ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា និង រាជរដ្ឋាភិបាល,
ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងស្ថាប័នអង្គទូតនានា ប្រចាំកម្ពុជា និង ដៃគូអភិវឌ្ឍជាតិ និង អន្តរជាតិ,
ឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានចូលរួម ក្នុងពិធីបិទ វេទិកាស្រូវអង្ករកម្ពុជាលើកទី ៧ ដែលជាពេលវេលាដ៏សំខាន់មួយ សម្រាប់វិស័យស្រូវអង្ករកម្ពុជា និង តួអង្គពាក់ព័ន្ធ ក្នុងការជួបជុំ ពិនិត្យមើលសមិទ្ធផល កន្លងមក និង ពិភាក្សាអំពីបញ្ហាប្រឈម, កាលានុវត្តភាព និង កំណត់ទិសដៅអនាគត ក្នុងវិស័យនេះ ។
ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, អំពីសមិទ្ធផលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែង, លើផ្នែកដាំដុះ យើងសម្រេចបានជាង ១២ លានតោន ក្នុងមួយឆ្នាំ ក្នុង រយៈពេល ២ ឆ្នាំចុងក្រោយ, មានការនាំចេញអង្ករបានប្រមាណជាង ៦០ ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ, ហើយការនាំចេញស្រូវក៏បានកើនឡើងជាង ៤ លានតោន ។
ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំពិតជាមានមោទនភាព និង កោត-សរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងធនធានទឹក និង ឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង នវានុវត្តន៍, សមាគមស្រូវអង្ករកម្ពុជា, ដៃគូសហប្រតិបត្តិការ អន្តរជាតិ, ដៃគូវិនិយោគ, ប្រជាកសិករគ្រប់រូប និង ដៃគូពាក់ព័ន្ធ ដែលបានសហការគ្នាស្អិតរមួត នៅក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីដ៏ល្អ សម្រាប់វិស័យដ៏មានសារៈសំខាន់នេះ ដែលអាចផ្តល់ផលប្រយោជន៍ជាច្រើន ដល់គ្រប់ភាគីពាក់ព័ន្ធ ។ ខ្ញុំក៏សូមគូសរំលេចផងដែរថា សមិទ្ធផលទាំងនេះ ក៏បានកើតចេញពីការដាក់ចេញដោយត្រឹមត្រូវ និង ការខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ គោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និង ការនាំចេញអង្ករ ឆ្នាំ ២០១០ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានត្រួសត្រាយផ្លូវ និង រៀបចំផែនការប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្រាប់វិស័យកសិកម្ម ។
ក្រៅពីកត្តាទិន្នផល, ខ្ញុំក៏មានសេចក្តីរីករាយដោយដឹងថា កម្ពុជាបានពង្រីកវិសាលភាព និង ធ្វើពិពិធកម្មទីផ្សារ ស្រូវអង្កររបស់ខ្លួន ដោយបានបន្តចែកចាយ និង នាំចេញទៅគោលដៅ ទីផ្សារពិភពលោកចំនួន ២១២ គោលដៅ លើបរិមាណប្រមាណជាង ៦,៦ លានតោនអង្ករ ពីឆ្នាំ ២០១០ មកដល់ឆ្នាំ ២០២៤ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]
នៅព្រឹកមិញនេះ ខ្ញុំបានទទួលជួបជាមួយនឹងគណៈប្រតិភូធុរកិច្ចពីសហរដ្ឋអាមេរិកពីកាលីហ្វ័រញ៉ាដែលគាត់ចូលរួមនៅទីនេះដែរ។ គោលដៅគឺដើម្បីបន្តបញ្ជាទិញអង្ករកម្ពុជានាំចេញទៅអាមេរិក។ ខ្ញុំនិយាយលេងជាមួយគាត់ថា អង្កាលពី ៣០ ឆ្នាំមុន នៅពេលដែលខ្ញុំទៅរៀននៅសហរដ្ឋអាមេរិក ដើរចូលទៅក្នុងហាងអាស៊ីអត់ដែលមានផលិតផលខ្មែរនៅទីនោះទេ។ ពេលនេះ យើងអាចនិយាយដោយមោទនភាពថា យើង (១) មានផលិតផលកសិកម្មជាច្រើនប្រភេទបាននាំចេញទៅក្រៅប្រទេស មិនមែនតែសហរដ្ឋអាមេរិក តែក៏មាននៅតាមបណ្តាប្រទេសជាច្រើននៅអឺរ៉ុប។ ក្រៅពីផលិតផលកសិកម្ម យើងក៏មានផលិតផលផ្សេងៗ រាប់ទាំងសំលៀកបំពាក់ វាយនភណ្ឌ កាតាប កាបូប គ្រឿងអលង្ការដែលផលិតនៅកម្ពុជា គ្រឿងបង្គំអគ្គិសនី ឧបករណ៍អគ្គិសនី។ នេះគឺជាមោទនភាពធំរបស់កម្ពុជានៅក្នុង ៣០ ឆ្នាំនេះ។ ខ្ញុំក៏សូមអរគុណដៃគូ ជាពិសេសវិស័យឯកជននៅបណ្តាប្រទេសដែលបានសហការជាមួយនឹងវិស័យឯកជនរបស់កម្ពុជា ដើម្បីធ្វើការងារជំរុញផលិតផលកសិកម្មយើងចេញទៅខាងក្រៅ។
[ចប់សេចក្តីអធិប្បាយ ១]
នេះសបញ្ជាក់ឱ្យឃើញថា ការជំរុញដោយសកម្ម នៅក្នុងការធ្វើទីផ្សារអង្ករកម្ពុជា, ទាំងពីសំណាក់រាជរដ្ឋាភិបាល និង វិស័យឯកជន បានទទួលជោគជ័យជាបណ្តើរៗ បើទោះបីជាប្រទេសយើងជាប្រទេសថ្មី ហើយត្រូវប្រកួតប្រជែងជាមួយប្រទេសដែលមានបទពិសោធន៍ និង កាន់កាប់ទីផ្សារ ក្នុងរយៈពេលយូរឆ្នាំក៏ដោយ ។
រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺមិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្ម, ម្យ៉ាងដោយសារថា យើងមានប្រជាពលរដ្ឋជាច្រើន ដែលប្រកបរបរកសិកម្ម, និង ម្យ៉ាងទៀត កម្ពុជា មានទាយជ្ជទានគាប់ប្រសើរពីធម្មជាតិ, ជាពិសេស លើកត្តាទឹកដី ដែលអាចផ្តល់នូវកសិផលឥតដាច់ សម្រាប់ជាស្បៀងអាហាររបស់ពលរដ្ឋផង និង សម្រាប់ការជួញដូររកកម្រៃផង ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]
គោលនយោបាយនេះត្រូវបានយកចិត្តទុកដាក់ ជាពិសេស (២) ដាក់ចេញនូវការអនុគ្រោះជាច្រើន ក្នុងនោះយើងអាចនិយាយដោយត្រួសៗ (ថាមាន)ការលើកលែងពន្ធប្រចាំឆ្នាំលើដីកសិកម្មរបស់កសិករ។ ការលើកលែងពន្ធប្រចាំឆ្នាំលើដីសម្បទានសេដ្ឋកិច្ចដែលពាក់ព័ន្ធកសិកម្ម។ សហគ្រាសកសិកម្មដែលអាចសុំការអនុគ្រោះតាមគម្រោងមានលក្ខណៈគ្រប់គ្រាន់ អនុគ្រោះពន្ធអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋលើការនាំចូល និងការផ្គត់ផ្គង់ទំនិញមួយចំនួនដូចជាជី ពូជដំនាំ ចំណីសត្វផ្សេងៗ។ ការលើកលែងអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ ហើយអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលក៏បន្តដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើនទៅដល់វិស័យកសិកម្ម ការព្យួរទុក ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលដល់សហគ្រាសប្រកបអជីវកម្មក្នុងវិស័យកសិកម្ម ក្នុងនោះក៏មានស្រូវអង្ករ។ ការលើកលែងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋលើការផ្គត់ផ្គង់ទំនិញ ឬសេវាដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ ក្នុងនោះផលិតផលមួយចំនួនដែលមានស្រូវអង្ករផងដែរ។ អាករលើតម្លៃពិសេសបន្ថែម ជាបន្ទុករបស់រដ្ឋលើការផ្គត់ផ្គង់ទំនិញ ឬសេវាដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវអង្ករ និងទំនិញមួយចំនួនទៀតដែលយើងបានធ្វើ។ ការសម្រួលការបញ្ចុះតម្លៃអគ្គិសនីលើវិស័យកសិកម្មផ្សេងៗ កាត់បន្ថយថ្លៃដើមនៃការប្រកួតនិងការផលិត ហើយយើងកំពុងតែខិតខំនិងពិនិត្យមើលលទ្ធភាពដើម្បីជួយផ្សេងៗទៀត។
មានការសួរថាតើរដ្ឋាភិបាលក្នុងដំណាក់កាលនេះ សេដ្ឋកិច្ចមិនទាន់នឹងនរ តើបានជួយប្រជាពលរដ្ឋតាមរូបភាពណាខ្លះ? ជាពិសេសសួរថា (៣) តើការឧបត្ថម្ភធន បានឧបត្ថម្ភសាច់ប្រាក់យ៉ាងម៉េច? ខ្ញុំបានប្រាប់ថាយើងធ្វើក្នុងរូបភាព២ រូបភាពទី១ គឺថវិកា ដែលរដ្ឋប្រមូលបានគឺយើងចែកចេញទៅវិញតាមរយៈការដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងវិស័យសង្គមកិច្ច។ កន្លងទៅ យើងបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ក្រីក្រ រងសម្ពាធដោយកូវីដ-១៩ រហូតដល់ខែមេសា ២០២៤ ទើបយើងបិទ ដោយបានឧបត្ថម្ភចំនួន៧០ ម៉ឺនគ្រួសារ គឺ ២លាន ៨សែននាក់ ហើយប្រើជាង ១៤០០ លានដុល្លារ។ ឥឡូវយើងមានកម្មវិធីជាជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលប្រជាពលរដ្ឋ ៥៦ម៉ឺនគ្រួសារ។ ក្រៅពីនោះ រដ្ឋចេញថវិកាជួយកម្មវិធីមូលនិធិផ្សេងៗ ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ កុមារក្រោមអាយុ ២ឆ្នាំ។ កម្មវិធីភាគច្រើនរបស់ប្រទេសមួយចំនួនគឺរដ្ឋប្រមូលពន្ធមក ក៏យកមួយផ្នែកនៃពន្ធបញ្ចេញទៅវិញប៉ុន្តែរាជរដ្ឋាភិបាលយើងបានទុកលុយនេះឲ្យគាត់។ យើងអត់ប្រមូលមក ហើយបានបញ្ចេញទៅវិញទេ។ ទុកលុយឲ្យវិស័យឯកជន ទុកលុយឲ្យប្រជាពលរដ្ឋ តាមរយៈការមិនយកពន្ធ ឬការបន្ថយពន្ធនេះឯង។ បើសិនជាខ្ញុំយក ១០០មក ហើយខ្ញុំឲ្យ ១៥ទៅវិញ អញ្ចឹងខ្ញុំទុក ១៥ភាគរយឲ្យតែម្តង មិនបាច់យក។
នៅក្នុងសុន្ទរកថាដែលខ្ញុំអានអម្បាញ់មិញ (៤) ទាក់ទងទៅការបន្ថយអាករពិសេស ការលើកលែងពន្ធផ្សេងៗ គឺទុកលុយនេះជូនទៅដល់វិស័យឯកជន ជូនប្រជាពលរដ្ឋតែម្តង។ យើងមើលអត់ឃើញទេ។ បើយើងយកពន្ធមកពេញ ហើយបានឲ្យទៅវិញ ហ្នឹងយើងឃើញ។ ដល់តែយើងអនុគ្រោះ មិនយកពន្ធនេះ គឺទុកជូនគាត់តែម្តង (មើលមិនឃើញទេ)។ អញ្ចឹង អ្នកខ្លះថារាជរដ្ឋាភិបាលអត់ធ្វើអ្វីសោះជូនប្រជាពលរដ្ឋក្នុងដំណាក់កាលនេះ។ មិនដូចនោះទេ។ យើងជួយទាំងការឧបត្ថម្ភសាច់ប្រាក់ បញ្ជូនទៅវិញ រួមទាំងការមិនយកនូវសាច់ប្រាក់មួយចំនួនពីគាត់ តាមរយៈការបន្ធូរបន្ថយ និងអនុគ្រោះពន្ធនេះ ដើម្បីទុកឱ្យបង្វិល។ នេះគឺជាអ្វីដែលខ្ញុំបានឆ្លើយជូនជ្រាបទៅតាមលទ្ធភាពដែលយើងមាន។ ប្រទេសកម្ពុជាមិនមែនប្រទេសអ្នកមានទេ ប៉ុន្តែយើងក៏មិនអង្គុយឱបដៃ(មើល)ប្រជាជនដែលគាត់មានការលំបាកនោះទេ។ រដ្ឋសុខចិត្តបានពន្ធតិច មិនយកពន្ធ អនុគ្រោះពន្ធ បានន័យថាលុយពន្ធអត់ចូលមកទេ ទុកនៅក្នុងហោប៉ាវប្រជាពលរដ្ឋនៅក្នុងពេលលំបាក។ យើងនឹងបន្តពិនិត្យវាយតម្លៃជាប្រចាំថា តើការអនុគ្រោះនេះត្រូវបន្តឬយ៉ាងណា? កន្លែងខ្លះ យើងឲ្យម្តងមួយឆ្នាំ កន្លែងខ្លះ ២ឆ្នាំ។ បើស្ថានភាពមិនទាន់ល្អ យើងនឹងបន្តអនុគ្រោះ។ បានន័យថា ទុកលុយឲ្យប្រជាពលរដ្ឋ ទុកលុយឲ្យវិស័យឯកជន សហគ្រាសដើម្បីបង្កសកម្មភាពសេដ្ឋកិច្ចតទៅទៀត។ នេះគឺជាការឧបត្ថម្ភរបស់រដ្ឋ។ ក្រៅពីនោះ ក្នុងអាណត្តិទី ៧ រាជរដ្ឋាភិបាលបានកំណត់ចេញនូវអាទិភាពចំនួន ៣ផងដែរក្នុងវិស័យកសិកម្ម។
[ចប់សេចក្តីអធិប្បាយ ២]
ទី១) ការលើក ស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន, ទី២) ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាម ឃុំ-សង្កាត់។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]
យើង(ទទួលមន្ត្រីកសិកម្ម តាមរយៈការ)ប្រឡង ២៥០នាក់។ តាមគ្រោង យើងនឹងរើសតែ ៨០០នាក់ទេ សំរាប់ឆ្នាំក្រោយ។ ខ្ញុំថាយក ១០០០ នាក់តែម្តងទៅ ដើម្បីពន្លឿនការពង្រាយមន្រ្តីកសិកម្មទៅជួយកសិករនៅតាមឃុំ។ ដាក់ឲ្យបានច្រើនដើម្បីជួយ ព្រោះកសិករត្រូវការការជួយបច្ចេកទេស។ អញ្ចឹង (៥) ការជួយពង្រឹងកសិកម្មរៀបចំជាស្តង់ដារ និងបង្កើនប្រសិទ្ធភាពនេះ គឺជាកិច្ចការសំខាន់ ដោយ ទី១ កាត់តម្លៃដើមក្នុងការផលិត តែទី២ បង្កើនផលិតភាព productivity ដើម្បីដីមួយហិកតាដូចគ្នា ប៉ុន្តែផលិតបានច្រើនជាងមុន និងមានចំណូលបានច្រើនជាងមុន។ នេះជាអ្វី? ដីអត់រីកទេ។ អ្វីដែលសំខាន់គឺធ្វើឲ្យចំណូលប្រជាពលរដ្ឋរីកកាត់ដោយបន្ថយតម្លៃដើម ហើយធ្វើយ៉ាងណាជួយរក្សាចំណូលនៅសល់ឲ្យបានច្រើន និងប្រាក់ចំណេញ។ នេះហើយជាអ្វីដែលទាំងក្រសួងពាណិជ្ជកម្មខំរកទីផ្សារនៅខាងក្រៅ ទាំងក្រសួងកសិកម្មដែលខំគិតគូរយ៉ាងណាដើម្បីបង្កើនលទ្ធភាពជូនប្រជាជន …។
[ចប់សេចក្តីអធិប្បាយ ៣]
ទី៣) ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៤]
ខ្ញុំបានឃើញវិធីសាស្រ្តថ្មីក្នុងការចងក្រង ហើយឃើញក្រសួងកសិកម្ម ឯកឧត្តម ខេង សូហ្វីណេ ចុះសាកល្បងផ្សព្វផ្សាយច្រើន។ ថ្ងៃណាមួយខ្ញុំនឹងទៅមើល។ របៀបធ្វើផ្ទះសំណាញ់ របៀបធ្វើម៉េចដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផលជូនប្រជាពលរដ្ឋយើងបានធ្វើ។
[ចប់សេចក្តីអធិប្បាយ ៤]
កម្មវិធីគោលនយោបាយទាំងបីនេះ បាន និង កំពុងអនុវត្តយ៉ាងសកម្ម ដែលក្នុងនោះ យើងមានកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ របស់រាជរដ្ឋាភិបាលសម្រាប់រក្សាលំនឹងតម្លៃស្រូវ ដែលពីឆ្នាំទៅពេលជួបវិស័យឯកជននោះ ខ្ញុំបានដាក់ចេញនូវកញ្ចប់ថវិកានេះ។
តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម, ចាប់តាំងពីខែ មីនា ឆ្នាំ ២០២៤ យើងបានចាប់ផ្តើមអនុវត្តកម្មវិធីនេះ លើទំហំទឹកប្រាក់ចំនួន ៤០ លានដុល្លារ ដែលសម្រេចគោលការណ៍បាន ២៨ លានដុល្លារ និង គ្រោងបន្ថែមហិរញ្ញប្បទាន សម្រាប់រដូវប្រមូលផលស្រូវវស្សា នាពេលដ៏ខ្លីខាងមុខ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៥]
សំរាប់ (៦) ការអភិវឌ្ឍកសិកម្មទំនើប យើងរៀបចំបាន៨ គ្របដណ្តប់លើផ្ទៃដីជិត ២០០០ហិកតានៅក្នុងដំណាក់កាលដំបូង។ សូមបន្តធ្វើឲ្យរីកបន្តទៀត។ វិនិយោគថ្លៃ ប៉ុន្តែបានផលរយៈពេលវែងល្អប្រសើរ។ តែត្រូវការការជួយពីក្រសួង(កសិកម្ម)ជាប្រចាំ។ ក្រៅពីនោះ យើងក៏បានជំរុញការអភិវឌ្ឍផ្សេងៗ ប្រព័ន្ធធារាសាស្រ្ត។ ឥឡូវនៅមានទំនប់ប្រឡាយជាច្រើន។ ខែ១១ នេះ ខ្ញុំទៅសម្ពោធទំនប់មួយនៅមណ្ឌលគិរីដែលអាចស្តុកទឹកបាន ១លាន ២សែនគូបជូនប្រជាពលរដ្ឋ។ ថ្ងៃមុននៅកំពង់គោ កន្លែងហ្នឹងធ្វើទំនប់មួយធំ ដោយសារទឹកស្ទឹងសែនពេលខែប្រាំងទៅអស់ ខែវស្សាហូរហៀរ។ ខែប្រាំងប្រជាពលរដ្ឋត្រូវរំពឹងថាតើទឹកមក(ដូចម្តេច?)។ ឆ្នាំនេះ ធ្វើស្រូវរៀងចុងដៃបន្តិច ដោយសារនៅចាំទឹកមក។ នៅពេលដែលយើងធ្វើប្រព័ន្ធធារាសា្រស្តបែបនេះគឺយើងធានាការទស្សន៍ទាយបានថា ទឹកអាចធានាបាន ហើយធ្វើតាមរដូវបាន បង្កើននូវប្រសិទ្ធផលរបស់ប្រជាពលរដ្ឋ។ យើងធ្វើប្រព័ន្ធធារាសាស្រ្តច្រើនទៀត និងប្រព័ន្ធទំនប់ដើម្បីជួយដល់កសិករ ជួយដល់សេដ្ឋកិច្ចហើយអម្បាញ់មិញ ឧកញ៉ាក៏បានលើកអំពីព្រែកជីហ្វូណន។
(៧) ព្រែកជីកហ្វូណនជាគម្រោងធារាសាស្រ្តផង និងប្រព័ន្ធភស្តុភាកម្មផង បំរើអោយការនាំចេញទៅក្រៅប្រទេសនិងនៅក្នុងស្រុក។ យកផលិតផលកសិកម្មជាស្វាយចន្ទីពីក្រចេះមកលក់នៅតាកែវក៏ដោយ បើសិនជាដឹកជញ្ជូនថ្លៃ ក៏លក់ថ្លៃដែរ។ យើងបង្កើនសមត្ថភាពកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើន និងធានានូវការដឹកជញ្ជូនផលិតផល រួមទាំងផលិតផលកសិកម្មទៅក្រៅប្រទេស។ បានន័យថា តម្លៃដឹកជញ្ជូនថោក ដែលអាចឱ្យយើងអាចបង្កើនតម្លៃទិញឱ្យប្រជាពលរដ្ឋ ហើយនៅតែធានាភាពប្រកួតប្រជែងនិងផលិតផលរបស់យើងនៅក្រៅប្រទេស។ ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រដល់គម្រោងព្រែកជីកហ្វូណនមួយនេះ ដើម្បីជាផលប្រយោជន៍ជាតិ ក្នុងនោះវិស័យកសិកម្ម និងភស្តុភាកម្ម គឺជាអ្នកបានផលច្រើនជាងគេ …។
[ចប់សេចក្តីអធិប្បាយ ៥]
ការជំរុញការអភិវឌ្ឍវិស័យកសិកម្ម គឺជាការងារដែលមានភាពប្រទាក់ក្រឡា, ទាមទារឱ្យមានកិច្ចសហការពីភាគីពាក់ព័ន្ធជាច្រើន ហើយមានភាពចាំបាច់ ដែលយើងត្រូវជំរុញយន្តការការងារ តាមរយៈ អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ឬ Dynamics of Stakeholder System។ ជាក់ស្តែង, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងធនធានទឹក និង ឧតុនិយម ដោះស្រាយលើបញ្ហា ដែលពាក់ព័ន្ធ នឹងជីវភាពទូទៅរបស់ប្រជាកសិករ, ការជំរុញការដាំដុះ និង អភិវឌ្ឍនេះបានល្អ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៦]
ខ្ញុំសូមយកឱកាសនេះ អរគុណទៅដល់ (៨) ក្រសួងពាក់ព័ន្ធ(ដល់ការប្រឹងប្រែងអភិវឌ្ឍវិស័យកសិកម្ម)។ បើយើងនិយាយពាក់ព័ន្ធផ្ទាល់មានកសិកម្ម មានធនធានទឹក អភិវឌ្ឍន៍ជនបទ។ ឥឡូវមានដែនដីនគរូបនីយ៍កម្មមួយទៀត ដែលយើងដាក់បញ្ចូលក្នុងការរៀបចំភូមិទំនើបភូមិល្អ ដល់ប្រជាពលរដ្ឋ … តែត្រូវរៀបចំបណ្តាភូមិលំនៅឋានឲ្យបានសមរម្យមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានសាលារៀន មានអីឲ្យបានល្អនៅតាមបណ្តាជនបទ … មានពាក្យមួយថាបុរីជនបទ។ មិនចាំបាច់តែបុរីក្នុងក្រុងទេ។ បុរីក៏មិនចាំបាច់សំដៅថាទាល់តែមានផ្ទះថ្មនោះទេ។ ឲ្យតែការរៀបចំបានល្អ រៀបចំមាននូវការផ្គត់ផ្គង់សេវាចាំបាច់ ទឹកស្អាត ប្រព័ន្ធភ្លើងល្អ។ ធ្វើបណ្តើរៗ យើងធ្វើជាមួយគ្នា។ ខ្ញុំសូមអរគុណ(និងសំដែងសេចក្តីរីករាយដែលបាន)ឃើញសហការគ្នាបានល្អ។ នេះជាមោទនភាព ព្រោះផែនការរបស់យើង ថវិការបស់យើងមិនច្រើនទេ តែវិស័យនីមួយៗ ផ្គុំគ្នាបន្តិចៗ ក៏បានច្រើន។ បើប្រើច្រើនហើយមានផែនការមេ ដាក់ទិសដៅរួម កន្លែងណាអ្នកណាដឹកនាំ ហើយប៉ុន្មានទៀតអ្នកណាគាំទ្រគឺល្អ កុំឲ្យធ្វើមេទាំងអស់គ្នា។ តែមេទាំងអស់គ្នាពិបាកហើយ។
(៩) បើចង់ជំរុញកសិកម្មនៅកន្លែងនេះ តែប្រឡាយទឹកគាត់យកទៅដាក់កន្លែងនោះ ផ្លូវដើម្បីតភ្ជាប់សម្រួលការដឹកជញ្ជូនអត់ដាក់នៅហ្នឹងទេ ធ្វើនៅឯណានោះ គឺយើងអត់ស៊ីចង្វាក់គ្នាទេ។ ទឹកភ្លើងទៅជាមួយគ្នា។ ខ្ញុំសូមធ្វើការកោតសរសើរកិច្ចសហការនេះ ដែលមកដល់ជាងមួយឆ្នាំនេះ គឺឃើញបានល្អ ហើយយើងបន្តសហការគ្នាបន្តទៀត។ ត្រូវឲ្យដឹងថាកន្លែងណា អ្នកណាបោះមេ។ ហ្នឹងអត់ខុសពីក្នុងផែនការរួម។ តែមានគ្នាច្រើនហើយ គឺមានអ្នកណាមួយដឹកនាំ អ្នកផ្សេងទៀតធ្វើផែនការបន្ស៊ីជាមួយគ្នា។ ក្នុងមួយឆ្នាំនេះ យើង(ខាងកសិកម្មផលិត)បានល្អ ហើយខាងពាណិជ្ជកម្មដើរលក់។ ម្ខាងផលិត ម្ខាងលក់។ ទាល់តែនិយាយគ្នាផង កុំទៅលក់ៗ របស់នេះ អ្នកផលិតៗ របស់នោះ។ ដល់អញ្ចឹង ឲ្យគេអត់គ្រប់។ គេលែងជឿហើយ។ នេះគឺជាកត្តាសត្យានុម័ត ហើយជាកត្តាចាំបាច់ដែលយើងត្រូវធ្វើ។ យើងបានធ្វើស្ថានភាពនេះរយៈពេលជាមួយឆ្នាំ ដែលយើងមានលទ្ធផលល្អ។ ជាពិសេសយើងបើកទីផ្សារថ្មីនៅក្នុងកសិផលរបស់យើង។
[ចប់សេចក្តីអធិប្បាយ ៦]
ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យស្រូវអង្ករនេះ និង បានផ្តល់ការលើកទឹកចិត្តគ្រប់ប្រភេទ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និង ការនាំចេញអង្ករ, ហើយទន្ទឹមនេះ, ការនាំ-ចូលបរិក្ខារកសិកម្ម និង គ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែង ដោយពន្ធ និង អាករជាបន្ទុករបស់រដ្ឋ ។ រដ្ឋនៅតែបន្តយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើម ដូចជា ការកាត់បន្ថយថ្លៃអគ្គិសនី សម្រាប់វិស័យកសិកម្ម, រោងម៉ាស៊ីនកិនស្រូវ ដែលកិនកែច្នៃបម្រើការនាំចេញ និង សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ ។ គោលនយោបាយទាំងនេះ បានជំរុញឱ្យវិស័យឯកជន, ជាពិសេស រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពធ្វើទំនើបកម្ម ដោយបំពាក់នូវបច្ចេកវិទ្យាកិនស្រូវទំនើបចុងក្រោយ ដូចបណ្តាប្រទេសជឿនលឿននានា នៅលើពិភពលោក ។ ក្នុងពេលបច្ចុប្បន្ននេះ, យើងមានរោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យមនិងធំ ចំនួន ៨០ រោងម៉ាស៊ីន ដែលមានស្តង់ដារ អាចឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិលើផ្នែកសុវត្ថិភាពចំណីអាហារ និង មានលទ្ធភាពសម្ងួតស្រូវចំនួន ៥០ ពាន់តោន ស្រូវ សើមក្នុងមួយថ្ងៃ ព្រមទាំងមានលទ្ធភាពកិន និង ផ្គត់ផ្គង់អង្ករនាំចេញបានចំនួន ៣ លានតោន ក្នុងមួយឆ្នាំ ។
ទាំងនេះ សុទ្ធសឹងតែជាលទ្ធផលនៃចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល សំដៅធានាភាពធន់ និង និរន្តរភាពរបស់វិស័យនេះ ។ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល, យើងក៏មានការចូលរួមពីទីភ្នាក់ងារអភិវឌ្ឍរបស់ប្រទេសនានា ជាក់ស្តែង ដូចជា កម្មវិធីភាពជាដៃគូកម្ពុជា–អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), កម្មវិធីអភិវឌ្ឍ Feed The Future-Harvest III របស់ទីភ្នាក់ងារអភិវឌ្ឍអាមេរិក និង កម្មវិធីជាមួយនឹងប្រទេសដៃគូផ្សេងៗទៀត ដែលសុទ្ធតែជាការរួមចំណែកដ៏មានសារៈសំខាន់ ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្អែកលើគោលនយោបាយ និង យុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។ ខ្ញុំសូមឆ្លៀតឱកាសនេះ, ថ្លែងអំណរគុណដល់ប្រទេសដៃគូ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ និង សូមលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនទៀត ពីបណ្តាប្រទេសជាមិត្ត ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។
ក្នុងរបាយការណ៍, ខ្ញុំក៏កត់សម្គាល់ឃើញថា យើងនៅនាំចេញស្រូវ ក្នុងបរិមាណដល់ទៅ ៤ លានតោន ។
ជាការពិត, យើងមានទិន្នផលច្រើន, ប៉ុន្តែ យើងក៏មិនអាចគិតគូរតែទៅលើការដាំដុះ និង លក់វត្ថុធាតុដើមតែមួយមុខនោះដែរ ។ យើងត្រូវខិតខំជំរុញឱ្យមានការកែច្នៃវត្ថុធាតុដើមទាំងនេះ ឱ្យទៅជាផលិតផលឧស្សាហកម្ម ដែលមានគុណវុឌ្ឍិ និង អាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារផ្សេងទៀត ។
កម្ពុជាមានទីផ្សារជាច្រើន ដែលយើងអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូលនោះឡើយ ហើយច្បាប់វិនិយោគថ្មីរបស់យើង ក៏បានផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យឯកជនក្នុងការកែច្នៃ សម្រាប់នាំចេញ, ជាពិសេស ការកែច្នៃដែលប្រើប្រាស់ប្រភពធនធានវត្ថុធាតុដើមក្នុងស្រុក ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៧]
ព្រឹកមិញ ខ្ញុំក៏បានទទួល (១០) ជួបជាមួយលោកប្រធានក្រុមហ៊ុន Heneken ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមក(ចូលរួម)ខួប ៣០ឆ្នាំនៃដំណើរការក្រុមហ៊ុន Heneken នៅកម្ពុជា។ គាត់ប្រាប់ខ្ញុំថា គាត់អត់យកស្រូវសាលីពីក្រៅមកទាំងអស់ទេ។ មួយផ្នែកគាត់យកពីក្រៅ មួយផ្នែកគាត់យកអង្ករក្នុងស្រុកខ្មែរធ្វើ។ នេះគឺជាការចូលរួមចំណែកក្នុងការបង្កើតទីផ្សារនៅហ្នឹងកន្លែង។ មិនចាំបាច់(គិតតែពីការ)នាំចេញ។ ការច្នៃប្រឌិតបែបនេះធានាបាននូវតម្លៃបន្ថែមក្នុងស្រុក ជាជាងនាំចេញតែផលិតផលដើមទៅខាងក្រៅ។
[ចប់សេចក្តីអធិប្បាយ ៧]
នៅពេលដែលវិស័យឯកជនមានលទ្ធភាពធានាគុណភាពត្រឹមត្រូវ ហើយអាចជ្រៀតចូលទៅដល់ទីផ្សារនៅបស្ចិមប្រទេស, ខ្ញុំជឿជាក់ថា ពុំមានទីផ្សារណាដែលយើងចូលពុំចុះនោះទេ ដរាបណាយើងទទួលបាននូវការផ្តល់តម្លៃសមរម្យ ដល់ផលិតផលរបស់យើង ។
ដូច្នេះ, ទន្ទឹមនឹងការអំពាវនាវឱ្យវិនិយោគិន បន្តខិតខំជំរុញការវិនិយោគលើការកែច្នៃ, ខ្ញុំក៏សូមអំពាវនាវឱ្យមានការខិតខំជ្រៀតចូលទីផ្សារដទៃទៀត, ជាពិសេស ទីផ្សារដែលអាចផ្តល់តម្លៃបន្ថែមខ្ពស់ តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម និង ការជ្រៀតចូលទីផ្សារហាឡាល ជាដើម ។
ខ្ញុំក៏សូមអំពាវនាវឱ្យវិស័យឯកជន និង តួអង្គពាក់ព័ន្ធ ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បន្តរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និង ស្ថិរភាព ផ្គត់ផ្គង់, និង ខិតខំជួយការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃនៃស្រូវអង្កររបស់កម្ពុជា, ពីព្រោះ នេះ គឺជាការការពារផលប្រយោជន៍រួមរបស់យើង ។ យើងទាំងអស់គ្នា ពិតជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ ហើយប្រើពេលយូរណាស់ នៅក្នុងកសាង កេរ្តិ៍ឈ្មោះ ទម្រាំទទួលបានការទទួលស្គាល់ និង ទំនុកចិត្តដូចពេលបច្ចុប្បន្ននេះ, ដូច្នេះ យើងត្រូវរួមគ្នារក្សាកេរ្តិ៍ឈ្មោះនេះ កុំឱ្យបាត់បង់ដើម្បីផលប្រយោជន៍យូរអង្វែងរបស់វិស័យកសិកម្មរបស់យើង ។]
មុននឹងបញ្ចប់, ខ្ញុំសូមកោតសរសើរសាជាថ្មី ដល់គ្រប់តួអង្គពាក់ព័ន្ធ, ជាពិសេស សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំវិស័យឯកជនផ្នែកស្រូវអង្ករ សម្រេចបានលទ្ធផលគួរជាទីមោទនៈ ក៏ដូចជា ការរៀបចំប្រកបដោយជោគជ័យនូវ វេទិកាស្រូវ អង្ករកម្ពុជាលើកទី ៧ នេះ ។ ខ្ញុំក៏សូមកោតសរសើរដល់ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូសហប្រតិបត្តិការ និង ស្ថាប័នទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិនានា ដែលបានជួយគាំទ្រ ដល់វិស័យកសិកម្មកម្ពុជា, ជាពិសេស វិស័យស្រូវអង្ករ ឱ្យមានការអភិវឌ្ឍ និង រីកចម្រើនឡើងជាលំដាប់ ។
ខ្ញុំក៏សូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុក ដាក់បន្ថែមទៀត ក្នុងការជួយដល់កសិករ, ជាពិសេស នារដូវប្រមូលផលស្រូវវស្សា នាពេលខាងមុខ ដែលជារដូវប្រមូលផលធំរបស់កម្ពុជា ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី សូមប្រកបដោយសុខភាពល្អបរិបូណ៌, សម្រេចបានជោគជ័យក្នុងការងាររៀងៗខ្លួន និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។ ខ្ញុំសូមប្រកាសបិទ វេទិកាស្រូវអង្ករកម្ពុជា លើកទី ៧ ចាប់ពីពេលនេះតទៅ ។ សូមអរគុណ៕