FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ។
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ធ្វើឡើងក្រោមមូលបទ «ការកសាងទំនុកចិត្ត និងការជំរុញសាមគ្គីភាពសកលឡើងវិញ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកសន្ដិភាព វិបុលភាព ការរីកចម្រើន និងចីរភាពសម្រាប់ទាំងអស់គ្នា»។
ខាងក្រោមនេះ គឺជាសម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅអង្គការសហប្រជាជាតិ៖
ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដែលបានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំដ៏ឧត្តុងឧត្តមនេះ ក្នុងនាមជានាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ខ្ញុំប្ដេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទជាមួយរដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិដ៏ឧត្តុង្គឧត្តម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួមរបស់យើង។
ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពកលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ដ្រនយោបាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនៅពេលនេះ។ ការវិត្តន៍កាន់តែដុនដាមនៃសង្គ្រាម នៅអ៊ុយក្រែន និងផលលំបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម សបញ្ជាក់ពីការបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះទំនុកចិត្តទៅលើពហុភាគីនិយម។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្ដាប្រទេសមានអំណាចធំៗ បានរុញច្រានឲ្យមានការបង្វែរធនធានយកទៅប្រើប្រាស់ ក្នុងគោលដៅពង្រីកសមត្ថភាពផ្នែកសន្ដិសុខវិញ ប្រការនេះបានធ្វើឲ្យធនធានដែលត្រូវការចាំបាច់ ដើម្បីដោះស្រាយផលប៉ះពាល់វិបត្តិជំងឺកូវីដ១៩ និងការខិតខំសម្រេចរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកាន់តែខ្សត់ខ្សោយទៅ។
ការប្រែប្រួលអាកាសធាតុ ក៏គំរាមកំហែងដល់អត្ថិភាពនៃមនុស្សជាតិផងដែរ បើគ្មានសកម្មភាពប្រកបដោយមហិច្ឆតា និងបន្ទាន់របស់ពួកយើងទេ ពិភពលោកនឹងជួបប្រទះការកើនឡើង នៃអត្រាភាពក្រីក្រ ភាពអត់ឃ្លាន ហានិភ័យនៃជំងឺរាតត្បាត និងវដ្ដដ៏ជ្រាលជ្រៅនៃអស្ថិរភាព និងជម្លោះ។ ឥលូវនេះជាវេលាចាំបាច់ ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តផ្នែកសន្ដិសុខជាយុទ្ធសាស្ដ្ររវាងប្រជាជាតិទាំងអស់ និងទំនុកចិត្តទៅលើប្រព័ន្ធសកលដែលផ្អែកលើវិធានច្បាប់។ ការណ៍នេះតម្រូវឱ្យរដ្ឋទាំងអស់ គោរពឱ្យបានពេញលេញនូវច្បាប់ និងបទដ្ឋានអន្ដរជាតិ រួមទាំងគោលដៅដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
យើងត្រូវពង្រឹង និងបង្កើនអំណាចកោះប្រជុំនៃប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីជំរុញសាមគ្គីភាពឡើងវិញ និងកសាងពិភពលោកដែលមានសុខសុវត្ថិភាព និងវិបុលភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។ ការងារសំខាន់បំផុតនោះ គឺត្រូវផ្ដោតលើការដោះស្រាយបញ្ហាអភិវឌ្ឍន៍ និងការការពារការរីករាលដាលនៃជម្លោះដែលកំពុងកើតមាន។
ក្នុងន័យនេះ កម្ពុជាវាយតម្លៃខ្ពស់ចំពោះរបស់ «របៀបវារៈថ្មីសម្រាប់សន្ដិភាព» ឯកឧត្តមអគ្គលេខាធិការ ជាមួយនឹងអនុសាសន៍ប្រកបដោយមហិច្ឆតា សម្រាប់ស្ថិរភាពពិភពលោក និងចក្ខុវិស័យ សម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការជាសកលដូចដែលបានរៀបរាប់ក្នុងរបាយការណ៍ពី «របៀបវារៈរួមរបស់យើង»។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអគ្គលេខាធិការ ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។
ខ្ញុំជឿជាក់ថា ការអំពាវនាវរបស់ឯកឧត្តមអគ្គលេខាធិការ ឱ្យមាន «កញ្ចប់ថវិកាជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលមានទំហំ ៥០០ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំនេះ ដល់ឆ្នាំ២០៣០ ដើម្បីវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព និងសកម្មភាពដើម្បីអាកាសធាតុ នឹងធ្វើឱ្យវឌ្ឍនភាពកន្លងមកនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រឡប់ទៅរកគន្លងដើម នៃវឌ្ឍនភាពឡើងវិញ, កិច្ចព្រមព្រៀងសាមគ្គីភាពអាកាសធាតុ នឹងនាំទៅរកការកាត់បន្ថយការបំភាយឧស្ម័នស្របតាមគោលការណ៍, ការទទួលខុសត្រូវរួម ប៉ុន្ដែក្នុងកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន។
ជាមួយនឹងសន្ដិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្ដរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ក្នុងអត្រាមធ្យមប្រចាំឆ្នាំ១.៦ភាគរយ ហើយសេដ្ឋកិច្ចរបស់យើងបានកើនឡើងជាង ៧ភាគរយក្នុងមួយឆ្នាំ រហូតដល់មានការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩។ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលជោគជ័យបំផុតនៅក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងការងើបឡើងវិញក្រោយវិបត្តិ។ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ បានងើបឡើងវិញក្នុងអត្រា ៥.២ភាគរយ និងត្រូវព្យាករថា បន្ដកើនឡើងក្នុងរង្វង់ ៥.៦ភាគរយ នៅឆ្នាំ២០២៣នេះ។
ដូចដែលបានគូសបញ្ជាក់ក្នុងរបាយការណ៍ត្រួតពិនិត្យជាតិស្ម័គ្រចិត្តលើកទី២ របស់កម្ពុជា (VNRs) កាលពីខែកក្កដា កន្លងទៅ, ៧២.៥ភាគរយ នៃសូចនាករ និងសូចនាកររង នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សុទ្ធតែមានវឌ្ឍនភាពល្អ។ ប្រទេសយើងកំពុងផ្លាស់ប្ដូរពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៧ ដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលពីកំណើនប្រកបដោយសមធម៌ ក៏ដូចជាសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់។
ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ ក៏មានការរីកចម្រើនជាលំដាប់ កាលពីខែកក្កដា ឆ្នាំនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង ប្រជាជនជាង ៨.២លាននាក់បានទៅបោះឆ្នោត ស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤.៥៩ភាគរយ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣។ នេះគឺជាសក្ខីភាពយ៉ាងច្បាស់បង្ហាញពីភាពចាស់ទុំនយោបាយ និងភាពភ្លៀវក្លារបស់ប្រជាជនយើង នៅក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ។
ការបោះឆ្នោតនេះត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយថា សេរី និងយុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្ដរជាតិ ៣៣៣នាក់ មកពីប្រទេសចំនួន៦៥។
កម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតដែរ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពនៅត្រឹមឆ្នាំ២០៥០។ ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវរបស់ឯកឧត្តម អគ្គលេខាធិការ ចំពោះរដ្ឋសមាជិកដើម្បីអនុវត្តន៍ «ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី» រាជរដ្ឋាភិបាលយើងខ្ញុំ ប្ដេជ្ញាចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដែលខ្ញុំទើបបានប្រកាសជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។
យុទ្ធសាស្ដ្របញ្ចកោណ នឹងចាប់ផ្ដើមអនុវត្តពីដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ខ្ញុំសូមជម្រាបជូនដែរថា គោលដៅចម្បងនៃយុទ្ធសាស្ដ្រនេះ រួមមាន ម្យ៉ាងរក្សាចលនការនៃសុខសន្ដិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម្យ៉ាងទៀត កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់ នៃវិស័យទាំង៥ រួមមាន៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនធានមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីជោគជ័យនៃយុទ្ធសាស្ដ្របញ្ចកោណ។
កម្ពុជា នឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ច ដើម្បីធានាថា រដ្ឋបាលសាធារណៈដំណើរដោយប្រសិទ្ធភាព និងមានសុចរិតភាពខ្ពស់។ យើងនឹងការពារឲ្យបានជាដាច់ខាតនូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ទន្ទឹមនឹងការខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច យើងនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហើយបន្ដស្វាគមន៍ការគាំទ្រទាំងឡាយពីប្រទេសដៃគូជាមិត្ត ទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីជួយឱ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន ព្រមទាំងជំរុញសមាហរណកម្មនៅក្នុងតំបន់ និងពិភពលោក។
កម្ពុជា នឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្នដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានច្បាប់ គោរពគ្នាទៅវិញទៅមក ដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។ កម្ពុជាប្រឆាំងដាច់ខាត ចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់ កម្លាំងក្នុងទំនាក់ទំនងអន្ដរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។
កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។ កម្ពុជាមិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀត។ កម្ពុជា នឹងខិតខំបន្ថែមទៀតដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់យើង។
បន្ថែមលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខណ្ឌសកល កម្ពុជាក៏បានបន្ថែមគោលដៅដោយឡែករបស់ខ្លួនទាក់ទងនឹងសកម្មភាពមីន គឺ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។ ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឲ្យមានការបន្ដផ្ដល់ការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស យើងក៏សូមលើកទឹកចិត្តឲ្យមានការចូលរួមឲ្យបានកាន់តែទូលំទូលាយ ពីសហគមន៍អន្ដរជាតិ ដើម្បីបញ្ច្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជា «ឃាតកលាក់មុខ» និងបន្ដគំរាមកំហែងដល់សន្ដិសុខមនុស្សជាតិ ទោះបីជាសង្គ្រាមប្រដាប់អាវុធបានបញ្ចប់ទៅហើយក្ដី។
កម្ពុជាស្វាគមន៍នូវគំនិតផ្ដួចផ្ដើម «កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្ដរកាលយុត្តិធម៌» ដែលបានដាក់ចេញដោយឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉ែស និងពិតជាមានមោទនភាពដែលកម្ពុជាត្រូវបានជ្រើសរើសចូលរួម ក្នុងគំនិតផ្ដួចផ្ដើមនេះ ក្នុងនាមជាប្រទេសឈានមុខមួយ នៅក្នុងចំណោមប្រទេសដែលមានសក្ដានុពលទាំង១០។ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្ដរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម ដោះស្រាយឫសគល់នៃជម្លោះ និងពង្រឹងសាមគ្គីភាពឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព។ កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្ដិភាពដើម្បីរួមចំណែកដល់ សន្ដិភាព សន្ដិសុខ និងស្ថិរភាពអន្ដរជាតិ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីរួមចំណែកបន្ថែមទៀត ដល់ដំណើរការនេះ កម្ពុជាបានសម្រេចចិត្តឈរឈ្មោះជាសមាជិក នៃគណៈកម្មាធិការរៀបចំ នៃគណៈកម្មការកសាងសន្ដិភាព (OCPBC) សម្រាប់អាណត្តិ២០២៥-២០២៦ ហើយយើងខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រដ៏មានតម្លៃរបស់ ឯកឧត្តម លោកជំទាវ សម្រាប់បេក្ខភាពរបស់យើងខ្ញុំ នៅក្នុងស្ថាប័ននេះ។
ជារួម ទោះបីជាយើងមានបញ្ហាប្រឈម និងអស្ថិរភាពច្រើនក៏ដោយ យើងក៏នៅតែអាចកសាងពិភពលោកឱ្យកាន់តែប្រសើរសម្រាប់ទាំងអស់គ្នាបាន តាមរយៈការធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមរបស់យើង ព្រមទាំងការពង្រឹងទំនុកចិត្តទៅវិញទៅមក និងសាមគ្គីភាពជាសកល។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុម័ត «សេចក្ដីថ្លែងការណ៍នយោបាយនៃកិច្ចប្រជុំកំពូល នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» និង «សេចក្ដីព្រាងសេចក្ដីសម្រេចនៃកិច្ចប្រជុំកំពូលនៃអនាគត»។ ឯកសារទាំងនេះនឹងជួយឲ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រក្សាបាននូវគន្លងអភិវឌ្ឍន៍របស់ខ្លួនតាមផែនការ និងសម្រេចគោលដៅត្រឹមឆ្នាំ២០៣០៕