នារសៀសថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍ និងការធ្វើទំនើបកម្ម វិស័យកសិកម្ម តាមរយៈការដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ សំដៅលើកកម្ពស់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព, កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ សម្រាប់អនុវត្តចាប់ពីឆ្នាំ ២០២៣ សំដៅដោះស្រាយបញ្ហាប្រឈមចំពោះមុខ, គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ២០២២-២០៣០ សំដៅប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ចីរភាព និង ធន់នឹងការប្រែប្រួលអាកាសធាតុ, គោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ សំដៅជំរុញប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី នាពេលអនាគត ។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានបង្កើនវិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ដូចជា ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធគមនាគមន៍ជនបទ ប្រព័ន្ធឡូជីស្ទិក បណ្តាញអគ្គិសនី និង ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ, ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, បង្កើតច្រករបៀងមច្ឆា និងអង្ករ, លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា នវានុវត្តន៍ និង បរិវត្តកម្មឌីជីថល, កសាងមូលធនមនុស្ស, និងផ្ដល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ ជាដើម ដើម្បីបង្កើនគុណភាព ស័ក្តិសិទ្ធភាព ផលិតភាព និងសុវត្ថិភាព ក្នុងផលិតកម្មកសិកម្ម សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា ទាំងនៅទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ ។
ទន្ទឹមនេះ រាជរដ្ឋាភិបាល អាណតិ្តទី៧ បន្តអនុវត្តគោលការណ៍ មានជាអាទិ៍៖ ទី១. បន្តលើកលែងពន្ធលើ ដីកសិកម្ម, ដីស្រែជាលក្ខណៈគ្រួសារ និងការនាំចូលសម្ភារកសិកម្ម ទី២. ការលើកលែងអាករតម្លៃបន្ថែមលើ មុខទំនិញដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់ចុងឆ្នាំ ២០២៨ ទី៣. ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារចំនួន ២ ឆ្នាំ បន្ថែមទៀតរហូតដល់ចុងឆ្នាំ ២០២៥ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬ សេវាកម្ម ដែលធ្វើការដាំដុះ ផលិត ឬនាំចេញ នូវផលិតផលចំនួន ១៤ មុខ រួមមាន ស្រូវ, អង្ករ, ពោត, សណ្តែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ជ័រកៅស៊ូ, មៀនប៉ៃលិន, ស្វាយ,ចេក, វារីវប្បកម្ម, ការចិញ្ចឹមសត្វ, និងផលិតផលដូងប្រេងនៅក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ។ លើសពីនេះ ក្នុងគោលដៅទាក់ទាញវិនិយោគបរទេស និង បើកទីផ្សារបន្ថែមសម្រាប់ផលិតផលកម្ពុជា រួមទាំង ផលិតផលកសិកម្មផងដែរ, រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ (ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់-អាសិប), ក្នុងក្របខ័ណ្ឌទ្វេភាគី (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និង អេមីរ៉ាតអារ៉ាប់រួម) និងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាមិត្តមួយចំនួនទៀត ។
សម្តេចធីបតី ក៏បានលើកទ្បើងផងដែរថា រាជរដ្ឋាភិបាល ទី៧ បេ្តជ្ញាបន្តការកំណត់ព្រៃលិចទឹកបឹងទន្លេសាប រហូតដល់ចប់ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងចីរភាព ស្របតាមគោលការណ៍ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល អាណត្តិទី ៦ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ កិច្ចការងារនេះ ទាមទារឱ្យមានសហការពីគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដោយចែកចេញជា ជំហានទី១. ចំពោះមុខ ត្រូវបញ្ចប់កិច្ចការងារនេះដោយសុក្រឹតភាព និងប្រសិទ្ធភាព តាមរយៈការចុះបញ្ជីដីឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងជាប្រព័ន្ធ ជាមួយការប្រគល់ភារកិច្ចជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី និងនគររូបនីយកម្ម ក្នុងការដឹកនាំ សម្របសម្រួលជាមួយអាជ្ញាធរទន្លេសាប ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីអនុវត្ត, ជំហានទី២. ក្រោយការចុះបញ្ជីដីចប់សព្វគ្រប់ អាជ្ញាធរទន្លេសាប មានភារកិច្ចគូសផែនទី និងបោះបង្គោលកំណត់ព្រំដីទ្បើងវិញឱ្យបានសុក្រឹតភាព ដើម្បីបញ្ចូលទិន្នន័យក្នុងប្រព័ន្ធសម្រាប់ការវាស់វែង, ជំហានទី៣. ការងារអចិន្ត្រៃយ៍ គឺអាជ្ញាធរទន្លេសាបត្រូវពង្រឹង យន្តការថែរក្សា និងគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាការដឹកនាំសម្របសម្រួល គ្រប់គ្រងបឹងទន្លេសាប រួមជាមួយក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ។ ទន្ទឹមនេះ អភិបាលនៃគណៈអភិបាលនៃបណ្តាខេត្ត ជុំវិញបឹងទន្លសាប មានភារកិច្ចសហការដឹកនាំដោយស្រុះដៃគ្នា ដើម្បីការពារឱ្យបានដាច់ខាតនូវបឹងទន្លសាប ដែលជាសម្បតិ្តរួមរបស់ជាតិសម្រាប់កូនចៅច្រើនជំនាន់តទៅទៀត ។ រាជរដ្ឋាភិបាល គិតអំពីសុខុដុមនីយកម្ម រវាងមនុស្ស និងបរិស្ថាន ដូច្នេះសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាទីជម្រកត្រីពង ហើយរាជរដ្ឋាភិបាល បេ្តជ្ញាការពារឱ្យបាន ព្រោះថាតម្លៃដីមិនថ្លៃជាងតម្លៃអនាគតរបស់យើង ហើយមិនមានតម្លៃណា ល្អជាងការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជានោះទេ ។
ជាទីបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ និង ការបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អាជ្ញាធរ មូលដ្ឋាន ដែលបានយកចិត្តទុកដាក់ តាមដាន ពិនិត្យ វាយតម្លៃ និងអន្តរាគមជួយដល់ប្រជាជន ដែលរងគ្រោះ ដោយសារគ្រោះធម្មជាតិបានទាន់ពេល ។ ទន្ទឹមនេះ ក៏បានធ្វើការកោតសរសើរចំពោះ ក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានរួមសហការរៀបចំការប្រឡង ជ្រើសរើសមន្រ្តីកសិកម្មឃុំ ដោយធានាបាននូវតម្លាភាព សមត្ថភាព និងគុណភាព ព្រមទាំងបានអំពាវនាវ ដល់មន្ត្រីកសិកម្មឃុំដែលទើបប្រឡងជាប់ ទៅប្រតិបត្តិដោយអស់ពីបេះដូង ដើម្បីជួយដល់កសិករយើង ។