វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។
ថ្ងៃនេះ The Cambodia Daily បានសរសេរអត្ថបទមួយចោទប្រកាន់ថាមានការសូកប៉ាន់ពីសំណាក់ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដែលគេចោទថា
ខុសពីគោលការណ៍របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់លើកឡើងថានឹងអោយ ឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥។
ខ្ញុំសូមបញ្ជាក់ថាក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ (ឯកសារភ្ជាប់)។
ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧ ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិរបស់ ឯកឧត្តម គុណ ញឹម ដែលជាមន្ត្រីដែលមានបទពិសោធន៍ មានឆន្ទៈនិងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ ខ្ញុំនឹងបន្តគោលការណ៍អនុញ្ញាតជូនឯកឧត្តម គុណ ញឹម ក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល។
ហេតុដូច្នេះសូមវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ ឈប់ប្រឌិតរឿងមិនពិតដែលមានចេតនាថោកទាបក្នុងការបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូរ
របស់ខ្ញុំនិងក្រុមគ្រួសារ។ ជាពិសេសយកឈ្មោះមន្ត្រីដើម្បីជាខែលបិទបាំងនៅអំពើស្មោគគ្រោក និងអសីលធម៌របស់ខ្លួន។
បើសិនជាមានមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិតមែនដែលលើករឿងនេះ ហើយចង់អោយ ឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ឆ្នាំ២០២៥ ដោយហេតុផលណាមួយនោះសូមកុំដេកស្រម៉ៃ។ ករណីនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ខ្ញុំនៅក្នុងការពិចារណាជ្រើសរើសបេក្ខជន ដើម្បីតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅក្នុងពេលខាងមុខដែរ។
សម្រង់ពីហ្វេសប៊ុកផេក សម្ដេចធិបតី ហ៊ុន ម៉ាណែត