នាល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីហ្សាការតា សម្តេចធិបតី ហ៊ុន ម៉ាណែតបានសម្តែងនូវការសោកស្ដាយ និងរំលែកទុក្ខចំពោះការបាត់បង់ឪពុករបស់ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ហើយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ជូនចំពោះឯកឧត្តម ក៏ដូចជាប្រជាជនកូរ៉េ។ ជាការឆ្លើយតប ឯកឧត្តមយូនស៊កយ៉លបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជា និង សម្តេចតេជោ ដែលបានព្យាយាមរក្សា និងពង្រឹងចំណងការទូតជាមួយកូរ៉េ ហើយមានជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់សម្ដេចធិបតី។ ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េអរគុណចំពោះកម្ពុជាដែលបានគាំទ្របេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសានផងដែរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ សម្តេចធិបតី បានអរគុណដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ ហើយដែលឯកឧត្តមប្រធានាធិបតីកូរ៉េបានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល៕
Share this post