FN ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ផ្លូវកៅស៊ូមួយខ្សែដែលមានប្រវែង ៨គីឡូវម៉ែត្រ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដល់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ដែលស្ថិត នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមរយៈតេលេក្រាម និងហ្វេសបុកនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបន្ទាប់ពីសម្តេចបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ សម្តេចបានឆ្លៀតឱកាសចុះមកពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សម្តេចបានលើកឡើងថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិនៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរតាមបែបបទអ្នកទន្លេ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាបផងដែរ។
នៅក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា បន្ទាប់ពីបានទស្សនកិច្ច និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នកប្រកបរបរជាអ្នកបើកបរកាណូត និងអុំទូកបម្រើសេវាជូនអ្នកទេសចរ សម្តេចទទួលបាននូវសំណូមពរមួយចំនួន ហើយសម្រេចផ្តល់ជាដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះមួយចំនួនផងដែរ ដោយសម្តេចបានឲ្យ ដឹងថា ទី១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមដែលមានស្រាប់ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយការហុយ។ ទី២.កសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយអោយសហគមន៍មិនចាំបាច់ជួលដីដើម្បីលក់សំបុត្រដូចបច្ចុប្បន
និងទី៣.ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់។
បន្ទាប់ពីមើលឃើញទិដ្ឋភាពជាក់ស្តែងនៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកនេះដែរ សម្តេចធិបតី ក៏បានថ្លែងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពុងភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍ ដើម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ ជាពិសេសក៏រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាបផងដែរ៕