នារសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ក្នុងពិធីបិទសន្និបាតក្រសួងកិច្ចការនារីឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ។
ក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំការសម្របសម្រួល និងការរៀបចំដោយជោគជ័យនូវ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងការរៀបចំនូវសេចក្តីថ្លែងការណ៍ស្តីពីការបំផុសសហគ្រិនភាពស្រ្តីក្នុងអាស៊ាន និង ផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និង សន្តិសុខ ដែលទទួលបានការអនុម័តដោយប្រមុខដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងមកនេះ ។ ទន្ទឹមនេះ, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារសម្រេចបានជាច្រើនរបស់ក្រសួងកិច្ចការនារី ជាពិសេស ការអនុវត្តយុទ្ធសាស្រ្តនារីរតនៈយ៉ាងជោគជ័យ តាំងពីដំណាក់កាលទី ១ រហូតដល់ដំណាក់កាលទី ៥ ដែលបានជំរុញឱ្យមានការចូលរួមរបស់ស្រ្តីទំាងក្នុងវិស័យសាធារណៈ និង វិស័យឯកជន ព្រមទាំងការរៀបចំផែនការយុទ្ធសាស្រ្តនារីរតនៈទី ៦, ២០២៤-២០២៨ ឱ្យឆ្លើយតបនឹងរបៀបវារៈ និង កម្មវិធីនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល រួមទាំងគោលការណ៍គន្លឹះៗ នៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (CEDAW) ផងដែរ ។
សម្តេចមហាបវរធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម, ស្របតាមពាក្យស្លោក «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន» ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាប័ន្ន ដែលក្នុងនោះ ស្រ្តី គឺជាស្នូល តាមរយៈការផ្តល់ឱកាសបន្ថែមទៀត សម្រាប់ការចូលរួមរបស់ស្រ្តីឱ្យកាន់តែច្រើន និងទូលំទូលាយ ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានកំណត់សមភាពយេនឌ័រ និង ការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី នៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដែលប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ និងគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ដែលនឹងត្រូវដាក់ឱ្យអនុវត្តឆាប់ៗនេះ ។
ជាចុងក្រោយ សម្តេចធិបតី បានលើកទឹកឱ្យក្រសួងកិច្ចការនារី បន្តធ្វើការអប់រំ ណែនាំ
ដល់តួអង្គស្ត្រីមានឥទ្ធិពលលើបណ្តាញសង្គមមួយចំនួនឱ្យរួមគ្នាគោរពនូវតម្លៃជាស្ត្រីខែ្មរ និងរក្សាបាននូវការគោរពសិទ្ធិរបស់អ្នកដទៃ ដែលជាតម្លៃមូលដ្ឋាននៅក្នុងសង្គមជាតិ ។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់យុវជន យុវនារីកម្ពុជាទាំងអស់ ឱ្យរក្សាបាននូវព្រំដែនកំណត់ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ហើយរួមគ្នាគោរពច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ ដើម្បីបន្តលើកតម្កើងអត្តសញ្ញាណជាតិខ្មែររបស់យើងពីមួយជំនាន់ទៅមួយជំនាន់ ស័ក្តិសមជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿងប្រកបទៅដោយមោទនភាព ៕