ជាមួយនឹងការប្តេជ្ញានិងសន្យាជាឱឡាឫក ចំពោះមុខសម័យប្រជុំទី១ នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា “ខ្ញុំនឹងប្ដូរផ្តាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ, ធានាអនុវត្តឱ្យបានសម្រេចជោគជ័យនូវ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល” ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជាជូនដល់ប្រជាពលរដ្ឋនៅមុនការបោះឆ្នោត, ហើយដែលខ្ញុំបានដាក់ជូនអង្គរដ្ឋសភាដ៏ឧត្តុង្គឧត្តមនាពេលនេះ, ដោយផ្តោតការយកចិត្តទុកដាក់ពិសេសលើកម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្ដើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣”។
ឯកឧត្តម នាយករដ្ឋមន្ត្រី កិត្តិទេសាភិបាលបណ្ឌិត បានជំរាបជូនអង្គសភាទាំងមូលក៏ដូចជាចំពោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសថា អាទិភាពទាំង៦ រួមមានការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល; ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស; ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន; ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ; ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ; និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕