ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ» ដែលនេះជាលើកដំបូង ដែលយើងបានជួបជុំគ្នា ប្រារព្ធពិធីនេះឡើង បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេច កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ ដោយកំណត់ជាផ្លូវការ យកថ្ងៃ ២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា»។ ខ្ញុំពិតជាមានសេចក្តីរំភើបដោយបានឃើញ វត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនជនរួមជាតិទាំងអស់ជាទស្សនិកជន ក៏ដូចជា ក្រុមកីឡាករទាំងបួនក្រុម ដែលជាតំណាងចូលរួមពីគ្រប់វិស័យ ដោយមានទាំង ក្រុមយុវជន ស ស យ ក, ក្រុម-បាល់ទាត់តារាកម្ពុជា, និងក្រុមបាល់ទាត់គុនខ្មែរ ដែលបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សឱ្យឃើញពីស្មារតីស្រឡាញ់កីឡា និងការចូលរួមថែរក្សាសន្តិភាព នេះគឺបានរំលេចនូវអត្ថន័យ «កីឡារស់នៅក្រោមសន្តិភាព»។
បរិយាកាសដ៏អធិកអធម ជាមួយនឹងស្នាមញញឹមរបស់បងប្អូនជនរួមជាតិយើងទាំងអស់ នៅក្នុងពហុកីឡដ្ឋានមរតកតេជោនាឱកាសនេះ បានទាញអារម្មណ៍ខ្ញុំ ឱ្យត្រឡប់ទៅរកអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន នៅពេលដែលយើង បានរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ទទួលបានជោគជ័យជាមហិមា និងការកោតសរសើរស្ញប់ស្ញែងពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ពិតណាស់ថា, ជោគជ័យរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យ ដោយកត្តាចម្បងធំបំផុតគឺ សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលយើងសម្រេច និងថែរក្សាបានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
ដោយសារមិនមានសន្តិភាព សូម្បីតែសមាជិកភាពក្នុងកីឡាអូឡាំពិក ដែលកម្ពុជាជាសមាជិកតាំងពីឆ្នាំ១៩៥៦ ក៏ត្រូវបានផ្អាកនៅក្នុងរវាងឆ្នាំ១៩៧០-១៩៩៤។ ពេលប្រទេសយើងមានសង្គ្រាម សមាជិកភាពរបស់កម្ពុជាត្រូវបានផ្អាក។ សូមអនុញ្ញាតអោយខ្ញុំបានចែករំលែកនូវរឿងមួយ ដែលខ្ញុំសុំអនុញ្ញាតកម្មសិទ្ធបញ្ញា ពីឯកឧត្តម សៅ សុខា ដែលបាននិយាយជាមួយខ្ញុំកាលពីអាទិត្យមុន។ សុំយកពេលខ្លីទេ ដើម្បីទុកពេលអោយអ្នកទាត់ ដែលមានគីឡូធ្ងន់ច្រើន។ ក្នុងនាមជាប្រធានកីឡាករសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា បានជួបខ្ញុំនិងបានចែករំលែកជាមួយខ្ញុំ (នូវហេតុការណ៍ ដែល)ថ្ងៃនេះ ខ្ញុំចែករំលែកបន្តឱ្យបងប្អូនយុវជនដែលកំពុងអង្គុយនៅទីនេះ ក៏ដូចជាអ្នកមើលបាល់ទាត់នៅផ្ទះ។
ឯកឧត្តម សៅ សុខា (អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស) បាននិយាយថា យុវជនខ្មែរសម័យនេះ មានសំណាង។ សំណាងរឿងអី? គាត់ថានៅពេលដែលកំពុងតែមើលបាល់ទាត់នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកន្លងទៅ ដែលមានប្រជាជនរាប់ពាន់នាក់អង្គុយមើល ពេលខ្លះគាត់ទាញទូរស័ព្ទមកមើល ក៏ឃើញថាពេលជាមួយគ្នាហ្នឹង នៅប្រទេសផ្សេងកំពុងតែមានសង្គ្រាម យុវជននៅក្នុងប្រទេសទាំងនោះ កំពុងតែត្រូវភ័យខ្លាច និងកន្លែងខ្លះត្រូវគ្រាប់ផ្លោងស្លាប់ ធ្វើឱ្យមានភាពវេទនា និងបែកបាក់គ្រួសារ។ ពេលដែលគាត់ងើបឡើងបិទទូរស័ព្ទ ងាកមកវិញមើលឃើញកូនខ្មែរកំពុងតែសប្បាយរីករាយនៅក្នុងនៅសន្តិភាព។ នេះហើយដែលគាត់ថាយើងមានសំណាង។
ពេលនេះ ម៉ោងនេះ យុវជននៅប្រទេសមួយចំនួន ដូចជាអ៊ុយក្រែន, តំបន់មជ្ឈិមបូព៌ា និងបណ្ដាប្រទេសមួយចំនួនដែលកំពុងមានចម្បាំង មិនមានឱកាសអង្គុយទះដៃគាំទ្រកីឡាករដូចយើងទេ។ តែពេលនេះ នៅទីនេះ កូនខ្មែរកំពុងតែសប្បាយរីករាយ។ បន្តិចទៀត យើងនឹងហ៊ោកញ្ជៀវ សប្បាយរីករាយ គាំទ្រដល់កីឡាកររបស់យើង ដោយគ្មានភ័យខ្លាច(ព្រួយបារម្ភ)ពីសង្គ្រាមឡើយ។ នេះគឺជាភ័ព្វសំណាងរបស់កូនខ្មែរជំនាន់ក្រោយ។
រឿងមួយទៀតដែលឯកឧត្តម សៅ សុខា បាននិយាយគឺ កាលពីឆ្នាំ១៩៧៥ គាត់ក៏បានអង្គុយនៅពហុកីឡាដ្ឋានជាតិជាតិអូឡាំពិកនោះដែរ តែពេលនោះមិនបានអង្គុយមើលបាល់ទេ (តែមើល)ការចែកហ្វូងមនុស្សមុននឹងជម្លៀសចេញទៅតាមខេត្ត។ កន្លែងខ្លះក៏មានការយកមនុស្សមួយចំនួនទៅសម្លាប់។ ហ្នឹងហើយដែលគាត់និយាយថា កូនខ្មែរនៅសម័យនេះ មានសំណាង។
ថ្ងៃនេះ ពួកយើងអង្គុយនៅក្នុងស្តាតមរតកតេជោ ដែលពីមុនមិនមានទាន់មានអ្វីទេ។ ដែលយើងអាចអង្គុយហ៊ោកញ្ជៀវបាននៅថ្ងៃនេះ គឺជាភោគផលនៃសន្តិភាព។បន្តិចទៀតហ៊ោឱ្យអស់ដៃតែម្ដង ដើម្បីលើកទឹកចិត្តដល់កីឡាកររបស់យើង ដោយមិនភ័យខ្លាច(ព្រួយបារម្ភ)ថា ក្រោយពីនេះ យើងនឹងបាត់បង់សុខសន្តិភាពនោះទេ។ នេះគឺជាសំណាងរបស់កូនខ្មែរ។
យ៉ាងណាក្តី សំណាងមិនមែនកើតដោយចៃដន្យនោះទេ។ សំណាងដែលឯកឧត្តម សៅ សុខា និយាយនៅពេលនេះគឺ សំណាងដែលកើតឡើងពីការលះបង់សាច់ស្រស់ឈាមស្រស់ ការខិតខំរបស់យុវជនជំនាន់មុន និងរបស់ថ្នាក់ដឹកនាំយើង។ គឺដោយពលីកម្មទាំងនោះហើយ ទើបយុវជនជំនាន់ក្រោយមានសំណាងអង្គុយហ៊ោកញ្ជៀវ គាំទ្រកីឡាបាល់ទាត់នៅថ្ងៃនេះបាន។
សូមរួមគ្នាបន្តថែរក្សាសន្តិភាពដើម្បីឱ្យកូនចៅយើងជំនាន់ក្រោយៗ ទៀត បន្តមានសំណាង។ កីឡាករខាងនោះបានកំដៅសាច់ដុំគ្រប់គ្រាន់ ត្រៀមដើម្បីប្រកួតប្រកួតកីឡាជាមិត្តភាពនាថ្ងៃនេះ។
[បញ្ចប់សេចក្ដីអធិប្បាយ១]
ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់គណៈកម្មាធិការរៀបចំការប្រកួត ជាពិសេស សាលារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡាករ និងវិស័យឯកជនដែលចូលរួមឧបត្ថម្ភកម្មវិធីទាំងអស់ ដែលបានធ្វើឱ្យព្រឹត្តិការណ៍របស់យើងដំណើរការបានរលូន អធិកអធម។
[ផ្ដើមសេចក្ដីអធិប្បាយ២]
ថ្ងៃនេះ យើងមាន(ការប្រកួត)២ គូ។ មួយគូទើបចប់ គឺក្រុមបាល់ទាត់គុនខ្មែរ និងក្រុមបាល់ទាត់តារាកម្ពុជាក្រុមB ដែលបានពិន្ទុមួយស្មើ។ សូមអបអរសាទរ។ យើងដល់ក្រុមទីពីរ។ មួយគឺក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA និងក្រុមបាល់ទាត់ ស.ស.យ.ក ដែលជាក្រុមបាល់ទាត់ទំងន់ធ្ងន់។ ដែលថាទំងន់ធ្ងន់ ខ្ញុំមិនសំដៅតួនាទីជាឧបនាយករដ្ឋមន្ត្រីទេ តែគឺម្នាក់ៗ សុទ្ធតែ(មានទំងន់)ជាង ៨០គីឡូក្រាម។ ជាលើកទី១ ហើយ ដែលខ្ញុំឃើញបញ្ជីកីឡាករកិត្តិយស មិនមែនកីឡាករបម្រុងទេ។
អម្បាញ់មិញបានចាប់ដៃជាមួយខេម ជាមួយក្រុមកីឡាករតារា (និងប្រាប់ថា)ហាមតជើងអោយដាច់ខាត និងត្រូវប្រយុទ្ធស្មើភាពគ្នា។ អាជ្ញាកណ្ដាលក៏ដូចគ្នាដែរ ត្រូវតែស្មើភាពគ្នា។ ថ្ងៃនេះ យើងនឹងឈ្នះទាំងអស់គ្នា (គឺ)ឈ្នះ(ដោយយើងបានរស់)នៅក្នុងម្លប់សន្តិភាព (កើតឡើងពី)ដោយនយោបាយឈ្នះឈ្នះ។ យើងអបអរសាទរទិវាសន្តិភាព ដោយប្រកួត(កីឡាបាល់ទាត់)ក្នុងស្មារតីមិត្តភាពនិងស្រលាញ់គ្នាក្នុងនាមជាខ្មែរ។
សូមជូនពរបងប្អូនទាំងអស់គ្នា និងសូមប្រកាសបើកការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ចាប់ពីពេលនេះតទៅ សូមអរគុណ៕