FN ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ»។
មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការកោតសរសើរចំពោះក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ដែលបានសហការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលមានលក្ខណៈទំនើបតាមស្តង់ដារអន្តរជាតិ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមានសុទិដ្ឋិនិយមថា ជាមួយនឹងការសម្ពោធមន្ទីរពេទ្យតេជោសន្តិភាព ប្រជាពលរដ្ឋ នឹងទទួលបានសេវាសុខាភិបាលកាន់តែល្អប្រសើរ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា វិបត្តិកូវីដ បានកើតឡើងក្នុងទ្រង់ទ្រាយធំ កាចសាហាវព្រមៗគ្នា ដែលគ្រប់ប្រទេសទាំងអស់ មិនបានត្រៀមខ្លួនទាន់ពេលវេលា
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ពេលនោះកម្ពុជា ត្រូវបង្ខំចិត្តរៀបចំទីតាំងទាំងអស់ ដើម្បីព្យាបាល និងចាត់វិធានការទប់ស្កាត់ចំពោះការរីករាយដាលជំងឺកូវីដ១៩
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ការរៀបចំទីតាំងទាំងនោះដែលមានទាំងអគារមង្គលការ និងពហុកីឡដ្ឋាន ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩នោះ គ្រាន់តែជាការរៀបចំប្រើប្រាស់ជា បណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែមិនអាចធ្វើរយៈពេលយូរនោះទេ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំមន្ទីរពេទ្យជាតិ តេជោសន្តិភាព ទី១ ធ្វើឡើងក្នុងគោលបំណង ផ្តល់សេវាពហុព្យាបាលដល់ប្រជាពលរដ្ឋ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំពេទ្យជាតិធំនេះ ជាការគិតគូរយូរអង្វែង ហើយសម្រាលបន្ទុកមន្ទីរពេទ្យផ្សេងៗ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ទីរពេទ្យជាតិតេជោសន្តិភាព ក៏ជាការត្រៀមបម្រុង ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងដោយចៃដន្យ ដូចការរាតត្បាតកូវីដ១៩ កន្លងមក
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់សម្ពោធមន្ទីរពេទ្យជាតិធំជាងគេរបស់កម្ពុជា នាពេលនេះ ជាមោទនភាពរបស់យើងទាំងអស់គ្នា
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមបង្កើតមន្ទីរពេទ្យនេះឡើង និងអរគុណដល់អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដែលរួមគ្នាកសាងរហូតលេចចេញជារូបរាង
- សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត និងបុគ្គលិក ដែលចូលរួមដល់ដំណើរការពេទ្យតេជោសន្តិភាព ទទួលបានជោគជ័យ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមថ្លែងអំពីការគោលនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាល អាណត្តិទី៧
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សជាកត្តាសំខាន់ សម្រាប់អភិវឌ្ឍប្រទេសជាតិ បើគ្មានធនធានមនុស្ស ដំណើរការអ្វីក៏មិនអាចធ្វើបានដែរ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិទាំងអស់ តែងយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាពេលនេះដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ មនុស្សក៏នៅតែជាកត្តាសំខាន់ ដូចយុទ្ធសាស្ត្រចតុកោណដែរ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជួយប្រជាពលរដ្ឋក្រីក្រ និងទន់ខ្សោយ ឱ្យងើបមកកាន់ជីវភាពមធ្យម គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលពលរដ្ឋអាចធ្វើកើត យើងនឹងឱ្យសន្ទូចទៅគាត់ តែបើពលរដ្ឋឈឺ មិនអាចស្ទូចកើត យើងនឹងព្យាបាលគាត់
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសខ្លះ រាជរដ្ឋាភិបាលដាក់ចេញសកម្មភាព ១០០ថ្ងៃ ប៉ុន្តែកម្ពុជា រាជរដ្ឋាភិបាល គឺបានដាក់ផែនការ និងសកម្មភាពតាំងតែពីថ្ងៃទី១ នៃការបង្កើតឡើងតែម្តង
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅអ្នកវិភាគថា គោលនយោបាយនីមួយៗ មិនមែនជាការចម្លងអ្នកដទៃទេ គឺផ្អែកតាមតថភាពពិតប្រាកដនៅលើដីកម្ពុជា
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញគោលដៅពង្រីកវិសាលភាព មូលនិធិសមធម៌សុខាភិបាល ដល់ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែទូលំទូលាយបន្ថែមទៀត
- សម្តេចតេជោ ហ៊ុន សែន បង្ហាញអំពីបំណងចង់ឱ្យប្រជាពលរដ្ឋខ្មែរពង្រីកលទ្ធភាព យកកូនឱ្យបានច្រើន ដោយសារតែពេលនេះប្រជាជនកម្ពុជា មានត្រឹមជាង១៧លាននាក់ប៉ុណ្ណោះ ជាមួយនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហើបពីបំណងចង់បានកូនទី៤ផងដែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ទោះក្នុងអាណត្តិនេះ ឬអាណត្តិក្រោយក៏ដោយ ក៏នៅតែនៅជាមួយប្រជាពលរដ្ឋជារៀងរហូត
- សម្តេចធិបតី ហ៊ុន ម៉ាណែត សូមលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរ ប្រើប្រាស់មន្ទីរពេទ្យជាតិតេជោសន្តិភាព ឱ្យអស់លទ្ធភាព កុំមានការខ្លាចក្រែង ព្រោះធ្វើមន្ទីរពេទ្យនេះដើម្បីប្រជាពលរដ្ឋហើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ទីរពេទ្យជាកន្លែងសង្គ្រោះជីវិតអ្នកជំងឺ ជាទីពឹងរបស់ពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យប្រធានពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអ្នកជំងឺ នៅគ្រប់កន្លែងទាំងអស់
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនចេញគោលនយោបាយល្អ តែនៅលើក្រដាសនោះទេ ប៉ុន្តែយើងដាក់ចេញនូវការអនុវត្តឱ្យមានប្រសិទ្ធភាពផងដែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចជាអ្នករៀនសេដ្ឋកិច្ច និងយោធាទេ ប៉ុន្តែពេលកូវីដ១៩ បានធ្វើឱ្យសម្តេចបានយល់អំពីកិច្ចការងារពេទ្យខ្លះដែរ
- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបង្កើនមណ្ឌលសុខភាពបន្ថែម សម្រាប់ឃុំដែលធំ
- សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បានភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងវិស័យសុខាភិបាល កាន់តែល្អប្រសើរ ក្រោមពាក្យស្លោករួមគ្នាគិត រួមគ្នាធ្វើ និងទទួលខុសត្រូវ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅរដ្ឋ និងឯកជនតែមួយទេ គឺផ្តល់សេវាដល់ប្រជាពលរដ្ឋ អ្នកដែលឈឺព្យាបាលឱ្យជា អ្នកដែលមិនទាន់ឈឺគឺប៉ូវកម្លាំងគាត់ឲ្យរឹងមាំ សុវត្ថិភាពចំណីអាហារ និងថ្នាំសង្កូវ ជារឿងសំខាន់ណាស់
- សម្តេចធិបតី ហ៊ុន ម៉ាណែត មិនចង់ឱ្យរដ្ឋដើរតួនាទីជាអ្នកកាន់ដំបងទេ រដ្ឋចង់ឃើញវិស័យឯកជនមានការទទួលខុសត្រូវចំពោះសុខភាពប្រជាពលរដ្ឋ
- សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិស័យឯកជន អាជីវករលក់ថ្នាំ និងចំណីអាហារ ចូលរួមជាមួយរាជរដ្ឋាភិបាល លើកកម្ពស់គុណភាពផលិតផល និងចំណីអាហាររបស់ខ្លួន
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចង់ឱ្យប្រើប្រាស់វិធានការ៤ ឱ្យបានល្អប្រសើរ មុនឈានដល់ដល់វិធានការវះកាត់
- សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៦ចំណុចដល់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពសុខាភិបាលនៅថ្នាក់ជាតិ និងក្រោមជាតិ។