សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃ ទី២៨មេសា ឆ្នាំ២០២៤ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា។
សម្តេច បន្តរៀបរាប់ថាក្រុមហ៊ុនចំនួន២ទៀត ដែលគ្រោងបោះទុនវិនិយោគនៅកម្ពុជានោះគឺមានក្នុងទំហំទឹកប្រាក់១០០០លានដុល្លារ។ ក៏ប៉ុន្តែ នៅក្នុងដំណាក់កាលទី១ ក្រុមហ៊ុន គ្រោងបោះទុនវិនិយោគក្នុងចំនួន ៥០០លានដុល្លារសិន។ ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែតបានណែនាំក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្តនោះ ចាប់ដៃសហការ ជាមួយសមាគមជ័រកៅស៊ូដើម្បីគាំទ្រដំណាំកៅស៊ូនៅកម្ពុជា។
ការលើកឡើងពីគម្រោងវិនិយោគខាងលើបែបនេះ ក៏ព្រោះលោក ហ៊ុន ម៉ាណែត ចង់ បង្ហាញអំពីស្នាដៃរបស់រដ្ឋាភិបាលថ្មី ដែលបានធ្វើបន្តពីរដ្ឋាភិបាលចាស់។ សម្តេចបន្ត និយាយដោយបានអះអាងថា៖ «ក្នុងអាណត្តិដែលខ្ញុំដឹកនាំ ខ្ញុំនឹងបន្តជំរុញឱ្យកាន់តែមុត ស្រួច នៅក្នុងការបង្កើននូវលទ្ធភាពបែបនេះជូនប្រជាជនរបស់យើង»។ របាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា ក្នុង១ត្រីមាស ឆ្នាំ២០២៤ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១០៦គម្រោង ដែលមានទុនប្រមាណ ២ ២០០ លាន ដុល្លារ។ ក្នុងនោះខេត្តកំពង់ស្ពឺ និងស្វាយរៀង មានរហូតដល់ទៅ៤៩គម្រោង។ CDC បានបញ្ជាក់ថា គម្រោងទាំង ១០៦នេះអាចបង្កើតការងារឱ្យពលរដ្ឋបានជាង ១០៧ពាន់ កន្លែង៕