រប់គ្នា។
[ចប់សេចក្ដីអធិប្បាយ៣]
ទន្ទឹមនេះ, រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ចំពោះការលើកកម្ពស់គុណភាព វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅពន្លឿនការពង្រីកធនធានមនុស្ស និង ការពង្រឹងមូលធនមនុស្ស ដែលអាចឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការនៃការវិវឌ្ឍក្នុងសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការនេះ។ ហើយសម្រាប់កសាងមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំ មានជាអាទិ៍ គ្រឹះស្ថាន-ឧត្តមសិក្សា, មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស, សាលារៀន, បណ្ណាល័យ ជាដើម ។ ជាលទ្ធផល, គ្រឹះស្ថានបណ្ដុះបណ្ដាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន, បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំបណ្តុះបណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវចំនួនសិស្ស-និស្សិតកម្ពុជាចូលរួម និងទទួលបានជ័យលាភី ក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា, ទាំងនៅកម្រិតតំបន់ និង អន្តរជាតិ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(៦) កត្តា៥ តាំងពីជាង ៦០០ឆ្នាំមុន ធ្វើអោយអាណាចក្រខ្មែរជោគជ័យនិងរឹងមាំ
ជាក់ស្តែង, រាជរដ្ឋាភិបាលបន្តកំណត់យក «មនុស្ស» ជាអាទិភាពនៅក្នុងការអភិវឌ្ឍ តាំងពីយុទ្ធសាស្រ្តចតុកោណ ដែលឥឡូវមកដល់បញ្ចកោណដំណាក់កាលទី១ នេះ។ ហេតុអ្វីបានជារាជរដ្ឋាភិបាលកំណត់(យកមនុស្សជាអាទិភាពទី១)។ ខ្ញុំថា យើងអាចរៀនពីប្រវត្តិសាស្រ្ត។ ខ្ញុំចូលចិត្តមើលប្រវតិ្តសាស្រ្ត ជាពិសេសខេត្តសៀមរាបយើងនេះ ដែលជាបេះដូងនៃអាណាចក្រខ្មែររយៈពេល ៦០០ឆ្នាំ តាំងពីជំនាន់ព្រះបាទជ័យវរ័្មនទី២ រៀបចំអរិយធម៌អង្គរ នៅដើមសតវត្សទី៩ រហូតដល់យើងធ្លាក់ចុះ(នៅ)សតវត្សទី១៥ ក្រោយព្រះបាទជ័យវរ្ម័នទី៨។ អញ្ចឹងយើងមើល ហេតុអ្វីបានជា ៦០០ឆ្នាំនោះ យើងរឹងមាំ? ដោយសារធនធានមនុស្ស។ កត្តាដែលនាំអោយយើងជោគជ័យ និងរឹងមាំពេលនោះ អាចនិយាយបានថា ទី១ មានមេដឹកនាំខ្លាំង។ មេដឹកនាំមានចក្ខុវិស័យពង្រឹងប្រទេសបានទាំងមូល … ទី២ មានកងទ័ពដែលមានសមត្ថភាពពង្រឹងការពារជាតិ ក៏ដូចជាពង្រីកនូវអាណាចក្ររបស់យើង … ទី៣ មានស្ថាប័នអភិបាលកិច្ច គឺស្ថាប័នជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ចរឹងមាំ … ទី៤ មានប្រព័ន្ធសេដ្ឋកិច្ចប្រទាក់ក្រឡា ដែលតំបន់ខាងលើភ្នំគូលេនមានភោគផលព្រៃឈើ … តំបន់កណ្ដាលនៅអង្គរនេះ មានកសិកម្ម ធារាសាស្រ្ត ហើយតំបន់ខាងក្រោម(មាន)បឹងទន្លេសាប ប្រទាក់ក្រឡាគ្នា។ យើងមានឧស្សាហកម្មផ្សេងៗ ដូចខាងអាវុធយុទ្ធភ័ណ្ឌនៅកំពង់ស្វាយ។ ទី៥ មានសមត្ថភាពបច្ចេកទេសរឹងមាំ អាចកសាងប្រាសាទ ប្រព័ន្ធធារាសាស្រ្ត ពង្រឹង(អាណាចក្រ)របស់យើង។
(៧) ការឯកភាពផ្ទៃ មិនមានការបែកបាក់រយៈពេលវែង ជាកត្តាកំណត់ភាពជោគជ័យនិងរឹងមាំ
ទាំងអស់នេះ កើតមានបានដោយសារប្រព័ន្ធអប់រំខ្លាំង។ យើងមានវិស្វករខ្លាំង អាចសង់ប្រាសាទ។ ពិតណាស់ កម្លាំងដែលប្រើមួយចំនួនជាឈ្លើយសឹក ប៉ុន្តែត្រូវមានវិស្វករ ស្ថាបត្យករ ការដឹកនាំធ្វើប្រព័ន្ធប្រឡាយធារាសាស្រ្ត ដែលធានាឱ្យការបង្កបង្កើនផលកសិកម្ម ភ្ជាប់ជាមួយពាណិជ្ជកម្ម … នេះជាមេរៀនមួយដែលយើងបានដកស្រង់រៀនសូត្រ។ កត្តាសំខាន់មួយទៀត គឺកត្តាឯកភាពផ្ទៃក្នុង។ ពិតណាស់ ក្នុង ៦០០ឆ្នាំ មិនមែនស្រុកទាំងមូលគ្មានបញ្ហាផ្ទៃក្នុងនោះទេ។ វាមាន ប៉ុន្តែមិនមានការបែកបាក់ខ្លាំង(នៅក្នុង)រយៈពេលវែង ដូចក្រោយសតវត្សទី១៥ ដែលយើងធ្លាក់ចុះ រហូតទៅដល់បាត់បង់ទឹកដីមួយចំនួន។ សូម្បីតែសៀមរាបនេះ ក៏បាត់បង់មួយរយៈដែរ ប៉ុន្តែជាទឹកដីរបស់យើង។ នេះហើយកត្តាកំណត់ជាក់ស្ដែង។ មិនមែនទើតែសម័យបច្ចុប្បន្ន ដែលថាទើបដាក់យុទ្ធសាស្រ្តចតុកោណ បញ្ចកោណទេ។ គឺមានតាំងពីដើមទីមក។
(៨) វិនិយោគលើវិស័យអប់រំ កសាងធនធានមនុស្ស បង្កើនសមត្ថភាព ពង្រឹងឯករាជ្យភាព ម្ចាស់ការលើជីវិតការពារ និងអភិវឌ្ឍប្រទេសជាតិ
នៅពេលកម្លាំងប្រមូលផ្ដុំ ធនធានមនុស្សត្រូវបានបណ្ដុះបណ្ដាល មានសមត្ថភាពគ្រប់ជំនាញគ្រប់វិស័យ។ នេះហើយដែលថា(មនុស្សជាអាទិភាពទី១)ជាកត្តាកំណត់។ ផ្អែកលើមូលដ្ឋាននៃកត្តាប្រវត្តិសាស្រ្តនេះ រាជរដ្ឋាភិបាលបច្ចុប្បន្ន ជាពិសេសក្នុងសម័យបញ្ចប់សង្រ្គាម បានខិតខំកសាងធនធានមនុស្សឡើងវិញ។ មានការវិនិយោគធំណាស់លើវិស័យអប់រំ និងនៅមានកត្តាជាច្រើនដែលត្រូវពង្រឹងបន្ថែមទៀត។ យើងត្រូវរួមគ្នាអបអរសមិទ្ធផល ថ្ងៃនេះ ដែលជាង ១០០០អង្គ/នាក់ បានទទួលសញ្ញាបត្រ ក្រោយពីមានឱកាសទទួលបានការអប់រំបណ្ដុះបណ្ដាលពីសាលា ពីសាស្រ្តាចារ្យនៅទីនេះ ដែលយើងឈានទៅបង្កើនសមត្ថភាពកូនខ្មែរ ពង្រឹងឯករាជ្យភាពរបស់យើងម្ចាស់ការលើជីវិតរបស់យើង ក៏ដូចជាម្ចាស់ការនៅក្នុងការការពារ និងអភិវឌ្ឍប្រទេសជាតិ … ខ្ញុំឃើញបងប្អូនខ្លះ មានទុទ្ទិដ្ឋិនិយមថា ថ្ងៃណាមួយ ខ្មែរយើងត្រូវរលាយអស់ហើយ។ បាត់អស់ហើយ។
(៩) ធ្វើឱ្យជំនាន់កូនចៅកាន់តែមានឱកាសនិងរឹងមាំ កុំឱ្យការភ័យខ្លាច ក្លាយជាការបាក់ទឹកចិត្ត មិនទុកចិត្តគ្នា
បាត់ទៅណា? ពីឆ្នាំ ១៩៧៩ (ប្រជាជន)នៅសល់ ៥លាននាក់ (ក្រោយរបប) ប៉ុល ពត។ ឥឡូវឡើង ១៧លាននាក់ហើយ កូនមិនតិចទេ កើតច្រើនណាស់។ មិនតែប៉ុណ្ណោះ ពីមួយជំនាន់ទៅមួយជំនាន់កាន់តែមានឱកាសជាងជំនាន់មុន … មើលប៉ុន្មាននាក់ដែលជាមនុស្សទី១ ក្នុងគ្រួសារដែលបានបញ្ចប់ថ្នាក់ឧត្តមសិក្សា។ សូមលើកដៃ? មានច្រើន។ អញ្ចឹងបានន័យថា យើងគ្រាន់បើជាងជំនាន់ឪពុកម្ដាយយើង មានឱកាសច្រើនជាងគាត់ហើយ។ អញ្ចឹងយើងនឹងបន្តធ្វើយ៉ាងណាឱ្យជំនាន់កូនរបស់យើងកាន់តែមានឱកាសនិងរឹងមាំខ្លាំងជាងយើងតទៅទៀត។ នេះជាគោលដៅដែលរដ្ឋាភិបាលកំណត់ថាត្រូវពង្រឹងបន្តទៀត។ ដោយហេតុនេះហើយ យើងបន្តវិនិយោគក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរឹងមាំ។ ខ្លាចបាត់ប្រទេស អត់មានអ្វីខុសទេ។ ខ្ញុំក៏ខ្លាចបាត់ដែរ។ កូនខ្ញុំបីនាក់ (ពួកគាត់)នឹងមានកូនដែលត្រូវជាចៅខ្ញុំ នឹងមានបន្តចៅទួតចៅលួត។ យើងឆ្លងកាត់សង្រ្គាមយូរ(និង)ច្រើនមកហើយ ប៉ុន្តែកុំឱ្យការភ័យខ្លាចនោះ ក្លាយទៅជាការបាក់ទឹកចិត្ត ហើយមិនខំ និងគិតតែពីមើល(កំហុស)គ្នាឯង មិនទុកចិត្តគ្នាឯង ដែលជាកត្តាធ្វើឱ្យ(ប្រទេស)កាន់តែបាត់បង់ខ្លាំង។ ផ្ទុយទៅវិញ បើកាន់តែខ្លាច កាន់តែខំ។
(១០) ខ្មែរត្រូវមានសមត្ថភាពម្ចាស់ការ អភិវឌ្ឍនិងគ្រប់គ្រងគ្រប់វិស័យដោយខ្លួនឯង
កាន់តែខ្លាច កាន់តែខំប្រឹងរៀនសូត្រពង្រឹងសមត្ថភាព ដើម្បីម្ចាស់ការខ្លួនឯង។ បើយើងអត់ចេះប្រើកុំព្យូទ័រ ចង់ធ្វើអីដែលកម្រិតខ្ពស់ ទាល់តែហៅគេមកធ្វើឱ្យ។ ត្រូវ(ខិតខំរៀន)ធ្វើខ្លួនឯង។ បើអ្នកសៀមរាបអត់ចេះ អញ្ចឹងធ្វើការរដ្ឋបាលម្តេចបាន ទាល់តែដឹកអ្នកភ្នំពេញមក។ មិនដូចនោះទេ។ កូនចៅអ្នកសៀមរាបត្រូវមានសមត្ថភាព ម្ចាស់ការនៅទីនេះ ជំរុញអភិវឌ្ឍន៍ និងគ្រប់គ្រងគ្រប់វិស័យដោយខ្លួនឯង។ យើងធ្វើការវិនិយោគបន្ថែម ឥតឈប់ឈរលើធនធានមនុស្សរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅពង្រឹងការវិនិយោគ និងអភិវឌ្ឍខ្មែរ មិនមែនទៅពង្រឹងអភិវឌ្ឍប្រទេសណានោះទេ។ គេមាន(ការអភិវឌ្ឍ)របស់ប្រទេសគេ។ រាជរដ្ឋាភិបាលដឹងតែវិនិយោគ ផ្ដល់ឱកាស អាហារូបករណ៍ផ្សេងៗឱ្យកូនខ្មែរ ឱ្យរៀនកាន់តែច្រើន ដើម្បីម្ចាស់ការដឹកនាំប្រទេសតទៅទៀត។ ខ្មែរជំនាន់ក្រោយត្រូវដឹកនាំសម្រាប់កម្ពុជាគ្រប់វិស័យ។ នេះហើយជាអ្វីដែលត្រូវតែធ្វើបើមានការភ័យខ្លាច។ កុំខ្លាចដល់បាក់ទឹកចិត្ត (ប្រែក្លាយការ)ភ័យខ្លាចទៅជាកម្លាំងចិត្តដើម្បីពង្រឹង។ មិនតែប៉ុណ្ណោះ កុំដេកតែភ័យខ្លាចពេក។
(១១) ពង្រីកឱកាសនិងវិនិយោគក្នុងវិស័យអប់រំនៅទូទាំងប្រទេស
ត្រូវមានមោទនភាពខ្លួនឯងផង។ ត្រូវមានមោទនភាពថា ខ្មែរមិនអន់ទេ ឱ្យតែផ្ដល់ឱកាស។ កូនអ្នកសៀមរាប មិនចាញ់កូនអ្នកភ្នំពេញទេ បើឱ្យឱកាស។ ប្រលងនិទ្ទេសA បានដូចគ្នាទេ។ កូនអ្នកសៀមរាបមិនចាញ់កូនអ្នកបារាំងអ្នកអីទេ ឱ្យអាហារូបករណ៍ទៅរៀនបារាំង អ្នកខ្លះរៀនឈ្នះបារាំងទៀត។ វាអត់មានការលំបាកទេ។ ហេតុនេះត្រូវពង្រីកឱកាសនៅក្នុងវិស័យអប់រំ។ ការវិនិយោគក្នុងវិស័យអប់រំ មិនមែនវិនិយោគតែនៅភ្នំពេញនោះទេ គឺពង្រីកនៅគ្រប់(ទូទាំង)ប្រទេសគ្រប់ទីកន្លែងទាំងអស់។ ថ្ងៃនេះ យើងមានសមត្ថភាពចែកសញ្ញាបត្រក្នុងចំណោមសាកលវិទ្យាល័យជាច្រើននៅខេត្តសៀមរាប ដែលពី ១០ ឬ២០ ឆ្នាំមុន យើងមិនមានលទ្ធភាពទេ។ ពីមុន សាកលវិទ្យាល័យប្រមូលផ្ដុំនៅតែភ្នំពេញ កាលខ្ញុំរៀនពី ៣០ ឆ្នាំមុន ហើយក៏អត់មានគ្រប់ដែរ។ (រៀនចប់ថ្នាក់ទី១២)ចេញទៅ ត្រូវប្រលងកៅអី។ បងប្អូនណាស្គាល់ប្រលងកៅអីទេ? ប្រលងកៅអី បានន័យថា ដោយសារយើងមានសាកលវិទ្យាល័យតិច ឯចំនួនសិស្សច្រើន អញ្ចឹងត្រូវទៅរៀនបម្រុងមួយឆ្នាំ ហើយបានប្រលងកៅអី។ បានន័យថាសិស្ស ១០០នាក់ កៅអីមានតែ ៦០ទេ។ ត្រូវប្រលងយក ៦០នាក់ សល់ ៤០នាក់ទៀត អត់មានឱកាស កុំថាឡើយពង្រីកមកដល់ខេត្ត មួយឆ្នាំរាប់ម៉ឺននាក់នោះ។
(១២) ពង្រឹងវិស័យអប់រំ តាំងពីមត្តេយ្យនិងបឋមឡើងមក
យើងត្រូវពង្រីកវិស័យអប់រំ ហើយមិនមែនតែឧត្តមសិក្សាទេ គឺពង្រីកចាប់ពីមត្តេយ្យ បឋមឡើងមក … គ្មានអ្នកណាមានសមត្ថភាពមករៀនមហាវិទ្យាល័យទេ បើមិនរៀនពីថ្នាក់បថមមកមែនទេ? ឬមួយចង់ download (មកបាន)? ខ្ញុំមិនជឿថា download ពីកុំព្យូទ័របានទេ។ បើសិនជាចង់ download មែន មិនបាច់រៀនតែម្ដង ចាំមកដល់ download ដាក់ចូលមក។ ចង់ចេះបើកយន្តហោះមិនបាច់រៀនទេ ដោតតែខ្សែមកចេះបើកហើយ។ មិនអញ្ចឹងទេ។ ត្រូវរៀនពីថ្នាក់ទី ១មក។ ខ្ញុំចាំ ថ្ងៃរៀនថ្នាក់ទី១ហ្នឹង គឺជាថ្ងៃដំបូងដែលយើងចូលសាលា។ តើបងប្អូនប៉ុន្មាននាក់ចាំថ្ងៃទី ១ដែលចូលរៀន? ខ្ញុំចាំដោយសារតែថ្ងៃនោះ មុននឹងទៅរៀនមួយសប្ដាហ៍ គឺតឺនុយខោអាវ ឆ្លុះកញ្ចក់ ស្ពាយកាតាបសឹងតែមួយខែ។ ដល់តែថ្ងៃទៅរៀនមែនទែន ក៏ភ័យ សុំពុកថាខ្ញុំអត់ទៅ។ អត់ទេ ត្រូវទៅ។ ទៅដល់ទីចាត់ការ រាងហេលហាលដែរ។ ពុកម្ខាង នាយកម្ខាង ញ៉ឹងខ្ញុំពីទីចាត់ការរហូតដល់ថ្នាក់។ ខ្ញុំចាំ ថ្ងៃទី ១របស់ខ្ញុំ លេខ ១របស់ខ្ញុំ គូសដូចខ្យងអញ្ចឹង ទម្រាំតែចេញកន្ទុយ។ ដោយសារថ្ងៃនោះហើយ បានជាខ្ញុំរៀនដល់បណ្ឌិត ហើយដែលខ្ញុំអាចធ្វើការងារនេះបាន។
(១៣) អនុវត្តគោលនយោបាយខ្មែរតែមួយ មិនថារដ្ឋឬឯកជន រួមគ្នាពង្រឹងវិស័យអប់រំ
ផ្អែកលើមូលដ្ឋាននេះហើយ ដែលត្រូវពង្រីកលទ្ធភាពឲ្យកូនខ្មែរត្រូវរៀន។ កាលពីក្មេង សម្ដេចតេជោត្រូវចេញពីផ្ទះនៅអាយុ ១៤ឆ្នាំ ដើម្បីទៅនៅភ្នំពេញ ព្រោះចង់រៀនបន្ត និងដោយសារ(នៅខេត្ត)អត់មាន(សាលា)។ អញ្ចឹងហើយបានជា(លោកបាន)ដាក់ទិសដៅក្នុងការពង្រីក(សេវាអប់រំ)។ យើងនៅបន្តពង្រីកបន្ថែមទៀត កសាងនិងពង្រឹងមូលដ្ឋាន(សិក្សា)។ ឥឡូវប្រជាពលរដ្ឋខ្មែរកើនលឿន។ កន្លែងខ្លះកើនលឿនមែនទែន។ អញ្ចឹង យើងត្រូវពង្រីក ឬដំឡើង(សាលាខ្លះ)ពីកម្រិតបឋមទៅមធ្យមសិក្សា ដើម្បីតជាស្ពានភ្ជាប់មកដល់ឧត្ដមសិក្សា ឬមួយចេញទៅធ្វើការងារផ្សេង។ ទោះបីជាអ្នកខ្លះមិនបានទៅដល់ឧត្ដមសិក្សាក៏ដោយ ដោយគាត់ទៅរៀនជំនាញផ្សេងៗ តែត្រូវ(គាត់ក៏ត្រូវ)មាន(មូលដ្ឋានសិក្សា)តាំងពីថ្នាក់ក្រោមឡើងមក។ ដាក់គោលនយោបាយឲ្យវិស័យឯកជនចូលរួម ជួយពង្រឹង(វិស័យសិក្សានេះ)។ ថ្ងៃនេះជាឧទាហរណ៍មួយជាក់ស្ដែងនៃការដាក់ចេញនូវគោលនយោបាយដើម្បីខ្មែរតែមួយ មិនថារដ្ឋឬឯកជន រួមគ្នាដើម្បីពង្រឹងវិស័យអប់រំ …។
(១៤) តួអង្គសំខាន់៣ ពង្រឹងវិស័យអប់រំគឺ សាស្រ្តាចារ្យ បុគ្គលិកសិក្សាគណគ្រប់គ្រង និងក្រុមគ្រួសារ
ខ្ញុំសូមអរគុណសាជាថ្មីជូនសាកលវិទ្យាល័យ ដែលបានដើរតួនាទីពង្រឹងវិស័យអប់រំ ជាពិសេសតួអង្គសំខាន់ៗ ដែល ទី១ គឺសាស្រ្តាចារ្យ គ្រូទាំងអស់ ដែលបានចូលរួមក្នុងការចែករំលែកកសាងធនធានមនុស្ស។ ទី២ បុគ្គលិកសិក្សាដែលចូលរួមជាមួយគណៈគ្រប់គ្រងក្នុងការបង្កលក្ខណៈ និង (ទី៣) តួអង្គសំខាន់គឺគ្រួសារផងដែរ។ ថ្ងៃនេះមានគ្រួសារចូលរួមផងដែរ ត្បិតខ្ញុំឃើញមានផ្កា មានតុក្កតាអីច្រើននៅខាងក្រៅ។ ថ្ងៃមុន ខ្ញុំទៅចែកសញ្ញាបត្រ មានយកទាំងកូនមកទៀត។ កូនមកអបអរសាទរប៉ាម៉ាក់ដែលទើបនឹងរៀនចប់ដែរ។ កន្លែងខ្លះមានទៅដល់អបអរសាទរលោកតាជាប់សញ្ញាបត្រទៅទៀត។ មានមែន។ កន្លែងខ្លះ អ្នកទទួលសញ្ញាបត្រគាត់អាយុ ៦០ឆ្នាំជាង។ គាត់ថាចេញពីអាពតមកអត់ឱកាសរៀនសូត្រ ត្បិតធ្វើការរហូត។ អញ្ចឹងបានជាខ្ញុំថា ឈប់ហៅថាប្អូនៗនិស្សិត ព្រោះកន្លែងខ្លះមានលោកតានិស្សិត លោកអ៊ំនិស្សិតផង។ គាត់ថាឱកាសផ្ដល់ឲ្យហើយចង់មួយជីវិត(បានរៀនមានសញ្ញាបត្រ)។ ឥឡូវជិតចូលនិវត្តន៍ គាត់ទៅរៀនដើម្បីបង្រ្គប់សេចក្ដីស្រមៃរបស់គាត់ ព្រោះសាលាបានទៅដល់ជិតនឹងកន្លែងគាត់រស់នៅ។ កន្លែងខ្លះ (ក៏អាចមាន)មន្រ្តីរាជការ(រៀន)។ នៅទីនេះខ្ញុំគិតថា (មានទាំង)មន្រ្តីរាជការ (ទាំង)បងប្អូនកំពុងធ្វើការក្នុងវិស័យឯកជនដែលរៀនផងធ្វើការផង។ មានប៉ុន្មាននាក់ សូមលើកដៃ។ ច្រើន។
(១៥) រដ្ឋាភិបាលដាក់គោលការណ៍ វិស័យឯកជនបង្កើតសាលា សាស្រ្តាចារ្យធ្វើមេរៀន ឯនិស្សិតខំចាប់ឱកាស
ហ្នឹងហើយជាការផ្ដល់ឱកាសដើម្បីបង្កើនគុណវុឌ្ឍិបន្ថែម ហើយការចាប់យកឱកាសនេះហើយជាអ្វីដែលយើងចង់ឃើញ។ ទ្វារត្រឹមតែបើកទេ រដ្ឋាភិបាលត្រឹមតែដាក់គោលការណ៍ឲ្យវិស័យឯកជនធ្វើ សាលាបានត្រឹមតែបង្កើត សាស្រ្តាចារ្យត្រឹមតែរៀបចំមេរៀន ប៉ុន្តែរៀនមិនរៀន ចាប់ឱកាសឬមិនចាប់ គឺបងប្អូនជានិស្សិតខិតខំពុះពារ។ មិនមែនសុទ្ធតែមានថវិកា(បង់)រៀននោះទេ។ អ្នកខ្លះធ្វើការផងរៀនផង យកលុយមកបង់សាលា។ វាមិនខុសពីនៅក្រៅប្រទេសទេ។ កាលពីខ្ញុំទៅរៀន និស្សិតអាមេរិកខ្លះក៏ដូចគ្នាដែរ។ អត់មានឪពុកម្ដាយជួយទេ។ គាត់ខ្ចី student loan អីអញ្ចឹង ហើយធ្វើការ(ដើម្បីបង្វិលសងវិញ)។ ការតស៊ូម្ចាស់ការ ប៉ុន្តែ អ្វីដែលសំខាន់គឺស្ថានភាពជីវភាពគ្រួសារខុសគ្នាក៏ដោយ តែមានឱកាសដូចគ្នា ប្រឹងដូចគ្នា។ មិនថាតែអ្នកភ្នំពេញ ឬសៀមរាប យើងនឹងបន្តពង្រឹងបន្ថែមទៀតនៅគ្រប់កន្លែងទាំងអស់។ នេះហើយជាមោទនភាពជាតិរបស់យើង ហើយជាមោទនភាពបងប្អូន ដែលមានការបារម្ភថា បន្តិចទៀត ៥០ឆ្នាំ ឬ១០ទៅ២០ឆ្នាំទៀត យើងនឹងបាត់ប្រទេស។ មិនបាត់ទៅណាទេ។ កូនខ្មែរកាន់តែរឹងមាំ កាន់តែម្ចាស់ការខ្លួនឯង។
(១៦) គ្រប់គ្នានឹងឲ្យតម្លៃសន្តិភាពនៅពេលដែលវាបាត់
វិស័យឯកជនមួយចំនួន ដូចជាខ្ញុំបានជួបជាមួយធនាគារ ABA ពីបើកដំបូង បានយក Manager ពីក្រៅប្រទេស។ បើកបានតែ ៦-៧ឆ្នាំ ឥឡូវសាខាមួយៗ សុទ្ធតែខ្មែរអ្នកគ្រប់គ្រងទាំងអស់។ យកពីក្រៅមកអស់លុយច្រើន ហើយមិនចាំបាច់ នៅពេលដែលសមត្ថភាពខ្មែរបណ្ដុះបណ្ដាលក្នុងស្រុក ធ្វើការក្នុងស្រុក មានសមត្ថភាពដូចតែគ្នា ហើយមានការទុកចិត្ត ប្រគល់ភារកិច្ចឲ្យ។ យើងមើលក្នុងវិស័យរដ្ឋបាលក៏ដូចគ្នា។ កាលពីយើងកែទម្រង់សេដ្ឋកិច្ច បោះឆ្នោតដំបូង ១៩៩៣ កាលនោះយើងពឹង IMF ជំនាញការពីក្រៅច្រើនណាស់ តាមក្រសួង។ ឥឡូវខ្មែរធ្វើដូចតែគ្នា។ ខេត្តសៀមរាប មានបរទេសណាមកធ្វើជំនាញការឬទេ? អ្នកខ្លះថា នៅស្រុកខ្មែរ មន្រ្តីថ្នាក់ជួរក្រោមទាំងអស់សុទ្ធតែមានជំនាញការមកពីប្រទេសផ្សេង។ ខ្ញុំថាមកមើលខ្លួនឯងទៅ។ តិចឃើញឯកឧត្ដម ប្រាក់ សោភ័ណ ខ្ពស់សង្ហាអញ្ចឹងច្រឡំថាកូនបារាំង … កត្តាបរិស្ថានដែលអាចធានាបានគុណតម្លៃ សមត្ថភាព និងលទ្ធភាពនេះ គឺខេត្តសៀមរាបអាចដឹងជាងគេ។ ខ្ញុំនិយាយពីប្រវត្តិសាស្រ្ត គឺការឯកភាពជាតិនិងសន្តិភាពនេះឯង។ បងប្អូនខ្លះឲ្យនិយមន័យអីផ្សេងៗ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែថាតម្លៃសន្តិភាពមានឬមិនមាន។ ពេលណាដែលយើងចាប់អារម្មណ៍តម្លៃនៃសន្តិភាព? … គ្រប់គ្នានឹងឲ្យតម្លៃសន្តិភាពនៅពេលដែលវាបាត់។
អ្នកដែលឆ្លងកាត់សង្រ្គាមធ្លាប់ហើយ។ ម្សិលមិញ ខ្ញុំជិះមកឃើញរូបក្នុង Facebookនៅភូមា។ គាត់ថតមួយរណ្ដៅហ្នឹង សុទ្ធតែក្មេងៗ រត់ពួន ខ្លះយំខ្លះសូត្រធម៌ មានអាយុពី ៤ឆ្នាំ រហូតដល់ជាង ១០ឆ្នាំប៉ុណ្ណោះ នៅពេលដែលយន្តហោះកំពុងហោះពីលើត្រៀមទម្លាក់គ្រាប់បែកនៅភូមិមួយ ដែលកាន់កាប់ដោយកម្លាំងប្រឆាំងរដ្ឋបាល។ ថ្ងៃមុន ខ្ញុំទៅប្រាសាទអង្គរវត្ត ខ្ញុំជួបជាមួយបងប្អូនមគ្គុទេសក៍ទេសចរណ៍។ មានប្អូនស្រីម្នាក់ធ្លាប់រស់នៅជិតវត្តមួយ(មិនដឹងខាងលិចឬខាងកើតអង្គរ) … ថាកាលជំនាន់នៅវាយគ្នា គាត់នៅក្មេងៗ ឲ្យតែផ្ទុះអាវុធ គាត់រត់ទៅពួននៅក្នុងអង្គរហ្នឹងឯង។ មិនមែនទេសចរណ៍អញ្ចេះទេ មិនមែនដូចគេឥឡូវមកថត រត់ពួន (Temple Run) ដោយសុវត្ថិភាពអញ្ចេះទេ។ ពេលនោះគឺរត់មែនទែនព្រោះគេវាយគ្នា។ នេះខ្ញុំនិយាយតែពីទិដ្ឋភាពនៅសៀមរាបទេ។ ឆ្នាំ៩០ជាង អ្នកមកធ្វើអូតែលដំបូងគឺ ឯកឧត្ដម សៀង ណាំ។ គេសើចគាត់។ គេថាមកវិនិយោគស្អីនៅនេះ។ មិនទាន់ឈប់វាយគ្នាផង។ តែឥឡូវ ភ្ញៀវឡើងចុះ ហើយយើងនឹងបង្កើនឡើងបន្ថែមទៀត។ តែការដែលយើងអង្គុយនៅទីនេះ ដែលហ៊ានដាក់ទុនវិនិយោគបង្កើតអូតែលប៉ុណ្ណេះ ក៏ដោយសារយើងមានសន្តិភាពនិងស្ថិរភាព។
(១៧) មានធនធានធម្មជាតិមិនប្រាកដថាជាទុនកសាងប្រទេសទេ ព្រោះបើមានសង្រ្គាមវាជាទុនសម្រាប់វាយគ្នា
ខ្ញុំធ្លាប់ទៅប្រទេស Congo។ ប្រទេសយើងមានធនធានធម្មជាតិច្រើន តែធនធានធម្មជាតិមិនប្រាកដថាជាទុនសម្រាប់កសាងប្រទេសទេ។ បើសិនជាយើងមានសង្រ្គាម គឺជាទុនសម្រាប់វាយគ្នា។ នៅ Congo ឆ្នាំ២០០២ ខ្ញុំធ្វើការនៅធនាគារពិភពលោក បានទៅស្នាក់នៅអូតែលផ្កាយ ៥មួយ Intercontinental ដែលកសាងពីប៉ុន្មានឆ្នាំមុន តែអត់មានភ្ញៀវទេ ក្រៅតែពីបុគ្គលិកអន្តរជាតិនិងទាហាន។ ប្រទេស Congo ចែកជាពីរ។ មួយ Brazzaville មួយទៀត Kinshasa ខាងបារាំងនោះ ដែលខ្ញុំទៅ។ ឥឡូវឃើញវាយគ្នា។ រាល់ថ្ងៃនេះវាយខ្លាំងជាងកាលខ្ញុំទៅៗ ទៀត។ ប្រទេសនេះសម្បូរទៅដោយធនធានត្បូង។ ខ្ញុំចាំថា ពេលចុះពីអូតែលមក មានគេយកត្បូងទៅលក់ឲ្យខ្ញុំដល់ជណ្ដើរយន្ត។ ជាអកុសល ប្រទេសនេះហែកគ្នា។ ម្ខាងទ័ព Rwanda ម្ខាងទ័ព Burundi ជួយវាយគ្នា មួយរត់ទៅពឹងប្រទេសមួយ មួយទៀតរត់ទៅពឹងប្រទេសមួយទៀត។ ហើយជាថ្នូរ គឺដូរជាមួយត្បូងពេជ្រ … បើតាមខ្ញុំចាំ ឯកឧត្ដម អ៊ី ឈាន អត់មក កាលនៅប៉ៃលិនក៏អញ្ចឹងដែរ ព្រោះអត់លុយ មានតែកាយយកត្បូងយកទៅដូរជាមួយស្បៀង ជាមួយទ័ព។ នេះហើយជាតថភាពជាក់ស្ដែងដែលយើងត្រូវចាំ។ ទេសចរកុំគិតថាជិះយន្តហោះទៅសាកមើល កន្លែងគេបាញ់គ្នាហ្នឹង។ គ្មានទៅទេ ជឿខ្ញុំ … ឆ្នាំនេះ ខ្ញុំមើលឃើញមកពីអឺរ៉ុបច្រើន ហើយអូស្ត្រាលីចាត់ទុកកម្ពុជា ជាគោលដៅទេសចរណ៍លំដាប់លេខ១ បើតាមការស្ទង់មតិ ហើយមកច្រើន។ អញ្ចឹងសួរថាតើ អ្នកទាំងអស់គ្នាហ្នឹងមកនៅសៀមរាប នៅកម្ពុជា ដោយសារគេចង់សាករត់កាត់គ្រាប់កាំភ្លើងទេ? …។
(១៨) ក្រុមហ៊ុន Bvlgari តាំងបង្ហាញគ្រឿងអលង្ការតម្លៃ ១៥០លានដុល្លារនៅកម្ពុជា ជាប្រទេសតូចនិងក្រ
ឆ្នាំទៅយើងមាន Gumball 3000។ គេយកឡានទំនើបៗ បើកកាត់ចូលមកប្រទេសយើង។ ឡានហ្នឹងលឿន បើប្រទេសយើងមានសង្គ្រាម ជាន់ល្បឿនទៅថៃបាត់ឥឡូវហើយ។ យើងរត់ម៉ារ៉ាតុង។ ឆ្នាំនេះខ្ញុំចូលរួម។ ឯកឧត្តម ថោង ខុន រៀបចំ ១៣ ០០០នាក់ ពី ៨៧ប្រទេស ជិត ១៤ ០០០នាក់ ហើយមានអ្នករត់ហាត់ម៉ារ៉ាតុង ហើយអ្នករត់ឆ្លងកាត់ប្រាសាទទៀត។ យើងទើបនឹងចប់។ ថ្ងៃមុនឃើញធ្វើកម្មវិធី Bvlgari គ្រឿងអលង្ការ។ គេយកមកថ្ងៃហ្នឹង ដឹកចេញពីសៀមរាប យកទៅព្រលានយន្តហោះនៅភ្នំពេញដើម្បីដឹកចេញ។ គ្រាន់តែគ្រឿងអលង្ការគេយកមក ១៥០លានដុល្លារដើម្បីដាក់បង្ហាញ ហើយអ្នកដែលមកគឺសុទ្ធតែអ្នកធំៗ។ យើងសួរថា ម៉េចក៏ចាំបាច់ហៅអ្នកធំ ប្រទេសយើងក្រីក្រ ម៉េចអ្នកមានមក។ យើងអត់រើសទេ … អញ្ចឹងបានថាឱ្យគិតវិជ្ជមាន។ ពេលដែលទេសចរមកប្រទេសយើងតូច គេថាតូច ធំៗទៅគេ។ ដល់ពេលធំមក គេថាគិតតែអ្នកមាន យើងក្រីក្រ។ សុវត្ថិភាពសំខាន់។ ពេលដែលមក គឺបង្ហាញរដ្ឋមន្ត្រីទេសចរណ៍ថា ពេលខ្លះយើងចំណាយ ១លានដុល្លារខំផ្សាយតាម CNN គ្រាន់តែមួយយប់នោះ យើងឡាយ្វ៍ចូលរាប់រយលាននាក់ តាមរយៈ Influencer Model ដែលមកពេញហ្នឹង។ ឥឡូវ Brand ធំៗ គ្រាន់តែឃើញមួយហ្នឹងជោគជ័យគេមកទៀត។
(១៩) ម្ចាស់ផ្ទះសៀមរាបទទួលភ្ញៀវបានល្អ ផ្សព្វផ្សាយពីសុខសន្តិភាពនិងការរីកចម្រើនរបស់កម្ពុជាទៅពិភពលោក
មួយចំនួនមក ប្រាប់ថា រ៉ូបរបស់គាត់រៀបចំហើយ ប៉ុន្មានម៉ឺនដុល្លារក៏អត់ដូរដែរ។ គាត់ស្លៀកអាហ្នឹង ស្រាប់តែដល់យប់ឡើង គឺស្លៀកខោអាវខ្មែរ ផ្សព្វផ្សាយពេញពិភពលោក។ នេះហើយដែលជាមោទនភាពរបស់យើង មិនមែនតែសៀមរាបទេ។ សៀមរាបជាម្ចាស់ផ្ទះទទួលគេបានល្អ។ អរគុណណាស់ ឯកឧត្តម ប្រាក់ សោភណ្ឌ ជាមួយសមត្ថកិច្ចយើងទាំងអស់។ ប៉ុន្តែអ្វីដែលកាន់តែពិសេសគឺការផ្សព្វផ្សាយពីធាតុពិតនៃសុខសន្តិភាព និងការរីកចម្រើនរបស់ប្រទេសយើងឱ្យពិភពលោកបានស្គាល់បានទទួល។ មុននឹងមកនេះ Bvlgari គេមើលប្រទេសជិតខាងយើង៤ ទៅ៥ប្រទេស។ គេទៅទាក់ម៉ូយនៅនោះ។ គេថាប្រទេសគេមានអញ្ចេះៗ ច្រើនជាងខ្មែរ។ ខ្មែរអត់មានអីទាំងអស់។ ទីបំផុតពេលដែលគេមកមើល គេថាអ្នកដែលឱ្យព័ត៌មាននោះខូច។ អត់ត្រូវ។ យើងមិនថាប្រទេសណាទេ។ ប្រទេសខ្លះគេវាយប្រហារកម្ពុជាថា ស្រុកខ្មែរសុទ្ធតែ Scammer កុំមក អសន្តិសុខណាស់។ ដល់ពេលក្រុមហ្នឹងមក គាត់ថាមិនអញ្ចឹងទេ។ គាត់ហ៊ានហៅភ្ញៀវរបស់គាត់ដែលសុទ្ធតែធំៗ ជិះយន្តហោះមក។ គាត់ទុកចិត្តថា អ្នកទាំងហ្នឹងមកមានសុវត្ថិភាព។ នេះហើយដែលយើងធ្វើបានជោគជ័យ។ នេះហើយជាមោទនភាពជាតិ ដែលបង្ហាញអំពីសក្តានុពល ដោយសារយើងមានស្ថិរភាពសន្តិសុខនេះឯង។
(២០) “មិនមែន ១០ឆ្នាំទៀត ស្អែក ឬខានស្អែកទេ ប៉ុន្តែគឺបានកើតមានរួចហើយ”
យើងមិនមែនអួត ប៉ុន្តែយើងបង្ហាញថាអ្វីដែលយើងបានធ្វើ។ ខ្ញុំមិនមែនទៅថា ១០ឆ្នាំទៀត ស្អែកខានស្អែកគេនឹងមកធ្វើទេ ប៉ុន្តែយើងមានរួចទៅហើយ។ ទាំងអស់នេះមានរួចទៅហើយ។ ខ្ញុំសូមសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលច្រើនឆ្នាំមកហើយយកកត្តាសន្តិសុខនេះសំខាន់ ហើយថែរក្សាបានល្អ។ តំបន់ទេសចរណ៍បើអសន្តិសុខគឺមានការព្រួយបារម្ភ មិនមានអ្នកមកទេ។ គ្មានអ្នកណាសន្សំលុយមួយខែមួយឆ្នាំ សន្សំលុយទៅដើរលេង ២អាទិត្យ ទៅដល់គេប្លន់យកទេ។ ប្រទេសខ្លះ នៅអឺរ៉ុប មានខ្លាំង តែចុះមិនស្រួលហ្នឹង ចោរប្លន់កាបូបអស់ឥឡូវហ្នឹង។ ខ្មែរយើងទៅក្រៅគេយកអស់ច្រើន។ តែមកកម្ពុជា មកខេត្តសៀមរាប ដើរយប់ Pub street អីផ្សេងៗ កុំឱ្យតែស្រវឹងវង្វេងអូតែល មានសុវត្ថិភាពហើយ។ មានអ្នកខ្លះ ទេសចរហ្នឹងក៏នេះដែរ។ គាត់មកសប្បាយ។ ថ្ងៃរៀប Gumball 3000 ថ្ងៃបន្ទាប់គេទៅរៀបនៅអង្គរ។ កម្មវិធីដូចម៉ោង ៧ ម៉ោង ៩ជិត១០ ខេត្តគេថា បងអើយ! មិនទាន់ជុំគ្នាទេ បើកមិនទាន់បានទេ។ ខ្ញុំថាម៉េចបានអញ្ចឹង? អ្នកដែលត្រូវមកផ្គុំគ្នាម៉ោង ៧ហ្នឹង យប់មិញសប្បាយពេក ស្រវឹងមិនទាន់ងើបផង។ គាត់ដើរខ្លះ គាត់មិនស្រវឹងទេ គាត់ទៅអង្គុយនៅ Pub street ដល់ម៉ោង ៤, ៥(ភ្លឺ) ហត់ព្រោះគាត់ត្រូវបើកបន្តទៅថៃទៀត។
(២១) ការវាយតម្លៃថាកម្ពុជាជាគោលដៅទេសចរណ៍កម្រិតកំពូល ដោយសារប្រជាពលរដ្ឋយើងល្អរាក់ទាក់
នេះហើយជាកត្តាដែលត្រូវថែរក្សាឱ្យបានដើម្បីផ្សព្វផ្សាយកម្ពុជាគ្រប់ជ្រុង។ លឺ ១០០០ដង មិនស្មើនឹងឃើញម្តងទេ។ នៅលើព័ត៌មាន នៅលើប្រព័ន្ធអនឡាញ ការផ្សព្វផ្សាយមានច្រើន ជាពិសេសធម្មតាលើប្រព័ន្ធអនឡាញមិនខុសពីស្រុកគេទេ ពីមុនកាសែត ព័ត៌មានល្អមិនសូវមានអ្នកណាចាប់អារម្មណ៍ទេ។ ព័ត៌មានខូចគឺផ្សាយពេញពិភពលោក។ តែសំខាន់គឺការមកឃើញផ្ទាល់នេះហើយ ដែលយើងត្រូវធានាឱ្យបាននូវទស្សនៈ និងការស្រឡាញ់រាប់អាន ព្រោះគេនឹងទៅផ្សព្វផ្សាយបន្តទៀត ដើម្បីបញ្ជាក់ការពិតនៅកម្ពុជា។ ដែលកម្ពុជាក្លាយជាគោលដៅទេសចរណ៍ក្នុងកម្រិតកំពូល តាមរយៈការវាយតម្លៃប៉ុន្មានស្ថាប័នប៉ុន្មានប្រទេស ដូចអូស្ត្រាលីអញ្ចឹង គឺដោយសារយើងធ្វើពិតប្រាកដ ដោយសារប្រជាពលរដ្ឋយើងល្អរាក់ទាក់ ដោយសារប្រជាពលរដ្ឋយើងមានភាពកក់ក្តៅ។ វាមិនមែនល្អឥតខ្ចោះទេប៉ុន្តែយើងត្រូវរួមគ្នាផ្សព្វផ្សាយចំណុចល្អឱ្យបានច្រើន។ នេះជាកិច្ចការធ្វើជាក់ស្តែងនៅក្នុងការប្រទាក់ក្រឡាជាមួយភ្ញៀវ ស្វាគមន៍គ្រប់គ្នា និងភាពកក់ក្តៅ ភាពទុកចិត្ត។ អាជ្ញាធររបស់យើងយកចិត្តទុកដាក់ ធ្វើឱ្យខេត្តមានសុវត្ថិភាព មានអនាម័យ មានសណ្ដាប់ធ្នាប់ល្អ ថែរក្សានិងបង្កើតផលិតផលទេសចរណ៍បន្ថែមទៀតដើម្បីឱ្យអ្នកមក បានឃើញពិត និងគាត់មកទៀត។
(២២) ខ្លាចបាត់ប្រទេស ត្រូវពង្រឹងខ្លួន ពង្រឹងជាតិ ពង្រឹងស្រុក ពង្រឹងខេត្ត ពង្រឹងភាពម្ចាស់ការ រួមអភិវឌ្ឍនិងការពារ បង្កើននូវសក្តានុពល
នេះហើយជាជោគជ័យរបស់យើង។ នេះហើយជាភាពរឹងមាំរបស់ខ្មែរយើង អរិយធម៌របស់ខ្មែរយើង សីលធម៌ វប្បធម៌ ដែលត្រូវថែរក្សាឱ្យបាន។ នេះជាចំណុចល្អ និងចំណុចខ្លាំងដែលកូនខ្មែរត្រូវតែពង្រឹង។ គ្មានអ្នកណាស្រឡាញ់ខ្មែរជាងខ្មែរគ្នាឯងទេ។ ជឿខ្ញុំទៅ។ កុំរវល់ចោទគ្នាចុះឡើង។ បើខ្លាចបាត់ប្រទេសខ្មែរ ប្រឹងពង្រឹងខ្លួនឯង ពង្រឹងជាតិយើង ពង្រឹងស្រុកយើង ពង្រឹងខេត្តយើង ដើម្បីពង្រឹងភាពម្ចាស់ការ អភិវឌ្ឍ និងការពារ រួមគ្នាបង្កើននូវសក្តានុពលបន្ថែមទៀត។ មានតែប៉ុណ្ណឹងទេ។ អត់មានអ្នកណាមកធ្វើឱ្យយើងទេ។ និស្សិតដែលខំចំណាយពេលវេលារៀនសូត្រទាំងព្រះតេជគុណ រៀនមិនមែនមួយថ្ងៃគេឱ្យសញ្ញាបត្រទេ។ រាប់ឆ្នាំ។ អញ្ចឹងការដាក់ទិសដៅ និងខំពង្រឹងខ្លួនឯងនេះហើយ ជាការធ្វើពិតប្រាកដ ដើម្បីចូលរួមពង្រឹងជាតិខ្មែរ គឺពង្រឹងខ្លួនឯង។ ខ្ញុំសូមអបអរសាទរ … ធនធានមនុស្ស សមត្ថភាព គុណធម៌ សីលធម៌ សុខភាព នេះហើយ ជាអ្វីដែលជាយើងអបអរសាទរនៅថ្ងៃនេះ ដែលយើងត្រូវបន្តធ្វើទៅទៀត។
[ចប់សេចក្តីអធិប្បាយ៤]
ដើម្បីបន្តរួមចំណែកនូវ ការលើកគុណវុឌ្ឍិក្នុងវិស័យអប់រំនៅកម្ពុជា ជាពិសេសចូលរួមអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់ការអភិវឌ្ឍមូលធនមនុស្សខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួន៖
ទី១. ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា សហការជិតស្និទ្ធជាមួយ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តធ្វើការកែទម្រង់ប្រព័ន្ធអភិវឌ្ឍមូលធនមនុស្សជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើ ចំណេះដឹង ជំនាញ និងបំណិនពាក់ព័ន្ធនឹង វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) សំដៅពង្រីកឧត្តមភាពប្រកួតប្រជែង និងពង្រឹងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា, ទាំងនៅកម្រិតតំបន់ និងសកល, តាមរយៈការស្រាវជ្រាវ, ការច្នៃប្រឌិត និងការនវានុវត្តន៍ ។
ទី២. ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា បន្តលើកកម្ពស់គុណភាពអប់រំ ដោយចាប់ផ្តើមពីការលើកកម្ពស់គុណភាពគ្រូ គុណភាពនាយកសាលា ផ្តោតលើវិធីសាស្រ្តបង្រៀន និងត្រូវបំពាក់សម្ភារៈបរិក្ខារឱ្យបានសមស្រប សម្រាប់ ការអប់រំ និងការបង្ហាត់បង្រៀនឱ្យស្របទៅនឹងចក្ខុវិស័យនៃការអប់រំសតវត្សរ៍ទី ២១ ។
ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បន្តធ្វើទំនើបកម្ម កម្មវិធីអប់រំ ឱ្យស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងស្តង់ដាអន្តរជាតិ សំដៅឱ្យឆ្លើយតបទៅនឹងទីផ្សារការងារ និងមុខរបរ ក្នុងបរិបទសង្គមឌីជីថល និង បដិវត្តន៍ឧស្សាហកម្ម៤.០ ។
ទី៤. ខ្ញុំសូមលើកទឹកចិត្តឱ្យ សាស្ត្រាចារ្យទាំងអស់ បន្តខិតខំអភិវឌ្ឍសមត្ថភាពជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តន៍ជាក់ស្តែង ។
ទី៥. ខ្ញុំសូមលើកទឹកចិត្តឱ្យ ប្អូនៗនិស្សិតជ័យលាភីទាំងអស់ ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និងការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់ និងការ-កសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]
(២៣) មានសមត្ថភាពរឹង ពង្រឹងផ្នត់គំនិត និងវិធីសាស្ត្រក្នុងការធ្វើការងារ
បន្ថែមលើនេះ មានតែសមត្ថភាពរឹងក្នុងខ្លួនមិនគ្រប់គ្រាន់ទេ ត្រូវមានការពង្រឹងសមត្ថភាពទន់ គឺផ្នត់គំនិត ក៏ដូចជាវិធីសាស្ត្រក្នុងការធ្វើការងារ។ ខ្ញុំសូមចែករំលែកបន្តិចចុះ មិនមែនថាជាគ្រូបង្រៀន ឬគ្រូជោគជ័យអីទេ។ ខ្ញុំអត់មានអានសៀវភៅទ្រឹស្តីអីច្រើនទេ។ ខ្ញុំយកពីការអនុវត្តជាក់ស្តែង ដើម្បីចែករំលែកដល់បងប្អូននិស្សិត។ ក្នុងនាមជានាយករដ្ឋមន្ត្រី មិនមានអី្វវិសេសវិសាលជាងបងប្អូននោះទេ ប្រឈមការងារដូចគ្នា គ្រាន់តែខ្ញុំត្រូវដោះស្រាយកិច្ចកាច្រើនជាងបងប្អូនខ្លះ តែបងប្អូនក៏ត្រូវតែដោះដូចគ្នា។ តម្រូវការដែលយើងជួប និងបទពិសោធន៍ដែលយើងជួប ត្រូវការដោះស្រាយ មិនថាការងារថ្នាក់នាយករដ្ឋមន្ត្រី ឬថ្នាក់តូច គឺប្រព័ន្ធនៃផ្នត់គំនិតដូចគ្នា មនុស្សដូចគ្នាទេ។ អញ្ចឹង ទន្ទឹមនឹងយើងកសាងសមត្ថភាព យើងត្រូវមានផ្នត់គំនិតដើម្បីភាពជោគជ័យ។ បងប្អូនប្រហែលជាធ្លាប់លឺខ្ញុំនិយាយហើយ ទស្សនវិជ្ជមានសំខាន់ណាស់។ គ្មានអ្នកណាកើតមកតាំងពីថ្ងៃទី១ ដល់ថ្ងៃចប់ទៅវិញ ល្អទាំងអស់ ជោគជ័យគ្រប់មុខទេ។ សូម្បីតែសាលាយើងឃើញរីកមកដល់ម៉ោងនេះ ក៏មិនមែនមិនជួបឧបសគ្គច្រើនដែរនោះដែរ។
(២៤) ដោះបញ្ហាទស្សនវិជ្ជាមាន៖ “ខ្វះតែកន្លះទៀត ទឹកពេញកែវ កុំឲ្យមើលថា ទឹកទើបតែបានកន្លះកែវ”
ប៉ុន្តែ នៅក្នុងការងារ បងប្អូនប្រកាន់ទស្សនវិជ្ជមានគឺបើទោះជាយើងមានបញ្ហាប្រឈម ក៏កុំបោះបង់។ រកវិធីដោះបញ្ហា តាមរបៀបមើលទៅលើទឹកខ្វះតែកន្លះទៀតពេញ កុំឲ្យមើលទៅកែវទឹកថាទើបតែបានកន្លះកែវ។ បើខ្លាចគេយក គេចង់បានរឿងរបស់គេ តែសំខាន់យើងឲ្យគេឬអត់? បើខ្លាចគេប៉ែងជើងយើង កុំទៅអង្គុយកើតទុក្ខ នៅអង្គុយតែខ្លាចគេ ត្រូវពង្រឹងខ្លួនឯងធ្វើការ ហើយបញ្ចេញស្នាដៃឲ្យរឹងមាំ គ្មានអ្នកណាដណ្តើមទេ។ បើខ្លាចគ្រូឲ្យធ្លាក់ កុំអង្គុយកើតទុក្ខថាគ្រូស្អប់ ខំប្រឹងរៀនឲ្យជោគជ័យ។ នេះហើយគឺការប្រកាន់ទស្សនវិជ្ជមាន។ ប្រឈមកន្លែងណា យើងតស៊ូទៅមុខទៀត។ ក្នុងគ្រប់ការងារ មិនមែនបានដូចចិត្ត ហើយប្រសិនជាយើងដួល យើងអង្គុយយំខ្លួនឯង យើងទៅលែងរួចហើយ។ គេសួរខ្ញុំថា រាល់ថ្ងៃបងឯងចេះតែទៅរួចដែរ ឃើញការវាយប្រហារតាមបណ្តាញសង្គម/ហ្វេសប៊ុកជាដើម។ ខ្ញុំថា អាហ្នឹងជាផ្នែកមួយនៃការងារ។ មានអ្នកសួរថាបើពាក្យចចាមអារាមច្រើនចឹង យើងទៅមុខរួចដែរ។ ខ្ញុំថា បើសិនជាគិតពាក្យចចាមអារាមប្រឆាំងខ្ញុំ ប្រឆាំងឪពុកម្តាយខ្ញុំ ជាបាយ យើងហូបបាយព្រឹក បាយថ្ងៃ ហើយបាយល្ងាច គឺវាច្រើនណាស់សម្រាប់មួយអាទិត្យ។ អ្វីដែលសំខាន់គឺដាក់ទិសដៅឲ្យពិតប្រាកដ ទិសដៅឲ្យចំ។ បងប្អូនដែលរៀន ៥ឆ្នាំនេះ វាមិនមែនអត់ប្រឈមនឹងការងារ នឹងជីវភាពរស់នៅ បញ្ហាគ្រួសារ ចំណោទអីផ្សេងៗទៀតនោះទេ។
(២៥) ប្រឈមនឹងមតិសង្គមអវិជ្ជមាន ដោយប្រែក្លាយភាពអវិជ្ជមានទៅជាថាមពលកាន់តែខ្លាំង
សូម្បីតែរៀនពេលខ្លះចង់បោះបង់ម្តងៗផង។ អ្នកណាចង់បោះបង់ម្តងៗ? មើលកុំខ្លាច អត់មានអីត្រូវអៀនខ្មាសទេ ព្រោះយើងជាមនុស្ស យើងមិនមែនជាម៉ាស៊ីនទេ។ សូម្បីម៉ាស៊ីនហ្នឹងក៏មាន overload ម្តងម្កាលដែរ។ ដែលយើងប្រឈមមកដល់នេះ បានន័យថាយើងបានដាក់ទិសដៅវិជ្ជមានរួចទៅហើយ … យើង(ប្រើការ)ប្រឈមយ៉ាងម៉េច? ប្រែក្លាយការអវិជ្ជមានទៅជាថាមពលសម្រាប់យើងកាន់តែខ្លាំង។ មិនមែនត្រឹមតែរឿងនយោបាយទេ។ តាំងពីខ្ញុំនៅរៀនថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ តែងតែមានគេឌឺដងថា ណែត ឯងមិនបាច់រៀនក៏ជាប់ដែរ គ្មានអ្នកណាឲ្យធ្លាក់ទេ។ តើយើងអង្គុយយំ អត់ខ្ចី(រៀនសូត្រឬម៉េច)? អ្នកណាថាក៏ថាទៅ។ ខ្ញុំមិនមាត់ តែខ្ញុំនឹងបង្ហាញតាមរយៈការរៀនឲ្យបានលេខ១ និងលេខ២ និងនៅពេលប្រឡងបាក់ឌុបបានពិន្ទុល្អ។ មានតែគ្រូខ្ញុំ និងមិត្តភក្តិខ្ញុំដែលរៀនជាមួយគ្នាទេអាចបង្ហាញ។ អ្នកណាថាអីថាចុះ។ នេះជាកត្តាជោគជ័យ។ អ្នកណាថាអីថាចុះ ទីបំផុតគ្រូខ្ញុំ អ្នកដែលខ្ញុំស្គាល់នេះហើយ គឺជាអ្នកដែលការពារខ្ញុំ។ គោលនយោបាយដូចគ្នា។ ធ្វើការងារក៏ដូចគ្នា។ អ្នកណាឌឺដងម៉េចក៏ស្រេចតែគេ។ យើងខំប្រឹងធ្វើទៅ ឲ្យតែមេប្រគល់ការងារឲ្យធ្វើ គឺគាត់ជាអ្នកឲ្យតម្លៃហើយ។ លទ្ធផលជាក់ស្តែង ធ្វើឲ្យខ្លួនឯង ធ្វើឲ្យគ្រួសារជោគជ័យទៅ អ្នកណាថាអីថាទៅ … គិតវិជ្ជមាន។ បើបង្អាប់កាន់តែខ្លាំង ខំប្រឹងឲ្យកាន់តែជោគជ័យ។ នេះហើយគឺប្រការដែលយើងត្រូវមានទស្សនវិជ្ជមាន កុំផ្ដួលខ្លួន។
(២៦) សម្រាប់កម្មវិធីចែកសញ្ញាបត្រនិស្សិត ក្រៅពីអបអរសាទរ គឺចែករំលែកវិធីសាស្ត្រធ្វើការងារ
ក្នុងការងារនយោបាយ គេជេរ គេបង្អាប់ តែអ្វីដែលសំខាន់ ខ្ញុំត្រូវខំប្រឹងដើម្បីឲ្យប្រជាពលរដ្ឋខ្ញុំបានផល បានតិច បានច្រើន យើងនឹងខិតខំបន្តទៀត មន្ត្រីទាំងអស់រួមគ្នាធ្វើការទៅ។ ចុះជួបប្រជាពលរដ្ឋ ចុះជួបនិស្សិត បងប្អូនបានទទួលផលជាក់ស្តែង។ ការខិតខំប្រឹងប្រែងរបស់បងប្អូនក្នុងទិដ្ឋភាពជាក់ស្តែងនេះ គ្មានអីល្អឥតខ្ចោះទេ តែកុំផ្តោតតែរឿងអវិជ្ជមាន គឺដាក់ទិសដៅវិជ្ជមាន។ ក្នុងការងារក៏ដូចគ្នា។ សូមកុំដាក់អវិជ្ជមានជាគោល។ កន្លងទៅ ខ្ញុំឲ្យសាកតេស្តអ្នកធ្វើការឲ្យខ្ញុំ។ ឲ្យ ៣នាក់ធ្វើការងារសំខាន់មួយ។ រកព័ត៌មានឲ្យខ្ញុំនៅម៉ោង ៤ទៅម៉ោង ៥ល្ងាច ថ្ងៃសុក្រ។ អ្នកទី១ ដាក់ភ្លាម ឆ្លើយភ្លាមថាបងអើយ ថ្ងៃសុក្រហើយ ខ្ញុំសុំថ្ងៃច័ន្ទ។ ម្នាក់ទៀត គាត់ព្យាយាមទៅដែរ តែទាក់ទងមិនទាន់។ គាត់ទៅស្ទះផ្លូវឬមួយអី។ គាត់អត់ប្រាប់ពីឧបសគ្គទេ ទាល់ទូរស័ព្ទទៅសួរ បានប្រាប់ថាយឺតហើយ។ អ្នកមួយទៀត ស្ទះដែរតែគេទូរស័ព្ទទៅប្រាប់ថាបងចាំមួយភ្លែត តិចទៀតខ្ញុំទៅដល់ហើយ។ អញ្ចឹងអ្នកហ្នឹងយកលទ្ធផលឲ្យខ្ញុំល្ងាចថ្ងៃសុក្រ។ ២នាក់ទៀតចាំថ្ងៃច័ន្ទ។
នេះជាការដាក់ទិសដៅវិជ្ជមាន ព្យាយាមដោះស្រាយការងារពិតក្នុងជីវិតរបស់យើង។ ទាក់ទងនឹងវិធីសាស្ត្រធ្វើការ ខ្ញុំមិនមែននិយាយជាទ្រឹស្តីទេ ខ្ញុំនិយាយនិងចែករំលែក(ពី)បទពិសោធន៍ជាក់ស្តែង។ យើងមើលប្រធានបទ។ ប្រធានបទសម្រាប់និស្សិត ក្រៅពីអបអរសាទរ គឺចែករំលែកវិធីសាស្ត្រការងារ។ ខ្ញុំធ្លាប់ធ្វើការឲ្យថ្នាក់លើ ហើយខ្ញុំក៏មានអ្នកធ្វើការឲ្យខ្ញុំ។ អញ្ចឹងវិធីសាស្ត្រមួយចំនួនដែលខ្ញុំបានលើកនេះ គឺដើម្បីទទួលជោគជ័យក្នុងការងារ។ នៅរៀន គ្រូឲ្យពិន្ទុ និងឲ្យធ្វើតេស្ត។ តេស្តម្តងបាន ១០ បូកច្រើនទៅបាន ១០។ នេះបើធ្វើបានល្អគ្រប់ទាំងអស់។ តែបើម្តងណាបាន៥ ក៏នឹងទាញមធ្យមភាគធ្លាក់ហើយ … ការងារក៏ដូចគ្នា។ បើធ្វើឲ្យបានល្អគ្រប់ពេល ទើបបាន១០០% ពិន្ទុ ហើយថ្នាក់លើជាគ្រូរបស់យើង។ ពេលគាត់ឲ្យពិន្ទុ តែងតាំងយើង ចាត់តាំងយើងឲ្យទទួលខុសត្រូវ គេប្រាកដជាអ្នកមានពិន្ទុខ្ពស់ហើយ។ អញ្ចឹងការងារមានច្រើនវិស័យណាស់។
(២៧) ប្រកាន់យកវិធីសាស្ត្រធ្វើការ “ឲ្យលឿន ឲ្យលះ បើស្ទះ សុំគោលការណ៍”
ខ្ញុំតែងតែប្រាប់នាយទាហានកាលខ្ញុំនៅកងទ័ពពាក្យស្លោកមួយ ដែលខ្ញុំខ្លួនឯងក៏ធ្លាប់ដឹង គឺ “ធ្វើឲ្យលឿន ធ្វើឲ្យលះ ហើយបើស្ទះ សុំគោលការណ៍”។ ពាក្យ ៣ម៉ាត់នេះ ស្អីទៅធ្វើឲ្យលឿន? ធ្វើឲ្យលឿនគឺថាពិតណាស់បានលទ្ធផលលឿន កុំទុកយូរ ធ្វើឲ្យអស់។ ហ្នឹងជានិយមន័យថ្មីគឺត្រូវមានវិធីសាស្ត្រធ្វើ។ កត់ត្រាទុក កុំឲ្យភ្លេចអីផ្សេងៗ។ អ្នកខ្លះចង់ធ្វើឲ្យលឿនប៉ុន្តែខ្វះវិធីសាស្រ្ត។ អ្នកខ្លះការងារច្រើនពេក ខ្វះវិធីសាស្រ្ត ធ្វើឲ្យយើងបរាជ័យ។ កត្តាធំមួយគឺភ្លេច។ ប្រគល់ភារកិច្ចឲ្យ ក៏ភ្លេច។ ថ្ងៃមុន ជំនួយការម្នាក់ បានប្រគល់ឲ្យគាត់កម្មង់អ្វីមួយ។ ៣ខែ អត់បានធ្វើទេ។ សួរទៅ គាត់ភ្លេចកត់ត្រាទុក។ ឆ្លើយមកវិញថាអត់មាន។ ដល់ត្រូវមាត់ទៅថា មួយម៉ោងទៀតហើយ។ វិធីសាស្រ្តធ្វើការគឺធ្វើឲ្យលឿន ប៉ុន្តែការធ្វើឲ្យលឿននេះ សម្រាប់ការងារជាច្រើន យើងមិនអាចធ្វើទាំងព្រមបានទេ។ ត្រូវធ្វើអាទិភាពភាវូបនីយកម្ម priority។ បើសិនជាម្នាក់មានការងារ៥ ឬ៦ ក្នុងពេលជាមួយគ្នា ហើយបើសិនជាស្អីក៏សំខាន់ដែរនោះ ធ្វើមិនចប់ ធ្វើមិនហើយទេ។ មិនថាអ្នកតូច អ្នកធំ។ មួយថ្ងៃហ្នឹង រវាងទៅយកកូន និងទៅទិញអីវ៉ាន់ មួយណាសំខាន់ជាង? ប្រហែលជាកូនហើយ។
(២៨) គប្បីធ្វើអាទិភាវូបនីយ៍កម្ម និងប្រតិភូកម្ម កិច្ចការ
អញ្ចឹងធ្វើអ្វីក៏ដោយត្រូវដាក់អាទិភាពធ្វើ ហើយកុំភ្លេច។ ការធ្វើអាទិភាព(លំដាប់)ភារកិច្ចនេះសំខាន់ណាស់។ បើមិនអញ្ចឹងយើងធ្វើមិនអស់ បានន័យថាមិនចាំបាច់ត្រូវតែធ្វើឲ្យលឿនគ្រប់មុខក្នុងពេលជាមួយគ្នានោះទេ។ មិនអាចទៅទេ។ ត្រូវធ្វើអាទិភាពភាវូបនីយកម្ម។ កាលខ្ញុំរៀននៅសាលា West Point គេបង្រៀនពីវិធីសាស្ត្រហ្នឹង។ នាយទាហាននៅក្នុងសាលា West Point ដែលមានកម្មវិធី ៤ឆ្នាំនេះ ត្រូវរៀន ទី១ ថ្នាក់រៀនធម្មតា ១ semester រៀនតែ ៤ទៅ ៥ថ្នាក់ទេ។ សាលានេះរៀន ៨ថ្នាក់ ហើយ ៨ថ្នាក់នេះ អត់មានពេលទំនេរទេ។ សាកលវិទ្យាល័យធម្មតាចប់ម៉ោងសិក្សា ទៅរៀនវិទ្យាល័យផ្សេង ធ្វើអ្វីៗរបស់គាត់។ សាលា West Point នេះ គឺជាប់រហូតតាំងពីងើបរហូតដល់គេងនៅម៉ោង ១០យប់។ បិទភ្លើង។ ឲ្យយើងរៀនតែម៉ោង ៧ទៅម៉ោង ១០ទេ ក្រៅពីហ្នឹងគឺកម្មវិធីជាប់រហូត មិនឲ្យមានពេលរៀន សួរទៅ ថាបង្រៀនអ្នកឯងឲ្យចេះធ្វើអាទិភាវូបនីយកម្ម។ ឆ្នាំទី១ លំបាក ដល់យូរៗទៅយើងធ្លាប់។ យើងអត់ជម្រើស។ ទៅរួច។ នេះហើយថាកិច្ចការសំខាន់ត្រូវធ្វើឲ្យលឿន។ ធ្វើអ្វីដែលសំខាន់មុន អ្វីដែលសំខាន់បន្ទាប់បន្សំតាមក្រោយ។ ទី៣ គឺ បើមានលទ្ធភាព ធ្វើប្រតិភូកម្ម ឬឲ្យគេជួយ។ យើងធ្វើការងារសំខាន់ៗ។ រឿងមិនសូវសំខាន់ឲ្យគេជួយ កុំធ្វើតែខ្លួនឯង។
(២៩) ពាក្យសម្តីនាយករដ្ឋមន្រ្តី ជាបទបញ្ជា
សូម្បីតែរដ្ឋាភិបាលក៏ធ្វើវិមជ្ឈការ វិសហមជ្ឈការដែរ។ បើអ្វីៗចរាចរដូចកដបនៅភ្នំពេញហ្នឹងអត់ទៅមុទេ។ ក្នុងការងារ យើងមើល បើជាប្រធាន ត្រូវតែប្រគល់ឲ្យគេជួយ។ ប៉ុន្តែមិនមែនប្រគល់ស្រពិចស្រពិលទេ។ បង្រៀនប្រាប់ស្តង់ដារ ហើយវាយតម្លៃមនុស្ស។ រើសមនុស្សត្រូវគឺល្អ។ មានម្តងទៅអូស្រ្តាលី។ កាលនោះជាមេបញ្ជាការប្រឆាំងភេរវកម្ម … មានសមាគម មានការងារ NGO … ប៉ុន្តែការងាររដ្ឋតែមួយ។ គេសួរថា អ្នកឯងពាក់មួកច្រើនធ្វើការងារអស់ដែរ? ខ្ញុំថាខ្ញុំធ្វើការងារ១, ការងារ ២, ការងារ៥ ពេលជាមួយគ្នាអត់បញ្ហា សំខាន់ខ្ញុំរើសបានមនុស្សដែលនៅដឹកនាំផ្ទាល់ ខ្ញុំប្រគល់សិទ្ធិឲ្យមនុស្សហ្នឹង ត្រូវយល់ពីគោលគំនិតខ្ញុំ ប្រគល់សិទ្ធិឲ្យ ផ្តល់ការគាំទ្រឲ្យគាត់ធ្វើ។ ខ្ញុំធ្វើតែការងារសំខាន់ៗ អាទិភាព។ បងប្អូនក៏ដូចគ្នា។ បើមិនអញ្ចឹងយើងទៅមិនបានលឿនទេ។ នៅក្នុងការងារ គេថាធ្វើឲ្យលឿន ធ្វើឲ្យលះនោះយ៉ាងម៉េច? គឺថាធ្វើកុំស្ទាក់ស្ទើ មិនមែនតែអាហ្នឹងមួយទេ។
ធ្វើឲ្យលះចាប់ផ្តើមពីអ្វី? ក្តាប់គោលគំនិតថ្នាក់លើឲ្យបានច្បាស់ យល់ពីបេសកកម្មឲ្យច្បាស់។ មនុស្សច្រើនណាស់ ដែលខាតពេលឥតប្រយោជន៍។ ធ្វើខុសខ្ជះខ្ជាយពេលវេលា ហើយខុសគោលដៅ។ អង្គរក្សខ្ញុំម្នាក់ ឈប់ឡាននៅផ្សារថ្មី។ គ្រាន់តែប្រាប់ថា “ចូលទៅទិញ” មិនទាន់ប្រាប់ថាទិញអីផង ចុះទៅបាត់។ ប្រហែលជា ១៥នាទីមកវិញ សួរថាបងត្រូវការអ្វី? ថ្ងៃមុន អ្នកណាទេហូបគុយទាវហើយ លើកដៃអញ្ចេះ។ អង្គរក្សរត់ទៅទិញបារីមកឲ្យ។ គាត់ថា ទេគាត់ត្រូវការឈើចាក់ធ្មេញ។ ជឿទេ? ពេលខ្លះយើងខំចំណាយពេលច្រើនណាស់ធ្វើអ្វីមួយស្រាប់តែការងារត្រូវធ្វើឯណានោះសោះ … មកពីយើងអត់ក្តាប់គោលការណ៍ច្បាស់លាស់ … គេថាអ្នកធំកុំគិតការងារតូច។ មិនអញ្ចឹងទេ។ កាន់តែធំកាន់តែគិតការងារល្អិតលើការងារសំខាន់។ សុន្ទរកថារបស់ខ្ញុំជាមេជើងគោក សរសេរខុសតួលេខ ខ្ញុំអានអត់បញ្ហា តែក្នុងនាមជានាយករដ្ឋមន្រ្តី ខ្ញុំនិយាយខុសមួយម៉ាត់ជាបទបញ្ជា។
(៣០) ត្រូវប្រុងប្រយ័ត្នពាក្យសម្តី ពិសេសការទូត ព្រមដោយប្រគល់ភារកិច្ច និងក្តាប់គោលគំនិតអោយច្បាស់
សូម្បីតែជំនួយការខ្ញុំ បកប្រែភាសាខុស។ កត់ត្រាពេលជំនួបខុសមួយពាក្យហ្នឹង ក៏ពិបាកដែរ។ បើខ្ញុំប្រាប់ពួកគាត់ ពីមុនធ្លាប់សរសេរ(សុន្ទរកថានៅ) SNEC ប៉ុន្តែឥឡូវមួយពាក្យៗ ជាបទបញ្ជា។ ថ្ងៃមុន ជួបជាមួយអនុ UN ម្នាក់ ខ្ញុំនិ យាយថា “បណ្ណាសារខ្មែរក្រហមនេះ ថ្ងៃក្រោយយើងនឹងរៀបចំស្ថាប័នមួយគ្រប់គ្រង” ប្រើពាក្យអង់គ្លេសថា “institution” តែអ្នកកត់ត្រាសរសេរថា institute ទៅជាវិទ្យាស្ថាន។ ដល់ពេលបញ្ចេញសារហ្នឹងទៅខាងទីស្តីការគណរដ្ឋមន្រ្តី គាត់ឃើញសារហ្នឹង គាត់យកទៅរៀបចំជាអនុក្រឹត្យដើម្បីបង្កើតជាវិទ្យាស្ថាននិងស្អីផ្សេងៗ។ ខ្ញុំថា “ខ្ញុំមិនបាននិយាយឯណា”។ ដល់ទៅមើល បាត់ ION។ យើងនិយាយថាស្ថាប័ន institution ដល់គាត់កត់ គាត់ថា institute។ អញ្ចឹងគេយកទៅគិតថាវិទ្យាស្ថាន ត្រូវមានតួនាទីយកទៅស្រាវជ្រាវ តួនាទីផ្សព្វផ្សាយស្អីៗ។ ខ្ញុំថាខ្ញុំត្រូវការកន្លែងបណ្ណាសារមួយ ដែលគ្រាន់តែជាបណ្ណាល័យទុកឯកសារ ថ្ងៃក្រោយកូនខ្មែរទៅស្រាវជ្រាវទេតើ។ ត្រូវស្រាវជ្រាវអ្វីទៀត … បើចេញទៅចរចាខាងក្រៅ គ្រោះថ្នាក់។
ពេលដែលយើងទៅចរចា និយាយខុសមួយពាក្យ ខុសគោលនយោបាយ។ ទៅធ្វើកិច្ចព្រមព្រៀងអ្វីមួយ ជាមួយប្រទេសមួយ ហ៊ានតែខុសមួយពាក្យ ហើយពាក្យការទូតនេះគ្រោះថ្នាក់។ បើយើងអត់យល់អត់បានទេ។ យើងបកជាអង់គ្លេសគឺពិបាកតែម្តង។ ឧទាហរណ៍គេអញ្ជើញយើងទៅធ្វើអ្វីមួយ។ យើងឆ្លើយថាខ្ញុំនឹងពិចារណា។ ភាសាការទូតថា no ទៅហើយ។ បើអង់គ្លេសបកថានឹងពិចារណា។ ភាសាការទូតគឺ no រវាងពាក្យ welcome និងពាក្យ support ខុសគ្នាដាច់។ ខុសតែមួយពាក្យគឺខុសន័យតែម្តង។ Welcome បានន័យថាមិន support មិនបដិសេធទេ គ្រាន់តែស្វាគមន៍ការលើកឡើង តែអត់ពាក់ព័ន្ធជាមួយទេ។ តែបើខ្ញុំគាំទ្រស្មើនឹងចូលទៅគាំទ្រ។ អញ្ចឹងបានមួយពាក្យៗសំខាន់ណាស់។ ការងារកាន់តែធំ កាន់តែមានការប្រុងប្រយ័ត្ន។
ថ្ងៃមុនខ្ញុំទទួលគណប្រតិភូបារាំង។ នេះខ្ញុំចេះបារាំងបន្តិចបន្តួច។ ខ្ញុំប្រាប់គាត់ថា ខ្ញុំមិនចង់ឃើញស្ថានភាពនៅអ៊ុយក្រែនឈានចូលដល់ស្ថានភាពនៅអាស៊ីប៉ាស៊ីហ្វិក ដែលអាចមានការវាយគ្នានៅតៃវ៉ាន់នោះទេ។ អ្នកបកប្រែភ្លេចពាក្យ … ខ្ញុំនិយាយថា “ je ne peux pas voir la situation …” ស្រាប់តែអ្នកបកប្រែថា “je veux que la situation …” ស្រាប់តែភ្ញៀវបារាំងបើកភ្នែកភ្លឹះៗ។ អ្នកបកប្រែថា ខ្ញុំចង់ឃើញ situation សង្រ្គាមនៅនោះ … ការងារតូច ការងារសំខាន់គឺត្រូវប្រគល់ភារកិច្ចឲ្យច្បាស់លាស់។ ដូចនេះ ក្តាប់គោលគំនិតឲ្យបានច្បាស់លាស់។ បើក្នុងកងទ័ពគ្រោះថ្នាក់ខ្លាំង។ ថាកុំឲ្យទៅតាមគេ ស្រាប់តែចេញទៅតាមគេ បាត់ទីតាំង។
(៣១) ក្ដាប់គោលគំនិតថ្នាក់លើ ធ្វើឲ្យលះ ដោយច្នៃប្រឌិត តាមលទ្ធភាពក្នុងដែននៃសិទ្ធិ
ធ្វើឲ្យលះ។ បានន័យថាម៉េច? មិនមែនថាយើងអត់មានបញ្ហានោះទេ។ ទី១ ក្ដាប់គោលគំនិតថ្នាក់លើឲ្យបាន។ ទី២ ធ្វើឲ្យលះ គឺត្រូវព្យាយាមដោះស្រាយបញ្ហាតាមលទ្ធភាពដែលយើងធ្វើទៅបាន។ មិនមែនបន្ដិចក៏រាយការណ៍ សុំគោលការណ៍ដែរទេ។ ត្រូវព្យាយាមដោះស្រាយក្នុងដែននៃសិទ្ធិរបស់ខ្លួន ដោយច្នៃប្រឌិត តែធ្វើយ៉ាងណាកុំឲ្យខុសគោលគំនិតថ្នាក់លើ (បើខុស)នោះជាគ្រោះថ្នាក់។ អ្នកខ្លះច្នៃប្រឌិតមែន ច្នៃខុសពីគោលគំនិតថ្នាក់លើប្រគល់ឲ្យ។ ថ្នាក់លើឲ្យទិញ coke អត់ជាតិស្ករ។ ទៅហាងនឹងថាមិនមាន គាត់ក៏យក coke ធម្មតាមក។ គាត់ដោះបានមែន ប៉ុន្ដែខុសគោលការណ៍។ ពេលដែលប្រគល់ភារកិច្ចឲ្យ យើងមានគោលគំនិត អត់ចាំបាច់ពន្យល់ទេ។ ខ្ញុំប្រាប់ថាទៅយករបស់ហ្នឹងមក ខ្ញុំអត់ចាំបាច់ត្រូវអង្គុយ ១ម៉ោង ពន្យល់ថាហេតុអ្វី(បានឲ្យទៅយករបស់ហ្នឹងទេ)។ គាត់ទៅគាត់ច្នៃម៉េច ស្ទាក់គេម៉េច កុំឲ្យគេបិទទ្វារចោល ឬមួយយ៉ាងម៉េច ប៉ុន្ដែ(ត្រូវ)មកវិញឲ្យខ្ញុំរបស់ហ្នឹង។ បើសិនមិនបានរបស់ហ្នឹង បើគេបិទ គាត់ត្រូវរាយការណ៍មកខ្ញុំ ដើម្បីខ្ញុំឲ្យគោលការណ៍ … តែមុនធ្វើ គាត់ត្រូវរាយការណ៍មកខ្ញុំ ថាឥឡូវអត់មាន សុំយករបស់ផ្សេងវិញ(បានទេ) … នេះហើយហៅថា ធ្វើឲ្យលះ។ ធ្វើឲ្យលឿន ឲ្យលះ ហើយដោះស្រាយ(បញ្ហា)ចំពោះមុខ តាមដែលអាចធ្វើទៅបាន។
(៣២) បើស្ទះ សូមរាយការណ៍ ដើម្បីបិទបញ្ជី ធ្វើបានឬមិនបានដោយសារអ្វី និងសូមកុំខ្លាច
(បើធ្វើអត់បាន) រាយការណ៍ដើម្បីសុំគោលការណ៍។ នេះជាចំណុចមួយទៀត។ ការងារអីក៏ដោយធ្វើហើយ មិនហើយ ត្រូវរាយការណ៍ឲ្យដឹង (ឬ) រាយការណ៍ជាជំហានក៏បាន។ នេះខ្ញុំគ្រាន់តែប្រាប់ពីរបៀបធ្វើការ និងផ្នត់គំនិតធ្វើការមួយចំនួន។ កន្លែងខ្លះ បញ្ហាគឺបើសិនបើយើងអត់ហ៊ាន យើងអត់ធ្វើ យើងអត់រាយការណ៍ យើងអត់ដឹង ថ្នាក់លើអត់បិទបញ្ជីបានទេ។ ទី២ អត់ដឹងធ្វើបានមិនបានយ៉ាងណា។ ទី៣ កន្លែងខ្លះខ្លាចមេ។ កុំខ្លាចឲ្យសោះ។ ប្រគល់ឲ្យធ្វើ ៣អាទិត្យ មិនទាន់ហើយ សួរទៅថា អត់មានផង។ ប៉ុន្ដែ(ខ្ញុំ)អត់ហ៊ានរាយការណ៍ខ្លាចរំខានមេ។ ហ្នឹងសូមកុំខ្លាច។ គួរតែខ្លាចថា បើមិនឲ្យគាត់ដឹងការងារនឹងកាន់តែធំ។ ហ្នឹងខ្លាចជាង។ អ្នកខ្លះខ្លាចមិនហ៊ានសុំយោបល់ ប៉ុន្ដែហ៊ានសំរេចចិត្តជំនួស។ ឲ្យទៅធ្វើអញ្ចេះ ទៅដោះស្រាយអញ្ចេះ គាត់ទៅ(ធ្វើតាម) ទៅដោះស្រាយផ្សេង។ គាត់មិនរាយការណ៍។ ដល់អញ្ចឹងវាខុសគោលការណ៍។ វាកើតរឿងលើសដើម។ ទាំងនេះគឺ ការធ្វើឲ្យលឿន ឱ្យលះ បើស្ទះ សុំគោលការណ៍ កុំខ្លាច (ដែលមានប្រយោជន៍ក្នុងការអនុវត្ត) មិនថាយើងជាមេគេ កូនចៅគេ មិនថាយើងធ្វើការឲ្យខ្លួនឯង កិច្ចការជាច្រើនដែលត្រូវពាក់ព័ន្ធ។ នេះគ្រាន់តែជាការបែងចែកទស្សនៈមួយចំនួនក្នុងការងារ ក្នុងការកសាងសមត្ថភាព មិនថាក្នុងវិស័យឯកជន រដ្ឋ ឬ NGO ឬមួយបងប្អូនធ្វើអីក៏ដោយ។ កិច្ចការទាំងអស់នេះជាបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ ហើយជាអ្វីដែលខ្ញុំសំគាល់មើលសំរាប់មនុស្ស។ ខ្ញុំមិនល្អឥតខ្ចោះទេ។ ប៉ុន្មានចំណុចនេះ ខ្ញុំធ្វើនៅមិនទាន់បានគ្រប់ទេ តែយ៉ាងហោចណាស់មាន ៣ប្រទីបនេះ(ជួយបំភ្លឺ)ពេលណាដែលខ្ញុំខ្សោយអីមួយ។ ខ្ញុំអាចព្យាយាមរកវិធីដោះស្រាយវា …។
(៣៣) ការងារមានការប្រកួតប្រជែង ទាំងវិស័យឯកជនទាំងស្ថាប័នរដ្ឋ
យើងចង់បានអ្នកដែលធ្វើការឲ្យយើងកំរិតណាមួយ។ ស្រដៀងគ្នានឹងការប្រកួតប្រជែង។ យើងចង់បានជោគជ័យក្នុងស្ថាប័នមួយ ចង់បានតួនាទីបន្ថែម ទាល់តែបង្ហាញថា ការងារគ្រប់ថ្នាក់ យើងមានតួនាទីទទួលខុសត្រូវ ហើយលឿនជាងគេ។ ការចេញទៅធ្វើការងារមានការប្រកួតប្រជែង។ សូម្បីយើងធ្វើចុងភៅ ម្ចាស់ហាងខ្លួនឯងក៏ត្រូវប្រកួតប្រជែងជាមួយហាងក្បែរយើងដែរ កុំថាឡើយធ្វើការក្នុងស្ថាប័នរដ្ឋមួយ … សាជីផ្កាប់ ការងារតូចតាចមានគ្នាច្រើន ឡើងទទួលខុសត្រូវមួយថ្នាក់កាន់តែតូចទៅៗ ហើយការប្រគល់ភារកិច្ចគឺតាមវិធីបែបនេះ … គ្រាន់តែស្ដាប់ បងប្អូនយកទៅធ្វើតាម(ឬមិនធ្វើតាមបាន) បងប្អូនអាចមានរូបមន្ដល្អជាង។ នេះខ្ញុំគ្រាន់តែចែករំលែកបទពិសោធន៍ការងារ ព្រោះចែកសញ្ញាបត្រសម្រាប់និស្សិតចាត់ដូចជា បងប្អូនជាក្មួយៗ ជាការងារដែលយើងចែករំលែកផ្ទាល់។ កិច្ចការអប់រំជាការងារដែលរាជរដ្ឋាភិបាលដាក់ចេញជាគោលនយោបាយកសាងធនធានមនុស្ស បង្កឱកាស ពឹងលើធនធានកាន់តែរីកចំរើន។ ការចែករំលែកលទ្ធភាពរៀនសូត្រ ឱកាសនៃការថែរក្សាសុខសន្ដិភាព ស្ថិរភាព បង្កើតការងារផ្សេងៗ ពង្រីកបន្ថែមការគ្របដណ្ដប់ហេដ្ឋារចនាសម្ព័ន្ធសាលារៀន តាំងពីថ្នាក់បឋម ថ្នាក់មត្ដេយ្យរហូតឧត្តមសិក្សា … ចង់ឃើញខ្មែរកាន់តែរីកចំរើន ខ្មែរកាន់តែរឹងមាំ មានឱកាសកាន់តែច្រើន។
(៣៤) ភារកិច្ចស្នូល៣ របស់រដ្ឋាភិបាល សំរាប់ពលរដ្ឋម្នាក់ៗ គឺសុខភាពរឹងមាំ សមត្ថភាព និងជោគជ័យក្នុងការងារ
រដ្ឋាភិបាលមានភារកិច្ចគោលស្នូលតែ ៣ទេ សំរាប់ពលរដ្ឋម្នាក់ៗ (១) សុខភាពរឹងមាំ, (២) សមត្ថភាព ចំណេះដឹង និង(៣) ភាពជោគជ័យរបស់គាត់នៅក្នុងការងារ។ យើងចង់បានតែប៉ុណ្ណឹងសំរាប់ខ្មែរ ធ្វើម្ចាស់ការគ្រប់វិស័យទាំងអស់ ម្ចាស់ការក្នុងការធ្វើអ្វីៗ … ពិតណាស់ យើងមិនអាចធ្វើគ្រប់មុខទេ ប៉ុន្ដែកិច្ចការសំខាន់គឺយើងខ្លួនឯងជាអ្នកធ្វើ។ ចង់ឲ្យអ្នកសៀមរាបក្លាយជាស្នូលនៃ(ការដឹកនាំ)ខេត្តសៀមរាប មិនចាំបាច់(យក)អ្នកដឹកនាំពីកំពង់ធំ, ភ្នំពេញអីមកទេ។ ហើយអ្នកសៀមរាបមានលទ្ធភាពទៅជួយនៅទូទាំងប្រទេស ក៏ដូចជាខេត្តផ្សេងៗ តាមវិស័យអប់រំ និងតាមការផ្ដល់ឱកាសនេះ។ ក្នុងឱកាសនេះផងដែរសូមអរគុណសារជាថ្មីដល់អាជ្ញាធរខេត្ត មន្ទីរអប់រំ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងពាក់ព័ន្ធដែលបានគាំទ្រដល់ដំណើរការអភិវឌ្ឍវិស័យអប់រំនៅទីនេះ។ សូមអរគុណដល់សាលាគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ តាំងពីថ្នាក់មត្ដេយ្យ ដល់ឧត្តមសិក្សា ដល់វិស័យឯកជន ដែលបានចូលរួមនៅក្នុងការពង្រឹងខឿនអប់រំរបស់យើង និងក៏សូមអរគុណដល់បងប្អូនអ្នកសៀមរាប ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការថែរក្សានូវសុខសន្ដិភាព និងជួយប្រទេសយើងឲ្យបានរីកចំរើន ជាពិសេសជួយខេត្តរបស់យើងឲ្យកាន់តែរឹងមាំល្អប្រសើរ ជួយទាក់ទាញនិងបង្ហាញនូវសក្ដានុពលនៃជាតិយើងលើឆាកអន្ដរជាតិ។
អំណោយ
ខ្ញុំសូមជូនពរនិងប្រសិទ្ធពរជូន ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ បងប្អូនជូនរួមជាតិ នៅក្នុងឱកាសនេះ សូមទទួលបាននូវពុទ្ធពរនិងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។ សម្រាប់ថ្ងៃនេះផងដែរ ក៏មាន(អំណោយ)សំរាប់និស្សិតជ័យលាភី ១ ៥១៨ នាក់ ម្នាក់ៗ ៥ម៉ឺនរៀល
,ដោយឡែកសំរាប់និស្សិតចូលរួមពិធី ១ ០៩៥ នាក់ ម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ, ជូនសាស្ដ្រាចារ្យ និងបុគ្គលិកសិក្សា ៣៥៩ នាក់ ម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ Southeast Asia ១០ លានរៀល, ជូនក្រុមគ្រូពេទ្យប្រចាំការ ៣ លានរៀល។ អម្បាញ់មិញថាសមាជិក ស.ស.យ.ក ច្រើនដែរ។ ខែ ៤ ឆ្នាំនេះ គឺយើងធ្វើអង្គរសង្ក្រានធំនៅខេត្តសៀមរាបនេះម្ដងទៀត។ wow ថ្ងៃទី ១ ដល់ ថ្ងៃទី ៤ ធ្លាក់ភ្នែកទាំងអស់គ្នា តែសប្បាយ។ អញ្ចឹងសូមត្រៀមធ្វើឲ្យអង្គរសង្ក្រានរបស់យើងឆ្នាំនេះកាន់តែសប្បាយ ទាក់ម៉ូយឲ្យបានច្រើន។ សូមអរគុណ៕