ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ។
ផ្អែកលើរបាយការណ៍អំពីការបូកសរុបលទ្ធផលការងារ នៃអង្គសន្និបាតរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរជាមួយអង្គពិធីទាំងមូលចំពោះដំណើរការសន្និបាតរបស់ក្រសួងមុខងារសាធារណៈ ក្នុងរយៈពេល ២ថ្ងៃ នេះ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យតាមការគ្រោងទុក។ ក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមករបស់ក្រសួងមុខងារសាធារណៈក្នុងក្របខណ្ឌនៃការបំពេញបេសកកម្មរបស់ខ្លួនលើការងារគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ព្រមទាំងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ពិសេស ការចូលរួមគាំទ្រ និងអនុវត្តប្រកបដោយភាពបុរេសកម្ម សកម្ម និងការទទួលខុសត្រូវខ្ពស់ក្នុងការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃ រដ្ឋសភា ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងមុខងារសាធារណៈ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញមុខងារនិងភារកិច្ចរៀងៗខ្លួន គាំទ្រនិងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ពិសេស យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យសំរេចបានសមិទ្ធផលជាក់ស្តែងជាបន្តបន្ទាប់គួរជាទីមោទនៈក្នុងរយៈពេលជាង ៧ខែកន្លងមកនេះ។
[ផ្តើមសេចក្តីអធិប្បាយ១]
ខ្ញុំសូមយកឱកាសនេះដើម្បីធ្វើការអរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ព្រំ សុខា អតីតរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈដែលបានខិតខំដឹកនាំក្រសួងបំពេញភារកិច្ចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រជាជន និងប្រទេសជាតិរបស់យើងនៅក្នុងអាណត្តិកន្លងទៅ។
[ចប់សេចក្តីអធិប្បាយ១]
ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាទីមេត្រី!
ក្រសួងមុខងារសាធារណៈ ជាក្រសួងដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយរាជរដ្ឋាភិបាល ដូចឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់អម្បាញ់មិញនេះ។ ចាប់តាំងពីការបង្កើតនិងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានប្រគល់បេសកកម្មដ៏មានសារៈសំខាន់ដល់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំនិងគ្រប់គ្រងវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ផ្អែកលើសេចក្តីទុកចិត្តនេះ ក្រសួងមុខងារសាធារណៈ បានខិតខំបំពេញការងារសម្រេចបាននូវសមិទ្ធផលបន្តបន្ទាប់យ៉ាងច្រើនជាទីកត់សម្គាល់ គាំទ្រដល់ការគ្រប់គ្រងនិងអភិវឌ្ឍវិស័យមុខងារសាធារណៈទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការកែទម្រង់ប្រព័ន្ធបៀវត្សសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីដទៃទៀត ការកែលម្អប្រព័ន្ធសោធននិវត្តន៍សម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ការអភិវឌ្ឍសមត្ថភាពមន្ត្រីនិងស្ថាប័ន ការជំរុញការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ ព្រមទាំងការលើកកម្ពស់ភាពជាគំរូនៃអង្គភាពផ្តល់សេវាសាធារណៈតាមរយៈការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅកម្រិតសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ និងក្នុងវិស័យសុខាភិបាលនៅកម្រិតមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ ជាដើម។ ក្រសួងមុខងារសាធារណៈត្រូវបានទទួលស្គាល់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមមានការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យអប់រំ វិស័យសុខាភិបាល ជាដើម។
[ផ្តើមសេចក្តីអធិប្បាយ២]
នៅក្នុងអាណត្តិទី ៧ នេះកំណែទម្រង់រដ្ឋបាលសាធារណៈគឺជាអាទិភាពសំខាន់ ហើយក្រសួងមុខងារសាធារណៈក៏នៅបន្តដើរតួនាទីគន្លឹះនៅក្នុងកិច្ចការដែលត្រូវធ្វើ។
[ចប់សេចក្តីអធិប្បាយ២]
ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល!
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តការយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុតលើការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការងារកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឱ្យឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ឈរលើស្មារតីនៃការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាចំណុចស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានផ្តល់តម្លៃជាអាទិភាពខ្ពស់ក្នុងការបន្ត និងជំរុញបន្ថែមទៀតការងារកែទម្រង់ ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ការជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់តាមវិស័យអាទិភាពគន្លឹះផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលរួមមានអប់រំនិងសុខាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ននិងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន ទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានានៅក្នុងបរិការណ៍ នៃការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័សនៃសភាពការណ៍សង្គមសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស។
[ផ្តើមសេចក្តីអធិប្បាយ៣]
(១) រដ្ឋបាលសាធារណៈថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរឹងមាំ បត់បែន មានប្រសិទ្ធភាព បំពេញភារកិច្ចជូនជាតិ
ដូចឯកឧត្តម ហ៊ុន ម៉ានី បានអាននិងបញ្ជាក់អម្បាញ់មិញនៅក្នុងយន្តការនិងវិធីសាស្រ្តមួយចំនួនដែលយើងបានធ្វើ យើងទាំងអស់គ្នាដឹងហើយថាកិច្ចការទាំងអស់នេះត្រូវធ្វើអី? សំនួរថាត្រូវធ្វើយ៉ាងម៉េច? ធ្វើពេលណា? អ្នកណាជាអ្នកធ្វើ? អ្វីដែលយើងចង់បានគឺរដ្ឋបាលសាធារណៈមួយដែលរឹងមាំ ដែលបត់បែន មានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អញ្ចឹងអ្វីដែលយើងត្រូវឯកភាពគ្នាធ្វើ ហើយក៏យើងឯកភាពគ្នាដែរថាយើងត្រូវតែធ្វើ ប៉ុន្តែធ្វើពេលណា? មានទស្សនៈលើកមកថា យើងធ្វើមួយជំហានពេលនេះ កន្លែងនោះចាំបន្តិច ឬមួយក៏ម៉េច? ការធ្វើកំណែទម្រង់មិនមែនធ្វើពេលនេះ ឬពេលឆ្នាំក្រោយធ្វើនោះទេ គឺធ្វើជាប់ជាប្រចាំ។ យើងបានធ្វើជាប់ជាប្រចាំស្រាប់ហើយ។ ការដាក់ចេញគោលនយោបាយចាប់ផ្តើមដំបូងថ្ងៃទី ២៤ (កញ្ញា ២០២៣) នោះគឺបានបញ្ជាក់បន្ថែមទៀត ទិសដៅគោលនយោបាយតែមួយ វិធីសាស្រ្តត្រូវធ្វើ។
(២) ទាំងអស់គ្នាចូលរួមបន្តធ្វើវិមជ្ឈការ និងវិសហមជ្ឈការ
អញ្ចឹង អ្វីដែលជាការសម្រួចនៅក្នុងអាណត្តិនេះ គឺជាអ្វីដែលយើងត្រូវធ្វើ ហើយធ្វើយ៉ាងណានោះ នេះគឺជាអ្វីដែលកំពុងតែរៀបចំនិងដាក់ចេញ។ ខ្ញុំមិនយកមករំលេចនៅក្នុងពេលនេះទេ។ ក្រសួងមុខងារសាធារណៈបានដឹងការងារនេះហើយ។ ខ្ញុំមិនចាំបាច់ជម្រាបថាធ្វើយ៉ាងម៉េចដល់អ្នកកំពុងធ្វើ(អ្នកជំនាញ)នោះទេ គ្រាន់តែអ្វីដែលយើងត្រូវធ្វើ ធ្វើពេលនេះ ហើយត្រូវធ្វើទាំងអស់គ្នា។ កាលពីដាក់ចេញមកមានការលើកយោបល់ថាបើយើងធ្វើ យើងធ្វើអញ្ចេះទៅ សាកក្រសួងនេះមុន សាកខេត្តនោះមុន ចាំបានផលចាំធ្វើនៅនោះ។ ហ្នឹងដូចនៅប្រទេសមួយគេថាដូរឡានបើកចង្កូតឆ្វេងទៅចង្កូតស្តាំ។ គេថាលេខសេសដូរមុន លេខគូដូរក្រោយ។ ខ្ញុំថាអញ្ចឹងបុកគ្នា។ ធ្វើទាំងអស់គ្នាតែម្តង ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។ យើងកំពុងតែបន្តធ្វើវិមជ្ឈការ វិសហមជ្ឈការទាំងថ្នាក់ជាតិ ហើយការចូលរួមទាំងអស់គ្នាជាកត្តាសំខាន់។
[ចប់សេចក្តីអធិប្បាយ៣]
ជាក់ស្តែងដើម្បីជំរុញសន្ទុះនៃការងារកែទម្រង់ឱ្យកាន់តែមានភាពស្វាហាប់ និងសម្រេចបានលទ្ធផលជាក់ស្តែងឆាប់រហ័សផងនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះទៅតាមវិស័យអាទិភាព ដែលរួមមានវិស័យមុខងារសាធារណៈ អប់រំ និងសុខាភិបាល និងរៀបចំបង្កើតនូវយន្តការដឹកនាំអនុវត្តដើម្បីដោះស្រាយបញ្ហាប្រឈម និងការធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការឆ្លើយតបទាន់ពេលវេលាទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល។
នៅក្នុងក្របខណ្ឌនៃការគាំទ្រ និងចូលរួមអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈត្រូវបានប្រគល់មុខងារ និងភារកិច្ចជាលេខាធិការដ្ឋានៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងស្មារតីនេះ គ្រប់រចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងមុខងារសាធារណៈនឹងត្រូវបំពេញភារកិច្ចរួមគា្នជាតួអង្គតែមួយក្នុងការអនុវត្តបេសកកម្មដែលរាជរដ្ឋាភិបាលបានដាក់ចេញ សម្រាប់ក្រសួងមុខងារសាធារណៈ។ ជាក់ស្តែង សមិទ្ធផលនៃការអនុវត្តវិធានការគន្លឹះក៏បានលេចជារូបរាងបន្តបន្ទាប់ តាមទិសដៅចង្អុលបង្ហាញដោយគណៈកម្មាធិការជាតិ ដូចដែលបានឆ្លុះបញ្ចាំងក្នុងរបាយការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាពេលខាងដើម បន្តិចមុននេះ។ ទោះជាយ៉ាងណា ការងារដែលត្រូវបំពេញនៅមានទំហំធំ ហើយក៏នៅតែទាមទារឱ្យមានការខិតខំប្រឹងប្រែងជាបន្តថែមទៀត ជាមួយនឹងវិធីសាស្ត្រការងារថ្មីៗនិងសមស្រប។
[ផ្តើមសេចក្តីអធិប្បាយ៤]
(៣) មន្រ្តីមុខងារសាធារណៈ ជាអ្នកអនុវត្តផ្ទាល់កំណែទម្រង់ជាមួយគ្រប់ក្រសួងស្ថាប័ន
នេះមិនមែនជាការងារសាមញ្ញទេ ទាមទារការឯកភាពគ្នា ចិត្តមួយថ្លើមមួយ បេះដូងមួយ ចង់បាននូវទិសដៅមួយដែលថាក្នុងរយៈពេល ១០ទៅ១៥ឆ្នាំទៀត យើងនឹងមានប្រសិទ្ធភាពខ្លាំង។ អញ្ចឹងគឺទាមទារការចូលរួម។ ខ្ញុំសូមអរគុណណាស់ចំពោះមន្រ្តីទាំងអស់នៅក្នុងក្រសួងមុខងារសាធារណៈជាថ្មី ដែលចូលរួមចំពេញការងារនេះ។ ការងារច្រើនគឺថ្មីសម្រាប់យើង។ ប៉ុន្តែពាក្យថាថ្មីនេះ មិនមែនអត់មានមូលដ្ឋានឬចក្ខុវិស័យច្បាស់លាស់នោះទេ។ កិច្ចការទាំងអស់ត្រូវទាមទារនូវនវានុវត្តន៍ បានន័យថាការឆ្នៃប្រឌិតដើម្បីដោះស្រាយបញ្ហា។ បែបនេះគឺត្រូវការភាពក្លាហានក្នុងការហ៊ានសម្រេចចិត្ត។ (ចាំបាច់ត្រូវ)ផ្តើមចេញពីភាពក្លាហានរបស់មន្រ្តីនៅក្នុងមុខងារសាធារណៈ ព្រោះជាអ្នកអនុវត្តផ្ទាល់ និងបន្តិចទៀតត្រូវចុះធ្វើការផ្ទាល់ជាមួយនឹងគ្រប់ក្រសួងស្ថាប័ន ត្រូវមានជំហរច្បាស់លាស់ដើម្បីឯកភាពគ្នាចូលរួមនៅក្នុងការអនុវត្តកំណែទម្រង់។ ការលើកយោបល់ស្រួលទេ ប៉ុន្តែចុះទៅ lobby ផ្ទាល់ ធ្វើការផ្ទាល់ ទាមទារនូវការច្បាស់លាស់ ការក្លាហាន និងការប្តេជ្ញាចិត្តខ្ពស់។ ក្នុងរយៈពេល ៧ ខែនេះ ខ្ញុំបានសង្កេតឃើញនិងសូមអរគុណណាស់ចំពោះភាពក្លាហាន និងម៉ឺងម៉ាត់ ម៉ត់ចត់ និងជំនាញខ្ពស់របស់មន្រ្តីដែលចូលរួមនៅក្នុងការរៀបចំផែនការកំណែទម្រង់មន្រ្តីក្រសួងមុខងារសាធារណៈ …។
[ចប់សេចក្តីអធិប្បាយ៤]
ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!
ក្នុងឱកាសដ៏វិសេសនេះ ខ្ញុំក៏សូមធ្វើការគូសបញ្ជាក់ឡើងវិញ និងទាញចំណាប់អារម្មណ៍របស់អង្គពិធីទាំងមូលអំពីកិច្ចការអាទិភាព និងគោលបំណងយុទ្ធសាស្ត្រមួយចំនួនដែលមានចង្អុលបង្ហាញ ក្នុងយុទ្ធសាស្ត្របញ្ចកោណ និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការងារកែទម្រង់ ការលើកកម្ពស់អភិបាលកិច្ច និងការធ្វើទំនើបកម្មសា្ថប័នសាធារណៈ ដែលរាជរដ្ឋាភិបាល បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ រួមមាន៖
(១)ការពង្រឹងនិងការកែទម្រង់ស្ថាប័នសាធារណៈ ដោយផ្តោតលើការកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ ប្រជាជនឱ្យកាន់តែប្រសើរ និងឆ្លើយតបក្នុងលទ្ធភាពខ្ពស់បំផុតទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន
(២)ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយផ្តោតលើការកសាងធនធានមនុស្សក្នុងវិស័យសាធារណៈ ទាំងនៅកម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិ ឱ្យមានសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
(៣)ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ដោយផ្តោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ ភាពសុចរិត និងជំនឿទុកចិត្តចំពោះរដ្ឋបាល សាធារណៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព
(៤)ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ ដោយផ្តោតលើការពង្រឹងគោលការណ៍នីតិរដ្ឋដែលត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់និងខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងការពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើរដ្ឋបាលសាធារណៈ។
ឈរលើមូលដ្ឋានខាងលើនេះ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមគាំទ្រ និងអនុវត្តឱ្យបានជោគជ័យនូវកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានានិរន្តរភាពនៃតួនាទីនិងដំណើរការរដ្ឋបាលសាធារណៈ ដោយត្រូវយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយកិច្ចខិតខំប្រឹងប្រែងជាប្រចាំ ឱ្យពេញកម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ននិងចីរភាព។
ផ្អែកលើការពិនិត្យរបាយការណ៍លទ្ធផលនៃសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមុខងារសាធារណៈ និងដើម្បីបន្តអនុវត្តការងារគ្រប់គ្រងនិងអភិវឌ្ឍវិស័យមុខងារសាធារណៈ ព្រមទាំងការងារកែទម្រង់រដ្ឋបាលសាធារណៈ ពិសេសការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងកិច្ចការអាទិភាពទាំងឡាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ឱ្យទទួលបានផលកាន់តែប្រសើរ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធ្វើការណែនាំដល់ក្រសួងមុខងារសាធារណៈ ក៏ដូចជាគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដូចតទៅ៖
(១) បន្តយកចិត្តទុកដាក់ ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការជ្រើសរើសមន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដែលរាជរដ្ឋាភិបាលបានផ្តល់គោលការណ៍អនុញ្ញាត ផ្អែកលើ និយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត” ព្រមទាំងជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងការជ្រើសរើសនិងគ្រប់គ្រងមន្ត្រីបច្ចេកទេស/មន្ត្រីជំនាញ ដែលធានាឱ្យបាន “ការបំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ“
(២) គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ មុខងារ តួនាទី និងភារកិច្ចរបស់ខ្លួន ពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យនិងធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធអង្គភាពនិងមុខងារមន្ត្រី គោលការណ៍ បែបបទ និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈទៅតាមករណីចាំបាច់ ដើម្បីពង្រឹងការគ្រប់គ្រង និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងសុចរិតភាព។ ក្នុងន័យនេះ “ការរៀបចំផ្ទះខ្លួនយើងឱ្យបានស្អាតនិងមានរបៀបរៀបរយ“ គឺជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងការធានាបាន នូវប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពសម្រាប់ការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន
(៣) ក្រសួងមុខងារសាធារណៈក្នុងមុខងារ ជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវជំរុញការរៀបចំផែនការសកម្មភាពអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ឱ្យបានរួចរាល់ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ដើម្បីដាក់អនុវត្តឱ្យបានពេញលេញនូវវិធានការគន្លឹះទាំង៣ រួមមាន៖ (i)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព (ii)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និង(iii)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
[ផ្ដើមសេចក្ដីអធិប្បាយ៥]
នៅក្នុងន័យនេះ ខ្ញុំសុំឲ្យក្រសួងស្ថាប័ន ជាពិសេសថ្នាក់ជាតិចូលរួមឲ្យបាន ដើម្បីធ្វើយ៉ាងណាឲ្យយើងសម្រេចភារកិច្ចរៀបចំរចនាសម្ព័ន្ធ ការវិភាគមុខងារ ក៏ដូចជាការត្រៀមរៀបចំមន្ត្រី ដើម្បីបំពេញសេចក្តីត្រូវការ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ កង្វះខាតមន្ត្រី ជាតម្រូវការដែលយើងត្រូវបំពេញ ប៉ុន្តែបំពេញឲ្យត្រូវ ធានាឲ្យនៅជាគោលការណ៍ និងសូចនាករ។ ត្រូវធ្វើយ៉ាងម៉េច។ បំពេញឲ្យត្រូវ ត្រូវដឹងថាបំពេញយ៉ាងម៉េច? ប៉ុន្មាននាក់? ត្រូវការប៉ុន្មានពិតប្រាកដ ហើយផ្អែកលើមូលដ្ឋានអី (នោះគឺអាស្រ័យលើ)ការវិភាគមុខងារ។ បំពេញឲ្យត្រូវ ឲ្យទៅណា? ល្ងាចមិញនិយាយជាមួយអភិបាលខេត្តម្នាក់ ឯកឧត្តម ពោធិ៍សា ម៉ោង ១ កន្លះពីការបង្កើតតួនាទីទៅដល់ថ្នាក់ក្រោមជាតិ ប៉ុន្តែបញ្ហាកង្វះមន្ត្រីគឺជាបញ្ហាប្រឈម។ អញ្ចឹងការស្នើមន្ត្រីដែលដាក់ទៅថ្នាក់ក្រោមជាតិត្រូវធានាទៅដល់ថ្នាក់ក្រោមជាតិ ហើយរក្សាឲ្យនៅ(ជាប់លាប់ធ្វើការនៅទីនោះ) បើមិនអញ្ចឹងទេ មិនអាចទៅរួចទេ។
(៥) ជួយរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពតួនាទីមន្ត្រី ឬនាយកដ្ឋាន ឬអង្គភាពកំពុងបំពេញការងារ
នៅក្នុងក្រសួង ស្ថាប័នក៏ដោយ នាយកដ្ឋាន ការិយាល័យដែលចាំបាច់ស្នើមក តើត្រូវយកទៅណា? អញ្ចឹងគឺផ្អែកទៅលើការវិភាគមើលថាតើមានតម្រូវការយ៉ាងម៉េច ធានាថានាយកដ្ឋានរបស់យើង ឬមួយអង្គភាពចំណុះក្រសួងរបស់យើង តើត្រូវតួនាទីទៀតទេ? បានន័យថាម៉េច? នៅក្នុងបរិបទថ្មីនេះ ជួនកាលនាយកដ្ឋាន ឬមួយអង្គភាពខ្លះបង្កើត ២០ឆ្នាំមុន ដែលមានតម្រូវការពេលនោះ។ ពេលនេះលែងមានសេចក្តីត្រូវការ។ បើយើងបំពេញតែមន្ត្រី គឺដូចយើងចតចោលអញ្ចឹង ឬមួយកន្លែងខ្លះគេថាកន្លែងផ្ញើទុក សំចត។ យើងត្រូវជួយរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពតួនាទីមន្ត្រី ឬនាយកដ្ឋាន ឬអង្គភាពដែលកំពុងតែធ្វើការ។ ប្រើឲ្យអស់លទ្ធភាព។ កន្លងទៅលឺសូរថាមានការចង់ស្នើសុំតម្លើងកម្រិតពីនាយកដ្ឋានទៅអគ្គនាយកដ្ឋាននៅស្ថាប័នខ្លះ។ ស្នើបាន តែត្រូវការពារនិក្ខេបបទឲ្យមាំ។ មានមន្ត្រីគ្រប់ឬនៅ? បើសិនត្រឹមនាយកដ្ឋានយើងមានមន្ត្រីតែ ៥០% យើងតម្លើងនាយកដ្ឋាន ប្រាកដជានាយកដ្ឋានចំណុះឲ្យអគ្គនាយកហ្នឹងមានតែប្រធាននាយកដ្ឋាន ហើយនឹងអនុប្រធាននាយកដ្ឋាន ឬមួយក៏ប្រធានការិយាល័យ និងអនុការិយាល័យ។ តើយើងចាំបាច់ត្រូវតម្លើងទេ?
(៦) ការរើសមន្ត្រីបន្ថែម ត្រូវមានការសិក្សាពីការចាំបាច់ បានធ្វើវិភាគមុខងារ និងវាយតម្លៃប្រចាំឆ្នាំ
បើតម្លើង ទី១ (ត្រូវសិក្សាថាមានការ)ចាំបាច់ឬទេ? កែសម្រួលត្រូវបំពេញបន្ថែម បង្កើតថ្មីឬទេ … បើចាំបាច់ត្រូវតម្លើង តើតម្លើងពេលណា? ផ្អែកទៅលើតម្រូវការជាក់ស្តែង។ តើពេលនេះឬយ៉ាងណា? នេះហើយដែលខ្ញុំថា ឆ្លើយឲ្យខ្ញុំឲ្យច្បាស់ថាធ្វើយ៉ាងម៉េច? យើងចង់បានប្រសិទ្ធភាព។ ខ្ញុំក៏ចង់បានដែរ។ ថ្នាក់ដឹកនាំទាំងអស់ក៏ចង់បាន មន្ត្រីទាំងអស់ក៏ចង់បាន … មន្ត្រីដែលការងារច្រើន តែគ្នាតិច ចង់ដាច់ខ្យល់ ត្រូវការជំនួយ … អញ្ចឹងហើយបានជាត្រូវវិភាគមុខងារ។ មិនមែនបានថាវិភាគហើយ ត្រូវកាត់ដូចនំ cake នោះទេ។ យ៉ាងហោចណាស់ប្រធានស្ថាប័នត្រូវដឹងថាកម្លាំងក្នុងដៃមានប៉ុន្មាន បែងចែកត្រឹមត្រូវហើយឬនៅ? តើយើងអាចពង្រឹងកន្លែងណា ខ្វះកន្លែងណា ជាពិសេសក្នុងអាណត្តិថ្មីនេះ ប្រធានស្ថាប័នថ្មីច្រើនណាស់ដែលចូលទៅត្រូវការវិភាគ(មុខងារ)។ អញ្ចឹងកិច្ចការ ទី២ … ប្រសិនជាសុំរើសមន្ត្រីថ្មី ទាល់តែបញ្ចប់ការវិភាគមុខងារនេះ ឯកភាពគ្នាចេញជាគោលការណ៍ មិនមែនជារូបមន្តរឹងកំព្រឹសទេ ប៉ុន្តែជាមូលដ្ឋានមួយធ្វើការវាយតម្លៃជាប្រចាំឆ្នាំទៀត។ បើសិនជាយើងរៀប(ចំ)ដំបូងត្រូវ យើងធ្វើការវាយតម្លៃ ៦ខែ, ១ឆ្នាំ ធ្វើមក ប៉ុន្តែត្រូវចេញពីមូលដ្ឋានមួយ។
(៧) ដើម្បីគុណាធិបតេយ្យឬមូលដ្ឋានសមិទ្ធកម្ម ការស្នើសុំរើសមន្ត្រីថ្មីត្រូវបញ្ជាក់ពីសេចក្តីត្រូវការនិងជំនាញ
ខ្ញុំជម្រាបជូន ឯកឧត្តម លោកជំទាវ នៅក្នុងស្ថាប័នទាំងអស់ បើចង់បានមន្ត្រីថ្មី ត្រូវធ្វើកិច្ចការទាំងអស់ហ្នឹងអោយបាន។ គេថាអ្នកណាចប់មុន អ្នកហ្នឹងបានមុន។ First come First serve។ អ្នកណាធ្វើកិច្ចការហ្នឹងចប់មុន អាចមានទឡ្ហីករណ៍គ្រប់គ្រាន់ស្នើមន្ត្រីបានមុន។ ធ្វើចប់ ២៤ បាន ២៤។ ធ្វើចប់ ២៦, ២៦ បាន។ ខ្ញុំថាបើសិនជាយើងរួមគ្នាធ្វើ អត់លំបាកទេ ព្រោះអត់មែនដំឡូងមូលទេ។ មន្ត្រីនៅក្នុងស្ថាប័នសុទ្ធតែមានហើយ អ្នកដែលមានបទពិសោធន៍ ២០ ទៅ៣០ឆ្នាំនៅទីនេះដឹងហើយ។ បូកជាមួយហ្នឹងបទពិសោធន៍ ទស្សនៈថ្មី និងការប្រែប្រួលមួយចំនួន យើងអាចធ្វើបានភ្លាម។ ដើម្បីគុណាធិបតេយ្យ ឬមូលដ្ឋានសមិទ្ធកម្ម យើងផ្ដល់ជូន ស្នើសុំរើសមន្ត្រីថ្មីបាន ប៉ុន្តែត្រូវបញ្ជាក់ឱ្យខ្ញុំថាយកទៅណា ត្រូវការជំនាញអីឱ្យចំ។ (ត្រូវ)យកអ្នក IT ប្រឡងចូលក្នុងនាយកដ្ឋានIT (កុំ)ទៅយកជំនាញខាងអី(ផ្សេង)ឬមួយក៏វាត្រូវមានលក្ខខណ្ឌកម្រិតណា។
(៨) ក្របខណ្ឌមន្ដ្រីកិច្ចសន្យាជាមន្ត្រីបច្ចេកទេស
ទី២៖ យើងរៀបចំក្របខណ្ឌមួយទៀត គឺក្របខណ្ឌមន្ត្រីកុងត្រា ប៉ុន្តែមន្ត្រីបច្ចេកទេស។ អញ្ចឹងត្រូវបែងចែកឱ្យច្បាស់ តម្រូវការនៅក្នុងនាយកដ្ឋានហ្នឹងប៉ុន្មាននាក់ ហើយតួនាទី មុខងារអីខ្លះដែលត្រូវយកមន្ត្រីបច្ចេកទេស មុខងារអីខ្លះត្រូវ(យក)មន្ត្រីក្របខណ្ឌ។ យើងធ្វើនេះ ដើម្បីធានា ១០ឆ្នាំទៅ១៥ឆ្នាំ យើងអាចធ្វើបាន។ មិនមែនធ្វើឥឡូវបានទាំងអស់ទេ ប៉ុន្តែចាប់ផ្ដើមពីឥឡូវទៅ ១០ទៅ១៥ឆ្នាំទៀត ខ្ញុំគិតថាយើងធ្វើបាន។ មួយអាណត្តិនេះគឺជាអាណត្តិកសាងមូលដ្ឋានតម្រង់ទិសថាទៅណា។
(៩) រៀបចំប្រព័ន្ធការលើកទឹកចិត្តមន្ដ្រី
សមិទ្ធកម្មទី៣ គឺការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តទៅតាមសមិទ្ធកម្ម។ ធ្វើទៅបានទាល់តែរៀបចំទី២ ចេញ។ ទី២ ចេញបានយើងធ្វើបាន។ បើយើងជំនះរួមគ្នាធ្វើ ទី១ ធ្វើបានពាក់កណ្ដាល … យករូបមន្តបច្ចុប្បន្ន។ បានន័យថាមន្ត្រីក្របខណ្ឌយើងប្រឡងបានពាក់កណ្ដាល នៅប្រភេទមន្ត្រីថ្មីអីទៀតដែលយើងត្រូវធ្វើ ទាក់ទងនឹងក្របខណ្ឌថ្មីហ្នឹង។ អញ្ចឹងពាក់កណ្ដាលទៀត។ តែកិច្ចការទី១ ការងារស្រួលបច្ចេកទេសសុទ្ធ, ការងារទី២ គឺការងារលំបាកបំផុត ប៉ុន្តែជាការងារដែលបានផលបំផុតសម្រាប់យើង ១៥ឆ្នាំទៀត។ សូមជំរុញការងារនេះ ហើយគ្រប់ក្រសួងស្ថាប័នជួយជំរុញ។ គណៈកម្មាធិការកំណែទម្រង់ក្រសួងនីមួយៗ សូមជួយសហការគ្នា …។
(១០) មិនមែនកន្លងមកធ្វើខុសទេ តែត្រូវពិនិត្យ/កែសម្រួលចំណុចប្រឈមមួយចំនួន
យើងគិតគូរដើម្បីរៀបចំ ហើយដើរជំហានដូចម្តេច? ជួនកាលកែជាជំហាន មិនអាចកែទៅទាំងភ្នែន។ មិនអាចផ្ទះមួយទាំងមូល វាយចោលទាំងអស់ទេ។ កែសសរ កែអីសិន … ដើម្បីធានានូវការចូលរួម និងការលើកទឹកចិត្ត និងការសម្របសម្រួល ព្រោះមិនមែនអ្វីដែលយើងធ្វើមកដល់ម៉ោងនេះខុសនោះទេ។ បើមិនអញ្ចឹងស្ថាប័នរាជរដ្ឋាភិបាលមិនអាចជំរុញសេដ្ឋកិច្ចរីកចម្រើនប៉ុននេះទេ។ ប៉ុន្តែក៏មាននូវចំណុចប្រឈមមួយចំនួនដែលយើងត្រូវពិនិត្យមើល ដើម្បីកែសម្រួល។ ការកំណែទម្រង់នេះធ្វើអត់ចប់ទេ គ្រាន់តែធ្វើតិច/ច្រើន។ ឡានពេលយើងរត់ចុះខេត្តម្ដង មកវិញយើងឡើងប៉ុងមើលមួយភ្លែត មែនទេ? ហ្នឹងបូកសរុបប្រចាំឆ្នាំ។ ដល់ពេល ៦ខែឬមួយឆ្នាំ យើងឡើងទៅឆែកធំម្ដង។ ហ្នឹងដូចយើងធ្វើនៅឆ្នាំ ២០២៤នេះ យើងឆែកមើល។ រឿងតែប៉ុណ្ណឹងទេ។ ជោគជ័យឆមាសទី២(ខាងមុខ)នេះទៅបាន គឺអាស្រ័យទៅនឹងការចូលរួម ដែលថ្ងៃនេះមានឯកឧត្តម លោកជំទាវ ដែលជាចៅក្រសួងមកទាំងអស់គ្នា រួមគ្នាធ្វើការងារនេះ។
[បញ្ចប់សេចក្ដីអធិប្បាយ៥]
គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំ និងសម្របសម្រួលដោយក្រសួងមុខងារសាធារណៈ ត្រូវជំរុញការរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់រយៈពេលមធ្យមនិងវែង ដោយត្រូវកំណត់ឱ្យបាននូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់លាក់ និងច្បាស់លាស់ដើម្បីសម្រេចគោលដៅជាដំណាក់កាលៗ ឆ្ពោះទៅការកសាងបាននូវរដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថ ភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ទន្ទឹមនេះ ការសម្របសម្រួលនិងការផ្សារភ្ជាប់ការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយការដ្ឋានកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាលគឺជាការចាំបាច់និងត្រូវពង្រឹងឱ្យកាន់តែប្រសើរថែមទៀត រួមមាន ជាមួយការដ្ឋានកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការដ្ឋានកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់តាមវិស័យ ដោយធានានូវភាពប្រទាក់ក្រឡា សុខដុមនីយកម្ម និងគាំទ្រគ្នាទៅវិញទៅមក ទាំងនៅកម្រិតបច្ចេកទេស និងនយោបាយក្នុងគោលបំណង និងទិសដៅរួមគ្នាលើការរៀបចំនិងដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី ផែនការសកម្មភាព និងក្របខណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពក្នុងការកែទម្រង់
(៥) គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រកាន់ឱ្យខ្ជាប់ខ្ជួននូវ “អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ“ ក្នុងការដឹកនាំ ការសម្របសម្រួល ការរៀបចំ និងការអនុវត្ត គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ដោយត្រូវគិតគូរដល់ការសម្រេចចក្ខុវិស័យ និងគោលបំណងរួមរបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូល ដែលលទ្ធផល ចុងក្រោយនោះ គឺគ្រប់សកម្មភាព និងសេវារបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានអនុវត្តជាក់ស្តែងដើម្បីបម្រើផលប្រយោជន៍ប្រជាជនជាធំ និងត្រូវបម្រើប្រជាជនឱ្យកាន់តែប្រសើរ
(៦) គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពង្រឹងប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្ទៃក្នុងរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានថា រាល់គោលនយោបាយ កម្មវិធី ផែនការសកម្មភាព និងក្របខណ្ឌគតិយុត្តពាក់ព័ន្ធ ព្រមទាំងមុខងារនិងភារកិច្ចរបស់ក្រសួង ស្ថាប័ន អង្គភាព និងមន្ត្រីដែលបានកំណត់ ត្រូវបានអនុវត្តដោយពិតប្រាកដ និងត្រឹមត្រូវ ព្រមទាំងចំណុចអវិជ្ជមាន និងបញ្ហាប្រឈមទាំងឡាយ ត្រូវបានកំណត់ និងវាយតម្លៃច្បាស់លាស់ដើម្បីធ្វើការដោះស្រាយ និងកែលម្អជាបន្តបន្ទាប់ ដោយមិនត្រូវទុកបញ្ហាប្រឈម គ្មានដំណោះស្រាយនោះទេ។ ជារួម ដំណើរការនៃរដ្ឋបាលសាធារណៈត្រូវមានការត្រួតពិនិត្យ វាយតម្លៃ និងកែលម្អជាប្រចាំ
(៧) គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីនិងស្ថាប័នជាប្រចាំ តាមរយៈការចែករំលែក និងការបើកចំហទស្សនៈទទួលយកនូវចំណេះដឹងថ្មីៗ ឧត្តមានុវត្តន៍ និងនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស ការពង្រឹងភាពជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព ការកសាង និងពង្រឹងប្រព័ន្ធដឹកនាំគ្រប់គ្រង និងប្រតិបត្តិការការងារនៅតាមអង្គភាពនីមួយៗ។ ទន្ទឹមនេះ អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែមានតម្លៃដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជាប្រចាំឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាជន និងដើម្បីប្រជាជនទទួលបាននូវកិត្តិយស ការស្រឡាញ់រាប់អាន និងជំនឿទុកចិត្តពីប្រជាជន។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈត្រូវគិតគូរបន្ថែមទៀតលើការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងស្ថាប័នក្នុងក្របខណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីប្រើប្រាស់ជាផែនទីចង្អុលផ្លូវជាក់លាក់របស់រាជរដ្ឋាភិបាល សម្រាប់តម្រង់ទិសដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការអភិវឌ្ឍសមត្ថភាពនេះ គឺដើម្បីអភិវឌ្ឍខ្លួនយើងឱ្យដើរទាន់បរិបទសង្គម សេដ្ឋកិច្ច ស្ថានភាព និងការវិវត្តក្នុងតំបន់ និងពិភពលោក ធានាបាននូវនិរន្តរភាពនៃការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ។
(៨) គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួម និងគាំទ្រដល់ដំណើរការនៃការកសាងរដ្ឋបាលសាធារណៈ ឈរលើទស្សនាទាននៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ដែលត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបណ្តើរៗដោយការដ្ឋានកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ។ ដំណើរការកែទម្រង់នេះទាមទារឱ្យមានការគិតគូរក្នុងការរៀបចំ និងអនុវត្តជាបណ្តើរៗ នូវក្របខណ្ឌនៃការគ្រប់គ្រងនិងចាត់ចែងថវិកា ធនធានមនុស្ស រចនាសម្ព័ន្ធ និងអភិក្រមការងារ ក្របខណ្ឌសិទ្ធិអំណាច គណនេយ្យភាព និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន។
[ផ្ដើមសេចក្ដីអធិប្បាយ៦]
(១១) រដ្ឋបាលសាធារណៈអនុវត្តសកម្មភាពប្រកបដោយវិជ្ជាជីវៈ ព័ត៌មាន/ទិន្នន័យដ្ឋានគ្រប់ជ្រុងជ្រោយ និងប្រកបដោយវិទ្យាសាស្ត្រ
ក្នុងន័យនេះ ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ចៅក្រសួងជាច្រើនដែលបានរាយការណ៍មកខ្ញុំអំពីជំហាននៃការចាត់ចែងនិងការរៀបចំពង្រឹងកំណែទម្រង់មួយជំហានរួចទៅហើយមុននឹងធ្វើការងារនេះជាមួយក្រសួងមុខងារសាធារណៈ។ សូមជម្រុញបន្ដ។ ក្នុងន័យនេះ រាល់សកម្មភាពរដ្ឋបាលសាធារណៈត្រូវរៀបចំ និងដាក់ឲ្យអនុវត្ដប្រកបដោយភាពវិជ្ជាជីវៈ មានមូលដ្ឋានព័ត៌មាន មានទិន្នន័យជាក់លាក់ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈវិទ្យាសាស្ដ្រត្រឹមត្រូវ សំរាប់ប្រើប្រាស់ធ្វើសេចក្ដីសំរេច និងអនុវត្ដទទួលលទ្ធផលល្អសំរាប់ប្រជាជន។
[ចប់សេចក្ដីអធិប្បាយ៦]
កម្មភាពរបស់រដ្ឋបាលសាធារណៈត្រូវរៀបចំ និងដាក់ឱ្យអនុវត្តប្រកបដោយភាពវិជ្ជាជីវៈមានមូលដ្ឋានព័ត៌មាន និងទិន្នន័យជាក់លាក់ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ សម្រាប់ប្រើប្រាស់ក្នុងការធ្វើសេចក្តីសម្រេចនិងដាក់ឱ្យអនុវត្តទទួលបាននិងផ្តល់លទ្ធផលល្អសម្រាប់ប្រជាជន
(៩) ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ព្រមទាំងជំរុញនិងលើកកម្ពស់ការទទួលយក ការសម្របខ្លួន និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងរដ្ឋបាលសាធារណៈ ដើម្បីធានាបាននូវគុណភាពនៃសេវាសាធារណៈ ដែលប្រកបដោយលក្ខណៈសម្បត្តិ ភាពងាយស្រួលក្នុងការទទួលសេវា ឆ្លើយតបនឹងសេចក្តីត្រូវការសេវាឆាប់រហ័ស និងចំណាយសមស្រប និងមានប្រសិទ្ធភាព។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក៏ត្រូវបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មានមន្ត្រីតាមឌីជីថលឱ្យកាន់តែមានលក្ខណៈពេញលេញ និងសមស្រប ដើម្បីធានាបាននូវការគ្រប់គ្រង និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីជាក់ស្តែងនៅតាមអង្គភាពរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់បម្រើដល់គោលដៅនៃការគ្រប់គ្រងជ្រើសរើសពង្រាយ និងអភិវឌ្ឍសមត្ថភាពមន្ត្រី។
ក្រសួងមុខងារសាធារណៈក្នុងនាមជាស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកលើការងារគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ព្រមទាំងការងារដឹកនាំ និងសម្របសម្រួលការកែទម្រង់រដ្ឋបាលសាធារណៈត្រូវគិតគូរដល់ការរៀបចំ និងដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រ កម្មវិធី និងផែនការសកម្មភាពពាក់ព័ន្ធ ជំរុញការចូលរួម ការគាំទ្រ និងការអនុវត្តរាល់វិធានការណែនាំខាងលើដែលជាការតម្រង់ទិសរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យមានភាពប្រាកដចំពោះការប្រតិបត្តិ និងលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់។
[ផ្ដើមសេចក្ដីអធិប្បាយ៧]
(១២) កំណើនប្រជាសាស្ត្រ ទាមទារអោយមានការរៀបចំភូមិ/ឃុំថ្មី និងបង្កើនសេវាសាធារណៈ
មុននឹងបញ្ចប់ ខ្ញុំមានចំណាប់អារម្មណ៍តូចមួយទាក់ទងទៅនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ថ្ងៃនេះ មានប្រធានមន្ទីរមកចូលរួម។ នៅខាងនេះ មន្ទីររបស់ក្រុងនិងខេត្ត មន្ទីរមុខងារសាធារណៈ។ ឥឡូវ យើងធ្វើវិមជ្ឈការ វិសហមជ្ឈការ និងប្រគល់សិទ្ធិ និងការទទួលខុសត្រូវទៅគណៈអភិបាលរាជធានីខេត្ត ស្រុក ក្រុង ដើម្បីធ្វើការងារនេះ។ ការទទួលភារកិច្ចនេះសំខាន់ណាស់។ ការងារនេះគឺចាំបាច់ត្រូវធ្វើ រុញសេវាដោយប្រសិទ្ធភាព និងសិទ្ធិអំណាច និងប្រតិភូកម្មមួយចំនួនដើម្បីឲ្យបំពេញភារកិច្ចជូនប្រជាពលរដ្ឋ។ ចេញពីអាពតមកប្រជាពលរដ្ឋយើងមាន ៧ លាននាក់។ ឥឡូវមាន ១៧ លាននាក់។ មិនយូរទេនឹងឡើងដល់ ៣០លាននាក់។ កន្លែងដែលធ្លាប់តែអត់មានមនុស្ស ឥឡូវទៅជាកន្លែងដែលមានរាប់ពាន់គ្រួសារ។ យើងត្រូវរៀបចំបង្កើតភូមិ/ឃុំបន្ថែម ដូចនេះសេវាត្រូវតែបង្កើន។ ចំពោះការបង្កើន(ចំនួនភូមិឃុំ)នេះ តួអង្គគន្លឹះក្នុងការអនុវត្តការងារឲ្យមានប្រសិទ្ធភាព គឺមន្ទីរជំនាញចំណុះរាជធានី/ខេត្ត ដែលជាសេនាធិការ។
(១៣) ប្រតិភូកម្មនូវសិទ្ធនិងគាំទ្រជាធនធាន ដល់មន្ទីរជំនាញចំណុះរាជធានី/ខេត្ត តាមវិមជ្ឈការ វិសហមជ្ឈការ
ហ្នឹងយើងនិយាយពីការធ្វើវិមជ្ឈការទៅដល់រាជធានី/ខេត្ត ក្នុងការដឹកនាំអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ អញ្ចឹង ការទទួល(ភារកិច្ច)កាន់តែខ្ពស់ ត្រូវការការគាំទ្រកាន់តែច្រើន ទី១ ជាសិទ្ធិ ទី២ ជាធនធាន។ សិទ្ធិយើងបានប្រគល់ទៅហើយតាមវិមជ្ឈការ មួយចំនួនតាមវិសហមជ្ឈការ ធ្វើប្រតិភូកម្មសិទ្ធទៅឲ្យមូលដ្ឋាន។ ធនធានក៏ទៅមួយផ្នែកធំទៅក្រោមដែរ ប៉ុន្តែប្រយ័ត្នអភិបាលខេត្ត អត់ដឹងថាធនធានទៅដល់។ ថ្ងៃមុន ឯកឧត្ដម រដ្ឋមន្រ្តីសុខាភិបាលថា ជួយខ្សិបដាក់មេក្រូទៅឯកឧត្ដម លោកជំទាវអភិបាលខេត្តផងថា ថវិកាសម្រាប់ជួយជុលស្អីៗ ប្រតិបត្តិទៅហើយ កុំស្នើមកគាត់ទៀត … មួយទៀត តួនាទីកាន់តែកើន មុខងារនិងការទទួលខុសត្រូវកាន់តែកើន បានន័យថា ថ្ងៃមុនយើងពាក់ស័ក្ដិ ៣ ធ្វើការងារស័ក្ដិ ៣ ឥឡូវគេទម្លាក់ការងារស័ក្ដិ ៤មកឲ្យហើយ។
ដើម្បីជាការលើកទឹកចិត្ត និងផ្ដល់ទំងន់បន្ថែម ហើយខ្ញុំបានជជែកជាមួយជំនាញរបស់មុខងារសាធារណៈទៅឃើញថាមិនមានជាបញ្ហាទេ។ ឥឡូវ ប្រធានមន្ទីរ(មានឋានៈ)កម្រិតអនុប្រធាននាយកដ្ឋាន (ឬឋានន្តរ)ស័ក្ដិ ៣។ យើងកំពុងរៀបចំឲ្យប្រធានមន្ទីរឡើងស័ក្ដិ៤ ឡើងកម្រិត(ប្រធាន)នាយកដ្ឋានតែម្ដង។ ការងារនេះមិនមានអីខុស ហើយខ្ទាស់ការងារទេ។ មូលហេតុអីបានជាយើងត្រូវធ្វើបែបនេះ? ទី១ គឺជាការលើកទឹកចិត្តបន្ថែមទៅលើមន្រ្តីដែលនឹងត្រូវទទួលការងារកាន់តែច្រើន។ ប្រធានមន្ទីរគឺជាសេនាធិការជំនាញ។ យើងមានការិយាល័យជំនាញ តែប្រធានមន្ទីរនេះហើយដែលជាសេនាធិការជូនអភិបាលនិងគណៈអភិបាលរាជធានី/ខេត្ត និងជួយមើលស្តង់ដារនៅក្រោម និងជួយភ្ជាប់នៅខាងលើខ្សែបណ្ដោយ អនុវត្តគោលការណ៍ ដែលកន្លែងខ្លះ ដូចក្រសួងសុខាភិបាល និងក្រសួងអប់រំ … បើឲ្យការងារគាត់ច្រើន ដំឡើងស័ក្ដិមិនខុសទេ។ ប៉ុន្តែសំណួរសួរថា បើដំឡើងស័ក្ដិនេះ តើប៉ះពាល់ឬអត់ ដែលយើងត្រូវការគិតជាប្រចាំ។ គឺអត់ទេ។ អញ្ចឹង ជម្រើសទី១ ការលើកទឹកចិត្ត។ ទី២ ការចូលរួមលើកកម្ពស់សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់គាត់។ ហើយទី៣ ក្នុងពេលដែលយើងវិមជ្ឈការការទទួលខុសត្រូវច្រើនទៅឲ្យរាជធានី/ខេត្ត គឺកាន់តែមានភាពចាំបាច់ និងសារៈសំខាន់ នៅក្នុងការឲ្យមានសង្គតិភាពរវាងការអនុវត្តថ្នាក់ក្រោមជាតិជាមួយថ្នាក់ជាតិ។ នេះជាការចាំបាច់ដែលត្រូវធ្វើ។
(១៥) មូលហេតុ ៣ ដែលការតម្លើងឋានៈប្រធានមន្ទីរមិនប៉ះពាល់ដលឋានានុក្រមដឹកនាំ/បញ្ជា
តើការដំឡើងហ្នឹងប៉ះពាល់ដល់ឋានានុក្រមដឹកនាំ/បញ្ជាឬអត់? ថាអត់ទេ។ ខ្ញុំសូមបញ្ជាក់ថា ទី១ អភិបាលខេត្តគឺតែងតាំងដោយព្រះរាជក្រឹត្យរួចទៅហើយ អគ្គនាយក។ អភិបាលរងខេត្ត ដោយអនុក្រឹត្យ។ យើងអាចថា អគ្គនាយករង។ អញ្ចឹង ប្រធានមន្ទីរត្រឹមកម្រិតនាយកដ្ឋាន អត់បញ្ហាអីទេ។ កន្លងទៅធ្លាប់មាននាយកដ្ឋានមួយចំនួនបានខ្សិបតាម Telegram មកខ្ញុំ ឬមួយតាមអភិបាលខេត្តមួយចំនួន ដូចនៅខាងស្រុកមានដល់អនុក្រឹត្យហើយ ចុះខ្ញុំមន្ទីរនេះដូចជាស្រាលម្លេះ? … ទី២ ការអនុវត្តការងារអត់ខុសទេ មិនពាក់ព័ន្ធដល់ប្រសិទ្ធភាពការងាររបស់អង្គភាពថ្នាក់ក្រោមជាតិទេ ព្រោរបៀបរបបនិងបែបបទ នីតិវិធីនៃដំណើរការការងារ ត្រូវបន្តអនុវត្តអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នេះមិនមានអីខុសពីឥឡូវទេ គ្រាន់តែឡើងកិត្តិយសជូនគាត់មួយថ្នាក់តែប៉ុណ្ណឹង ហើយអត់មានប៉ះពាល់ទៅដល់ការដឹកនាំបញ្ជាទេ។ ទី៣ ការរៀបចំមនុស្សដើម្បីស្នើនៅតែធ្វើពីក្រោមឡើងមកលើដដែល។
(១៦) ខេត្តជាខ្សែទីមួយនៃការជ្រើសរើសបេក្ខជនប្រធានមន្ទីរជំនាញ ឯការសំរេចអាស្រ័យលើក្រសួង/រដ្ឋមន្ត្រី
មានក្រសួងមួយសូមមិននិយាយឈ្មោះ … ជារឿងផ្ទៃក្នុង ប៉ុន្តែដល់ចេញជាគោលការណ៍ណែនាំទៅ មានការយល់ច្រឡំ គឺមានក្រសួងមួយបានធ្វើគោលការណ៍ ចេញសេចក្ដីជូនដំណឹងដើម្បីរើសបេក្ខភាពប្រធានមន្ទីរជំនាញនៅថ្នាក់ខេត្តដើម្បយកមករៀបចំ។ ខេត្តមួយចំនួនក៏ព្រួយបារម្ភ។ ហ្នឹងធាក់ថយហើយ ព្រោះត្រូវខេត្តជាអ្នករើសមកវាយតម្លៃហើយ បានយកមកក្រសួង។ ក្រសួងមើលថាឯកភាពឬមិនឯកភាព។ អញ្ចឹង នីតិវិធីនេះគឺត្រូវតែអនុវត្តដដែល។ បានន័យថាខេត្តជាខ្សែទី១ក្នុងការជ្រើសរើស ហើយបញ្ជូនមកឲ្យក្រសួង/ស្ថាប័ន។ ក្រសួង/ស្ថាប័នមានសិទ្ធិវេតូ រដ្ឋមន្រ្តីមានសិទ្ធិវេតូ ថាមិនត្រូវទេយកបេក្ខភាពហ្នឹង អញ្ចឹងខេត្តរើសថ្មីមក។ ហ្នឹងដែលយើងធ្វើបច្ចុប្បន្ន។ នីតិវិធីនេះត្រូវបន្ត។ អត់មានប្រធាននាយកដ្ឋានឡើងមក នាយករដ្ឋមន្ដ្រីតែងតាំងទម្លាក់មកពីលើមេឃទេ។ ត្រូវគោរពសិទ្ធិពីថ្នាក់ក្រោម។ ខេត្តរើសមក ឆ្លងក្រសួង ក្រសួងឯកភាពហើយ បានមកសុំប្រថាប់ត្រា។ តែប៉ុណ្ណឹងទេ។ ឥលូវប្រថាប់ត្រា ថែមឲ្យមួយសក្ដិជូនទៅដល់ប្រធានមន្ទីរ។ អញ្ចឹងខ្ញុំគិតថាប៉ុណ្ណេះគួរតែច្បាស់លាស់ហើយ។ លើកទឹកចិត្តហើយ។ ការងារត្រូវតែអនុវត្ដ(ដដែល)អត់មានបញ្ច្រាសទេ។ អញ្ចឹង វិមជ្ឈការអត់ខុសគ្នាទេ … អភិបាលខេត្តមួយដែលជជែកជាមួយខ្ញុំ គាត់ថាហ្នឹងជាកាដូឆ្នាំថ្មីជូនប្រធានមន្ទីរ។ យើងតម្លើងកម្រិត(ឋានៈ)នេះ ដើម្បីឲ្យមានសង្គតិភាព យុត្ដិធម៌ និងសមធម៌។
(១៧) បន្ថែមសិទ្ធិអំណាច/ថវិកា ដើម្បីថ្លែងអំណរគុណ លើកទឹកចិត្ត ផ្តល់កិត្តិយសក្នុងការបំពេញការងារ
ក្រសួង អង្គភាពស៊ីវិលយើងធ្វើតាមរបៀបហ្នឹង។ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ធ្វើដូចគ្នាទៅ។ អញ្ចឹងកុំឲ្យថាមន្ដ្រីមន្ទីរឡើងហើយ ប៉េអ៊ឹម ប៉ូលីស យោធាខេត្តអត់ឡើង។ យើងធ្វើដូចគ្នាទៅ។ តម្លើងកម្រិតតែងតាំង(ដល់)អនុក្រឹត្យ។ ខេត្តនិមួយៗកុំខ្លាចថាតែងតាំងអញ្ចឹងទៅ តិចអភិបាលរងខេត្តបញ្ជាមន្ទីរអត់បាន។ អត់ទេ។ ឋានានុក្រម ដឹកនាំបញ្ជានៅដដែល គ្រាន់តែឥលូវមន្ទីរនីមួយៗ គីឡូរាងខ្ពស់បន្ដិច។ គ្រប់អង្គភាពស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ តម្លើងគីឡូបន្ដិចដើម្បីបំពេញភារកិច្ច។ ការងារទំលាក់ទៅឲ្យហើយ ត្រូវតែធ្វើ។ បន្ថែមសិទ្ធិអំណាច បន្ថែមថវិកា។ ឥលូវតម្លើងគីឡូបន្ដិចទៀត ដើម្បីធ្វើការ។ អញ្ចឹង សូមបញ្ជាក់រាល់នីតិវិធីនៃលំហូរការងារ ការរៀបចំមនុស្សគឺនៅរក្សាដដែលដូចមុន ខុសតែគីឡូបន្ដិចទេ។ គីឡូសំរាប់ប្រធានមន្ទីរជំនាញនៅតាមបណ្ដារាជធានី ខេត្ត។ បើយើងមានមន្ទីរជំនាញរាជធានីខេត្តរបស់ក្រសួងទាំងអស់ ស្នងការដ្ឋាននគរបាល រាជធានីខេត្ដរបស់ក្រសួងមហាផ្ទៃ តំបន់ប្រតិបត្ដិការសឹករងរាជធានីខេត្តរបស់ក្រសួងការពារ កងរាជអាវុធហត្ថរបស់រាជធានីខេត្ត អញ្ចឹងថ្ងៃក្រោយតម្លើងកម្រិតអនុក្រឹត្យទាំងអស់ ដើម្បីជួយលើកគីឡូការធ្វើការងារ ហើយជាការលើកទឹកចិត្តមួយ … មិនដឹងថាមានអីជាការថ្លែងអំណរគុណក្រៅពីប្រគល់សិទ្ធិ ការទុកចិត្ត ការងារឲ្យធ្វើ ផ្ដល់កិត្ដិយសបន្ថែមទៀតប៉ុណ្ណឹង។
(១៨) កុំខ្លាចធ្វើការវិនិយោគលើអ្នកធ្វើការងារពិត
ទាំងអស់នេះ អត់មានអីខុសទៅនឹងគោលការណ៍នៃកំណែទម្រង់ទេ។ យើងធ្វើវិមជ្ឈការទៅឲ្យគាត់ ប្រគល់ភារកិច្ច និងការទទួលខុសត្រូវអោយគាត់ និងត្រូវតម្លើងទំងន់ជូន។ អញ្ចឹង ថ្នាក់ខេត្ត ថ្នាក់មន្ទីរ ដែលចូលរួមនៅទីនេះ អាចបងប្អូនមន្ទីរមួយចំនួននៅជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធនៅខេត្ត គឺយើងធ្វើដូចគ្នា ហើយការដឹកនាំបញ្ជាអីអត់ខុសពីមុនទេ។ ខុសតែប្រថាប់ត្រាទំងន់ ការដឹកនាំបញ្ជា ការស្នើមក ឋានានុក្រមដូចតែមុន សិទ្ធិអត់មានអីបាត់ទេ។ ថាឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី ខ្លាចបាត់សិទ្ធិក្នុងការតែងតាំងឬ។ ថាអត់ទេ។ យើងជាអ្នកវេតូមិនអាចរំលងរដ្ឋមន្ដ្រីទេ។ ខេត្តមិនមានសិទ្ធិរុញមកលើទេ ត្រូវឆ្លងរដ្ឋមន្ដ្រីដដែល។ ឲ្យមិនឲ្យ ចាំតែប្រថាប់ត្រាជូនទេ។ ប្រគល់សិទ្ធិ និងការទុកចិត្តជូនហើយ ដើម្បីពង្រឹងសង្គតិភាពការងារថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន។ យើងបន្លាយខ្សែកាន់តែវែង និងត្រូវធានាថាខ្សែនឹងមិនដាច់។ ខ្សែហ្នឹងប្រាកដជាមានសង្គតិភាពជាមួយដំណើរទៅមុខ ហើយអ្នកកាន់ខ្សែនឹងមានទំងន់ដើរទៅមុខ។ សូមជូនដំណឹងប៉ុណ្ណឹងទៅដល់អង្គប្រជុំ ពាក់ព័ន្ធនឹងការងារកំណែទម្រង់មុខងារសាធារណៈ។ សូមជូនមួយថ្នាក់បន្ថែមដល់មន្ទីរទាំងអស់នៅតាមរាជធានីខេត្ត តែកាលណាបន្ថែមសិទ្ធិ គឺបន្ថែមការទទួលខុសត្រូវ។ ទោះបីមិនបន្ថែមថ្នាក់ ក៏ត្រូវទទួលខុសត្រូវ។ អ្នកខ្លះសួរថា បើបន្ថែមអញ្ចឹងមិនប៉ោងថវិកា? ប្រសិនថាបើវាប៉ោងប៉ុណ្ណាក៏ដោយ សំរាប់អ្នកធ្វើពិតកុំខ្លាចក្នុងការវិនិយោគ …។
[ចប់សេចក្ដីអធិប្បាយ៧]
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលសម្រេចបាន ក្នុងវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយក្រសួងមុខងារសាធារណៈ និងក៏សូមលើកទឹកចិត្តដល់ក្រសួងមុខងារសាធារណៈ ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធទាំងអស់ ឱ្យបន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ ពង្រឹង និងអភិវឌ្ឍរដ្ឋបាលសាធារណៈរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពជូនប្រជាជន។ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារ និងភារកិច្ចនាពេលកន្លងមកយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានមនសិការវិជ្ជាជីវៈខ្ពស់ និងសូមបន្តកិច្ចប្រឹងប្រែងនេះ តាមចំណែកនៃមុខងារ និងភារកិច្ចរៀងៗខ្លួនឱ្យបានពេញកម្លាំងកាយនិងកម្លាំងចិត្ត។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកានៃអង្គពិធី សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន សេចក្តីសុខសុភមង្គល និងទទួលបានជ័យជំនះគ្រប់ភារកិច្ច៕