FN៖ កាលពីព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤សប្តាហ៍កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកអគ្គលេខាធិការ លោក លោកស្រីអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងទីប្រឹក្សាសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីផងដែរ។
របៀបវារៈនៃកិច្ចប្រជុំផ្លូវការលើកទី១នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ វឌ្ឍនភាពការងារ បញ្ហាប្រឈម និងកំណត់ទិសដៅការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន៖ ១) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ២) គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក.) និង៣) គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាសេនាធិការ។
ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរាយការណ៍ជូនសម្ដេចមហាបវរធិបតី អំពីស្ថានភាពទូទៅ និងការកែលម្អសោភ័ណភាពបរិវេណក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសគឺការរៀបចំទីកន្លែងបំពេញការងារ សម្រួលដល់ការប្រាស្រ័យទាក់ទងជាមួយ វិនិយោគិនប្រកបដោយទំនុកចិត្ត និងមានផាសុកភាព។ លោកឧបនាយករដ្ឋមន្ត្រី បានគោរពជម្រាបជូន អំពីវឌ្ឍនភាពការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម និងការងារវិនិយោគ ជាពិសេសគឺកំណើនជាទីកត់សម្គាល់នៃការចុះបញ្ជីគម្រោងវិនិយោគនៅក្នុងឆ្នាំ២០២៤ ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងពីបេសកកម្មគោះទ្វារវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ដើម្បីចូលរួមជំរុញការអនុវត្តយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកបច្ចេកវិទ្យាជាអាទិភាពគន្លឹះទី៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពន្លឿននីតិវិធីផ្តល់សេវា និងបង្កើនទំនុកចិត្តដល់វិនិយោគិន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាស្ថាប័នប្រតិបត្តិដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ បំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។ ធៀបនឹងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង កើនឡើងចំនួន ១៤៦គម្រោង ឬ៥៤ភាគរយ មានទំហំទុនវិនិយោគ ៦,៩០០លានដុល្លារអាម៉េរិក កើនឡើង ១,៩៧៣លានដុល្លារអាម៉េរិក ឬ៤០ភាគរយ ដែលអាចបង្កើតការងារសរុបប្រមាណ ៣៣ម៉ឺនកន្លែង ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូតដល់៦៩ភាគរយ។
ដោយឡែកចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍អន្តរជាតិលើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ដែរ កម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ២,១០០លានដុល្លារអាម៉េរិក ក្នុងនោះ ៤០ភាគរយ ជាហិរញ្ញប្បទានឥតសំណង និង៦០ភាគរយ ជាឥណទានសម្បទាន។ គួរជាទីកត់សម្គាល់ ភាគច្រើននៃហិរញ្ញប្បទាន ត្រូវបានប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រមាណ ២២ភាគរយ និងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចប្រមាណ២៥ភាគរយ។
សម្ដេចមហាបវរធិបតី បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រី រាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តទាំងអស់ក្រោមឱវាទក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ឈានទៅសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងការងារសម្របសម្រួលកិច្ចវិនិយោគឯកជន និងកិច្ចសហប្រតិបត្តិការនានាជាមួយដៃគូអភិវឌ្ឍន៍ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ សម្ដេចមហាបវរធិបតី បានលើកឡើងអំពីកំណែទម្រង់គួរឱ្យកត់សម្គាល់របស់រាជរដ្ឋាភិបាល និងការបន្តយកចិត្តទុកដាក់លើវិស័យឯកជន ដែលជាតួអង្គសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
សម្ដេចមហាបវរធិបតី ក៏បានលើកឡើងផងដែរអំពីតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតួអង្គជួរមុខជួបផ្ទាល់ជាមួយវិនិយោគិន និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តភាព និងភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ទៅកាន់ឆាកអន្តរជាតិ។ ទោះជាយ៉ាងនេះក្តី ការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោក និងការប្រកួតប្រជែងនៅក្នុងតំបន់ ទាមទារឱ្យកម្ពុជាត្រូវត្រៀមលក្ខណៈឱ្យបានកាន់តែល្អប្រសើរ ដែលមានភាពឆ្លើយតប និងភាពធន់ខ្ពស់ទៅនឹងការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនាពេលអនាគត។
ឆ្លើយតបលើបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្ដេចមហាបវរធិបតី បានផ្ដល់អនុសាសន៍ណែនាំជាទិសដៅការងារសម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
១៖ បន្តអនុវត្តយន្តការពិគ្រោះយោបល់ជាមួយសហភាគី រួមមាន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យបានពីរដងក្នុងមួយឆ្នាំ បន្ថែមលើយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី រៀងរាល់មួយឆ្នាំម្តង
២៖ សិក្សាវាយតម្លៃ និងធ្វើអាទិភាវូបនីយកម្មសម្រាប់ការលើកទឹកចិត្តវិនិយោគតាមវិស័យ និងទីតាំងភូមិសាស្ត្រ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
៣៖ រៀបចំយន្តការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ. ឬ QIP) ក្រោយទទួលបានវិញ្ញាបនបត្រជា គ.ល.គ.
៤៖ រៀបចំយន្តការប្រទាក់ក្រឡាធ្វើឱ្យមានសង្គតិភាព នៃលំហូរការងារវិនិយោគរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពិគ្រោះយោបល់ជាមួយរដ្ឋបាលរាជធានី-ខេត្ត ដោយឈរលើស្មារតីសហការគ្នា ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»
៥៖ អនុវត្តឱ្យបានពេញលេញលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdeIPM) ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ព្រមទាំងធ្វើសន្ធានកម្មតភ្ជាប់ តាមថ្នាលបច្ចេកវិទ្យាអេកូឡូស៊ី ដែលមានស្រាប់ ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបង្កើតជាបណ្តុំទិន្នន័យរួមសព្វជ្រុងជ្រោយមានសក្តានុពល បម្រើជាប្រយោជន៍ដល់វិនិយោគិន ក៏ដូចជាសម្រួលការផ្តល់សេវាសាធារណៈពាក់ព័ន្ធ
៦៖ ជំរុញការរៀបចំការផ្តល់ព័ត៌មានវិនិយោគសម្បូរបែប ចំគោលដៅ និងមានភាពទាក់ទាញ ដើម្បីឱ្យវិនិយោគិន បណ្ដាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ទទួលបានបច្ចុប្បន្នភាពកាន់តែស៊ីជម្រៅ អំពីសក្តានុពលរបស់កម្ពុជា និងនីតិវិធីពាក់ព័ន្ធការស្នើសុំ វិនិយោគ
៧៖ ពង្រឹងការលើកកម្ពស់ធនធានមនុស្សសម្រាប់ការផ្តល់សេវាជូនវិនិយោគិនប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដោយហេតុថា ធនធានមនុស្សរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែជះឥទ្ធិពលកម្រិតអន្តរក្រសួង ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែការលើកកម្ពស់ធនធានមនុស្សនេះ នឹងផ្តល់លទ្ធផលជាវិជ្ជមានដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ តាមរយៈការទាក់ទាញវិនិយោគ បង្កើតការងារ និង បង្កើនផលចំណូលសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។
ក្រៅពីចង្អុលបង្ហាញការងារខាងលើនេះហើយ សម្តេចមហាបវរធិបតី បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តថែទាំគាំទ្រគម្រោងវិនិយោគដែលកំពុងដំណើរការ និងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា ដោយអនុវត្តគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដើម្បីចូលរួមបង្កើត ការងារជូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងសម្រេចឱ្យបានកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕