- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រាជរដ្ឋាភិបាល,
- ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា
- គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គពិធីទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុង “ពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” ដែលជាព្រឹត្តិការណ៍ប្រកបដោយមោទនភាព ទាំងសម្រាប់ប្រជាជាតិខ្មែរ និងសហគមន៍អន្តរជាតិទំាងមូល។ ពិធីនេះជាសក្ខីភាពនៃការទទួលស្គាល់គុណតម្លៃដ៏ល្អឯកនៃអត្តសញ្ញាណកេរដំណែលវប្បធម៌ និងប្រវតិ្តសាស្ត្រ ដែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយ ក៏ដូចជាសម្រាប់មនុស្សជាតិគ្រប់រូបនៅលើសកលលោក។ ខ្ញុំពិតជាមានក្តីរំភើប ជាពិសេស ដោយសារថ្ងៃនេះ ក៏ជាថ្ងៃគម្រប់ខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។
វត្ថុបុរាណដែលយើងទទួលបានមកវិញនាពេលនេះ ជាមរតកវប្បធម៌ជាតិ ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ។ ការទទួល បានវត្ថុបុរាណទំាងនេះ ក៏ជានិមិត្តរូបនៃការជួបជុំគ្នាឡើងវិញ នៃព្រលឹងបុព្វបុរសខ្មែរ ដែលតែងស្ថិតនៅជាប់ជាមួយប្រជាជាតិ និងប្រជាជនកម្ពុជាគ្រប់កាលវេលា។ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា គឺជាមង្គលរបស់ជាតិ ដែលជួយប្រោះព្រំ និងព្យាបាលស្នាមរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានរងគ្រោះឈឺចាប់ នៅក្នុងអំឡុងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និងសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម នាពេលកន្លងមក។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) រូបបដិមាចេញពីស្រុកខ្មែរ ដោយសារពីមុនយើងបែកបាក់, ខួបមួយឆ្នាំនៃរាជរដ្ឋាភិបាល រក្សាបានសន្តិភាព ស្ថិរភាព និងសេចក្ដីសុខជូនប្រជាពលរដ្ឋ ទទួលព្រលឹងបុព្វបុរសត្រឡប់មកជួបជុំវិញ
អង្គុយអម្បាញ់មិញនេះ តាំងពីចូលមកដល់ ក៏ដូចជាឃើញនូវរបាំថ្វាយព្រះពរ ដែលរៀបចំបានល្អក្នុងថ្ងៃនេះ ធ្វើឲ្យខ្ញុំមានសេចក្ដីរំភើប។ ខ្ញុំគិតថា ឯកឧត្ដម លោកជំទាវ ក្នុងនាមជាខ្មែរ កូនខ្មែរថ្ងៃនេះ ក៏ប្រហែលជា(រំភើប)ដូចគ្នា។ អង្គុយស្រមៃមើល តើរូបបដិមាទាំងនេះ ហេតុអីបានជាចេញពីស្រុកខ្មែរ? ដោយសារយើងបែកបាក់។ បើសិនជាយើងសុខសន្តិភាព ចោរមិនអាចលួចទៅបានរូបប៉ុណ្ណេះៗទេ ប៉ុន្តែ និមិត្តរូបនៃការជួបជុំគ្នានេះហើយ។ ហើយអ្វីដែលខួបមួយឆ្នាំរបស់រាជរដ្ឋាភិបាល ដែលយើងអាចរក្សាបាននូវស្ថិរភាព នូវសន្តិភាព និងសេចក្ដីសុខជូនប្រជាពលរដ្ឋ។ នៅថ្ងៃនេះ យើងអាចប្រារព្ធពិធីនេះបាន ដោយទូទាំងប្រទេសមិនមានភ្លើងសង្រ្គាម មិនមានការបែកបាក់ សូម្បីតែបែកបាក់ការកាប់ចាក់នៅតាមមូលដ្ឋាន បែកបាក់ចិត្តគំនិត ដែលយើងរួមគ្នាទទួលនូវព្រលឹងបុព្វបុរសយើង ដោយស្មារតីសាមគ្គីភាព ក្រោមម្លប់សន្តិភាព នេះគឺជាមោទនភាពណាស់ ហើយខ្ញុំសូមអរគុណ។
[ចប់សេចក្ដីអធិប្បាយ១]
សមិទ្ធផលថ្ងៃនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិ នៅក្នុងយុទ្ធនាការសកល ដើម្បីប្រយុទ្ធប្រឆាំងអំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនៅក្នុងយុទ្ធនាការនេះ បានបំពេញការងារយ៉ាងយកចិត្តទុកដាក់បំផុតមួយជំហានម្តងៗ នៅក្នុងការស្រាវជ្រាវ ការប្រមូលភស្តុតាង ការសម្របសម្រួល ការចរចា និងកិច្ចសហការជាមួយប្រទេសនានា ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនទៀត ក្នុងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវរតនសម្បត្តិដែលបានបាត់បង់ដើម្បីទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិ សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ត និងគុណតម្លៃនៃវប្បធម៌ អារ្យធម៌ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្លួន និងដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទូទៅផង។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
កិច្ចការការពារ អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងត្រូវបានចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់ច្បាស់ក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជាឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ តាមរយៈការដាក់បញ្ចូលសម្បត្តិវប្បធម៌កម្ពុជាមួយចំនួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារ ការទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និងទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ បានស្តែងចេញតាមរយៈការអនុវត្តច្បាប់ ទាំងច្បាប់ជាតិ អន្តរជាតិ អនុសញ្ញាអង្គការយូណេស្កូដែលកម្ពុជាបានធ្វើសច្ចាប័ន និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសមួយចំនួន ក៏ដូចជា តាមរយៈកិច្ចសហការជាមួយបណ្ដាប្រទេសនានា រួមទាំងអ្នកជំនាញជាតិ អន្តរជាតិជាច្រើននាក់ទៀត ដែលបានជួយជ្រោមជ្រែងលើកិច្ចការនេះ។ លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានអនុញ្ញាតឱ្យកម្ពុជាអាចនាំយកមកមាតុប្រទេសវិញជាបន្តបន្ទាប់នូវសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលបានបាត់បង់កន្លងមក តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងការប្ដឹងផ្តល់គ្នាតាមផ្លូវតុលាការ ។ល។ បច្ចុប្បន្ន កម្ពុជាកំពុងធ្វើការស្រាវជ្រាវជាបន្ត ពីព្រោះគ្មានវិនាទីណាមួយដែលកូនខ្មែរអាចបំភ្លេចនូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនបានឡើយ។
គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែរសរុបចំនួន ១០៩៨វត្ថុ ក្នុងនោះ ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង ៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា បានប្រគល់ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន ១៥ ដូចជា៖ សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូនេស៊ី ហូឡង់ ស្វីស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី ណ័រវេស និងចិន។
ថ្ងៃនេះ យើងកំពុងប្រារព្ធពិធីទទួលស្វាគមន៍នៃការវិលត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិសរុបចំនួន ៧០រូប ក្នុងនោះ មានវត្ថុចំនួន ១៤រូប ដែលបានប្រគល់មកវិញពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និង ៥៦រូប ទៀត បានប្រគល់មកវិញពីអ្នកប្រមូលសមុច្ច័យឯកជននានា នៅសហរដ្ឋអាមេរិក ដែលសុទ្ធសឹងតែជាវត្ថុបុរាណខ្មែរដ៏ពិចិត្រ ដូចបានដាក់តាំងបង្ហាញនៅទីនេះស្រាប់។ ការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរដ៏ច្រើននេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមកិច្ចសហការ និងការជួយជ្រោមជ្រែងទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេស តាមរយៈរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ។
ជាមួយគ្នានេះដែរ ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏កំពុងរៀបចំនីតិវិធីចាត់ចែងដឹកជញ្ជូនវត្ថុសិល្បៈខ្មែរចំនួន ៧៦រូប បន្ថែមទៀត មកពីចក្រភពអង់គ្លេស ដែលបានប្រគល់មកវិញពីគ្រួសារលោក Douglas Latchford អនុលោមតាមកិច្ចព្រមព្រៀង នាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក Douglas Latchford ដោយតម្រូវឱ្យប្រគល់ជូនមកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរទាំងអស់ដែលបានកាន់កាប់រក្សាទុក។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ដើម្បីជានិមិត្តរូបនៃការជួបជុំឡើងវិញនូវព្រលឹងដូនតានៅក្នុងថ្ងៃដ៏មង្គលនេះ ព្រះសិរ នៃបដិមា ព្រះលោកេសូរ ដែលបានប្រគល់មកវិញ ត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គ ដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំដោយសារសង្រ្គាម អំពើចោរកម្ម និងការជួញដូរខុសច្បាប់។
បដិមា ព្រះលោកេសូរ នេះ សាងពីសំរឹទ្ធ ក្នុងសម័យអង្គរ នាសតវត្សរ៍ទី១០ នៃគ្រិស្តសករាជ ដែលដងខ្លួនព្រះអង្គ ត្រូវបានអ្នកនេសាទម្នាក់ប្រទះឃើញនៅក្នុងស្ទឹងច្រាប ក្នុងភូមិអន្លង់កប់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងបានយកមករក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ នៅឆ្នាំ១៩៣៥។ រីឯ ព្រះសិរ ត្រូវបានគេប្រទះឃើញដាក់តាំងលក់នៅទីក្រុងឡុងដ៍ នៅឆ្នាំ១៩៩៨ ហើយអ្នកប្រមូលសមុច្ច័យឯកជនម្នាក់បានទិញ និងធ្វើអំណោយជូនទៅសារមន្ទីរ Metropolitan Museum of Art។
បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ ដោយមានកិច្ចសហការជាមួយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សារមន្ទីរ Metropolitan Museum of Art បានសម្រេចប្រគល់ ព្រះសិរ របស់បដិមា ព្រះលោកេសូរ ជូនមកកម្ពុជាវិញ ជាមួយនឹងវត្ថុបុរាណខ្មែរចំនួន ១៣រូប ទៀត ដែលបានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
នៅពេលនិយាយដល់ការជួបជុំឡើងវិញនៃព្រលឹងដូនតា ខ្ញុំសូមរំឭកបន្តិចអំពីប្រវត្តិនៃបដិមាទេពចំនួន ៩អង្គ ដែលត្រូវបានគេលួចយកចេញដោយខុសច្បាប់ពីប្រាសាទចិន ស្ថិតក្នុងក្រុមប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០ នៃគ្រិស្តសករាជ។ ដំណើររឿងនេះ គឺចាប់ផ្តើមតាំងពីជាងមួយពាន់ឆ្នាំមុនម៉្លេះ នៅពេលដែល ព្រះបាទជ័យវរ្ម័នទី៤ បានដឹកនាំកសាងរាជធានីនៅកោះកេរ ហើយបានឱ្យគេឆ្លាក់រូបបដិមាទោលចំនួន ៩ អង្គ ដ៏រស់រវើក និងស្កឹមស្កៃ ដែលពិពណ៌នាអំពីឈុតឆាកប្រយុទ្ធដ៏ល្បីល្បាញមួយរវាងវង្សក្សត្រ បាណ្ឌព និង កៅរព ក្នុងវីរកថា មហាភារត។ តំបន់ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ នៅក្នុងទសវត្សរ៍ឆ្នាំ៧០ រហូតដល់ ៩០ នៅពេលដែលកម្ពុជាកំពុងមានសង្គ្រាមស៊ីវិល និងអសន្តិសុខ។
ការស្វែងរក និងការវិលត្រឡប់មកវិញនៃទេពរបស់វង្សក្សត្រទាំងពីរ បានប្រព្រឹត្តទៅអស់ជាង ១០ ឆ្នាំមកហើយ តាំងពីជំនាន់ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី ដែលបានដឹកនាំការងារនេះ ដោយស្វិតស្វាញបំផុត ហើយទទួលបានរូបបដិមាចំនួន ៥ រូប មកកម្ពុជាវិញនាឆ្នាំ២០១៣ និងឆ្នាំ២០១៤។ តាមរយៈការងារជាបន្តរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកដល់ពេលបច្ចុប្បន្ននេះ យើងបានទទួលមកវិញនូវបដិមាទេពចំនួន ៨ អង្គ ដោយក្នុងនោះបដិមា ២ អង្គ កំពុងស្ថិតនៅចំពោះមុខអង្គពិធីនាពេលនេះ។ ព្រះបដិមាអង្គចុងក្រោយដែលគេស្គាល់ថា ព្រះក្រឹស្ណៈ ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងបន្តយុទ្ធនាការស្វែងរក ដើម្បីបង្រ្គប់ឈុតឆាកដ៏អស្ចារ្យមួយនេះឡើងវិញ ដែលក៏នឹងក្លាយជានិមិត្តរូបដ៏មានតម្លៃនៃការជួបជុំ។
ការចរាចរ និងជួញដូរវត្ថុបុរាណ ជាបញ្ហាសកល ដែលកើតមានឡើងនៅតាមប្រទេសជាច្រើននៅទូទាំងសកលលោក ហើយដែលភាគច្រើនត្រូវបានប្រព្រឹត្តឡើងដោយមានលក្ខណៈជាប្រព័ន្ធ និងមានទ្រង់ទ្រាយធំប្រទាក់ក្រឡាដ៏ស្មុគស្មាញ តាមរូបភាពផ្ទេរក្លែងបន្លំប្រវត្តិ និងប្រភពដើមនៃសម្បត្តិវប្បធម៌ ដើម្បីលួចនាំចេញដោយខុសច្បាប់ឆ្លងកាត់ព្រំដែន។ ការប្រឆាំងទប់ស្កាត់ អាចមានប្រសិទ្ធភាពទៅបាន លុះត្រាតែប្រទេសទាំងអស់ចាត់វិធានការរួមគ្នា ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ កិច្ចសហការរវាងប្រទេស និងប្រទេស ក៏ដូចជាក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិនានា ដែលនាំមុខដោយអង្គការយូណេស្កូ ជាមួយសហគមន៍នានា ឬឯកជនក្តី លើកិច្ចគាំពារថែរក្សាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ ជាគំរូដ៏មានតម្លៃ និងមានសារៈសំខាន់បំផុត ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលកំពុងតែកើតមាននូវការផ្លាស់ប្តូរជាវិជ្ជមាននៃសាធារណមតិ ក៏ដូចជានិន្នាការនៃសីលធម៌ និងគុណធម៌សកលលោក ដែលយល់ឃើញកាន់តែច្រើនឡើងៗថា មរតកបេតិកភណ្ឌនៃប្រទេសមួយគួរតែបានវិលត្រឡប់ទៅកាន់ប្រទេសដែលជាមាតុភូមិកំណើតនោះវិញ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ថ្ងៃនេះ ខ្ញុំសូមគូសរំលេចពីអត្ថន័យដ៏សំខាន់ ២ នៃការវិលត្រឡប់ នៃបេតិកភណ្ឌទាំងនេះ មកមាតុភូមិកំណើតរបស់ខ្លួន នោះគឺ សន្តិភាព និងទំនុកចិត្តលើសមត្ថភាពស្ថាប័ន។ សន្តិភាព គឺពិតជាមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការនូវសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសន្តិភាព និងឯកភាពជាតិរបស់កម្ពុជា ជាពិសេស បន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់នៃ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ មានសុវត្ថិភាព សម្រាប់ការវិលត្រឡប់នៃអាទិទេព ដែលជានិមិត្តរូប នៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ។ បើគ្មានសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា ក៏ពុំមានឱកាសបានគិតគូរប្រមូលផ្តុំធនធាន ដើម្បីប្រយុទ្ធទាមទារបេតិកភណ្ឌទាំងនេះត្រឡប់មកវិញ។ បើគ្មានសន្តិភាព មិត្តបរទេសយើងក៏មិនសហការជួយជ្រោមជ្រែងទំនុកបម្រុងឱ្យបេតិកភណ្ឌទាំងនេះ ត្រឡប់មកស្រុកកំណើតវិញដែរ ពីព្រោះមិត្តរបស់យើងក៏មានកាតព្វកិច្ចជួយការពារបេតិកភណ្ឌ ហើយពួកគេពិតជាមិនអាចបញ្ជូនបេតិកភណ្ឌ ដែលមានតម្លៃមហាសាល ទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម អសន្តិសុខ និងចលាចលនោះទេ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(២) រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តថែរក្សាឲ្យបាននូវសន្តិភាព ទោះក្នុងក្នុងតម្លៃណាក៏ដោយ
សន្តិភាពងាយណាស់ក្នុងការបាត់ តែពិបាកក្នុងការរកមកវិញ ហើយបើរកមកបាន ក៏ត្រូវការពេលវេលា និងការលះបង់ ការបែកបាក់ច្រើនណាស់។ ហេតដូច្នេះហើយ រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តហើយ និងបន្តប្ដេជ្ញាចិត្ត ត្រូវតែថែរក្សាឲ្យបាននូវសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។
[ចប់សេចក្ដីអធិប្បាយ២]
អត្ថន័យសំខាន់ទី២ នោះគឺទំនុកចិត្ត និងការទទួលស្គាល់សមត្ថភាពស្ថាប័នរបស់កម្ពុជា នៅក្នុងការប្រយុទ្ធតតាំង ការពារ ក៏ដូចជា សមត្ថភាពថែរក្សាបេតិកភណ្ឌ ឱ្យបានគង់វង្ស ស័ក្តិសមជាប្រទេសកំណើតដើមនៃបេតិកភណ្ឌទាំងនោះ។ ទាល់តែគេជឿទុកចិត្តលើសមត្ថភាពស្ថាប័នរបស់កម្ពុជាទើបមិត្តបរទេស ក៏ដូចជាសហគមន៍អន្តរជាតិ ខិតខំសហការ ជួយបំផុសបំផុលចលនាការពារបេតិកភណ្ឌជាមួយកម្ពុជា ព្រោះគេទុកចិត្តថា កម្ពុជាមានសមត្ថភាពគ្រប់គ្រងថែរក្សា និងមានឆន្ទៈខ្ពស់បំផុត នៅក្នុងការខិតខំផ្សព្វផ្សាយ និងលើកស្ទួយគុណតម្លៃនៃបេតិកភណ្ឌទាំងនោះ ទៅកាន់សហគមន៍អន្តរជាតិ ក្នុងនាមជាប្រជាជាតិម្ចាស់ដើម។
ក្នុងស្មារតីនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ជាពិសេស ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងក្រុមការងារ ដែលបានធ្វើការងារមិនខ្លាចនឿយហត់ ក្នុងនាមជាសេនាធិការនាំមុខ នៅក្នុងកិច្ចការការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ខ្មែរ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជានៅក្រៅប្រទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធដទៃៗទៀត ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កិច្ចការងារដ៏លំបាកស្មុគស្មាញនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន សោម៉ា គ្រុប និង ធនាគារកាណាឌីយ៉ា ដែលបានគាំទ្រផ្តល់ជាថវិកាជួយដល់បេសកម្មដ៏មានសារៈសំខាន់នេះ។
ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលទាំងនេះ។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក មានដូចជា ក្រសួងការបរទេស ក្រសួងសន្តិសុខមាតុភូមិ ក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ សម្របសម្រួល និងគាំទ្រទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស ក្នុងការទប់ស្កាត់ និងការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលថ្មីៗនេះ បានសហការយ៉ាងល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្ការបុរាណខ្មែរ ត្រឡប់មកកម្ពុជាវិញ ហើយវត្ថុចំនួន ៧៦រូបទៀត នឹងត្រូវបានបញ្ជូនមកវិញ នាពេលឆាប់ៗនេះ។ ខ្ញុំក៏សូមអរគុណដល់អ្នកជំនាញច្បាប់អន្តរជាតិ លោក Bradley James Gordon និងលោក Steven Andrew Heimberg ដែលបានខិតខំប្រឹងប្រែងធ្វើការងារនេះអស់រយៈពេលជាច្រើនឆ្នាំ ប្រកបដោយការព្យាយាម អត់ធ្មត់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរ ដែលបានបាត់បង់កន្លងមកឱ្យបានមកកាន់ប្រទេសកំណើតវិញ។
ខ្ញុំក៏សូមវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីបញ្ហានៃការជួញដូរសម្បត្តិវប្បធម៌នៅលើពិភពលោកនាសម័យទំនើបនេះ ដើម្បីបំផុសការចូលរួមក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។
មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាដែលជាម្ចាស់ដើមវិញនេះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកដ៏ឧត្តុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ។
ជាទីបញ្ចប់ ខ្ញុំសូមបួងសួងដល់បារមីនៃព្រលឹងបុព្វបុរសខ្មែរ ដែលបានយាងត្រឡប់មកមាតុភូមិកំណើតវិញក្នុងពេលនេះ ដែលជានិមិត្តរូបដ៏ប្រពៃនៃការជួបជុំគ្នាឡើងវិញរបស់ប្រជាជាតិកម្ពុជា ជាមង្គលរបស់ជាតិ សូមតាមជួយបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជា ឱ្យជួបតែនឹងសុខសន្តិភាព វិបុលភាព និងសុខដុមរមនាជានិរន្តរ៍ ហើយសូមព្រះអង្គប្រទានសាធុការពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបដោយសិរីសួស្តី ជ័យមង្គល វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ច។
សូមអរគុណ!