ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០ នាទីព្រឹក, នៅទីក្រុងហ្សាការតានៃសាធារណរដ្ឋឥណ្ឌូណេស៊ី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងព្រុយណេ ថ្វាយព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ មូអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃព្រុយណេដារូស្សាឡាម ជាពិសេសក្នុងវិស័យការពារជាតិ ឆ្លងតាមដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី កាលនៅជាមេបញ្ជាការកងទ័ពជើងគោកមកកាន់ប្រទេសព្រុយណេ។ ព្រះចៅស៊ុលតង់ បានរំលឹកអំពីមិត្តភាពដ៏ជិតស្និទ្ធរវាងព្រះចៅនិងសម្តេចតេជោ (អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជា)ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ក្រៅពីបានពិភាក្សាអំពីទិសដៅអនាគតនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងព្រុយណេ ដែលផ្តោតជាពិសេសទៅលើវិស័យការពារជាតិ, សន្តិសុខ, អប់រំ និង បណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ សម្តេចធិបតីនិងព្រះចៅ ស៊ុលតង់ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជនតាមរយៈសភាពាណិជ្ជកម្ម និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ព្រមទាំងបានឯកភាពថានឹងបំពេញទស្សនកិច្ចផ្លូវការទៅវិញទៅមកនាពេលអនាគត៕