ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងសមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូលជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និង លើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥» របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលក្រសួងសម្រេចបាន នាពេលកន្លងមក, ជាពិសេស ក្នុងរយៈពេលជាងមួយឆ្នាំ តាំងពីដើមអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នេះ។
ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ, លោក លោកស្រី តំណាងអង្គការជាតិ-អន្តរជាតិ, ក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ, វិស័យឯកជន និង ភាគីពាក់ព័ន្ធ ដែលបានចំណាយពេលវេលាចូលរួមក្នុងសន្និបាតនេះ និង សូមសម្តែងនូវការកោតសរសើរ- ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព, សាមគ្គីភាព, ឯកភាពផ្ទៃក្នុង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំបុគ្គល ទទួលខុសត្រូវ” ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ហើយបាន និងកំពុងដោះស្រាយនូវបញ្ហាដែលកើតឡើងក្នុងវិស័យដីធ្លីនាពេលបច្ចុប្បន្ន ដោយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយបានជាអតិបរមា នូវបញ្ហាដែលមានចរិតជាភូមិសាស្ត្រ, សន្តិសុខនយោបាយ សេដ្ឋកិច្ច និង សង្គម ដែលអាចកើតចេញពីវិវាទដីធ្លី, វិវាទបុរី, បញ្ហានៅតំបន់បឹងទន្លេសាប និង តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ជាដើម។ កិច្ចការនេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាចម្រូងចម្រាស នៅក្នុងសង្គមកម្ពុជា និង ឆ្លើយតបបានទៅនឹងស្ថានភាពរបស់ប្រជាជនយើង ស្របតាមទស្សនាទាន “ការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និង បរិយាកាសមិនមានវិវាទដីធ្លីនៅកម្ពុជា”។
ទន្ទឹមនេះ, ខ្ញុំសូមគាំទ្រចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗ របស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបាននាពេលកន្លងមក ព្រមទាំងការតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ប្រកបដោយភាពជាក់ស្តែង និង ប្រាកដនិយម។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងការអនុវត្តការងារបន្តលើសមរភូមិការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពនិងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
ការវាយតម្លៃជារួម ចាប់តាំងពីដើមអាណត្តិទី ៧ មកដល់ដំណាច់ឆ្នាំ ២០២៤ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សម្រេចបាននូវសមិទ្ធផលជាច្រើន គួរឱ្យកត់-សម្គាល់ ឆ្លើយតបបានទៅនឹងអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១, ជាពិសេសការបន្តការកែទម្រង់វិស័យដីធ្លី តាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ, ការបន្តដោះស្រាយវិវាទដីធ្លី តាមរយៈ យន្តការរបស់ក្រសួង, យន្តការរបស់គណៈកម្មការសុរិយោដី និង អាជ្ញាធរជាតិដោះ-ស្រាយទំនាស់ដីធ្លី, ការបន្តជំរុញការដោះស្រាយបញ្ហាបុរី ដោយឈរលើស្មារតីយោគយល់គ្នាក្នុងគ្រាលំបាក, ការបន្តជំរុញការរៀបចំផែនការរៀបចំដែនដី, ផែនការប្រើប្រាស់ដី និង ប្លង់គោល ប្រើប្រាស់ដី, ទាំងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទីប្រជុំជន ឃុំ សង្កាត់ ក្នុងគោលដៅគ្រប់គ្រង និង អនុវត្តផែនការប្រើប្រាស់ដីធ្លីនៅកម្ពុជាឱ្យបានសមស្រប, ចំគោលដៅ និង មានប្រសិទ្ធភាពខ្ពស់។
សមិទ្ធផលទាំងនេះ ឆ្លើយតបទៅនឹងអាទិភាពគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល ដែលបានកំណត់៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងបរិការណ៍សេដ្ឋកិច្ច និងសង្គមបច្ចុប្បន្ននេះ ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច និង គុណភាពសេវាសង្គម គឺជាកិច្ចការចម្បងរបស់រាជរដ្ឋាភិបាល ដែលក្រសួង-ស្ថាប័នត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។ លើទិដ្ឋភាព សេដ្ឋកិច្ច, ខ្ញុំសូមកោតសរសើរចំពោះការងារចុះបញ្ជីដីធ្លី, ការដោះស្រាយវិវាទដីធ្លី, ការដោះស្រាយ បញ្ហាបុរី, ការលើកកម្ពស់គុណភាពសេវាគាប់ចិត្ត ដោយពង្រីកសមត្ថភាពនៃការប្រើប្រាស់ថ្នាល ឌីជីថលកាន់តែទូលំទូលាយ គឺជាកម្លាំងចលករថ្មីមួយបន្ថែមទៀត ក្នុងការជំរុញសកម្មភាព និងល្បឿនសេដ្ឋកិច្ចកម្ពុជា, តាមរយៈ ការចូលរួមពីការប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនូវធនធានដីធ្លី ដែលអាចបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ, ការរៀបចំដែនដីផ្អែកលើផែនការប្រើប្រាស់ដីឱ្យស្របតាមសក្តានុពលនៃធនធានដី គឺជាកម្លាំងជំរុញដ៏មានប្រសិទ្ធភាពក្នុងការពង្រីក ទំហំសេដ្ឋកិច្ច និង ពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ទន្ទឹមនេះ, ការរៀបចំការងារសម្បទានសង្គម និង សេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពរបស់គ្រួសារយោធិន, នគរបាល, តាមបណ្តោយព្រំដែន និង គ្រួសារក្រីក្រខ្វះខាតដីពិតប្រាកដ ត្រូវទទួលបានដីលំនៅឋានសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ក្នុងក្របខ័ណ្ឌសម្បទានដីសង្គមកិច្ច គឺជាកិច្ចការអាទិភាពដែលត្រូវបន្តយកចិត្តទុកដាក់, ជាពិសេស ការអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»។
លើមាគ៌ានេះ, ក្នុងន័យរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង បន្តជំរុញពិពិធកម្មសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានធនធានក្នុងស្រុក យើងត្រូវគិតគូរឱ្យបានម៉ត់ចត់លើការពង្រីកការវិនិយោគ ពិសេស ក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យ, ឧស្សាហកម្មសំណង់គ្រឿងបង្គុំសំណង់, គ្រឿង តុបតែងលម្អ សម្រាប់សំណង់អគារ, ស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលឧស្សាហកម្មទាំងអស់នេះ ជាចំណែកមួយយ៉ាងសំខាន់នៃសេដ្ឋកិច្ចកម្ពុជា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
(១) ជម្លោះដីធ្លីជាវិញ្ញាសាក្តៅ … ដោយឡែកវិវាទបុរីរណប បានថយរូបភាពក្នុងបណ្តាញសង្គម
មុននឹងផ្ដល់អនុសាសន៍សម្រាប់ការងារបន្តរបស់ក្រសួង ខ្ញុំសូមធ្វើការចាប់អារម្មណ៍បន្ថែមបន្តិច ពាក់ព័ន្ធទៅនឹងចំណុចដែលឯកឧត្តម សាយ សំអាល់ បានលើកឡើង ក៏ដូចជាបទពិសោធន៍រដ្ឋាភិបាលក្នុងរយៈពេល ១៥ខែនេះ។ ពិតណាស់ ១៥ខែនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានទទួលដោះស្រាយបញ្ហាច្រើន ដែលយើងអាចថាវិញ្ញាសារច្រើន ប៉ុន្តែវិញ្ញាសារដីធ្លីគឺជាវិញ្ញាសារមួយដែលក្ដៅ ដែលដោះមិនស្រួលអាចឆេះ អាចបង្កនូវបញ្ហាអស្ថិរភាពឬក្លាយទៅជាបញ្ហានយោបាយដែលជាប់គាំងកាន់តែធ្ងន់។ ជាទូទៅ ក្នុង ១៥ខែនេះ ខ្ញុំមិនសូវនិយាយច្រើនរឿងបញ្ហាដីធ្លី ជាពិសេសរឿងវិវាទបុរី។ ខ្ញុំនឹងពន្យល់មូលហេតុអីបានជានាយករដ្ឋមន្ត្រី មិននិយាយរឿងហ្នឹងពេលដែលបញ្ហាបុរីត្រូវបានផ្សព្វផ្សាយច្រើនតាមហ្វេសប៊ុក … ឯកឧត្តម លោកជំទាវ អាចមើលឃើញហើយថាពី ១៥ខែមុន តើជម្លោះនិងវិវាទផុសផុលតាមហ្វេសប៊ុកកម្រិតណា ហើយមកដល់ពេលនេះថយកម្រិតណា? មិនមែនជាការចៃដន្យទេ តែគឺជា(លទ្ធផលបានពី)ការកំណត់យុទ្ធសាស្ត្រដោះស្រាយពីដើមទីរបស់យើង។
(២) សង្គ្រាមរ៉ាំរ៉ៃ និងរបប ប៉ុល ពត បំផ្លាញឱកាសរៀបចំនិងដុតចោលកម្មសិទ្ធឯកជន
ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់បន្ថែមអំពី ការកំណត់ទិសទៅលើប្រធានបទមួយចំនួនពាក់ព័ន្ធទៅហ្នឹងដីធ្លី ក្នុងនោះមានវិវាទដីធ្លី វិវាទបុរី តំបន់បឹងទន្លេសាប តំបន់រមណីដ្ឋានអង្គរ បញ្ហាដីសម្បទាន និងបញ្ហាសំណង់។ ចំពោះវិវាទដីធ្លី វាមិនមែនជារឿងដែលថ្មីទេ។ វាជារឿងដែលកើតរ៉ាំរ៉ៃ។ តើយើងនៅរង់ចាំអង្គុយបក់ផ្សែង ១០០ឆ្នាំទៀតឬទេ? នេះគឺជាការកំណត់ទិសដៅពីដើមទីអោយបានច្បាស់ ថាយើងត្រូវពន្លត់ភ្លើង កុំអង្គុយបក់ផ្សែង។ យើងត្រូវមើលប្រភពដើមនៃទំនាស់នេះថាកើតដោយសារអី។ បញ្ហាមួយធំជាងគេបំផុត គឺភាពមិនច្បាស់លាស់នៃព្រំប្រទល់នៃការគ្រប់គ្រង ដីអត់មានព្រំដែន អត់មានប្លង់ច្បាស់លាស់។ គ្រប់ប្រទេសទាំងអស់ដែលមិនមានបញ្ហាដី(ធ្លី) ដីកន្លែងណាក៏គេមានព្រំច្បាស់លាស់។ កន្លែងណាដីរដ្ឋ កន្លែងណាដីឯកជន។ ទិដ្ឋភាពប្រវត្តិសាស្ត្ររបស់យើងបានបំផ្លាញនូវឱកាសរៀបចំ សង្គ្រាមរ៉ាំរ៉ៃរាប់ឆ្នាំ ជំនាន់ ប៉ុល ពត ដុតចោលអស់កម្មសិទ្ធឯកជន។ ឡើងមកថ្មីដូរទីតាំង មានអ្នកខ្លះត្រឡប់ទៅផ្ទះដើមវិញ ជាពិសេសអ្នកនៅភ្នំពេញ មិនបានត្រឡប់មកផ្ទះដើមវិញទេ។
(៣) ដោះស្រាយវិវាទដីធ្លីចំពោះមុខ តែក៏កំណត់យុទ្ធសាស្ត្រដោះរយៈពេលវែងដើម្បីពន្លត់ភ្លើង
អ្នកដែលនៅភ្នំពេញបច្ចុប្បន្ន អាចមិនមែនអ្នកភ្នំពេញពីមុនសង្គ្រាមទេ។ អ្នកមកភ្នំពេញពីដំបូងទី អត់មានអ្នកណាយកដីទេ។ ខ្ញុំចាំថាអោយទៅនៅផ្ទះម្នាក់ឯងអត់នៅទេ។ ខ្លាចខ្មោច។ ពូៗ មីងៗ និយាយថាហេតុអីបានអ្នកផ្ទះនៅភ្នំពេញ ផ្ទះខ្លះនៅជាមួយគ្នាគ្រប់ជាន់ ផ្ទះខ្លះទៀតអត់មានមនុស្សនៅ … ខ្ញុំចាំថា កាលពីឆ្នាំ១៩៩៣ មានគណបក្សខ្លះចូលមក(ឃោសនា)ថា បើឈ្នះឆ្នោត គាត់នឹងឱ្យកម្មសិទ្ធមុនសង្គ្រាមឡើងវិញ។ (បើសិនជាដូចនោះមែនគឺ)ប្រាកដជាកាប់ចាក់គ្នាហើយ។ បានន័យថាកម្មសិទ្ធប្រែប្រួល។ យើងបានរៀបចំឡើងវិញដោះស្រាយតាមរយៈការវាស់វែង ប៉ុន្តែយើង (១)ត្រូវធ្វើការពីរពេលជាមួយគ្នាក្នុងរឿងវិវាទដីធ្លី។ ទី១ ត្រូវដោះបញ្ហាចំពោះមុខ និងទី២ កំណត់យុទ្ធសាស្ត្រដោះរយៈពេលវែង ដើម្បីពន្លត់ភ្លើង។ យើងមិនអាចចោលការដោះស្រាយចំពោះមុខបានទេ។ បើប្រជាជនកំពុងមានបញ្ហាវិវាទដីធ្លី យើងមិនអាចថាមិនដោះស្រាយបានទេ។ (មិនអាចថា)ឈ្លោះគ្នាសិនទៅ ចាំខ្ញុំវាស់វែងហើយ ខ្ញុំកំណត់ព្រំហើយ ចាំចេញ L map អោយ។ ចេញអត់កើតទេ បើគាត់នៅមានបញ្ហា … បើតាមរបាយការណ៍ តាំងពីការកើតហេតុមកយើងមានវិវាទជាង ១ម៉ឺន ៥ពាន់ ជិត ១ម៉ឺន ៦ពាន់ករណី។ យើងបានដោះ រហូតពេលនេះនៅសល់ក្រោម ១ពាន់ (ករណី)។ ១៥ខែនេះ យើងដោះបានជាង ៣ពាន់ករណី។
(៤) ១៥ខែនៃអាណត្តិថ្មីដោះស្រាយវិវាទដីធ្លីបានជាង៣ពាន់ករណី
ទំនាស់អាចមានកើតថ្មី ប៉ុន្តែយើងរៀបចំដោះស្រាយ ដោយប្រើប្រាស់យន្តការក្រៅប្រព័ន្ធតុលាការ ប្រើយន្តការដោះស្រាយវិវាទដីធ្លី យន្តការរបស់ក្រសួងស្ថាប័ន ខេត្ត រាជធានី។ បើសិនជាដោះមិនបាន បានទៅដល់តុលារ។ ការដោះស្រាយបញ្ហាចំពោះមុខនេះ សំដៅដោះស្រាយជូនប្រជាពលរដ្ឋ ទំនាស់ វិវាទ អាចថារវាងប្រជាជននិងប្រជាជន, ប្រជាជនជាមួយនិងដីរដ្ឋ ឬសហគមន៍។ យើងត្រូវដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់ និងមូលដ្ឋាននៃការយោគយល់។ ករណីដែលអាចដោះស្រាយបានបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ យើងក៏ត្រូវធ្វើ ព្រោះនៅតុលាការកកស្ទះច្រើនណាស់។ ការដោះស្រាយនេះ គឺយើងត្រូវឈរផ្អែកទៅលើស្មារតីនៃការដោះស្រាយដោយសន្តិវិធី និងការយោគយល់គ្នា។ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំដោះស្រាយជាបន្តបន្ទាប់តាំងពីជំនាន់មុន ជំនាន់ឯកឧត្តម ជា សុផារ៉ា ក៏ដោះជាបន្តៗ។ ជំនាន់ឯកឧ្តតម សាយ សំអាល់ ក៏បន្តដោះ។
(៥) រៀបចំក្រុមការងារ ៥ពាន់នាក់ គ្រោងថវិកា ១០០លានដុល្លារ ជំរុញវាស់វែង ចុះបញ្ជី ចេញកម្មសិទ្ធដីធ្លី
នេះគឺការដាក់ចេញនូវយុទ្ធសាស្ត្រមួយគឺដោះអ្វីដែលចំពោះមុខ និងរៀបចំរយៈពេលវែង។ ការរៀបចំរយៈពេលវែងនេះ គឺត្រូវជំរុញការវាស់វែង ចុះបញ្ជីក្បាលដី ចេញកម្មសិទ្ធដីធ្លីឱ្យចំ។ បើមិនអញ្ចឹងទេនៅតែឈ្លោះគ្នា ព្រោះយើងអត់មានព្រំដីច្បាស់លាស់។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលច្រើនអាណត្តិបានខិតខំធ្វើ។ អាណត្តិនេះ យើងនឹងជំរុញខិតខំអោយអស់លទ្ធភាព ប្រកបដោយសុទិដ្ឋនិយម។ តាំងពីដើមអាណត្តិ ខ្ញុំបានឯកភាពនឹងសំណើរបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ស្តីពីការបង្កើនកញ្ចប់ថវិកាដើម្បីធ្វើការងារនេះ។ ខ្ញុំប្រាប់ថារុញអោយលឿន។ កាលពីមុន យើងមានក្រុមការងារចុះតូចៗ។ អាណត្តិថ្មីនេះ យើងរៀបចំជាង៥ពាន់នាក់ចុះធ្វើ។ ខ្ញុំស៊ីញ៉េបង្កើនកញ្ចប់ថវិកាសម្រាប់ចុះធ្វើការងារនេះ និងលើកទឹកចិត្តបងប្អូនធ្វើការរៀបបណ្ណ(សំគាល់កម្មសិទ្ធដីធ្លី)នេះ។ យើងគ្រោង ១០០លានដុល្លារ ដើម្បីរុញ(ឱ្យ)ចំ(ការដោះស្រាយ)។ សង្ឃឹមថាក្នុងអាណត្តិនេះ យើងអាចធ្វើកិច្ចការនេះចប់។ បងប្អូនសកម្មចុះធ្វើ។ ខ្ញុំឃើញរូបភាពតាមហ្វេសប៊ុក និងឯកឧត្តម សាយ សំអាល់ បាញ់មកអោយ។ ឃើញថាពេលខ្លះបងប្អូនធ្វើការទាំងយប់ទាំងល្ងាច។ ជួនកាលចេញកម្មសិទ្ធឱ្យតំបន់រោងចក្រ។ គាត់ធ្វើការរហូត។ អញ្ចឹងបងប្អូនត្រូវធ្វើទាំងថ្ងៃសៅរ៍និងអាទិត្យក៏ធ្វើដែរ ហើយធ្វើយប់ទៀត ដើម្បីជូនបណ្ណកម្មសិទ្ធដីធ្លីដល់ប្រជាពលរដ្ឋ។
(៦) ពន្លត់ទំនាស់ដីធ្លី ហើយធ្វើឱ្យដីធ្លីក្លាយជាទ្រព្យមូលធនរស់របស់ពលរដ្ឋ/ជាតិ
បណ្ណ(កម្មសិទ្ធដីធ្លី)នេះ ក្រៅពីជួយបញ្ចប់ទំនាស់ ពេលដែលយើងមានប្លង់រឹងហើយ ក៏ជួយសំរួលក្នុងការប្រើប្រាស់ និងបង្កើនឱកាសធ្វើសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។ ថ្ងៃមុន ឱ្យគេរកសៀវភៅមួយដែលខ្ញុំអានចំមុនគេបំផុតសរសេរដោយអ្នកសេដ្ឋកិច្ចមួយ (មានចំណងជើង) The Mystery of Capital ឬភាពអាថ៌កំបាំងនៃមូលធន។ សៀវភៅនិយាយអំពីមូលធនដែលស្លាប់និងមូលធនដែលរស់។ នៅតាមប្រទេសជាច្រើន មូលធនស្លាប់ … គេនិយាយសំដៅទៅលើដី អចលនទ្រព្យ។ វាស្លាប់ វាអត់មានជីវិត ដោយសារវាអត់មានប្លង់ អត់អាចយកទៅប្រើប្រាស់បាន គេអត់ឱ្យតម្លៃ។ នៅពេលដែលផ្ដល់កម្មសិទ្ធហើយ ម្ចាស់កម្មសិទ្ធអាចយកទៅរៀបចំ ទៅខ្ចីជាទុនសម្រាប់ពង្រីកមុខរបរឬធ្វើអីផ្សេងៗ។ អាចដោះដូរគ្នាបាន។ ត្រឡប់មកវិញ ខ្ញុំគាំទ្រកិច្ចការនេះ។ យើងបាននិងកំពុងតែអនុវត្តនូវអ្វីដែលប្រទេសជាច្រើននៅជាប់បញ្ហាមូលធនស្លាប់។ យើងធ្វើវាអោយរស់ឡើងវិញ។ ជប់វាតាមរយៈការវាស់វែងចុះបញ្ជីនិងចេញបណ្ណអោយ ដើម្បីក្លាយទៅជាទ្រព្យរស់របស់ពលរដ្ឋយើង។ យើងត្រូវតែរុញដើម្បីអោយបានគ្រប់គ្នា អោយបានគ្រប់ក្បាលដី ទាំងដីរដ្ឋនិងដីឯកជន ដីសហគមន៍ផ្សេងៗ ធានាថាមានព្រំប្រទល់ច្បាស់លាស់ មានបណ្ណច្បាស់លាស់ កាត់បន្ថយទំនាស់វិវាទដីធ្លីក្នុងរយៈពេលវែង។ យើងពន្លត់ភ្លើង ថែមទាំងផ្ដល់លទ្ធភាពឱ្យដីទាំងនោះទីជាទ្រព្យរស់របស់ប្រទេសជាតិផងដែរ។ នេះគឺជាការប្ដេជ្ញាចិត្ត។
(៧) កំពង់ចាមនឹងបានជាខេត្តដំបូងគេបញ្ចប់ការវាស់វែងនិងចុះបញ្ជីក្បាលដី
រដ្ឋាភិបាលបានផ្ដល់គោលការណ៍បង្កើនកញ្ចប់ និងគ្រោងថវិកាខ្ទង់ ១០០លាន ដើម្បីធ្វើការងារនេះ។ ឯកឧត្តម សាយ សំអាល់ តើក្រសួងអាចវាយតម្លៃបានទេថា កិច្ចការកំណត់ព្រំប្រទល់និងការវាស់វែងចេញបណ្ណដីធ្លី អាចចប់នៅក្នុងអាណត្តិនេះឬទេ? យើងធ្វើ ៧លាន ៧សែន។ អាណត្តិមុន ចេញ៧លាន … យើងធ្វើបានខ្ទង់ ៣លានទៀត។ នៅសល់ដូច ១លានកន្លះដែលត្រូវធ្វើក្បាលដី។ អញ្ចឹង ជំរុញធ្វើការនេះ អោយបានឆាប់ចប់នៅពេលខាងមុខ ដើម្បីឈានទៅពន្លត់ភ្លើងនៃភាពមិនច្បាស់លាស់ ដែលនាំឱ្យបង្កើតបញ្ហា។ រាជរដ្ឋាភិបាលបាន(ពុះពារ)ធ្វើការ(នេះដើម្បី)ដោះស្រាយយុទ្ធសាស្ត្ររយៈពេលវែង។ សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំងអស់ ជួយពន្លឿនការប្រគល់បណ្ណ(កម្មសិទ្ធដីធ្លី)ទៅអោយប្រជាពលរដ្ឋ។ បណ្ណ(កម្មសិទ្ធដីធ្លី)ខ្លះ ត្រូវបានក្រសួងបានរៀបចំ និងទម្លាក់ទៅឱ្យរាជធានីខេត្តហើយ។ សូមបញ្ជូនឱ្យបានលឿន ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋឆាប់បានបណ្ណ(កម្មសិទ្ធ)នេះ ទៅធ្វើការគ្រប់គ្រងផ្ទាល់។ ខែក្រោយ ខ្ញុំទៅប្រកាស ខេត្តកំពង់ចាមជាខេត្តដំបូងគេ ដែលបញ្ចប់ការវាស់វែងការចុះបញ្ជីក្បាលដី … កាលពីមុនយើងមានសង្គ្រាម … កាលមុនខ្ញុំដើរប្រកាសខេត្តដោះមីនអស់បាន ១៥ខេត្ត។ ឥឡូវយើងចុះប្រកាសខេត្តដែលបានវាស់វែងនិងចុះបញ្ជីក្បាលដីហើយ ដោយខេត្តកំពង់ចាមសំរេចកិច្ចការនេះបានមុនគេ។ សូមអបអរសាទរ។
(៨) បើបញ្ចប់ការផ្តល់កម្មសិទ្ធដីធ្លីត្រឹមឆ្នាំ២០២៩ គឺត្រូវខួប៤០ ឆ្នាំនៃការដាក់ឱ្យអនុវត្តកំណែទំរង់ដីធ្លីឆ្នាំ ១៩៨៩
សង្ឃឹមថា យើងអាចធ្វើចប់នៅឆ្នាំ ២០២៩ ដែលជាខួប ៤០ឆ្នាំនៃការផ្ដល់កម្មសិទ្ធដីធ្លីឯកជន (គិតតាំង)ពីធ្វើការកែទម្រង់សេដ្ឋកិច្ច ក្នុងជំនាន់រដ្ឋកម្ពុជា។ សម្ដេចតេជោ បានដាក់ចេញគោលនយោបាយផ្ដល់កម្មសិទ្ធដីធ្លីដំបូងនៅ ១៩៨៩។ បើសិនជាយើងធ្វើកិច្ចការនេះបានចប់ត្រឹមឆ្នាំ២០២៩ (វានឹងបានចំ)ខួប ៤០ឆ្នាំ ដែល(ក្រោយពីដាក់បានដាក់អោយអនុវត្តការកែទំរង់ដីធ្លី) យើងអាចឈានទៅបញ្ចប់ទំនាស់ដីធ្លីដោយភាពមិនច្បាស់លាស់នៃការកំណត់ព្រំដីជាគោលដៅ។ ខ្ញុំសូមអរគុណជាថ្មីម្ដងទៀត ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នា ធ្វើការជាមួយគ្នា មានទាំងអាជ្ញាធររាជធានីខេត្ត ជាពិសេសមន្ត្រីនៃក្រសួងដែនដីនគរូបនីយ៍កម្មនិងសំណង់ និងក្រុមការងារដែលចុះធ្វើផ្ទាល់។ មិន(មែនជាការ)ងាយស្រួលទេ។ យើងមើលនៅលើក្រដាសស្រួល តែចុះទៅលើដីជាក់ស្តែងមិនស្រួលទេ។ ដូចខាងព្រំដែនអញ្ចឹង។ ថានៅលើដីស្រួលៗ គ្រាន់តែចង្អុល ហេតុអីក៏(មើលទៅដូចពិបាកម្លេះ)។ ដល់ទៅសួរខាងព្រំដែន លុយទឹកមិនដឹងប៉ុន្មានដង ទៅរកមើល … ខ្ញុំជឿជាក់ថា នៅពេលដែលយើងបញ្ចប់ការវាស់វែង ការចុះបញ្ជីក្បាលដី និងការផ្ដល់កម្មសិទ្ធ យើងនឹងឈានទៅដល់ការកាត់បន្ថយទំនាស់ដែលមាន។
(៩) ទំនាស់ដីធ្លីជារឿងមានពីមុន ប៉ុន្តែវិវាទបុរីជារឿងថ្មី
ចំណុចទី២ គឺវិវាទបុរី។ យើងអាចនិយាយបានថា ទំនាស់ដីធ្លីគឺជារឿងចាស់ដែលមានពីមុនមក ប៉ុន្តែវិវាទបុរីនេះគឺជារឿងថ្មី។ ប្រវត្តិសាស្ត្រប្រទេសយើងអត់ដែលមានទេនៅក្នុងទ្រង់ទ្រាយធំបែបនេះ។ ពីឆ្នាំ១៩៩៧ ខ្ញុំចាំពេលដែលមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ីអាគ្នេយ៍ និងវិបត្តិអចលនទ្រព្យនៅប្រទេសថៃ ប្រទេសកម្ពុជាអត់មានបញ្ហាទេ ព្រោះកាលនោះការទិញលក់អចលនទ្រព្យមិនមានច្រើន។ ពីដើមអាណត្តិ មានជនជាតិផ្សេងមកវិនិយោគ ទិញលក់អី ប៉ុន្តែខ្មែរយើងមិនទាន់មាន(ធ្វើការទិញដូរទេ)។ ពេលនោះគឺអត់មានខ្ចីធនាគារទិញទេ។ ភាគច្រើនប្រើលុយសុទ្ធ។ អញ្ចឹងវិបត្តិអីវិបត្តិទៅអត់មានបញ្ហាប៉ុន្មានទេ។ យើងក៏មិនប៉ះពាល់ច្រើន។ ប៉ុន្តែលើកនេះ (ការប៉ះពាល់)មានទំហំធំ។ ដោយសារអី? បើយើងមើល កាលពី ៥ឆ្នាំ មុនមានវិបត្តិកូវីដ-១៩។ ពេលនោះគឺគ្រប់គ្នា ទាំងអ្នកទិញទាំងអ្នកវិនិយោគទាំងអ្នកសាងសង់ គឺអត់ភ័យព្រួយរឿងទីផ្សារត្រូវគាំងទេ មានតែព្រួយខ្លាចបាត់ឱកាសដោយទិញអត់ទាន់។ មែនទេ? ឧកញ៉ា លី ហួរ នៅទីនេះ។ សូម្បីតែអ្នកទិញ មានលទ្ធភាពទិញតែ ១០ទេ តែហ៊ានទិញដល់ ១០០ផ្ទះ ព្រោះគិតថាគង់តែឡើងថ្លៃ គង់តែបង្វិលយកពាក់កណ្ដាលសងពាក់កណ្ដាល។
អ្នកវិនិយោគក៏ហ៊ានពង្រីកសាងសង់កន្លែងមួយ ហ៊ានពង្រីកទិញដីកន្លែងផ្សេងទៀតដើម្បីយកមកបង្វិល។ ការប្រកួតប្រជែងខ្លាំង រហូតទៅដល់យកកម្រិតចំណេញតិចបំផុត ជាការដែល(នាំអោយប្រឈមកើតមាន)ហានិភ័យ។ នៅពេលដែលសេដ្ឋកិច្ចកំពុងតែឡើង អចលនទ្រព្យកំពុងតែឡើង (តួអង្គសេដ្ឋកិច្ច)អត់ហ៊ានយឺតទេ។ សូម្បីតែបុរីខ្លះ អត់ទាន់មានអាជ្ញាបណ្ណផង។ បន្តិចទៀតខ្ញុំនិយាយ។ ព្រោះបើរវល់តែសុំអាជ្ញាបណ្ណវាយឺត។ ដល់សុំអាជ្ញាបណ្ណយឺត ខ្លាចផ្សាររត់ចោល។ ធ្វើសិន។ បានដើរ មិនមែនអត់ដើរទេ ដើរមួយរយៈ ធ្វើឲ្យមនុស្សកាន់តែជឿទុកចិត្តថា មិនអាចមានបញ្ហា។ កូវីដ-១៩ មកដល់។ មិនមានអ្នកណាមើលឃើញថានឹងកើតមានកូវីដ-១៩ទេ។ ខ្ញុំក៏អត់ឃើញដែរ។ កាលនោះ និយាយត្រង់ ត្រៀមផែនការជិះម៉ូតូទៅ(ឯណា)នោះ។ ដល់កូវីដ-១៩មក ត្រូវលុប។ អត់មានអ្នកណាដឹងថាកូវីដ-១៩បែបនេះ អាចប៉ះពាល់សេដ្ឋកិច្ច វិស័យអចលនទ្រព្យឱ្យនៅនឹងថ្កល់ទេ។
(១០) ស្រាយវិបត្តិអចលទ្រព្យ គឺស្រាយវិវាទចំពោះមុខ និងធ្វើឲ្យវិស័យអចលនទ្រព្យរស់រានមានជីវិត
ខ្ញុំគ្រាន់តែរំព្ញកពីដើមហេតុបន្តិច។ រាជរដ្ឋាភិបាល មិនថាស្ថានភាពបែបនោះខុសឬត្រូវទេ តែអ្វីដែលសំខាន់គឺយើងទទួលស្គាល់បញ្ហាចំពោះមុខ និងត្រូវដោះស្រាយ។ នេះគឺជាបញ្ហាដែលរសើបបំផុត ដែលត្រូវដោះដោយមានភាពបត់បែន ដោយភាពយោគយល់គ្នា និងភាពអំណត់។ ខ្ញុំចែកជា ២។ បុរីដែលធ្វើពិត មានចេតនាពិត គ្រាន់តែមានការប្រឈមដោយការវាយតម្លៃខុស និងបុរីដែលមានចេតនាបោកប្រាស់។ ហ្នឹងគេថាឆបោក។ ខ្លះអត់មានបុរីផង។ បន្តិចទៀត ខ្ញុំនឹងបញ្ជាក់អំពីស្ថានភាពដែលថា យើងត្រូវដោះយ៉ាងម៉េច? ពេលនោះ ដំបូងគេបំផុត ពេលដែលខ្ញុំទទួលតួនាទី(ដឹកនាំរដ្ឋាភិបាល) អ្វីដែលជាការតាមដានយកចិត្តទុកដាក់របស់ខ្ញុំជាងគេ គឺរឿងអចលនទ្រព្យនេះឯង។ តាមការសួរនិងឲវិភាគ គឺតម្លៃ(លក់បាន)ចុះរហូតដល់ ៤០% ឬ៥០% ហើយ យើងមិនទាន់ដឹងថាតើដល់បាតឬនៅ? (ហេតុដែលនាំអោយយកចិត្តទុកដាក់នេះគឺ) បើសិនជាមានបញ្ហាក្នុងវិស័យអចលទ្រព្យ គឺវាជះឥទ្ធិពលទៅដល់វិស័យធនាគារ និងវិស័យផ្សេងៗទៀត។ ដូចនេះ យើងមានគោលដៅ/មុខព្រួញធំបំផុតពីរដែលត្រូវធ្វើ។ ទី១ ដោះស្រាយបញ្ហាចំពោះមុខគឺវិវាទ។ ទីពីរ ត្រូវធ្វើម៉េចធានាឲ្យមានការរស់រានមានជីវិត មិនឲ្យស្លាប់នៃវិស័យអចលនទ្រព្យ។ នេះគឺជាគោលដៅធំដែលត្រូវធ្វើ។
(១១) ទាំងអ្នកវិនិយោគទាំងអតិថិជន calculate ខុស ក្លាយជាជនរងគ្រោះទាំងអស់គ្នា
យើងដោះស្រាយបែបណា កុំឲ្យមានភាពច្របូកច្របល់។ តែដោះមិនស្រួល ច្របូកច្របល់ពេញហ្នឹងឥឡូវ។ សូមអរគុណឯកឧត្ដម សាយ សំអាល់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ដែលបានធ្វើការនេះជាមួយគ្នា ដោយមានភាពអត់ធ្មត់ពីដើមទី។ បើសិនជាយើងធ្វើការដោះស្រាយមិនស្រួល មិនដឹងចាប់អ្នកណាខ្លះទេ។ ខាងបុរីមួយចំនួនសំណូមពរថា ត្រូវអនុវត្តច្បាប់ទៅលើអ្នកនេះអ្នកនោះ។ អតិថិជនមួយចំនួនទាមទារឲ្យអនុវត្តច្បាប់លើម្ចាស់បុរី។ ខាងធនាគារមួយចំនួនថាត្រូវតែអនុវត្តឲ្យដោយរឹងកំព្រឹសលើអ្នកអត់បង់។ ខ្ញុំថា បើរវល់តែចាប់គ្រប់គ្នា វានឹងបង្កើតនូវភាពកាន់តែរំជើបរំជួល។ ៩៩គម្រោង បើសិនជាមានបញ្ហា បើចាប់ម្ចាស់ ៩៩នាក់ តើបានអ្នកណាមកដោះស្រាយ? ហ្នឹងហើយដែលយើងត្រូវគិតគូរ … គ្រប់គ្នាវិនិយោគដោយសារមានអ្នកទិញ។ មានអ្នកទិញដោយសារទីផ្សារកាន់តែឡើង។ អញ្ចឹងទិញកាន់តែច្រើន។ អ្នកវិនិយោគកាន់តែបង្វិល(ទុន)ធ្វើបុរីកាន់តែលឿន ព្រោះខា្លចបាត់ទីផ្សារ។ អញ្ចឹងសួរថា អ្នកណាខុស? អត់មានអ្នកណាទុច្ចរិតចង់ធ្វើខុសទេ។ ទាំងអ្នកវិនិយោគទាំងអតិថិជន គ្រាន់តែយើង calculate ខុស។ យើងជាជនរងគ្រោះទាំងអស់គ្នា។ ត្រូវដោះស្រាយផ្អែកទៅលើមូលដ្ឋាននេះ។ យើងរកដំណោះស្រាយទាំងអស់គ្នា។ ជួយគ្នាដោះ។
(១២) ដោះស្រាយដោយទន់ភ្លន់ បត់បែន យោគយល់គ្នា និងមិនបង្កើតនូវភាពច្រួលច្របល់
ពិតណាស់ វាមានករណីឆបោក។ យើងចាប់ប៉ុន្មានករណី។ បន្តិចទៀត ខ្ញុំនឹងនិយាយរឿងហ្នឹង។ តែរឿងទី១ ត្រូវដោះស្រាយបញ្ហាបុរីដោយភាពបត់បែន ទន់ភ្លន់ យោគយល់គ្នា ដើម្បីឈានទៅដោះ(បញ្ហា)។ អញ្ចឹងហើយបានជាមានអ្នកសួរថា ហេតុអីបានជានាយករដ្ឋមន្រ្តីមិននិយាយស្អីសោះ រឿងបុរីនេះនៅពេលកំពុងមានរឿង? បើសិនជាខ្ញុំនិយាយ តើឲ្យខ្ញុំផ្ដល់គោលការណ៍អី? បើផ្ដល់មិនស្រួល នាំឱ្យច្របូកច្របល់ពិបាកដល់អ្នកដោះស្រាយ ព្រោះគោលការណ៍ដោះស្រាយត្រូវផ្អែកទៅលើការសម្របសម្រួល គោលការណ៍បច្ចេកទេស គោលការណ៍ច្បាប់ និងការយោគយល់គ្នា។ ករណីវាអត់ដូចគ្នាទាំងអស់ទេ។ បុរីពីរមានលក្ខខណ្ឌខុសគ្នាទាំងអស់ មានបញ្ហាខុសគ្នាទាំងអស់។ ក្នុងបុរីតែមួយហ្នឹង អតិថិជនក៏មានភាពខុសគ្នាដែរ។
អញ្ចឹងទាល់តែទុកឱកាសឲ្យគាត់រកវិធីសម្របសម្រួលគ្នា។ បើសិនជានាយករដ្ឋមន្រ្តីថាត្រូវតែដោះបែបនេះ/នោះ វាក៏នឹងធ្វើឲ្យមានបញ្ហា។ បើយើងយកនយោបាយទៅឡូកឡំ គឺយើងដោះមិនចេញទេ។ ហ្នឹងដូចរឿងព្រំដែននេះ ដែលអ្នកនយោបាយមួយចំនួននៅក្រៅប្រទេសចង់យកនយោបាយមកដុត មិនឲ្យគេដោះស្រាយតាមបច្ចេកទេស។ វាគ្រោះថ្នាក់។ ទុកឲ្យអ្នកបច្ចេកទេស ភាគីពាក់ព័ន្ធ សម្របសម្រួលគ្នា។ យើងមានត្រីភាគី ក្រសួង អតិថិជន ជាមួយនឹងម្ចាស់បុរី។ កន្លែងខ្លះមានចតុភាគី មានអតិថិជន ម្ចាស់បុរី ក្រសួង និងម្ចាស់បំណុល។ ម្ចាស់បុរីខ្លះគាត់ក៏ខ្ចីលុយពីគេមកដើម្បីដោះដែរ។ អញ្ចឹងបានថា ៩៩ យើងដោះបាន ៥៣ នេះ ទោះបីជាមិនមានការស្រែកប្រកាសអីផ្សេងៗ ក៏ប៉ុន្តែយើងទប់សភាពការណ៍។ បើសិនជាស្ដាប់តាមសំណូមពរម្នាក់ៗ ពេលខ្លះគេខឹងទៀត។ ហេតុអីក៏យើងមិនរឹង មិនព្រមចាប់អ្នកនេះ/នោះ ទុកឲ្យគេធ្វើនេះ/នោះ … ខ្ញុំថា តែធ្វើមិនស្រួលទៅជារឿងនយោបាយ ពិបាកដោះព្រោះមានអ្នកចាំដុត វិទ្យុមួយចំនួនចាំតែដុតទេ។
ទីពីរ វាបង្កើតនូវភាពជ្រួលច្របល់។ ឧទាហរណ៍ រឿងបុរីខុសគ្នា ដោះមួយមិនស្រួល ទៅបង្កើតភាពជ្រួលច្របល់លើរូបមន្តផ្សេងទៀត។ ភាពច្របូកច្របល់នេះពាក់ព័ន្ធជាមួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះរឿងនេះមិនមែនរឿងសាមញ្ញ។ អញ្ចឹងហើយ ខ្ញុំសូមអរគុណចំពោះឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមនៅក្នុងការដោះស្រាយនេះ រួមទាំងភាគីពាក់ព័ន្ធ មានទាំងម្ចាស់បុរី មានទាំងអតិថិជន មានទាំងម្ចាស់បំណុល ដែលរួមគ្នាដោះ។ យើងកំពុងតែជាប់ក្នុងការលំបាកទាំងអស់គ្នា។ ពេលដែលស្រួល យើងចំណេញទាំងអស់គ្នា តែឥឡូវពេលលំបាក ទាល់តែរួមគ្នាដោះ។ បើមិនអញ្ចឹងទេ យើងដោះមិនចេញ។ បើដោះមិនចេញ ខាតទាំងអស់គ្នា។ ធនាគារក៏រលំ បុរីក៏អត់ ចាប់យកទៅណា ហើយបើឲ្យទៅចាប់ តើមានអ្នកណាទៅដោះ?
(១៣) ក្នុង ៦ខែ តាមរបាយការណ៍មានជាង ១៦០០គម្រោង មានទុនវិនិយោគជាង ២ពាន់លានដុល្លារ
ថ្ងៃមុន ខ្ញុំថា វិស័យអចលនទ្រព្យនេះ អ្នកអភិវឌ្ឍហាក់ដូចជាមេមាន់ដែលយើងត្រូវថែរក្សា។ កុំឲ្យដួលវិស័យហ្នឹងដើម្បីឲ្យគាត់មានលទ្ធភាពបន្តផ្តល់ពង។ ស្រាប់តែមានគេវាយខ្ញុំថា ខ្ញុំនិយាយរឿងពងមាន់មេមាន់ឯណាឆ្កុយ។ រឿងវាអញ្ចឹង។ បើឲ្យទៅចាប់ម្ចាស់បុរីយកមកទុក តើគាត់ធ្វើម៉េច(ចេញមកដោះស្រាយបញ្ហាបាន?)។ បើទៅយកមក មិនឲ្យលទ្ធភាពគាត់ដើម្បីអភិវឌ្ឍបន្ត រកវិធីដោះស្រាយ(ម្តេចនឹងកើត)។ ឥឡូវយើងដោះ។ រូបមន្តខ្លះក៏ដោះបាន។ បុរីទាំង ៩៩ មិនមែន(ដោះបាន)ទាំងអស់ទេ។ បុរីខ្លះក៏បានក្ស័យធនទៅហើយ។ បុរីខ្លះក៏នៅមានសមត្ថភាពទៅមុខ។ បុរីខ្លះក៏មានលទ្ធភាពដោះស្រាយបញ្ហា ហើយក៏បានងើបឡើងវិញខ្លះៗ។ នៅក្នុងរបាយការណ៍ឯកឧត្ដម សាយ សំអាល់ បានបញ្ជាក់ហើយ។ ខ្ញុំមើលទិន្នន័យប្រចាំខែ។ បន្តិចៗ ខ្ញុំសួរទៅឧកញ៉ា លី ហួរ សួរទៅឧកញ៉ា ថៃ ជាហួត សួរទៅម្ចាស់បុរីនានាថាម៉េចទៅលក់បានប៉ុន្មានខែនេះ? បានហ្នឹងឬនៅ? បានឡើងបន្តិចឬនៅ? ក្រោយពីយើងដាក់(អោយប្រព័ន្ធ)ឌីជីថល(ដំណើរការ)ហ្នឹងឯកឧត្ដម សាយ សំអាល់ បញ្ជូនព័ត៌មានមក ពីការសុំខ្ចីលុយនិងឯកសារអីតាមហ្នឹង ធ្វើឲ្យចរន្តហ្នឹងដើរ។ អញ្ចឹង យើងឃើញថាមានចរន្តឡើងវិញ។ នៅក្នុង ៦ខែនេះ តាមរបាយការណ៍មាន ១៦០០គម្រោងជាង ដែលមានវិនិយោគជាង ២ពាន់លានដុល្លារ។ អញ្ចឹងក៏បានរើបៗ ឡើងវិញ។ សំខាន់ឲ្យឃើញថាបានដល់បាតហើយឬនៅ?
(១៤) គោលការណ៍អនុគ្រោះ៣ ដើម្បីជួយវិស័យអចលនទ្រព្យ ពិសេសបុរី
យើងអាចនិយាយដោយមោទនភាពថា អ្វីដែលជាកង្វល់កាលពី១៥ ខែមុននោះ គឺយើងបានឃើញហើយ (ប្រៀបដូចជា)រនាបហ្នឹងវាមិនទាន់រឹងមាំ … រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកលែង និងអនុគ្រោះជាច្រើន មានដូចជាការអនុគ្រោះពន្ធ។ កន្លងទៅ យើងបានជួយវិស័យអចលនទ្រព្យជាពិសេសក្នុងបុរីនេះ ដូចជាការដាក់ចេញលើកលែងពន្ធលើចំណេញមូលធនលើអចលនទ្រព្យ អ្នកទិញហើយលក់ចំណេញអត់យកពន្ធទេ ទុកឲ្យគាត់យកទៅបង្វិលធ្វើអីៗ។ ទី២ ការអនុញ្ញាតឲ្យបង់ពន្ធជាកញ្ចប់តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ ដើម្បីកុំឲ្យភាពស្មុគស្មាញ … យើងបន្ធូរបន្ថយនិងសម្រួលនីតិវិធី។ ទី៣ ការលើកពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលថ្លៃស្មើ ឬក្រោម ៧ម៉ឺន(ដុល្លារ)។ បើថ្លៃលើសពី៧ម៉ឺនដុល្លារ យើងដក៧ ម៉ឺនចេញពីមូលដ្ឋាននៃការគិតពន្ធ។
(១៥) បញ្ហា៣ ដែលនាំអោយអនុវត្តគោលការណ៍អនុគ្រោះមិនបាន
ខ្ញុំបានឲ្យតាមមើលរឿងនេះ។ មានបញ្ហាមួយចំនួនក្នុងការអនុវត្ត។ វាមានបញ្ហា៣ ធំៗ ដែលដាក់គោលការណ៍ចេញទៅហើយ តែអនុវត្តមិនទាន់ចេញ (ដោយសារ) ទី១ បុរីខ្លះអត់មានអាជ្ញាបណ្ណ។ អញ្ចឹងពេលដែលគាត់ប្រញាប់ធ្វើ កុំឲ្យទីផ្សារចេញចោល គាត់អត់មានអាជ្ញាបណ្ណ។ អញ្ចឹងអ្នកទិញក្នុងហ្នឹងទៅ claim មិនកើត។ ទី២ អ្នកខ្លះទិញមុនគោលការណ៍ដែលរដ្ឋាភិបាលចេញមក។ សម្ដេចតេជោប្រកាសការអនុញ្ញាតពីឆ្នាំ២០២០ អ្នកខ្លះទិញមុនអត់បានកាត់ឈ្មោះ។ អញ្ចឹងក៏អត់បាន។ ករណីទី៣ គឺទិញបុរីហើយ តែពេលកាត់ឈ្មោះ កាត់ឈ្មោះពីបុគ្គល។ ឧទាហរណ៍ ទិញពីបុរី «ក» តែដល់ពេលកាត់ឈ្មោះនៅលើក្រដាស មិនមែនកាត់ពីឈ្មោះបុរី «ក» ទៅឈ្មោះអ្នកទិញទេ កាត់ពីម្ចាស់បុរី ឬមួយឈ្មោះអ្នកតំណាងបុរី។ អញ្ចឹងរូបភាពទៅជាកាត់ឈ្មោះបុគ្គលទៅបុគ្គល។ ដល់អញ្ចឹង យកការ(អនុគ្រោះ)ក្រោម ៧ម៉ឺនលើពន្ធប្រថាប់ត្រាហ្នឹងមិនកើត។ ខ្ញុំបានឲ្យកែសម្រួល ដើម្បីសម្រួលការអនុវត្ត។
ទី១ បុរីដែលមិនមានអាជ្ញាបណ្ណ។ ខ្ញុំបានឲ្យគោលការណ៍ទៅឯកឧត្ដម សាយ សំអាល់ ថាឥឡូវអង្ករក្លាយជាបាយហើយ។ សូមទៅមើលបុរីណាដែលមានលក្ខណៈសម្បត្តិអាចទៅរួច។ បើបុរីក្ស័យធនហើយ យើងមិនទៅចេញអាជ្ញាបណ្ណធ្វើអីទេ។ ឲ្យបំពេញលក្ខខណ្ឌដើម្បីស្នើសុំចូល។ យើងឲ្យគាត់ទៅ មិនបាច់ពិន័យអីទេ។ តែធ្វើម៉េចឱ្យ សំណង់របស់គាត់ធានាបច្ចេកទេស។ រឿងបច្ចេកទេសសំណង់ និងសុវត្ថិភាពប្រជាជនត្រូវតែធានា។ អញ្ចឹងយើងបន្តធ្វើ។ អញ្ចឹងចេញអាជ្ញាបណ្ណបានហើយ អ្នកដែលទិញអាចកាត់ឈ្មោះ យកពន្ធប្រថាប់ត្រាមួយ។
ទី២ អ្នកទិញខ្លះទិញមុនថ្ងៃ២៥ ខែ២ ឆ្នាំ២០២០ ដែលសម្ដេចតេជោប្រកាសគោលការណ៍។ អញ្ចឹងអ្នកមុនហ្នឹងអត់បានទេ។ ខ្ញុំថា កុំពិបាក។ អ្នកទិញមុនក៏ទិញចុះ ឲ្យតែក្រោម ៧ម៉ឺន ហើយឲ្យគាត់ធ្វើការប្រកាសពន្ធប្រថាប់ត្រារហូតដល់ចុងឆ្នាំ២០២៥។ អញ្ចឹងឲ្យរហូតដល់ចុងឆ្នាំ២០២៥។ សូមប្រកាសទៅ។ អ្នកដែលទិញមុនឆ្នំា ២០២០ក៏ដោយ មិនទាន់កាត់ឈ្មោះ ទៅកាត់ ឱ្យតែក្រោម៧ម៉ឺន គឺឲ្យរួចពន្ធប្រថាប់ត្រា។ សូមជូនព័ត៌មានហ្នឹងតែម្ដង។
ទី៣ បុរីមិនមានអាជ្ញាបណ្ណហើយបានក្ស័យធន។ ចំពោះប្រជាពលរដ្ឋដែលបានទិញផ្ទះអីហើយ មានសំបុត្រស្នាមច្បាស់លាស់ហើយពីបុរីដែលបានក្ស័យធនទៅហើយ បានឲ្យគោលការណ៍ទៅក្រសួងហើយ ក្រសួងចុះបញ្ជីចេញប្លង់ឲ្យគាត់ទៅ។ គាត់អាចយកទៅ claim។ បើតម្លៃក្រោម៧ ម៉ឺន claim រួចពន្ធប្រថាប់ត្រាដូចគ្នា។ ជូនទៅទៀត។ កុំឲ្យពិបាក។ ធ្វើម៉េច បើសុទ្ធតែរងគ្រោះទាំងអស់គ្នា។ កុំឲ្យរងគ្រោះជាន់លើរងគ្រោះ។ រដ្ឋមិនមានអីក្រៅពីជួយសម្រាលបន្ទុកបងប្អូនទេ។
ទាក់ទងរឿងបុរី សូមបញ្ជាក់សារលើនេះ។ សូមឲ្យមន្រ្តីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារ និងផ្ដល់គោលការណ៍ទៅដល់មន្រ្តីពន្ធដារតាមរាជធានី/ខេត្តផង អនុវត្តឲ្យត្រូវតាមគោលការណ៍នេះ។ ជួនកាលថ្នាក់លើ ok ទៅដល់រាជធានី/ខេត្ត អត់ ok។ ឥឡូវអភិបាលខេត្តមកគ្រប់គ្នា ជួយប្រាប់ទៅសាខាពន្ធដារនៅនោះផង។ គោលការណ៍គឺបែបនេះ ដើម្បីយើងជំរុញ(កិច្ចការនេះ)។ គោលការណ៍ពន្ធប្រថាប់ត្រានេះ កន្លងទៅយើងលើក។ ឆ្នាំទៅ ខ្ញុំបានពន្យារដល់ ២០២៤។ ដោយមានសំណូមពរពីខាងអចលនទ្រព្យថ្ងៃមុន … ខ្ញុំឲ្យបន្ថែមដល់ចុងឆ្នាំ២០២៥ តែម្ដង។
(១៦) បង្កើនលទ្ធភាពទិញ ទម្លាក់លុយចូលទីផ្សារ ដើម្បីជួយសង្រ្គោះវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចជាតិ
ខ្ញុំកំពុងឲ្យរៀបចំគោលការណ៍មួយទៀតសម្រាប់អ្នកទិញផ្ទះលើកទី១ ឬ First Time Home Buyers នៅក្នុងបុរី ឬនៅខុនដូ ដើម្បី(លើកទឹកចិត្ត)ជួយឲ្យគេទិញ។ អ្នកដែល(ទិញផ្ទះ)មានតម្លៃលើសពី ៧ម៉ឺន តែក្រោម ២១ម៉ឺន ប្រសិនជាទិញជាលើកទី១ មិនមែនផ្ទះទិញទី២ទេ គឺទិញលើកទី១ នឹងឲ្យរួចពន្ធប្រថាប់ត្រាដែរ … ដើម្បីកុំឲ្យថា ៨ម៉ឺនជាប់ពន្ធ ៧ម៉ឺនអត់ជាប់ អញ្ចឹងមិនបាច់ទិញទេ។ ឥឡូវទៅ បើសិនជាអ្នកទិញផ្ទះលើកទី១ (នឹងលើកលែងដូចគ្នា) តែអនុវត្តរហូតដល់ចុងឆ្នាំ២០២៥។ កុំថាអ្នកហ្នឹងមានលទ្ធភាពទិញហើយឲ្យរួចពន្ធធ្វើអី? រឿងពន្ធជារឿងមួយ រឿងវិស័យអចលនទ្រព្យជាគោលការណ៍ធំ។ សង្រ្គោះវិស័យអចលនទ្រព្យ ឲ្យកើនចំណូល។ បើសិនអ្នកមានលុយទិញលើស ២១ម៉ឺន យកលុយទៅទិញបុរី ឬខុនដូហ្នឹង យកលុយហ្នឹងទៅបង្វិលធ្វើអីទៀត។ នេះជាគោលដៅធំ។ មិនមែនរឿងថា អ្នកមានហើយម៉េចក៏ជួយនោះទេ។ មានឬក្រ ឲ្យតែគាត់ទម្លាក់លុយចូលទៅក្នុងវិស័យអចលនទ្រព្យ យកលុយបង្វិលក្នុងសេដ្ឋកិច្ចក្នុងមួយឆ្នាំនេះ។ សូមបងប្អូនកុំចោទថា ៧ម៉ឺន អ្នកជីវភាពមធ្យម ឥឡូវ ២១ម៉ឺន អ្នកធូរធារ ចាំបាច់ជួយធ្វើអី? កិច្ចការធំគឺជួយសង្រ្គោះវិស័យអចលនទ្រព្យ និងជួយសេដ្ឋកិច្ចជាតិរបស់យើង បង្កើនលទ្ធភាពទិញឱ្យបានច្រើន ទម្លាក់លុយចូលក្នុងទីផ្សារឱ្យបានច្រើនដើម្បីឱ្យវិល។ នេះគោលដៅធំបំផុតនៃគោលការណ៍អនុគ្រោះពន្ធ។ ឥឡូវ បន្ថែមជូនសម្រាប់មួយឆ្នាំទៀត។
(១៧) អតិថិជនមានលទ្ធភាពសូមបន្តបង់ ដើម្បីការពារភាពសុចរិតក្នុងគ្រាមានការលំបាក, អរគុណសមាគមធនាគារ រៀបចំឥណទាន ដើម្បីបន្ធូរបន្ថយពិន័យ
ក្នុងការដោះស្រាយបញ្ហាអចលនទ្រព្យ ចំពោះបុរីដែលមានលក្ខណៈជាបុរី មិនមែនជាលក្ខណៈឆបោក គឺត្រូវទទួលខិតខំដោះស្រាយ រួមគ្នាដោះស្រាយ ដើម្បីបានផលទាំងអស់គ្នា។ ក្រុមការងារក្រសួង ឯកឧត្តម សាយ សំអាល់ បានរុញ ៥៣ហើយ យើងនៅសល់ ៤៦ទៀត។ ខំប្រឹងបន្តដោះស្រាយទៅទៀត។ សូមឱ្យមានការយោគយល់ អត់ធ្មត់ និងសហការគ្នា ទាំងម្ចាស់បុរី ទាំងអតិថិជន។ ឥឡូវមានដំណោះស្រាយច្រើនរូបភាព។ កន្លែងខ្លះគេយកសំណង់ កន្លែងខ្លះយកដី កន្លែងខ្លះយកអី ឱ្យតែមានការវិល យើងអត់រឹងកំព្រឹសទេ។ នាយករដ្ឋមន្រ្តីអត់និយាយទេ ទុកឱ្យគេដោះស្រាយ។ ខ្ញុំអត់ត្រូវការចេញគោលការណ៍ គ្រាន់តែសូមឱ្យដោះស្រាយក្នុងភាពបត់បែន យោគយល់។ ការចាប់ចង ការអីនេះ សូមជៀសទៅ។ លើកលែងតែថាអ្នកហ្នឹងមានបំណងទុច្ចរិត មានភស្ដុតាង(ល្មើសច្បាប់)។ និយាយអញ្ចឹង មិនមែនបានន័យថា អ្នកដែលមានលទ្ធភាព មិនឱ្យទៅបង់ថ្លៃបុរី(នោះទេ)។ ត្រូវតែជួយបង់ ដើម្បីបុរីយកលុយហ្នឹង ទៅបង្វិលធ្វើឱ្យអ្នកទិញផ្សេងទៀត។ បើយើងមិនជួយគ្នា ធ្វើម៉េច(សង្រ្គោះវិស័យអចលនទ្រព្យបាន)។
អតិថិជនមានលទ្ធភាពខុសគ្នា។ អតិថិជនខ្លះតឹងមែនទែន ហើយរង់ចាំផ្ទះ។ អ្នកខ្លះបង់ហើយ តែមិនទាន់បានផ្ទះ បុរីខំដោះ។ អតិថិជនខ្លះមានលទ្ធភាពបន្តបង់។ សូមកុំយកឱកាសនេះ (អះអាងថា)រាជរដ្ឋាភិបាលថាមិនឱ្យបង់។ អត់ទេ។ មិនមែនខ្ញុំមិនឱ្យបង់ទេ។ អ្នកដែលមានលទ្ធភាព សូមបន្តបង់ដើម្បីធ្វើការដោយសុចរិតភាព។ យ៉ាងហោចណាស់ ការពារខ្លួនឯង។ បានន័យថា ការពារកេរ្តិ៍ឈ្មោះខ្លួនយើង credit ខ្លួនឯង។ បើបាត់ credit ហើយ ថ្ងៃក្រោយ អចលនទ្រព្យ គេស្គាល់ទាំងអស់គ្នា (ប្រាប់តៗគ្នា)កុំលក់ឱ្យទៀត។ ខ្ញុំនិយាយនេះ ដើម្បីរួមគ្នាដោះស្រាយដោយសុចិត។ សុចរិតភាព គឺទាមទារនៅក្នុងពេលនេះ និងពេលលំបាក។ ការយោគយល់គ្នា ការរួមគ្នាដោះស្រាយ។ អញ្ចឹងសូមបន្តបំពេញកាតព្វកិច្ច ហើយរួមគ្នាដោះស្រាយដោយភាពបត់បែន និងការយោគយល់គ្នាខ្ពស់ទាំងខាងបុរី និងអតិថិជន និងទាំងខាងអ្នកពាក់ព័ន្ធទាំងអស់ និងខាងធនាគារ គឺសូមបន្តដើម្បីជួយស្រាលទៅតាមលទ្ធភាព ព្រោះអតិថិជនក៏ជាប្រភពនៃចំណូល។
ថ្ងៃមុនបានជួយជាមួយខាងធនាគារ ឱ្យពិចារណាមើលនៅក្នុងការខិតខំក្នុងការបង្កើនលក្ខខណ្ឌ។ ក៏សូមអរគុណដល់សមាគមធនាគារ ដែលបានចេញគោលការណ៍រៀបចំឥណទាន បន្ធូរបន្ថយពិន័យ។ ពិតណាស់ មិនត្រូវទាំងអស់គ្នាទេ។ អតិថិជនមានរាប់លាននាក់ តែបើបានតែម្នាក់ក៏ល្អដែរ។ បើបាន ១០នាក់ ឬ១ម៉ឺននាក់។ របាយការណ៍មកឱ្យខ្ញុំ អតិថិជនចូលរាប់ម៉ឺននាក់ restructuring ឡើងវិញ។ បានផល។ អញ្ចឹង អ្នកខ្លះ restructuring ហើយធូរ អ្នកខ្លះ restructuring ហើយពិបាក។ តែយើងត្រូវផ្ដល់ដំណោះស្រាយជូនគាត់។ ពេលស្រួល ងាយទេ នៅក្នុងការទាញ credit ប៉ុន្តែពេលលំបាក ពេលប្រឈមត្រូវរួមគ្នាដោះ …។
(១៨) គំរោងអតីតឧកញ៉ា ឡេង ចាន់ណា មិនសុចរិតពីដើមទី ព្រោះជា Ponzi scheme
ទាក់ទងទៅនឹងភាពមិនសុចរិតភាពនៃករណីមួយចំនួន។ យើងបានអនុវត្តលើ ២គម្រោង ដែលការអនុវត្តហ្នឹងមានក្រុមអតីតឧកញ៉ា ឡេង ចាន់ណា និងឧកញ៉ា ជា សារ៉ន។ ពីរករណីនេះ មួយនៅក្នុងដៃរបស់តុលាការខេត្តសៀមរាប មួយទៀតនៅក្នុងតុលាការខេត្តកំពត។ រឿងនេះ មានការវាយប្រហារ ការបំផុសអីផ្សេងៗជាប្រចាំ។ សំណួរសួរថា ដោះស្រាយតាមផ្លូវណាទៅរួច? យើងមិនមានវិធីអ្វីក្រៅពីប្រើយន្តការច្បាប់នោះទេ។ កាលពីមុនចាប់ គ្រប់គ្នាថា ហេតុអ្វីមិនចាប់? ដល់ពេលចាប់ គ្រប់គ្នាសួរថា បើចាប់ហើយ ដោះស្រាយម៉េច? គឹយើងត្រូវ ទី១ អនុវត្តច្បាប់។ យើងផ្ដល់គោលការណ៍ឱ្យគាត់ដូចគេដូចឯង។ ដំបូងឡើយ យើងវាយតម្លៃសិន។ តើគាត់មានសុចរិតភាព ឬទុច្ចរិតភាព? ឯកឧត្តម សាយ សំអាល់ បានចុះធ្វើការងារនេះមួយរយៈ។ ទីបំផុតយើងវាយតម្លៃថា គម្រោងពីដើមទីមិនមែនជាគម្រោងសុចរិត ដែល(គ្មាន)បញ្ហាទេ។ គម្រោងមានបញ្ហាពីដើមទី រឿងបង្វិល Ponzi scheme។ លុយប៉ុន្មានលានដុល្លារទៅណាអស់? លុយមួយផ្នែកត្រូវយកមកបង្វិលដើម្បីអ្នកចូលមុន បានច្រើនជាងគេ ដល់ឆែកបញ្ជីមើលទៅ អ្នកខ្លះដាក់ ១ម៉ឺនដុល្លារ គេសងមកវិញបានច្រើន …។
ដោះស្រាយនីតិវិធីនេះ ខេត្តសៀមរាបបានចេញគោលការណ៍។ ខ្ញុំមើលតាមការប្រកាសរបស់តុលាការ ឃាត់ខ្លួនប្រហែល ២០នាក់ ហើយរៀបចំស្រាវជ្រាវបន្ថែម ហើយបានចេញគោលការណ៍បង្កកទ្រព្យសម្បត្តិអ្នកពាក់ព័ន្ធមួយចំនួន។ ក្រុមមេធាវីរបស់រាជរដ្ឋាភិបាល បានជួបធ្វើការ។ រឿងនេះ វាមិនស្រួល។ បើគាត់ដាក់ទ្រព្យទាំងអស់នេះនៅមួយឃ្លាំងស្រួលណាស់ បើកឃ្លាំងយកមកចែកគ្នាតែម្ដង។ តែវាមិននៅក្នុងឃ្លាំងតែមួយ។ ទៅមើលបញ្ជីការកត់ត្រា ស្រាវជ្រាវ ច្បាមតៗ គ្នាមកដល់ម៉ោងនេះ។ រឿងនេះ នៅក្នុងដៃតុលាការ។ ខាងក្រុមមេធាវីរបស់រាជរដ្ឋាភិបាល បានធ្វើការ។ ឥឡូវបានជាង ៤០០០ នាក់ អ្នកដែលពាក់ព័ន្ធ ហើយបានធ្វើការជាមួយនឹងក្រសួងការបរទេស ដើម្បីធ្វើនីតិវិធីជាភាពតំណាងនៃពលករយើងនៅក្រៅប្រទេស។
រឿងមួយដែលកាលខ្ញុំទៅកូរ៉េ បានប្រាប់ទៅបងប្អូនពលករនៅកូរ៉េ។ ពេលដែលក្រុមឧកញ៉ា ឡេង ចាន់ណា ទៅធ្វើការឃោសនា ដើម្បី(បាន)អ្នកវិនិយោគ មានព្រះសង្ឃមួយអង្គនៅទីនោះចូលស្ដាប់។ លោកសង្ស័យ។ ចេញមក លោកបានប្រាប់ទៅបងប្អូនថា “ញោមប្រយ័ត្ន អាត្មាស្ដាប់ទៅដូចមិនស្រួលទេហ្នឹង”។ លោកត្រូវមាត់ អ្នកវិនិយោគថា “ព្រះអង្គកុំចេះ ទុកឱ្យគេរកស៊ី”។ ពេលនោះ គឺជាពេលដែលយើងគិតថា(វាចំណេញ) ព្រោះ Ponzi scheme នេះឆ្លាតណាស់។ អ្នកដែលចូលប៉ុន្មាននាក់ដំបូងគឺបានចំណេញ ហើយអ្នកបានហើយហ្នឹង ដោយសារឃើញលុយត្រឡប់មកគាត់វិញ ហើយលុយហ្នឹងជាលុយរបស់អ្នកបន្ទាប់ អ្នកហ្នឹងជឿថាប្រាកដជាបាន បានសុខចិត្តទៅបបួលម៉ែឪ បបួលបងប្អូនចូល ជាប់(អន្ទាក់)។ កិច្ចការនេះ យើងធ្វើ។ ឥឡូវមេធាវីរាជរដ្ឋាភិបាល បានស្នើដីកា ដើម្បីកោះអ្នក(ពាក់ព័ន្ធ)បន្តបន្ទាប់យកមកស៊ើបសួរបន្ថែម ការស្រាវជ្រាវរក ត្រូវការពេលវេលា។ តាមការសួរចម្លើយ គាត់ប្រាប់អញ្ចឹងៗ យើងត្រូវច្បាមបន្ថែម។ ត្រូវការពេលវេលាច្រើន ហើយសុំការយោគយល់។
(១៩) បានបង្កកជាង ២០០០ក្បាលដីរបស់ក្រុមឧកញ៉ា ជា សារ៉ន
ករណីឧកញ៉ា ជា សារ៉ន ក៏ដូចគ្នា។ គេថាស្ងាត់ម្លេះ? ថ្ងៃមុន សាលាដំបូងខេត្តកំពត បានចេញសេចក្ដីប្រកាស មកដល់ម៉ោងនេះបានបង្កក ១០៦គណនីធនាគារ និងមីក្រូហិរញ្ញវត្ថុ, បង្កក ២០១២ក្បាលដីរបស់អ្នកពាក់ព័ន្ធ ហើយតុលាការកំពុងស្វែងរកប្រមូលទ្រព្យបន្ថែម។ ស្ងាត់ៗ មិនមែនគេមិនធ្វើទេ គឺស្រាវជ្រាវ។ ឥឡូវគ្រាន់តែខាងឧកញ៉ា ជា សារ៉ន បង្កកជាង ២០០០ក្បាលដីរបស់ក្រុមរបស់គាត់។ ថ្ងៃក្រោយ ទ្រព្យដែលប្រមូលបាននេះ ពេលដែលត្រូវការចាប់ផ្ដើមដោះ នឹងដោះស្រាយជូន(ជនរងគ្រោះវិញ)។ តែយើងមិនអាចឱ្យតុលការធ្វើសន្និសិទកាសែតគ្រប់ពេលទេ។ អញ្ចឹងផ្អើលអស់រលីង។ នាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលក៏គ្មានភារកិច្ច ឬមួយគ្មានសិទ្ធិទៅបញ្ជាតុលាការ ឬមួយក៏មានចេញគោលការណ៍ឱ្យតុលាការធ្វើយ៉ាងម៉េចដែរ។ ខ្ញុំមានក្រុមការងារច្បាប់របស់ខ្ញុំ ដើម្បីជួយតាមមើលករណីហ្នឹង តែយើងមិនលូកដៃនៅក្នុងតុលាការទេ។ រឿងបែបនេះ យើងត្រូវញែកឱ្យដាច់។
(២០) គោលដៅធំនៃការស្រាយវិវាទបុរី/អចលនទ្រព្យគឺរកលទ្ធផលប្រកបដោយយុត្តិធម៌ជូនជនរងគ្រោះ
ហេតុអ្វី ១៥ខែមកនេះ ខ្ញុំមិននិយាយច្រើនលើរឿងបុរី។ សួរថា នាយករដ្ឋមន្រ្តីមិនអើពើឬ? មិនដូចនោះទេ។ ជាមួយឯកឧត្តម សាយ សំអាល់ (គាត់)រាយការណ៍ឱ្យខ្ញុំជាប់ជាប្រចាំ។ កន្លែងខ្លះ ខ្ញុំត្រូវចារឯកភាព។ ករណីខ្លះ(ខ្ញុំត្រូវចារ)ចាប់បង្ខំឱ្យឯកភាពគ្នាដើម្បីបញ្ចប់រឿង តែយើងមិនចេញ ស.ជ.ណ ផ្សាយតាមកាសែត កុំឱ្យរឿងនេះវាស្មុគស្មាញ។ គោលដៅធំ មិនមែនផ្សព្វផ្សាយរឿងកំពុងដោះស្រាយទេ។ គោលដៅធំគឺរកយុត្តិធម៌ ដោះស្រាយឱ្យបានលទ្ធផលជូនជនរងគ្រោះ តាមដែលអាចធ្វើទៅបាន។ កិច្ចការខ្លះយើងធ្វើស្ងាត់ ខ្លះក៏ផ្សាយ។ ប៉ុន្តែសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តថា រាជរដ្ឋាភិបាលមិនបានឃើញទុក្ខលំបាករបស់បងប្អូនប្រជាជន ហើយនៅស្ងៀមនោះទេ។ ក្នុងរយៈពេល ១៥ខែនេះ យើង(មមាញឹក)ដោះស្រាយ។ គ្រាន់តែពេលនោះ ការងារខ្លះ វាមិនមែនកាតព្វកិច្ចរបស់យើង ហើយក៏វាមិនមែនជាវិធីសាស្រ្តល្អ យុទ្ធវិធីល្អនៅក្នុងការប្រកូកប្រកាសគ្រប់ពេលវេលា ធ្វើឱ្យរំខានដល់ការដោះស្រាយ បង្កើនភាពលំបាកនោះក្នុងការចរចា …។
ថ្ងៃមុនឱ្យដោះស្រាយរឿងដីមួយ។ ជនដែលរងគ្រោះអាងហ្វេសប៊ុក។ គាត់បង្ហោះថាគាត់រងគ្រោះ។ ដល់យើងចុះស្រាវជ្រាវជាក់ស្ដែង គឹគាត់ជាអ្នកខុស។ ក្រុមការងារដោះស្រាយជិតត្រូវហើយ។ ដល់គ្រាន់តែឃើញថាមានតំណាងនាយករដ្ឋមន្រ្តី ឬមួយក៏មេធាវីសម្ដេចតេជោទៅក្បែរ អ្នកដែលខុសហ្នឹងរឹងបណ្ដោយ … រឿងសំខាន់បំផុត ជួនកាលដោះដោយផ្លូវច្បាប់អីស្រួលទេ ដល់ឈប់ប្រើហើយទៅចង់ចាញ់ឈ្នះរៀងៗខ្លួនហ្នឹង សុខចិត្តដុតផ្ទះហ្នឹងចោលឱ្យតែឈ្នះ។ពេលហ្នឹងលែងរកហេតុផលហើយ គឺចង់ឈ្នះ។ ដណ្ដើមគ្នារឿងផ្ទះ។ ហេតុផល ចែកចុះចែកឡើង ចុងបំផុត(ចង់ឈ្នះរៀងៗខ្លួន) សុខចិត្តដុតផ្ទះចោល។ អត់បានទាំងអស់គ្នា។ អញ្ចឹងបានថា ត្រូវការដោះដោយរក្សា(ភាពស្ងៀមស្ងាត់ដល់) ១៥ខែនេះ។ បន្តដោះទៅមុខទៀត និងបន្តគោលការណ៍ ដើម្បីសម្របសម្រួលដោះស្រាយ យកវិធីសាស្រ្តរករូបមន្តឈ្នះឈ្នះ ដែលអាចធ្វើទៅបាន … សង្ឃឹមថា ស្ថានភាពនឹងវិវត្តទៅមុខល្អ រួមទាំងវិស័យអចលនទ្រព្យទាំងមូល និងកំណើនសេដ្ឋកិច្ចផ្សេងៗ។ នេះគឺពាក់ព័ន្ធទៅនឹងករណី នៃការដោះស្រាយបញ្ហារឿងវិវាទអចលនទ្រព្យ។
(២១) ថែបឹងទន្លេសាបសំរាប់ប្រជាជនខ្មែរទូទាំងប្រទេស
(៣) ទាក់ទងនឹងករណីបឹងទន្លេសាប កាលពីសន្និបាទបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីខែមករា ខ្ញុំបានដាក់គោលការណ៍រឿងនេះ ដោះមិនខុសពីរឿងផ្សេងទេ។ ត្រូវកំណត់និយាមកា កំណត់ព្រំ ហើយបោះបង្គោលឱ្យច្បាស់ ព្រោះរដ្ឋាភិបាលមានភារកិច្ចពីរ។ ទី១ កាតពកិច្ចចំពោះប្រជាពលរដ្ឋដែលនៅជាក់ស្ដែង នៅទីកន្លែងហ្នឹង ជាពិសេសអ្នកដែលមានភូមិករនោះទីនោះយូរហើយ ដែលរាជរដ្ឋាភិបាល សម្ដេចតេជោ កាត់តំបន់១ ឱ្យ។ (តំបន់២)កន្លែងខ្លះ កន្លែងប្រជាពលរដ្ឋអាស្រ័យផល ដែលមិនប៉ះពាល់ធ្ងន់ធ្ងរទៅដល់ប្រព័ន្ធ អេកូឡូស៊ី ប្រព័ន្ធជីវចម្រុះនៃបឹងទន្លេសាប។ យើងអាចផ្ដល់សិទ្ធិជូនប្រជាពលរដ្ឋ មានសិទ្ធិនៅក្នុងការអាស្រ័យផល ដើម្បីគាត់បានផលចំណូលមួយចំនួន តែមិនបំផ្លាញអេកូឡូស៊ី ប្រព័ន្ធជីវចម្រុះ ធនធានត្រីសរាប់ប្រជាពលរដ្ឋរាប់លាននាក់ទៀត។ តំបន់៣ គឺជាតំបន់ដាច់ខាត ដែលត្រូវការពារ។ ពិតណាស់ តំបន់នេះ បើឱ្យប្រជាពលរដ្ឋ ១០០នាក់ ១០០០នាក់ ធ្វើការ អ្នកហ្នឹងបានចំណូល តែអាចបំផ្លាញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។ តើស្រុកខ្មែរយើង ថ្ងៃក្រោយទៅជាយ៉ាងម៉េច? យើងត្រូវទទួលខុសត្រូវរឿងហ្នឹង។ បើសិនជាឱ្យគ្រប់កន្លែងទាំងអស់ អ្នកណាក៏(មក)ធ្វើដែរ តែយើងមិនអាចឱ្យធ្វើ។ ធ្វើកសិកម្ម ប្រើជី ប្រើអី វាប៉ះពាល់ ឈូសឆាយព្រៃលិចទឹកចោល អញ្ចឹងត្រីពងក៏លែងកើត ខ្ទេចអស់នូវធនធានធម្មជាតិ។ រាជរដ្ឋាភិបាល ដៃម្ចាងគិតផលប្រយោជន៍ប្រជាជនរាប់រយគ្រួសារដែលនៅក្នុងនោះ ដៃម្ខាងគឺ ១៧លាននាក់។ មិនមែនថែបឹងទន្លេសាបនេះសម្រាប់ ១៧លាននាក់ទេ បឹងទន្លេសាបសម្រាប់ ១៧លាននាក់នៅពេលបច្ចុប្បន្ន តែ ២០ឆ្នាំទៀត ប្រជាជនខ្មែរអាចកើនឡើង (អាច) ២០លាននាក់ ៣០លាននាក់ យើងការពារបឹងទន្លេសាបនេះស្រាប់ប្រជាជនខ្មែរទូទាំងប្រទេស មិនថាប៉ុន្មានលាននាក់នោះទេ។ អញ្ចឹងសូមឱ្យកិច្ចការនេះ បានធ្វើ។ កិច្ចការនេះ ខ្ញុំសូមអរគុណ កោតសរសើរចំពោះឯកឧត្តម សាយ សំអាល់ ដែលដឹកនាំក្រុមការងារចម្រុះ, ឯកឧត្តម ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ជារដ្ឋមន្រ្តីក្រសួងធនធានទឹក, អាជ្ញាធររដ្ឋបាល អាជ្ញាធរខេត្តទាំង ៦ ជាប់បឹងទន្លេសាប មន្រ្តីពាក់ព័ន្ធទាំងអស់ដែលរួមគ្នាបោះបង្គោល។
(២២) គ្មានការកំណត់ឬកែសម្រួលព្រំដីតំបន់៣ នៃទន្លេសាបទៀតឡើយ
ថ្ងៃមុន ឯកឧត្តម សាយ សំអាល់ បានមករាយការណ៍ ថាយើងបញ្ចប់ការបោះបង្គោល។ ខ្ញុំបានប្រាប់ថា គ្មានការកំណត់ ឬកែសម្រួលព្រំដីទៀតទេ។ យើងធ្លាប់កែព្រំតំបន់៣ មកតំបន់១, តំបន់៣ មកតំបន់២ ហើយថ្មីៗនេះ យើងកែរាប់ម៉ឺនហិកតាទៀត ដើម្បីឱ្យប្រជាជនមានសិទ្ធិពីតំបន់៣ មកតំបន់២។ យើងកែសឹងតែអស់ទៅហើយ។ អញ្ចឹង នៅមានការស្នើសុំចង់កែតំបន់៣ តំបន់២ ធ្វើអីទៀត។ អត់ទេ។ ត្រូវការពារសម្រាប់ ១៧ លាននាក់។ មិនមានការកែប្រែតំបន់៣ មកតំបន់២ ទៀតទេ។ ត្រូវថែរក្សាឲ្យបាន។ ការកែកន្លងមកជិត ៨ម៉ឺនហិកតា ពីតំបន់៣ មកតំបន់២ និងតំបន់១ ដើម្បីឲ្យប្រជាជនមានកម្មសិទ្ធ ឬមួយមានសិទ្ធិប្រើប្រាស់។ ឥឡូវបើយើងកាត់រាប់សែនហិកតាទៀត តាមការសុំ គឺកាត់មិនឈប់ទេ។ តំបន់ ៣ មកតំបន់ ២ ធ្វើតំបន់២ ហើយ សូមពង្រីកតំបន់២ ហើយតំបន់៣ មកទៀត។ អញ្ចឹងគឺមិនចប់។ ត្រូវតែហ៊ានអារកាត់ដើម្បីផលប្រយោជន៍រួម។ ខ្ញុំសូមបញ្ជាក់ថាតំបន់៣ មិនមែនសម្រាប់ឯកឧត្តម សាយ សំអាល់ ឬសម្រាប់ខ្ញុំទេ។ ខ្ញុំអត់មានគោលដៅទៅធ្វើផ្ទះនៅហ្នឹងទេ។ អត់មានសំរាប់មន្រ្តីអាជ្ញាធរទន្លេសាប ឬមួយអីទៅធ្វើកម្មសិទ្ធិទេ គឺសម្រាប់ប្រជាជនខ្មែររាប់លាននាក់ សម្រាប់ប្រព័ន្ធ Ecology សម្រាប់ប្រព័ន្ធជីវៈចម្រុះ ប្រព័ន្ធត្រី … យើងនៅមានអនាគតវែងឆ្ងាយតទៅមុខទៀត។
(២៣) ធ្វើពិពិធកម្មចំណូល ដែលពឹងផ្អែកតែលើផលពីតំបន់បឹងទន្លេសាប ទៅពីប្រភពផ្សេងៗ
តំបន់២ គឺកំណត់ព្រំ កំណត់គោលការណ៍ក្នុងការប្រើប្រាស់ឲ្យបាន។ គ្មានកម្មសិទ្ធ គ្មានការលក់ដូរទេ សិទ្ធប្រើប្រាស់អាចជួលពីរដ្ឋ ព្រោះដីនៅហ្នឹងយើងប្រគល់ទៅឲ្យខេត្តទាំង៦ មកទទួលជាម្ចាស់ដីប្រើប្រាស់គ្រប់គ្រងឬមួយក៏ផ្តល់សិទ្ធឲ្យប្រជាជនអាស្រ័យផល តែមិនមានកម្មសិទ្ធិទេ។ នេះខ្ញុំសូមបញ្ជាក់ឲ្យច្បាស់។ អ៊ុតមើលក្រែងលោខ្ញុំអនុញ្ញាតិឲ្យកាត់ ១០ ម៉ឺនហិកតាទៀតពីតំបន់៣។ មិនបានទេ។ អស់ហើយ។ ពីមុនបោះឆ្នោត២០២២ នោះកែសម្រួលដល់ ៨ម៉ឺនហិកតា ដែលពីមុនធ្លាប់តែជាតំបន់សម្រាប់ត្រីពង។ ឥឡូវយើងគិតថាការប្រែប្រួលជីវសាស្រ្ត ការប្រែប្រួលភូមិសាស្រ្តកន្លែងហ្នឹងក៏លែងជាជីវៈចម្រុះ យើងយកឱកាសនេះផ្តល់សិទ្ធិ ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានភូមិករនៅក្នុងទីនោះតាំងពីយូរអង្វែងមក ហើយត្រូវកាត់ចូលតំបន់៣។
សម្តេចតេជោលោកមានប្រសាសន៍ជាចក្ខុវិស័យថា បើសិនជាគាត់មានវត្ត មានអីនៅហ្នឹងតាំងពីបរមបុរាណកាត់ជាតំបន់១ ឲ្យកម្មសិទ្ធទៅ។ កន្លែងខ្លះកាត់ពីតំបន់៣ មកតំបន់១ ពីតំបន់៣ មកតំបន់២ មានសិទ្ធប្រើប្រាស់។ ខ្ញុំសូមប្រកាសបញ្ជាក់ឲ្យច្បាស់ ក្រោយពីបោះបង្គោលហើយ គឺមិនមានការកែសម្រួលព្រំទៀតទេ គឺយើងត្រូវតែថែរក្សាដើម្បីផលប្រយោជន៍ទាំងអស់គ្នា … ជាការគិតគូរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវរកវិធីសាស្រ្តជួយគាត់ ជួយធ្វើពិពិធកម្មពីការពឹងផ្អែកទៅលើបឹងទន្លេសាប ត្រូវពឹងផ្អែកទៅលើចំណូលផ្សេងៗ។ កសិករយើងទូទាំងប្រទេសគេមិនពឹងលើកសិកម្មទៀតទេ កន្លែងខ្លះ។ នៅតាកែវ គាត់ពឹងទៅលើឧស្សាហកម្ម។ កូនចៅធ្វើការយកចំណូល។ យើងត្រូវរកវិធីបង្កើតចំណូលឲ្យបងប្អូនប្រជាពលរដ្ឋនៅខេត្តទាំងអស់នោះ ដោយមិនចាំបាច់ប្រើប្រាស់ដីធំ គឺប្រើប្រាស់ដីតូច តែបង្កើតចំណូលច្រើន។
(២៤) រៀបចំតំបន់ឧស្សាហកម្ម សេដ្ឋកិច្ចពិសេស ភស្តុភាកម្ម ធ្វើស្ពាន/ផ្លូវ បង្កើតការងារនិងប្រាក់ចំណូល ឈប់ពឹងផ្អែកតែលើកសិកម្ម
ប្រជុំថ្ងៃមុន ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានលើកលទ្ធភាពក្នុងការរៀបចំកន្លែងខ្លះដែលយើងគ្រប់គ្រង ទៅជាតំបន់ឧស្សាហកម្ម បង្កើតតំបន់សេដ្ឋកិច្ចពិសេស យកអ្នកនៅកន្លែងហ្នឹងរាប់ពាន់រាប់ម៉ឺននាក់ បង្កើតចំណូលឲ្យគាត់។ យើងនឹងអាចជួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយហេតុហ្នឹងហើយ បានជាយើងធ្វើផ្លូវ ធ្វើស្ពាន។ ធ្វើស្ពានឆ្លងកាត់ទន្លេសាបពីកំពង់ធំមកកំពង់ឆ្នាំង និងធ្វើផ្លូវ 50c បង្កើតតំបន់សេដ្ឋកិច្ចពិសេស បង្កើតភស្តុភាកម្ម នៅកំពង់លែង ដើម្បីជួយប្រជាពលរដ្ឋដែលពីមុនអត់មានរោងចក្រ ហើយរស់នៅពឹងផ្អែកតែលើកសិកម្មនៅរដូវទឹកស្រក។ (ជាមួយការគិតគូរនេះ) ប្រជាពលរដ្ឋនឹងមកធ្វើការងារ(នៅតំបន់់សេដ្ឋកិច្ចពិសេស)នេះ មិនចាំខែទឹកឡើងទឹកស្រកទៀតទេ។ កាលមុនខែ ទឹកឡើងគាត់ធ្វើអីអត់បាន។ គាត់ធ្វើនេសាទខ្លះ។ អញ្ចឹងគឺបើសិនជាត្រីហ្នឹងមានបញ្ហា គាត់លំបាក។ ខែប្រាំងគាត់ធ្វើស្រែ។ ឥឡូវគឺយើងបង្វិលមកធ្វើជាតំបន់ឧស្សាហកម្មនៅជិតកន្លែងហ្នឹង ដែលមិនប៉ះពាល់តំបន់ដែលយើងការពារ ដោយបង្កើតការងារជូនគាត។ នេះហើយជាយុទ្ធសាស្រ្ត។ ដើម្បីការពារបរិស្ថាន ទាល់តែយើងប្រែក្លាយប្រភពចំណូលរបស់ប្រជាពលរដ្ឋ ដូចជានៅប្រទេសនានា មាន Amazon គេថា បើមិនឲ្យប្រជាជនកាប់ព្រៃ Amazon ត្រូវទៅរកប្រភពចំណូលផ្សេងទៀតឲ្យគាត់។
(២៥) តំបន់សេដ្ឋកិច្ចពិសេសនិងព្រែកជីកហ្វូណន ជាយុទ្ធសាស្រ្តជួយប្រជាពលរដ្ឋជុំវិញបឹងទន្លេសាប
បើមិនចង់ឲ្យប្រជាពលរដ្ឋពឹងទាំងស្រុងទៅលើកសិកម្មនៅតំបន់លិចទឹកនោះទេ យើងត្រូវបង្កើតតំបន់ឧស្សាហកម្មនៅជិតនោះ។ ហ្នឹងហើយដែលយើងឈ្មុសឈ្មុលធ្វើផ្លូវ 50c ធ្វើស្ពានភ្ជាប់ទន្លេសាបមក … ពីកំពង់ធំមកកំពង់ឆ្នាំង។ យើងកំពុងរៀបចំតំបន់សេដ្ឋកិច្ចពិសេសទាំងកសិឧស្សាហកម្មស្វាយចន្ទីនៅម្តុំនោះទៀត។ បន្តិចទៀតព្រែកជីកហ្វូណននឹងបង្កើតសកម្មភាពសេដ្ឋកិច្ចនៅខាងក្រោមនេះបាន។ ហ្នឹងហើយជាយុទ្ធសាស្រ្តជួយប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាប ផ្តល់ដី ផ្តល់លទ្ធភាពឱ្យគាត់។ តែទាំងនោះគឺត្រូវផ្តល់ប្រភពបង្កើតចំណូល។ បើយើងមិនធ្វើអញ្ចឹងទេ យើងទៅអត់រួចទេ។ ដីមានតែប៉ុណ្ណឹង។ បន្តិចទៀតប្រជាពលរដ្ឋកើន ឲ្យគាត់រស់ដោយពឹងតែលើស្រូវ ១ហិកតា ៣ហិកតា ៥ហិកតា អត់កើតទេ។ បន្តិចទៀតកូនគាត់ធំ បំបែកគ្រួសារ … យើងត្រូវរុញ(យុទ្ធសស្ត្រនេះ)ស្របជាមួយនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលយើងប្រែក្លាយពីកសិកម្មទៅកសិឧស្សាហកម្ម និងទៅឧស្សាហកម្មកម្រិតស្រាល ដូចជាពីកាត់ដេរវាយនភណ្ឌ ឥឡូវទៅតម្លើងរថយន្ត។ បន្តិចទៀតយើងមាននាំចេញ។ ខ្ញុំមិនទាន់ប្រកាស់ទេទុកឲ្យក្រសួងពាណិជ្ជកម្មធ្វើ។ ថ្ងៃមុនគាត់ថាដូរអាជីពហើយ។ បន្តិចទៀតគាត់អត់នាំតែផលិតផលកសិកម្មទេ។ គាត់នាំគ្រឿងយន្ត ហើយគ្រឿងយន្តធំទៀត។ ចាំពេលចេញ ចាំខ្ញុំប្រកាស។
(២៦) ការពារបរិស្ថាន ធនធានបឹងទន្លេសាប ធ្វើពិពិធកម្មប្រភពសេដ្ឋកិច្ច កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងលើកទឹកចិត្តវិនិយោគក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប
ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលមុនជាកន្លែងទៅហួសមកហួស។ កំពង់ឆ្នាំងទៅហួសមកហួស។ បើទៅៗ ដល់បាត់ដំបង ឬមួយមកភ្នំពេញតែម្តង។ ឥឡូវក្រគរជាកន្លែងកសិឧស្សាហកម្មធំ កន្លែង industry។ កំពង់ឆ្នាំងដូចគ្នា។ កំពង់ឆ្នាំងកាន់តែជិតភ្នំពេញទៀត។ កំពង់ឆ្នាំងគឺជាខេត្តដែលងាយហួសបំផុត លើកលែងតែអ្នកទៅលេងឧត្តុង្គ។ បន្តិចទៀតបង្កើតឧស្សាហកម្មនៅហ្នឹងច្រើន។ ឯកឧត្តម សុវណ្ណរឹទ្ធ មកទេ? គាត់មានគំនិតច្រើន ប្រែក្លាយជាតំបន់ ecotourism … ប្រែក្លាយដី ១ហិកតា ធ្វើស្រែបានប៉ុន្មានតោន? ១០ហិកតា ១០០ហិកតា ថា ១ហិកតា ៥តោនចុះ ១០០ហិកតាបាន ៥០០តោន ទៅជាកន្លែងតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតការងាររាប់ពាន់រាប់ម៉ឺន យកលុយរាប់ពាន់លានចូលខេត្តនេះ។ ហ្នឹងហើយការពារបរិស្ថាន ការពារធនធានបឹងទន្លេសាប មិនមែនត្រឹមតែកំណត់ Zone ទេ តែត្រូវរកពិពិធកម្មប្រភពសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ រួមទាំងការបង្កើតកសិឧស្សាហកម្ម និងឧស្សាហកម្មនៅទីនោះឲ្យបានច្រើនតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងលើកទឹកចិត្តទៅលើការវិនិយោគឲ្យបានច្រើន នៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាបតែម្តង។
ម្សិលមិញ កំពង់ធំបានសុំគោលការណ៍។ ខ្ញុំស៊ីញ៉េថ្ងៃមិញ។ មកទេអភិបាលខេត្ត? សុំបង្កើតតំបន់ឧស្សាហកម្មស្វាយចន្ទី។ ខ្ញុំឯកភាព។ ដីរបស់រដ្ឋយើងត្រូវបង្កើតអញ្ចឹង។ បង្កើតហ្នឹងមិនមែនឲ្យឯកជនទេ គឺដីហ្នឹងរបស់រដ្ឋដដែល។ រដ្ឋចេញដី ឯកជនចេញមនុស្ស ធ្វើរួមគ្នា។ បង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទីនៅកំពង់ធំ។ ប្រជាជននៅតំបន់៣ ហ្នឹងឈប់ធ្វើស្រែ ទៅធ្វើការនៅទីនោះ។ បានការងារ១២ ខែ។ នេះគឺជាអ្វីដែលខ្ញុំធ្វើ។ ខ្ញុំជំរុញអភិបាលរាជធានីខេត្តទាំងអស់ធ្វើ។ ខ្ញុំឃើញចេញទៅសុំគោលការណ៍ខេត្តកំពង់ស្ពឺ ខេត្តតាកែវអីសុំទៅជួបនៅក្រៅចរចាទាញមកដាក់នៅខេត្តខ្លួនដើម្បីយើងបានផលចំនេញ។ គ្រប់កន្លែងទាំងអស់មានជាកន្លែងតំបន់ឧស្សាហកម្ម តំបន់កសិឧស្សាហកម្ម ប្រែក្លាយមុខមាត់សេដ្ឋកិច្ច។ ដូចនេះ ការពឹងផ្អែកជីវភាពរស់នៅតែទៅលើតំបន់៣ ហ្នឹងក៏លែងមានសម្ពាធ តំបន់២ ក៏លែងមានសម្ពាធ ហើយថ្ងៃក្រោយយើងគ្រប់គ្រងបានតាមរយៈការបង្កើតប្រភពចំណូលផ្សេងជូនប្រជាពលរដ្ឋរបស់យើង។
(២៧) អ្នកនៅតំបន់២ ត្រូវគោរពក្រមប្រតិបត្តិស្តីពីការប្រើប្រាស់ដីធ្វើកសិកម្ម
សូមអ្នកដែលមានសិទ្ធធ្វើការនៅតំបន់២ គោរពក្រមនៃការប្រតិបត្តិផង។ បន្ទាប់ពីកំណត់ព្រំនេះ គឺឲ្យកំណត់គោលការណ៍លក្ខខណ្ឌនៃការប្រើប្រាស់ដី ធ្វើកសិកម្មក៏ធ្វើ ប៉ុន្តែត្រូវមានព្រំដែន កុំប្រើជីប្រភេទណា កុំប្រើអ្វីដែលអាចបំផ្លាញជីវៈចម្រុះ ឬមួយបំផ្លាញដី។ យើងទុករស់ទាំងអស់គ្នា។ បើយើងធ្វើមិនស្រួលខូចដីយើង ទឹកឡើងមកគឺសម្លាប់ជីវៈចម្រុះទាំងអស់ ត្រីក៏នៅមិនបាន ស្អីក៏នៅមិនបាន។ យើងនឹងចេញគោលការណ៍នេះហើយយើងនឹងអនុវត្តឲ្យបានម៉ឹងម៉ាត់។ យើងមិនខ្លាចអនុវត្តច្បាប់ក្នុងការងារនេះទេ។ កន្លងទៅ ACU បានអនុវត្តច្បាប់ចាប់ដាក់គុកប៉ុន្មាននាក់ រួមទាំងអភិបាលរងស្រុកអីផង។ នៅក្នុងខេត្តក៏មានដែរ។ មន្ទីររដ្ឋបាលអីដែលពាក់ព័ន្ធ។ យើងមិនចង់ប្រើអភិក្រមវះកាត់ទេ បើមិនចាំបាច់។ ចាំបាច់ប្រើអភិក្រម ៤មុន ឆ្លុះកញ្ចក់ ដុះក្អែល ងូតទឹក ព្យាបាលខ្លួនឯងទៅ។ តែបើសិនមិនអញ្ចឹងទេ យើងត្រូវតែអនុវត្តគោលការណ៍។ ដៃម្ខាង ១ ០០០នាក់ ដៃម្ខាង ១០០នាក់ ដៃម្ខាង ១០នាក់ ដៃម្ខាងការពាររាប់លាននាក់ ផលប្រយោជន៍សម្រាប់ទាំងអស់គ្នា។ ខ្ញុំរាជរដ្ឋាភិបាលមិនមែនសប្បាយចិត្តនៅក្នុងការចាប់ចងមនុស្ស ឬមួយចោទប្រកាន់មនុស្សនោះទេ។ យើងត្រូវយល់ពីកាតព្វកិច្ចទាំងអស់គ្នា។
(២៨) ការពារនិងធានាតុល្យភាពរវាងការរស់នៅរបស់ប្រជាពលរដ្ឋនិងធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប
ក្នុង១៥ ខែ យើងបានការអនុវត្តអភិក្រមទី៥ នេះច្រើនហើយ និងច្រើនវិស័យ។ កន្លែងខ្លះមានធ្លាយចេញតាមហ្វេសប៊ុកទៅ។ យើងមិនចង់ផ្សព្វផ្សាយធ្វើអីទេ។ កន្លែងខ្លះក៏មានឲ្យដឹង។ ប្រធានមន្ទីរមួយចំនួនត្រូវដកចេញមកដើម្បីដាក់អ្នកផ្សេង។ មន្ទីរច្រើនណាស់។ អនុប្រធានមន្ទីរ ស្អីៗផ្សេងៗ។ ថ្ងៃមុន នៅតាកែវ រឿងរដ្ឋបាល ACU ចាប់។ សុំគោលការណ៍ណែនាំអត់រាង។ បើណែនាំមិនរាង មានតែទៅ។ ទុកអញ្ចឹងនាំជះឥទ្ធិពលដល់អ្នកផ្សេង។ មិនមែនជាការគម្រាមទេ ប៉ុន្តែជាអ្វីដែលត្រូវធ្វើ។ មិនធ្វើដើម្បីការពារផលប្រយោជន៍ហោប៉ៅខ្ញុំទេ។ ខ្ញុំគ្មានផលប្រយោជន៍អីក្នុងបឹងទន្លេសាបហ្នឹងទេ ក្រៅពីកាតព្វកិច្ចក្នុងការការពារ ធានាតុល្យភាពរវាងអ្វីដែលប្រជាពលរដ្ឋត្រូវការរស់នៅជាមួយនឹងធនធានធម្មជាតិដែលបានការពារដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ កាតព្វកិច្ចក្នុងនាមជាប្រមុខរដ្ឋាភិបាលត្រូវតែហ៊ានវះកាត់។ ក្រសួងស្ថាប័នទាំងអស់ក៏អនុវត្តគោលការណ៍ដូចគ្នានេះ ទាក់ទងនឹងបឹងទន្លេសាប។ ត្រូវអនុវត្តឲ្យបានម៉ត់ចត់។ ឥឡូវវាស់វែងបានដឹងហើយ។ ពីមុនយើងនៅវាស់វែង មិនទាន់ដឹងព្រំច្បាស់លាស់។ ឥឡូវកំណត់ព្រំច្បាស់ហើយ ត្រូវធ្វើការចុះផ្សព្វផ្សាយឲ្យប្រជាជនបានដឹង។ ត្រូវកំណត់គោលការណ៍លក្ខខណ្ឌឲ្យបានច្បាស់ថាតើតំបន់នេះអាចធ្វើអ្វីមិនអាចធ្វើអ្វី តំបន់១ធ្វើអី តំបន់២ធ្វើអី តំបន់៣ ហាមយ៉ាងម៉េច ឲ្យស្របទៅនឹងតថភាពជាក់ស្តែងនៅលើដៃ។ ឯកភាពគ្នាហើយត្រូវធ្វើ នេះគឺជាកិច្ចការចាំបាច់។
(២៩) ក្នុង៣០ឆ្នាំមកនេះ តំបន់រម្មណីយ៍ដ្ឋានអង្គរ មានកំណើនប្រជាពលរដ្ឋ និងការពង្រីកទីតាំងរស់នៅ
ចំណុចមួយទៀតដែលខ្ញុំលើក គឺតំបន់រម្មនីយដ្ឋានអង្គរ។ កន្លែងនេះក៏មានរឿងសាំញ៉ាំរញ៉ីរញ៉ៃយូរមកហើយ។ កន្លែងនេះពាក់ព័ន្ធទៅនឹងការការពារបិតិភណ្ឌ។ យើងបានដាក់ប្រាសាទអង្គរជាបេតិភណ្ឌ។ សុំឲ្យ UNESCO មកជួយពីឆ្នាំ ១៩៩២។ ៣២ ឆ្នាំមុន។ ពេលនោះប្រាសាទអង្គរវត្តជាតំបន់ដែលមានហានិភ័យខ្ពស់ងាយរងគ្រោះ។ ស្ថានភាពបានប្រែប្រួល ៣០ ឆ្នាំមកហើយ ប៉ុន្តែមិនមែនបានន័យថាយើងត្រូវបោះបង់គោលដៅក្នុងការការពារបេតិភណ្ឌទេ។ មិនអាចទុកអោយ ៥០ឆ្នាំទៀត ឃើញសណ្ឋាគារ ២០ជាន់ នៅជាប់ជើងប្រាសាទបានទេ។ ប៉ុន្តែ យើងក៏ត្រូវទទួសស្គាល់ថា ៣០ ឆ្នាំនេះ ក៏មានកំណើនប្រជាពលរដ្ឋនៅក្នុងតំបន់នោះដែរ។ ទី២ ទំនាស់រវាងអាជ្ញាធរអប្សរានិងប្រជាពលរដ្ឋដែល(ពង្រីកទីតាំង)រស់នៅដោយសារកំណើនប្រជាពលរដ្ឋ និងតម្រូវការបានប្រែប្រួល ក៏តែងតែមានបញ្ហាជាប្រចាំ។ អញ្ចឹងបានឲ្យសិក្សាមើលឡើងវិញ កំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី កំណត់ទីតាំងភូមិសាស្រ្ត ទួលបុរាណ មិនទួលបុរាណយ៉ាងម៉េច ធ្វើយ៉ាងណាឲ្យធានានូវតុល្យភាព កន្លែងណាដែលប្រជាពលរដ្ឋអាចរស់នៅបាន កន្លែងណាដែលយើងត្រូវដាច់ខាតការពារ។
(៣០) កំណត់ចក្ខុវិស័យ តើក្នុង ១៥ទៅ ៥០ឆ្នាំ តំបន់ ៤០០គីឡូម៉ែតការ៉េក្នុងប្រាសាទអង្គរក្លាយជាអី?
ថ្ងៃមុន មានប្រជុំ បានឲ្យកែសម្រួលចេញពីបារាយមកអស់។ កន្លែងណាដែលប្រជាជនអាចនៅបាន ហើយលក្ខខណ្ឌយើងគ្រប់គ្រងតាមគោលការណ៍នគរូបនីយកម្ម និងសំណង់។ អាជ្ញាធរអប្សរាក៏គាត់មានភារកិច្ចក្នុងការការពារបេតិកភណ្ឌ។ បើសិនជាមិនមានការពារតឹងរឹង ខ្ញុំគិតថា មកដល់ម៉ោងនេះយើងមិនបានទៅឃើញនៅតំបន់នោះ(ដូចនេះ)ទេ។ ប្រហែលជាប្រែប្រួលរូបភាពច្រើនជាងនេះ។ បើសិនជាយើងមិនមានលក្ខខណ្ឌច្បាស់លាស់ទេ ២០ឆ្នាំទៀត តំបន់នោះក៏មានប្រែប្រួល ព្រោះមនុស្សក៏កាន់កើន តម្រូវការកាន់តែច្រើន។ ទាមទារឱ្យយើងកំណត់នូវចក្ខុវិស័យមួយឱ្យច្បាស់ថាតើ ១៥ឆ្នាំ ២០ឆ្នាំ ៥០ឆ្នាំទៀត តំបន់ ៤០០គីឡូម៉ែតការ៉េក្នុងប្រាសាទអង្គរយើងចង់ឱ្យក្លាយជាអី? ត្រូវមើលពីឥឡូវឱ្យហើយ ដាក់ទិសដៅឱ្យច្បាស់ឱ្យហើយ។ យើងមិនកំណត់ថាមិនឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជាច្រើនក្នុងបរិវេណ ៤០០គីឡូម៉ែតការ៉េទេ។ (តែ)បើឱ្យគាត់នៅ ប្រាកដជាកើតកូនហើយ។ មិនអាចហាមអ្នកនៅក្នុងហ្នឹងមិនឱ្យមានកូនទេ។ រឿងហ្នឹងចៀសមិនផុត។ ខ្ញុំនឹកឃើញឯកឧត្តម ម៉ៅ សុផាន់ បង្កើតកងនារីមួយកងអនុសេនាធំទ័ពពិសេស គាត់ឱ្យស៊ីញ៉េមិនឱ្យមានកូន។ អនុវត្តបាន។ ដល់ពេលខ្ញុំយក ៣០នាក់មកអង្គភាពប្រឆាំងភេរវកម្ម អត់បានដាក់លក្ខខណ្ឌ ១ឆ្នាំដំបូង គ្រាន់តែកូនតគ្នា។ តែនេះនៅក្នុងអង្គភាពរយៈពេលខ្លី សម្រាប់ប្រជាជនរស់នៅក្នុងតំបន់តជំនាន់យើងមិនអាចហាមបានទេ។
(៣១) ដែនដីនគរូបនីយកម្ម វប្បធម៌និងវិចិត្រសិល្បៈ គណៈស្ថាបត្យករនិងគណៈវិស្វករ សិក្សាពីការបន្ធូរបន្ថយលក្ខខណ្ឌក្នុងបរិវេណ ៤០០គីឡូម៉ែត្រការ៉េ និងរក្សារចនាបទសំណង់ខ្មែរ
យើងត្រូវមើលលក្ខខណ្ឌ។ ប្រជុំគ្នាថ្ងៃមុនបានឯកភាពថា ទី១ ត្រូវកំណត់លក្ខខណ្ឌដីក្នុង ៤០០គីឡូម៉ែត្រការ៉េហ្នឹង កន្លែងណាត្រូវបន្ធូរបន្ថយយ៉ាងម៉េច? ប៉ុន្តែកុំឱ្យដល់បាត់ម្ចាស់ការ ព្រោះយើងត្រូវទទួលខុសត្រូវជាមួយជំនាន់ក្រោយ។ កុំឱ្យ ២០ឆ្នាំទៀត កូនចៅមើលរូបថតឥឡូវ ហើយរូបថតក្រោយខុសគ្នា។ កាលមុនសុទ្ធតែព្រៃសុទ្ធតែអីការពារ ឥឡូវសុទ្ធតែអូតែលនៅជើងប្រាសាទ។ ទី២ ទន្ទឹមនឹងតម្រូវការប្រជាពលរដ្ឋ ខ្ញុំគិតថា តំបន់នេះគួរតែយើងរក្សាសំណង់លក្ខណៈជាខ្មែរ។ សំណង់យើងត្រូវតែនៅហ្នឹង។ បើចង់ធ្វើខុសពីខ្មែរ ទៅធ្វើនៅក្រៅទៅពី ៤០០គីឡូម៉ែត្រការ៉េហ្នឹង ទៅធ្វើនៅក្រុងទៅ ធ្វើ ១០០ជាន់ក៏បានដែរ។ ទៅធ្វើនៅក្រឡាញ់នៅអីទៅ។ តែក្នុង ៤០០គីឡូម៉ែត្រការ៉េហ្នឹង គួរតែមានកំណត់កម្រិតណា។ ខ្ញុំគិតថា ក្រសួងដែនដីនគរូបនីយកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយខ្ញុំចង់ឱ្យមានការចូលរួមពីគណៈស្ថាបត្យករ និងគណៈវិស្វកររបស់យើងផងដែរផ្តល់ការកំណត់ថា ៥០ឆ្នាំទៅមុខទៀត ទម្រង់តំបន់ភូមិយើងនៅតំបន់អង្គរគួរតែមានរូបភាពយ៉ាងម៉េចឱ្យហើយ។
គណៈវិស្វករ គណៈស្ថាបត្យករកម្ពុជា ក៏ជាតួអង្គមួយសំខាន់សម្រាប់កំណត់រចនាបទនេះឱ្យបាន។ ជាពិសេសរូបខាងក្រៅ ខាងក្នុងធ្វើអីធ្វើចុះ ខ្ញុំគិត។ ខ្មែរយើងខុសពីអឺរ៉ុបត្រង់ហ្នឹង។ ខ្មែរយើងឱ្យរូបភាពខាងក្រៅជាគោល។ ខ្ញុំទៅរៀននៅអាមេរិក នៅបរទេស ផ្ទះនៅខាងក្រៅជ្រុងៗទាំងអស់ ដូចប្រអប់។ តែនៅខាងក្នុងគេធ្វើ Decor។ សម្រាប់ខ្មែរយើង ខាងក្រៅសោភណ្ឌភាពជា Architect ដូចបារាំង តែនៅខាងក្នុង យើងសាមញ្ញច្រើន។ អញ្ចឹងអ្វីដែលសំខាន់ខ្ញុំគិតថា គួរ Control រូបភាពនៅខាងក្រៅ។ នៅខាងក្នុងគាត់ Modern ចុះ។ អត់មានខាតអីដែរ។ ខ្ញុំគិតថា អ្នកដែលមិនចូលចិត្តមិនអាចនៅបាន គាត់មានសិទ្ធផ្ទេរឱ្យកូន ឬយ៉ាងណា … ព្រោះយើងត្រូវធានាថា ៥០ឆ្នាំទៀត តំបន់ហ្នឹងយ៉ាងម៉េច? តើ ៥០ឆ្នាំទៀត យើងចង់ដូចនៅប្រទេសខ្លះ ដែល Pyramid មានផ្ទះ មានអូតែល នៅជើងប្រាសាទឬ? មិនដូចហ្នឹងទេ។ សម្រាប់ខ្ញុំអត់ទេ។ សម្រាប់អ្នកណាផ្សេងខ្ញុំអត់ដឹងទេ។
ប្រាកដណាស់ យើងមិនហាមការអភិវឌ្ឍ ឬធ្វើទំនើបកម្មទេ ប៉ុន្តែខ្ញុំគិតថាបងប្អូនគិតដូចខ្ញុំ យ៉ាងហោចណាស់ក្នុងរង្វង់ ៤០០គីឡូម៉ែត្រការ៉េ តំបន់បេតិកភណ្ឌហ្នឹង គួរតែគ្រប់គ្រង កុំឱ្យដូច(មានសំណង់ដូច)អឺរ៉ុប នៅក្នុង(បរិវេណ)តំបន់ប្រាសាទរបស់យើង។ លក្ខណៈជាខ្មែរទំនើបកម្មក្នុងរចនាបទជាខ្មែរ លក្ខណៈជាខ្មែរ ដែលគេចូលទៅហ្នឹង ដឹងតម្លៃ។ បើយើងទៅក្រៅប្រទេស ទៅក្រុងមួយណាក៏ដូចគ្នា។ នេះហើយដែលនៅ Bali គេសួរថា Bali គេមិនឱ្យអភិវឌ្ឍហេតុអី ក៏ទេសចរច្រើនម្ល៉េះ? គេមិនមែនអត់មានអូតែលផ្កាយ ៥ទេ។ អូតែលផ្កាយ ៥ សំរាប់ទេសចរមកពីអឺរ៉ុប តែគេឱ្យលក្ខខណ្ឌអ្នកឯង។ ធ្វើក៏ធ្វើចុះ តែខាងក្នុង តែខាងក្រៅត្រូវតែមិនលើសពី(ការកំណត់មួយចំនួនដូចជា) ត្រូវបន្សាំវាជាមួយនឹងសមុទ្រ ជាមួយនឹងធម្មជាតិយ៉ាងណា?
(៣២) គ្រប់គ្រងស្ថាបត្យកម្មរចនាបទខ្មែរបានសំណង់តំបន់អង្គរក្លាយជាគ្រាប់ពេជរក្សាសម្បត្តិបេតិកភណ្ឌជាតិ
លក្ខខណ្ឌ សំណង់តំបន់អង្គរ បើឱ្យប្រជាជននៅ(ក្នុងបរិវេណ)ហ្នុង យើងត្រូវទទួលស្គាល់ថាឱ្យគាត់មានសិទ្ធនៅក្នុងការអភិវឌ្ឍកម្រិតណាមួយ ហើយចូលរួមថែរក្សា អភិរក្សកម្រិតណាមួយ យ៉ាងហោចណាស់អនុញ្ញាតឱ្យគាត់មានកូនដែរ រីកគ្រួសារដែរ។ ផ្ទេរកម្មសិទ្ធពីឪពុកទៅកូនអី ដូចគេនៅក្រៅ គ្រាន់តែយើង … គួរមានគោលការណ៍ច្បាស់លាស់។ អញ្ចឹង ក្នុងចំណោម ១១៤ភូមិដែលនៅក្នុងទីនោះ ឯកឧត្តម សាយ សំអាល់ បានជួបជាមួយប្រជាពលរដ្ឋ។ ខ្ញុំគិតថា បងប្អូននៅទីនោះក៏គាត់យល់ ព្រោះនេះហើយជាតម្លៃរបស់គាត់។ បើសិនជាគាត់ប្រែក្លាយកន្លែងហ្នឹងដូចគេដូចឯង ដូចក្រុងហើយកន្លែងហ្នឹងមិនសូវមានតម្លៃទេ។ តែបើសិនជាកន្លែងហ្នឹងរៀបចំជាភូមិបានសមស្របល្អ ការគ្រប់គ្រងស្ថាបត្យកម្មសំណង់នៅខាងក្រៅមានរចនាបទខ្មែរអី កន្លែងហ្នឹងគឺជាគ្រាប់ពេជ្រមួយហើយ។ យើងថែរក្សាសម្បត្តិបេតិកភណ្ឌរបស់យើង។ អញ្ចឹងខ្ញុំសូមអំពាវនាវឱ្យបងប្អូនយើង ប្រជាពលរដ្ឋយើងដែលនៅទីនោះ ចូលរួមសហការណ៍ជាមួយក្រុមការងារដើម្បីកំណត់ ហើយអាជ្ញាធរខេត្តនៅពេលដែលយើងរៀបចំគោលការណ៍ថ្មីក្នុងការប្រើប្រាស់លក្ខខណ្ឌនៃការគ្រប់គ្រងហើយ សូមឱ្យរួមគ្នាអនុវត្ត ដើម្បីផលប្រយោជន៍ទាំងអស់គ្នា។
ពិតណាស់ បើឱ្យដី ១០០០ការ៉េហ្នឹង ៣០ គុណនឹង ៤០ ធ្វើផ្ទះ ២០ជាន់ លក់បានថ្លៃជាងឱ្យធ្វើផ្ទះវីឡាម៉ូតខ្មែរប៉ុន្តែយើងមិនអាចទៅគិតតែតម្លៃលុយដុល្លារនោះទេ។ យើងត្រូវគិតតម្លៃនៃអត្តសញ្ញាណរបស់យើង។ ថ្ងៃមុនមានអ្នកវិនិយោគម្នាក់និយាយតាមហ្វេកប៊ុក។ គាត់ថាទៅគ្រប់គ្រងតំបន់ហ្នឹង បើឱ្យវិនិយោគ គាត់គុណលុយរាប់ពាន់លាន។ ខ្ញុំថា បើយើងជាខ្មែរ យើងជាជាតិមួយ គ្រាន់តែដោយសារលុយរាប់ពាន់លានយើងសុខចិត្តឱ្យលុបបំបាត់តំបន់ដែលថែរក្សាអត្តសញ្ញាណជាតិ ហើយយកអត្តសញ្ញាណបរទេសយកមកដាក់ក្នុងតំបន់ហ្នឹង យើងចប់ហើយ។ បើគិតតែពីគុណលេខឃើញលុយនោះ។ សូម្បីតែសេដ្ឋកិច្ចមិនមែន ២០ជាន់មានតម្លៃជាង ១ជាន់ ២ជាន់ទេ។ តម្លៃវា មិនមែនអាស្រ័យលើសំណង់ទេ។ ត្រូវគិតទាំងមូល។ បើតម្លៃតំបន់ទាំងមូលនេះ វាជាតម្លៃបេតិកភណ្ឌ ជាភាពទាក់ទាញនៃទេសចរណ៍។ តម្លៃវាខ្ពស់ជាងតម្លៃអូតែល ២០ជាន់ …។
(៣៣) ត្រូវពិនិត្យឡើងវិញការកំណត់តំបន់រមណីយ៍ដ្ឋាន និងតំបន់បេតិកភណ្ឌធំហួសពេក
អ្នកឧកញ៉ា ខាងអចលនទ្រព្យទៅមើលនៅក្រៅប្រទេស នៅអូស្ត្រាលី អាមេរិក តំបន់ដែលដីថ្លៃជាងលុយ គេអត់មានផ្ទះធំទេ។ ក្នុងក្រុងមានផ្ទះធំទំនើប ប៉ុន្តែតំបន់ដែលលុយថ្លៃជាងគេគឺតំបន់ដែលនៅសល់ដីទុកផ្ទះតូចៗ។ ទៅនៅអាមេរិក នៅ NewYork គេហៅអី Hollywood ស្អីៗ គឺអាផ្ទះតូចៗ គេមើលអ្នកណាមានដី អ្នកហ្នឹងហើយអ្នកមាន។ តម្លៃនៅតំបន់រមណីយដ្ឋានអង្គរវត្ត និងតំបន់បេតិកភណ្ឌផ្សេងៗទៀត មិនមែនតែនៅហ្នឹងទេ គឺត្រូវគិត។ តែយើងមិនឱ្យធំហួសហេតុដែលមិនមានការចាំបាច់។ ត្រូវតែពិនិត្យឡើងវិញ។ តំបន់អីដែលជាតំបន់ទួលបុរាណពិតប្រាកដត្រូវការពារ។ តំបន់អីដែលយើងគិតថាជាតំបន់ទួលបុរាណ តែឥឡូវវាអត់មានតំបន់ទួលបុរាណអីទៀតទេ អនុញ្ញាតឱ្យប្រជាពលរដ្ឋរីក។ តំបន់ខ្លះ ឆ្ងាយពីអង្គរ ដូចកន្លែង … មាន់គុម្ពឫស្សី។ ខ្ញុំទៅម្តងហូបមាន់ហ្នឹងឆ្ងាញ់អើយឆ្ងាញ់។ ក្រោយមកងងុយដេក។ ស្មានតែងងុយម្នាក់ឯង។ ងាកទៅមិត្តភក្តិ ងងុយទាំងអស់។ គេដាក់កញ្ឆា។ កន្លែងហ្នឹងវាឆ្ងាយទៅហើយ ប៉ុន្តែវាមានទួល បារាយណ៍អីមួយ គេថាដូចបារាយណ៍បុរាណអញ្ចឹង តែមកខាងនេះវាអត់ជាប់ទេ។ ប្រជាពលរដ្ឋអាចរស់នៅបាន។ យើងកំណត់ព្រំហ្នឹងឡើងវិញទៅ។ នេះគឺជាចំណុចដែលត្រូវធ្វើ។ អញ្ចឹងគឺតំបន់រមណីយដ្ឋានអង្គរយើងធ្វើបែបនេះ។
(៣៤) បន្តកម្មវិធីដីសម្បទានសង្គមកិច្ច ត្រៀមអនុវត្តបន្ថែមកម្មវិធីផ្តល់ដីការពារព្រៃដើម្បីការអភិវឌ្ឍ ពិនិត្យមើលឡើងវិញក្រុមហ៊ុនសម្បទានព្រៃ សូមក្រសួងស្ថាប័នពាក់ព័ន្ធគ្រប់គ្រងការនាំចេញធ្យូង
បញ្ហាកង្វះដីធ្លីរបស់ប្រជាពលរដ្ឋ និងបញ្ហាទន្ទ្រានដី។ កិច្ចការដីសម្បទានសង្គមកិច្ច យើងបានធ្វើច្រើនហើយ ដំបូងឡើយគឺនៅឆ្នាំ ១៩៩១-១៩៩៣។ ពេលនោះរាជរដ្ឋាភិបាល បានប្រគល់ដីជូនប្រជាពលរដ្ឋយើងដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ។ ទី២ គឺឆ្នាំ១៩៩៨ យើងប្រគល់ដីជូនបងប្អូនពេលដែលសមាហរណកម្មខ្មែរក្រហម។ ក្រោយមក យើងធ្វើប្រទានកម្មដីជូនប្រជាពលរដ្ឋតាម ប.ប ០១ ឆ្នាំ ២០១២ ៧០ម៉ឺនក្បាលដី ស្មើនឹង ១លាន២សែនហិកតាផ្តល់ជូនជាកម្មសិទ្ធិដល់ប្រជាពលរដ្ឋ។ ក្រោយមកទៀត យើងមានយន្តការប្រទានកម្មដីរដ្ឋតាមរយៈ កម្មវិធីសម្បទានសង្គមកិច្ចដូចជា LASED មាន ៣ដំណាក់កាលហើយ ជូនអតីតយុទ្ធជន គ្រួសារទ័ព នគរបាលតាមព្រំដែន ប្រជាពលរដ្ឋក្រីក្រចាប់ផ្តើមពីឆ្នាំ ២០០៣។ មកដល់ម៉ោងនេះ យើងបានជូនប្រជាពលរដ្ឋ ៤៩ម៉ឺនគ្រួសារ គិតជាដី គឺ ១លាន៤សែនហិកតា ហើយសង់ផ្ទះ ៨ពាន់២រយខ្នង។ កន្លែងខ្លះ យើងទៅមើលលែងដូចកន្លែងទើបផ្តល់លើកមុន។ ថ្ងៃមុន ឯកឧត្តម សាយ សំអាល់ ទៅថតវីដេអូមួយ។ ភូមិមួយដែលកាលពីដើមទីយើងជូនប្រជាជនទៅហ្នឹង ផ្តល់ដី ផ្តល់កសិកម្ម ឥឡូវទៅជាភូមិដែលមានផ្ទះថ្ម ផ្ទះអីពេញហ្នឹង។ យើងមើលលែងដឹង។ រៀបចំឱ្យគាត់ចាប់ផ្តើមមានមូលដ្ឋានរឹងមាំហើយរស់ខ្លួនឯង។ នៅតាកែនកោះស្លា ក៏ទៅជាភូមិទៅជាអីអស់រលីង។ នេះហើយជាគោលការណ៍។ មិនមែនរដ្ឋាភិបាលចេះតែដេញប្រជាជនចេញ ធ្វើបាបប្រជាពលរដ្ឋអត់ដីធ្លីនោះទេ។ យើងបានផ្តល់ឱ្យ។
កិច្ចការទៅមុខទៀត យើងនឹងបន្តកម្មវិធីសម្បទានសង្គមកិច្ច … ដើមឆ្នាំក្រោយយើងអនុវត្តកម្មវិធីបន្ថែមទៀត គឺកម្មវិធីផ្តល់ដីការពារព្រៃដើម្បីការអភិវឌ្ឍ។ ខ្ញុំសូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋរបស់យើង ដែលទៅកាប់ទន្ទ្រានដី។ បើសិនជាខ្វះដីពិតប្រាកដ សូមដាក់ពាក្យតាមយន្តការដែលយើងមាន តាមភូមិ តាមឃុំ ដែលយើងមាន ធ្វើយន្តការដោះឱ្យ។ សូមកុំចាញ់បោកអ្នកដែលទៅឃោសនា។ កន្លងទៅយើងចុះទៅមើលការទន្ទ្រានដីនៅស្ទឹងត្រែង នៅមណ្ឌលគិរី នៅអីមិនមែនប្រជាពលរដ្ឋទៅដោយខ្លួនឯងទេ គឺមានអ្នកទៅបំផុសលក់ ១ក្បាល ២០០ កន្លែងខ្លះ ២០០០ កាប់មួយស្រឡាញ់ ដីប៉ុណ្ណាកាប់មួយស្រឡាញ់យកទៅ។ បែបនេះគឺចាញ់បោក។ សូម្បីតែខ្ញុំប្រកាសកម្មវិធីដីសម្បទាននេះ ថ្ងៃមុនខ្ញុំទៅមណ្ឌលគិរីមានអ្នកដែលប្រកាសតាមហ្វេកប៊ុកទៀត ដើម្បីលក់សិទ្ធទៅឱ្យអ្នកសុំដីសម្បទាន គេជួយរត់ការឱ្យ។ ហ្នឹងដូចស្អីនៅកំពង់ស្ពឺថ្ងៃមុននេះ អ្នកកាសែត ហ៊ន នេះ ខំទៅផ្សាយមានឧកញ៉ាមួយក្រុម គេទៅនាំគ្នាថាទៅចែកដីជូនប្រជាពលរដ្ឋ ១ប្លង់ ប៉ុន្មានៗ។ ទីបំផុតកាប់ដីរដ្ឋយកទៅឱ្យ។ រត់ជាន់គ្នា។ កុំជឿតាមការឃោសនា។
ដីរដ្ឋគឺដីរួមមិនខុសពីបឹងទន្លេសាបទេ។ តំបន់ ៣នេះ គឺជាតំបន់រួមរបស់ប្រជាជនទូទាំងប្រទេស ដីរដ្ឋគឺជាដីរួម រដ្ឋមានភារកិច្ចនៅក្នុងការថែរក្សាជូនប្រជាពលរដ្ឋ។ អត់មាននៅប្រទេសណាដែលប្រជាពលរដ្ឋអត់មានដី ទៅកាប់ដីរដ្ឋ ទៅកាប់ដីនៅក្នុងឧទ្យានជាតិទេ។ នៅប្រទេសណាក៏មានដែរ តែគ្មានប្រទេសណាដែលថាឱ្យប្រជាពលរដ្ឋ។ ម៉ោងនេះនៅអាមេរិក នៅអង់គ្លេស នៅវៀតណាម នៅថៃ ដែលថាប្រជាពលរដ្ឋដែលអត់ដីទាញផ្គាក់ទៅដើរកាប់ទៅយក ១០ ២០ហិកតានោះទេ គឺអត់មាន។ អញ្ចឹងកម្ពុជាក៏ដូចគ្នាដែរ។ បើអនុញ្ញាតតែ ៥០ម៉ឺននាក់ នាំគ្នាទាញផ្គាក់ទៅកាប់ម្នាក់ ២០ហិកតា អស់បាត់ហើយ។ អញ្ចឹងបានយើងចុះបញ្ជីកំណត់ព្រំចេញបណ្ណឱ្យទាំងដីរដ្ឋដីរួម ប្រជាពលរដ្ឋដែលអត់ពិតប្រាកដ សុំដាក់ពាក្យមកយើងនឹងដោះស្រាយជូន តែកុំទៅកាប់ទន្ទ្រានដីរួម អត់ចេញប្លង់ឱ្យទេ ហើយអាចប្រឈមជាមួយច្បាប់ទៀត។ បើមិនអញ្ចឹងទេបញ្ហា។ ខ្ញុំកំពុងឱ្យ Review មើលក្រុមហ៊ុនដែលមាន Concession កាប់ព្រៃឈើ សូមបញ្ជូនសារឱ្យច្បាស់ កុំកាប់លើសព្រំដែន។
ឯកឧត្តម សៅ សុខា នៅទីនេះ។ កន្លងទៅ គណៈកម្មាធិការបង្ក្រាបក៏បានដើរតួនាទីសំខាន់។ សហការជាមួយអាជ្ញាធរ សហការជាមួយខាងព្រៃឈើ។ ប៉ុន្តែកម្លាំងតិចណាស់ ត្រឹមតែទប់បាន ប៉ុន្តែគ្រប់គ្រងអត់បាន។ អាហ្នឹងទ័ពយើងមានតែទ័ពពិសេស ៤ ឬ១០នាក់ មួយក្រុមទៅវាយឆ្មក់ ហើយដកមកវិញ គេចូលមកដដែល។ អញ្ចឹងបានកន្លងទៅក៏មានការពង្រាយកងទ័ពជើងគោកមួយចំនួនជួយក្នុងភូមិសាស្ត្រនេះ។ សំអាតហើយជាន់ឱ្យជាប់។ ទៅមុខទៀតយើងនឹងរៀបចំពង្រាយយោធភូមិភាគ១ យោធភូមិភាគ៥ យើងបានពង្រាយ។ កម្លាំងទ័ពស្រួចគឺយើងមានកម្លាំងខាងគណៈកម្មាធិការ ហើយបន្តិចទៀតយើងបង្កើតយន្តការដើម្បីធ្វើការបន្ថែម … អញ្ចឹងបោសសំអាតហើយវាយលុកយកហើយ អនុវត្ដច្បាប់ហើយ គឺដាក់កំលាំងជាន់យកតែម្ដង។ កំលាំងចល័តគឺកំលាំងកងរាជអាវុធហត្ថដែលជាកំលាំងបង្ក្រាប ជាមួយនឹងកំលាំងព្រៃឈើ។ យើងថាកំលាំងចល័តចុះអន្ដរាគមន៍ ដល់កំលាំងត្រូវមានឈរជើងជាប់ដើម្បីយើងធ្វើបែបនេះ។ បើមិនអញ្ចឹងទេមានការលំបាក។
ថ្ងៃមុន ឃើញខាងគយ សុំអនុញ្ញាតគោលការណ៍នាំធ្យូងធម្មជាតិចេញដែលធ្វើពីដើមអាកាស្យា។ សូមមើលឲ្យច្បាស់។ ក្រុមហ៊ុនធ្យូងនឹងប្រយ័ត្នទៅកាប់ព្រៃ។ ធ្យូងកម្ពុជាសុទ្ធតែក្រញូង។ អត់ទេណា។ សូមមើលកន្លែងហ្នឹង។ ខ្ញុំឲ្យមើលខេត្តកំពង់ស្ពឺដែរ។ ដល់ពេលធ្យូងត្រូវប៉ាន់ អស់ឈើដែលដាំ ទៅកាប់ទាំងឈើប្រណិតយកទៅទៀត។ អត់បានទេ។ ក្រុមហ៊ុនធ្យូង ដកអាជ្ញាប័ណ្ណ ហើយត្រូវទទួលពិន័យទៀត។ ខ្ញុំសូមឲ្យ(ពិនិត្យ)មើល ក្រសួងស្ថាប័នដែលពាក់ព័ន្ធរឿងគ្រប់គ្រងអ្នកនាំចេញធ្យូង ជាមួយឈើ។ គ្រប់គ្រងឲ្យបានអត់មានកន្ទេលធំបន្លំដេកទេ។យើង Calculate ដឹងថាយើងគ្រប់គ្រងយ៉ាងម៉េច ព្រោះរាជរដ្ឋាភិបាលម្នាក់ឯងធ្វើមិនអស់ទេ ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់។ អញ្ចឹងកិច្ចការងារនេះពាក់ព័ន្ធនឹងការ(កាន់)កាប់ដីធ្លី/ព្រៃឈើ។
(៣៥) បុរីត្រូវមានសោភណ្ឌភាព ភ្លើង ទឹក អនាម័យ វត្តអារាម
ចំណុចមួយទៀតដែលខ្ញុំសុំលើកគឺទាក់ទងនឹងសោភណ្ឌភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ខ្ញុំឯកភាពជាមួយគោលដៅសមរភូមិឯកឧត្តម សាយ សំអាល់។ យើងមិនគ្រាន់តែត្រឹមរៀបចំប្លង់ព្រំដែនអីឲ្យបានច្បាស់លាស់កុំឲ្យមានការឈ្លោះគ្នានោះទេ ត្រូវរៀបចំឲ្យបានច្បាស់អំពីការកំណត់ទាំងសោភណ្ឌភាព ទាំងប្លង់មេអី មិនថាទីក្រុងធំទេ សូម្បីនៅជនបទ ដែលយើងហៅថាបុរីជនបទ ត្រូវមានទឹក មានភ្លើង មានអនាម័យ រស់តាមបែបភូមិអ្នកស្រុក ប៉ុន្ដែត្រូវធានានូវស្ដង់ដារអនាម័យ ស្តង់ដារទឹកស្អាត ស្តង់ដារភ្លើងជូនគាត់។ អត់ចាំបាច់ត្រូវយកស្ដង់ដារអគារ ២០ជាន់ ៣០ជាន់ធំៗ ទៅដាក់នៅកោះញែកទេ។ អត់មានមនុស្សទៅនៅទេ។ សុខចិត្តឲ្យគាត់រៀបចំលក្ខណៈភូមិសាស្ដ្រនៅនោះ។ ប៉ុន្ដែយើងត្រូវធានានូវអ្វីដែលជាមូលដ្ឋានចំបាច់ ទឹកស្អាត ប្រព័ន្ធអនាម័យ ផ្លូវ បើមិនបានផ្លូវកៅស៊ូ ផ្លូវបេតុង ក្នុងដំណាក់កាលនេះទេ រៀបចំផ្លូវដី ផ្លូវគ្រួសថ្មអីឲ្យគាត់។
ឯកឧត្តម កែវ រតនៈថ្ងៃមុនរុញបាន ៩៩% នៃខ្សែបញ្ជូនហើយ តព្យាយាមឲ្យជាប់ កន្លែងខ្លះយើងនៅមានសេវាករឯកជន ភ្លើងរដ្ឋយើងខិតខំព្យាយាមជំរុញ។ ខាងឧស្សាហកម្ម កន្លែងប្រជុំជនធំៗ ដោះស្រាយរឿងទឹកស្អាតទឹក។ ថ្ងៃមុនទៅមណ្ឌលគិរីយើងធ្វើកន្លែងទំនប់ដើម្បីទប់សំរាប់កសិកម្ម ប៉ុន្ដែក៏មានធ្វើទឹកស្អាតដែរ ដាក់ស្ថានីយទឹកស្អាតជូនប្រជាពលរដ្ឋ។ បុកអណ្ដូង ជីកស្រះ ឯកឧត្តម ឆាយ ឬទ្ធីសែន។
ថ្ងៃមុនសូម្បីនៅខាងធម្មការ ឯកឧត្តម ចាយ បូរិន ក៏ផែនការគាត់អភិវឌ្ឍវត្ដខ្លាំងដែរ និយាយរួមទំនើបទាំងអស់ហើយ សូម្បីតែវត្ដក៏ទំនើបដែរ។ វត្ដអត់តូចទេ វត្ដច្រើនហើយទំនើបណាស់។ ថ្ងៃមុន មានព្រះតេជព្រះគុណមួយអង្គសុំបិណ្ឌបាត្រសុំបង្ហើយព្រះវិហារ។ ខ្ញុំសួរព្រះតេជព្រះគុណ សង់បានដល់ប៉ុន្មានភាគរយហើយ? ព្រះតេជព្រះគុណឆ្លើយវិញ ទើបបានដី។ អញ្ចឹងព្រះតេជព្រះគុណមិនសុំបិណ្ឌបាត្រព្រះវិហារ ទៅសុំបង្ហើយព្រះវិហារ។ ប៉ុន្ដែទើបបានដី អញ្ចឹងស្មើនឹងធ្វើដដែល។
ប៉ុន្ដែការរីកតំបន់ច្រើនណាស់។ ម្សិលមិញខ្ញុំបិទកិច្ចប្រជុំ អូតាវ៉ា រឿងដោះមីន។ យើងដោះមីនច្រើន។ យើងបង្កើតកន្លែងដែលរស់នៅពីមុនមិនកើត(ដោយសារមីន)ទៅជាភូមិថ្មីៗ។ ប្រជាពលរដ្ឋទៅនៅ។ យើងត្រូវទទួល។កន្លែងខ្លះ សូម្បីតែរដ្ឋបាលយើងមិនទាន់មានព្រំប្រទល់ផង គាត់ទៅនៅមុន។ បង្កើតភូមិឧបសម្ព័ន្ធ អត់ទាន់ទាំងមានឈ្មោះភូមិផង។ ប្រជាពលរដ្ឋយើងចល័តនៅទិសខាងកើតខាងលិច កន្លែងខ្លះអតីតសមរភូមិ សួរទៅអ្នកតាកែវ ត្បូងឃ្មុំ ទៅបង្កើតភូមិនៅកន្លែងហ្នឹង។ អញ្ចឹងទិសដៅរបស់យើង កន្លែងខ្លះប្រជាជនទៅរស់នៅមុន យើងត្រូវតហេដ្ឋារចនាសម្ព័ន្ធ កន្លែងដែលមានស្រាប់បង្កើនរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យស្អាត។
(៣៦) ស្តង់ដារសំណង់មានសុវត្ថិភាព
ទី២ ស្ដង់ដារសំណង់សុវត្ថិភាពគឺសំខាន់ណាស់។ សមាគមន៍អចលនទ្រព្យសូមធ្វើម៉េច ជួយរកក្នុងការគ្រប់គ្រងគុណភាពសំណង់ កូនគេកូនយើង កុំឲ្យផ្ទះនឹងបូកស្អាត នៅក្នុងប្រេះ។ ត្រូវគ្រប់គ្រងឲ្យបានទាំងវិស័យឯកជនចូលរួមបូកជាមួយនឹងក្រសួងស្ថាប័ន។ ផ្ទះថ្មីរៀបស្អាត ប៉ុន្ដែអគារហ្នឹងធ្វើពីខ្សាច់អី? ខ្សាច់ទន្លេ ខ្សាច់សមុទ្រ? មានម្ដងនៅកែប ទៅមើលសុទ្ធតែខ្សាច់សមុទ្រ។ សូមមើលរឿងហ្នឹងព្រោះសំខាន់។ អគារមួយនៅកំពង់សោម មិនមែន៧ជាន់ទេ សង់ៗស្រាប់តែផ្អៀងម្ខាង។ ដល់ទៅមើលគ្រឹះខាងក្រោមប៉ុនកំភួនដៃ សសរខាងលើប៉ុនភ្លៅ។ ស្ថានភាពនេះ សំខាន់ត្រូវធានាអាយុជីវិតប្រជាពលរដ្ឋ។ ប៉ុន្ដែក៏ជាការជឿទុកចិត្តលើវិស័យសំណង់នៅថ្ងៃអនាគត។ សំណាងហើយប្រទេសយើងអត់មានរញ្ជួយផែនដី ប៉ុន្ដែសុំឲ្យយកចិត្តទុកដាក់លើកិច្ចការនេះ ជាពិសេសក្រុមហ៊ុនដែលមានសំណង់ធំៗត្រូវមានការឆែកច្បាស់លាស់ ស្ដង់ដារប្រាកដប្រជា។ ខ្ញុំថ្ងៃមុនមានគេប្រាប់ដែរ ក្រុមហ៊ុនមកពីក្រៅប្រទេសទៀត ធ្វើសំណង់អគារខ្ពស់មួយ (ដោយ)ខ្ញុំស្គាល់ម្ចាស់សំណង់ ក៏ចេះទៅឆែក។ រៀបចំជើងក្រោមអត់ស្រួលទាំងអស់។ មិនប្រាកដថាក្រុមហ៊ុនមកពីក្រៅហ្នឹងល្អទេ។ យើងត្រូវឆែកខាងក្នុង ជួនកាលមកពីខាងក្រៅឈិនឆៃដែរ ព្រោះមានតែតែម តែអ្នកធ្វើមិនប្រាកដឯណា …។
(៣៧) រកវិធីជួយដោះស្រាយសំណង់ចាស់ៗ ដើម្បីសុវត្ថិភាពក្នុងក្រុងភ្នំពេញ
មួយទៀត សំណង់ចាស់ៗនៅភ្នំពេញ។ រឿងនេះ ឯកឧត្តម សាយ សំអាល់ ជជែកជាមួយខ្ញុំជិតមួយឆ្នាំហើយ។គាត់មានគំនិតថាត្រូវធ្វើ។ ខ្ញុំក៏ភ័យព្រួយរឿងហ្នឹងយូរមកហើយ។ អគារយើងយូរ អគារភាគច្រើននៅភ្នំពេញអត់មានគ្រឹះទេ ហើយឥលូវនៅផ្លូវផ្សារថ្មីអី អគារចាស់ៗ ត្រូវពិនិត្យមើលកន្លែងហ្នឹងបន្ដិច។ រកវិធីកន្លែងណាអាចជួយដោះស្រាយ។ ឥលូវយើងដូចជាចរចាសាកល្បងមួយកន្លែង យកវិស័យឯកជនចូលរួមដើម្បីឈ្នះៗ ដើម្បីរំដោះកន្លែងហ្នឹង ហើយប្រជាពលរដ្ឋអ្នករស់នៅ សូមយោគយល់សហការ។ នេះដើម្បីសុវត្ថិភាពបងប្អូន ព្រោះយូរឆ្នាំហើយ។ អគារជំនាន់ដើម កន្លែងខ្លះអត់មានដែកទេ គាត់លេងបេតុងយក។ ហ្នឹងរឿង(បច្ចេកទេស)សំណង់ទុកឲ្យបច្ចេកទេសទៅ ប៉ុន្ដែសុំឲ្យយកចិត្តទុកដាក់លើកិច្ចការងារនេះ ដើម្បីសុវត្ថិភាពនៅក្នុងក្រុងភ្នំពេញ។ សូមធ្វើយ៉ាងណា រករូបមន្ដ។ បើអាចជារូបមន្ដភាពជាដៃគូរដ្ឋនិងឯកជន ដោះស្រាយដូចយើងរក ខំប្រឹងទៅ។ ដូចបៀលឌីង យើងដោះតាមរូបមន្តហ្នឹង។ ភាពជាដៃគូរដ្ឋ និងឯកជន ជាមួយជប៉ុនជាមួយអី។ ពេលខ្លះរដ្ឋអត់មានលទ្ធភាពគ្រប់ ឯកជនក៏ពិបាកធ្វើ ទាល់តែរកវិធីជាមួយគ្នា។ សំខាន់បំផុតសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅ។ នៅផ្លូវកម្ពុជាក្រោមអីក៏មានមួយចំនួន។ ប៉ុន្ដែសំណង់ជាច្រើនក៏នៅរឹងមាំដែរ …។
(៣៨) ការរៀបចំតំបន់ផ្សេងៗក្នុងទីក្រុងថ្មីដើម្បីសោភណ្ឌភាព ភាពងាយស្រួលរស់នៅ
សោភណ្ឌភាព និងការរៀបចំជាពិសេសក្រុងថ្មីត្រូវរៀបចំ master plan មានផ្លូវ bus ផ្លូវអី។ ខ្ញុំគិតថា គួរគិតផ្លូវ bus ផ្លូវអី កុំឲ្យផ្លូវតូចៗពេក។ ថ្ងៃក្រោយមនុស្សជិះក្រោមដី។ យើងធ្វើបានថ្ងៃណាធ្វើ ប៉ុន្ដែយ៉ាងហោចណាស់អាលើដីដែលមានស្រាប់នេះ ផ្លូវគន្លង bus។ ផ្លូវយើងរាល់ថ្ងៃនេះដាក់គន្លង bus អស់បាត់ហើយ។ ទៅអត់រួចទេ។ ទាល់តែផ្លូវមានគន្លងបន្ថែម។ ផ្លូវធំៗ ៦០ ម៉ែត្រអីនឹងត្រូវមានគន្លង bus សំរាប់អ្នកជិះរួមតែម្ដង រៀបចំសោភណ្ឌភាព ទីតាំង។ ខ្ញុំតែងឲ្យគិតមើលពី zoning ពេលរៀបចំក្រុងថ្មីនេះ។ កំណត់កន្លែងណាជាតំបន់ពាណិជ្ជកម្ម។ កន្លែងណាជាតំបន់រស់នៅ។ ការចេញអាជ្ញាប័ណ្ណ កុំឲ្យយកបៀរហ្កាឌិនទៅដាក់នៅតំបន់គេរស់នៅ។ រៀបចំទីក្រុងថ្មីរៀបឲ្យស្រួលទៅ។ ម្តុំណានៅហ្នឹងបង្កើតបញ្ហា។
នៅខេត្តខ្លះ គេមកប្ដឹងខ្ញុំ រឿងធ្វើសំបុកត្រចៀកកាំ។ នៅជុំវិញគេយ៉ាងម៉េច។ គួរយើងមាន zoning អោយច្បាស់ ដើម្បីតំរង់ទិសវិស័យឯកជន … គាត់ចង់ដាក់ សួរយើង។ បើយើងថាទុក zone ហ្នឹងធ្វើមិនបានទេ ស្អីដែលបង្កើតឲ្យលឺឲ្យ(ថ្លង់) កុំឲ្យនៅកន្លែងគេរស់នៅ។ មកzoneនេះ។ ហួសតែមួយផ្លូវ មានម៉ាតមានអីទៅ។ ឧទាហរណ៍ម៉ាតធំៗ នៅកន្លែងណាមួយទៅ អាម៉ាតតូចៗជិតផ្ទះ។ ហ្នឹងក៏អាចធ្វើដែរតើ។
បន្ដិចទៀតយើងមិនខុសពីគេទេ។ មនុស្សឥលូវលែងសូវចេញទៅទិញអីហើយ។ ប្រើតែទូរស័ព្ទម្ហូបហោះមក។ អញ្ចឹងបានក្រុមហ៊ុន foodpanda ឬ grab អី មនុស្សកាន់តែច្រើន ដោយសារមនុស្សលែងចេញទៅម្ហូបចង្អៀតពេក។ អស់លុយផង អស់ពេលផង។ ថ្ងៃមិញជិះឡានមក ខ្ញុំឃើញនៅចិនមានរហូតទៅដល់ឡានអត់មានមនុស្សបើក ដ្រូនដឹកម្ហូបកម្មង់ទៀត។ ខ្ញុំគិតថាយើងចៀសមិនផុតពីវិវត្ដបែបនោះទេ។ ប្រទេសយើងក៏វិវត្ដដែរ គ្រាន់តែថាពេលណា។
គិតអោយហើយប្លង់សំណង់អីនេះ។ មានផ្លូវមានអីសំរាប់មធ្យោបាយអស់ហ្នឹងឲ្យហើយ ជាពិសេសនៅតំបន់ថ្មី។ តំបន់ចាស់យើងពិបាកពង្រីកណាស់។ ផ្លូវពង្រីកអស់ហើយ។ កន្លែងខ្លះកាលពី(ខ្ញុំ)ក្មេងនៅធំចិញ្ចើម(ផ្លូវ) ឥលូវអស់ចិញ្ចើមហើយ នៅតែមិនគ្រាន់។ អាក្រោមដី យើងសិក្សាប៉ុន្ដែអាចយូរ ដោះស្រាយលើដីដែលមានស្រាប់។ ជាពិសេសប្រព័ន្ធ bus រៀបចំគន្លងមធ្យោបាយសាធារណៈទៅថ្ងៃក្រោយ ព្រោះជួនកាលបើកឡានខ្លួនឯងស្ទះ ដល់ជិះ bus អត់សូវស្ទះ។ គេជិះ bus ហ្នុងវិញ។ បើ bus ស្ទះដែរ អត់អ្នកណាជិះទេ ពង្រីកផ្លូវឲ្យកាន់តែច្រើន។
(៣៩) អត់និយាយ មិនបានន័យថា អត់ធ្វើទេ …
កិច្ចការប៉ុន្មានចំណុចនេះ ខ្ញុំសូមលើកបន្ថែមលើអ្វីដែលជារបាយការណ៍របស់ឯកឧត្តមឧប សាយ សំអាល់ ក៏ដូចជាលទ្ធផលដែលបានផ្សព្វផ្សាយជាបន្ដបន្ទាប់។ ថ្ងៃនេះបានជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋរបស់យើង ថាកិច្ចការងារខ្លះហេតុអីបានជាយើងស្ងាត់? យើងស្ងាត់ដោយសារការដោះស្រាយទាមទារភាពស្ងាត់ស្ងៀម ភាពបត់បែន និងការយោគយល់ ត្រូវការភាពអំណត់ ទើបយើងអាចដោះស្រាយបាន។ កុំយករឿងតូចទៅដុតឲ្យទៅជារឿងធំនាំឲ្យស្ទះ ឆេះផ្ទះទាំងអស់គ្នា ប៉ុន្ដែផ្អែកទៅលើស្មារតីនៃការយោគយល់គ្នា។ ភាពស្ងាត់របស់រាជរដ្ឋាភិបាលមិនមែនថារដ្ឋាភិបាលមិនធ្វើអីនោះទេ គ្រាន់តែរាជរដ្ឋាភិបាល នាយករដ្ឋមន្ដ្រីមិននិយាយរឿងដោះស្រាយបុរីញឹកញយ ឬឲ្យគោលការណ៍។ ខ្ញុំមិនឲ្យគោលការណ៍មិនប្រាកដថាមិនបានតាមដានទៅលើកិច្ចការងារ ឬក្រសួងមន្ដ្រីយើង អ្នកពាក់ព័ន្ធមិនខិតខំដោះស្រាយនោះទេ។ គ្រាន់តែថារឿង ឡេង ចាន់ណា រឿង ជា សារ៉ន មិនត្រូវបានធ្វើសិន្និសីទកាសែតជាប្រចាំ មិនបានន័យថាតុលាការមិនធ្វើការនោះទេ …។
ខ្ញុំសុំយកឱកាសនេះ បញ្ជាក់បន្ថែមនូវរឿងទាំងនេះ។ រឿងទាំងនេះហើយដែលខ្ញុំថា វិស័យដីធ្លី នគរូបនីយកម្មនិងសំណង់ ក្នុង១៥ ខែនេះ ខ្ញុំបានទទួលបទពិសោធន៍ច្រើនក្នុងការដោះស្រាយវិញ្ញាសារក្នុងវិស័យមួយនេះ ដែលជាវិញ្ញាសារក្ដៅ ជាវិញ្ញាសារដែលធ្វើមិនស្រួលអាចក្លាយទៅជាប្រធានបទសាំញ៉ាំ ធ្វើឲ្យមានជំលោះក្នុងសង្គម រវាងប្រជាពលរដ្ឋ ជួនកាលមានអ្នកយកទៅញែករវាងវណ្ណៈទៀត រវាងអ្នកមាននិងអ្នកក្រ ដែលកន្លងទៅគេលាបពណ៌ម្ចាស់បុរីថាជាអ្នកមាន ហើយចោទកន្លែងខ្លះសុទ្ធតែអ្នកអាក្រក់ នៅពេលដែលអត់សោះ ឬធ្លាក់ចូលទៅក្នុងរឿងនយោបាយដែលលែងដោះស្រាយបញ្ហាចេញ។
បងប្អូនប្រជាពលរដ្ឋទាំងអស់បានស្តាប់ហើយ ក្រៅពីដោះស្រាយបញ្ហា យើងក៏បានដាក់ចេញនូវគោលការណ៍ និងធ្វើសកម្មភាពជាប្រចាំដើម្បីផ្ដល់ផលវិជ្ជមានជូនប្រជាពលរដ្ឋ តាមរយៈការចុះវាស់វែងដីធ្លី ការកំណត់ចេញបណ្ណកម្មសិទ្ធិ និងផ្ដល់កម្មសិទ្ធិឲ្យបងប្អូន។ យើងនឹងបន្ដផលនេះជូនប្រជាពលរដ្ឋតទៅទៀត បន្ដអ្វីដែលរាជរដ្ឋាភិបាលអាណត្ដិមុនៗ រាប់សិបឆ្នាំមកក្រោមការដឹកនាំរបស់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលដាក់គោលនយោបាយច្បាស់លាស់រឿងដីធ្លីនេះ។ រដ្ឋាភិបាលនេះដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ អ្នកខ្លះសួរថាហេតុអ្វីបានជារាជរដ្ឋាភិបាលនេះគ្មានយន្ដការគោលនយោបាយអីថ្មី? គោលនយោបាយរបស់យើងគឺយកនូវគោលនយោបាយនៃការបន្តនិរន្តរភាពនៃការអភិវឌ្ឍន៍ មិនមែនបដិវត្តន៍ទេ គឺការវិវត្តន៍នៃវឌ្ឍនភាព នៃការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមគោលនយោបាយច្បាស់លាស់។
គោលនយោបាយដីធ្លី យើងនឹងបន្តមិនយកពន្ធដីធ្លីកសិកម្មពីប្រជាពលរដ្ឋ។ ការដោះស្រាយដីធ្លី កម្មសិទ្ធដីសម្បទានជូនប្រជាពលរដ្ឋយើងនៅបន្តធ្វើ ព្រោះគោលនយោបាយនេះគឺជាអ្វីដែលគណបក្សបានអនុម័តក្នុងអង្គសន្និបាត បន្ទាប់មកជាគោលនយោបាយដែលយើងយកទៅសន្យាជាមួយអ្នកបោះឆ្នោត ពេលដែលយើងបោះឆ្នោត។ អញ្ចឹងអ្នកបោះឆ្នោត បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ទី១ ឃើញសមិទ្ធផលដែលធ្វើ ទី២ ឃើញគោលនយោបាយដែលយើងដាក់ចេញ។ បើសិនយើងជាប់ឆ្នោតហើយ យើងមិនអនុវត្តគោលនយោបាយនេះ តើយើងមានមុខអីជាមួយអ្នកបោះឆ្នោត? អញ្ចឹងអ្នកដែលថារដ្ឋាភិបាលនេះ គ្មានអីខុសពីមុនសោះ ត្រូវហើយ ព្រោះយើងបន្តអនុវត្តនយោបាយដែលធ្វើឲ្យប្រទេសមួយប្រែក្លាយពីប្រទេសដែលក្រីក្រ បំផ្លាញដោយសង្គ្រាម ទៅជាប្រទេសដែលមានជីវភាព ដែលមានចំណូលមធ្យមកម្រិតទាបរួចទៅហើយ និងឈានទៅដល់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានជីវភាពសេដ្ឋកិច្ចចំណូលខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ។
យើងត្រូវបន្តនិរន្តរភាព កុំឲ្យរវល់តែដូរចង្កូត ដូរនយោបាយ វិលក្បុងអ្នកអនុវត្ត។ មិនខុសពីលោកគ្រូ អ្នកគ្រូ បើក្រសួងអប់រំប្រាប់លោកគ្រូអ្នកគ្រូ មួយឆ្នាំឲ្យដូរសៀវភៅបង្រៀនម្តង លោកគ្រូអ្នកគ្រូក៏វិលដែរ។ មួយឆ្នាំទម្រាំតែយកគម្ពីរហ្នឹងទៅរៀនឆ្នាំទី២ បង្រៀនកាន់តែច្បាស់ជាងមុន ក្រសួងប្រាប់ថាអត់ទេ ឈប់ឲ្យប្រើ text book ហ្នឹងហើយ មកថ្មី ស្រាវជ្រាវថ្មីទាំងអស់ វិលទាំងអស់។ បើគោលនយោបាយវិលអញ្ចេះគឺចប់ហើយ។ អាហ្នឹងដូចប៉ុល ពត អញ្ចឹង។ ឡើងមកដុតខ្ទេចកម្មសិទ្ធឯកជន ដែលយើងសល់បញ្ហាមកដល់រាល់ថ្ងៃនេះ។
អញ្ចឹងការខិតខំប្រឹងប្រែងបន្តទៅមុខមានតែប្តេជ្ញាចិត្តរឿងវិស័យដីធ្លីនេះ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស មិនត្រឹមតែខិតខំដោះស្រាយដាក់ចេញគោលនយោបាយដើម្បីបញ្ចប់ជម្លោះ ប៉ុន្តែនៅបន្តគិតគូរនិងផ្តល់ផលអត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ តាមគ្រប់រូបភាពដែលយើងអាចធ្វើទៅបាន។ ដូចខ្ញុំបានរៀបរាប់ខាងលើមួយចំនួននេះ និងគោលនយោបាយដែលក្រសួងដែនដីបន្តដាក់ធ្វើ គឺឲ្យផលលាភនៃសន្តិភាពដែលយើងទទួលបាន ភាពម្ចាស់ការនៃដីធ្លីរបស់ប្រជាពលរដ្ឋ អាចប្រើជាទ្រព្យរស់ ដើម្បីបងប្អូនអាចយកប្រើប្រាស់នៅក្នុងការអភិវឌ្ឍខ្លួន និងសង្គមជាតិតទៅទៀត។ នេះគឺជាអ្វីដែលយើងនឹងបន្តធ្វើ ដោយច្បាស់លាស់។
ពេលខ្លះយើងអត់មាត់ យើងអត់និយាយ បានន័យថា មិនមែនអត់ធ្វើទេ។ ខ្លាចជាងគេ និយាយច្រើនពេក អត់ធ្វើ។ ឧទាហរណ៍ ពីដើមអាណត្តិខ្ញុំប្រកាសថាបុរីទាំងអស់ត្រូវដោះឲ្យចប់ក្នុងមួយឆ្នាំ។ ដល់ហើយបិទស្អាត។ មិនបាច់ឲ្យឯកឧត្តមខំប្រឹងដោះទេ។ ចប់បាត់ហើយ។ តែសុខចិត្តយើងស្ងាត់ តែដល់ជួបគ្នាម្តង ប្រាប់ថា ឥឡូវ ៩៩ ជាប់ហ្នឹង ខ្ញុំដោះបាន ៥៣ ហើយ។ ជួបលើកក្រោយដោះបាន ៩០ ហើយ។ ហ្នឹងដែលយើងចង់បាន។ អ្នកដែលបានផលជាក់ស្តែងគេដឹងហើយ។ អ្នកដែលនៅឆ្ងាយទេដែលស្រែក។ អ្នកដែលគេចូលរួមដោះជាក់ស្តែង ប្រជាជនបានប័ណ្ណកម្មសិទ្ធជាក់ស្តែងគាត់អត់មាត់។ គាត់ទៅចូលរួមដោះស្រាយ គាត់ដឹងថា ទាំងអ្នកវិនិយោគ ទាំងអ្នកសាងសង់(ជួបវិបត្តិ)។ ធ្វើម៉េចឥឡូវ បើយើងឈ្លោះគ្នាអត់រកដំណោះស្រាយ អត់ទាំងអស់គ្នា ចាប់មេមាន់ស្ងោរ អត់ទាំងអស់គ្នា។ អញ្ចឹងទាល់តែយោគយល់គ្នា។ ឥឡូវអ្នកដែលអត្ថាធិប្បាយខាងក្រៅ យករឿងមេមាន់ កូនមាន់ យកទៅទៀតចុះ ខ្ញុំនិយាយចឹង។
ត្រូវរក្សាវិស័យអចលនទ្រព្យ ត្រូវជួយអ្នកវិនិយោគ ម្ចាស់បុរីដែលធ្វើពិតប្រាកដ មានឆន្ទៈដោះស្រាយពិតប្រាកដ ដើម្បីរកដំណោះស្រាយជូនអតិថិជនដែលជាប់បញ្ហា … អ្នកដែលមិនទទួលខុសត្រូវ អ្នកឯងទទួលខាងច្បាប់ បញ្ហាដែលនៅសេសសល់។ ឧទាហរណ៍ បុរីដែលក្ស័យធនមិនអាចឲ្យម្ចាស់ជួយ រដ្ឋយើងជួយក្នុងកម្រិតណា បើមានទិញអីរួចហើយ យើងចេញប័ណ្ណកម្មសិទ្ធ ចេញអីឲ្យទៅ ជូនគាត់ទៅ។ ឧទាហរណ៍ បុរីហ្នឹងមិនទាន់បានចុះឈ្មោះ តែម្ចាស់ក្ស័យទៅទៀត តែគាត់មានលក្ខណៈសម្បត្តិទិញក្រដាសអីស្រួលបួល ចេញប័ណ្ណជូនគាត់ទៅ បើអត់មានទំនាស់។
ជួនកាលបុគ្គល ក គាត់ទិញដី ១០ ហិកតា គាត់ចង់ធ្វើបុរីហ្នឹង តែសុំប័ណ្ណមិនទាន់ តែខ្លាចទីផ្សាររត់ចោល គាត់ចាប់ផ្តើមវិនិយោគលក់បុរី លក់ផ្ទះ ប្រជាជនមកទិញ។ អញ្ចឹងគាត់អត់ទាន់មានអាជ្ញាប័ណ្ណស្រួលបួល តែឥឡូវគាត់រត់អត់រួច គាត់ដួល តែប្រជាជនបានទិញផុតហើយ ឲ្យគាត់ទទួលស្គាល់ ម្ចាស់ដីទទួលស្គាល់ថាបានទិញហើយ យើងបញ្ចប់និតីវិធីធ្វើប័ណ្ណកម្មសិទ្ធជូនអតិថិជនទៅ។ បើផ្ទះហ្នឹងក្រោម ៧ ម៉ឺន ខាងពន្ធដារគាត់ជួយមិនបាច់យកពន្ធប្រថាប់ត្រា ដូចខ្ញុំប្រកាសមុនអញ្ចឹងទៅ ដើម្បីយើងដោះ អង្ករក្លាយជាបាយហើយ គ្មានអ្នកណាខុសអ្នកណាត្រូវទេ កុំរឿងអតីតកាលគិតថាត្រូវ ឥឡូវមើលបច្ចុប្បន្នភាព រកដំណោះស្រាយរួមគ្នា ទៅអនាគតកាល ដើម្បីយើងត្រឡប់មកវិញ រក្សាសុខដុមនីយកម្ម រកវិធីដោះស្រាយ។ ពេលខ្លះខាតបន្តិចម្នាក់ ដើម្បីដោះចេញ យើងរួមគ្នាធ្វើ។
ខ្ញុំសូមអំពាវនាវបន្តក្នុងស្មារតីនេះ នៅក្នុងបុរី អ្នកដែលបន្តប៉ះពាល់ សូមបន្តយោគយល់និងព្យាយាមជួយដោះស្រាយ។ ដោះស្រាយនេះមិនមែនធ្វើមួយដងចប់ទេ ជួនកាល ៥០ នាក់ចូលមកដោះ ប្រជុំម្តងបាន ២០ នាក់ឯកភាព នៅ ៣០នាក់ ប្រជុំ ២ ឬ៣ ដង ទម្រាំតែបានឯកភាព តែបន្តដោះ។ ជាជាងយើងដើរអត់និយាយគ្នា អត់ចរចាគ្នា យើងចប់ទាំងអស់គ្នា។ អញ្ចឹងសូមបន្តចូលរួម ហើយរាជរដ្ឋាភិបាលនឹងបន្ត មិនចោលប្រជាពលរដ្ឋទេ នេះគឺជាប្តេជ្ញាចិត្ត ហើយធ្វើមែនទែន។
ខ្ញុំសូមទោសហើយ អត់បាននិយាយរឿងហ្នឹងរាល់ថ្ងៃទេ។ និយាយម្តងនេះ បើចង់ស្តាប់លឺ សូមចាក់ឡើងវិញចុះ ព្រោះសម័យឥឡូវមាន live facebook បាន។ រឿងតែប៉ុណ្ណឹង ដោះយ៉ាងម៉េច អីយ៉ាងម៉េច ករុណាទុកឲ្យជំនាញជាមួយនឹងភាគីពាក់ព័ន្ធដោះ យើងសម្រេចប៉ុណ្ណេះ ហើយរដ្ឋាភិបាលផ្តល់ការគាំទ្រ អ្វីដែលអាចជួយបាន ទាំងក្នុងវិស័យអចលនទ្រព្យ ទាំងផ្សេង។
[ចប់សេចក្តីអធិប្បាយ]
តទៅនេះនៅក្នុងក្របខណ្ឌវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលំនៅដ្ឋាន ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿនការងារឲ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដូចខាងក្រោម ៖
ទី១. បន្តចុះបញ្ជីដីធ្លីបង្ហើយនៅឆ្នាំ- ២០២៥ ទៅតាមផែនការរបស់ក្រសួង ព្រមទាំងបន្តដោះស្រាយវិវាទដីធ្លី និង បញ្ហាបុរីឱ្យនៅសល់ក្នុងកម្រិតមួយជាអប្បបរមា ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន ឱ្យបន្តដាក់ទុនវិនិយោគ, ឈានទៅពង្រឹងសេដ្ឋកិច្ចកម្ពុជា, ពង្រឹងបានភាពធន់របស់កម្ពុជា និង ឈានទៅពង្រីកឧស្សាហកម្មថ្មីៗ, បង្កើនតម្លៃបន្ថែម និង កសាងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងរក្សាបាននូវសុខដុមនីយកម្មសង្គម។ ខ្ញុំសង្ឃឹមថា ការងារចែកបណ្ណនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៧ ដែលជាពេលវេលាសមស្របជាយុទ្ធសាស្ត្រ ដើម្បីឈានទៅប្រារព្ធខួប ៤០ ឆ្នាំ (១៩៨៩-២០២៩) នៃការផ្តល់កម្មសិទ្ធិ ឯកជនលើដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជាដែលបានផ្តួចផ្តើមឡើយដោយ សម្តេចតេជោ ហ៊ុន សែន។ ខ្ញុំស្នើឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត សូមចូលរួមឱ្យបានសកម្ម និង ចាត់ចែងឱ្យមានប្រសិទ្ធភាព ក្នុងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ទី២. បន្តរៀបចំ ចាត់ចែង និង គ្រប់គ្រងតំបន់បឹងទន្លេសាប ឱ្យក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ បម្រើឱ្យការកសាងមូលដ្ឋានសេដ្ឋកិច្ចតំបន់នេះ ឱ្យកាន់តែរឹងមាំ ដែលចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាជនក្នុងតំបន់ និង ទូទាំងប្រទេស ដោយចាប់ផ្តើមពីការពិនិត្យ និង កែតម្រូវលក្ខខណ្ឌនៃការប្រើប្រាស់ដី ឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃសក្តានុពលតំបន់។
ទី៣. បន្តអនុវត្ត និង ស្វែងរកដំណោះ-ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅសេសសល់នៅតំបន់អង្គរ ព្រមទាំងប្រកាន់យកដំណោះស្រាយសមស្រប ក្នុងបរិយាកាសមានតុល្យភាពរវាងការការពារ និង អភិរក្សតំបន់បេតិកភណ្ឌអង្គរផង និង ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនរស់នៅក្នុងភូមិទាំង ១១៤, ក្នុងតំបន់អង្គរឱ្យបានប្រសើរផង ឆ្លើយតបទៅនឹងតម្រូវការ ស្របតាមបរិការណ៍សេដ្ឋកិច្ចសង្គម នៅតំបន់រមណីយដ្ឋានអង្គរ ដោយប្រកាន់ខ្ជាប់ទស្សនៈ «លើក–តម្កើងកេរមតកវប្បធម៌ដូនតា រក្សាជីវភាពក្សេមក្សាន្តរបស់ប្រជាជន»ដោយឈរលើមូលដ្ឋាន ការរៀបចំឡើងវិញនូវលក្ខខណ្ឌនៃការប្រើប្រាស់ដី ស្របតាមគោលការណ៍លើកកម្ពស់ការអភិរក្ស និង គាំទ្រសកម្មភាពទេសចរណ៍ ក្នុងតំបន់នេះ។
ទី៤. លើការងារដោះស្រាយវិវាទបុរី, ខ្ញុំសូមកោតសរសើរ និង លើកទឹកចិត្ត ឱ្យក្រសួង
បន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាបុរី ដោយយកគោលការណ៍យោគយល់គ្នាក្នុងគ្រាលំបាកជាចម្បង និង ការពារបាននូវ ស្ថិរភាពឧស្សាហកម្មអចលនទ្រព្យ។
ទី៥. អនុវត្តការងារកែទម្រង់មុខងារសាធារណៈ ដើម្បីឈានទៅទទួលបានសេវារដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ដែលបច្ចុប្បន្ន ក្រសួងបាន និង កំពុងអនុវត្តយ៉ាងសកម្ម ដោយពង្រឹងការកែទម្រង់ និង ការកសាងច្បាប់និងបទដ្ឋានគតិយុត្ត, ការបណ្តុះ- បណ្តាលសមត្ថភាពមន្ត្រី និង ការផ្តល់លទ្ធភាពដល់មន្ត្រីក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព។ ខ្ញុំសូមស្នើឱ្យក្រសួងបន្តពង្រឹងសមត្ថភាពស្ថាប័ន សមត្ថភាពមន្រ្តីឱ្យមានសមត្ថភាព, ការទទួលខុសត្រូវ និង មានវិន័យខ្ពស់ ដែលជាចលករសម្រាប់ទ្រទ្រង់ការអនុវត្តភារកិច្ចផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ, ជាពិសេស ក្នុងបរិការណ៍ថ្មីនៃសម័យឌីជីថលនេះ ឱ្យបានកាន់តែប្រសើរ។
ទី៦. លើមូលដ្ឋាននៃទស្សនាទាននៃ “ការងាររៀបចំដែនដី“,ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងជំរុញការកសាងផែនការប្រើប្រាស់ដី ឱ្យស្របតាមសក្តានុពលអំណោយផលពីធម្មជាតិ នៃធនធានដី ដោយពិចារណាឱ្យបានល្អិតល្អន់លើការរៀបចំរបៀងសេដ្ឋកិច្ចសំខាន់ៗ ដូច ការរៀបចំរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ ពីខេត្តកែបដល់ខេត្តកោះកុង ជាឧទាហរណ៍ ទៅតាមភូមិសាស្រ្ត ដែលអាចបង្កើតផលិតកម្មស៊ីសង្វាក់ តាមវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា៖ កសិកម្ម ឧស្សាហកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ជាដើម ដែលអាចបង្កើនតម្លៃសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់ និង ឈានទៅបង្កើនចំណូលរបស់ប្រជាជន ប្រែក្លាយសក្តានុពលនេះ ជាកម្លាំងជំរុញកំណើន ដើម្បីទ្រទ្រង់សមត្ថភាពប្រកួតប្រជែង និង ពង្រីកទំហំសេដ្ឋកិច្ច ដោយផ្អែកលើការប្រើប្រាស់មូលធនដីធ្លីឱ្យអស់សក្តានុពល។ ចំពោះការងារគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, សូមក្រសួង និង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញអនុវត្តឱ្យកាន់ តែសកម្ម ដោយប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាដ៏មានសក្តានុពល ជាប្រភព និង ជន្ទល់កំណើនថ្មីរបស់កម្ពុជា។
ទី៧. បន្តជំរុញឱ្យរៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការអភិរក្ស និង អភិវឌ្ឍទីក្រុង ទីប្រជុំជន, ជាពិសេស ការគិតគូរពង្រីកបន្ថែមលើការរៀបចំសួនសាធារណៈ និង ឧទ្យានបៃតង ដើម្បីប្រែក្លាយទៅជាទីក្រុង, ទីប្រជុំជន ដែលអាចរស់នៅបានសម្រាប់ទាំងអស់គ្នាប្រកបដោយសោភណភាព, ទស្សនីយភាព សុវត្ថិភាព បរិស្ថានល្អគួរឱ្យរស់នៅ។ ក្នុងបរិការណ៍នៃការអភិវឌ្ឍក្នុងសម្ទុះយ៉ាងលឿន និង ការរងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុផង, ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមឱ្យកាន់តែសកម្មដោយយកស្មារតីទទួលខុសត្រូវខ្ពស់ លើគោលការណ៍ ”គិតគូររួមគ្នា អនុវត្តដោយសហការគ្នា” ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុងស៊ីសង្វាក់គ្នា ទើបដោះស្រាយបាននូវបញ្ហានានាដែលប៉ះពាល់ដល់ជីវភាពប្រជាជន និង ការខាតបង់ដល់សេដ្ឋកិច្ច ដែលតែងតែកើតមានឡើង។
ទី៨. ចំពោះការងារនគរូបនីយកម្ម ខ្ញុំស្នើឱ្យក្រសួងប្រែក្លាយទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និង ទ្រនំសុភមង្គលឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែង
ឱ្យបានឆាប់ ដោយឈរលើគោលនយោបាយ និង ផែនការសកម្មភាពជាក់ស្តែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង និងមានភាតរភាពជាបងប្អូន។
ទី៩. បន្តរៀបចំប្លង់គោលប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់ សម្រាប់រយៈពេលវែង ដែលត្រូវរក្សាឱ្យមានតុល្យភាពសម្រាប់ការរស់នៅ, ការប្រកបការងារ និងការកម្សាន្ត តាមរយៈការ-រៀបចំបំពេញឱ្យគ្នានូវសេដ្ឋកិច្ច បរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។ ខ្ញុំទើបចុះហត្ថ-លេខាលើសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម សាយ សំអាល់ ជាសហប្រធានដឹកនាំការងារនេះ។ លើកិច្ចការនេះ ខ្ញុំស្នើ ឯកឧត្តម លោកជំទាវ ជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, សូមចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំផែនការប្លង់គោល ប្រើប្រាស់ដី, ការរៀបចំទីក្រុង, ទីប្រជុំជនកម្ពុជា សម្រេចបានឆាប់រហ័ស និង មាន ប្រសិទ្ធភាពខ្ពស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីឱ្យប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយសុខដុមរមនីយកម្ម និង ស៊ីវិល័យ។
ទី១០. ចំពោះវិស័យសំណង់ ខ្ញុំស្នើក្រសួងបន្តពិនិត្យឱ្យបានដិតដល់ក្នុងការអនុវត្តច្បាប់ និង បទប្បញ្ញត្ដិ ក្នុងវិស័យនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងគុណ-ភាពសំណង់ ការសាងសង់ដោយប្រកាន់ខ្ជាប់នូវរចនាបទសហសម័យ ធានាបាននូវ ការកសាងទីក្រុងអនាគតមួយប្រកបដោយរចនាបទ ដែលជាទីគួរឱ្យចង់រស់នៅ ព្រមទាំងលើកកម្ពស់ស្ថាបត្យកម្មសហសម័យកម្ពុជា ក៏ដូចជា ពង្រឹងការអភិរក្សសំណង់បេតិកភណ្ឌ អភិវឌ្ឍសំណង់ដោយចីរភាពប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ទន្ទឹមនេះ, ក្រសួងត្រូវគិតគូរក្នុងការធ្វើសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយជាមួយគ្រប់តួអង្គជាតិ និង អន្តរជាតិពាក់ព័ន្ធវិស័យសំណង់ ឈានទៅអនុវត្តគោលការណ៍ ដែលមានកាបូនទាប (Green Building Concept) នាពេលអនាគត។ ខ្ញុំសូមគាំទ្រ និង លើកទឹកចិត្តឱ្យក្រសួងបន្តគិតគូរពីគុណភាព, សុវត្ថិភាព និង សោភ័ណភាពសំណង់ ដែលបញ្ជាក់អំពីគុណភាព នៃ ប្រជាជនកម្ពុជាថ្មី ដោយបន្តដោះស្រាយ និង ជំរុញការងារផ្សេងៗទៀត ដូចជាការជំរុញ ការវិនិយោគស្ដារឡើងវិញ នូវគម្រោងសាងសង់ក្នុងក្រុងព្រះសីហនុ, ការចុះពិនិត្យវឌ្ឍនភាពការងារសំណង់នៅតាមតំបន់នានា, ជាពិសេស សំណង់តាមព្រំដែន និង សំណង់ នៃទីប្រជុំជនដែលកំពុងរីកដុះដាលនាពេលបច្ចុប្បន្ន។
ទី១១. លើកិច្ចការលំនៅឋាន, ឈរលើទស្សនាទាន “ប្រជាជនខ្មែរគ្រប់រូប គួរមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល” ដើម្បីប្រជាពលរដ្ឋរបស់យើងរស់នៅប្រកប- ដោយភាពថ្លៃថ្នូរ ខ្ញុំសូមជំរុញឱ្យមានការគាំទ្រចំពោះទស្សនាទាននេះ ដោយបង្កើតឱ្យមានមូលនិធិលំនៅឋាន ធានាបាននូវកម្ចីដែលមានការប្រាក់ទាបសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងប្រជាពលរដ្ឋដែលត្រូវការផ្ទះសម្រាប់រស់នៅ។ ខ្ញុំយល់ថា ការបង្កើតមូលនិធិលំនៅឋាន នឹងប្រែក្លាយមូលនិធិនេះ ទៅជាមូលដ្ឋាននៃការអនុវត្តការងារលំនៅឋាន ដោយ ទាញយកទុនវិនិយោគ ពីប្រភពផ្សេងៗ រួមទាំង ថវិកាជាតិ ការវិនិយោគពីវិស័យឯកជន និង ដៃគូអភិវឌ្ឍ។ មូលនិធិនេះ អាចត្រូវបានប្រើប្រាស់ ដើម្បីផ្តល់លទ្ធភាពឱ្យប្រជា-ពលរដ្ឋទទួលបានលំនៅឋានសមរម្យ កាត់បន្ថយភាពងាយរងគ្រោះនៃសេដ្ឋកិច្ចសង្គម និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ទី១២. ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ចូលរួមក្នុងកិច្ចការឃោសនាអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានសកម្មលើការ អនុវត្តទស្សនាទាន ភូមិឋានក្សេមក្សាន្ត ឱ្យទទួលបានជោគជ័យ ដែលនឹងប្រែក្លាយសង្គមជាតិយើងឱ្យទៅជាសង្គមស៊ីវិល័យ ទៅតាមទស្សនវិស័យកម្ពុជាឆ្នាំ ២០៥០។
ជាថ្មីម្តងទៀត, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លានេះជូនជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា និង សូមថ្លែងអំណរគុណចំពោះក្រសួងស្ថាប័ន, ដៃគូ-អភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន និង អ្នកពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រ និង សហការដ៏ល្អ ជាកម្លាំងរួមមួយដ៏រឹងមាំនិងរស់រវើក ដើម្បីសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះ- ត្រចង់, លើការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង លំនៅឋាន សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប និង តជំនាន់។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ និងអង្គសន្និបាត, សូមមានសុខភាពល្អបរិបូរណ៍, សុភមង្គលក្នុងក្រុមគ្រួសារ និង សម្រេចបាននូវជោគជ័យក្នុងភារកិច្ចរៀងៗខ្លួន ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លា។
ខ្ញុំសូមប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និង លើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥» របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅពេលនេះ៕