នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០២២-២០២៣ និង លើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ។
នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រចំពោះកម្មវិធីកំណែទម្រង់វិធានការ និងអាទិភាព ដែលអង្គសន្និបាតបានដាក់ចេញដោយឈរលើមូលដ្ឋាននៃសមិទ្ធផលនាពេលបច្ចុប្បន្ន និងកាលានុវត្តភាពថ្មីៗ និងការកំណត់ទិសដៅកំណែទម្រង់ច្បាស់លាស់ ប្រកបដោយភាពជាក់ស្តែងនិយម ជាមួយនឹងគោលដៅជាក់លាក់ ព្រមទាំងមានរចនាសម្ព័ន្ធដឹកនាំ និងមានយន្តការអនុវត្តច្បាស់លាស់ ដើម្បីកសាងមូលធនមនុស្សដែលមានសក្តានុពលពេញលេញ ទាំងចំណេះដឹង ជំនាញ និងអាកប្បកិរិយា សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
សម្តេចធិបតី បានមានប្រសាសន៍ថា សាលារៀនជាអង្គភាពផ្តល់សេវាសាធារណៈ ដែលស្ថិតនៅជិតប្រជាពលរដ្ឋ ដូចនេះ សាលារៀនត្រូវតែអនុវត្តនូវតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន និងរៀន និងផ្តល់នូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប ដែលទាមទារឱ្យសាលារៀនត្រូវពង្រឹងអភិបាលកិច្ច ប្រកបដោយភាពធន់ បុរេសកម្ម និងប្រមូលផ្តុំ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ និងមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀន ឱ្យបានគ្រប់ជ្រុងជ្រោយស្របតាមស្តង់ដាសាលារៀនគំរូ ។ ទន្ទឹមនេះ សម្តេច បានគាំទ្រចំពោះការវាយតម្លៃសាលារៀនទាំងបីកម្រិត ដែលក្រសួងបានជ្រើសរើស និងទទួលស្គាល់ជាសាលារៀនគំរូទាំង១២០សាលា នៅដំណាក់កាលដំបូងនេះ ក្នុងន័យទទួលស្គាល់នូវសមិទ្ធផលសាលារៀន ទាំងលទ្ធផលសិក្សារបស់សិស្សខ្ពស់ ទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារក្នុងការអភិវឌ្ឍសាលារៀន ជាសាលារៀនជាប់ចំណាត់ថ្នាក់អង្គភាពសេវាសាធារណៈល្អ សាលារៀនស្អាត នាយកល្អ ។ល។ និងក្នុងរូបភាពផ្សព្វផ្សាយការប្រតិបត្តិដ៏ល្អ ដែលអាចជាគំរូដល់សាលារៀននៅជុំវិញ និងសាលារៀនដទៃទៀត ឱ្យខិតខំអភិវឌ្ឍសាលារៀនស្របតាមយុទ្ធសាស្ត្រផ្ការីក។
សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះក្នុងវិស័យអប់រំ និងបានបង្កើតលេខាធិការដ្ឋានមួយ ដែលដើរតួជាសេនាធិការ របស់គណៈកម្មាធិការជាតិ ក្នុងគោលបំណងជួយគាំទ្រដល់ការលើកកម្ពស់ការអប់រំ ដែលក្នុងដំណាក់កាលដំបូង ផ្តោតលើសាលាបឋមសិក្សាប្រមាណ៥០ និងផ្តល់នូវការគាំទ្រ និងការចុះជួយលើផ្នែកទន់ (soft skill) ដើម្បីឱ្យនាយកសាលា គ្រូបង្រៀន និងសហគមន៍ចូលរួម ដោយធ្វើការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា យ៉ាងហោច ២ម៉ោងសិក្សាបន្ថែម ដើម្បីឱ្យសិស្សបានមកសាលារៀន និងទទួលបាននូវការបំប៉នមេរៀនបន្ថែមទៅលើការសិក្សាក្នុងម៉ោងផ្លូវការ ការសិក្សាភាសាបរទេស កុំព្យូទ័រ និងសកម្មភាពផ្សេងៗទៀតដូចជា ការអានជាក្រុម ការអាននៅក្នុងបណ្ណាល័យ ការធ្វើលំហាត់បន្ថែម សកម្មភាពសង្គម ការអប់រំសីលធម៌ និងការលេងកីឡា ។ល។ ការរៀបចំសកម្មភាពក្រៅម៉ោងសិក្សានេះ ក៏មានគោលដៅកាត់បន្ថយម៉ោងទំនេរ និងប្រែក្លាយម៉ោងទំនេររបស់កុមារ និងយុវជន ដែលអាចយកទៅប្រព្រឹត្តសកម្មភាពអសកម្មមួយចំនួនឱ្យក្លាយទៅជាម៉ោងសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនវិញ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តផ្តល់ឤទិភាព ក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមានក្របខ័ណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និងប្រកបដោយគុណភាព ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអនុវត្តកំណែទម្រង់សាលារៀន ការអភិវឌ្ឍ និងការលើកកម្ពស់បំណិនសតវត្សទី២១ដល់យុវជន ការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការជំរុញការអប់រំឌីជីថល កំណែទម្រង់សាលាគរុកោសល្យ ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ដោយភ្ជាប់ការស្រាវជ្រាវនិងការអភិវឌ្ឍ ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានធ្វើការកោតសរសើរចំពោះសមិទ្ធផលនានា នៅក្នុងវិស័យអប់រំ ដែលពិតជាបានស្តែងចេញនូវកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងស្អិតល្មួតរបស់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងឤជ្ញាធរដែនដី ក្នុងការរួមគ្នាអភិវឌ្ឍវិស័យនេះឱ្យមានការរីកចម្រើនទៅមុខ ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ។ ទន្ទឹមនេះ សម្តេច ក៏បានកោតសសើរដល់ថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសនៃក្រសួងអប់រំ យុវជន និង កីឡា ដែលបានរៀបចំការឆ្លើយតបភ្លាមៗ តាមរយៈការពិនិត្យឡើងវិញលើស្តង់ដាសាលារៀន ដោយបញ្ជ្រាបអនុសាសន៍ទាំង ៤ ចំណុច ដែល សម្តេច បានដាក់ចេញនៅក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី ដើម្បីលើកកម្ពស់គុណភាពអប់រំ ពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២). ការពិនិត្យកែសម្រួល រៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ទី៣). ការយកចិត្តទុកដាក់ផ្នែកសុខភាពសិស្ស ផ្តល់កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង ទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ» ។ ជាមួយនេះ ក្រសួងក៏បានដាក់ឱ្យអនុវត្ត «ស្តង់ដាសាលារៀនគំរូ» ចាប់ពីសាលាមត្តេយ្យសិក្សារហូតដល់សាលាមធ្យមសិក្សា ព្រមទាំងបានរៀបចំយន្តការចុះវាយតម្លៃសាលារៀន យន្តការចុះជួយសាលារៀន និងយន្តការពិនិត្យតាមដាន ជាពិសេស ការធ្វើអាទិភាវូបនីយកម្មថវិកា និងប្រមូលផ្តុំធនធានសម្រាប់គាំទ្រ ដល់ការអនុវត្តសាលារៀនគំរូ ៕