តាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់មុខសញ្ញាអាទិភាព ៣ ធំៗ រួមមាន៖
(ក) គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្មើរយៈពេល ៣៩ខែ ដល់ ៤៣៧ ៧៣១ គ្រួសារ ស្មើនឹងប្រជាជន ២លាន ៧សែននាក់ ចំណាយអស់ ៤ ៨០៥ ៨០១ ៦៩៩ ០០០ រៀល ឬជិត ១ពាន់ ២០០លានដុល្លារ
(ខ) ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ អនុវត្តពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មកដល់ពេលនេះ ដល់ ៣៣៩ ៩៧៧ នាក់ ចំណាយអស់ ១១០ ៤០១ ២០០ ០០០ រៀល ឬជិត ២៧លានដុល្លារ និង
(គ) គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចាប់អនុវត្តពីថ្ងៃទី៣ ធ្នូ ២០២២ ដល់ ៤៩៥ ១១៩ គ្រួសារ ស្មើនឹងប្រជាជនជាង ១លាន ៨សែននាក់ ចំណាយអស់ ១៧៣ ៩០០ ០២១ ២០០ រៀល ឬជិត ៤៣លានដុល្លារ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យនៅទូទាំងប្រទេស។ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ”។