FN ៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-ឡាវ ត្រូវបានភាគីទាំងពីរចុះហត្ថលេខា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីលុបបំបាត់ ការយកពន្ធត្រួតគ្នារវាងកម្ពុជានិងឡាវ ក្នុងគោលដៅផ្តល់ផលប្រយោជន៍ដល់ធុរជន កម្ពុជា និងឡាវ។
ភាគីកម្ពុជាចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលនៃកម្ពុជា និងលោក SANTIPHAB PHOMVIHANE រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងនាមរដ្ឋាភិបាលឡាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកបណ្ឌិត SONEXAY SIPHANDONE នាយករដ្ឋមន្ត្រីឡាវ។
កិច្ចព្រមព្រៀង DTA កម្ពុជា-ឡាវ នេះ ជាកិច្ចព្រមព្រៀង DTA ទី១២ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយយុត្តាធិការដៃគូ និងជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោម សមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត សម្រេចបាន។ ទន្ទឹមនឹងនេះ កម្ពុជាបាន និងកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងនេះ ជាមួយបណ្តាយុត្តាធិការដៃគូមួយចំនួនទៀត ដូចជា ជប៉ុន មីយ៉ាន់ម៉ា ម៉ារ៉ុក អេមីរ៉ាតអារ៉ាប់រួម បារាំង និងកាតា ជាដើម។
កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា មិនគ្រាន់តែបង្កើតឡើងដើម្បីលុបបំបាត់ ការយកពន្ធត្រួតគ្នានោះទេ កិច្ចព្រមព្រៀងនេះក៏ចូលរួមចំណែកក្នុងការធ្វើឱ្យកើនឡើងការវិនិយោគផ្ទាល់ពីបរទេសនិងបង្កើនភាពប្រកួតប្រជែងអន្តរជាតិ ព្រមទាំងផ្តល់ទំនុកចិត្តនិងភាពប្រាកដប្រជាដល់វិនិយោគិនបរទេសតាមរយៈ ការផ្តល់វិធានច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងភាគីនៃកិច្ចព្រមព្រៀង, ការលើកលែងឬបន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធមួយចំនួន, លុបបំបាត់ ការរើសអើងពន្ធ, ផ្តល់យន្តការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ និងដោះស្រាយបញ្ជាការគេចវេះពន្ធនិងការបន្ថយមូលដ្ឋានពន្ធ តាមរយៈការផ្លាស់ប្តូរព័ត៌មានរវាងភាគីនៃកិច្ចព្រមព្រៀង។
រហូតមកទល់ពេលនេះ កម្ពុជាមានកិច្ចព្រមព្រៀង DTA ចំនួន១១ បានចូលជាធរមាន រួមមានជាមួយ សិង្ហបុរី មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨, សាធារណរដ្ឋប្រជាមានិតចិនមានប្រសិទ្ធភាពអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩, ថៃ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨, ព្រុយណេថារូសាឡាម មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ,វៀតណាម មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ,ឥណ្ឌូណេស៊ី មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១, ហុងកុង មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០, ម៉ាឡេស៊ី មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១,កូរ៉េខាងត្បូង មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ,តំបន់រដ្ឋបាលពិសេសម៉ាកាវ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និងប្រទេសតួកគី មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤៕