FN ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ។ ពិធីនេះប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្ត ចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ចើញថ្លែងនៅក្នុងឱកាសនោះ៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំពិធីស្រោចស្រពព្រះសុគន្ធវារីនាព្រឹកថ្ងៃនេះ ជាការបង្ហាញឱ្យឃើញពីការរីកចម្រើនវិស័យពុទ្ធសាសនា ក្រោមម្លប់សុខសន្តិភាព។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់សាសនាទាំងអស់ តែងអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សារបស់ក្មេងពីមុនពេលសម្ភារៈ និងការរស់នៅមិនសម្បូរបែប ដូច្នេះជម្រើរបស់ក្មេង គឺមានតែការសិក្សា។ តែបច្ចុប្បន្នសង្គមកាន់តែសម្បូរបែប និងជម្រើសរបស់យុវជនក៏កាន់តែច្រើន ដែលទាមទារឱ្យមានការអប់រំប្រៀនប្រដៅកាន់តែច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តនៅកម្ពុជានាពេលបច្ចុប្បន្នមានជាង ៥ពាន់វត្ត និងមានព្រះសង្ឃជិត ៧ម៉ឺនអង្គ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិប័តន៍សាសនាតាមជំនឿរបស់ខ្លួន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជារឿងដ៏មោទនភាពដែលក្នុងសង្គមខ្មែររស់នៅដោយសុខដុមរមនាផ្នែកសាសនា ខណៈប្រទេសមួយចំនួនជម្លោះសាសនាបានបង្កើតជាវិបត្តិដ៏ធ្ងន់ធ្ងរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សាសនានៅកម្ពុជា ក៏រងការរំខានដោយសារភ្លើងសង្គ្រាម ហើយឈានដល់របបប្រល័យពូជសាសន៍ ប៉ុល ពត គ្រប់សាសនានៅកម្ពុជាក៏ត្រូវបានលុបបំបាត់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពិសេសក្រោយពេលកម្ពុជាមានសុខសន្តិភាពពេញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោហើយនោះ ធ្វើឱ្យគ្រប់សាសនានៅកម្ពុជា បានរស់រៀនឡើងវិញ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទស្សនៈរើសអើង និងជ្រុលនិយម មិនថានៅក្នុងផ្នែកសាសនា ឬនយោបាយនោះទេ គឺត្រូវតែលុបបំបាត់ឱ្យអស់ ដើម្បីរក្សាសុខសន្តិភាព។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានជម្លោះនឹងគ្នាហើយ ទោះគ្មានអាវុធទំនើប ប្រើតែដុំថ្ម ក៏អាចបង្កគ្រោះថ្នាក់ឱ្យគ្នាដែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដាច់ខាតចំពោះទស្សនៈ ឬនយោបាយជ្រុលនិយម។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់សុខសន្តិភាពការរៀបចំពិធីជាប្រពៃណីទំនៀមទម្លាប់ និងពិធីសាសនា កាន់តែអធិកអធមពីមួយឆ្នាំទៅមួយឆ្នាំ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសចូលរួមលេងកម្សាន្ត ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឱ្យបានអ៊ូអរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គណៈទាំងពីរនិកាយចូលរួមជាមួយក្រសួងធម្មការ និងសាសនា រួមគ្នារក្សាសុខដុមនីយកម្មសាសនា និងចូលរួមផ្សព្វផ្សាយពុទ្ធសាសនា លើកកម្ពស់សីលធម៌សង្គម។