បន្ទាប់ពីបានរំលឹកអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២ កម្ពុជានិងទីម័រឡេស្តេ ដែលបានចាប់ផ្តើមនាឆ្នាំ២០០២ និងការសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២២ ពេលដែលកម្ពុជាជាប្រធានអាស៊ាន, ក្នុងឱកាសទទួលជួប ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាលប៊ូអាឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តរក្សាជំហរក្នុងការគាំទ្របេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់និងសកលដទៃទៀត។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានឧទ្ទេសជូនភ្ញៀវអំពីបទពិសោធន៍នៃដំណើរការនៃការកសាងជាតិរបស់កម្ពុជា ដែលជាដំណើរមួយដ៏លំបាក និងគូសបញ្ជាក់ថាបរិការណ៍របស់ប្រទេសទីម័រខាងកើតនាបច្ចុប្បន្ន ក៏មិនខុសពីអ្វីដែលកម្ពុជាបានឆ្លងកាត់កន្លងមកដែរ។ ព្រមជាមួយនឹងការផ្តាំផ្ញើរសួរសុខទុក្ខចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សង្ឃឹមថានឹងអាចជួបដោយផ្ទាល់ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តី នៅទីក្រុងហ្សាកាតា នាកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណនិងសំដែងនូវកត្តញ្ញូតាធម៌ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ជួយនិងផ្តល់ការគាំទ្រដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនាពេលកន្លងមក អោយក្លាយជាប្រទេសសង្កេតការនៅក្នុងអាស៊ាន ជាសមាជិកទី១១ និង ការបញ្ចុះបញ្ចូលសមាជិកអាស៊ានផ្សេងទៀតឱ្យគាំទ្រប្រទេសទីម័រខាងកើត ចូលរួមជាសមាជិកអាស៊ាន ផងដែរ។ ឯកឧត្តមបានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត កម្ពុជានឹងកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត និងបានគោរពអញ្ជើញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនាពេលសមស្របខាងមុខ៕