- ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល!
- ឯកឧត្ដមអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នអង្គទូតនានាប្រចាំកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយសក្នុងអង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត” និង ”កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”ដែលជាកម្មវិធីដ៏មានសារៈសំខាន់ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលខ្ញុំបានប្រកាសដាក់ឲ្យអនុវត្តភ្លាមនៅមុនដំណាច់ឆ្នាំ២០២៣។ ហើយនេះក៏ចាត់ទុកថាជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ការវិវត្តន៍ប្រព័ន្ធសុខភាព សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។
[ចាប់ផ្ដើមសេចក្តីអធិប្បាយ១]
(១) និយាយពីមូលធនមនុស្ស គឺយើងត្រូវយកចិត្តទុកដាក់ទៅលើកត្តា ២ គឺសុខភាព និងសមត្ថភាព ហើយកម្មវិធី២ ដែលយើងប្រកាសថ្ងៃនេះ គឺផ្តោតទៅលើការកសាងមូលធននេះឯង។ នៅក្នុងលក្ខណៈដើម្បីផ្តល់ឱកាសជាពិសេសទៅដល់ប្រជាពលរដ្ឋយើងនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
[ចប់សេចក្តីអធិប្បាយ១]
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការផ្តួចផ្តើម និងចង្អុលបង្ហាញឲ្យអនុវត្តកម្មវិធីជាអាទិភាពទាំង ២ នេះឡើង តាំងពីនីតិកាលទី ៦ ដែលយើងបានរៀបចំនៅក្នុងការអនុវត្តនៅដើមអាណត្តិទី៧ នេះ។
តាងនាមឲ្យរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំរៀបចំឲ្យកម្មវិធីទាំង ២ នេះអាចដំណើរការបាន ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ និងសូមកោតសរសើរដល់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងផែនការ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាជាតិគាំពារសង្គម បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ មូលនិធិជាតិជំនួយសង្គម ទីភ្នាក់ងារជាតិមុខរបរនិងការងារ រដ្ឋបាលរាជធានី/ខេត្ត រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់ប្រភេទ ដែលកំពុងផ្តល់កិច្ចសហការគាំទ្រ និងចូលរួមនៅក្នុងការអនុវត្តកម្មវិធីនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអនុវត្តន៍ និងភាគីពាក់ព័ន្ធ ដែលបានចូលរួមនៅក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គម និងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មនៅកម្ពុជា និងសមាគមនិយោជកចំនួន ១៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មវិធីសិក្សា ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះសិល្បករ សិល្បការិនី កីឡាករ និងបុគ្គលមានប្រជាប្រិយភាពលើបណ្ដាញសង្គម ដែលបានចូលរួមគាំទ្រការផ្សព្វផ្សាយការអនុវត្តកម្មវិធីនេះឲ្យបានកាន់តែទូលំទូលាយថែមទៀត។
[ចាប់ផ្ដើមសេចក្តីអធិប្បាយ២]
ពេលខ្លះឯកឧត្តម ហេង សួរ ប្រកាសអត់ចាប់អារម្មណ៍ទេ តែបើបានប្អូន សីម៉ា ឬអ្នកណា ខេមរៈ សិរីមន្ត ប្រកាសទៅដូចគេចាប់អារម្មណ៍ជាង ព្រោះហ្វេនគាត់ច្រើន។ តែយើងត្រូវប្រើប្រាស់កម្លាំងសរុប ដើម្បីផលប្រយោជន៍សរុប នេះគឺជាអ្វីដែលយើងត្រូវធ្វើ។ អញ្ចឹងសូមអរគុណណាស់។
[ចប់សេចក្តីអធិប្បាយ២]
រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ បានកំណត់អាទិភាពក្នុងអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និងបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដូចបានបង្ហាញនៅក្នុងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ដែលបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលអាចធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ព្រមទាំងការពង្រឹងនិងអភិវឌ្ឍការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យកាន់តែរឹងមាំ ឆ្លើយតបបានទៅនឹងសំណូមពររបស់យុវជនទៅនឹងតម្រូវការទីផ្សារការងារ ដែលជាខឿនមួយយ៉ាងរឹងមាំសម្រាប់ការគាំពារ និងផ្តល់ជំនឿជឿជាក់ដល់ប្រជាពលរដ្ឋ ជាពិសេស យុវជនដែលជាកម្លាំងចលនកម្មជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងជំហរដ៏ម៉ឺងម៉ាត់ និងឥតងាករេក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល រាជរដ្ឋាភិបាលបានបង្កើតនូវបរិស្ថានអំណោយផល និងលក្ខខណ្ឌចាំបាច់ជាច្រើន ដែលបាននាំកម្ពុជាបោះជំហានទៅមុខ ប្រកបដោយក្តីសង្ឃឹម និងជំនឿទុកចិត្តយ៉ាងមុតមាំ នៅលើមាគ៌ាការដឹកនាំ ការកែទម្រង់ និងការអភិវឌ្ឍស្របជាមួយគ្នានឹងគោលបំណង ឧត្តមគតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នៅក្នុងការពុះពារបម្រើជាតិ និងប្រជាជន គ្រប់កាលៈទេសៈ ស្របតាមសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន។
ដូចដែលឯកឧត្តម ហេង សួរ បានបញ្ជាក់ ពិធីថ្ងៃនេះគឺចាប់ផ្តើមអនុវត្តអនុសាសន៍របស់ខ្ញុំ ២ បន្ថែម ដែលបានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូន និយោជិត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ គឺមួយសប្តាហ៍គត់ក្រោយពីរដ្ឋាភិបាលថ្មីត្រូវបានសភាអនុម័ត កន្លងទៅ ឲ្យអនុវត្តឲ្យបាននូវការងារចំពោះមុខក្នុងឆ្នាំ២០២៣ ចំនួន ៦ សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមរមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវៈជូនបងប្អូនកម្មករ និយោជិត និងក្រុមគ្រួសារ ហើយដែលថ្ងៃនេះ ខ្ញុំបានមកប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីទាំង ២ នេះ។ សូមចូលរួមអបអរសាទរ និងកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងការរៀបចំកម្មវិធីនេះបានសម្រេច។
កន្លងមក តាមរយៈការខិតខំអនុវត្តជោគជ័យនូវអនុសាសន៍ទាំង ១០ ចំណុច របស់សម្តេចតេជោ ប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករ និយោជិត បានកើនឡើងជាលំដាប់ជាបន្តបន្ទាប់ រួមទាំងអត្ថប្រយោជន៍បន្ថែមផ្សេងៗទៀត ការកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូន កម្មករ និយោជិត ដោយបានបង្កើត និងពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គមជាបន្តបន្ទាប់ ហើយបានតម្រូវឲ្យនិយោជកជាអ្នកបង់ភាគទានជំនួសបងប្អូនកម្មករ និយោជិត ១០០% នៅក្នុងការថែទាំសុខភាព គ្រោះថ្នាក់ការងារ និងជួយបង់ ៥០% នៅក្នុងផ្នែកប្រាក់សោធនដែលជាហេតុធ្វើឲ្យបងប្អូនកម្មករនិយោជិត អាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហានិភ័យទាំងឡាយនៅក្នុងកំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍។ ដោយឡែកបងប្អូនកម្មករនិយោជិតជាស្ត្រី ទទួលបានការយកចិត្តទុកដាក់ និងគាំពារ ទាំងមុនពេលសម្រាល ពេលសម្រាល និងក្រោយពេលសម្រាលកូន។
រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់នូវរបបសន្តិសុខសង្គម ក្នុងនោះ ទី១. ផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨ ទី២. ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦ និង ទី៣. ប្រាក់សោធនកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។ ទាំងនេះសុទ្ធតែបានបង្ហាញថា ការអភិវឌ្ឍរបបសន្តិសុខសង្គមគឺជាការយកចិត្តទុកដាក់ដ៏ចម្បងរបស់រាជរដ្ឋាភិបាល ក្នុងការជួយបងប្អូនប្រជាពលរដ្ឋឲ្យទទួលបានអត្ថប្រយោជន៍នៅក្នុងការគាំពារគ្រោះថ្នាក់ការងារ ការថែរក្សាសុខភាព ការទទួលបានប្រាក់សោធនដូចមន្ត្រីរាជការសាធារណៈដែរ ដែលពីមុនមកមិនមានអនុវត្តនោះទេនៅក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាយើង។
កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការថ្ងៃនេះ មានវិសាលភាពអនុវត្តចំពោះ ទី១. បុគ្គលស្វ័យនិយោជន៍ និង ទី២. អ្នកក្នុងបន្ទុកសមាជិក ប.ស.ស រួមមានប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ដើម្បីឲ្យបងប្អូនដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស គឺកូនក្រោមអាយុ ១៨ឆ្នាំ ប្តីឬប្រពន្ធដែលមានអាយុ ៦០ឆ្នាំចុះ អាចបង់ភាគទាន ប.ស.ស ផ្នែកថែទាំសុខភាពបាន។
ការពង្រីកវិសាលភាពនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្តីប្រាថ្នា ការចង់ក្លាយជាសមាជិក ប.ស.ស ពីសំណាក់បងប្អូននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស បុគ្គលស្វ័យនិយោជន៍ ព្រមទាំងពីសំណាក់សមាជិក ប.ស.ស ដែលប្រាថ្នាចង់បានការថែទាំសុខភាពទៅដល់សមាជិកគ្រួសាររបស់ខ្លួនផង ពីព្រោះបច្ចុប្បន្ននេះ ប.ស.ស បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងបងប្អូនកម្មករនិយោជិតរបស់យើង ដែលបានជួយកាត់បន្ថយបន្ទុកចំណាយ និងពង្រឹងស្ថេរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឲ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។
ដូចដែលឯកឧត្តម ហេង សួរ បានបញ្ជាក់ តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស រួមមានប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបាននូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ២,៦% នៃប្រាក់ចំណូលជាប់ភាគទាន ៦០ម៉ឺនរៀល ដែលស្មើនឹង ១៥ ៦០០ រៀលប៉ុណ្ណោះ។ ការចូលរួមជាសមាជិករបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ទាំងរបបភាគទាន កាតព្វកិច្ច និងរបបភាគទានដោយស្ម័គ្រចិត្ត អនុញ្ញាតឱ្យបងប្អូនកម្មករ និយោជិត ទទួលបានអត្ថប្រយោជន៍ជាច្រើន។ តាមការសិក្សាស្រាវជ្រាវកន្លងមក បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋម្នាក់ជាមធ្យមត្រូវចំណាយប្រហែល ២៥០ ដុល្លារក្នុងមួយឆ្នាំ ឬចន្លោះពី ១៥-២០ដុល្លារ ក្នុងមួយខែ ក្នុងករណីដែលមិនមានរបបថែទាំសុខភាព។ នេះជាហេតុធ្វើឱ្យបងប្អូនកម្មករ និយោជិត ឬប្រជាពលរដ្ឋមួយចំនួនធំពុំសូវហ៊ានទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យញឹកញាប់ទេ ដោយសារនេះជាការចំណាយផ្ទាល់ខ្លួន រហូតជួនកាលបណ្ដាយខ្លួនឈឺដល់ដំណាក់កាលធ្ងន់ធ្ងរ ពិបាកនឹងជួយសង្រ្គោះទាន់ពេលវេលា។ កត្តានេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់លំនឹងជីវភាពគ្រួសារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ទៅដល់ផលិតភាពការងារ និងចង្វាក់ផលិតកម្មរបស់ស្ថាប័ន រោងចក្ររបស់ខ្លួនផងដែរ។
ការអនុវត្តកម្មវិធីរបបសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត នឹងជួយពង្រីកការគ្របដណ្ដប់ប្រជាជនសរុបជាង ៥លាននាក់ បូកបន្ថែមរបបថែទាំសុខភាពតាមមូលនិធិសមធម៌សុខាភិបាល ជូនគ្រួសារងាយរងហានិភ័យ ដែលខ្ញុំបានប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅនេះ គ្របដណ្ដប់ប្រជាជនសរុបប្រមាណជាង ៤លាននាក់។ កម្មវិធីទាំង ២ រួមបញ្ចូលគ្នា នឹងពង្រីកសេវាថែទាំសុខភាពបានដល់ប្រជាជនចំនួនប្រមាណជាង ៩លាននាក់ ដែលឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល។ នេះជាសមិទ្ធផលមួយ ដែលបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាចម្បងបំផុតទៅដល់សុខុមាលភាពរបស់កម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនអាចទទួលបានការព្យាបាល នៅពេលដែលមានជំងឺនោះឡើយ។
បន្ថែមលើនេះ កន្លងមកនេះ តាមរយៈកម្មវិធីសំណេះសំណាលរបស់ខ្ញុំ ជាមួយនឹងបងប្អូនកម្មករ និយោជិត ខ្ញុំក៏បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីវិនិយោគលើការរៀបចំបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមបណ្ដាតំបន់ជិតរោងចក្រ ដើម្បីចូលរួមចំណែកក្នុងការជួយសម្រាលបន្ទុកដល់កម្មការិនីដែលមានកូននៅក្នុងបន្ទុក សំដៅជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងាររបស់បងប្អូនកម្មការិនី ដែលអាចជួយដល់ការរីកចម្រើនរបស់ម្ចាស់រោងចក្រផងដែរ។
[ចាប់ផ្ដើមសេចក្តីអធិប្បាយ៣]
ការយកចិត្តទុកដាក់ទៅលើសុខុមាលភាព និងការអប់រំរបស់ប្រជាពលរដ្ឋយើង ត្រូវគិតតាំងពីដើមទី។ យើងគិតពីសុខភាពតាំងពីមុនកើត កើតមកហើយ ត្រូវគិតតាំងពីការអប់រំ តាំងពីការជួយ ការបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍នេះ។ តាមការសិក្សាកន្លងទៅតាមការរាយការណ៍របស់ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឃើញថា សិស្សដែលបានចូលទៅរៀនថ្នាក់បឋម បើសិនជាបានឆ្លងកាត់នូវមត្តេយ្យមួយជំហានមុនគឺអាចងាយស្រួលនិងងាយចាប់បាន។ អញ្ចឹងការខិតខំនៅក្នុងការពង្រីកនេះជាកិច្ចការសំខាន់ណាស់ បានន័យថារៀនតាំងពីដំបូងតែម្ដង ជាពិសេសរៀននៅ(សាលាមត្តេយ្យ)។ អញ្ចឹង (២) ការរៀបចំទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ ក៏ចូលរួមចំណែកនៅក្នុងការយកចិត្តទុកដាក់ទៅលើសុខភាព ព្រោះការយកទៅដាក់នៅទារកដ្ឋាន ក៏ដូចជាមត្តេយ្យសហគមន៍ ក៏ជួយមួយនៅក្នុងការថែទាំសុខុមាលភាពរបស់ទារក។ ទៅដល់នោះ មានការគ្រប់គ្រង មានការជួយបំប៉ន ទាំងការហូបចុក ទាំងអាហារូបត្ថម្ភ និងការបង្ហាត់បង្រៀនផ្សេងៗដែលយើងអាចថ្ពក់ និងយកចិត្តទុកដាក់ភ្ជាប់តាំងពីដើមទីតែម្ដង។
[បញ្ចប់សេចក្តីអធិប្បាយ៣]
បងប្អូន កម្មករ និយោជិករបស់យើង ដែលមានកូនតូច អាចបំពេញការងារបានផង ដោយមានអ្នកថែទាំ និងមានគ្រូដែលមានជំនាញ និងអាជីពច្បាស់លាស់នៅក្នុងការថែទាំ និងផ្ដល់ការអប់រំបឋមជូនដល់កូនចៅខ្លួន នឹងទទួលបានបញ្ញាញាណគ្រប់គ្រាន់ មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងមានមូលដ្ឋានដើម្បីប្រកួតប្រជែង ព្រមទាំងចាប់យកនូវឱកាសអប់រំឱ្យបានខ្ពង់ខ្ពស់ច្រើនជាងឪពុកម្ដាយនៅក្នុងសម័យបច្ចុប្បន្ន។ អ្វីដែលជាក្ដីសង្ឃឹមរបស់បងប្អូន កម្មករ និយោជិត ដែលកំពុងខិតខំធ្វើការចំពោះមុខនេះ គឺអាចទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាខ្លួនឯង ក៏ប៉ុន្តែការផ្ដល់ក្ដីសង្ឃឹម និងអនាគតភ្លឺស្វាងកូនចៅ ដែលជាក្ដីប្រាថ្នារបស់បងប្អូន។
[ចាប់ផ្ដើមសេចក្តីអធិប្បាយ៤]
នេះគឺជាអ្វីដែលជា (៣) គោលដៅរបស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ គឺថា ធ្វើម៉េចឱ្យប្រជាពលរដ្ឋខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់កាន់តែល្អប្រសើរ កាន់តែមានឱកាស កាន់តែរឹងមាំ និងកាន់តែឈ្លាសវៃ និងសមត្ថភាពកាន់តែខ្ពស់ ដើម្បីជំរុញប្រទេសយើងកាន់តែលឿន។(ហេតុនេះហើយ)បានខ្ញុំឧស្សាហ៍និយាយ ជំនាន់មុន គឺយើងរងគ្រោះដោយសារសង្រ្គាម គ្មានឱកាស។ ជំនាន់បច្ចុប្បន្ន មានឱកាស ដែលយើងកសាងមូលដ្ឋាន ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវជំរុញឱ្យជំនាន់កូនចៅយើងកាន់តែរឹងមាំ កាន់តែមានឱកាសរឹងមាំ ដោយគិតគូរសុខភាព គិតគូរពីចំណេះដឹង សមត្ថភាព និងឱកាស ដើម្បីគាត់អាចរកការងារ និងធានានូវសមត្ថភាពរបស់គាត់។
[ចប់សេចក្តីអធិប្បាយ៤]
ដូចបានគូសបញ្ជាក់ជូនរួចមកហើយ ការលើកកម្ពស់ជំនាញសមត្ថភាព ឥរិយាបថការងារ និងផលិតភាព ជាមួយការលើកកម្ពស់កិច្ចការគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅអាទិភាពខ្ពស់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្នុងគោលបំណងពង្រឹងភាពប្រកួតប្រជែង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារកាន់តែប្រសើរ និងការបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាបន្ន ព្រមទាំងបញ្ចៀសបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយ ដែលកើតមានឡើងជាយថាហេតុ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ កម្មវិធីបណ្ដុះបណ្ដាលជំនាញត្រូវបានរៀបចំឱ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត។ ទន្ទឹមនឹងនេះ របបសន្ដិសុខសង្គមបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់សុខុមាលភាព និងធានាសន្ដិសុខ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
លើសពីនេះទៀត ការអភិវឌ្ឍមូលធនមនុស្សជាកត្តាគន្លឹះ សម្រាប់ផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល ដើម្បីបន្តជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាបន្ន។ ការមានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់ គឺជាភាពចាំបាច់ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មគ្រប់វិស័យនៃសេដ្ឋកិច្ច ឆ្ពោះទៅកាន់សកម្មភាពដែលមានតម្លៃបន្ថែមខ្ពស់ ដោយឈរលើជំនាញ និងចំណេះដឹង ជំរុញកំណើនផលិតភាពការងារ ព្រមទាំងផ្ដល់ភាពទាក់ទាញនូវវិនិយោគមកកម្ពុជា។ ភាពមានជំនាញគ្រប់គ្រាន់នឹងផ្ដល់លទ្ធភាពកាន់តែខ្ពស់ដល់ប្រជាពលរដ្ឋគ្រប់រូប អាចចូលរួមចាប់យកឱកាស និងទទួលផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចបានគ្រប់រូប សំដៅឆ្លើយតបទៅតាមសេចក្ដីប្រាថ្នារបស់ខ្លួន ដែលមានប្រាក់ចំណូល និងកម្រិតជីវភាពកាន់តែខ្ពស់ និងការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ និងស៊ីវិល័យ។
តាមរយៈការដាក់ចេញនូវ “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស” ដែលមានចំនួនប្រមាណ ១,៥លាននាក់ នៅមានបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ដែលមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀល គឺជាវិធានការបង្រួមវិសមភាពសេដ្ឋកិច្ចមួយ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ដោយឈរលើអាទិភាពគន្លឹះទី១ «មនុស្ស» និងគោលដៅយុទ្ធសាស្រ្តទី៣ «សមធម៌» នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ សំដៅសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។ កម្មវិធីនេះ នឹងធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អប្រសើរដោយរក្សាបាននូវស្ថិរភាព និងកំណើន។
កម្មវិធីនេះ មានចក្ខុវិស័យច្បាស់លាស់ និងមុតស្រួចក្នុងការផ្ដល់ជំនាញប្រចាំជីវិតពិតប្រាកដដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបានឱកាសការងារ និង/ឬបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារ ហើយជារួមការអនុវត្តកម្មវិធីនេះ នឹងលើកកម្ពស់កមម្រិតជីវភាពរស់នៅរបស់គ្រួសារនៃយុវជនគោលដៅឲ្យបានល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ។
នៅក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនបានជ្រាបថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងជួយឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រប្រមាណជាង ៧០ ម៉ឺនគ្រួសារ និងគ្រួសារងាយរងហានិភ័យជាច្រើនម៉ឺនគ្រួសារទៀត ដែលការជួយឧបត្ថម្ភនេះប្រៀបដូចជាការឲ្យត្រីទៅបងប្អូនប្រជាពលរដ្ឋ ដែលអាចឲ្យបងប្អូនអាចរស់បាននៅក្នុងស្ថានភាពលំបាកចំពោះមុខ ប៉ុន្ដែវាមិនគ្រប់គ្រាន់ទេសម្រាប់ការកសាងជីវភាពរឹងមាំប្រកបដោយចីរភាពនោះទេ។ ជារួម ការដាក់ចេញនូវកម្មវិធីនៃការបណ្ដុះបណ្ដាលជំនាញវិជា្ជជីវៈ និងបច្ចេកទេសនានានេះ គឺជាការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីជួយបងប្អូនប្រជាពលរដ្ឋនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យអាចមានចំណេះដឹង ចំណេះធ្វើ អាចស្វែងរកការងារ ឬបង្កើតការងារដោយខ្លួនឯង ប្រៀបដូចជាការជីកស្រះឲ្យធំដើម្បីចិញ្ចឹមត្រី និងបង្រៀនឲ្យបងប្អូនចេះស្ទូចត្រី ឬផ្ដល់ឱកាស សិទ្ធិ និងជម្រើសឲ្យបងប្អូនដើម្បីចាប់ត្រីដោយខ្លួនឯង។ នេះជាមធ្យោបាយយូរអង្វែង ដែលជួយគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួចចាកផុតពីភាពក្រីក្រ ក្លាយទៅជាគ្រួសារដែលមានជំនាញមួយអាចប្រកបការងារ និងមុខបរ បង្កើនចំណូលបានយូរអង្វែង និងមានលទ្ធភាពចូលរួមក្នុងប្រព័ន្ធសន្ដិសុខសង្គម នៅពេលណាមួយនៅពេលអនាគត។
ដូច្នេះ ការផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស មានតួនាទីចម្បង ៣ គឺ ទី១. គឺផ្តល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ទី២. ជួយកាត់បន្ថយគម្លាតជំនាញ និងលើកកម្ពស់ផលិតភាពក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្ម ខណៈដែលកម្ពុជាកំពុងខិតខំប្រែក្លាយពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ និង ទី៣. ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់តាមរយៈការផ្ដល់នូវកម្លាំងពលកម្មជំនាញ ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។
ជារួមការដាក់ឲ្យអនុវត្ដនូវ “កម្មវិធីរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសាក្រីក្រ និងគ្រួសារងាយរងហានិភ័យ” គឺជាយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ការបង្កើនឱកាសទទួលបានការបណ្ដុះបណ្ដាលជំនាញ និងជាយុទ្ធសាស្ដ្រគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ កម្មវិធីទាំងពីរនេះ នឹងធ្វើដំណើរស្របគ្នាជាមួយយុទ្ធសាស្ដ្រជាតិស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅឆ្នាំ ២០២៣-២០២៨ ដែលមានគោលដៅរួម ទី១. ផ្ដល់នូវជំនាញ ដើម្បីទទួលបាននូវការងារសមរម្យ និងការប្រកបមុខរបរដោយខ្លួនឯង សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងវិសមភាពសេដ្ឋកិច្ច ទី២. ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គម ជាពិសេស ប្រជាពលរដ្ឋក្រីក្រដែលងាយរងផលប៉ះពាល់ដោយជំងឺកូវីដ និងវិបត្ដិសេដ្ឋកិច្ចសកល និង ទី៣. ការបង្កើនលទ្ធភាពឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធ ហើយក្លាយជាចលករដ៏សំខាន់ ដែលអាចរួមចំណែកឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
មុននឹងបញ្ចប់ ដើម្បីសម្រេចឲ្យបាននូវជោគជ័យនូវការអនុវត្ដកម្មវិធីទាំងពីរនេះ ខ្ញុំសូមស្នើ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី/ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមជំរុញការអនុវត្ដកម្មវិធីជាតិទាំងពីរនេះ តាមដែនសមត្ថកិច្ចរៀងៗខ្លួន។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមលើកទឹកចិត្តជូនបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ និយោជិត ទាំងអស់ ក៏ដូចជាធុរជន វិនិយោគិន សមាគម ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងអន្ដរជាតិ សមាគមនិយោជក សហជីព ចូលរួមឲ្យបានផុសផុលក្នុងការគាំទ្រការអនុវត្ដ និងទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមាពីកម្មវិធីជាតិដ៏សំខាន់ទាំងពីរនេះ។
ចំពោះរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពដោយស្ម័គ្រចិត្ត ខ្ញុំសូមឲ្យ៖
ទី១. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យកចិត្តទុកដាក់ ត្រូវផ្សព្វផ្សាយឲ្យគ្រប់ទម្រង់ និងរូបភាពឲ្យកាន់តែទូលំទូលាយ និងចំគោលដៅដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមក្នុងកម្មវិធីនេះឲ្យបានច្រើនជាអតិបរមា។
[ចាប់ផ្ដើមសេចក្តីអធិប្បាយ៥]
ពិតណាស់កិច្ចការទាំងអស់នេះ យើងត្រូវយល់អំពីសារៈសំខាន់នៃការទទួលបានព័ត៌មាន និងការយល់។ បើមិនអញ្ចឹងទេ គឺយើងអត់ទៅរួចទេ។ យកយុទ្ធសាស្រ្តវិស័យឯកជន ផលិតផលល្អយ៉ាងម៉េចក៏ដោយ បើគ្មាន Marketing បើគ្មានការផ្សព្វផ្សាយទូលំទូលាយដល់ទេ គឺមិនអាចទាក់ទាញបានទេ មិនអាចឲ្យប្រជាពលរដ្ឋ ជួនកាលគាត់អាចមានសង្ស័យថា បង្ខំឲ្យខ្ញុំចូលរៀន រៀនហើយបម្រុងបង្ខំខ្ញុំឲ្យធ្វើអី? ថ្ងៃមុន ខ្ញុំមានបទពិសោធន៍មួយ ដែលកាលនោះការងារយុវជនរបស់ខ្ញុំនៅខេត្តកំពង់ចាម។ ខ្ញុំសុំកន្លែងរៀននៅសាលាបណ្តុះបណ្ដាលនៅកប់ស្រូវបានប្រហែល ២០នាក់ រៀនហើយបានប្រាក់ខែផង។ ថ្ងៃទី១ ដែលខ្ញុំយកគាត់មក (ដោយសារ)គាត់មកយប់ អញ្ចឹងគាត់ទៅស្នាក់នៅក្នុងបន្ទាយទាហានរបស់ខ្ញុំ។ ស្រាប់តែយប់ឡើងៗផ្អើល។ គេទូរស័ព្ទទៅប្រាប់ម្តាយឪពុកថាខ្ញុំចាប់គាត់យកមកធ្វើទាហាន។ បានពន្យល់វិញថាទេ គ្រាន់តែសំចតទេ ព្រោះទៅចូលសាលាមិនទាន់។ នេះគ្រាន់តែជាឧទាហរណ៍មួយ។ ផ្អើលពេញស្រុកថាកុំទៅទៀត។ នេះហើយគឺសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានឲ្យងាយយល់ ឲ្យដឹងអំពីអត្ថប្រយោជន៍។
គោលនយោបាយរបស់យើងអត់បង្ខិតបង្ខំទេ ទាំងកម្មវិធីសម្រាប់ជួយបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាំងកម្មវិធីព្រឹកនេះដែលប្រកាសរបបសន្តិសុខសង្គមដោយស្ម័គ្រចិត្ត គឺអត់មានការបង្ខិតបង្ខំទេ។ ប៉ុន្តែ អ្វីដើម្បីឲ្យការស្ម័គ្រចិត្តនិងការចូលរួមបានច្រើន? ទី១ ត្រូវការផ្សព្វផ្សាយឲ្យដឹងច្បាស់ ឲ្យបានល្អ។ ទី២ ពេលបានហើយ ត្រូវអនុវត្តឲ្យបានគត់មត់ ឲ្យចំគោលដៅ។ បង្ហាញឲ្យគាត់ឃើញ និងពន្យល់គាត់សិនសឹមឲ្យគាត់មក។ ទី២ បានហើយត្រូវការអប់រំឲ្យចំគោលដៅរបស់គាត់ ដើម្បីគាត់ទៅវិញផ្សព្វផ្សាយមានទំនុកចិត្ត … ការផ្សព្វផ្សាយនេះ ខ្ញុំសូមស្វាគមន៍នៅក្នុងការប្រើយន្តការគ្រប់រូបភាព។ អម្បាញ់មិញឃើញក្នុងវីដេអូ ខ្ញុំសូមសរសើរ spot ខ្លី ប៉ុន្តែ spot នេះខ្លឹម ហើយចំគោលដៅ ហើយការរៀបចំនេះគឺមានភាពទាក់ទាញ។ បើត្រូវការសិល្បករល្បីៗគ្រប់វិស័យទាំងអស់ក្នុងការផ្សព្វផ្សាយ យើងក៏ចូលរួមព្រោះសុទ្ធតែយុវជន ហើយយុវជនដើម្បីយុវជនមានអីទៀត។
… សូមនិយាយលេងសើចបន្តិចចុះ ឃើញមកគេថា កូនឲ្យត្រឹម ១៨ឆ្នាំ ដល់កូនច្បងដល់ ៦០ឆ្នាំ តែចូលដើម្បីអ្នកនៅក្នុងបន្ទុក ព្រោះការអនុវត្តនូវរបបសន្តិសុខ ឬមួយសុខភាពនេះ បើយើងពឹងតែកម្មវិធីគាំពារសង្គមដែលរដ្ឋត្រូវតែទទួលបន្ទុកតែមួយ យើងអត់អាចទៅរួចទេ។ នៅគ្រប់ប្រទេសទាំងអស់ដែលមានប្រព័ន្ធទីផ្សារសេរី គឺតែងតែមានផ្តល់ជម្រើស។ អញ្ចឹងបានថាការបើករូបមន្តដើម្បីមានការចូលបដិភាគនេះ។ កន្លងទៅយើងរៀប ប.ស.ស សម្រាប់មន្រ្តីរាជការ និងបងប្អូននៅក្នុងប្រព័ន្ធនៅតាមរោងចក្រមានលទ្ធភាព ប៉ុន្តែប្រជាពលរដ្ឋច្រើនណាស់ដែលមិនមានលទ្ធភាព បងប្អូនខ្លះគាត់ស្វ័យនិយោជន៍ គាត់បើកអាជីវកម្មខ្លួនឯង។ អញ្ចឹងអត់មាននិយោជកណាបង់ឲ្យគាត់ទេ មានតែគាត់បង់ខ្លួនឯង។ អញ្ចឹងត្រូវមានឱកាស។
បើសិនជាយើងមិនទាញគាត់ចូល មិនផ្តល់ឱកាសបើកច្រកនៅតាមរូបភាពណាមួយទេ បងប្អូនទាំងនោះនឹងនៅក្រៅប្រព័ន្ធ ហើយនៅបន្តប្រឈមជាមួយនឹងតម្លៃនៃការពិនិត្យសុខភាព ដូចដែលបានលើកឡើងក្នុងរបាយការណ៍របស់ឯកឧត្តម ហេង សួរ ថាគាត់អត់ទៅទទួលផល ដោយសារទៅម្ដងអស់ច្រើន។ អញ្ចឹងជួនកាលឈឺ ៣ដងទៅតែម្ដង។ ឈឺជំងឺខ្លះទុកទាល់តែធ្ងន់។ ឥឡូវ ពេលដែលយើងបើកច្រកបែបនេះគាត់បង់បដិភាគខ្លី គឺគាត់អាចមានលទ្ធភាពទៅព្យាបាល។ ប៉ុន្តែមិនមែនថាបង្កើតនេះហើយចង់ឱ្យប្រជាជនឈឺទេ។ យើងសង្ឃឹមថាប្រជាពលរដ្ឋនឹងមានសុខភាពល្អតាមរយៈការផ្ដល់សេវាអាហារូបត្ថម្ភគ្រប់គ្រាន់ ការប្រយុទ្ធប្រឆាំងចំណីអាហារក្លែងក្លាយអីផ្សេងៗ ដែលយើងខិតខំ។ ខិតខំបង្កើនជីវភាពរបស់គាត់មានលទ្ធភាពបានល្អ …។
ការសាកល្បងដំណាក់កាលដំបូងនេះ យើងឥឡូវគ្របដណ្ដប់បាន ៩លាននាក់។ យើងសង្ឃឹមថាទៅមុខទៀត នឹងពង្រីកបានច្រើន តាមរបបនៅក្នុងការធានាសុខភាពនេះ។ ពេលជាមួយគ្នាគឺរាជរដ្ឋាភិបាលគិតអំពីការផ្ដល់សេវា។ អញ្ចឹងហើយបានអាណត្តិទី១ នេះគឺយើងដាក់ទិសដៅនៅក្នុងការពង្រឹងវិធានគន្លឹះមួយគឺពង្រឹងសមត្ថភាពនៅក្នុងមូលដ្ឋានក្នុងការផ្ដល់សេវាតាមមណ្ឌលសុខភាព ពេទ្យបង្អែកផ្សេងៗ ហើយការចូលរួមរបស់វិស័យឯកជនក្នុងសុខាភិបាល ធ្វើយ៉ាងណារួមគ្នាដើម្បីផលប្រយោជន៍រួម ព្រោះសុខភាពប្រជាជនសម្រាប់ផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចយើងរួម។ ប្រជាពលរដ្ឋជាអ្នកណា? ជាបងប្អូនយើង ជាមិត្តយើង។ អញ្ចឹងគឺការរួមគ្នាដើម្បីកសាងប្រទេសជាតិរបស់យើង។
[ចប់សេចក្តីអធិប្បាយ៥]
ទី២. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពនិងភាពងាយស្រួលក្នុងការអនុវត្តកម្មវិធីផ្ដល់ប្រាក់ឧបត្ថមរបស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពមាតានិងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញទាំងការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។
ទី៣. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបង្កើតឱ្យមានយន្តការតាមដានត្រួតពិនិត្យនិងវាយតម្លៃអំពីប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព បញ្ហាប្រឈម និងការទទួលសំណូមពរ ឬទទួលពាក្យបណ្ដឹងពីក្រុមគោលដៅ និងសាធារណជន អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត។
[ចាប់ផ្ដើមសេចក្តីអធិប្បាយ៦]
កិច្ចការនេះគឺជាកិច្ចការសំខាន់ ខ្ញុំជឿថាកិច្ចការអ្វីក៏ដោយត្រូវការ ទី១ ការគិតគូរគ្រប់ជ្រុងជ្រោយដើម្បីរៀបចំផែនការ។ ទី២ ការផ្សព្វផ្សាយប្រគល់ភារកិច្ចឱ្យបានច្បាស់។ ទី៣ គន្លឹះការតាមដានត្រួតពិនិត្យគ្រប់ពេលវេលាក្នុងការអនុវត្ត។ មិនអាចមានអ្វីដាក់ទៅវាល្អឥតខ្ចោះ។ ការតាមដានត្រួតពិនិត្យក្នុងការអនុវត្តទាន់ពេលវេលានេះសំខាន់ណាស់។ ម្សិលមិញ ខ្ញុំជួបជាមួយវិស័យឯកជន ៤–៥ម៉ោងជាង។ ប្រហែលជាយើងមិនធ្វើការជួបជាមួយវិស័យឯកជនរាល់ឆ្នាំទេ ប៉ុន្តែយើងមានយន្តការ ១៥ក្រុម ដែលតាមដានត្រួតពិនិត្យជាប្រចាំ។ មានការអីគឺឆ្លងភ្លាម។ អ្វីដែលសម្រេចបាន ស្អីដែលមានបញ្ហាត្រូវឆ្លង។ សូម្បីតែការចេញមកជាគោលការណ៍ម្សិលមិញ ការងារមួយចំនួនបានដោះស្រាយ ពេលដែលក្រុមការងារធ្វើ។ មួយចំនួនក្នុងក្របខណ្ឌជាប្រធានគណៈកម្មាធិការគោលនយោបាយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យ ដោះស្រាយ។ តែអ្វីដែលលើសគឺមកជួបខ្ញុំ គឺសុំគោលការណ៍ដើម្បីយើងប្រកាសម្សិលមិញ។ មិនមែនបានន័យថា យើងប្រកាសម្សិលមិញ ទើបដាក់ម្សិលមិញទេ គឺយើងធ្វើការរាប់ខែមកនេះគឺបានឆ្លងជាជំហាន។
កិច្ចការទាំងអស់នេះវា(មិន)ចាំបាច់ត្រូវតែមានវេទិកាក្នុងការប្រកាសទេ គឺប្រគល់សិទ្ធនិងការទុកចិត្តសម្រាប់តាមដាន ត្រួតពិនិត្យ និងដោះស្រាយឲ្យទាន់ពេលវេលា ដើម្បីធានា(ដំណើរការ)។ ដូចរបប ប.ស.ស យើងចេញដំបូងដែលខ្ញុំចាំ ពេលដំបូងយើងក៏មានកំណត់តម្លៃដែរ។ ពេលនោះអនុវត្តទៅចាប់ផ្ដើមមានបញ្ហាមួយចំនួន។ បញ្ហាមួយគឺកម្រិតកញ្ចប់យើងវាទាប ដល់អញ្ចឹងដោះស្រាយវាអត់សូវបាន។ អញ្ចឹងយើងដំឡើងតម្លៃកញ្ចប់។ ទី២ កាលដែលយើងអនុវត្តនោះ ដំបូងឡើយយើងរាងត្បិតបន្តិចអំពីការចូលរួមរវាងវិស័យឯកជន ដល់បន្ទុកមកលើពេទ្យរដ្ឋទាំងអស់ បានយើងចាប់ផ្ដើមហៅដៃគូឯកជនចូលរួម។ នេះហើយគឺជាលទ្ធផលនៃការតាមដានអនុវត្តត្រួតពិនិត្យ។
សូមយកចិត្តទុកដាក់ទៅលើកិច្ចការនេះ។ ការតាមដានត្រួតពិនិត្យដោះស្រាយបញ្ហាជាការសំខាន់។ អ្វីដែលដោះបាន ដោះនៅនឹងកន្លែង អ្វីដែលដោះតាមឋានានុក្រម ហើយបើចាំបាច់ដល់ថ្នាក់ជាតិ ត្រូវស្នើភ្លាម ដោយមិនចាំបាច់មានការរង់ចាំការប្រជុំឬមួយអីទេ ដើម្បីធានានូវប្រសិទ្ធភាពបានទាន់ពេលវេលា។ បើសិនជាយើងយឺតមួយថ្ងៃនៅក្នុងការសម្រេចចិត្ត វាអាចយឺតដល់១ខែ ឬ៣ខែ នៅក្នុងការចាត់តាំងអនុវត្ត។ នៅក្នុងរង្វង់៣ខែនេះ ប្រជាពលរដ្ឋដែលគួរតែបានអត្ថប្រយោជន៍ ដែលកែសម្រួល៣ខែមុន វាអាចយឺតទៅហើយ។ អញ្ចឹងហើយបានជាការសម្រេចការរៀបចំនេះគឺត្រូវការសំខាន់ ព្រោះផលនៅលើដីជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋត្រូវការផលរាល់ថ្ងៃ។ កម្មវិធីហ្វឹកហ្វឺនគឺយើងអនុវត្តជាប្រចាំ យើងបើកជាប្រចាំ កុំឱ្យចាំ៣ខែ ចាំវគ្គក្រោយ ព្រោះវគ្គមួយៗសុទ្ធតែជាអនាគតរបស់យុវជនម្នាក់ៗ។ បើត្រូវការកែសម្រួលវគ្គហ្នឹងភ្លាម កែភ្លាម។ ឧទាហរណ៍ថា កន្លែងខ្លះយើងមិនទាន់មានគោលការណ៍បើកជូនវិស័យឯកជនចូល គាត់មានគំនិតថ្មី យើងគិតគូរភ្លាម សម្រេចភ្លាម។ កិច្ចការងារនេះវាសម្រេចបានអាស្រ័យទៅលើយន្តការតាមដានត្រួតពិនិត្យដោយប្រសិទ្ធភាព។ កុំចាំ៦ខែបូកសរុប ហើយធ្វើរបាយការណ៍បិទទុក។ ៦ខែទៀតប្រជុំធ្វើរបាយការណ៍បិទទុក។ គឺតាមដានជាប់ជាប្រចាំ។
យន្តការនេះខ្ញុំសុំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានយន្តការតាមដានត្រួតពិនិត្យ សហការជាប់ជាប្រចាំ ដោះស្រាយជាប្រចាំ ដើម្បីកិច្ចការងារនេះមានប្រសិទ្ធភាព។ (៤) ការគិតគូរគ្រប់ជ្រុងជ្រោយ ការដាក់ចេញប្រគល់ភារកិច្ចបែងចែកច្បាស់លាស់ និងការតាមដានត្រួតពិនិត្យអនុវត្តផែនការនេះ។ សំខាន់គឺការធានា បូកសរុបរាយការណ៍ … សំខាន់កត្តាទី៣នេះ សូមធ្វើឱ្យបាន … រាជរដ្ឋាភិបាលអាណត្តិនេះយើង (៥) បង្កើតយន្តការតាមដានត្រួតពិនិត្យ ជាប្រចាំហើយមានច្រើនយន្តការ។ ទី១ ការអនុវត្តនៅក្នុងក្របខណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច។ ទី២ យើងបង្កើតស្ថាប័នមួយនៅចំណុះទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីជួយ តាមដានអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់យើង។ នេះគឺជាកិច្ចការសំខាន់ដែលយើងបង្កើតហើយជួយផ្ដល់សិទ្ធិ និងជួយការធានា ដើម្បីឱ្យដើរ …។
[បញ្ចប់សេចក្តីអធិប្បាយ៦]
ចំពោះកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៖
ទី១. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួងស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ អំពីឱកាសបណ្ដុះបណ្ដាល និងចុះឈ្មោះរៀនកម្មវិធីនេះ។
ទី២. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបណ្ដុះបណ្ដាលដល់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ឱ្យចេះប្រើប្រាស់កម្មវិធីចុះឈ្មោះរៀនតាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ក្រុមគោលដៅ ក្នុងការចុះឈ្មោះចូលរៀនកម្មវិធីបណ្ដុះបណ្ដាលនេះ។
ទី៣. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយវិស័យឯកជន ដើម្បីផ្ដល់ឱកាសដល់រោងចក្រសហគ្រាស ឬក្រុមហ៊ុនដែលមានតម្រូវការចាំបាច់ក្នុងការបណ្ដុះបណ្ដាលកម្មករនិយោជិតរបស់ខ្លួនក្នុងចំនួនច្រើន គឺអាចស្នើសុំប្រើប្រាស់អាគាររបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងកម្មវិធីសិក្សាដោយឡែករបស់ខ្លួន បូកផ្សំជាមួយស្ដង់ដារ module និងមេរៀនរបស់ក្រសួង ជាពិសេសពាក់ព័ន្ធនឹងជំនាញទនតែម្ដង។
ទី៤. ខ្ញុំសូមអំពាវនាវដល់មាតាបិតាអាណាព្យាបាល យុវជននៃគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួន ឱ្យមកចុះឈ្មោះចូលរៀន មករៀនឱ្យបានទៀតទាត់ និងឱ្យចប់វគ្គបណ្ដុះបណ្ដាល ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូល។
ទី៥. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវគ្រប់គ្រងវត្តមានរបស់សិស្សឱ្យបានល្អ និងធានាបាននូវការប្រឡងប្រជែងបញ្ចប់វគ្គប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព។
[ចាប់ផ្ដើមសេចក្តីអធិប្បាយ៧]
កិច្ចការនេះសំខាន់គឺគុណភាពនៃការបណ្ដុះបណ្ដាល។ កន្លងទៅមានពេលខ្លះ អត្រានៃអ្នករៀនមិនចប់ច្រើន ការបោះបង់ច្រើន … (ដើម្បី)កម្មវិធីយើងជោគជ័យ ទាមទារការខិតខំរបស់ក្រសួងស្ថាប័ន ប៉ុន្តែក៏ត្រូវមានការចូលរួមរបស់គ្រួសារនិងយុវជនយើងផ្ទាល់។ ថ្ងៃនេះ ខ្ញុំសូមអំពាវដល់បងប្អូន ជាពិសេស ប្អូនៗ ក្មួយៗ យុវជនដែលត្រូវទទួលបាននូវការបណ្ដុះបណ្ដាល សូមដាក់ចិត្ត ហើយចាំថាមួយថ្ងៃ ២៤ម៉ោង មួយសប្ដាហ៍ ៧ថ្ងៃ អត់ចាំយើងទេ។ បើយើងចំណាយពេល ៣ខែ ៦ខែ ១ឆ្នាំ ដើម្បីទាញយកជំនាញដាក់នៅក្នុងខ្លួន យើងអាចមានជម្រើសច្រើនសម្រាប់អនាគត។ រាជរដ្ឋាភិបាលមិនអាចទៅជួយផ្ដល់ត្រីជូនបងប្អូនរហូតនោះទេ។
(នៅវេទិការាជរដ្ឋាភិបាលនិង)វិស័យឯកជនម្សិលមិញក៏ដូចគ្នា ក៏ដូចជាយុវជនរបស់យើង ប្រជាពលរដ្ឋរបស់យើង (៦) រាជរដ្ឋាភិបាលគ្រាន់តែជាអាណាព្យាបាលដែលអាចជួយបណ្តុះបណ្តាល(ឱ្យ)រឹងដៃរឹងជើង និងផ្តល់ឱកាសពេលចាំបាច់ ប៉ុន្តែរាជរដ្ឋាភិបាលដូចជាឪពុកម្តាយអញ្ចឹងដែរ មិនអាចនៅជាមួយរហូតទេ។ អញ្ចឹងទាមទារឱ្យយុវជនរបស់យើង ប្រជាពលរដ្ឋរបស់យើងដែលបានទទួលផលនេះ ខិតខំដើម្បីរឹងដៃរឹងជើងខ្លួនឯង ដើម្បីជួយខ្លួនឯងហើយជួយដល់អាណាព្យាបាលទៀត ដើម្បីអាណាព្យាបាលអាចជួយប្អូនៗ យើងតទៅទៀត។
ក្នុងការរៀនសូត្រនេះ យើងនឹងខិតខំធ្វើយ៉ាងណាឱ្យបានគុណភាព ឱ្យបាននូវជំនាញពិតប្រាកដដល់បងប្អូន។ សំខាន់គឺគ្រួសារ ក៏ដូចជាក្មួយៗយុវជន ដែលចូលរៀនដែលបានទទួលផលនេះ។ សុំធ្វើម៉េចដាក់ចិត្តឱ្យបាន។ ជំនាញអីក៏វាល្អដែរ ឱ្យតែយើងចេះពិតប្រាកដ។ បើយើងចេះច្រើន(មុខ) តែចេះ(មួយមុខៗ)បន្តិចៗ វាអត់កើតទេ។ ស៊ូចេះមួយឱ្យប្រាកដ ហ្នឹងច្បាស់លាស់។ បើយើងចេះច្រើន ដូចភាសាអញ្ចឹង ចេះ ១០ភាសា តែមួយភាសារកបាយអត់បានផងក៏ពិបាកដែរ។ តែបើយើងចេះមួយភាសាពិតប្រាកដ អាចយកទៅធ្វើអ្នកបកប្រែ ឬមួយអ្នកអក្សរសាស្ត្រជាដើម …។
[ចប់សេចក្តីអធិប្បាយ៧]
ទី៦. ស្នើសុំរោងចក្រ សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនវិស័យឯកជនទាំងអស់ ដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកម្មវិធីហាត់ការ និងកម្មវិធីសិក្សាដែលបានផ្តល់ឱកាសដល់សិស្ស ឱ្យបានផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង និងការលើកកម្ពស់ការអភិវឌ្ឍជំនាញ ដើម្បីមានឱកាសអាចជ្រើសរើសសិស្សដែលកំពុងហាត់ការ ឬកម្មសិក្សាដែលយល់អំពីការងារស្រាប់ ឱ្យធ្វើជាបុគ្គលិករបស់ខ្លួន។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៨]
ខ្ញុំសូមអរគុណសាជាថ្មីចំពោះក្រុមហ៊ុនដែលបានចុះអនុស្សារណៈយោគយល់ ហើយសង្ឃឹមថានឹងមានក្រុមហ៊ុនច្រើនទៀតនឹងចូលរួមនៅក្នុងកម្មវិធីនេះ។ ជាពិសេសនៅតាមបណ្តារាជធានី/ខេត្តតែម្តង ព្រោះអត់ខាតទេ។ យើងចំណេញទាំងពីរ។ ទី១ ការផ្តល់ការហាត់ការ ព្រោះវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈចាំបាច់ត្រូវការហាត់ការច្រើន កុំយកទ្រឹស្តីច្រើន ធ្វើម៉េចរកឱកាសហាត់ការ ចុះ stage ឱ្យច្រើន ចុះធ្វើកម្មសិក្សាឱ្យច្រើន។ ក្រុមហ៊ុនក៏អត់លំបាកបានន័យថា យកមកឱ្យគាត់ចូលហាត់ការ ដូចយកមកវាយតម្លៃមិនមែនជាកាតព្វកិច្ចដែលក្រុមហ៊ុនរើសគាត់ ឬមួយគឺត្រូវតែយកគាត់ទេ គ្រាន់តែថាអាចផ្តល់ការជួយទំនុកបម្រុងខ្លះ។ អញ្ចឹងជាឱកាសក្នុងការវាយតម្លៃតែម្តង អត់ចាំបាច់ស៊ីញ៉េកុងត្រាអីទេ បើចប់ ទាញយកតែម្តង។
កន្លែងខ្លះគឺរៀបចំកម្មវិធីទៅបណ្តុះបណ្តាលនៅក្នុងសាលាតែម្តង។ ខ្ញុំបានឱ្យគោលការណ៍ទៅ ឯកឧត្តម ហេង សួរ ថាសាលារបស់យើងនៅតាមបណ្តាខេត្ត/រាជធានីមានកន្លែងអាចរៀបចំជា section មួយ … បើសិនជាមានក្រុមហ៊ុនណាគាត់ចង់មក ឧទាហរណ៍ បណ្តុះបណ្តាល ៦ខែ សម្រាប់កម្មករបច្ចេកទេសខាងអគ្គិសនីសំរាប់ក្រុមហ៊ុនរបស់គាត់ ហើយផ្នែកអគ្គិសនីរបស់គាត់ហ្នឹងមិនមែនតែជាងភ្លើងដូចកន្លែងផ្សេងទេ អញ្ចឹង(អោយ)គាត់យកជំនាញមកបណ្តុះបណ្តាលនៅហ្នឹង។ បណ្តុះបណ្តាលចប់ គាត់អាច recruit យកតែម្តង។ ពេលជាមួយគ្នាយើងអាចឱ្យគ្រូយើងចូលរៀនផង បានទាំងធនធានគ្រូយើងនៅហ្នឹងផង ហើយបើល្អក្រុមហ៊ុនគាត់ដាក់ឧបករណ៍នៅហ្នឹង មិនបាច់យកទៅវិញឱ្យទៅសាលាតែម្តងទៅ។ ថ្ងៃក្រោយមកបណ្តុះបណ្ដាលទៀត មិនបាច់លើកមកទៀត។ ជួយគ្នាតែម្តង។
ខ្ញុំគិតថាវិស័យឯកជនដឹងតម្រូវការនៅក្នុងការចូលរួមនេះ។ មិនមែនតែខាងបច្ចេកវិទ្យាអេឡិកត្រូនិកទេ ខាងធនាគារ ខាងផ្សេងៗ ការបណ្តុះបណ្តាលសណ្ឋាគារអីផ្សេងៗ ឱ្យចុះឈ្មោះធ្វើ ហើយហ្នឹងគឺខាងសេវា។ នេះគឺជាកិច្ចការល្អដែលសូមអោយមានការចូលរួម… (៧) បើសិនជាការបណ្តុះបណ្តាលជំនាញនេះកាន់តែដើរ មិនត្រឹមតែផលិតធនធានមនុស្សរបស់យើងទេ តែប្តូរផ្នត់គំនិតបន្ថែមទៀត … (ដែលវាបានជា)ទម្ងន់រវាងចំណេះដឹងទូទៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះគឺជាអ្វីដែលយើងត្រូវពិនិត្យ ដើម្បីឱ្យគាត់មានជម្រើសតែម្តង។ ការងារវាមានទាំងបណ្តុះបណ្តាលចំណេះទូទៅ រហូតទៅដល់បរិញ្ញាបត្រអីផ្សេងៗ។
មួយទៀតគឺការបណ្តុះបណ្ដាលវិជ្ជាជីវៈជំនាញសម្រាប់គាំទ្រទៅដល់សកម្មភាពជាក់ស្តែង។ កិច្ចការទាំងអស់នេះសំខាន់ណាស់ដែលយើងត្រូវធ្វើ ហើយធ្វើដាច់ដោយដុំមិនកើតទេ គឺធ្វើទាំងអស់។ អញ្ចឹងទាមទារនូវការអនុវត្តរួមគ្នារវាងក្រសួងពាក់ព័ន្ធទាំងអស់ ក្រសួងអប់រំ ក្រសួងការងារ ក្រសួងពាក់ព័ន្ធផ្សេងដែលត្រូវការ សូម្បីតែក្រសួងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក៏អាចពាក់ព័ន្ធ ក្រសួងកសិកម្ម ពេលខ្លះដើម្បីយើងរួមគ្នាបង្កើតជាកិច្ចការកញ្ចប់មួយ។
(យើងមាន)គោលនយោបាយគ្រប់វិស័យ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស។ យើងក៏មានការបែងចែកភារកិច្ចក្នុងការបណ្តុះបណ្តាលរវាងក្រសួងអប់រំ និងក្រសួងការងារ កន្លងទៅដែរ។ យើងមាន Education Board សម្រាប់សម្របសម្រួលកិច្ចការនេះ។ អញ្ចឹងនៅក្នុងអាណត្តិទី៧នេះ យើងគួរតែពិនិត្យមើល វាយតម្លៃឡើងវិញថាតើយន្តការដែលយើងមានសមស្របឬនៅ? តើត្រូវពង្រឹងយ៉ាងណា? ម្សិលមិញ យើងនិយាយរឿងវិស័យទេសចរណ៍ ត្រូវរៀបចំជាយន្តការឡើងវិញជាបន្ទាន់នូវក្រុមប្រឹក្សាទេសចរណ៍ដែលមានពីមុនមក។ អញ្ចឹងនៅក្នុងការវាយតម្លៃនៅក្នុងវិស័យអប់រំនេះគឺសំខាន់។ ការបណ្តុះបណ្តាល ការផ្គត់ផ្គង់ និងតម្រូវការ demandនិង supply អាហ្នឹង basic គេថាមូលដ្ឋានសេដ្ឋកិច្ច។
[ចប់សេចក្តីអធិប្បាយ៨]
ទី៧. ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវទទួលយកបញ្ជីឈ្មោះសិស្ស ដែលកំពុងបណ្តុះបណ្តាលទាំងអស់ បញ្ចូលទៅក្នុងបញ្ជីអ្នកស្វែងរកការងារធ្វើ និងធ្វើការតម្រង់ទិសដល់សិស្សឱ្យចេះសរសេរប្រវត្តិរូប ការត្រៀមលក្ខណៈសម្ភាសន៍ និងយល់អំពីគន្លងអាជីពរបស់ខ្លួន។ ត្រូវបង្កើតវេទិកាការងារដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុននៅតាមគ្រឹះស្ថានបណ្តុះបណ្តាល ឬនៅតាមទីតាំងណាមួយដែលសមស្របឱ្យបានជាប្រចាំ ពិសេស មុនពេលប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៩]
(៨) ការតម្រង់ទិសនេះ ខ្ញុំគិតថាបើអាច (យើង)ធ្វើតាំងពីថ្នាក់ទី៩ ទៅក៏ល្អ … ការតម្រង់ទិសក្នុងការសម្របសម្រួលការបណ្តុះបណ្តាល ខ្ញុំបានលើកនៅវេទិកាអប់រំច្រើនហើយ។ តើមានការគិតគូរនៅក្នុងការតម្រង់ទិសនៅក្នុងកម្មវិធីរបស់រាជរដ្ឋាភិបាលនិងការបណ្តុះបណ្តាលពីថ្នាក់មធ្យមទៅឬទេ? ខ្ញុំសូមឱ្យ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឯកឧត្តម ហេង សួរ ជាមួយស្ថាប័នពាក់ព័ន្ធ ជាមួយនឹងក្របខណ្ឌគោលនយោបាយ អាចប្រជុំពិភាក្សាគ្នាថា ពេលណាដែលយើងគួរតម្រង់ទិស? តម្រង់ទិស មិនត្រឹមតែគ្រាន់ការផ្សព្វផ្សាយព័ត៌មានទេ។ តើកម្មវិធីអីដែលសកម្ម Active Policy Guidance សម្រាប់យើងតម្រង់ទិស។ មានប្រទេសជាច្រើនប្រើរូបមន្តខុសគ្នាក្នុងការតម្រង់ទិស។ ការតម្រង់តាមរយៈ Quota ឬមួយអី? ឬមួយក៏តម្រង់ទិសតាមរយៈការស្ម័គ្រចិត្ត និង active យ៉ាងណា?
ការរៀនចប់ រៀនចេះ ហើយឱ្យបានការងារនេះគឺជាកិច្ចការសំខាន់ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវធ្វើ។ ឱ្យមានការងារនេះ បានន័យថា ឱ្យមានការងារសមស្របជាមួយនឹងកម្រិតចំណេះដឹង។ យើងអាចមានបញ្ហាលើសនៅក្នុងការបណ្តុះបណ្តាលកម្រិត១ ដែលការងារយើងមានវាអត់គ្រប់ វាអត់ស្របតាម។ ត្រូវគិតគូរអំពី re-skilling ការបង្វែរ ការឆ្លងពីកម្រិតនៃចំណេះដឹងទូទៅនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លងគ្នាទៅវិញទៅមក។
យុវជនយើងខ្លះអាចចាប់យកពីថ្នាក់ទី៩ ទៅ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ៣ឆ្នាំ ឬ ៤ឆ្នាំ គាត់ចេញមក គាត់ទៅជំនាញតែម្ដង។ ក្រោយចប់ពីហ្នឹង គាត់អាចត្រឡប់មកចូលយក Master ឬមួយអី ដែលយើងកន្លងទៅធ្លាប់មានហើយកម្មវិធីនេះ តែតម្រង់ទិសមួយចំនួន។ អ្នកដែលបានបរិញ្ញាបត្រអី ក៏អាចត្រឡប់ទៅយកវិញនៅក្នុងកម្មវិធីកម្រិតបែបនេះ ព្រោះការចាត់ចែងនិងការរៀបចំកសាងធនធានមនុស្ស គេថាការផ្គត់ផ្គង់ និងតម្រូវការ Demand and Supply នៃធនធានមនុស្សនេះគឺសំខាន់ឲ្យស្រប។
ខ្ញុំសង្ឃឹមថា ការពង្រីកវិសាលភាព និងការធ្វើឲ្យសកម្ម និងការផ្សព្វផ្សាយឲ្យដល់យុវជន តាមរយៈកម្មវិធី ១លាន ៥សែននេះ នឹងឲ្យយុវជនរបស់យើងកាន់តែយល់អំពីឱកាស ព្រោះជំនាន់ខ្ញុំមកដល់ជំនាន់នេះគឺមានការប្រែប្រួលផ្នត់គំនិត។ កាលជំនាន់ខ្ញុំ មនុស្សភាគច្រើន/មិត្តភក្តិខ្ញុំភាគច្រើនចង់ធ្វើការរដ្ឋ។ គេថាមិនធ្វើទេឯកជន មិនធ្វើខ្ញុំ(បម្រើ)ចិនទេ។ ពាក្យសាមញ្ញ។ តែបច្ចប្បន្ន ក្មេងៗយើងឥឡូវគាត់អត់រើសទេ ស្អីដែលផ្ដល់ឱកាសដល់គាត់ ធានានូវជីវភាពរស់នៅ។ វិស័យឯកជនក្ដី វិស័យក្នុងអង្គការក្ដីគាត់បើកចំហ។ នេះជាការវិវឌ្ឍល្អ។ អញ្ចឹងការជួយជំរុញនិងការជួយតម្រង់ទិស និងការខិតខំនៅក្នុងការពង្រីកនូវវិសាលភាព និងសកម្មភាពនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ដូចខ្ញុំនិយាយអញ្ចឹងប្រកាសបើកហើយថ្ងៃនេះ ត្រូវការផ្សព្វផ្សាយ ប៉ុន្តែអ្វីដែលសំខាន់គឺគុណភាពនៃការបណ្ដុះបណ្ដាល ហើយការធានាដែលយើងដាក់អភិក្រម “ចប់ ចេះ និងបានការងារ”។ មិនមែនការងារគ្រាន់តែជាបរិមាណទេ ការងារសមស្រប ឬមួយត្រូវចំជំនាញដែលយើងខិតខំ។
ហេតុនេះហើយនឹងបង្កើតនូវការជឿទុកចិត្តទៅលើកម្មវិធីរបស់យើង ហើយបើកាន់តែជឿទុកចិត្តហើយ អតិថិជនមកកាន់តែច្រើន ទាំងបងប្អូននៅក្រៅប្រព័ន្ធនឹងចូលរួមច្រើន ហើយបើសិនជាបណ្ដុះបណ្ដាលវិជ្ជាជីវៈហើយមានការព្រួយបារម្ភ ថាបើឲ្យប្រជាពលរដ្ឋទៅរៀនបណ្ដុះបណ្ដាលវិជ្ជាជីវៈច្រើន ចុះសាកលវិទ្យាល័យច្រើនមិនអត់មនុស្សរៀនទៅហើយ? អត់ទេ! មួយឆ្នាំៗ យុវជនដែលគ្រប់អាយុ ២០ ទៅ ៣០ម៉ឺននាក់។ ទីពីរ ក៏មិនហាមទៅដល់សាកលវិទ្យាល័យឯកជនក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដែរ។ កន្លងទៅ ក្នុងសាកលវិទ្យាល័យមួយចំនួនក៏ចាប់ផ្ដើមវិនិយោគទៅលើជំនាញមួយចំនួន បន្ថែមទៅលើក្រសួងការងារ។
ជាការគិតគូរ ខ្ញុំមិនថា model បច្ចុប្បន្នអាក្រក់ឬអីទេ តែវាទាមទារការតម្រង់ទិស។ កុំចាំដល់ទៅចប់វិទ្យាល័យ ព្រោះចប់វិទ្យាល័យហើយ ខ្លះអត់មានពេលទេ។ សាកលវិទ្យាល័យចូល(រៀនភ្លាម) ពេលដែលចេញពិន្ទុបាក់ឌូប្លិ៍ភ្លាម។ អញ្ចឹងការតម្រង់ទិសគឺក្រសួងអប់រំ និងក្រសួងការងារកន្លងមកហើយក៏បានធ្វើ។ តែអ្វីដែលសំខាន់ខ្ញុំចង់ឲ្យគិតបន្តិច ហើយផ្ដល់យោបល់ឲ្យខ្ញុំវិញ ការតម្រង់ទិស តើតម្រង់ទិសពីពេលណា? ទី២តើធ្វើអ្វីខ្លះដើម្បីឲ្យកាន់តែសកម្ម? ជាពិសេស ត្រងយកយុវជនរបស់យើងដែលមួយចំនួនរៀនចប់ត្រឹមថ្នាក់ទី៩។ យើងខំជំរុញគាត់ថ្នាក់១២ មួយចំនួនក៏នៅមានលទ្ធភាព … ដើម្បីយើងពិនិត្យមើលក្នុងការតម្រង់ទិសនេះ …។
(៩) កម្មវិធីដែលតម្រង់ទិសនេះមិនមែនសម្រាប់តែបងប្អូនយុវជនយើងនៅក្នុងគ្រួសារក្រីក្រ ឬហានិភ័យទេ គឺសម្រាប់ទូទៅតែម្ដង ព្រោះជួនកាលជាជម្រើសរបស់យុវជនយើង។ (ទោះបី)នៅក្នុងគ្រួសារគាត់មានលទ្ធភាពទៅរៀនសាកលវិទ្យាល័យក៏ដោយ ប៉ុន្តែគាត់ថាខ្ញុំមិនចង់ទៅទេ ខ្ញុំទៅខាងជំនាញណាមួយ … បើសិនជាយើងថាគ្រប់គ្នាត្រូវតែទៅរៀនយក management ទាំងអស់គ្នា គឺប្រហែលជាអត់មានអ្នកជាអាជីពសិល្បករ ជាអ្នកសរសេរតាក់តែង សាស្រ្តាចារ្យខាងអក្សរសាស្រ្តអីទេ។ អញ្ចឹងយើងបើកជម្រើស ហើយអ្វីដែលខ្ញុំចង់ឲ្យគិតគូរគឺថា តើយើងគួរមានយន្តការបែបណា ទិសដៅបែបណា Active Guidance សកម្មក្នុងការតម្រង់ទិសបន្តិច … និងឈានទៅដល់ការដាក់កាតព្វកិច្ចដូចនៅប្រទេសមួយចំនួន។ ប្រឡងប៉ុណ្ណេះភាគរយទៅរៀនប៉ុណ្ណេះ … ការបណ្ដុះបណ្ដាលធនធានមនុស្សជាកិច្ចការសំខាន់ ប៉ុន្តែយើងបណ្ដុះបណ្ដាលធ្វើអ្វី? ដើម្បីបានការងារធ្វើឲ្យស្របទៅតាមតម្រូវការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃឧស្សាហកម្ម នៃសេដ្ឋកិច្ច នៃវិស័យដែលត្រូវការ។
ខ្ញុំសូមឆ្លៀតឱកាសនិយាយ(ប៉ុណ្ណេះ) ហើយខ្ញុំក៏បាននិយាយកិច្ចការនេះច្រើន ទាំងក្នុងកម្មវិធីវិស័យអប់រំក៏ខ្ញុំបានលើក ហើយលើកតាំងពីមុនរាជរដ្ឋាភិបាលថ្មីបានបង្កើត នៅពេលដែលខ្ញុំនិយាយនៅក្នុងសាលាពេលចែកសញ្ញាបត្រពីមុន។ យើងក៏បានធ្វើកិច្ចការនេះកន្លងមកហើយដែរ។ អញ្ចឹងទាក់ទងនឹងការបណ្ដុះបណ្ដាលថ្ងៃនេះ ក្រៅពីកម្មវិធីយើងមាន យើងគិតពីក្របខណ្ឌរួមបន្តិចទៅលើការតម្រង់ទិសជាម៉ាក្រូតែម្ដង។
[ចប់សេចក្តីអធិប្បាយ៩]
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសមាជិក សមាជិកានៃអង្គពិធីទាំងមូល សូមប្រកបដោយសុខភាពល្អបរិបូរណ៍ មានសុភមង្គល ក្នុងក្រុមគ្រួសារ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់នៃសុខសន្តិភាព។
ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ចាប់ពីពេលនេះតទៅ៕