ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា រាជរដ្ឋាភិបាល
ថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគគម្រោងអភិវឌ្ឍទីក្រុង Mekong Quay
គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋអ្នកក្រុងអរិយក្សត្រ និង
អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដែលបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់ «ទីក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងរបស់ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និង ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត លើផ្ទៃដីទំហំប្រមាណ ២១០ ហិកតា ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ១]
សូមអរគុណចំពោះការចូលរួមដ៏ច្រើនកុះកររបស់លោកអ៊ំ ពូ មីង បងប្អូនក្មួយៗទាំងអស់ ដែលខ្លះអញ្ជើញមកតាំងពីម៉ោង ៣ ម៉ោង ៤ ម៉ោង ៥ ដើម្បីអបអរសាទរ។ ថ្ងៃនេះ ធ្លាក់ខ្យល់រំភើយ ខែកត្តិក។ អញ្ចឹងអ្នកមិនទាន់មានគូរ ជូនពរឲ្យឆាប់មានគូរ។
[ចប់សេចក្តីអធិប្បាយ១]
ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ជាពិសេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងបរិស្ថាន និង រដ្ឋបាលខេត្តកណ្តាល ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មជាមួយ ក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប និង ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ដើម្បីជំរុញអនុវត្តការងារសាងសង់គម្រោង «ទីក្រុងមេគង្គ ឃី» នេះ ឱ្យដំណើរការបានដោយរលូន និង ទទួលបានជោគជ័យតាមការរំពឹងទុក ។ ទន្ទឹមនេះ, ខ្ញុំក៏សូម អរគុណដល់ក្រុមការងាររបស់ក្រុមហ៊ុន និង ភាគីពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និង ខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវ និង ម្ចាស់ការ ដើម្បីចូលរួមចំណែក កសាងជាតិ និង មាតុភូមិកម្ពុជា ។
ការវិនិយោគសាងសង់គម្រោងកសាងទីក្រុងដ៏ធំនេះ, គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្សថា វិស័យអចលនទ្រព្យនៅកម្ពុជា បាន និង កំពុងងើបឡើងវិញជាបណ្តើរៗ ។ ខណៈដែលយើងកំពុងធ្វើដំណើរប្រកបដោយក្តីសង្ឃឹម ឆ្ពោះទៅរកការសម្រេច គោលដៅនៃចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០, ពោល គឺការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់, ការគិតគូរលើការងាររៀបចំដែនដី និង នគរូបនីយកម្ម គឺជាការងារដែលមិនអាចខ្វះបាន ។ ដើម្បីឱ្យកម្ពុជាក្លាយជាអារ្យប្រទេសដ៏ជឿនលឿន និង រុងរឿង, ជាការចាំបាច់ ដែលប្រជាជនយើងគ្រប់រូប ត្រូវមានលំនៅឋានរស់នៅសមរម្យ, ជាទ្រនំសុភមង្គលដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទូទៅ, ជាពិសេសស្រទាប់យុវជននាពេលបច្ចុប្បន្ន។
យើងដឹងថា ការងារនេះ គឺជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ពួកគាត់ ដែលចង់បានលំនៅឋានរស់នៅសមរម្យ, ជាជាងការប្រយុទ្ធតតាំងគ្នា ទៅលើបញ្ហានយោបាយណាមួយ ។ ខ្ញុំជឿជាក់ថា គម្រោង «ទីក្រុងមេគង្គ ឃី» នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និង ជំរុញកំណើនសេដ្ឋកិច្ចជាតិជារួមផង, តាមរយៈ ការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជ-កម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់កម្ពុជាផង។
ក្នុងន័យនេះ, ខ្ញុំសូមជំរុញ និង លើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរ ឱ្យបានច្បាស់លាស់លើការរៀបចំបណ្ដាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមមាន៖ ការសាងសង់ច្រាំងទន្លេ, ផ្លូវបើកបរយានជំនិះ, ផ្លូវថ្មើរជើង, ផ្លូវជិះកង់, ផ្លូវសម្រាប់រត់ហាត់ប្រាណតាមដងទន្លេ, កន្លែងកម្សាន្តសាធារណៈ, កន្លែងហាត់ប្រាណ និង ការរៀបចំជាសួនច្បារបៃតងតាមដងទន្លេ ក្នុងគោលបំណងលើកស្ទួយគុណភាពជីវិត, ផាសុកភាព និង ភាពស៊ីវិល័យ នៃការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសោភណភាព, ទស្សនីយភាព, សុវត្ថិភាព, បរិស្ថានល្អគួរឱ្យរស់នៅ និង អាចបម្រើផលប្រយោជន៍ សាធារណៈជារួម ផងដែរ។
ក្រោមម្លប់នៃសុខសន្តិភាព ដែលបានកើតឡើង តាមរយៈ នយោបាយឈ្នះ–ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ-កម្ពុជា, ប្រទេសយើងបានវិវឌ្ឍយ៉ាងខ្លាំង, មិនត្រឹមតែក្នុងទិដ្ឋភាពនៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងការប្រែប្រួលមុខមាត់នៃសង្គមជាតិទាំងមូលផង ។ កន្លងមក, បរទេសជាច្រើនបានឮអំពីប្រទេសកម្ពុជា, ភាគច្រើនតែលើទិដ្ឋភាពនៃសង្គ្រាមប្រល័យពូជសាសន៍, ភាពក្រីក្រ និង ចំការមីនប៉ុណ្ណោះ ។ ប៉ុន្តែ បច្ចុប្បន្ន, បរទេសដែលមកប្រទេសកម្ពុជា ជាលើកដំបូង ពួកគេតែងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការរីកចម្រើន និង ភាពទំនើបស៊ីវីល័យរបស់កម្ពុជា ដែលខុសទាំងស្រុងពីអ្វីដែលពួកគេធ្លាប់បានឮ ។ ហើយបរទេសដែលធ្លាប់មកលេងកម្ពុជា ក៏មានការភ្ញាក់ផ្អើលដូចគ្នា ជាមួយនឹងល្បឿននៃការរីកចម្រើន ដ៏អស្ចារ្យរបស់កម្ពុជា មិនថា នៅក្នុងទីក្រុង ឬ ទីជនបទ ។
ជាក់ស្តែង, កាលពីខែវិច្ឆិកាកន្លងទៅ យើងទើបតែបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ជាមួយនឹងភ្ញៀវទេសចរជាតិ និង អន្តរជាតិរាប់លាននាក់ ដែលបានមកកម្សាន្ត ក្នុងពិធីបុណ្យដ៏សែនអធិកអធមនេះ ។ ក្នុងខែដដែល, កម្ពុជាបាន ធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនំាកិច្ចប្រជុំចំនួន៤ ដោយជោគជ័យ (១) កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI), (២) មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី-លើកទី ១២ (ICAPP12), (៣) សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11), និង (៤) កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ និង មានការចូលរួមពីសមាជិកសភា, រដ្ឋាភិបាល និងគណបក្សនយោបាយពីបណ្តាប្រទេសជាច្រើន នៅលើពិភពលោក ។ រាជធានី-ភ្នំពេញបានប្រែខ្លួន ពីទីក្រុងនៃ “យុគឆ្នាំសូន្យ” (Year Zero) ទៅជាទីក្រុងដែលពិភពលោក ចាប់ផ្តើមស្គាល់ និងទទួលស្គាល់សាជាថ្មីថា ជាទីប្រមូលផ្តុំនៃកម្លាំងសេដ្ឋកិច្ច, វិនិយោគ និង ពាណិជ្ជកម្ម, ជាវេទិកានយោបាយ និង ការទូតអន្តរ-ជាតិ, ជាទីលានប្រជែងកីឡាមិត្តភាព, និង ជាទីកន្លែងផ្លាស់ប្តូរវប្បធម៌ចម្រុះដ៏រស់រវើក ។
ជាការពិត, មានកត្តាជាច្រើន ដែលបានរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ដ៏អស្ចារ្យរបស់កម្ពុជា ក៏ដូចជា រាជធានីភ្នំពេញ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ២]
(១) ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់មួយទៅតំបន់មួយជួយឱ្យមានការរីកចម្រើន
ក្នុងនោះ ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិសាស្ត្រ(នីមួយៗ) និងការភ្ជាប់ភូមិសាស្ត្រ ជាកត្តាសំខាន់។ ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិសាស្រ្ត មិនត្រឹមតែជួយសម្រួលដល់សកម្មភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសម្រួលដល់កំណើនសេដ្ឋកិច្ចនោះទេ ប៉ុន្តែជាការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជួយដល់ការរីកចម្រើនតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។ ពីទីនេះ ទៅរាជធានីភ្នំពេញ ខាងកោះនរា មិនឆ្ងាយទេ តែបើទៅឥឡូវ ទាល់តែហែលទឹក ឬជិះទូក។ បើគ្មានមធ្យោបាយទេ យើងទៅមិនរួចទេ។ សូមបងប្អូនកត់សម្គាល់ ហើយថតរូបបច្ចុប្បន្នទុក។ នៅទីនេះ គឺដីវាល មិនមានសកម្មភាពសេដ្ឋកិច្ចទេ ក្រៅពីស្មៅដុះ។ ប៉ុន្តែ ក្នុង ៥ទៅ ១០ឆ្នាំក្រោយ នឹងមានការប្រែប្រួលច្រើន។
(២) មិនថាតែនៅរាជធានីភ្នំពេញទេ គ្រប់ខេត្តទាំងអស់ត្រូវមានការអភិវឌ្ឍដូចគ្នា
កន្លែងដែលមានតែស្មៅដុះនេះ បន្តិចទៀតនឹងដុះសកម្មភាពសេដ្ឋកិច្ច ប្រជាពលរដ្ឋជាច្រើននឹងបានទទួលនូវការងារ និងរស់នៅ។ ពីដើមបានត្រឹមតែអង្គុយមើលពីត្រើយខាងលិចមក ហើយគិតថាបើបានរស់នៅត្រើយខាងអរិយក្សត្រប្រហែលជាល្អ ប៉ុន្តែពិបាកជិះទូកទៅធ្វើការ … ពីក្មេងខ្ញុំឧស្សាហ៍មកផ្ទះអ៊ំប្រសារនៅខាងអរិយក្សត្រ។ ឆ្លងកាណូត។ នៅខាងក្រោយផ្ទះ ជាវាលស្រែ។ ឥឡូវទៅជាក្រុងអ្នកអរិយក្សត្រ ទៅជាអ្នកក្រុងហើយ។ ឯកឧត្ដម គួច ចំរើន កំពុងតែភ័យថាការអភិវឌ្ឍ អាចនឹងឱ្យរាជធានីភ្នំពេញសុំកាត់ចូល(ពីខេត្តកណ្ដាល)។ ទន្លេជាព្រំដែនបែងចែកព្រំដែន។ កន្លងទៅមានប្រវត្តិដែលរាជធានីភ្នំពេញបានស្រូបយកស្រុកមួយចំនួនរបស់ខេត្តកណ្ដាល។ អញ្ចឹងខេត្តកណ្ដាលកំពុងតែភ័យ។ មិនមានចាំបាច់ថាទាល់តែការអភិវឌ្ឍនៅរាជធានីភ្នំពេញនោះទេ គឺត្រូវគ្រប់ខេត្តទាំងអស់ត្រូវមានការអភិវឌ្ឍដូចគ្នា។
(៣) ការតភ្ជាប់ស្ពានជ្រោយចង្វារឡើងវិញធ្វើឲ្យសេដ្ឋកិច្ចនៅត្រើយខាងកើតរីកលូតលាស់
ខ្ញុំចង់និយាយពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការតភ្ជាប់ស្ពាន។ យើងឃើញថា ពីឆ្នាំ១៩៧៩មក យើងមានស្ពានតែ ១កន្លះទេ នៅរាជធានីភ្នំពេញ។ មួយគឺស្ពានក្បាលថ្នល់ ឬស្ពានព្រះមុនីវង្សនេះ មួយទៀតគឺស្ពានជ្រោយចង្វារ ដែលដាច់មួយកំណាត់។ កាលពីក្មេង ខ្ញុំឧស្សាហ៍ជិះកង់ទៅកន្លែងដែលស្ពានដាច់ហ្នឹង។ មើលទៅឃើញតែសសរ២ហ្នឹង។ សសរកណ្ដាលបាក់បាត់ ព្រោះការដាក់(គ្រាប់បែក)កម្ទេច កាលវាយគ្នា។ ម្ខាងទៀតនោះ ជិះទូកទៅ។ មិនមានអីទេ មានសល់ខ្នងផ្លូវតែបន្តិចទេ។ ការតភ្ជាប់ស្ពានជ្រោយចង្វារបានធ្វើឲ្យសេដ្ឋកិច្ចនៅទិសខាងកើតរីកលូតលាស់ជាជំហានៗ។
(៤) ស្ពានព្រែកតាមាក់ និងផ្លូវជាតិលេខ៨ បានជំរុញសកម្មភាពសេដ្ឋកិច្ច
កាលពីតភ្ជាប់ស្ពានឡើងវិញដំបូងៗ បើតាមខ្ញុំចាំ សម្បូរភោជនីយដ្ឋាន(នៅត្រើយខាងព្រែកលាប)។ គេច្រើនតែណាត់ជួបគ្នានៅខាងត្រើយម្ខាង។ កាលពីក្មេងខ្ញុំឧស្សាហ៍ទៅខាងនោះដែរ ព្រោះមានអ័រកាដង់ មានកំប្លែងនាយកុយនាយក្រឹមអីអញ្ចឹង។ សេដ្ឋកិច្ចដើរ។ ឥឡូវតភ្ជាប់ស្ពានបន្ថែមទៀត នៅទិសខាងកើតកាន់តែរីក។ ព្រែកព្នៅក៏ដូចគ្នា។ ពេលដែលស្ពានព្រែកព្នៅតភ្ជាប់ សកម្មភាពសេដ្ឋកិច្ចទីនោះក៏កើន។ យើងឃើញថា ការតភ្ជាប់ពីផ្លូវជាតិ6A ទៅខាងខ្សាច់កណ្ដាល ទៅខាងវិហារសួគ៌ ដែលយើងតភ្ជាប់ស្ពានព្រែកតាមាក់ ផ្លូវជាតិលេខ៨ ក៏បានជំរុញសកម្មភាពសេដ្ឋកិច្ច ដោយមានរោងចក្រទៅដាក់នៅទីនោះ។
(៥) ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនឹងធ្វើឲ្យតំបន់ភាគខាងកើតទន្លេមេគង្គរីកលូតលាស់
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនឹងធ្វើឲ្យតំបន់ភាគខាងកើត(ទន្លេមេគង្គរីកលូតលាស់)។ យើងនឹងមានការរីក(លូតលាស់)ទាំងភាគខាងលិចទាំងភាគខាងកើត។ ពីមុនសង្គ្រាម យើងរីកនៅភាគខាងលិច។ រាជធានីភ្នំពេញយើងរីកនៅភាគខាងលិចនៃទន្លេសាប។ តាមពិសោធន៍ជាក់ស្ដែង នៅបណ្ដាប្រទេសជាច្រើន ដូចជានៅកូរ៉េ មានទន្លេហាន។ ពីមុនគាត់រីកនៅត្រើយខាងិចទន្លេ។ ក្រោយមក កូរ៉េក៏ពង្រីកការអភិវឌ្ឍទៅទិសខាងកើតដូចគ្នា។ យូរៗទៅ ការរីក(ចំរើននៃក្រុង)នឹង symmetric គ្នា។ នៅបាងកក មានទន្លេចៅប្រាយ៉ា (ក៏ប្រវត្តិនៃ)រីក(លូតលាស់ចាប់ផ្តើម)ពីខាងលិច មកខាងកើតដូចគ្នា។ អញ្ចឹង ខ្ញុំមានសុទិដ្ឋិនិយមថា ភាគខាងកើតទន្លេ(មេគង្គ)នៅអរិយក្សត្រនេះ មិនយូរមិនឆាប់ ភាគខាងអរិយក្សត្រយើងនឹងក្លាយទៅជាតំបន់សក្ដានុពល(មានការរីកលូតលាស់ជាមិនខាន)។
(៦) ក្រុងអរិយក្សត្រ នឹងក្លាយជាក្រុងឧស្សាហកម្ម សេវាកម្ម មានហេដ្ឋារចនាសម្ព័ន្ធទំនើប
ក្រោយពីមើលឯកសារយប់ម៉ិញ ប្រហែលជាម៉ោង ១ឬ២អាធ្រាត ក៏ចុច satellite មើល។ ទន្លេមេគង្គ(នៅមុខព្រះបរមរាជវាំងបានបែកជា)ទន្លេមុខ៤។ នៅត្រើយខាងលិច សុទ្ធតែអគារ។ មើលនៅត្រើយខាងកើត ដែលតភ្ជាប់ដោយស្ពានជ្រោយចង្វារ នៅខាងព្រែកលៀបអីក៏មានអគារធំៗ រហូតទៅដល់ព្រែកភ្នៅ។ តែនៅខាងអរិយក្សត្រ នៅជាវាលស្រែច្រើន។ ទៅថ្ងៃមុខ ការតភ្ជាប់នឹងឈានទៅបង្កើត មិនមែនថា ក្រុងអរិយក្សត្រ គ្រាន់តែជាជាក្រុងកសិកម្មទេ ប៉ុន្តែជាក្រុងឧស្សាហកម្ម ក្រុងសេវាកម្ម ដូចនៅម្ខាងទៀតដែរ។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ ដែលឥឡូវភាគច្រើនជាកសិករ នឹងមានការប្រែប្រួល (ដោយនឹងមាន)រោងចក្រសហគ្រាស ទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទំនើប ដែលសំរួលអោយប្រជាពលរដ្ឋមករស់នៅទីនេះ។ នេះជាសុទិដ្ឋិនិយម ដែលខ្ញុំគិតថា នឹងកើតមាននៅទីនេះ។
(៧) ជួសជុល បានសង់ថ្មី និងគ្រោងសង់បន្ថែមស្ពាននៅរាជធានីភ្នំពេញតែនៅមិនទាន់គ្រប់
និយាយពីការតភ្ជាប់រវាងខាងលិចនិងខាងកើតទន្លេ។ នៅខាងកើតទន្លេនេះ ឥឡូវយើងមានគម្រោងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលតភ្ជាប់ពីខាងផ្សាររាត្រីនិងផ្សារចាស់ មកម្ដុំសណ្ឋាគារសុខា(ជ្រោយចង្វារ) ហើយតមកខាង(អរិយក្សត្រ)នេះ។ ប៉ុន្តែ (ទោះបីនឹង)ស្ពានប៉ុណ្ណេះ ក៏មិនទាន់គ្រប់ទេ។ កាលមុនមានស្ពានមួយកន្លះ ស្ពានព្រះមុន្នីវង្ស ហើយស្ពានជ្រោយចង្វារដាច់មួយកំណាត់។ ឥឡូវទាំងស្ពានព្រះមុន្នីវង្ស និងស្ពានជ្រោយចង្វារ សង់ជាស្ពានពីរ(មួយទៅមួយមក)រួចហើយ ក៏នៅតែមិនទាន់គ្រប់។ នៅខាងណោះ មកអម្បាញ់មិញ ខ្ញុំឆ្លងកាត់ស្ពានព្រែកសំរោង មាន(គម្រោង)ស្ពានឆ្លងកាត់ពីចាក់អង្រែមកព្រែកប្រា, ស្ពានពីរ(សង់ដោយ) OCIC (មួយ)ស្ពានឫស្សីកែវ ឥឡូវថែមស្ពានមួយទៀតនៅកន្លែងនេះ (ស្ពាន កោះនរា ក៏នៅតែ)មិនទាន់គ្រប់។
(៨) ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីអរិយក្សត្រទៅផ្លូវជាតិលេខ៨ នឹងសំរួលការធ្វើដំណើរនៃប្រជាពលរដ្ឋ
ការធ្វើដំណើរចម្ងាយមួយគីឡូក្នុងក្រុងយូរ។ ធ្វើដំណើរនៅខាង(ត្រើយកើត)នេះ ឆ្លងសាឡាងមួយភ្លែតដល់។ ប៉ុន្តែក្នុងក្រុង ពីផ្សារចាស់មកនេះ តែមួយគីឡូពីរគីឡូ ហើយបើសិនជាស្ទះម៉ោង ៤-៥ ទៀត ប្រហែលជា(ត្រូវការពេល) ៣ម៉ោង។ អញ្ចឹងត្រូវបង្កើតសសៃតភ្ជាប់ឱ្យបានច្រើន។ យើងឃើញនៅតាមទីក្រុងទំនើបៗ ប្រព័ន្ធតភ្ជាប់លើទឹក និងក្រោមទឹកបានជួយ(សំរួលសកម្មភាពចរាចរ)ច្រើន។ នៅទីនេះ ក្រោយពីស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលកំពុងរៀបចំសាងសង់ សកម្មភាពសេដ្ឋកិច្ចនៅទីនេះក៏កាន់តែកើន និងអាចជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរ។ ថ្ងៃក្រោយ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីអរិយក្សត្រទៅផ្លូវជាតិលេខ៨ ដោយមិនចាំបាច់ឡើងទៅស្ពានព្រែកតាម៉ាក់ ក៏នឹងជួយដោះស្រាយ(ការធ្វើដំណើរ)ប្រជាពលរដ្ឋនៅទីនោះ។
(៩) ស្នើឱ្យសិក្សាស្ពាននិង/ឬផ្លូវក្រោមទឹកតភ្ជាប់រវាងតំបន់អរិយក្សត្រនិងកោះនរា
ឃើញមានការសិក្សាការតភ្ជាប់ពីខាងកោះនរា ទៅខាងរាជធានីភ្នំពេញបន្ថែម។ ខ្ញុំបានឱ្យវិស័យឯកជនសិក្សាមើល តភ្ជាប់រវាងទីនេះជាមួយនឹងកោះនរាខាងនោះ សិក្សាជម្រើសស្ពានខាងលើទឹក និង(ផ្លូវ)ក្រោមទឹក ដើម្បីតភ្ជាប់ បើកច្រកអោយប្រជាពលរដ្ឋដែលរស់នៅទីនេះ។ ថ្ងៃក្រោយគឺអាចឆ្លងកាត់ផ្លូវជាតិលេខ១ ដោយមិនចាំបាច់ទៅណាឆ្ងាយ ឬមួយក៏ឡើងទៅដល់កោះនរា … អញ្ចឹងគឺការតភ្ជាប់នេះជាការល្អ។ បើបានផ្លូវក្រោមទឹក កាន់តែល្អតែម្ដង។ សង្ឃឹមថា យើងនឹងមាននៅឱកាសក្រោយ … ជាសោភណភាពនៃទន្លេចតុមុខ។ ថ្ងៃក្រោយ ត្រូវគិតអំពីចរាចរណ៍ឱ្យមែនទែន។ ថ្ងៃក្រោយ មិនមែនមានតែមួយហ្នឹងទៀតទេ គឺមានច្រើនសរសៃ។ ឥឡូវយើងធ្វើស្ពាន(នៅ)ដីឥដ្ឋ ឆ្លងកាត់ពីក្រវាត់ក្រុងទី៣ ឡើងទៅ។ ថ្ងៃក្រោយភ្ជាប់ជាមួយនឹងផ្លូវ highway ល្វាឯមទៀត។ ដូចនេះ ការតភ្ជាប់នេះកាន់តែមានច្រើន។
(១០) យកចិត្តទុកដាក់កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទីក្រុងថ្មីខាងកើតទន្លេ
សង្ឃឹមថា អ្វីដែល(ជា)សក្ដានុពលនៃការតភ្ជាប់នេះ នឹងនាំការរីកចម្រើននៅខាងកើតទន្លេ មិនមែនតែនៅក្រុងអរិយក្សត្រ ឬមួយតែតំបន់២១០ ហិកតានេះទេ គឺនឹងរីកនៅភាគខាងកើត តភ្ជាប់រហូតដល់ផ្លូវជាតិលេខ៨ ក្លាយទៅជាតំបន់ឧស្សាហកម្ម ជាតំបន់ដែលថាទំនើបដូចនៅត្រើយខាងលិចផងដែរ។ យើងអាចហៅថាទីក្រុងថ្មីខាងកើតទន្លេ។ សំរាប់ទីក្រុងថ្មីនេះ សូមយកចិត្តទុកដាក់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវសូមឱ្យធំ។ ខ្ញុំឃើញរបាយការណ៍របស់តំណាងក្រុមហ៊ុនអម្បាញ់មិញគឺក្នុង២១០ ហិកតានេះ បានទុកមួយភាគបីធ្វើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ នេះជាការគិតគូរត្រឹមត្រូវ។ ប្រជាពលរដ្ឋយើងត្រូវការរស់នៅ មិនមែនត្រឹមតែមានអគារ មានកន្លែងស្នាក់នៅធម្មតាទេ តែក៏បរិស្ថានជុំវិញខ្លួន។ ត្រូវការគិតគូរកន្លែងសាធារណៈ សួនសាធារណៈដូចនៅខាងកោះនរា ក៏មានរៀបកន្លែងសួនបៃតង។ អម្បាញ់មិញនៅក្នុងរបាយការណ៍របស់ក្រុមហ៊ុនក៏បានដាក់។ សំខាន់ការរៀបចំកន្លែងដំណើរកំសាន្ត កន្លែងកីឡា។ នេះជាការយកចិត្តទុកដាក់និងធ្វើឱ្យ(មាន)ភាពទាក់ទាញនិងការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែអ៊ូអរ។ សូមអរគុណចំពោះការគិតគូរបែបនេះ។
(១១) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គប្បីសហការជាមួយក្រុមហ៊ុនរៀបចំតំបន់
ដីកាន់តែឡើងថ្លៃ។ ការរក្សាទុកដីសម្រាប់សាធារណៈ បើយើងគិតជាតម្លៃនៃលុយអស់ច្រើន។ ប៉ុន្តែបើយើងគិតជាតម្លៃនៃសេដ្ឋកិច្ចនិងការផ្ដល់ផល ទាំងកន្លែងវិនិយោគគឺបានផលច្រើន និងចាំបាច់។ គប្បីរក្សាកន្លែងនៅតំបន់ទីក្រុងថ្មីនេះ ទាំងហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវតភ្ជាប់ ក៏ដូចជាផ្លូវនៅក្នុងក្រុង គឺរៀបចំឱ្យបានល្អ។ សូមឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុនរៀបចំថាតំបន់ណាពាណិជ្ជកម្ម តំបន់ណាតំបន់រស់នៅ តំបន់ណាសំរាប់ពិព័ណ៌អីៗ។ រៀបឱ្យមានលំដាប់លំដោយ។ ផ្លូវមានប៉ុន្មានម៉ែត្រ។ ជួយគិតផ្លូវសម្រាប់ឡាន BUS។ ថ្ងៃក្រោយការប្រើមធ្យោបាយសាធារណៈត្រូវតែមាន។ តែបើជិះឡានBUS ទាល់តែមានគន្លង ទើបស្រួលជិះ។ (បើមិនដូចនោះ)ជិះឡានBUS ស្ទះ។ (ទាល់)ជិះធុកធុកលឿនជាង។ ចរាចរណ៍ផ្លូវធំ។ នេះគឺជាការរៀបចំក្រុងថ្មី។ ខ្ញុំសង្ឃឹមថាក្រុងនៅទិសខាងកើតនឹង(មានការរៀបចំបានល្អ)។ យើងពិបាករៀបចំក្រុងត្រើយខាងលិចដោយសារក្រុងយើងធ្វើរាប់រយឆ្នាំមកហើយ។ ហេដ្ឋារចនាសម្ព័ន្ធកែសម្រួលអស់ហើយ។ កន្លែងខ្លះផ្លូវតូចពង្រីកឡើងចង់អស់ចិញ្ចើមហើយ។ បើនៅតាមប្លុកតូចៗ ដូចនៅតាមផ្សារទំពូងអីយើងពង្រីកលែងកើត។ តែនៅក្នុងតំបន់ថ្មីនេះគឺសូម ធ្វើម៉េចឱ្យគិតគូររឿងហ្នឹង។ ខាងក្រុមហ៊ុនបានគិតគូររួចហើយ។ សង្ឃឹមថា ការរៀបចំបែបនេះនឹងអនុវត្តទៅតាមផែនការមេ ជាគំរូសម្រាប់ការអភិវឌ្ឍនៅតំបន់ផ្សេងៗទៀត។ យើងមាននៅខាងនេះច្រើន។ នេះគឺជាអ្វីដែលជាការខិតខំប្រឹងប្រែងរបស់យើង។
(១២) រូបមន្តសង់ផ្ទះរួចស្រេច តម្លៃសមរម្យ ទើបដាក់លក់និងបើកអោយបង់រំលោះ
នៅទីនេះ(ទី១) ឃើញនៅក្នុងគម្រោងអភិវឌ្ឍន៍មានសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ដែលជាកិច្ចការសំខាន់ ជាហេដ្ឋារចនាសម្ព័ន្ធនិងសេវាសំខាន់សម្រាប់ប្រជាពលរដ្ឋរបស់យើង ដែលចាំបាច់ត្រូវតែមាន។ (ទី២) អគារលំនៅស្ថានមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ។ តាមខ្ញុំសួរក្រុមហ៊ុន រូបមន្តនៃការសាងសង់នៅទីនេះគឺអត់សង់(ដោយ)ជំពាក់ទេ។ បានន័យថា សង់រួចស្រេចជាផ្ទះហើយ ទើបដាក់លក់។ យកបានផ្ទះទាំងមូលហើយ ទើបបានបង់រំលស់។ អញ្ចឹងគិតគូរឱ្យមានតំបន់ដែលមានតម្លៃសមរម្យដែលសម្រាប់ប្រជាពលរដ្ឋយើងទៅនៅ។ អញ្ចឹង នេះជាការបង្កលទ្ធភាពជូនអ្នកដែលមានជីវភាពមធ្យមរស់នៅខាងអរិយក្សត្រ និងប្រជាពលរដ្ឋនៅទីនេះ។ សូមបង្កើនសកម្មភាពដូចនេះឱ្យច្រើន បង្កើតផ្សារ មណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ។ មិនមានតែផ្ទះ(ប៉ុណ្ណោះទេ) ប៉ុន្តែបង្កើតមជ្ឈមណ្ឌលបង្កើតសមត្ថភាព និងការងារជូនប្រជាពលរដ្ឋ ប្រែក្លាយចំណូលប្រជាពលរដ្ឋជាពិសេសអ្នកមូលដ្ឋានពីកសិកម្មទៅលើដីតូច ទៅជាចំណូលក្នុងផ្នែកវិស័យផ្សេងៗ អាចធ្វើឱ្យតំបន់នេះ និងភាគខាងកើតកាន់តែរីកចម្រើន។
(១៣) លើកទឹកចិត្តវិស័យឯកជនចូលរួមអភិវឌ្ឍត្រើយខាងកើតទន្លេមេគង្គឱ្យបានរីកចម្រើន
សំខាន់បំផុតគឺជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់។ នេះគឺជាចក្ខុវិស័យនៃការអភិវឌ្ឍនៅទិសខាងកើត។ យើងស្វាគមន៍ការចូលរួមរបស់វិស័យឯកជនក្នុងការធ្វើឱ្យសេចក្តីសម្រេច និងការអភិវឌ្ឍសម្រាប់ប្រជាជន និងប្រទេសជាតិអាចទទួលបានដោយឆាប់រហ័ស។ ខ្ញុំសូមលើកទឹកចិត្តដល់វិស័យឯកជនផ្សេងៗចូលរួមអភិវឌ្ឍទិសខាងកើត របស់យើងឱ្យបានរីកចម្រើន។ ទាំងអស់នេះមិនមែនត្រឹមតែធ្វើ ដើម្បីធ្វើបុរី ធ្វើទីតាំងនៅកន្លែងនេះនោះទេ មិនមែនដើម្បីតែបង្កើតនូវអគារហេដ្ឋារចនាសម្ព័ន្ធរូបវន្តនោះទេ។ ប៉ុន្តែអ្វីដែលបានលើកឡើងនេះគឺវាផ្តល់អត្ថប្រយោជន៍នូវហេដ្ឋារចនាសម្ព័ន្ធទន់ និងអត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រែក្លាយពីដីខ្សាច់ដែលដុះតែស្មៅចោលទៅជាកន្លែងដែលក្នុងរយៈពេល ១០ឆ្នាំទៀត ដុះដាលដោយផ្លូវបេតុង អគារខ្ពស់ៗ សួនសាធារណៈ មជ្ឈមណ្ឌលសុខភាព ទីលំនៅរបស់ប្រជាពលរដ្ឋជាច្រើន។
(១៤) លើកកម្ពស់មុខមាត់រាជធានីភ្នំពេញ បន្ថយគម្លាតសេដ្ឋកិច្ច/ជីវភាពអ្នកត្រើយកើត និងអ្នកត្រើយលិច
ជាកន្លែងដែលកូនចៅប្រជាពលរដ្ឋអាចឆ្លងកាត់ពីលិចទៅកើតបាន ជាកន្លែងដែលជំរុញលើកកម្ពស់មុខមាត់រាជធានីភ្នំពេញ ជាពិសេសធ្វើអោយឱ្យគម្លាតនៃសេដ្ឋកិច្ច គម្លាតជីវភាពរស់នៅនៃអ្នកត្រើយខាងកើត និងអ្នកត្រើយខាងលិចនៅរាជធានីភ្នំពេញ កាន់តែបានកៀកគ្នា។ សង្ឃឹមថា ការជំរុញនិងការចាប់ផ្តើមនៅថ្ងៃនេះជាជំហានទី១ ជំហានដំបូងឆ្ពោះទៅ(ការអភិវឌ្ឍដូចនេះ)នៅត្រើយខាងកើត ក្នុងការអភិវឌ្ឍប្រទេសជាតិ និងភូមិ/ឃុំ គ្រប់ទីលំនៅរាប់សិបឆ្នាំទៅមុខទៀតរបស់យើង។ ការជំរុញនេះក៏នឹងបង្កើនសក្តានុពលបន្ថែមដល់តំបន់ជាប់ៗ កន្លែងនេះ។ កោះនេះរីក កន្លែងជាប់នឹងក៏បន្តរីក មិនថាតែវិស័យអចលទ្រព្យនោះទេ សូម្បីតែវិស័យកសិកម្ម ក៏បងប្អូនអាចផ្គត់ផ្គង់ដល់តម្រូវការរស់នៅ ទេសចរណ៍ និងសេវាកម្មនៅរាជធានីភ្នំពេញ ដោយសារមានការតភ្ជាប់ ការដឹកជញ្ជូន និងសេវាកម្មជាជំហានៗ មុននឹងប្រែក្លាយទៅជាឧស្សាហកម្ម សេវាកម្ម …។
(១៥) ចង់បាន “ផ្ការីកនៃសន្តិភាព”
ការតភ្ជាប់នេះ គឺជាយុទ្ធសាស្ត្រផ្ការីក។ មានម្នាក់នៅក្រៅប្រទេសគេ និយាយពីផ្ការីកគឺចង់ផ្តួលរដ្ឋាភិបាល បង្កើតសង្គ្រាម។ យើងនិយាយពីផ្ការីកគឺដាំគ្រាប់ផ្កាការអភិវឌ្ឍ ហើយវិស័យឯកជនអភិវឌ្ឍនៅទីនេះ ដើម្បីអោយមានការរីកដុះដាល ហើយនាំទៅកន្លែងផ្សេងទៀតឱ្យអភិវឌ្ឍឱ្យកាន់តែច្រើន។ ប្រជាពលរដ្ឋប្រែក្លាយពីកន្លែងដែលស្ងាត់ កន្លែងដែលពិបាកតភ្ជាប់ជាមួយត្រើយខាងលិច ទៅជាកន្លែងដែលអាចភ្ជាប់ កន្លែងដែលមានមនុស្សរស់នៅច្រើន ដែលបម្រើឱ្យសេវាកម្ម និងលើកកម្ពស់ជីវភាពរបស់នៅ របស់ប្រជាពលរដ្ឋ។ នេះហើយគឺផ្ការីកដែលយើងចង់។ ផ្ការីកនៃសន្តិភាព។ ផ្លែផ្កានៃសន្តិភាពដែលយើងអាចរីកចម្រើន ប្រកបដោយសុខដុមរមនីយកម្ម។ សង្គ្រាមវាធ្វើឱ្យអគារដែលខ្ពស់បាក់បែកខ្ទេច។ ថ្ងៃមុន នៅក្នុងវេទិកាដែលខ្ញុំជួបជាមួយថ្នាក់ដឹកនាំមកពីប្រទេសជាច្រើន គេចង់សិក្សាពីសន្តិភាពនៅកម្ពុជា។ គេថាសន្តិភាពផលយើងបានអ្វីខ្លះ? ខ្ញុំថា កុំមើលតែផលនៃសន្តិភាព សូមមើលផលនៃការបាត់បង់សន្តិភាពផង ទើបដឹងថាសន្តិភាពមានតម្លៃប៉ុណ្ណា។
មើលនៅប្រទេសស៊ីរី នៅហ្គាហ្សា នៅអ៊ុយក្រែន។ ៤ឆ្នាំមុនប្រទេសអ៊ុយក្រែនហ្នឹង កំពុងតែរីកចំរើន មិនមានការវាយប្រហារគ្នាទេ។ មានសង្រ្គាមខ្លះនៅតំបន់ព្រំដែនជាមួយរុស្ស៊ី តែមិនមានសង្គ្រាមទូទៅទេ។ ឥឡូវខេត្តខ្លះ ក្រុងខ្លះឡើងខ្ទេចតែម្តង។ មិនដឹងប៉ុន្មាននាក់ដែលស្លាប់។ អញ្ចឹង យើងត្រូវមើលពីវត្តមាននៃសន្តិភាពផង ដោយសារតែវត្តមាននៃសន្តិភាពហ្នឹងហើយ ដែលស្ពានជ្រោយចង្វារដែលត្រូវបានកាត់ផ្តាច់ពេលសង្រ្គាម ត្រូវបានសង់ឡើងវិញពេលមានសន្តិភាព។ សម័យនោះ យើងកសាងស្ពានបាន២ ស្ពានព្រះមុន្នីវង្សនិងស្ពានជ្រោយចង្វារ។ ដល់ពេលបាត់សន្តិភាពភ្លាម វាយគ្នាភ្លាមគឺដាច់ស្ពានមួយ។ តែដល់ពេលយើងឈប់វាយគ្នា យើងចូលរួមសមាហរណកម្ម កសាងឡើងវិញ មិនត្រឹមតែស្ពាន២ នោះទេ ថែមទាំង២ ខ្សែ (មួយទៅមួយមកទៀត) ហើយស្ពានច្រើនទៀតនៅទីនេះ។ អញ្ចឹងធ្វើម៉េចកុំឲ្យយើងបាត់បង់ឱកាសសន្តិភាព។ សូមរួមគ្នាថែរក្សាសុខសន្តិភាព។
(១៦) ខួបទី២៦ ទិវាសន្តិភាព ឬ២៦ឆ្នាំដែលលែងលឺគ្រាប់កាំភ្លើង
នៅសល់ ១២ ថ្ងៃទៀត យើងនឹងដល់ខួបទី ២៦នៃទិវាសន្តិភាពកម្ពុជា។ ជាថ្ងៃឈប់សំរាកផង ជាថ្ងៃអបអរដែលយើងទាំងអស់គ្នាបានរស់រានមានជីវិត មិនឮគ្រាប់ប្លោងដូចនៅតាមបណ្តាប្រទេសមួយចំនួន។ សូម្បីតែក្នុងអាស៊ានយើង ប្រទេសទាំង១០ ហ្នឹង ក៏មានប្រទេសកំពុងតែវាយប្រហារគ្នាដែរ ផ្ទុយពីកម្ពុជាយើង។ ពិសេសក្មួយៗនៅទីនេះ មានអនាគតវែងឆ្ងាយ។ រៀនថ្នាក់ទី ១១ ឬ១២ គឺរៀនសូត្របំពេញចំណេះដឹង កសាងមូលដ្ឋានសមត្ថភាពដើម្បីចាប់យកឱកាសការងារ ឱកាសធ្វើកិច្ចការផ្សេងៗ ជួយខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិ។ កុំឲ្យ(ក្មួយៗ)ក្លាយទៅជា(ជំនាន់មនុស្ស)អត់ជម្រើស ដូចទសវត្សទី៧០ ទី៨០ ដែលមានការចាប់ជម្លៀស។
នៅអ៊ុយក្រែន គេបានកំណត់អាយុច្បាប់កាតព្វកិច្ចកងទ័ពពី ២៥ ឆ្នាំ។ ឥឡូវ អឺរ៉ុបកំពុងតែរអ៊ូថាអ៊ុយក្រែនកំពុងតែខ្វះមនុស្ស។ ឥឡូវស្លាប់អស់ច្រើន។ ចង់ឲ្យអ៊ុយក្រែនប្តូរច្បាប់ ទម្លាក់អាយុអ្នកដែលមានកាតព្វកិច្ចកងទ័ព (ពី២៥ ឆ្នាំ)មក ១៨ឆ្នាំ។ អ្នកអាយុ ២៥ ឆ្នាំឡើងទៅៗ វាយគ្នាស្លាប់ចង់អស់ហើយ។ ទាល់តែយកអ្នកអាយ ១៨ឆ្នាំទៅវាយគ្នា។ ថ្ងៃមុនខ្ញុំសួរថាធ្លាប់ឃើញរូបទាហានខ្មែរក្រហមម្នាក់ស្ពាយអាវុធអាកាវែងជាងខ្លួននៅកម្ពុជាទេ។ គេថាម៉េច(បានជាមានរឿង)អញ្ចឹង។ ក្នុងជំនាន់សង្រ្គាម គ្មានច្បាប់ណាកំណតថាក្រោម ១៨ ឬលើ ១៨ ឆ្នាំទេ។ តែអស់ហើយ អ្នកដែលច្បាំងដាច់ដៃដាច់ជើងស្លាប់អស់ហើយ គឺយកអ្នកអត់គ្រប់អាយុហ្នឹងហើយ ស្ពាយកាំភ្លើងទៅហើយ។
(១៧) និយាយពីរឿងសន្តិភាព រំលឹកហើយរំលឹកទៀត ព្រោះវាផុយស្រួយ
អ្នកខ្លះគេថា ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនឲ្យតែនៅលើវេទិកានិយាយតែពីរឿងសន្តិភាព និយាយអត់ធុញ។ ត្រូវហើយអត់ធុញទេ។ រំលឹកហើយរំលឹកទៀតព្រោះវាផុយស្រួយណាស់។ យើងត្រូវរួមគ្នាចងចាំវា។ ប្រទេសជិតខាងរបស់យើងមួយចំនួនក៏កំពុងមានបញ្ហាដែរ។ ប៉ុន្មានឆ្នាំមុនអត់បញ្ហា។ នៅអឺរ៉ុប នៅអាហ្រ្វិចដែលប៉ុន្មានឆ្នាំមុនអត់មានអី ឥឡូវកើតមានបញ្ហា។ កម្ពុជាយើងបាន ២៦ឆ្នាំហើយ។ កុំឲ្យពាក្យទំនាយថាមួយឆ្អិនកំពិសកើតឡើងវិញនៅស្រុកខ្មែរ។ គេថាកម្ពុជាមិនបានសេចក្តីសុខយូរទេ។ ពេល២៦ ឆ្នាំនេះ បើក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំ គឺជាសន្តិភាពដែលវែងជាងគេរួចទៅហើយ។ តែយើងមិនចង់បានត្រឹមតែ ២៦ឆ្នាំទេ។ ចង់ឈប់វាយគ្នារហូត មែនទេ? ចង់ឲ្យកន្លែងនេះប្រែក្លាយពីដីដែលដុះដោយស្មៅ ទៅជាកន្លែងដែលរីកចម្រើន។ បងប្អូនដែលនៅខាងអរិយក្សត្រ ដែលឥឡូវមានសកម្មភាពកសិកម្ម អោយជំនាន់កូនចៅ កាន់តែជិតទៅៗ ដូចទីក្រុងភ្នំពេញបច្ចុប្បន្ន។ មែនទេ? ចង់ឲ្យអគារខ្ពស់ៗ ខាងនោះមកខាងនេះ។ ខ្ញុំជឿថាពេលដែលអភិវឌ្ឍខាងនេះ ត្រូវប៉ាន់ជាងខាងនោះ ព្រោះ views ល្អជាង។ ឥលូវមិនទាន់ត្រូវប៉ាន់ ដោយសារមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ បន្ដិចទៀតតភ្ជាប់ស្ពាន មានការអភិវឌ្ឍ ប្រជាពលរដ្ឋយើងនៅទីនេះនឹងមានជីវភាពរស់នៅកាន់តែរីកចំរើន។
(១៨) អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជីវភាពរស់នៅក្នុងយុគសម័យសន្ដិភាពកាន់តែកើនឡើង ផលលាភសន្ដិភាព
អ្នកខ្លះថាធ្វើបុរីធ្វើអី ធ្វើអោយតែអ្នកមាន។ មិនមែនធ្វើលក់ឲ្យបរទេសទេ។ អ្នកមានអ្នកក្រភាគច្រើនគឺជាប្រជាពលរដ្ឋរបស់ខ្មែរ ដែលចេញពី ប៉ុល ពត បាតដៃទទេដូចគ្នា។ តស៊ូ ពីមួយជំហ៊ានទៅមួយជំហ៊ាន។ ពីមុន ឪពុកម្ដាយចិញ្ចឹម។ ឥលូវ ចូលធ្វើការ(ខ្លួនឯង) មានលទ្ធភាពសន្សំលុយ ទិញផ្ទះខ្លួនឯង។ នៅទីនេះ មិនមែនធ្វើហើយសំរាប់លក់ឲ្យតែបរទេស ខ្មែរមិនឲ្យទិញនោះទេ។ អតិថិជន ទាំងអ្នកទិញលំនៅដ្ឋាន ទាំងអ្នកប្រើប្រាស់មណ្ឌលសុខភាព ទាំងអ្នកប្រើប្រាស់សាលារៀន ទាំងអ្នកប្រើប្រាស់សួនសាធារណៈ គឺប្រជាពលរដ្ឋខ្មែរនេះឯង។ អ្នកនៅអរិយក្សត្រនេះក៏នឹងបានផលប្រយោជន៍ពីទីនេះ។ នេះជាការអភិវឌ្ឍជាក់ស្ដែង អត់មានឲ្យអ្នកណាគេផ្សេងទេ។ មិនមែនអភិវឌ្ឍហើយ រុញអ្នកអរិយក្សត្រចេញអស់ទេ។ អត់ទៅណាទេ។ បងប្អូននៅទីនេះ បង្កើនលទ្ធភាពបន្ថែមទៀតជូន។
មានអ្នកមកពីភ្នំពេញ មកទិញនៅត្រើយខាងកើត ត្រើយខាងកើតទៅត្រើយខាងលិចអីផ្សេងៗ ប៉ុន្ដែសំរាប់ប្រជាពលរដ្ឋរបស់យើងទេ។ អ្នកនៅភ្នំពេញឥលូវឡើងជិត ៣លាននាក់ ក៏មិនមែនសុទ្ធតែអ្នកកើតនៅភ្នំពេញទាំងអស់ដែរទេ។ សុទ្ធតែអ្នកមកពីខេត្ដកណ្ដាល កំពង់ចាម ជាដើមចល័តក្នុងប្រទេសស្វែងរកឱកាសការងាររស់នៅនិងធ្វើការ។ អញ្ចឹង នៅពេលយើងបង្កើតឱកាសការងារ កន្លែងរស់នៅ កន្លែងធ្វើការងារនៅទីនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ទិស(អាចមករស់នៅ) ក៏អាចមានលទ្ធភាពបន្ថែមដូច/លើអ្នកអរិយក្សត្រផងដែរ។ នេះជាតថភាពជាក់ស្ដែង។ អ្វីដែលជាជោគជ័យគឺប្រជាជនខ្មែរទាំងអស់គ្នា ជាតិខ្មែរទាំងអស់គ្នា មិនត្រឹមតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេ ប៉ុន្ដែថែមទាំងជីវភាពរស់របស់ប្រជាពលរដ្ឋនៅក្នុងយុគសម័យសន្ដិភាព កាន់តែកើនឡើង រីកចំរើនឥតឈប់ឈរ។ នេះជាអ្វីដែលជាផលលាភសន្ដិភាព ដែលយើងត្រូវថែរក្សាសន្ដិភាពឲ្យបាន មិនត្រឹមតែ ២៦ ឆ្នាំឬ ៣០ឆ្នាំ (ទេ ប៉ុន្ដែ) ឲ្យបានរាប់រយឆ្នាំបន្ដទៅទៀត ទុកឲ្យកូនចៅខ្មែរយើង។
(១៩) ការអភិវឌ្ឍគឺប្រែក្លាយអ្វីដែលអោយផលតិចជូនប្រជាពលរដ្ឋចំនួនតិច ទៅជាកន្លែងផ្តល់ផលច្រើន ជូនប្រជាពលរដ្ឋចំនួនច្រើន
ថ្ងៃនេះ ខ្ញុំមិនមានអ្វីក្រៅពីការអបអរសាទរ និងគាំទ្រការអនុវត្ដចក្ខុវិស័យជាក់ស្ដែងរបស់ក្រុមហ៊ុននៅក្នុងវិស័យឯកជន ដែលបានគិតគូរ និងមានដៃគូពីក្រៅប្រទេស មកអភិវឌ្ឍកន្លែងនេះ ទាញយកសំណង់ ទាញយកបច្ចេកវិទ្យាពីក្រៅប្រទេស យកមកឲ្យប្រជាពលរដ្ឋយើងប្រើប្រាស់ អាចផ្ដល់សេវាឲ្យប្រជាពលរដ្ឋយើង ទាំងសុខភាព ទាំងការអប់រំនៅទីនេះ ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ នេះជាមោទនភាពដែលយើងទាំងអស់គ្នាមកទីនេះ។ ពិតមែនថាជាគំរោងសំរាប់អភិវឌ្ឍដោយវិស័យឯកជនដោយក្រុមហ៊ុនមួយ ប៉ុន្ដែមិនមែនសំរាប់តែក្រុមហ៊ុននោះទេ ប៉ុន្តែផលនៃផែនការនេះគឺសំរាប់សេដ្ឋកិច្ចជាតិទាំងមូល ដែលថ្ងៃនេះ មានទាំងរូបខ្ញុំ មានទាំងមន្ដ្រីរាជការថ្នាក់ដឹកនាំ ប្រជាពលរដ្ឋនៅអរិយក្សត្រ ទាំងវិស័យឯកជនជាច្រើនបានចូលរួមអបអរសាទរទាំងអស់គ្នាចំពោះផលដែលយើងនឹងមាននាពេលខាងមុខនៅទីនេះ។ នេះជាសក្ខីភាពនៃការចំណាយពេលវេលារបស់បងប្អូន លោកតាយាយ អ៊ំ ពូមីង ដែលអញ្ជើញមកតាំងម៉ោង ៣ ម៉ោង ៤ ដើម្បីអបអរសាទរ ថតរូបនៅកន្លែងនេះ ដើម្បីទុកឲ្យចៅមើល។
ពេលដែលចៅធំ សូមលោកយាយលោកតាប្រាប់ចៅថា យាយមកកន្លែងនេះតាំងពីមិនទាន់មានអី។ ឥលូវ ១០ ២០ ឆ្នាំក្រោយ វាបានប្រែអញ្ចឹង។ នេះហើយជាការអភិវឌ្ឍ។ ការអភិវឌ្ឍគឺជាការប្រែក្លាយដី១ ម៉ែត្រការ៉េ ១ហិកតា ១០ហិកតា ពីផលតិចចែកជូនប្រជាពលរដ្ឋតិច ទៅជាកន្លែងដែលបង្កើតសកម្មភាពសេដ្ឋកិច្ចច្រើន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋឲ្យបានច្រើន … ការអភិវឌ្ឍមិនមែនដូចគេថា “ឲ្យតែអភិវឌ្ឍធ្វើបាបប្រជាពលរដ្ឋ” នោះទេ។រាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់លើកិច្ចការនេះ។ យើងបានដាក់ចេញគោលនយោបាយជាច្រើនក្នុងការដោះស្រាយផលលំបាករបស់ប្រជាជន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានទទួលផល ព្រោះផលនៃការវិវត្តមិនត្រឹមតែប្រមូលផ្តុំនៅក្នុងវិស័យឯកជនមួយ ពីរ ឬមួយក៏ថ្នាក់ដឹកនាំនោះទេ ប៉ុន្តែឲ្យរីក(បានទូលាយនិងដល់ច្រើនគ្នា)។ ខ្ញុំឃើញនៅក្នុងរបាយការណ៍នេះ ក្នុងទំហំ ២១០ហិកតា ក្នុងនោះ២/៣ យកទៅកសាងសកម្មភាពសេដ្ឋកិច្ច ដែលបំរើឲ្យការបង្កើតការងារ ការបង្កើតភាពស៊ីវិល័យ បង្កើតកន្លែងសេវាសាធារណៈដូចជាមន្ទីរពេទ្យ ដូចជាមណ្ឌលសុខភាព ដូចជាសាលារៀន ហេដ្ឋារចនាសម្ព័ន្ធ និង ១/៣ ទៀត បំរើឲ្យតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ ខ្ញុំសង្ឃឹមថា នឹងបានឃើញនូវសមិទ្ធផលនេះ ក្នុងពេលឆាប់ៗ មិនយូរនៅពេលខាងមុខនេះ។
[ចប់សេចក្តីអធិប្បាយ២]
អញ្ចឹងថ្ងៃនេះ ទន្ទឹមជាមួយនឹងការចូលរួមអបអរសាទរ ជាថ្មីម្ដងទៀត, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមកោតសរ- សើរ និង វាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និង ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ដែលបានខិតខំប្រឹងប្រែងសិក្សា គម្រោងអភិវឌ្ឍន៍នេះ ឱ្យលេចចេញជារូបរាង ក្នុងចក្ខុវិស័យ ដើម្បីប្រែក្លាយដងទន្លេភាគខាងកើតនៃរាជធានីភ្នំពេញឱ្យក្លាយជា ទីក្រុងរណបថ្មី ប្រកប-ដោយប្រណិតភាព ដូចបណ្តាប្រទេសជឿនលឿន និង មានការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំទៅនឹងធម្មជាតិ ដែលប្រជាពលរដ្ឋអាចរស់នៅបានទាំងអស់គ្នា ប្រកបដោយភាតរភាព ព្រមទាំងប្រែក្លាយមុខមាត់ថ្មីនៃក្រុងអរិយក្សត្រផងដែរ ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្ដម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី មន្ត្រីរាជការ, កងកម្លាំង, ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ, ក្មួយៗ យុវជន-យុវនារី និង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អបរិបូរណ៌, សុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបាននូវជោគជ័យក្នុងភារកិច្ចរៀងៗខ្លួន ក្រោមម្លប់នៃសុខសន្តិភាព និង សូមប្រកប- ដោយពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]
នៅក្នុងថ្ងៃនេះផងដែរ ក៏មានជូនយុវជនកាយឬទ្ធិកម្ពុជា កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនសមាគមរាជសី យុវជនស្រឡាញ់សន្តិភាព យុវជនគណបក្សប្រជាជនកម្ពុជា សមាគមន៍នារី ដើម្បីអភិវឌ្ឍ និងសម្ព័ន្ធយុវជនមូស្លីមកម្ពុជាចំនួន ៨៥០ នាក់ ម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ជូនសាលាក្រុងអរិយក្សត្រ ថវិកា ២ លានរៀល។ ក្រុមគ្រូពេទ្យប្រចាំអង្គពិធី ថវិកា ៣ លានរៀល។ និងក្រុមតន្ត្រីសម័យថវិកា ៥ លានរៀលផងដែរ។
ថ្ងៃនេះដូចមានសិល្បករច្រើនចូលរួម អបអរសាទរ មានបងស្រី ហ៊ឹម ស៊ីវន ខាត់ សុឃឹម ពូ ហួ ឡាវី ឈិន ម៉ានិច បាន មុនី្នល័ក្ខ លោក ជិន វឌ្ឍនា ខាងណាសិល្បករយើង? ខាងនេះ! មានអ្នកនាង កែវ ចាន់សម្ជស្ស អ្នកនាង ចម្រើន ចរិយា លោក រិន សាវ៉េត អ្នកនាង មាស សុខសោភា អ្នកនាង ចម្រើន សុភ័ក្ត្រ លោក យ៉ែម សំអូន យាន លីណា សុខ ស្រីពៅ គី សាវិន។ បាទ!សូមអរគុណណាស់ ក្មេងៗអាយដលយើងមកហើយ តិចទៀតកុំភ្លេចទៅថត។ អរគុណណាស់ដែលបានចូលរួម ឆ្លងមើលឲ្យហើយនៅទិសខាងលិច ពីខាងកើតទៅយ៉ាងម៉េច តិចទៀតតស្ពានឡើងចុះ។
អរគុណណាស់ចូលរួមថ្ងៃនេះ ហើយអរគុណសាជាថ្មី ឲ្យលោកអ៊ំ ពូ មីង បងប្អូនទាំងអស់គ្នា ដែលបានធ្វើដំណើរមក សូមធ្វើដំណើរត្រឡប់ទៅវិញឲ្យបានសុវត្ថិភាព ហើយជូនពរទាំងអស់គ្នា ហើយជិតចូលឆ្នាំសកលផង ហើយចូលឆ្នាំ ជូនពរសុខសប្បាយឆ្នាំថ្មីផងដែរ។ ហើយខ្ញុំជូនពរសុខសប្បាយឆ្នាំថ្មី បានន័យថាមិនមែនតែឆ្នាំតែមួយទេ ព្រោះយើងចូលឆ្នាំសកលផង ចូលឆ្នាំចិនផង ចូលឆ្នាំខ្មែរផង ចូលម្តងចូលឆ្នាំ ៣ ឆ្នាំតែម្តង។ បាទ! សូមអរគុណ៕