សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធី «អបអរសាទរខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ», ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
ក្នុងពិធីដ៏មហោឡារិកនោះ សម្តេចធិបតី បានមានប្រសាសន៍ថា ខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក គឺត្រូវបានប្រារព្ធឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ហើយក៏បាន និងកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងសមិទ្ធផលថ្មីៗរបស់កម្ពុជាលើឆាកអន្តរជាតិ ។ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមលះបង់ក្នុងបុព្វហេតុអភិវឌ្ឍជាតិកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, អង់អាចក្លាហាន, មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ក៏តែងបានទ្រទ្រង់ថែរក្សាការពារសុខសន្តិភាព, ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ដែលស័ក្តិសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីដំណើរឆ្លងកាត់របស់កម្ពុជា ក្នុងរយៈពេល ៤៥ ឆ្នាំ កន្លងមកនេះ ដែលផ្តើមចេញពីជ័យជម្នះ ៧ មករា រហូតប្រទេសកម្ពុជា បាន និងកំពុងបោះជំហានទៅមុខឥតឈប់ឈរតាមទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនគ្រប់រូប ។ ៤៥ ឆ្នាំកន្លងទៅនេះ គឺជា ៤៥ ឆ្នាំ នៃសាមគ្គីភាព, វីរភាព និង ជា ៤៥ ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា ។ ថ្ងៃ៧ មករា ជាចំណុចសូន្យនៃការចាប់ផ្តើមកសាងឡើងវិញនូវរាល់សមិទ្ធផលគ្រប់បែបយ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត, សិទ្ធិសេរីភាព, ប្រពៃណីទំនៀមទម្លាប់, ជំនឿ, សាសនា, លទ្ធិប្រជាធិបតេយ្យ, និងការអភិវឌ្ឍលើគ្រប់វិស័យ ដូច សព្វថ្ងៃនេះ ។ កម្ពុជាដែលពីមុនត្រូវបានហែកហួរដោយសង្រ្គាម និងធ្លាប់តែល្បីជាវាលពិឃាដ ជាតំបន់អសន្តិសុខដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវបានក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសុខសន្តិភាព, នីតិរដ្ឋ និងស្ថិរភាពនយោបាយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងមានព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់គ្រងជាម្លប់ដ៏ត្រជាក់ ។ កម្ពុជាដែលពីមុនធ្លាប់ត្រូវបានដាក់ឱ្យឯកោទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានធ្វើសមាហរណកម្មពេញលេញ ទៅក្នុងរចនាសម្ព័ន្ធនិម្មាបនកម្មតំបន់ និងសកល ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាព នៅក្នុងសកលលោក ក្រោមឆត្រអង្គការសហប្រជាជាតិ ។
មួយវិញទៀត សម្តេចធិបតី ក៏បានរំឭកបន្ថែមអំពីស្នាដៃ និងសមិទ្ធផលការងាររបស់កងកម្លាំងកងទ័ពជើងគោក ពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលទោះបីជាទើបត្រូវបានបង្កើតឡើងរយៈពេល ២៥ ឆ្នាំ ប៉ុន្តែធ្លាប់បានចូលរួមក្នុងគ្រប់ដំណាក់កាលនៃការវិវត្តប្រែប្រួលរបស់ប្រទេសជាតិជាង ៤០ ឆ្នាំ រាប់ចាប់តាំងពី (១) ដំណាក់កាលនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិក្នុង១៩៧៨ ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការទប់ស្កាត់ការវិលមកវិញនៃរបបដ៏ខ្មៅងងឹតនេះ ពីឆ្នាំ១៩៧៩-១៩៩៨; (២) ដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិល និងទទួលបានឯកភាពជាតិ ឯកភាពទឹកដី; (៣) ដំណាក់កាលនៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ ១៩៩៨-២០០៣ ដែលផ្តោតលើការបង្រួបបង្រួមជាតិ តាមរយៈការធ្វើសន្តិភាវូបនីយកម្មប្រកបដោយនិរន្តរភាព និងចីរភាព និង (៤) ដំណាក់កាលកសាងសង្គមជាតិតាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណចន្លោះឆ្នាំ២០០៣- ២០២៣ រហូតប្រទេសជាតិមានការអភិវឌ្ឍមកដល់បច្ចុប្បន្ន ដោយបានឈានចេញពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីបន្តពង្រឹងសមិទ្ធផលផ្សេងៗ និងកសាងប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងនោះការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមាន កងទ័ពជើងគោក នៃកងយោធពលខេរមភូមិន្ទ ព្រមទាំងគ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់របស់ជាតិ គឺជាកត្តាចាំបាច់បំផុតដើម្បីថែរក្សាបរិស្ថានសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ភាពកក់ក្តៅ និងឱកាសនៃការអភិវឌ្ឍជូនប្រជាពលរដ្ឋ ។
បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើងផងដែរអំពីសារៈសំខាន់ចាំបាច់នៃការកែម្រង់កងយោធពលខេមរភូមិន្ទ ដើម្បីឱ្យកងទ័ពក្លាយទៅកម្លាំងទំនើប និងមានសមត្ថភាពគ្រប់គ្រាន់ម្ចាស់ការក្នុងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេស ។ ក្នុងន័យនេះ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា ការកែទម្រង់កងទ័ពត្រូវផ្អែកលើមូលដ្ឋាននៃស្មារតីជាតិនិយម ដែលសំដៅដល់ (១) ស្មារតីនៃភាពស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ តាមរយៈការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការថែរក្សាឱ្យបានសុខសន្តិភាព និងស្ថិរភាព ទោះក្នុងតម្លៃណាក៏ដោយ និង (២) ការពង្រឹងសមត្ថភាពកងទ័ពជាតិ ដើម្បីធានាជោគជ័យនៃការបំពេញគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងសំដៅឈានទៅសម្រេចបាននូវភាពម្ចាស់ការលើគ្រប់វិស័យកងទ័ព និង (៣) ការបង្កើនទំនាក់ទំងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពនៃបណ្តាប្រទេសជាមិត្ត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិត្យានុភាព នៃកងយោធពលខេមរភូមិន្ទនៅលើឆាកអន្តរជាតិ ។
មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់នានា ដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាព និងការកសាងសំណាញ់សុវត្ថិភាពសម្រាប់កងយោធពលខេមរភូមិន្ទ សំដៅលើកកម្ពស់ជីវភាពកងទ័ព ដើម្បីជាការដឹងគុណដល់កងទ័ព និងលើកទឹកចិត្តដល់កងទ័ពឱ្យអនុវត្តតួនាទី និងភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ជាកងកម្លាំងមានជំនាញវិជ្ជាជីវៈ និងមានសមត្ថភាពពេញលេញ ដើម្បីចូលរួមក្នុងបេសកកម្មនានាប្រកបដោយជោគជ័យក្នុងបុព្វហេតុ នៃការការពារសុខសន្តិភាព, បូរណភាពទឹកដី, ព្រះមហាក្សត្រ, ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា ៕