អរគុណសន្ដិភាព អរគុណនយោបាយឈ្នះឈ្នះ និងដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្ដិភាព និងការឯកភាពជាតិពេញលេញ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីរីករាយដែលបានមកចូលរួមនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់ នាពេលនេះ។ សមិទ្ធផលទាំងនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រងិល ស្រុកក្រវាញ ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។
ហើយបើយើងក្រឡេកមើលពីអតីតកាល ទីនេះគឺជាព្រៃដែលគ្មានមនុស្សរស់នៅ ពិបាកធ្វើដំណើរខ្លាំងណាស់។ ប៉ុន្តែ ដោយការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី (ហ៊ុន សែន) ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចកសាង និងអភិវឌ្ឍតំបន់នេះ ឱ្យក្លាយជាភូមិអភិវឌ្ឍមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង មានទាំងសាលារៀន អគារស្នាក់នៅសម្រាប់គ្រូបង្រៀន មណ្ឌលសុខភាព ដែលបង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅទីនេះ។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) នយោបាយឈ្នះឈ្នះ បង្កើតបានសន្តិភាព ២៦ឆ្នាំមកហើយ
ខ្ញុំគិតថា ពាក្យ “អរគុណសន្ដិភាព! អរគុណនយោបាយឈ្នះឈ្នះ!” ប្រើនៅទីនេះសក្តិសមបំផុត។ បើសិនជាគ្មានសន្តិភាពទេ តើក្នុងចំណោមអតីតយុទ្ធជន ៦២០នាក់នៅទីនេះ អាចមានប៉ុន្មាននាក់ដែលមិនអាចមានវត្តមាននៅទីនេះ? យើងមានសន្តិភាព ២៦ឆ្នាំមុន។ ខ្ញុំសួរអម្បាញ់មិញ ពូៗខ្លះទើបនឹងចូលនិវត្តន៍ ១១ឆ្នាំមុនទេ បានន័យថា នៅឆ្នាំ១៩៩៨ នៅជាកងទ័ពនៅឡើយ។ បើសិនជាយើងមិនឈប់បាញ់គ្នានៅឆ្នាំ១៩៩៨ ប្រហែល ២៦ឆ្នាំនៃការប្រយុទ្ធគ្នាច្រើនសមរភូមិ អាចអ្នកខ្លះស្លាប់បាត់ទៅហើយ … អ្នកខ្លះ នៅឆ្នាំ១៩៩៨ នៅក្នុងកងទ័ព ហើយកងទ័ពពេលនោះ ប្រទេស(កំពុងមាន)សង្រ្គាម មិនមែនយកមកសម្រាប់(ជួយប្រជាពលរដ្ឋ)បង្កបង្កើនផលទេ គឺប្រយុទ្ធនៅលើសមរភូមិរវាងខ្មែរនិងខ្មែរគ្នាឯង។ អញ្ចឹង ដែលយើងថា អរគុណសន្តិភាព នៅទីនេះថ្ងៃនេះ គឺមានន័យបែបនេះឯង។ បើសិនជា ២៦ឆ្នាំនេះ មិនទាន់ចប់សង្រ្គាម តើប៉ុន្មាននាក់ក្នុងចំណោម ៦២០នាក់ដែលនៅមានអាយុជីវិតមកអង្គុយនៅទីនេះ។ ប្រហែលជាអាចមាន(អ្នកស្លាប់)ច្រើន។ មិនចាំបាច់តែអតីតយុទ្ធជនទេ សូម្បីតែកងកម្លាំងប្រដាប់អាវុធ មិនថា ប៉ូលីស ទាហាន អាវុធហត្ថ ដែលកំពុងពាក់ឯកសណ្ឋានបំពេញភារកិច្ចនៅថ្ងៃនេះទេ ក៏ប្រហែលជាមួយចំនួនត្រូវបាត់បង់ជីវិតដែរ ព្រោះតែចូលក្នុងកងទ័ព មិនថាអាយុប៉ុន្មានទេគឺត្រូវប្រយុទ្ធហើយ។ (ដែលយើងអាចបង្កាហេតុទាំង)នេះបាននេះហើយ គឺជាផ្លែផ្កានៃសន្តិភាព។
(២) ប្រែក្លាយតំបន់ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ពីតំបន់ប្រយុទ្ធទៅជាកន្លែងដែលមានហេដ្ឋារចនាសម្ព័ន្ធ
មួយទៀត សួរថាបើយើងមិនទាន់ឈប់វាយគ្នាទេ ២៦ឆ្នាំ តើយើងអាចប្រែក្លាយស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ដែលជាតំបន់ប្រយុទ្ធគ្នា ពីព្រៃទៅជាកន្លែងដែលមានហេដ្ឋារចនាសម្ព័ន្ធអញ្ចឹងបានទេ? (សូម្បីតែយើងបានធ្វើច្រើនម្លេះ ក៏)មិនទាន់គ្រប់នៅឡើយទេ។ មើលរូបភាពចូលដំបូង កាលពី ៤-៥ ឆ្នាំមុន ហើយយប់មិញ ឯកឧត្តមអភិបាលខេត្ត បញ្ជូនរូបមកឱ្យខ្ញុំ ឃើញថានៅទីនេះ ប្រៀបបានដូចជាក្រុងមួយទៅហើយ។ យើងមានភ្លើង(អគ្គិសនីនិង) ដាក់(ប្រព័ន្ធ)សូឡា។ ពិតណាស់ អ៊ំៗមួយចំនួនថា ពេលយប់មិនហ៊ានដើរ ប៉ុន្តែបើយើងប្រៀបធៀប ៤-៥ ឆ្នាំមុន សួរថាតើយើងមានការវិវឌ្ឍទេ? បើសិនជាយើងមិនចប់សង្រ្គាមកាលពី ២៦ឆ្នាំមុនទេ សួរថា ៤-៥ ឆ្នាំមុន អាចធ្វើ(ការអភិវឌ្ឍទាំងនេះបាន)ទេ នៅកន្លែងនេះ? មិនប្រាកដទេ ព្រោះភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានតំបន់ច្រើនណាស់ដែលជាកន្លែងប្រយុទ្ធគ្នា ប្រទាញប្រទង់គ្នា …។
(៣) ជាចក្ខុវិស័យ មិនត្រឹមប្រែក្លាយព្រៃទៅជាភូមិទេ តែអាចរៀបចំកម្រិតខ្ពស់ជាងទៀត
អម្បាញ់មិញ ខ្ញុំចូលមើលក្នុងមន្ទីរពេទ្យ។ មន្ទីរពេទ្យនេះស្តង់ដាធំជាងមណ្ឌលសុខភាព។ ស្តង់ដាដូចនៅ រុនតាឯក។ រុនតាឯក គឺសង់ដំបូងជាភូមិ ប៉ុន្តែក្រោយមកជាក្រុង។ ជាចក្ខុវិស័យរបស់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រហែលជាមិនមែនធ្វើត្រឹមតែប្រែក្លាយព្រៃទៅជាភូមិទេ កន្លែងនេះទៅថ្ងៃក្រោយប្រហែលជាអាចរៀបចំបង្កើតកម្រិតខ្ពស់ជាងហ្នឹងទៀត … កន្លែងដែលអត់មានមនុស្សនៅ ឥឡូវមាន ៦០០គ្រួសារ។ អម្បាញ់មិញ គន់ គីម រាយការណ៍មកឱ្យខ្ញុំ នៅជាង ២៦០ឡូត៍ទៀត ដែលយើងកំពុងរៀបចំធ្វើផ្ទះ។ អញ្ចឹងបើយើងគិតគូរ កន្លែងនេះ គ្រាន់តែបូក(ជាង)២០០ ទៀត ជិត ១០០០ ប្លង់ទៅហើយ។ មានអ្នកនៅរាប់ពាន់នាក់។ អញ្ចឹង ប្រែក្លាយពីកន្លែងអត់មានមនុស្សនៅ ពីអតីតយុទ្ធជន ដែលពីមុនមានហានិហាភ័យនៃការស្លាប់លើសមរភូមិ (ទៅជាភូមិសុខសាន្តនិងអភិវឌ្ឍ)។ អម្បាញ់មិញ ខ្ញុំចូលផ្ទះមួយ (មាន)លោកពូម្នាក់ ខ្ញុំសួរគាត់។ មិនដឹងគាត់មកអត់ទេ ខ្ញុំបង្អាប់តាមមេក្រូបន្តិចហើយ។ (មាន)មីងទី៣ ដែលទើបជួបគ្នា ៥ឆ្នាំទេ។ អញ្ចឹងបានទាំងប្រពន្ធ បានទាំងដីទាំងផ្ទះ ហើយគាត់ធ្វើ(កសិកម្ម)បានច្រើន ដែលអាចប្រែជីវិតថ្មី។
(៤) ក្នុងការធានាសុខសន្តិភាព ដំណាក់ទ្រយឹងនឹងមានប្រជាពលរដ្ឋរាប់ពាន់/ម៉ឺននាក់រស់នៅនិងអភិវឌ្ឍ
នេះហើយគឺផ្លែផ្កានៃសន្តិភាព។ យើងថា អរគុណសន្តិភាព ដោយសារយើងទាំងអស់គ្នា ទាំងអ៊ំពូមីងបងប្អូនអាចអង្គុយនៅទីនេះ រួមទាំងបងប្អូនសមាគមខ្មែរអ៊ីស្លាមមកពីតាមខេត្តផ្សេងៗ។ យើងនឹងរៀបចំតំបន់នៅក្បែរនេះ អោយប្រែក្លាយទាំងអ្នកនៅក្រៅពីមណ្ឌលផងដែរ។ ឥឡូវយើងកសាងមណ្ឌលសុខភាពនៅទីនេះ។ តាមខ្ញុំសួរ ពេទ្យបង្អែកស្រុកនៅប្រហែលជា ៣០ គីឡូម៉ែត្រ ពីទីនេះ។ អញ្ចឹងថ្ងៃក្រោយ កន្លែងនេះអាចដំឡើងកម្រិតទៅជាពេទ្យបង្អែក ហើយអាចប្រជាពលរដ្ឋនៅជិតនេះ ៤-១០ គីឡូម៉ែត្រ ជាជាងទៅ ៣០ គីឡូម៉ែត្រ គឺមកព្យាបាលនៅកន្លែងនេះ(បាន)។ អម្បាញ់មិញ ខ្ញុំចូលទៅ មានអ៊ំពូមីងមួយចំនួនបានព្យាបាលនៅទីនោះ អ្នកខ្លះធ្លាប់តែទៅយកថ្នាំលើសឈាមនៅឆ្ងាយ ឥឡូវមកយកនៅទីនេះតែម្ដង។ នេះជាការប្រែក្លាយបន្តិចម្ដងៗ។ យើងធ្វើពីមួយជំហានទៅមួយជំហាន។ យើងមិនអាចធ្វើម្ដងជប់ចេញទេ … ប៉ុន្តែយ៉ាងហោច យើងបានធ្វើ បានកសាង បានប្រែក្លាយពីទីតាំងសង្រ្គាម កន្លែងប្រយុទ្ធគ្នា មកជាទីតាំងដែលកសាងជាភូមិដ្ឋាន ហើយទៅថ្ងៃមុខ ក្នុងការធានាបានសុខសន្តិភាព ខ្ញុំគិតថាកន្លែងនេះនឹងក្លាយទៅជាកន្លែងដែលប្រជាពលរដ្ឋរាប់ពាន់ រាប់ម៉ឺននាក់រស់នៅនិងអភិវឌ្ឍនៅកន្លែងនេះ តជំនាន់ពីអ៊ំ ពូមីង បងប្អូននៅទីនេះ។
(៥) រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តអភិវឌ្ឍធ្វើឱ្យពីមួយជំនាន់ទៅមួយជំនាន់កាន់តែល្អប្រសើរ
នេះគឺជាអ្វីដែលយើងសប្បាយរីករាយទាំងអស់គ្នា ពីមួយជំនាន់ទៅមួយជំនាន់។ យើងធ្វើអោយជំនាន់យើងល្អជាងជំនាន់(ឪពុកម្ដាយយើង) កូនយើងឱ្យល្អជាងជំនាន់យើង ជំនាន់ចៅយើង ឱ្យល្អជាងជំនាន់កូនយើង។ នេះគឺការអភិវឌ្ឍ។ ជំនាន់អ៊ំ ពូមីង បងប្អូន ប្រហែលជាយើងមិនអាចនិយាយបែបនេះទេ។ ជំនាន់ឪពុកម្ដាយរបស់អ៊ំ ពូមីងបងប្អូន ប្រហែលជារស់នៅក្នុងសម័យមុនយើងមានសង្រ្គាម។ កាលហ្នឹងមិនទាន់មានសង្រ្គាម មិនទាន់មានរដ្ឋប្រហារ មិនទាន់មានសម័យ ប៉ុល ពត ទេ។ អញ្ចឹងជំនាន់របស់អ៊ំ ពូមីង បងប្អូន លោកអ៊ំ ឬមួយកូននៅទីនេះ អាចថាលំបាកជាងជំនាន់មុនសង្រ្គាម ប៉ុន្តែឥឡូវជំនាន់កូន ជំនាន់ចៅដែលក្រោយសង្រ្គាមនេះ ខ្ញុំជឿជាក់ថា នៅជាមួយគ្នា ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបន្តអភិវឌ្ឍប្រទេស ធ្វើឱ្យពីមួយជំនាន់(ទៅមួយជំនាន់)កាន់តែល្អប្រសើរជាងនេះ។ កន្លែងនេះបានប៉ុណ្ណឹង ល្អជាង ៥-៦ ឆ្នាំមុន។ ៥ឆ្នាំក្រោយ ១០ឆ្នាំក្រោយ នឹងល្អជាងនេះទៀត ហើយ ២០-៣០ ឆ្នាំក្រោយ នឹងល្អជាង ៥ឆ្នាំក្រោយនេះ។
(៦) អ្នកដំណាក់ទ្រយឹង/ពោធិ៍សាត់ គាំទ្រនិងជឿទុកចិត្តគណបក្សប្រជាជន ដឹកនាំដោយសម្ដេចតេជោ
សូមអរគុណចំពោះប្រជាពលរដ្ឋអ្នកពោធិ៍សាត់ អ្នកដំណាក់ទ្រយឹង ដែលបានផ្ដល់ការគាំទ្រ ការជឿទុកចិត្តទៅដល់គណបក្សប្រជាជន ដឹកនាំដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់យើង ដែលខិតខំបំពេញភារកិច្ច បញ្ចប់សង្រ្គាម ធានាសុខសន្តិភាព និងជំរុញការអភិវឌ្ឍនៅគ្រប់ទីកន្លែង។ ដោយសារការគាំទ្រ ផ្ដល់ឱកាសនេះហើយ ទើបរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចមានលទ្ធភាពធ្វើ ជួយដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង មិនថាតិចច្រើន រួមទាំងនៅទីនេះតែម្ដង។ អញ្ចឹងគឺសូមយកឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណដល់អ្នកពោធិ៍សាត់ និងបងប្អូនទាំងអស់គ្នានៅទីនេះ។ សូមឆ្លៀតឱកាសនេះផងដែរ អរគុណចំពោះថ្នាក់ដឹកនាំគ្រប់បណ្ដាក្រសួងស្ថាប័ន រាជធានីខេត្ត ជាពិសេសខេត្តពោធិ៍សាត់ ស្រុកឃុំទាំងអស់ ដែលបានយកចិត្តទុកដាក់នៅក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងការជួយជំរុញការអភិវឌ្ឍភូមិឃុំរបស់ខ្លួន។ ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និយាយដោយឡែក។
កិច្ចការនេះ គឺជាកិច្ចការសំខាន់។ ពិតណាស់ ក្រោយពីសង្រ្គាម យើងមានអតីតយុទ្ធជនច្រើនណាស់ យើងមាន ៤-៥ ភាគី ដែលធ្លាប់ប្រយុទ្ធគ្នា។ យើងបន្សល់នូវជនពិការ បន្សល់នូវគ្រួសាររបស់អតីតយោធិនដែលពលី ដែលយើងត្រូវយកចិត្តទុកដាក់នៅក្នុងការជួយ ហើយរាជរដ្ឋាភិបាលតែងតែគិតគូរទៅលើកិច្ចការនេះ បានតិចបានច្រើន ជាជំហាន។ អ្វីដែលផ្ដល់ជូនដល់អតីតយុទ្ធជន អតីតមន្រ្តីរាជការស៊ីវិល ក្រោយពីបញ្ចប់ការបំពេញភារកិច្ចជួយទៅដល់ប្រទេសជាតិ ចូលរួមការអភិវឌ្ឍ កសាងប្រទេសជាតិពីបាតដៃទទេ គឺរាជរដ្ឋាភិបាលមិនដែលទុកចោលទេ ហើយនៅទីនេះជាក់ស្ដែង ការយកចិត្តទុកដាក់ទៅលើជ្រុងពីរដែលសំខាន់៖ ទី១ គឺជីវភាព និងទី២ គឺកិត្តិយស។ ហើយកិច្ចការនេះ គឺជាកិច្ចការដែលរាជរដ្ឋាភិបាលបានធ្វើជាប្រចាំ ទោះបីជាក្នុងដំណាក់កាលដែលយើងមិនមានលទ្ធភាពច្រើន ហើយដំណោះស្រាយ យើងបញ្ចេញជួយតាមច្រើនវិធី ហើយយើងគិតគូរជាបន្តបន្ទាប់នៅពេលដែលមានលទ្ធភាពបន្ថែម។
ជាក់ស្ដែង ការគិតគូរពីកិត្តិយស ការកំណត់យកថ្ងៃទី២១ មិថុនា ប្រចាំឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជា ដែលសម្ដេចតេជោ បានកំណត់តាំងពីឆ្នាំ២០០៧ មកនេះ គឺដើម្បីធានានូវការចងចាំ នូវគុណូបការៈរបស់អតីតយុទ្ធជន ដែលបានចូលរួមនៅក្នុងបុព្វហេតុជាតិមាតុភូមិរបស់យើង ជាពិសេស ក្នុងជំនាន់សង្រ្គាម។ ដែលរាល់ឆ្នាំនៅថ្ងៃទី២១ មិថុនា យើងតែងតែប្រារព្ធពិធីនេះ ជួនកាល អាចខុសគ្នាប៉ុន្មានថ្ងៃ ប៉ុន្តែយើងមិនដែលចោលទេ ហើយតែងតែរំព្ញកនូវប្រពៃណី និងនៅក្នុងផ្នត់អារម្មណ៍របស់ប្រជាពលរដ្ឋរបស់យើង ជាពិសេស យុវជនជំនាន់ក្រោយ។ ការគិតគូរ ការផ្ដល់ការយកចិត្តទុកដាក់លើកកិត្តិយស។ បញ្ហាជីវភាពរស់នៅ ក៏ជាបញ្ហាដែលរាជរដ្ឋាភិបាលរបស់យើង បានយកចិត្តទុកដាក់ខ្លាំង។
[ចប់សេចក្ដីអធិប្បាយ១]
ជាក់ស្ដែង កន្លងមក រាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើកម្រិតជីវភាពរបស់អតីតយុទ្ធជន ចូលនិវត្តន៍ ជនបាត់បង់សមត្ថភាពការងារ និងជនពិការភាព និងគ្រួសារ តាមរយៈ៖
(ទី១) ផ្ដល់ប្រាក់វិភាជន៍គ្រួសារ និងកូនប្រចាំខែរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដូចជាប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។
ទី២ ការផ្ដល់ឧបត្ថម្ភនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ៥ម៉ឺនរៀល ជាប្រចាំ។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(៧) ដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជនជាបន្តបន្ទាប់ ស្របតាមស្ថានភាពជាក់ស្ដែងសេដ្ឋកិច្ច និងថវិកាជាតិ
ថ្ងៃមុន យើងមានបញ្ហាបច្ចេកទេសដែលប្រាក់សោធនរាងយឺតបន្ដិចក្នុងខែទី៥។ មានការលើកឡើងផ្សេងៗ នៅក្នុង TikTok ថា យើងមិនបានយកចិត្តទុកដាក់។ យើងកាត់ហើយ ឬមួយយ៉ាងម៉េច? អត់(កាត់ប្រាក់អី)ទេ។ បញ្ហាបច្ចេកទេសបន្តិច។ ប៉ុន្តែជាទូទៅ គឺយើងរៀបចំមិនឱ្យមានការយឺតយ៉ាវទេ។ ការគិតគូរចំពោះមន្រ្តីរាជការដែលកំពុងបំពេញភារកិច្ច ការឧបត្ថម្ភពេលបុណ្យទាន គិតដូចគ្នា។ ការដំឡើង(នូវប្រាក់)របបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជនជាបន្តបន្ទាប់ ស្របតាមស្តង់ដារស្ថានភាពជាក់ស្ដែងសេដ្ឋកិច្ច និងថវិកាជាតិ។ កាលដំបូងជាមួយនឹងសមាគមអតីតយុទ្ធជន ខ្ញុំចុះជួបជាមួយនឹងអតីតយុទ្ធជននៅតាមបណ្ដារាជធានីខេត្ត អ៊ំៗខ្លះ ពូៗខ្លះ ពេលដែលគាត់ចូលនិវត្តន៍ដំបូង ប្រាក់ខែតែ ៤ម៉ឺនរៀលទេ អត់មានរបបព្យាបាលសុខភាព free ទេ។ ៤ម៉ឺនរៀលហ្នឹងពិបាកទៀត។ យើងមិនមានបើកតាម ATM។ កាលនោះ យើងមិនមានសមាគម យើងមានក្រសួងសង្គមកិច្ចដែលកន្លែងខ្លះ តាមស្រុកខ្លះ អត់មានទាំងមន្រ្តីផង។ អញ្ចឹងពេលខ្លះ ការឡើងមកបើកក៏លំបាក។ ឥឡូវ យើងគិតគូរសម្រួលហើយ។ ឆ្នាំទៅ ខ្ញុំបានចារឯកភាព ដំឡើងប្រាក់របបសន្តិសុខសង្គមផ្សេងៗ តាមលទ្ធភាពថវិកាដែលយើងមាន។ បានន័យថា ដំឡើងបៀវត្សរ៍ មិនមែនដំឡើងតែមន្រ្តីរាជការដែលកំពុងតែបំពេញភារកិច្ចនោះទេ គិតគូរទាំងអតីតមន្រ្តីរាជការ អតីតយុទ្ធជន។ តិចឬច្រើន យើងដំឡើង គិតគូរពីរបបផ្ដល់ថែទាំសុខភាពសម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យ និងការព្យាបាលជំងឺដោយមិនបង់ប្រាក់នៅតាមបណ្ដាពេទ្យសាធារណៈ មន្ទីរពេទ្យឯកជនដែលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស។ កាលជំនាន់កូវីដ-១៩ អតីតយុទ្ធជនក៏មានអាទិភាពដូចកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដោយបានទទួលការចាក់វ៉ាក់សាំងមុនគេ …។
(៨) ការគិតគូរនិងផ្តល់អត្ថប្រយោជន៍នៅមិនទាន់គ្រប់ តែមិនទុកចោលទេ បង្កើនតាមលទ្ធភាពជាប្រចាំ
ថ្ងៃមុន ឃើញគេថតពូម្នាក់នៅខេត្តព្រះសីហនុ ស្លៀកពាក់ខោអាវប៉ារ៉ាសុំទាននៅមាត់សមុទ្រ។ គេសួរគាត់ថា អត់មានរដ្ឋជួយ ឬមួយយ៉ាងម៉េច? គាត់ថា មិនមានទេ។ ដល់ឆែកចុះឡើង គាត់មិនមែនជាកងទ័ពទេ។ គាត់យកអាវទ័ពទៅពាក់។ គាត់ធ្លាប់ធ្វើជាសេនាជនយូរហើយ។ ពីមុន យើងមានច្រើនភាគី(ប្រយុទ្ធគ្នា) ក្រោយមក យើងខិតខំប្រមូលចូល ដើម្បីផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ជាពិសេសអ្នកក្រោយជំនាន់អ៊ុនតាក់រំសាយ។ យើងខិតខំ ព្រោះទំហំធំ។ អញ្ចឹងយើងធ្វើការគិតគូរនេះជាជំហានៗ។ នៅទីនេះ មានការផ្ដល់សេវាថែទាំសុខភាពជូនគ្រួសារជនពលីមរណៈ ទាំងក្រុមគ្រួសារជាសមាជិក និងមិនមែនជាសមាជិករបស់សមាគមអតីតយុទ្ធជន តាមរយៈមូលនិធិសមធម៌។ បានន័យថា អត្ថប្រយោជន៍ មិនមែនសម្រាប់តែអតីតយុទ្ធជនទេ ទោះបីជាគាត់ពលីក៏ដោយ ក៏អត្ថប្រយោជន៍មួយចំនួនដល់គ្រួសារគាត់នៅបន្ត។ អញ្ចឹងការគិតគូរនេះ បានតិចបានច្រើន។ សួរថា គ្រប់ឬទេ? តម្រូវការកាន់តែកើន ពិបាក(នឹង)គ្រប់ ប៉ុន្តែសួរថា អត់សោះឬ? ថាអត់ទេ។ (រាជរដ្ឋាភិបាល)មិនទុកចោលទេ។ យើងគិតគូរបង្កើនតាមលទ្ធភាព យើងគិតគូរជាប្រចាំ។ នេះហើយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន ក៏ដូចជាគ្រួសារយោធិនពលី ដែលយើងនឹងបន្តធ្វើតទៅទៀត។
(៩) ផ្ដល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន
ការដាក់ចេញនូវគោលនយោបាយការផ្ដល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលបានកសាងភូមិអតីតយុទ្ធជននៅតំបន់ដីសម្បទានជាច្រើន។ យើងមានមណ្ឌលពិការ ៣១៧ ត្រែងត្រយឹង ភ្នំឆ័ត្រ គូលែន ឥឡូវនៅទីនេះ នៅខេត្តពោធិ៍សាត់ យើងក៏សង់ជាភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលជាភូមិសម្រាប់ផ្ដល់ជូនដល់អតីតយុទ្ធជននូវអត្ថប្រយោជន៍បន្ថែមនៅទីនេះ។ យើងនៅមានអតីតយុទ្ធជនជាច្រើនទៀត ដែលរង់ចាំការជួយ។ អញ្ចឹងការជួយនេះ មិនបានស្មើគ្នា មិនបានគ្រប់ពេលក្នុងពេលតែមួយ ប៉ុន្តែយើងនឹងបន្ត។ រាជរដ្ឋាភិបាលដែលដឹកនាំនៅអាណត្តិនេះ និងរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅថ្ងៃអនាគត នឹងបន្តធ្វើកិច្ចការនេះ ដើម្បីជួយអតីតយុទ្ធជនបន្ថែមទៀត។ យើងមិនចោលទេ។ យើងខិតខំដោះបន្ត ហើយគិតគូរពីគោលនយោបាយបន្ថែមថ្មីៗទៀត ដើម្បីផ្ដល់ជាអត្ថប្រយោជន៍ជូនទាំងមន្រ្តីរាជការស៊ីវិល ទាំងប្រជាពលរដ្ឋដែលក្រលំបាកខ្វះខាតពិតប្រាកដ។ នៅទីនេះ អត្ថប្រយោជន៍ដែលយើងកសាង ពិតណាស់ជាជំហានដំបូង (សំរាប់)ប្រជាពលរដ្ឋដែលរស់នៅក្នុងដំណាក់ទ្រយឹង ប៉ុន្តែអត្ថប្រយោជន៍ ដូចជាមណ្ឌលសុខភាព សាលារៀន មិនមែនសម្រាប់តែអ្នកនៅទីនេះទេ គឺសម្រាប់ប្រជាជនជុំវិញនេះតែម្ដង។
(១០) អតីតយុទ្ធជន ប្រជាជនគ្រប់ជាតិសាសន៍និងសាសនា អាចរកការពិនិត្យដោយឧបករណ៍វេជ្ជសាស្ត្រនៅមណ្ឌលសុខភាពដំណាក់ទ្រយឹង
ទៅថ្ងៃមុខ មណ្ឌលសុខភាពរបស់យើងអាចដំឡើងកម្រិតបាន។ អម្បាញ់មិញ ខ្ញុំចូលទៅ ឃើញមានរហូតទៅដល់ម៉ាស៊ីន scan ទំនើបជាងមណ្ឌលសុខភាព សឹងតែ ៩៩,៩% ទូទាំងប្រទេស ហើយនៅកន្លែងនេះមានរហូតទៅដល់ម៉ាស៊ីន scanner ហើយកំពុងតែបង្រៀនពេទ្យ។ អម្បាញ់មិញ ខ្ចីពេទ្យម្នាក់ពីខេត្ត តែបណ្ដុះបណ្ដាលទុកមួយដើម្បីជួយ។ អម្បាញ់មិញ ដូចថតរូបជាក់ស្ដែង។ មានអ៊ំម្នាក់ដួល ថតទៅឃើញបាក់ជើង។ ពិនិត្យហើយដើម្បីបញ្ជូនទៅ(សង្គ្រាះនិងព្យាបាល)។ អញ្ចឹងការសង្រ្គោះបន្ទាន់នៅកន្លែងនេះ កាន់តែបានផលសម្រាប់ប្រជាជននៅជុំវិញទីនេះ។ យើងធ្វើការសង្គ្រោះនិងព្យាបាលដោយមិនរើសអើង។ មិនថាអ្នកណា មិនថាសម្រាប់អតីតយុទ្ធជន ឬប្រជាជនកាន់សាសនាព្រះពុទ្ធ សាសនាអ៊ិស្លាម គឺខ្មែរដូចគ្នាហ្នឹង។ សូម្បីបរទេសក៏ដោយ ទេសចរក៏ដោយ តែមកក្បែរនេះ បើដួលគ្រោះថ្នាក់ ក៏មកប្រើបាននៅទីនេះដែរ។ យើងអត់មានរើសអើងទេ។ គឺសម្រាប់ប្រជាជនទាំងអស់។ នេះហើយគឺអ្វីដែលរាជរដ្ឋាភិបាលខិតខំដើម្បីជួយសម្រាប់ទាំងអស់គ្នា។
(១១) ធ្វើឱ្យអ្នកជំនាន់ក្រោយកាន់តែងាយស្រួលជាងជំនាន់មុនក្នុងការកសាងភូមិដ្ឋាន
ការប្រែក្លាយពីតំបន់ព្រៃ តំបន់សង្គ្រាម ចាប់ផ្តើមកវែកកឆ្នាំង ទៅជាភូមិ កំពុងតែរីកចម្រើន និងកាន់តែមានភាពសម្បូរសប្បាយ តជំនាន់។ នេះហើយគឺជាប្រវត្តិសាស្ត្រដែលកំពុងកើត។ ភូមិខ្លះកើតរាប់ពាន់ឆ្នាំ តែភូមិទីនេះកើត ៤ឆ្នាំមុន។ តែ ១០០ឆ្នាំក្រោយ ភូមិនេះនឹងមានអាយុ ១០៤ឆ្នាំ។ អ្នកដែលចាប់ផ្តើមដំបូង គឺមានវត្តមាននៅទីនេះ ដែលរួមគ្នាជាកវែកកឆ្នាំង មិនស្រួលទេ អ៊ំពូមីង។ តែថ្ងៃនេះ ក៏វាស្រួលជាង ៤ឆ្នាំមុនដែរ។ យើងនឹងបន្តជួយទៅទៀតឱ្យ៥ឆ្នាំក្រោយ ស្រួលជាងថ្ងៃនេះ ឱ្យ១០ឆ្នាំក្រោយស្រួលជាងថ្ងៃនេះ … រាជរដ្ឋាភិបាលអាចជួយ។ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ដី បង្កើតលទ្ធភាព ក្រសួង-ស្ថាប័នអាចជួយផ្តល់ពេទ្យ សាលារៀន។ នៅពេលខាងមុខ ក្រសួងកសិកម្មចុះពិនិត្យមើលដើម្បីបង្កើនជីវភាពនៅទីនេះរៀបចំជាសហគមន៍ ឬមួយយ៉ាងម៉េច ដើម្បីជួយបង្កើនជីវភាព។
យើងត្រូវការចាំបាច់ចូលរួមពីប្រជាពលរដ្ឋផ្ទាល់។ ជិះមក ខ្ញុំឃើញមានដំណាំផ្សេងៗ។ ដំណាំខ្លះដូចដំឡូងឆ្នាំនេះ តម្លៃមិនស្រួលបន្តិច។ ឆ្នាំទៅរាងគ្រាន់បើ។ វាឡើងចុះយ៉ាងម៉េច អាហ្នឹងបន្តិចទៀតខ្ញុំនឹងនិយាយរឿងកសិកម្មនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏យើងប្រែក្លាយពីអត់ដីសោះមកមានដី។ បន្តិចទៀតអ្នកនៅគ្រប់៥ឆ្នាំ នឹងបានកម្មសិទ្ធិរួចទៀត។ អត់មានកន្លែងស្អីសោះ មកមានមណ្ឌលសុខភាពមានអី។ យើងសង្ឃឹមថា កូនតូចៗអម្បាញ់មិញ ទើបតែកើត ១០ថ្ងៃនេះ ក៏ពរមកដែរ។ ប្អូនស្រីមួយនោះ ឥឡូវ ៨ខែ សួរទៅកូន៦ ខ្លាំងជាងបងផង។ បងតែ ៣គត់។ អញ្ចឹង ពេលដែលក្មួយកើតឡើង មានមណ្ឌលសុខភាពនៅទីនេះអាចថែទាំសុខភាពបាន។ ពីកន្លែងដែលអត់អីសោះ កន្លែងដែលយើងអាចព្យាបាលបាន។ នេះហើយគឺត្រូវរួមគ្នាបន្តទៀត ឱ្យកន្លែងនេះប្រែក្លាយទៅជាកន្លែងដែលសម្បូរសប្បាយទៅមុខទៀត។
[ចប់សេចក្ដីអធិប្បាយ២]
ខ្ញុំសូមអរគុណណាស់ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សាជាថ្មី ក៏បានចូលរួមយ៉ាងជិតស្និទ្ធជាមួយសមាគមអតីតយុទ្ធជនក្នុងការបង្កគ្រប់លទ្ធភាព ជួយដល់អតីតយុទ្ធជន និងគ្រួសារដែលទទួលបានការរៀបចំទីលំនៅសមរម្យ ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវភាព និងសុខមាលភាពកាន់តែប្រើសើរឡើង។ ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅផងដែលចំពោះក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ឯកឧត្តមប្រធានកិត្តិយស សមាគមខេត្ត ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ សប្បុរសជន និងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ដែលបានបរិច្ចាគជាថវិកា និងសម្ភារៈជូនអតីតយុទ្ធជនយើង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ផ្ទះរាប់រយខ្នងជូនដល់អតីតយុទ្ធជន និងគ្រួសារក្រីក្រ ព្រមទាំងយកចិត្តទុកដាក់ផ្តល់ជំនួយមនុស្សធម៌ឧបត្ថម្ភជាច្រើនដ៏អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រលំបាកផងដែរ។
[ផ្តើមសេចក្តីអធិប្បាយ៣]
(១២) សមាគមអតីតយុទ្ធជនចលនាអោយមានការចូលរួមយ៉ាងសកម្ម
ខ្ញុំសូមអរគុណសាជាថ្មីដល់សមាគមអតីតយុទ្ធជនថ្នាក់ជាតិ ជាពិសេស ឯកឧត្តម គន់ គីម អគ្គលេខាធិការសមាគមដែលជាង ១០ឆ្នាំនេះ បានសកម្ម ឈ្មុសឈ្មុលគ្រប់កន្លែង មិនថាតែអតីតយុទ្ធជនទេ គ្រោះមហន្តរាយហ្នឹងក៏សកម្ម។ អំពីគ្រោះមហន្តរាយនេះគឺសកម្មវិលជុំ។ ខែសម្បូរទឹក កន្លែងខ្លះសម្បូរទឹកហួស កន្លែងខ្លះខ្វះទឹក ហើយជាពិសេសឆ្នាំនេះ ប្រជាពលរដ្ឋសម្រុកធ្វើស្រែប្រាំងច្រើនលើសផែនការ ក៏ចាប់ផ្តើមអន្តរាគមន៍ ប៉ុន្តែនៅក្នុងកម្រិតដែលអន្តរាគមន៍នៅថ្នាក់ខេត្ត។ ក្រៅពីនោះ យកចិត្តទុកដាក់ចំពោះទីតាំងមណ្ឌលអភិវឌ្ឍរបស់អតីតយុទ្ធជន និងអត្ថប្រយោជន៍ផ្សេងៗទៀត។ និយាយរួម គាត់ពូកែចលនា។ ថ្ងៃមុន កម្មវិធីខួបឆ្នាំនោះខ្វះផ្ទះប៉ុន្មានគ្រាន់តែទៅគាត់ចលនា និយាយរួមអត់មានរដ្ឋមន្រ្តីណាមួយអត់មានចូលផ្ទះទេ។ សូមអរគុណណាស់។ ឥឡូវចូលនិវត្តន៍ជាស្ថាពរ។ គាត់ទាមទារចូលនិវត្តន៍តាំងពីជំនាន់សម្តេចតេជោ តែលោកមិនឱ្យ … តែចូលនិវត្តន៍ក៏ដូចមិនចូលនិវត្តន៍ដែរគឺវាយលុករហូត។ គ្រាន់តែថាមុនចូលនិវត្តន៍ ដឹកនាំទាំងកងទ័ព កន្លែងខ្លះកាលពីប្រយុទ្ធព្រះវិហារហ្នឹងក៏ទៅប្រចាំនៅមុខ។ ឥឡូវចប់សង្គ្រាមចូលជំនាន់សន្តិភាព វាយលុកបន្តទៀត គ្រោះមហន្តរាយ និងជួយទៅដល់អតីតយុទ្ធជនរបស់យើង។
[ចប់សេចក្តីអធិប្បាយ៣]
ក្នុងបរិយាកាសដល់សោមនស្សនេះ ទូលព្រះបង្គំខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតថ្វាយចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាសម្តេចព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្រគ្រប់ព្រះអង្គ ជាពិសេសតែងតែផ្តល់ការឧបត្ថម្ភគាំទ្រចំពោះអតីតយុទ្ធជន និងគ្រួសារជនពលីមរណៈ ជនមានពិការភាព ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត។
[ផ្តើមសេចក្តីអធិប្បាយ៤]
(១៣) រួមគ្នាកសាង និងដោះស្រាយតម្រូវការសមិទ្ធផលបន្ថែម តាមលទ្ធភាពដែលមាន
ជាការពិតណាស់ ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល បានផ្តល់អត្ថប្រយោជន៍ច្រើនជូនអតីតយុទ្ធជន។ ប៉ុន្តែ យើងក៏ទទួលស្គាល់ថា ការដោះស្រាយទាំងអស់នេះនៅមានកម្រិត ដោយសារទំហំចំនួនអ្នកដែលត្រូវជួយ ក៏ដូចជាតម្រូវការផ្សេងៗដែលត្រូវជួយមានច្រើន និងមានការប្រែប្រួល។ ហេតុដូច្នេះហើយបានជាយើងត្រូវធ្វើបន្តទៀត ដើម្បីដោះស្រាយបញ្ហាជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក្តី (ការដែលសំរេច)បានផ្លូវបេតុងប៉ុន្មានខ្សែ ភ្លើងប៉ុណ្ណេះ សាលារៀនប៉ុណ្ណេះ ដី១ហិកតា ផ្ទះ១ ដីបង្កបង្កើនផល មានអណ្តូងទឹក មានពេទ្យនៅក្បែរ ក៏ប្រសើរជាង ៤ឆ្នាំ ដែលអត់អីទាំងអស់ដែរ។ យើងនឹងបន្តធ្វើតទៅទៀតជូនប្រជាពលរដ្ឋ។ ខ្ញុំសូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋក៏ដូចជាអតីតយុទ្ធជនផ្សេងទៀត ដែលនៅរង់ចាំការដោះស្រាយរបស់យើងជាបន្តបន្ទាប់ចំពោះតម្រូវការ ដែលថាមាន១០ យើងដោះស្រាយបាន៤ នៅខ្វះ៦ ទៀត។ យើងនឹងខិតខំ។ ទោះជាយ៉ាងណា រដ្ឋាភិបាល សម្តេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រូបខ្ញុំ ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលទាំងអស់ មិនចោលប្រជាពលរដ្ឋ មិនចោលអតីតយុទ្ធជនយើងទេ។ យើងនឹងរួមគ្នាកសាងបន្ថែមទៀត ដោះស្រាយតម្រូវការផ្តល់ជូនប្រជាពលរដ្ឋនូវសមិទ្ធផលបន្ថែមទៀត ដែលយើងអាចធ្វើបានតាមលទ្ធភាពដែលយើងមាន។
(១៤) សេចក្តីការរបស់ប្រជាពលរដ្ឋប្រែប្រួល តម្រូវឲ្យមានការដោះស្រាយជាប្រចាំ
នេះគឺជាសច្ចភាពជាក់ស្តែង។ យើងមិនអាចជប់បានទេ។ តែបើទោះជាខ្ញុំជប់ក៏មិនគ្រប់ដែរ។ ជឿទេ? ឥឡូវ ខ្ញុំជឿថាខ្ញុំជប់ថ្ងៃនេះផ្ទះឱ្យអ៊ំម្នាក់ ១០០ជាន់ អ៊ំបានផ្ទះ ១០០ជាន់ យន្តហោះមួយ អ៊ំប្រាកដជាថាខ្វះអ្នកសម្អាតផ្ទះ ត្រូវការ ១០០នាក់។ បើសិនជាផ្ទះ ១០០ជាន់ហើយ ប្រហែលទាល់តែបានកូនច្រើនដែរ។ អញ្ចឹងកូនច្រើនតម្រូវការសាលាច្រើន តម្រូវការផ្សេងៗទៀត។ អញ្ចឹងដែលខ្ញុំនិយាយគឺថា តម្រូវការរបស់ប្រជាពលរដ្ឋប្រែប្រួលជានិច្ច ហើយមិនមានអ្វីខុសនោះទេ។ ពីមុន យើងអត់ផ្លូវយើងចង់បានតែផ្លូវលំ ផ្លូវរទេះគោមួយ សម្រាប់បររទេះគោទៅស្រែ។ ឥឡូវផ្លូវរទេះគោអត់គ្រប់ទេ ចង់បានផ្លូវធំបន្តិចព្រោះត្រូវប្រើត្រាក់ទ័រ។ ដល់បានមួយរយៈ ផ្លូវដីអត់គ្រាន់ទេ ព្រោះឡានបើក ត្រូវការផ្លូវកៅស៊ូ ផ្លូវបេតុង។ នេះជាតម្រូវការរបស់ប្រជាជន។ មិនអាចបន្ទោសបានទេ ព្រោះនេះគឺជាសេចក្តីត្រូវការដើម្បីដោះស្រាយជាប្រចាំ។ ពីមុនយើងត្រូវការតែប្រេងបន្តិចទេ យកមកដាក់ចង្កៀងប្រេងកាត … ចេញពីឆ្នាំ១៩៧៩-១៩៨០ មក អត់រំពឹងបានអគ្គិសនីឬសូឡាអញ្ចេះទេ។ មានដែលគិតទេ ត្រូវការតែប្រេងកាតយកមកដាក់ចង្កៀងហើយដុតទៅ។ យប់ម៉ោង៧-៨ បិទភ្លើងទៅ។ ឥឡូវត្រូវការភ្លើងអគ្គិសនីដែលតមកដល់។ នេះគឺជាតម្រូវការជាក់ស្តែង។ យើងត្រូវដោះស្រាយ។
(១៥) ប្រកាន់យករូបមន្ត “ប្រជាជនមានតម្រូវការច្រើន” និង “យើងផ្តល់ឱ្យមិនទាន់គ្រប់គ្រាន់” ធ្វើឱ្យប្រជាពលរដ្ឋមានការទុកចិត្តនិងកក់ក្តៅចំពោះការដឹកនាំ
ការអភិវឌ្ឍប្រទេសធ្វើជាសន្សឹមៗ ដែលខ្ញុំសូមអរគុណណាស់ចំពោះការគាំទ្រ និងផ្តល់ការទុកចិត្តរបស់ប្រជាជន និងជឿជាក់ទៅដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ៤០ឆ្នាំជាងនេះ នៅតែរឹងមាំ នៅតែផុសផុល ជាពិសេសក្នុងការបោះឆ្នោតកន្លងទៅនេះ ឆ្នាំ២០២៣ … ខេត្តពោធិ៍សាត់ជាខេត្តជាប់លេខ១ ក្នុងការបោះឆ្នោត។ នេះដោយការឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្រូវការរបស់ប្រជាជន។ បើគណបក្សប្រជាជនកម្ពុជាអត់ធ្វើអីនិងដោះស្រាយជូនប្រជាពលរដ្ឋ ៤០ឆ្នាំនេះទេ រំដោះហើយទុកចោលក៏មិនមានទំនុកចិត្តដែរ។ បើសិនជាប្រជាជនពេលកូវីដ-១៩ រាជរដ្ឋាភិបាលមិនដាក់វិធានការជួយសង្គ្រោះប្រជាពលរដ្ឋនោះទេក៏(មិនអាចជឿជាក់)។ យើងបានរូបមន្តនេះជារូបមន្តដែលមានដំណើរការ រូបមន្តដែលទទួលបានការទុកចិត្តរបស់ប្រជាជន គឺរូបមន្តមួយដែលទទួលស្គាល់ការពិតថា ប្រជាជននៅមានតម្រូវការច្រើន ហើយអ្វីដែលយើងផ្តល់ឱ្យមិនទាន់គ្រប់គ្រាន់ គឺតម្រូវការនៅក្នុងការធ្វើបន្ថែមទៀតជូនប្រជាពលរដ្ឋមិនឈប់ឈរ។ នេះគឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនឹងបន្តប្រកាន់នូវរូបមន្តនេះ ដើម្បីឱ្យប្រជាពលរដ្ឋនៅមានការទុកចិត្តនិងកក់ក្តៅជាមួយការដឹកនាំរបស់យើង។
នៅទីនេះ រូបមន្តថ្ងៃនេះ ផ្តល់ប៉ុណ្ណេះ បន្តិចទៀតយើងធ្វើផ្ទះបន្ថែមទៀត។ យើងគិតគូរពីការដោះស្រាយនូវបញ្ហាបង្កបង្កើនផល រកទីផ្សារឱ្យប្រជាជននៅទីនេះ បង្កើតការងារផ្សេងៗ … កិច្ចការខ្លះយើងធានាបាន កិច្ចការខ្លះយើងធានាមិនទាន់បាន តែយើងរកវិធីទប់។ វាមិនខុសពីទឹកជំនន់ និងភាពរាំងស្ងួតទេ។ គ្មានប្រទេសណាមួយដែលអាចស្កាត់ទឹកមិនឱ្យជន់គ្រប់កន្លែងទូទាំងប្រទេស ឬភាពរាំងស្ងួតមិនឱ្យកើតមាននៅក្នុងប្រទេសគេទេ។ សូម្បីតែនៅសហរដ្ឋអាមេរិកទើបភ្លើងឆេះព្រៃឡើងអស់ផ្ទះនៅកាលីហ្វូញ៉ា ថតមើលហ្នឹងរាប់ពាន់ខ្នង បាតុភូតធម្មជាតិ ភាពរាំងស្ងួត ក្តៅផងអីផង វាឆេះ។ មហាអំណាចមួយក៏មិនអាចទប់ភាពរាំងស្ងួតនៅកន្លែងខ្លះ។ ទឹកបាញ់កន្លែងឆេះនោះ អត់មានគ្រប់សម្រាប់ដោះស្រាយ។ បាតុភូតខ្លះយើងមិនអាចទប់ មិនអាចខែវស្សាទឹកមិនឱ្យជន់លិចគ្រប់កន្លែង។ ប៉ុន្តែយើងអាចធ្វើអ្វីបានកាត់បន្ថយនូវហានិភ័យ និងជួយសង្គ្រោះនៅពេលមានគ្រោះអាសន្នតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន។
(១៦) កង្វល់របស់ប្រជាកសិករជាការត្រឹមត្រូវ ប៉ុន្តែអ្នកអង្គុយចាក់ប្រេងដុតពីចម្ងាយជាបញ្ហា
ខ្ញុំសូមឱកាសនេះនិយាយបន្តិចពីប្រធានបទដែលពាក់ព័ន្ធប្រជាជននៅទីនេះខ្លះ ក៏ដូចជាប្រជាកសិករផ្សេងៗ។ ប្រធានបទនេះ ខ្ញុំឃើញគេលើកមក។ ឱ្យតែស្អីហ្នឹង ក៏រដ្ឋាភិបាលអត់អើពើ។ ឃើញពូម្នាក់គាត់ស្លៀកខោអាវ ប៉ារ៉ា ទៅសុំទាននៅឆ្នេរសមុទ្រ គេនាំគ្នាជេរថារដ្ឋាភិបាលអត់យកចិត្តទុកដាក់លើអតីតយុទ្ធជន ដោយមិនបានមើលនៅទីនេះរាប់ពាន់គ្រួសារ រាប់ម៉ឺនគ្រួសារទទួលបានអត្ថប្រយោជន៍ទេ។ ខ្ញុំសូមយកឱកាសនេះដើម្បីនិយាយបន្តិចពាក់ព័ន្ធនៅនឹងប្រធានបទក្តៅ និងសំខាន់មានអ្នកដុតបន្ថែម។ ការដែលប្រជាកសិករមានកង្វល់ជាភាពត្រឹមត្រូវ ប៉ុន្តែវាងំអ្នកដែលនៅរាប់ពាន់គីឡូនៅក្រៅប្រទេសនោះ អង្គុយចាក់ទឹកចាក់ប្រេងដុតរាល់ថ្ងៃ។ សួរថាអ្នកហ្នឹងដែលទៅសុំទីផ្សារកសិផលទេ? មានតែដើរទៅជួបសភាអាមេរិកឱ្យកាត់ការនាំចេញពីស្រុកខ្មែរ។ ខ្ញុំសូមលើកបន្តិចពាក់ព័ន្ធទៅនឹងបញ្ហាកសិផល តម្លៃស្រូវដែលបងប្អូនបានលើក។ ឯកឧត្តម ឌិត ទីណា នៅទីនេះ ចុះជាប់តាំងពីដើមអាណត្តិឆ្នាំទៅ និងឆ្នាំនេះ ជាមួយមន្ត្រីកសិកម្មទាំងខេត្តទាំងមន្ត្រីមូលដ្ឋាន។ ឥឡូវយើងពង្រាយមន្រ្តីកសិកម្មរបស់យើងឆ្នាំ ២៥០នាក់ ទៅតាមឃុំមួយចំនួន។ ឆ្នាំនេះប្រឡងជ្រើសរើស ១០០០នាក់ទៀតដើម្បីជំរុញឱ្យកៀកជាមួយប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាប្រឈម ជាពិសេសតម្លៃឡើងចុះនៃកសិផល។ រឿងទីផ្សារ។
(១៧) រាជរដ្ឋាភិបាលយកចិត្តទុកអំពីសន្តិសុខស្បៀងនិងវិស័យកសិកម្ម ព្រោះទាក់ទងនឹងការហូបចុក
កិច្ចការទាំងអស់នេះ មានការលើកឡើងរបស់ប្រជាពលរដ្ឋទាក់ទងទៅនឹងដំណាំកសិផលមួយចំនួន។ ឥឡូវដែលច្រើនជាងគេរឿងស្រូវ OM នេះ។ ស្រូវប្រភេទ IR ដែលធ្លាក់ថ្លៃ។ ឆ្នាំទៅ ថ្លៃខ្ពស់។ ឆ្នាំនេះរាងចុះ។ ឆ្នាំទៅ ១ហិកតា ដូចបាន ២លានរៀល ទៅ៣លានរៀល។ ឆ្នាំនេះចុះនៅ ១លានរៀល ក្រោយផាត់តម្លៃផ្សេងៗ។ កិច្ចការទាំងអស់នេះ ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋឱ្យបានជ្រាបថា ដែលខ្ញុំមិនបានឡើងមេក្រូ ឬមួយ ១ថ្ងៃៗ ឆ្លើយតបទៅនឹងការលើកឡើង ឬមួយក៏ការវាយប្រហារពីខាងក្រៅនោះ មិនមែនរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នជំនាញនៅស្ងៀម មិនអើពើនោះទេ។ វិស័យកសិកម្មគឺជាវិស័យអាទិភាពសំខាន់ណាស់សម្រាប់ប្រទេសជាតិ។ លោកតា លោកយាយ អ៊ំ ពូមីង សំរាប់ពិភពលោក ដរាបណាមនុស្សនៅតែហូបបាយ ហូបសាច់ កសិកម្មនៅតែជាកិច្ចការសំខាន់។ លើកលែងតែថ្ងៃណាមួយមនុស្សលែងត្រូវការដំណាំ លែងត្រូវការផ្លែឈើ លែងត្រូវការសាច់ត្រី សាច់ជ្រូក គេផលិតថ្នាំអីលេបមួយគ្រាប់ឆ្អែតបាយ ១ខែ ហ្នឹងប្រហែលជាកសិកម្មលែងមានតម្រូវការ។ រឿងសន្តិសុខស្បៀងនេះគឺជាអាទិភាពធំណាស់។ ប្រទេសច្រើនដែលខ្វល់ខ្វាយរឿងនេះ។ រឿងនេះរឿងមនុស្សហូប។ ទូរស័ព្ទបើអត់មាន ក៏មិនស្លាប់ទេ។ តែបើអត់បាយអត់ទឹក អត់ចំណីអាហារ នឹងស្លាប់។ វាចាំបាច់។ អត់មានម៉ូតូជិះ អត់ស្លាប់ទេ អត់មានភ្លើងអគ្គិសនីប្រើ មិនស្លាប់ទេ តែបើអត់ចំណីយើងឈឺ យើងលំបាក។ អញ្ចឹងហើយបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់នូវរឿងសន្តិសុខស្បៀងរឿងវិស័យកសិកម្មនេះ។
(១៨) ម្ខាងរក្សាថ្លៃកសិផលក្នុងទីផ្សារសំរាប់កសិករ និងម្ខាងរក្សាតម្លៃទំនិញ ពិសេសចំណីអាហារ កុំឱ្យឡើងថ្លៃ សំរាប់អ្នកទិញ
និយាយរឿងសន្តិសុខស្បៀង យើងត្រូវនិយាយពីការទទួលខុសត្រូវ២ របស់រដ្ឋាភិបាល លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន អ្នកផលិត-អ្នកដាំដុះ និងអ្នកប្រើប្រាស់។ រដ្ឋាភិបាលទទួលខុសត្រូវ ២ហ្នឹង កសិករជានិងអ្នកមិនមែនកសិករ។ កសិករអ្នកដាំដុះ អ្នកចិញ្ចឹមសត្វ រដ្ឋត្រូវការធានាគិតគូរពីទីផ្សារ ពីតម្លៃ ពីការជួយ ប៉ុន្តែសម្រាប់អ្នកទិញហូប សូម្បីតែកសិករហ្នឹងក៏ដូចគ្នាដែរ។ អ្នកនៅក្នុងវិស័យកសិកម្ម មិនមែនកសិករទាំងអស់ផលិតគ្រប់មុខទេ។ អម្បាញ់មិញ ខ្ញុំចូលទៅផ្ទះអ៊ំម្នាក់ គាត់ដាំដំណាំ (នៅផ្ទះគំរូ) មានអំពៅ មានល្មុត មានមៀន ចេក មានផាសិន។ ខ្ញុំថាផ្លែផាសិនពោធិ៍សាត់ គាត់ថាមិនមែនផាសិនពោធិ៍សាត់ទេ ផ្លែផាសិនដំណាក់ទ្រយឹង គាត់តវ៉ាទៀត។ ប៉ុន្តែខ្ញុំអត់ឃើញគាត់មានចិញ្ចឹមត្រី តែគាត់ចិញ្ចឹមមាន់ អត់មានឃើញគាត់ដាំបន្លែទេ ប្រាកដជាគាត់លក់ផលដំណាំនេះដើម្បីទិញបន្លែហើយ។ អញ្ចឹង ទោះបីកសិករណា ក៏ត្រូវតែទៅទិញរបស់របរផ្សេងៗមកហូបដែរ។
ជាពិសេស អ្នកដែលនៅទីក្រុង មន្ត្រីរាជការ អ្នកដែលមិននៅក្នុងដាំដុះខ្លួនឯង។ លោកគ្រូ អ្នកគ្រូគាត់ប្រាកដជាទិញចំណីអាហារហើយ។ នេះយើងត្រូវធានានូវតុល្យភាព ដៃម្ខាងរក្សាតម្លៃទីផ្សារល្អសម្រាប់កសិករ ដៃម្ខាងត្រូវប្រាប់ត្រូវធានាកុំឱ្យតម្លៃទំនិញវាឡើងថ្លៃពេក ចំណីអាហារជាពិសេសសម្រាប់អ្នកទិញហូប។ លោកជំទាវ ចម និម្មល អត់មកថ្ងៃនេះ? រាល់ថ្ងៃ លោកជំទាវ ចម និម្មល ត្រូវបញ្ជូនឲ្យខ្ញុំនូវតម្លៃទីផ្សារលើចំណីអាហារ។ សំណាងហើយ ក្នុង២ឆ្នាំនេះ អតិផរណានៅមានតិច។ យើងឆ្នាំ២០២៣ អតិផរណាឡើង ២,១% ឆ្នាំទៅនេះ(២០២៤) ក្រោម ១% មានន័យថាយើងមានលំនឹងតម្លៃ។ ប្រទេសខ្លះ មួយឆ្នាំឡើង ៣០% បានន័យថាទឹកមួយដប ឆ្នាំទៅ ទិញតែ(ក្នុងតម្លៃ) ១០០រៀល/ដប ឆ្នាំនេះ ១០០រៀលទិញអត់បានមួយដបទេ ត្រូវ(ចំណាយ) ១៣០ រៀល បានទិញបាន (ហើយ)ប្រាក់ខែនៅដដែល អញ្ចឹង(កម្លាំងនៃការទិញ)កាន់តែថយ។
(១៩) អ្នកខ្លះ “ជួបកសិករស្រែកថាស្រូវថោក” តែទៅ “ជួបអ្នកផ្សារស្រែកថាអង្ករថ្លៃ”
លោកយាយ លោកតា អ៊ំ ពូមីង បងប្អូន យើងនិយាយពីសន្ដិសុខស្បៀង។ ថ្ងៃមុន ខ្ញុំមើលហ្វេសប៊ុក(ឃើញ) បងស្រី(ម្នាក់)នៅអាមេរិកបើកហាងលក់នំប៉័ង។ គាត់ថា សូម្បីម្សៅគាត់ទិញពីផ្សារយកមកធ្វើនំប៉័ង និងធាតុផ្សំមួយចំនួនឡើង(ថ្លៃ)មួយចង់ជាពីរ។ អញ្ចឹង គាត់ត្រូវតែធ្វើនំហើយលក់(ឡើងថ្លៃ)មួយចង់ជាពីរដែរទើបរត់រួច។ អញ្ចឹងអ្នកដែលជាអតិថិជនរបស់គាត់ដែលមកទិញនំប៉័ងហ្នឹងក៏ត្រូវទទួលទិញថ្លៃដែរ ព្រោះវត្ថុធាតុដើមគ្រឿងផ្សំឡើង(ថ្លៃ) ម្សៅ ស្រូវសាលី អង្ករ ស្អីៗ ឡើង។ អញ្ចឹងវាឡើងតគ្នា។ និយាយអញ្ចឹងបានន័យថាម៉េច? មិនមែនបានន័យថា យើងសប្បាយនឹងឲ្យតម្លៃមិនសមរម្យសម្រាប់កសិផលនោះទេ។ បន្ដិចទៀត ខ្ញុំនិយាយថាយើងជួយ និងដោះស្រាយយ៉ាងម៉េច។ ប៉ុន្ដែអ្វីដែលខ្ញុំនិយាយ រាជរដ្ឋាភិបាលមួយ មិន(មើល)តែមួយជ្រុងទេ មិនដូចអ្នកខ្លះទៅជួបកសិករស្រែកថា ស្រូវថោកណាស់ ដល់តែទៅជួបអ្នកផ្សារស្រែកថាអង្ករថ្លៃណាស់នោះទេ។
រដ្ឋាភិបាលត្រូវដោះស្រាយតុល្យភាពចំណូលសម្រាប់ប្រជាជនពលរដ្ឋ ជាពិសេសផាត់ចំណាយហើយ នៅសល់ក្នុងហោប៉ៅរបស់កសិករបានសមរម្យ នៅពេលដែលធានាស្បៀងអាហារសម្រាប់អ្នកទិញប្រើមិនថ្លៃហួសហេតុ ដើម្បីកុំឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការលំបាក។ វាខុសពីអ្នកដែលខ្ញុំហៅថា អ្នកវិភាគ ឬបណ្ឌិតជើង១០ ភ្នែក ៣។ លោកតា លោកយាយ (មាន)អ្នកវិភាគ ឬបណ្ឌិត ជើង ១០ ភ្នែក ៣ អ្នកខ្លះភ្នែក ៥។ ជើង ១០ បានន័យថា អង្គុយនៅតុជើង៤ កៅអីជើង៤ ហើយជើងខ្លួនឯង២។ ដល់ភ្នែក ៣ បានន័យថា អ្នកដែលគេអង្គុយរិះគន់ពីប្រទេសអឺរ៉ុបអីមកតាមភ្នែករបស់គេ២ និងភ្នែករបស់កាមេរ៉ា១ តាមហ្វេសប៊ុក។ បានន័យថាមួយថ្ងៃៗ អង្គុយនៅរាប់ពាន់គីឡូ(ដី)នៅនឹងកៅអីហ្នឹង ស្រែកតាមកាមេរ៉ាមើលមក ស្រែកវាយប្រហារ ស្រែករិះគន់។
(២០) ក្រសួងសាម៉ីជួយដោះស្រាយទាន់ពេលវេលា យោងការផ្ដល់ព័ត៌មានរបស់ប្រជាពលរដ្ឋលើបណ្តាញសង្គម
កសិករមានការព្រួយបារម្ភ ហើយរឿងជាក់ស្ដែងចង់ឲ្យរាជរដ្ឋាភិបាលគិតគូរ។ គាត់មិនទាក់ទងរឿងនយោបាយទេ ប៉ុន្ដែអ្នក(រិះគន់)នោះចេះតែទាញរឿងហ្នឹងដើម្បីចំណេញនយោបាយលើខ្នងកសិករ ថាខ្លួនស្រឡាញ់កសិករ ខ្លួនយល់ពីកង្វល់។ មនុស្សមួយចំនួន ជាអ្នកវិភាគដដែលៗ អ្នកមុខងារនយោបាយហ្នឹង។ ប្រជាពលរដ្ឋខ្លះគាត់សម្ដែងមតិតាមហ្វេសប៊ុកតាមអីជាការកង្វល់។ ខ្ញុំគាំទ្រ(ខ្ញុំយល់) ហើយក្រសួងយើងដុតដៃ ដុតជើងជួយ។ គាត់ប្រាប់ថា(មានបញ្ហា)នៅកន្លែងណា យើងទៅរក ដឹងគោលដៅ។ ពីមុនយើងត្រូវចុះពន្លាតមន្ដ្រីដើររកមើលនៅកន្លែងណាមានបញ្ហា ប៉ុន្ដែឥឡូវតាមហ្វេសប៊ុកតាមអី ប្រជាពលរដ្ឋនៅមូលដ្ឋានគាត់អាចប្រាប់ថានៅកន្លែងណា។ ថ្ងៃមុន ឯកឧត្តម ឌិត ទីណា ចុះទៅកន្លែងដែលមានបញ្ហាសួរផ្ទាល់នៅទីហ្នឹងតែម្ដង។ ជាប្រជាពលរដ្ឋទូទៅ មិនថាកសិករមិនថាអ្នកផ្សេង ដែលគាត់ព្រួយបារម្ភ គាត់ជួយបញ្ចេញកង្វល់ បញ្ចេញមតិដើម្បីរដ្ឋាភិបាលផ្ដល់(ដំណោះស្រាយ)។ ខ្ញុំអរគុណណាស់។ គ្មានកំហុសស្អីទេ។
ការទទួលស្គាល់ និងការចែករំលែកព័ត៌មានជួយយើងដើម្បីខិតខំរកវិធីជួយដល់កសិករ។ នេះជាអ្វីដែលយើងទទួលស្គាល់ជាក់ស្ដែង។ យើងមិនមែនរស់នៅលើពពកអត់មើលលើដីទេ។ យើងដឹងថាឆ្នាំនេះមានបញ្ហាដំណាំអី? ឆ្នាំទៅអត់មានបញ្ហាដំណាំអី? ឆ្នំានេះមានកសិផលអីដែលត្រូវការជួយ? កន្លែងណាខ្វះទឹក? លើសទឹក? យើង(អាច)ជួយទាន់ពេលវេលា តាមការផ្ដល់ព័ត៌មានរបស់ប្រជាពលរដ្ឋ។ ខ្ញុំគាំទ្រ។ ប៉ុន្ដែ អ្វីដែលខ្ញុំសំដៅ គឺអ្នកដែលរិះគន់វាយប្រហារ មុខសញ្ញាមួយចំនួនដដែលៗហ្នឹង។ ទណ្ឌិតជើង១០ ភ្នែក៥។ ឥឡូវ ខ្ញុំលែងហៅលោកអ៊ំអីហើយ ព្រោះជេរៗដល់កហើយ។ ឥឡូវវាយ(ប្រហារ) ជេរទាំងត្រកូលយ៉ាងសាហាវតែម្ដង … មួយថ្ងៃៗឃើញតែដើររកហេតុផលដើម្បីប្រមូលប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ បះបោរ។ ថ្ងៃមុន ចេញទៀតហើយ (ថា)រាជរដ្ឋាភិបាលអត់យកចិត្តទុកដាក់លើប្រជាពលរដ្ឋទេ ងើបបះបោរ តោះ! បញ្ចប់រដ្ឋាភិបាលត្រកូល ហ៊ុន អញ្ចឹងទៅ។ ថ្ងៃមុន CLV-DTA ស្រែកមួយទៀតទៅ។
(២១) តើអ្នកពោធិ៍សាត់ដែលបានបោះឆ្នោតលំដាប់គាំទ្រទី១ ព្រមឲ្យមានការទម្លាក់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាឬទេ?
លោកតាលោកយាយ ចុងក្រោយបោះឆ្នោតមិនជាប់ គាត់ថាឈប់បោះឆ្នោត មិនបាច់បោះឆ្នោតអីទេ មានតែវិធីសាស្ដ្រតែមួយបានប្រជាធិបតេយ្យ គឺលើកគ្នាបះបោរផ្ដួលទៅ យករូបមន្ដដូចបង់ក្លាដេស ដើម្បីយកតួអង្គពីក្រៅជិះយន្ដហោះមកដឹកនាំ(ប្រទេស)។ គាត់កំពុងចង់បានដូចហ្នឹង។ សួរថាអ្នកពោធិ៍សាត់ជាង ៨០% អ្នកភ្នំក្រវាញជិត ៩០% ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនហ្នឹងព្រមទេ? យើងបោះឆ្នោត កាលពី២០២៣ អ្នកពោធិ៍សាត់បោះបានលេខ១ គាំទ្រគណបក្សប្រជាជនកម្ពុជា សួរថាព្រមទេឲ្យលោកឯងមកដុតប្រទេស យកមនុស្សទៅទម្លាក់រដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋជាង ៨០% ស្មើ ៦លាននាក់ជាងទូទាំងប្រទេសដែលគេបោះឆ្នោតឲ្យគណបក្សប្រជាជនទេ? គេមិនព្រមទេ។ ប្រសិនបើយកប្រជាធិបតេយ្យពិតប្រាកដ គេយកសំឡេងប្រជាជន ហើយសំឡេងប្រជាជន គឺ ៥ឆ្នាំយើងធ្វើប្រជាមតិម្ដងតាមរយៈការបោះឆ្នោត។ អញ្ចឹងយើងថែរក្សា (មិនបណ្តោយអោយមាន)រឿងបះបោរ ផ្ដួលរដ្ឋាភិបាលក្រៅពីបោះឆ្នោត។ ឆ្នាំ(១៩)៧០ (មានម្តង)រួចហើយ។ អ្នកសេសសល់នៅទីនេះ។ ប្រសិនបើយើងគ្មានសង្គ្រាមនៅឆ្នាំ១៩៧០ ប្រហែលជាអ៊ំ ពូមីង នៅទីនេះ ប្រហែលជាមិនពិការទេ ហើយយុទ្ធមិត្តជាច្រើនមិនស្លាប់លើសមរភូមិទេ។ នៅទីនេះ ប្រហែលជាមិនទើបតែប្រែក្លាយពីតំបន់ព្រៃមកទេ ប៉ុន្ដែអាចអភិវឌ្ឍលើសនេះទៅហើយ ប៉ុន្ដែយើង(បែរ)ជាដើរថយក្រោយ …។
(២២) មុននិយាយពីទីផ្សារ ត្រូវនិយាយពីដំណាក់កាលផលិតកម្ម ដែលដី និងទឹកជាកត្តាចាំបាច់
ទាក់ទិននឹងរឿងសន្ដិសុខស្បៀងនេះ ខ្ញុំសូមជម្រាបជូនលោកតា/យាយ អ៊ំ ពូមីង បងប្អូន ឲ្យបានជ្រាប យើងយកចិត្តទុកដាក់ទាំងចំពោះអ្នកផលិត និងអ្នកប្រើ។ ថ្ងៃនេះ ខ្ញុំសុំនិយាយតែពីអ្នកផលិត គឺកសិករ។ ខ្ញុំសុំច្បិចយករឿងដំណាំស្រូវ ហើយក៏មិនខុសពីដំណាំផ្សេងៗទៀតដែរ មានតម្រូវការដូចគ្នា។ តើការយកចិត្តទុកដាក់លើកសិករ គិតតែពីរឿងតម្លៃទីផ្សារតែមួយមុខឬ? មិនដូច្នោះទេ។ លោកតា/យាយ ពូមីង អ៊ំ បងប្អូន មុននឹងឈានទៅដល់ការគិតគូររឿងតម្លៃទីផ្សារ មានច្រើនដំណាក់កាល។
ដំណាក់ទី១ ត្រូវមានដីសិន។ បើប្រជាជនអត់មានដីបង្កបង្កើនផល កុំនិយាយដល់រឿងលក់ផលិតផល។ បើអត់មានទាំងដី ទាំងផ្ទះនៅផង តើទៅធ្វើស្អី? មែនទេលោកយាយ/តា? បើគ្មានដី ១ហិកតានេះផង កុំទៅនិយាយរឿងដាំដំឡូង ឬដាំអីនោះ។ ទី១ ត្រូវមានដីសិន ហើយដីនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការរៀបចំ ប្រជាពលរដ្ឋដែលអត់មានដី យើងរៀបចំជាកម្មសិទ្ធិឯកជនជូន។ យើងរៀបចំតាំងពីចុងទសវត្សរ៍ទី៨០ ពេលធ្វើកំណែទម្រង់។ ឥឡូវ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ខិតខំធ្វើម៉េចរៀបចំវាស់វែង ចុះបញ្ជី និងចែកបណ្ណកម្មសិទ្ធិដីធ្លី។ នៅទូទាំងប្រទេស យើងគិតថាដីទាំងអស់មានដូចជា ១០លានក្បាលដី។ ក្នុងនោះមានដីកសិកម្មខ្ទង់ ៦លានជាង ដីលំនៅដ្ឋាន ៤លាន ជាងក្បាលដី។ ឥឡូវ យើងនៅសល់ប្រហែលជា ៣លាន ជាងក្បាលដីទៀត ត្រូវវាស់វែង និងកំណត់ព្រំ ចែកកម្មសិទ្ធិដីដូចនៅទីនេះ។
អញ្ចឹង ដើម្បីឲ្យប្រជាជន កសិករ មានលទ្ធភាពធ្វើបានគឺគិតគូរដីធ្លីជូនគាត់។ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានជំរុញ និងយកចិត្តទុកដាក់លើកិច្ចការនេះ។ នៅទីនេះ សម្រាប់អ្នកអត់ដី អតីតយុទ្ធជន យើងបានធ្វើផ្ទះ ផ្ដល់ដី រៀបចំភូមិ ផ្ដល់ទាំងដីកសិកម្ម និងលំនៅដ្ឋានជូន។ នេះជាជំហានមួយនៅក្នុងកសិកម្ម ដែលរដ្ឋាភិបាលធ្វើ។ បើអត់ដី អត់កម្មសិទ្ធិ ធ្វើអីកើត? បើរដ្ឋមិនគិតគូរ មិនឲ្យកម្មសិទ្ធិ តើប្រជាជនយកធ្វើអី ទៅដាំអីបាន?
ទី២ ទឹក។ ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។ និយាយពីកសិកម្ម កសិករ ទម្រាំនឹងបានតម្លៃយកមកលក់ ឆ្នាំនេះផលិតលើស៦៨% ឡើងចូល១៦៨ % គ្រាន់តែស្រែប្រាំង ចូល៨០ ម៉ឺនហិកតា។ យើងមានផែនការតែ ៥០ម៉ឺនហិកតា។ ប្រជាពលរដ្ឋដែលអាចធ្វើ ៨០ម៉ឺនហិកតានេះបានដោយសារទី១ មានដី ទី២ មានទឹក។ សួរថា៨០ ម៉ឺនហិកតា ដែលធ្វើស្រែប្រាំងនេះ តើផ្អែកលើប្រព័ន្ធទឹកធម្មជាតិគ្រប់គ្រាន់ទេ? ថាអត់ទេ។ ប្រសិនបើរាជរដ្ឋាភិបាលក្នុងច្រើនអាណត្ដិនេះមិនធ្វើទំនប់ អាងស្ដុកទឹក ប្រព័ន្ធប្រឡាយ ដើម្បីចែកចាយទឹក សួរថាស្រែប្រាំងទាំងអស់នោះអាចធ្វើបានទេ? កសិករអាចមានទឹកធ្វើស្រែប្រាំងទេ? អញ្ចឹង ការគិតពីដី ពីទឹក រដ្ឋាភិបាលបានធ្វើ ហើយយើងបានកសាងទំនប់ប្រឡាយច្រើនសម្រាប់ធានាទឹកស្រោចស្រពទាំងស្រែប្រាំង-វស្សា។
(២៣) ផ្ដល់គោលការណ៍សិក្សាសង់ទំនប់អាងទឹកលេខ២ នៅក្រវាញ អាចផ្ទុកទឹកបានជិត៩០០ លានម៉ែត្រគូប
នៅខែវស្សា កន្លែងខ្លះក៏ខ្វះទឹកដែរ។ មានម្តង ពេលដែលខ្ញុំនៅរៀន។ មកផ្ទះ សម្ដេចតេជោគាត់ចាត់ខ្ញុំយកអំណោយទៅជួយសង្គ្រោះប្រជាពលរដ្ឋ។ ខ្ញុំចាំ(ពេលនោះ) ពីរថ្ងៃជាប់គ្នា។ មួយថ្ងៃទៅចែកនៅកំពង់ស្ពឺដោយសារទឹកជំនន់ ស្អែកឡើងទៅចែកនៅកំពង់ឆ្នាំងដោយសារគ្រោះរាំងស្ងួត។ ពេលជាមួយគ្នា មួយ(កន្លែង)លិចទឹក មួយ(កន្លែង)ខ្វះទឹក ដោយសារប្រព័ន្ធស្រោចស្រពយើងមិនទាន់(ពេញលេញល្អ)។ អញ្ចឹងបានជាយើងរៀបចំ(ប្រព័ន្ធស្រោចស្រព) ហើយដោយឡែកនៅខេត្តពោធិ៍សាត់ តាមរបាយការណ៍ដែលខ្ញុំបានទទួលនៅទីនេះគឺកសាងបានច្រើន កន្លងទៅយើងកសាងឲ ទំនប់ទឹកលេខ ៣ និងលេខ ៥ ដែលស្ដុកទឹកបាន ៥០ លាន ម៉ែត្រគូប បូកទំនប់ប្រឡាយជាច្រើនផ្សេងៗទៀត ដែលអាចស្រោចស្រព បានដីប្រមាណជាង ៣ ម៉ឺន ហិកតា សម្រាប់ជួយសង្គ្រោះស្រែប្រាំង។ តាមសំណើរបស់ក្រសួងធនធានទឹក ខ្ញុំបានឯកភាពផ្ដល់គោលការណ៍ឲ្យសិក្សាធ្វើទំនប់អាងទឹកលេខ២ នៅក្រវាញ ដែលមានលទ្ធភាពអាចផ្ទុកទឹកបានជិត៩០០ លានម៉ែត្រគូប។ សូម្បីនៅកន្លែងនេះក៏មានទំនប់បង្ហៀរអាចផ្ទុកទឹកដល់១ លាន ម៉ែត្រគូបជួយដាក់តាមប្រព័ន្ធប្រឡាយ។ សួរថាទាំងអស់ហ្នឹងកើតឡើងដោយធម្មជាតិទេ? គឺដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ដែលយើងធ្វើរាប់សិបឆ្នាំ ហើយយើងនឹងបន្ដធ្វើតទៅទៀត ដើម្បីឲ្យប្រព័ន្ធស្រោចស្រពធានាទឹក ទាំងប្រាំង ទាំងវស្សាជូនប្រជាពលរដ្ឋ។
(២៤) រដ្ឋចំណាយធនធានថវិកា និងកម្លាំងចុះអន្ដរាគមន៍ពេលខ្វះទឹក
ប្រសិនបើនិយាយពីវិស័យកសិកម្ម យើងមិនអាចនិយាយច្បិចតែរឿងតម្លៃឆ្នាំនេះឡើងឬចុះទេ។ រឿងហ្នឹងក៏យើងគិត ប៉ុន្ដែមុននឹងយើងគិតទៅដល់បានផលិតផលលក់ ទាល់តែយើងមានដី មានទឹក ហើយជួយសម្រាប់គាត់បង្កបង្កើនផល។ ពេលខ្វះទឹក ក្រសួងកសិកម្ម ក្រសួងធនធានទឹក ក៏ដូចជារដ្ឋបាលខេត្ត តាមមន្ទីរជំនាញ កន្លងទៅ នៅតាមបណ្ដាខេត្ត មានមន្ទីរធនធានទឹក មន្ទីរសាធារណការ មន្ទីរកសិកម្ម បានសហការគ្នាចុះជួយបូមទឹកជូនប្រជាពលរដ្ឋ។ នៅឆ្នាំ២០២៣ ២០២៤ នេះ ក្រសួងធនធានទឹកអន្ដរាគមន៍ស្រែប្រាំងជិត ៩ម៉ឺនហិកតា។ ហេតុអ្វីបានជាខ្វះ(ទឹក)ច្រើនម៉េះឆ្នាំទៅ? ដោយសារឆ្នាំទៅប្រជាជន(ធ្វើ)ស្រូវប្រភេទ OM ស្រែប្រាំងបានតម្លៃខ្ពស់។ អញ្ចឹងប្រជាជនសម្រុកធ្វើលើសផែនការ ដែលមានទឹកថែទុក។ ប៉ុន្ដែ យើងមិនអាចថា ប្រជាជនធ្វើលើសផែនការ យើងមិនជួយនោះទេ។ យើងត្រូវទទួលខុសត្រូវ ធ្វើម៉េចជួយសង្គ្រោះឲ្យ (មិនថា)បានតិចឬច្រើន។
អញ្ចឹងបានយើងចំណាយធនធានថវិកា កម្លាំង ដើម្បីចុះអន្ដរាគមន៍នៅពេលខ្វះទឹក។ ឆ្នាំនេះ នៅតាមបណ្ដាខេត្តជាច្រើន សូម្បីតែនៅពោធិ៍សាត់នេះ ក៏មន្ទីរធនធានទឹក មន្ទីរសាធារណការខេត្ត និងក្រុមការងារថ្នាក់ជាតិ ចុះជួយដើម្បីបូមទឹកជូនប្រជាពលរដ្ឋផងដែរនៅកន្លែងខ្វះទឹក។ ខ្ញុំបានផ្ដល់គោលការណ៍ឲ្យក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ក្រុមការងារថ្នាក់ជាតិខេត្ត តាមមើលកន្លែងណាដែលខ្វះទឹក សូមជួយខិតខំអន្ដរាគមន៍ដាក់ម៉ាស៊ីនបូមទឹកប្រឡាយទឹកដែលមាន។ កសាងកន្លែងស្ដុកទឹកបន្ថែមទៀត ដើម្បីធានាជូនប្រជាពលរដ្ឋ ជាពិសេសក្នុងផែនការរបស់យើង មិនថាស្រែចម្ការទេ ដំណាំកសិកម្មផ្សេងទៀតក៏ត្រូវការសង្គ្រោះដែរ។ មិនត្រឹមតែដំណាំទេ សូម្បីប្រជាពលរដ្ឋប្រើប្រាស់ ត្រូវការទឹកស្អាត កន្លែងខ្លះយើងស្ដុកទឹកប្រើទាំងកសិកម្មផង និងទឹកស្អាតផង។ ក្រសួងឧស្សាហកម្ម ឯកឧត្តម ហែម វណ្ណឌី មកទេ? ក្រសួងឧស្សាហកម្មដាក់ស្ថានីយធ្វើទឹកស្អាតជូនប្រជាពលរដ្ឋប្រើ។ យើងគិតគូរទាំងអស់ ដី ទឹក ហើយបើពេលទឹកធំលើសនៅរដូវវស្សា យើងត្រូវបញ្ចេញកម្លាំង ធនធាន ដើម្បីអន្ដរាគមន៍សង្គ្រោះជីវិតប្រជាពលរដ្ឋ រួមទាំងស្ដារឡើងវិញនូវស្រែដែលខូច ចម្ការដែលខូច។
អញ្ចឹង លោកតា/យាយ អ៊ំ ពូមីង បងប្អូន អ្នកដែលអង្គុយនៅកៅអីរាប់ពាន់គីឡូនៅក្រៅប្រទេស គិតថារដ្ឋាភិបាលមិនអើពើសម្រាប់កសិករ គឺជាការមិនផ្ដល់យុត្ដិធម៌ និងជាការមើលតែមួយជ្រុងតូច ច្បិចយកតែមួយជ្រុងតូចមិនទាន់ល្អ ហើយយកមកពង្រីក ដើម្បីបំបាត់នូវអ្វីដែលរាជរដ្ឋាភិបាលខំធ្វើឲ្យកសិកររាប់សិបឆ្នាំនេះ នៅក្នុងវិស័យកសិកម្មនេះ។ យើងនឹងបន្ដធ្វើកសាងនូវទំនប់ទឹក អាងស្ដុកទឹក ប្រព័ន្ធប្រឡាយមេ បន្ដទៀតជូនប្រជាកសិករយើង ដើម្បីធានាទឹក(គ្រប់គ្រាន់)។ ដីស្រែចម្ការរបស់យើងក៏រៀបចំវាស់វែង ចេញកម្មសិទ្ធិ ដើម្បីប្រើប្រាស់ក្នុងការបង្កបង្កើនផល ផ្ទេរឲ្យកូនចៅ ឬធ្វើអីផ្សេងៗ។ នេះយើងជួយកសិករ។
(២៥) បន្ទាប់ពីដីនិងទឹក រដ្ឋក៏ផ្តល់នូវការកសាងហេដ្ឋារចនាសម្ព័នគាំទ្រមានផ្លូវថ្នល់ និងអគ្គិសនី
ក្រៅពីនោះ យើងក៏ធ្វើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ កសិករមិនមែនមានតែដី មានទឹក ធ្វើគ្រប់គ្រាន់នោះទេ លោកយាយ/តា អ៊ំ ពូមីង បងប្អូន។ ប្រសិនបើគ្មានផ្លូវ តើដឹកកសិផលទៅណា? សូម្បីតែរទេះគោក៏បរមិនរួច តើឲ្យទៅណា? អញ្ចឹងយើងធ្វើផ្លូវ អភិវឌ្ឍជនបទ។ ឥឡូវផ្លូវជនបទខ្លះសុទ្ធតែផ្លូវបេតុង ដូចខ្ញុំនិយាយកាលមុនមានតែភ្លឺស្រែ ខ្នងភ្លឺសុំពង្រីកបាន ២-៣ ម៉ែត្រ ធ្វើផ្លូវរទេះ ក្រោយមកពង្រីកបាន ៧-៨ ម៉ែត្រ ធ្វើផ្លូវសម្រាប់បរគោយន្ដ។ ត្រូវការភ្លើង កន្លែងខ្លះគាត់ប្រើសុទ្ធតែម៉ូទ័របូមទៅហើយ។ ម៉ាស៊ីនគោយន្ដហ្នឹងច្នៃបានច្រើន ហើយម៉ាស៊ីនបូមទឹក ប្រជាពលរដ្ឋគាត់ត្រូវការប្រព័ន្ធអគ្គិសនី។ ហ្នឹងអត់ចាំបាច់និយាយនៅផ្ទះត្រូវការ(ភ្លើង)សាកទូរស័ព្ទស្មាតហ៊្វូន និងទូរទស្សន៍ផង។ ថ្ងៃមុន ខ្ញុំទៅមើលកន្លែងបែត្រីមួយនៅជិតភ្នំពេញ ខែត្រីប្រហុក ខ្ញុំសួរអ្នកនៅហ្នឹង ប្រជាពលរដ្ឋអ្នកទិញត្រីគាត់មុនជិះគោយន្ដ (ប៉ុន្ដែ) ឥឡូវ គេជិះសុទ្ធតែ ឡាន PICK UP មកទិញត្រី។ កសិករយើងក៏ដូចគ្នា ពីមុនគោ ក្រោយមកគោយន្ដ កន្លែងខ្លះមានលទ្ធភាព ព្រោះឆ្នាំខ្លះស្រូវថ្លៃល្អ (ហើយ)កន្លែងខ្លះ គាត់ធ្វើបានពីរបីដងក្នុងមួយឆ្នាំ នៅតាកែវអីធ្វើបានច្រើន ប្រព័ន្ធទឹកយើងមាន(គ្រប់)។ យើងបានកសាង និងបន្តធ្វើតទៅទៀត។ លោកតា លោកយាយអើយ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ។
(២៦) បន្ទាប់ពីដី ទឹក ផ្លូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ គឺរកទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុក
ឥឡូវយើងនិយាយទីផ្សារ។ មានដី មានទឹក មានផ្លូវទៅដល់ ស្រួលដឹក ឥឡូវគេដឹកដូចម៉ូតូ គោយន្តអី ចេញមកហើយ មានភ្លើងទៅដល់បូមទឹក ឥឡូវផលិតហើយទៅណា? រកទីផ្សារ។ ទីផ្សារ លោកតា លោកយាយ អ៊ំ ពូ មីង យើងគិតទាំងទីផ្សារក្នុងស្រុកទាំងក្រៅស្រុក។ យើងនិយាយនៅក្នុងស្រុករបស់យើង គ្រាន់តែស្រូវដែលយើងផលិតបាននៅក្នុងឆ្នាំ២០២៣ នេះ ដូច ១២ លានតោន។ យើងប្រើប្រាស់ក្នុងស្រុកតែ៥ លានតោនទេ។ នៅសល់៧ លានតោនទៀត យកទៅណា? ទីផ្សារក្នុងស្រុកតែ៥ លានតោនទេ ហើយឆ្នាំ២០២៣ ឡើងជាង១៣ លានតោន ដែលយើងដាំបាន។ លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនអើយ ប្រជាពលរដ្ឋ ១៧ លាននាក់ ហូបអស់តែ៥ លានតោនទេ។ ចង់ឌុប្លិ៍ៗមិនកើតទេ។ ហូបច្រើនយ៉ាងម៉េចក៏មិនអស់ … ឥឡូវអ្នកភ្នំពេញលែងសូវហូបហើយ ព្រោះគេថែរាង។ ឯកឧត្តម សាយ សំអាល់ អីគាត់លែងហូបហើយ។ អ្នកខ្លះពេទ្យលែងឲ្យហូប។ អ៊ំ ពូៗខ្លះ គាត់ថា យ៉ាប់ណាស់ ជំនាន់អាពតឯងចង់ហូប អាពតមិនឲ្យហូប អត់មានអីហូប។ ឥឡូវមានគ្រប់ហូប ពេទ្យមិនឲ្យហូបទៀត ព្រោះលើសជាតិខ្លាញ់ លើសជាតិស្ករ។ ឥឡូវ លោកតា លោកយាយ អ៊ំ ពូ មីងអើយ ១៣ លានតោននៅសល់ អញ្ចឹងបានយើងខិតខំរកទីផ្សារក្រៅស្រុកបន្ថែមទៀតជូនប្រជាកសិកររបស់យើង។
ខ្ញុំគ្រាន់តែប្រៀបធៀបរវាង ២០២២ និង ២០២៤។ ការនាំចេញកសិផលរបស់យើងនៅឆ្នាំ២០២២ មាន ៨,៦ លានតោន ទៅ៧៤ ប្រទេស។ ស្រូវយើងនាំចេញ៣,៥ លានតោនទៅ២ ប្រទេសជិតខាងរបស់យើង បូកជាមួយអង្ករ។ យើងនាំ ៦៤ ម៉ឺនតោន ចេញទៅ៦២ ប្រទេស នៅឆ្នាំ២០២២។ នៅឆ្នាំ២០២៤ កំណើននៃការនាំចេញកសិផលសរុបកើនពី ៨,៦ លានតោន ឆ្នាំ២០២២ ទៅ ១១,៧ លានតោន នៅឆ្នាំ២០២៤ ហើយនាំទៅ៩៤ ប្រទេស កើន២០ ប្រទេសទៀតក្នុងមួយឆ្នាំ។ ស្រូវយើងកើនរហូតទៅដល់នាំចេញ៥ លានតោន ហើយ៣ ប្រទេស ថែមប្រទេសព័រទុយហ្កាល់មួយទៀត ដែលយើងនាំចេញឆ្នាំទៅនេះ។ ចំពោះអង្ករ យើងនាំចេញឆ្នាំ២០២៤ មាន៦៥ ម៉ឺនតោន ទៅ៧៥ ប្រទេស។ បានន័យថាកើនពី៦២ ប្រទេសនៅឆ្នាំ២០២២ ទៅ៧៥ ប្រទេសក្នុងឆ្នាំ២០២៤ នេះ។ នេះហើយគឺជាការខិតខំប្រឹងប្រែងរកទីផ្សារបន្ថែមជូនកសិកររបស់យើង ដែលយើងផលិតកាន់តែច្រើន មិនចាល់ក្នុងស្រុកច្រើន រកច្រកចេញ យកចំណូលឲ្យកសិករយើង មិនថាអ្នកធ្វើស្រែ អ្នកធ្វើចម្ការឬអ្នកចិញ្ចឹមសត្វនោះទេ គឺកើនពី៧៤ ប្រទេស ទៅ៩៤ ប្រទេស ស្មើនឹង ២០ ប្រទេសក្នុងមួយឆ្នាំ។
សូមកោតសរសើរលោកជំទាវ ចម និម្មល និងក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ដើរចរចាគ្រប់កន្លែង។ ខ្ញុំសូមយកឱកាសនេះ ផ្តាំទៅលោកតា ជេម សុខ ដែលបង្អាប់លោកជំទាវ ចម និម្មល ថាជារដ្ឋមន្ត្រីខ្ចីញ៉េញ អត់ទាន់បាត់ធុំក្លិនទឹកដោះ។ លោកតាអើយ! លោកពូអើយ! គាត់និយាយមានហេតុផល ខ្ញុំហៅលោកពូចុះ តែគាត់អត់មានទិន្នន័យ ហើយទិន្នន័យរបស់គាត់មិនដឹងច្បិចយកពីណាទេ។ ខ្ញុំថាឲ្យមកស្រុកខ្មែរមក ជួបគេតែម្ដង កុំចេះតែថា។ បន្តិចៗថាឃើញគ្នាបង្ហោះជួបភ្ញៀវ។ ក្រែងរដ្ឋមន្ត្រីត្រូវឲ្យប្រជាពលរដ្ឋដឹងថាខ្លួនកំពុងតែធ្វើអ្វី ដើម្បីបម្រើ គិតគូរពីប្រជាពលរដ្ឋ។ ការប្រជុំដាក់ផែនការ ការទៅជួបចរចាជាមួយសមាគមនេះ ជាមួយទូតនេះ ទូតនោះ គឺដើម្បីចរចាបើកទីផ្សារ បើមិនជួបទូត យើងជិះយន្តហោះទៅស្រុកគេម៉េច មួយជំហានគេជួបជាមួយទូត ឈានទៅដល់ការភ្ជាប់ទំនាក់ទំនង បានគេទៅធ្វើការ។
(២៧) ពីនាំចេញផលិតផលស្រស់ទៅនាំចេញផលិតផលពាក់កណ្តាលកែច្នៃនិងកែច្នៃសំរេច
អញ្ចឹងបើក ២០ ប្រទេស។ ជាដំបូង យើងនាំរបស់ស្រស់ ឥឡូវយើងនាំរបស់ផលិតខ្លះរួច(ពាក់កណ្តាលកែច្នៃ ឬកែច្នៃរួច) ដូចជាស្វាយកំប៉ុងស្អីៗ យើងផលិតនៅនេះ នាំចេញ។ កាលមុននាំស្វាយស្រស់សុទ្ធ។ យើងនាំឥវ៉ាន់ផ្សេងទៀត នាំខោអាវ នាំវ៉ាលី នាំគ្រឿងបង្គុំអេឡិចត្រូនិច ហើយបន្តិចទៀតយើងនឹងមានលទ្ធភាពផ្គុំរថយន្តនៅកម្ពុជា នាំចេញទៅផ្សារក្រៅប្រទេស ដែលតួលេខម៉ាស៊ីនវាយជាផ្លាកផ្គុំដំឡើងនៅកម្ពុជាតែម្តង ហើយនេះគឺជាសមិទ្ធផល។ យើងដំឡើងរថយន្តនៅក្នុងប្រទេស។ រោងចក្រ FORD នៅក្រគរនេះ។ រោងចក្រ TOYOTA នៅភ្នំពេញ ឥឡូវដូចជិតមកក្រគរដែរ? ឬទៅណាទេ ខ្ញុំអត់ច្បាស់ដែរ។ TOYOTA ដំឡើង ទិញដីធ្វើខ្លួនឯងតែម្តង។ ក្រុមហ៊ុនប៉ុន្មានទៀត។ បន្តិចទៀត BYD នឹងមកដល់។ ក្រុមហ៊ុនអេឡិចត្រូនិចធំរបស់ចិន។ ប្រជាពលរដ្ឋនឹងមានលទ្ធភាពទិញឡានថ្មី តម្លៃសមរម្យ ព្រោះបើនាំចូលត្រូវបង់ពន្ធគយ។ គយធ្វើមុខស្អុយព្រោះបាត់ចំណូលពីនាំចូលរថយន្ត។ ប៉ុន្តែ មិនសំខាន់ទេ សំខាន់ប្រជាពលរដ្ឋយើងមានលទ្ធភាពទិញរថយន្តថ្មី គុណភាព ម៉ាកប្រេនរបស់គេ គុណភាពល្អ តម្លៃថោកនៅក្នុងស្រុក ផលិតនៅក្នុងស្រុក ផ្គុំនៅក្នុងស្រុក។ រដ្ឋសុខចិត្តខាតលុយពន្ធគយចុះ ប៉ុន្តែឲ្យលទ្ធភាពប្រជាពលរដ្ឋយើងមានលទ្ធភាពទិញឡានថ្មីជិះ ព្រោះបើនាំចូលត្រូវបូកពន្ធ ១០០%ជាង តែបើទិញនៅនេះ អត់ចាំបូកពន្ធទេ។ អញ្ចឹងអាចថោក។
(២៨) ផលិតខ្លួនឯងនិងផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក បន្ថែមអោយការនាំចេញ
ឥឡូវ មិនត្រឹមតែផលិត ផ្គត់ផ្គង់ក្នុងទីផ្សារ គេថាមួយផ្នែកខ្លះទេ មិនមែនយកទាំងអស់ទេ ព្រោះនឹងនាំចូលទៀត តែឥឡូវយើងមានលទ្ធភាពដល់ផ្គុំនៅក្នុងស្រុក នាំចេញទៅក្រៅផងដែរ។ អញ្ចឹងពីមួយជំហានទៅមួយជំហាន យើងកាន់តែទៅមុខ។ ពីប្រទេសដែលនាំចូលទាំងអស់ កាលពីខ្ញុំនៅរៀន ទឹកក្រូចមួយកំប៉ុងក៏នាំចូលពីក្រៅប្រទេសដែរ លោកតា លោកយាយ អ៊ំ ពូ មីង។ កាលហ្នឹងអត់មានទឹកសុទ្ធទេ។ ទឹកសុទ្ធក្រោយឆ្នាំ៩០ជាង។ ឥឡូវក្មេងៗក្រោយអត់ចេះដាំទឹកទេ ជាពិសេសអ្នកនៅភ្នំពេញដាំម៉េចកើត គេមានកាំសៀវរបស់គេ តែទឹកភាគច្រើនអត់មានអ្នកណាដាំហូបទេ គឺទឹកសុទ្ធ។ ទោះបីជាដាំក៏ដាំសម្រាប់ធ្វើតែ ដាំឆុងកាហ្វេ។ ឥឡូវយើងធ្វើនៅក្នុងទាំងអស់ ផ្គត់ផ្គង់ខ្លួនឯង។ ឥឡូវកសិផលយើងមួយចំនួន ដូចជ្រូក ដូចអីហ្នឹង យើងលែងសូវនាំចូល យើងផ្គត់ផ្គង់ទីផ្សារក្នុង ហើយយើងនាំចេញទៅក្រៅទៀត។ អញ្ចឹងបន្តិចម្តងៗទៅថ្ងៃក្រោយ កសិផលប្រភេទផ្សេងៗដែលយើងអាចផលិត ផ្គត់ផ្គង់ក្នុងបាន កាត់បន្ថយការនាំចូល ហើយបង្កើនការនាំចេញ។
លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនអើយ រាជរដ្ឋាភិបាលបានធ្វើកិច្ចការទាំងនេះក្នុងវិស័យកសិកម្មសម្រាប់ប្រជាពលរដ្ឋរបស់យើង។ យើងនឹងបន្តធ្វើ បន្តគិតគូរពីរឿងដីធ្លី បន្តគិតគូរអំពីបញ្ហាទឹកជូនប្រជាពលរដ្ឋ គិតគូរពីការកសាងផ្លូវ បន្តថ្លៃអគ្គិសនី កសាងប្រឡាយទឹក បន្តភ្លើងជូនដល់ប្រជាពលរដ្ឋ កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខិតខំរកទីផ្សារ រៀបចំទីផ្សារក្នុងស្រុកឲ្យកាន់តែល្អប្រសើរ ដើម្បីធានាការភ្ជាប់រវាងអ្នកផលិតទៅទីផ្សារក្នុងស្រុក និងនាំចេញឲ្យកាន់តែច្រើន។ ទាំងអស់នេះគឺដើម្បីអ្នកណា? មិនមែនឯកឧត្តម ឌិត ទីណា ធ្វើស្រែខ្លួនឯងទេ មិនមែនលោកជំទាវ ចម និម្មល មានដី១ លានហិកតា នាំចេញកសិផលទេ គឺមានតែយកទៅឲ្យកសិកររបស់យើងតែប៉ុណ្ណោះ។ នេះហើយគឺអ្វីដែលរាជរដ្ឋាភិបាលបានធ្វើជាប្រចាំសម្រាប់កសិកររបស់យើង លោកតា លោកយាយ អ៊ំ ពូ មីង។
មិនមែននិយាយពីរឿងតម្លៃតែមួយមុខទេ។ យើងនិយាយទាំងអស់មុននឹងឈានទៅដល់ថ្លៃ។ បើគ្មានដីផង និយាយថ្លៃស្អី ។ បើអត់មានដីនៅផង អត់មានដីបង្កបង្កើនផលផង គិតអីរឿងលក់។ ផលិតផល បើផលិតហើយគ្មានទីផ្សារផង យើងនាំចេញមិនមាន វានៅចាល់ ខ្ញុំទទួលស្គាល់មិនទាន់អស់ទេ យើងត្រូវពង្រីកបន្ថែមទីផ្សារទៀត ហើយពង្រឹងទីផ្សារក្នុងស្រុកឲ្យច្រើន ដើម្បីដោះស្រាយរឿងលក់ដូរកសិផលរបស់កសិកររបស់យើង។ យើងធ្វើបានច្រើនហើយ ប៉ុន្តែនៅច្រើនទៀតដែលត្រូវធ្វើ។ ក្រសួងកសិកម្ម ក្រសួងធនធានទឹក ក្រសួងសាធារណការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាក់ព័ន្ធ និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត មន្ទីរ ត្រូវសហការគ្នា ដើម្បីជួយដល់កសិករយើងបន្ថែមទៀត។ នេះគឺជាអ្វីដែលការប្តេជ្ញាចិត្តរបស់យើង ធ្វើតែគ្រប់ខ្សែច្រវាក់នៃផលិតកម្មរបស់យើងទាំងអស់ ដើម្បីបានធ្វើ។
(២៩) ថារដ្ឋាភិបាលមិនបានធ្វើអីសោះ ពិសេសក្នុងពេលនេះ ជាការនិយាយដ៏អយុត្តិធម៌ណាស់
ថារដ្ឋាភិបាលមិនបានធ្វើអីសោះក្នុងមួយឆ្នាំពីរឆ្នាំនេះ ជាពិសេសក្នុងពេលនេះដើម្បីជួយប្រជាពលរដ្ឋ គឺជាការនិយាយដ៏អយុត្តិធម៌ណាស់។ ខ្ញុំសូមលើកមកប៉ុណ្ណេះ ដើម្បីរំលេច។ រំលេចនេះសង្ខេបណាស់ បើខ្ញុំនិយាយអស់គ្រប់សកម្មភាព ប្រហែល ៣ថ្ងៃ និយាយមិនអស់ផង តែខ្ញុំនិយាយសង្ខេប។ បងប្អូនប្រជាពលរដ្ឋនៅគ្រប់ខេត្តទាំងអស់ អាចទទួលបានដឹង បានតិច បានច្រើន យើងបានទទួលផល ហើយដឹងលឺ … ដំណោះស្រាយយើងឈានមកដល់នេះ តែដោះមិនទាន់អស់។ យើងនៅមានការប្រែប្រួលនៃតម្រូវការរបស់ប្រជាជន ប្រជាកសិកររបស់យើង។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ ហើយការខិតខំមកដល់ម៉ោងនេះ។
សូមផ្តាំផ្ញើទៅអ្នកវិភាគស៊ីអារម្មណ៍ប៉ុន្មាននាក់ដែលនៅខាងក្រៅ ដែលស្អីក៏ទាញទៅរឿងនយោបាយ រួមទាំងលោកអ៊ំចាស់វស្សាទណ្ឌិត ដែលស្អីបន្តិចក៏បបួលគេបះបោរផ្តួលរដ្ឋាភិបាល។ បើអស់លោកគិតពីប្រយោជន៍ប្រជាពលរដ្ឋមែន នៅក្រៅហ្នឹងស្រាប់ហើយ ខ្ញុំឃើញក្រវាត់កទៅសភាអឺរ៉ុប ខ្ញុំឃើញក្រវាត់កទៅសភាអាមេរិក បន្តិចៗអួតថតបង្ហោះ និយាយពីសិទ្ធិសេរីភាពរបស់ប្រជាជន និយាយអំពីប្រជាជនជាធំ ហេតុអ្វីក៏ពេលនេះមិនទៅនិយាយសុំគេឲ្យបើកទីផ្សារបន្ថែមឲ្យកសិផលប្រជាជនតែម្តងទៅ? ប៉ុន្តែមិនហ៊ានធ្វើទេ ព្រោះកំពុងតែចរចាឲ្យអាមេរិក ឲ្យអឺរ៉ុប គិតគូររឿងដាក់សម្ពាធបន្ថែមដក GSP ដក EBA បន្ថែម។ អញ្ចឹងបើឲ្យទៅសុំពង្រីកទីផ្សារ វាខុសពីអ្វីដែលគាត់បានទាមទាររាល់ថ្ងៃនេះ ឲ្យគេកាត់ទីផ្សាររបស់កម្ពុជា។
(៣០) ថ្លៃកសិផលឡើងចុះ មិនមែនជាបញ្ហាថ្មី ឬកើតមានតែនៅកម្ពុជានោះទេ
លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាកសិករ ប្រជាជនទាំងអស់ដែលមិនមែនកសិករ សួរមើល រដ្ឋាភិបាលមិនមែនដោះស្រាយអស់បញ្ហានោះទេ។ ប្រជាកសិករនៅមានបញ្ហាប្រឈម ហើយមិនមែនបញ្ហាថ្មីទេ។ ថ្លៃកសិផលឡើងចុះ មានរាប់ទសវត្សរ៍ហើយៗ ក៏មិនមែនតែកម្ពុជាទេ នៅបណ្តាប្រទេសនានា សូម្បីតែនៅវៀតណាមឥឡូវក៏មានបញ្ហាទម្លាក់ថ្លៃនាំចេញដែរ។ នៅអាមេរិក នៅកូរ៉េ ថ្ងៃមុនគេថតមក កសិផលលក់ខាត់ណានេះក៏តម្លៃវាឡើងចុះ ដោយសារតម្លៃពិភពលោកពិបាកអ្នកណាគ្រប់គ្រង។ តម្លៃអង្ករសឆ្នាំទៅឡើងថ្លៃ ដោយសារពីខែកក្កដា ឆ្នាំ២០២៣ ឥណ្ឌាផ្អាកការនាំចេញ។ ដល់អញ្ចឹងធ្វើឲ្យខ្វះអង្ករនៅទូទាំងពិភពលោក។ អញ្ចឹងបានវាឡើងថ្លៃ។ ដល់ឆ្នាំនេះ ពីខែកញ្ញាមក ឥណ្ឌាបញ្ចេញអង្ករ។ អញ្ចឹងនៅវៀតណាមនៅអី គាត់ចាប់ផ្តើមទម្លាក់ថ្លៃអង្ករ ដើម្បីប្រកួតប្រជែង។ អញ្ចឹងបានវាមានបញ្ហា។ ជាទូទៅ កសិផលនៅទូទាំងពិភពលោក មិនអាចទប់ដូចខ្ញុំនិយាយចឹងថាគ្មានប្រទេសណាមួយដែលមានលទ្ធភាពទប់ ឬមួយធ្វើឲ្យប៉ះពាល់ដល់តម្លៃទីផ្សារពិភពលោកយូរអង្វែង(នោះទេ) … ពិភពលោកមាន(ប្រជាជន)ជិត ៤ពាន់លាននាក់ ឯការផលិតមិនគ្រប់ សូម្បីតែនៅឥណ្ឌូនេស៊ី ក៏ត្រូវការនាំអង្ករចូល(ដើម្បីសេចក្តីត្រូវការហូបចុកនៃ)ប្រជាជនរបស់គាត់ …។
(៣១) បើកទីផ្សារ ធានាការដាំដុះ ដោយផ្តល់លទ្ធភាពនិងបច្ចេកទេសជូនប្រជាពលរដ្ឋ
ការធានាតម្លៃទីផ្សារកសិផលជូនប្រជាពលរដ្ឋ។ បញ្ហាទាំងអស់នេះគឺយើងត្រូវគិតជាកញ្ចប់។ ត្រូវគិតទាំងអស់ លោកតាលោកយាយ។ ទី១ សំខាន់បើកទីផ្សារ ធានានូវការដាំដុះ លទ្ធភាពដាំដុះ បច្ចេកទេសដាំដុះជូនប្រជាពលរដ្ឋធ្វើបាន។ ល្អហើយដែលឃើញទិន្នន័យរីក ធ្វើស្រូវបានកើន ប្រសើរជាងធ្វើអត់បាន (ដែលនាំដល់)គ្រោះទុរភិក្សដោយសារអត់មានអង្ករដាំ ដោយសារអត់ទឹកធ្វើ។ យើងធ្វើលើសច្រើន យើងរកទីផ្សារ ខិតខំពុះពារ បង្កើនដល់៩៤ ប្រទេស។ គ្រប់ទេ? ថាអត់ទាន់ទេ។ ខិតខំពង្រីកទីផ្សារបន្ថែមទៀត មិនមែនតែស្រូវអង្ករទេ គឺកសិផលក៏ដូចជាផលិតផលគ្រប់មុខរបស់កម្ពុជាទៅទីផ្សារឲ្យកាន់តែច្រើន។ ប៉ុន្មានឆ្នាំទៅ ក្រុមហ៊ុនធំមួយរបស់អាមេរិកមកចរចាដើម្បីនាំចេញ ហើយកសិផលយើងដែលនាំចេញទៅខ្លាំង ប្រទេសនាំមុខគេមានប្រទេសបារាំង ប្រទេសចិន ម៉ាឡេស៊ី ប្រទេសអង់គ្លេស ដែលនាំកសិផលយើងទៅ។ កាលខ្ញុំរៀននៅអង់គ្លេស ឆ្នាំ២០០២-២០០៨ ទៅហាងចិន ហាងអាស៊ី អត់មានអង្ករខ្មែរទេ។ ឥឡូវ មានផលិតផលផ្សេងៗ មានស្វាយ មានដំណាប់ មានអីលក់នៅផ្សារ/ហាងនៅបារាំង។ កសិករដែលយើងធ្វើត្រូវពង្រីកថែមទៀត។
ខ្ញុំយកការងារនេះ(មកនិយាយថ្ងៃនេះ) ព្រោះឃើញមានការវាយប្រហារមិនឆប់។ រដ្ឋាភិបាលអត់មានពេលនិយាយច្រើនទេ។។ រវល់ចុះធ្វើការ។ ដល់ឯកឧត្តម ឌិត ទីណា ចុះធ្វើការជួបកសិករ មិនមែនជារដ្ឋមន្ត្រីជើង ១០ ឬមួយក៏រដ្ឋមន្ត្រីជើង ១០ ភ្នែក ៥ ពាក់វែនតាថែម ប្រជុំតាម zoom ទេ។ ចុះផ្ទាល់ គេថាចុះសម្ដែងល្ខោន ទៅជាអញ្ចឹងឆ្កុយ។ ត្រង់តែពួកគេនៅក្រៅប្រទេស មួយថ្ងៃៗអង្គុយមួយម៉ោងជេរយើង ទៅផឹកកាហ្វេដើរធ្វើស្រួលទៅ ជេរយើងមួយម៉ោងទៀតទៅ ទៅដើរអំពាវនាវឲ្យគេផ្តាច់ទីផ្សារទៅ គេថាគេល្អ។ តែយើងធ្វើដើម្បីផ្តល់នូវយុត្តិធម៌។ ខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋអាចមើលឃើញហើយ ព្រោះព័ត៌មានយើងចាក់ផ្សាយ ប្រជាពលរដ្ឋបានឃើញ តាមហ្វេសប៊ុក តាមអីហ្នឹង។ លោកអ៊ំម្នាក់អាយុច្រើន សួរទៅថាធ្លាប់ឃើញខ្ញុំ … ខ្ញុំថាឃើញតាមទូរទស្សន៍ អត់ទេ ឃើញតាមហ្វេសប៊ុក ឃើញតាមទូរស័ព្ទ ព្រោះឥឡូវលែងមើលទូរទស្សន៍អស់ហើយនឹង (សម្តេចនិយាយលេងសួររឿងប៉ុន្មាននាក់មានហ្វេសប៊ុក)។ មើលតាមហ្នឹង ឃើញសកម្មភាពមន្ទីរ ស្ថាប័ន ខេត្ត អីចុះ យើងធ្វើ រៀបចំ។ សូម្បីតែខ្ញុំចែកនិមិត្តរូបបណ្ណកម្មសិទ្ធដីធ្លីនៅកំពង់ចាមថ្ងៃមុនដែលវាស់បញ្ចប់នោះ ក៏ទូទាំងប្រទេសឃើញ។ ឥឡូវ អ្នកខ្លះគេភ្ជាប់និស្ស័យតាមរលកធាតុអាកាសដែរ។ កាលមុនទាល់តែទៅជួបគ្នាដោយចៃដន្យ នៅក្នុងរោងការ ឬមួយក៏នៅវត្ត។ ឥឡូវជួបគ្នាដោយចៃដន្យតាមហ្វេសប៊ុក (សម្តេចនិយាយលេងរឿងស្គាល់គ្នាតាមហ្វេសប៊ុក)។ អញ្ចឹងបានថាពីមុនត្រូវការតែភ្លើងចង្កៀងទេ ត្រូវការតែប្រេង ឥឡូវត្រូវការភ្លើងអគ្គិសនីដើម្បីសាកទូរស័ព្ទដៃមើលហ្វេសប៊ុក ត្រូវការប្រព័ន្ធទូរស័ព្ទនៅក្បែរ។
(៣២) គ្រោង ៤០លាន រហូតឧសភា២០២៥ និងបន្ថែម ៣០លានដុល្លារ ក្នុងរវាងខែមករាដល់មីនា២០២៥ ជាទុនបង្វិលដល់ម៉ាស៊ីនកិនស្រូវ
អញ្ចឹង ការដោះស្រាយកសិកម្មដូចគ្នា។ យើងដោះស្រាយជាជំហាន។ ដោះស្រាយពីតិចទៅច្រើន ដោះស្រាយពីអត់ទៅមាន ដោះស្រាយពីការរៀបចំដាច់ដោយឡែក ទៅការរៀបចំប្រមូលផ្តុំ។ ការដោះស្រាយពីខ្វះទឹកទៅមានទឹក ការដោះស្រាយពីខ្វះទីផ្សារ ទៅមានទីផ្សារ។ ឥឡូវគិតគូរពីតម្លៃកសិផល។ មួយភាគធំយើងមិនអាចប៉ះបានទេ ប៉ុន្តែអ្វីដែលយើងអាចជួយដល់កសិផលបាន។ យើងមានវិធានការ២ ដែលរាជរដ្ឋាភិបាលបានបញ្ចេញ គឺវិធានការផ្ទាល់ និងវិធានការប្រយោល។ បើយើងនិយាយពីតម្លៃស្រូវឆ្នាំនេះ ឆ្នាំទៅទាំងអង្ករស ស្រូវOM និង IRរបស់យើងហ្នឹងបានតម្លៃល្អ។ ឆ្នាំនេះពេលខ្លះធ្លាក់ចុះក្រោម ៨០០ រៀល។ ឥឡូវឡើងខ្ទង់ ៨០០ រៀល តែស្រូវអង្ករក្រអូបសែនក្រអូបអីនេះ ដូចជា ១២០០ ១៣០០ នៅលំនឹងដូចឆ្នាំទៅ។
ចំពោះវិធានរបស់រាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហានេះ គឺវិធានការផ្ទាល់។ កន្លងទៅ ចន្លោះពីខែតុលារហូតដល់ខែវិច្ឆិកាឆ្នាំ២០២៤ ហើយខែមេសា ខែឧសភា ឆ្នាំ២០២៥ រដ្ឋាភិបាលគ្រោងបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីឲ្យទៅម៉ាស៊ីនកិនស្រូវជាទុនបង្វិលទិញកសិផលពីប្រជាពលរដ្ឋ។ ខ្ញុំបានផ្តល់ការឯកភាពឲ្យក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមផ្តល់សម្រាប់ពីខែមករា ខែមីនា ថវិកាបន្ថែម ៣០ លានដុល្លារទៀតដើម្បីជាទុនបង្វិលដល់ម៉ាស៊ីនកិនស្រូវដើម្បីជួយប្រមូលទិញកសិផលពីប្រជាពលរដ្ឋ ពីប្រជាកសិករ ជាពិសេសនៅខែនេះ ដែលនៅវៀតណាមនិងចិនចូលឆ្នាំ អញ្ចឹងការប្រមូលទិញអាចថយ។ អញ្ចឹងជួយដោះស្រាយមួយតង់។ នេះគឺជាការជួយបង្វិលមួយចំនួន។ ទុនត្រូវការធំជាងនេះ ប៉ុន្តែអ្វីដែលយើងអាចជួយបាននេះ ជាវិធានការមួយដើម្បីបង្កើននូវការទិញ កុំឲ្យកសិផលគាត់ច្រូតហើយ (មិនអាចលក់បាន)។
(៣៣) ការធានាឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ ជួយឱ្យរោងម៉ាស៊ីនមានលទ្ធភាពខ្ចីពីធនាគារឯកជន
ទី២ ក៏យើងមានយន្តការធានាឥណទានសម្រាប់ការនាំចេញអង្ករដែលមានទំហំគម្រោងពី ៣០ លាន ឥឡូវយើងដំឡើងទៅដល់ ១៥០ លានដុល្លារ ដែលឯកភាពពីសប្តាហ៍មុននេះ។ កាលពីថ្ងៃទី៨ ខែមករានេះ ជាង ១០ថ្ងៃមុន ខ្ញុំជួបជាមួយសហព័ន្ធស្រូវអង្ករ ក៏មានការលើកឡើង។ ខ្ញុំសួរពីដំណើរការ ពីលទ្ធភាពក្នុងការប្រមូលទិញស្រូវ។ គាត់ត្រូវការថវិកាដែលជួយពីធនាគារអភិវឌ្ឍន៍ជនបទរបស់យើង ARDB ៤០ លាន – ៧០ លាន។ យើងគ្រោងវិធានការរបស់រដ្ឋាភិបាល ១០០លានសម្រាប់កសិផលទូទៅ។ ឥឡូវ យើងប្រើ ៤០លានសម្រាប់ស្រូវ ហើយយើងថែម ៣០លានទៀត។ យើងថែម ១៥០លាននេះទៅឲ្យអី? ដើម្បីយើងធានាទៅដល់ម៉ាស៊ីនកិនស្រូវ គាត់អាចមានលទ្ធភាពទៅខ្ចីលុយពីធនាគារឯកជនយកមកជាទុនបង្វិលបានរាប់រយលានតទៅទៀត យកមកទិញស្រូវដើម្បីបង្វិលពីកសិករ។ នេះហើយជាដំណោះស្រាយ។ បើសិនជាអត់មានលុយ ១៥០លាន សម្រាប់ដាក់ធានាឲ្យម៉ាស៊ីនកិនស្រូវទេ ម៉ាស៊ីនកិនស្រូវទៅខ្ចីលុយធនាគារអត់បានទេ។ អញ្ចឹងបានន័យថាស្មើនឹងរដ្ឋាភិបាលចេញមុខថាឥឡូវជួយផ្តល់ឥណទានទៅ ព្រោះរដ្ឋជួយធានាពីសុវត្ថិភាពលុយរបស់ធនាគារឯកជន។ អញ្ចឹងធនាគារឯកជនហ្នឹងបញ្ចេញលុយរាប់រយលានទៀតបន្ថែមទៅលើថវិកា៤០ បូក៣០ លានរបស់រដ្ឋនេះ ដើម្បីជាទុនបង្វិលទិញកសិផលទិញស្រូវពីប្រជាកសិករនៅក្នុងរយៈពេលប៉ុន្មានខែទៅមុខនេះទៀត។ យើងខំប្រឹងជាពិសេសរដូវច្រូតនេះរហូតដល់ចុងខែ៣។ នេះហើយគឺជាវិធានជាក់ស្តែងដែលរដ្ឋាភិបាលបានធ្វើ កំពុងធ្វើ និងបន្តធ្វើដើម្បីធានាចរន្តការទិញស្រូវពីប្រជាពលរដ្ឋ ពីប្រជាកសិកររបស់យើង។ សួរថាគ្រប់ឬទេ? ថាមិនទាន់គ្រប់ទេ។ ថ្ងៃនេះ និយាយតែស្រូវ។ យើងពិនិត្យមើលកសិផលផ្សេងទៀតដែលក្រសួងកសិកម្មអាចចុះពិនិត្យវាយតម្លៃយ៉ាងណា។
(៣៤) ផ្តល់យោបល់ទេសាភិបាលធនាគារជាតិ ពិនិត្យផ្តល់ឥណទានដល់វិស័យកសិកម្ម
ខ្ញុំសូមអរគុណផងដែរ កន្លងទៅឃើញមានសប្បុរសជនមួយចំនួនដូចខាង ណាវ៉ាត់ត្រា ខាងបងប្អូនប៉ុន្មាននាក់គេទិញអង្ករ ទិញអីជួយកសិកររបស់យើង។ តិចឬច្រើន គេជួយ។ នេះជាទឹកចិត្ត។ ខ្ញុំសូមអរគុណណាស់ចំពោះការជួយបែបនេះ។ វាប្រសើរជាងអ្នកខ្លះដែលអួតថាស្នេហាជាតិនៅក្រៅប្រទេស តែអត់មានធ្វើអី ខិតខំឲ្យគេកាត់ជំនួយ កាត់ទីផ្សាររដ្ឋ។ តិចច្រើនអ្នកខាងនេះខំប្រឹងជួយ។ បន្ថែមលើនេះ ខ្ញុំក៏សូមអរគុណដល់ម៉ាស៊ីនកិនស្រូវ សហព័ន្ធស្រូវអង្កររបស់យើងដែលចូលអន្តរាគមន៍ជួយបង្កើនចរន្តទិញស្រូវ។ នៅក្នុងពេលខាងមុខនេះ នៅក្នុងរដូវហ្នឹងដែលអាចការទិញថយចុះ ប៉ុន្តែប៉ុន្មានថ្ងៃនេះយើងឃើញកំណើននៃការទិញ។ យើងសង្ឃឹមថានឹងកើនតទៅទៀតព្រោះឆ្នាំនេះយើងធ្វើស្រូវបានច្រើន។ ការបញ្ចេញទុនថវិកានេះគឺជាវិធានអន្តរាគមន៍ជាក់ស្តែងមួយ។ សរុបទាំងអស់រាប់រយលាន។ ខ្ញុំសូមអំពាវនាវឲ្យធនាគារឯកជនជួយផ្ដល់ឥណទានដល់វិស័យកសិកម្ម ហើយនៅក្នុងការប្រាក់មួយដែលសមរម្យអាចធូរ ជាពិសេសក្នុងដំណាក់កាលនេះ។ ខ្ញុំបានផ្តល់យោបល់ជូនលោកជំទាវ(ទេសាភិបាល)ធនាគារជាតិពិភាក្សាជាមួយក្រសួង ជាមួយធនាគារឯកជនដើម្បីពិនិត្យនៅក្នុងការជួយផ្តល់ឥណទានទៅដល់វិស័យកសិកម្ម ដើម្បីជួយដល់កសិកររបស់យើង។ ខ្ញុំសង្ឃឹមថាធនាគារឯកជននឹងចូលរួមជាមួយរដ្ឋ ជួយសម្រាលដល់កសិករយើង ជួយដល់សេដ្ឋកិច្ចយើងនៅក្នុងពេលលំបាកនេះ។
(៣៥) វិធានការប្រយោល៖ កាត់បន្ថយថ្លៃដើមតាមរយៈការមិនយកពន្ដីធ្លី លើកលែងអាករនាំចូលជី ពូជដំនាំ ថ្នាំសត្វ ចំណីសត្វ គ្រឿងយន្ត ឧបករណ៍កសិកម្មពាក់ព័ន្ធកសិកម្ម និងថ្លៃអគ្គិសនី
ឥឡូវ វិធានការប្រយោល។ តម្លៃទីផ្សារគឺជាកត្តាមួយ។ ទីផ្សារជាកត្តាមួយ។ ប៉ុន្តែអ្វីដែលសំខាន់ដើម្បីចូលរួមជួយកសិករ យើងមិនត្រឹមតែគិតរឿងលក់បានថ្លៃប៉ុន្មានទេ យើងត្រូវគិតពីថ្លៃដើមផង។ បើសិនជាចំណាយថ្លៃដើមគាត់កាន់តែខ្ពស់ ធាតុផ្សំរបស់គាត់ទិញជីឥឡូវឡើង ៣០% ប្រេងឡើង ៣០% អគ្គិសនីឡើង ៣០% ថ្លៃដឹកជញ្ជូនឡើង ៣០% ទោះបីតម្លៃកសិផលលក់បានឡើង ២០% ក៏អត់ចំណេញដូចឆ្នាំទៅដែរ។ អញ្ចឹងការគិតគូរជាកញ្ចប់ថាធ្វើយ៉ាងម៉េចដើម្បីជួយកាត់ថ្លៃដើមសម្រាប់កសិកររបស់យើង។ កន្លងទៅ រាជរដ្ឋាភិបាលបានជួយស្អីខ្លះ? ទី១ គឺការជួយផ្ទាល់ដល់កសិករ គឺមានដីធ្លីកសិកម្មរបស់ប្រជាកសិករ ដែលរដ្ឋមិនយកពន្ធទេ។ នេះគឺជាគោលនយោបាយធំណាស់របស់គណបក្សប្រជាជនកម្ពុជា។ ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំប្រទេស ដីកសិកម្មរបស់ប្រជាពលរដ្ឋមិនត្រូវយកពន្ធនោះទេ។ ឧទាហរណ៍ ដីមួយហិកតា បើរដ្ឋយកពន្ធតែមួយឆ្នាំ ២០ ម៉ឺន គឺ២០ ម៉ឺននេះត្រូវបង់ចូលរដ្ឋហើយ។ ប្រទេសតិចណាស់នៅលើពិភពលោកដែលមិនយកពន្ធដី រួមទាំងដីកសិកម្ម។
យើងលើកលែងអាករនាំចូលលើជី ពូជដំនាំ ថ្នាំសត្វ ចំណីសត្វ គ្រឿងយន្ត ឧបករណ៍កសិកម្មពាក់ព័ន្ធកសិកម្ម។ យើងមិនយកពន្ធអាករទេ។ ឧទាហរណ៍ថា បើយើងដាក់អាករលើជី ត្រូវឡើងបង់ពន្ធទៀត។ អញ្ចឹងគាត់ត្រូវលក់មកឲ្យកសិករថ្លៃ។ អញ្ចឹងយើងមិនយកពន្ធ ដើម្បីធានានូវថ្លៃជី(កុំឲ្យឡើង)។ យើងខិតខំរកវិធីដើម្បីបញ្ចុះថ្លៃ។ កន្លងទៅឲ្យសិក្សានៅក្នុងលទ្ធភាពរកវិធីសាស្រ្តផលិតជីខ្លួនឯង ជាពិសេសជីសរីរាង្គ ឥឡូវឲ្យខាងសហព័ន្ធ ថ្ងៃមុនជួបជាមួយនឹងខាងសហព័ន្ធឲ្យគិតគូរពីជីសរីរាង្គ។ បើថាជីគីមីយើងពិបាកធ្វើ យើងអត់មានបរិមាណ មាត្រដ្ឋាន។ ធ្វើជីសរីរាង្គហ្នឹងធ្វើអ្វីខ្លះ? ជួនកាលជីសរីរាង្គអាចធ្វើច្រើន កន្លែងខ្លះធ្វើអំពីអង្កាម កន្លែងខ្លះធ្វើពីស្អីៗផ្សេង ធ្វើពីលាមកសត្វ ធ្វើពីអី។ ថ្ងៃមុនជួប ឧកញ៉ា ម៉ុង ឫទ្ធី គាត់ថា គាត់ហៅដៃគូពីម៉ាឡេស៊ីមកសិក្សាបន្ថែមទៀត។ ខ្ញុំថាយើងគិតគូរធ្វើម៉េចថ្ងៃក្រោយមានលទ្ធភាពក្នុងការផលិតជី ដែលហោចណាស់ផលិតជីសរីរាង្គក្នុងប្រទេសយើង អាចផ្គត់ផ្គង់ បើមិនបាន ១០០% ក៏ឈានទៅដល់ការធានាបានមួយផ្នែកធំនៅក្នុងការផលិត។
បើសិនផលិតនៅក្នុងស្រុកបានធូរថ្លៃ ហ្នឹងហើយកសិករ កសិផលរបស់យើង ក៏អាចកាត់បន្ថយថ្លៃដើមនៃការផលិត។ គាត់អាចសល់លុយច្រើន ទោះបីជាថ្លៃលក់ឡើងចុះយ៉ាងម៉េចក៏ដោយ តម្លៃដើមនៅទាប គាត់អាចថែរក្សា និងចំណូលរបស់គាត់បានខ្ពស់។ អញ្ចឹងហើយបានជាយើងមិនយកពន្ធលើឧបករណ៍ សម្ភារៈ បូកទាំងជី បូកទាំងវត្ថុធាតុដើមមួយចំនួនពាក់ព័ន្ធនៅក្នុងវិស័យកសិកម្មនេះ ដើម្បីតម្លៃនេះអាចជួយទប់តម្លៃកុំឲ្យថ្លៃដល់កសិកររបស់យើង។ នេះជាការជួយដោយប្រយោល។ ប៉ុន្តែនៅតែជួយដល់កសិករដដែលហ្នឹង។ អញ្ចឹងដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំ យើងនៅតែមិនយកអាករទៅលើការនាំចូលជី ពូជដំណាំ ថ្នាំសត្វ ចំណីសត្វ គ្រឿងយន្ត ឧបករណ៍កសិកម្មផ្សេងៗនៅតែបន្តទៀត ដើម្បីបន្ថយសម្ពាធដល់កសិកររបស់យើង។
(៣៦) លើកលែងពន្ធលើប្រាក់ចំណូលពីវិស័យកសិកម្ម ៩ឆ្នាំ លើកទឹកចិត្តឲ្យមកវិនិយោគ បង្កើនបច្ចេកទេស និងផលិតនាំចេញ
កន្លែងខ្លះប្រើអគ្គិសនី។ ខាងអគ្គិសនីក៏មានការបន្ធូរបន្ថយថ្លៃអគ្គិសនីមួយចំនួន។ អត់បាន ២៤ម៉ោង ៧ថ្ងៃ មួយអាទិត្យទេ បានថ្ងៃអាទិត្យ និងថ្ងៃបុណ្យទាន។ ក្រៅពីហ្នឹងគឺពេលយប់បូមបានខ្លះ។ ជួយកាត់បន្ថយថ្លៃដើម។ ការធ្វើផ្លូវ សម្រួលឲ្យការដឹកជញ្ជូន ក៏ជួយទៅលើកិច្ចការនេះ។ ការលើកទឹកចិត្តវិនិយោគនៅក្នុងវិស័យកសិកម្មលើកលែងពន្ធប្រាក់ចំណូលដល់អ្នកដែលវិនិយោគនៅក្នុងវិស័យកសិកម្ម លើកលែងពន្ធលើប្រាក់ចំណូល ៩ ឆ្នាំតែម្តង កន្លែងខ្លះសុំបានតែ ៥ឆ្នាំទេ។ ខាងវិស័យកសិកម្មយើងឲ្យ ៩ឆ្នាំតែម្តង ដើម្បីលើកទឹកចិត្តឲ្យគេមកវិនិយោគ បង្កើនបច្ចេកទេសផលិតនាំចេញ។ កន្លែងខ្លះធ្លាប់នាំតែស្វាយស្រស់ ឥឡូវគេមកវិនិយោគរោងចក្រផលិតស្វាយកញ្ចប់ មៀនកំប៉ុង នាំចេញ ដូចនៅបាត់ដំបងអី គេវិនិយោគគម្រោងដាំទុរេនហើយនាំចេញតែម្តង បកសម្បកនាំចេញ។ លើកទឹកចិត្តឲ្យគេមក ជាជាងគេទៅវិនិយោគនៅស្រុកផ្សេង។ ឲ្យគេមកស្រុកយើងដើម្បីទិញកសិផលពីកសិករផ្ទាល់នាំចេញទៅក្រៅជាជាងនាំទៅប្រទេសផ្សេង ហើយនាំចេញបន្ត។ កសិករយើងអាចលក់បានថ្លៃ។
(៣៧) គម្រោងអភិវឌ្ឍន៍ជនបទពាក់ព័ន្ធវិស័យកសិកម្ម ១៧ ប្រើទុនវិនិយោគ៤៥០ លានដុល្លារ
គម្រោងអភិវឌ្ឍន៍ជនបទនៅក្នុងវិស័យកសិកម្ម នៅឆ្នាំ២០២៣-២០២៤ នេះ យើងរុញបាន ១៧ គម្រោងដែលប្រើទុនវិនិយោគ៤៥០ លានដុល្លារ នៅក្នុងវិស័យកសិកម្ម។ បើគិតពីវិនិយោគសរុបនៅទូទាំងប្រទេសគឺយើងបានច្រើន។ គម្រោងអភិវឌ្ឍន៍ជនបទ ផ្លូវជនបទ បុរីជនបទ រៀបចំប្រព័ន្ធទឹកស្អាត រៀបចំពេទ្យ រៀបចំសាលារៀន គឺសុទ្ធតែជួយទៅដល់កសិករទាំងអស់ សុខភាពកសិកររបស់យើង រៀបចំផ្ទះសំណាញ់ យើងរៀបចំពង្រាយមន្រ្តីកសិកម្មដើម្បីគាត់ឲ្យមានអ្នកបច្ចេកទេសនៅជិត ជួយណែនាំប្រាប់ទៅកសិកររបស់យើង ព្រោះអាហ្នឹងជួយកាត់ថ្លៃដើមដែរ។ ជួនកាល បើយើងអត់ចេះវិធីសាស្រ្តត្រូវតែបាញ់ថ្នាំ តែបាញ់មិនត្រូវចំណាយច្រើន បាញ់អត់ត្រូវ អត់សូវប្រសិទ្ធភាព។ តែមានមន្រ្តីជំនាញអាចប្រាប់វិធីសាស្រ្តដាំ ប្រភេទថ្នាំគឺងាយស្រួលធានាបាន។ កាត់បន្ថយជាជាងទិញថ្នាំប្រើម្តង ២០ លីត្រ យើងប្រើអស់តែ ១៥ លីត្រ បានប្រសិទ្ធភាពដូចគ្នា កាត់បន្ថយចំណាយ។
(៣៨) ចងក្រងជាសហគមន៍ទំនើបដើម្បីទទួលបានជំនួយបច្ចេកទេសនិងមានមាត្រដ្ឋានអាចរកទុនពីប្រភពនានា
ចុងក្រោយ ក្រសួងកសិកម្មកំពុងតែរុញរឿងសហគមន៍ទំនើប។ ខ្ញុំសុំនិយាយអាហ្នឹងបន្តិច។ សហគមន៍ទំនើបនេះគោលការណ៍សំខាន់ណាស់រឿងកសិកម្មរបស់យើង។ សហគមន៍ទំនើប បានន័យថា លោកអ៊ំ ពូមីង បងប្អូនដែលធ្លាប់ធ្វើមួយផ្ទះៗម្នាក់ឯង កសិផលដាំគ្រប់មុខ អត់ដឹងថាលក់អីដាំអី ដោយសារទីផ្សារអត់សូវមាន អត់សូវកំណត់ ហើយអ្នកចង់ទិញក៏ពិបាកទិញ ព្រោះនៅនេះមួយដុំនៅនោះមួយដុំ ទិញអត់ច្រើន។ អញ្ចឹងប្រមូលរៀបចំជាសហគមន៍។ ឯកឧត្តម ឌិត ទីណាបានចុះមកសិក្សាម្សិលមិញនៅទីនេះពិនិត្យមើលមានជិត ១០០០ គ្រួសារ។ កសិករខ្លះគាត់មាន ២ នាក់ សុខភាពនៅមាំ កសិករខ្លះគាត់នៅម្នាក់ឯងតែសុខភាពមិនសូវមាំ តែគាត់មានដី។ អាហ្នឹងដូចយើងចេញពី ប៉ុលពត មក យើងបង្កើតក្រុមសាមគ្គី។ តែនេះមិនមែនដូចពីមុនទេ យើងមានលទ្ធភាពជួយបន្ថែមទៀត។ អញ្ចឹងការផ្គុំគ្នានេះដើម្បីអី? ដើម្បីផ្គុំគ្នាជាជាងធ្វើតែម្នាក់ឯងមួយហិកតា យើងផ្គុំគ្នា បើថាដាំដំឡូង ដាំស្អីមួយ ដែលថាអាចផ្គុំគ្នាបាន រាប់ពាន់ហិកតា រាប់រយហិកតា បង្កើតជាមាត្រដ្ឋានមួយ ជាទំហំមួយ។ ឧទាហរណ៍ថាយើងដាំម្ទេស។ កន្លែងខ្លះគេប្រមូលគ្នាដាំតែម្ទេសក៏អាចរកចំណូលបានជាងកសិផលខ្លះ ឧទាហរណ៍ … ឆ្នាំនេះធ្វើម្នាក់ឯង ឆ្នាំក្រោយពេលដែលចូលជាសហគមន៍កសិករទំនើបនេះ យើងមានទំហំធំ។ ចូលរួមគ្នាដើម្បីអ្វី? ទី១ ពេលដែលរដ្ឋអន្តរាគមន៍ជួយបច្ចេកទេស យើងអាចជួយរួមគ្នាបាន។ ទី២ ឧទាហរណ៍ខ្វះទុន ទៅខ្ចីទុនម្នាក់ឯងពិបាក ប៉ុន្តែបើប្រមូលជាក្រុម អាចធ្វើការជាមួយនឹងធនាគារដោយសារមានមាត្រដ្ឋាន … នៅសហគមន៍មួយចំនួនបានអនុវត្តហើយមួយឆ្នាំទៅនេះ មានបន្លែមានអីគឺដំណើរការ។
ការនេះគឺជួយឲ្យកាន់តែទំនើប ហើយមន្រ្តីកសិកម្មក៏ចុះមកជួយធ្វើការបានស្រួល។ អញ្ចឹងការវិនិយោគអីផ្សេងៗងាយស្រួលដើម្បីធ្វើយ៉ាងណាយើងជួយគ្នា។ សហគមន៍នេះមិនមែនបានន័យថា យកដីឯកជន យកទៅដាក់ជារបស់រួមទេ គឺនៅតែឯកជនដដែល តែគេរៀបចំរូបភាពការសហការគ្នាដើម្បីបានគ្នាទៅធ្វើការ។ អញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យក្រសួងកសិកម្មជំរុញអនុវត្ត ហើយព្យាយាមភ្ជាប់ទីផ្សារនៅក្នុងស្រុក ព្យាយាមអន្តរាគមន៍ខាងបច្ចេកទេសផ្សេងៗដល់កសិកររបស់យើង តាមរយៈសហគមន៍នេះបង្កើនថែមទៀត។ មិនមែនបានន័យថា ឲ្យជួយតែសហគមន៍ អ្នកផ្សេងមិនជួយទេ។ ជួយដូចគ្នា ប៉ុន្តែលើកទឹកចិត្តឲ្យបងប្អូនរួមគ្នា។ ខ្ញុំបានទទួលព័ត៌មានថាមានការចាប់អារម្មណ៍ច្រើនពីប្រជាកសិកររបស់យើង។ រដ្ឋចង់ជួយ តែជួយយ៉ាងណា? ឧទាហរណ៍ថានៅកន្លែងនេះចូលមក ដីមាន ១ ពាន់ហិកតា។ បើដាក់ជាដុំៗ យើងអាចឃើញថាដំឡូងមាន ២០ទៅ ៣០ហិកតា បន្ទាប់មកមានចេក ១០ទៅ ២០ហិកតា។ ប៉ុន្តែបើសិន រៀបចំជាសហគមន៍ អាចបង្កើតជាមាត្រដ្ឋាន ជួនកាលចូលមកដល់ក្នុងនេះជាកន្លែងមួយនេះ មានកសិផលមួយមុខ ឬ២ មុខតែដាំច្រើនតែម្តង។ អញ្ចឹងទីផ្សារក្នុងនិងក្រៅគេអាចមកកុងត្រាទិញនៅទីនេះ។ កសិករនៅទីនេះក៏មិនលំបាក។ អ្នកខ្វះកម្លាំងក៏មានគ្នាជួយ អ្នកមានកម្លាំងក៏ជួយបាន ហើយរដ្ឋក៏អាចអន្តរាគមន៍ជួយត្រូវការវិនិយោគទៅលើអីផ្សេងៗ។ ជារូបមន្ត ពិតណាស់យើងមាន ធ្លាប់រៀបចំជាសមាគមពីមុន មានសមាគមដំឡូង សមាគមអ្វីផ្សេងៗ ប៉ុន្តែរៀបចំជាសហគមន៍ទំនើបជាប្រធានបទមួយ រូបមន្តថ្មីមួយដែលយើងសាកល្បងហើយជំរុញនៅក្នុងអាណត្តិនេះ។
(៣៩) សូមក្រសួង/មន្ទីរជំនាញពន្យល់ដល់ប្រជាពលរដ្ឋ បង្ហាញពីរូបមន្តនៃភាពជោគជ័យនៅដំណាក់ទ្រយឹង
ខ្ញុំសង្ឃឹមថា រូបមន្តនេះនឹងបានជួយសម្រួលដល់បញ្ហាដែលកសិកររបស់យើងជួបប្រទះ ទាំងរឿងបច្ចេកទេស រឿងពិបាករកទុន រឿងពិបាករកទីផ្សារ រឿងធានាលំនឹងថ្លៃ ដោះស្រាយបានច្រើន។ បើក្នុងប្រទេសយើងជំរុញសហគមន៍នេះបានពី ២០% ទៅ ៣០% នៃកសិកររបស់យើង ខ្ញុំថាយើងអាចពង្រីកជាគំរូ … ឧទាហរណ៍ផ្សារ Lucky នៅភ្នំពេញ។ បើគាត់ចង់ទិញម្ទេសដំណាក់ទ្រយឹង គាត់មកដល់ឃើញរាប់រយហិកតាសុទ្ធតែម្ទេស ធានាឲ្យគាត់អាចចែកចាយផ្សាររបស់គាត់បាន ហ្នឹងគាត់ហ៊ានឲ្យថ្លៃ ហើយធានាបាន។ តែបើមកចរចាជាមួយកសិករ ១០-២០ គ្រួសារ នេះតិចនោះបន្តិច គាត់អាចពិបាក។ ទោះជាយ៉ាងណា នេះមិនមែនជាការបង្ខិតបង្ខំទេ គឺជាការស្ម័គ្រចិត្ត។ ខ្ញុំសូមឲ្យក្រសួងជំនាញ មន្ទីរជំនាញធ្វើការ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ អាចបង្ហាញជារូបមន្តនៃភាពជោគជ័យ នៅកន្លែងនេះចំតែម្តង ព្រោះនៅកន្លែងនេះអតីតយុទ្ធជន ភាគច្រើនគឺជាមនុស្សចាស់។ អ្នកខ្លះគឺមានតែម្នាក់ឯង អញ្ចឹងបើសិនជាធ្វើតែម្នាក់ឯងជួនកាលអត់លទ្ធភាព តែបើចងក្រងគ្នាជាសហគមន៍ អាចជួយគ្នាបាននោះហើយ។ ដីយើងមិនអាចធ្វើខ្លួនឯងបាន តែផលចែកគ្នាបានជាសហគមន៍ នោះហើយជាអ្វីដែលអាចរូបមន្តជួយដោះស្រាយបាន។
(៤០) បង្កើនតំបន់សេដ្ឋកិច្ចពិសេស ផ្លូវដែកពីពោធិ៍សាត់ទៅសមុទ្រ បង្កើតការងារក្រៅពីកសិកម្មដើម្បីជួយដល់កសិករ
គេប្រាប់ថា ខ្ញុំនិយាយយូរពេក ម៉ោង១២ហើយ។ ថ្ងៃនេះដូចជាវែង។ មកពីប្រធានបទក្ដៅ។ ខ្ញុំអង្គុយមើលគេស្រែកជេរ វាយប្រហាររដ្ឋាភិបាលថារដ្ឋាភិបាលទុកកសិករចោល អត់គិតរាប់សប្ដាហ៍មកហើយ។ បើសិនជាយើងមិនបកស្រាយ មិនពន្យល់ ហាក់ដូចជាមិនឲ្យយុត្តិធម៌ដល់អ្នកខំធ្វើ។ ខ្ញុំមិនមែននិយាយដើម្បីយកទៅដោះសារនោះទេ។ ខ្ញុំនិយាយដើម្បីបង្ហាញប្រជាពលរដ្ឋយើងទូទាំងប្រទេស ទាំងក្នុង និងក្រៅប្រទេស កសិករយើងដែលមានកង្វល់លើរឿងនេះ ឲ្យយល់ឲ្យដឹង ថារដ្ឋាភិបាលបានធ្វើអ្វីខ្លះ និងប្ដេជ្ញាធ្វើអ្វីខ្លះជូនកសិកររបស់យើង មិនមែនតែត្រឹមតម្លៃទីផ្សារនោះទេ។ នេះហើយគឺជាអ្វីដែលបងប្អូនប្រជាពលរដ្ឋ រួមទាំងកសិកររបស់យើងសូមទុកចិត្តរដ្ឋាភិបាលមិននៅឱបដៃទុកឲ្យបងប្អូននៅវេទនានោះទេ យើងខិតខំដោះស្រាយជាបន្តបន្ទាប់។
ក្រៅពីនោះការងារសម្រាប់ជួយកសិករមិនមែនតែក្នុងវិស័យកសិកម្មទេ។ ចុងក្រោយ ខ្ញុំលើកសល់ប៉ុន្មានទៀត។ ខ្ញុំលើករឿងនេះមួយ។ ជួយប្រជាជនមួយគ្រួសារ មិនមែនឲ្យគាត់បានផលតែពីកសិកម្មសុទ្ធនោះទេ។ ការជំរុញបង្កើតការងារក្រៅពីកសិកម្មក៏ជួយដល់កសិករដែរ។ នៅខេត្តខ្លះកសិករដីគាត់មួយហិកតា ពីរហិកតា ពីមុនចិញ្ចឹមកូន៥នាក់ ឥឡូវកូនធំហើយ មិនអាចចិញ្ចឹមបានទៀតទេ តែដីមិនលូត លូតតែមនុស្ស។ អញ្ចឹងទៅបង្កើតការងារបន្ថែមឲ្យកូនចៅ។ នៅពោធិ៍សាត់នេះ យើងរុញការងារ មានរោងចក្រ សហគ្រាស កន្លែងតំបន់សេដ្ឋកិច្ចពិសេស កន្លែងផលិតគ្រឿងបង្គុំរថយន្ត ហើយការងារអោយអ្នកពោធិ៍សាត់ជិត ១ម៉ឺន ៤ពាន់នាក់ទៅហើយ។ ពីមុនភាគច្រើនសុទ្ធតែជាកូនកសិករ។ ឥឡូវ គាត់បានចំណូលខ្លះជាជាងនៅពឹងតែទៅលើកសិកម្ម មានសមាជិកគ្រួសារខ្លះទៅរកចំណូលបន្ថែម ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសារ រួមទាំងកសិករផងដែរ។
សូម្បីអ្នកខ្លះមិនធ្វើការនៅពោធិ៍សាត់ អ្នកខ្លះទៅធ្វើការដល់ក្រៅប្រទេស បានចំណូល ក៏ផ្ញើលុយមកឲ្យឪពុកម្ដាយនៅស្រែចម្ការ គាត់ក៏ជួយដល់កសិករផងដែរ។ យើងកំពុងតែរុញរឿងតំបន់សេដ្ឋកិច្ចពិសេស រុញតំបន់សេដ្ឋកិច្ចពិសេសនេះ នៅក្រគរ និងនៅកន្លែងផ្សេងៗនៃខេត្តពោធិ៍សាត់ឲ្យបានច្រើន។ បន្តិចទៀត ដូចជារោងចក្រ Minebea នឹងមក។ ទៅមុខទៀត យើងអាចគិតគូរធ្វើផ្លូវដែកដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេស តភ្ជាប់ពីនេះចាក់ទៅសមុទ្រឲ្យច្រើន បង្កើតរោងចក្រឲ្យកាន់តែច្រើន បង្កើតកន្លែងការងារឲ្យកាន់តែច្រើន ធនាគារ កន្លែងវិស័យឯកជនផ្សេងទៀតឲ្យកាន់តែច្រើនថែមទៀតនៅពោធិ៍សាត់ ដើម្បីឲ្យកូនអ្នកពោធិ៍សាត់ ជាជាងពឹងផ្អែកតែមួយមុខទៅលើស្រែចម្ការ អាចទៅពឹងផ្អែកលើចំណូលផ្សេងៗទៀតចិញ្ចឹមជីវភាព។ ទាំងនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
(៤១) ករណីឃាតកម្មលើ លឹម គឹមយ៉ា៖ ការប្រកាសថាជាគំនុំផ្ទាល់ខ្លួន ធ្វើអោយអ្នកនយោបាយជើងដប់ភ្នែកប្រាំ ជេរប៉ូលីសថៃ
សូមឲ្យអ្នកនយោបាយក្រៅប្រទេសអង្គុយកៅអីជើង១០ ភ្នែក៣ ជើង១០ ភ្នែក៥ ដែលពូកែដុតហើយដុតទៀត អស់ពី CLV-DTA មកដុតរឿងកោះគុត ឥឡូវអស់ពីកោះគុត មួយថ្ងៃៗមកចោទរឿងឃាតកម្ម លោក លឹម គឹមយ៉ា ចោទសម្ដេចតេជោ ចោទគ្រួសារ ចោទរដ្ឋាភិបាលថាជាអ្នកធ្វើ។ ខ្ញុំសួរថា រដ្ឋាភិបាលល្ងង់ដល់ថ្នាក់ហ្នឹងឬ? ល្ងង់រឿងអី? បើរដ្ឋាភិបាលអ្នកនៅពីក្រោយ(ឃាតកម្ម) តើចាំបាច់ចាប់ឃាតករប្រគល់ជូនទៅឲ្យថៃស៊ើបធ្វើអី? នែ! លោកភ្នែក៥ លោកប្រធានចលនាតស៊ូ មួយថ្ងៃៗបបួលតែបះបោរទេ។ គ្រាន់តែគេបាញ់ភ្លាមមិនទាន់ចាប់ឃាតករបានផង ដើរតួជាប៉ូលីស ជាព្រះរាជអាជ្ញា ជាតុលាការកំពូល កាត់ថាសម្ដេចតេជោជាអ្នកបញ្ជារួចបាត់ទៅហើយ។ តើវាយុត្តិធម៌ឬទេ? អញ្ចឹងបានថា គាត់យករឿងហ្នឹងជារឿងអាជីវកម្មនយោបាយរួចទៅហើយ។ តុលាការគេមិនទាន់ចាប់បានផង ខ្លួនឯងកាត់សេចក្ដី ហើយកាត់សេចក្ដីនេះមិនមែនសាលាដំបូងទេ លោកតា លោកយាយ គឺកាត់សេចក្ដីនេះតុលាការកំពូល ហើយបិទផ្លូវតវ៉ា។ បានន័យថា សម្ដេចតេជោ គណបក្សប្រជាជន រាជរដ្ឋាភិបាល ជាអ្នកធ្វើឃាត។ គេកំពុងតែធ្វើកេងចំណេញនយោបាយលើសព។
រដ្ឋាភិបាលមិនគាំទ្រ ហើយថ្កោលទោសចំពោះការបាញ់ប្រហារធ្វើឃាតនេះ។ យើងសូមចូលរួមរំលែកទុក្ខដល់គ្រួសារសព។ សូមអ្នកនយោបាយកុំយកទៅធ្វើអាជីវកម្មលើសពដូចធ្លាប់ធ្វើកន្លងទៅ។ មិនទាន់បានអីផងចោទ ឥឡូវលោកតា លោកយាយ អ៊ំ ពូមីង បងប្អូន សួរថា បើរដ្ឋាភិបាលជាអ្នកធ្វើ គ្រាន់តែជនដៃដល់មួយបាញ់ រួចរត់ចូលដីខ្មែរ តើរដ្ឋាភិបាលគ្មានលទ្ធភាពលាក់បាំងម្នាក់ហ្នឹងឬ? … សួរថា ហេតុអីបានជាចូលមកភ្លាម រដ្ឋាភិបាល កម្លាំងសមត្ថកិច្ចយើ់ងចាប់ជនដៃដល់នេះ ហើយបញ្ជូនទៅឲ្យថៃតាមការស្នើសុំរបស់គេភ្លាម? គឺដើម្បីធ្វើការស៊ើបអង្កេតបន្ត។ យើងត្រូវការដឹងថាតើរឿងនេះវាយ៉ាងម៉េច ព្រោះរដ្ឋាភិបាលត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌ ដោយមិនទាន់ទាំងបានសួរ ឬរកឃើញមុខសញ្ញាឃាតករ ហើយបិទផ្លូវតវ៉ាទៀត។ តើរឿងនេះវាយុត្តិធម៌ឬទេ?
ដំបូងគេថាបញ្ជូនទៅឲ្យថៃទៅ ទើបស្រាវជ្រាវមានយុត្តិធម៌ត្រឹមត្រូវ។ យើងមិនលាក់លៀមទេ បញ្ជូនទៅឲ្យថៃស្រាវជ្រាវ។ ប៉ូលីសថៃប្រកាសហើយថារឿងនេះជារឿងគំនុំផ្ទាល់ខ្លួន មិនមែនរឿងនយោបាយ។ អ្នកនយោបាយដដែលហ្នឹងនៅក្រៅប្រទេសនាំគ្នាជេរថៃទៀត។ និយាយរួម ទាល់តែអ្នកស្រាវជ្រាវឃើញដូចស្អីដែលគាត់កាត់សេចក្ដីសន្និដ្ឋានពីដំបូងទីមក ទើបព្រម(យល់ថាត្រឹមត្រូវ)។ ក្រៅពីនោះគឺអត់។ បានសេចក្ដីថាខ្លួនឯងកំពុងតែយកចំណេញនយោបាយហើយ។ គេមិនយកចិត្តទុកដាក់ មិនឲ្យតម្លៃទៅលើសមត្ថកិច្ចស្រាវជ្រាវតាមជំនាញ។ នៅថៃឯណោះ តើយើងមានលទ្ធភាពអី(ទៅអារកាត់)។ ឥឡូវថា រដ្ឋាភិបាលដោះដូររឿងនេះជាមួយកោះគុត ថាសម្ដេចតេជោដោះដូរកោះគុតដើម្បីកុំឲ្យថៃចោទដាក់។ ខ្ញុំថានិយាយយូរៗទៅជាន់ជើងខ្លួនឯង។ កាលពីប៉ុន្មានអាទិត្យមុន និយាយថារដ្ឋាភិបាលបានលួចឲ្យកោះគុតហ្នឹងទៅថៃរួចទៅហើយ តែឥឡូវមានត្រូវដោះដូរអីទៀតបើឲ្យគេទៅហើយ? និយាយនេះ គឺនិយាយពាំត្រណោត។
តើរដ្ឋាភិបាលល្ងង់ដូចនោះទេ បើសិនជាខ្លួនអ្នករៀបចំផែនការ(ដូចនោះមែន)? ចាំបាច់មានការឃាត់ខ្លួនជនដៃដល់ហើយបញ្ជូនទៅឲ្យថៃទេ? យើងអាចលាក់ទុកឬមួយមិនបញ្ជូនទៅទេ។ យើងស៊ើបខ្លួនឯងទៅ។ តែដើម្បីបញ្ជាក់នូវភាពស្អាតស្អំ នូវតម្លាភាព យើងបញ្ជូនទៅឲ្យថៃ ឲ្យគេស្រាវជ្រាវទៅ បញ្ជាក់ទៅ ហើយឲ្យយើងដឹងផង តើលទ្ធផលយ៉ាងម៉េច? រដ្ឋាភិបាលកម្ពុជាក៏ត្រូវការដឹងដែរ តើជារឿងអី ដើម្បីរក្សាភាពស្អាតស្អំរបស់យើង។ យើងមិនបានពាក់ព័ន្ធ តែគេចោទយើង។ បើយើងធ្វើខ្លួនឯង ទោះបីធ្វើសុក្រឹតយ៉ាងណាក៏គេនៅតែចោទ អញ្ចឹងយកទៅឲ្យថៃធ្វើទៅ។ ឥឡូវ ធ្វើមិនដូចចិត្តគេ គេជេរដល់ថៃទៀត។ អញ្ចឹងរឿងពីរនេះ ជារឿងដែលកំពុងក្ដៅ។
សុំទោស លោកតា លោកយាយ រាងយូរបន្តិច។ តែជ្រុលជាមកនិយាយឲ្យច្បាស់តែម្ដង។ អង្គុយមើលយូរហើយតឹងទ្រូងដែរ។ ប្រជាជនខ្លះ ទាំងបងប្អូនប្រជាពលរដ្ឋ ទាំងអ្នកនៅលើវេទិកានេះ (ឆ្ងល់ថា)ម៉េចបានរដ្ឋាភិបាលស្ងាត់ម៉្លេះ? រឿងកសិផលគេស្រែក យើងអត់មានពន្យល់គេទេអី? រឿងបាញ់សម្លាប់មនុស្ស គេចោទ រដ្ឋាភិបាលអត់មាត់ទេ ពិតឬមិនពិត? ឥឡូវ ខ្ញុំសូមបញ្ជាក់រឿងពីរហ្នឹងអញ្ចឹង។ នីតិវិធីកំពុងដំណើរការ សមត្ថកិច្ចរបស់យើងត្រៀមសហការជាមួយសមត្ថកិច្ចរបស់ថៃ ដើម្បីស៊ើបអង្កេតទៅលើរឿងនេះ យើងមិនអាចសន្និដ្ឋានជំនួសតុលាការ ជំនួសសមត្ថកិច្ចទេ។ មិនដូចអ្នកខ្លះ មិនទាន់ទាំងចាប់ជនដៃដល់បានផង សន្និដ្ឋានរួចទៅហើយ កាត់សេចក្ដីរួចទៅហើយ ចោទសម្ដេចតេជោ ចោទគ្រួសារ ចោទរាជរដ្ឋាភិបាលរួចទៅហើយ។ ការស្រាវជ្រាវដែលមិនបានដូចពួកគេគិត គឺថា “អត់បានការ” ទាំងអស់។ នេះហើយជាភាពមានះ និងការចង់ចំណេញខាងនយោបាយរបស់អស់លោកមួយចំនួននៅក្រៅប្រទេស។ ខ្ញុំសុំយកឱកាសនេះជម្រាបជូនអ៊ំ ពូមីង បងប្អូន លើប្រធានបទទាំងពីរនេះ រដ្ឋាភិបាលមិនបាននៅស្ងៀម។ ទាំងរឿងកសិកម្ម យើងនៅបន្តអន្តរាគមន៍ជាប់ ទាំងរឿងឃាតកម្ម យើងបានសហការយ៉ាងសកម្មដើម្បីធ្វើការងារនេះ ដើម្បីធានា ព្រោះរដ្ឋាភិបាលជាអ្នកខាត។ បើសិនជាយើងមិនដោះ មិនចាត់ចែង គេចោទរដ្ឋាភិបាល អញ្ចឹងយើងត្រូវតែខិតខំការពារភាពស្អាតស្អំរបស់យើង។
(៤២) ផ្ដល់ដី/ផ្ទះដល់អតីតយុទ្ធជន ជាការឆ្លើយតបនឹងគុណបំណាច់
លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន ខ្ញុំសុំបើករង្វង់ក្រចកនិយាយប៉ុណ្ណឹងទៅចុះ អស់ម៉ោងហើយ។ ណាមួយនេះដូចជាវេទិកាឆ្នាំថ្មីទី ១របស់ខ្ញុំ។ អញ្ចឹងវេទិកាឆ្នាំថ្មី ថ្ងៃនេះធ្លាក់ខ្យល់និយាយមិនសូវបែកញើស។ រាល់ដងនិយាយតែមួយម៉ោងញ័រជើង។ ឥឡូវកម្លាំងខ្លាំងជាងមុន លែងញ័រជើង បែកញើសសស្រាក់។ ទោះជាយ៉ាងណាក៏ដោយថ្ងៃនេះ ពេលនេះ ម៉ោងនេះ ខ្ញុំមានភាពសប្បាយរីករាយដែលបានមកឃើញជាសាក្សីក្នុងការអភិវឌ្ឍប្រែក្លាយតំបន់នេះ ពីតំបន់ដែលអត់មានមនុស្សសោះ តំបន់ព្រៃមួយក្លាយទៅជាភូមិមួយដែលមានហេដ្ឋារចនាសម្ព័ន្ធ មានជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។ លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន ជាពិសេស អតីតយុទ្ធជនរបស់យើង សូមអនុញ្ញាតឲ្យខ្ញុំតំណាងឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអរគុណចំពោះការលះបង់ដ៏ធំធេងរបស់លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន។ អ្វីដែលរាជរដ្ឋាភិបាលអាចធ្វើក្នុងការជួយទៅដល់អតីតយុទ្ធជនជាការឆ្លើយតបទៅនឹងគុណបំណាច់នេះ នឹងបន្តធ្វើទៅទៀត។ ថ្ងៃនេះ បានផ្ដល់ជូន ៦០០នាក់ ផ្ដល់ផ្ទះ និងផ្ដល់ដី យើងនឹងខិតខំបន្តទៅទៀត។ ក្នុង ៦០០នាក់នេះ យើងបានផ្ដល់នូវអត្ថប្រយោជន៍មួយចំនួន យើងនឹងខិតខំគិតគូរពីការជួយឧបត្ថម្ភ ទាំងផ្នែករដ្ឋ ទាំងក្រៅរដ្ឋផ្សេងៗទៀត ក្រសួង-ស្ថាប័ន នឹងបន្តទៅទៀត។ សូមអំពាវនាវដល់សប្បុរសជនដែលមានចិត្តធម៌ ដើម្បីជួយក្នុងការអន្តរាគមន៍ និងជួយនៅទីនេះផងដែរ ដើម្បីអភិវឌ្ឍរួមនៅដំណាក់ទ្រយឹងនៅទីនេះឲ្យកាន់តែល្អប្រសើរ។
អំណោយជូនអង្គពិធី
អញ្ចឹង លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន ខ្ញុំចប់ប៉ុណ្ណឹងទៅចុះ ចប់មែនទែនហើយ។ … នៅទីនេះ ថ្ងៃនេះ ខ្ញុំមានជូនអតីតយុទ្ធជនកម្ពុជាចំនួន ៦២៨នាក់ ម្នាក់ៗថវិកា ៥០ម៉ឺនរៀល។ ជូនក្រុមប្រឹក្សាឃុំស្រុកខេត្ត ១០១នាក់ ថវិកា ១០ម៉ឺនរៀល។ ជូនយុវជនកាយឫទ្ធិកម្ពុជា យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនសមាគមរាជសីហ៍ សហព័ន្ធយុវជនស្រឡាញ់សន្តិភាព យុវជនគណបក្សប្រជាជនក្មេងវត្ត សរុប ៤០០នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល។ ជូនគ្រូពេទ្យមណ្ឌលសុខភាព ៩នាក់ ថវិកា ២០ម៉ឺនរៀល។ ជូនលោក/អ្នកគ្រូ ១០នាក់ ម្នាក់ៗថវិកា ២០ម៉ឺនរៀល។ សិស្សានុសិស្ស ២២៦នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិចមួយដើម ថវិកា១ម៉ឺនរៀល។ ជូនសាលាបឋមសិក្សាប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ថវិកា៥លានរៀល។ មណ្ឌលសុខភាពប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ថវិកា ១០លានរៀល។ សមាគមអតីតយុទ្ធជនកម្ពុជាប្រចាំភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងថវិកា ១០លានរៀល។ ប្រគេនវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បច្ច័យ៤០លានរៀល។ ជូនសាលាស្រុកភ្នំក្រវាញ ថវិកា២លានរៀល។ គ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា៣លានរៀល និងក្រុមតន្រ្តីសម័យ ថវិកាលានរៀលផងដែរ។
តន្រ្តីសម័យថ្ងៃនេះមកពីអង្គភាពប្រឆាំងភេរវកម្ម ដែលមកជាប់រហូត។ … ថ្ងៃនេះ មានសិល្បករធ្វើដំណើរពីឆ្ងាយមកផងណា នៅឯណាបង្ហាញមុខផង។ លោក ហេង ប៊ុនលាភ កញ្ញា ឈិន ម៉ានិច កញ្ញា សំ លីដា លោកឈឿន ឧត្ដម អ្នកនាង ទេព បុប្ផា អ្នកនាង ចក់ សុធា លោក នៅ ឆាយ៉ា អ្នកនាង ស៊ុន ស្រីនុន កញ្ញា អោម វិច្ឆិកា លោក ប្រាក់ សុគន្ធ អ្នកនាង អោម ស្រីអូន និងអ្នកនាង មឿន និមល ហៅ ប៉េងប៉ោង។ សូមអរគុណណាស់បានមកចូលរួមអបអរសាទរថ្ងៃនេះ។ ជូនពរជោគជ័យឆ្នាំថ្មី។ យុវជនត្រូវការថតជាមួយ IDOLS អី ថតឲ្យហើយទៅ។
ដោះស្រាយសំណូមពរ២
មានសំណូមពរ (១)ដីនៅសល់ ២៦០ឡូត៍ ដែលក្រសួងដែនដីរៀបចំកសាងផ្ទះ ៧០ខ្នង ផ្ទាល់ដីខ្នាតស្តង់ដាថ្មី។ តាមសំណូមពររបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ក៏សមហេតុផលដែរ ព្រោះផ្ទះផ្សេងទៀតយើងសង់ខ្ពស់ អញ្ចឹងយើងសង់ស្តង់ដាដូចគ្នា។ អាចធ្វើរហូតទៅដល់១៤០ខ្នងឯណោះ។ ឥឡូវខ្វះ ២០០ខ្នង អញ្ចេះ ២៦០ឡូត៍ សុំរៀបចំផ្ទេរ ៣០០នៅកន្លែងនេះជូន ព្រោះ(សុទ្ធតែ)អតីតយុទ្ធជនយើង។ អញ្ចឹង សូមធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្ទេរមកកន្លែងនេះ ព្រោះនៅទីនេះរៀបចំភូមិ អញ្ចឹងឲ្យបានជុំគ្នាតែម្ដងកុំឲ្យរងា។ នៅ ៦០០នាក់ ថែមខ្ទង់ជិត ៣០០ផ្ទះទៀត គឺអាចជិត ១០០០ផ្ទះតែម្ដង។ អញ្ចឹងកាន់តែអ៊ូអរនៅកន្លែងនេះ។ ចំណែកទី២ ពុទ្ធបរិស័ទវត្តក្នុងភូមិអម្បាញ់មិញ … មិនទាន់រឹងមាំ សុំសាលាឆាន់មួយខ្នង ម៉េចដែរលោកតា លោកយាយ អ៊ំ ពូមីង? យើងសាលាឆាន់រៀបចំតូច ទី១ ផ្ដល់សាលាឆាន់មួយខ្នងតាមសំណើ។ ឯកឧត្ដម ខេង សាមេធ ដែលធ្វើនៅទីនេះ ធ្វើជូនតែម្ដង … ស្នើសុំម៉ូតូ ក្រុមប្រឹក្សាភូមិ ៣នាក់ គ្រូពេទ្យ ៩នាក់ គ្រូបង្រៀន ១០នាក់ ត្រូវនឹង២២នាក់ ២២គ្រឿងដែរ សុទ្ធតែអ្នកនៅលីវ … អញ្ចឹងសូមជូនតាមសំណើ។
[ឆ្លើយឆ្លងជាមួយនាយកសាលា] ឯកភាពជូនក្របខ័ណ្ឌលោក/អ្នកគ្រូដែលនៅសល់ ៥នាក់៕