ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ សមណសិស្សជ័យលាភីនិទ្ទេស A ជាទីគោរព ជាទីសក្ការៈ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា
សមាជិក សមាជិកា រាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយសថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សានានា
មាតា បិតា អាណាព្យាបាល និងក្មួយៗបេក្ខជននិទ្ទេស A ទាំងអស់ ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកជួបសំណេះសំណាលជាមួយក្មួយៗសិស្សទទួលបាននិទ្ទេស A ទាំង ២ ២២៥ នាក់។ នេះគឺជាលើកទី១០ បើគិតចាប់ពីពេលដែលក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៣ ក្រោមពាក្យស្លោក “អ្នកចេះគឺជាប់”។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតសមត្ថភាពក្មួយៗប្រឡងជាប់គ្រប់និទ្ទេសកាន់តែកើន
ថ្ងៃនេះ ខុសពីឆ្នាំមុនៗ ដែលយើងរៀបចំ(សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) នៅទីស្ដីការគណៈរដ្ឋមន្រ្តី។ (ឆ្នាំនេះ) ដោយសារចំនួនអ្នកទទួលបាននិទ្ទេសA កើនឡើង មិនអាចរៀបនៅទីនោះបាន។ ឆ្នាំទៅ យើងមានតែជាង ១ ៦០០នាក់ទេ។ ឆ្នាំនេះ កើនដល់ជាង ២ ២០០នាក់។ បើចាប់ផ្ដើមពីឆ្នាំ២០១៤ កាលនោះ មានតែ ១១នាក់ទេ បាននិទ្ទេសA។ អញ្ចឹងពី ១១នាក់ក្នុងរយៈពេល ១០ឆ្នាំ ទៅជាង ២ ០០០នាក់ សូម្បីតែទីស្ដីការដាក់មិនអស់ហើយ គឺជាជោគជ័យ។ ឆ្នាំក្រោយ អាចធំជាងនេះទៀត។ ឃើញការរីកចម្រើន និងការកើននៃការប្រឡងជាប់ ពេលដែលឯកឧត្តម ហង់ជួន ណារ៉ុន បញ្ជូន(លទ្ធផលមក)ឱ្យខ្ញុំ ខ្ញុំសួរគាត់ភ្លាមថា “បង! ចំនួនកើនហ្នឹង តើការកែឬវិញ្ញាសារបស់យើងធូរជាងមុនឬទេ?” គាត់ថា មិនដូចនោះទេ។ ស្ដង់ដានៅដដែល កំណែមិនបានទម្លាក់ឬបន្ធូរដើម្បីបានច្រើនទេ។ អញ្ចឹងបានន័យថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតសមត្ថភាពរបស់ក្មួយៗដែលប្រឡងជាប់ មិនថានិទ្ទេសA ឬ(និទ្ទេសផ្សេងៗ)ទេ កាន់តែកើន។ នេះជាមោទនភាពរបស់យើង។ សូមអបអរសាទរ។ ដូចនៅក្នុងរបាយការណ៍របស់ឯកឧត្តម ហង់ជួន ណារ៉ុន ការផ្ដួចផ្ដើមគំនិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ក្នុងការរៀបចំពិធីជួបជុំនេះជាសក្ខីភាពនៃការផ្ដល់នូវតម្លៃ និងអបអរសាទរជាមួយនឹងក្មួយៗ។ ថ្ងៃនេះ មាន ១០គូភ្លោះ ២០នាក់ រៀនទាំងពីរ (ជាប់និទ្ទេស)A ទាំងពីរតែម្ដង …។
(២) ក្រុមការងារពង្រឹងតាមបណ្ដារាជធានីខេត្តស្រុកក្រុងនិងសប្បុរសជននានាលើកទឹកចិត្តក្មួយៗតាមមូលដ្ឋាន
សូមយកឱកាសនេះ ថ្លែងអំណរគុណនិងកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំថ្នាក់ជាតិ ក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណៈពង្រឹងចុះជួយតាមបណ្ដារាជធានីខេត្ត ស្រុក ក្រុង ក៏ដូចជាសប្បុរសជននានា ដែលបានរៀបចំនៅក្នុងការលើកទឹកចិត្តដល់ក្មួយៗនៅតាមបណ្ដាមូលដ្ឋាន។ ពិតណាស់ យើងជួបជុំគ្នានៅថ្នាក់ជាតិ ប៉ុន្តែក៏មានការរៀបចំជួយជាប្រចាំ ចូលរួមដើម្បីលើកទឹកចិត្តរបស់ឯកឧត្តម លោកជំទាវ ឧកញ៉ា ក៏ដូចជា សប្បុរសជនជាច្រើន ដែលបានធ្វើការរៀបចំផ្ដល់នូវជារង្វាន់ ការលើកទឹកចិត្តផ្សេងៗសម្រាប់សិស្សនិទ្ទេសA។ កន្លែងខ្លះ ឈានទៅសិស្សដែលប្រឡងជាប់ទាំងអស់ មិនថា(ជាប់)និទ្ទេសA ឬនិទ្ទេសB, C នោះទេ។ នេះជាការលើកទឹកចិត្តទៅដល់សិស្សផ្សេងៗទៀត ដែលមិនបានប្រឡងជាប់។ ការលើកទឹកចិត្ត គឺសំខាន់។យើងមិនអាចយក(សិស្សទាំង) ១០ម៉ឺននាក់ មកជួបនៅទីនេះបានទេ។ ក្មួយៗសិស្សនិទ្ទេសA ក៏មិនមែនជាសិស្ស(តែមួយក្រុម)ដែលយើងត្រូវយកចិត្តទុកដាក់(នោះទេ)។
(៣) ការប្រឡងជាប់ អាស្រ័យលើការខិតខំប្រឹងរៀនសូត្រ មិនមែនការផ្សងសំណាង
រាជរដ្ឋាភិបាលយកចិត្តទុកដាក់ដល់គ្រប់(សិស្សទាំងអស់) គ្រាន់តែថា ក្មួយៗនៅទីនេះ បញ្ចេញសមត្ថភាព ខិតខំប្រឹងប្រែង បូកជាមួយនឹងសំណាង សុខភាពមិនមានបញ្ហា ចេញវិញ្ញាសាមក ត្រូវ(នឹងការចេះចាំរបស់)យើង … ឥឡូវ(ក្នុងការរៀន)មានទន្ទេញ ឬអត់ទេ? ប៉ុន្មាននាក់ទន្ទេញមេរៀន លើកដៃបន្តិច? លើកទាំងអស់គ្នា ទន្ទេញទាំងអស់គ្នា សៀវភៅប៉ុន្មានក្បាល ទន្ទេញទាល់តែចាំ។ មើលប៉ុន្មាននាក់ ទៅមើលគ្រូទាយ? ច្រើនដែរតើ។ មើលក៏មើលចុះ តែកុំជឿពេក។ គ្រូទាយក៏ជឿលើយើងដែរ។ កាលជំនាន់ពូ ទៅមើលជាមួយមិត្តភក្ដិ។ គ្រូទាយថា ចៅឯងជាប់ហើយ តែខំរៀនផង។ មានអ្នកណាយកសៀវភៅទៅស្ងោរទេ មានអត់សម័យនេះ លើកដៃមើលកុំខ្លាច? ជំនាន់ពូមាន។ អ្នកខ្លះថា ខួរក្បាលទន្ទេញអត់ចាំ។ គ្រូប្រាប់ថា កុំពិបាកទន្ទេញ យកសៀវភៅទៅស្ងោរទៅ ទឹកបីយកទឹកមួយផឹក។ និយាយលេងសើច ប៉ុន្តែមានរឿងអញ្ចឹងមែន។ ប៉ុន្តែជំនាន់នេះ ពូសង្ឃឹមថា វិទ្យាសាស្រ្តដើរលឿន អ្វីដែលធានាឱ្យជាប់ គឺការ(ខិតខំប្រឹងរៀន ខំទន្ទេញ) កុំផ្សងលើសំណាង។ អ្នកខ្លះពូកែខាង QCM ទាយត្រូវ។ យ៉ាងណាក្តី ជាប់និទ្ទេសA ឬមិនA អត់សំខាន់ទេ។ បន្តិចទៀតពូនឹងនិយាយ(ថាមូលហេតុអ្វី)។
(៤) ពិន្ទុប្រឡងនិទ្ទេសA សាទរការខំប្រឹងប្រែង តែនៅមិនទាន់គ្រប់គ្រាន់សម្រាប់ការត្រៀមលក្ខណៈជីវិតពិត
ការប្រឡងជាប់នៅពេលនេះ ជាការវាស់ស្ទង់មួយ ប៉ុន្តែមិនមែនជាការត្រៀមលក្ខណៈឱ្យយើងចូលប្រលូកក្នុងពិភពគុនពិតប្រាកដទេ។ ចប់ថ្នាក់ទី១២ គឺចប់ការទទួលខុសត្រូវដែលមានការជួយពីឪពុកម្ដាយ ពីគ្រូហើយ។ ចប់ថ្នាក់ទី១២ គឺយើងឈានទៅដល់ផ្លូវបំបែកមួយ ដែលយើងចាប់ផ្ដើមជាមនុស្សពេញវ័យ ត្រូវកំណត់វាសនាខ្លួនឯង។ មិនថាយើងទៅរៀនមហាវិទ្យាល័យ មិនថាយើងរៀនបន្តខាងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬចេញទៅធ្វើការងារ គឺជាការសម្រេចចិត្តរបស់ខ្លួន។ អញ្ចឹងត្រូវមានអីក្នុងខ្លួន? ពិន្ទុប្រឡងនិទ្ទេសA ឬ “ល្អណាស់” សម្រាប់ជាការអបអរសាទរ(នៃការ)ខិតខំប្រឹងប្រែង ប៉ុន្តែការត្រៀមលក្ខណៈសម្រាប់ជីវិតពិត (ការទទួលបាន)និទ្ទេសA តែមួយ មិនទាន់គ្រប់ទេ។ ក្មួយៗដែល(មិន)បាននិទ្ទេសA ក៏មិនប្រាកដថា ក្នុង ១២ឆ្នាំនេះ ក្មួយៗ (មិនបាន)ត្រៀមលក្ខណៈ(សម្រាប់ជីវិតពិត) ឬមិនអាចទទួលបានការជួយនោះដែរ។ ការរៀបចំការអបអរសាទរនៅថ្ងៃនេះ គឺយើងអបអរសាទរជាមួយគ្នា។
[បញ្ចប់សេចក្ដីអធិប្បាយ១]
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា សហព័ន្ធសហភាពយុវជនកម្ពុជា កងកម្លំាង រដ្ឋបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងការរៀបចំដំណើរការ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ប្រកបដោយភាពរលូនជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៥) គោលដៅគឺប្ដូរផ្នត់គំនិតពីការពឹងផ្អែកលើកម្លាំងក្រៅខ្លួន មកជាការពឹងការប្រឹងប្រែងផ្ទាល់
តួអង្គដែលខ្ញុំធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់នោះ គឺក្មួយៗផ្ទាល់ និងឪពុកម្ដាយ អាណាព្យាបាលតែម្ដង។ ពិតណាស់ រាជរដ្ឋាភិបាលអាចដាក់ចេញគោនយោបាយ អាចរៀបចំវិធីសាស្រ្តដឹកនាំប្រឡង អាចរៀបចំការសហការគ្នា មានយុវជនស្ម័គ្រចិត្តចូលរួម ជារៀមច្បងយើង ដើម្បីឱ្យការប្រឡងកាន់តែសុក្រឹត។ ប៉ុន្តែ ដែលយើងឃើញថាលទ្ធផលមានការកើននេះ គឺអាស្រ័យលើសិស្សផ្ទាល់ខ្លួន និងមាតាបិតា។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? ខ្ញុំបានសួរ (ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងអប់រំ) ឯកឧត្តម ហង់ជួន ណារ៉ុន ភ្លាមថា ឡើងជាង ២ ០០០នាក់នេះ ដោយសារយើងទម្លាក់វិញ្ញាសាឱ្យកាន់តែធូរ ឬការកែកាន់តែស្រួល ឬទេរឿងហ្នឹង? គាត់ថា អត់ទេ។ អញ្ចឹងបានន័យថា កំណើននៃការខិតខំប្រឹងប្រែង(របស់សិស្សផ្ទាល់)។ ខ្ញុំតែងតែនិយាយ រឿងប្រឡងជាប់ឬធ្លាក់ រឿងសុក្រឹតភាព ជារឿងដែលយើងចង់បាន។ ប៉ុន្តែ អ្វីដែលជាគោលដៅធំ គឺការប្ដូរផ្នត់គំនិត ទើបមានចីរភាព។ ប្ដូរផ្នត់គំនិត មិនមែនប្ដូរគំនិតតែរាជរដ្ឋាភិបាល (ឬ)មន្រ្តីដែលដឹកនាំការប្រឡង ACU នោះទេ ប៉ុន្តែប្ដូរផ្នត់គំនិតនៃការត្រៀមលក្ខណៈពីពឹងខាងក្រៅខ្លួនមកពឹងក្នុងខ្លួន។ ពីឪពុកម្ដាយដែលខំទៅចរចាជាមួយលោកគ្រូអ្នកគ្រូឱ្យជាប់ មកជាខំប្រឹងបញ្ជូនកូនឱ្យទៅរៀន …។
(៦) ពឹងពាក់ឱ្យកូនចៅប្រឡងជាប់ជាឧបសគ្គ ដល់ការសិក្សានៅមហាវិទ្យាល័យ និងមិនបានត្រៀមលក្ខណៈឱ្យកូនចៅទុកចិត្តលើខ្លួនឯង
ឪពុកម្ដាយណាក៏ចង់ឱ្យកូនជោគជ័យដែរ ប៉ុន្តែការជួយមានវិធីសាស្រ្តខុសគ្នា។ កាលពីជំនាន់ខ្ញុំ … យើងមានការប្រឡង ៣ដង។ ថ្នាក់ទី៤ ឡើងទី៦ កាលហ្នឹងផ្លោះម្ដង។ អាហ្នឹងតូចទេ។ ប្រឡងទី២ ថ្នាក់ទី៨ ឡើងទី៩ ហើយចុងក្រោយប្រឡងបាក់ឌូប្លិ៍។ ជំនាន់នោះ អត់ទាន់មាន ១២ថ្នាក់ទេ។ ខ្ញុំចាំជាងគេគឺប្រឡងថ្នាក់ទី៨ ឡើងទី៩។ ដោយសារអី? ដោយសារប៊ិះត្រូវមួយដុំថ្ម។ ខ្ញុំប្រឡងនៅមណ្ឌលប្រឡងចតុមុខ ជាសាលាដែលខ្ញុំរៀន។ ពេលហ្នឹងគេពង្រាយប៉ូលីសពេញ កុំឱ្យមានគ្រួសារមកក្បែរៗហ្នឹង។ ឆែកប្រ៊ុយយ៉ុងអីហ្នឹង។ ឪពុកម្ដាយចេញមកនៅខាងក្រៅ។ ខ្ញុំកំពុងប្រឡងៗ (វិះនឹងត្រូវ)មួយដុំថ្ម(ដែលត្រូវបានចោលពីក្រៅទៅក្នុងបន្ទប់)។ បន្ទប់ប្រឡងហ្នឹងបិទបង្អួចទាំងអស់ ប៉ុន្តែមានរន្ធខ្យល់ … ដុំថ្មរុំជាមួយនឹងប្រ៊ុយយ៉ុង ចូលតាមប្រឡោះរន្ធខ្យល់មក។ ខ្ញុំមិនដឹងថាគាត់ស៊ើបថាកូនគាត់ប្រឡងនៅហ្នឹងឬយ៉ាងណាទេ តែវិះចំ(ខ្ញុំ)។ ដែលខ្ញុំលើកមកនិយាយនេះគឺចង់ប្រាប់ថា ការជួយកូនចៅឱ្យជាប់(នៅពេលនេះ សូម)គិតថានេះគឺជាឧបសគ្គទីមួយ(ប៉ុណ្ណោះ)។ ជួយគាត់ឱ្យជាប់លើកនេះ ពេលទៅដល់(មហាវិទ្យាល័យ) ត្រូវទៅប្រលូកបន្ត។ ការជួយបែបនេះ មិនមាននិរន្តរភាព ហើយក៏មិនបានត្រៀមលក្ខណៈឱ្យកូនចៅមានការទុកចិត្តលើខ្លួនឯងដែរ។ ឪពុកម្ដាយមិនអាចទៅណែនាំ មិនអាចទៅដឹកដៃកូនរហូតទេ។
(៧) ការប្រឡងជាការវាស់ស្ទង់ ការបង្កើតសមត្ថភាព និងការទុកចិត្តលើខ្លួនឯង
ថ្ងៃមុន ខ្ញុំមើលប្រវត្តិរបស់តា Warren Buffett ជាអ្នកមានម្នាក់របស់អាមេរិក។ អ្នកស្រាវជ្រាវមួយចំនួនអាចនឹងស្គាល់គាត់។ មើលរបៀបគាត់ចិញ្ចឹមកូន។ គាត់មានលុយរាប់ពាន់លាន ប៉ុន្តែពេលកូនរៀននៅមហាវិទ្យាល័យសុំខ្ចីលុយឪពុក ២ម៉ឺនដុល្លារដើម្បីបង់ថ្លៃសាលា គាត់ថាទៅធនាគារខ្ចីខ្លួនឯងទៅ។ គាត់មិនឱ្យទេ។ ទៅរកការងារធ្វើនៅក្រៅ ធ្វើការងារក្រៅម៉ោងអី ធ្វើខ្លួនឯងទៅ។ គាត់មិនឱ្យ។ ទាល់តែចប់មានគ្រួសារ ទើបគាត់ទុកឱ្យមួយផ្នែកតូច។ (នេះជា)ការបង្រៀន(កូនរបស់គាត់)។ គាត់មិនអាចនៅជាមួយកូនបានរហូតទេ។ គាត់ចេញមកពីដៃទទេ បង្កើតទ្រព្យ អញ្ចឹងគាត់ចង់ឱ្យកូនគាត់ចេញពីដៃទទេ ចេះបង្កើតដែរ កុំឱ្យថាគាត់មានហើយ កូនគាត់បាត់នូវសមត្ថភាព និងការត្រៀមលក្ខណៈ។ ខ្ញុំជឿថា ឪពុកម្ដាយទាំងអស់ក៏ដូចគ្នា។
ឪពុកម្ដាយទាំងអស់ដែលខំឱ្យកូនរៀនមានទ្រឹស្ដីតែមួយទេ «ឪគ្មានទ្រព្យចែកឱ្យ មានតែឱ្យកូនបានរៀនរកចំណេះ» … ត្រូវបង្កើតភាពជឿជាក់លើខ្លួនឯង។ ដូច្នេះ ការប្រឡងបាក់ឌូប្លិ៍នេះគឺជាការវាស់ស្ទង់មួយ ជាការបង្កើតនូវសមត្ថភាព និងការទុកចិត្តរបស់ខ្លួន ដែលកូនចៅផ្ទាល់ ក្មួយៗតែម្ដងគឺខិតខំរៀនសូត្រ។ ដល់ម៉ោងនេះហើយ ជិតដល់ប្រឡង មានតែខំប្រឹងរៀនដើម្បីជាប់ទៅអនាគតខ្លួនឯង វែកផ្លូវទៅខ្លួនឯង។ ឪពុកម្ដាយនៅជាមួយនៅក្បែរ តែមិនអាចទៅពឹង(អ្នកនេះអ្នកនោះ)ដើម្បីឱ្យកូនជាប់ដោយស្រួលនោះទេ … ផ្ទុយទៅវិញ ត្រូវឱ្យកូនខិតខំប្រឹងប្រែងដោយខ្លួនឯង។ រកគ្រូទាយក៏រកចុះ ឱ្យពុកម៉ែស្រោចទឹកឱ្យក៏ឱ្យចុះ តែកូនខំប្រឹងរៀនដដែល។ លទ្ធផលមកគឺជាប់ដោយមោទនៈ ហើយបើធ្លាក់ក៏អស់ចិត្ត។ យើងអាចវាស់ខ្លួនយើងបាន។
(៨) សញ្ញាបត្រ/សញ្ញាឃើញបើកទ្វារឱ្យចូល តែអ្វីដែលសំខាន់គឺរបស់ដែលនៅក្នុងខ្លួន
មិនថាតែក្មួយៗដែលនៅទីនេះ(ជាអ្នកទទួលបាន)និទ្ទេសA ទេ ក្មួយៗប្រឡងបាក់ឌូប្លិ៍ទាំងអស់ មិនថានិទ្ទេស B, C, D, E ឬអ្នកមិនទាន់ជាប់នោះទេ ការប្រឡងនេះមិនមែនជាឧបសគ្គសម្រាប់ជីវិតទេ តែជាការវាស់ស្ទង់ការត្រៀមលក្ខណៈរបស់ខ្លួននៃជីវិត។ ឪពុកម្ដាយយើងមិនអាចចាំជួយយើងរហូតទេ។ មួយចំនួនដល់អាយុ ១៧-១៨ឆ្នាំគឺត្រូវរស់ខ្លួនឯងហើយ។ អ្នកខ្លះមិនស្រួលទារម្ដាយដណ្ដឹងប្រពន្ធបាត់ហើយ។ អញ្ចឹងបានន័យថា មិនត្រឹមតែទទួល(ខុសត្រូវ)ខ្លួនឯងទេ តែក្លាយទៅជាមេគ្រួសារទៀត ចិញ្ចឹមប្រពន្ធចិញ្ចឹមកូន។ កូនស្រីក៏ដូចគ្នា។ បើការ(រួច) ត្រូវទទួលរ៉ាប់រងក្នុងការជួយគ្រួសារ ប្រើជំនាញសមត្ថភាពរកចំណូលជួយគ្នាចិញ្ចឹមកូន។ អញ្ចឹង ការវាស់ស្ទង់សមត្ថភាពនិងការត្រៀមលក្ខណៈ ជារឿងដែលបង្កើតនូវការទុកចិត្តរបស់ខ្លួនឯងថា “ខ្ញុំខំប្រឹងរៀន ខ្ញុំជាប់ ខ្ញុំខំប្រឹងរៀនកាន់តែខ្លាំង ខ្ញុំជាប់និទ្ទេស A បានរង្វាន់”។ ជីវិតពិតគឺអញ្ចឹង។
ខ្ញុំឃើញនៅលើហ្វេសប៊ុក បងប្អូនខ្លះហាក់ដូចជាមានទុទិដ្ឋិនិយមថា ខំប្រឹងរៀនធ្វើអី បើទាល់តែមានខ្សែទើបអាចរីកទៅកើត។ មិនដូចនោះទេ។ ជីវិតប្រជាពលរដ្ឋយើងរាប់លាននាក់ គ្មានអ្នកណាមានខ្សែរាប់លានទម្លាក់ឱ្យទេ … សូម្បី(ឪពុកម្តាយជា)ថៅកែក្រុមហ៊ុនមួយក៏ដោយ។ បើសិនជាកូនទៅបំផ្លាញក្រុមហ៊ុនដែលគាត់ខំប្រឹង គាត់មិន(ទុកឱកាស)ឱ្យទេ។ គាត់អាចថាឱ្យលុយទុកចាយ តែម៉ែឪទៅជួលអ្នកផ្សេងដែលមានសមត្ថភាពដឹកនាំធ្វើជា CEO ដើម្បីឱ្យ(ក្រុមហ៊ុន)វារីក … តែគាត់មិនអាចយកមនុស្សទាំងអស់មួយក្រុមហ៊ុន(ឱ្យធ្វើនោះដែរ)។ ខ្ញុំលើកពីវិស័យឯកជនទៅចុះ។ ស្ថាប័នរដ្ឋក៏ដូចគ្នា មិនអាចមានមនុស្សតែម្នាក់ពីរនាក់ដើម្បីដឹកនាំទេ។ ត្រូវការមនុស្សរាប់រយរាប់ពាន់នាក់ដែលមានសមត្ថភាព។ បើដូចនេះ តើសំខាន់លើអ្វី? សំខាន់លើក្មួយៗ សញ្ញាបត្រសញ្ញាឃើញដែលបើកទ្វារឱ្យយើងចូល តែអ្វីដែលសំខាន់គឺអ្វីដែលនៅក្នុងខ្លួន។
(៩) កុំឱ្យការប្រឡងមិនបាននិទ្ទេសA ជាមូលហេតុទម្លាក់ការប្រឹងប្រែង
អ្នកខ្លះ ថ្ងៃប្រឡងស៊យ។ ធ្លាប់មានការតវ៉ាថា កូនខ្ញុំកាលរៀនបានA រហូត ម៉េចប្រឡងមិនបានA។ ជួនកាលគាត់ស៊យថ្ងៃនោះ។ បានន័យថាម៉េច? ការត្រៀមលក្ខណៈវាស់ស្ទង់សមត្ថភាពរបស់ក្មួយៗ ជាសូចនាករមួយល្អ ប៉ុន្តែ មិនមែនជាចំណុចតែមួយនោះទេ។ ហេតុនេះហើយខ្ញុំសុំឱ្យក្មួយៗទាំងអ្នកនិទ្ទេសA អ្នកនិទ្ទេស B ,C, D, E ឬមួយអ្នកមិនទាន់ជាប់ ប្រកាន់ផ្នត់គំំនិតវិជ្ជមានគ្រប់គ្នា។ កុំគិតថា ដែលប្រឡងមិនជាប់ ខ្លួនអស់សង្ឃឹមក្នុងជីវិតនេះ … ជីវិត ការងារ មានឡើងមានចុះ ថ្ងៃនេះយើងហេង មិនប្រាកដថាស្អែកយើងហេងទៀតទេ។ ត្រូវខំប្រឹង។ មូលដ្ឋាន(នៃជោគជ័យឬការប្រឡង)ជាប់ គឺការខំប្រឹង។ មានអ្នកជាប់និទ្ទេសA តែចេញពីហ្នឹងទៅប្រឡងដាក់ពាក្យនៅសាលាតិចណូមិនជាប់ បែរជាបានពិន្ទុតិចជាងអ្នកដែលបាននិទ្ទេសE។ ពេលខ្លះ និទ្ទេសA ធ្វើឱ្យយើងមោទនភាពពេក ថាខ្លាំងហើយ ភ្លេចខំប្រឹង។ សូមយកនិទ្ទេសA នេះ ជាគន្លឹះប្រាប់ថា បើសិនខ្ញុំប្រឹងខ្លាំង ខ្ញុំនឹងជាប់កាន់តែល្អ។
អញ្ចឹងគ្រប់ជំហានទាំងអស់ត្រូវខំប្រឹងឱ្យខ្លាំង។ នេះជាការគិតវិជ្ជមាន។ ក្មួយៗដែលបាននិទ្ទេស B, C, D, E សូមកុំគិតថា បើខ្លួនមិនបាននិទ្ទេសA ជីវិតខ្លួនត្រូវចប់ ឬមិនអាចប្រកួតឈ្នះគេនោះទេ។ ត្រូវគិតថា ខ្លួនបានប្រឹងហើយ តែមានការភ្លាំងភ្លាត់បន្តិច។ ត្រូវតែខំប្រឹងឱ្យកាន់តែខ្លាំង ដើម្បីយកឈ្នះឱ្យបាន។ ត្រូវមានទស្សនៈវិជ្ជមាន។ កុំឱ្យរឿងប្រឡងមិនបាននិទ្ទេសA ជាមូលហេតុទម្លាក់(ការប្រឹងប្រែង)។ គ្មាននរណាទម្លាក់យើង ក្រៅពីខ្លួនយើងនោះទេ។ ក្មួយៗដែលមិនទាន់ជាប់កុំអស់សង្ឃឹម។ នេះជាការវាស់ស្ទង់មួយទេ។ ជីវិតយើងនៅវែងឆ្ងាយណាស់។ យើងមានជម្រើសផ្សេងៗទៀត។ យើងអាចខំប្រឹងប្រែងដើម្បីប្រឡងបន្តទៀត។ ក្មួយៗខ្លះទៅរៀនបរិញ្ញាបត្ររង ឬទៅបណ្ដុះបណ្ដាលអីផ្សេងៗ។ ជីវិតមានច្រើនទៀត។ កុំឱ្យលទ្ធផលមួយនេះ ក្លាយជាឧបសគ្គរារាំងការខិតខំប្រឹងប្រែងនៅខាងមុខ។ នេះជាអ្វីដែលពូសូមផ្ដាំក្មួយៗទាំងអស់។
(១០) អ្នកពូកែបន្តរកជោគជ័យ អ្នកប្រឡងជាប់តែមិនបាននិទ្ទេសA និងអ្នកប្រឡងមិនជាប់សូមបន្តប្រឹងប្រែង
ការជួបនៅទីនេះ យើងបានស្ដាប់ផ្ទាល់តែ(ក្រុមសិស្សដែលប្រឡងបាន)និទ្ទេសA តែនៅតាមទូរទស្សន៍ និងតាមប្រព័ន្ធផ្សេងៗ មានការចាក់ផ្សាយ។ ដូចនេះ សូម(ផ្ដាំពីចម្ងាយដោយ)ផ្ទាល់ (ដល់អ្នកមិនបានមកជួបផង)។ សូមឱ្យថ្នាក់ដឹកនាំដែលចុះទៅជួបជាមួយសិស្សនៅតាមបណ្ដាខេត្ត ផ្ដល់សារកុំសម្រាប់តែក្មួយៗនិទ្ទេសA តែ(ក៏ផ្ដល់)សារដល់ក្មួយៗទាំងអស់ ព្រោះជាធនធានដែលត្រូវលើកទឹកចិត្ត(ដូចៗ គ្នា)។ យើងក៏មិនមែនជោគជ័យគ្រប់ពេលដែរ។ អ្នកដែលត្រូវលើកទឹកចិត្តគឺអ្នកដែលបរាជ័យ។ ក្នុងរយៈពេលខ្លីអ្នកដែលមិនទាន់ជាប់ កុំឱ្យគាត់បោះបង់។ អ្នកដែលពូកែហើយ ក៏យកបទពិសោធដែលខ្លួនមាន ទុកចិត្តខ្លួនឯងជោគជ័យ ជារូបមន្តសម្រាប់ខ្លួនឯងបន្តជោគជ័យតទៅទៀត។ អ្នកដែលជោគជ័យ តែមិនបានចំណាត់ថ្នាក់និទ្ទេសA ត្រូវបន្តខំប្រឹងតទៅទៀត រួមជាមួយអ្នកដែលមិនជាប់ក៏កុំបោះបង់ សូមបន្តទៅទៀត។ មិនថាផ្លូវដែលយើងត្រូវដើរ ត្រូវទៅរៀននៅមហាវិទ្យាល័យ រៀនបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមួយចេញធ្វើការ តែការរៀនសូត្រនៅតែបន្ត។ រៀនពីការងារ រៀនពីសាលា រៀនពីគ្រូបន្ថែមទៀតដើម្បីបង្កើនសមត្ថភាព។ សូមប្រកាន់នូវជំហរនិងទស្សនៈវិជ្ជមាននេះ ទើបយើងដើរទៅមុខបាន។
(១១) ត្រៀមខ្លួនថាជីវិតពិតត្រូវប្រឈមនឹងកិច្ចការជាច្រើន
នេះជាការផ្ដាំផ្ញើរបស់ខ្ញុំ។ អត់មានអ្នកណាដែលថាមួយជីវិតនេះធ្វើអីក៏ជោគជ័យដែរនោះទេ។ បើជោគជ័យតែរហូតអញ្ចឹង វាគ្មានអីដែលថាជាមេរៀនដើម្បីឱ្យយើងពង្រឹងខ្លួនឯងទេ។ ដោយសារក្មួយៗខ្លះ មួយជីវិតរៀនសូត្រលេខ១ រហូត ឥឡូវនិទ្ទេសA លេខ១ ទៀត ក៏សូមអបអរសាទរ។ ប៉ុន្តែត្រូវត្រៀមខ្លួនថា ជីវិតពិតរបស់យើងនឹងត្រូវប្រឈមជាមួយនឹងកិច្ចការជាច្រើន ដែលយើងត្រូវដាក់ទិសដៅ ហើយខំប្រឹងឱ្យច្រើនទៀត។ ទៅមុខទៀត គឺជាការចូលប្រលូកក្នុងពិភពពិតហើយ។ ពិភពពិតមិនអាចល្អឥតខ្ចោះ ដូចកាលយើងនៅរៀនទេ។ និយាយអញ្ចេះគឺថាការទទួលខុសត្រូវ ការរៀបចំ កាលពីយើងរៀនពីថ្នាក់មត្តេយ្យ បឋម រហូតដល់ថ្នាក់ទី១២ ភាគច្រើនគឺគេរៀបចំឱ្យទាំងអស់ … យ៉ាងច្រើន អ្នកខ្លះត្រូវដូរសាលាតែប៉ុណ្ណោះ ប៉ុន្តែកម្មវិធីសិក្សាទាំងអស់គឺដូចគ្នា។ ក្រសួងអប់រំរៀបចំទាំងអស់។ មិនបាច់ព្រួយទេ ដឹងតែទៅរៀន។ ម៉ោងណារឿនស្អី។ រៀនមេរៀនហ្នឹង ប្រឡងឱ្យជាប់ទៅ។ ភាគច្រើនឪពុកម្តាយជួយក្មួយៗ។ យើងនៅក្មេងៗ ឪពុក-ម្តាយខិតខំរកលុយទិញខោអាវ ទិញសម្ភារៈឱ្យយើងរៀន ទិញកង់ ទិញម៉ូតូ កន្លែងខ្លះទិញស្មាតហ្វូន។ ប៉ុន្មាននាក់មានស្មាតហ្វូននៅនេះ។ លើកដៃ? ច្រើន។ ដាក់ដៃចុះ។ អ្នកណាមានទូរស័ព្ទលើសពីមួយ? មាន។ ប៉ុន្មាននាក់ទិញទូរស័ព្ទដោយលុយខ្លួនឯងជាអ្នករកបាន? មាន ២ទៅ ៣នាក់។ ប៉ុន្មាននាក់ដែលឪពុកម្តាយទិញឱ្យ? សឹងទាំងអស់។
(១២) រើសជំនាញអី្វក៏ដោយ ត្រូវខំរៀនឱ្យចប់ ឱ្យអស់លទ្ធភាព កុំបោះបង់ចោល
ចាប់ពីពេលនេះទៅ ប្រហែលជាយើងមិនអាចទៅសុំឪពុកម្តាយទៀតទេ។ យើងអាយុ ១៨ឆ្នាំហើយ។ យើងចេញ(ទៅពិភពនៃសង្គមពិត)ហើយ។ នៅថ្នាក់មហាវិទ្យាល័យ យើងចេញទៅធ្វើការខ្លួនឯងហើយ។ នេះហើយដែលថាយើងនឹងប្រឈម និងមានការទទួលខុសត្រូវកាន់តែច្រើន។ មកដល់ផ្លូវបំបែកនេះ ការដែលយើងសម្រេចចិត្តជ្រើសរើសទៅណា រើសធ្វើអី សូមដាក់ចិត្តដូចយើងប្រឡងបាក់ឌូប្លិ៍អញ្ចឹង។ ក្នុងការប្រឡងបាក់ឌូប្លិ៍ បើយើងរៀនមួយថ្ងៃ ស្អែកឡើងអត់រៀន ថ្ងៃនេះរៀនស្អែកឡើងបាក់ទឹកចិត្ត ថាមិនបាច់ប្រឡង និងដោយមួយថ្ងៃមានតែ ២៤ម៉ោងបើសិនយើងត្រៀម ២ខែសម្រាប់រៀន តែក្នុងមួយថ្ងៃៗ យើងរវល់តែរវើរវាយម្តងរៀន, រៀនបាន ២ថ្ងៃ ឈប់រៀន គិតថាយើងប្រឡងមិនជាប់ អញ្ចឹងក៏មិនអាច(សម្រេចបាន)លទ្ធផល(ដែរ)។ ពេលក្មួយចេញទៅ(រៀននៅមហាវិទ្យាល័យក៏)ដូចគ្នា។ ចប់ពីនេះទៅ ត្រូវរើសខ្លួនឯង។
អ្នកខ្លះរើសទៅមហាវិទ្យាល័យ។ រើសជំនាញអីក៏ដោយ ត្រូវខំប្រឹងរៀនវាឱ្យចប់ ខំប្រឹងឱ្យអស់លទ្ធភាព កុំរៀនបាន ២ឆ្នាំ បោះបង់វាចោល។ ខាតអត់ប្រយោជន៍។ សាលារៀនបង្រៀនយើង៥០%។ ក្រៅពីហ្នឹងសមត្ថភាពដែលយើងចេញពីរៀន ទៅធ្វើការជាក់ស្តែង។ គ្រាន់តែអ្នកខ្លះធ្វើការមុន អ្នកខ្លះធ្វើការក្រោយតែប៉ុណ្ណឹង។ អ្នកខ្លះចេញទៅធ្វើការ អ្នកខ្លះចេញទៅរៀន ៤ឆ្នាំទៀត អ្នកខ្លះ(រៀន) ៦ឆ្នាំ ហើយធ្វើការ អ្នកខ្លះរៀនផងធ្វើការផង។ ប្រមូលផ្តុំ(ការផ្ចង់លើ)ការរៀនសូត្រ ធ្វើអីក៏ដោយ យកចិត្តទុកដាក់ចំពោះអ្វីដែលយើងធ្វើ។ យើងខំប្រឹងរៀនបាននិទ្ទេស A ទោះមិនមែនប្រឡងបាក់ឌូប្លិ៍ រៀនប្រចាំឆ្នាំ ប្រឡងឆមាស ត្រីមាសក៏ដោយ ធ្វើការដូចគ្នា ដាក់ចិត្តឱ្យត្រូវ ទើបយើងរកឃើញនូវភាពជោគជ័យ។
(១៣) ត្រៀមរស់ក្នុងពិភពពិត ឈានទៅជាមេគ្រួសារ រ៉ាប់រងជីវិតកូនចៅជំនាន់ក្រោយ
ក្មួយៗដែលចូលនៅទីនេះ ទន្ទឹមនឹងអបអរសាទរ ក្មួយៗអាចយល់ថាពូនិយាយបន្លាច។ អត់បន្លាចទេ និយាយការពិត។ ក្មួយមានសេរីភាព ឯករាជ្យភាព ម្ចាស់ការលើជីវិត។ នេះជាចំណុចផ្លូវបំបែក។ យើងត្រៀមលក្ខណៈរបស់យើង។ យើងត្រៀមរស់នៅក្នុងពិភពពិតប្រាកដ។ យើងត្រៀមលក្ខណៈដើម្បីឈានមួយជំហានទៀតទៅជាមេគ្រួសារ ទៅជាអ្នកដែលទទួលរ៉ាប់រងរឿងជីវិតកូនចៅជំនាន់ក្រោយ។ មេរៀនដែលក្មួយរៀន ១២ឆ្នាំនេះ នឹងជាមូលដ្ឋានមួយចំនួនសម្រាប់ក្មួយយកទៅធ្វើការ កសាងមូលដ្ឋានជីវិត ភាពជោគជ័យបន្ថែមទៀត មិនថានៅក្នុងការងារ ឬរៀនសូត្របន្ថែម។ អញ្ចឹង សូមបន្តប្រើប្រាស់ទិដ្ឋភាពវិជ្ជមាន … ព្រោះកុំភ្លេចថា បញ្ហាប្រឈម ចំណុចខ្លាំងចំណុចខ្សោយ អ្នកដែលឈរដោះស្រាយមុនគេបង្អស់គឺខ្លួនឯង។ ឪពុកម្តាយលែងមកទៀតហើយ។ ឪពុកម្ដាយជួយបានខ្លះ ប៉ុន្តែលែងពេញដូចមុនហើយ។ ផ្ទុយទៅវិញ ត្រូវដាក់ចិត្តខ្លួនយើងថា យើងត្រូវតែជាទ្រព្យសម្រាប់គ្រួសារ … ខ្ញុំឃើញតាមហ្វេកប៊ុក ឪពុកម្តាយក្រីក្រ ជីវភាពលំបាក ខំប្រឹងតស៊ូឱ្យកូនប្រឡងជាប់និទ្ទេស A ឬប្រឡងជាប់បាក់ឌូប្លិ៍ ទោះមិនបាននិទ្ទេសA ឬបានរៀនដល់ថ្នាក់ទី១២ … ដល់ពេលហើយដែលខ្លួនត្រូវចេញទៅបង្ហាញស្នាដៃ ដើម្បីជួយខ្លួនឯងជួយគ្រួសារវិញ។
(១៤) ម្ចាស់ការខ្លួនឯង ពីមួយជំហានទៅមួយជំហាន ចាកចេញពីស្ថានភាពជាប្រទេសក្រីក្រ
នេះជាតថភាពជាក់ស្តែង។ ថ្នាក់ទី១២ នេះឯង ស្ថិតនៅលើផ្លូវបំបែក។ ផ្លូវបំបែកនៅត្រង់ថាយើងត្រូវទទួលខុសត្រូវ។ ផ្លូវបំបែកដែលយើងត្រូវតែវិវត្ត។ នេះមិនខុសពីរដ្ឋាភិបាលដែលត្រូវសម្រេចចិត្តចេញពីប្រទេសក្រីក្រឬទេ។ ឆ្នាំនេះ យើងបានសម្រេចចិត្ត(ថាចាកចេញហើយ)។ មុននឹងសម្រេចចិត្តចេញ(ដូចនេះ) ធនាគារពិភពលោក ជាដៃគូបានមកសួរបញ្ជាក់ថាតើ “យើងចេញឬមិនចេញ”។ យើងគ្មានជម្រើស។ យើងមិនអាចនៅដេកដួល ផ្អែកលើការជួយរបស់គេរហូតទេ។ បើយើងនៅជាប្រទេសក្រីក្របំផុត LDC គេឱ្យលក្ខខណ្ឌអនុគ្រោះច្រើនដូចជាពន្ធស្អីៗ សម្រាប់ការនាំចេញ។ ប៉ុន្តែ ដើម្បីរក្សាស្ថានភាពនោះ វាទាល់តែជីវភាពរស់នៅ/ប្រាក់ចំណូលរបស់ប្រជាជននៅទាប ក្រោម(កម្រិតកំណត់)ប៉ុណ្ណេះ បើលើសពីហ្នឹង គេមិនទទួលឱ្យទេ។ អញ្ចឹង តើយើងនៅសុខចិត្តខំប្រឹងមួយរស់ៗ កុំឱ្យប្រជាជនយើងមានបានឬ? មិនអាចទេ។ យើងត្រូវតែហ៊ានដាក់ទិសដៅថា យើងត្រូវម្ចាស់ការខ្លួនឯងពីមួយជំហានទៅមួយជំហាន ទោះបីជាប្រទេសផ្សេងៗលែងជួយក្នុងលក្ខខណ្ឌពេញក៏ដោយ ដើម្បីឱ្យយើងខំប្រឹងដោយខ្លួនឯង។
(១៥) អ្វីដែលលំបាក តែមិនអាចសម្លាប់យើងបាន នឹងធ្វើឱ្យយើងរឹងមាំ
ក្មួយៗក៏ដូចគ្នា (មិនអាច)សុំថា មិនធំបានទេ។ ខ្ញុំមិនប្រឡងជាប់បាក់ឌូប្លិ៍ ដោយសារខ្ញុំមិនចង់ធំ។ មិនបានទេ។ មិនអាចនៅ១៦ ឆ្នាំឬ១៧ ឆ្នាំរហូតទេ។ យើងត្រូវតែកើន។ កុំខ្លាចប្រឈមនឹងអ្វីដែលនៅខាងមុខយើង។ ដែលយើងចេញទៅម្ចាស់ការលើខ្លួនឯងនេះ វានឹងអាចជួយឱ្យយើងកាន់តែរឹងមាំ។ នៅពេលដែលយើងធ្វើអ្វីៗផ្សេងៗ ក្រៅពីមានឪពុកម្តាយនៅក្បែរ ឪពុកម្តាយចង្អុលបង្ហាញ វាជួយធ្វើឱ្យយើងកាន់តែរឹងមាំ។ នេះដែលធ្វើឱ្យយើងទុកចិត្តលើខ្លួនឯង ម្ចាស់ការលើខ្លួនឯង។ ក្មួយៗត្រៀមលក្ខណៈចុះ។ ប៉ុន្មាននាក់ត្រៀមធ្វើម្ចាស់លើខ្លួនឯង, លើកដៃមើល? បានតែពាក់កណ្តាល។ ប៉ុន្មាននាក់ចង់ឱ្យឪពុកម្តាយនៅបន្តជួយយើងរហូត? មានអ្នកលើកដៃមួយដែរ។ សង្ស័យកូនពៅតែម្តង។ កូនពៅស្រីទៅណាក៏ម៉ែមិនឱ្យទៅដែរ។ តែក៏មិនមែនថានៅផ្ទះជាមួយម៉ែ នៅពឹងម៉ែទេ ត្រូវជួយម៉ែតទៅ … សូមយកបទពិសោធដែលក្មួយបានទទួលលទ្ធផលល្អនៅថ្ងៃនេះ ជាកត្តាបង្ហាញថា ដែលខ្ញុំខំប្រឹងកាន់តែខ្លាំង ខ្ញុំបានលទ្ធផលកាន់តែល្អ។ ធ្វើការងារដូចគ្នា។ ជីវិតយើង អត់មានត្រូវថយទេ។ កាន់តែលំបាកកាន់តែប្រឈម។ យើងត្រូវខំប្រឹងកាន់តែខ្លាំងទើបយើងរឹងមាំ។ សូមជឿទៅលើអ្វីដែលជាកត្តាជាក់ស្តែង។ អត់មានអីងាយស្រួលទេ។ គេថាស្អីដែលលំបាក តែមិនសម្លាប់យើង ធ្វើឱ្យយើងរឹងមាំ។ គ្មានអ្នកណាសម្លាប់យើងបានក្រៅតែពីយើងទៅបិទផ្លូវ/ច្រកខ្លួនឯងសម្រាប់ការវិវត្តនៃជីវភាពរស់នៅនោះទេ។
(១៦) កុំមើលតែអ្វីដែលមិនមាន ភ្លេចមើលអ្វីដែលមាន ភ្លេចប្រៀបធៀបខ្លួននឹងអ្នកស្មើនិងមានសំណាងតិចជាង
យើងបានខំប្រឹង។ ពេលខ្លះយើងបរាជ័យ។ ពេលខ្លះយើងជោគជ័យ។ ប៉ុន្តែកុំភ្លេចងាកមើលក្រោយផង។ កុំមើលតែអ្វីដែលទៅមុខ។ មើលអ្វីដែលយើងអត់មាន។ កុំភ្លេចមើលអ្វីដែលយើងមានផង។ អ្នកខ្លះដោយសារតែមានអារម្មណ៍ប្រៀបធៀបខ្លួនឯងជាមួយនឹងគេ ភ្លេចប្រៀបធៀបខ្លួនឯងជាមួយនឹងការវិវត្តខ្លួនឯងពីប៉ុន្មានឆ្នាំមុន ហើយភ្លេចប្រៀបធៀបខ្លួនឯងជាមួយអ្នកនៅស្មើ ឬមួយអ្នកដែលមានសំណាងតិចជាងយើង។ កាលពីខ្ញុំនៅកងទ័ពក៏ដូចគ្នា។ ចេញពីសាលានាយទាហានសកម្ម ជួនកាលមួយជំនាន់ហ្នឹង ចេញមកពាក់ស័ក្តិ៣។ ជំនាន់ជាមួយគ្នា អ្នកខ្លះនៅស័ក្តិ២។ ឡើងមិនទាន់។ អ្នកខ្លះហេងទៅបានឡើងស័ក្តិ៤។ មួយចំនួនអង្គុយប្រៀបធៀបតែម្នាក់ឬ២ នាក់ ស័ក្តិ៤ ភ្លេចគិតពីជំនាន់ជាមួយគ្នា(ដែលគេមានស័ក្តិទាបជាងយើង)។ (រូចក៏)បាក់ទឹកចិត្ត។ កុំយកអារឿងមួយៗនេះមក … កុំយករឿងគេផ្សេងមកប្រៀបធៀបជាមួយខ្លួន។ ត្រូវប្រៀបធៀបខ្លួនឯងជាមួយខ្លួនឯង ហើយយកជាមោទនភាពបន្តទៅទៀត។ ការយករបស់ក្រៅខ្លួនមកប្រៀបធៀបនេះ (មិននាំឱ្យមានសុទិដ្ឋិនិយមទេ)។ មិនខ្វះទេ អ្នកដែលថា មើលអ្នកនេះមើលអ្នកនោះ មើលអញ្ចេះមើលអញ្ចុះ។
ត្រូវយកអ្វីដែលយើងមាន ប្រើមូលដា្ឋនដែលយើងមាន ដើម្បីពង្រឹងឈានទៅដល់កាន់តែរីកចម្រើន។ នេះគឺជាការពិត។ ក្មួយៗ ខ្លះ (យកមូលហេតុពីខាង)គ្រួសារក្រីក្រ ថា ខ្ញុំរៀនបានតែត្រឹមប៉ុណ្ណេះ មិនដូចកូនអ្នកមាន គេអាចទៅបន្ត។ ខ្ញុំជួបក្មួយៗខ្លះធ្វើការនៅរោងចក្រ។ គាត់អត់បានអាហារូបករណ៍ តែគាត់ទៅធ្វើការសន្សំលុយរៀនបាន master។ ពួកគាត់អត់មានម្ដាយឪពុកជួយមែន ប៉ុន្ដែគាត់មានឱកាស ចាប់យកឱកាសនេះ ទៅធ្វើការរកលុយខ្លួនឯង ហើយសន្សំលុយរៀនទៀត។ ថ្ងៃសៅរ៍ អាទិត្យ ពេលដែលមិត្តភក្ដិគាត់សម្រាក គាត់ធាក់កង់ កន្លែងខ្លះជិះពីខេត្តកំពង់ស្ពឺ មករៀននៅភ្នំពេញ។ ៤ឆ្នាំ បានសញ្ញាបត្រ។ គាត់ប្ដូរអាជីពរបស់គាត់ ទៅកន្លែងផ្សេង។ នេះជាអំណាចនៃការគិតវិជ្ជមាន មើលអ្វីដែលខ្លួនមាន ប្រើប្រាស់ឱ្យអស់លទ្ធភាព ហើយពង្រឹងវាទៅ ដើម្បីឈានទៅចាប់មួយជំហានទៀត។ កុំអង្គុយមើលគេ ប្រៀបធៀបគេ។ ការកើតមកអត់ដូចគា្នទេ។ សំណាងខុសគ្នា។
(១៧) គ្មានអ្នកជោគជ័យដោយមិនប្រឹងប្រែង កើតទុក្ខពីវាសនាទេ គឺមានតែប្រឈមដោះស្រាយបញ្ហា
ឧកញ៉ា លាង ឃុន នៅទីនេះ។ សូមអរគុណ ដែលក្រុមហ៊ុន ជីប ម៉ុង ជានិច្ចកាលតែងតែផ្ដល់ឱ្យនូវ tablet។ ខ្ញុំជួបអ៊ំស្រីម្ដាយបង ឃុន។ ចេញពី ប៉ុល ពត មកដៃទទេ។ មេម៉ាយចិញ្ចឹមកូនប៉ុន្មាននាក់។ ទម្រាំគាត់ខំប្រឹង សន្សំសំចៃ ប្រើចំណេះដែលមានរកស៊ីបន្ដិចបន្តួចតាំងពីតូចៗរហូតដល់ប៉ុណ្ណេះ។ យើងក៏ដូចគ្នា។ ចេញមក ឪពុកម្ដាយបើប្រៀបធៀបជាមួយគាត់ កន្លែងខ្លះក៏មានសំណាងជាង(ក្នុង)ពេលបច្ចុប្បន្ន បើប្រៀបធៀបជាមួយគាត់ពេលនោះ។ បើគាត់អាចរីកចម្រើនពីស្ដ្រីមេម៉ាយ ចិញ្ចឹមកូនតូចៗប៉ុន្មាននាក់ពីអត់មានអីទាំងអស់ ហើយអាចរីកចម្រើនបាន យើងក៏អាចមានលទ្ធភាពគ្រាន់តែត្រូវខិតខំប្រឹងប្រែង។ មិនមែនមានតែក្រុមហ៊ុន ជីប ម៉ុង ទេ គឺមានច្រើន។ អ្នក(ខ្លះ)ជោគជ័យតិច អ្នកខ្លះជោគជ័យច្រើន។ ប៉ុន្ដែមិនដែលមានអ្នកណាជោគជ័យដោយអត់មានខំប្រឹងទេ។ ខ្ញុំជួបពូៗខ្លះ អ៊ំៗខ្លះ ដែលគាត់ជោគជ័យ។ អ្នកខ្លះអាចជាកូនដង្ខៅ ពីមុនសង្គ្រាម។
មានឧកញ៉ាម្នាក់ ពីមុនឪពុកគាត់ជាម្ចាស់ទូក។ ប៉ុន្ដែជំនាន់ ប៉ុល ពត គេសម្លាប់ចោលស្លាប់អស់។ ចេញមកទទេ ប៉ុន្ដែខ្លួនគាត់មានចំណេះជំនាញដែលគាត់ធ្លាប់រៀនពីឪគាត់។ ក្រោយមកចាប់ផ្ដើមពីទូកតូច (រីកកាន់)តែធំ។ អ្នកខ្លះចាប់ផ្ដើមចេញពីរុញរទេះលក់ស្បែកជើង … ប៉ុន្ដែបន្ដិចម្ដងៗ ប្រឹងប្រែង(រហូតបានជោគជ័យ)។ ដំណើរជីវិត(យើងម្នាក់ៗ)ខុសគ្នា។ គ្មានអ្នកណាជោគជ័យដោយគ្មានការខំប្រឹងប្រែងទេ ហើយគ្មានអ្នកជោគជ័យណាដែល មួយថ្ងៃៗ អង្គុយតែកើតទុក្ខលើវាសនា ផឹកស្រា ដេកស្អាត … ដើម្បីជីវិតទៅ(មុខ) គេចបញ្ហាដើម្បីដេកថ្ងៃ នឹងបានរួចមួយថ្ងៃទៀតនោះទេ។ ផឹកយូរៗទៅ ក្រិនថ្លើម ពិបាកវិញ(ទៀត)។ មានតែប្រឈម(ជាមួយ)បញ្ហា ហើយដោះស្រាយ។ ក្មួយៗ ក៏ដូចគ្នា។ ក្មួយៗជិតប្រឡងជួបបញ្ហា ខ្លះរត់ទៅរកគ្រូ(គ្រូទាយ)រកអីហើយ (ប៉ុន្ដែខ្លួនឯង)មិនខំប្រឹងរៀន។ (ត្រូវ)រត់រកគ្រូបង្រៀន។ ឱ្យគាត់ជួយបង្រៀន។ ហ្នឹងហើយទើបក្មួយបាននិទ្ទេសA។ អ្នកណាមិនរៀនសោះ ហើយថ្ងៃប្រឡងហេង ទាយត្រូវ? ប្រហែលអត់មានទេ ព្រោះមិនមែន QCM ទាំងអស់ទេ។ សំណួរកន្លែងខ្លះត្រូវសរសេរ។ បើមិនចេះសោះ អត់(ជាប់)ទេ។
(១៨) ត្រូវបង្កើតឱកាសខ្លួនឯង ដើម្បីជាមូលដ្ឋានកសាងជីវិតឱ្យកាន់តែជោគជ័យ
នេះហើយជាការអនុវត្ដជីវិតបន្ដទៀតរបស់ក្មួយៗ។ សូមបញ្ជូនសារទៅក្មួយទាំងអស់ ទាំងនិទ្ទេសA មិនមែនA និងមិនទាន់ជាប់ គឺសូមបន្ដចាប់នូវអ្វីដែលខ្លួនមាន។ ទោះបីជាយើងមិនជាប់ក៏ដោយ ប៉ុន្ដែយើងបានថ្នាក់ទី១២ ហើយ គ្រាន់តែប្រឡងអត់ជាប់។ តើឱកាសស្អីខ្លះដែលយើងអាចធ្វើបាន? យើងមានទ្រព្យឪពុកម្ដាយជួយ យើងដើរផ្លូវណា? យើងអត់ទ្រព្យ តើយើងរកវិធីណា? បើឱកាសនៅមាន។ ខ្ញុំលើកឧទាហរណ៍ប្អូនស្រីម្នាក់ ដែលខ្ញុំបានជួបពេលចែកសញ្ញាបត្រ គាត់រៀនដល់ master ចាប់ផ្ដើមពីកូនអ្នកក្រីក្រ អត់មានលទ្ធភាព ឪពុកម្ដាយជួយអត់បាន។ គាត់មកធ្វើការយកប្រាក់ខែចាយខ្លួនឯង សន្សំសំចៃ បង់ថ្លៃសាលារៀន រហូតដល់ master ហើយប្ដូរការងារពីរោងចក្រទៅធនាគារ។ ជីវិតមនុស្សខុសគ្នា ប៉ុន្ដែឱកាសខិតខំចាប់ផ្តើមពីអ្វីដែលមាន ដើម្បីបង្កើននូវឱកាសបន្ថែមទៀត។ បើគេមិនបង្កើតឱកាសឱ្យ យើងត្រូវបង្កើតខ្លួនឯង តាមរយៈការខិតខំប្រឹងប្រែង។ មិនស្រួលទេ ប៉ុន្ដែបើយើងមិនធ្វើ ដឹងតែបរាជ័យ។ បើយើងធ្វើ៥០ លើ៥០។ ប៉ុន្ដែបើយើងធ្វើ៥០ នេះ អាចយកជាមូលដ្ឋានសម្រាប់កសាងឱ្យកាន់តែជោគជ័យថ្ងៃក្រោយ។ លើកកម្ពស់ឱកាសជោគជ័យកាន់តែខ្ពស់បន្ដទៅទៀត។ ជីវិតមិនយូរទេ ក្មួយៗ។ ម្នាក់ៗ យ៉ាងច្រើន១៥០ ឆ្នាំ។ ដេកអត់ធ្វើអីសោះក៏អស់មួយថ្ងៃ។ ខំប្រឹងក៏អស់មួយថ្ងៃ។ ច្បាមយកអ្វីដែលយើងមាន និងកសាងបង្កើតឱកាសនូវសម្រាប់ខិតខំប្រឹងប្រែងបន្ត។
(១៩) បណ្តុះបណ្តាលធនធានមនុស្សឱ្យខ្លាំង តាំងពីថ្នាក់បឋម ដល់ថ្នាក់ទី១២ ទាំងចំណេះដឹងនិងឥរិយាបថ
ត្រូវត្រៀមលក្ខណៈធនធានមនុស្សឱ្យខ្លាំង នៅពេលដែលយើងអាចគ្រប់គ្រងបាន។ បានន័យថា ពីថ្នាក់បឋមដល់ថ្នាក់ទី១២ នេះឯង ដែលក្រសួងអប់រំអាចពង្រឹងកម្មវិធីកសាងធនធានមនុស្សឱ្យរឹងមាំ។ ការពង្រឹងទាំងសមត្ថភាព ចំណេះដឹង ឥរិយាបថសំខាន់។ ពេលចប់ថ្នាក់ទី១២ គាត់អាចមានលទ្ធភាពចេញទៅ(ធ្វើការ)ហើយ។ អញ្ចឹង បើរឹងមាំពីក្រោម គឺល្អទាំងអស់គ្នា។ ល្អទាំងក្មួយៗ ដែល(មាន)សមត្ថភាពពិតប្រាកដ ចេញទៅធ្វើការពិតប្រាកដ ល្អទាំងកន្លែងការងារ។ មិនថារដ្ឋ អង្គការ វិស័យឯកជន តែយកបុគ្គលិកមកធ្វើការ គេចង់យកអ្នកដែលពូកែ អ្នកដែលជួយបាន។ កុំឱ្យសរសេរលិខិតមួយសន្លឹក ត្រូវប្រធានស្ថាប័នអង្គុយកែខ្លួនឯងដែរនោះ។ គេចង់បានអ្នកដែលបកប្រែភាសាឱ្យត្រូវ កុំឱ្យបកខុសន័យ។ និយាយត្រង់ ថ្ងៃមុនវិះនឹងអត់បាយដោយសារអ្នកបកប្រែ។ ទៅប្រជុំជាមួយយុវជននៅប្រទេសមួយ។ ប្រទេសជាមិត្តគាត់រៀបបាយ។ កាលហ្នឹងដូចជាប្រជុំនៅវៀតណាម។ យុវជននិងយុវជន។ គេរៀបបាយពីរកន្លែង។ មួយរៀបនៅកន្លែងប្រជុំ។ មួយទៀតរៀបនៅកន្លែងដែលមានទេសភាពល្អ ប៉ុន្ដែត្រូវជិះឡានពីរម៉ោង។
ខាងម្ចាស់ផ្ទះបានលើកសំណើមកថា អាចរៀបបាយពីរកន្លែង។ មួយកន្លែងទៀតទេសភាពល្អណាស់។ ខ្ញុំប្រាប់ថា មិនបាច់រៀបចំនៅទីនោះទេ ព្រោះត្រូវជិះឡាន២ ម៉ោង ហើយយើងប្រជុំដល់ម៉ោង១១ ហើយ។ ឃ្លានបាយ។ អ្នកបកប្រែថា “មិនបាច់រៀបចំបាយទេ”។ គាត់បកភ្លេចពាក្យ “នៅទីនោះ”។ ដល់ម្ចាស់ផ្ទះធ្វើភ្នែក(ឡិងឡង់)។ គាត់ថាគាត់ខំរៀបបាយហើយ ហូបបន្ដិចទៅ។ ពួកគាត់ក៏ហេវដែរ។ “ហូបនៅទីនេះក៏បាន”។ ខ្ញុំថាមិនបាច់រៀបចំបាយនៅកន្លែងដែលត្រូវជិះទៅ២ ម៉ោងនោះទេ។ អ្នកបកប្រែភ្លេចពាក្យ “នៅទីនោះ” វិះនឹងអត់បាយ។ ហេងដែលគេសួរ។ បើគេមិនសួរ រុញយើងឡើងឡានមកបាត់។ នេះជាអ្វីដែលខ្ញុំថារៀនឱ្យច្បាស់។ យើងច្បាស់បានយើងបាននិទ្ទេសA។ យើងច្បាស់បានយើងជាប់។ បទពិសោធនេះដូចគ្នា។ រៀនចប់ ធ្វើការអីមួយៗ ឱ្យច្បាស់។ កុំរវល់តែរារែកចិត្ត។ ឧទាហរណ៍ ទៅរៀនមហាវិទ្យាល័យឆ្នាំទី១ ខាងគ្រប់គ្រង។ រៀនបានមួយឆ្នាំ ឃើញមិត្តភក្ដិរៀន IT រត់ទៅ IT។ រៀនបានមួយឆ្នាំរត់មកខាងនេះ។ មួយឆ្នាំៗ បូកចូលគ្នាមិនច្បាស់ … ចេញទៅ(ធ្វើការ)អីអត់កើត …។
(២០) យើងធ្វើឱ្យសញ្ញាបត្រល្អ មិនមែនសញ្ញាបត្រធ្វើឱ្យយើងល្អទេ
ផ្ដោតចិត្តឱ្យបាន យើងនឹងមិនខាតពេលវេលាទេ។ ៤ឆ្នាំក្រោយ រវាងសិស្សពីរនាក់ ដែលម្នាក់(តស៊ូរៀនរហូតចប់ បានទទួលសញ្ញាបត្រ និងម្នាក់ទៀត)រវល់តែដូរ(មុខវិជ្ជា) មិនបានទទួលសញ្ញាបត្រ។ មិនមានអ្នកណាឱ្យសញ្ញាបត្រគ្រប់គ្រងមួយឆ្នាំ ITមួយឆ្នាំនោះទេ។ យើងរៀនអត់គ្រប់។ ដោយឡែក អ្នកចេញទៅ មានលំនឹងតស៊ូ គេបានសញ្ញាបត្រ ទៅរកការងារបាន ប្រកួតប្រជែងមុនយើងមួយជំហាន។ គ្មានស្អីល្អជាងស្អីទេ។ គ្មានជំនាញណាល្អជាងជំនាញណាទេ។ សំខាន់ចេះជំនាញច្បាស់ ល្អជាងអ្នកដែលអត់ចេះជំនាញច្បាស់។ ជឿខ្ញុំចុះ។ ថាអ្នកជំនាញ IT ល្អជាងជំនាញអ្វីមួយ ប៉ុន្តែបើអ្នក IT ចេះមិនច្បាស់ អត់មានសញ្ញាបត្រ ក៏ធ្វើមិនល្អដែរ។ គឺខ្លួនយើងដែលធ្វើឱ្យសញ្ញាបត្រល្អ មិនមែនសញ្ញាបត្រធ្វើឱ្យខ្លួនយើងល្អទេ។ ចាំទុក។ យើងជាអ្នកធ្វើឱ្យសាលាកាន់តែមានឈ្មោះល្បី មិនមែនសាលាធ្វើឱ្យយើង(ល្បីទេ)។ សាលាមួយៗដែលល្បី ទាល់តែសិស្សចញពីសាលាហ្នឹង មានសមត្ថភាពពិត ទៅធ្វើការល្អ។ ទាល់តែពេលរៀន សិស្សទាំងអស់ខំប្រឹងរៀន ចេញទៅច្បាស់ បានសាលាទំនើប។ មិនមែនឱ្យសាលាឈ្មោះល្អ សិស្សមិនល្អ យូរៗទាញឈ្មោះសាលាហ្នឹងទម្លាក់។ អម្បាញ់មិញ បានជួបកូនភ្លោះ១០គូ ដែលបាននិទ្ទេសA ដូចគ្នា។ ប៉ុន្តែខ្ញុំជឿថា ការប្រឡងបាក់ឌូប្លិ៍នេះ មិនមែនមានកូនភ្លោះតែ១០ គូហ្នឹងទេ។ មានអ្នកខ្លះបានពិន្ទុខុសគ្នា អ្នកខ្លះជួនកាលមួយជាប់មួយធ្លាក់ផង ។មិនមែនឱ្យតែភ្លោះ មួយជាប់មួយទៀតត្រូវតែជាប់ជាស្វ័យប្រវត្តិនោះទេ។ វាអាស្រ័យទៅលើខ្លួនយើង។
(២១) ផ្តោតលើសក្តានុពលដែលមាន ជំរុញប្រទេសឱ្យកាន់តែរីកចម្រើន
នេះជាអ្វីដែលខ្ញុំសូមផ្តាំ។ សូមមានទស្សនៈវិជ្ជមានសម្រាប់ខ្លួនឯង និងទស្សនៈវិជ្ជមានសម្រាប់ជាតិ។ ប្រទេសរបស់យើងមិនមែនជាប្រទេសអ្នកមាន ហើយមិនមែនជាប្រទេសដែលអត់មានបញ្ហានោះទេ។ គ្មានប្រទេសណាមួយលើលោកអត់បញ្ហានោះទេ។ តែយើងត្រូវផ្តោតទៅលើសក្តានុពលដែលយើងមាន ហើយត្រូវខិតខំជំរុញប្រទេសឱ្យកាន់តែរីកចម្រើន។ បើមួយថ្ងៃៗ អង្គុយតែកើតទុក្ខរឿងខ្មែរក្រហមសម្លាប់៣ លាននាក់ ប្រទេសយើងសង្គ្រាម៥០០ ឆ្នាំ នោះយើងអត់ធ្វើអីបាននោះទេ។ បើយើងអង្គុយតែសោកស្តាយ(ពេលវេលា) ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រដែលបាត់បង់ទៅ នោះយើងមិនបានក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយដាក់ទិសដៅដើម្បីក្លាយទៅជាប្រទេសដែលកាន់តែរីកចម្រើន និងចេញពីស្ថានភាពជាប្រទេស LDC នៅឆ្នាំ២០២៩ នោះទេ។ បើយើងអង្គុយសោកស្តាយស្ពានជ្រោយចង្វារត្រូវបានផ្តាច់ដោយសង្គ្រាម ហើយអត់កសាងឡើងវិញ យើងក៏គ្មានសាលនៅទីនេះដែរ។
(២២) ខិតខំដុសខាត់ទស្សនៈវិជ្ជមានសម្រាប់ខ្លួន និងទស្សនៈវិជ្ជមានដើម្បីជាតិ ដើម្បីជំរុញការរីកចម្រើន
ដោយសារយើងទទួលស្គាល់តថភាពសោកសៅរបស់ជាតិ ហើយយើងខំប្រឹងកសាងមូលដ្ឋានឱ្យកាន់តែរឹងមាំ ទោះបីយើងដើរក្រោយប្រទេសជិតខាង តែយើងខំប្រឹងដើម្បីឱ្យតាមទាន់គេ ហើយនឹងអាចវ៉ាគេនៅពេលខាងមុខ។ នេះជាអ្វីដែលយើងត្រូវធ្វើ ដែលក្មួយៗជាអ្នកភ្នំពេញ មានអ្នកខេត្ត អ្នកជីវភាពធូរធារ អ្នកក្សត់ខ្សោយ ប៉ុន្តែបានមកអង្គុយនៅទីនេះជាមួយគ្នា ត្រូវដាក់ទិសដៅខិតខំប្រឹងប្រែងជំរុញទាំងអស់គ្នា ជាទស្សនៈវិជ្ជមានសម្រាប់ខ្លួន និងទស្សនៈវិជ្ជមានដើម្បីជាតិ ទើបយើងមានមោទនភាពនិងជំរុញជាតិកាន់តែរីកចម្រើនតទៅទៀត។ ក្មួយៗទាំងអស់ មិនថាអ្នកជាប់និទ្ទេសA និទ្ទេសផ្សេងៗ ឬមិនជាប់នោះទេ សុទ្ធតែជាធនធានរបស់ជាតិរបស់គ្រួសារ។ ត្រូវយកទស្សនៈនេះពង្រឹងខ្លួនយើង ពង្រឹងគ្រួសារ និងពង្រឹងជាតិ ព្រោះគ្មានអ្នកណាមកធ្វើជំនួសយើងទេ មានតែកូនខ្មែរទាំងអស់គ្នា។ ទប់កុំឱ្យវាយគ្នា (ដូចប្រវត្តិសាស្ត្រ) ៥០០ឆ្នាំឡើងវិញ។ កុំឱ្យរញ៉េរញ៉ៃឡើងវិញ។ ត្រូវធ្វើយ៉ាងណាឱ្យមានសុខដុមនីយកម្ម។ បង្កើនឱកាសកាន់តែច្រើន។ រួមគ្នាកសាងជាតិទុកឱ្យជំនាន់កូនចៅកាន់តែល្អជាងយើង។
(២៣) មិត្តភក្តិជួយយើង ប៉ុន្តែការកសាងនិងការពារជាតិជារឿងរបស់យើង
(ត្រូវប្រកាន់យក)ទស្សនៈវិជ្ជមានសម្រាប់ខ្លួន និងទស្សនៈវិជ្ជមានសម្រាប់ជាតិ ទស្សនៈវិជ្ជមានសម្រាប់យើងទាំងអស់គ្នា ជាកូនខ្មែរ និងប្រទេសខ្មែរ ទើបយើងអាចដើរទៅមុខ។ មិត្តភក្តិជួយយើងបាន ប៉ុន្តែ(ការកសាងនិងការពារប្រទេសជាតិ)ជារឿងរបស់យើង។ យើងត្រូវរួមគ្នាធ្វើ។ នេះហើយដែលខ្ញុំមានមោទនភាពក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ក្រោយពីរបបប្រល័យពូជសាសន៍។ យើងបានរួបរួមគ្នា។ បើខ្មែរមិនត្រូវគ្នា ខ្មែរមិនអាចបញ្ចប់សង្គ្រាមទេ។ ចង់បញ្ជូន UN មកចាយលុយរាប់ពាន់លាន និងរាប់ម៉ឺននាក់នៅទីនេះ ក៏មិនអាចឱ្យខ្មែរឈប់វាយគ្នាដែរ។ ឥឡូវយើងឈប់វាយគ្នាហើយៗ (មានសុខសន្តិភាព)ដោយចីរភាព។ ប្រទេសផ្សេងៗ មករៀនពីយើងទៀត។ បើចង់ឈប់វាយគ្នា មានតែខ្មែរទាំងអស់ឯកភាពឈប់វាយគ្នា។ បើយើងចង់រួមគ្នាកសាងប្រទេសទាល់តែខ្មែរទាំងអស់រួមគ្នាពង្រឹង។ ក្មួយៗត្រូវមានមូលដ្ឋានឱ្យបានច្បាស់។ (ត្រូវមាន)ការគិតគូរពិចារណាទៅខាងមុខជាអ្នកចេះដឹងឱ្យហើយ។ ក្មួយៗគ្រប់អាយុ១៨ ឆ្នាំហើយ។ ត្រូវខិតខំស្រាវជ្រាវនិងគិតគូរឱ្យបានច្បាស់លាស់ ហើយបន្តរៀនសូត្រ។
(២៤) ពង្រឹងមូលដ្ឋានភាសាខ្មែរតាំងពីថ្នាក់បឋមឡើង “ជនជាតិខ្មែរត្រូវរៀនភាសាខ្មែរ”
ឥឡូវនេះ មានព័ត៌មានវិលវល់តាមបច្ចេកវិទ្យា មិនដឹងស្អីជាស្អី។ ថ្ងៃមុន នៅមិននៅទៅស្រែកថាខាងក្រសួងអប់រំដាក់បញ្ចូលភាសាវៀតណាមទៅក្នុងប្រព័ន្ធ។ គេថាភាសាជាតិ។ អត់មានទេ។ ខ្ញុំសូមបញ្ជាក់ ដរាបណាគណបក្សប្រជាជននៅដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា។ គ្មានដាក់ភាសាបារាំង គ្មានដាក់ភាសាអង់គ្លេសទេ។ ពីមុនសង្គ្រាម ចង់ប្រឡងបាក់ឌូប្លិ៍ ទាល់តែយើងចេះទាំងខ្មែរទាំងបារាំង ខេមរយានកម្មក៏មានភាសាបារាំង។ ឥឡូវអត់ទេ។ ភាសាបរទេសជាអាមេរិក អង់គ្លេស ជប៉ុន ភាសាស្អីជាភាសារៀនបន្ទាប់បន្សំ តែភាសាជាតិនៅក្នុងកម្មវិធីអប់រំរបស់ជាតិគឺភាសាខ្មែរតែមួយគត់។ ហេតុនេះហើយយើងដាក់ទិសដៅពង្រឹងសាលាបឋមសិក្សា។ យើងធ្វើយ៉ាងណាពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំ តាំងពីថ្នាក់បឋមឡើងមកដល់(លើ)។ យើងត្រូវធ្វើ។ គ្មានផែនការថាយើងភាសាណាមកជំនួសភាសាខ្មែរនោះទេ។ ជនជាតិខ្មែរត្រូវរៀនភាសាខ្មែរ។ មិនត្រឹមតែរៀនភាសាខ្មែរដោយសរសេរទេ។
(២៥) អភិរក្សនិងអភិវឌ្ឍភាសាខ្មែរ និងមិនលក់ភាសាជាតិ
ឥឡូវ GOOGLE ក្រែងមានភាសាខ្មែរដែរមែនទេ? ដោយសារយើងចង់ជំរុញ និងអភិវឌ្ឍភាសាខ្មែរនេះហើយ បានភាសាខ្មែរឡើងត្រឹមតែភាសាខ្មែរពីមុនស្លឹករឹត ក្រោយមកភាសាលើសៀវភៅ លើក្រដាសបោះពុម្ព ឥឡូវក្លាយទៅជាភាសាឌីជីថលទៀត។ ភាសាខ្មែរចូលទៅក្នុងប្រព័ន្ធឌីជីថលដើម្បីឱ្យកូនខ្មែរប្រើប្រាស់បានកាន់តែទូលាយ។ ពីមុនគេថាចង់ប្រើឌីជីថលទាល់តែយើងរៀនអង់គ្លេស ព្រោះអត់មានភាសាខ្មែរនៅក្នុង keyboard។ ឥឡូវយើងមាន។ កាលមុនយើងមានមួយចំនួន។ កាលនោះ ដូចជាឯកឧត្តម ឱម យ៉ិនទៀង បង្កើតខ្មែរ KIO។ ខ្ញុំទៅរៀនដែរ។ អក្សរ FK។ មាន KIO Khmer in Office … ប៉ុន្តែអត់ទូលំទូលាយនៅពេល internet កើត។ ឥឡូវ មិនបាច់ទាល់តែយើងសរសេរទេ ខ្ញុំអាន កាលពី៥ ឆ្នាំមុន … សរសេរខុសច្រើនណាស់។ ឥឡូវកាន់តែ(ល្អទៅ)។ សូម្បីតែ Google ក៏ចេះភាសាខ្មែរដែរ។ គួរតែមានមោទនភាព។ អញ្ចឹងបានអ្នកប្រើ Google ប្រយ័ត្ន។ ប្រយ័ត្នចុច speak ហើយនិយាយអីទៅ វាចូលទៅ search អីផ្សេងផ្តេសផ្តាស ជាប់ record ខ្ញុំអត់ដឹងទេ។ បានន័យថាការជំរុញ ការថែទាំ ការអភិរក្សភាសាខ្មែរ និងការលើកកម្ពស់ភាសាខ្មែរ គឺជាអ្វីដែលរាជរដ្ឋាភិបាល ក្រសួងអប់រំបានដាក់ចេញ។ យើងថែមទាំងជំរុញបង្កើនវាឱ្យទៅជាប្រព័ន្ធឌីជីថល ឱ្យទាន់សម័យ។ រុញភាសាខ្មែរឱ្យទាន់សម័យ។ កុំភ័យកុំព្រួយថារាជរដ្ឋាភិបាល ឬក្រសួងអប់រំលក់ភាសាជាតិ យកភាសាផ្សេងមកដាក់។ នេះជាព័ត៌មានប្រឌិតក្លែងក្លាយ … មួយថ្ងៃៗ មិនដឹងស្អីខ្លះទេ។ បើយើងអង្គុយឆ្លើយចំពោះព័ត៌មានប្រឌិតនេះ យើងមិនបាច់ធ្វើអីបានទេ។ ទាមទារឱ្យប្រជាជនយើង ទាំងយុវជន ទាំងមហាជន ស្រាវជ្រាវ ក្តាប់ឱ្យជាប់ទិដ្ឋភាពជាក់ស្តែងនៃគោលនយោបាយក្នុងការអភិរក្សភាសាជាតិ។
(២៦) បង្កើតកម្មវិធីពិព័រណ៍សៀវភៅឱ្យបានច្រើន និងជំរុញឱ្យក្មេងៗអានសៀវភៅ
ថ្ងៃមុន ក្រសួងអប់រំនិងក្រសួងវប្បធម៌សហការ រៀបចំទិវាប្រឡងសរសេរតាមអាននៅអង្គរ។ យើងប្រឡងប៉ុន្មាននាក់ ប៉ុន្តែជាការលើកទឹកចិត្ត។ ខ្ញុំសប្បាយចិត្ត។ ឥឡូវឃើញទិវា/កន្លែងលក់សៀវភៅ។ បើកពិព័រណ៍ម្តងៗមនុស្សទៅ។ ឪពុកម្តាយនាំកូនទៅទិញសៀវភៅអាន។ ខ្ញុំសូមលើកទឹកចិត្តឱ្យធ្វើកាន់តែច្រើន។ រៀបឱ្យកាន់ច្រើន។ កាលពី១០ ឬ២០ ឆ្នាំមុន យើងមិនសូវមានសៀវភៅទេ។ សូម្បីតែសៀវភៅបកប្រែមកភាសាខ្មែរ ក៏មិនសូវមានដែរ។ ឥឡូវមានទាំងសរសេរសៀវភៅសម្រាប់កូនក្មេងទៀត។ ខ្ញុំសូមជំរុញឱ្យក្មួយៗអានសៀវភៅ ព្រោះអានជក់។ ពីក្មេង ខ្ញុំមិនដែលមានសៀវភៅអានគ្រប់ទេ។ នៅសាលា មួយសាលាៗ ក្នុងបណ្ណាល័យ មានសៀវភៅតែ ៥ក្បាល សិស្សរាប់រយនាក់។ មានតែកត់ត្រាពីគ្រូយកមកទន្ទេញទេ។ ឥឡូវ សិស្សថ្នាក់មត្តេយ្យ ថ្នាក់បឋម មានសៀវភៅម្នាក់មួយក្បាល។ ខ្ញុំអានសៀវភៅចប់ទី១ នៅពេលដែលខ្ញុំទៅរៀននៅអាមេរិក។ អានចប់។ អានជក់។ កាលនោះជាសៀវភៅទស្សនវិជ្ជាសៀវភៅអី។ រៀនតាំងពីក្មេងៗ ជាជាងចំណាយលុយ ចំណាយពេលមើលទូរស័ព្ទដៃ។ ទិញសៀវភៅឱ្យកូនអាន ហើយមិនបាច់បង្ខំឱ្យគាត់អានសៀវភៅកម្រិតខ្ពស់ទេ។ សៀវភៅដែលគាត់ចាប់អារម្មណ៍ គំនូរជីវចលក៏ដោយ ឱ្យតែគាត់អាន។ ការរៀនសូត្រ ការអានសៀវភៅនឹងផ្តល់ចំណេះបន្ថែម …។
(២៧) កុំព្យូទ័រជាបន្ទាប់បន្សំ ត្រូវបង្រៀនសរសេរនិងអានដោយពឹងផ្អែកលើសៀវភៅ
ថ្ងៃមុន ដោយសារឃើញប្អូនម្នាក់បង្ហោះ និងថតកន្លែងពិព័រណ៍សៀវភៅមួយ ស្ងាត់ជ្រាបអត់មានមនុស្ស យើងគិតថាអត់មានអ្នកអាន។ តាមពិតវិធីសាស្រ្តគាត់សោះ។ គាត់ថតទៅដាក់សម្លេងរាងកម្សត់។ គាត់ទៅថតមុនគេបើក។ គាត់ថាបងប្អូនអើយសៀវភៅច្រើនណាស់ រាប់ម៉ឺនក្បាល។ ធំប៉ុណ្ណេះមិនគួរអត់មានអ្នកមកមើល។ ខ្ញុំឃើញកម្សត់ឱ្យក្រុមជំនួយការទៅមើលថាកម្សត់មែនអី? កន្លែងហ្នឹងអត់មានប្រជាជនអានមែន ឬយ៉ាងម៉េច? ទៅដល់ម៉ោង ១០ព្រឹក មនុស្សណែន។ គាត់ថតរូបឱ្យមើល និងមកប្រាប់វិញថាមនុស្សណែន ឪពុកម្តាយនាំកូនតូចៗទៅទិញសៀវភៅ និស្សិតទៅទិញសៀវភៅរៀន។ នេះហើយការរៀនខ្លួនឯង ការស្រាវជ្រាវខ្លួនឯង។ ទម្លាប់តាំងពីក្មេងទៅ។ តាមសាលារៀន យើងមានបណ្ណាល័យ រៀបតាំងពីបឋមកាន់តែល្អ។ កន្លែងខ្លះយើងដាក់តាំងពី computer lab បន្តិចបន្តួច ប៉ុន្តែ computer កុំយកវាជាគោល យកវាជាបន្ទាប់បន្សំបានហើយ។ ត្រូវបង្រៀនមនុស្សឱ្យសរសេរ ឱ្យអានពឹងផ្អែកលើសៀវភៅ/ក្រដាសនេះឱ្យមែនទែន។ កុំឱ្យថាសាលាខ្លះចាប់ផ្តើមទំនើបឈប់ដាក់បណ្ណាល័យសៀវភៅ។ កុំឱ្យសោះ។ ឥឡូវបារាំង និងប្រទេសមួយចំនួន សម្គាល់ថាសិស្សដែលរៀនពី tablet ហ្នឹងថយក្រោយ ហើយកែឱ្យសិស្សរៀនពីសៀវភៅវិញ។ ដោយឃើញចំណុចវិជ្ជមានថា រៀនក្នុង tablet សិស្សអាចស្រាវជ្រាវភ្លាមៗបាន ចែករំលែកព័ត៌មានជាមួយសិស្សបាន ប៉ុន្តែក៏ឃើញថាសិស្សដែលប្រើ tablet នេះ ការអានមានការផ្តោតអារម្មណ៍តិចមែនទែន។ គាត់អានបានបន្តិច គាត់ទៅចុចអីផ្សេង។ ខុសពីអានសៀវភៅ ដែលអ្នករៀនត្រូវផ្ចិតផ្ចង់អានទាល់តែចប់មួយៗ …។
(២៨) ត្រូវឱ្យសិស្សចេះគុណលេខដោយដៃ … ទំនើបយ៉ាងណា ក៏កុំចោលវិធីសាស្ត្រមូលដ្ឋាន
មុននឹងឱ្យឈប់ប្រើម៉ាស៊ីនគិតលេខ ត្រូវចេះគុណលេខដោយដៃ។ ប្រយ័ត្នថ្ងៃណាមួយអត់ម៉ាស៊ីន។ កុំចោលវិធីសាស្រ្តនេះ។ ទំនើបម៉េចក៏ដោយ កុំចោលមូលដ្ឋានឱ្យសោះ។ នៅក្នុងកងទ័ព ទោះបី GPS ក៏ដោយ ក៏គេមិនឱ្យនាយទាហាន ពលទាហាន ចាប់ផ្តើមដំបូងរៀន GPS ទេ។ គេឱ្យរៀនគូសផែនទីនៅលើដី។ មើលផែនទីនៅលើដី វាស់និយាមការប្រើត្រីវិស័យ ព្រោះឧបករណ៍នេះមិនអាចមានគ្រប់កន្លែងទេ។ ឧបករណ៍នេះ មិនអាចមិនខូចទេ។ ត្រូវប្រើមធ្យោបាយ ត្រូវរៀនហើយជំរុញការរៀនសូត្រ ការអាន ការផ្គត់ផ្គង់ឱ្យបានច្រើន ជាពិសេសបើនៅក្មេងៗពេក ក៏ដូចជាមិនចាំបាច់មាន computer ដែរ។ ថ្នាក់ទី១, ទី២, ទី៣នេះ ខ្ញុំថាបើមិនប៉ះ computer ក៏មិនខាតដែរ។ គ្រាន់តែឱ្យមើលតិចៗ ប៉ុន្តែដាក់ម៉ោងអានឱ្យច្រើន។ ចាំឡើងទី៤, ទី៥, ទី៦ ចាំយើងថែមម៉ោងឱ្យច្រើន ដើម្បីឱ្យគាត់រៀន។ បើគាត់ចាប់ផ្តើមពឹងទៅលើបច្ចេកវិទ្យាលើសម្ភារៈហ្នឹងតាំងពីថ្នាក់ទី១, ទី២ វាខាតផលប្រយោជន៍ពាក់ព័ន្ធនឹងការហ្វឹកហ្វឺនផ្សេងទៀត។
សូម្បីតែខាងសុខាភិបាល ឯកឧត្តម ឈាង រ៉ា ទោះបីទំនើបយ៉ាងម៉េចក៏ដោយ ក៏អត់ចោលថ្នាំបុរាណ វេជ្ជសាស្រ្តព្យាបាលបុរាណដែរ។ ឥឡូវមានថែមបញ្ចូល … ព្រោះអត់ចាំបាច់ប្រើថ្នាំគីមីទាំងអស់។ ពេលខ្លះចាក់តែម្ជុលវិទ្យាសាស្រ្តចាក់អីហ្នឹង។ ជីពចរមនុស្សនៅតែដដែល។ មនុស្សរៀនដូចគ្នាទេ … ផ្តោតអារម្មណ៍។ កុំចោលមូលដ្ឋាននេះ។ ខ្ញុំសុំថា ខណៈមានទំនើបកម្ម គប្បីយើងកុំចោល(កម្រិត)មូលដ្ឋានឱ្យសោះ។ ទាល់មានមូលដ្ឋានរឹងមាំ បានទៅប្រើបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព។ យើងម្ចាស់ការខ្លួនឯង។ ខ្ញុំគាំទ្រការរៀនភាសាខ្មែរ ការគិតលេខ ការបូកលេខ តាំងពីបឋម ពង្រឹងគណិតវិទ្យា ពង្រឹងអក្សរសាស្រ្តខ្មែរ ហើយថែមម៉ោងឱ្យច្រើន។ ភាសាបរទេសយើងអាចដាក់ខ្លះប៉ុន្តែមិនអាចឱ្យច្រើនពេកទេ។ ចាំដល់ថ្នាក់ធំបន្តិចទី៤, ទី៥, ទី៦ ដល់ថ្នាក់អនុវិទ្យាល័យថ្នាក់អី ហ្នឹងយើងបន្ថែម។
(២៩) បន្តកំណែទម្រង់ពង្រឹងភាសាជាតិនិងគណិតវិទ្យា ពីថ្នាក់បឋមដល់ថ្នាក់ទី១២
ថ្ងៃមុនខ្ញុំទៅកំពង់ឆ្នាំង ប្អូនស្រីម្នាក់បានសុំថាក្នុង២ម៉ោង/មួយសប្ដាហ៍ បន្ថែមអង់គ្លេសឱ្យច្រើន។ ខ្ញុំបានប្រាប់ថា ឯកភាពជាមួយក្រសួងអប់រំថាម៉ោងនេះ គួរតែដាក់ជាម៉ោងមូលដ្ឋានភាសាខ្មែរនិងគណិតវិទ្យាឱ្យច្រើន ភាសាបរទេសតិចបានហើយដើម្បីពង្រឹងមូលដ្ឋានភាសាជាតិ។ កុំឱ្យចប់ថ្នាក់ទី១២ សរសេរអក្សរខ្មែរអត់ត្រូវជួរ។ ក្រុម media របស់ខ្ញុំ ត្រូវមាត់តែរហូត។ មានដល់រដ្ឋលេខាធិការ មានដល់ប្រធាននេះប្រធាននោះ ស័ក្តិ៤, ស័ក្តិ៥ ជួនកាលសរសេរឱ្យខ្ញុំតែមួយឃ្លាហ្នឹងមើលមិនយល់។ អ្នកថតខ្លួនឯង មើលខ្លួនឯងសរសេរមក មើលមិនយល់។ គាត់រៀបពាក្យមើលមកដូចចាប់ដាក់។ យើងសរសេរកាត់ៗ ក្នុង text … ដល់ឱ្យគាត់សរសេរជាកថាខណ្ឌ គាត់ផ្គុំគ្នាកាត់ៗហ្នឹងទៀត។ វាបាត់នូវពាក្យភ្ជាប់ពាក្យអី។ តែងសេចក្តីសំខាន់ណាស់ … ជិះឡានមក ឃើញគេបង្ហោះរូប ៦ឆ្នាំនៃការព្យាយាមកសាងមេត្រីភាព បានការមែន។ គេថា៦ ឆ្នាំមុន ពេលដែលខាងស្រីគាត់បង្ហោះ ខាងប្រុសចូលទៅ comment ហើយថែម screenshot ហ្នឹងមកទៀត សុំធ្វើកូនប្រសារម្តាយបានអត់?
កុំប្រើភាសា text សរសេររៀបរាប់សេចក្តី។ ភាសានេះ អាមេរិកក៏កំពុងតែប្រឈមដែរ។ ក្មេងៗប្រើភាសា text ដែលគេហៅថាអក្សរកាត់។ អញ្ចឹងទៅតាមហ្នឹង … ថ្ងៃណាមួយ ក្នុង១០ ឬ២០ ឆ្នាំទៀត ក្មេងៗសរសេរសុទ្ធតែអក្សរ Emoji ទាំងអស់ ងាប់បាត់។ គេនិយាយគ្នា គេដាក់ Emoji ស្អី LOL។ យើងមើលមិនយល់។ មើលមួយខ្សែហ្នឹង ពេលខ្លះខ្ញុំមើលអត់យល់។ សរសេរភាសាខ្មែរ តែដាក់ភាសាឡាតាំង។ គេគ្នាគេមើលយល់។ ហ្នឹងសរសេរបាន ប៉ុន្តែកុំឱ្យចោលភាសាដែលសរសេរពិតប្រាកដនៅលើក្រដាស។ ត្រូវមានមូលដ្ឋាន។ នោះបន្ទាប់បន្សំចុះ។ ខ្ញុំសូមបន្តលើកទឹកចិត្តឱ្យក្រសួងអប់រំបន្តធ្វើការកំណែទម្រង់ពង្រឹងមូលដ្ឋានថ្នាក់បឋមដល់ថ្នាក់ទី១២ ឱ្យកាន់តែរឹងមាំជាពិសេសផ្តោតទៅលើភាសាជាតិគឺភាសាខ្មែរ គណិតវិទ្យា ជាពិសេសថ្នាក់មូលដ្ឋានបឋមសិក្សាឱ្យកាន់តែរឹងមាំ។ ឪពុកម្តាយមិនហាមឃាត់ក្មួយៗ ឱ្យចេះភាសាអង់គ្លេសទេ តែពីដើមទីមកត្រូវចំណាយពេលឱ្យច្រើនទៅលើភាសាជាតិ។ ពង្រឹងបន្ថែមទៀត ព្រោះភាសាសំខាន់។ ពេលដែលក្មួយៗចេញធ្វើការ ចេញរៀនសូត្របានដឹង។ យើងធ្វើអ្វីក៏ដោយ បើរៀបរៀងពាក្យពន្យល់មិនត្រូវទេ វាពិបាក។ ការនិយាយស្តីក៏ដូចគ្នា …។
(៣០) ប្រកាន់យកផ្នត់គំនិតវិជ្ជមាន ធ្វើឱ្យក្លាយជាធនធានមនុស្សសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ
ទន្ទឹមនឹងការអបអរសាទរ សូមឱ្យក្មួយៗដែលបានទទួលនិទ្ទេសA យកចិត្តទុកដាក់រៀនសូត្រស្រាវជ្រាវបន្ថែម ក៏ដូចជាខិតខំកសាងសមត្ថភាពទាំងចំណេះដឹង ទាំងឥរិយាបថ ស្វែងរកជោគជ័យតទៅមុខ … បើរៀនសូត្របន្ថែមត្រូវការ soft skill ហើយ soft skill នេះអាចរៀនខ្លួនឯង។ រៀនពីមើលគេ។ ចំណេះដូចគ្នាតែ soft skill គេហៅថាផ្នត់គំនិត។ យើងចង់ចេញទៅប្រកួតប្រជែងទាល់តែចេញទៅជំរុញខ្លួនឯង។ នេះហើយដែលខ្ញុំចាំពាក្យឯកឧត្តម សៅ សុខា … ខ្ញុំថាពូធ្វើម៉េចបានក្រុមជម្រើសជាតិយើងចេញទៅប្រកួតឈ្នះបានពិន្ទុច្រើន។ ពីមុនដូចរាងចាញ់ច្រាប។ គាត់ថាក្មួយ រឿងតែប៉ុណ្ណេះទេ។ បច្ចេកទេសយើងអត់ចាញ់គេទេ ល្បឿនយើងអត់ចាញ់គេទេ ប៉ុន្តែអ្វីដែលចាញ់គេគឺផ្នត់គំនិត។ ឮតែគេធ្លាប់លេខ១ ឆ្នាំទៅ យើងចាញ់គេបាត់។ ពេលដែលយើងដាក់ផ្នត់គំនិតថាអ្នកណាក៏ស៊ីផុយដែរ ផ្គុំជាមួយការខិតខំប្រឹងប្រែង ជាមួយបច្ចេកទេស ពេលខ្លះមិនបានទៅលេខ១ ក៏បានឡើងមក(ប្រកួតចុងក្រោយដែរ)។ បានន័យថា យើងហ៊ានលេងឱ្យអស់សមត្ថភាព។ ផ្នត់គំនិតអញ្ចឹងដែលក្មួយៗចេញទៅធ្វើការចេញទៅប្រកួតប្រជែងតស៊ូរៀនទៀត ដាក់ផ្នត់គំនិតជោគជ័យនេះ ផ្នត់គំនិតវិជ្ជមាន ធ្វើឱ្យខ្លួនក្លាយជាធនធានមនុស្សរបស់ជាតិ។ កុំធ្វើអ្វីដែលបំពានច្បាប់ និងសង្គម កុំលេងរឿងកាប់ចាក់ … មិនមានអ្នកដាវសាមូរ៉ៃនិទ្ទេសA ទេមើលទៅ … ប្រកាន់ខ្ជាប់សីលធម៌ គុណធម៌ និងឥរិយាបថដើម្បីក្លាយទៅជាបុគ្គលសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិទៅថ្ងៃមុខ។
សូមអបអរសាទរជាថ្មីជូនដល់លោកអ៊ំ ពូ មីង បងប្អូន ឪពុកម្ដាយ អាណាព្យាបាលដែលបានខិតខំជួយជំរុញបីបាច់ថែរក្សាចិញ្ចឹមកូនបានធំប៉ុណ្ណេះ។ សូមអរគុណ លោកគ្រូ អ្នកគ្រូ ទាំងអស់នៅទូទាំងប្រទេសដែលបានខិតខំជួយកូនរបស់យើង។ យើងម្នាក់មានឪពុកម្ដាយពីរ(គឺ)ឪពុកម្ដាយនៅផ្ទះនិងនៅសាលា ជួយអប់រំបណ្ដុះបណ្ដាល ជួយជំរុញលើកទឹកចិត្តចែករំលែកបទពិសោធចំណេះដឹងដល់ធនធានមនុស្សរបស់យើង។ អរគុណគណៈគ្រប់គ្រងសាលាទាំងអស់នៅទូទាំងប្រទេសរបស់យើង ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់នៅក្នុងការជំរុញវិស័យអប់រំ ជាមួយគ្នានិងការអនុវត្តនូវគោលនយោបាយផែនការរបស់ក្រសួងអប់រំរបស់យើង។ លទ្ធផលនេះគឺជាលទ្ធផលរួម។ ខ្ញុំសូមអរគុណដល់បណ្ដាសហគមន៍ សម្បុរសជននានាដែលជានិច្ចកាលបានជួយដល់សាលា ដូចដែលខ្ញុំសាកល្បងចុះមើលនៅទូទាំងប្រទេស។ ឃើញសាលាខ្លះគឺមានការចូលរួមគាំទ្រ(ពីសំណាក់ពួកគាត់)។
(៣១) ពង្រឹងទំនាក់ទំនងរវាងអាណាព្យាបាលនិងសាលា ឱ្យក្មេងរៀនសូត្រ និងធ្វើការងារសង្គម
ធនធានរបស់រដ្ឋមានមួយកម្រិត ប៉ុន្តែក្រៅពីនោះការជួយរបស់សហគមន៍ មាតាបិតា នៅក្នុងការជួយបន្ថែមដល់សាលា ក៏ដូចជាការអប់រំបន្ថែមដល់កូននៅផ្ទះជាកត្តាគន្លឹះ។ ការអប់រំមានតែ ៣ទេ។ អប់រំនៅសាលា អប់រំនៅផ្ទះ និងអប់រំនៅក្នុងសង្គម។ កត្តា២ ដែលយើងអាចគ្រប់គ្រងបានគឺនៅផ្ទះនិងនៅសាលា។ យើងពង្រឹង២នេះបាន នៅក្នុងសង្គម គឺឥទ្ធិពលដែលយើងអប់រំនៅផ្ទះនិងសាលានឹងជួយរៀបចំបរិស្ថានក្នុងសង្គម។ កាលពីជំនាន់ខ្ញុំ រៀន៧ថ្ងៃក្នុងមួយសប្ដាហ៍។ អ្នកណាដែលដើរលេងមិនសូវចូលក្រុមគេទេ ព្រោះភាគតិច។ ឥឡូវ កន្លែងខ្លះមិនដើរលេងទៅជាភាគតិចវិញ។ ត្រូវរួមគ្នានៅក្នុងសង្គម ទាំងឪពុកម្ដាយនីមួយៗណែនាំកូនកុំឱ្យខិល កុំឱ្យទៅណា ឱ្យចូលសាលា។ ឪពុកម្ដាយច្រើនដែលស្រលាញ់កូន ប៉ុន្តែខ្លះស្រលាញ់កូនគឺជាចំណុចខ្សោយ។ កូនខ្លះមកដល់ផ្ទះគឺរាបសា ចេញទៅក្រៅវាយគេរាប។ ជួនកាលដាក់គ្រូថែមទៀត ថាចេះតែបង្កាច់បង្ខូចកូន។
ថ្ងៃមុន នៅលើហ្វេសប៊ុក ម្ដាយជូនកូនទៅសាលា។ កូនខូច។ លោកគ្រូឱ្យទៅផ្ទះ។ ដល់ម្ដាយទៅច្រត់ចង្កេះដាក់គ្រូទៀត។ ហ្នឹងហើយដែលនៅក្នុងការកែទម្រង់ប្រព័ន្ធសិក្សា យើងពង្រឹងសាលា ធ្វើម៉េចភ្ជាប់សាលាជាមួយគ្រូ ជាមួយឪពុកម្ដាយដើម្បីសហការគ្នា។ ពេលដែលកូនគេចសាលាភ្លាមម្ដាយដឹង។ ជួនកាល ដោយសារព័ត៌មានម្ដាយមិនបានភ្ជាប់ការទាក់ទងជាមួយគ្រូ កូនទៅដល់យំស្រែក ស្រលាញ់កូនផង គិតថាគ្រូធ្វើដោយអយុត្តិធម៌។ ជាធម្មតា កូនទៅរាយការណ៍ប្រាប់ឪពុកម្ដាយមិនដែលថាខ្លួនខុសទេ។ តែហ៊ានរាយការណ៍ថាខ្លួនខុស ខ្លាចត្រូវថ្មោងថែម … ជំនាន់ខ្ញុំ ឪពុកអត់ជឿទេ។ តែហ៊ានទៅដល់ផ្ទះប្រាប់ថាអ្នកគ្រូវាយអត់ហេតុផល គាត់ដាក់ថែម។ គាត់ថាមិនជឿ។ ទំនុកចិត្តរវាងអាណាព្យាបាលឪពុកម្ដាយជាមួយសាលា។ ពីរនេះត្រូវពង្រឹងឱ្យជាប់ ដើម្បីឈានទៅដល់ការកែប្រែសង្គមមួយ ព្រោះសង្គមកើតដោយមនុស្ស។ បើក្មេងច្រើនខិតខំរៀនសូត្រល្អ ធ្វើការងារសង្គម សង្គមបរិស្ថានមួយក៏ល្អ អ្នកដែលនៅភាគតិចនឹងមកតាមគេ។
(៣២) ដាក់បទបញ្ជាឱ្យបង្ក្រាបក្រុមក្មេងទំនើងទាល់តែអស់ ទុកឱ្យសង្គមពេញដោយអ្នកធ្វើការល្អ
យើងមិនចង់អនុវត្តច្បាប់ទេ។ ថ្ងៃមុនខ្ញុំដាក់យុទ្ធនាការ(បង្ក្រាប) ក្រុមក្មេងទំនើង។ (ចាប់បានក្មេងទំនើង)នៅក្នុងពន្ធនាគារជាង២០០ នាក់។ អត់ទាន់លែង។ ត្រូវអប់រំ។ មិនមែនចាប់ហើយលែងវិញទេ។ អ្នកធ្វើបាបខ្លួនឯង ធ្វើបាបឪពុក-ម្ដាយ និងនាំគេខូចទៀត។ ប៉ុណ្ណឹងហើយនៅមានចេញមកទៀត។ ខ្ញុំដាក់(បទបញ្ជាឱ្យ)អភិបាលខេត្ត និងស្នងការខេត្ត រាជធានី ចេញបង្ក្រាបៗ ទាល់តែអស់។ ទុកអ្នកដែលធ្វើការល្អឱ្យនៅព្រៀបពេញសង្គមហ្នឹងទៅ។ យកល្អក្មួយៗ ឪពុក-ម្ដាយ អាណាព្យាបាល កុំឱ្យកូនចៅចេញមកដើរកាប់គេកាប់ឯង។ អ្នកខ្លះមកអួតសុទ្ធតែដាវមុតជាងគេ សុទ្ធតែនៅ(ក្នុង)កែបម៉ូតូ។ ថ្ងៃមុននៅកំពង់ស្ពឺ។ អរគុណដែលបានរាយការណ៍ជូនសមត្ថកិច្ច ទាំងមុខ លេខម៉ូតូ និងអាវុធដែលមាន។ យើងគ្មានបំណងធ្វើបែបនេះទេ។ យើងអនុវត្តច្បាប់ព្រោះយើងគ្មានជម្រើស។(បើបណ្តោយ)ធ្វើឱ្យខូចអនាគតក្មួយផង។ បើយើងមិនធ្វើ គាត់នៅតែខូច។ យកល្អកែខ្លួនឯងទៅ។ ឪពុកម្ដាយ និងសាលារួមគ្នាកែក្មួយៗ ឱ្យទាន់ពេល។
(៣៣) ពង្រឹងការសិក្សានិងឥរិយាបថថ្នាក់បឋម៦ ឆ្នាំ អនុវិទ្យាល័យនិងវិទ្យាល័យ ៦ឆ្នាំ នឹងបានធនធានមនុស្សល្អនិងរឹងមាំចូលរួមសកម្មនិងវិជ្ជមានដល់សង្គមជាតិ
ទៅកំពង់ស្ពឺថ្ងៃមុន សាលាដែលថែម២ ម៉ោង បានកែក្មេងច្រើន។ ក្មេងខ្លះឱ្យតែចប់ពេលល្ងាច ទៅសារ៉េកង់ដើម្បីបង្ហោះ។ ដល់ឥឡូវគាត់លែងបង្ហោះកង់។ គាត់ឱ្យម៉ែគាត់ជូនមករៀន។ មិនទាន់ដល់ម៉ោង((ទារឱ្យ)ជូនមករៀន។ ដល់អ៊ំឃើញក្មួយលែងបង្ហោះកង់ ចេញពីរៀនអ៊ំជួយបង្រៀនថែមទៀត។ ខ្ញុំគិតថាឪពុកម្ដាយ សង្គម និងក្មួយៗសំខាន់ណាស់។ ភ្ជាប់ទំនាក់ទំនងរវាងឪពុកម្ដាយនិងគ្រូឱ្យបានច្រើន ទុកចិត្តគ្នាឱ្យបានច្រើន លើកទឹកចិត្តគ្នាឱ្យបានច្រើន ជួយគ្នាឱ្យបានច្រើន នោះកូនអស់លេស លែងប្រើវិធីសាស្ត្រយកឪពុកម្ដាយជល់ជាមួយគ្រូបានហើយ។ ត្បិតឪពុកម្ដាយនិងគ្រូនិយាយគ្នាដឹងរឿងអស់ហើយ។ អញ្ចឹងកូនគ្មានជម្រើសណាក្រៅពីត្រង់កន្ទុយទេ។ អប់រំ ប្រដៅទាន់នៅក្មេង។ ថ្នាក់បឋម ថ្នាក់មធ្យមនេះ ពេលដែលគាត់រៀនចប់ ចេញទៅធ្វើការនៅសង្គមខាងក្រៅ គាត់ល្អ។ នៅអនុវិទ្យាល័យ គេហៅថាក្មេងជំទង់ឈាមរាវ។ ត្រូវ(អប់រំឱ្យបាន) … អាណត្តិនេះ យើងពង្រីក ក្រសួងអប់រំក៏មានការរៀបចំសាលាគំរូ សាលាជំនាន់ថ្មី។
យើងរៀបចំគណៈកម្មការពង្រឹងមួយទៀតសាកល្បង ៤២សាលា។ ឆ្នាំនេះពង្រីក ១០០សាលាថែមទៀត។ ធ្វើម៉េចពង្រឹងការអប់រំឥរិយាបទក្នុងសាលាថ្នាក់បឋមនេះឱ្យរឹងមាំ ទាំងមូលដ្ឋានគណិតវិទ្យានិងខ្មែរ មូលដ្ឋានចំណេះដឹងជំនាញ ភាសាខ្លះសំខាន់ៗ … បើបានរឹងមាំ ៦ឆ្នាំនេះល្អគឺកាត់បន្ថយភាពឈឺក្បាលនៅ ៦ឆ្នាំក្រោយ នៅអនុវិទ្យាល័យនិងវិទ្យាល័យ។ បើលែងសូវឈឺក្បាលរឿងរញ៉េរញ៉ៃ រឿងឥរិយាបទ ចប់ទី១២ ឆ្នាំ យើងនឹងបានធនធានមនុស្សមួយដែលកាន់តែរឹងមាំ ដែលល្អរួចហើយ ដែលអាចគិតគូរអ្វីអាក្រក់(អ្វីល្អ) អាចចូលរួមយ៉ាងសកម្មនិងវិជ្ជមានសម្រាប់សង្គមជាតិឱ្យកាន់តែល្អប្រសើរ។ ពង្រឹងកម្រិតមូលដ្ឋានក្នុងអាណត្តិនេះ គឺពង្រឹងបែបនេះ។ មូលដ្ឋានតាំងពីក្មេង អប់រំតាំងពីក្មេងតែម្ដង។
ថ្ងៃនេះ ក្មួយធ្វើដំណើរពីខេត្តមកចូលរួមក៏ច្រើន អាចមានឪពុកម្ដាយមកជាមួយផង បូកជាមួយថ្នាក់ដឹកនាំសាលាដែលបានចូលរួម។ ខ្ញុំសូមឆ្លៀតឱកាសនេះអរគុណឯកឧត្តមលោកជំទាវ លោក លោកស្រី លោកឧញ៉ា គណៈអធិបតី ភ្ញៀវកិត្តិយស ក្មួយៗសិស្សានុសិស្ស គណៈគ្រប់់គ្រងសាលា ឪពុកម្ដាយដែលបានចូលរួមនៅកម្មវិធីព្រឹកនេះ ដើម្បីយើងអបអរសាទរទាំងអស់គ្នា សមិទ្ធផលថ្មីបន្ថែមទៀត តំណាងឱ្យការខិតខំរួមគ្នាក្នុងការកសាងធនធានមនុស្ស ដែលមានការខិតខំប្រឹងប្រែងទទួលបានលទ្ធផលល្អ ក៏ដូចជាអបអរសាទសមិទ្ធផលប្រព័ន្ធអប់រំរបស់យើងដែលពីមួយថ្ងៃៗ មួយឆ្នាំៗកាន់តែប្រសើរ។ សូមជូនពរ និងប្រសិទ្ធពរថ្វាយប្រគេនពរព្រះតេជព្រះគុណ ក៏ដូចជាជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ និងអង្គពិធីទាំងមូលសូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច សុខភាពល្អ និងពុទ្ធពរ ពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃនេះ សម្រាប់ក្មួយៗសិស្សានុសិស្សបេក្ខជនប្រឡងនិទ្ទេសA ចំនួន ២ ២២៥នាក់ ម្នាក់ទួលបាន GALAXY TAB មួយគ្រឿងដោយក្រុមហ៊ុន ជីប ម៉ុង បានរៀបចំជូន ថវិកា២លានរៀលសម្រាប់ម្នាក់, នាយក/យិកា នៃគ្រឹះស្ថានសិក្សានានាដែលចូលរួមព្រឹកនេះសរុប៤៩៧នាក់ មួយនាក់ថវិកា១លានរៀល, សម្រាប់សាលាទាំង៤៩៧ដែលមានសិស្សជាប់និទ្ទេសA មួយសាលា៣លានរៀល, ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា៣លានរៀល, សូមអរគុណ៕