ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា រដ្ឋសភា និងរាជរដ្ឋាភិបាល
ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានានៅកម្ពុជា
គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអង្គពិធីទាំងមូល ជាទីមេត្រី!
ខ្ញុំពិតជាមានក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាថ្ងៃនេះ។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា សមាជិក-សមាជិកា រាជរដ្ឋាភិបាល តំណាងអង្គទូតនានា តំណាងដៃគូអភិវឌ្ឍ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ក្នុងពិធីនេះ។
«សប្តាហ៍គាំពារសង្គមកម្ពុជា» គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ។ វេទិកានេះ បង្កើតឱ្យមានជាកិច្ចសន្ទនា, ការផ្លាស់ប្តូរ មតិ, ចំណេះដឹង និងឧត្តមានុវត្តន៍អន្តរជាតិ រវាងភាគីពាក់ព័ន្ធ, ជាពិសេស ផ្តល់នូវព័ត៌មានជូនសាធារណជន ក៏ដូចជា អ្នកទទួលផល ឱ្យបានជ្រាបអំពីអត្ថប្រយោជន៍ ដែលពលរដ្ឋត្រូវទទួលបានពីប្រព័ន្ធគាំពារសង្គមកម្ពុជា ។
ខ្ញុំសូមសង្កត់ធ្ងន់ថា កិច្ចការផ្សព្វផ្សាយនេះ មានភាពចាំបាច់ណាស់ និងជាសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ជាពិសេសពលរដ្ឋគោលដៅ ឱ្យបានជ្រាបកាន់តែច្បាស់ អំពីអត្ថប្រយោជន៍ គាំពារសង្គម ដែលរាជរដ្ឋាភិបាល ផ្តល់ជូន និងកិច្ចខិតខំបំពេញការងាររបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការផ្តល់អត្ថប្រយោជន៍ ជូនពលរដ្ឋរបស់យើង ដើម្បីចៀសវាងនូវការចាញ់បោកដោយការបំភ្លៃការពិត ឬ ការកេងចំណេញនយោបាយ ពីសំណាក់ក្រុមជនអគតិមួយចំនួនតូច ។
ក្នុងន័យនេះ ខ្ញុំសូមជំរុញលើកទឹកចិត្តក្រុមប្រឹក្សាជាតិគាំពារសង្គម ឱ្យបន្តរៀបចំ សប្តាហ៍គាំពារសង្គមកម្ពុជា នៅឆ្នាំបន្តបន្ទាប់ទៀត ដោយបង្កើតឱ្យមានកិច្ចពិភាក្សា និងការផ្សព្វផ្សាយអំពីប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យបានកាន់តែទូលំទូលាយ រហូតអាចដល់កម្រិតតំបន់ថែមទៀត ហើយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការខ្ពស់ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលនយោបាយអាទិភាពទាំង ៣ ដែលពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ក្នុងចំណោមគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ។
អាទិភាពគោលនយោបាយចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់នីតិកាល គឺការរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាបុរេលក្ខខណ្ឌសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស ។ ជាក់ស្តែង កម្ពុជា បាន និងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលធ្វើឱ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ប្រមាណ ៦% ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាកម្ពុជាបានរងកម្មវិបាកអវិជ្ជមាន ពីវិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិផ្សេងទៀត នាពេលកន្លងទៅក៏ដោយ។ ការរក្សាបាននូវកំណើនក្នុងកម្រិតនេះ បានប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតទាប តាំងពីឆ្នាំ ២០១៥ មក។ ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ត្រូវបានបែងចែកប្រកបដោយសមធម៌ តាមរយៈការវិនិយោគលើវិស័យសុខាភិបាល វិស័យអប់រំ និង ជាពិសេស លើប្រព័ន្ធគាំពារសង្គម ដោយរាជរដ្ឋាភិបាល ទទួលស្គាល់ថា ការវិនិយោគនេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមមួយ ប្រកបដោយសមធម៌ ភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង ។
ជាលទ្ធផល ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ បានកើនឡើងជិត ៩ ដង ពី ប្រមាណ ៣១០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០០០ រហូតដល់ប្រមាណ ២ ៧១៣ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្របានធ្លាក់ចុះជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។
ជារួម ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន ដែលអនុញ្ញាតឱ្យយើងដាក់ចេញ នូវគោលនយោបាយ និងយុទ្ធសាស្រ្ត ក៏ដូចជា ការអនុវត្តនូវការងារកែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិរបស់យើង ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ។ កន្លងមក រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០១៦-២០២៥ ដែលបាន និងកំពុងដើរតួយ៉ាងសំខាន់ ក្នុងការកសាង និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានសង្គតិភាព ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ដូចសព្វថ្ងៃ។
ដូច ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានរាយការណ៍ជូនអង្គពិធីអម្បាញ់មិញ តាមរយៈការដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និង ទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ។
សមិទ្ធផលទាំងនេះ ជាទឡ្ហីករណ៍ជាក់ស្តែងនៃកិច្ចខិតខំក្នុងគ្រប់កាលៈទេសៈ របស់ រាជរដ្ឋាភិបាល បណ្ដានីតិកាលកន្លងទៅ នៃរដ្ឋសភា ក៏ដូចជា បង្ហាញពីលទ្ធផលយ៉ាងច្បាស់លាស់ នៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ដែលរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ។
កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៣ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ត្រូវបានកំណត់ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ រួមមាន៖
កម្មវិធីគោលនយោបាយអាទិភាពទី១៖
ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល
កម្មវិធីគោលនយោបាយអាទិភាពទី២៖
ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដែលនេះជាកម្មវីធីជាតិជំនួយសង្គមមួយ
កម្មវិធីគោលនយោបាយអាទិភាពទី៣៖
ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) រៀបចំគោលនយោបាយគាំពារសង្គមធានាឲ្យមានធនធានមនុស្សចូលរួមអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព
ការរៀបចំគោលនយោបាយដែលផ្ដោតទៅលើប្រព័ន្ធគាំពារសង្គម ជាអាទិភាព៣ ក្នុងចំណោម៦ ដែល៥០% គិតថាមិនមែនជាការងារចៃដន្យទេ គឺបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មិនថារដ្ឋាភិបាលប្រទេសកម្ពុជា ឬប្រទេសណាទេ ដែលយកគោលដៅធំបំផុតគឺប្រជាពលរដ្ឋ។ បើយើងនិយាយពីប្រជាពលរដ្ឋ គោលដៅធំគឺសុខភាព សមត្ថភាព និងជីវភាព។ ទាំងអស់នេះជាកិច្ចការដែលសំខាន់ ដែលយើងត្រូវធានា(ដើម្បី)ឲ្យប្រទេសយើងមានធនធានមនុស្សមួយចីរភាព ចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានចីរភាព។ ហេតុនេះហើយបានជាយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី ១ ផ្ដោតសំខាន់លើអាទិភាពទាំងនេះ។
[បញ្ចប់សេចក្ដីអធិប្បាយ១]
កម្មវិធីគោលនយោបាយអាទិភាពទាំង ៣ នេះ ពិតជាបាន និងកំពុងជំរុញប្រព័ន្ធគាំពារសង្គម ឱ្យពង្រីកខ្លួនថែមមួយកម្រិតទៀត។ ក្នុងនោះ ខ្ញុំកត់សម្គាល់ឃើញថា បើធៀបនឹងពេលចាប់ផ្ដើមដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ វិសាលភាពនៃប្រព័ន្ធគាំពារសង្គមនេះ បានរីកធំជាងមុន ២ ដង ដោយគ្របដណ្ដប់ពលរដ្ឋបានចំនួនជាង ៧,៥ លាននាក់ ត្រឹមដំណាច់ឆ្នាំ២០២៤។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(២) ចំនួនពលរដ្ឋដែលគ្របដណ្តប់ដោយប្រព័ន្ធគាំពារសង្គមបានកើនពី ៣,៣លាន ៧,៥លាន
ដូចនៅក្នុងរបាយការណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ (ចំនួនពលរដ្ឋដែលវិសាលភាពនៃប្រព័ន្ធគាំពារសង្គមបានគ្របដណ្ដប់) កើនពី ៣,៣លាន ៧,៥លាន។ បើយើងមើលគ្រាន់តែប្ដូរលេខ ៣ទេ ប៉ុន្ដែលេខមួយជាមនុស្សម្នាក់។ ប៉ុន្ដែបើឯកឧត្តមលោកជំទាវបានឃើញវីដេអូអម្បាញ់មិញនេះអាចយល់ហើយ។ អម្បាញ់មិញសំភាសន៍តែ ៦ឬ៧ នាក់ប៉ុណ្ណោះ។ អញ្ចឹងគឺ ១លានដងនៃដំណើររឿង និងផលប្រយោជន៍ដែលដូចគ្នានឹងតួអង្គ ៦ឬ ៧នាក់ ដែលទទួលបានផលនេះ។ នេះជាឥទ្ធិពលជាក់ស្ដែងនៅលើដី ជាអ្វីដែលរាជរដ្ឋាភិបាលជាច្រើនអាណត្ដិបានយកចិត្តទុកដាក់ជំរុញ។ មិនត្រឹមតែតួលេខដែលយើងបានឃើញទេ។ តួលេខនីមួយៗ ជាតួអង្គសំខាន់ក្នុងការជំរុញការវិវឌ្ឍនៅក្នុងសង្គមជាតិ។ អញ្ចឹងកោសិការបស់យើងកាន់តែកើន។ ការរៀបចំប្រព័ន្ធគាំពារសង្គមភាគច្រើនលឺសូរតែពាក្យគាំពារសង្គម គឺជាប្រព័ន្ធមួយដែលរដ្ឋត្រូវចំណាយ ហើយគ្មានចីរភាព។ ប៉ុន្ដែប្រព័ន្ធគាំពារសង្គមរបស់យើងមិនសំដៅទៅដូចនេះទេ … ការជួយសុខភាព ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺបង្រៀនមនុស្ស និងគាំទ្រប្រជាពលរដ្ឋរបស់យើងឲ្យមានសុខភាពល្អ ទទួលបានចំណេះជំនាញ និងអាចរកការងារធ្វើ ដើម្បីមានចីរភាព។ ប្រព័ន្ធគាំពារសង្គមក៏មិនមែនសំដៅតែលើរដ្ឋចេញ ១០០%នោះទេ។
(៣) ប្រព័ន្ធគាំពារសង្គមអនុវត្តពីចាប់កំណើតក្នុងផ្ទៃ ធានាសុខុមាលភាព សុខភាព និងភាពជោគជ័យរបស់ប្រជាពលរដ្ឋ
ជាការបង្កើននូវសំណាញ់សុវត្ថិភាពគាំពារសង្គម ធ្វើឲ្យមានចីរភាព និងលទ្ធភាពជាប្រព័ន្ធនៅក្នុងកិច្ចការងារ ទាំងសំរាប់អ្នកដែលមានលទ្ធភាព និងអ្នកដែលមិនមានលទ្ធភាព។ អ្នកដែលមិនមានលទ្ធភាព មន្ដ្រីរាជការ អ្នកដែលធ្វើការតាមស្ថាប័ន ដែលស្ថាប័ននិមួយៗ វិស័យឯកជនមានលទ្ធភាពក្នុងការរៀបចំជាប្រព័ន្ធមួយដែលអាចទ្រទ្រង់។ អ្នកដែលខ្វះលទ្ធភាពពិតប្រាកដ ប្រជាជននៅក្រៅប្រព័ន្ធ អ្នកក្រីក្រពិតប្រាកដ ដែលមិនមានធ្វើការងារ គឺត្រូវបានរដ្ឋយកចិត្តទុកដាក់ជូន។ បើតាមរបាយការណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មិនមែនត្រឹមពេលគាត់ចូលធ្វើការនោះទេ។ ឥលូវនេះ ប្រព័ន្ធគាំពារសង្គមមានតាំងពីគាត់ចាប់កំណើតក្នុងផ្ទៃភ្លាមតែម្ដង។ ការឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះតាំងពីគាត់មានទំងន់រហូតដល់កូនអាយុ ២ឆ្នាំ។ យើងពង្រាយហើយ។ ថ្ងៃមុនយើងពង្រឹងមិនត្រឹមតែអ្នកនៅក្រៅទេ (ប៉ុន្ដែ) អ្នកនៅក្នុងពន្ធធនាគារផ្សេងដែរ ព្រោះជាសិទ្ធិ(ដែលគាត់ត្រូវតែទទួលបាន)។ សូម្បីតែម្ដាយធ្វើខុស ត្រូវទទួល(ខុសត្រូវចំពោះ)ច្បាប់ ប៉ុន្ដែយើងត្រូវទទួលផ្តល់សិទ្ធចំពោះកូន។ ទោះបីជាម្ដាយក៏ដោយ យើងត្រូវគិតគូរពីសុខភាពរបស់គាត់ ព្រោះសុទ្ធតែកូនចៅប្រជាពលរដ្ឋដែលត្រូវយកចិត្តទុកដាក់។ នេះជាការធ្វើជាក់ស្ដែងជួយធានាសុខុមាលភាព សុខភាព និងភាពជោគជ័យរបស់ប្រជាពលរដ្ឋដែលជាទ្រព្យសំខាន់បំផុតរបស់ជាតិ។
[បញ្ចប់សេចក្ដីអធិប្បាយ២]
ការពង្រីកវិសាលភាពនេះ ពិតជាបានចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ ជាពិសេស ពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ រាប់ទាំងក្នុងស្ថានភាព មានគ្រោះអាសន្ន ដោយបានកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចូលក្នុងភាពក្រីក្រ លើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងពង្រឹងភាពធន់របស់ពលរដ្ឋ។ គោលបំណងចម្បងនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ ដើម្បីកាត់បន្ថយវិសមភាព និងពង្រឹងសាមគ្គីធម៌ក្នុងសង្គម។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(៤) កាត់បន្ថយភាពក្រីក្រពីអត្រាខ្ពស់មកទាប
អ្នកដែលមានលទ្ធភាពជោគជ័យ យើងបង្កលក្ខណៈឲ្យគាត់កាន់តែជោគជ័យ អ្នកដែលខ្វះលទ្ធភាពគឺយើងប្រែក្លាយទុនដើម្បីរដ្ឋជួយយ៉ាងណាឲ្យគាត់អាចកើតបាន។ នេះហើយគឺជាការរីកចម្រើនរបស់ប្រទេសជាតិ ដែលយើងប្រើពាក្យថា កាត់បន្ថយភាពក្រីក្រ។ ពាក្យថាកាត់បន្ថយភាពក្រីក្រ មិនមែនថាយកអ្នកក្រីក្រចេញ ឬមួយក៏អ្នកក្រីក្រស្លាប់អស់នោះទេ តែកាត់បន្ថយភាពក្រីក្រពីអត្រាមួយខ្ពស់មកទាប។ បានន័យថាអ្នកដែលធ្លាប់ក្រពីមុនមួយចំនួន ក្លាយទៅជាអ្នកជីវភាពមធ្យម ឬក៏គាត់អាចកើន … មានម្តងនៅឧត្តរមានជ័យ។ ពេលដែលយើងចេញប័ណ្ណសមធម៌ដំបូង ក្រ១ ក្រ២ ផ្ទះមួយហ្នឹងគាត់ក្រ។ ដល់ពេលប៉ុន្មានឆ្នាំក្រោយ ស្ថានភាពសេដ្ឋកិច្ចប្រែប្រួល គាត់មានលុយទិញអាត្រាក់ទ័រ ទិញគោយន្ត២ នៅក្នុងផ្ទះ។ អ្នកអត់ដឹងរឿងថាម៉េចក៏យើងឲ្យទៅអ្នកមាន។ ពេលនោះយើងអត់ទាន់បានកែសម្រួល/update។ ដំបូងគឺឲ្យទៅអ្នកក្រ ប៉ុន្តែជីវភាពគាត់ប្រែប្រួលហើយ។ អញ្ចឹងក្រោយមកបានយើងកែសម្រួល។ ឥឡូវការរៀបចំប្រព័ន្ធ តាមការស្នើសុំ ការវាយតម្លៃផ្សេងៗ។ ភារកិច្ចរបស់យើងមិនមែនដាក់គាំពារសង្គមដើម្បីឲ្យប្រជាជននៅក្ររហូតនោះទេ មិនមែនបង្កើតនូវការពឹងផ្អែកនៅលើរដ្ឋាភិបាលនោះទេ គឺជួយគាត់ពេលលំបាក ពេលត្រូវការជួយបន្ទាន់។ ដាក់ទិសដៅជួយគាត់ឲ្យរឹងដៃរឹងជើង …។
(៥) ប្រព័ន្ធគាំពារសង្គមជួយព្យាបាលមិនបង់លុយ ហើយបណ្តុះបណ្តាលសមត្ថភាពរកការងារធ្វើនិងរកចំណូល
ករណីជាមួយពេទ្យស្ម័គ្រចិត្ត ចុះទៅជួយមួយកន្លែង។ យើងមិនមែនមានជម្លោះសុខាភិបាលទេ។ ទៅសួរថាហេតុអ្វីបានជាយើងទៅជួយប្រជាពលរដ្ឋរឿងសុខភាព មិនទៅបង្រៀនគាត់ឲ្យចេះ(ថែសុសភាព)។ គេថាជួយបែបនេះអត់មាននិរន្តភាពទេ។ បានន័យថាទាល់តែយើងបង្រៀនមនុស្សឲ្យចេះចាប់ត្រី ទើបមាននិរន្តភាព។ ខ្ញុំប្រាប់ថាត្រូវហើយ ប៉ុន្តែបើខ្ញុំចុះទៅឃើញអ្នកនេសាទកំពុងដេកឈឺ តើខ្ញុំយកសន្ទូចឲ្យគាត់ ឬយកថ្នាំទៅព្យាបាលឲ្យគាត់ជាសិន បានខ្ញុំឲ្យសន្ទូចគាត់។ បើគាត់កំពុងដេកឈឺងើបមិនរួចពីកន្ទេលផង។ អញ្ចឹងការថែទាំត្រូវយកចិត្តទុកដាក់ ការដោះស្រាយផ្ទាល់ចំពោះមុខ ចំពោះអ្នកដែលខ្វះលទ្ធភាពមែនទែន ជួយគាត់ឲ្យមានលទ្ធភាព បង្កើតសមត្ថភាព ហើយចាប់យកឱកាសដើម្បីចិញ្ចឹមជីវិត។ ការរៀបចំប្រព័ន្ធគាំពារសង្គមនេះ ក្នុងរបាយការណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យថា មិនមែនមានត្រឹមតែការចាយជួយទៅដល់គាត់ព្យាបាល អត់បង់លុយ អត់អស់លុយនោះទេ តែមានទាំងបណ្តុះបណ្តាល មានទាំងការភ្ជាប់សមត្ថភាពដើម្បីរកការងារធ្វើ ដើម្បីរកចំណូល។ នេះជាផ្លែផ្កាក្នុងការកាត់បន្ថយភាពក្រីក្រ។ ដែលថាតើអ្នកក្របាត់ទៅណា? ពីមុន ក្រោយនយោបាយឈ្នះឈ្នះ ឆ្នាំ២០០០ យើងមានប្រហែលជាខ្ទង់ ៣០% ឬ ៤០%ជាង។ ដល់ក្រោយមក ចុះមកក្រោម ១០% ហើយមានកើនខ្លះក្រោយកូវីដ១៩។ តែឥឡូវយើងខិតខំទាញ(ឡើងវិញ)ភ្លាម។ សួរថាបាត់ទៅណា? មិនមែនគាត់រត់ទៅណា ឬយើងឈប់រាប់គាត់ជាប្រជាពលរដ្ឋនោះទេ ប៉ុន្តែគឺការប្រែក្លាយពីស្ថានភាពដែលលំបាក ដែលខ្វះមុខខ្វះក្រោយ ទៅជាស្ថានភាពដែលគាត់អាចមានចំណូលមធ្យម អ្នកខ្លះអាចឈានទៅដល់មានជីវភាពធូរធារ …។
[បញ្ចប់សេចក្ដីអធិប្បាយ៣]
លទ្ធផល និងវឌ្ឍនភាពទាំងនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែគឺកើតចេញពីកិច្ចខិតខំ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ពីសំណាក់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងនិយោជក-និយោជិត ព្រមទាំងដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលនានាផងដែរ ។
ក្នុងន័យនេះ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ នាពេលកន្លងទៅ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបញ្ជាក់ជូនពលរដ្ឋកម្ពុជាទាំងអស់សាជាថ្មីថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ខ្ញុំ ប្តេជ្ញាបន្តកំណត់យក ការលើកស្ទួយ សុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយខ្ញុំនៅតែបន្តប្ដូរផ្ដាច់ដឹកនាំ នាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នំា២០៥០។
ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាល បានរៀបចំ និងដាក់ចេញនូវ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥ ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការផ្តល់ការគាំពារដល់ពលរដ្ឋគ្រប់រូប ទល់នឹងអសន្តិសុខ ប្រាក់ចំណូល ក្នុងពេលប្រឈមនឹងហានិភ័យនានា ក្នុងដំណាក់កាលនីមួយៗនៃវដ្តជីវិត សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាព កាត់បន្ថយភាពក្រីក្រ វិសមភាពយេនឌ័រ និងវិសមភាពសង្គម ព្រមទាំងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ក្នុងសង្គម។
ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នេះ នឹងដើរតួជា មគ្គុទេ្ទសក៍ជំនួស ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដើម្បីធានានិរន្តរភាពនៃការតម្រង់ទិសការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា សម្រាប់រយៈពេល ១១ ឆ្នាំ ទៅមុខទៀត ដែលនេះជាការឆ្លុះបញ្ចាំងពីភាពច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកំណត់ទិសដៅគោលនយោបាយ សម្រាប់បន្តផ្តល់ការគាំពារផ្នែកសន្តិសុខប្រាក់ចំណូលជូនពលរដ្ឋ តាមហានិភ័យនៃវដ្តជីវិត ស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងបរិការណ៍នៃការប្រែប្រួលស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកល ក៏ដូចជា ការកើនឡើងនៃបញ្ហាប្រឈមកម្រិតសកល ដូចជា វិបត្តិសុខភាពសាធារណៈ គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ខ្ញុំយល់ថាឃើញថា តួនាទីនៃប្រព័ន្ធគាំពារសង្គម កាន់តែមានសារៈសំខាន់ និងមិនអាចខ្វះបាន ក្នុងការជួយរក្សាលំនឹងជីវភាព និងផ្តល់ការគាំពារដល់ពលរដ្ឋរបស់យើង ឱ្យបានកាន់តែប្រសើរ។ ក្នុងស្មារតីនេះ តាមរយៈការដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលជាការធ្វើបច្ចុប្បន្នកម្ម ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ពលរដ្ឋកម្ពុជានឹងទទួលបានការគាំពារកាន់តែប្រសើរជាងមុន ពិសេសជាមួយនឹងអភិក្រមថ្មី ពោលគឺ៖ អភិក្រមហានិភ័យនៃវដ្តជីវិត ដែលពលរដ្ឋនឹងទទួលបាននូវការគាំពារ ចាប់តាំងពីការចាប់កំណើតដំបូងនៅក្នុងផ្ទៃម្តាយ រហូតដល់ដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់មនុស្សម្នាក់ៗ ស្របតាមហានិភ័យនៃវដ្តជីវិតទាំង ៧ រួមមាន៖
១). មាតុភាព និងហានិភ័យកុមារភាព
២). ហានិភ័យសុខភាព
៣). ហានិភ័យការងារ
៤). ពិការភាព
៥). និកម្មភាព
៦). ភាពគ្មានជម្រក និង
៧). ជរាភាព និងឧត្តរជីវី។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នេះ នឹងរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិតរបស់ពលរដ្ឋកម្ពុជាគ្រប់រូប ឱ្យបានមានភាពប្រសើរឡើងថែមទៀត ព្រមទាំងជួយពង្រឹងសាមគ្គីភាព ភាពធន់ និងស្ថិរភាពសង្គមកម្ពុជា យ៉ាងពិតប្រាកដ។
ខណៈប្រព័ន្ធគាំពារសង្គមកាន់តែរីកធំឡើង និងក្នុងគោលបំណងធានាចីរភាពហិរញ្ញវត្ថុ និងនិរន្តរភាពនៃប្រព័ន្ធនេះ រាជរដ្ឋាភិបាលកំណត់យកគោលការណ៍រួមមួយ ក្នុងការរៀបចំប្រព័ន្ធគាំពារសង្គមរបស់ជាតិ ដែលពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចបង់ភាគទានដើម្បីទទួលបានការគាំពារ។ ប៉ុន្តែ រាជរដ្ឋាភិបាលរ៉ាប់រងលើការគាំពារក្រុមពលរដ្ឋក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលមិនមាន ឬមានលទ្ធភាពតិចតួចបំផុត ក្នុងការបង់ភាគទាន ដោយគិតគូរហ្មត់ចត់ លើភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ក៏ដូចជា យុទ្ធសាស្រ្តចាកចេញពីភាពក្រីក្រ សម្រាប់ពួកគាត់ តាមរយៈឱកាសទទួលបានការអប់រំ ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងឱកាសការងារសមរម្យ។
បន្ថែមលើនេះ ដើម្បីបន្តអភិវឌ្ឍ និងកែទម្រង់ប្រព័ន្ធគាំពារសង្គមឱ្យកាន់តែប្រសើរមួយកម្រិតទៀត ដូចត្រូវបានកំណត់ក្នុង ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ថ្មីនេះ រាជរដ្ឋាភិបាល នឹងប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗចំនួន ៧ ដូចខាងក្រោម៖
១). ការធានានូវ សមធម៌ និងបរិយាបន្ន ក្នុងប្រព័ន្ធគាំពារសង្គម
២). ការគិតគូរពី ភាពគ្រប់គ្រាន់ និងភាពសមរម្យ នៃកញ្ចប់អត្ថប្រយោជន៍
៣). ការធានានូវភាពអាចទ្រទ្រង់បាននៃថវិកា និងចីរភាពហិរញ្ញវត្ថុ
៤). ការធានានូវ ស័ក្កិសិទ្ធភាព នៃការគ្រប់គ្រង និងការចាត់ចែងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម
៥). ការរក្សាបានភាពទន់ភ្លន់ ឆ្លើយតបនឹងការប្រែប្រួល និងការវិវដ្ដរបស់កត្តាខាងក្រៅ
៦). ការប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ ក្នុងប្រព័ន្ធគាំពារសង្គម និង
៧). ការឆ្លើយតបនឹងយេនឌ័រ។
លើសពីនេះ ក្របខ័ណ្ឌគោលនយោបាយនេះ ក៏បានដាក់ចេញនូវវិធានការគោលនយោបាយ សម្រាប់កិច្ចការឆ្លងវិស័យពាក់ព័ន្ធ ដើម្បីជួយជំរុញដំណើរការអភិវឌ្ឍន៍ និង ធានាមិនបង្កភាពរាំងស្ទះ ដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ទាំងដោយផ្ទាល់ និងដោយប្រយោល ផងដែរ។
មិនតែប៉ុណ្ណោះ ដើម្បីធានាបាននូវភាពជោគជ័យក្នុងការអនុវត្ត និងប្រតិតុល្យការរវាងការបំពេញមុខងារក្នុងប្រព័ន្ធគាំពារសង្គម រាជរដ្ឋាភិបាល បន្តរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងប្រព័ន្ធគាំពារសង្គមទាំងមូល ទៅតាមមុខងារទាំង ៣ កម្រិត ដែលក្នុងនោះ រួមមាន៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម ជាកម្រិតគោលនយោបាយ ដែលមានមុខងារក្នុងការបន្តតម្រង់ទិសគោលនយោបាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និយ័តករសន្តិសុខសង្គម ជាកម្រិតនិយ័តករ ដែលបំពេញតួនាទីតាមដាន និងត្រួតពិនិត្យរាល់ប្រតិបត្តិការនៃរបបសន្តិសុខសង្គម និងបេឡាជាតិសន្តិសុខសង្គម មូលនិធិជាតិជំនួយសង្គម មូលនិធិសមធម៌សុខាភិបាល ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាកម្រិតប្រតិបត្តិករ និងជាស្ថាប័ន អនុវត្តផ្ទាល់ ។ ក្របខ័ណ្ឌគោលនយោបាយថ្មីនេះ ក៏បានកំណត់នូវកិច្ចការជាអាទិភាពដើម្បីពង្រឹងអភិបាលកិច្ចប្រព័ន្ធគាំពារសង្គមទៅតាមមុខងារទាំង៣ កម្រិតខាងលើ។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ដែលបានដឹកនាំសម្របសម្រួលរៀបចំ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នេះ រហូតសម្រេចបានជោគជ័យ និងលេចចេញជារូបរាងឡើង ដែលត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃនេះ។
ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ដល់គ្រប់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការល្អ ក្នុងដំណើរនៃការរៀបចំ និងតាក់តែងក្របខ័ណ្ឌគោលនយោបាយនេះ។
ដើម្បីអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមដំណាក់កាលថ្មីនេះ ឱ្យសម្រេចបានជោគជ័យ និងទទួលបានលទ្ធផលល្អ ខ្ញុំសូមប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បន្តដឹកនាំ តម្រង់ទិស និងសម្របសម្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនេះ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ជាសេនាធិការ ត្រូវបន្តរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តក្របខ័ណ្ឌគោលនយោបាយនេះ ឱ្យបានសមស្រប ទាន់ពេល និងចំទិសដៅ ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលល្អ តាមការគ្រោងទុក។
ជាមួយគ្នានេះ ដើម្បីសម្រេចបានចក្ខុវិស័យ និងទិសដៅគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានកំណត់សម្រាប់ការបន្តកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា ជាពិសេសដើម្បីជំរុញការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥ នេះ ខ្ញុំសូមផ្ដល់អនុសាសន៍មួយចំនួន ដល់ក្រសួង-សា្ថប័ន ដូចខាងក្រោម៖
១. ក្រសួងសុខាភិបាល ត្រូវធានាថា ពលរដ្ឋគ្រប់រូប រួមទាំងពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌ បណ្ណងាយរងហានិភ័យ និងបណ្ណ ប.ស.ស. ទទួលបានទាន់ពេលនូវសេវាសុខាភិបាលសារវន្ត ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្ដល់កម្មវិបាកអវិជ្ជមាន លើការអនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។ ពាក់ព័ន្ធនឹងចំណុចនេះ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍ ចំពោះករណីដែលគ្រូពេទ្យរូបណា ដែលមិនយកចិត្តទុកដាក់ នៅពេលប្រើប្រាស់បណ្ណណាមួយខាងលើ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល។
[ចាប់ផ្ដើមសេចក្ដីអធប្បាយ៤]
(៦) តម្លៃពិតប្រាកដនៃកម្មវិធីគាំពារសង្គម ស្ថិតនៅលើថាប្រជាពលរដ្ឋបានទទួលផល
ការងារ(ដែលធានាថាពលរដ្ឋគ្រប់រូប រួមទាំងពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌ បណ្ណងាយរងហានិភ័យ និងបណ្ណ ប.ស.ស. ទទួលបានទាន់ពេលសេវាសុខាភិបាលសារវន្ត ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្ដល់កម្មវិបាកអវិជ្ជមាន)នេះ ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ពីតម្លៃនៃកម្មវិធីគាំពារសង្គមថា មិនមែនស្ថិតលើទិន្នន័យឬតម្លៃនៃចំនួនថវិកាដែលយើងចាយទេ។ តម្លៃពិតប្រាកដគឺប្រជាពលរដ្ឋបានទទួលផលពីអ្នកផ្តល់ឲ្យ។ អញ្ចឹងការគិតគូរពីគុណភាពសេវាជាកិច្ចការចាំបាច់។ គុណភាពសេវាគឺលទ្ធផលនៃការព្យាបាលទាំងថ្នាំទាំងឧបករណ៍ទាំងកន្លែងបានល្អ ដែលយើងបានដាក់ទិសដៅនៅក្នុងការពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកស្រុកដែលជាតួអង្គជួរមុខនៅតាមខេត្ត បូកជាមួយការទទួលខុសត្រូវរបស់ដៃគូក្នុងវិស័យឯកជននិងពេទ្យរដ្ឋដែលផ្តល់ឲ្យនេះ។
(៧) ក្រមសីលធម៌ មិនរើសអើងចំពោះអ្នកកាន់ប័ណ្ណ បសស ទៅរកសេវា
ទី២ ពង្រឹងក្រមសីលធម៌កុំឲ្យមានរឿងថា អ្នកកាន់ប័ណ្ណ បសស ទៅ(រកសេវា មិនត្រូវបាន)គេយកចិត្តទុកដាក់។ ត្រូវធ្វើយ៉ាងម៉េចកុំឲ្យមានការរើសអើងឲ្យសោះ។ ពេទ្យរដ្ឋយើងដាច់ខាតត្រូវតែផ្តល់់សេវាដោយសមធម៌។ បើដៃគូឯកជន ត្រូវអនុវត្តតាមអភិក្រម ក្រមសីលធម៌វិជ្ជាជីវៈ ដែលមិនត្រូវរើសអើងមនុស្សដែលមានថវិកា ឬគ្មានថវិកា តែក៏មិនត្រូវរើសអើងអ្នកដែលទៅបង់លុយ អ្នកកាន់ប័ណ្ណ បសស ឬអ្នកកាន់ប័ណ្ណសមធម៌។ ត្រូវគិតគូរប្រជាពលរដ្ឋម្នាក់ៗ ជាមនុស្សមួយរូបដែលត្រូវការព្យាបាលដូចគ្នា។ តម្លៃនៅត្រង់ហ្នឹង មិនមែនតម្លៃថាកញ្ចប់ហ្នឹងច្រើនប៉ុណ្ណាទេ។ តម្លៃនៅត្រង់ថាគាត់ទៅបានសេវាទាន់ពេលវេលា មានការយកចិត្តទុកដាក់ ហើយគាត់ជា។ នេះហើយជាអ្វីដែលត្រូវយកចិត្តទុកដាក់ជាអាទិភាពសំខាន់។
[បញ្ចប់សេចក្ដីអធិប្បាយ៤]
២. មូលនិធិជាតិជំនួយសង្គម ដែលជាប្រតិបត្តិករទោលក្នុងប្រព័ន្ធជំនួយសង្គម ត្រូវពង្រឹងយន្តការនៃការបើកផ្ដល់អត្ថប្រយោជន៍គាំពារសង្គម ដល់អ្នកទទួលផល និងត្រូវដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ឱ្យបានទាន់ពេល ព្រមទាំងពង្រីកការផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យសាធារណជន ជាពិសេស ពលរដ្ឋគោលដៅ បានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
កិច្ចការ(ស្តីពីអត្ថប្រយោជន៍នៃកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល)នេះ ការពង្រឹងនូវអភិបាលកិច្ចក៏សំខាន់ ការពង្រឹងភាពស្មោះត្រង់ និងការអនុវត្តនៃតួអង្គទាំងអស់។ ដយហេតុនេះហើយ ឥឡូវនេះក្រុមប្រឹក្សា បសស ក៏ដូចជាគណៈកម្មការ បានពង្រឹងកិច្ចការត្រួតពិនិត្យ និងការអនុវត្ត។ ខ្ញុំសុំឲ្យតួអង្គសេវាទាំងអស់ ទាំងរដ្ឋ ទាំងឯកជន ជាពិសេសមូលដ្ឋាន ដៃគូជាមួយឯកជនចូលរួមឲ្យបានច្បាស់។ នេះ(ជាការប្រតបត្តិការដែលប្រើ)ថវិកាជាតិជួយប្រជាពលរដ្ឋ។ អញ្ចឹង អនុវត្តដោយតម្លាភាព និងភាពត្រឹមត្រូវចាំបាច់ កុំឲ្យថាអត់មានទៅព្យាបាលផងយកមកទូរទាត់នៅនេះ។ យើងនឹងអនុវត្តដោយតឹងរឹងចំពោះអ្នកដែលមិនអនុវត្តតាមគោលការណ៍នេះ ឬមានការកេងបន្លំកម្រិតណាមួយ លើលុយដែលត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋពីការលំបាក។
បើសិនជាមូលដ្ឋានមួយណា ដៃគូណាមិនអនុវត្ត គឺធ្វើការចាត់វិធានការតឹងរឹងតែម្តង។ យើងត្រូវទទួលស្គាល់ថា មួយដុល្លារៗគឺសម្រាប់មនុស្សម្នាក់ សម្រាប់ស្រ្តី សម្រាប់កូន សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ការបើកឲ្យមានការចូលរួមពីវិស័យឯកជនជាកិច្ចការចាំបាច់។ យើងចាប់ផ្តើមដំបូងតែស្ថាប័នរដ្ឋទេ។ យើងគ្រប់គ្រងមិនបានគ្រប់ ធ្វើឲ្យស្ទះ។ អញ្ចឹងបានយើងពង្រីកការចូលរួម។ យើងស្វាគមន៍ការងារនេះ។ អញ្ចឹងការរៀបចំ ការគ្រប់គ្រងអភិបាលរកិច្ច និងការអនុវត្តឲ្យបានត្រឹមត្រូវមានតម្លាភាពដើម្បីចីរភាពនៃថវិកាឲ្យចំគោលដៅ មិនថាគ្រឹះស្ថានរដ្ឋ ឬគ្រឹះស្ថានឯកជនដែលចូលរួមទេគឺត្រូវធានាឲ្យបាន។ ខ្ញុំសូមអំពាវនាវឲ្យតួអង្គដែលពាក់ព័ន្ធប្រកាន់ខ្ជាប់ក្រមសីលធម៌ ប្រកាន់ខ្ជាប់តម្លាភាព និងការប្រព្រឹត្តឲ្យបានត្រឹមត្រូវដើម្បីយើងធានាការជួយដល់ប្រជាពលរដ្ឋបានដោយចីភាព …។
[បញ្ចប់សេចក្ដីអធិប្បាយ៥]
៣. ក្រសួងផែនការ និងក្រសួងមហាផ្ទៃ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ត្រូវធានាថា ការកំណត់អត្តសញ្ញាណត្រូវបានធ្វើឡើងចំគោលដៅ និងប្រកបដោយសុក្រឹតភាព ព្រមទាំងត្រូវពន្លឿនការធ្វើបច្ចុប្បន្នភាព និងការកំណត់អត្តសញ្ញាណពលរដ្ឋគោលដៅ ឱ្យបានជាប្រចាំដើម្បីចៀសវាងនូវការខកខាន ក្នុងការទទួលបានអត្ថប្រយោជន៍គាំពារសង្គម ដោយសារបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យរបស់ពួកគាត់ មិនត្រូវបានផ្ដល់ជូន ឬផុតសុពលភាព។ ត្រង់ចំណុចនេះ ខ្ញុំសូមសង្កត់ធ្ងន់ថា ក្រុមការងារនីមួយៗដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធានាឱ្យបានថា អ្នកដែលទទួលបានបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យ គឺជាពលរដ្ឋដែលជួបការលំបាកពិតប្រាកដ ចៀសវាងការរិះគន់ថា ការផ្ដល់បណ្ណទាំងនេះ មិនមានភាពយុត្តិធម៌។ បន្ថែមលើនេះ រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ត្រូវផ្ដល់កិច្ចសហការស្អិតល្មួត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេល។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៦]
(៩) ដើម្បីសេវាសុខាភិបាលឯកជនជាដៃគូផ្តល់សេវាល្អនិងទាន់ពេលវេលា ទាល់តែធានាការទូទាត់បានលឿន និងសុក្រឹត
ទន្ទឹមនឹងការទាមទារឱ្យស្ថាប័នផ្តល់សេវាទទួលខុសត្រូវ ខាងយើងក៏ត្រូវទទួលខុសត្រូវចំពោះស្ថាប័ន ជាពិសេសការទូទាត់ថវិកាអោយបានទាន់ពេលវេលា និងត្រឹមត្រូវ ដើម្បីឱ្យចរន្តវិលឱ្យគាត់មានលទ្ធភាពក្នុងការធានា(បន្តផ្តល់សេវា)។ នេះគឺជាគោលដៅរបស់យើង។ បានន័យថា គ្លីនិកមួយដែលគាត់ចូលរួមជាមួយ ២ឆ្នាំ ឬ ៣ឆ្នាំ ឬ ១ឆ្នាំ ត្រូវពន្លឿនការទូទាត់ជូនគាត់ ព្រោះគាត់ត្រូវយកទៅបង្វិលដើម្បីបំពេញសេចក្តីត្រូវការ។ អញ្ចឹង ការងារនេះត្រូវ តែសកម្មភាពជាប្រព័ន្ធចីរភាព នៅជាមួយគ្នា ហើយគឺត្រូវធានាឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ បើយើងចង់ឱ្យមូលដ្ឋានសេវាសុខាភិបាលឯកជនដែលជាដៃគូផ្តល់សេវាល្អ និងទាន់ពេលវេលា ទាល់តែយើងបង្កលក្ខណៈ ហើយសំខាន់បំផុតគឺធានាការទូទាត់ផ្សេងៗឱ្យបានលឿន ហើយសុក្រឹត។ និយាយទាំងអស់គ្នា បំពេញ(មុខនាទីជា)តួអង្គទាំងអស់គ្នា។ អ្នកដែលផ្តល់គឺធ្វើឱ្យសុក្រឹត ឱ្យបានល្អ មិនមានការរើសអើង ហើយរដ្ឋយើងត្រូវធានាចំពោះជាដៃគូ ទប់ទល់ដោះស្រាយកុំឱ្យស្ទះ ហើយបន្ទោសគ្នាថាមកពីនេះពីនោះ ដោយយកគោលដៅសំខាន់បំផុតគឺអ្នកដែលបានទទួលផលល្អ។ អញ្ចឹងអ្នកដែលដើរតួក្នុងការផ្តល់សេវាទាំងរដ្ឋទាំងឯកជននេះ ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាធ្វើឱ្យមានប្រព័ន្ធមួយរលូន ដោយជួយគ្នារៀបផ្ទះឱ្យស្អាត ឱ្យត្រឹមត្រូវ ឱ្យរៀបរយ ទើបបានយើងផ្តល់សេវាបានល្អ។ ផ្ទះហ្នឹងគឺមានទាំងវិស័យឯកជន ទាំងរដ្ឋនៅជាមួយគ្នា ទាំងក្របខណ្ឌប្រតិបត្តិផ្សេងៗ។ ខ្ញុំសូមឱ្យយកចិត្តទុកដាក់ទៅលើការងារនេះ ហើយពិនិត្យវាយតម្លៃជាប្រចាំ។ រួមគ្នាជួយដល់ប្រជាពលរដ្ឋជាគោលដៅ ដើម្បីឱ្យអាទិភាពនៃគោលដៅបានល្អ ឱ្យប្រជាពលរដ្ឋមានការទុកចិត្ត និងភាពកក់ក្តៅ …។
(១០) សេដ្ឋកិច្ចមិនទាន់ដូចកាលមុនកូវីដ-១៩ និងរដ្ឋអនុវត្តការអនុគ្រោះពន្ធច្រើន
គ្រាន់តែយើងឡើងគម្រោងថវិកាថ្ងៃមុន លើការចំណាយនិងចំណូល មានការចេញមកវាយប្រហារថា រដ្ឋអស់លុយហើយៗ ចំណាយកាន់តែប៉ោងទៅ ។ សួរថាថវិកាជាតិរបស់យើងប៉ោងដោយសារអី? (យើងមាន)កំណើនប្រជាជន ការលើកស្ទួយជីវភាពរបស់ប្រជាជន ការដំឡើងបៀវត្សរ៍មន្ត្រីរាជការមួយ តែបើនិយាយអោយចំ ប៉ោងច្រើនជាងគេគឺការជួយសង្គមនេះឯង ត្បិតប្រជាពលរដ្ឋកើនរាប់លាននាក់ត្រូវការការជួយបន្ថែមទៀត។ ថវិកាយើងកើន ប៉ោងឡើង មិនមែនយកទៅទិញនាវាចម្បាំង ឬមួយក៏យន្តហោះប្រយុទ្ធទេ គឺលុយធ្លាក់ទៅលើប្រជាពលរដ្ឋនេះឯង ទៅលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមរយៈការដំឡើងបៀវត្សរ៍ ការវិនិយោគសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាពលរដ្ឋ។ ចំណូលថយដោយសារអី?
ទី១ សេដ្ឋកិច្ចយើងអត់ដូចមុនកូវីដ-១៩ទេ។ បើយើងប្រៀបធៀបពីមុនវាថយ។ ទី២ ក្នុងដំណាក់កាលនេះ យើងបន្ធូរបន្ថយ ការអនុគ្រោះពន្ធជាដើម ដែលមិនយកពីប្រជាពលរដ្ឋ ពីវិស័យឯកជនច្រើន។ សូម្បីតែសាកលវិទ្យាល័យឯកជន ក៏សុំការបន្ធូរ។ សូម្បីតែគ្រប់វិស័យកសិកម្ម យើងទម្លាក់ជូនគាត់ច្រើន។ វិស័យទេសចរណ៍ យើងទុកចំណូលនៅប្រជាពលរដ្ឋ។ សួរថា ប៉ុណ្ណឹងរដ្ឋបាត់ម្ចាស់ការទេ? ថាអត់ទេ។ ថ្ងៃមុនគ្រាន់តែក្រសួងសង្គមកិច្ចរាងយឺតបន្តិច តែម្តងគត់ដូចជានៅឆមាសទី២? ឬមួយក៏ការបង់លើកទី២ នៃមួយខែ មិនមែនឆមាសទី២ទេ ខែណាមួយនោះ យើងយឺតប្រហែលមួយអាទិត្យ គេចេញមកថារដ្ឋអស់លុយហើយ។
(១១) រដ្ឋធានាចីរភាពចំណាយចរន្ត ចំណាយវិនិយោគ ព្រមទាំងពង្រីកការចំណាយគាំពារសង្គម
សូមបញ្ជាក់ថា រដ្ឋមិនអស់លុយទេ ហើយមិនត្រឹមតែមិនអស់លុយក្នុងការធានាចរន្តប្រៀបធៀបទៅឆ្នាំ២០២៤ ទេ តែយើងថែមទាំងមានលទ្ធភាពបង្កើនបៀវត្សរ៍ជូនមន្រ្តីរាជការ និងបង្កើនថវិកាសម្រាប់ជួយប្រជាជនតាមប្រព័ន្ធគាំពារសង្គមទៀត។ អត់យឺតទេ។ សូមឱ្យប្រជាពលរដ្ឋមានការទុកចិត្ត។ មិនត្រឹមតែបៀវត្សរ៍សម្រាប់មន្រ្តី អតីតយុទ្ធជន មន្រ្តីចូលនិវត្តន៍ (មាន)ប្រាក់បៀវត្សរ៍(គ្រប់គ្រាន់ និងមាន)ដល់(ប្រាក់ឧបត្ថម្ភ)ខែភ្ជុំទៀត។ មួយឆ្នាំយើងឧបត្ថម្ភពីរដង ម្តង ៥ម៉ឺនរៀល សម្រាប់មន្រ្តី និវត្តន៍ជន អតីតយុទ្ធជន រាប់ម៉ឺននាក់។ អត់បាត់ទេ អត់កាត់ទេ គឺយើងផ្ដល់ឱ្យ(បន្ត)ទៀត … ការគ្រប់គ្រងថវិកាជាតិរបស់យើងគឺច្បាស់លាស់។
ធម្មតាឱនភាពនៃការចំណាយចំណូល (តែងតែកើតមាន)មិនមែនតែកម្ពុជាទេ … ប៉ុន្តែការធានាចីរភាពដោះស្រាយការចំណាយចរន្ត ការចំណាយវិនិយោគ និងការធានាផ្សេងៗ ជាពិសេសនៅក្នុងការគាំពារ ការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋនេះ យើងមិនឱ្យខ្វះទេ។ យើងមិនឱ្យមានការលំបាកទេ។ យើងពង្រីក។ កាលហ្នឹង ពង្រីកគោលដៅអ្នកដែលត្រូវជួយទៀត។ អម្បាញ់មិញ គ្រាន់តែយើងប្ដូរកែទម្រង់មកដាក់រៀបចំជាប្រព័ន្ធតែមួយ យើងកើនដល់ ៧,៥លាននាក់រួចទៅហើយ។ ក្រៅពីនោះ ប្រព័ន្ធនីមួយៗ យើងពង្រឹង និងបង្កើនការធានាផ្សេងៗទៀត។ ជាមួយគ្នា យើងបានបន្តអនុគ្រោះពន្ធ និងវិធានផ្សេងជាច្រើន ដែល(នាំដល់ការ)ថយចំណូល។
(១២) រដ្ឋខាតថ្លៃទិដ្ឋាការ, មិនយកពន្ធការនាំចេញមួយចំនួន និងបន្ថយចំនាយតាមស្ថាប័ន
ដើម្បីស្រួលដល់វិស័យទេសចរណ៍កុំឱ្យមានបញ្ហា(រាងស្ទះ) រដ្ឋសុខចិត្តខាតថ្លៃ VISA។ ក្នុងមួយនាក់ យើងសុខចិត្តខាត ៤ដុល្លារ។ អញ្ចឹងក្នុង ១លាននាក់ រដ្ឋខាត ៤លានដុល្លារ ហើយក្នុងមួយឆ្នាំៗ អ្នកដែលសុំ VISA ចេញចូលហ្នឹងថា ៥-៦ លាននាក់ រដ្ឋខាតច្រើន ប៉ុន្តែមិនជាបញ្ហាទេដើម្បីជួយសម្រួលឱ្យវិស័យទេសចរណ៍ ឱ្យទេសចរណ៍ផ្សេងៗ។ យើងដាក់ចេញនូវគោលការណ៍ទម្លាក់ថវិកា ដោយកន្លែងខ្លះយើងមិនយកពន្ធមួយចំនួនឆ្នាំក៏មាន ដូចការនាំចេញថ្មអារអញ្ចឹង យើងសុខចិត្តទម្លាក់អាករមកសូន្យ … ដើម្បីឱ្យវិស័យឯកជនឡើង។ អញ្ចឹងដែលថារដ្ឋថយថវិកាជាតិ ហើយចំណាយកើន រឿងហ្នឹងមិនមែនដោយសារការគ្រប់គ្រងមិនមានរបៀប ឬកញ្ជើធ្លុះទេ។ យើងមាន(វិធានចំណាយ)ច្បាស់លាស់។ យើងទទួលខុសត្រូវពង្រឹងចំណាយតាមស្ថាប័ន ដោយមុខចំណាយមិនចាំបាច់ យើងមិនចំណាយ។
(១៣) អនុញ្ញាតរើសមន្ត្រីតែក្នុងវិស័យសុខាភិបាលនិងអប់រំ បំពេញក្របខណ្ឌវិស័យការពារនិងសន្តិសុខជាតិ
ការរើសមន្រ្តីឆ្នាំទៅនិងឆ្នាំនេះ យើងផ្ដល់អាទិភាពតែទៅវិស័យសំខាន់ មានសុខាភិបាល និងវិស័យអប់រំ។ សម្រាប់ក្រសួងស្ថាប័នផ្សេងទៀត យើងបានបន្ថយច្រើន … យើងបានផ្ដល់ក្របខ័ណ្ឌខ្លះ ដល់វិស័យការពារជាតិ សន្តិសុខជាតិ នគរបាលប៉ូលីស សម្រាប់បំពេញឱ្យមន្រ្តីដែលចូលនិវត្តន៍។ បើសិនតាមស្រុកនីមួយៗ តាមឃុំនីមួយៗ អត់ប៉ូលីសប៉ុស្ដិ៍ធ្វើការ មិនកើតទេ។ អ្នកចាស់ដល់វ័យចូលនិវត្តន៍។ នេះជាវិស័យអាទិភាព។ នៅក្នុងយោធា យើងក៏ធ្វើការកែសម្រួល និងវិចារណកម្មថវិកា។ យើងមានការគ្រប់គ្រងថវិកាជាតិច្បាស់លាស់ ពិសេសយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលសេដ្ឋកិច្ចមានបញ្ហា ឬដំណាក់កាលជួយដល់ប្រជាពលរដ្ឋ។ យើងមិនកាត់ទេ។ ថវិកាពាក់ព័ន្ធនឹងការជួយប្រជាពលរដ្ឋ យើងអត់ថយទេ។ មិនបន្ថយកញ្ចប់ថវិកាជួយស្រ្តីមានផ្ទៃពោះទេ។ យើងរក្សាទុកដដែល អត់កាត់បន្ថយប្រាក់បៀវត្សរ៍មន្រ្តីរាជការ ឬអតីតយុទ្ធជន ឬអតីតមន្រ្តីទេ។ យើងសុខចិត្តកាត់ចំណាយដែលមិនចាំបាច់ … ប្រើប្រាស់(ថវិកាជាតិ)ឱ្យមានប្រសិទ្ធភាព …។
(១៤) អភិក្រមចំណាយថវិកាជាតិ ផ្តល់អាទិភាពចំពោះសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ
ថ្ងៃមុន មានសំណើ៣ មកខ្ញុំ។ ក្រសួងសាធារណៈការនិងដឹកជញ្ជូន សុំធ្វើផ្លូវមួយកំណាត់តម្លៃប្រហែល ៥០លានដុល្លារ។ ពេលជាមួយគ្នាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដាក់ស្នើសុំថវិកា ៦០លានដុល្លារសម្រាប់ធ្វើប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាលស្នើជិត ២០លានដុល្លារបន្ថែម ដើម្បីតម្លើងសមត្ថភាពរបស់ពេទ្យបង្អែកកម្រិតពីរនៅ ៦១ស្រុក លើការវះកាត់សង្គ្រោះបន្ទាន់។ បើបូកសរុបគឺ ១៣០លានដុល្លារ។ តែយើងមិនអាចចាយដល់ប៉ុណ្ណឹងទេ។ យើងត្រូវមើល។
ខ្ញុំប្រាប់ទៅវិញថាក្នុង(ចំណោម)៣នេះ ក្រសួងសាធារណៈការនិងដឹកជញ្ជូនទុកសិន … អ្វីដែលសំខាន់ ពេទ្យបង្អែកស្រុកត្រូវបង្កើនសមត្ថភាពឱ្យគាត់ជាបន្ទាន់ ដើម្បីមានលទ្ធភាពធ្វើការវះកាត់សង្គ្រោះបន្ទាន់នៅថ្នាក់ស្រុក កុំឱ្យដឹកយកទៅខេត្តអាចមានគ្រោះថ្នាក់ … ខ្ញុំសួរថា កន្លែងខ្លះយ៉ាងម៉េច? ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រាប់ខ្ញុំថា (កន្លែងខ្លះ)មានពេទ្យហើយ តែអត់ហ៊ានវះទេ ព្រោះបន្ទប់អត់មានលក្ខខណ្ឌគ្រប់គ្រាន់ ខ្លាចឆ្លង(មេរោគ)អីផ្សេងៗ ឧបករណ៍អត់មានគ្រប់ អត់មាន Echography អត់មានឡាបូ ធ្វើតេស្តឈាមក៏អត់ ដូចនេះត្រូវដឹកទៅខេត្ត។ ពេទ្យខេត្តខ្លះជាមួយពេទ្យស្រុកជិត ប៉ុន្តែកន្លែងខ្លះឆ្ងាយណាស់រាប់ម៉ោង។ នេះហើយជាមូកហេតុត្រូវទម្លាក់ថវិកា។
អាទិភាពទី២ ក្នុងចំណោម៣ គឺទឹកស្អាត។ ត្រូវតែមានទឹកស្អាត។ ពង្រីកលទ្ធភាពទឹកស្អាតឱ្យប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការឈឺថ្កាត់ប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ អញ្ចឹងយើងសម្រេចចិត្តអោយទៅ ២នេះ។ ដែលអោយជាបន្ទាន់គឺពេទ្យ ICU ត្រូវធ្វើភ្លាម ដើម្បីឆ្នាំក្រោយអាច(ដំណើរការបាន) ព្រោះទាកទងជីវិតប្រជាពលរដ្ឋ។ អាទិភាពទី២ គឺទឹកស្អាត ដែលយើងថាថវិកាច្រើន មិនអាច(អោយភ្លាមទាំងអស់ទេ)។ យើងឱ្យ(បណ្តាក់) ៣ឆ្នាំ។ ទឹកស្អាតជាមួយ ICU គឺICU សំខាន់។
អាទិភាពទី៣ គឺផ្លូវប្រហែលជា ២០គីឡូ ដែលត្រូវ(ធ្វើ)ឡើងវិញ។ ខ្ញុំថាជួសជុលបន្តិចសិនទៅ។ បងប្អូននៅជិះឡានបានទេ គ្រាន់តែរលាក់។ អ្នកដែលត្រូវការ ICU និងទឹកស្អាតសំខាន់។ នេះគឺអភិក្រមរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការចំណាយថវិកាជាតិ គឺអោយអាទិភាពយកចិត្តទុកដាក់ចំពោះសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ …។
(១៥) “បានធ្វើ” មិនមែន “នឹងធ្វើ” កិច្ចការ ដើម្បីសុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ
ពេលដែលយើងអន្តរាគមន៍ជួយគោលនយោបាយហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ដូចជាគោលនយោបាយពន្ធដារ ដល់ប្រជាពលរដ្ឋ គោលនយោបាយហិរញ្ញវត្ថុក៏យើងបានដាក់ជួយខ្លះធានាតម្លៃស្បៀង ប្រមាណមួយរយលានដុល្លារ បូកនិងការធានាផ្សេងទៀត តែសំខាន់គឺការគ្រប់គ្រងបែបនេះ។ យើងអាចដឹងថា សុខភាព និងជីវិតរបស់ប្រជាពលរដ្ឋ និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ យើងមិនគ្រាន់តែនិយាយ ដូចដែលគេថាទ្រឹស្ដីច្រើនទេ។ យើងធ្វើ ហើយគ្រាន់តែប្រាប់ថាអ្វីដែលយើងបានធ្វើប៉ុណ្ណោះ មិនមែនថានឹងធ្វើទេ។ ការប្រកាស “សប្ដាហ៍គាំពារសង្គម” មិនបាននិយាយថានឹងចាប់ផ្ដើមធ្វើទេ។ មានអ្នកទទួលផល ៧លាន ៥សែននាក់រួចហើយៗ តាំងពីឆ្នាំ ២០១៧មកឯណោះ។ យើងនឹងបន្តធ្វើតទៅទៀត។ នេះជាអ្វីដែលជាការធ្វើជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ រវាងអ្នកថានិងអ្នកធ្វើ សូមអ្នកថាបន្តថាចុះ។ អ្នកធ្វើនៅតែបន្តធ្វើ។ ធ្វើនៅក្នុងទិសដៅបម្រើប្រជាពលរដ្ឋ ដើម្បីផ្ដល់សេវាពិតប្រាកដអោយប្រជាពលរដ្ឋ អត់មានពេលទៅភូតគាត់ទេ។ យើងអត់មាននិយាយដោយស្រមើលស្រមៃទេ។ យើងត្រូវតែបង្ហាញការពិតនិងលទ្ធផលជាក់ស្ដែងជូនប្រជាពលរដ្ឋ។ នេះជាកាតព្វកិច្ចរបស់យើង ដែលប្រជាពលរដ្ឋបានផ្ដល់ការទុកចិត្តឲ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបម្រើគាត់។
យើងត្រូវតែឆ្លើយតបទៅតាមការងារនេះ ដើម្បីនិរន្តរភាពនៃគោលនយោបាយរបស់យើង។ ខ្ញុំបានជួបជាមួយ(អ្នកដឹកនាំ)ប្រទេសមួយចំនួន។ ពួកគាត់ថា ប្រទេសពួកគាត់ដាក់គោលនយោបាយមិនចេញ ដោយសារប្ដូររដ្ឋាភិបាលច្រើនពេក។ ថ្នាក់ដឹកនាំមួយឡើងមក ដាក់ចេញគោលនយោបាយមួយ មិនទាន់បានរៀបចំយន្តការធ្វើអីផង ដូរបាត់។ អ្នកថ្មីឡើង លុបចោលបាត់។ កន្លែងខ្លះ គ្រាន់តែ Insurance កម្មវិធីសុខភាពរបស់ប្រជាពលរដ្ឋហ្នឹង ប្រធានាធិបតី ២ឬ ៣អាណត្តិ ធ្វើមិនចេញ។ ប្រធានាធិបតីមួយ ទម្រាំតែចេញ ចរចាចុះឡើងៗ ចប់អាណត្តិ។ អ្នកផ្សេងឡើងមក លុបអាទិភាពហ្នឹងចោលបាត់។ អ្នកដែលអត់មានកម្មវិធីគាំពារសង្គមនៅតែអត់ដដែល។ សម្រាប់យើង មានការដូរថ្នាក់ដឹកនាំពីសម្ដេចតេជោមកខ្ញុំ ប៉ុន្តែគណបក្សតែមួយ គោលនយោបាយតែមួយ។ យើងមាននិរន្តរភាពនៃគោលនយោបាយ ហើយនឹងបន្តធានាបែបនេះ។ គណបក្សផ្សេងដឹកនាំ ខ្ញុំមិនដឹងទេ ខ្ញុំមិនប្រាកដថា គេបន្តគោលនយោបាយនេះទេ ព្រោះយើងជាគោលនយោបាយដែលយើងធ្វើ។ អញ្ចឹង ជួនកាលឡើងមក គេនឹងចារលុបចោល។
(១៧) សូមទុកចិត្តថារាជរដ្ឋាភិបាលគណបក្សប្រជាជនបន្តជំរុញកម្មវិធីគាំពារសង្គម
ចំពោះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គោលនយោបាយដែលយើងដាក់ ២០២៤ – ២០៣៥ រយៈពេលវែងនេះ គឺធានានូវចីរភាព។ យើងមានភាពជឿជាក់ថា គណបក្សប្រជាជននឹងត្រូវបន្តដឹកនាំរយៈពេលវែងទៅទៀត ដោយសារយើងធ្វើការងារពិតប្រាកដជូនប្រជាពលរដ្ឋ។ ហេតុអីបានជារដ្ឋាភិបាលនិយាយអំពីគណបក្ស? ប្រទេសណាក៏រដ្ឋាភិបាលដឹកនាំដោយបក្សណាមួយដែរ។ រដ្ឋាភិបាលដឹកនាំអនុវត្តគោលនយោបាយរបស់បក្សដែលបានដាក់ចេញមុនបោះឆ្នោត សន្យាជាមួយប្រជាពលរដ្ឋ។ អញ្ចឹង ដរាបណាគណបក្សប្រជាជននៅបន្តដឹកនាំ គោលនយោបាយដែលយើងដាក់រយៈពេលវែងនេះនឹងបន្តអនុវត្ត ដោយមានផែនទីបង្ហាញផ្លូវច្បាស់លាស់ មានយន្តការអនុវត្តច្បាស់លាស់ និងមិនមានអស្ថិរភាព ឬការផ្លាស់ប្ដូរ លុបចោលទទឹងទិសមិនអាចអនុវត្តបាននោះទេ។ អញ្ចឹង ខ្ញុំសូមឲ្យប្រជាពលរដ្ឋជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន នឹងបន្តជំរុញនូវកម្មវិធីគាំពារសង្គមនេះដើម្បីបន្តពង្រឹងការជួយប្រជាពលរដ្ឋតទៅទៀត។
ក្នុងរវាងឆ្នាំ២០១៧ និង២០២៥ (អ្នកទទួលផលពីកម្មវិធីគាំពារសង្គម)កើនពី ៣,៣លាននាក់ មក ៧,៥លាននាក់។ យើងមានគោលដៅគ្របដណ្ដប់ជាសកល បានន័យថាប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសកម្ពុជា នាពេលអនាគត ក្រោមការដឹកនាំនិងអនុវត្តគោលនយោបាយនេះនឹងមានលទ្ធភាពទទួលបានការគាំពារតាមរូបភាពណាមួយ។ នេះជាចក្ខុវិស័យ។ ស្ថិរភាពនៃនយោបាយសំខាន់ណាស់ ឯកឧត្ដម លោកជំទាវ។ ប្រទេសណាក៏ដោយ មិនថាប្រទេសតូច ឬធំ តែអត់ស្ថិរភាពនយោបាយ ធ្វើអីមិនចេញឡើយ។ ទី១ ស្ថិរភាពនយោបាយ។ មានបញ្ហាអសន្តិសុខ សង្រ្គាមជារឿងមួយហើយ ប៉ុន្តែស្ថិរភាពនៃគោលនយោបាយក៏សំខាន់ដែរ។ មិនថាគោលនយោបាយល្អ ឬមិនល្អ តែបើក្រឡាប់ចាក់រហូត ទៅមិនរួចទេ។ ប្រទេសខ្លះ មេដឹកនាំមានតែមួយអាណត្តិគត់។ អញ្ចឹងគោលនយោបាយមួយៗ មិនមែនឡើងមកភ្លាម ដាក់ចេញហើយដើរនោះទេ។ វាត្រូវការពេលវេលា។ អញ្ចឹងហើយ អ្នកខ្លះថា ខ្ញុំមិននិយាយថាប្រទេសណាទេ បងប្អូនសិក្សាទៅដឹងហើយ គោលនយោបាយដាក់ហើយ រៀបចំបាន២ឆ្នាំ ទម្រាំចេញដំណើរបានតិចៗ បានផលតិចតួច អ្នកផ្សេងមកលុបចោលបាត់។ គេមិនយកព្រោះពេលទទួលផល (វាបាន)ក្រេឌីតទៅអ្នកមុន។ ទោះបីគេចង់ធ្វើដូចគ្នាក៏ដោយ ក៏គេត្រូវលុបរបស់អ្នកមុនចោលសិន ហើយចន្លោះពេលនៃការលុបនេះ វានឹងធ្វើឲ្យច្របូកច្របល់។ បើលុបគោលនយោបាយ/កម្មវិធីហ្នឹង គឺលុបថវិកាហ្នឹងហើយ …។
(១៩) រៀបចំនិងពង្រឹងប្រព័ន្ធគាំពារសង្គមត្រៀមទប់ទល់ពេលបញ្ហាលំបាកកើតមាន
ការងារនេះសំខាន់ណាស់។ និរន្តរភាពនៃគោលនយោបាយដែលយើងដាក់ចេញ មិនមែនឆ្នាំ២០២៤-២០២៨ទេ គឺ២០២៤-២០៣៥។ អញ្ចឹង ១១ឆ្នាំ គឺមានរយៈពេលវែង ដើម្បីធានាពង្រីកសេវាសុខភាព។ អញ្ចឹងការធានាពីមួយជំហានទៅមួយជំហាន ការបង្កើនប្រសិទ្ធភាពធានានូវចីរភាពសំខាន់។ ប្រព័ន្ធគាំពារសង្គមនេះធ្វើសម្រាប់ពេលលំបាក។ យើងមាន ប.ស.ស មិនមែនសម្រាប់ប្រើពេលដែលយើងជាទេ គឺប្រើនៅពេលដែលយើងឈឺ ពេលដែលយើងមានគ្រោះថ្នាក់ការងារ។ អញ្ចឹង ការរៀបចំការពង្រឹងចីរភាពគ្រប់គ្រងថវិកា គ្រប់គ្រងប្រព័ន្ធនេះ គឺដើម្បី(ដោះស្រាយ)ពេលលំបាក។ អញ្ចឹងត្រូវគ្រប់គ្រងឲ្យស្រួល។ ពេលដែលស្រួលកុំភ្លេចរៀបចំឲ្យកាន់តែរឹងមាំ ដើម្បីពេលដែលបញ្ហាមកដល់គឺទប់បានយ៉ាងមាំ។ ប្រព័ន្ធគាំពារសង្គមនេះ នឹងជួយទប់គ្នា ប៉ះប៉ូវជាមួយនឹងថវិកាជាតិ ព្រោះយើងមានមួយផ្នែកពីការចូលរួមភាគទាន ពីវិស័យឯកជន ពីរដ្ឋខ្លះ។ សម្រាប់សមាជិក ប.ស.ស មួយចំនួនគឺរដ្ឋចេញសុទ្ធតែម្ដង។ អញ្ចឹង យើងធ្វើការជាមួយគ្នា។ ការធានានូវស្ថិរភាពគោលនយោបាយ និងយន្តការអនុវត្ត គឺជាការចាំបាច់។
[បញ្ចប់សេចក្ដីអធិប្បាយ៦]
៥. និយ័តករសន្តិសុខសង្គម ត្រូវបន្តពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីអនុវត្តមុខងារ និយ័តកម្ម និងត្រួតពិនិត្យប្រតិបត្តិការរបបសន្តិសុខសង្គម ដែលកំពុងរីកធំឡើងៗ ឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាបាននូវភាពរឹងមាំ និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម ដែលធានាបាននូវសិទ្ធិ និងអត្ថប្រយោជន៍ពេញលេញ របស់សមាជិក ក្នុងរយៈពេលវែង ។
៦. ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដែលជាអង្គភាពមួយចំណុះឱ្យក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវធានាសុក្រឹតភាពនៃការបញ្ជាក់ចំណាយ នៅតាមមូលដ្ឋានសុខាភិបាលផ្តល់សេវា ក្រោមប្រព័ន្ធគាំពារសង្គម នៅទូទាំងប្រទេស ដោយសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល តាមការចាំបាច់ និងឱ្យបានទាន់ពេល។
៧. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវពង្រឹងយន្តការសម្របសម្រួលការអនុវត្តគោលនយោបាយ និងយន្តការតាមដាន និងវាយតម្លៃការ-អនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមនានា ដើម្បីរួមគ្នាធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ ដោយមិនមានការយកចិត្តទុកដាក់ នោះឡើយ។ តាមរយៈយន្តការតាមដាន និងវាយតម្លៃនេះ ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវត្រួតពិនិត្យជាប្រចាំ អំពីវឌ្ឍនភាព ក៏ដូចជា បញ្ហាប្រឈមនានា ដើម្បីរួមគ្នាគិតគូរ និងដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធ ឱ្យបានទាន់ពេល។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ឱ្យបានសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបាននូវជោគជ័យថ្មីៗបន្តទៀត ក្នុងភារកិច្ចបម្រើជាតិ និងមាតុភូមិ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។
ខ្ញុំសូមប្រកាសបើក សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៥ ក្រោមមូលបទ អភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីការគ្របដណ្តប់កាន់តែប្រសើរ ទៅតាមហានិ–ភ័យនៃវដ្ដជីវិត និងសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤–២០៣៥ ចាប់ពីពេលនេះតទៅ៕