សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការឱ្យបានម៉ឹងម៉ាត់ ដើម្បីបង្ក្រាបក្រុមក្មេងទំនើង ដែលកំពុងបង្កអសន្តិសុខនៅក្នុងសង្គម។ សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” នាព្រឹកថ្ងៃទី២៣ ឧសភា។
ប្រមុខរដ្ឋាភិបាល បានឃើញព័ត៌មានតាមបណ្ដាញសង្គមពីរូបភាពក្មេងទំនើងប្រើប្រាស់ដាវសាំម៉ូរ៉ៃ ដេញកាប់ចាក់គ្នាពេញផ្លូវយ៉ាងអនាធិបតេយ្យ។ សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុករូបភាពបែបនេះ ជាការបង្កអសន្តិសុខក្នុងសង្គម ដែលប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល។
ដោយសារឃើញបញ្ហានេះ សម្ដេច បានបញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចុះបង្ក្រាប និងកំណត់មុខសញ្ញាក្មេងទំនើងទាំងនោះ ឱ្យបានម៉ឹងម៉ាត់ ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានរៀបចំឱ្យកម្លាំងជំនាញចុះត្រួតពិនិត្យ និងឆែកឆេរលើក្មេងទំនើងផងដែរ ព្រោះពួកក្មេងទាំងនោះ តែងតែលាក់ដាវសាំម៉ូរ៉ៃ និងអាវុធតាមខ្លួន ដើម្បីធ្វើសកម្មភាពហិង្សា។
សម្ដេចធិបតី បានស្នើឱ្យស្ថាប័នអយ្យការ និងតុលាការ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់តាមច្បាប់លើករណីក្មេងទំនើងនេះ ក្នុងករណីប្រព្រឹត្តទោសធ្ងន់ធ្ងរ។ ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏ស្នើឱ្យអាណាព្យាបាលទាំងអស់ តាមដានការសិក្សា និងសកម្មភាពរបស់កូនៗ ជាពិសេសអប់រំពួកគេឱ្យដើរតាមគន្លងត្រឹមត្រូវ៕