សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ
ជាឧត្តមទីប្រឹក្សា គណៈសង្ឃនាយក ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់;
សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ;
ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា រាជរដ្ឋាភិបាល;
ឯកឧត្តម លោកជំទាវ, លោក លោកស្រី, លោកតា លោកយាយ,
បងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្ស ជាទីស្រឡាញ់!
ក្នុងទិវាប្រកបដោយមហានក្ខត្តឫក្សនាថ្ងៃនេះ, ខ្ញុំព្រះករុណាខ្ញុំ និង ភរិយា មានសេចក្តីសោមនស្ស និង ប្រកបដោយសទ្ធាជ្រះថ្លា ដោយបានចូលរួមក្នុង «ពិធីបើកការដ្ឋានសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌» ស្ថិតនៅក្នុងបរិវេណវត្តរាជបូណ៌ ដែលជាទី-តាំងវត្តអារាមដ៏ចំណាស់ រួមជាមួយសំណង់បេតិកភណ្ឌសាសនានា ។ ការជួបជុំនៅក្នុងឱកាសនេះ គឺស្ថិតក្នុងបរិយាកាសសប្បាយរីករាយ ដោយទទួលបានសមិទ្ធផលថ្មីមួយទៀត ក្នុងព្រះពុទ្ធសាសនា ហើយក៏បានឆ្លុះបញ្ចំាងអំពីតួនាទីគន្លឹះរបស់ព្រះពុទ្ធសាសនា ក្នុងការរួមចំណែកដល់ការលើកកម្ពស់ការប្រតិបត្តិអំពើល្អ, ការអប់រំចរិយាធម៌, សីលធម៌, ភាពសុខសាន្ត និង ភាពសុខដុមនៃសង្គម ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណ អរគុណ និង វាយតម្លៃ ខ្ពស់ចំពោះសម្ដេចព្រះព្រហ្មរតនមុនី ព្រះគ្រូចៅអធិការ, ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ, ពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ ដែលបានខិតខំរួមគ្នា ដើម្បីកសាងសារមន្ទីរ និង សមិទ្ធផលជាច្រើនទៀត នៅក្នុងបរិវេណវត្តរាជបូណ៌នេះ ដែលសមិទ្ធផលទាំងអស់នេះ គឺជាវិភាគទានដ៏ថ្លៃថ្លារបស់វត្តរាជបូណ៌ ក៏ដូចជាបង្ហាញពីការចូលរួមរបស់ព្រះពុទ្ធសាសនាក្នុងការកសាងសង្គមជាតិឱ្យបន្តស្ថិតនៅក្នុងសន្តិភាព និង ការអភិវឌ្ឍជានិរន្តរ៍ ។ ប្រវត្ដិសាស្រ្ដ និង បទពិសោធជាក់ស្ដែង បង្ហាញថា វត្ដអារាម ព្រះសង្ឃ និង ព្រះពុទ្ធសាសនា ដើរតួនាទីដ៏សំខាន់ក្នុងការបណ្ដុះនូវបញ្ញាញាណ ជាថ្នាលបណ្ដុះគ្រាប់ ពូជបញ្ញវន្ដ សម្រាប់ការអភិរក្ស និង អភិវឌ្ឍជាតិលើគ្រប់វិស័យ។ ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ និង មានចីរភាព ទាមទារឱ្យមានការអប់រំ ផ្នែកសីលធម៌ គុណធម៌ និង ចរិយាធម៌, ជាពិសេសគឺការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនា ។
បន្ទាប់ពីសាងសង់រួចជាស្ថាពរ, សារមន្ទីរព្រះព្រហ្មរតនមុនី នឹងក្លាយជាតំបន់ទេសចរណ៍ បន្ថែមពីលើសារមន្ទីរតេជោសន្តិភាពស្ថិតក្នុងស្រុកប្រាសាទបាគង ដែលបាន និង កំពុងសាងសង់ ដើម្បីដាក់តាំងបង្ហាញភស្តុតាង និង រឿងរ៉ាវប្រវត្តិសាស្រ្តសង្រ្គាម សំណល់យុទ្ធភណ្ឌសង្រ្គាម និង ប្រវត្តិជីវិតពិត ផលវិបាក ការឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ក្នុងសង្រ្គាម និង ការខិតខំប្រឹងប្រែងក្រោយសង្រ្គាម រហូតទទួលបានសន្តិភាពពេញលេញ និង ការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ១]
(១) សារមន្ទីរ រួមចំណែករក្សាសម្បត្តិវប្បធម៌ និងជាគោលដៅទេសចរណ៍
ការសាងសង់សារមន្ទីរនៅទីនេះ រួមចំណែកនៅក្នុងសង្គមសេដ្ឋកិច្ចរបស់ខេត្តសៀមរាប និងប្រទេសជាតិរបស់យើងតាមរូបភាព ២។ ទី១ គឺការចូលរួមចំណែកថែរក្សាសម្បត្ដិវប្បធម៌ កេរ្តិ៍តំណែលដូនតាយើង និង ទី២ គឺចូលរួមចំណែកលើកកំពស់ទេសចរណ៍នៅក្នុងខេត្តសៀមរាប តាមរយៈការរៀបចំទីតាំងក្លាយទៅជាគោលដៅទេសចរណ៍បន្ថែម។ ពាក់ព័ន្ធនឹងការចូលរួមថែរក្សាសម្បត្ដិវប្បធម៌ យើងដឹងហើយថា ជាពិសេសអ្នកសៀមរាប ដែលជាទឹកដីនៃមហានគររបស់យើង។
(២) សង្គ្រាមធ្វើអោយមនុស្សស្លាប់ បាត់បង់ទឹកដី បាត់បង់និងខូចខាតប្រាង្គប្រាសាទ
ពេលដែលយើងបែកបាក់ មានសង្គ្រាម តើបានផលជាអី្វ? ទី១ គឺមនុស្សស្លាប់។ ស្លាប់ជាបន្ដបន្ទាប់តាមការច្បាំងគ្នា។ ទី២ គឺការបាត់បង់ទឹកដី ហើយអ្វីដែលយើងមាននៅសល់បច្ចុប្បន្ន បើប្រៀបធៀបសម័យមហានគរគឺខុសគ្នាឆ្ងាយ។ ទី៣ ប្រាង្គប្រាសាទដែលបានកសាង សម្បត្ដិវប្បធម៌ បេតិកភណ្ឌផ្សេងៗ ជាពិសេសប្រាង្គប្រាសាទដែលដូនតាយើងបានកសាងមួយចំនួនបានរងការខ្ទេចខ្ទាំដោយការប្រយុទ្ធគ្នា មួយចំនួនក៏បានបាត់បង់ ទៅជាមួយនឹងទឹកដី មួយចំនួនក៏បានបោះបង់ចោលក្នុងព្រៃរាប់សិបឆ្នាំ ហើយមួយចំនួនទៀតក៏ត្រូវបានខ្ទេចខ្ទាំតាមរយៈការលួច ដែលគេហៅថាជំនួញក្បាលអ្នកតា ឬការលួចវត្ថុបុរាណលក់។
(៣) នយោបាយឈ្នះឈ្នះ បញ្ឈប់ការស្លាប់ជីវិតដោយសង្គ្រាម ការពារទឹកដី បេតិកភណ្ឌនិងសម្បត្តិវប្បធម៌
នៅសម័យមិនមានសង្គ្រាម ដូនតាយើងគិតតែពីកសាង។ ដល់ពេលបែកបាត់ រឿងទាំងនេះក៏កើតឡើង។ នេះហើយជាកាកសំណល់នៃសង្គ្រាម។ មិនមែននិយាយតែជាកាកសំណល់ជាមីន ជាជាតិផ្ទុះនៅក្នុងដីនោះទេ ប៉ុន្ដែកាកសំណល់នៅក្នុងសង្គមសេដ្ឋកិច្ចយើងក៏ច្រើនដែរ។ ក្រោយបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ដែលយើងមានការឯកភាពជាតិ តើយើងបានអ្វីមកវិញ? ទី១ ឈប់ស្លាប់ដោយសារសង្គ្រាមទៀត ថ្វីបើយើងនៅមានអ្នកសា្លប់ដោយសារកាកសំណល់សង្គ្រាមជាង ១០ឆ្នាំ។ ក្នុងរយៈពេលមួយទសវត្សនេះ អ្នកដែលស្លាប់ដោយសារមីនបានថយមកក្រោម ១០០នាក់ (ពីតួលេខជា)មធ្យមក្នុងមួយឆ្នាំជាង ៤០០០នាក់ ជិត ៥០០០នាក់ … យ៉ាងណាក្តី ១០០នាក់នេះ ក៏ច្រើន និងសូម្បីតែ ១នាក់ក៏ច្រើនដែរ។
ប៉ុន្មានខែមុន ក្រុមប្រឹក្សារបស់ខេត្តព្រះវិហារម្នាក់មកបោះឆ្នោត ហើយទៅវិញក៏ទៅភ្ជួរ។ គាត់កិនមីនតោនផ្ទុះស្លាប់។ មានម្នាក់ទៀតភ្ជួរទៅចំមីនតោន តែចូលចន្លោះផាល ក៏មិនមានអីកើតឡើង។ នេះកាកសំណល់សង្គ្រាម។ ទោះជាដូចនេះក្តី ការដែលយើងបានបញ្ចប់សង្គ្រាម គឺយើងបញ្ចប់ការស្លាប់(ដោយការកាប់សម្លាប់គ្នា)។ ទី២ ទឹកដីយើងលែងបាត់។ យើងការពារបាន។ យើងនៅចរចាជាមួយប្រទេសជិតខាងទាំងដែនទឹក និងដែនគោក។ បន្ដចចាររាល់ថ្ងៃដើម្បីការពារផលប្រយោជន៍ និងអ្វីដែលសល់ទុកពីមុនមក។ យ៉ាងណាក្តី យើងលែងបាត់(បូរណភាពទឹកដី)ដោយការបង្កើតតំបន់អបគមន៍ ការរត់ទៅពឹងប្រទេសផ្សេងហើយ។ ទី៣ បេតិកភណ្ឌ និងសម្បត្ដិវប្បធម៌។
(៤) អស់សង្គ្រាម ប្រាង្គប្រាសាទឈប់ខ្ទេចខ្ទាំំ ហើយត្រូវបានរុករកនិងថែរក្សា ដោយយកូនចៅជំនាន់ក្រោយថែរក្សានិងប្រើប្រាស់ជាគោលដៅទេសចរណ៍
ប្រាង្គប្រាសាទរបស់យើង ទី១ ឈប់ខ្ទេចខ្ទាំដោយសារសង្គ្រាម។ ពីមុនវាយគ្នាគឺដាក់ទីតាំងឈរជើងកន្លែងប្រាសាទហ្នឹង។ ឥឡូវយើងលែងច្បាំង យើងក៏លែងខ្ទេចខ្ទាំដោយសារសង្គ្រាម ហើយយើងថែមទាំងបានជួសជុលឡើងវិញ។ ប្រាសាទច្រើនណាស់ដែលយើងជួសជុល ដូចប្រាសាទបន្ទាយឆ្មារ ប្រាសាទខ្លះតូចៗ ដែលរលំដួលដោយសារធម្មជាតិ រង្គើ គ្រាប់ធ្លាក់ស្អីៗ ត្រូវបានរៀបឡើងវិញ។ នេះជាមោទនភាព។ ទី២ ប្រាសាទដែលកប់ក្នុងព្រៃ ត្រូវបានយើងយកចូលមកវិញហើយចាប់ផ្ដើមថែរក្សា។ កាលដែល(ប្រទេស)នៅវាយគ្នា តំបន់ច្រើនណាស់ដែលយើងមិនទៅ ដោយទុកចោលប្រាសាទក្នុងព្រៃ។ យើងបានប្រមូលនិងរៀបចំជាកន្លែងថែទាំ ជាគោលដៅទេសចរណ៍ អោយកូនចៅជំនាន់ក្រោយជួយថែ។
(៥) ការចុះបញ្ជីបេតិកភណ្ឌពិភពលោក គឺដើម្បីថែរក្សាកេរដំណែលដូនតា ប្រើប្រាស់ជាផលសំរាប់កូនចៅជំនាន់ក្រោយ និងបញញចប់ការជួញដូរវត្ថុបុរាណ
ក្រៅពីនោះ យើងបានចុះបញ្ជីបេតិកភណ្ឌរូបិយពិភពលោក ដើម្បីឲ្យអន្ដរជាតិចូលរួមថែរក្សាសម្បត្ដិមនុស្សជាតិ … ថ្ងៃនេះ យើងកសាងសារមន្ទីរដើម្បីតំកល់វត្ថុបុរាណ។ សួរថាវត្ថុបុរាណដែលសម្ដេច ពិន សែម ព្រះអង្គ បានមកពីណា? បានមកពីការបាត់បង់ជំនាន់សង្គ្រាម ដែលពុទ្ធបរិស័ទបានប្រទះឃើញនិងយកមកប្រគេនព្រះអង្គទុក។ ប៉ុន្ដែពីមុនមិនមែនដាច់ដុំៗ ទេ គឺនៅកន្លែងមួយ ប៉ុន្ដែវាបាត់បង់។ ឥឡូវយើងប្រមូលមកវិញ តែថាយើងធ្វើបាន។ យើងបានចុះឧទ្យានបុរាណវិទ្យាអង្គរតាំងពីឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក ចុងក្រោយគឺប្រាសាទកោះកេរ្តិ៍ឆ្នាំទៅនេះ ហើយយើងបន្ដធ្វើការងារមួយចំនួនទៀត។ នៅនេះយើងរៀបចំដើម្បីការពារដូចជាភ្នំគូលែន ដើម្បីអី? (ទី១) ដើម្បីថែរក្សាបេតិកភណ្ឌកេរ្តិ៍ដំណែលដូនតា ទី២ គឺទាញវាជាផលសំរាប់កូនចៅជំនាន់ក្រោយដើម្បីយល់ដឹង ថែទាំ មោទនភាពអំពីវាសនា វប្បធម៌របស់ខ្លួន បូកនឹងទាញផលសេដ្ឋកិច្ចផង។ ទាញផលសេដ្ឋកិច្ច ដែលទេសចរវប្បធម៌មកសៀមរាប មើលប្រាសាទដែលដូនតាកសាងពីមុន។ ទី៣ គឺឈប់មានការជួញដូរក្បាលអ្នកតា ឬថាការជួញដូរវត្ថុបុរាណ … កាលពីមុនទុកចោលក្នុងព្រៃឬតំបន់វាយគ្នាទាំងសង្ខាង … យើងការពារទាំងអស់ ហើយដើរប្រមូលឡើងវិញ។
(៦) សង្គ្រាមមិនត្រឹមតែធ្វើឲ្យមនុស្សបែកបាក់ទេ សូម្បីរូបចម្លាក់ក៏បែកបាក់ដែរ
គិតពីឆ្នាំ ១៩៩៦ ដល់ ២០២៤ យើងប្រមូលឡើងវិញពី ១៥ប្រទេស បាន ១ ០៩៨ ដុំ។ ខាងញូយ៉ក បានរៀបចំបញ្ជូនមក (៥៥ ដុំ និង ៧៥ ដុំពីអង់គ្លេស)។ ឃើញទេដូនតាយើងធ្វើនៅស្រុកខ្មែរទេ ប៉ុន្ដែដល់ពេលវាយគ្នាសង្គ្រាមទុកចោលប្រាសាទ រូបចំលាក់របស់យើងត្រូវគេលួចកាត់យកទៅលក់តគ្នា រហូតទៅដល់(ស្រុកក្រៅ)។ អម្បាញ់ថា ៧៥ ដុំនឹង(ត្រឡប់)ពីអង់គ្លេស ៥៥ ដុំពីញូយ៉ក។ ថ្ងៃមុនពីប្រទេសថៃ រដ្ឋាភិបាលថៃក៏បានបញ្ជូនមកវិញ។ សូមអរគុណ។ សង្គ្រាមមិនមែនធ្វើឲ្យតែកូនចៅមនុស្សបែកបាក់ទេ សូម្បីរូបចម្លាក់ក៏បែកបាក់ដែរ។ ឥឡូវយើងបានយកមកវិញ។ កន្លែងខ្លះយើងបានរៀបផ្គុំចូលកន្លែងដើមវិញតាមបច្ចេកវិទ្យា និងកន្លែងខ្លះ យើងទុកនៅសារមន្ទីរ។
ខ្ញុំសូមអរគុណ និងកោតសរសើរលោកជំទាវ ភឿង សកុណា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការី ដៃគូ ដែលខិតខំធ្វើការតវ៉ា ដើម្បីយកមក(វិញ)។ ពេលខ្លះមិនជាការងាយទេ។ ឧទាហរណ៍ថារបស់នឹងត្រូវ(គេ)យកទៅលក់នៅញូយ៉ក តំលៃរាប់សិនលានដុល្លារ។ ម្ចាស់គេនឹងមិនឲ្យមកវិញងាយទេ។ យើងទៅតតាំងប៉ុន្មានឆ្នាំទំរាំតែបាន។ គេទិញតគ្នា។ វាជាកាតព្វកិច្ចដែលយើងត្រូវយកព្រលឹងដូនតាមកវិញ។ យើងពុះពារធ្វើការងារនេះ។ មិនមែនស្រួលទេ។ មិនមែនទៅដល់គោះទ្វារថាហ្នឹងជារបស់ដូនតាខ្ញុំ ឱ្យមកវិញ(នោះទេ)។ យើងត្រូវធ្វើការច្រើន រាប់ទាំងតាមផ្លូវច្បាប់។ ប្រទេសខ្លះ ដូចនៅអាមេរិកមានច្បាប់ឲ្យបញ្ជូនមកវិញ ប្រទេសខ្លះអត់មានច្បាប់ទេ។ អញ្ចឹងយើងយើងរកផ្លូវច្បាប់ទាញមកវិញមិនទាន់បាន។
(៧) ធានាស្ថិរភាព និងសន្ដិភាព ដើម្បីកុំឱ្យបែកបាក់ទាំងមនុស្ស ទាំងទឹកដី និងទាំងវប្បធម៌
នេះប្រាប់យើងអំពីអ្វី? ប្រាប់យើងថាសង្រា្គមធ្វើឱ្យបែកបាក់មិនត្រឹមតែមនុស្សទេ តែព្រលឹងដូនតាយើងនៅក្នុងថ្មហ្នឹងក៏ត្រូវបែកបាក់។ ឥឡូវចប់សង្គ្រាម យើងយកមកវិញ យកមកផ្គុំទុក។ យើងអញ្ជើញគាត់ត្រឡប់មកវិញ មកកន្លែងដើម។ ព្រលឹងដូនតាបែកខ្ញែកទាំងប៉ុន្មានត្រឡប់មកវិញជួបគ្នានៅលើទឹកដីអង្គរ។ នេះជាមោទនភាពនៃសន្ដិភាព។ អញ្ចឹងបានថា ចាំបាច់ត្រូវតែធានាឱ្យបាននូវស្ថិរភាព សន្ដិភាព ដើម្បីកុំឱ្យបែកបាក់ទាំងមនុស្ស ទាំងទឹកដី ទាំងវប្បធម៌ បេតិកភណ្ឌរបស់យើង ត្រូវការពារឱ្យបាននូវសន្ដិភាព។ បើមិនដូចនោះទេ កុំនិយាយពី tourist នៅសៀមរាប។ ចង់យើងមានប្រាសាទល្អជាងនេះ ១០ដង តែមានភ្លើងសង្រ្គាមហើយ គ្មានអ្នកណាជិះយន្តហោះមកទេ។ ធ្វើការមួយឆ្នាំទល់មួយឆ្នាំ សន្សំលុយដើរលេង នាំកូនប្រពន្ធដើរលេង ៣អាទិត្យ ហើយទៅកន្លែងគេបាញ់រត់ឬអី។ អត់ទៅទេ … សូម្បីតែនៅអឺរ៉ុប នៅអ៊ុយក្រែន នៅអី ដែលរូបថតកាលពី ៣ឆ្នាំមុន ទីក្រុងមួយល្អ ឥឡូវទៅជាអស់រលីង(ដោយសារសង្រ្គាម)។ បើអគារអស់ប៉ុណ្ណឹង តើមនុស្សអស់ប៉ុន្មាន? ចប់ពីហ្នឹង សល់គ្រាប់ប៉ុន្មានដែលត្រូវដោះទៀត?
(៨) នៅសល់ផ្ទៃដីជាង ១៧០០គីឡូម៉ែត្រការ៉េ មានមនុស្សរស់នៅជាង ១លាននាក់ មិនទាន់អស់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
យើងចប់(សង្រ្គាម)តាំងពីឆ្នាំ ១៩៩៨ តែដោះមីនមិនទាន់អស់ទេ។ ប៉ុន្មានឆ្នាំនេះ យើងដោះបានគ្រាប់មីនប្រមាណ ៣ពាន់គីឡូម៉ែត្រការ៉េ។ នៅសល់ ១៧០០គីឡូម៉ែត្រការ៉េទៀត ដែលនៅមានហានិភ័យ ពីគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬជាតិផ្ទុះ។ ប្រជាជនជាង ១លាននាក់របស់កម្ពុជា រស់នៅក្នុងតំបន់នោះ។ យើងត្រូវបន្ត(ការងារដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ)។ ថ្ងៃមុន ថ្នាក់ដឹកនាំជប៉ុនមកទស្សនកិច្ចនិងបានចាប់អារម្មណ៍ពីរឿងហ្នឹង។ គាត់ជាដៃគូនិងជួយច្រើន។ តែខ្ញុំប្រាប់គាត់ថា ១៧០០គីឡូម៉ែត្រការ៉េហ្នឹង ជាតួលេខអាចពិបាកស្មាន ប៉ុន្តែបើឯកឧត្តមធៀបថាសឹង្ហបុរីមានទំហំ ៧០០គីឡូម៉ែត្រការ៉េ បានន័យថា នៅស្រុកខ្មែរកន្លែងដែលមានហានិភ័យនេះវាស្មើជិត ៣ដងនៃប្រទេសសឹង្ហបុរី ហើយមានប្រជាពលរដ្ឋ ១លាននាក់(កំពុងរស់នៅក្នុងតំបន់ហ្នឹង) …។
(៩) សារមន្ទីរថែទាំវត្ថុបុរាណ តែក៏នឹងទាក់ទាញទេសចរ
ការរៀបចំសារមន្ទីរនេះ ក៏ជួយទៅដល់វិស័យទេសចរណ៍ផងដែរ។ នៅទីនេះ កត្តាមួយសម្រាប់ទាក់ទាញវិស័យទេសចរណ៍ គឺការបង្កើននូវផលិតផលទេសចរថ្មីឱ្យបានច្រើន និងសម្បូរបែប។ សារមន្ទីរធ្វើឡើងមិនមែនសម្រាប់គោលដៅទេសចរណ៍ទេ គឺសម្រាប់ថែទាំនូវវត្ថុបុរាណ ប៉ុន្តែយើងអាចទាញផលពី(សារមន្ទីរ)នេះ។ ខ្ញុំថា ដូនតារបស់យើងកសាងរាប់ពាន់ឆ្នាំ តែកូនចៅចេះថែរក្សា ហើយទាញផលបាន ដើម្បីកូនចៅជំនាន់ក្រោយថែទាំ អភិវឌ្ឍ និងអភិរក្សជាមួយគ្នា … នៅក្នុងរបាយការណ៍របស់ឯកឧត្តមអភិបាល គណៈអភិបាលបានបញ្ជាក់ ការរៀបចំកន្លែងនេះគឺបន្ថែមទៅលើសារមន្ទីរតេជោ ការរៀបចំស្ទឹងសៀមរាប និងទន្លេសាប (និង)តំបន់មួយចំនួននៅកន្លែងនោះ ជាផលិតផលបន្ថែម ហើយនៅក្នុងខេត្តសៀមរាប វិថីអាហារ វិថីអីផ្សេងៗ … សារមន្ទីរនេះ … អាចជាកន្លែងទាក់ទាញបន្ថែមទៀតឱ្យទេសចរមកមើល ដើម្បីឃើញនូវវត្ថុបុរាណ ប៉ុន្តែពេលជាមួយគ្នាក៏បានជួយបង្កើតសកម្មភាពទេសចរនេះដែរ។
(១០) ទេសចរណ៍មិនសំដៅតែអូតែល ភោជនីយដ្ឋាន អាកាសចរណ៍ទេ តែប្រទាក់ក្រឡាទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
និយាយពីវិស័យទេសចរណ៍ វាជាចលករសំខាន់ណាស់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។ នេះជាគោលដៅធំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ កូវីដ-១៩ សង្រ្គាម វិបត្តិសេដ្ឋកិច្ចផ្សេងៗ វាជះ(ឥទ្ធិពល)ធំជាងគេទៅលើវិស័យទេសចរណ៍។ គ្រាកូវីដ-១៩ យើងបើកអោយរោងចក្រដំណើរការ។ យើងចាក់វ៉ាក់សាំងជូន(កម្មករ/ការិនី) ប្រជាពលរដ្ឋ យើងរក្សាគម្លាតនៃការធ្វើការ យើងនៅបន្តផលិតនាំចេញទៅក្រៅ។ នៅពិភពលោក អត់មានប្រទេសណាបិទទេ ប៉ុន្តែទេសចរបិទ។ យើងបិទ(ជើង)យន្តហោះ មិនឱ្យហោះមក។ យើងបិទប្រជាជននៅខេត្តមួយមិនអោយចេញទៅខេត្តមួយទៀត។ យើងបិទវត្តពេលចូលឆ្នាំ ពេលភ្ជុំ មិនឱ្យពុទ្ធបរិស័ទចូលមកក្នុងវត្ត។ ពេលនោះយើងគិតអំពីអាយុជីវិតជាចម្បង។ ស្ងាត់ ប៉ុន្តែជាការចាំបាច់។ (ប្រជាពលរដ្ឋនៅខេត្ត)សៀមរាបពឹងផ្អែកជាពិសេសលើវិស័យទេសចរណ៍ ព្រោះទេសចរណ៍មិនសំដៅតែទៅលើ អូតែល មិនសំដៅទៅលើតែភោជនីយដ្ឋាននោះទេ មិនសំដៅទៅលើក្រុមហ៊ុនអាកាសចរណ៍នោះទេ វាពាក់ព័ន្ធប្រទាក់ក្រឡាគ្នា ទាំងបងប្អូនរត់ម៉ូតូឌុប អ្នកលក់ដូរនៅផ្សារផ្សេងៗ ទាំងកសិករលក់(ផលិតផល) ផ្គត់ផ្គង់ឱ្យវិស័យទេសចរណ៍។
(១១) វិធានការ ការចំណាយនៅក្រុងសៀមរាប និងកញ្ចប់ថវិកា ជួយដល់វិស័យទេសចរ
ដោយប្រការនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោយអនុវត្តពីឆ្នាំ ២០២០-២០២១ នូវវិធានការអន្តរាគមន៍ ១០ជុំ ទម្លាក់ថវិកាដើម្បីជួយក្នុងវិស័យនេះ។ តិចច្រើនយើងបានជួយបងប្អូនដែលប៉ះពាល់នៅក្នុងការធ្វើការងារនៅក្នុងវិស័យហ្នឹងបានមួយចំនួន។ យើងបានដាក់ចេញវិធានការបន្ថែមសម្រាប់គ្រប់គ្រងផលប៉ះពាល់ ការគាំទ្រឡើងវិញនៃវិស័យទេសចរណ៍នៅខេត្តសៀមរាប ហើយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាប ដោយរាជរដ្ឋាភិបាលចំណាយដូចជា ១០០លានដុល្លារ រៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ បន្ទាប់ពីខេត្តព្រះសីហនុ។ កាលពីវេទិកាជួបវិស័យឯកជននៅខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ យើងបានដាក់ចេញនូវគោលការណ៍អនុគ្រោះពន្ធ ការលើកលែងការធ្វើសវនកម្ម ការដាក់ចេញនូវកញ្ចប់ថវិកា ៥០លានដុល្លារ ដើម្បីជួយទៅដល់វិស័យនេះ។
(១២) “ទស្សនាសៀមរាប ២០២៤” … រៀបចំវេទិកា/ប្រជុំអន្តរជាតិច្រើននៅសៀមរាប បានមនុស្សមកផង ទៅវិញជួយផ្សព្វផ្សាយផង
កាលពីខែវិច្ឆិកា យើងបានដាក់ចេញគោលដៅ “ទស្សនាសៀមរាប ២០២៤” ជាអាទិភាពមួយ។ នៅក្នុងឆ្នាំ ២០២៤ នេះ យើងបានរៀបចំវេទិកាច្រើន។ វេទិកាអន្តរជាតិ ប្រជុំច្រើន ភាគច្រើនឱ្យតែប្រជុំ យើងរុញមកសៀមរាប។ ភាគតិចណាស់ធ្វើនៅភ្នំពេញ។ យើងបានរុញព្រឹត្តិការណ៍ច្រើន រាប់ទាំងប្រជុំថ្នាក់រដ្ឋមន្រ្តី ប្រជុំមួយចំនួន ថ្ងៃមុនប្រជុំខាងវិស័យឯកជនក៏មកសៀមរាប។ មិនមែនដោយចៃដន្យទេ។ គឺដោយសារការជួយអន្តរាគមន៍នេះឯង ដើម្បីបានមនុស្សមកចូលប្រជុំផង ប្រាប់គាត់ផងទៅវិញជួយផ្សព្វផ្សាយផង។ ក្រសួងទេសចរណ៍រៀបចំបុណ្យទន្លេនៅទីនេះ។ យើងហៅទាំង(ក្រុម)សៅលីង ល្បុក្កតោមកទីនេះទៀត។ សៅលីងមក គេមិនចាប់អារម្មណ៍សៅលីងប៉ុន្មានទេ គេចាប់អារម្មណ៍លោកគ្រូសៅលីង ព្រោះមានលោកសង្ឃមួយអង្គរាងសង្ហារ … ចាប់អារម្មណ៍តែមនុស្សក៏ដោយ តែទៅឃើញសៀមរាប ឃើញប្រាសាទ។ ដូចកាលប្រជុំអាស៊ាន គេអត់ចាប់អារម្មណ៍អាស៊ានប៉ុន្មានទេ គេចាប់អារម្មណ៍ព្រះអង្គម្ចាស់ Abdul Mateen។
(១៣) បង្កើតព្រឹតិ្តការណ៍ផ្សេងៗ ដែលអាចធ្វើបាន ដើម្បីទាក់ទាញទេសចរ
ទោះជាយ៉ាងណា ឆ្នាំនេះ នៅខែធ្នូ ដូចជាមានរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុន ១ម៉ឺននាក់នៅខេត្តសៀមរាប។ ខ្ញុំទៅរត់ដែរ។ អញ្ចឹងសមាជិករាជរដ្ឋាភិបាលគិតគូរឱ្យហើយ។ ខ្ញុំ(រត់)ប្រហែលជា ៥គីឡូទេ។ ឯកឧត្តម លោកជំទាវ ខ្លះអាច(រត់) ២១គីឡូក៏បាន តែហាមកុំឱ្យជិះកង់ជិះម៉ូតូ។ ខ្ញុំធ្លាប់រត់ម្ដងនៅភ្នំពេញ។ រត់ពីមុខវាំង តាមផ្លូវនរោត្តម ឡើងទៅស្ពានជ្រោយចង្វារ ត្រឡប់មកវិញមកតាមផ្លូវសុធារស។ ចេញដំបូងមនុស្សច្រើន យូរៗបាត់អស់មនុស្ស។ ដល់ពេលខ្ញុំរត់មកវិញតាមផ្លូវសុធារស ចេញពីផ្សារចាស់ឃើញមនុស្សជាច្រើនដើរចេញពីហាងគុយទាវ។ នៅនេះពិបាកគេចបន្ដិច ទាល់តែចូលព្រៃ។ នៅនោះគេមានផ្លូវកាត់ … ព្រឹត្តិការណ៍បែបនេះ គឺយើងនឹងបង្កើតបន្ថែមឱ្យបានច្រើន ដើម្បីយើងជំរុញទៅតាមស្ថានភាពដែលយើងអាចធ្វើបាន។
(១៤) ការទិញសំបុត្រចូលទស្សនាអង្គរ ជួយឱ្យកំណត់បានចំនួនទេសចរប្រហាក់ប្រហែល
តើស្ថានភាពទេសចរណ៍នៅខេត្តសៀមរាបយ៉ាងម៉េច? អម្បាញ់មិញ ឯកឧត្តម ប្រាក់ សោភ័ណ បានលើកហើយ។ មួយរយៈនេះ មានការជជែកដេញដោល វែកញែក បង្ហោះរឿងសៀមរាបស្ងាត់ ក៏ដូចជារឿងបាត់(ភ្ញៀវទេសចរ) ចង្អុលអ្នកនេះអ្នកនេះ ថាអញ្ចេះអញ្ចុះ។ យើងមើលស្ថានភាពជាក់ស្ដែងយ៉ាងម៉េច … ខ្ញុំឱ្យតាមតាំងពីខែតុលាមក។ រាល់ថ្ងៃឯកឧត្តម ប្រាក់ សោភ័ណ បាញ់ឱ្យខ្ញុំនូវរបាយការណ៍ប្រចាំថ្ងៃ។ ខ្ញុំមើលអ្នកទេសចរនៅខេត្តសៀមរាប បូកជាមួយនឹងការទិញសំបុត្រចូលអង្គរ ព្រោះយើងយករឿងហ្នឹងជាគោល។ សំបុត្រចូលអង្គរមិនកំណត់ទេ។ បានន័យថា ទេសចរអាចច្រើនជាងហ្នឹង។ តែអ្នកដែលទៅទិញសំបុត្រចូលអង្គរនេះ គឺជាកត្តាមួយដែលយើងអាចកំណត់បាន(ចំនួន)ប្រហាក់ប្រហែល។ ការលើកឡើងបានចែកជារដូវ។ រដូវភ្ញៀវច្រើន រដូវភ្ញៀវមធ្យម រដូវភ្ញៀវតិច និង high season, low season …។
(១៥) រដូវមានទេសចរច្រើនគឺពីខែតុលាដល់ខែមីនានៃឆ្នាំ
វាមិនខុសពី រដូវប្រាំងគ្មានទឹកភ្លៀង រដូវវស្សាមានទឹកភ្លៀងនោះទេ។ តើយើងត្រូវធ្វើអី្វ? បើរដូវភ្លៀងមានភ្លៀងច្រើន ត្រូវធ្វើអាងស្តុកទឹក ដើម្បីរដូវប្រាំងមានទឹកប្រើខ្លះ រឿងវាប៉ុណ្ណឹង។ តែកត្តាដែលចាំបាច់ យើងត្រូវទទួលស្គាល់ថា វិស័យទេសចរណ៍ ដូចវិស័យកសិកម្មអញ្ចឹង។ វាមានរដូវរបស់វា។ ប្រទេសគេមានរដូវសម្រាកក្នុងខែប៉ុន្មានអញ្ចឹងទៅ។ ហើយខែ(ប៉ុន្មាន)គេធ្វើការ។ ចំពោះស្ថានភាពនៅកម្ពុជា ដែលខ្ញុំតាមមករាល់ថ្ងៃនេះ ពេលដែល high season គឺពីខែតុលា ឆ្នាំ ២០២៣ មកខែមីនា ឆ្នាំ ២០២៤ ក្នុងមួយថ្ងៃយើងមាន(ភ្ញៀវទេសចរ)ជាង ៣០០០នាក់(ក្នុងមួយថ្ងៃ) ដល់(តែក្នុង)ខែកុម្ភៈ ខ្ញុំចាំមានមួយថ្ងៃមានជាង ៥០០០នាក់មកដល់ស្រុកខ្មែរ។ ប៉ុន្តែនៅ low season យើងមាន(ភ្ញៀវទេសចរ)ដែលទាបក្នុងខែមិថុនា។ ក្នុងមួយថ្ងៃមានខ្ទង់ ១៣០០នាក់។ ឥឡូវឡើងដល់ ១៩០០នាក់ និងពីម្សិលមិញឡើងដល់ជិត ២០០០នាក់ …។
(១៦) តួលេខជាមូលដ្ឋាន ក្នុងការសិក្សាដោយវិទ្យាសាស្រ្តពីចំនួនមកដល់នៃទេសចរ
ទេសចរដែលចូលតាមព្រលានអន្តរជាតិ បើតាមទិន្នន័យឆ្នាំ ២០២៣ មានជាង ៤៨ ម៉ឺននាក់។ បើសរុបទាំងក្នុងប្រទេសគឺមាន ២,៥លាននាក់។ ដូចក្នុងរបាយការណ៍អម្បាញ់មិញ។ ឆមាសទី១ បើគិតពីទេសចរដែលចូលមកតាមច្រកព្រលានយន្តហោះអន្តរជាតិ មិនគិតតាមផ្លូវគោក មាន ៣១ ម៉ឺននាក់ បើប្រៀបធៀបនឹងឆមាសទី១ ពេលដូចគ្នានឹងឆ្នាំ ២០២៣ គឺកើន ៣៦% … សួរថា យើងនិយាយតួលេខនេះដើម្បីអ្វី? ដើម្បីឱ្យបងប្អូនបានជ្រាប។ រឿងវាយតម្លៃតិច/ច្រើន គឺជាទស្សនៈនិងការគិតគូររបស់យើង តែផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្រ្ត យើងមានតួលេខប៉ុណ្ណឹង។ នេះជារបាយការណ៍ដែលខ្ញុំបានទទួលតាមរយៈការរាយការណ៍ជាប្រចាំពីក្រសួងទេសចរណ៍ ពីវិស័យឯកជនខ្លួនឯង។ ខ្ញុំឧស្សាហ៍ជួបជាមួយថ្នាក់ដឹកនាំវិស័យឯកជន និងតំណាង។ យ៉ាងណាក្តី របាយការណ៍នៅតែជារបាយការណ៍ ជាមូលដ្ឋាន ប៉ុន្តែយើងក៏ត្រូវការស្វែងយល់។
(១៧) ការផ្ទៀងផ្ទាត់ជាមួយរបាយការណ៍ មិនមែនមិនទុកចិត្តទេ ប៉ុន្តែជាការតាមដានត្រួតពិនិត្យ
ខ្ញុំក៏មានក្រុមចុះមកធ្វើដែរ។ ឯកឧត្តម ប្រាក់ សោភ័ណ អត់ដឹងទេ … មិនទាន់មានអីនៅលើហ្វេសប៊ុកទេ។ កន្លែងខ្លះមិនស្រួលខ្ញុំបញ្ជូនទៅឱ្យខេត្តហើយ។ ខ្ញុំមានបញ្ជូនបណ្ដាញខ្ញុំទៅមើលទៀត ឬមួយក៏ទាក់ទងយុវជនអីតាមហ្នឹង ប្រាប់មកត្រូវដោះស្រាយបញ្ហាអីយ៉ាងម៉េច។ នេះមិនមែនមិនទុកចិត្តទេ ប៉ុន្តែជាការតាមដានត្រួតពិនិត្យ តែខ្ញុំក៏ប្រាប់ដែរថាខ្ញុំមានការផ្ទៀងផ្ទាត់។ អញ្ចឹងរាយការណ៍ឱ្យត្រូវ។ ល្ងាចមិញលួច(ចុះទៅ Pub street ផ្ទាល់)បន្តិច។ ព័ត៌មានខ្លះថាស្ងាត់ឈឹង ព័ត៌មានខ្លះថាមាន។ ទិន្នន័យមកមានអញ្ចឹង។ លួចទៅតែម្ដង ក្លែងភេទពាក់ម៉ាស អត់ឱ្យគេដឹង។ មើលមុខគេសង្ស័យ។ ពេលខ្ញុំសួរចុះឡើងគេកាន់តែសង្ស័យ តែបងប្អូនខ្លះគាត់អត់មាត់។ បងស្រីមួយនោះ សុំទោសផងខ្ញុំភរបន្តិច គាត់ថាពូឯងដូចប្រហែលៗមុខ។ ខ្ញុំថាប្រហែលអី ខ្ញុំអ្នកបន្ទាយមានជ័យសោះ …។
(១៨) ខែមិថុនាស្ងាត់ភ្ញៀវ តែខែកក្កដាភ្ញៀវឡើងបន្តិច ពិសេសថ្ងៃសៅរ៍អាទិត្យ ត្បិតទេសចរក្នុងស្រុក
ខ្ញុំចាប់ផ្ដើមពីកន្លែងប្អូនប្រុសម្នាក់ជាជាងគំនូរ។ ហាងលក់គំនូរនៅក្រៅ Pub street … គាត់គូរស្អាត … ចូលតាមហាងខោអាវសួរគាត់។ ចម្លើយស្រដៀងៗគ្នា។ ខែ០៦ស្ងាត់។ ខែនេះឡើងបន្តិច។ ច្រើនថ្ងៃសៅរ៍ ដោយសារទេសចរពីក្នុងប្រទេស … ក្នុង Pub street អត់ទាន់បានសួរកន្លែងផ្សេង។ បើយើងប្រៀបធៀបកន្លែងផ្សេង Pub Street គ្រាន់បើជាងកន្លែងផ្សេងនៅពេលយប់ ព្រោះកន្លែងយប់មានតែ Pub Street ទេជាកន្លែងចំហ។ ប្រហែលជាអាចយល់ហើយ កន្លែងចំហមានតែ Pub Street ចុះកន្លែងអត់ចំហ ខ្ញុំអត់ដឹងទេ។ កន្លែងចំហហ្នឹងមានមួយចំនួន។ ឥឡូវខេត្តកំពុងរៀបចំតាមស្ទឹងតាមអី …ពេលបុណ្យទានម្ដងៗ គិតថាបើអាចរៀបចំជាអចិន្ត្រៃយ៍ទាំងយប់ទាំងអី បើកទៅ … ឥឡូវរៀបចំកន្លែងលក់តាមបណ្ដោយស្ទឹង ហើយយើងរៀបចំកាន់តែល្អ។
(១៩) វិនិយោគថវិកាលើការបង្កើតសមិទ្ធផលទេសចរ ដោយយកការប្រាក់ទាប
ថ្ងៃមុន ប្រជុំជាមួយគ្នា ឱ្យវិនិយោគថវិកាប៉ុន្មានលានហ្នឹង គិតមើលជួយអ្នកដែលវិនិយោគទៅលើបង្កើតសមិទ្ធផលទេសចរ … យើងឱ្យទុនគាត់ខ្ចី យកទៅវិនិយោគព្រោះគាត់ក៏គង់តែខ្ចីពីកន្លែងណា(ផ្សេង)។ បើគាត់ខ្ចីកន្លែងនេះ យើងយកការប្រាក់ទាប។ យើងជួយ។ យើងជាធនាគារ … ខ្ញុំសួរថា ជាទូទៅខែប៉ុន្មានហើយ? គាត់ពីខែ ១០អីទៅរាងឡើង ដល់ពេលខែ ២ដល់ខែ ៣រាងស្បើយទៅវិញ។ កាលពីឆ្នាំ ២០២៣ហ្នឹងយ៉ាងម៉េច? មានច្រើនជាងមុនដែរ។ វាមិនដូចមុនកូវីដ-១៩ ប៉ុន្តែវាកើនជាងឥឡូវដោយសារ high season។ បើយើងផ្ទៀងជាមួយទិន្នន័យនេះគឺត្រូវ។ អញ្ចឹងសូមសរសើរសេចក្តីរាយការណ៍ក្ដាប់បានជុំការងារ។ ក្នុងទិន្នន័យខែមិថុនា មានត្រឹម ១៣០០ជាង/ថ្ងៃ អញ្ចឹងគាត់មានអារម្មណ៍រាងស្ងាត់នៅកន្លែងនេះ។ បើ Tour Guide សួរទៅកន្លែងខ្លះ គាត់មានរម្មណ៍ថាច្រើន។ បើកន្លែងលក់ ពេលខ្លះគាត់មានអារម្មណ៍តិច … បន្តិចទៀតខ្ញុំត្រូវជួបជាមួយបងប្អូនផ្សេងៗនៅក្រៅ Pub Street …។
(២០) សូមធនាគារពាណិជ្ជយោគយល់ និងទម្លាក់លក្ខខណ្ឌនៃការទូទាត់ដោយប្រើក្រដាសប្រាក់ដុល្លារ
ប៉ុន្តែខ្ញុំមកជួបខ្ញុំអត់មានប្រាប់មុនទេ។ ល្ងាចមិញក៏អត់បានប្រាប់ដែរ។ ខ្ញុំជួបតាមហាងហើយ ខ្ញុំឡើងទៅចូលអង្គុយកន្លែងមួយ។ ខ្ញុំអញ្ជើញអ្នកគ្រប់គ្រងនៅតាមហាងតូចនៅម្ដុំហ្នឹងមក ប្រហែលជាជិត ១០នាក់។ គាត់មិនដឹងថាខ្ញុំមកទេ។ ជំនួយការខ្ញុំទៅហៅមក។ គាត់មិនជឿ។ គាត់ថាភូទគាត់ … ពេលមកដល់ហ្នឹង ទើបបានគាត់ដឹង។ ស្តាប់គាត់ថា តើមានបញ្ហាអីនៅ Pub Street នេះ។ គាត់ថាជាទូទៅរដ្ឋបាលបានជួយច្រើន ការងារក៏រលូនគ្រាន់តែថាភ្ញៀវឡើងចុះ … ល្ងាចមិញ មានរឿង(ប្រាក់ដុល្លារ)។ ជួបចប់ភ្លាម ម៉ោង ១១យប់ ខ្ញុំទូរស័ព្ទទៅលោកជំទាវទេសាភិបាលធនាគារជាតិ ឱ្យធ្វើការឱ្យខ្ញុំ សុំឱ្យធនាគារឯកជនចូលរួមផង។ រឿងពិបាកចាយលុយដុល្លារ។ បើថាលុយក្លែងក្លាយចុះវារឿងមួយ បើលុយវាខ្ទេចខ្លាំងរឿងមួយ ប៉ុន្តែពេលខ្លះយើងដាក់លក្ខខណ្ឌកំណត់ហ្នឹងវាតឹងពេក។ គ្រាន់តែដាច់បន្តិចក៏មិនយក ហើយកាត់ទឹក។ ដល់អញ្ចឹងវាពិបាក។ កន្លែងលក់ យកអត់បាន ព្រោះពេលទៅដូរធនាគារៗ កាត់ទឹក។ អញ្ចឹងគាត់ត្រូវកាត់ទឹកពីភ្ញៀវ។ ភ្ញៀវរអ៊ូថាហេតុអីក៏លំបាកចាយម្ល៉េះ។ ខ្ញុំសូមឱ្យធ្វើម៉េចលោកជំទាវធ្វើការជាមួយធនាគារ ហើយសូមធនាគារពាណិជ្ជជួយយោគយល់ និងសូមទម្លាក់លក្ខខណ្ឌនេះបន្តិច។ កន្លែងខ្លះគេឱ្យខ្ញុំមើលឃើញគ្រាន់តែប៊ិចរាងឆ្កូតបន្តិចគាត់អត់យក ត្រូវដូរខាត ១០០ដុល្លារ ខាត១០ដុល្លារ។ កន្លែងខ្លះខាតប៉ុន្មានខ្ញុំមិនដឹង តែខាតគួរសម ខាត ១%ឬមួយអី តែវាបង្កើតបញ្ហា។
(២១) ហេតុការណ៍បន្តិចបន្តួច មិនបានដោះស្រាយធ្វើឱ្យស្ទះការងារធំ នឹងនាំដល់ការសរសេរមិនល្អពីកម្ពុជា
បន្តិចៗហ្នឹងធ្វើឱ្យវាខ្ទាស់អារម្មណ៍ព្រោះ ទេសចរគឺទាក់ទងបដិសណ្ឋារកិច្ច។ បដិសណ្ឋារកិច្ចតាំងពីចុះពីលើយន្តហោះរហូតដល់ឡើងយន្តហោះឡើងទៅវិញរលូន នេះហើយហៅថាវិស័យទេសចរ វិស័យបដិសណ្ឋារកិច្ច។ បើលុយខ្ទេចខ្លាំង បើលុយក្លែងក្លាយ ហ្នឹងអ្នកណាក៏មិនយកដែរ មិនស្រួលចាប់ទៀតព្រោះអ្នកឯងប្រព្រឹត្ត(បទល្មើស) ប៉ុន្តែលុយនេះ លុយដុល្លារគ្រាន់តែដាច់ចុងបន្តិចៗ។ ខ្ញុំសូមឱ្យលោកជំទាវធ្វើការបន្ទាន់ជាមួយហ្នឹងធនាគាររបស់យើង សុំយោគយល់រឿងហ្នឹង។ នៅភ្នំពេញគេយកច្រើនទេតើ។ ហេតុអីនៅសៀមរាបមិនយក។ ត្រូវបន្ធូរត្រង់ហ្នឹង។ បងប្អូនគាត់ស្រែក គាត់សុំ។ ខ្ញុំថាជួយដោះស្រាយបន្តិចៗហ្នឹងហើយបានច្រើន។ ជួនកាលបន្តិចៗ ហ្នឹងហើយធ្វើឱ្យស្ទះការងារធំ។ បន្តិចៗហ្នឹងដែលចេញទៅទេសចរចាប់ផ្ដើមសរសេរអាក្រក់អំពីកម្ពុជា នៅក្នុងផេករបស់គាត់។ យើងធ្វើល្អ ៩៩%(ល្អ) វាអន់តែបន្តិចហ្នឹង … រឿងនេះសូមធ្វើហើយរាយការណ៍ឱ្យខ្ញុំ។ បើសិនជាចាំបាច់ ធនាគារជាតិសម្របសម្រួលមិនទាន់ ចាំខ្ញុំចូលធ្វើផ្ទាល់តែម្ដង ជាមួយធនាគារឯកជនដើម្បីជួយជំរុញឱ្យដើរ។ ខ្ញុំមើលទៅថាមិនមានខាតអីទេ។ យើងបង្កើតយន្តការ ដាក់គោលការណ៍ឱ្យច្បាស់ទៅ។ ជួនកាលមន្ត្រីនៅធនាគារអត់ហ៊ានអនុវត្ត ព្រោះគោលការណ៍ពីលើអត់ច្បាស់ដូចនេះគាត់ដាក់តឹងលើសដើម។ គាត់ខ្លាចគេឱ្យសង។ ដល់អញ្ចឹងតែល្មមៗ(គាត់អត់យក)។ តែអញ្ចឹងវាបង្កើតរឿង។ ករណីខ្លះដែលខ្ញុំបានដឹង ទេសចរគាត់ទៅដកលុយពី ATM ធនាគារមួយ។ លុយដែលចេញពីធនាគារដល់យកទៅចាយគេអត់យក ហើយទើបហ្នឹងដកពី ATM។ អញ្ចឹងស្ដង់ដារការយល់នេះប្រហែលជាខុសគ្នា ត្រូវធ្វើឱ្យច្បាស់ …។
(២២) ឆ្នាំទី១ ត្រូវទៅក្រៅប្រទេស ទទួលបដិសណ្ឋារកិច្ច ប្រកាសគោលនយោបាយ ចុះតាមក្រសួង
ក្រៅពីរឿងហ្នឹង មានសំណួរថាតើរឿងវិស័យទេសចរណ៍សៀមរាបនេះយ៉ាងម៉េច? ខ្ញុំអត់ខម្មិនទេ។ អ្នកខ្លះថាអញ្ចេះអញ្ចុះ អសមត្ថភាពស្អីៗ ក្រសួងអញ្ចេះ រដ្ឋាភិបាលអីអញ្ចុះ។ អ្នកណាថាអី្វជាទស្សន និងការព្រួយបារម្ភរបស់គាត់ … សំខាន់ក្រសួងបញ្ចេញព័ត៌មានឱ្យបានច្បាស់ ឱ្យបានយល់ដូចខ្ញុំនិយាយអម្បាញ់មិញអញ្ចឹង។ មិនមែននិយាយដើម្បីរកលេសដោះខ្លួនទេ តែជាការត្រូវទទួលស្គាល់ ហើយយើងក៏កុំរវល់តែរឿងចោទថារឿងនេះ អ្នកនេះ/នោះខុសអញ្ចេះអញ្ចុះ ត្រូវទទួលស្គាល់មើលថាតើការពិតវាយ៉ាងណា។ ជូនក្រុមចុះមកឆែកមើលទិន្នន័យ ហើយពេលខ្លះដូចខ្ញុំលួចចុះមកខ្លួនឯងអញ្ចឹង។ តែខ្ញុំមិនអាចធ្វើរហូតទេ … ខ្ញុំសូមប្រាប់ថាក្នុងមួយឆ្នាំដំបូងនេះ ខ្ញុំពាក់ក្រវ៉ាត់កច្រើនណាស់។ ខ្ញុំនេះមិនចូលចិត្តក្រវ៉ាត់កប៉ុន្មានទេ។ តែឆ្នាំទីមួយខ្ញុំចំណាយពេលច្រើននៅរដ្ឋបាលលើ ដោយសារត្រូវចេញទៅក្រៅប្រទេស ត្រូវទទួលបដិសណ្ឋារកិច្ច ត្រូវប្រកាសដាក់គោលនយោបាយ ត្រូវចុះទៅតាមក្រសួងដើម្បីឱ្យស្គាល់។ បានគេសួរខ្ញុំថាម៉េចបានចុះបូកសរុបនៅតាមក្រសួងច្រើនម្ល៉េះ មិនចែកជូនឧបនាយករដ្ឋមន្ត្រី? ខ្ញុំថាឆ្នាំទីមួយខ្ញុំធ្វើ តែឆ្នាំទីពីរទៅខ្ញុំអត់ចុះទេ។ ខ្ញុំចុះតែក្រសួងស្ថាប័នសំខាន់ៗទេ។ ក្រៅពីហ្នឹងគឺឧបនាយករដ្ឋមន្ត្រី។ តែឆ្នាំទីមួយត្រូវតែចុះ សុំចិត្តហត់បន្តិចដើម្បីឱ្យបានមន្ត្រីជួបផ្ទាល់ យល់ពីទស្សនៈ …។
(២៣) ឆ្នាំទីពីរចុះត្រួតពិនិត្យការអនុវត្តគោលនយោបាយ
តែពីឆ្នាំទីពីរទៅ គឺជាឆ្នាំដែលចុះតាមដានត្រួតពិនិត្យនូវការដាក់ចេញគោលនយោបាយឆ្នាំទីមួយ។ បើខ្ញុំប្រកាសការអនុវត្តគោលនយោបាយរៀបចំទារកដ្ឋាន ក្រសួងត្រូវប្រាប់ខ្ញុំ ហើយខ្ញុំនឹងចុះទៅមើលថារៀបចំបានល្អយ៉ាងម៉េច។ ខ្ញុំដាក់គោលនយោបាយពង្រឹងមណ្ឌលសុខភាព ខ្ញុំដាក់ពង្រាយថវិកាឱ្យហើយរាប់សិបលានដុល្លារ។ ប្រាប់ខ្ញុំថាជំហានមួយនេះធ្វើប៉ុន្មានមណ្ឌលសុខភាព ខ្ញុំនឹងចុះទៅឆែកមើល។ សូមជូនទៅឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកវិស័យអាទិភាព ខ្ញុំចុះទៅហើយ។ ខ្ញុំយកលេសហ្នឹងដើម្បីសុំច្បាប់ប្រពន្ធបានចុះមូលដ្ឋាន។ បងប្អូននៅតាមមូលដ្ឋាន តាមខេត្ត ស្រុកអី ខ្ញុំកាន់សរុប អញ្ចឹងមានតែចុះមើលតាមកម្មវិធី។ ប្រឡងដូចគ្នា។ បន្តិចទៀតខ្ញុំនឹងហៅទាំងអ្នកដឹកនាំប្រឡង ទាំងអ្នកដែលប្រលងជាប់ស្អីៗ មកជួបគ្នាបន្តិច។ ចង់ស្ដាប់។ បន្តិចទៀតត្រូវចុះតាមបឋមសិក្សាមួយចំនួនដែលយើងអនុវត្តដើម្បីពង្រឹងវិស័យអប់រំ ចាប់ផ្ដើមពីសាលាបឋមសិក្សា។ ឥឡូវ យើងមាន ៤២សាលាគំរូ នៅក្នុងកម្មវិធីនេះ បូកជាមួយសាលា ១០០ជាងរបស់ក្រសួងអប់រំ។ ខ្ញុំនឹងចុះទៅជួបផ្ទាល់។ ចុះទៅខ្ញុំអត់ប្រាប់មុនទេ។ កន្លែងខ្លះខ្ញុំស៊ីញ៉ូដែរ តែស៊ីញ៉ូប្រហែល ១០នាទីមុន ហើយឯកឧត្តម(រដ្ឋមន្ត្រី)ឡើងឡានជាមួយខ្ញុំទៅ។
មិនមែនថាចាប់កំហុសចាប់អីទេ តែខ្ញុំចង់សួរថាជាក់ស្ដែង ព្រោះកាលពីខ្ញុំនៅកងទ័ពខ្ញុំធ្វើតែអញ្ចឹង។ ឯកឧត្តម ខេង សុមេធ ស្គាល់ហើយ។ ពេលខ្លះឡើងទៅដល់ចាក់ច្រែង ឡើងទៅដល់តាស៊ឹម អត់ដឹងទេ។ ទម្រាំតែខ្ញុំដើរមួយម៉ោងចុះមកវិញ បានមេបញ្ជាការរត់មកជួបខ្ញុំនៅជណ្ដើរ។ ពេលខ្លះអត់ព្រៀងទុក។ បើខ្ញុំព្រៀងទុកក៏ខ្ញុំអត់ប្រាប់គាត់ដែរ។ អញ្ចឹងវាស្មើអត់ព្រៀងសម្រាប់គាត់ … ប៉ុន្មានខែនេះមានការព្យាយាមធ្វើឃាតថ្នាក់ដឹកនាំអាមេរិក និងនៅប្រទេសមួយចំនួន។ ប៉ុន្តែខ្ញុំទៅ សុំមិនបាច់(រៀបចំការពារច្រើនទេ) ព្រោះក្បួនសន្តិសុខ បើគេអត់ដឹងមុនស្រួលការពារជាង។ បើប្រាប់តែ ២ម៉ោងមុន គេយកកាំភ្លើងមកអង្គុយចាំ … ខ្ញុំនឹងចុះ។ ក្នុងឱកាសនេះសុំច្បាប់ប្រពន្ធឱ្យហើយ។ បើខ្ញុំចុះតាមខេត្តច្រើន សុំកុំថាឲ្យខ្ញុំ។ បើខ្ញុំចុះ អត់មានគេរៀបចំសន្តិសុខ អត់ប្រាប់ឯកឧត្ដម យូ ស៊ុនឡុង ថាម៉េចទៅលួចលាក់ហ្នឹង? អត់ទេ រឿងតែប៉ុណ្ណឹង …។
(២៤) គួរធ្វើអ្វីដើម្បីបង្កើនសក្ដានុពលនៅរដូវ High Season និងរដូវ Low Season
ចុះអញ្ចឹង ដើម្បីក្ដាប់បានស្ថានភាពជាក់ស្តែង។ ឥឡូវក្ដាប់បានហើយ រឿងអី? យើងត្រូវទទួលស្គាល់ វិស័យទេសចរណ៍ ទោះបីជាមុនកូវីដ-១៩ ក៏មិនទាន់ដល់សក្ដានុពលដែលយើងចង់បាននោះទេ។ យើងទើបនឹងបានជាង ៧លាននាក់ ហើយទិសដៅយើងចង់បាន ១១លាននាក់។ ជាអកុសល កូវីដ-១៩បានផ្ទុះ។ ឥឡូវយើងថយក្រោយ។ ត្រូវដើរទៅមុខវិញ។ យើងត្រូវដាក់ទិសដៅបន្ត។ ជាក់ស្ដែងវាមាន high មាន low មានស្អីៗ អញ្ចឹងយើងត្រូវធ្វើម៉េច? មើលខ្លួនយើងសិន។ តើយើងត្រូវធ្វើអីទៀត ដើម្បីពង្រឹងទាញយកផលទាំងអស់ហ្នឹង។ ដូចខ្ញុំនិយាយរឿងទឹកអញ្ចឹង។ យើងមិនអាចទៅបង្ខំមេឃឲ្យភ្លៀងរដូវប្រាំងទេ តែយើងអាចធ្វើអាងទឹក។ យើងធ្វើអាងទឹកធំប៉ុន្មានឯណោះ។ ខ្ញុំចុះទៅមើលតាមខេត្ត អាចដាក់បានរាប់លានគូបសម្រាប់ស្តុក។ យើងធ្វើប្រព័ន្ធប្រឡាយពេលរដូវប្រាំង។ ទេសចរណ៍ដូចគ្នា។ យើងត្រូវគិតថាធ្វើអ្វីខ្លះដើម្បីបង្កើនសក្ដានុពលរដូវ High Season អ្វីខ្លះដែលនៅក្នុងរដូវ Low Season បើទោះជាមិនបានខ្ពស់ក៏ដោយ ក៏ត្រូវមានសកម្មភាពមួយចំនួនដើម្បីចិញ្ចឹមចលនា។ តើការដាក់ចេញការអនុគ្រោះខាងវិស័យឯកជន យើងអាច discount អីខ្លះ? ឧទាហរណ៍ សំបុត្រចូលទស្សនាអង្គរ តើយើងអាច discount បានទេពេលហ្នឹង ដើម្បីទាក់ទាញដាក់ចូល package តែម្ដង។ បើខែ High យើង high ចុះ។ នៅសិង្ហបុរី បើសិនជាមានកម្មវិធី ឬមួយបុណ្យទានរបស់ឬ(ការប្រកួត)ប្រណាំងឡានអី រដ្ឋគាត់ចេញគោលការណ៍ឲ្យអូតែលដំឡើងថ្លៃ ២០-៣០% ស្វ័យប្រវត្តិ …។
(២៥) ផ្ដោតលើការពិត ដាក់ចេញវិធានការ ដោះស្រាយជាវិញ្ញាសា កុំមើលថាជាបញ្ហា
វាមានឡើងមានចុះ។ ផលិតផលអី? ទីផ្សារណា? ឧទាហរណ៍ នៅខាងអឺរ៉ុប ខែត្រជាក់ ខែ១២ តែនៅអូស្រ្តាលីខែក្ដៅវិញ។ ស្រាប់តែខែក្ដៅនៅអឺរ៉ុប ទៅអូស្រ្តាលីធ្លាក់ទឹកកក។ អញ្ចឹង យើងអាចរកវិធីភ្ជាប់យ៉ាងម៉េចបានឬទេ? នេះគឺជាសំណួរដែលយើងត្រូវសួរ។ មិនមែនសំណួរថាអ្នកនេះថាអញ្ចេះ អ្នកនោះថាអញ្ចុះនោះទេ។ ឲ្យគេថាៗ ទៅ។ សំខាន់យើងផ្ដោតតើការពិតយ៉ាងណា ដាក់ចេញវិធានការដើម្បីដោះស្រាយអាហ្នឹង ទៅថ្ងៃមុខ កុំឲ្យគេថាទៀត។ នេះជាបញ្ហាដែលយើងត្រូវដោះ។ ជាវិញ្ញាសា។ ខ្ញុំមើលបញ្ហាជាវិញ្ញាសា កុំមើលវាជាបញ្ហា។ ស្អីក៏ដោយសុទ្ធតែជាវិទ្យាសាស្រ្ត ដូចយើងរៀនគណិតវិទ្យាអញ្ចឹង។ មានអាលំបាក មានអាអត់លំបាក។ វិញ្ញាសាបានយើងរកវិធីដោះ បើយើងនិយាយជាបញ្ហា យើងចប់ បានន័យថា យើងសឹងតែបាក់ទឹកចិត្តទៅហើយ។ អញ្ចឹងគ្រប់បញ្ហាប្រឈមជាវិញ្ញាសាសម្រាប់យើងដោះ។
(២៦) នេះជាពេលវេលារួមគ្នាធ្វើ លើកទឹកចិត្តគ្នា និងមិនមែនមានបញ្ហាក៏តាំងជាន់គ្នាទេ
នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលក្នុងរយៈពេល១០ខែជាង។ ក្រសួង/ស្ថាប័នភាគច្រើនខិតខំ ទោះបីជារដ្ឋមន្រ្តីជាច្រើនសុទ្ធតែថ្មីៗក៏ដោយ ប៉ុន្តែគាត់ខិតខំ។ រដ្ឋមន្រ្តីទេសចរណ៍ បានខិតខំណាស់។ បើមើលសមិទ្ធផល ពិតណាស់យើងផ្ដោតតែមួយជ្រុង តែបើមើលអោយបានសព្វជ្រុងជ្រោយ សួរថាវត្តមាន សៅលីង ហ្នឹង អ្នកណាអ្នកយកមក? Gumball(3000) ស្អីៗ ផ្សេងៗ បង្កើតកម្មវិធីអីផ្សេងៗ បុណ្យទន្លេ បុណ្យអីផ្សេងៗ។ ជារដ្ឋមន្រ្តីថ្មីផង ធ្វើបានប៉ុណ្ណេះ។ យើងគួរតែមានមោទនភាពទៅ។ ខ្ញុំមិនមែននិយាយកាន់ជើងដោយងងឹតងងុលនោះទេ។ ខ្ញុំទទួលស្គាល់ ហើយខ្ញុំទទួលខុសត្រូវរដ្ឋាភិបាលថា ដោះស្រាយមិនទាន់បានគ្រប់អ្វីដែលបងប្អូនចង់បានក្នុងពេលតែមួយ។ តែយើងខិតខំ។ ក្នុងរយៈពេលជាង ១០ខែនេះ យើងបានជំរុញច្រើនវិស័យហើយ រួមទាំងវិស័យទេសចរណ៍។ ទោះបីជាទេសចរណ៍នៅទីនេះមិនបានច្រើនទៅដល់ ៥-៦ពាន់ រហូតក៏ដោយ តែក៏មិនមែនសូន្យដែរ។ បានកើន ៣៦% ឆ្នាំនេះ … យើងត្រូវរួមគ្នា មិនមែនម៉ោងចង្អុលដាក់គ្នាទេ។ ម៉ោងដែល(ត្រូវ)ជាធ្លុងមួយ។ ខ្ញុំប្រជុំរដ្ឋាភិបាលថ្ងៃមុន ខ្ញុំប្រាប់ថាត្រូវគិតជាក្រុម។ បើគេវាយប្រហារក្រសួង/ស្ថាប័នណា គឺស្មើវាយប្រហារយើងទាំងអស់ ត្រូវរួមគ្នាដើម្បីបង្កើនសមិទ្ធផលដើម្បីជួយប្រជាពលរដ្ឋ ដើម្បីបង្កើននូវសក្ដានុពលជូនប្រជាពលរដ្ឋយើង។ នេះជាគោលដៅដែលត្រូវធ្វើរួមគ្នា។ មិនមែនមានបញ្ហា នាំគ្នាជាន់គ្នាទេ។ ត្រូវលើកទឹកចិត្ត។ អ្វីដែលគាត់ធ្វើនេះ គឺដើម្បីបានផលជូនប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគាត់មិនទាន់ថា ឥឡូវពេញចិត្តតាមអ្វីដែលគាត់ចង់បាន ដូចនេះយើងត្រូវយកជាវិញ្ញាសាសម្រាប់ឆ្នាំក្រោយធ្វើឲ្យបានប្រសើរជាងនេះ …។
(២៧) រដ្ឋមន្រ្តីទេសចរណ៍កំពុងចរចាសហប្រតិបត្តិការបើកច្រក
ម្សិលមិញ រដ្ឋមន្រ្តីទេសចរណ៍នៅថៃដើម្បីចរចាជាមួយថៃ រៀបចំការសហប្រតិបត្តិការបើកច្រកមួយ។ គាត់អត់នៅទីនេះថ្ងៃនេះ ដោយសារនៅចរចាយប់មិញ ម៉ោងប្រហែលជា ២ភ្លឺ ៣ភ្លឺ នៅឆ្លើយឆ្លងជាមួយខ្ញុំថាតើដាក់ statement ដូចម្តេច? ល្ងាចមិញ ខ្ញុំទៅជួបបងប្អូនសប្បាយ។ មកវិញគេងមិនលក់ទាល់តែម៉ោង ៤ … មានតាមួយនៅក្រៅប្រទេស មួយថ្ងៃៗធាក់តែកង់ ហើយជេរតែក្មេង (ឯគាត់វិញ)ចេះគ្រប់។ ខ្ញុំមិនចង់តប តែខ្ញុំត្រូវការពារមន្រ្តីរបស់ខ្ញុំ។ គ្នាក្មេង ទើបតែ១០ខែ ចូលមកកាន់ការងារទូទាំងប្រទេស ខំធ្វើបានប៉ុណ្ណេះ ហើយតាធាក់កង់នៅនោះគិតតែជេរ។ (មិនដឹង)ចំណាប់ស្អី បើកតែហាងមួយហ្នឹងឃើញតែរអ៊ូរ … និយាយម្ដងណាក៏ស្រឡាញ់ណាស់លោកក្មួយ ហ៊ុន ម៉ាណែត តែជេររហូត។ ហ៊ុន ម៉ាណែត បរាជ័យ អញ្ចេះអញ្ចុះ … មានឈ្មោះដូចគ្នា ២នាក់ ពូកែដូចគ្នា។ ចេះដូចគ្នា។ មួយនៅអឺរ៉ុប រាងក្មេងបន្តិច ចេះគ្រប់មុខ មួយទៀតរាងចាស់នៅអាមេរិក។ បើ ២ហ្នឹងជល់គ្នាមិនដឹងល្អយ៉ាងណា ព្រោះចេះគ្រប់ទាំងអស់ … មន្រ្តីមួយស្រុកខ្មែរមិនមាននរណាចេះដូចទេ។
(២៨) ក្រុមប្រឹក្សាភិបាលរកទីផ្សារ និងផ្សព្វផ្សាយ ផ្គុំកម្លាំងទាញភ្ញៀវទាំងរដូវភ្ញៀវច្រើនទាំងរដូវភ្ញៀវថយក្នុងឆ្នាំ ២០២៤/២០២៥
នេះជាតថភាពជាក់ស្ដែង។ យើងហ៊ានទទួលខុសត្រូវ … កាលពីថ្ងៃទី១០ ខែ៧នេះ ខ្ញុំប្រជុំ ៥ម៉ោងកន្លះជាមួយវិស័យឯកជន។ យើងទើបនឹងបង្កើតយន្តការថ្មីមួយហៅថា ក្រុមប្រឹក្សាភិបាលរកទីផ្សារ និងផ្សព្វផ្សាយកម្ពុជា ដើម្បីយកយន្តការនេះធ្វើការ។ ខ្ញុំបានដាក់ទិសដៅឲ្យច្បាស់ថា ធ្វើម៉េច High season ២០២៤ និងឆ្នាំ២០២៥ ពេញមួយឆ្នាំ ទាំង low និង high ត្រូវរៀបចំផែនការផ្គុំកម្លាំងទាញឲ្យបានច្រើន ហើយដាក់ទិសដៅទៅសៀមរាប ព្រោះទាញបានមកសៀមរាប គឺទាញមកស្រុកខ្មែរទាំងមូល។ នេះគឺជាអ្វីដែលយើងត្រូវធ្វើ។ ដាក់ទិសដៅជាក់ស្ដែងតែម្ដង ធ្វើបានតិចឬច្រើនជារឿងមួយ ព្រោះយើងទទួលស្គាល់ថា អ្វីដែលយើងមានមិនទាន់គ្រប់។ បងប្អូនគាត់លើក គាត់វាយប្រហារអី គាត់បារម្ភពីរឿងសេដ្ឋកិច្ច គាត់វាយប្រហារ ប្រៀបធៀបជារឿងរបស់គាត់ តែយើងត្រូវមើលស្ថានភាពជាក់ស្ដែង ត្រូវពិនិត្យមើលអ្វីដែលយើងអាចធ្វើបាន និងទាញសក្ដានុពលបន្ថែមទៀត។ យើងអត់ដេកចាំទឹកភ្លៀងទេ ត្រូវចេះធ្វើអាងស្តុកទឹក ត្រូវជីកស្រះ ត្រូវជីកអណ្ដូងបើខ្វះទឹក។ ខំប្រឹងរកតាមតែអាចទៅបាន កន្លែងណាធ្វើបានគឺធ្វើ។
(២៩) រៀបចំប្រព័ន្ធ e-arrival បង់ថ្លៃទិដ្ឋាការតាមអនឡាញ លុបគោលការណ៍ទេសចរត្រូវសំរាកមួយយប់ និងកាត់បន្ថយ royalty fee សំរាប់យន្តហោះ
ប្រជុំថ្ងៃនោះ ខ្ញុំបានឲ្យគោលការណ៍ច្រើន។ ទី១ ការរៀបចំប្រព័ន្ធ E-Arrival របស់អគ្គអន្តោប្រវេសន៍ … ព្រោះអន្តោប្រវេសន៍បានធ្វើប្រព័ន្ធមួយ។ កាលមុន មុននឹងយន្តហោះចុះត្រូវបំពេញ form ជាក្រដាស មក(តម្រង់ជួរ)តកន្ទុយ។ ឥឡូវគាត់ធ្វើតាមអនឡាញ។ អញ្ចឹងបំពេញ E-VISA ហើយមុននឹង Arrival ហ្នឹង គេបំពេញទម្រង់របស់អន្តោប្រវេសន៍។ សួរក្នុងពេលប្រជុំទៅថា មាន ៣ មានគយ និងសុខាភិបាល(ផង) ហើយមិនទាន់ផ្គុំគ្នា។ អញ្ចឹងបានចុះមក(តម្រង់ជួរវែង)។ ខ្ញុំថា ឲ្យមួយខែធ្វើឲ្យចេញ ផ្គុំទាំងសុខាភិបាល អន្តោប្រវេសន៍ ទាំងគយជាមួយគ្នា ជាទម្រង់មួយដាក់មកតែមួយ ហើយតាមអ៊ិនធើណេតតែម្ដង។
ទី២ រឿងបង់លុយថាបំពេញតាមអ៊ិនធើណេតហើយ … ឥឡូវបច្ចេកទេសធ្វើបាន។ អនុញ្ញាតឲ្យបង់តាមអនឡាញ។ អញ្ចឹងពេលដែលគាត់ដាក់ VISA អី បង់ទៅ ដូចទៅអាមេរិកអី បង់តាមហ្នឹង។ ដល់ពេលចុះមក មិនបាច់ទៅបន្តកន្ទុយបង់លុយអីទៀតទេ វាយតែត្រាផាំង ចេញមកតែម្ដង។ ធ្វើម៉េចសម្រួលរឿងហ្នឹងមុនគេ ព្រោះមកដល់ដំបូង គឺសម្រួលបដិសណ្ឋារកិច្ចនៅព្រលានហ្នឹងមុនគេឲ្យរលូន។ យើងមិនទាន់មានលុយទៅទិញ E-gate នោះ តែមិនចាំបាច់ទេ រៀបចំតែរបៀបរបបការងារយើងធ្វើ បច្ចេកទេសទាំងប៉ុន្មាន …។
ទី៣ ខ្ញុំឲ្យលុបគោលការណ៍មួយចំនួន ថ្ងៃមុនយើងមានតាំងពី១៩៩៨ នៅសល់អនុក្រឹត្យមួយដែលទាមទារថា ភ្ញៀវទេសចរមកត្រូវតែសម្រាកយ៉ាងហោចមួយយប់។ បើមិនអញ្ចឹងទេ ត្រូវបំពេញ form ច្របូកច្របល់។ អញ្ចឹងភ្ញៀវមួយចំនួនគាត់មិនមក។ ពេលខ្លះ មានរឿងទៀត។ តែរឿងនេះពេលដែលយើងដាក់ពីឆ្នាំ១៩៩៨។ គេមានហេតុផលរបស់គេ។ កាលនោះយើងមិនសូវមាន ហើយ royalty (fee) យន្តហោះហ្នឹង។ អញ្ចឹងខ្ញុំឲ្យលុបព្រោះ ៣០ឆ្នាំហើយ វាមិនត្រូវទៀតទេ។ ភ្ញៀវចង់មកមួយល្ងាចក៏បានដែរ ឲ្យតែហូបគុយទាវមួយចានក៏បានដែរ។ អ្នកខ្លះមកពីអឺរ៉ុប។ ចង់ថាមុននឹងទៅវិញចូលបន្តិច។ អត់បញ្ហា។ ឥឡូវ low cost airline ជិះមកព្រឹក ចេញទៅវិញល្ងាច។ គេមកប្រជុំនៅសិង្ហបុរី គេសល់មួយថ្ងៃមិនដឹងទៅណា គេឡើងព្រឹកមកស្រុកខ្មែរ ដើរលេងសៀមរាប ល្ងាចគេឡើងទៅវិញទៅស្រុកគេវិញ។ ខ្ញុំឲ្យលុបចោលនូវអនុក្រឹត្យនេះធ្វើនិរាករណ៍ចោល … ព្រោះ៣០ឆ្នាំមកហើយ វាលែងត្រូវ អត់ឆ្លើយតបទេ។ ខ្ញុំថា កុំរើស កុំប្រកាន់។
យើងចង់ធ្វើអោយមានច្រកមកផ្ទាល់ យើងចរចាបើកច្រកជាមួយឥណ្ឌា ហោះទៅហោះមក តែយើងក៏ត្រូវយកច្រកពីតំបន់ផ្សេងដែរ។ ម្សិលម្ង៉ៃ ជួបទូតហ្វីលីពីន ខ្ញុំថាឲ្យបើច្រក Cebu ដែលជាកោះទេសចរណ៍របស់គាត់ភ្ជាប់មកសៀមរាបមក។ បើកពី Langkawi នៅម៉ាឡេស៊ី ភ្ជាប់មក កុំចាំបាច់តែមកពី Kuala Lumpur។ ភ្ជាប់ពី Jeju Island កោះទេសចរណ៍របស់កូរ៉េមក។ យើងកំពុងចរចារបន្ថែមឲ្យបានច្រើន។ Phuket ពីថៃ តហ្នឹងហោះមក យើងចរចាដើម្បីបើកច្រកបន្ថែមទៀត កុំឲ្យថាទាល់តែហោះទៅភ្នំពេញហើយទើបហោះមក យើងបើកជើងមេឃហើយ។ អញ្ចឹងយើងដាក់គោលដៅបែបនេះ។
ទី៤ កាត់បន្ថយចំណាយដល់យន្តហោះ។ កាលមុន ហោះមក យើងមាន royalty fee (ខ្មែរថា) សួយសារ។ អញ្ចឹងខ្ញុំឲ្យកាត់ពាក់កណ្ដាល ហើយនៅសល់ប៉ុន្មានយើងមើល។ បើយន្តហោះណាដឹកបានភ្ញៀវលើសពី៨០% ឲ្យយ៉ាងម៉េច? ទម្លាក់ទៀត? ឲ្យកាន់តែទាបឲ្យគាត់ទៀត។ ឧទាហរណ៍ថា Low season ឬយន្តហោះថ្មីមក យើងជួយគាត់យ៉ាងម៉េចដើម្បីឲ្យតម្លៃគាត់ចុះចតថោក។ តម្លៃចុះចតថោក ត្រឡប់ទៅវិញតម្លៃសំបុត្រវានឹងថោក វាភ្ជាប់គ្នាអញ្ចឹង … រដ្ឋសុខចិត្តខាតចំណូលមួយចំនួន ដើម្បី(គេ)ចូលមកឲ្យបាន។
(៣០) ចរចាអោយក្រុមហ៊ុនមិនយកថ្លៃផ្លូវចូលព្រលាន មិនយកប្រាក់សំរាប់ការចូលដាក់ភ្ញៀវ
យើងពិនិត្យមើល លើកមុនសូម្បីតែទៅព្រលាន ឲ្យធ្វើយ៉ាងណាដើម្បីសម្រួលពេលវេលា និងតម្លៃធ្វើដំណើរ ព្រោះឥឡូវរាងឆ្ងាយ។ យើងកំពុងចរចាធ្វើរទេះភ្លើងល្បឿនលឿន ហើយយើងកំពុងពង្រីកផ្លូវ តែអាហ្នឹងវាយូរបន្តិច។ ចំពោះមុខ តើយើងដោះស្រាយយ៉ាងម៉េចសម្រាប់តម្លៃ? ឡានក្រុងមានតែពេលវេលារាងរង្វើល ហើយយើងមានតាក់ស៊ីតែវានៅរាងឆ្ងាយបន្តិច។ យើងអត់ជម្រើស។ មិនអាចធ្វើព្រលានធំហ្នឹងនៅកៀកអង្គរនោះទេ។ គ្រាន់តែព្រលានតូច រង្គើប៉ុណ្ណេះ ទម្រាំតែដាក់អាធំទៀត មិនបានទេ។ អញ្ចឹង យើងយកទៅឆ្ងាយ។ បន្តិចទៀតតំបន់នោះនឹងរីក។ តែពេលចំពោះមុខតើយើងត្រូវធ្វើអី?
កន្លងទៅ យើងបានចរចាសម្រាប់ប្រជាពលរដ្ឋអ្នករត់ PassApp អ្នករត់ tuktuk អ្នករត់ម៉ូតូកង់ ៣ taxi។ តាមពិតផ្លូវដែលក្រុមហ៊ុនគាត់វិនិយោគជាង ១០ គីឡូហ្នឹងពីព្រលានយន្តហោះមកផ្លូវជាតិលេខ៦ ចំណាយជាង ១០០ លានដុល្លារ តាមពិតគេត្រូវ Bot បានន័យថាត្រូវដាក់យកលុយ។ ប៉ុន្តែរដ្ឋយើងបានទៅចរចាដើម្បីធ្វើម៉េចកុំឲ្យក្រុមហ៊ុនគាត់យកលុយ ទោះបីជាគាត់ចំណាយ ១០០ លានទិញដីពីប្រជាជនធ្វើក៏ដោយ។ ជា Bot តែយើងសុំឲ្យគាត់ដកទៅវិញ។ អញ្ចឹងបានយើងជិះ free ពីផ្លូវជាតិលេខ ៦ ទៅ free តាមពិតគោលការណ៍ Bot តែរដ្ឋយើងសុំកុំឲ្យលំបាកប្រជាពលរដ្ឋ នេះយើងកាត់ចំណាយមួយ។
មួយទៀត ពេលដែលបើកដំបូងអង្កាលហ្នឹងអ្នកឲ្យតែចូលទៅក្នុងគឺត្រូវបង់លុយ អញ្ចឹងខ្ញុំបានឲ្យឯកឧត្តម ស៊ុន ចាន់ថុល ចរចាជាមួយនឹងក្រុមហ៊ុនភ្លាមថាសុំពេលដែលគាត់ចូលទៅទម្លាក់ភ្ញៀវក្រោមប៉ុន្មាននាទីកុំឲ្យយកលុយ។ ឧទាហរណ៍ឡានតូចចូលទៅក្រោម ១៥ នាទី គេអត់យកលុយទេ។ ពីមុនឲ្យតែចូលចេញមកវិញយកលុយ។ អញ្ចឹងមានការលំបាក បង្កើនតម្លៃបន្ថែម។ យើងបានចរចាទម្លាក់ថ្លៃហ្នឹង។ ឡានតូច ១៥ នាទី ឡានធំដូច ៣០ នាទី។ អញ្ចឹងចូលទៅចតនៅក្នុង parking ហ្នឹងចាំយកភ្ញៀវចេញមកវិញឡាន bus ក្រោម ៣០ នាទីអត់បង់លុយ។ ឡានតូចក្រោម ១៥ នាទី ម៉ូតូកង់ ៣ អីហ្នឹងអត់ទេ។ អញ្ចឹងយើងជួយសម្រាលគ្រប់ប្រភេទទាំងយន្តហោះ ទាំងអ្នកធ្វើដំណើរទាំងបងប្អូនរបស់យើង។ តែសួរថាគ្រប់ឬនៅ មិនទាន់គ្រប់ទេ? យើងរកវិធីដោះទៀតឲ្យកាន់តែចុះទៀតនេះហើយគេថាវឌ្ឍនភាព។ យើងមិនអាចធ្វើម្តងដូចស្រុកគេ ប៉ុន្តែយើងឈានទិសដៅទៅនោះ។ យើងមិនអាចជប់មួយថ្ងៃចេញព្រលានយន្តហោះកម្រិតនេះទេ។ នេះជាមោទនភាពហើយ ដែលយើងមានព្រលានយន្តហោះកម្រិតអន្តរជាតិនៅទឹកដីអង្គរ។
(៣១) មិនយកអ្វីដែលមន្រ្តីឬអ្នកជំនាញស្រាវជ្រាវពី internet មកវិភាគទេ គឺប្រមូលពីទិន្នន័យលើដី
ឆ្នាំក្រោយយើងមាន(ព្រលានធំអន្តរជាតិ)នៅភ្នំពេញ។ ជាសមិទ្ធផលប្រវត្តិសាស្រ្ត។ រឿងការលំបាករយៈពេលខ្លី ក្នុងនាមយើងជាប្រជាពលរដ្ឋ ក្នុងនាមរាជរដ្ឋាភិបាលត្រូវមើលឲ្យវែងជាងហ្នឹង។ មើលស្អីដែលជាបញ្ហាពិតប្រាកដ ស្អីដែលជាការលើកមតិ ដែលមានទស្សនៈតាមអារម្មណ៍។ យើងយកអ្វីជាមូលដ្ឋានពិតប្រាកដ មិនមែនយកពីអ្វីដែលមន្រ្តីឬមួយក៏អ្នកជំនាញអង្គុយគិត ស្រាវជ្រាវតាម internet ទេ គឺប្រមូលពីទិន្នន័យលើដី។ អ្នកស្រាវជ្រាវចុះស្រាវជ្រាវពីប្រជាជនពីអីផ្ទាល់យកមកធ្វើការវិភាគ យកទិន្នន័យពិតប្រាកដពីអ្នកចូលមកប៉ុន្មាននាក់ពីយន្តហោះ ឲ្យដឹងពិតប្រាកដកុំសន្និដ្ឋាន … ខ្ញុំឲ្យសួរបងប្អូនគាត់លក់មួយកន្លែងនោះថាភ្ញៀវតិចឬច្រើន គាត់ថាតិចជាងមុន ប៉ុន្តែពេលជាមួយគ្នាទៅសួរ guide ថាមនុស្សច្រើនជាងមុន។ ជួនកាលភ្ញៀវមកច្រើន តែមិនបានទៅទិញទំនិញកន្លែងគាត់។ ប៉ុន្តែគេទៅអង្គរច្រើន។ អញ្ចឹង ២ហ្នឹងយើងយកទិន្នន័យមួយណា? យើងយកការគិតហើយបូកជាមួយនឹងទិន្នន័យចូលតាមច្រកតាមអីនេះ ប៉ុន្តែសំខាន់យើងត្រូវទទួលស្គាល់ថា យើងមានការងារច្រើនថែមទៀតដែលត្រូវដាក់។
(៣២) អភិរក្សតំបន់វប្បធម៌របស់ដូនតា អភិវឌ្ឍតំបន់មានសក្តានុពលខាងឧស្សាហកម្ម និងភស្តុភារកម្ម
ត្រូវធ្វើឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាបបានរស់រវើកកាន់តែខ្លាំង។ បើឲ្យតាមធម្មជាតិបាន ៧ យើងជំរុញបន្ថែមឲ្យបាន ១០ បាន ៩មើល។ អ្វីដែលយើងបង្កើតហើយដាក់គោលដៅ រដ្ឋបានចំណាយ គ្រោងចំណាយថវិកាមួយចំនួន បូកជាមួយនឹងការដាក់ចេញនូវគោលនយោបាយដែលខ្ញុំបានលើកអម្បាញ់មិញ។ បើនិយាយអត់អស់ទេ វាច្រើនពេក។ ខ្ញុំមិនទៅអានទេ ប៉ុន្តែយើងអន្តរាគមន៍ច្រើន ។ មួយទៀតខ្ញុំគ្រាន់តែបញ្ជាក់អញ្ចេះជូនអ្នកសៀមរាបថា យើងនិយាយវិស័យទេសចរណ៍ ប៉ុន្តែអ្នកសៀមរាបមិនមែនសក្តានុពលតែទេសចរណ៍ទេ។ ខ្ញុំកំពុងឲ្យគិតគូរនៅខាងមួយចំនៀជីក្រែង ដែលនៅជិតព្រលាន។ តំបន់ទេសចរណ៍យើងនៅខាងនេះមានទន្លេសាប មានបេតិកភណ្ឌ ប៉ុន្តែតំបន់ខាងនោះមានសក្តានុពលភ្ជាប់ជាមួយហ្នឹងយន្តហោះ អាចខាងឧស្សាហកម្ម ក្នុងកម្រិតណា។ ថ្ងៃមុនមានក្រុមហ៊ុនមួយចំនួនចង់ធ្វើរោងចក្រតម្លើងរថយន្ត … គោលដៅយើងថា អភិរក្ស និងអភិវឌ្ឍ។ អភិរក្សតំបន់ដូនតាវប្បធម៌ តំបន់ zone ប៉ុណ្ណា។ យើងខិតខំ កន្លែងណាឲ្យអភិវឌ្ឍក្នុងលក្ខណៈអភិរក្ស ហើយកន្លែងណាដែលត្រូវឲ្យលទ្ធភាពថ្មី។ ខេត្តសៀមរាបធំ អញ្ចឹងតំបន់ដែលមិនប៉ះពាល់ យើងគួររុញទៅលើប្រភេទផ្សេងដែលសក្តានុពល មានខាងឧស្សាហកម្ម និងភស្តុភារកម្ម។ គោលដៅធំគឺបង្កើតការងារ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋ។ បើខេត្តសៀមរាបមិនពឹងតែវិស័យទេសចរណ៍ យើងមានពិពិធកម្ម បើសិនជាមានរឿងដូចកូវីដ-១៩ នេះ គាំងទេសចរណ៍តែមួយចំហៀងទៀត នៅមានការងារនៅឡើយ ចិញ្ចឹមគ្នាទៅវិញទៅមក។ ទេសចរគាត់ជួយទៅដល់កសិកម្ម ជួយសិប្បកម្មមួយចំនួន ប៉ុន្តែឧស្សាហកម្មមួយចំនួនទៀត។
(៣៣) ក្រៅពីសក្តានុពលទេសចរណ៍ ជំរុញអភិវឌ្ឍន៍ឧស្សាហកម្មនិងភស្តុភារកម្ម បង្កើតការងារ បង្កើនចំណូល កាត់បន្ថយភាពក្រីក្រ ឲ្យអ្នកសៀមរាបភ្ជាប់ជាមួយអ្នកកំពង់ធំ
តែយើងមិនឲ្យមកកៀកតំបន់បេតិកភណ្ឌតំបន់ដែលត្រូវរក្សាប្រវត្តិសាស្រ្ត។ គ្រាន់តែជំរាបអ្នកសៀមរាបថាយើងមានសក្តានុពលធំខាងទេសចរណ៍ ប៉ុន្តែទៅមុខទៀតរាជរដ្ឋាភិបាលក៏កំពុងតែគិតពិចារណាកន្លែងណាដែលអាចជំរុញការអភិវឌ្ឍខាងឧស្សាហកម្មនិងភស្តុភារកម្មបាន ដើម្បីបង្កើតការងារ បង្កើនចំណូល កាត់បន្ថយភាពក្រីក្រឲ្យអ្នកសៀមរាបយើងបន្ថែមទៀត។ បង្កើតកន្លែងនោះមិនឲ្យតែអ្នកសៀមរាបទេ ឲ្យទាំងអ្នកកំពង់ធំទៀត។ ភ្ជាប់ជាមួយកំពង់ធំ។ យើងកំពុងតែជំរុញផែនការរៀបចំកសិឧស្សាហកម្ម រឿងស្វាយចន្ទី កៅស៊ូអីដើម្បីបង្កើតរោងចក្រទៅនោះ។ អញ្ចឹងឲ្យវាប្រទាក់ក្រឡាគ្នា។ យើងមិនអាចពឹងតែទេសចរណ៍មួយទេ។ បើយើងពឹងតែអ្វីមួយ មានបញ្ហាយើងដាច់ដង្ហើមធ្ងន់ណាស់។ អញ្ចឹងត្រូវចិញ្ចឹមគ្នាទៅវិញទៅមក។ សក្តានុពលនៅខេត្តសៀមរាបមាននៅខេត្តផ្សេងៗទៀត តែខ្ញុំនិយាយតែក្នុងក្របខណ្ឌខេត្តសៀមរាបទេ។ ពេលដែលយើងមានយន្តហោះនេះគឺវាអាចភ្ជាប់ជាមួយនឹងភស្តុភារកម្ម។ ថ្ងៃមុនក្រុមវិនិយោគពីសហរដ្ឋអាមេរិកមួយក្រុមមានក្រុមហ៊ុន DHL របស់អាមេរិក ខ្ញុំឲ្យគាត់ពិចារណាឲ្យគិតគូរព្រលានសៀមរាប ឬភ្នំពេញ រៀបចំភស្តុភារកម្មតំបន់ regional logistic សម្រាប់យកមក transit …។
(៣៤) ទន្ទឹមនឹងថែរក្សាកេរដំណែលដូនតា រកវិធីឲ្យកូនចៅជំនាន់ក្រោយកាន់តែរីកចម្រើន
រាជរដ្ឋាភិបាលអាណត្តិទី ៧ ដាក់ចេញទិសដៅអស់ទាំងហ្នឹង ហើយយើងបានរៀបចំការបណ្តុះបណ្តាលធនធានមនុស្សបណ្តើរៗ។ កន្លែងណាដែលយើងអាចដាក់ចេញបណ្តុះបណ្តាលបាន នេះគឺយើងធ្វើ។ ថ្ងៃនេះ ខេត្តសៀមរាបនិយាយពីការរៀបចំនូវសារៈមន្ទីរកេរ្តិ៍ដំណែលដូនតា ប៉ុន្តែទន្ទឹមនឹងនិយាយអំពីការថែរក្សាកេរ្តិ៍ដំណែលដូនតា យើងក៏កំពុងតែនិយាយរកវិធីណាដើម្បីឲ្យកូនចៅជំនាន់ក្រោយកាន់តែមានបាន រីកចម្រើនតទៅទៀត។ ដូនតាចង់បានណាស់។ គាត់មិនមែនចង់កសាងប្រទេស កសាងនៅកន្លែងនេះ ចង់ឲ្យ ១០០ ឆ្នាំ ១០០០ ឆ្នាំ នៅតែប៉ុណ្ណឹងទេ។ គាត់ចង់ឲ្យកូនចៅជំនាន់ក្រោយទំនើបកម្មតែកុំភ្លេចការពារនូវអ្វីដែលជាអត្តសញ្ញាណរបស់យើង។ អភិវឌ្ឍធ្វើ hotel ចុះ តែកុំធ្វើនៅជណ្តើរអង្គរ។ ខ្ញុំជឿថា ខ្ញុំមិនអាចនិយាយជំនួសបុព្វបុរសទេ ប៉ុន្តែខ្ញុំគិតថាអញ្ចឹង។ ខ្ញុំចង់ឃើញជំនាន់ចៅទួតខ្ញុំអភិវឌ្ឍជាងខ្ញុំ ១០០០ ដង។ បងប្អូនដូចគ្នាដែរ។ ជំនាន់កូនយើងចង់ឲ្យសម្បូរសប្បាយជាងយើង។ យើងមិនច្រណែនកូនយើងទេ។ ចង់ឲ្យជំនាន់កូនយើងកាន់តែទំនើប។ ជំនាន់យើងគ្រាន់បើជាងជំនាន់ឪពុកម្តាយយើងហើយ។ ម្នាក់ៗមានទូរស័ព្ទឆ្លាត smart phone។ ជំនាន់លោកតា លោកយាយ តើចៅស្រីពេលនោះ កូនស្រីពេលនោះបានប៉ុន្មានអ្នករៀនដល់ឧត្តមសិក្សា ឥឡូវប៉ុន្មាន? ហ្នឹងដែលជាការវិវត្តគ្រប់វិស័យទាំងអស់នៅទីនេះ យើងក៏ធ្វើដូចគ្នា អញ្ចឹងថ្ងៃនេះខ្ញុំនិយាយទៅលើចំណុចទាំងអស់នេះ។
(៣៥) សូមប្រើប្រាស់ social media ដោយការទទួលខុសត្រូវ
ខ្ញុំសូមអំពាវនាវអំពីការប្រើប្រាស់ប្រព័ន្ធ social media សូមប្រើប្រាស់ឲ្យមានការទទួលខុសត្រូវផង។ បើមិនអញ្ចឹងទេ ពុលពេញហ្នឹង … ព័ត៌មានក្លែងក្លាយចេញមកក្រឡុកពេញហ្នឹង។ ម្សិលមិញ ថ្ងៃ ១៧ កក្កដា នាយករដ្ឋមន្រ្តីអេស្ប៉ាញដែលថាជាប្រទេសប្រជាធិបតេយ្យចេញមកនិយាយថា បើគ្មានប្រព័ន្ធផ្សព្វផ្សាយមានគុណភាព គ្មានលទ្ធិប្រជាធិបតេយ្យទេ បើគ្មានប្រភពពត៌មានដែលអាចទុកចិត្តបាន មានភាពចម្រុះទេ ប្រជាពលរដ្ឋនឹងក្លាយជាមនុស្សខ្វាក់ភ្នែក។ បានន័យថាអត់ដឹងស្អីជាការពិត ស្តាប់ឮមិនដឹងស្អីជាស្អី។ គ្រាន់តែអាទិត្យមុនហ្នឹង ខ្ញុំទប់អាព័ត៌មានក្លែងក្លាយ ២ ទៅ ៣ … ខ្ញុំដាក់រឿងអីមួយ ស្រាប់តែមានម្នាក់ចូលមក comment សូមបងជួយមើលផងហេតុអីក៏គេហាមអ្នកលោតទីងមោងនៅស្រុកស្អាង? ខ្ញុំថាយី មន្រ្តីយើងទៅចេញស្អីអាហ្នឹង ប៉ះស្អីអាហ្នឹងរឿងមិនចាំបាច់។ ខ្ញុំសួរទៅខេត្តភ្លាម។ ខេត្តថាអត់មានអី។ ឯកឧត្តម គួច ចំរើន ថាអត់មានហាមទេ។ គ្រាន់តែធ្វើឲ្យមានសណ្តាប់ធ្នាប់កុំដើរពេញផ្លូវ ដើរស្រួលបួលប្រយ័ត្នគេបុក។ តែព័ត៌មានក្លែងក្លាយចេញមកចង់វិលក្បុង។ បើសិនជាឯកឧត្តម គួច ចំរើន ចេញមិនទាន់ មិនស្រួលផ្អើលពេញហ្វេសប៊ុក … ឲ្យតែមានរឿង រំខានប្រជាពលរដ្ឋ ទីមួយគាត់ភ័យ អ្នកណាមិនភ័យ អ្នកស្រុកស្អាងគាត់លោតទីងមោងតែរហូតហ្នឹង ឥឡូវទីងមោងច្នៃមិនត្រឹមមានតែយក្សទេ មានវណ្ណដាមានស្អីទៀត មិនស្រួលបន្តិចទៀតចេញរូបឯកឧត្តម គួច ចំរើន ទៀត។ ហ្នឹងប្រពៃណី វប្បធម៌ គេលោតទីងមោង គ្រាន់រក្សាសណ្តាប់ធ្នាប់ទៅ ហើយកុំឲ្យទីងមោងវាយគ្នាទៅបានហើយ សម្តែងដាក់គ្នាអួតគ្នាភូមិមួយៗ អ្នកណាធ្វើល្អបាន ប៉ុន្តែកុំឲ្យទីងមោងចាប់ផ្តើមល្បុក្កតោវាយពេញផ្លូវ កុំៗឲ្យសោះ។
(៣៦) អ្នកផ្សព្វផ្សាយបំពុលពីការប្រមូលគ្នាធ្វើបាតុកម្មប្រឆាំងករណីអាជីវកម្មតាក់ស៊ីរថយន្ត EV ថាបានព័ត៌មានពីបណ្តាញសង្គម VOD
ពីរថ្ងៃក្រោយចេញអារឿងមួយទៀត ឯកឧត្តម ឃួង ស្រេង ដាក់មកសម្តេចៗ ឥឡូវនេះមានចលនាកំពុងតែប្រមូលគ្នាបាតុកម្មប្រឆាំងគោលនយោបាយសម្តេចដែលឲ្យរថយន្តតាក់ស៊ីអគ្គិសនីវៀតណាមមកធ្វើ(ការរកស៊ី)។ រឿងស្អីទៀតហើយ។ ឯងបញ្ជាក់តាំងពីចុងឆ្នាំមុនថាគ្មានទេ ចុះឡើងៗគេប្រមូលគ្នាថាយើងត្រូវតែចេញបាតុកម្ម រដ្ឋាភិបាលគ្មានគិតគូរ ឲ្យបរទេសមករកស៊ី។ អត់ទាំងដឹងផង។ ឯងពន្យល់ចង់បែកមាត់។ ចេញសារផង ពន្យល់ live ទៅដល់ប្រជាពលរដ្ឋនៅ Tokyo ចាក់ឲ្យប្រជាពលរដ្ឋយើងមើលផង។ ខ្ញុំទូរស័ព្ទទៅសួរគ្រប់ក្រសួងក្រែងលោក្រសួងណាច្រឡំចេញខុសគោលការណ៍។ សួរក្រសួងរ៉ែនិងថាមពលដែលទទួលបន្ទុករឿង charging station ក្រសួងសាធារណៈការ ក្រសួងពាណិជ្ជកម្ម CDC មានចេញឬអត់? គាត់ថាអត់ដឹងផង។ សម្តេចដាក់មកច្បាស់ណាស់ ដល់ទីបំផុតអ្នកដែលប្រមូលបាតុកម្ម ដល់ខាងគេហៅមកសួរគាត់ថាឃើញ VOD ដាក់។ វាទៅអញ្ចឹងទៅ។ ឥឡូវ បងប្អូនគិតមើលសិទ្ធិសេរីភាព ឬការបំពុលធ្វើឲ្យប្រជាពលរដ្ឋអត់មានអារម្មណ៍នឹងនរ ធ្វើឲ្យគាត់ព្រួយបារម្ភ។ បើលើកគ្នាមកបាតុកម្ម ធ្វើឲ្យអស្ថេរភាព ដោយរឿងគេបង្កើត ហើយរឿងដែលគេដឹងសោះ រឿងដែលខ្ញុំប្រកាសរួចហើយ មិនមែនមិនដឹងទេ។ វិទ្យុមួយហ្នឹងគឺថាពូកែធ្វើមិនដឹងរហូតទាល់តែរលាយខ្លួនហើយនៅមិនដឹងទៀត។ រឿងហ្នឹងហើយបានជាក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណនោះ។ ធ្វើមិនដឹងហើយមិនព្រមកែខ្លួន។ គេប្រាប់ថាអារឿងពិតវាអញ្ចេះ មិនព្រមកែទៀត។ នេះមិនមែនហៅថាសិទ្ធិសេរីភាពទេ។ សូម្បីតែនាយករដ្ឋមន្រ្តីអេស្ប៉ាញក៏និយាយអារឿង fake news ហ្នឹងគាត់មិនគាំទ្រ វាធ្វើឲ្យរញ៉េរញ៉ៃប្រទេសនៅអឺរ៉ុប នៅកាណាដា នៅអាមេរិក គិតពិចារណារឿង fake news រឿងអី ព្រោះពេលខ្លះវាបង្កើតបញ្ហា។
(៣៧) អនុវត្តសិទ្ធិសេរីភាព តែគោរពសិទ្ធិរបស់អ្នកដទៃ កុំកេងចំណេញនយោបាយ ធ្វើឱ្យសង្គមមានបញ្ហា
AI កាន់តែគ្រោះថ្នាក់។ AI ធ្វើឲ្យមនុស្សអាចគ្រោះថ្នាក់។ ត្រឹមគ្រោះថ្នាក់ដល់ផ្ទះប្រពន្ធរករឿងមិនអីទេ។ ឧទាហរណ៍ យករូបឯកឧត្តម ប្រាក់ សោភ័ណ … គាត់អត់និយាយអីសោះ សំឡេងគាត់គេកាត់មកយកកែច្នៃរូបដូចគាត់និយាយអញ្ចឹង។ ស្រាប់តែទៅញ៉ែនារីណាម្នាក់យករូបគាត់ទៅមិនចប់។ ហ្នឹងរឿងត្រឹមឆេះផ្ទះ ចុះបើសិនជាឧទាហរណ៍មានរឿងអីមួយស្រាប់តែចេញរូប ឯកឧត្តម ប្រាក់ សោភ័ណ ចេញមកប្រាប់ថាឥឡូវគេនេះសម្លាប់ប្រជាជនយើងហើយ ឥឡូវយើងត្រូវតែលើកគ្នាទៅដុតកុងស៊ុលគេនៅសៀមរាប មិនងាប់។ រឿងហ្នឹងនៅឆ្នាំ ២០០០ ប៉ុន្មាននៅភ្នំពេញ។ រឿងហ្នឹងអត់មាន AI អត់មានអីផង គ្រាន់តែពាក្យចចាមអារាមថាមន្ត្រីយើងត្រូវប្រទេសមួយនោះចាប់ដុតទាំងរស់។ ហ្នឹងរឿង Fake News។ ថ្ងៃមុនគេវាយ Professor ម្នាក់ប៊ិះស្លាប់ គាត់អត់ដឹងរឿងផង។ តាមពិតអ្នក Live ហ្នឹងក៏អត់ដឹងរឿងដែរ អត់ដឹងរឿងទាំងអស់តែប៊ិះស្លាប់ម្នាក់។ សាស្ត្រាចារ្យគាត់បើកឡានទៅប៉ះម៉ូតូដួល គាត់ភ័យ គាត់ស្លន់រត់ អ្នកនោះអត់ស្លាប់ទេ គាត់របួស តែអ្នក Live គ្រាន់តែលឺគេស្រែកថាស្លាប់ គាត់ Live ថាស្លាប់ទៅដល់កន្លែងភ្លើងស្តុបគេចាប់វាយគាត់ប៊ិះស្លាប់ ឡើងផុងខួរក្បាល ទម្រាំតែដឹងថាអត់មានអ្នកស្លាប់ទេ …។
បើយើងមិនដាក់គោលការណ៍កាតព្វកិច្ចឱ្យច្បាស់លាស់ រដ្ឋាភិបាលនីមួយៗ មិនមែនតែកម្ពុជាគ្រប់ប្រទេសទាំងអស់ ឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាព តែត្រូវគោរពនៅក្នុងសិទ្ធិរបស់អ្នកដទៃដើម្បីបានព័ត៌មានពិត កុំចង់កេងចំណេញនយោបាយ ធ្វើឱ្យល្អក់ សង្គមមានបញ្ហា … ផ្សាយព័ត៌មានខុស/ច្រឡំ អត់បញ្ហាទេ។ បងប្អូនអ្នកកាសែតមួយចំនួន ខ្ញុំឃើញគាត់ផ្សាយហ្នឹងលឿន។ គាត់ខុស។ គេប្រាប់ព័ត៌មាន គាត់ចេញមកផ្សាយវិញថាឥឡូវការពិតអញ្ចេះសូមអភ័យទោស។ គាត់កែបានន័យថាគាត់គ្មានចេតនាបញ្ជូនព័ត៌មានខុសទេ។ ប៉ុន្តែទទួលព័ត៌មានអត់គ្រប់។ តែអ្នកខ្លះបញ្ចេញព័ត៌មានខុសតែម្តង ដោយចេតនាចង់កេងចំណេញនយោបាយ ឬអីមួយ។ ដូចរឿងនេះ គេបញ្ចេញតាមនោះគេឱ្យ ២នាក់ ដើម្បីប្រមូលគ្នាបាតុកម្ម សួរមកពីណា មកពី VOD ហើយព័ត៌មានពិតមិនពិត។ ព័ត៌មានពិតទាំងអស់ធ្វើមិនដឹងមិនលឺ។ បើសិនជាចេញមកដុតនៅភ្នំពេញ តើរូបភាពហ្នឹងវាចេញនៅក្រៅប្រទេស ក៏មានការគិតថាទេសចរណ៍កុំទៅភ្នំពេញ។ ឃើញរញ៉េរញ៉ៃណាស់ ទៅ ហាណូយ ហូជីមិញ ទៅបាងកក ដូរសំបុត្រយន្តហោះទៅ ឃើញបាតុកម្ម។ រឿងអត់ពិតសោះ។
នេះហើយគឺជាការទទួលខុសត្រូវនៅក្នុងការបញ្ចេញព័ត៌មានពិត ។ សូមឱ្យបងប្អូនអនុវត្តសិទ្ធិដោយសីលធម៌។ ការពិតយើងត្រូវផ្តល់ព័ត៌មាន។ ខ្ញុំស្វាគមន៍ព័ត៌មានពិត។ អ្នកកាសែតច្រើនណាស់ដែលផ្តល់ព័ត៌មាន ហើយខ្ញុំដោះស្រាយនៅពេលដែលខ្ញុំបានទទួល។ ខ្ញុំ Screenshot ល្បែងកន្លែងនេះលួចបើកនៅមណ្ឌលគិរី ខ្ញុំឃើញភ្លាមគេដាក់ Facebook ខ្ញុំ Screenshot ភ្លាម បញ្ជូនទៅឱ្យចៅហ្វាយខេត្ត ចៅហ្វាយខេត្តចុះទៅភ្លាម ៤នាក់ សន្យាបិទភ្លាម។ ថ្ងៃមុននៅនេះនៅនោះ អ្នកនេះដោះស្រាយអត់ទាន់ចេញ។ ថ្ងៃមុននៅខេត្តកណ្តាលគ្រាន់តែរឿងផ្លូវតូចមួយគេយកឡានធំៗ ២ ៣ ទៅដាក់ហ្នឹងយូរហើយ។ បងប្អូនគាត់ដោះអត់ចេញ ហើយអ្នកដាក់ឡានគាត់គិតថាស្ងាត់ក៏ដាក់។ អញ្ចឹងវាស្ទះ ដាក់តែអាហ្នឹងមកខ្ញុំ Screenshot ឱ្យឯកឧត្តម គួច ចំរើន។ ព្រឹកឡើងដោះចេញភ្លាម។
(៣៨) ត្រូវការព័ត៌មានពិត ទោះល្អឬមិនល្អ ដើម្បីវិនិច្ឆ័យនិងរកវិធីដោះស្រាយ
ខ្ញុំចង់បានព័ត៌មានពិត ទោះជាល្អឬមិនល្អដើម្បីរកវិធីដោះស្រាយ។ តែកុំបង្កើតបញ្ហា។ ការបញ្ចេញមតិរិះគន់ស្ថាបនា ខុសពីការប្រឌិតបញ្ហាដើម្បីរករឿង។ ខ្ញុំសូមផ្តាំលោកតាដើរម៉ាស៊ីននោះ ខ្ញុំវាខ្ជិល វាធុញ ហើយគេចេះតែបាញ់ឱ្យខ្ញុំមើល … ថាខ្ញុំមិនតទេ តែខ្ញុំប្រាប់ថាខ្ញុំថាចុះ។ ប៉ុន្តែ កុំថាមន្ត្រីរបស់ខ្ញុំដែលគ្នាខំប្រឹង។ គ្នាមិនទាន់ល្អឥតខ្ចោះទេ។ ខ្ញុំទទួល។ តែមិនមែនអត់ល្អ អត់ខំប្រឹងទេ។ រដ្ឋាភិបាលមិនមែនល្អឥតខ្ចោះទេ។ បើមិនអញ្ចឹងដេកអេះពោះហើយ។ យើងខំធ្វើការ ខ្ញុំចង់បានព័ត៌មានពិត ការពិត ដើម្បីយើងយកមកវិនិច្ឆ័យ … ល្ងាចមិញ ប្អូនៗនៅអង្គុយជាមួយបានប្រាប់បញ្ហា ហើយខ្ញុំឱ្យគាត់ប្រាប់ខ្ញុំពីដំណោះស្រាយវិញ ថាឥឡូវអូនឯងលើកបញ្ហាហ្នឹង បើសិនជាអូនឯងជាបង អូនឯងដោះយ៉ាងម៉េច។ ប្រាប់បងមក? ដើម្បីយកធាតុផ្សំហ្នឹងទៅឱ្យគេគិត។ ជួនកាលអ្នកគោលនយោបាយនៅភ្នំពេញគាត់ក្តាប់អត់ជាប់ពីបញ្ហានៅសៀមរាបទេ។ អញ្ចឹងខ្ញុំចង់បានព័ត៌មានហ្នឹង។ ខ្ញុំជួបជាមួយអ្នកកាសែតញយណាស់។ ខ្ញុំបាយជាមួយគាត់តែអត់ឱ្យថតបង្ហោះទេ … រឿងខ្លះយើងដោះស្ងាត់។ មានរឿងបម្រុងនឹងឆេះប្រាប់ខេត្តភ្លាម …។
(៣៩) សូមអ្នកកាសែតប្រកាន់ក្រមសីលធម៌ កុំកេងចំណេញពីអាជីពរបស់ខ្លួន
ខ្ញុំសូមឱ្យអ្នកកាសែតប្រកាន់ក្រមសីលធម៌ផង។ ខ្ញុំស្វាគមន៍ការរក្សាសិទ្ធិសេរីភាព ប៉ុន្តែសូមកុំកេងចំណេញពីអាជីពរបស់ខ្លួន។ ថ្ងៃមុនអ្នកកាសែតមួយស្រែកដាក់ឱ្យខ្ញុំថា “បងអើយ! ជួយមើលផងខេត្តត្បូងឃ្មុំគេចាប់ប្រជាជនដែលដឹកផ្ទះដែលមានច្បាប់អនុញ្ញាត រើផ្ទះពីស្ទឹងត្រែង យកមកធ្វើនៅត្បូងឃ្មុំ”។ ខ្ញុំថាម៉េចបានទៅដល់អញ្ចឹង។ សួរទៅខេត្ត សួរទៅកសិកម្ម ចុះឡើងៗ រឿងអ្នកកាសែត។ គាត់ចរចាគេមិនត្រូវ អ្នកដឹកឡានហ្នឹងមក ក្នុងហ្នឹងវាមានអាឈើថ្មីខ្លះឈើចាស់ខ្លះ តែឈើថ្មីមិនមែនបង្កប់ទេ ឧទាហរណ៍ថា ១០០ផ្ទាំងវាមានអាពុកអញ្ចឹងគេទិញ ៤ ១០ផ្ទាំង។ អញ្ចឹងគេដោះអាហ្នឹងចោល គេទិញ ១០ផ្ទាំងយកមកជំនួស។ តែគាត់ប្រាប់ថាអ្នកឯងមានអាហ្នឹង ត្រូវបង់ខ្ញុំ ២០០ដុល្លារ ៨០ម៉ឺនរៀល។ អ្នកដឹកគាត់ថាខ្ញុំសុំបង់តែ ៥០ម៉ឺនរៀល អត់(ព្រម)។ អញ្ចឹងវាទៅជារឿងអញ្ចឹងទៅ។ វាទៅជាអ្នកកាសែតទៅគាបគេចុះផ្សាយ ហើយអ្នកកាសែតមករកអន្តរាគមន៍ដោះស្រាយ …។
(៤០) អ្នកសារព័ត៌មានមិនគោរពក្រមសីលធម៌ គប្បីត្រូវបានដកអាជ្ញាបណ្ណ និងដាក់ក្នុង Blacklist
ខ្ញុំសូមឱ្យបងប្អូនប្រកាន់ក្រមសីលធម៌។ ឯកឧត្តម នេត្រ ភត្រា មើលកិច្ចការនេះឱ្យច្បាស់ កុំឱ្យអ្នកកាសែតម្នាក់ ២នាក់ ៤ ឬ១០នាក់ ទៅបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរ របស់អ្នកសារព័ត៌មានយើងរាប់ម៉ឺននាក់ ព្រោះបងប្អូនមានក្រមសីលធម៌ បងប្អូនខំធ្វើដោយសុទ្ធចិត្ត។ ពេលខ្លះបងប្អូនច្រឡំ គាត់កែ។ តែអ្នកខ្លះអត់ទេ គឺយកជាអាជីព ទៅគាបគេ។ ឯកឧត្តម នេត្រ ភត្រា មើល បើសិនជាមានបញ្ហាប៉ុណ្ណឹង ដកអាជ្ញារបណ្ណ Blacklist តែម្តងទៅមិនបាច់ឱ្យធ្វើទៀតទេ។ បើយកអាជ្ញាបណ្ណទៅគាបគេ គឺដកអាជ្ញាបណ្ណចោលតែម្តង ឈប់ឱ្យធ្វើជាអ្នកកាសែតទៀត។ យកព័ត៌មានមិនមែនទៅគាបគេស៊ីទេ … ម្នាក់ៗជាអ្នកសារព័ត៌មាន ព្រោះម្នាក់ៗ មានហ្វេកប៊ុក មិនមែនដូចពីមុនទាល់តែក្រុមហ៊ុនទូរទស្សន៍ ឬទាល់តែរដ្ឋទើបមានទេ។ មិនមែនថតរូបម្តងដូចកាលហ្នឹង មួយរោងការមានជាងថត ២នាក់ … ឥឡូវ ២ G ៣ G ថតរាប់ម៉ឺនបុស្តិ៍មិនអីទេ … នេះគឺជាអ្វីដែលត្រូវអនុវត្តតាមក្រមសីលធម៌ វិជ្ជាជីវៈ។ យើងគាំទ្រសិទ្ធិសេរីភាព ប៉ុន្តែយើងត្រូវប្រកាន់ការពារទាំងអស់គ្នា។ អញ្ចឹងការប្រើប្រាស់កុំបង្កើតបញ្ហាដើម្បីកេងចំណេញអ្វីមួយ។
សូមត្រឡប់ទៅវិញ។ រាងវែងឆ្ងាយបន្តិចព្រះអង្គ តែវាជាប់ប្រទាក់ក្រឡាគ្នា។ អម្បាញ់មិញភ្លៀង បើឈប់យើងទៅក៏អត់កើត មានតែនៅទាល់តែដាច់ភ្លៀង។ ថ្ងៃនេះ អរគុណណាស់ចំពោះព្រះតេជគុណ សម្តេច ពិន សែម ដែលបានមានការផ្តួចផ្តើមរៀបចំកន្លែងនេះឡើង។ សម្តេចតេជោ លោកបានគាំទ្រគម្រោងនេះ។ យើងបានការចូលរួមរបស់ អ្នកឧកញ៉ា លោកឧកញ៉ា និងសប្បុរសជនយើងជាច្រើន ដែលយើងអាចធ្វើបានភ្លាមតែម្តង ហើយធ្វើបន្ទាន់។ ឯកឧត្តម ខេង សាម៉េត ជាជាង សូមបន្តធ្វើដើម្បីរៀបចំឱ្យបានលឿន ព្រោះ លោកជំទាវ ឯកឧត្តម ខេង សាម៉េត គឺអ្នកនៅហ្នឹងស្រាប់ កូនសិស្សនៅហ្នឹងផង។ ថ្ងៃហ្នឹងមីងគាត់អញ្ជើញមកដែរ។ ល្ងាចមិញសួរទៅ ខ្ញុំអត់ដឹងថាគាត់អញ្ជើញមក គាត់ថាទាល់មេទ័ព ឯកឧត្តម ខេង សាម៉េត ឱ្យមក។ តែតាមដឹង រាល់ដងគឺ ឯកឧត្តម ខេង សាម៉េត កូនទ័ព មិនមែនមេទ័ពទេ។ ឱ្យតែមីងទូរស័ព្ទមកពូភ័យរហូត។ តែគាត់ពូកែធ្វើម្ហូប។ អញ្ចឹងបានរៀបចំធ្វើ និងរៀបចំតាមរចនាបទ។ អរគុណដល់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដែលពិនិត្យមើលទម្រង់រចនាបទឱ្យបានល្អ ព្រោះដើម្បីទុកយូរអង្វែងតទៅទៀត។
(៤១) ព្រែកជីកហ្វូណនតេជោ សមិទ្ធផលប្រវត្តិសាស្ត្រ ដើម្បីកូនចៅជំនាន់ក្រោយ នឹងបើកការដ្ឋានថ្ងៃទី ៥ សីហា ម៉ោង ៩.០៩នាទី
មុននឹងបញ្ចប់ ខ្ញុំក៏សូមសម្តែងនូវការអរគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានគាំទ្រយ៉ាងពេញទំហឹងជាមួយរដ្ឋាភិបាល ក្នុងការបន្តអនុវត្តគម្រោងព្រែកជីកហ្វូណន ហើយនៅថ្ងៃទី ៥ ខែ សីហា បើគិតថ្ងៃដូចមិនដល់ ១ខែ ទៀតទេ ម៉ោង ៩.០៩នាទីព្រឹក ខ្ញុំនឹងចុចប៉ូតុងនៅទីនោះ(បើកការដ្ឋាន) ហើយនៅទូទាំងប្រទេសសូមឱ្យវាយ គង ស្គរ វាយប៉ោត វាយអីក៏បានដែរ បើរវល់ជាប់នៅភ្លើងស្តុបក្រហមគោះម៉ូតូតិចៗក៏បានដែរ គោះមួកក៏បានដែរ។ អបអរសាទរសមិទ្ធផលប្រវត្តិសាស្ត្រថែមទៀតសម្រាប់កូនខ្មែរ។ ដូនតាយើងបានកសាងបន្សល់ទុក។ អញ្ចឹងយើងក៏មិនអាចនៅតែថែរក្សាពាក្យថា ស៊ីកេរ្តិ៍ដូនតា ហើយមិនខំបង្កើតថ្មីនោះទេ។ យើងត្រូវបង្កើតថ្មី។ បង្កើតថ្មីដើម្បីឱ្យអ្នកណា? ដើម្បីយើងបានប្រើផង ដើម្បីកូនចៅយើងជំនាន់ក្រោយទៀត។ អញ្ចឹងបុព្វបុរសយើងនឹងសប្បាយចិត្ត … យើងធ្វើដើម្បីផលប្រយោជន៍ជាតិទាំងមូល នេះគឺជាចលនាជាតិនិយមធំណាស់។ ខ្ញុំសូមអរគុណសាជាថ្មីទាំងព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពលរដ្ឋយើងទាំងអស់ និងអ្នកសៀមរាប និងនៅទូទាំងប្រទេស និងក្រៅប្រទេសដែលបានចូលរួមគាំទ្រទៅលើការងារនេះ។
[ចប់សេចក្តីអធិប្បាយ១]
ជាទីបញ្ចប់ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមថ្វាយប្រគេនពរ និងជូនពរ សម្តេចព្រះរាជាគណៈ ព្រះមេគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ២] ក្នុងឱកាសនេះផងដែរក៏មានប្រគេន ជូនព្រះគ្រូ លោកគ្រូ អ្នកគ្រូ សាលាពុទ្ធិក វិទ្យាល័យរាជបូណ៌ ៥៦អង្គនាក់ ក្នុងម្នាក់ បច្ច័យ និងថវិកា ១០ម៉ឺនរៀល ប្រគេនសមណសិស្សចំនួន ៣២៣អង្គ ក្នុងមួយអង្គ បច្ច័យ ៥ម៉ឺនរៀល លោកតា លោកយាយ ១០០នាក់ ក្នុងម្នាក់ ក្រណាត់សមួយដុំ ថវិកា ២ម៉ឺនរៀល។ យុវជនថ្ងៃនេះមានច្រើន យុវជនកាយឫទ្ធិ កាកក្របាទក្រហម ស.ស.យ.ក យុវជនបក្សខេត្តសៀមរាប ចលនាយុវជន ១៥៧ យុវជនស្រឡាញ់សន្តិភាព អ.ម.ត រាជសី ៣០០នាក់ ថវិកា ២ម៉ឺនរៀលម្នាក់។ ជូនសាលាពុទ្ធិក វិទ្យាល័យរាជបូណ៌ ថវិកា ១០លានរៀល ក្រុមគ្រូពេទ្យប្រចាំការឱ្យអង្គពិធីថវិកា ៣លានរៀល ជាមួយគ្នានេះសូមប្រគេនបច្ច័យ ៥០លានរៀល ដល់វត្តរាជបូណ៌ ដើម្បីបន្តកសាងបន្តទៀតផងដែរ។ សូមអរគុណ៕